តំបន់ភាគខាងត្បូងរាជធានីភ្នំពេញ នៅតែជាគោលដៅវិនិយោគ និងអភិវឌ្ឍន៍លំនៅដ្ឋាន

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ តំបន់ភាគខាងត្បូង ឈៀងខាងលិចរាជធានីភ្នំពេញ នៅតែជាគោលដៅ និងមានភាពទាក់ទាញការវិនិយោគបុរី និងគំរោងលំនៅដ្ឋាននានាយ៉ាងសកម្ម ដោយសារលក្ខខណ្ឌភូមិសាស្ត្រ និងការវិនិយោគលើគម្រោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មធំៗជាច្រើននៅតំបន់នេះ។

នាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍ថាប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ថា បច្ចុប្បន្ននេះ តំបន់ភាគខាងត្បូងរាជធានីភ្នំពេញ នៅតែមានភាពទាក់ទាញលើការអភិវឌ្ឍន៍គម្រោងសំណង់បុរី និងលំនៅដ្ឋានដ៏មានប្រជាប្រិយភាព។

លោកស្រីបានមានប្រសាសន៍បន្តទៀតថា “នៅប៉ែកខាងត្បូងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះកាន់តែមានភាពទាក់ទាញខ្លាំងទៅលើគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន ជាពិសេសនៅតំបន់ដែលកំពុងអភិវឌ្ឍជាមជ្ឈមណ្ឌលពាណិជ្ជកម្មកម្រិតខ្ពស់មហាវិថីសម្ដេចតេជោ (ផ្លូវ៦០ម៉ែត្រ)”។ លោកស្រីបានបញ្ជាក់ថា “នៅតំបន់នេះមានការអភិវឌ្ឍន៍ខ្លាំង ជាពិសេសគម្រោងបុរីលំនៅដ្ឋានបែបទំនើប ដែលមានតម្លៃថ្លៃ ហើយក៏លែងមានលំនៅដ្ឋានតម្លៃសមរម្យទៀតដែរ ដែលប្រភេទលំនៅដ្ឋាន Shop House ខ្លះមានតម្លៃរហូតដល់ជាង៧០ម៉ឺនដុល្លារក្នុងមួយជុងក៏មាន”។

លោកស្រីបានបញ្ជាក់ទៀតថា “បើចាកចេញពីពីតំបន់អភិវឌ្ឍន៍នេះបន្តិចឆ្ពោះទៅប៉ែកខាងផ្លូវ២១៧ ម្ដុំចំការដូង ឬតំបន់ព្រៃស ក្នុងខណ្ឌដង្កោ តម្លៃលំនៅដ្ឋានអាចនៅកម្រិតទាបជាងនេះ ប៉ុន្តែភាគច្រើនក៏មិនក្រោមជាង១០ម៉ឺនដុល្លារនោះដែរ ដោយសព្វថ្ងៃនេះក៏មានគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានជាច្រើនកំពុងតែបន្តសកម្មភាពសាងសង់ជាបន្តបន្ទាប់។ នៅពេលដ៏ខ្លីខាងមុខនេះ តំបន់ប៉ែកខាងត្បូងនឹងមានកំណើនប្រជាជនរស់នៅច្រើន ដោយសារតែបណ្តាញហេដ្ឋារចនាសម្ព័ន្ធនានាត្រូវបានរាជរដ្ឋាភិបាលរៀបចំ និងអភិវឌ្ឍន៍រួចរាល់ ជាពិសេសជាតំបន់ដែលប្រមូលផ្តុំទៅដោយមណ្ឌលពាណិជ្ជកម្ម ដែលអនុគ្រោះដល់ការរស់នៅកាន់តែប្រសើរ”។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ R Investment Group លោកឧកញ៉ា តេង រិទ្ធី បានទទួលស្គាល់នូវភាពរីកចម្រើន និងសន្ទុះនៃការអភិវឌ្ឍគម្រោងលំនៅដ្ឋានជាច្រើននៅតំបន់ខាងលើនេះ ដោយលាកបានអះអាងថា រាល់គម្រោងអភិវឌ្ឍន៍នានាសុទ្ធតែត្រូវបានសិក្សាពីគម្រោង និងផែនការរបស់រដ្ឋាភិបាល ជាពិសេសនៅពេលដែលមានលំហូរប្រជាជនចូលទៅរស់នៅកាន់តែច្រើន។

លោកបានបញ្ជាក់ថា “មនុស្សអាចចូលទៅរស់នៅតំបន់ណាមួយបាន គឺទាល់តែតំបន់នោះមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងងាយស្រួលប្រើប្រាស់ជាពិសេសផ្លូវថ្នល់ រួមជាមួយទីតាំងបម្រើសេវាសាធារណៈ”។ លោកបានបន្តទៀតថា “សម្រាប់តែសង្កាត់ព្រៃស ខណ្ឌដង្កោ ពេលនេះស្ថិតនៅមិនឆ្ងាយពីក្រុងនោះទេ ជាពិសេសមានភាពងាយស្រួល ក្នុងការធ្វើដំណើរទៅទីតាំងផ្សេងៗ ដូចជាចេញចូលក្នុងរាជធានីភ្នំពេញ ចេញទៅផ្លូវជាតិលេខ៣ ចេញទៅផ្លូវជាតិលេខ២ ចេញទៅក្រុងតាខ្មៅ ក៏ដូចជា ឆ្ពោះមកកាន់តំបន់ពាណិជ្ជកម្មពិសេស ដែលស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រជាដើម។ វត្តមានរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ ដែលចូលទៅកាន់តំបន់ខាងលើនេះនៅមិនទាន់គ្រប់គ្រាន់នោះតែ ដែលនឹងមានគម្រោងថ្មីៗចូលបន្ថែមទៀតនៅពេលខាងមុខនេះ ដោយសារតែទីតាំងតំបន់នេះមានភាពល្អប្រសើរ ងាយស្រួលក្នុងការរស់នៅ និងប្រកបអាជីវកម្ម”៕

ក្រុមហ៊ុន H&M ប្តេជ្ញាបន្តបញ្ជាទិញវាយនភណ្ឌកាត់ដេរពីកម្ពុជា

ដោយវុត្ថា

ភ្នំពេញ៖ ក្រុមហ៊ុន បញ្ជាទិញ H&M បានប្រកាសប្តេជ្ញាក្នុងកាបញ្ជាទិញវិស័យវាយនភណ្ឌកាន់ដេរពីកម្ពុជា ខណៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្លាប់បានបញ្ជាក់ថា កម្ពុជាគ្មានការបញ្ជាទិញថ្មីទេ សម្រាប់ខែឧសភា និងខែមិថុនា ២០២០នេះ បណ្តាលមកពីការរាតត្បាតនៃវីរុសកូវិដ១៩ ។

