អាកាសយានដ្ឋានកម្ពុជាទាំងបីនៅតែបើកដំណើរការធម្មតា

ដោយវុត្ថា

ភ្នំពេញ៖ អាកាសយដ្ឋានទាំងបីរបស់កម្ពុជា គឺ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នៅតែបើកនិងដំណើរការសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ ជាធម្មតា បើទោះបីកម្ពុជា និងពិភពលោកកំពុងទទួលរងនូវផលប៉ះពាល់ដោយសារជំងឺ Covid-19 យ៉ាងណាក្តី។

យោងតាមការផ្សព្វផ្សាយរបស់ Cambodia Airports នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ នេះ បានឱ្យដឹងថា ក្រុមហ៊ុនកំពុងកែសម្រួលនិតិវិធី និងកម្រិតប្រតិបត្តិការទៅនឹងចរាចរណ៍បច្ចុប្បន្នដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីស្ថានភាពជំងឺ Covid-19 និងការរឹតត្បិតការធ្វើដំណើរទូទាំងពិភពលោក។

Cambodia Airports ឱ្យដឹងថា អាកាសយានដ្ឋានរបស់យើងឥឡូវនេះកំពុងធ្វើការលើផែនការស្តារឡើងវិញជាមួយអាជ្ញាធរពាក់ព័ន្ធ និងដៃគូអាកាសចរណ៍ដើម្បីធានាសុវត្ថិភាពដល់អ្នកដំណើរទាំងអស់របស់យើងចាប់ពីពេលដែលពួកគេចូលអាកាសយានដ្ឋាន។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ទោះក្នុងរយៈពេលកន្លងមកនេះ កម្ពុជាគ្មានករណីឆ្លងជំងឺកូវីដ១៩ថ្មីយ៉ាងណាក៏ដោយ តែក្រសួងមិនធ្វេសប្រហែសទ្បើយនៃការបន្តរឹតការឆ្លងរីករាលជំងឺកូវីដ១៩ដែលធ្វើទ្បើងតាមរយៈការបន្តត្រួតពិនិត្យតាមព្រំដែន និងតាមអាកាសយានដ្ឋាននានានៅក្នុងប្រទេសកម្ពុជា។

លោកថ្លែងថា កម្ពុជានៅតែជាប្រទេសផុយស្រួយនៅទ្បើយនៃការឆ្លងជំងឺកូវីដ-១៩ បើពលរដ្ឋធ្វេសប្រហេសពីការពារនៃការឆ្លងជំងឺកូវីដ ខណៈកម្ពុជានៅតែព្រួយបារម្ភពីការនំាចូលពីខាងក្រៅនៅទ្បើយដូច្នេះក្រសួងនឹងបន្តរឹតបន្តឹងតាមច្រកព្រំដែន និងតាមអាកាសយានកម្ពុជាផ្សេងៗទៀតដើម្បីធ្វើយ៉ាងណាកុំឱ្យមានករណីឆ្លងជំងី Covid-19 ជាថ្មីទៀតនៅកម្ពុជា។

លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិលធ្លាប់បានឱ្យដឹងថា រហូតមកដល់បច្ចុប្បន្ននេះ មិនទាន់មានក្រុមហ៊ុនអាកាសចរណ៍ ក្នុងស្រុកណាមួយរបស់កម្ពុជា ប្រកាសក្ស័យធនដោយសារ Covid-19 ឡើយ ខណៈយោងតាមស្ថិតិបានឲ្យដឹងថា បន្ទាប់ពីកើតមានជំងឺ Covid-19 នេះ ក្នុងខែមករា ឆ្នាំ២០២០ ភ្ញៀវមានការថយចុះជាមធ្យមប្រមាណ២០ភាគរយ។

លោកបន្តថា កាលពីខែកុម្ភៈមានការថយចុះប្រមាណ៥០ភាគរយ នៅក្នុងខែមីនាថយចុះជាង៧០ភាគរយ ហើយចំពោះខែមេសានេះ មានការថយចុះ រហូតដល់ជាង៩០ភាគរយ គិតត្រឹមខែមេសា ឆ្នាំ២០២០កន្លងមកនេះ៕

ប្រា​សាក់ ចុះបញ្ជី​លក់​មូល​ប​ត្រ​បំណុល​ជា​ផ្លូវការ​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា

រាជធានី​ភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ បន្ទាប់ពី​ការបោះ​ផ្សាយ​ទទួលបាន​ជោគជ័យ​កាលពី​ខែ
មេសា សញ្ញា​បណ្ណ​សាជីវកម្មរ​បស់ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ម.ក ត្រូវបាន​ចុះបញ្ជី​នៅក្នុង​ផ្សារ​មូល​ប​ត្រ​កម្ពុជា​ដែល​អនុញ្ញាតឱ្យ​ចាប់ផ្តើម​សកម្មភាព​ជួញដូរ។ មូល​ប​ត្រ​បំណុល​នេះ​នឹង​ត្រូវបាន​ជួញដូរ​នៅក្នុង​ផ្សារ​មូល​ប​ត្រ​កម្ពុជា​ក្រោម​និមិត្តសញ្ញា “PRA23A”។ សញ្ញា​បណ្ណ​សាជីវកម្ម​ប្រា​សាក់ គឺជា​សញ្ញា​បណ្ណ​ទី ៦ ដែល​ត្រូវបាន​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា និង​ជា​សញ្ញា​បណ្ណ​ទី ២ ដែល​ត្រូវបាន​ធានា​ដោយ​ស្ថាប័ន Credit Guarantee and Investment Facility (CGIF) ដែលជា​មូលនិធិ​បរ​ធន​មួយ​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី។

ស្ថាប័ន CGIF បាន​បញ្ជាក់ថា នេះ​គឺជា​សញ្ញា​បណ្ណ​ទី ២ ដែល​ត្រូវបាន​ធានា​ដោយ​ស្ថាប័ន CGIF នៅក្នុង​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា។ ស្ថាប័ន CGIF បាន​ធានា ១០០% លើ​សញ្ញា​បណ្ណ​សាជីវកម្ម​ប្រា​សាក់ ដែល​បាន​បោះផ្សាយ​លក់​ចំនួន ១២៧,២ ប៊ី​លាន​រៀល ដែលមាន​រយៈពេល ៣ ឆ្នាំ​ជាមួយនឹង​អត្រា​គូ​ប៉ុង​ថេរ ៧,៥០% ក្នុង​មួយឆ្នាំ។ ការបោះ​ផ្សាយ​មូល​ប​ត្រ​បំណុល​លើក​ទី ១ របស់​ប្រា​សាក់​នេះ បង្ហាញ​ពី​ការ​កៀរគរ​ដើមទុន​ធំជាងគេ​តែមួយគត់​នៅក្នុង​ប្រវត្តិសាស្ត្រ​ទីផ្សារ​មូលធន​របស់​ប្រទេស​កម្ពុជា។ សញ្ញា​បណ្ណ​សាជីវកម្ម ប្រា​សាក់ ត្រូវបាន​ចុះបញ្ជី​លក់​ក្រោម​ក្របខណ្ឌ​ការបោះ​ផ្សាយ​សញ្ញា​បណ្ណ​ពហុ​រូបិយប័ណ្ណ​អាស៊ាន+៣ (AMBIF) តាមរយៈ​ការប្រើប្រាស់​ទម្រង់​ឯកសារ​រួម​សម្រាប់​ដាក់ពាក្យ​ស្នើសុំ​ការបោះ​ផ្សាយ​ក្នុងប្រទេស​កម្ពុជា​ស្របតាម​កម្មវិធី​គំនិត​ផ្ដួចផ្ដើម​វេទិកា​ទីផ្សារ​សញ្ញា​បណ្ណ​អាស៊ាន +៣ (ABMI)។

