មន្ត្រីក្រសួង​ដែនដី​ចុះ​ពិនិត្យ​ទីតាំង​ដី​សម្បទាន​សង្គមកិច្ច​បែងចែក​ជូន​ប្រជាពលរដ្ឋក្រីក្រ​នៅ​ខេត្តស្ទឹងត្រែង

ដោយ​វុត្ថា

ស្ទឹងត្រែងៈ ក្រុមការងារ​ថ្នាក់ជាតិ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ចុះទៅពិនិត្យ​ទីតាំង​ដី​សម្បទាន​សង្គម ដោយផ្ទាល់​នៅក្នុង​ខេត្តស្ទឹងត្រែង ដើម្បី​គាំទ្រ​ដល់​ដំណើរការ​ស្នើសុំ ធ្វើ​អនុ​ប​យោគ​ដី​សាធារណៈ​របស់​រដ្ឋ ទៅជា​ដីឯកជន​របស់​រដ្ឋ សម្រាប់​រៀបចំ​ជា​ដី​សម្បទាន​សង្គមកិច្ច បែងចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​គ្មាន​ដី ឬ​មាន​ដី​តិចតួច​សម្រាប់​សង់​លំនៅឋាន និង​បង្កបង្កើនផល។

ក្នុង​បេសកកម្ម​របស់​ក្រុមការងារ​ថ្នាក់ជាតិ​នេះ ត្រូវបាន​ឡើង​ចាប់ពី​ថ្ងៃទី២៧-២៩ ខែមេសា ឆ្នាំ២០២០ ដោយមាន​ការចូលរួម​ពី​ក្រុមការងារ ថ្នាក់​ខេត្ត ស្រុក ឃុំ ភូមិ ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ និង​មន្ទីរ​វិស័យ​ពាក់ព័ន្ធ​មួយចំនួន ហើយ​ក្រុមការងារ​បាន​ចុះ​ពិនិត្យ​ផ្ទាល់​ដល់ទី​តាំង និង​បាន​បោះបង្គោល​សម្គាល់​ទីតាំង សម្រាប់​រៀបចំ​ដី​សម្បទាន​សង្គមកិច្ច​ផងដែរ។

តែ​យ៉ាងណាក៏ដោយ មន្ត្រី​ជំនាញ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មិនបាន​បង្ហាញ​ពី​ទំហំ​ដី ដែល​ត្រូវបាន​បោះទីតាំង និង​មានគ្រួសារ ដែល​មិនមាន​ដី​និង​មាន​ដី​តិចតួច​ប្ម៉​ន្មា​ន​គ្រួសារ ដែល​នឹងត្រូវ​បានទទួល​ដី​សម្បទាន​សង្គមកិច្ច​នេះ នៅឡើយ​ទេ។

យោង​អនុក្រឹត្យ​លេខ១៩អនក្រ/បក ចុះ​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៣បាន​បង្ហាញថា ដី​សម្បទាន​សង្គមកិច្ច គឺជា​យន្ត​ការផ្ទេរ​ដីឯកជន​របស់​រដ្ឋ​តាមផ្លូវ​ច្បាប់ សម្រាប់​គោលបំណង សង្គមកិច្ច​ដល់​ជនក្រីក្រ ដែល​ខ្វះខាត​ដី​សម្រាប់​សង់​លំនៅឋាន ឬ/និង​ធ្វើ​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ។

ដី​សម្បទាន សង្គមកិច្ច​អាច​ត្រូវ​ផ្ដល់​ឲ្យ​សម្រាប់​គោលដៅ​សង្គមកិច្ច ដោយ​អនុលោម​តាម​គោលដៅ​ណាមួយ ឬ​គោលដៅ​ច្រើន​ដូចជា ផ្តល់​ដី​ដល់​គ្រួសារ​ក្រីក្រ​ដែល​គ្មាន​ទីលំនៅ​សម្រាប់​សង់​លំនៅឋាន សម្រាប់ធ្វើ​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ ដែល​ត្រូវ​ផ្លាស់ប្ដូរ​ទីលំនៅ​បណ្ដាលមកពី​ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ សម្រាប់​ការតាំង​លំនៅឋាន​ជាថ្មី គ្រួសារ​ដែល​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ គ្រួសារ​មាតុភូមិនិវត្តន៍ យោធិន​រំសាយ និង​គ្រួសារ​យុទ្ធជន​ពលី​ពិការ។

ក្រៅពី​គោលដៅ​សង្គមកិច្ច​នេះ គឺ​ជួយ​សម្រួល​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ជួយ​សម្រួល​ដល់​សម្បទាន​ដី​សេដ្ឋកិច្ច ដោយ​ផ្ដល់​ដីឡូត៍​ដល់ក​ម្មករ ចម្ការធំៗសម្រាប់​សង់​លំនៅឋាន ឬ​សម្រាប់ធ្វើ​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ ព្រមទាំង​អភិវឌ្ឍ​តំបន់ ដែល​ពុំទាន់​ត្រូវបាន​អភិវឌ្ឍ​សមស្រប។

ដី​សម្បទាន​សង្គមកិច្ច ដែល​ត្រូវ​ផ្ដល់​ឲ្យ​សម្រាប់​សង់​លំនៅឋាន មាន​ទំហំ​ធំ​បំផុត ១,២០០ម៉ែត្រការ៉េ ប៉ុន្ដែ​នៅ​តំបន់​ដែលមាន​លទ្ធភាព​ដី​ទំនេរ ទំហំ​ដី​សម្បទាន​សង្គមកិច្ច​អាច​ដំឡើង​រហូតដល់៣,៦០០ម៉ែត្រការ៉េ។

ដី​សម្បទាន​សង្គមកិច្ច ដែល​អាច​ផ្ដល់​ឲ្យ​សម្រាប់ធ្វើ​កសិកម្ម ជា​លក្ខណៈ​គ្រួសារ មាន​ទំហំ​ធំ​បំផុត២ហិកតា ប៉ុន្ដែ​នៅក្នុង​តំបន់​ខ្លះ​ទំហំ​ដី​សម្បទាន​សង្គមកិច្ច អាច​ឡើងដល់​ទំហំ៥ហិកតា អាស្រ័យ​ទៅតាម​លក្ខណៈ​ដី សក្ដានុពល​ដី ឬ​ប្រភេទ​ដំណាំ និង​កម្លាំង​ពលកម្ម​របស់​គ្រួសារ​អ្នក​សុំ​ដី៕

ចំណេះដឹង! តើ​តម្លៃ​នៃ​កិច្ចសន្យា​ទិញ​លក់​ត្រូវមាន​លក្ខណៈ​ដូចម្តេច?

