សេដ្ឋកិច្ច​អឺរ៉ុប​ទាំងមូល​ដាំ​ក្បាល​ចុះ​ក្នុង​វិបត្តិ​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​ជិត៣ទសវត្សរ៍

ដោយ ប៊ី

អន្តរជាតិៈ ព្រះអាទិត្យ​កំពុង​លិច​នៅ​អឺរ៉ុប​មែន​ទេ? ខណៈ​វិបត្តិ​សេដ្ឋកិច្ច​នៅ​ប្លុក​នេះ បាននិងកំពុង​ចាប់ផ្តើម ដែល​បង្កឡើង​ដោយ​ការដាក់ចេញ​នូវ​វិធានការណ៍​ដើម្បី​ទប់​ទល់នឹង​វីរុស​នេះ។

យោងតាម​ទិន្នន័យបឋម ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០នេះ​បាន​បង្ហាញថា ផលិតផល​ក្នុងស្រុក​សរុប​របស់​ស​ហ​ភាព​អឺរ៉ុប បាន​ធ្លាក់ចុះ ៣,៥ភាគរយ​នៅក្នុង​ត្រីមាស​ទី១ នៃ​ឆ្នាំ២០២០ ធៀប​នឹង​ត្រីមាស​ចុងក្រោយ​នៃ​ឆ្នាំមុន នៅពេលដែល​សេដ្ឋកិច្ច​ក្នុង​តំបន់​នៅតែ​រីកចម្រើន។ បើ​ប្រៀបធៀប​នឹង​ត្រីមាស​ទី១ ឆ្នាំ ២០១៩ ការធ្លាក់ចុះ​មាន ២,៧ភាគរយ។

ទិន្នផល​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​ចំនួន១៩ ដែល​ប្រើប្រាស់​ប្រាក់​អឺរ៉ូ​បាន​ធ្លាក់ចុះ ៣,៨ភាគរយ ក្នុង​រយៈពេល​ពី​ខែមករា​ដល់​ខែមីនា។

ការិយាល័យ​ស្ថិតិ​របស់​សហភាព​អឺរ៉ុប បានឱ្យដឹង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “ទាំងនេះ​គឺជា​ការធ្លាក់ចុះ​ខ្លាំង​បំផុត ដែល​បាន​សង្កេត​ចាប់តាំងពី​ឆ្នាំ១៩៩៥” ។

បណ្តា​ប្រទេស​នៅ​ទូទាំង​អឺរ៉ុប បានដាក់​កម្រិត​យ៉ាង​តឹងរ៉ឹង លើ​សកម្មភាព​ធ្វើដំណើរ និង​អាជីវកម្ម​ក្នុង​ខែមីនា ក្នុង​គោល​បំណង ដើម្បី​ការពារ​ការរីក​រាលដាល​នៃ​ជំងឺ COVID-19 ។ ហាងតូចៗត្រូវបាន​បិទ ហើយ​រោងចក្រ​ជាច្រើន​បាន​បិទទ្វារ។

ការធ្លាក់ចុះ​នេះ​ត្រូវបាន​រំពឹងថា នឹង​នៅ​បន្ត​កាន់​ខ្លាំង​នៅក្នុង​ត្រីមាស​ទី២ ដោយសារ​តំបន់​ភាគច្រើន បាន​ជាប់គាំង​អស់​រយៈពេល​ពេញ​មួយខែ​មេសា។

លោក Carsten Brzeski ប្រធាន​សេដ្ឋវិទូ​នៅ​ក្រុមហ៊ុន ING ប្រទេស​អាល្លឺម៉ង់ បាន​សរសេរ​សង្គម Twitter ថា “ត្រៀមខ្លួន​អ្នក​ឱ្យ​ហើយ​សម្រាប់​រឿង​អាក្រក់ ដែល​នឹង​កើតឡើង។ យោងតាម​ទិន្នន័យ​ប្រចាំត្រីមាស​ទី១ លោក​បាន​និយាយថា “ការបិទទ្វារ និង​ការផ្គត់ផ្គង់​ខ្សែសង្វាក់​ផលិតកម្ម​មាន​រយៈពេល​ប្រហែល​ពីរ​សប្តាហ៍។

រដ្ឋាភិបាល​បាន​ឆ្លើយតប ដោយ​ប្រកាស​កម្មវិធី​ការពារ​ការងារ ដើម្បី​ព្យាយាម​ទប់ស្កាត់​ការកើនឡើង​នៃ​ភាព​គ្មាន​ការងារ​ធ្វើ។ ទិន្នន័យ​ដែល​បាន​ផ្សព្វផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានបង្ហាញ ពី​ការកើនឡើង​តិចតួច នៅក្នុង​អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​អឺរ៉ុប ក្នុង​ខែមីនា​ដល់៦,៦ ភាគរយ​ពី៦,៥ ភាគរយ ក្នុង​ខែកុម្ភៈ៕ CNN៕

អ្នកជំនាញ៖ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​វិជ្ជមាន​បន្ទាប់ពីសេដ្ឋកិច្ច​ចិន​ងើបឡើង​វិញ

ដោយ ប៊ី

ភ្នំពេញៈ សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ត្រូវបាន​រំពឹងថា នឹង​ងើប​ឡើងវិញ​នៅក្នុង​ត្រីមាស​ទី២ ខណៈ​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា បាន​អះអាង​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ចិន នឹង​ជះឥទ្ធិពល​វិជ្ជមាន​ដល់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ដោយសារ​វិនិយោគិន​ចិន​ឈរ​នៅ​លំដាប់​លេខ១ក្នុង​វិស័យនេះ។

សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ត្រូវបាន​រំពឹងថា នឹង​ងើប​ឡើងវិញ​នៅក្នុង​ត្រីមាស​ទី២ បន្ទាប់ពី​បាន​ធ្លាក់ចុះ​នៅក្នុង​ត្រីមាស​ទី១ ចំពេល​ដែល​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 ។ នេះ​បើតាម​ការព្យាករណ៍​រប​ស់​សេដ្ឋវិទូ​កាល​ពីស​ប្តា​ស៍​មុន។