លោកស្រី Sun Guiying នាយក​ប្រតិបត្តិ​របស់ ស្ថាប័ន CGIF បាន​មានប្រសាសន៍ថា «នេះ​ជា​កិត្តិយស​របស់​យើង​ដែល​បានបញ្ចប់​ប្រតិបត្តិការ​សម្រាប់​ដំណាក់កាល​ទីមួយ​នេះ​ប្រកបដោយ​ជោគជ័យ​ក្នុងប្រទេស​កម្ពុជា នៅពេលដែល​ប្រទេស​កំពុងស្ថិត​ក្នុងស្ថានភាព​ជំងឺឆ្លង​កូ​វីដ ១៩ និង​បានទទួល​ការ​សហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​កម្ពុជា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ម.ក និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ផ្សេងទៀត។ ប្រតិបត្តិការ​នេះ​គឺជា​ការបង្កើត​សម័យកាល​មួយ​ដែល​មិន​ត្រឹមតែ​បង្ហាញ​ពី​ការបង្កើន​ដើមទុន​ធំជាងគេ​តែមួយគត់​នៅក្នុង​ប្រវត្តិសាស្ត្រ​ទីផ្សារ​មូលធន​របស់​ប្រទេស​កម្ពុជា​ទេ ថែមទាំង​ជា​ប្រតិបត្តិ​ការដែល​ផ្អែកលើ​ទីផ្សារ និង​ត្រូវបានធ្វើ​បរិវិសកម្ម​ទាំងអស់​ដោយ​វិនិយោគិន​ទាំង​ក្នុងស្រុក និង​បរទេស ដែល​នេះ​ជាការ​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ទីផ្សារ​មូល​ប​ត្រ​នៅ​កម្ពុជា​ផងដែរ ។ សញ្ញា​បណ្ណ​នេះ​ត្រូវបាន​បោះផ្សាយ​ជា​ប្រាក់រៀល ដែល CGIF បាន​គាំទ្រ​ដល់​ការខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​ក្នុងការ​លើកតម្កើង​ប្រាក់រៀល​នៅក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា។ វា​ពិត​ជាមាន​សារៈសំខាន់​ណាស់​ក្នុង​ការជួយជ្រោមជ្រែង​ចំពោះ​តម្រូវការ​ដើមទុន​រប​ស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ធំជាងគេ​បំផុត​ដើម្បី​ធ្វើ​បំណែងចែក​ហិរញ្ញវត្ថុ​ដល់​សហគ្រាស​ខ្នាតតូច​បំផុត ខ្នាតតូច និង​មធ្យម និង​រូបវន្តបុគ្គល​នៅក្នុង​ប្រទេស​អំឡុងពេល​ដ៏​លំបាក​នេះ»។

លោក ស៊ីម សេនា​ជាតិ ប្រធាន​នាយក​ប្រតិបត្តិ​របស់ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ម.ក បាន​មានប្រសាសន៍ថា «មូល​ប​ត្រ​បំណុល​គឺជា​ទីផ្សា​មូលធន​ថ្មី​មួយ​ដែលមាន​សុវត្ថិភាព​និង​ជា​ជំហាន​មួយ​ដ៏​ប្រសើរ​ក្នុងការ​បង្កើន​ដើមទុន​រយៈពេល​វែង។ សាច់ប្រាក់​ដែល​ទទួលបាន​ពី​ការបោះ​ផ្សាយ​សញ្ញា​បណ្ណ​រប​ស់​ប្រា​សាក់​ជំរុញ​ឱ្យ​ប្រា​សាក់​អាចធ្វើ​ពិពិធ​កម្ម​ប្រភព​មូលធន​ជា​ប្រាក់រៀល ទៅជា​កម្ចី​ជា​ប្រាក់រៀល​ក្នុងការ​ទ្រទ្រង់​សហគ្រាស​ខ្នាតតូច​បំផុត សហគ្រាស​ខ្នាតតូច និង​មធ្យម នៅតាម​ជនបទ និង​សហគ្រិន​ជា​ស្ត្រី ក៏ដូចជា​ការលើកតម្កើង​ការប្រើប្រាស់​ប្រាក់រៀល​ស្របទៅតាម​ការខិតខំ​ប្រឹង​ប្រែង​របស់​ធនាគារជាតិ​នៃ​កម្ពុជា ឱ្យ​កាន់តែ​ទូលាយ ។ សព្វថ្ងៃនេះ ក្នុងចំណោម​ផលប​ត្រ​កម្ចី​សរុប ចំនួន ២.៦៧០ លាន​ដុល្លា​អាមេរិក យើង​មាន​ផលប​ត្រក​ម្ចី​ជា​ប្រាក់រៀល ចំនួន ១៣% និង ប្រមាណ​ជា ៨០% ជា​ហិរញ្ញប្បទាន​ទៅដល់​ម្ចាស់​សហគ្រាស​ខ្នាតតូច​បំផុត សហគ្រាស​ខ្នាតតូច និង​មធ្យម ដែលជា​ស្ត្រី ។ សាច់ប្រាក់​ដែល​ទទួលបាន​ពី​ការបោះ​ផ្សាយ​សញ្ញា​បណ្ណ​នេះ នឹង​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​ផ្តល់​កម្ចី​ជូន​ដល់​សាខា​របស់​ប្រា​សាក់​នៅតាម​បណ្ដា ភូមិ ឃុំ »។ លោក​បាន​បន្ថែមទៀតថា​សញ្ញា​បណ្ណ​សាជីវកម្ម​ប្រា​សាក់ ជា​សញ្ញា​បណ្ណ​ដំបូង​បំផុត​ដែលមាន​ការធានា​ដោយ​ស្ថាប័ន CGIF ដែលជា​មូលនិធិ​បរ​ធន​មួយ​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី ដល់​ស្ថាប័នហិរញ្ញវត្ថុ នៅក្នុង​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា ។ ជារួម នេះ​គឺជា​ការវិនិយោគ​មួយ​ដែល​មិនមាន​ហានិភ័យ​សម្រាប់​អ្នក​វិនិយោគិន។

លោក​បាន​បន្តទៀតថា «តាងនាម​ឱ្យ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ ម.ក ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធនាគារជាតិ​នៃ​កម្ពុជា គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា និង​ទីប្រឹក្សា​សញ្ញា​បណ្ណ​សាជីវកម្ម ប្រា​សាក់ ទាំងអស់​ដែល​បាន​ជួយ​ឱ្យសម្រេចបាន​លទ្ធផល​ជោគជ័យ​ដូច​ថ្ងៃនេះ។ នេះ​ជា​សមិទ្ធផល​ដ៏​ធំ​មួយ​របស់​ប្រា​សាក់។ ខ្ញុំ​សូម​កោតសរសើរ​ចំពោះ​វិជ្ជាជីវៈ និង​ភាពស្មោះត្រង់​របស់​ទីប្រឹក្សា​ទាំងអស់។ លទ្ធផល​នេះ​នឹង​មិនអាច​កើតឡើង​សម្រាប់​ពួកយើង​ឡើយ​ក្នុងការ​កៀរគរ​ទុន​ដ៏​ធំ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការបោះ​សញ្ញា​បណ្ណ អំឡុងពេល​ដែលមាន​ជំងឺ​រាតត្បាត​ជាស​កល ប្រសិនបើ​គ្មាន​ការខិតខំ​ប្រឹងប្រែង និង​ការលះបង់​ខ្ពស់​ពី​ក្រុមការងារ និង​សង្ឃឹមថា​ស្មារតី​ដដែល​នេះ​នឹង​នៅតែ​បន្ត​នៅក្នុង​គម្រោង​អនាគត​របស់​យើង​ផងដែរ »។