រូបតំណាង

ដោយ​វុត្ថា

ភ្នំពេញៈ កិច្ចសន្យាលក់​ទិញ ជា​កិច្ចសន្យា​អញ្ញ​ម​ញ្ញ ដែល​តម្រូវ​ឲ្យ​ភាគី​ទាំងពីរ ត្រូវមាន​កាតព្វកិច្ច​ទៅវិញទៅមក មានន័យថា ភាគី​ម្ខាង​ត្រូវមាន​កាត​ព្ច​កិច្ច​ប្រគល់​វត្ថុ ហើយ​ភាគី​ម្ខាង​ទៀត មាន​កាតព្វកិច្ច​ប្រគល់​លុយ ជា​ថ្នូរ​នឹង​វត្ថុ​ដែល​បានប្រគល់។

កិច្ចសន្យាលក់ ទិញ ជា​កិច្ចសន្យា​មូលា ព្រោះ​កិច្ចសន្យា​នេះ ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ស្វែងរក​ប្រយោជន៍ និង​ថ្នូរ​ទៅវិញទៅមក។

តម្លៃ គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់ ចំពោះ​កិច្ចសន្យាលក់ ទិញ ពីព្រោះ​កិច្ចសន្យាលក់ ត្រូវតែ​មានតម្លៃ​ជា​ថ្នូរ ដែល​ខុសពី​កិច្ចសន្យា​ដូរ ដែល​គ្មាន​តម្លៃ​ជា​ថ្នូរ​ឡើយ។ ដូច​ច្នេះ​ការកំណត់​តម្លៃ វា​ជា​កត្តា​មួយ​សំខាន់​ណាស់​ចំពោះ​ភាគី​អ្នកលក់ តែ​អ្វីដែល​កាន់តែ​សំខាន់​នោះ​គឺជា​របៀប និង​បច្ចេកទេស​នៃ​ការកំណត់​តម្លៃ ថា​តើ​យើង​ត្រូវធ្វើ​តាមរបៀប​ណា ដើម្បី​ឲ្យ​មាន​ភាព​សុ​ក្រឹត្យ​នោះ។

ការកំណត់​នូវ​តម្លៃ អាច​យកតាម​ទីផ្សារ ឬ​តាម​ការព្រមព្រៀង​របស់​ភាគី​ទាំងសងខាង។ ក្នុងន័យនេះ ទោះបីជា​តម្លៃ​នោះ មិនទាន់​ត្រូវបាន​ប្រគល់​ទៅ​ភាគី​ម្ខាង​ទៀត​ក៏ដោយ ក៏​កិច្ចសន្យា​អាច​កើតមាន​បានដែរ។

មាន​កិច្ចសន្យា​មួយចំនួន ការបង់ថ្លៃ​ត្រូវបាន​ធ្វើតាម​ក្រោយ។ នៅ​ថ្ងៃក្រោយ​លើកឡើង​អំពី​ទំរង់​នៃ​កិច្ចសន្យា ទិញ លក់ អចលនទ្រព្យ​មក​ជូន​លោក អ្នក​បន្តទៀត៕

តើសេដ្ឋកិច្ចអាស៊ីគួរពឹងផ្អែកលើប្រទេសចិនឬសហរដ្ឋអាមេរិក បន្ទាប់ពីវិបត្តិ Covid-19 បញ្ចប់នៅពេលខាងមុខ?

ដោយ ហ្សូលី

ភ្នំពេញ៖ សេដ្ឋកិច្ចនៅតំបន់អាស៊ីកំពុងជួបប្រទះនូវវិបត្តិ ដោយសារការរងផលប៉ះពាល់ពីឥទ្ធិពលការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក។ ការធ្លាក់ចុះនេះ គឺបណ្តាលមកពីបញ្ហាជំងឺរាតត្បាតឆ្លង Covid-19 ដែលកំពុងកើតមានឡើងស្ទើរទូទាំងពិភពលោក។ មកទល់ពេលនេះ មានសំនូរចោទថា តើសេដ្ឋកិច្ចរបស់បណ្តារប្រទេសនៅក្នុងតំបន់អាស៊ីគួរតែពឹងផ្អែកវិស័យពាណិជ្ជកម្មលើប្រទេសចិន ឬសហរដ្ឋអាមេរិក ដែលប្រទេសទាំងពីរសុទ្ធសឹងតែជាមហាអំណាចសេដ្ឋកិច្ច?

វិបត្តិសេដ្ឋកិច្ចដោយសារ Covid-19 បានគំរាមកំហែងដ៏យូរអង្វែងនៅអាស៊ី លើកលែងតែសេដ្ឋកិច្ចក្នុងតំបន់មួយចំនួនខិតខំប្រឹងប្រែងប្តេជ្ញាចិត្ត ដើម្បីធ្វើពាណិជ្ជកម្មដំណើរការឡើងវិញឱ្យបានឆាប់នៅពេលការជាប់គាំងត្រូវបានបន្ធូរបន្ថយ។ ការធូរស្បើយនៃពាណិជ្ជកម្មនិងទីផ្សារការងារគឺចិនកំពុងនាំមុខសហរដ្ឋអាមេរិក។ វិស័យពាណិជ្ជកម្មនិងការងារដែលប្រទេសចិនបង្កើតជាពិសេសនៅក្នុងផ្នែកសេវាកម្ម គឺមានសារៈសំខាន់ណាស់ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ។

ហេតុផលចំនួនសំខាន់ចំនួន ២ដែលអាចបញ្ជាក់ថា ចិនបានដើរទៅមុខមួយជំហានមុនសហរដ្ឋអាមេរិកនោះគឺដោយសារ ទី១ បើតាមឱ្យដឹងពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា សេដ្ឋកិច្ចចិននៅឆ្នាំ ២០២០ នេះ អាចមានកំណើនប្រមាណ ១.២ ភាគរយ ខណៈសេដ្ឋកិច្ចអាមេរិករំពឹងថានឹងធ្លាក់ចុះចំនួន ៥.៩ ភាគរយ។ មូលហេតុទី ២ គឺដោយសារប្រទេសចិនបានរៀបចំខ្លួនរួចជាស្រេចក្នុងការទប់ទល់ជាមួយបញ្ហាក្រោយវិបត្តិដែលប្រើប្រាស់យុទ្ធសាស្រ្តក្រឡាអុក ចំណែកឯអាមេរិកវិញមានចំនុចខ្វះខាតទៅលើគម្រោងរបស់ខ្លួន។