នៅក្នុងកិច្ចប្រជុំតាម online ជាមួយសហព័ន្ឋសហជីពនៅកម្ពុជាចំនួន ១០ ដែលជាសមាជិករបស់សហភាព ឧស្សាហកម្មពិភពលោក (IndustriALL Gobal Union ) កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ម្សិលមិញនេះ លោក សោម អូន ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុន H&M គឺជាម៉ាកល្បីដែលបានដាក់ការបញ្ជាការទិញនៅប្រទេសកម្ពុជាជាង២០ឆ្នាំមកហើយនោះ បានបង្ហាញជំហរយ៉ាងច្បាស់ថា នឹងនៅតែបន្តដាក់ការបញ្ជាទិញនៅកម្ពុជាបន្តទៀត។

លោកបន្តថា តាមគំរោងរបស់ H&M នឹងមានការបញ្ជាទិញ យ៉ាងច្រើនសម្រាប់ខែ ឧសភា មិថុនា និង កក្កដា ឆ្នាំ២០២០ បើសិនជាស្ថានភាពជម្ងឺ ខូវីត-១៩ ត្រូវបានស្ងប់ស្ងាត់ និងមិនមានកើតរាលដាលនៅក្នុងជួរកម្មករនិយោជិត ។

សហជីពនិងអ្នកបញ្ជាទិញចង់បានប្រព័ន្ឋកិច្ចសន្ទនាសង្គម រឺយន្តការត្រីភាគីមានដំណើរការសកម្ម ដើម្បីធានាថា បទដ្ឋានដែលបាន ដាក់ចេញទៅមានប្រសិទ្ឋិភាព និងមិនមានការកែប្រែលឿនពេក ។

លោកសោម អូន បន្ថែមថា សហជីព បានស្នើសុំអ្នកបញ្ជាទិញម៉ាក H&M និងអ្នកបញ្ជាទិញដ៏ទៃទៀត ចូលរួមចំណែកផ្តល់បដិភាគថវិកាជូនដល់កម្មករដែលព្យួរការងារ រឺ បិទរោងចក្រ នៅក្នុងបរិបទហានិភ័យណាមួយ ដូចជាករណីខូវីត-១៩ ជាដើម។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា កម្ពុជាគ្មានការបញ្ជាទិញថ្មីទេ សម្រាប់ខែឧសភា និងខែមិថុនា ២០២០នេះ ហើយការនាំចេញផលិតផលនានារបស់រោងចក្រកាត់ដេរក្នុងត្រីមាសទី២ឆ្នាំនេះមានការថយចុះប្រមាណ៥០%បើប្រៀបធៀបនឹងឆ្នាំមុន ។

លោកបន្តថា គិតត្រឹមខែមេសា ២០២០នេះ មានរោងចក្រជាង១៣០ បានព្យួរការងារ ដោយសារកង្វះការផ្គត់ផ្គង់វត្ថុធាតុដើម និងបង្ករឡើងដោយជំងឺកូវីដ ១៩ដែលកំពុងរីករាលដាលជាសកល ហើយនាំអោយប៉ះពាល់ដល់កម្មករ និយោជិតជិត១០ម៉ឺននាក់ ៕

ប្រទេសថៃបិទជើងហោះហើរពាណិជ្ជកម្មចូលក្នុងប្រទេសរបស់ខ្លួនរយៈ ពេល១ខែបន្ថែមទៀត

ដោយ ហ្សូលី

បាងកកៈ ប្រទេសថៃបានសម្រេចពន្យាពេលបិទ ជើងហោះហើរពាណិជ្ជកម្មចូលប្រទេសរយៈពេល១ខែបន្ថែមទៀត ដើម្បីទប់ស្កាត់ និងបង្ការជំងឺឆ្លង Covid-19


រដ្ឋាភិបាលថៃបានចេញសេចក្តីសម្រេចថា ចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២០នេះ ជើងហោះហើរពាណិជ្ជកម្មទាំងអស់ ដែលចូលមកក្នុងទឹកដីថៃត្រូវបិទមិនអនុញ្ញាតឱ្យហោះចូលមមកឡើយ ប៉ុន្តែក៏មានករណីលើកលែងផងដែរដូចជា យន្តហោះយោធាឬរបស់រដ្ឋ ការចុះចតបន្ទាន់ ការចុះចតដោយបញ្ហាបច្ចេកទេស យន្តហោះជំនួយមនុស្សធម៌ វេជ្ជសាស្រ្តឬសម្ភារៈសង្គ្រោះទាក់ទងនឹងជំងឺCovid-19 យន្តហោះដឹកពលរដ្ឋថៃចូលប្រទេសវិញ និងយន្តហោះដឹកជញ្ជូនទំនិញ ត្រូវបានអនុញ្ញាតឱ្យចូលមកក្នុងដែនដីប្រទេសថៃជាធម្មតា។

ក្រៅពីនេះ រដ្ឋាភិបាលថៃក៏បន្តមានការរឹតត្បឹត នៃការបម្លាស់ទីរបស់ប្រជាពលរដ្ឋខ្លួនផងដែរ ដោយមិនឱ្យធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ និងហាមមិនឱ្យប្រមូលផ្តុំគ្នាជាសាធារណៈ។ បន្ថែមពីនេះ ប្រជាពលរដ្ឋត្រូវបានកំណត់ម៉ោងចេញចូលលំនៅដ្ឋាន ដោយអនុញ្ញាតមិនឱ្យចេញពីផ្ទះឡើយចាប់ពីម៉ោង១០យប់ ដល់ម៉ោង៤ព្រឹក។

នេះជាការពន្យាពេលសារជាថ្មីម្តងទៀត បន្ទាប់ពីរដ្ឋាភិបាលថៃបានប្រកាសសំរាមនេះកាលពីពាក់កណ្តាលខែមេសានេះ។ រដ្ឋាភិបាលថៃបានប្រកាសពន្យាពេលបិទជើងហោះហើរត្រឹមចុងខែមេសានេះប៉ុណ្ណោះ ប៉ុន្តែដោយសារស្ថានភាពមិនទាន់អំណោយផល ដូច្នេះត្រូវបន្ថែមរយៈពេល១ខែទៀត។

ក្រៅពីការបិទការធ្វើដំណើរតាមផ្លូវអាកាស សូម្បីតែការធ្វើដំណើរផ្លូវគោកនៅតាមច្រកព្រំដែន ក៏នៅតែអនុវត្តការរឹតបន្តឹងដដែល ដោយមិនអនុញ្ញាតឱ្យមានការធ្វើដំណើរចេញចូលឡើយ ក្រៅពីរថយន្តដឹកទំនិញ លើកលែងតែតៃកុងឡានប៉ុណ្ណោះ ប៉ុន្តែក៏នៅតែមានការទាមទារពិនិត្យឯកសារ បញ្ជាក់ពីស្ថានភាពសុខភាព និងធ្វើចត្តាឡីស័ក ១៤ថ្ងៃដដែល៕