លោក Shuzo Shikata នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន អេស​ប៊ី​អាយ រ៉ូយ៉ាល់ ស៊ី​ឃ្យួ​រឹ​ធី បាន​មានប្រសាសន៍ថា «ការបោះ​ផ្សាយ​និង​ការធ្វើ​បរិវិសកម្ម​ទាំងស្រុង​ដោយ​ជោគជ័យ​នៃ​សញ្ញា​បណ្ណ​ប្រា​សាក់ ស​ឱ្យឃើញ​ពី​ទំនុកចិត្ត​ខ្ពស់​របស់​វិនិយោគិន​ចំពោះ​ផ្សារ​មូលធន​កម្ពុជា និង​ចំពោះ​ក្រុមហ៊ុន​កម្ពុជា។ នេះ​គឺជា​កិត្តិយស​ដ៏​ធំធេង​ដែល​យើងខ្ញុំ​បាន​ជួយ​សម្រួល​ឱ្យមាន​ប្រតិបត្តិការ​នេះ​កើតឡើង ពោលគឺ​យើង​បានធ្វើឱ្យ​ស្ថាប័នហិរញ្ញវត្ថុ​ដែល​ឈានមុខ​គេ​នៅ​កម្ពុជា និង​ស្ថាប័ន CGIF បាន​រួបរួមគ្នា​ដើម្បី​បោះផ្សាយ​លក់​មូល​ប​ត្រ​បំណុល​ធំជាងគេ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ផ្សារ​មូលធន​របស់​ប្រទេស​កម្ពុជា។ ប្រតិបត្តិការ​នេះ​នឹង​ផ្ដល់​ជា​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ក្រុមហ៊ុន​ក្នុងស្រុក​ដទៃទៀត​ដើរ​តាម ហើយ​យើងខ្ញុំ​ទន្ទឹងរង់ចាំ​នឹង​សម្របសម្រួល​ដើម្បីឱ្យ​មានការ​កៀរគរ​មូលនិធិ​ដោយ​ជោគជ័យ​បែបនេះ​បន្ថែមទៀត»។

អំពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ម.ក

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ម.ក ជា​គ្រឹះស្ថាន​ដាក់​ប្រាក​បញ្ញើ​ធំជាងគេ​បំផុត​នៅ​កម្ពុជា ។ ក្នុង​ខែមីនា ឆ្នាំ ២០២០ ប្រា​សាក់ នៅតែ​បន្ត​ក្នុងការ​នាំមុខ​ទីផ្សារ បើ​គិតពី ទ្រព្យសកម្ម ឥណទាន​ដុល ប្រាក់​បញ្ញើ​របស់​អតិថិជន និង​ប្រាក់ចំណេញ​សុទ្ធ។ តាមរយៈ​ការពង្រីក​សាខា​រហូតដល់ ១៨០ សាខា និង​ម៉ាស៊ីន​អេ​ធី​អឹម ចំនួន ១៣៨ គ្រឿង គ្របដណ្តប់​ទូទាំងប្រទេស ប្រា​សាក់ ផ្តល់នូវ​ផលិតផល​និង​សេវា​ហិរញ្ញវត្ថុ​ច្រើន​សម្បូរបែប​ដល់​សហគម​ន៍ និង​សហគ្រាស​ខ្នាតតូច​នៅ​ជនបទ ប្រកបដោយ​និរន្តរភាព។

គិត​ត្រឹម​ថ្ងៃទី៣១ ខែ មីនា ឆ្នាំ ២០២០ លទ្ធផល​ដ៏​ល្អប្រសើរ​របស់​ប្រា​សាក់ ត្រូវបាន​បង្ហាញ​តាមរយៈ​កំណើន​ឥណទាន​ដុល ដែល​បាន​កើនឡើង​ដល់ ២.៧២៤ លាន​ដុល្លារ​អាមេរិក និង​ប្រាក់​បញ្ញើ​របស់​អតិថិជន ដែល​បាន​កើនឡើង​ដល់ ១.៨១៨ លាន​ដុល្លារ​អាមេរិក ទ្រព្យសកម្ម​សរុប​រប​ស់​ប្រា​សាក់ បាន​កើន​ឡើងដល់ ៣.២៨១ លាន​ដុល្លារ​អាមេរិក។

អំពី​ស្ថាប័ន CGIF

ស្ថាប័ន Credit Guarantee and Investment Facility (“CGIF”) ត្រូវបាន​បង្កើត​ឡើងជា​ពហុភាគី​ដោយ​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (“អាស៊ាន”) ចិន ជប៉ុន កូរ៉េ (“អាស៊ាន+៣”) និង ធនាគារអភិវឌ្ឍន៍អាស៊ី​(“ADB”)។ ស្ថាប័ន CGIF ត្រូវបាន​បង្កើត​ឡើងជា​មូលនិធិ​បរ​ធន​មួយ​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី ជាមួយនឹង​ដើមទុន​ចំនួន ១.០៧៧,៦ លាន​ដុល្លារ​អាមេរិក ដែល​បានមកពី​ភាគី​ចូលរួម​បរិច្ចាគ។ ក្នុងនាម​ជា​ផ្នែក​សំខាន់​នៃ​គំនិត​ផ្តួចផ្តើម​ទីផ្សារ​សញ្ញា​បណ្ណ​អាស៊ី ស្ថាប័ន CGIF ត្រូវបាន​បង្កើតឡើង​ដើម្បី​អភិវឌ្ឍ និង​ពង្រឹង​រូបិយប័ណ្ណ​ក្នុងស្រុក និង​ទីផ្សារ​សញ្ញា​បណ្ណ​ក្នុង​តំបន់ ក្នុង​អាស៊ាន+។ ស្ថាប័ន CGIF បានចាប់ផ្តើម​ប្រតិបត្តិ​ការធានា​របស់ខ្លួន​នៅ​ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១២ និង​ផ្តោតលើ​ការផ្តល់​ឥណទាន​ជា​ចម្បង​ចំពោះ​សញ្ញា​បណ្ណ​ដែល​បោះផ្សាយ​ជា​រូបិយប័ណ្ណ​ក្នុងស្រុក ដោយ​ក្រុមហ៊ុន​បោះផ្សាយ​ដែលមាន​កេរ្តិ៍ឈ្មោះ​សក្ដិសម​នឹង​ទទួលបាន​ឥណទាន នៅក្នុង​តំបន់​អាស៊ាន+។ ។

អំពី ក្រុមហ៊ុន អេស​ប៊ី​អាយ រ៉ូយ៉ាល់ ស៊ី​ឃ្យួ​រឹ​ធី

ក្រុមហ៊ុន អេស​ប៊ី​អាយ រ៉ូយ៉ាល់ ស៊ី​ឃ្យួ​រឹ​ធី គឺជា​ក្រុមហ៊ុន​មូល​ប​ត្រ​ឈានមុខ​គេ​នៅ​កម្ពុជា ដែល​ផ្តល់ជូន​នូវ
សេវា​វិនិយោគ​គ្រប់បែប​រួមមាន ការធានា​ទិញ​មូល​ប​ត្រ ការប្រឹក្សា​យោបល់ ការរួមបញ្ចូល​គ្នា និង​ការទិញ​ក្រុមហ៊ុន និង​ឈ្មួញ​ជើងសា​មូល​ប​ត្រ​ផងដែរ។ នៅក្នុង​ឆ្នាំ ២០១៨ ក្រុមហ៊ុន ក្រុមហ៊ុន អេស​ប៊ី​អាយ រ៉ូយ៉ាល់ ស៊ី​ឃ្យួ​រឹ​ធី ត្រូវបាន​ទទួលស្គាល់​ជា “Best Corporate and Investment Bank” ដោយ​ទស្សនាវដ្ដី Asiamoney។

ក្រុមហ៊ុន អេស​ប៊ី​អាយ រ៉ូយ៉ាល់ ស៊ី​ឃ្យួ​រឹ​ធី ត្រូវបាន​បង្កើតឡើង​នៅក្នុង​ខែកុម្ភៈ ឆ្នាំ២០១០ ហើយ​គឺជា​ក្រុមហ៊ុន​មូល​ប​ត្រ​របស់​ជប៉ុន​ដំបូង​គេ​បង្អស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទទួលបាន​អាជ្ញា​បណ្ណ​ពេញលេញ​ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​ដើម្បី​ធ្វើ​ប្រតិ​ប​តិ្ត​ការ​អាជីវកម្ម​មូល​ប​ត្រ។