ចិនគ្រៀងដាក់ដំណើរការនូវកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ជាមួយប្រទេសចំនួន ១៥ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តែផ្តោតចំបងលើអាស៊ីអាគ្នេយ៍ ដោយក្នុងនោះមានចិនជាសមាជិកមានឥទ្ធិពលជាងគេ។ សហរដ្ឋអាមេរិកបានបោះបង់ចោលនូវភាពជាដៃគូជាមួយតំបន់អាស៊ីប៉ាស៊ីហ្វិកដូច្នេះទើបចិនអាចមានឱកាសក្លាយជាប្រទេសមួយដែលអាចតម្រង់គោលនយោបាយពាណិជ្ជកម្ម។

នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ IMF លោកស្រី Kristalina Georgieva បាននិយាយថា វីរុសនេះបានវាយប្រហារសេដ្ឋកិច្ចពិភពលោកក្នុងស្ថានភាពផុយស្រួយ បង្ករឱ្យមានជម្លោះពាណិជ្ជកម្ម ភាពមិនច្បាស់នៃគោលនយោបាយ និងភាពតានតឹងខាងភូមិសាស្ត្រនយោបាយ។

អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានព្យាករណ៍ពីការធ្លាក់ចុះពី ១៣ ទៅ ៣២ ភាគរយ ក្នុងឆ្នាំនេះចំពោះតម្លៃពាណិជ្ជកម្មពិភពលោក និងបាននិយាយថា ផលប៉ះពាល់លើពាណិជ្ជកម្មទំនងជាលើសពីអ្វីដែលបណ្តាលមកពីវិបត្តិហិរញ្ញវត្ថុពិភពលោក។

លោក Roberto Azevedo អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក បាននិយាយថា ពាណិជ្ជកម្មនឹងក្លាយជាធាតុសំខាន់មួយនៅក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ចបន្ទាប់ពីមានវិបត្តិរួច ហើយការរក្សាទីផ្សារឱ្យមានភាពបើកចំហគឺមានសារៈសំខាន់ជាចាំបាច់។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលត្រូវបានចេញផ្សាយបន្ទាប់ពីការប្រជុំរបស់មេដឹកនាំ G20 កាលពីខែមុនបានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានសន្យាថានឹងចាត់វិធានការចាំបាច់ជាបន្ទាន់ដើម្បីសម្រួលដល់ពាណិជ្ជកម្មនិងទំនិញសំខាន់ៗ។ តែក្រៅពីសហរដ្ឋអាមេរិកមានតែប្រទេសចិនទេដែលអាចដើរតួជាពាណិជ្ជកម្មឈានមុខដ៏មានប្រសិទ្ធិភាពនៅក្នុងពេលនេះ។

ប្រធានផ្នែកសិក្សាសេដ្ឋកិច្ចពិភពលោកនៃនាយកដ្ឋានស្រាវជ្រាវរបស់ IMF បាននិយាយនៅក្នុងកិច្ចប្រជុំរបស់ខ្លួនថា“ត្រូវទទួលស្គាល់ថាមានសញ្ញានៃភាពប្រក្រតី នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសចិន។ សេដ្ឋកិច្ចប្រទេសនេះកំពុងដំណើរការទៅរកភាពដើមវិញហើយ” ។ លោកបានកត់សម្គាល់ថា“ ជាមួយនឹងសន្ទុះសេដ្ឋកិច្ចរបស់ចិននិងបរិយាកាសគោលនយោបាយ យើងគិតថានឹងចុះបញ្ជីកំណើនវិជ្ជមាននៅឆ្នាំនេះ” ។

ផ្ទុយទៅវិញទីប្រឹក្សាជាន់ខ្ពស់និងជាប្រធានកម្មវិធីអាស៊ីអាគ្នេយ៍នៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិនៅទីក្រុងវ៉ាស៊ីនតោនបានកត់សម្គាល់ថា សេដ្ឋកិច្ចអាមេរិកនឹងមានការធ្លាក់ចុះ ៦ ភាគរយ ហើយសេដ្ឋកិច្ចនៅអ៉ឺរ៉ុបធ្លាក់ចុះចន្លោះពី ៧-៨ ភាគរយ ចំណែកឯប្រទេសជប៉ុនធ្លាក់ចុះចំនួន ៤ភាគរយ៕

(South Morning China Post)

ក្រសួងរ៉ែ និងថាមពល បង្ហាញឱ្យស្គាល់ពីអនុភាពវារីអគ្គិសនីទី២ របស់កម្ពុជា ស្ថិតនៅខេត្តកំពត

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពល បានណែនាំ និងបង្ហាញសាធារណជនឱ្យស្គាល់ពីវារីអគ្គិសនីទី២ របស់កម្ពុជា ដែលមានឈ្មោះ វារីអគ្គិសនីកំចាយ មានទីតាំងស្ថិតនៅស្ទឹងកំចាយ ឬហៅថាព្រែកទឹកឈូ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្ដកំពត។

តាមរយៈការបង្ហាញរបស់ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា វារីអគ្គិសនីកំចាយមួយនេះ មានអានុភាពផលិតអគ្គិសនី ១៩៤.១ មេហ្កាវ៉ាត់ និងជាគម្រោងវារីអគ្គិសនីទី២ របស់កម្ពុជា ដែលបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០១១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលវិនិយោគដោយក្រុមហ៊ុន Sinohydro Kamchay Hydroelectric Project។

មន្ត្រីជំនាញមន្ទីរ រ៉ែ និងថាមពល ខេត្តកំពត នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅការងារឆ្នាំ២០២០ កាលពីពេលកន្លងទៅនេះ បានលើកឡើងថា អាងស្តុកទឹកនៃទំនប់វារីអគ្គិសនីកំចាយ ខេត្តកំពត អាចរក្សាបាននូវចំនួនធារទឹកស្មើនឹងប្រមាណ៨០ភាគរយ។ ដូច្នេះ បើទោះជាអាកាសធាតុរាំងស្ងួតអូសបន្លាយពេលយូរ ក៏ដំណើរការផលិតថាមពលអគ្គិសនី ពីស្ថានីយវារីអគ្គិសនីនីមួយៗ នៅតែអាចបន្តបានជាធម្មតា។

