ក្រុមហ៊ុនរុករករ៉ែមាសអូស្ត្រាលី ប្រមូលបានទុនវិនិយោគ ៧៥លានដុល្លារបន្ថែម ដើម្បីជំរុញការរុករករ៉ែមាសនៅកម្ពុជា

ដោយ ប៊ី

ភ្នំពេញ៖ ក្រុមហ៊ុន Renaissance Minerals (Cambodia) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Emerald Resources NLនៅក្នុងប្រទេសអូស្រ្តាលី បានឱ្យដឹងថា ខ្លួនបានរៃអង្គាសថវិកាបានច្រើន ក្នុងអំឡុងពេលត្រីមាសទី ១ ឆ្នាំនេះ សម្រាប់សកម្មភាពអភិវឌ្ឍន៍ជាច្រើនទៀតឆ្ពោះទៅរកការផលិតមាសនៅឆ្នាំក្រោយ។

នៅក្នុងរបាយការណ៍ប្រចាំត្រីមាសដែលទើបតែបានចេញផ្សាយកាលពីថ្ងៃអង្គារ ទី ២៨ ខែមេសា ឆ្នាំ២០២០ ក្រុមហ៊ុន បានឱ្យដឹងថា ខ្លួនបានជោគជ័យក្នុងការអង្គាសប្រាក់បានចំនួន ៧៥ លានដុល្លារតាមរយៈការគាំទ្រពីម្ចាស់ភាគហ៊ុនដែលមានស្រាប់ និងការបន្ថែមម្ចាស់ភាគហ៊ុនស្ថាប័នដែលមានការទទួលស្គាល់ជាសកល។

របាយការណ៍នេះបានកត់សម្គាល់ថាការ ផ្តល់ថវិកានេះត្រូវបានប្រើដើម្បីឆ្ពោះទៅសកម្មភាពជម្រុញការអភិវឌ្ឍន៍នៅឯគម្រោងអូក្វាវដែលជាគម្រោងជឿនលឿនបំផុតរបស់ក្រុមហ៊ុន ក៏ដូចជាកម្មវិធីរុករកក្នុងតំបន់របស់ខ្លួននៅលើផ្ទៃដីរុករករ៉ែនៅកម្ពុជា ១,២២៦ គីឡូម៉ែត្រការ៉េ។

ក្រុមហ៊ុន Emerald និងក្រុមហ៊ុន Sprott ដែលជាអ្នកផ្តល់ហិរញ្ញប្បទានឈានមុខគេលើវិស័យរ៉ែនៅទូទាំងពិភពលោកបាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្រាប់គម្រោងហិរញ្ញវត្ថុគម្រោងដែលមានទឹកប្រាក់ ៦០ លានដុល្លារ ដោយក្រុមហ៊ុនបានឱ្យដឹងថា នេះគឺជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់ការអភិវឌ្ឍគម្រោងរុករករ៉ែមាសនៅតំបន់អូក្វាវ។

លើសពីនេះទៀត ក្រុមហ៊ុន Emerald ក៏បានចុះហត្ថលេខាលើកិច្ចសន្យារ៉ែដែលមានទឹកប្រាក់ ២៣០ លានដុល្លារជាមួយក្រុមហ៊ុនរ៉ែ Mining and Civil Australia ដើម្បីផ្គត់ផ្គង់ឧបករណ៍រុករករើ និងផ្តល់សេវាកម្មរុករុករ៉ែនៅឯគម្រោងរ៉ែមាសអូក្វាវក្នុងរយៈពេលជាង ៧ ឆ្នាំ៕

រដ្ឋាភិបាលសម្រេចដោះដូរផ្ទៃបឹងតាមោឃទំហំ៣៤ហិកតាជាមួយទីតាំងដី ចំនួន៣ផ្សេងទៀត

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលបានសម្រេចដោះដូរផ្ទៃបឹងតាមោឃ (បឹងកប់ស្រូវ) ទំហំ៣៤ ហិកតា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជរាជធានីភ្នំពេញ ជាមួយដីចំនួន៣ទីតាំងជូនលោកស្រី គីម ហ៊ាង។

យោងតាមលិខិតរបស់ទីស្តី ការគណៈរដ្ឋមន្ត្រីដែលបានចុះហត្ថលេខា កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២០ កន្លងមកដែលបានផ្ញើរជូន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់  រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

នៅក្នុងកម្មវត្ថុនៃលិខិតនេះបានចែងថា ករណីសំណើសុំដោះដូរដីជូនលោកស្រី គីម ហ៊ាងមានដីទំហំ៣ហិកតា ស្ថិតនៅខាងកើតវិមានឈ្នះ ឈ្នះ ក្នុងនោះដីទំហំ២ហិកតា ស្ថិតនៅតំបន់ទីក្រុងរណបហ្គាឌិនស៊ីធី ព្រែកព្នៅ ខណ្ឌព្រែកព្នៅ និងដីអតីតទីលានចាក់សំរាម ស្ទឹងមានជ័យទំហំ៤,៨ហិកតា ស្ថិតនៅខណ្ឌមានជ័យ ជាមួយនឹងផ្ទៃបឹងតាមោឃ (បឹងកប់ស្រូវ)ទំហំ៣៤ហិកតា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ

សេចក្តីដូចបានចែងនៅក្នុងកម្មវត្ថុខាងលើនេះ ទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា ចំពោះសំណើរដោះដូរដីទាំងបីទីតាំងនេះ ជាមួយនឹងផ្ទៃបឹងតាមោឃ (បឹងកប់ស្រូវ) ទំហំ៣៤ហិកតា ស្ថិតនៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ  រាជរដ្ឋាភិបាលសម្រេចដូចខាងក្រោម៖

) ផ្តល់ជូនលោកស្រី គីម ហ៊ាង នូវផ្ទៃដីផ្ទៃបឹងតាមោឃទំហំ៣០ហិកតា ប៉ុន្តែត្រូវដោះស្រាយលគោលនយោបាយដល់អ្នកកាន់កាប់ផ្ទៃដីបឹងទំហំ៣០ហិកតា ដែលមានឯកសារកាន់កាប់ក្នុងតម្លៃ៥ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។ ទី២ អនុញ្ញាត្តពន្ធជាបន្ទុករបស់រដ្ឋ និងលើកលែងសេវាអន្តរក្រសួងនានា ក្នុងការផ្ទេរកម្មសិទ្ធិទាំងអស់ខាងលើ។

កាលពីថ្ងៃទី២ សីហា ឆ្នាំ២០១៨ ទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានដាក់សំណើរសុំដីចំនួន២០ហិកតា នៅបឹងតាមោឃ ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ ដើម្បីធ្វើជាផ្សារផ្គត់ផ្គង់បន្លែ និងចំណតរថយន្ត។

ក្នុងលិខិតនោះក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលបានយល់ព្រម ជាគោលការណ៍យកដីចំនួន២០ហិកតា នៅបឹងតាមោឃ ដើម្បីសាងសង់ផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងជាចំណតរថយន្ត និងអនុញ្ញាតរើផ្សារបន្លែពីផ្សារដើមគរ ទៅផ្សារថ្មីនៅបឹងតាមោកវិញ។

បឹងតាមោឃ ឬបឹងទំនប់កប់ស្រូវ គឺជាបឹងធម្មជាតិដ៏ធំមួយ ក្នុងចំណោមបឹងស្តុកទឹកធំៗក្នុងរាជធានីភ្នំពេញ មានផ្ទៃបឹងទំហំ៣២៣៩, ហិកតា ដែលមានទីតាំងឋិតនៅក្នុងខ័ណ្ឌព្រែកព្នៅ។

នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ រដ្ឋាភិបាល ក៏បានចេញអនុក្រឹត្យស្តីពីការកំណត់ផ្ទៃបឹងចំនួន៣២៣៩ហិចតា ដែលគ្របដណ្តប់បឹងតាមោឃ (បឹងកប់ស្រូវ) និងដីជុំវិញ ទុកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ៕

ប្រធាន CVEA អះអាងថា រយៈពេល៥ឆ្នាំ​ចុងក្រោយ​វិស័យ​អចលនទ្រព្យ​កម្ពុជារីកចម្រើន​ខ្លាំង

ដោយៈ ច្រាយ ចំណាន

ភ្នំពេញៈ នៅក្នុង​រយៈពេល៥ឆ្នាំ​ចុង​ក្រោយនេះ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុ​ជាមាន​ភាព​រីកចម្រើន​គួរឱ្យកត់សម្គាល់ ជាមួយនឹង​តម្លៃ​ទុនវិនិយោគ​រាប់ពាន់​លាន​ដុល្លារ ប៉ុន្តែ​កំណើន​នេះ បើ​ប្រៀបធៀប​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ កម្ពុជា​នៅតែមាន​កម្រិត​នៅឡើយ។ នេះ​បើតាម​ការអះអាង​របស់​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម​បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ថា ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ក្នុង​រយៈពេល៥ឆ្នាំ​ចុង​ក្រោយនេះ មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់ ដោយសារ​លំហូ​ចូល​នៃ​វិនិយោគ​បរទេស និង​ស្ថេរភាព​សេដ្ឋកិច្ច និង​នយោបាយ​នៅក្នុង​ប្រទេស។

លោក​បាន​បញ្ជាក់ថា “វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា បាន​រីកចម្រើន​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ នៅ​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ក្រុងព្រះសីហនុ ក្រុង​ប៉ោយប៉ែត បាវិត កែប និង​តំបន់់ផ្សេងៗទៀត ត្រូវបាន​មើលឃើញ​ពី​កំណើន ឥតឈប់ឈរ​នៃ​ការសាងសង់ ដែល​កំពុងដំណើរការ​ស្របពេល​ល ដែល​ការវិនិយោគធំៗភាគច្រើន​មកពី​ប្រទេស​ចិន ដែល​បាន​ជួយ​ជំរុញឱ្យមាន​ភាព​រីកចំរើន​យ៉ាងខ្លាំង” ។ លោក​បន្តថា “ជាក់ស្តែង​នៅក្នុង​ទីក្រុង​ភ្នំពេញ មាន​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​ទាំង​លំនៅដ្ឋាន ពាណិជ្ជកម្ម និង​គម្រោង​អភិវឌ្ឍន៍​ចម្រុះ ដែល​បានបញ្ចប់​ការសាងសង់ និង​កំពុងដំណើរការ​ក្នុង​ផែនការ​សាងសង់ ហើយ​ជា​លទ្ធផល​យើង​ឃើញ​មានការ​ផ្គត់ផ្គង់​ខុន​ដូ អា​ផាត​មិន បុរី និង​លំនៅដ្ឋានផ្សេងៗទៀត​មានការ​កើនឡើង” ។

ស្ថិតនៅក្នុង​ស្ថាន​ការ​នៃ​វិបត្តិ​ជំងឺ​សាកល Covid-19 ទោះបីជា​ទទួលរង​នូវ​ឥទ្ធិ​ល​អវិជ្ជមាន​ខ្លះ នៅក្នុង​វិស័យ​អចលនទ្រព្យ​ក៏ដោយ ប៉ុន្តែ​មានការ​ព្យាករណ៍​ថា បន្ទាប់ពី​ការធ្លាក់ចុះ​ទីផ្សារ​អចលនទ្រព្យ​នាពេលនេះ កម្ពុជា​នឹង​អាច​ទទួលបាន​កំណើន​វិនិយោគ​ពី​បណ្តា​ក្រុមហ៊ុន​អន្តរជាតិ​ជា​ដៃគូ​ឡើងវិញ។ នេះ​បើ​ផ្អែក​តាម​របាយការណ៍​ដែល​បង្ហាញ​ពី​វត្តមាន​ក្រុមហ៊ុន​ទទួលបាន​អាជ្ញាប័ណ្ណ​ថ្មី ចេញ​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពីពេល​កន្លងទៅ។

ក្នុង​រយៈពេល៥ឆ្នាំ​ខាងមុខ កំណើន​នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា នៅតែ​ត្រូវបាន​គេ​រំពឹងថា នឹងមាន​ការកើនឡើង​យ៉ាងខ្លាំង ចំពោះ​ការអភិវឌ្ឍ ខុន​ដូ និង​បុរី ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​តម្លៃ​ដី​តម្រូវការ និង​ការផ្គត់ផ្គង់ ហើយ​កម្ពុជា​នៅតែ​រក្សាបាន​ភាព​លំនឹង​នៃ​កំណើន​ក្នុង​វិស័យ​អចលនទ្រព្យ និង​សំណង់ ប៉ុ​ន្ត​សន្ទុះ​នៃ​កំណើនសេដ្ឋកិច្ច ក៏ដូចជា ភាព​រីកចម្រើន​នៅក្នុង​វិស័យ​ណាមួយ វា​មិនអាច​ចេះតែ​កើនឡើង​រហូត​បាន​នោះទេ គឺអាច​នឹង​ដល់​ចំណុច​ណាមួយ​ធ្លាក់ចុះ​វិញ​ជាមិនខាន។

លោក​ច្រឹ​ក សុខ​នី​ម បាន​បន្តទៀតថា “សម្រាប់​វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុជា​នៅត្រឹម​រយៈ៣ឆ្នាំ​ចុង​ក្រោយនេះ មាន​កំណើន​យ៉ាងគំហុក​ហួស​ពី​ក្ដី​រំពឹង។

ដោយឡែក​សម្រាប់​នៅ​ឆ្នាំ​បន្ទាប់ យើង​មិនអាច​កំណត់ថា នឹងមាន​កំណើន​ខ្ពស់​ដូចនេះ​ទៀត​នោះទេ ដែល​វា​ក៏​អាស្រ័យទៅលើ​បរិបថ និង​ស្ថានភាព​នៃ​ស្ថិរភាព​ក្នុងសង្គម​ជាក់ស្ដែង ជាពិសេស​ឧបសគ្គ​នៃ​ជំងឺ Covid-19 ប៉ុន្តែ​យើង​ន​នៅតែមាន​សុទិដ្ឋិនិយម​ថា នឹងមាន​សញ្ញា​ល្អ ខណៈដែល​ប្រទេស​ចិន ដែលជា​ទីផ្សារ​ដ៏​ធំ​របស់​កម្ពុ​ជាមាន​ស្ថាន​ការ​កាន់តែ​ល្អជា​បន្តបន្ទាប់។

ជាមួយគ្នានេះ លោក​ក៏បាន​ធ្វើការ​ប្រៀបធៀប​ជាមួយ​ប្រទេសជិតខាង ដូចជា​ប្រទេស​ថៃ ប្រទេស​វៀតណាម វិស័យ​សំណង់​នៅ​កម្ពុជា នៅតែមាន​ភាពល្អប្រសើរ​ដដែល ដោយសារតែ​កត្តា​តម្លៃ​នៅ​កម្ពុជា មាន​កម្រិត​ទាប​ជាង ហើយ​វិសាលភាព និង​ឱកាស​វិនិយោគ​នៅមាន​ភាពទូលំទូលាយ​ច្រើន៕

អគ្គនាយកដ្ឋាន​ពន្ធដា​រ​នឹង​ចុះ​ផ្តល់​ប័ណ្ណ​សម្គាល់​ការបង់ពន្ធ​អចលនទ្រព្យនៅ​ទីក្រុង​ភ្នំពេញ

