ចំណេះដឹង! តើ SMEs មាន​លក្ខខណ្ឌ​អ្វីខ្លះ​ដើម្បី​ទទួលបាន​ការលើកទឹកចិត្ត​ផ្នែក​គយ?

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាល​កម្ពុជា​បាន​លើកទឹកចិត្ត​ផ្នែក​គយ សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​ដើម្បី​ជំរុញ​បន្ថែម​ការអភិវឌ្ឍ ការពង្រឹង​ភាព​ប្រកួតប្រជែង និង​ការបង្កើន​សមត្ថភាព​ផលិតកម្ម​របស់​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ត្រូវបាន​ចាត់ទុកជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច និង​ជា​កម្លាំងចលករ​ដ៏​សំខាន់​ក្នុងការ​ជំរុញ​កំណើន និង​បង្កើត​ការងារ​សម្រាប់​ប្រជាជន។

ដើម្បី​អាច​ទទួលបាន​ការលើក​ទឹកចិត្ត​ផ្នែក​គយ សហគ្រាស​ធុន​តូច​និង​មធ្យម​ត្រូវបំពេញ៣ ល័ក្ខខ័ណ្ឌ៖

  • បាន​ចុះបញ្ជី​ពន្ធដារ​ជា​អ្នក​ជាប់ពន្ធ​តូច ឬ​មធ្យម
  • ជា​សហគ្រាស​ធុន​តូច​និង​មធ្យម ស្ថិតក្នុង​វិស័យ​អាទិភាព
  • បំពេញ​នីតិវិធី​នៃ​ការស្នើសុំ​ការលើកទឹកចិត្ត​ផ្នែក​គយ នៅ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា។

ចំពោះ​នីតិវិធី​ចុះបញ្ជី​ពន្ធដារ សហគ្រាស​ធុន​តូច និង​មធ្យម អាច​សួរនាំ​ព័ត៌មាន​បន្ថែម នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។

សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​វិស័យ​អាទិភាព អាច​ទទួលបាន​ការលើក​ទឹកចិត្ត​ផ្នែក​គយ​ចំពោះមុខ​សញ្ញា ដូចខាងក្រោម៖

  • សម្ភារ​បរិក្ខារ​ផលិតកម្ម សំដៅ​ដល់​គ្រឿង​ម៉ាស៊ីន ឧបករណ៍​ដែល​បាន​ប្រើប្រាស់​ជា​មូលដ្ឋាន​ក្នុងការ​បំប្លែង​ធាតុ​ចូល​ផលិតកម្ម ហើយ​ដែល​វត្ថុ​ទាំងនោះ​មិនអាច​បំ​លែង​បាន ដោយ​ខ្លួនឯង ឬ​មិន​ត្រូវបាន​ប្រើប្រាស់​អស់ ក្នុង​រយៈពេល២ឆ្នាំ​បន្ទាប់ពី​បាន​នាំចូល។
  • សម្ភារ​សាងសង់ សំដៅ​ដល់​សម្ភារ​សំណង់ រួមទាំង​ឧបករណ៍ បរិក្ខារ ដែល​បាន​បំប្លែង ឬ​បាន​ប្រើប្រាស់​ទាំងស្រុង នៅក្នុង​ការសាងសង់​សំណង់​បម្រើឱ្យ​ផលិតកម្ម។
  • ធាតុ​ចូល​ផលិតកម្ម សំដៅ​ដល់​ទំនិញ រួមទាំង​វត្ថុធាតុដើម ផលិតផល​ពាក់កណ្តាល​សម្រេច និង​សម្ភារ បន្ទាប់បន្សំ​បម្រើឱ្យ​ផលិតកម្ម ដែល​ត្រូវ​បំប្លែង ឬ​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ពេញលេញ នៅក្នុង​កិច្ច​ដំណើរ-ការផលិត​កម្ម មិនឱ្យ​ហួស​រយៈពេល២ឆ្នាំ បន្ទាប់ពី​បាន​នាំចូល។