គិតមកដល់បច្ចុប្បន្ន កម្រិតបរិមាណទឹកនៅក្នុងអាងស្តុបទឹករបស់ទំនប់វារីអគ្គិសនីទាំងអស់នៅទូទាំងប្រទេស អាចរក្សាបាននូវចំនួនធារទឹកបានស្មើនឹង៨០ភាគរយ ក្នុងនោះ រាប់បញ្ចូលទាំងអាងស្តុកទឹកទំនប់វារីអគ្គិសនី កំចាយផងដែរ។ បើយោងតាមបរិមាណធារទឹកនៅក្នុងអាងស្តុក សម្រាប់ឆ្នាំ២០២០នេះ អគ្គិសនីកម្ពុជា សង្ឃឹមថា មិនខ្វះភ្លើងប្រើប្រាស់ទេ ព្រោះការផលិតថាមពល របស់ វារីអគ្គិសនីនីមួយៗ ពិសេសវារីអគ្គិសនីកំចាយតែម្តង នៅតែអាចដំណើរការបានជាធម្មតា បើទោះជារដូវ រាំងស្ងួត អូសបន្លាយរយៈពេលវែងយ៉ាងណាក៏ដោយ។

ក្រុមហ៊ុនស៊ីណូហាយដ្រូកំចាយ (Sinohydro Kamchay Hydroelectric Project) ធ្លាប់បានឱ្យដឹងថា អាងស្តុកទឹករបស់ទំនប់វារីអគ្គិសនី កំចាយ ដែលរចនាឡើងអាចផ្ទុកទឹកទំហំ ៧.៣១លានម៉ែត្រត្រីគុណ ប៉ុន្តែសមត្ថភាពផ្ទុកត្រូវបានកែតម្រូវមកត្រឹម ចំនួន ៣.៣៥៨លានម៉ែត្រត្រីគុណវិញ។ ជាទូទៅ វារីអគ្គិសនីកំចាយ ផលិតថាមពលប្រចាំឆ្នាំ ជាមធ្យម សរុបប្រមាណ៥លានគីឡូវ៉ាត់ម៉ោង រដូវប្រាំង អាចផលិតថាមពលប្រហែល១.២លានគីឡូវ៉ាត់ម៉ោង និង នៅរដូវវស្សា អាចផលិតថាមពលប្រហែល៣.៨លានគីឡូវ៉ាត់ម៉ោង។

ក្រុមហ៊ុន ក៏បានបញ្ជាក់ថា ការផលិតថាមពលរបស់វារីអគ្គិសនីកំចាយទាំងអស់ ត្រូវបានបញ្ចូនទៅបណ្ដាញអគ្គិសនីកម្ពុជា ដែលផ្គត់ផ្គង់ជាចម្បង មានរាជធានីភ្នំពេញ ខេត្ដកំពត និងខេត្ដតាកែវ ហើយភាពជាក់លាក់នៃការផ្គត់ផ្គង់អគ្គិសនី ត្រូវបានកំណត់ និងសម្រេចតាមតម្រូវការជាក់ស្ដែងរបស់អគ្គិសនីកម្ពុជា (EDC) ជាអ្នកបែងចែក៕

ធនាគារអភិវឌ្ឍជនបទពិភាក្សាជាមួយ ADB ដើម្បីស្វែងរកវិធីជម្រុញការគាំទ្រវិស័យ SME នៅកម្ពុជា

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបើកកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីចូលរួមគាំទ្រលើការអនុវត្តគម្រោងនៃការប្រកួតប្រជែងកសិ-ពាណិជ្ជកម្ម និងជំរុញការផ្តល់ឥណទានដល់សហគមន៍កសិកម្ម និងម្ចាស់សហគ្រាសធុនតូច និងមធ្យម (SME) នៅកម្ពុជា ។

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម លោក កៅ ថាច បានដឹកនាំកិច្ចប្រជុំជាមួយក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈ Video Conference កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ ក្រោមគោលបំណងពិភាក្សាលម្អិតជាមួយភាគីធនាគារ ADB អំពីលទ្ធភាពនៃការសហការជាមួយ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីចូលរួមអនុវត្ត “គម្រោងអភិវឌ្ឍន៍ការប្រកួតប្រជែងកសិ-ពាណិជ្ជកម្ម (Competitive Agribusiness Development Project)”។

លោក កៅ ថាច បានបញ្ជាក់ថា គម្រោងគម្រោងអភិវឌ្ឍន៍ការប្រកួតប្រជែងកសិ-ពាណិជ្ជកម្ម គឺមានការផ្តោតសំខាន់ទៅលើការបង្កើនតម្លៃបន្ថែមដល់តួអង្គនៃខ្សែច្រវាក់ផលិតកម្មកសិកម្ម ដើម្បីជំរុញផលិតកសិកម្មកសិកម្ម”។ ជាមួយគ្នានេះ លោកក៏បានបង្ហាញពីកិច្ចស្វាគមន៍ចំពោះការចូលរួមគាំទ្រអនុវត្តគម្រោងក្នុងគោលដៅអភិវឌ្ឍន៍វិស័យកសិកម្មនៅប្រទេសកម្ពុជា ជាមួយនឹងការលើកឡើងអំពីបច្ចុប្បន្នដែលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បាន និងកំពុងជំរុញការផ្តល់ឥណទានដល់សហគមន៍កសិកម្ម និងម្ចាស់សហគ្រាសគ្រឹះស្ថានធុនតូចនិងមធ្យម គាំទ្រផលិតកម្មបន្លែ ការចិញ្ចឹមសត្វ និងការចិញ្ចឹមត្រី។

លោកអគ្គនាយកក៏បានផ្តល់ជាយោបល់ដោយស្នើឱ្យ ធនាគារអភិវឌ្ឍន៍អាស៊ី គាំទ្រហិរញ្ញប្បទានគម្រោងមួយផ្នែកជា Credit Guarantee Scheme ដល់សហគមន៍កសិកម្មដើម្បីអាចឱ្យសហគមន៍មានលទ្ធភាពខ្ចីឥណទានបាន ដោយសារបច្ចុប្បន្នសហគមន៍ភាគច្រើនមិនមានទ្រព្យធានា ព្រមទាំងគាំទ្រដល់ផ្នែកហេដ្ឋារចនាសម្ព័ន្ធផលិតកម្មបន្លែ បន្ទាប់ពីប្រមូលផល (post-harvest infrastructure) ដូចជា Cool-room និង Pre-cool room ជាដើម៕