លោក​ Piao Renjin អ្នកវិភាគ​ប្រចាំ​ក្រុមហ៊ុន NH Investment & Securities នៅ​ទីក្រុង​សេ​អ៊ូ​ល បាន​និយាយថា ប្រទេស​ចិន​បាន​ឆ្លើយតប​យ៉ាង​ឆាប់រហ័ស ចំពោះ​ការរីក​រាលដាល នៃ​ការ​គ្របដណ្តប់​លើ​ជំងឺ​ Covid-19 ដោយមាន​កញ្ចប់​ថវិកា​ជំរុញ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នាំឱ្យ​មានការ​ស្ទុះ​ងើបឡើង​វិញ យ៉ាង​ឆាប់រហ័ស​នៅក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ។

អ្នកវិភាគ​រូបនេះ​បាន​និយាយថា “រដ្ឋាភិបាល​ចិន​ត្រូវបាន​គេ​ព្យាករណ៍​ថា នឹង​ពង្រីក​វិធានការ​ជំរុញ​សារពើពន្ធ​និង​រូបិយវត្ថុ ហើយ​អ្នក​អាច​មើលឃើញ​ការ​ងើប​ឡើងវិញ នៅក្នុង​ប្រទេស​ចិន​ក្នុង​ត្រីមាស​ទី២” ។

លោក​លោក​ច្រឹ​ក សុនី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ប្រាប់​គេហទំព័រ Propertyarea.asia នៅ​ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២០ នេះ ថា ជារួម ចិន​បាន​បោះទុន​វិនិយោគ​ច្រើនជាងគេ នៅក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ព្រោះ​ពួកគេ​ដឹង​ពី​សក្តានុពល​របស់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា។

លោក​បាន​ថ្លែងថា “បញ្ហា​ប្រឈម​បច្ចុប្បន្ន​គឺជា​បញ្ហា​រយៈពេល​ខ្លី ហើយ​នៅពេល អ្វីៗត្រឡប់​មករក​សភាព​ធម្មតា​ឡើងវិញ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នឹង​កំណើន​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត។លោក​បាន​បន្តថា “ការ​ងើប​ឡើងវិញ​សេដ្ឋកិច្ច​ចិន គឺជា​រឿង​ល្អ​មួយ​សម្រាប់​អចលនទ្រព្យ​នៅ​កម្ពុជា ព្រោះ​គាត់​នឹង​មក​បន្ត​ការវិនិយោគ​នៅ​កម្ពុជា” ។

នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ CBRE Cambodia លោកស្រី អាន សុធី​តា បាន​មាន​ប្រសាសន៍ប្រាប់​គេហទំព័រ Propertyarea.asia ស្រដៀង​គ្នា​ថា ការ​ងើបឡើង​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន នឹង​ផ្តល់​ផល​វិជ្ជមាន ដល់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ខណៈ​បច្ចុប្បន្ន​វិបត្តិ​ការ ​COVID-19 ធ្វើឱ្យមាន​ផលប៉ះពាល់​ជាស​កល មិន​ត្រឹមតែ​កម្ពុជា​ប៉ុណ្ណោះ​ទេ។

លោកស្រី​បាន​បន្តថា “ការបើក​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន នឹង​ផ្តល់​ប្រយោជន៍​ដល់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ប៉ុន្តែ​វា​ទាមទារ​រយៈពេល​ទៅខាង​មុខ សម្រាប់​កម្ពុជា​ទទួលបាន​ចំហាយ​កំណើនសេដ្ឋកិច្ច​របស់​ចិន” ។

លោក​បាន​លើកឡើងថា “យើង​ដឹង​ហើយ ចិន​ឈរ​នៅ​លំដាប់​កំពូល​នៃ​អ្នកវិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា” ។

លំហូរ​នៃ​ការវិនិយោគ​ដោយផ្ទាល់​ពី​បរទេស ចូលក្នុង​វិស័យ​អចលនៈទ្រព្យ (រួមបញ្ចូល​ទាំង​អចលនទ្រព្យ និង​ខុន​ដូ​គ្រប់​ប្រភេទ) នៅ​កម្ពុជា​ត្រូវបាន​ប៉ាន់ប្រមាណ​ថា មាន​ចំនួន​ជាង ៤៣៧លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១៩ ។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ដែល​បានចេញ​ផ្សាយ នៅ​ថ្ងៃទី២៧ ខែមេសា​ឆ្នាំ ២០២០ ។

ក្នុងចំណោម​លំហូរ​នៃ​ការវិនិយោគ ដោយផ្ទាល់​ពី​បរទេស​សរុបទៅ​ក្នុង​វិស័យ​អចលនទ្រព្យ​ប្រទេស​ចិន មានការ​វិនិយោគ​ធំជាងគេ​នៅ​កម្ពុជា។ ប្រទេស​ចិន​បាន​ចូលរួម​វិភាគទាន​ប្រហែល៥៨,៨ ភាគរយ(ឬ​ជាង២៦២ លាន​ដុល្លារ) នៃ​នៃ​ការវិនិយោគ​ដោយផ្ទាល់​ពី​បរទេស​សរុប បន្ទាប់មក​ប្រទេស​សិង្ហ​បុរី ១៥,២ ភាគរយ ឬ៦៧,៧៥ លាន​ដុល្លារ អាមេរិក៥៣,៥ លាន​ដុល្លារ ២៧,២៥លាន​ដុល្លារ​ពី​ប្រទេស​កូរ៉េខាងត្បូង និង១៥,៥ លាន​ដុល្លារ​ពី​ប្រទេស​ជប៉ុន និង ១៩,៥ លាន​ដុល្លារ​ពី​ប្រទេស​ដទៃទៀត ៕