លោកបណ្ឌិត គីម ហ៊ាងបង្ហើបគន្លឹះចំនួ​ន៥ដើម្បីស្តារសេដ្ឋកិច្ចក្រោយ វិបត្តិCovid-19បញ្ចប់

ដោយៈ រ៉ាណេត

ភ្នំពេញៈ ស្ថិតនៅក្នុងស្ថានភាព ដែលលបណ្តាប្រទេសនានាទូទាំងពិភពលោកកំពុងប្រឈមជាមួយជំងឺឆ្លងCovid-19 និងស្វែងរកដំណោះស្រាយនៅពេលបច្ចុប្បន្ននេះ លោកឧកញ៉ា គីម ហាងបានបង្ហាញទស្សនទានចំនួន៥ ដើម្បីជំរុញកំនើនសេដ្ឋកិច្ចឡើងវិញក្រោយពេលCovid-19បញ្ចប់។

តាមរយៈគណនីផ្ទាល់ខ្លួននៃបណ្តាញទំនាក់ទំនងសង្គម Facebook លោកឧកញ៉ា គីម ហ៊ាងអគ្គនាយកក្រុមហ៊ុនKeller Williams Cambodia បានមានប្រសាសន៍ឲ្យដឹងថា ដើម្បីស្តារស្ថានភាពសេដ្ឋកិច្ចឲ្យមានភាពប្រសើរឡើងវិញ ក្រោយពេលពិភពលោករកឃើញវ៉ាក់សាំង និងថ្នាំព្យាបាល កម្ពុជាគួរអនុវត្តន៍នូវនយោបាយមួយចំនួនដូចជា ទី១ បើកចំហរជើងមេឃ ដោយឈប់យកថ្លៃវីសា ពីអ្នកទេសចរ មកពីអាមេរិក អឺរ៉ុប ជប៉ុន កូរ៉េ ចិន និងប្រទេសអ្នកមានជាច្រើនទៀត។

ទី២ រក្សា និងរិតចំណងមិត្តភាពអោយកាន់តែល្អជាមួយចិន កូរ៉េ និងជប៉ុន ព្រមទាំងបើកចំហរអោយបានទូលំទូលាយជាងនេះ ជាមួយអាមេរិក អឺរ៉ុប អារ៉ាប់ និងប្រទេសអ្នកមានទាំងអស់ក្នុងពិភពលោក។ ទី៣ អនុញ្ញាតអោយបើកកាស៊ីណូ និងកាស៊ីណូ Online ឡើងវិញ ជាមួយលក្ខខណ្ឌតឹងរឹងបំផុត ចំនួនទីតាំងមានកំណត់ ពិសេសត្រូវយកពន្ធអោយច្រើនបំផុត អាចដល់៣០ភាគរយនៃប្រាក់ចំណេញ។

ទី៤ ពង្រឹង និងពង្រីកចង្វាក់ផលិតកម្មក្នុងស្រុកអោយបានច្រើន និងខ្លាំង ដោយត្រូវផលិតអ្វីៗទាំងអស់ដោយខ្លួនឯង ហើយអនុញ្ញាតអោយនាំចូលតែអ្វី ដែលយើងផលិតមិនបាន ឬផលិតមិនទាន់តម្រូវការ។ ទី៥ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងគ្រប់តំបន់នៅទូទាំងប្រទេសត្រូវបំពេញការងារបំរើរាស្រ្ត តាម Job Description របស់ខ្លួនអោយបានល្អ ស្របតាមការចាត់ចែងរបស់រាជរដ្ឋាភិបាល៕

សមាគមហិរញ្ញវត្ថុពីរ និងសង្គមស៊ីវិលនិយាយខុសគ្នាជុំវិញបញ្ហាប្រជាពលរដ្ឋកំឡុងវិបត្តិCovid-19

ដោយវុត្ថា

ភ្នំពេញៈ សមាគមធ្វើការទាក់ទងនឹងវិស័យហិរញ្ញវត្ថុធំៗពីរនៅកម្ពុជា បានអះអាងថា អតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅតែអាចប្រើប្រាស់ដីធ្លី ឬអចលនទ្រព្យ ដែលដាក់ធានា(ទ្រព្យបញ្ចាំ) បានជាធម្មតា។


វាពិតជាមិនត្រឹមត្រូវនោះទេដែលថា អតិថិជនត្រូវការប្លង់បញ្ចាំ ដើម្បីអាចឱ្យពួកគេប្រកមុខរបស់ខ្លួននោះ ការនិយាយនេះ ជាការខុសឆ្គង និងមានបំណងធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំ និងយល់ខុសធ្ងន់ធ្ងរ។

នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម របស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០កន្លងមកនេះ បានប្រតិកម្មយ៉ាងខ្លាំង ទៅនឹងរបាយការណ៍របស់អង្គការសង្គមស៊ីវិលស្តីពី ផលប៉ះពាល់លើប្រជាពលរដ្ឋ ដែលបណ្ដាលមកពីការរីករាលដាលនៃវីរុសកូវីដ១៩។

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានចាត់ទុករបាយការណ៍មួយរបស់អង្គការលីកាដូ ក្រោមចំណងជើងថា បំណុលមីក្រូហិរញ្ញវត្ថុ គួរត្រូវបានព្យួរ និងប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនម្ចាស់ទ្រព្យវិញ អំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩ នេះថា ជារបាយការណ៍ មិនបានឆ្លុះបញ្ចាំងអំពីស្ថានភាពជាក់ស្តែង និងបណ្ដាលឱ្យមានផលប៉ះពាល់ដល់វិស័យ ធនាគារ និងហិរញ្ញវត្ថុ ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិទាំងមូល។

យោងតាមរបាយការណ៍របស់អអង្គការរលីកាដូ ដែលបានបង្ហាញនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃទី២៧ មេសាកន្លងមកបានឲ្យដឹងថា ការរងគ្រោះរបស់ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ដែលកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចពីការរីករាលដាលនៃជំងឺកូវីដ១៩គឺកំពុងត្រូវបានរងគ្រោះបន្ថែមទៀតដោយសារការបន្ដកើតមាននូវវិបត្តិជំពាក់បំណុលច្រើនលើសលុបនៅក្នុងប្រទេស​​ ដែលកើតចេញពីកម្ចីឥណទានជាង១០ពាន់លានដុល្លាររបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន


បច្ចុប្បន្ននេះប្រជាពលរដ្ឋកម្ពុជាច្រើនជាង,៥លាននាក់មានជាប់ជំពាក់កម្ចីខ្នាតតូចជាមួយនឹងអត្រាកម្ចីជាមធ្យម ៣៨០០ដុល្លារដែលជាចំនួនច្រើនជាងគេនៅលើពិភពលោក ការណ៍នេះធ្វើឱ្យជីវភាពរស់នៅសុខភាពនិងសុវត្ថិភាពកម្មសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ប្រឈមនឹងហានិភ័យ