រដ្ឋាភិបាលស្នើដល់ម្ចាស់លំនៅឋានរាយការណ៍អំពីវត្តមានជនបរទេសស្នាក់នៅក្នុងលំនៅឋានរបស់ខ្លួន

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាតាមរយៈអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានស្នើដល់ម្ចាស់ផ្ទះ ឬអ្នកកាន់កាប់លំនៅឋានរាយការណ៍អំពីវត្តមានជនបរទេសដែលបានមកស្នាក់នៅក្នុងលំនៅឋានរបស់ខ្លួនឱ្យមកចុះបញ្ជីនៅក្នុងប្រព័ន្ធ គ្រប់គ្រងវត្តមានជនបរទេសក្នុងប្រទេសកម្ពុជា (FPCS) ដើម្បីទទួលបានការអនុញ្ញាតឱ្យបន្តរយៈពេលស្នាក់នៅ។

នេះ បើយោងតាមលិខិតមួយច្បាប់ចុះហត្ថលេខានៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២០ ដោយលោក នាយឧត្តមសេនីយ៍ គៀត-ច័ន្ធថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ផ្ញើរជូន អគ្គស្នងការរង និងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកស្នងការនគរបាលខេត្តទំាងអស់ដើម្បីផ្សព្វផ្សាយជូនដល់ម្ចាល់លំនៅឋាន។

អគ្គនាយកដ្ឋានអន្តរប្រវេសន៍បន្តថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងអនុវត្តវិធានការ មិនផ្តល់ទិដ្ឋាការ បន្តរយៈពេលស្នាក់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ចំពោះជនបរទេសណា ដែលគ្មានឈ្មោះក្នុងប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា ( FPCS) ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ តទៅ។

លោក នាយឧត្តមសេនីយ៍ គៀត-ច័ន្ធថារិទ្ធ បានស្នើដល់ស្នងការនគបាលរាជធានី-ខេត្តទាំងអស់ធ្វើការផ្សព្វផ្សាយគោលការណ៍ណែនាំនេះ ជូលដល់ម្ចាស់ ឬអ្នកកាន់កាប់លំនៅឋានគ្រប់ប្រភេទឱ្យធ្វើសេចក្តីរាយការណ៍អំពីវត្តមានជនបរទេសដែលបានមកស្នាក់នៅក្នុងលំនៅឋានរបស់ខ្លួន។

ជនបរទេសដែលចាត់ទុកជាអន្តោប្រវេសន្ត គឺជនបរទេសដែលមកដល់ព្រះរាជាណាចក្រកម្ពុជាដោយស្របច្បាប់ ដើម្បីស្នាក់នៅរយៈពេលយូរ ឬដើម្បីប្រកបវិជ្ជាជីវៈ ឬធ្វើសកម្មភាពផ្សេងៗ ទាក់ទងនឹងឧស្សាហកម្ម ពាណិជ្ជកម្ម សេវា ឬកសិកម្ម។

យោងតាមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅក្នុងលទ្ធផលនៃការអនុវត្តន៍ការងាររយៈពេល២ឆ្នាំ៦ខែបានរកឃើញថា ជនបរទេសបែបអន្តោប្រវេសន្តនៅកម្ពុជាមានចំនួន ១១សញ្ជាតិ ៤៩,៦០៣គ្រួសារ ស្មើនឹង ១៨២,៦៧៣នាក់ នារី ៨២,៤៨៨នាក់។ ក្នុងនោះអាយុចាប់ពី ១៨ឆ្នាំឡើងទៅមានចំនួន ១២៥,៨៩៣នាក់ នារី ៥៤,៨៨២នាក់៕

រដ្ឋមន្ត្រីការបរទេសចិនសន្យាជួយកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចំរើនបន្ថែមទៀត ក្រោយចប់ Covid-19

ដោយវុត្ថា

ភ្នំពេញ៖ លោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសរបស់ចិន បានលើកឡើងថា អាទិភាពរបស់ប្រទេសកម្ពុជា-ចិនគឺបន្តជំរុញកិច្ចសហប្រិបត្តិការក្នុងក្របខណ្ឌនានា ជំរុញសេដ្ឋកិច្ចឱ្យងើបឡើងវិញពីវិបត្តិCOVID-19 ដោយផ្តោតការយកចិត្តទុកដាក់លើវិស័យសំខាន់ៗដែលបានព្រមព្រៀងគ្នាកន្លងមក។

លោក វ៉ាង យី នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ អំពីការរួមកំលាំងគ្នាប្រយុទ្ធប្រឆាំង COVID-19 និងទំនាក់ទំនងទ្វេភាគី ជាមួយលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ម្សិលមិញបានបញ្ជាក់ជាថ្មីថា ចិននឹងបន្តជួយគាំទ្រកម្ពុជាតទៅទៀត ដើម្បីជំរុញការអភិវឌ្ឍឱ្យកាន់តែខ្លាំងក្លាថែមទៀត។

ស្តីពីទំនាក់ទំនងទ្វេភាគីវិញ លោក វ៉ាង យី បានលើកឡើងថា ឆ្នាំនេះជាខួប២០ឆ្នាំ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជា ហើយប្រទេសទាំងពីរ នឹងបន្តអនុវត្តកិច្ចព្រមព្រៀងទាំងឡាយដើម្បីជ្រោងទំនាក់ទំនងទ្វេភាគីរបស់យើងទៅកាន់កំរិតកាន់តែខ្ពស់ថែមទៀត។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានកោតសរសើរជោគជ័យដែលប្រទេសចិនសម្រេចបានក្នុងការទប់ស្កាត់ជំងឺ COVID-19 តាមរយៈការធ្វើពលិកម្មខ្លួនឯងដ៏ធំធេង និងការរួមកម្លាំងជាធ្លុងមួយរបស់បក្ស រដ្ឋាភិបាល និងប្រជាជនចិនទាំងមូល ក្នុងការទប់ស្កាត់ការរីករាលដាល និងការព្យាបាលអ្នកជំងឺ។ លោកក៏បានសរសើរ និងអរគុណចិនដែលបានបោះដៃជួយដល់ប្រទេសជាច្រើននៅលើលោកតាមការបញ្ជូនគ្រូពេទ្យ សម្ភារពេទ្យ និងថ្នាំ ចែករំលែកមេរៀន បទពិសោធន៍ ដែលនេះជាការបង្ហាញពីសាមគ្គីភាព និងការទទួលខុសត្រូវជាអន្តរជាតិពិតៗ។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានអរគុណចិនដែលបានបញ្ជូនគ្រូពេទ្យ និងសម្ភារពេទ្យទាំងពីខាងស៊ីវិល និងយោធា ជួយផ្គត់ផ្គង់វត្ថុធាតុដើម ដើម្បីឱ្យរោងចក្រនៅកម្ពុជាបន្តដំណើរការ ជួយយកចិត្តទុកដាក់ចំពោះពលរដ្ឋ និងនិស្សិតខ្មែរនៅប្រទេសចិន ក៏ដូចជាជួយផ្តល់បទពិសោធន៍ដល់កងកំលាំងមួកខៀវកម្ពុជានៅលីបង់ និងនៅម៉ាលី។