អចលនទ្រព្យ​តម្លៃ​ទាប​ជាង​ទីផ្សារ​ស្ថិតក្នុង​តំបន់​ផ្សារ​ឈូក​មាស​បានប្រកាស​លក់

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ ស្ថិតនៅ​តំបន់​ទីប្រជុំជន ដែល​ប្រមូលផ្តុំ​ទៅដោយ​លំនៅដ្ឋាន​កម្រិត​ខ្ពស់ និង​មធ្យម ជាមួយនឹង​ការ​ហ៊ុ​ព័ទ្ធ​ទៅដោយ​បុរីធំៗជាច្រើន ផ្តល់​ភាពងាយស្រួល​ក្នុងការ​រស់នៅ និង​ប្រកប​អាជីវកម្មផ្សេងៗ លំនៅដ្ឋាន​ដ៏​ស្រស់ស្អាត ស្គឹ​ម​ស្កៃ ក្នុង​រូប​ភាពជា​អគារ​ភ្លោះ​មាន​កម្ពស់៣ជាន់ ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ​ទាប​ជាង​ទីផ្សារ និង​ផ្តល់ឱកាស​ចំណេញ​សម្រាប់​អ្នកទិញ​ទុក​ជួល ឬ​វិនិយោគ​បន្ត។

ស្ថិតនៅ​ផ្លូវ​បេតុង​ដ៏​ធំ​ទូលាយ​ងាយស្រួល​ចរាចរណ៍ លំនៅដ្ឋាន​ដ៏​ស្រស់ស្អាត​បែប​ទាន់សម័យ ជា​អគារ​ភ្លោះ មាន​កម្ពស់៣ជាន់ សាងសង់​នៅលើ​ផ្ទៃដី​សរុប​ជាង ១៥០០ម៉ែត្រការ៉េ ស្ថិតនៅ​ភូមិ​ដំណាក់ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ត្រូវបាន​ដាក់លក់​នៅក្នុង​តម្លៃ​ទាប​ជាង​ទីផ្សារ​នៅពេល​បច្ចុប្បន្ន រួមជាមួយ​នឹង​ការ​ទុក​ឱកាស​ចំណេញ​ដល់​អ្នកវិនិយោគ​បន្ត​ផងដែរ។

តាម​ភាពជាក់ស្ដែង​នៃ​ទីតាំង​ដែល​ស្ថិតនៅ​តំបន់​ទីប្រជុំជន ក្នុង​ក្រុងភ្នំពេញ មាន​ផ្លូវថ្នល់​ចំនួន ៣ខ្សែ​នៅ​ព័ទ្ធជុំវិញ ជាពិសេស​សំណង់​អគារ​លំនៅដ្ឋាន​ដ៏​ស្រស់ស្អាត​ស្របតាម​បទដ្ឋាន​នគរូបនីយកម្ម​មួយ​នេះ ក្រៅពី​ផ្តល់​ភាពងាយស្រួល និង​ផាសុកភាព​ខ្ពស់​ក្នុង​ការរស់នៅ ក៏ដូចជា​ប្រកប​អាជីវកម្មផ្សេងៗ ដោយមាន​ការរៀបចំរ​ច​នា​លម្អរ​ម៉ូដ​ខាងក្នុង​លំនៅដ្ឋាន​យ៉ាង​ស្រស់ស្អាត​ជាមួយ​ឈើ​ប្រណីត មាន​បន្ទប់ដេក​ចំនួន៨ និង​បន្ទប់ទឹក​ចំនួន៨ មាន​បន្ទប់​ចង្ក្រាន​ធំ​ទូលាយ ហើយ​រឹតតែ ស័ក្ដិសម​ទៅនឹង​ការបម្រើ​ប្រយោជន៍​ជា​ការិយាល័យ​ក្រុមហ៊ុន ស្ថាប័ន​អង្គការ សាលារៀន​ឯកជន ឬ​បម្រើ​ប្រយោជន៍​នៅក្នុង​វិស័យ​ស​ឧស្សាហកម្ម​ផងដែរ។

បន្ថែម​ពីនេះ ដែលជា​លក្ខណៈពិសេស​មួយ​ទៀត​មិនអាច​មើលរំលង​បាន គឺ​ក្រៅពី​ស្ថិតនៅក្នុង​តំបន់​ទីប្រជុំជន​នៃ​រាជធានី​ភ្នំពេញ នៅ​ជិត​ព្រលានយន្តហោះ​អន្តរជាតិ-ភ្នំពេញ ជិត​ផ្សារ​សហគមន៍​នៃ​បុរី​ឈូក​មាស បុរី​ភព​ថ្មី បុរី KC និង​គម្រោង​លំនៅដ្ឋាន​មាន​លក្ខណៈ​ជា​បុរី​ជាច្រើន​ទៀត​នោះ ថែមទាំង​មាន​ស្ថានភាព​ដី​ធំ​ទូលាយ រាបស្មើ​រហូតដល់​ប្រមាណ ១៥០០ម៉ែត្រការ៉េ ងាយស្រួល​ក្នុងការ​អភិវឌ្ឍ ឬ​បង្កើត​គម្រោង​សាងសង់​នានា​បាន​យ៉ាង​ប្រសើរ ក្រោម​ការតភ្ជាប់​បង្កប់​បណ្តាញ​អគ្គិសនី ទឹកស្អាត​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ បណ្តាញ​បង្ហូរទឹក រួម​ជាមួយនឹង​ការបំពាក់​កាំ​មេ​រ៉ា​សុវត្ថិភាព​រួចរាល់​ជាស្រេច ដែល​អាច​ថែរក្សា​ទ្រព្យសម្បត្តិ និង​យានជំនិះ​យ៉ាង​មាន​សុវត្ថិភាព។