ដោយ ​វុត្ថា

ភ្នំពេញៈ ដើម្បី​សម្រួល​ដល់​ការបង់ពន្ធ​លើ​អចលនទ្រព្យ​ប្រចាំឆ្នាំ អគ្គនាយកដ្ឋាន​ពន្ធដា​រ បានរៀបចំ​បោះពុម្ព​ប័ណ្ណ​សម្គាល់ ការបង់ពន្ធ​អចលនទ្រព្យ (កាត​អចលនទ្រព្យ) និង​ផ្តល់ជូន​ម្ចាស់​អចលនទ្រព្យ ដែល​បានធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​អចលនទ្រព្យ និង​បង់​ប្រាក់កម្រៃ​សេវា៥០០០រៀល ដើម្បី​ស្នើសុំ​ធ្វើ​កាត​អចលនទ្រព្យ។

យោងតាម​សេចក្តីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ស្តីពី ការចុះ​ផ្តល់​សេវា​ពន្ធដារ​លើ​ការប្រគល់​ប័ណ្ណ សម្គាល់ការ​បង់ពន្ធ​អចលនទ្រព្យ​នៅ​រាជធានី​ភ្នំពេញ ចេញផ្សាយ​នៅ​ថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២០ នេះ ផ្ញើរ​ជូន​ម្ចាស់​អចលនទ្រព្យ​ទាំងអស់​បាន​ឲ្យ​ដឹងថា មាន​ម្ចាស់​អចលនទ្រព្យ​មួយចំនួន ដែល​បាន​បង់​ប្រាក់កម្រៃ​សេវា និង​បាន​ស្នើសុំ​ធ្វើ​កាត​អចលនទ្រព្យ​រួចហើយ ប៉ុន្តែ​ពុំទាន់​ទទួលបាន​នូវ​កាត​អចលនទ្រព្យ​នៅឡើយ ដោយ​រដ្ឋបាល​សារពើពន្ធ ពុំ​អាចធ្វើ​ការទំនាក់ទំនង​ម្ចាស់​អចលនទ្រព្យ​បាន និង​ម្ចាស់​អចលនទ្រព្យ​មួយចំនួនទៀត នៅ​ពុំទាន់​បាន​អញ្ជើញ​មក​ទទួលយក​កាត​អចលនទ្រព្យ​ពី​រដ្ឋបាល​សារពើពន្ធ។

សេចក្តីជូនដំណឹង​ដដែល​បន្ថែមថា ដូចនេះ​ដើម្បី​ជំរុញ​ការប្រគល់​កាត់​អចលនទ្រព្យ​ដែល​បាន​បោះពុម្ព​ខាងលើ អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹង​ចុះ​ផ្តល់​សេវា​ប្រគល់​កាត​អចលនទ្រព្យ​ដល់ទី​តាំង ដែល​អ​ល​ចនទ្រ​ព្យ​ស្ថិតនៅ ឬ​ម្ចាស់​អចលនទ្រព្យ​អាច​អញ្ជើញ​មក​ទទួលយក​កាត​អចលនទ្រព្យ​ដោយផ្ទាល់ នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ រៀងរាល់​ម៉ោង​ធ្វើការ និង​សូម​ផុ្ត​ល់​ព័ត៌មាន​មួយចំនួន​ដូចជា បង្កាន់ដៃ​បង់ប្រាក់​ចុងក្រោយ (ថតចម្លង) ឬ ឈ្មោះ​អចលនទ្រព្យ ឬ អត្តសញ្ញាណ​កម្ម​អចលនទ្រព្យ (PIN) ដើម្បីឱ្យ​រដ្ឋបាល​សារពើពន្ធ​ងាយស្រួល ស្វែងរក​កាត​អចលនទ្រព្យ​ជូន​បាន​ឆាប់រ​ហ័យ។

សេចក្តីជូនដំណឹង​ដដែល​បញ្ជាក់ទៀតថា ចំពោះ​ម្ចាស់​អចលនទ្រព្យ​ដែល​ពុំទាន់​បានស្នើ​សុំ​កាត​អចលនទ្រព្យ សូម​អញ្ជើញ​រួសរាន់​ស្នើសុំ​ចុះបញ្ជី និង​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​អចលនទ្រព្យ និង​បង់​ប្រាក់កម្រៃ​សេវា៥០០០រៀល ដើម្បី​ស្នើសុំ​ធ្វើ​កាត​អចលនទ្រព្យ​នៅ​នាយកដ្ឋាន​ពន្ធ​អចលនទ្រព្យ នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ឬ​សាខា​ពន្ធដារ​ខេត្ត-ខណ្ឌ ដែល​អចលនទ្រព្យ​នោះ​ស្ថិតនៅ ដើម្បី​បាន​សារពើពន្ធ​បោះពុម្ព​កាត​អចលនទ្រព្យ​ជូនភ្លាម៕

អ្នកជំនាញ​អះអាងថា ការជួល​ខុន​ដូ​នៅ​កម្ពុជា​មិន​រង​ផលប៉ះពាល់​នោះទេ

ដោយ ប៊ី

ភ្នំពេញៈ ខុន​ដូ​សម្រាប់​ជួល​នៅ​កម្ពុជា​មិន​រង​ផលប៉ះពាល់ ដោយសារ​ការរីក​រាល​ដាល​ជំងឺ ​COVID-19 នោះទេ ហើយ​តម្លៃ​ជួល​ខុន​ដូ​មិនមាន​ការប្រែប្រួល​ខ្លាំង​នោះទេ។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់​អ្នកជំនាញ​អចលនទ្រព្យ។

លោក​ច្រឹ​ក សុនី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ប្រាប់​គេហទំព័រ Propertyarea.asia នៅ​ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២០ នេះ ថា ការជួល​ខុន​ដូ មិនមាន​ការធ្លាក់ចុះ​ខ្លាំង​នោះទេ ព្រោះ​ការជួល​ខុន​ដូ​មាន​រយៈពេល​វែង ខណៈ​ម្ចាស់​ខុន​ដូ​មានការ​អនុគ្រោះ​ដល់​អ្នក​ជួល​តិច​តូច​បន្ថែម។

លោក​បាន​បន្តថា “កិច្ច​ការជួល​ខុន​ដូ​មាន​កុងត្រា​រយៈពេល ដែល​មិន​ធ្វើឱ្យ​ការជួល​មានការ​ធ្លាក់ចុះ​ខ្លាំង​នោះទេ ហើយ​វា​អាច​ធ្លាក់ចុះ​តិច​តូច​អំឡុង​ពេលនេះ។ លោក​បន្តថា “វា​មិនមែនជា​ឧបសគ្គ​ធំ ឬ​ក្លាយជា​បញ្ហា​ធំ​សម្រាប់​ការជួល​ខុន​ដូ​នោះទេ អំឡុងពេល COVID-19 ហើយ​ម្ចាស់​ខុន​ដូ នៅតែ​ទទួលបាន​ចំណូល​បាន​ពី​ការជួល​នេះដែរ” ។

លោក​បាន​លើកឡើងថា សម្រាប់​តម្លៃ​ជួល​ខុន​ដូ មិនមាន​ការប្រែប្រួល​ខ្លាំង​នោះទេ ខណៈ​ម្ចាស់​ខុន​ដូ​មួយចំនួន ដែល​នៅសល់​ខុន​ដូ​ជួល​បញ្ចុះតម្លៃ​ខ្លះ ប៉ុន្តែ​ម្ចាស់​ខុន​ដូ​មួយចំនួនទៀត​មិន​បញ្ចុះតម្លៃ ព្រោះ​វា​ជា​បញ្ហា​រយៈពេល​ខ្លី និង​មិនមាន​ផលប៉ះពាល់​ខ្លាំងពេក​ទេ។