លោក វ៉ាង យី បានរំលឹកពីកិច្ចប្រឹងប្រែងរបស់ប្រទេសចិនទាំងមូលក្នុងការជំនះវិបត្តិ គ្រប់គ្រងវិបត្តិ តាមរយៈវិធានការដ៏តឹងរឹងនានា និងគូសបញ្ជាក់ពីតម្រូវការក្នុងការរក្សាការប្រុងប្រយ័ត្នតទៅទៀត។

លោក វ៉ាង យី បានលើកឡើងអំពីស្មារតីជួយគ្នាទៅវិញទៅមករវាងចិន និងកម្ពុជា ដោយរំលឹកពីព្រះរាជកិច្ចគាំទ្ររបស់ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ ក៏ដូចជាការគាំទ្រដ៏ពេញទំហឹងរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈការបំពេញទស្សនកិច្ចការងារនៅទីក្រុងប៉េកាំងនៅពេលប្រទេស ចិនជួបការលំបាកខ្លាំងបំផុត។

លោក វ៉ាង យី បានអរគុណកម្ពុជា ដែលបានប្រឆាំងនឹងការធ្វើនយោបាយតូបនីយកម្ម និងល្បែងទំលាក់កំហុសក្នុងពេលដែលយើងត្រូវរួមគ្នា ដើម្បីប្រឈមនឹងការគំរាមកំហែងរួមចំពោះមនុស្សជាតិ។ លោក វ៉ាង យី បានចាត់ទុកការដែលកម្ពុជាគាំទ្រកិច្ចប្រឹប្រែងរបស់អង្គការសុខភាពពិភពលោក (WHO) គឺជាជំហរមួយដ៏ត្រឹមត្រូវ។

តបនឹងគំនិតផ្តួចផ្តើមរបស់ លោក វ៉ាង យី ក្នុងការជំរុញការពិភាក្សាផ្លាស់ប្តូរយោបល់រវាងថ្នាក់ដឹកនាំនានាតាមរយៈ Video Conference លោក ប្រាក់ សុខុន បានគាំទ្រគំនិតនេះ ហើយបានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានបូកបី កាលពីថ្ងៃទី១៤ ខែមេសា កន្លងទៅ គឺជាការបញ្ជាក់យ៉ាងច្បាស់ អំពីការប្តេជ្ញារបស់មេដឹកនាំរបស់យើង ក្នុងការផ្គុំកំលាំងគ្នា ស្វែងរកចម្លើយរួមប្រឆាំង COVID-19 ។

លោកឧបនាយករដ្ឋមន្រ្តីក៏បានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ចិន ដែលអំពាវនាវឱ្យមានការឯកភាពគ្នាក្នុងការប្រឆាំងCOVID-19 (“Covid-19: A Call for Unity”) ដោយអះអាងថា ពេលនេះគឺជាពេលវេលាដែលយើងត្រូវរួបរួមគ្នា មិនមែនជាពេលដែលត្រូវបែកគ្នានោះទេ។ លោក ប្រាក់ សុខុន ក៏បានគាំទ្រការប្រកាន់អភិក្រមបែបវិទ្យាសាស្រ្តដើម្បីប្រយុទ្ធប្រឆាំងCOVID-19 គាំទ្រកិច្ចប្រឹងប្រែងរបស់អង្គការ WHO និងគាំទ្រគំនិតថ្លឹងថ្លែងរវាងការប្រយុទ្ធប្រឆាំង COVID-19 ជាមួយនឹងការអភិវឌ្ឍ៕

វិស័យដឹកជញ្ជូនកម្ពុជាកំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ

SHANGHAI, CHINA - OCTOBER 04: Tugboats guide a container ship of Maersk Line at the Yangshan Deepwater Port, operated by Shanghai International Port ( Group) Co., Ltd. (SIPG), on October 4, 2019 in Shanghai, China. (Photo by Ji Haixin/VCG via Getty Images)

ដោយវុត្ថា

ភ្នំពេញ៖ វិស័យភស្តុភារកម្ម និងដឹកជញ្ជូនកម្ពុជា បាននឹងកំពុងទទួលរងនូវរងគ្រោះ និងផលប៉ះពាល់ដែលបង្កឡើងដោយការរីករាលដាលជាសកលនៃជំងឺកូវីដ ១៩ ខណៈដែលជំងឺមួយនេះ បាននឹងកំពុងជះឥទ្ធិពលអាក្រក់ និងប៉ះពាល់យ៉ាងខ្លាំងមកលើសេដ្ឋកិច្ចសកល រួមទាំងប្រទេសកម្ពុជាផងដែរ ដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងជាទីបំផុត។

យោងតាមសមគមភស្តុភារកម្មកម្ពុជាដែលបានចេញផ្សាយនូវសេចក្តីថ្លែងការណ៍មួយស្តីពីការព្រួយបារម្ភអំពីស្ថានភាពអាជីវកម្មក្នុងវិស័យភស្តុភារកម្ម និងដឹកជញ្ជូនកម្ពុជាកាលពីពេលថ្មីៗមកកន្លងមកនេះ ឱ្យដឹងថា ការផ្តើមពីការបិទការផ្គត់ផ្គង់វត្ថុធាតុដើមនាំចូលពីប្រទេសចិន បានធ្វើឱ្យវិស័យដឹកជញ្ជូនកបាត់បង់ការងរមួយចំនួនធំដោយសារវិស័យកាត់ដេរជាឧស្សាហកម្មដ៏ធំទីមួយរបស់កម្ពុជាដែលផ្តល់ការងារសេវាកម្ម Logistics និងដឹកជញ្ជូនបានរាប់រាលក្រុមហ៊ុន។