ផ្អែក​តាម​ការបញ្ជាក់​ពី​សំណាក់​ម្ចាស់​អគារ​ផ្ទាល់​បានឱ្យដឹងថា សម្រាប់​តម្លៃ​នៃ​ការលក់​ត្រូវ​បានកំណត់​ត្រឹម ១ ០៨០ ០០០ដុល្លារ (១លាន ៨ម៉ឺន​ដុល្លារ) តែប៉ុណ្ណោះ (អាច​ចរចា) ដោយមាន​ការផ្ទេរកម្មសិទ្ធិ ប្រគល់​ប្លង់រឹង​ស្របច្បាប់​យ៉ាង​ត្រឹមត្រូវ ឬ​អាចដាក់​ជួល​ក្នុងតម្លៃ ៤៨០០ដុល្លារ​ក្នុង​មួយខែ (អាច​ចរចា​តាម​រយៈពេល​កិច្ចសន្យា)។

សម្រាប់​ព័ត៌មាន​លម្អិត លោកអ្នក​អាចទាក់ទង​ជាមួយ​ម្ចាស់​ផ្ទាល់​តាមរយៈ​ទូរស័ព្ទ​លេខ ៖ 016 85 85 88, 012 96 93 33, 088 45 48 395 ៕

ចំណេះដឹង! តើ​ការដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម​ក្រៅ​ប្រព័ន្ធតុលាការ​មានសារៈប្រយោជន៍​យ៉ាងណា?

ដោយ ​វុត្ថា

ភ្នំពេញៈ ជាទូទៅ​នៅក្នុង​ការប្រកប​អាជីវកម្ម​តែងតែមាន​វិវាទ ហើយ​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ ជា​មធ្យោបាយ​​ដ៍​ល្អប្រសើរ  អាចឈាន​ទៅដល់​លទ្ធផល​គាប់​ចិត្តជា​យុទ្ធសាស្ត្រឈ្នះៗ និង​ឆ្លើយតប​តម្រូវការ​របស់​ធុរជន​ជាតិ និង​វិនិយោគិន​អន្តរជាតិ ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ធុរកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា។

យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​នេះ បាន​ជួយ​សម្រួល​បន្ទុក​ចំណាយ និង​ជួយ​ព​ន្លឿ​ន​ពេលវេលា ក្នុងការ​ដោះស្រាយ​ជម្លោះ​សម្រាប់​ធុរជន ពេល​មាន​វិវាទ​កើតឡើង ហើយ​វា​មិនមែនជា​ការប្រកួតប្រជែង ជាមួយ​យន្តការ​ប្រព័ន្ធតុលាការ​ទេ ប៉ុន្តែ​វា​ជាការ​បំពេញបន្ថែម​ឱ្យ​ប្រព័ន្ធយុត្តិធម៌។

ជាមួយគ្នានេះ ដើម្បី​លើកកម្ពស់​បរិយាកាស​ធុរកិច្ច និង​វិនិយោគ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដួចផ្ដើម​បង្កើត​មជ្ឈមណ្ឌល​ជាតិ នៃ​ម​ជ្ឈ​ត្ត​ការ​ផ្នែក​ពាណិជ្ជកម្ម ក្នុង​ឆ្នាំ២០១៣។ បច្ចុប្បន្ន មជ្ឈមណ្ឌល​ជាតិ​នេះ បាន​កំពុងផ្តល់​សេវា​ផ្លូវច្បាប់​ជូន​ធុរជន និង​វិនិយោគិន​គ្រប់​ជាតិ​សាសន៍ ដោយ​ប្រើប្រាស់​ម​ជ្ឈ​ត្ត​ករ​ម្នាក់​ឬ​ច្រើន ដើម្បី​ដោះស្រាយ​រាល់​វិវាទ​អាជីវកម្ម​ក្រៅ​ប្រព័ន្ធតុលាការ ដែលមាន​រយៈពេល​យូរ និង​ច្រើន​ដំណាក់កាល៕

ស្ពាន​អាកាស​ក្បាលថ្នល់​ត​ភ្ជាប់​រវាង​មហាវិថី​មុនី​វង្ស និង​ព្រះ​នរោត្តម​បើក​ដំនើរការនៅ​ព្រឹក​ថ្ងៃស្អែក​នេះហើយ

ដោយ​គង់ សូរិយា

ភ្នំពេញៈ ខ្នែង​ស្ពាន​អាកាស​ក្បាលថ្នល់ ត​ភ្ជាប់​រវាង​មហាវិថី​ព្រះមុនីវង្ស និង​មហាវិថី​ព្រះ​នរោត្តម​បាន​បើក​ដំណើរការ​ជា​ផ្លូវការ​នា​ព្រឹក​ថ្ងៃទី១ ឧសភា​នេះហើយ។ នេះ​បើ​យ​តាម​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បញ្ជាក់​ឲ្យ​ដឹង។

លោក​ម៉េ​ត មាស ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​កាលពី​ល្ងាច​ថ្ងៃទី៣០ មេសា​កន្លងមក​ថា ស្ពាន​អាកាស​បត់​ឆ្វេង​មួយ​ខ្សែ​ថ្មី នៅជាប់​នឹង​ស្ពាន អាកាស​ក្បាលថ្នល់​ចាស់ ដែល​ត​ភ្ជាប់​ពី មហាវិថី​ព្រះមុនីវង្ស បត់​មក​មហាវិថី​ព្រះ​នរោត្តម បាន​ស្ថាបនា​រួចរាល់ និង​បើក​អោយ​ដំណើរការ ចាប់ពី​ម៉ោង ៨ព្រឹក​ថ្ងៃទី១ ខែឧសភា​ឆ្នាំ២០២០នេះ​តទៅ ។

លោក​បន្តថា “ការស្ថាបនា​ស្ពាន​អាកាស​ថ្មី​បន្ថែមទៀត​នេះ ដោយសារ​បច្ចុប្បន្ន​រាជធានី​ភ្នំពេញ មាន​កំណើន​យានយន្ត​របស់​ប្រជាពលរដ្ឋ កើនឡើង​យ៉ាងខ្លាំង ធ្វើ​ឲ្យ​ផ្លូវ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ មានការ​កកស្ទះ​ចរាចរណ៍ ពិសេស​នៅត្រង់ចំណុច​ក្បាលថ្នល់​នេះ​តែម្តង។ លោក​បន្តថា “រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ខិតខំ​រិះរក​មធ្យោបាយ​សាងសង់​ស្ពាន​ថ្មី​បន្ថែម និង​ដាក់អោយ​ដំណើរការ​ក្នុង​ពេលនេះ អោយ​ការធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរឡើង” ។