លោក​បាន​ថ្លែងថា “ដូច្នេះ​អ្នក​ជួល​នៅតែ​ជួល​បន្ត និង​មិនមាន​ការផ្លាស់ប្តូរ​ខ្លាំង​នោះទេ ដោយសារ​ការជួល​មាន​កុងត្រា​រយៈពេល១ឆ្នាំទៅ២ឆ្នាំ​ឯណោះ” ។

តម្លៃ​ជួល​ខុន​ដូ​អាស្រ័យទៅលើ​ប្រភេទ​ខុន​ដូ។ ការជួល​ខុន​ដូ១បន្ទប់​គេង មានតម្លៃ​ចាប់ពី ៧០០ ទៅ១២០០ ដុល្លារ​ក្នុង​មួយ​យូ​នី​ត។ ខុន​ដូ​ជួល​មាន២បន្ទប់​គេង​មានតម្លៃ​ចាប់១២០០ ទៅ១៥០០ ដុល្លារ​ក្នុង​មួយ​យូ​នី​ត​ក្នុង​មួយខែ និង៣បន្ទប់​គេង​មានតម្លៃ២០០០ដុល្លារ​ជាង។ នេះ​បើ​យោងតាម​លើកឡើង​របស់លោក​ច្រឹ​ក សុខ​នី​ម។

រយៈពេល៣ខែ​ដើមឆ្នាំ២០២០នេះ ខុន​ដូ​ចំនួន​ជិត៣០០០យូ​នី​ត បានបញ្ចប់​ការសាងសង់ និង​ដាក់​ចូលក្នុង​ទីផ្សារ ខណៈ​តម្រូវការ​យូ​នី​ត​ខុន​ដូ​ហាក់​មាន​កំនើន​យឺត ដោយសារ​វិបត្តិ​ Covid-19។ នេះ​បើ​យោងតាម​របាយការណ៍​ដែល​ទើប​ចេញផ្សាយ ដោយ​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ​CBRE Cambodiaបាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០កន្លងមកនេះ។

នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ CBRE Cambodia លោកស្រី អាន សុធី​តា បាន​មានប្រសាសន៍ថា វិបត្តិ​នៃ​ជំងឺ​ Covid-19 ពិតជា​បាន​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ជា​សាកល ដែល​ក្នុងនោះ​ប្រទេស​កម្ពុជា ក៏​ទទួលរង​នូវ​ឥទ្ធិពល​អាក្រក់​មួយ​នេះ​ផងដែរ។

លោកស្រី​បាន​បន្តទៀតថា “តិច​ឬ​ច្រើន​ប្រទេស​កម្ពុជា ពិតជា​ទទួលរង​នូវ​ឥទ្ធិពល​មួយ​នេះ ប៉ុន្តែ​សម្រាប់​វិស័យ​អចលនទ្រព្យ ហាក់​មាន​ភាពល្អប្រសើរ​ច្រើន ជាក់ស្ដែង​នៅក្នុង​ត្រីមាស​ទីមួយ​កន្លងទៅនេះ ទាំង​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅតែ​បន្ត​រក្សាបាន​ភាពល្អប្រសើ​រ” ។

លោកស្រី​មាន​បន្តទៀតថា សម្រាប់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា បើ​ប្រៀបធៀប​ជាមួយ​ប្រទេសជិតខាង គឺ​ងាយ​នឹងមាន​ឱកាស​ត្រឡប់​មករក​ភាពល្អប្រសើរ​វិញ ក្នុងពេល​ដ៏​ខ្លី ដោយសារតែ​តម្រូវការ​ទីផ្សារ​ភាគច្រើន​ជា​ជនជាតិ​ក្នុងស្រុក ហើយ​ចំពោះ​ទីផ្សារ​ក្រៅ​ស្រុក​ភាគច្រើន មកពី​ប្រទេស​ចិន និង​សិង្ហ​បុរី ដែល​កំពុង​ទទួលបាន​សញ្ញា​វិជ្ជមាន​ជាបណ្តើរៗ ក្នុង​រួច​ផុតពី​វិបត្តិ​ជំងឺ​Covid-19 ស្រប​ពេលដែល​បណ្តា​ប្រទេស​នានា​នៅ​ប៉ែក​អឺរ៉ុប កំពុងតែ​ជួប​សភាព​ធ្ងន់ធ្ងរ៕

ក្រុមហ៊ុន​ធំ​មួយ​របស់​អូស្ត្រាលី​គ្រោង​វិនិយោគ​លើ​វា​រី​អគ្គិសនី​សម្រាប់​ផ្គត់ផ្គង់ឧស្សាហកម្ម​ធុន​ធ្ងន់​នៅ​កម្ពុជា

ដោយ ​វុត្ថា

ភ្នំពេញៈ ឯកអគ្គរដ្ឋទូត​ថ្មី នៃ​ប្រទេស​អូស្ត្រាលី​ប្រចាំ​កម្ពុជា​បាន​អះអាងថា ក្រុមហ៊ុន​ខ្នាត​អន្តរជាតិ​របស់​អូស្ត្រាលី​មួយ បានបង្ហាញ​បំណង​ពី​ការចូលរួម​វិនិយោគ លើ​វា​រី​អគ្គិសនី ដើម្បី​ផ្គត់ផ្គង់​លើ​ឧស្សាហកម្ម​ធុន​ធ្ងន់ ដែល​រួមមាន​ការវិនិយោគ​លើ​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) និង​អាជីវកម្ម​រ៉ែ​នៅ​កម្ពុជា។

លោក Pablo Kang ឯកអគ្គរដ្ឋទូត​ប្រទេស​អូស្ត្រាលី​ប្រចាំ​កម្ពុជា នៅក្នុង​ជំនួប​ពិភាក្សា​ការងារ ជាមួយ​លោក​ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល កាលពី​ម្សិលមិញ​នេះ​បានឱ្យដឹងថា រាជរដ្ឋាភិបាល​តាមរ​យៈ​ក្រសួង​រ៉ែ និង​ថាមពល ដែល​កន្លងមកនេះ បាន​ខិតខំ​ប្រឹងប្រែង ក្នុង​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ឱ្យមាន​ការរីកចំរើន​ឥតឈប់ឈរ។ ជាពិសេស សម្រេចបាន​នូវ​ការផ្គត់ផ្គង់​អគ្គិសនី ដល់​បណ្តា​ភូមិ​ទាំងអស់​ស្ទើ​តែ​គ្រប់១០០ ភាគរយ​នៅ​ទូទាំងប្រទេស។

លោក​បន្ថែមថា “ដើម្បី​ចូលរួម​អភិវឌ្ឍ​លើ​វិស័យ​អគ្គិសនី មាន​ក្រុមហ៊ុន​ខ្នាត​អន្តរជាតិ​របស់​អូស្ត្រាលី តាមរយៈ​ស្ថានទូត​បានបង្ហាញ​ចំណាប់អារម្មណ៍ ក្នុងការ​វិនិយោគ​លើ​វា​រី​អគ្គិ​នី​នៅ​កម្ពុជា​ផងដែរ” ។

លោក​ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​សម្តែង​ការស្វាគមន៍​ចំពោះ​បំណង​នេះ និង​អរគុណ​ដល់​រដ្ឋាភិបាល​អូស្ត្រាលី ដែល​កន្លងមកនេះ បាន​ជួយ​គាំទ្រ​ទាំង​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ដល់​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​របស់​ក្រសួង​រ៉ែ និង​ថាមពល​ផងដែរ។