សម្គាល់៖ សម្ភារ​បរិក្ខារ​ផលិតកម្ម សម្ភារៈ​សាងសង់ និង​ធាតុ​ចូល​ផលិតកម្ម​មិន​គិត​បញ្ចូល​នូវ​យានយន្ត គ្រឿងបន្លាស់​យានយន្ត ផលិតផល​តេ​ល​សិលា និង​សម្ភារ​បរិក្ខា​រៈ​និង​គ្រឿង​សង្ហា​រឹម​សម្រាប់​ប្រើប្រាស់​ក្នុង​ការិយាល័យ៕

កម្ពុជាកំពុងចរចាកិច្ចព្រមព្រៀងរុករកប្រេងកាតជាមួយក្រុមហ៊ុនកាណាដា ចំនួន៨ប្លុកបន្ថែមទៀត

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបាន និងកំពុងចរចាកិច្ចព្រមព្រៀងរុករកប្រេងកាតនៅក្នុងប្រទេសចំនួន៨ប្លុកសំខាន់ៗ ជាមួយក្រុមហ៊ុនកាណាដាEnercan Resources Co.,Ltd  ខណៈកម្ពុជាបានបែងចែកប្លុក សម្រាប់រករកចំនួន១៩ នៅក្នុងដែនគោករបស់កម្ពុជា។


លោក ជៀប សួរ អគ្គនាយក នៃអគ្គនាយកប្រេងកាតនៃក្រសួងរ៉ែ និងថាមពល នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងរ៉ែ និងថាមពល»កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២០ ម្សិលមិញនេះថា នៅក្នុងដែនគោកកម្ពុជាបានបែងចែកសិក្សាស្រាវជ្រាវចំនួន១៩ប្លុក ដែលបច្ចុប្បន្ននេះកម្ពុជកំពុងចរចាស្វែករកប្រេងកាតចំនួន៨ប្លុក ជាមួយក្រុមហ៊ុនមកពីប្រទេសកាណាដា ហើយជាមួយប្លុកផ្សេងៗទៀតនៅទំនេរនៅឡើយ។

លោកបន្តថា នៅក្នុងដែនសមុទ្រកម្ពុជា បានធ្វើការបែងចែករុករកចំនួន៦ប្លុក ដោយរដ្ឋាភិបាលកំណត់ឈ្មោះ ប្លុក A,B,C,D,E និង F ដោយក្នុងនោះ ប្លុក A ត្រូវបានរកឃើញថា មានប្រេងអាចធ្វើអាជីវកម្មបាននៅក្នុងឆ្នាំ ២០១០ ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុន KrisEnergy កំពុងអភិវឌ្ឍដើម្បីផលិតប្រេងនាពេលខាងមុខនេះ។

លោកបន្តទៀតថា ជាមួយគ្នានេះប្លុកD រដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងប្រេងកាតជាមួយក្រុមហ៊ុន Cambodia Resource Energy Development Co.,Ltd  ដើម្បីចាប់ផ្តើមធ្វើការស្វែងរុករកធនធានប្រេងកាត។ ដោយឡែក ប្លុក B, C, E និង F នៅទំនេរ ដោយរង់ចាំស្វាគមន៍អ្នកវិនិយោគ។

បើតាមលោក ជៀប សួរបានឱ្យដឹងទៀតថា នៅលើតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយថៃវិញ កម្ពុជាបានបែងចែកជា៤តំបន់ គឺ តំបន់១ និង ហើយរហូតមកដល់ពេលនេះ ពុំទាន់មានសកម្មភាពស្វែងរុករកនៅតំបន់ទាំងនោះទេ ព្រោះពុំទាន់អាចស្វែងរកដំណោះស្រាយបាននៅឡើយ។


