ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ គម្រោងសាងសង់ និងទុនវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជា ដែលស្ថិតនៅក្នុងសភាពស្ងប់ស្ងាត់ក្រោមឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចបណ្តាលមកពីជំងឺឆ្លងចាប់តាំងពីដើមឆ្នាំ២០២០មកនោះ អាចនឹងចាប់ផ្តើមមានកម្រើកឡើងវិញនៅក្នុងត្រីមាសទី២ ឬដើមត្រីមាសទី៣នៃឆ្នាំ២០២១ ក្រោយការទប់ស្កាត់ការរាលដាលជំងឺឆ្លងបាន។
តាមការព្យាករណ៍របស់នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia អ្នកស្រី អាន សុធីតា នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះថា ប្រសិនបើបញ្ហានៃការរីករាលដាលនៃជំងឺឆ្លងត្រូវបានធ្វើការទប់ស្កាត់ យ៉ាងហោចណាស់អាចពន្យាពេលរហូតដល់ពាក់កណ្តាលឆ្នាំក្រោយទើបសកម្មភាពវិនិយោគទៅលើគម្រោងថ្មីចាប់ផ្តើមមាននៅកម្ពុជាឡើងវិញ។
ទិន្នន័យដែលចេញផ្សាយដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ទុនវិនិយោគវិស័យសំណង់នៅកម្ពុជាក្នុងឆមាសទី ១ ឆ្នាំ ២០២០ នេះមានតម្លៃជាង ៣,៨៤ ពាន់លានដុល្លារ កើនឡើង ១៣,២៦ ភាគរយ ធៀបនឹងឆមាសទី១ ឆ្នាំមុន។ នៅក្នុងឆមាសទី ១ ឆ្នាំនេះការស្នើសុំគម្រោងវិនិយោគលើវិស័យសំណង់មានចំនួន ២ ៥២២ គម្រោង កើនឡើង ៤៧៥ ធៀបនឹងឆមាសទី ១ ឆ្នាំមុនមានចំនួន ២ ០៤៧ គម្រោង។
តបទៅនឹងទិន្នន័យខាងលើនេះ អ្នកស្រី អាន សុធីតា បានមានប្រសាសន៍ថា “ទាំងអស់នេះភាគច្រើនជាគម្រោង និងទុនវិនិយោគដែលបានស្នើចូលមកកាន់កម្ពុជាតាំងពីឆ្នាំចាស់ ដែលមិនមែនទើបតែកើតមាននៅក្នុងឆ្នាំ២០២០នោះទេ។ យើងទទួលស្គាល់ថា សកម្មភាព និងទុនវិនិយោគថ្មីបានកើនមាននៅក្នុងឆ្នាំ២០២០ខ្លះពិតមែន ប៉ុន្តែគម្រោងថ្មីទាំងនេះ ភាគច្រើនជាសកម្មភាពរបស់អ្នកវិនិយោគក្នុងស្រុកដែលវាមានកំណើនទុនក្នុងវិស័យសំណងតិចភាគរយបើប្រៀបទៅនឹងទុនវិនិយោគដែលទទួលបានពីក្រៅប្រទេស”។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម ធ្លាប់បានមានប្រសាសន៍កាលពីពេលកន្លងទៅថ្មីៗនេះថា នៅក្នុងឆ្នាំ២០២០នេះ សកម្មភាពវិនិយោគក្នុងវិស័យសំណង់ ភាគច្រើនជាសកម្មភាពរបស់អ្នកក្នុងស្រុក ដោយឡែកសម្រាប់លំហូរទុនចូលពីក្រៅស្រុកគឺមានតិចតួចបំផុត។
លោកបានបន្តថា “វិបត្តិសេដ្ឋកិច្ចដែលកំពុងកើតមាននៅពេលនេះ គឺជះឥទ្ធិពលគ្រប់ប្រទេស ដែលបណ្តាលឱ្យប៉ះពាល់ដល់គម្រោងវិនិយោគទាំងអស់។ ប៉ុន្តែក្រោយពេលវិបត្តិនេះត្រូវបានទប់ស្កាត់ គម្រោងវិនិយោគនានានឹងចាប់ផ្តើមរៀបចំឡើងវិញ ហើយតាមខ្ញុំគិត ប្រសិនបើវិបត្តិជំងឺដែលកំពុងរាលដាលនេះត្រូវបានបញ្ចប់នៅត្រឹមចុងឆ្នាំនេះ នោះសកម្មភាពវិនិយោគនៅក្នុងវិស័យសំណង់អាចនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំបន្ទាប់”៕