អ្នកជំនាញ​បង្ហើប​ពី​វិធីសាស្ត្រ​ក្លាយជា​ភ្នាក់ងារ​លក់​អចលនទ្រព្យ​ដែល​ជោគជ័យ

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ គ្រប់​អ្នក​ដែលមាន​អាជីព និង​កំពុង​ដើរតួនាទី​ជា​អ្នកលក់​នៅលើ​ទីផ្សារ​អចលនទ្រព្យ សុទ្ធ​តែមាន​ក្ដី​ប្រាថ្នា អភិវឌ្ឍ​ខ្លួន​ឱ្យ​ក្លាយជា​កំពូល​អ្នកលក់ ដ៏​មាន​ប្រសិទ្ធភាព ប៉ុន្តែ​អ្វី​ដែលជា​ឧបសគ្គ​នៅត្រង់ចំណុច​ថា តើ​គួរ​អនុវត្ត​វិធី​បែបណា ដែល​អាច​ទទួលបាន​នូវ​អ្វីដែល​ខ្លួន​ចង់បាន។

ជាការ​ចែករំលែក​នូវ​ចំណេះដឹង និង​បង្ហាញ​ពីបទ​ពិសោធន៍​ផ្ទាល់ខ្លួន លោក នី ទី​ណាត អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ Basac Realty ដែល​បាន និង​កំពុង​អនុវត្ត​ដោយផ្ទាល់​នៅក្នុង​វិស័យ​មួយ​នេះ បានបញ្ជាក់​ពី​បុគ្គលិកលក្ខណៈ​របស់​អ្នកលក់ ដែល​អាច​ទទួលបាន​អត្រា​ជោគជ័យ​ខ្ពស់ គឺ​ត្រូវមាន​ចំណុចសំខាន់ៗទាំង៧ប្រការ​ដូចខាងក្រោម​នេះ។

១. ទឹកមុខ​ញញឹមៈ ជឿថា​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​ចេះ​ញញឹម គឺ​ញញឹម​បាន​ដោយ​មិនចាំបាច់​ហ្វឹកហាត់ ហើយ​នេះ​ជា​អំណោយ​ពី​របស់​ធម្មជាតិ។ ពេល​ចូលជួប​អតិថិជន អ្នកលក់​ត្រូវយក​ទឹកមុខ​ស្រស់ស្រាយ ញញឹមញញែម ព្រម​គ្នា​នឹង​ការធ្វើ​ចិត្ត​ឱ្យ​រីករាយ ពេល​នៅ​ចំពោះមុខ​អតិថិជន ហើយ​ឱ្យ​គិតថា​យើង​កំពុង​នាំយក​រឿង​ល្អ និង​រឿង​មាន​ប្រយោជន៍​ឱ្យ​ពួកគេ ។

ពាក្យ​ថា​សួស្ដី អរគុណ ពាក្យ​ដែល​ប្រើ​បាន​គ្រប់​សម័យកាល។ សូមកុំ​ខ្ជិល​ក្នុង​ការប្រើ ហាត់​និយាយ​ឱ្យ​ជា​ទម្លាប់។ ដូច្នេះ​អាជីព​ការលក់ដូរ​នឹង​រីកចម្រើន​ឡើង ក្នុងពេល​អនាគត។

២. សុភាពរាបសា ឱនលំទោនៈ ក្រៅពី​ញញឹម​ហើយ ដៃជើង​ត្រូវ​ទន់​ផងដែរ។ មកដល់​ត្រូវ​ចេះ​សំពះ ទៅឱ្យ​ចេះ​លា ទំនៀមទម្លាប់​ខ្មែរ​កុំ​ចោល ។ ដូច្នេះ​គេ​នឹង​បានដឹងថា យើង​ទទួល​ការអប់រំ​មក​បាន​យ៉ាង​ល្អ​ពី​ចាស់ទុំ។ ប៉ុន្តែ​គប្បី​នឹក​ដល់​ពាក្យ​ថា ឱ្យ​ទន់ភ្លន់ ឱនលំទោន​តែ​កុំ​ទន់ខ្សោយ។

៣. តែងខ្លួន​ស្អា​តៈ ការ​ដែលជា​អ្នកលក់ ដែល​អតិថិជន​ចង់​នៅក្បែរ ចង់​និយាយ​ជាមួយយូរៗ ក្រៅពី​និយាយ​ឱ្យ​អតិថិជន​ស្តាប់ទៅ​ស្រួល​ត្រចៀក​ហើយ ការ​តែងខ្លួន​ក៏ត្រូវ​ឱ្យ​ស្អាត​ទាក់ភ្នែក​ផងដែរ។ ពេល​នៅក្បែរ​អតិថិជន​មិនត្រូវ​មាន​ក្លិន​ខ្លួន កាត់​ក្រចក​ឱ្យ​ស្អាត ឧបករណ៍ប្រើប្រាស់​ក្នុង​ការលក់ រៀបចំ​ឱ្យបាន​ស្អាត​រៀបរយ សុខភាព​មាត់​ធ្មេញ​ត្រូវ​រក្សា​ឱ្យបាន​ល្អ កុំ​ជក់បារី។