ក្រុមហ៊ុន អេស​ប៊ី​អាយ រ៉ូយ៉ាល់ ស៊ី​ឃ្យួ​រឹ​ធី បានទទួល​នូវ​ជោគជ័យ​ពី​ប្រតិបត្តិការ​ជាច្រើន​ដែល​រួមមាន
មូល​ប​ត្រ​កម្មសិទ្ធិ របស់ កំពង់ផែ​ក្រុងព្រះសីហនុ (CSX listing: PAS) មូល​ប​ត្រ​កម្មសិទ្ធិ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (CSX listing: PPSP) សញ្ញា​បណ្ណ​សាជីវកម្ម​ដំបូង​នៅ​កម្ពុជា​ដែល​បោះផ្សាយ​ហត្ថា​កសិករ​លីមីត​ធី​ត (CSX listing: HKL21A) ធនាគារ ABA (CSX listing: ABAA22A) និង​គម្រោង​ហិរញ្ញវត្ថុផ្សេងៗជាច្រើន​ទៀត៕

គម្រោង​ផ្លូវដែក​តម្លៃ​ជាង ១៥០០លាន​ដុល្លារ បាន​ពន្យារពេល​សាងសង់

ដោយ ហ្សូ​លី

បាងកក៖ ផ្លូវដែក​រដ្ឋ​ថៃ The State Railway of Thailand (SRT) គ្រោង​នឹង​ស្នើសុំ​ក្រុមប្រឹក្សាភិបាល​របស់ខ្លួន​ឱ្យ​ពន្យារពេល​ការចុះហត្ថលេខា​លើ​កិច្ចសន្យា​សាងសង់​សម្រាប់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ចាប់ពី​ទីក្រុង​បាងកក – ណា​ខន​រ៉ា​ឆាត​ស៊ី​ម៉ា។

កាសែត​បាងកក​ប៉ុស្តិ៍​បាន​រាយការណ៍​ថា The State Railway of Thailand នឹង​ស្នើ​កិច្ចសន្យា​ដែលមាន​តម្លៃ​ប្រមាណ ៥០.៦កោដិ​បាត (១,៥៤ពាន់​លាន​ដុល្លារ) នឹងត្រូវ​ចុះហត្ថលេខា​នៅ​ខែតុលា ឆ្នាំ ២០២០វិញ ។

លោក Worawut Mala អភិបាលរង​នៃ The State Railway of Thailand បាន​មានប្រសាសន៍ថា ការចុះហត្ថលេខា​លើ​កិច្ចសន្យា​មិនអាច​ដំណើរការ​ទៅបាន​ទេ ខណៈដែល​មន្ត្រី​មិនបាន​ឯកភាព​លើ​ការចំណាយ​លើផ្លូវ​ដែក​ប្រព័ន្ធ​ផ្តល់​សញ្ញា​និង​ការដឹកជញ្ជូន។ លើសពីនេះ​ទៀត កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ថៃ-ចិន​លើក​ទី ២៨ ដែលជា​ផ្នែក​មួយ​នៃ​ការចុះហត្ថលេខា​លើ​កិច្ចសន្យា​មិនបាន​កើតឡើង​ទេ ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ Covid-19 ដូច្នេះហើយ​ទើបបានជា​ត្រូវ​លើក​ពេល​ទៅ​វេលា​សមគួរ​ណាមួយ។

ផ្លូវដែក​តម្លៃ ៥,៤៦ ពាន់​លាន​ដុល្លារ ដែលមាន​ប្រវែង​សរុប​ប្រមាណ ២៥៣គីឡូម៉ែត្រ ចេញពី​ទីក្រុង​បាងកក-ណា​ខន​រ៉ា​ឆាត​ស៊ី​ម៉ា​មាន​ចំនួន ១៤ កិច្ចសន្យា។ ក្នុងចំណោម​កិច្ចសន្យា​ទាំង១៤នេះ ដំណើរការ​ដេញថ្លៃ​សាងសង់​សម្រាប់ ១៣គម្រោង​បាន​ដំណើរការ នៅសល់តែ​កិច្ចសន្យា​ចុងក្រោយ ពាក់ព័ន្ធ​នឹង​ការសាងសង់​ផ្លូវដែក​ចាប់ពី Bang Sue-ដុង មឿង តែប៉ុណ្ណោះ។ ខ្សែ​ផ្លូវដែក​នេះ​ប្រសព្វ​គ្នា​ជាមួយ​បណ្តាញ​ផ្លូវដែក​ល្បឿន​លឿន​តម្លៃ ៧,៤ ពាន់​លាន​ដុល្លារ ដើម្បី​ភ្ជាប់​អាកាសយានដ្ឋានធំៗចំនួន ៣ ប៉ុន្តែ​ការដេញថ្លៃ​នេះ​ត្រូវ​រង់ចាំ​សិន។

The State Railway of Thailand នឹង​ជួប​ជាមួយ​សម្ព័ន្ធ​ក្រុមហ៊ុន​ដឹកនាំ​ដោយ Charoen PokPhand ដែល​ទទួលខុសត្រូវ​ក្នុងការ​សាងសង់​គម្រោង​ផ្លូវដែក។ កាលពី​ខែ​មុន​រដ្ឋាភិបាល​ថៃ​បាន​ប្តេជ្ញា​វិនិយោគ​ជាង ២១ពាន់​លាន​ដុល្លារ​អាមេរិក​ចូលទៅក្នុង​បណ្តាញ​ផ្លូវដែក​របស់​ប្រទេស ដើម្បី​កែលំអ​ការតភ្ជាប់​និង​កាត់បន្ថយ​ការបំពុល​បរិស្ថាន។

ប្រទេស​ថៃ​បាន​រុញច្រាន​ពេលវេលា​ចុងក្រោយ​របស់ខ្លួន​សម្រាប់​ការចរចា​លើផ្លូវ​ដែក​ល្បឿន​លឿន​ដែល​គ្រោង​នឹង​លាតសន្ធឹង​ដល់​ប្រទេស​ចិន។ ផ្លូវដែក​រដ្ឋ​ថៃ The State Railway of Thailand បាន​និយាយ​កាលពី​ពាក់កណ្តាល​ខែមេសា​ថា ចិន​មិនបាន​ឆ្លើយតប​នឹង​ការសាកសួរ​របស់ខ្លួន​ទេ។ គម្រោង​នេះ​ទំនងជា​ត្រូវបាន​ធ្លាក់ចុះ​នៅក្នុង​បញ្ជី​អាទិភាព​របស់​ទីក្រុង​ប៉េកាំង ព្រោះថា​វា​ទំនងជា​មិនត្រូវ​បានបញ្ចប់​នៅពេល​ណាមួយឆាប់ៗនេះ​ទេ៕

Nikkei Asian Review

អ្នកជំនាញ៖ ចង់ឱ្យ​បុគ្គលិក​ផ្នែក​លក់​អចលនទ្រព្យ​ជោគជ័យ អ្នកគ្រប់គ្រង​គប្បី​ពង្រឹង៣ចំណុច

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ ការលក់​អចលនវត្ថុ គឺ​ស្រដៀង​ទៅនឹង​ការលក់​ផលិតផលផ្សេងៗនៅលើ​ទីផ្សារ​ដែរ ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ​គឺ ការលក់​អចលនទ្រព្យ​មានតម្លៃ​ខ្ពស់​ខុសពី​ទំនិញផ្សេងៗនៅលើ​ទីផ្សារ ដែល​ទាមទារ​ឱ្យ​អ្នកលក់​រៀបចំខ្លួន​ឱ្យបាន​សមរម្យ មាន​ចរិត​ថ្លៃថ្នូរ ពិសេស​ត្រូវមាន​ជំនាញ ចំណេះដឹង រួមទាំង​ការនិយាយស្តី ប្រកបដោយ​វិជ្ជាជីវៈ គឺ​ធ្វើយ៉ាងណា​ឱ្យ​អតិថិជន​មាន​ទំនុកចិត្ត​មកលើ​ខ្លួន​ទើប​អាច​លក់បាន។

អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ Show Up Real Estate លោក អ៉ិន ណាង បាន​មានប្រសាសន៍ថា បើសិនជា​ចង់ឱ្យ​បុគ្គលិក​លក់​អចលនទ្រព្យ​ទទួលបាន​ជោគជ័យ អ្នកគ្រប់គ្រង​គប្បី​គិត​ទៅដល់​ពង្រឹងសមត្ថភាព​សំខាន់​ចំនួន៣ចំណុច​ជា​ចាំបាច់។

ទី១ – ការ​ដុះ​ខាត និង​បណ្តុះបណ្តាល​ចំណេះដឹង និង​ជំនាញ​ពាក់ព័ន្ធ​បន្ថែម ដើម្បី​ជួយ​ជំរុញ និង​លើកទឹកចិត្ត​ដល់​ពួកគាត់​តែប៉ុណ្ណោះ បន្ថែម​ពីលើ​គ្រឹះ​ដ៏​ចាំបាច់​បំផុត​របស់​បុគ្គលិក​ដែលជា​ភ្នាក់ងារ ដូចជា​ចំណូលចិត្ត និង​ការតាំង​ចិត្ត​យ៉ាងពិត​ប្រាកដ​របស់​ពួកគាត់។ ក្រៅពីនេះ ក្នុងនាម​ជា​អ្នកគ្រប់គ្រង និង​ជំរុញ​ការលក់ ត្រូវតែ​ពិចារណា និង​កំណត់ ទាមទារ​ឱ្យ​បុគ្គលិក​ផ្នែក​លក់ ខំប្រឹង​ធ្វើ​ការឱ្យ​អស់ពី​សមត្ថភាព និង​សក្តានុពល​ដែល​ខ្លួន​មាន។

ទី២ – ត្រូវ​ផ្តល់​ក្តីសង្ឃឹម​ទៅដល់​បុគ្គលិក បើសិនជា​ប្រធាន​ក្រុមហ៊ុន ឬ​ប្រធាន​ផ្នែក​លក់​មិនមាន​ផែនការ​ផ្តល់​ក្តីសង្ឃឹម​ទៅដល់​បុគ្គលិក ដូចជា​ខែក្រោយ ឬ​ឆ្នាំក្រោយ​បើ​ប្រាក់ខែ ឬ​តំណែង ឬ​ចំណេះ​ជំនាញ​របស់គាត់​មិន​កើនឡើង​ទេនោះ បុគ្គលិក​នឹងមិន​មាន​ក្តីសង្ឃឹម​ទេ ហើយ​គាត់​នឹង​ធ្វើការ​រង់ចាំតែ​ថ្ងៃ​ចាកចេញ​ប៉ុណ្ណោះ។ ប៉ុន្តែ​បើសិនជា​ប្រធាន​ក្រុមហ៊ុន ឬ​ប្រធាន​ផ្នែក​ផ្តល់​ក្តីសង្ឃឹម​ឱ្យ​គាត់ ពួកគាត់​នឹង​ប្រឹងប្រែង​ធ្វើឱ្យបាន​ជោគជ័យ​ដោយ​ក្តីសង្ឃឹម ព្រោះ​ពេល​មាន​ក្តីសង្ឃឹម​ហើយ គាត់​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព អស់ពី​សក្តានុពល​ដែល​គាត់​មាន​មិន​ខាន។

ទី៣ – ការបំពេញ​តម្រូវការ​ជា​មូលដ្ឋាន ដែល​ចំណុច​នេះ​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ ចាំបាច់​ត្រូវ​គិត​ទៅដល់​ការ​ស្នាក់នៅ​សមរម្យ ការហូបចុក​គ្រប់គ្រាន់ ជា​ចំណុច​ដែល​មនុស្ស​លើ​ពិភពលោក​នេះ​ទទួលស្គាល់ ដូច​ការលើកឡើង​រប​ស់លោក Abaham Maslow បាន​លើកឡើងថា បើ​ចង់ឱ្យ​មនុស្ស​ស្មោះត្រង់​ជាមួយ​យើង និង​ធ្វើការ​ជាមួយ​យើង​ឱ្យ​អស់ពី​សមត្ថភាព យើង​ត្រូវតែ​បំពេញតម្រូវការ​ជា​មូលដ្ឋាន​របស់គាត់​ទៅតាម​ការប្រឹងប្រែង​រប​ស់បុ​គ្គ​លិ​កម្នាក់ៗ រួមមាន​តម្រូវ​ការហូបចុក​គ្រប់គ្រាន់ មាន​កន្លែង​ស្នាក់នៅ​ត្រឹមត្រូវ តាមរយៈ​ការបង្កើត​អត្ថប្រយោជន៍ផ្សេងៗដល់​គាត់។

លោក អុិន ណាង បាន​បញ្ជាក់ថា ចំណុច​ទាំង៣ខាងលើនេះ គ្រាន់តែ​គោលការណ៍​សំខាន់​នៅក្នុង​គោលការណ៍​ជាច្រើន​ច្រើន​ទៀត​នៅក្នុង​យុទ្ធសាស្ត្រ​គ្រប់គ្រង និង​ជំរុញ​ការលក់​ចំពោះ​ភ្នាក់ងារ​អចលនទ្រព្យ ខណៈដែល​យុទ្ធសាស្ត្រ​គ្រប់គ្រង​ជាច្រើន​ទៀត​ដែល​នឹងត្រូវ​បាន​គេ​យកមក​អនុវត្តតាម​ភាពជាក់ស្ដែង និង​ចាំបាច់៕

លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជំរុញឱ្យមាន​ការអភិវឌ្ឍ​ឆ្នេរ​ថ្មី២កន្លែង​ផ្សេងទៀត​នៅក្នុង​ខេត្ត​កែប

ដោយ វុត្ថា

ភ្នំពេញ៖ លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​ន៍តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា (គ​អ​ឆក) បានឱ្យ​ក្រុមការងារ​សិក្សា​អភិវឌ្ឍ​ន៍ឆ្នេរ​ថ្មី​ចំនួន២ផ្សេងទៀត នៅក្នុង​ខេត្ត​កែប ខណៈ​បច្ចុប្បន្ន​ខេត្ត​កែប​មាន​ឆ្នេរ​សម្រាប់​លេង​កម្សាន្ត​តែមួយ​ដែលមាន​ត្រឹមតែ​ប្រវែង ៣៥០ម៉ែត្រ ​ធ្វើឱ្យមាន​ការកកស្ទះ​ភ្ញៀវ​ទេសចរ។

នេះ​បើតាម​ការឆ្លើយតប​ទៅនឹង​សំនួរ​របស់​អ្នកសារព័ត៌មាន​របស់​លោក កែន ស​ត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់​រដ្ឋ​បាល​ខេត្ដ​កែប» ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នា​ព្រឹក​ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២០ ។

លោក​បន្តថា “ដោយសារ​ឆ្នេរសមុទ្រ​នៅក្នុង​ខេត្ត​កែប​ដែល​ភ្ញៀវ​ទេសចរ​ទៅលេង​បច្ចុប្បន្ននេះ មាន​ប្រវែង​ខ្លី​ពេក​ធ្វើឱ្យមាន​ការកកស្ទះ​យ៉ាងខ្លាំង។ ដូច្នេះហើយ យើង​បាន​ជំរុញឱ្យមាន​ការរៀបចំ​ឆ្នេរ​ខ្សាច់​កម្សាន្ត​សាធារណៈ២កន្លែង​ផ្សេងទៀត ដែលមាន​ប្រវែង ៣គីឡូម៉ែត្រ” ។