របាយការណ៍របស់លៅកាដូបានបន្តថា កន្លងមករាជរដ្ឋាភិបាលមានវិធានការមួយចំនួនរួចមកហើយ យើងខ្ញុំ​​ សូមសំណូមពរ​​បន្ថែម​​ដល់​​រាជរដ្ឋាភិបាល ​​ក្នុងការពិចារណាដើម្បីធានាថា​​ គ្រឹះស្ថាន​​មីក្រូហិរញ្ញវត្ថុ​​ ឆាប់ផ្អាកការសងប្រាក់​​កម្ចី​​ និងការប្រាក់ទាំងអស់​​ យ៉ាងតិចណាស់​​ចំនួន៣ខែ​​ និងប្រគល់​​ជូនម្ចាស់ទ្រព្យវិញ​​នូវប័ណ្ណកម្ម សិទ្ធិដីធ្លីរាប់លានប្លង់ពាក់ព័ន្ធនឹងកម្ចីខ្នាតតូចដែលបច្ចុប្បន្នត្រូវបានដាក់ជាទ្រព្យធានា (បញ្ចាំ​) ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

វិធានការទាំងនេះគឺមានភាពចាំបាច់ដើម្បីធានាថាប្រជាពលរដ្ឋអាចបន្តរស់នៅក្នុងពេលមានវិបត្តិនេះដោយគ្មានហានិភ័យចំពោះសុខភាពឬលំនៅដ្ឋានរបស់អ្នកទាំងនោះនិងអាចបញ្ជៀសពីកម្ចីឥណទានមានហានិភ័យដែលអាចនាំឱ្យកើតមានករណីធ្វើការងារដោះបំណុលការជួញដូរមនុស្សនិងការរំលោភសិទ្ធិមនុស្សដទៃទៀត

កម្មករ​-កម្មការិនីរាប់លាននាក់ក្នុងវិស័យទេសចរណ៍កាត់ដេរនិងសំណង់កំពុងប្រឈមមុខនឹងការបញ្ឈប់ពីការងារនិងការបាត់បង់ប្រាក់បៀវត្សរ៍ ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជួយផ្គត់ផ្គង់ចំពោះការបាត់បង់ទាំងនេះកន្លងមកគឺនៅមានភាពខ្វះខាតក្នុងការបំពេញតម្រូវការមូលដ្ឋានរបស់កម្មករ​-កម្មការិនី បំណុលមីក្រូហិរញ្ញវត្ថុនៅកម្ពុជាដែលភាគច្រើនមានប័ណ្ណកម្មសិទ្ធិដីធ្លី របស់អ្នកខ្ចីប្រាក់រាប់លានប្លង់ដាក់ជាទ្រព្យធានាបង្កើនឱ្យមានហានិភ័យរយៈពេលខ្លីនិងវែងកាន់តែខ្លាំងក្នុងពេលមានវិបត្តិសេដ្ឋកិច្ចនេះ


យើងខ្ញុំទទួលស្គាល់ពីវិធានការណណ៍ ដែលបានដាក់ចេញដោយធនាគារជាតិនៃកម្ពុជាក្នុងការលើកទឹកចិត្តឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញនិងការពន្យាពេលសងប្រាក់ដោយផ្អែកតាមករណីជាក់ស្ដែងនីមួយៗ ទោះបីជាយ៉ាងណាក៏ដោយកម្ពុជាមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាង៨០ហើយដំណើរការដោះស្រាយតាមករណី​​ជាក់ស្ដែងនីមួយៗនឹងមិនអាចធ្វើទៅបានលឿននោះទេសម្រាប់អ្នកខ្ចីប្រាក់ជាង២លាន៦សែននាក់ដែលកំពុងត្រូវការជួយសម្រាលបន្ទុកជាបន្ទាន់ វិធានការជាលក្ខណៈប្រព័ន្ធលើសពីនេះគឺត្រូវការជាបន្ទាន់

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឱ្យដឹងផងដែរថា ក្នុងអំឡុងពេល នៃការចាប់ផ្តើមរីករាលដាលនៃវីរុសកូវីដ១៩ ធនាគារជាតិនៃកម្ពុជាបានធ្វើការវិភាគយ៉ាងល្អិតល្អន់ នូវផលប៉ះពាល់នានា ដោយបានដាក់ចេញនូវវិធាន ដើម្បីសម្រាលបន្ទុកដល់អតិថិជនរបស់ស្ថាប័នធនាគារ និងហិរញ្ញវត្ថុ

សមាគទាំងពីរបានបន្តថាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បាននិងកំពុងអនុវត្តន៍យ៉ាងពេញលេញ នូវគោលនយោបាយតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្រសួងសាម៉ីពាក់ព័ន្ធ ក៏ដូចជាការណែនាំរបស់ធនាគារជាតិនៃកម្ពុជា ដែលជាអាណាព្យាបាល ដើម្បីធានា និងការពារបានគ្រប់ភាគីពាក់ព័ន្ធ រួមទាំងវិស័យទាំងមូល ដោយគ្មានភាពចាំបាច់ ក្នុងការអនុវត្តតាមការស្នើសុំ ដោយខ្វះការសិក្សាត្រឹមត្រូវតាមនិយាមបច្ចេកទេសរបស់ស្ថាប័ន ដែលមិនពាក់ព័ន្ធ ឬជំរុញឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចជាតិ

ការលើកឡើងរបស់ស្ថាប័នសង្គមស៊ីវិល ពាក់ព័ន្ធនឹងទ្រព្យធានាកាតព្វកិច្ចបំណុលដែលជាការអនុវត្តទូទៅលើសកលលោក និងជាការទទួលខុសត្រូវដោយផ្ទាល់របស់ស្ថាប័នធនាគារ និងហិរញ្ញវត្ថុ គឺកំពុងតែជំរុញឱ្យមានផលប៉ះពាល់ ដល់ស្ថិរភាពសេដ្ឋកិច្ចជាតិ។


ម៉្យាងវិញទៀត អនុសាសន៍របស់អង្គការសង្គមស៊ីវិលមួយចំនួន កំពុងតែជំរុញឱ្យសេដ្ឋកិច្ចជាតិរងនូវផលប៉ះពាល់បន្ថែមទៀត ដោយបង្កឱ្យបាត់បង់នូវជំនឿទុកចិត្តពីសំណាក់ អ្នកដាក់ប្រាក់បញ្ញើ មានទាំងមូលនិធិរបស់ស្ថាប័នសាធារណៈ ឯកជន និងរបស់អង្គការសង្គមស៊ីវិលខ្លួនឯងផងដែរ។