៤. មានការ​ចងចាំៈ ក្នុងមួយថ្ងៃៗ យើង​ជួប​អតិថិជន​ជានិច្ច មិនអាច​ចាំ​អតិថិជន​បាន​ទាំងអស់​នោះទេ លើកលែងតែ​អ្នក​សំខាន់​ប៉ុណ្ណោះ។ បើ​ការចងចាំ​របស់​យើង​មិនល្អ ក៏​អាច​ហ្វឹកហាត់​បាន។ បើ​ខ្លាច​ចាំ​មិនបាន សាក​ធ្វើតាម​កំពូល​អ្នកលក់​ធ្វើ គឺ​កត់ត្រា​ក្នុង​សៀវភៅ​ការងារ​ប្រចាំថ្ងៃ​ថា មួយថ្ងៃៗយើង​ទៅ​ជួប​អ្នកណា​នៅ​កន្លែង​ណា លក់​អ្វី ធ្វើការ​កត់ត្រា​ទុកឱ្យ​បាន​លម្អិត កន្លងទៅ ២ – ៣ ឆ្នាំ យក​បញ្ជី​ឈ្មោះ​ទាំងនេះ មក​មើល​ឡើងវិញ ហើយ​ទូរ​សព្ទ​ទៅសួរសុខទុក្ខ​ពួកគេ នឹង​ធ្វើឱ្យ​អតិថិជន​មានការ​ពេញចិត្ត ចំពោះ​ការព្យាយាម​ទាក់ទង​របស់​យើង។

៥. ពេលវេលាៈ ការចេះ​ចាត់ចែង​ពេលវេលា​ឱ្យបាន​ល្អ ពេលណា​គួរតែ​ធ្វើ​អ្វី ពេលណា​គួរផ្តល់​ពេលវេលា​ចំពោះ​អ្នកផ្ទះ ការងារ​ផ្ទះ ពេលវេលា​ណា​ជា​ពេលវេលា សម្រាប់​ការលក់ដូរ ឬ​ពេលណា​ជាការ​ងារ​សាង​សង្គម។ មួយថ្ងៃ​មាន២៤ម៉ោង បើ​ចេះ​បែងចែក​ពេលវេលា​បានល្អ ជីវិត​របស់​អ្នកនឹង​មានគុណ​តម្លៃ​ច្រើនឡើង។

៦. ចេះ​រៀប​គម្រោង​ក្នុងការ​ធ្វើការ​ងរ​ក្នុងមួយថ្ងៃៗ រៀបចំ​ចាត់ចែង​ពេលវេលា​របស់​ការងារ ដែល​ត្រូវធ្វើ​ក្នុងមួយថ្ងៃៗឱ្យបាន​ល្អ រៀប​គម្រោង​ទុក​មុន​ថា ថ្ងៃស្អែក​នឹងធ្វើ​អ្វី សរសេរ​ចូលទៅក្នុង​បញ្ជី​យ៉ាងតិច៥-៦ មុខ ហើយ​ព្យាយាម​ធ្វើឱ្យ​អស់​នូវ​ការងារ ដែល​បាន​រៀប​គម្រោង​ទុក ដូចជា​ការរក​បញ្ជី​ឈ្មោះ​អតិថិជន​ថ្មី ការ​ទៅសួរសុខទុក្ខ ការបញ្ជូន​ទំនិញ ការ​ណាត់ជួប​និង​សេវាកម្ម។

៧. រីករាយ​ក្នុង​ការនិយាយ​ជាមួយ​មនុស្ស​គ្រប់​ប្រ​ភេ​ទៈ អ្នកលក់​ដែល​ពូកែ នឹងមាន​ចំណេះដឹង​ជុំវិញខ្លួន សំដៅ​ដល់​អាច​និយាយ​របៀប​ជា​មិត្ត ជាមួយនឹង​អតិថិជន​បាន​គ្រប់​រឿង អាច​សម្រប​ខ្លួន និង​ប្រើ​ពាក្យសម្តី​របស់ខ្លួន ឱ្យចូល​ចុះ​ជាមួយ​អតិថិជន​បាន ចាប់ពី​រឿង​ទូទៅ ក្នុង​ការធ្វើការងារ​ក្នុងមួយថ្ងៃៗ ជីវិត ការរស់នៅ តិច​ណូ​ឡូ​ជី កីឡា ជាអាទិ៍ ។ល៕

LEAVE A REPLY

Please enter your comment!
Please enter your name here