សមាគមបន្តថា មិនយូប៉ុន្មានវិស័យអកាសចរណ៍មួយចំនួនធំបានផ្អាកការហោះហើរ ដែលធ្វើឱ្យក្រុមហ៊ុនសេវាកម្មជើងសារលើការដឹកជញ្ជូនតាមអាកាសទាំងអស់ត្រូវបានបាត់បង់អាជីវកម្ម និងរងការខាតបង់ជាទម្ងន់ក្នុងការធានាការដឹកទំនិញតាមកិច្ចសន្យាទៅកាន់អតិថិជននៅក្រៅប្រទេសក្នុងកាលៈទេសៈដែលតម្លៃដឹកជញ្ជូនតាមផ្លូវអកាសមានការកើនឡើងជាគំហុក។

សមាគមនបន្ថែមទៀងថា ក្រៅពីនេះ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ ១៩ កាន់តែខ្លាំងបានធ្វើឱ្យមានការរឹតបន្តឹងនីងបិតច្រកព្រំដែនដែនគោកភ្លាមៗ ដែលនេះ ជាបញ្ហាមិនអាចបន្ទោសអ្នកណាម្នាក់បាន។
សមាគមបញ្ជាក់ទឪតថា “អ្វីដែលកាន់តែបន្ទុកធ្ងន់ធ្ងរសម្រាប់វិស័យ Logistics ក៏ដូចជាវិស័យដទៃៗផ្សេងទៀត នោះគឺការចុះធ្វើសវនកម្មគ្រប់ប្រភេទពីអគ្គនាយកដ្ឋានពន្ធដារ និងសាខាពន្ធដារជាបន្តបន្ទាប់ បានធ្វើឱ្យម្ចាស់អាជីវកម្មទាំងអស់ខ្លាចជាងជំងឺកូវីដ ១៩ ទៅទៀត”។

សមាគមបញ្ជាក់ទៀតថា ការផ្អាកការនាំចេញទំនិញរបស់រោងចក្រកាត់ដេរ ស្បែកជើង សម្ភារៈធ្វើដំណើរ ទៅកាន់ទីផ្សារអាមេរិក និងអឺរ៉ុប (ដោយសារអ្នកបញ្ជាតិញផ្អាកការនាំចូល) បានធ្វើឱ្យក្រុមហ៊ុនដឹកជញ្ជូនបាត់បង់សកម្មភាពអាជីវកម្មដឹកជញ្ជូនកាន់តែធ្ងន់ធ្ងរឡើងថែមមួយកម្រិតទៀត។

លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឱ្យដឹងដែរថា ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ នេះ មិនមែនតែវិស័យភស្តុភារ និងដឹកជញ្ជូនកម្ពុជាទទួលរងនូវផលប៉ះពាល់នោះទេ គឺគ្រប់វិស័យទាំងអស់បាននឹងកំពុងជួបបញ្ហាប្រឈមដូចដូចគ្នា។

លោកបន្តថា “ការប៉ះពាលនេះទៀតសោតមិនមែនតែកម្ពុជានោះទេ គឺបណ្តាប្រទេសនានានៅក្នុងតំបន់ និងពិភពលោក ក៏មានបញ្ហាដូចគ្នានេះដែរ អាចនិយាយបានថាវាប៉ះពាល់ជាកលទៅហើយ”៕

រដ្ឋាភិបាលកំពុងធ្វើពិពិធកម្មកែច្នៃផលិតផលក្នុងស្រុកឱ្យបាន១២ភាគរយ នៃការនាំចេញសរុប

ដោយ ៖ រ៉ាណេត

កំពង់ធំ ៖ រដ្ឋាភិបាលកម្ពុជា បានដាក់គោលដៅ និងលើកផែនការយ៉ាងម៉ឺងមាត់លើការធ្វើពិពិធម្មកែច្នៃផលិតផលក្នុងស្រុក ជាពិសេសផលិតផលកសិឧស្សាហកម្មសម្រាប់ការនាំចេញឱ្យបាន១២ភាគរយនៃផលិតផលសរុបនៅត្រឹមឆ្នាំ២០២៥ខាងមុខនេះ។

ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម លោក គង់ ភាជ បានមានប្រសាសន៍នៅក្នុងពិធីចុះកិច្ចសន្យាលើផលិតកម្មកសិកម្មស្ដីពីការទិញ-លក់ផលិតផលស្វាយចន្ទី រវាងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ ខេត្តកំពង់ធំ ក្រោមកិច្ចជ្រោមជ្រែងពីក្រុមហ៊ុនមកពីជប៉ុន ជាមួយសហគមន៍ដាំដុះ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ថា រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងដាក់គោលដៅកែច្នៃផលិតផលក្នុងស្រុកឱ្យបានយ៉ាងតិច១២ភាគរយនៃផលិតផលនាំចេញសរុបនៅត្រឹមឆ្នាំ២០២៥ ដើម្បីលើកស្ទួយវិស័យកសិឧស្សាហកម្ម និងលទ្ធភាពរបស់ប្រជាកសិករដាំដុះ។

លោកបានបញ្ជាក់ថា “ក្រសួងកសិកម្ម គឺជាសេនាធិការ ដែលបានរៀបចំ និងដើរតាមជំហ៊ានដែលបានដៅដោយរាជរដ្ឋាភិបាល ដោយផ្តោតសំខាន់ទៅលើគុណភាព និងតម្លៃទីផ្សារក្នុងស្រុកជូនប្រជាកសិករដែលជាអ្នកផលិត ដើម្បីឱ្យផលិតផលដែលបានផលិតរួចរាល់ធ្វើការនាំចេញទៅផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ដែលមានការប្រកួតប្រជែងខ្លាំង”។
លោកបានបញញជាក់ថា “ការចុះកិច្ចសន្យាលើផលិតកម្មកសិកម្ម គឺជាការធ្វើពាណិជ្ជកម្មស្មោះត្រង់មួយ ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម ដែលបានកំណត់ និងដាក់ចេញ ក្នុងគោលបំណងបង្កើនទាំងបរិមាណ និងគុណភាពលើផលិតផលរបស់កសិករ រួមជាមួយនឹងការបង្ហាញនូវផលចំណេញទាំងប្រជាពលរដ្ឋ និងក្រុមហ៊ុនកែច្នៃសម្រាប់នាំចេញ។

