ដោយ ៖ រ៉ាណេត
មណ្ឌលគីរី ៖ ស្ថិតនៅក្នុងគម្រោងដែលអាចនឹងប្រែក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ប្រចាំកម្ពុជា បច្ចុប្បន្នខេត្តមណ្ឌលគីរី ក្រៅពីមានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដនានា ក៏ដូចជាគម្រោងសាងសង់ព្រលានយន្ដហោះក្នុងតំបន់ រដ្ឋាភិបាលបាន និងកំពុងព្រាងរៀបចំផែនការមេសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ផងដែរ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន នៅក្នុងកិច្ចបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងបឋមផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរីនាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅក្រុងសែនមនោរម្យ បានជំរុញឱ្យរដ្ឋបាលខេត្តធ្វើយ៉ាងណាឱ្យវិស័យទេសចរណ៍នៅក្នុងខេត្តនេះ អាចទាក់ទាញបានភ្ញៀវទេសចរកាន់តែច្រើនជាងមុនបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច-សង្គម និងបង្កើតការងារផងដែរ។
លោកបណ្ឌិត ថោង ខុន បានប្រសាសន៍ថា សេចក្ដីព្រាងផែនការមេនៃការអភិវឌ្ឍវិស័យទេសចរណ៍នៅទូទាំងខេត្តនេះ ត្រូវបានកំណត់ចក្ខុវិស័យអភិវឌ្ឍទៅលើ តំបន់អាទិភាព (Zoning) កំណត់ទិសដៅ និងទិសយុទ្ធសាស្ត្រអាទិភាពសំខាន់ៗ និងការកំណត់យន្តការស្ថាប័នអនុវត្តផែនការមេ។ល។
ជាមួយគ្នានេះ លោករដ្ឋមន្តី្រក៏បានផ្តល់យោបល់បន្ថែមទៅលើសេចក្តីព្រាងបឋមផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី រួមមាន៖
* ទី១៖ ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ត្រូវតែគោរពទៅតាមអភិក្រមនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ «ការអភិវឌ្ឍបម្រើការអភិរក្ស និងការអភិរក្សទ្រទ្រង់ដល់ការអភិវឌ្ឍ» ដើម្បីបានជាប្រយោជន៍សេដ្ឋកិច្ចសង្គម និងប្រជាពលរដ្ឋមូលដ្ឋានរួមចំណែកដល់ការថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ ពិសេសរក្សាបាននូវអត្តសញ្ញាណដើមរបស់ខេត្តមណ្ឌលគិរី។
* ទី២៖ ការអភិវឌ្ឍត្រូវតែឆ្លើយតបទៅនឹងចក្ខុវិស័យនៃការអភិវឌ្ឍជាតិ ឆ្នាំ២០២០-២០៣៥ និងបណ្តាឆ្នាំខាងមុខ ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល។
* ទី៣៖ កំណត់វិសាលភាពនៃសកម្មភាពវិនិយោគ-អភិវឌ្ឍនៅតំបន់ដែនជម្រកសត្វព្រៃទាំង៥ (ដែនជម្រកសត្វព្រៃភ្នំព្រេច ណាមលៀរ លំផាត់ កែវសីមា និងស្រែពក) និងរបៀងទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍ ប៊ូស្រា-ដាក់ដាំ ដោយលើកទឹកចិត្តឲ្យមានការអភិវឌ្ឍតែសកម្មភាពអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ភ្ជាប់ជាមួយទេសចរណ៍វប្បធម៌ជនជាតិដើមភាគតិចពិសេស គប្បីជំរុញលើកទឹកចិត្ត ពង្រឹងវិស័យសហគមន៍ ទេសចរណ៍ឱ្យបានល្អ និងមានប្រសិទ្ធភាព។
* ទី៤៖ អាជ្ញាធរខេត្តគ្រប់សមត្ថកិច្ចគ្រប់កម្រិត និងជំនាញ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនម៉ឺងម៉ាត់ជាដាច់ខាតតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការទន្ទ្រានដីរដ្ឋ ដីព្រៃជាកម្មសិទ្ធិឯកជន។
* ទី៥៖ ធ្វើការការចុះបញ្ជីរមណីយដ្ឋានទេសចរណ៍សំខាន់ៗក្នុងខេត្តឱ្យបានរួសរាន់ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពនៃការប្រើប្រាស់ និងអភិវឌ្ឍតំបន់ទាំងអស់នេះ៕