លោក​រដ្ឋមន្ត្រី ក៏បាន​ស្នើ​ដល់​រដ្ឋាភិបាល​អូស្ត្រាលី តាមរយៈ​លោក​ Pablo Kang ឯកអគ្គរដ្ឋទូត​ថ្មី នៃ​ប្រទេស​អូស្ត្រាលី​ប្រចាំ​កម្ពុជា ពិនិត្យ​លទ្ធភាព​ផ្តល់ជំនួយ​លើ​សម្ភារៈ​ថាមពល​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ដែល​អាច​ផ្គត់ផ្គង់​ដល់​ភូមិ​ដាច់​ស្រ​យ៉ា​ល ខណៈ​បច្ចុប្បន្ន​តំបន់​ដាច់​ស្រ​យ៉ា​ល​ទាំងនោះ មិនទាន់មាន​បណ្តាញ​ជាតិ​នៅឡើយ៕

តម្លៃ​ជួល​ការិយាល័យ​នៅ​ក្រុងភ្នំពេញ​បានចាប់ផ្តើម​ធ្លាក់ចុះ​មិន​ធ្លាប់មាន

ដោយ ​វុត្ថា

ភ្នំពេញៈ អ្នកជំនាញ​បាន​អះអាងថា ទីផ្សារ​ការិយាល័យ​ជួល នៅក្នុង​ទីក្រុង​ភ្នំពេញ បាន​ធ្លាក់ចុះ​តម្លៃ​ចាប់ពី១០ ទៅ១៥ភាគរយ ចាប់តាំងពី​ដើមឆ្នាំ២០២០ រហូត​ម​ដល់ពេលនេះ ដោយសារ​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ១៩  និង​ការស្នើសុំ​បញ្ចុះតម្លៃ​ពី​អតិថិជន​ព្រមទាំង​មានការ​បញ្ចុះតម្លៃ​ដោយ​ម្ចាស់​អគារ។

លោកស្រី​អាន សុធី​តា នាយិការ​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​អន្តរជាតិ CBRE Cambodia បាន​ប្រាប់​គេហទំព័រ propertyarea.asia កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​ឱ្យដឹងថា ក្នុងស្ថានភាព​នៃ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ១៩ បានធ្វើ​ឲ្យ​ទីផ្សារ​ជួល​ការិយាល័យ មានការ​ធ្លាក់ចុះ​នៃ​តម្លៃ​ជួល ដោយសារ​តែមាន​អតិថិជន​ទាមទា​ឱ្យមាន​ការបញ្ចុះ​តម្លៃ និង​ម្ចាស់​អគារ​មួយចំនួនទៀត បាន​បញ្ចុះតម្លៃ​ដោយ​ខ្លួនឯង ដើម្បី​រក្សា​អតិថិជន និង​ចាប់យក​អតិថិជនថ្មីៗបន្ថែម។

លោកស្រី​បន្តថា ម្ចាស់​អគារ​មួយចំនួន បាន​បញ្ចុះតម្លៃ ប្រមាណ១០ ទៅ២០ភាគរយ និង៣០ភាគរយ ហើយ​អ្នកខ្លះ​ក៏​មិន​យក​តម្លៃ​ថ្លៃ ជួល​រយៈពេល២ទៅ៣ខែ អាស្រ័យ​លើ​ម្ចាស់​អគារ។ តែបើ​យើង​មើល​ទីផ្សារ​រួម អតិថិជន​បាន​ពន្យា​ពេល​ក្នុង​ការជួល​ការិយាល័យ​ថ្មី ហើយ​មួយចំនួនទៀត​ស្វែងរក​ការិយាល័យ​ថ្មី តែ​ជា​បណ្តោះអាសន្ន។

លោកស្រី​បន្ថែមថា “បើ​យើង​មើល​ការដាក់​ជួល​ការិយាល័យ​ថ្មី នៅក្នុង​ទីផ្សារ​វិញ គឺ​ត្រូវបាន​ម្ចាស់​អគារ​បាន​បញ្ចុះតម្លៃ ពី១០ទៅ១៥ភាគរយ ដើម្បី​ទាក់ទាញ​អតិថិជន​ថ្មី​ឱ្យទទួល​ការិយាល័យ​នៅក្នុង​អគារ​បស់​ពួកគាត់” ។

យោងតាម​របាយការណ៍​របស់​ក្រុម​ហ៊ុ​អន្តរជាតិ CBRE Cambodia បាន​បង្ហាញថា ក្នុង​ត្រីមាស​ទី១ នៃ​ឆ្នាំ២០២០ មិនមាន​អគារ​ការិយាល័យ​ថ្មី ត្រូវបាន​សម្ពោធ​ដំណើការ​សាងសង់ និង​បញ្ចប់​នោះទេ ។ នៅក្នុង​កំឡុង​នៃ​វិបត្តិ​ជំងឺ​កូ​វីដ១៩នេះ ត្រូវបាន​ព្យាករណ៍​ថា អគារ​ការិយាល័យ​ប្រមាណ៨៩,០០០ម៉ែត្រ​ការ ដែល​ភាគច្រើន​ជា​ប្រភេទ​B ហើយ​ស្ថិតនៅ​ខាងក្រៅ​តំបន់​ពាណិជ្ជកម្ម (CBD)។

ក្រុមហ៊ុន CBRE Cambodia យល់ឃើញថា ក្នុងស្ថានភាព​នៃ​វិ​ប​ត្ត​នៃ​ជំងឺ​កូ​វីដ១៩ ដែល​គ្មាន​ភាពប្រាកដប្រជា នឹងធ្វើ​ឲ្យ​ទីផ្សារ​ការិយាល័យ​ជួល​បន្ត​ធ្លាក់ចុះ ដោយសារ​គម្រោង​មួយចំនួន​ត្រូវបាន​ផ្អាក ។ តែ​យ៉ាងណាក៏ដោយ គេ​ឃើញ​មាន​គម្រោង​អគារ​ការិយាល័យ​មួយ​បាន​ដាក់ចូល ទៅក្នុង​ទីផ្សារ គឺ​អគារ Central Capital Tower ស្ថិតនៅក្នុង​តំបន់​ទួលគោក បើ​ទៅ​បី​អគារ​នេះ មិនទាន់​បានបញ្ចប់​ការសាងសង់​យ៉ាងណាក្តី។

ជារួម​វិបត្តិ​នៃ​ជំងឺ​កូ​វីដ១៩ ដែល​កំពុង​រីក​រាលដាល​ជា​កល បាន​នឹង​កំពុង​ជះ​ឥទ្ធិ​ផល​អាក្រក់​លើ​វិស័យសេដ្ឋកិច្ច​សកល ជាពិសេស​វិស័យសំខាន់ៗ របស់​កម្ពុជា​ដែលជា​សសរស្តម្ភ​ក្នុង​ជំរុញ​សេដ្ឋកិច្ច នៅក្នុង​ប្រទេស​ឱ្យមាន​សន្ទុះ​រីកចំរើន រួមមាន វិស័យ​ទេសចរណ៍ អចលនទ្រព្យ និង​សំណង់ ឧស្សាហកម្ម វាយ​ន​ភណ្ឌ​កាត់ដេរ និង ការដឹកជញ្ជូន​ជាដើម៕

ចំណេះដឹង! តើ​កម្មវត្ថុ​នៃ​កិច្ចសន្យាលក់​ទិញ​ត្រូវមាន​លក្ខណៈ​បែបណា?

