ដោយៈ ប៊ី
ភ្នំពេញៈ អ្នកជំនាញបានអះអាងថា ចំនួនវិនិយោគខុនដូក្នុងស្រុក ចាប់ផ្តើមមានកំណើនឡើង ខណៈអ្នកទិញខុនដូ នៅកម្ពុជា ជាជនបរទេសមានការថយចុះ និងជំនួសមកវិញដោយជនជាតិខ្មែរ និងទីផ្សារក្នុងស្រុក។
នាយិកាក្រុមហ៊ុន CBRE Cambodia លោកស្រីអាន សុធីតាបានប្រាប់ Propertyarea.asia នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះថា តាមការសង្កេតរបស់លោកស្រីបច្ចុប្បន្ន តម្រូវការខុនដូក្នុងស្រុកកើនឡើង ជំនួសឱ្យតម្រូវការក្រៅប្រទេស។
លោកបានថ្លែងថា“ខុនដូប្រភេទមធ្យម និងប្រភេទតម្លៃសមរម្យមានតម្រូវការច្រើនសម្រាប់ទីផ្សារក្នុងស្រុក”។ លោកបន្តថា “បច្ចុប្បន្នខុនដូយូនីតតម្លៃមធ្យម ត្រូវបានទិញដោយអ្នកវិនិយោគក្នុងស្រុកប្រមាណ៥០ភាគរយ និងខុនដូប្រភេទតម្លៃសមរម្យដែលលក់ចេញ១០យូនីត មាន៦ទៅ៧យូនីតត្រូវបានទិញដោយជនជាតិខ្មែរ”។
លោកស្រីបានឱ្យដឹងទៀតថា “គិតត្រឹមឆមាសទី១ឆ្នាំ ២០២០ នេះ កម្ពុជាមានខុនដូសរុបប្រមាណ២ម៉ឺនយូនីត ហើយបច្ចុប្បន្ននេះចំនួនអ្នកទិញខុនដូ នៅកម្ពុជាជាជនបរទេសមានការថយចុះ និងជំនួសមកវិញដោយជនជាតិខ្មែរ និងទីផ្សារក្នុងស្រុក ដោយសារតែផ្នត់គំនិតរបស់ជនជាតិខ្មែរ ដែលចង់រស់នៅក្នុងខុនដូកាន់តែកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ”។
លោកស្រីបានឱ្យដឹងថា វាក៏មិនចំលែកនោះទេ ដែលអ្នករស់នៅក្នុងខុនដូគឺជាប្រជាជនក្នុងស្រុក ព្រោះថានៅបណ្ដាប្រទេសជាច្រើន ជាពិសេសប្រទេសជិតខាងកម្ពុជា មានបទពិសោធន៍រួចហើយ ដោយពីមុនអ្នករស់នៅក្នុងខុនដូ ជាជនបរទេសតែក្រោយមកក៏ជាជនជាតិខ្លួនវិញ។
អ្នកទិញអចលនទ្រព្យជាច្រើន កំពុងស្វែងរកចាប់យកឱកាស ក្នុងការទិញអចលនទ្រព្យស្ទើតែគ្រប់ទីកន្លែង និងគ្រប់ប្រភេទ ដែលមានសក្ដានុពលទូទាំងប្រទេសកម្ពុជា ខណៈវិស័យនេះបានចាប់ងាកចេញពីវិបត្តិ COVID-19។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា បានថ្លែងឲ្យដឹងនៅពេលថ្មីៗនេះថា ទីផ្សារអចលនទ្រព្យបាន និងកំពុងចាប់ផ្តើមងាកចេញពីវិបត្តិ COVID-19 ខណៈអ្នកវិនិយោគក្នុងវិស័យនេះ កំពុងស្វែងរកឱកាស ដើម្បីចាប់យកអចលនទ្រព្យ នៅទីតាំងដែលមានសក្តានុពល នៅទីតាំងផ្សេងៗស្ទើពេញផ្ទៃប្រទេស។
លោកបានថ្លែងថា “អ្នកទិញអចលនទ្រព្យកាន់តែច្រើន កំពុងស្វែងរកចាប់យកអចលនទ្រព្យស្ទើតែគ្រប់ទីកន្លែងក្នុងប្រទេស”។ លោកបន្តថា “សក្តានុពលនៃទីផ្សារអចលនទ្រព្យនៅកម្ពុជា បានចាប់ផ្តើមកើនឡើងជាលំដាប់”។
លោកបន្ថែមថា “វិស័យអចលនទ្រព្យនៅកម្ពុជា បច្ចុប្បន្នមានភាពរស់រវើក ហើយខ្ញុំនៅតែមានសុទិដ្ឋិនិយមថា វិស័យនេះនឹងកើនឡើងទ្វេដង នៅពេលដែលជំងឺ Covid-19 បានផុតរលត់ទាំងស្រុង”៕