មកដល់ពេលនេះ​នៅក្នុង​រាជធានី​ភ្នំពេញ មាន​ស្ពាន​អាកាស​ចំនួន៦ កន្លែង​គឺ ស្ពាន​អាកាស​ក្បាលថ្នល់ ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ពាន​អាកាស៧មករា ស្ពាន​អាកាស៥មករា ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ និង​ស្ពាន​អាកាស​ចោមចៅ ។

ចំណែក​លោក​សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ធ្លាប់បាន​បញ្ជាក់ថា គម្រោង​នេះ​ស្ថាបនា​ដោយ​ក្រុមហ៊ុន OCIC។ ស្ពាន​អាកាស​ក្បាលថ្នល់​ពី មហាវិថី​ព្រះមុនីវង្ស ទៅ​មហាវិថី​ព្រះ​នរោត្តម​មាន​ប្រវែង ៧៧ម៉ែត្រ ពី​ផ្លូវដី​ដល់​គល់ស្ពាន​ក្បាលថ្នល់ និង​ពី​គល់ស្ពាន​ដល់​ស្ពាន​អាកាស​ចាស់ មាន​ប្រវែង១២៣ ម៉ែត្រ មាន​ទទឹង ៧ម៉ែត្រ​កន្លះ ពី​មហាវិថី​ព្រះមុនីវង្ស បត់​ឆ្វេង​ឡើង​ស្ពាន​ឆ្ពោះទៅ​មហាវិថី​ព្រះ​នរោត្តម៕

កំលាំងពលកម្មកម្ពុជាសរុបមានប្រមាណ ១០លាននាក់ ក្នុងចំណោមប្រជាជនសរុប

ដោយ ហ្សូលី

ភ្នំពេញៈ ប្រជនជនកម្ពុជាប្រមាណ៩៩,៧ភាគរយ នៃកម្លាំងពលកម្មសរុប១០ លាននាក់ នៅកម្ពុជាសុទ្ធតែមានការងារធ្វើ។ នេះបើយោងតាមសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងក្នុងឱកាសទិវាពលកម្មអន្តរជាតិ១ ឧសភា លើកទី១៣៤


យោងតាមអត្ថន័យក្នុងសារនោះបានបញ្ជាក់ថា វិស័យសេដ្ឋកិច្ចទាំងផ្លូវការនិងក្រៅផ្លូវការបានទាក់ទាញកម្មករ និយោជិតប្រមាណ៣,៧លាននាក់ ខណៈដែលវិស័យកសិកម្មផ្តល់ការងារ ដល់ប្រជាជនពលរដ្ឋកម្ពុជាចំនួន៤លាននាក់ និង៥០០.០០០នាក់ផ្សេងទៀតជាមន្រ្តីសាធារណៈ ដែលបម្រើការនៅតាមស្ថាប័ននានា។ ក្រៅពីនេះ ប្រជាជនកម្ពុជាប្រមាណ១,២៨ លាននាក់ បានចំណាកស្រុកដើម្បីធ្វើការនៅបរទេស។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ទៅលើការបន្តយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុវត្ថិភាព សុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលជាកម្មករ និងនិយោជិក ជាពិសេសត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់នៅក្នុងគ្រាដ៏លំបាកអំឡុងវិបត្តិជំងឺ covid-19 នេះ។

បើគិតត្រឹមឆ្នាំ២០១៩ កម្ពុជាមានសហជីពក្នុងស្រុកចំនួន៤៩៩៦ សហព័ន្ធសហជីពចំនួន២១៦ សហជីពពាណិជ្ជកម្មចំនួន៣៣ និងសមាគមនិយោជកចំនួន១១ ដែលបានចុះបញ្ជីស្របច្បាប់ជាផ្លូវការនៅប្រទេសកម្ពុជា។

ប្រទេសកម្ពុជាត្រៀមនឹងប្រារព្ធ ទិវាពលកម្មអន្តរជាតិលើកទី១៣៤ នៅថ្ងទី១ ខែ ឧសភា ឆ្នាំ ២០២០នេះ ក្រោមប្រធានបទ សន្តិភាព និងការងារសមរម្យ ដើម្បីបងា្ករនិងទប់ស្កាត់ការរីករាលដាល នៃជំងឺរាតត្បាត Covid-19, កម្មករនិងនិយោជិកទាំងអស់ត្រូវបានណែនាំអោយប្រារព្ធទិវាប្រចាំឆ្នាំនេះ នៅផ្ទះជាមួយសមាជិកគ្រួសាររបស់ពួកគេ៕


អ្នកជំនាញនិយាយពីភាពមិនប្រាកដប្រជានៃវិស័យអចលនទ្រព្យនៅកម្ពុជា

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ មានការលើកឡើងផ្សេងៗគ្នាពាក់ព័ន្ធទៅនឹងទីផ្សារអចលនទ្រព្យនៅកម្ពុជា ដែលកំពុងទទួលរងនូវគំនាបនៃវិបត្តិជំងឺសាកល និងកំពុងប្រឈមនៅពេលបច្ចុប្បន្ននេះ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍កាលពីល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ថា ស្ថិតនៅក្នុងស្ថានភាពនៃវិបត្តិជំងឺសាកល Covid-19 ទោះបីជាទទួលរងនូវឥទ្ធិលអវិជ្ជមានខ្លះ នៅក្នុងវិស័យអចលនទ្រព្យក៏ដោយ ប៉ុន្តែមានការព្យាករណ៍ថា បន្ទាប់ពីការធ្លាក់ចុះទីផ្សារអចលនទ្រព្យនាពេលនេះ កម្ពុជានឹងអាចទទួលបានកំណើនវិនិយោគពីបណ្តាក្រុមហ៊ុនអន្តរជាតិជាដៃគូឡើងវិញ។