ដោយ ​វុត្ថា

ភ្នំពេញៈ កិច្ចសន្យាលក់ ទិញ ត្រូវមាន​លក្ខណៈ​ជាវ​ត្ថុ​ជាក់លាក់ ដែល​អាចធ្វើ​កិច្ចសន្យាលក់​ទិញ​បាន ធ្វើការ​សំគាល់ ឬក៏​អាច​កំណត់​នៅ​រូបរាង​បរិមាណ និង​គុណភាព។ តាម​ក្រមរដ្ឋប្បវេណី​ឆ្នាំ២០០៧ មាត្រា១១៩ បាន​ឲ្យ​និយមន័យ​នៃ​វត្ថុ​ថា សំដៅ​ទៅលើ​របស់​ដែលមាន​រូ​បរាង្គ​ជា សារធាតុ​រាវ ជា​សារធាតុ​រឹង។

កម្មវត្ថុ​ត្រូវតែ​ជា​វត្ថុ​អាចធ្វើ​កើត បើកាលណា​វត្ថុ​នៅក្នុង​កិច្ចសន្យាលក់ ទិញ គឺជា​វត្ថុ​មួយ ដែល​មិនអាច​ធ្វើកើត​នោះ វា​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​មោ​ឃៈ​ភាព​នៃ​កិច្ចសន្យាលក់​ទិញ​នោះ។ ភាព​អាច​ធ្វើកើត​នេះ ត្រូវតែមាន​ភាព​ទូទៅ។ មានន័យថា មនុស្ស​ទូទៅ​សុទ្ធតែ​មានលទ្ធភាព​អាច​ធ្វើបាន​ទាំងអស់គ្នា មិនមែន​អាចធ្វើ​បានឡើយ។

វត្ថុ​ដែល​មិនអាច​ធ្វើកើត​មានមក​ពី​បញ្ហា​ពីរ​យ៉ាង៖

ភាព​មិនអាច​ធ្វើកើត​ដោយសារតែ​អំពើ។ ឧ​ទា​ហរ​ណ៏៖ សង់ផ្ទះ​វីឡា​ក្នុង​រយៈពេល១យប់។ល។

ភាព​មិនអាច​ធ្វើកើត​ដោយសារតែ​ច្បាប់។ ឧ​ទា​ហរ​ណ៏៖ សាងសង់​ផ្ទះ​លើដី​ដែល​ច្បាប់​មិន​អនុញ្ញាតឱ្យ​សាងសង់។

តែ​ដើម្បី​កំណត់ថា កិច្ចសន្យា​នោះ​ត្រូវ​មោ​ឃៈ​ភាព ឬ​យ៉ាងណា​នោះ យើង​ត្រូវតែកំណត់​ទៅលើ​លក្ខណៈ​ដាច់ខាត ឬ​មិន​ដាច់ខាត បើ​លក្ខណៈ​ដាច់ខាត​នោះ វា​នាំឱ្យមាន​មោ​ឃៈ​កិច្ច​សិ​ន្យា​តែបើ លក្ខណៈ​មិន​ដាច់ខាត​នោះ កិច្ចសន្យា​នៅតែមាន​សុពលភាព​ដ៏​ដែល។

ឧ​ទា​ហរ​ណ៏៖ លោក “ក” បានទទួល​ចុះកិច្ចសន្យា​ជាមួយ​លោក “ខ” ថា លោក នឹងធ្វើ​ការសាងសង់​ផ្ទះ​ឱ្យ​លោក “ខ” មិនចេះ​សាងសង់។

កម្មវត្ថុ ត្រូវតែ​ជាវ​ត្ថុ ត្រូវ​ស្ថិតនៅក្នុង​ពេលបច្ចុប្បន្ន មានន័យថា នៅពេលដែល​គូភាគី បានធ្វើការ​ចុះកិច្ចសន្យា​ទិញ​លក់ វត្ថុ ដែល​ត្រូវ​លក់ ត្រូវតែមាន​យ៉ា​ពិតប្រាកដ ហើយ​ស្ថិតនៅ​នាពេល​បច្ចុប្បន្ន​ទៀតផង។ ប៉ុន្តែ​មាន​កិច្ចសន្យាលក់​ទិញ​នូវ​វត្ថុ​មួយចំនួន អាចធ្វើ​បាន​ផងដែរ ទោះបីជា​វត្ថុ​ដែល​លក់ នោះ​មិន​ស្ថិតនៅក្នុង​ពេលបច្ចុប្បន្ន​ក៏ដោយ ក៏​កិច្ចសន្យា​នោះ នៅតែមាន​សុពលភាព​ដដែល ដោយសារ​កម្មវត្ថុ​នៃ​កិច្ចសន្យា​នោះ វា​អាច​កើតឡើង​នាពេល​អនាគត។

ឧ​ទា​ហរ​ណ៏៖ កិច្ចសន្យា​សាងសង់​ផ្ទះ​លក់ ដែល​ផ្ទះ​នោះ នឹង​ត្រូវបាន​សាងសង់​រួច​នៅពេល​អនាគត​ខាងមុខ។ លក្ខខណ្ឌ​មួយទៀត គឺ​តម្លៃ​នៃ​កិច្ចសន្យាលក់​ទិញ៕

អាជីវកម្មទេសចរណ៍ជិត ៣០០០ ទីតាំង បានផ្អាកដំណើរការដោយសារវិបត្តិ Covid-19

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្រោមឥទ្ធិពលនៃវិបត្តិជំងឺសាកល Covid-19 បានបង្កផលប៉ះពាល់ដល់អាជីវកម្មទេសចរណ៍នៅទូទាំងប្រទេសកម្ពុជា ជិត៣០០ទីតាំង ត្រូវបានផ្អាកដំណើរការ និងបិទបញ្ចប់អាជីវកម្ម ស្មើនឹងជិត៣០ភាគរយនៃចំនួនសរុប និងបានធ្វើឱ្យប៉ះពាល់ការងាររបស់បុគ្គលិកចំនួន ៤៦,៣៦៩នាក់ ដោយក្នុងនោះ មគ្គុទ្ទេសក៍ទេសចរណ៍ចំនួន៩៦នាក់បានព្យួរអាជ្ញាបណ្ណទេសចរណ៍របស់ខ្លួន។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះថា “គិិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ អាជីវកម្មទេសចរណ៍ដែលត្រូវបានបិទ (បិទដោយការផ្អាកដំណើរការ និងបិទបញ្ចប់អាជីវកម្ម) នៅទូទាំងប្រទេសមានចំនួនសរុប ២,៨៦៥ ទីតាំង ស្មើនឹង ២៩.៥៧ភាគរយ ធៀបនឹងទីតាំងអាជីវកម្មទេសចរណ៍សរុបដែលមាន ៩,៦៨៩ ទីតាំង” ។

លោកបានបញ្ជាក់ថា អាជីវកម្មនៅក្នុងវិស័យទេសចរណ៍ដែលទទួលរងនូវផលប៉ះពាល់រួមមានដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ម៉ាស្សា ស្ប៉ា ទីភ្នាក់ងារទេសចរណ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកីឡាទេសចរណ៍ និងបានប៉ះពាល់ដល់បុគ្គលិកចំនួន ៤៦,៣៦៩ នាក់ ស្មើនឹង ៤២.៦ភាគរយ ធៀបនឹងបុគ្គលិកសរុប ១០៨,៨៤៧ នាក់ និងមគ្គុទ្ទេសក៍ទេសចរណ៍ព្យួរអាជ្ញាបណ្ណទេសចរណ៍សរុបចំនួន ៩៦ នាក់ ស្មើនឹង ១.៥ភាគរយ ធៀបនឹងចំនួនមគ្គុទ្ទេសក៍ទេសចរណ៍សរុប ៦,៤១៦ នាក់”។