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានអំពាវនាវទុកលទ្ធភាពឱ្យសាម៉ី ស្ថាប័ន ធនាគារ និងហិរញ្ញវត្ថុបំពេញការងាររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ផងដែរ។

ទោះជាយ៉ាងណាអតតិថិជនជាច្រើនរបស់ធនាគារនានា បាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ពួកគេមិនទទួលបានការលើកទឹកចិត្តណាមួយពីសំណាក់ធនាគារ ដែលពួកគេទទួលបានឥណទាននោះទេ ទាំងអត្រាការប្រាក់ ទាំងការពន្យាពេល ទូទាត់សំណង។

បុគ្គលិកជាច្រើនរបស់ធនាគារធំមួយនៅកម្ពុជាបាននិយាយថា ពួកគេមិនបានទទួលការណែនាំពីថ្នាក់លើរបស់ពួកគេ ទាក់ទងនឹងការពន្យាពេលសងឥណទានដល់អតិថិជ ឬការបន្ឋូរបន្ថយណាមួយនៅឡើយទេរហូតមកទល់ពេលនេះ៕

អាមេរិកសន្យាផ្តល់ប្រាក់ជាង៣,៥លានដុល្លាអាមេរិក ដើម្បីទប់ស្កាត់ការរាលដាល COVID-19នៅកម្ពុជា

ដោយ ប៊ី

ភ្នំពេញៈ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា W. Patrick Murphy បានប្រកាសនៅសប្តាហ៍នេះថា រដ្ឋាភិបាលនៃសហរដ្ឋអាមេរិក បានសន្យាផ្តល់ថវិកាចំនួន ,៥លានដុល្លា សម្រាប់ជួយប្រទេសកម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។


ចាប់តាំងពីការចាប់ផ្តើមមានឡើង នូវការរាតត្បាតនៃមេរោគនេះ សហរដ្ឋអាមេរិកបានសន្យាផ្តល់ប្រាក់សរុបចំនួនជាង៣, លានដុល្លាអាមេរិក ដើម្បីទប់ទល់នឹងការរាលដាលនៃមេរោគកូវីដ១៩នៅកម្ពុជា។ នេះបើយោងតាមសាររបស់ទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានៅលើបណ្តាញសង្គម Facebook

ជំនួយនេះ ដែលត្រូវបានផ្តល់តាមរយៈ ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ(USAID) ទាក់ទងនឹងការកាត់បន្ថយហានិភ័យ ការចូលរួមរបស់សហគមន៍ ការគ្រប់គ្រងនិងបង្ការការឆ្លង ហើយនិងការទ្រទ្រង់មន្ទីរពិសោធន៍។

លោក W. Partrik Murphy  បានថ្លែងថា ជំនួយរបស់យើង នឹងជួយប្រព័ន្ធសុខាភិបាលកម្ពុជា ក្នុងការតាមដានជំងឺកូវីដ១៩ ព្យាបាលអ្នកជំងឺ និងការពារកុំឱ្យមានឆ្លងជំងឺនេះបន្ថែមទៀត លោកបានបន្តថា ការយកឈ្នះលើមេរោគនេះ គឺជាបញ្ហាប្រឈមជាសាកល ប៉ុន្តែអាមរិកកំពុងធ្វើកិច្ចការ នៅក្នុងស្រុកនិងបរទេស ដើម្បីបញ្ឈប់ការរាលនៃជំងឺនេះ

លោកឯកអគ្គរដ្ឋទូតរូបនេះបានថ្លែងថា ការជួយកម្ពុជាក្នុងការឆ្លើយតបនឹងជំងឺកូវីដ១៩នេះ បានបន្តកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយូរអង្វែង រវាងប្រទេសទាំងពីរ ក្នុងផ្នែកសុខាភិបាល។


លោកបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិក មានប្រវត្តិដ៏យូរក្នុងការធ្វើការងាររួមគ្នា ជាដៃគូប្រកបដោយផលិតភាព និងប្រសិទ្ធភាព ក្នុងការពង្រឹងនូវប្រព័ន្ធសុខាភិបាល ដោះស្រោយនឹងជំងឺឆ្លងផ្សេងៗ នឹងលើកកម្ពស់សមិទ្ធផលសុខាភិបាលសម្របា់ប្រជាជនកម្ពុជា នៅក្នុងតំបន់ និងនៅលើពិភពលោកផងដែរ។

តាមរយៈភាពជាដៃគូ ដែលកំពុងមានកន្លងមក ក្នុងការសម្របសម្រួលជាមួយរដ្ឋាភិបាលកម្ពុជា ដៃគូសប្បុរសធម៌ និងអ្នកពាក់ព័ន្ធក្នុងស្រុក អាមេរិកបានជួយដល់ការគ្រប់គ្រងលើករណីជំងឺ ដើម្បីពង្រឹងការថែទាំអ្នកជំងឺ ហើយកាត់បន្ថយហានិភ័យនៃការចម្លងទៅអ្នកដទៃ និងការការពារកុំឱ្យមានការឆ្លង និងគ្រប់គ្រងការឆ្លងនៅតាមកន្លែងថែទាំសុខភាព។ ការពង្រឹងផ្នែកមន្ទីរពិសោធន៍ ដើម្បីត្រៀមរៀបចំសម្រាប់ការធ្វើតេស្តរកមេរោគកូវីដ១៩ជាទ្រង់ទ្រាយធំ៕

គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ ភាគខាងជើងសម្រេចបាន ៨០,០២%

ដោយវុត្ថា

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសឱ្យដឹងថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ ភាគខាងជើងសម្រេចបាន ៨០,០២% ខណៈភាគកណ្ដាលសម្រេចបាន ១៤,៩០% និងភាគខាងត្បូងសម្រេចបាន ២៣,៩០% គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។

ក្រសួងសាធារណការ និង ដឹកជញ្ចូន នៅលើគេហទំព័រ Facebook ផ្លូវការរបស់ខ្លួននាព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២០ នេះឱ្យដឹងថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ (ផ្លូវអាស៊ានហាយវេលេខ១) មានប្រវែងសរុបចំនួន ៣៦៦ គីឡូម៉ែត្រ ឋិតក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ជាគម្រោងក្រោមកម្ចីឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា។

ក្រសួងសាធារណការ បន្តថា សម្រាប់ការងារស្ថាបនាត្រូវបានបែងចែក ជាបីផ្នែក ធំៗរួមមាន៖ ផ្នែកខាងជើង ផ្នែកកណ្តាល និងផ្នែក ខាងត្បូង ដោយមានការពង្រីកកំណាត់ផ្លូវជាតិមានស្រាប់ពី២គន្លងទៅ៤គន្លង ទទឹង២៣ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) និងមានសួនច្បារចំកណ្តាល។

ចំពោះវឌ្ឍនភាពនៃការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ ត្រូវបានសម្ភោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ មីនា ២០១៨ ការស្ថាបនាមាន រយៈពេល៣៦ខែ គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ សម្រេចបាន ៨០,០២%ហើយ។