លោកបានមានប្រសាសន៍បន្តទៀតថា “នៅត្រឹមរយៈពេល៣ឆ្នាំចុងក្រោយនេះ វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាគឺមានការកើនឡើងខ្លាំងលើសពីការរំពឹងទុក ប៉ុន្តែដោយសារតែវិបត្តិនៃជំងឺសាកល ដែលកើមានចាប់តាំងពីខែមករា ឆ្នាំ២០២០ រហូតមកភាពអវិជ្ជមានបានចូលមកក្នុងវិស័យនេះមួយចំណែក ហើយនៅឆ្នាំបន្ទាប់នេះ យើងមិនអាចកំណត់ថា នឹងមានកំណើនខ្ពស់ដូចនេះទៀតនោះទេ ដែលវាក៏អាស្រ័យទៅលើបរិបថ និងស្ថានភាពនៃស្ថិរភាពក្នុងសង្គមជាក់ស្ដែង ជាពិសេសឧបសគ្គនៃជំងឺ Covid-19 ប៉ុន្តែយើងននៅតែមានសុទិដ្ឋិនិយមថា នឹងមានសញ្ញាល្អ ខណៈដែលប្រទេសចិន ដែលជាទីផ្សារដ៏ធំរបស់កម្ពុជាមានស្ថានការកាន់តែល្អ”។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ KW Cambodia លោកឧកញ៉ាបណ្ឌិត គឹម ហ៊ាង ធ្លាប់បានមានប្រសាសន៍កាលពីពេលកន្លងទៅថ្មីៗនេះថា ភាពប្រឈមរបស់សេដ្ឋកិច្ច និងទីផ្សារអចលនទ្រព្យនៅកម្ពុជាស្ថិតនៅក្នុងស្ថានភាពបែបណានោះ គឺវាអាស្រ័យទៅលើមូលហេតុចម្បងតែមួយគត់ គឺជំងឺ Covid-19 ដែលកំពុងរាតត្បាតជាសាកលលោក។

លោកឧកញ៉ាបានបន្តទៀតថា “នៅក្នុងអំឡុងពេលនេះ ថ្វីត្បិតទីផ្សារអចលនទ្រព្យនៅកម្ពុជា បាន និងកំពុងតែប្រឈមទៅនឹងការធ្លាក់ចុះ ប៉ុន្តែភាពល្អប្រសើរអាចនឹងវិលត្រឡប់មកវិញក្នុងពេលដ៏ខ្លី ប្រសិនបើបញ្ហានៃការរាតត្បាតរបស់ជំងឺ Covid-19 ត្រូវបានទប់ស្កាត់ និងដោះស្រាយនៅត្រឹមចុងខែមិថុនា ឬដើមឆមាសទី២ ឆ្នាំ២០២០ ខាងមុននេះ”។ លោកបានបញ្ជាក់ទៀតថា “ដង្ហើមទីផ្សារអចលនទ្រព្យកម្ពុជាមួយចំណែកធំគឺពឹងផ្អែកទៅលើក្រុមហ៊ុនដែលជាអ្នកវិនិយោគអន្តរជាតិ ជាពិសេសនៅក្នុងតំបន់អាស៊ី ។ នៅពេលដែលបណ្តាប្រទេសស្ថិតនៅក្នុងតំបន់អាស៊ីបន្តជួបនឹងវិតបត្តិនៃជំងឺ Covid-19 វាជាបញ្ហាប្រឈមនៃទីផ្សារអចលនទ្រព្យនៅកម្ពុជា”។

ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ឱ្យដឹងផងដែរថា សព្វថ្ងៃនេះក្រុមហ៊ុនដែលវិនិយោគក្នុងគម្រោងធំៗនៅតែបន្តមាននៅលើទីផ្សារអចលនទ្រព្យកម្ពុជា ប៉ុន្តែដោយសារតែភាពប្រឈមនៃជំងឺ Covid-19 ក្រុមហ៊ុនទាំងនោះបានស្នើសុំពន្យាពេល។ ដូច្នេះ ប្រសិនបើវិបត្តិនៃជំងឺពិភពលោកមួយនេះត្រូវបានដោះស្រាយកាន់តែលឿន ភាពវិជ្ជមាននៃវិស័យអចលនទ្រព្យនៅកម្ពុជាកាន់តែឆាប់បានត្រឡប់មករកភាពល្អប្រសើរវិញ៕

រដ្ឋាភិបាលគ្រោងចំណាយជិត១០០លានដុល្លារលើគម្រោងបែងចែកដីដើម្បីសង្គម កិច្ចជំហ៊ានទី៣

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយប្រាក់ ប្រមាណ៩៣លានដុល្លារអាមេរិក ដើម្បីផ្តល់ដីសម្បទានសង្គមកិច្ច ជំហ៊ានទី៣ដល់ប្រជាពលរដ្ឋនាពេលខាងមុខនេះ។


លោកបណ្ឌិត ដោក ដូម៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋាន លំនៅដ្ឋាននៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងនាព្រឹក ថ្ងៃទី៣០មេសានេះថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ចជំហ៊ានទីបី គ្រោងចំណាយថវិកាជាង៩៣លានដុល្លារ ក្នុងនោះ ថវិកាបដិភាគចំនួន១០ភាគរយ ត្រូវអនុវត្តរយៈពេល៦ឆ្នាំ គឺចាប់ផ្តើមពីចុងឆ្នាំនេះតទៅ នៅទូទំាងប្រទេស។