លោករដ្ឋមន្ត្រីបានថ្លែងលម្អិតទៀតថា ៖

* ចំពោះសេវាកម្មស្នាក់នៅផ្នែកសណ្ឋាគារ ត្រូវបានបិទនៅទូទាំងប្រទេសមានចំនួន ២៨២ សណ្ឋាគារ (១៥,៤៨៨ បន្ទប់) ស្មើនឹង ២៧ភាគរយ ធៀបនឹងចំនួនសណ្ឋាគារសរុបដែលមាន ១,០៤៤ ទីតាំង (៤៨,៧៩១ បន្ទប់) និងប៉ះពាល់បុគ្គលិក ១៦,២០៣ នាក់ ស្មើនឹង ៤១ភាគរយ ធៀបនឹងបុគ្គលិកសរុប ៣៩,១៥១ នាក់។

* ចំពោះផ្ទះភ្ញៀវ (ផ្ទះសំណាក់) ត្រូវបានបិទនៅទូទាំងប្រទេសមានចំនួន ៤០៥ ទីតាំង (៥,៦៤៤ បន្ទប់) ស្មើនឹង ១៥ភាគរយ ធៀបនឹងចំនួនផ្ទះភ្ញៀវសរុបដែលមាន ២,៦៤៣ ទីតាំង (៣៤,៩៥៧ បន្ទប់) និងប៉ះពាល់បុគ្គលិក ២,០៨៧ នាក់ ស្មើនឹង ១៩.៥ភាគរយ ធៀបនឹងបុគ្គលិកសរុប ១០,៦៦៩ នាក់។

* ចំពោះភោជនីយដ្ឋាន ត្រូវបានបិទនៅទូទាំងប្រទេសមានចំនួន ៣៧១ ទីតាំង (១៧,០២៧ កៅអី) ស្មើនឹង ១០.៨ភាគរយ ធៀបនឹងចំនួន ភោជនីយដ្ឋានសរុបដែលមាន ៣,៤១៥ ទីតាំង (១៦៧,៦៣៨ កៅអី) ប៉ះពាល់បុគ្គលិក ៣,២០១ នាក់ ស្មើនឹង ១១.១១ភាគរយ ធៀបនឹងបុគ្គលិកសរុប ២៨,៧៣៨ នាក់។

* ចំពោះទីភ្នាក់ងារទេសចរណ៍ ត្រូវបានបិទនៅទូទាំងប្រទេសមានចំនួន ៤៧ ទីតាំង ស្មើនឹង ៦.៤៧ភាគរយ ធៀបនឹងចំនួនអាជីវកម្មទីភ្នាក់ងារទេសចរណ៍សរុប ៧២៦ ទីតាំង ប៉ះពាល់បុគ្គលិក ២០៨ នាក់ ស្មើនឹង ៦ភាគរយ ធៀបនឹងបុគ្គលិកសរុប ៣,៤៤៤ នាក់។

* ចំពោះមគ្គុទ្ទេសក៍ទេសចរណ៍ បានព្យួរអាជ្ញាបណ្ណទេសចរណ៍នៅទូទាំងប្រទេសមានចំនួន ៩៦ នាក់ ស្មើនឹង ១.៥ភាគរយ ធៀបនឹងចំនួនមគ្គុទ្ទេសក៍ទេសចរណ៍សរុប ៦,៤១៦ នាក់។

* ចំពោះសេវាកម្សាន្តទេសចរណ៍មនុស្សពេញវ័យ (ខារ៉ាអូខេ រង្គសាលឌីស្កូតែក បៀហ្គាឌិន) ត្រូវបានបិទអាជីវកម្មទាំងស្រុងនៅទូទាំងប្រទេសមានចំនួន ១,១៤៧ ទីតាំង ប៉ះពាល់បុគ្គលិកសរុប ១៨,២០៤ នាក់។ ប្រភេទសេវាកម្មខារ៉ាអូខេ ត្រូវបានបិទនៅទូទាំងប្រទេសមានចំនួន ៨៨០ ទីតាំង (ស្មើនឹង ១០០ភាគរយ) និងប៉ះពាល់បុគ្គលិកសរុប ១៤,១៦១ នាក់ ប្រភេទសេវាកម្មរង្គសាលឌីស្កូតែក ត្រូវបានបិទនៅទូទាំងប្រទេសមានចំនួន ២០០ ទីតាំង (ស្មើនឹង ១០០ភាគរយ) និងប៉ះពាល់បុគ្គលិកសរុប ៣,០៧៨ នាក់ ប្រភេទសេវាកម្មបៀហ្គាឌិន ត្រូវបានបិទនៅទូទាំងប្រទេសមានចំនួន ៦៧ ទីតាំង (ស្មើនឹង ១០០ភាគរយ) និងប៉ះពាល់បុគ្គលិកសរុប ៩៦៥ នាក់។

* ចំពោះសេវាកម្មស្ប៉ា និងម៉ាស្សា ត្រូវបានបិទនៅទូទាំងប្រទេសមានចំនួន ៥៩០ ទីតាំង (៤ ៦៤៤គ្រែ) ស្មើនឹង ៨៨ភាគរយ ធៀបនឹងចំនួន អាជីវកម្មស្ប៉ា និងម៉ាស្សាសរុបដែលមាន ៦៦៨ ទីតាំង (៥ ២៩៣ គ្រែ) ប៉ះពាល់បុគ្គលិក ៥,៩៤៨ នាក់ ស្មើនឹង ៩៥ភាគរយ ធៀបនឹងបុគ្គលិកសរុប ៦,២៤៧ នាក់។

* ចំពោះអាជីវកម្មកីឡាទេសចរណ៍ (កីឡាប៊ូលីង អាងហែលទឹក ទូកកៃយ៉ាក់ បាឡុងបង្ហោះ ស្នូកឃ័រ ម៉ាស៊ីនហ្គេម) ត្រូវបានផ្អាកបណ្តោះអាសន្ននៅទូទាំងប្រទេសមានចំនួន ២៣ ទីតាំង ស្មើនឹង ៥០ភាគរយ ធៀបនឹងចំនួនអាជីវកម្មកីឡាទេសចរណ៍សរុប ៤៦ ទីតាំង និងប៉ះពាល់បុគ្គលិក ៥១៨ នាក់ ស្មើនឹង ២២ភាគរយ ធៀបនឹងបុគ្គលិកសរុប ២,៣២២ នាក់៕

រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ដាក់ចេញគោលការណ៍ចំនួន៧ ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញក្រោយវិបត្តិ Covid-19

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ស្តីពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ លើវិស័យទេសចរណ៍អាស៊ាន ដោយមានការចូលរួមពីរដ្ឋមន្រ្តីទេសចរណ៍អាស៊ានទាំង ១០ប្រទេស និងអគ្គលេខាធិការអាស៊ាន តាមរយៈប្រព័ន្ធវីដេអូខនហ្វឺរឹន (Video Conference)។

ក្នុងនាមជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ាននៅឆ្នាំ២០២១ខាងមុខ (ATF 2021) និងក្នុងអណត្តិរបស់ខ្លួនជាប្រធានដឹកនាំវិស័យទេសចរណ៍អាស៊ានឆ្នាំ២០២០ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានសហការជាមួយលេខាធិការដ្ឋានអាស៊ាន និងប្រទេសជាសមាជិក រៀបចំកិច្ចប្រជុំពិសេសនេះឡើង ក្នុងគោលបំណងពិភាក្សារកដំណោះស្រាយអំពីវិបត្តិកូវីដ-១៩ លើវិស័យទេសចរណ៍ក្នុងតំបន់អាស៊ាន។

