ដោយវុត្ថា
ភ្នំពេញ៖ វិស័យអចលនទ្រព្យកម្ពុជា នាពេលបច្ចុប្បន្ននេះ មានការប្រែប្រួលចាប់តាំងពីមានការផ្ទុះឡើងនូវវិបត្តិជំងឺកូវីដ១៩ ដែលបណ្តាក្រុមហ៊ុនវិនិយោគ និងអ្នករកស៊ីក្នុងវិស័យនេះបានឹងកំពុងខិតខំប្រឹងប្រែងទប់ ដើម្បីធ្វើយ៉ាងណាឱ្យបានត្រឹមតែមួយរស់ និង ស្វែងរកយុទ្ធសាស្ត្រីថ្មី ក្នុងការវិនិយោគស្របតាមកាលៈទេសៈដ៏លំបាកនេះ។
ប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលវត្ថុកម្ពុជាលោកច្រឹក សុខនីមបានឱ្យដឹងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២០នេះឱ្យដឹងថា ក្រុមហ៊ុនវិនិយោគនីមួយៗ បាននិងកំពុងខិតខំប្រឹងប្រែង ឱ្យបានតែមួយរស់ៗតែប៉ុណ្ណោះ នៅក្នុងវិបត្តិជំងឺកូវីដ ១៩នាពេលនេះ បើទោះបីវិស័យអចលនទ្រព្យមួយចំនួន របស់កម្ពុជានាពេលបច្ចុប្បន្ននេះ មិនមានការឡើងថ្លៃខ្ពស់នោះទេ ហើយក៏មិនមានការធ្លាក់ថ្លៃផងដែរ។
លោកបញ្ជាក់ថា“ស្ថានភាពទីផ្សារអចលនទ្រព្យនៅពេលនេះ ហាក់នៅទ្រឹង ហើយយើងក៏ឃើញមានការលក់ អចលនទ្រព្យមួយចំនួនក្នុងស្ថានភាពបន្ទាន់ និងចុះតម្លៃផ្សេងៗ”។លោកបន្តថា “អ្វីៗវិវត្តន៍ទៅតាមស្ថានភាពបុគ្គល ឬម្ចាស់អចលនទ្រព្យប៉ុណ្ណោះ តែយ៉ាងណានៅក្នុងស្ថានភាពបែបនេះ គឺមិនមានបញ្ហាធ្លាក់ចុះ ឬវិបត្តិធ្ងន់ធ្ងរខ្លាំងក្លានៅក្នុងវិស័យអចលនទ្រព្យនោះទេ”។
លោកច្រឹក សុខនីមបន្ថែមថា ការវិនិយោគឬការទិញ–លក់ផ្សេងៗនៅក្នុងវិស័យអចលនទ្រព្យនាពេលបច្ចុប្បនេះមានតែនៅក្នុងស្រុកប៉ុណ្ណោះខណៈអ្នកមកពីខាងក្រៅគឺមិនមាននោះទេដែលបញ្ហានេះទាមទាពេលវេលាយូបន្ថែមទៀតឬរហូតដល់ស្ថានភាពសេដ្ឋកិច្ចសកលមានភាពធូស្រាយនិងអាចទប់ស្កាត់បាននូវការរីករាលនូវជំងឺកូវីដ១៩។
ជាមួយគ្នានេះ លោក ម៉ម សិរីបញ្ញា អគ្គនាយកក្រុមហ៊ុន EASY PROPERTY INVESTMENTបានឱ្យដឹងដែរថា ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ មិនទាន់ឈាន់ដល់ការព្រួយបារម្ភខ្លាំងពេកនោះទេ ខណៈដែលការទិញលក់នៅតែបន្តមានកសកម្មភាពជាធម្មតាម ។
លោកបន្តថា “តម្លៃអចលនទ្រព្យវិញ ក៏មិនទាន់ជាមានបញ្ហាផងដែរ ហើយក៏មិនទាន់មានឃើញនណាម្នាក់ យល់ព្រមទំលាក់តម្លៃខ្លាំងហួសហេតុផងដែរ”៕