បច្ចុប្បន្នការអនុវត្តការងារស្ថាបនាបាននឹងកំពុងធ្វើការក្រាលកៅស៊ូជាន់ទី២ នៅលើទីតាំងមួយចំនួន និងទីតាំងមួយចំនួនទៀតបានបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរជាបណ្តោះអាសន្នដើម្បីសម្រួលដល់ចរាចរណ៍ឆ្លងកាត់។ ថ្នាក់ដឹកនាំភូមិ ឃុំ ស្រុក និងបងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់យល់ឃើញ ថា ផ្លូវដែលទើបសាងសង់រួចនេះមានសភាពល្អ ងាយស្រួលបើកបរ ចំណេញពេលវេលា និងពិសេស ផ្តល់ភាពងាយស្រួលក្នុងការប្រកបរបររកស៊ីប្រចាំថ្ងៃ និងការដឹកជញ្ជូនទំនិញ និងផលិតផលកសិកម្ម ដូចជា ស្រូវ អង្ករ បន្លែ និងផ្លែឈើ។

ចំណែកគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាលចាប់ពីធ្លាម្អម ដល់ បាត់ដំបង មានប្រវែងសរុប១៤៦,០៤ គីឡូម៉ែត្រ ទទឹងប្រវែង២៣ម៉ែត្រ ពី២គន្លងទៅ៤គន្លង ក្រាលកៅស៊ូAC កម្រាស់១៥សង់ទីម៉ែត្រ គ្រោងរយៈពេលស្ថាបនា ប្រមាណ៤២ខែ គិតត្រឹមថ្ងៃទី២៤ ខែ មេសា ឆ្នាំ២០២០នេះសម្រេចបាន ១៤,៥០% ហើយ។ គ្រប់ក្រុមហ៊ុនទទួលម៉ៅការសាងសង់ទាំងអស់បានគោរពអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមគោលការណ៍បច្ចេកទេស និងសុវត្ថិភាពការងារទាំងក្នុងនិងក្រៅការដ្ឋាន។

ចំពោះគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង ចាប់ពីព្រែកក្តាម (ខេត្តកណ្តាល) ដល់ធ្លាម្អម (ខេត្តពោធិ៍សាត់) មានប្រវែងសរុប១៣៥,២៤គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តចំនួន០៣រួមមាន៖ ខេត្តកណ្តាល ប្រវែង ៤,២៥គីឡូម៉ែត្រ ខេត្តកំពង់ឆ្នាំងប្រវែង ៩៣,៥៤គីឡូម៉ែត្រ និងខេត្តពោធិ៍សាត់ប្រវែង ៣៧,៤៥គីឡូម៉ែត្រ ក្រាលបេតុងកៅស៊ូAC ចែកជា២គន្លងទៅ២គន្លងមក គ្រោង រយៈពេលសាងសង់ចំនួន៤៨ខែ គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ សម្រេចបាន២៣,៩០%ហើយ។

ស្របពេលដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងជួបប្រទះនូវការឆ្លងរីករាលដាលមេរោគប្រភេទថ្មី COVID-១៩ អង្គភាព
គ្រប់គ្រង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនម៉ៅការសាងសង់ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវក្បួនអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួង សាធារណការ និងដឹកជញ្ជូនដើម្បីការពារ ទប់ស្កាត់ និងការបង្ការការឆ្លងរីករាលដាលមេរោគCOVID-១៩ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

សម្លៀកបំពាក់​សុវត្ថិភាព ២០០,០០០កំ​ប្លេ​ពី​កម្ពុជា​ត្រូវបាន​ដឹក​ជ​ញ្ជួ​ន​ទៅដល់​ប្រទេស​វែ​ល

រូបភាពតំណាង

ដោយ ប៊ី

ភ្នំពេញៈ ប្រទេស​វែ​ល​នឹង​ទទួលបាន​សម្លៀកបំពាក់​សុវត្ថិភាព ធន់​នឹង​សារធាតុ​រាវ​ជាច្រើន​ពី​យន្ដហោះ​មួយ​ចេញពី​ប្រទេស​កម្ពុជា ដែល​នឹងត្រូវ​ចុះចត​នៅ​អាកាសយានដ្ឋាន Cardiff នៅថ្ងៃនេះ។ នេះ​បើ​យោងតាម​ការ​សារព័ត៌មាន​ Wale Online ចុះផ្សាយ​នៅថ្ងៃនេះ។

រូបភាពតំណាង

សម្លៀកបំពាក់​សុវត្ថិភាព ធន់​នឹង​សារធាតុ​រាវ ស្ថិតក្នុង​ការផ្គត់ផ្គង់​ខ្វះខាត​ជាពិសេស​នៅ​ចក្រភព​អង់គ្លេស និង​នៅ​អង់គ្លេស​គ្រូពេទ្យ និង​គិលានុបដ្ឋាយិកា ត្រូវបាន​គេ​ស្នើ​សុំឱ្យ​ព្យាបាល​អ្នកជំងឺ ដោយ​មិនមាន​ប្រដាប់​ការពារ​ពេញលេញ ដោយសារតែ​ការផ្គត់ផ្គង់​ខ្វះខាត។

យន្ដហោះ​ដែល​ហោះ​ចេញពី​ភ្នំពេញ ត្រូវបាន​គេ​រាយការណ៍​ថា មាន​សម្លៀកបំពាក់​សុវត្ថិភាព ២០០,០០០កំ​ប្លេ​ត្រូវបាន​រំពឹងថា នឹង​ចុះចត​នៅ​ទីក្រុង ​Cardiff ដើម្បី​ផ្គត់ផ្គង់​ស្តុក​ដ៏​សំខាន់​សម្រាប់​ប្រទេស​វែ​ល។

វា​ត្រូវបាន​រាយការណ៍​ថា ទំនិញ​ដែល​បានរៀបចំ តាមរយៈ​ប្រទេស​វែ​ល នឹងត្រូវ​បាន​យកចេញ​ដោយ​យោធា​ខ្លួន ហើយ​ត្រូវ​យកទៅ​កន្លែង​ថែ​រទាំ​សុខភាព និង​កន្លែង​ថែរ រក្សា​ដោយផ្ទាល់។ គេ​មិនដឹងថា តើ​ទំនិញ​នេះ​នឹងត្រូវ​យកទៅ​មន្ទីរពេទ្យ ផ្ទះរ​ថែទាំ ឬ​ទាំងពីរ​នោះទេ។

ការហោះហើរ​លើក​ទី២ ដែល​នឹងធ្វើ​ការដឹក​ជ​ញ្ជួ​ន​សម្លៀកបំពាក់​សុវត្ថិភាព ពី​ទីក្រុង Hangzhou  ប្រទេស​ចិន ជាមួយនឹង​សម្លៀកបំពាក់​ចំនួន ៤៦០,០០០ ត្រូវបាន​គេ​រំពឹងថា នឹង​មកដល់​ទីក្រុង​ Cardiff នៅ​ចុង​សប្តាហ៍​នេះ។