លោកបានប្រាប់វិទ្យុមិត្តភាពកម្ពុជាចិននៅថ្ងៃនេះថា  ក្រសួងរៀបចំដែនដី និងម្ចាស់ជំនួយគ្រោងពិភាក្សាគ្នា ដើម្បីឈានទៅបើកគម្រោងបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហ៊ានទី៣ ដើម្បីជួយកែលម្អជីវភាពប្រជាពលរដ្ឋ អោយប្រជាពលរដ្ឋមានដីធ្វើកសិកម្ម និងមានដីសង់លំនៅដ្ឋាន ខណៈគម្រោងនេះអាចឈានទៅអនុវត្តន៍ផ្លូវការនៅចុងឆ្នាំនេះ។

គម្រោងជំហ៊ានទីបីនេះ មានគោលដៅបីសំខាន់ ទី១ ផ្តោតការចុះបញ្ជីរដីសហគមន៍ជនជាតិដើមភាគតិច ដើម្បីការពារដីរបស់គាត់ ជៀសវាងឲ្យបាននូវការរំខានពីអ្នកខាងក្រៅ ទី២ គឺការប្រើប្រាស់ដី ឃុំ សង្កាត់ ក្នុងរយៈពេលវែងថា តើការប្រើប្រាស់ដី ក្នុងឃុំ សង្កាត់ វាសមស្របទៅនិងសក្ដានុពលរបស់ដី សំរាប់កសិកម្ម សំរាប់សង់ផ្ទះ និងសាងសង់អគារសាធារណៈដែរឬទេ ហើយធ្វើការបែងចែកថាតើ ដីណាជារបស់រដ្ឋ និងរបស់ឯកជន និងគោលដៅទី៣ ការស្វែងរកដីដែលមានសក្ដានុពល សំរាប់ចែកជូនអ្នកក្រីក្រដែលខ្វះខាតដីពិតប្រាកដ។


លោកបណ្ឌិត ដោក ដូម៉ា បានបន្ថែមថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចនេះ មានតួនាទីសំខាន់ណាស់ ដោយបានផ្តល់ដីសំរាប់សង់លំនៅដ្ឋានផ្តល់ដី ធ្វើកសិកម្មហើយរៀបចំភូមិលំនៅដ្ឋាន ឲ្យបានត្រឹមត្រូវ មានផ្លូវថ្នល់ ចេញចូលងាយស្រួល សង់សាលារៀន ផ្សារសហគមន៍ បុស្តិ៍សុខភាព អណ្តូងទឹក និងស្រះទឹកស្អាត និងផ្ទះសម្រាប់គ្រូបង្រៀន និងគិលានុប្បដ្ឋាកជួយបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹម ដាំដុះឬប្រភេទដំណាំ ដែលត្រូវនឹងសមាសភាពដី ដែលបានចែកជូន ផ្តល់ពូជដំណាំ ការសាងសង់ប្រព័ន្ធធារាសាស្រ្តនានា ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្រោចស្រព ក្នុងការដាំដុះឲ្យទទួលបានទិន្នផលខ្ពស់ ដែលធានាបានសន្តិសុខស្បៀង សម្រាប់សហគមន៍ផងនិងការបញ្ចេញលក់នៅទីផ្សារខាងក្រៅផង។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បង្ហាញថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច កំពុងអនុវត្តន៍នៅលើទីតំាងចំនួន១៤កន្លែង ស្ថិតក្នុងខេត្តចំនួន៥ មានដូច ជាខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ធំ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ។

គម្រោងនេះបានអនុវត្តន៍ ដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គជអប) ដែលមានរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១ ដោយចំណាយថវិកាប្រមាណ២៦,៨លានដុល្លារអាមេរិក បានមកពីការផ្តល់ហិរញ្ញប្បទានពីធនាគារពិភពលោក និងបដិភាគរបស់រាជរដ្ឋាភិបាល ហើយមានប្រជាពលរដ្ឋទទួលផលប្រមាណ៥១៤១គ្រួសារ៕


លោកឧកញ៉ាម៉ុង ឬទ្ធី ត្អូញត្អែពីការលំបាកប្រកួតប្រជែងជាមួយក្រុមហ៊ុនមិនស្របច្បាប់

ដោយវុត្ថា

ភ្នំពេញៈ លោកឧកញ៉ា ម៉ុង ឬទ្ធី  មហាសេដ្ឋីកសិកម្មកម្ពុជា និងជាអគ្គនាយកនៃក្រុមហ៊ុន ម៉ុងឫទ្ធី គ្រុបបានត្អូញត្អែរពីការលំបាក ក្នុងការប្រកួតប្រជែងជាមួយក្រុមហ៊ុនមិនស្របច្បាប់ ដែលរារាំងដល់ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិជាពិសេសទៅកាន់ទីផ្សារកូរ៉េ។


ក្នុងជំនួបជាមួយតំណាងក្រុមហ៊ុនHyundai នាព្រឹកថ្ងៃទី៣០ មេសានេះ លោក ឧកញ៉ាម៉ុង ឬទ្ធីបានមានប្រសាសន៍ឱ្យដឹងថា កិច្ចពិភាក្សានេះដើម្បីរកដំណោះស្រាយរកទីផ្សារនាំចេញផ្លែស្វាយទាំងក្នុងកញ្ចប់ និងក្រៅកញ្ចប់ ពីចំការរបស់ក្រុមហ៊ុន និងចំការកសិករកម្ពុជា ចេញទៅប្រទេសកូរ៉េខាងត្បូងអោយបានតម្លៃសមរម្យ។

លោកបន្តថា បញ្ហាដែលជាចំណទនោះគឺក្រុមហ៊ុនស្របច្បាប់ ត្រូវតែបង់ពន្ធគ្រប់បែបយ៉ាងមិនអាចប្រគួតប្រជែងជាមួយ និងក្រុមហ៊ុនមិនស្របច្បាប់បានណាស់