តំណាងសិប្បកម្មកែច្នៃគ្រាប់ពូជស្វាយចន្ទី ជ័យសំបូរ លោកស្រី អ៊ិន ឡៃហួត បានលើកឡើងផងដែរថា សិប្បកម្មមួយនេះបានបង្កើតឡើងក្រោមការជួយជ្រោមជ្រែងពីក្រុមហ៊ុនជប៉ុន ដោយក្នុងនោះ ការចុះកិច្ចសន្យារវាងសិប្បកម្ម និងសហគមន៍កសិករដាំដុះដទៃទៀត គឺជាការបង្ហាញពីភាពកក់ក្ដៅ និងពង្រឹងការទទួលខុសត្រូវ ភាពជឿទុកចិត្តរវាងភាគីអ្នកផលិត និងភាគីអ្នកទិញ ដែលអាចនិយាយបានថា ឈរលើគោលការណ៍ស្មើភាព ធានាឱ្យមានភាពច្បាស់លាស់អំពីតម្លៃ តាមបរិមាណ និងគុណភាព។

ផលិតផលនៃវិស័យកសិឧស្សាហកម្មកម្ពុជានៅពេលបច្ចុប្បន្ន ត្រូវបានទទួលស្គាល់គុណភាពពីបណ្តាទីផ្សារក្រៅស្រុកជាបន្តបន្ទាប់ ជាពិសេសទីផ្សារនៅក្នុងតំបន់និងមានការនាំចេញជាបន្តបន្ទាប់ ដូចជាទីផ្សារនៅក្នុងប្រទេសជប៉ុន ចិន កូរ៉េ ម៉ាឡេស៊ី និងទីផ្សារប៉ែកអឺរ៉ុបមួយចំនួនទៀតផងដែរ៕

ក្រុមហ៊ុនជប៉ុនចំនួន ២ នឹងចាប់ផ្តើមផលិតថាមពលជីវម៉ាស់ និងថាមពលព្រះអាទិត្យនៅកម្ពុជា

ដោយ ប៊ី

ក្រុមហ៊ុនផលិតថាមពលកកើតឡើងវិញរបស់ជប៉ុន Aura Green Energy Co បានចាប់ដៃគូជាមួយដៃគូសហការដើម្បីបើកអាជីវកម្មផលិតថាមពលរួមបញ្ចូលជីវម៉ាស និងថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជាក្នុងឆ្នាំ ២០២១ ក្នុងគោលបំណងជួយធានាដល់ការផ្គត់ផ្គង់ថាមពលមានស្ថេរភាព។

អ្នកនាំពាក្យថាក្រុមហ៊ុន បានប្រាប់កាសែតជប៉ុន NNA កាលចុងសប្តាហ៍មុនថា ក្រុមហ៊ុនAura Green Energy និងក្រុមហ៊ុនប្រព័ន្ធសូឡា WWB Corp គ្រោងនឹងសាងសង់រោងចក្រផលិតថាមពលដោយប្រើអង្កាមជាឥន្ធនៈនៅក្នុងរោងម៉ាស៊ីនកិនស្រូវក្បែរទីក្រុងភ្នំពេញ រួមជាមួយបន្ទះសូឡា។

ក្រោមគម្រោងតម្លៃ ៤០០ លានយ៉េន (៣.៧ លានដុល្លារ) រោងចក្រថាមពលបៃតងរួមបញ្ចូលគ្នាជាមួយនឹងសមត្ថភាពផលិតសរុប ១.៥០០ គីឡូវ៉ាត់នឹងផ្គត់ផ្គង់ថាមពលដល់រោងម៉ាស៊ីនកិនស្រូវរបស់ក្រុមហ៊ុន Angkor Kasekam Roongroeung ដែលជាអ្នកផលិតស្រូវក្នុងស្រុកធំមួយនៅខេត្តកណ្តាលជាប់គ្នា ដោយមានផែនការលក់នូវថាមពលអតិរេកណាមួយទៅឱ្យក្រុមហ៊ុនថាមពលក្នុងស្រុក។

អ្នកនាំពាក្យរូបនេះបាននិយាយថា ក្រុមហ៊ុនជប៉ុនទាំងពីរបានបង្កើតការបណ្តាក់ទុនរួមគ្នាចំនួន ៥០-៥០ ដោយមានដើមទុនចំនួន ៥០០០ ដុល្លារនៅក្នុងប្រទេសកម្ពុជានៅក្នុងខែកុម្ភៈសម្រាប់អាជីវកម្មនេះ។ ក្រុមហ៊ុន WWB នឹងផ្គត់ផ្គង់បន្ទះសូឡាដែលផលិតនៅប្រទេសវៀតណាមសម្រាប់រោងចក្រនៅកម្ពុជា។

គម្រោងនេះត្រូវបានឧបត្ថម្ភធនមួយផ្នែកដោយរដ្ឋាភិបាលជប៉ុនក្នុងទឹកប្រាក់ប្រមាណ ១១០ លានយ៉េនក្រោមយន្តការផ្តល់ឥណទានរួមគ្នាផែនការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដើម្បីផ្លាស់ប្តូរការបំភាយឧស្ម័នកាបូនឌីអុកស៊ីត។

យោងតាមអ្នកនាំពាក្យបានឱ្យដឹងថា ក្រុមហ៊ុន Aura Green Energy ប៉ាន់ប្រមាណថា គម្រោងនេះនឹងចូលរួមកាត់បន្ថយការបំភាយឧស្ម័នកាបូនិក ១,៣១៦ តោនក្នុងមួយឆ្នាំពីការផលិតថាមពលជីវម៉ាស និង ៥៦៥ តោនពីថាមពលពន្លឺព្រះអាទិត្យ។

ក្រុមហ៊ុនផលិតថាមពលកកើតឡើងវិញកំពុងអនុវត្តគម្រោងផលិតជីវម៉ាស់ និងថាមពលវារីអគ្គិសនីនៅក្នុងប្រទេសឥណ្ឌូនេស៊ីដោយប្រតិបត្តិការទាំងពីរគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២១។ ក្រុមហ៊ុនក៏គ្រោងនឹងបើកអាជីវកម្មស្រដៀងគ្នានេះនៅក្នុងប្រទេសស្រីលង្កាផងដែរ៕