លោក​បន្ថែមថា “នេះ​គឺជា​ការគិតគូ​របស់​ឯក​ឧ​ត្ត​ម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​កំពុង​ជំរុញ​ឱ្យ​ក្រុមការងារ​សិក្សា” ។

លោក​អភិបាលខេត្ត​រូបនេះ​ពន្យល់ថា ការអភិវឌ្ឍ​តំបន់ឆ្នេរ២កន្លែង​នេះ គឺ​ដើម្បី​កុំឱ្យ​ភ្ញៀវ​ទេសចរសម្រុក​មក​តែមួយ​កន្លែង​ដូច​បច្ចុប្បន្ន​ដែល​ធ្វើឱ្យមាន​កកស្ទះ។ យើង​ត្រូវ​បង្វែរ​ទិស​របស់​ពួកគាត់​ឱ្យទៅ​តំបន់ឆ្នេរ​អង្កោល ដែលមាន​ឆ្នេរ​ខ្សាច់​ធម្មជាតិ ខណៈ​បច្ចុប្បន្ននេះ រដ្ឋបាលខេត្ត​កំពុងតែ​ស្ថាបនា​ផ្លូវ​ចូលទៅក្នុង​តំបន់​នេះ ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ​ថោង ខុន ធ្លាប់បាន​ឱ្យដឹងថា ខេត្ត​កែប​ត្រូវបាន​រាជរដ្ឋាភិបាល​ដាក់ចេញ​ចក្ខុវិស័យ​ជា “ខេត្ត​គោលដៅ​ទេសចរណ៍​សម្រាកលំហែ​កម្សា​ន្ត ប្រណិត​កម្រិត​ខ្ពស់” ខណៈ​បច្ចុប្បន្ននេះ​ការសិក្សា​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កែប គ្រោង​នឹង​បញ្ចប់​នៅ​ដំណាច់ខែ​កក្កដា ឆ្នាំ២០២០ ហើយ​អាច​នឹងដាក់​ឆ្លង​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង នា​ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។

លោក​ថ្លែងថា ក្រសួងទេសចរណ៍​មានជំនឿថា ផែនការ​មេនេះ​នឹង​ជួយ​ឱ្យ​ខេត្ត​កែប​ក្លាយជា​គោលដៅ​ទេសចរណ៍ធម្មជាតិ ស្ងបស្ងាត់ ប្រណីត​កម្រិត​ខ្ពស់ ប្រកបដោយ​ភាព​ទាក់ទាញ និង​ភាព​ប្រកួតប្រជែង​នៅក្នុង​តំបន់ និង​ពិភពលោក។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ ធ្លាប់បាន​ប្រាប់​គេហទំព័រ propertyarea.asia កន្លងមកថ្មីៗនេះ​ថា ខេត្ត​កែប​ជា​តំបន់​ទេសចរណ៍​ដ៏​ស្រស់ស្អាត ហើយក៏​កំពុង​ទាមទារ​ឱ្យមាន​ការរៀបចំ និង​អភិវឌ្ឍន៍​ក្នុង​វិស័យ​ទេសចរណ៍​បន្ថែមទៀត។

លោកស្រី​បាន​បន្តទៀតថា “បើទោះជា​រាជរដ្ឋាភិបាល សម្រេច​មិនឱ្យ​មាន​រោងចក្រ និង​មណ្ឌល​កម្សាន្ត កាស៊ីណូ​យ៉ាងណាក៏ដោយ ក៏​ខេត្ត​មួយ​នេះ​នៅតែមាន​សក្ដានុពល​ផ្នែក​អចលនទ្រព្យ​ដដែល ដូចជា​សណ្ឋាគារ ផ្ទះសំណាក់ និង​បឹង​ហ្គា​ឡូជាដើម” ។

យោងតាម​របាយការណ៍​របស់​ខេត្ត​កែប បង្ហាញថា ខេត្ត​កែប​ជា​ខេត្ត​ទេសចរណ៍ធម្មជាតិ​តំបន់ឆ្នេរ មាន​ស្ថានភាព​ផ្ទៃដី​ចែកចេញ​តំបន់ភ្នំ ជម្រាលភ្នំ តំបន់​មាត់សមុទ្រ សមុទ្រ និង​កោះ មាន​ចំងាយ​ប្រមាណ ១៧៥ គីឡូ​ម៉ែ​ត្រពី​រាជធានី​ភ្នំពេញ ។

សម្រាប់​សក្តានុពល​រប​ស់​ខេត្ត​កែប ពឹង​ផ្អែកលើ​វិស័យ​ទេសចរណ៍ ដោយមាន​ឆ្នេរ​ខ្សាច់ ឧទ្យាន​ជាតិ ព្រៃកោងកាង ផ្កាថ្ម ស្មៅ​សមុទ្រ និង​វិជ្ជា​ជីវៈចម្រុះ រួមទាំង​ធនធាន​ជលផល​សមុទ្រ​ជាច្រើន​ប្រភេទ​ផ្សេងទៀត។

ក្នុង​ឆ្នាំ ២០១៩ កន្លងមកនេះ ខេត្ត​កែប​បានទទួល​បាន​ភ្ញៀវ​ទេសចរជិត ២លាន​នាក់ បើ​ធៀប​នឹង​ឆ្នាំ ២០១៨ កើនឡើង​ប្រមាណ ៤.២៤ ភាគរយ ភ្ញៀវ​ទេសចរជាតិ កើនឡើង ៣.៥៨ ភាគរយ និង​ភ្ញៀវ​ទេសចរ​កើនឡើង ២៥.០១ ភាគរយ និង​ផ្តល់​កម្លាំង​ពលកម្ម​ជាង ៣០០០នាក់ មានការ​ងារ​ធ្វើ និង​បាន​បង្កើន​ប្រាក់ចំណូល​ជួយ​ដល់​គ្រួសារ និង​រួមចំណែក​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​ខេត្ត៕

ចំណេះដឹង! អ្វី​ទៅជា​ឥណទាន​រៀប​ចំ​ឡើងវិញ?

ដោយ វុត្ថា

ភ្នំពេញ៖ ឥណទាន​រៀប​ចំ​ឡើងវិញ គឺជា​ឥណទាន​នៃ​កិច្ចសន្យា​ដើម​ត្រូវបាន​កែប្រែ​ដោយ​ផ្តល់​ការអនុគ្រោះ​ដល់​កូនបំណុល​ដែល​ជួប​ស្ថានភាព​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​ជាក់ស្តែង និង​បណ្តោះអាសន្ន។

យោងតាម​ប​ប្រកា​សលេខ ធ៧.០២០.០០១.សរ​ណន របស់​ធនាគារជាតិ​នៃ​កម្ពុជា​បង្ហាញថា ឥណទាន​ដែល​ទទួលបាន​លក្ខខណ្ឌ​អនុគ្រោះ​ណាមួយ​ដូចខាងក្រោម ត្រូវ​ចាត់ទុកថា​ជា “ឥណទាន​រៀបចំ​ឡើងវិញ”៖

១. ការកាត់បន្ថយ​ចំនួន​ប្រាក់​ដើម​ឥណទាន ឬ ចំនួន​ដែល​ត្រូវ​សង​នូវ​ឥណប្រតិទាន(កាលកំណត់​សង)

២. ការបន្ថយ​អត្រា​ការប្រាក់​ទាប​ជាង​លក្ខខណ្ឌ​នៃ​កិច្ចសន្យា​ដើម

៣. ការពន្យា​ពេល​ទូទាត់​សង​ប្រាក់​ដើម ឬ​ការប្រាក់ ឬ​ការធ្វើ​មូលធន​កម្ម​ការប្រាក់

៤. ការពន្យា​ឥណប្រតិទាន ឬ កាល​អ​វា​សាន​នៃ​កម្ចី

៥. ការផ្លាស់ប្តូរ​ពី​ឥណទាន​មានការ​ទូទាត់​សង​តាម​ការបង់​រំលស់ ទៅជា​ការទូទាត់​តែ​ការប្រាក់​ហើយ​សង​ប្រាក់​ដើម​ទាំងអស់​នៅ​នៅ​ឥណប្រតិទាន