យ៉ាងណាក៏ដោយ លោកឧកញ៉ាកសិកម្មរូបនេះ មិនបានបង្ហាញពីចំនួនក្រុមហ៊ុនដែលមិនស្របច្បាប់មានប៉ុន្មាននោះទេ នៅក្នុងប្រតិបត្តិការនាំផលិតផលកសិកម្មចេញពីកម្ពុជាទៅក្រៅប្រទេស។


រដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង បានអនុម័តកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ នូវការអនុញ្ញាតកម្ពុជាឱ្យនាំចូលស្វាយពីកម្ពុជា ទៅកាន់ប្រទេសកូរ៉េ តែរហូតដល់ពាក់កណ្តាលខែមករា ឆ្នាំ ២០២០ កន្លងមកនេះ ការនាំចេញផ្លែស្វាយស្រស់ពីប្រទេសកម្ពុជាជាលើកដំបូងទៅកាន់ប្រទេសកូរ៉េខាងត្បូង ដោយមានក្រុមHyundai Mao Legacy Co., Ltd  ជាអ្នកត្រួតពិនិត្យ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មបានបង្ហាញថា នៅឆ្នាំ២០១៩កន្លងមកនេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ជិត៦ម៉ឺនតោន ទៅកាន់ប្រទេសវៀតណាម ថៃ សិង្ហបុរី បារាំង រុស្ស៊ី និងចិន៕

ការិយាល័យជួលកំពុងដាំក្បាលចុះជាង៧០ភាគរយនៅតំបន់អាស៊ីក្នុង កំឡុងខែមេសានេះ

ដោយ ហ្សូលី

ភ្នំពេញ៖ ទីផ្សារជួលការិយាល័យ នៅក្នុងបណ្តាប្រទេសនៅតំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិក កំពុងជួបប្រទះនូវវិបត្តិធ្លាក់ចុះដល់ជាង៧០ភាគរយ ក្នុងខែមេសា ឆ្នាំ ២០២០នេះ។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុនអន្តរជាតិ Knight Frank កាលពីយប់ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២០នេះ។

របាយការណ៍នោះ បានបង្ហាញពីតារាងនៃបណ្តារទីក្រុង និងប្រទេសក្នុងអាស៊ី ដែលមានអត្រាធ្លាក់ចុះនៃទីផ្សារការិយាល័យ។ ប្រទេសដែលមានការធ្លាក់ចុះនៃសកម្មភាពជួលការិយាល័យទាំងនោះ មានដូចជា ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ទីក្រុងបាងកក ប្រទេសថៃ ទីក្រុងកូឡាឡាំពួរ ប្រទេសម់ាឡេស៊ី ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ  ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

លើសពីនេះក៏មានទីក្រុង និងប្រទេសដទៃទៀតរួមមាន សិង្ហបុរី តៃប៉ិ សៀងហៃ ប៉េកាំង និងឥណ្ឌា ដែលទីផ្សារការិយាល័យទទួលរងនូវអត្រាជួលធ្លាក់ចុះ។ លើកលែងតែ ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ខេត្តក្វាងចូវ និងស៊ីនជិន នៃសាធារណរដ្ឋប្រជាមានិតចិន និងទីក្រុងហុងកុងតែប៉ុណ្ណោះ ដែលអត្រាជួលនៅថេរមិនមានការធ្លាក់ចុះ ហើយក៏មិនមានកំណើនដែរ។ នេះបើតាមឱ្យដឹងពីរបាយការណ៍ដែលមានចំណងជើងថា ទីផ្សារអាស៊ីប៉ាស៊ីហ្វិកក្នុងខែមេសា ២០២០: Covid-19 ជះឥទ្ធិពលលើវិស័យអចលនទ្រព្យ។

ហេតុផលដែលមានការធ្លាក់ចុះព្រោះថា ក្រុមហ៊ុនពាណិជ្ជកម្មអន្តរជាតិបានពន្យាពេលនៃកិច្ចព្រមព្រៀងជួល ដោយក្រុមហ៊ុនទាំងនោះសម្អាងហេតុផលថា គ្មានសង្វាក់ផលិតកម្ម គ្មានតម្រូវការសាកលលោក ដែលជាហេតុនាំឱ្យពួកគេមិនមានលំហូរសាច់ប្រាក់ដំណើរការក្រុមហ៊ុននោះទេ។

លោក Tim Armstrong ប្រធានសេវាកាន់កាប់ភ្នាក់ងារពាណិជ្ជកម្ម ប្រចាំក្រុមហ៊ុន Knight Frank នៅអាស៊ិបាស៊ីហ្វិកបានបញ្ជាក់ថា យ៉ាងហោចណាស់ ក្រុមហ៊ុនពាណិជ្ជកម្មទាំងនោះ មិនបានលុបចោលការជួលការិយាល័យនោះឡើយ។ ពួកគេគ្រាន់តែស្នើសុំពន្យាពេលតែប៉ុណ្ណោះ។

លោកបន្តថា ចិនដីគោក ហាក់ដូចជាមានអត្រាថេរ ម្យ៉ាងសេដ្ឋកិច្ចនៅតំបន់នោះចាប់ផ្តើមមានភាពរឹងមាំឡើងវិញ រីឯកូរ៉េវិញក៏កៀកនឹងឡើងវិញដូចគ្នា លោកបន្តថា ចំណែកនៅតៃប៉ិវិញ ម្ចាស់អគារហាក់បីដូចជា មានការយោគយល់ច្រើនដូច្នេះហើយទើបបានជាទីផ្សារ មិនសូវជាមានភាពធ្លាក់ចុះគឺពោរពេញដោយតុល្យភាព

អាជីវកម្មឬមុខជំនួញ អាចនឹងត្រឡប់មករកសភាពដើមវិញ លុះត្រាតែបុគ្កលិកក្រុមហ៊ុនប្រាកដថា ពួកគេមានបរិយាកាសធ្វើការសុវត្ថិភាពសិន ដោយសារស្ថានភាព Covid-19 មានលក្ខណៈខុសគ្នាទៅតាមតំបន់ និងប្រទេសនិមួយៗ៕