កិច្ចប្រជុំបានចែករំលែកបទពិសោធន៍ ការអនុវត្តល្អៗ ស្ដីពីវិធានការទប់ស្កាត់កូវីដ-១៩ និងផលប៉ះពាល់ក្នុងប្រទេសសមាជិកនីមួយៗ ក៏ដូចជាផែនការយុទ្ធសាស្ត្រ និងសកម្មភាពជួយសង្គ្រោះវិស័យទេសចរណ៍នៅចំពោះមុខ ក្នុងដំណាក់កាលនៃការដោះស្រាយវិបត្តិ (Mitigation Phase) ឬដំណាក់កាលនៃត្រៀមងើបឡើងវិញ (Early Recovery) ក៏ដូចជាផែនការស្ដារឡើងវិញបន្ទាប់ពីវិបត្តិកូវីដ-១៩ ( Post Covid-19 Crisis Recovery Plan)។

រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានសម្រេចដាក់ចេញនូវសេចក្តីប្រកាសរួមរំលេចអំពីលទ្ធផលនៃកិច្ចប្រជុំពិសេស ដោយផ្ដោតលើចំណុចសំខាន់ៗ ដូចខាងក្រោម៖

១- ជំរុញការសម្របសម្រួលរបស់អាស៊ានក្នុងការពន្លឿនការផ្លាស់ប្តូរព័ត៌មាន ស្តីអំពីសុខភាពទាក់ទងនឹងការធ្វើដំណើរ និងវិធានការចាំបាច់នានា ដែលអនុវត្តដោយរដ្ឋជាសមាជិកអាស៊ានទំាងអស់ ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈប្រតិបត្តិការកាន់តែសកម្មឡើងរបស់ក្រុមការងារទំនាក់ទំនងវិបត្តិទេសចរណ៍អាស៊ាន (ASEAN Tourism Crisis Communication Team-ATCCT) តាមរយៈការផ្តល់ព័ត៌មានទាន់ពេលវេលា និងទុកចិត្តបាន ដល់ភ្ញៀវទេសចរដែលធ្វើដំណើរចេញនិងចូលក្នុងប្រទេស ព្រមទាំងការីទេសចរណ៍នានានៅក្នុងតំបន់។

២- ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទេសចរណ៍ជាតិអាស៊ាន (NTOs) ជាមួយនឹងវិស័យអាស៊ានពាក់ព័ន្ធផ្សេងៗទៀត ជាពិសេសជាមួយវិស័យសុខាភិបាល ព័ត៌មាន ដឹកជញ្ជូន និងអន្តោប្រវេសន៍ ក៏ដូចជាដៃគូខាងក្រៅរបស់អាស៊ានផ្សេងៗទៀត ព្រមទាំងអង្គការ និងសហគមន៍អន្តរជាតិនានា សំដៅរួមគ្នាអនុវត្តវិធានការទាំងឡាយ និងបង្កើតឱ្យមានទម្រង់ការផ្សេងៗគ្នារបស់ភាគីនីមួយៗ ដើម្បីជំរុញការឆ្លើយតបទាន់ពេលវេលា ឆាប់រហ័ស មានតម្លាភាព ច្បាស់លាស់លើការដោះស្រាយ និងការកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ ក៏ដូចជាវិបត្តិដទៃទៀតនាពេលអនាគត។

៣- បង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ក្នុងការចែករំលែកព័ត៌មាន និងការផ្លាស់ប្តូរការ អនុវត្តល្អៗ រវាងប្រទេសសមាជិកអាស៊ាន ក៏ដូចជាដៃគូអាស៊ានផ្សេងៗទៀត ស្តីពីការឆ្លើយតបចំពោះវិបត្តិ ការត្រៀមខ្លួនសម្រាប់ការទំនាក់ទំនង ការសម្របសម្រួលការតភ្ជាប់ កិច្ចខិតខំនិងវិធានការសង្គ្រោះផ្សេងៗ ដើម្បីគាំទ្រវិស័យទេសចរណ៍ ក៏ដូចជាការចាប់យកមេរៀនសំខាន់ៗស្តីពីវិបត្តិ ដើម្បីបានជារបាយការណ៍បន្ទាប់ពីវិបត្តិសម្រាប់ជាឯកសារយោងរបស់រដ្ឋជាសមាជិកអាស៊ាន ក្នុងការគ្រប់គ្រងឱ្យកាន់តែប្រសើរនូវវិបត្តិណាមួយឬជំងឺរាតត្បាតនានា នាពេលអនាគត។

៤- អនុវត្តនូវវិធានការ និងគោលនយោបាយដ៏ច្បាស់លាស់នានា ដើម្បីបង្កើនទំនុកចិត្តរបស់ភ្ញៀវទេសចរក្នុងស្រុកនិងអន្តរជាតិ ដែលមកទស្សនាតំបន់អាស៊ីអាគ្នេយ៍ រួមទាំងការរៀបចំបង្កើតឱ្យមានស្តង់ដា និងគោលការណ៍ណែនាំច្បាស់លាស់ ស្តីអំពីបរិយាកាសការងារប្រកបដោយសុវត្ថិភាព និងផ្តល់សុខភាពល្អប្រសើរជាងមុន សំដៅការពារអ្នកបំរើការងារ និងសហគមន៍ក្នុងផ្នែកបដិសណ្ឋារកិច្ច និងឧស្សាហកម្មដែលជាប់ ពាក់ព័ន្ធវិស័យទេសចរណ៍នានា ក៏ដូចជាគោលដៅ និងស្ថាប័នទេសចរណ៍ទាំងឡាយក្នុងរដ្ឋជាសមាជិកអាស៊ាន។

៥- គាំទ្រដល់ការរៀបចំ និងការអនុវត្តផែនការស្តារឡើងវិញក្រោយវិបត្តិកូវីដ-១៩ ដោយមិនត្រូវបន្ធូរកិច្ចខិតខំប្រឹងប្រែងក្នុងការរក្សាការពារសុខភាពសាធារណៈ ដែលរួមមានដូចជា ការកសាងសមត្ថភាពទេសចរណ៍អាស៊ាន ការចូលរួមជាមួយភាគីពាក់ព័ន្ធនានាក្នុងការបង្កើតទំនុកចិត្តអ្នកប្រើប្រាស់និងអាជីវកម្ម ស្វែងយល់ពីដំណោះស្រាយបែបច្នៃប្រឌិត និងនវានុវត្តន៍ក្នុងការពង្រឹងនិងជំរុញវិស័យទេសចរណ៍អាស៊ាន ជាពិសេសតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដោយផ្តោតសំខាន់ទៅលើកិច្ចខិតខំប្រឹងប្រែងផ្នែកទីផ្សារ និងកម្មវិធីផ្សព្វផ្សាយទេសចរណ៍រួម ក្នុងគោលដៅជំរុញអាស៊ានឱ្យក្លាយជាគោលដៅទេសចរណ៍តែមួយ

៦- ជំរុញការអនុវត្តគោលនយោបាយមីក្រូ និងម៉ាក្រូសេដ្ឋកិច្ច ក្នុងចំណោមគោលនយោបាយនានា ដោយផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេស និងការសម្រួលផ្នែកហិរញ្ញវត្ថុ ការបន្ធូរបន្ថយពន្ធ និងការកសាងសមត្ថភាព ជាពិសេស លើជំនាញឌីជីថលសម្រាប់ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ និងធ្វើដំណើរ ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសលើសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម (MSMEs) ក្រុមជនដែលងាយរងគ្រោះ ព្រមទាំងសហគមន៍ដែលរងផលប៉ះពាល់នានា។

៧- បន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនាអាស៊ាន អង្គការអន្តរជាតិនានា និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ដើម្បីកសាងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ឱ្យមានភាពរឹងមាំ និងត្រៀមខ្លួនរួចជាស្រេចក្នុងការគ្រប់គ្រងវិស័យទេសចរណ៍ប្រកបដោយចីរភាព និងបរិយាបន្ន បន្ទាប់ពីវិបត្តិណាមួយ៕