៦. លើកលែង ឬ បន្ថយ​ទ្រព្យ​ធានា

៧. កាត់បន្ថយ​លក្ខខណ្ឌ​កិច្ចសន្យា

៨. ការផ្តល់​រយៈពេល​អនុ​គ្រោះ​ដោយ​គ្មាន​ការទូទាត់​សង ដែល​អាចមាន​រយៈពេល​រហូតដល់ ៦ខែ គិត​ចាប់​ពីថ្ងៃ​នៃ​ប្រសិទ្ធភាព​កិច្ចសន្យា​ថ្មី៕

ការលក់អចលនទ្រព្យនៅអាស៊ីដាំក្បាលចុះ ដោយសារតម្រូវការមានតិច

ដោយ ហ្សូលី

ភ្នំពេញ: ការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលនាំឱ្យការលក់ផ្ទះធ្លាក់ចុះយ៉ាងខ្លាំងនៅឆ្នាំនេះនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកដោយសារសេដ្ឋកិច្ចបានធ្លាក់ចុះមិនធ្លាប់មានពីមុនមក ដែលបណ្តាលមកពីជំងឺរាតត្បាត Covid-19 ។ អ្នកវិភាគយល់ស្របថា មិនមានទីផ្សារអចលនៈទ្រព្យណាមួយនៅក្នុងតំបន់នឹងត្រូវបានរួចផុតពីសេចក្តីលំបាកនៅឡើយ។

សកម្មភាពអចលនៈទ្រព្យជាមួយនឹងការព្យាករណ៍នៃបរិយាកាសសេដ្ឋកិច្ចនៅតាមសេដ្ឋកិច្ចក្នុងតំបន់ភាគច្រើន ប្រហែលជាបាត់បង់ទំនុកចិត្តរបស់អ្នកទិញ។ វាបណ្តាលមកពីទស្សនវិស័យសេដ្ឋកិច្ចមិនប្រាកដប្រជា ការបាត់បង់ការងារនិងចំណូលគ្រួសារតិច។

លោក Harry Tan ប្រធានស្រាវជ្រាវនៅអាស៊ីប៉ាស៊ីហ្វិកនិងជាអ្នកគ្រប់គ្រងវិនិយោគអចលនទ្រព្យ ណីវ៉េនរៀលអ៊ីស្ទេតបានមានប្រសាសន៍ថា“ តារាងតុល្យការនឹងធ្វើឱ្យបរិមាណប្រតិបត្តិការទិញផ្ទះធ្លាក់ចុះទាបនៅឆ្នាំនេះ។ ការវិនិយោគទៅក្នុងទីផ្សារលំនៅដ្ឋានទំនងជាត្រូវបានបំបិទបន្ថែមទៀត ដោយតម្រូវការខ្សោយពីអ្នកជួលនាំឱ្យមានការជួលទាប។”

លោក Kenneth Kent អ្នកគ្រប់គ្រងទូទៅនៅគេហទំព័រការចុះបញ្ជីអចលនទ្រព្យ Squarefoot.com.hk បានថ្លែងថា ទីផ្សារលំនៅដ្ឋានមិនទាន់ត្រូវបានសង្គ្រោះនៅពេលមានការធ្លាក់ចុះទំនុកចិត្តទេ។ ភាពធ្ងន់ធ្ងរនៃការធ្លាក់ចុះអាចត្រូវបានគេមើលឃើញនៅក្នុងទិន្នន័យត្រីមាសទី ១ និងភស្តុតាងជាក់ស្តែងពីភ្នាក់ងារអចលនទ្រព្យ។

នៅប្រទេសសិង្ហបុរីចំនួនផ្ទះដែលបានលក់នៅត្រីមាសទី ១ ឆ្នាំនេះបានធ្លាក់ចុះ ១១,៧ ភាគរយស្មើនឹង ៤.៣០៩ យូនីត។
នៅហុងកុងការលក់ផ្ទះថ្មីបានធ្លាក់ចុះដល់ ២,២៦២ នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះគឺទាបជាងពាក់កណ្តាល បើប្រៀបធៀបទៅនឹងឆ្នាំមុននេះបើយោងតាម Midland Realty ។

នៅប្រទេសថៃ Daiwa Capital Markets ប៉ាន់ស្មានថាប្រាក់ចំណូលនៅឆ្នាំ ២០២០ របស់អ្នកអភិវឌ្ឍន៍ចំនួន ៧ នាក់ ដែលបានចុះបញ្ជីនៅក្នុងផ្សារហ៊ុននឹងធ្លាក់ចុះ ២៧ ភាគរយនៅឆ្នាំនេះ។

តម្លៃផ្ទះនៅទីផ្សារអាស៊ីអាគ្នេយ៍ដែលកំពុងរីកចម្រើនអាចប្រឈមនឹងពេលវេលាដ៏លំបាកបន្ថែមទៀតក្នុងរយៈពេលខ្លីដោយសារទំនុកចិត្តរបស់វិនិយោគិនធ្លាក់ ការហាមឃាត់ការធ្វើដំណើរ ការបិទទ្វារ និងបញ្ហាCovid-19 មិនទាន់បានដោះស្រាយ។

តម្រូវការពីវិនិយោគិនចិនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបានជំរុញទីផ្សារអចលនទ្រព្យនៅក្នុងតំបន់រួមមាន សិង្ហបុរី អូស្ត្រាលីថៃ ម៉ាឡេស៊ី និងវៀតណាម ប៉ុន្តែជំងឺរាតត្បាតប្រហែលជានឹងរារាំងពួកគេពីការបណ្តាក់ទុននៅបរទេស៕
South China Morng Post

CDC អនុម័តគម្រោងវិនិយោគរោងចក្រចំនួន ៣ មានទុនជិត ៨ លានដុល្លារ

ដោយវុត្ថា

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគរោងចក្រដេរសម្លៀកបំពាក់ និងស្បែកចំនួន ៣ មានទុនវិនិយោគប្រមាណជិត ៨លានដុល្លារអាមេរិកស្ថិតនៅក្នុងរាជធានីភ្នំពេញ ដើមខែឧសភា នេះ បើទោះបីមានរោងចក្រមួយចំនួនបានប្រកាសព្យួរការងារយ៉ាងណាក្តី។

តាមការផ្សព្វផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅលើទំព័រ Facebook ផ្លូវការនៅថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២០ នេះឱ្យដឹងថាតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១-“MAO XING YUAN (CAMBODIA) GARMENT CO., LTD.”គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៧៤កន្លែង។

២-“XH SINGHI FOOTWEAR CO., LTD.” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទ័ពបោះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥០១កន្លែង៕

៣-“NANTONG FIVE STAR ENTERPRISE (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០២២កន្លែង។

សមាគមរោងចក្រកាត់ដេរនៅកម្ពុជាកាលពីម្សិលមិញនេះ ឱ្យដឹថា រោងចក្រចំនួន ១៨០បានព្យួរប្រតិបត្តិការរបស់ខ្លួន ហើយរោងចក្រចំនួន ៦០ បន្ថែមទៀត នឹងឈានទៅរកការព្យួរផងដែរ ដែលកំពុងប៉ះពាល់ដល់កម្មករជាង ១៥ ម៉ឺននាក់ ដែលត្រូវបានព្យួការងារជាបណ្តោះអាសន្នរហូតមកដល់ពេលនេះ៕

សេដ្ឋកិច្ចរបស់ប្រទេស ៤ ក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន រងសម្ពាធខ្លាំងដោយសារបញ្ហាជាច្រើន

