ដោយស៊ីវ ម៉េង
ភ្នំពេញ៖ ខណៈការស្ថាបនាផ្លូវល្បឿនលឿនទី១របស់កម្ពុជា កំពុងដំណើរការយ៉ាងសកម្ម ប្រជាពលរដ្ឋកាន់តែមានសង្ឃឹម និងពិតជាចង់ដឹងថា ផ្លូវនេះមានចំណុចអ្វីពិសេសខ្លះមិនខាន។
លោកវ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងថា ផ្លូវនេះពិតជាមានចំណុចពិសេសមួយចំនួន ខុសពីផ្លូវធម្មតា ដូចជា ទី១ ផ្លូវនេះមានចំណតឈប់សំរាកចំនួន៣កន្លែង ទី២ មានស្ពានតូច៥កន្លែង និងស្ពានធំចំនួន៨០កន្លែង មានប្រវែងសរុប៦០១៥ម៉ែត្រ ទី៣ មានស្ពានអាកាសដែលមានសណ្ឋាន ដូចស្ពានអាកាសស្ទឹងមានជ័យ៦កន្លែង និងសាគួរ១កន្លែង ទី៤ ការសាងសង់ផ្លូវនេះនឹងធ្វើរបងបិទជិត មិនឲ្យសត្វពាហនៈ ម៉ូតូ និងរ៉ឺម៉កម៉ូតូឆ្លងកាត់បាននោះទេ។
ទី៦ មានមណ្ឌលប្រតិបត្តិការថែរទាំយានយន្តចំនួន១កន្លែង ពិសេសកន្លែងបង់លុយសំរាប់រថយន្តឆ្លងកាត់ ទី៧ ផ្លូវនេះមានចម្ងាយខ្លី ធៀបជាមួយផ្លូវជាតិលេខ៤ ដែលមានចម្ងាយ២២៤គីឡូម៉ែត្រ តែផ្លូវនេះមានចម្ងាយជាង១៩០គីឡូម៉ែត្របន្តិចប៉ុណ្ណោះ និងទី៨ ផ្លូវនេះតម្រូវឲ្យអ្នកបើកបរយានយន្តបើកបរក្នុងល្បឿន៩០ ទៅ១៦០គីឡូម៉ែត្រ ក្នុងមួយម៉ោង។
ផ្លូវល្បឿនលឿនជាប្រវត្តិសាស្ត្រសំរាប់កម្ពុជានេះ បានសម្ភោធបើកការដ្ឋានស្ថាបនាដោយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី២២ មិនា ឆ្នាំ២០១៩កន្លងមកនេះ៕