កាលពី​សប្តាហ៍​មុន លោក Chris Hopson ប្រធាន​ស្ថាប័ន​មួយ​ដែល​តំណាងឱ្យ​ការថែរក្សា​សុខភាព​នៅ​ទូទាំងប្រទេស​អង់គ្លេស បាន​និយាយ​នៅក្នុង​សារ​ធ្វី​ត​ធឺ​រថា“ឥឡូវនេះ យើង​បាន​ឈានដល់​ចំនុច​មួយ ដែល​សម្លៀកបំពាក់​សុវត្ថិភាព ដែលមាន​ដៃ​វែង ត្រូវ​ប្រឈមមុខ នឹង​ការខ្វះខាត​នៅ​បន្ទាប់២៤ ទៅ៤៨ម៉ោង​ខាងមុខ​ទៀត។

រដ្ឋាភិបាល​វែ​ល​បានឱ្យដឹងថា ខ្លួន​បានធ្វើការ​ជាមួយ​ដៃគូ ជាមួយ​ស្ថាប័ន​ NHS Wales និង​សេវា​លទ្ធកម្ម​ជាតិ ដើម្បី​ធានា​នូវ​ការផ្គត់ផ្គង់​អន្ដរជាតិ​ថ្មី នៃ​សម្លៀកបំពាក់​សុវត្ថិភាព​ធន់​នឹង​សារធាតុ​រាវ ក៏ដូចជា​អភិវឌ្ឍ​ខ្សែសង្វាក់​ផ្គត់ផ្គង់​វែ​ល។

កាលពី​ថ្ងៃ​សៅរ៍​កន្លងមកនេះ ការដឹកជញ្ជូន​ម៉ាស១០លាន​សន្លឹក ពី​ប្រទេស​ចិន​បាន​មកដល់។ ម៉ាស​ទាំងនេះ នឹងត្រូវ​បាន​ប្រើ​នៅក្នុង​ស្ថាប័ន​ NHS Wales និង​នៅក្នុង​កន្លែង​ថែ​រទាំ​សង្គម ប៉ុន្តែ​រដ្ឋាភិបាល​វែ​ល ក៏បាន​ផ្តល់ជំនួយ​ទៅវិញទៅមក ដល់​ស្កុ​ត​ឡេ​ន និង​អៀរ​ឡង់​ខាងជើង​ផងដែរ៕

រោងចក្រ សហគ្រាស​ប្រមាណ ១៣០នៅ​កម្ពុជា​បាន​ផ្អាក​ប្រតិបត្តិការ

រូបតំណាង

ដោយ ហ្សូ​លី

ភ្នំពេញ៖ រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ សម្រាប់ធ្វើ​ដំណើរ​ជាង១៣០នៅក្នុង​ប្រទេស​កម្ពុជា បាន​ផ្អាក​ប្រតិបត្តិការ ដោយសារ​ការបញ្ជាទិញ​ធ្លាក់ចុះ​ដែល​បណ្តាលមកពី​ជំងឺ​រាតត្បាត​ Covid-19។ នេះ​បើតាម​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ​កាលពី​ថ្ងៃ​ច័ន្ទ​ទី ២៧ ខែមេសា ឆ្នាំ ២០២០កន្លងមកនេះ។

រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​ជា​អ្នកនាំពាក្យ លោក​ហេង សួរ បាន​មានប្រសាសន៍ថា ផលិតផល​ទាំងនេះ​ភាគច្រើន ត្រូវបាន​នាំចេញ​ទៅកាន់​បណ្តា​ប្រទេស​អ៊ឺរ៉ុប និង​សហរដ្ឋអាមេរិក ប៉ុន្តែ​បច្ចុប្បន្ន​ប្រទេស​ទាំងនេះ កំពុង​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយសារ​ការផ្ទុះ​ឡើង​ដែលនាំឱ្យ​មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង​នូវ​តម្រូវការ។

លោក​បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត​មួយ​ថា “គិត​ត្រឹម​ថ្ងៃទី ២៧ ខែមេសា) រោងចក្រ​ជាង១៣០បានស្នើ​សុំ​ផ្អាក​ប្រតិបត្តិការ ដែល​បណ្តាល​ឳ្យ​ប៉ះពាល់​ដល់ក​ម្មករ​ជិត ១០០.០០០ នាក់។

លោក​ហេង សួរ​បាន​បន្តថា រោងចក្រ​នៅ​កម្ពុជា មិន​បានទទួល​ការបញ្ជាទិញ​ពី​អ្នកទិញ ដែលមាន​សក្តានុពល​ស​ម្រា​ប់​ខែមេសា ឧសភា និង​មិថុនា​ទេ ប៉ុន្តែ​រោងចក្រ​មួយចំនួន​នៅតែ​ដំណើរការ និង​រក្សា​ផលិតផល​ចុងក្រោយ​របស់​ពួកគេ​នៅក្នុង​ឃ្លាំង ដោយ​សង្ឃឹមថា តម្រូវការ​នឹង​ស្ទុះ​ងើបឡើង​វិញ នៅពេលដែល​ស្ថានភាព​ពិភពលោក​មាន​ស្ថេរភាព។

លោក​បាន​មានប្រសាសន៍ថា“ យើង​គិតថា​ការនាំចេញ​របស់​យើង​នៅ​ត្រីមាស​ទី២ ឆ្នាំនេះ​អាច​ធ្លាក់ចុះ​ពី៥០ ទៅ៦០ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

បើតាម​អ្នកនាំពាក្យ​រូបនេះ ដើម្បី​ជួយ​កម្មករ ដែល​រងគ្រោះ​រដ្ឋាភិបាល​បានសំរេច​ចិត្ត​បង់ប្រាក់៤០ដុល្លារ​ក្នុង​មួយខែ ដល់​ពួកគេម្នាក់ៗបន្ថែម​លើ​ប្រាក់ឧបត្ថម្ភ ពី​ថៅកែ​រោងចក្រ​ដើម្បី​ជួយ​ពួកគេ​ក្នុងពេល​ផ្អាក​ផលិតកម្ម។

យោងតាម​ក្រសួង​ការងារ​បានឱ្យដឹងថា ឧស្សាហកម្ម​កាត់ដេរ​ស​ម្លៀ​ក​បំពាក់ ស្បែកជើង និង​ទំនិញ គឺជា​វិស័យ​នាំចេញ​ដ៏​ធំ​បំផុត របស់​កម្ពុជា ដែល​ផ្តល់​ការងារ​ដល់​ប្រជាជន​ប្រហែល៧៥០.០០០ នាក់​នៅក្នុង​រោងចក្រ និង​សាខា​ប្រមាណ១.១០០ ។