ដោយ ហ្សូលី

ភ្នំពេញ៖ សេដ្ឋកិច្ចរបស់បណ្តារប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួន ៤ ដូចជា ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) កំពុងប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងស្ទើរតែគ្រប់វិស័យ ដោយសារតែជំងឺរាតត្បាត Covid-19 ។

ទីភ្នាក់ងារសារព័ត៌មានវៀតណាម Vietnam News Agency បានដកស្រង់សម្តីទីភ្នាក់ងារព័ត៌មានធនាគារ Maybank លោក គីម អេង បានវាយតម្លៃថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសទាំង ៤ ត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះយ៉ាងលឿនដល់ទៅ ៣ ភាគរយនៅឆ្នាំ២០២០នេះ ពោលគឺធ្លាក់ចុះពី ៦,៩ ភាគរយកាលពីឆ្នាំមុន មុនពេលងើបឡើងដល់ ៦,៥ ភាគរយនៅឆ្នាំ២០២១ក្រោយ។

ការវាយតម្លៃនេះបានឲ្យដឹងថាប្រទេសកម្ពុជានឹងរងផលប៉ះពាល់អាក្រក់បំផុតដោយមានកំណើនត្រឹមតែ ០,៥ ភាគរយពោលគឺធ្លាក់ចុះពី ៧ ភាគរយកាលពីឆ្នាំ ២០១៩។ ដោយសារតែការពឹងផ្អែកខ្ពស់លើវិស័យទេសចរណ៍ វិស័យពាក់ព័ន្ធ វិស័យដឹកជញ្ជូនមានចំនួន ១២,៣ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន និងការនាំចេញវាយនភណ្ឌនិងសម្លៀកបំពាក់ដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។ ប្រទេសកម្ពុជាមិនទាន់ដាក់ចេញនូវវិធានការបិទប្រទេសនៅឡើយទេ ទោះបីច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្នត្រូវបានអនុម័តនាពេលថ្មីៗនេះ។

ប្រទេសវៀតណាមត្រូវបានគេរំពឹងថា ប្រសើរឡើងជាងជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុប ៣,៦ ភាគរយ ព្រោះរចនាសម្ព័ន្ធសេដ្ឋកិច្ចចម្រុះ ជំហរសារពើពន្ធនិងមូលដ្ឋានគ្រឹះម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អ ទោះបីជាតួលេខនេះនៅតែធ្លាក់ចុះយ៉ាងខ្លាំងពី ៧ ភាគរយ កាលពីឆ្នាំមុនក៏ដោយ។ វៀតណាមបានបន្ធូរបន្ថយវិធានការណ៍ឃ្លាតឆ្ងាយពីសង្គមនៅថ្ងៃទី ២៣ ខែមេសា ដោយក្រុមហ៊ុនពាណិជ្ជកម្ម និងអាជីវកម្មលក់រាយត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញរីឯការដឹកជញ្ជូនសាធារណៈបានបន្តឡើងវិញដូចគ្នា។

ប្រទេសមួយទៀតគឺ មីយ៉ាន់ម៉ាដែលមានកំណើន ២ ភាគរយនៅឆ្នាំនេះពោលគឺធ្លាក់ចុះពី ៦,៨ ភាគរយកាលពីឆ្នាំមុន។ ប្រទេសនេះក៏ពឹងផ្អែកយ៉ាងខ្លាំងលើវិស័យទេសចរណ៍ផងដែរ ដោយវិស័យទេសចរណ៍និងវិស័យដឹកជញ្ជូនមានរហូតដល់ ១១,២ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន។ តួលេខនេះអាចនឹងមានទំហំធំជាងនេះ ប្រសិនបើផ្នែកស្នាក់នៅនិងសេវាកម្មម្ហូបអាហារត្រូវបានគេពិចារណា។ ប្រទេសមីយ៉ាន់ម៉ាងាយរងគ្រោះបំផុតចំពោះការដួលរលំនៃតម្រូវការផលិតកម្ម និងនាំចេញដោយការផលិតមានចំនួន ២៤,២ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន។

ចុងក្រោយគឺប្រទេសឡាវ មានប្រមាណ ៧.៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប រីឯទេសចរណ៍និងដឹកជញ្ជូនមានតែ ៣,៩ ភាគរយប៉ុណ្ណោះ។ យ៉ាងណាមិញ ប្រទេសនេះពឹងផ្អែកខ្លាំងលើអគ្គិសនីនិងឧស្ម័នជំនួសប៉ុន្តែនៅតែប្រឈមដល់សេដ្ឋកិច្ចដដែល នៅពេលរោងចក្រទាំងនោះព្យួរការងារ ធ្វើដំណើរការយឺត និងបិទ។ កំណើននៅប្រទេសឡាវត្រូវបានគេព្យាករណ៍ថានឹងមានចំនួន ២,៤ ភាគរយនៅឆ្នាំនេះ ពោលគឺធ្លាក់ចុះពី ៤,៧ ភាគរយកាលពីឆ្នាំមុន៕ Straits Times

ក្រុមហ៊ុនចិនធំមួយ បង្ហាញគម្រោងសាងសង់ស្ថានីយចំណតយានយន្តធុនធំក្រោមទុនវិនិយោគ ១៦០ លានដុល្លារនៅជាយភ្នំពេញ

ដោយ ប៊ី

ភ្នំពេញ៖ ក្រុមហ៊ុនChina Good Cars Holding Ltd បង្ហាញគម្រោងវិនិយោគសាងសង់ស្ថានីយចំណតយានយន្តធុនធំ ទំនើប នៅជាយរាជធានីភ្នំពេញ ក្នុងទឹកប្រាក់វិនិយោគប្រមាណ១៦០លាន ដុល្លារអាមេរិក ដើម្បីចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ។

ការបង្ហាញគម្រោងនេះត្រូវបានធ្វើឡើងនៅថ្ងៃ ទី៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៩ព្រឹក នៅទីស្តីការក្រសួង ខណៈលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបជាមួយ តំណាងក្រុមហ៊ុន China Good Cars Holding Ltd;. ដើម្បីពិភាក្សាលើគម្រោងស្នើសុំវិនិយោគលើវិស័យដឹកជញ្ជូនសាធារណៈក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទឹកប្រាក់សរុបប្រមាណ ១៦០លាន ដុល្លារអាមេរិក។

ក្នុងជំហានដំបូង ក្រុមហ៊ុនស្នើសុំវិនិយោគសាងសង់ស្ថានីយ៍ចំណតយានយន្តធុនធំ ទំនើប នៅជាយរាជធានីភ្នំពេញ ដើម្បីរំដោះចរាចរណ៍ដ៏មមាញឹកពីចំណុចកណ្តាលរាជធានី ព្រមទាំងវិនិយោគលើគម្រោងដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុងលើបណ្តាញផ្លូវជាតិ ដើម្បីតភ្ជាប់ទៅតំបន់ក្រៅក្រុងនិងទៅបណ្តាខេត្តនានានៅជិតៗរាជធានីភ្នំពេញ។

លោកទេសរដ្ឋមន្រ្តី បានស្វាគមន៍ និងគាំទ្រគម្រោងនេះ ដោយផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុនសហការជាមួយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សិក្សាលើលក្ខណៈបច្ចេកទេសឱ្យបានល្អិតល្អន់ និងសុំឱ្យក្រុមហ៊ុនដាក់ពាក្យស្នើសុំវិនិយោគ ទៅច្រកចេញចូលតែមួយ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីអាចទទួលបានភាពអនុគ្រោះនានា ស្របទៅតាមច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនបានសំដែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្ររបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ហើយសន្យានឹងបន្តការងារទៅតាមអនុសាសន៍នានា របស់ ឯកឧត្តមទេសរដ្ឋមន្រ្តីផងដែរ៕