វិស័យនេះ ទទួលបាន​ប្រាក់ចំណូល​សរុប៩,៣២ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ ២០១៩ គឺ​កើនឡើង១១ភាគរយ ធៀប​នឹង​ឆ្នាំ២០១៨ ៕

ប្រភព Xinhua

គេហទំព័រ​បររទេស​មួយ​បាន​ធៀប​សក្តានុពល​អចលន​ទ្រព្យ​នៅ​ភ្នំពេញ ដូច​ទីក្រុង​បាងកក​កាលពី៣០ឆ្នាំមុន

ដោយ ​វុត្ថា

ភ្នំពេញៈ ជនបរទេស​ភាគច្រើន បាន​សម្រុក​ទិញ​ខុន​ដូ និង​លំនៅឋាន​អាជីវកម្ម​ច្រើន​នៅក្នុង​ទីក្រុង​ភ្នំពេញ សម្រាប់​រស់នៅ​និង​ធ្វើ​អាជីវកម្ម ខណៈ​កម្ពុជា​គឺជា​ប្រទេសមួយ​នៅក្នុង​តំបន់​អាស៊ាន មានការ​ទាក់ទាញ​ការវិនិយោគ លើ​វិស័យ​អចលនទ្រព្យ​ច្រើន នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ។

គេហទំព័រ investasian.com បាន​ផ្សព្វផ្សាយ​កាលពី​ម្សិលមិញ​នេះ​ថា  ទីក្រុង​ភ្នំពេញ​បាននិងកំពុង​រីកចំរើន​យ៉ាងខ្លាំង ដែល​ធ្វើឱ្យមាន​ការទាក់ទាញ​វិនិយោគិន​អន្តរជាតិ មក​បណ្តាក់​ទុនវិនិយោគ ខណៈ​មនុស្ស​មួយចំនួន​ប្រៀបធៀប​ថា ទីក្រុង​មួយ​នេះ​ដូច​ទៅនឹង​ទីក្រុង​បាងកក​កាលពី៣០ឆ្នាំមុន ដែលជា​ទីក្រុង​នេះ បាន​ទាក់ទាញ​វិនិយោគិន​បរទេស​ជាច្រើន។

ទីក្រុង​ភ្នំពេញ​នេះ​ក៏បាន​ទាក់ទាញ​ភ្ញៀវ​បរទេស ជាមួយនឹង​ទីផ្សារ​តាម​ដងផ្លូវ​ដ៏​រស់​រវើក មាន​ស្ថាបត្យកម្ម​បារាំង​ដ៏​អស្ចារ្យ និង​មាន​អគារ​ប្រវត្តិសាស្ត្រ​ជាច្រើន​ផងដែរ។ ដោយសារ​កត្តា​ទាំងអស់​នេះហើយ បានធ្វើឱ្យ​ទាក់ទាញ​វិនិយោគិន ឱ្យមក​ទទួលយក​នូវ​បទពិសោធន៍ថ្មីៗ និង​បានចាប់ផ្តើម​សម្រុក​មក​វិនិយោគ នៅក្នុង​ទីក្រុង​ភ្នំពេញ​ដើម្បី​ទទួលបាន​ផលចំណេញ​ខ្ពស់។

គេហទំព័រ​នេះ​បញ្ជាក់ថា  ជនបរទេស​ភាគច្រើន បាន​ទិញ​អចលនទ្រព្យ​ចំនួន២ប្រភេទ គឺ​អា​ផាត​ម៉ិ​ន​បែប​លំនៅឋាន​អាជីវកម្ម និង​ខុន​ដូ។ ការទិញ​អា​ផាត​ម៉ិ​ន​បែប​លំនៅឋាន​អាជីវកម្ម​ជាទូទៅ គឺអាច​ជួសជុល​ជួល ធ្វើ​អាជីវកម្ម និង​លក់​បន្ត ដើម្បី​ទទួលបាន​ផលចំណេញ។

ម្យ៉ាងវិញទៀត ការទិញ​ខុន​ដូ គឺ​មិនមាន​ផលចំណេញ​ច្រើន​ទេ ប៉ុន្តែ​ងាយស្រួល​ក្នុងការ​កាន់កាប់ និង​ថែរក្សា។

តែ​យ៉ាងណាក៏ដោយ​ជនបរទេស ដែលមាន​បំណង​ទិញ​អចលនទ្រព្យ នៅក្នុង​ទីក្រុង​ភ្នំពេញ តែងតែមាន​ជម្រើស​លើ​ការទិញ​ខុន​ដូ និង​អា​ផាត​មិន​បែប​អាជីវកម្ម។សម្រាប់​ការទិញ​ខុន​ដូ​នៅក្នុង​ទីក្រុង​ភ្នំពេញ អាចមាន​តម្លៃ​ថ្លៃ​បន្តិច ហើយ​នៅ​តំបន់​ខ្លះ​ក៏មាន​ការ​រិត​ត្បិត​ផងដែរ។ មិនតែប៉ុណ្ណោះ ការទិញ​ខុន​ដូ មិន​ទទួលបាន​ផលចំណេញ​ច្រើន​នោះទេ បើ​ធៀប​ទៅនឹង​ការទិញ​អា​ផាត​ម៉ិ​ន​បែប​អាជីវកម្ម។

ទោះយ៉ាងណា យោង​តា​ច្បាប់​សហកម្មសិទ្ធិ ជនបរទេស​រស់នៅ​ប្រទេស​កម្ពុជា ការទិញ​អា​ផាត​ម៉ិ​ន​បែប​អាជីវកម្ម គឺមាន​ការលំបាក​ជាង​បើ​ប្រៀបធៀប ទៅនឹង​ការទិញ​ខុន​ដូ។ ជនបរទេស​អាច​កាន់​កាប់​ខុន​ដូ​ទាំងស្រុង ប៉ុន្តែ​ដើម្បី​កាន់កាប់​អចលនទ្រព្យ​ផ្សេងទៀត​បាន ពួកគេ​ត្រូវតែមាន​ក្រុមហ៊ុន​កាន់កាប់​ដីធ្លី។

ជារួម​ការទិញ​លំនៅឋាន​បែប​អាជីវកម្ម នៅក្នុង​ទីក្រុង​ភ្នំពេញ របស់​ជនបរទេស​ទា​ម​ទា​ពេលវេលា​យូ ព្យាយាម​អត់ធ្មត់ និង​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការទិញ និង​ជួសជុល។ សម្រាប់​ការទិញ​ខុន​ដូ​វិញ អាច​ផ្តល់​ប្រាក់ចំណេញ​ទាប​ជាង ប៉ុន្តែ​វា​ងាយស្រួល​ក្នុង​ការទិញ និង​កាន់កាប់​ក្នុងនាម​ជា​ជនបរទេស៕