លោកបញ្ជាក់ទៀតថា ទន្ទឹមនឹងការសិក្សា អង្កេត វាស់ស្តង់ ដោយក្រុមហ៊ុនដែលមានកិច្ចព្រមព្រៀងប្រេងកាតខាងលើ មន្ត្រីបច្ចេកទេសរបស់ក្រសួង ក៏បានចុះសិក្សាអង្កេតសក្តានុពលភូគព្ភសាស្ត្រប្រេងកាត នៅទីវាលលើដែនដែនគោកនានា ដើម្បីប្រមូលសិលាគំរូមកពិសោធន៍ និងចងក្រងជាទិន្ន័យ។

បច្ចុប្បន្នក្រសួងបាននឹងកំពុងខិតខំ រៀបចំទំនើបកម្មបន្ទប់ទិន្ន័យប្រេងកាត និងចងក្រងទិន្នន័យប្រេងកាត ក៏ដូចជាការបោះពុម្ពផែនទីទិន្នន័យ 2D  និង 3D ស៊ីស្មីកជាបណ្តើរៗ៕

តើវិស័យអចលនទ្រព្យនៅកម្ពុជានឹងមានដំណើរនៅពេលអនាគតយ៉ាងដូចម្តេច?

ដោយ ប៊ី

ភ្នំពេញៈ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា នៅតែបង្ហាញពីសុទិដ្ឋិនិយមចំពោះវិស័យអចលនទ្រព្យកម្ពុជា ខណៈវិស័យលំនៅដា្ឋន វិស័យដីធ្លី និងប្រតិបត្តិការទិញ និងជួលនឹងបន្តមានដំណើរការយ៉ាងសកម្មនៅពេលអនាគត។


លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា  មើលឃើញថា តម្លៃអចលនទ្រព្យនឹងបន្តឡើងថ្លៃពី១០% ទៅ ១៥% ប្រចាំឆ្នាំ ដោយផ្នែកលើ កត្តាចំនួន៣  ក្នុងនោះរួមមាន វិស័យលំនៅដា្ឋន វិស័យដីធ្លី និងប្រតិបត្តិការទិញ និងជួល ដែលនឹងបន្តមានដំណើរការយ៉ាងសកម្មនៅពេលអនាគត។

តម្លៃអចលនទ្រព្យធៀបនឹងប្រទេសជិតខាង

អ្នកជំនាញជាច្រើនបានមើលឃើញស្រដៀងគ្នាថា កម្ពុជាមានកម្រិតតម្លៃអចលនទ្រព្យទាបនៅឡើយ បើធៀបនឹងប្រទេសជិតខាង ដូចជា៖ ប្រទេសថៃ វៀតណាម និងបណ្ដាប្រទេសផ្សេងៗនៅក្នុងតំបន់អាស៊ាននេះ។

លោកខន គង្គារ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA ប្រចាំកម្ពុជា ធ្លាប់បានលើកឡើងថា តម្លៃអចលនទ្រព្យនៅកម្ពុជាបន្តកើនឡើងជានិច្ច ប៉ុន្តែបើប្រៀធៀបនឹង ប្រទេសជិតខាង តម្លៃនេះនៅតែមានកម្រិតទាបនៅឡើយ។

ជាក់ស្តែង នៅ សិង្ហបុរីខុនដូមានតម្លៃ១៦,០០០ ដុល្លារទៅ១០០,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ខុនដូនៅ វៀតណាមមានតម្លៃពី៣,៥០០ ទៅ ,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ នៅភូមាមានតម្លៃពី៣,៤០០ ដុល្លារឡើងទៅ និងថៃមានតម្លៃមធ្យមចាប់ពី ,០០០ដុល្លារឡើងទៅ។

តម្លៃខុនដូនៅកម្ពុជា

លោកស្រី អាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodia បានលើកឡើងថា នៅក្នុងឆ្នាំ២០១៩ ខុនដូតម្លៃសមរម្យមានតម្លៃចន្លោះពី១,២០០ ទៅ១,៥០០ដុល្លារឡើងទៅក្នុងមួយម៉ែត្រការ៉េ និងខុនដូថ្នាក់កណ្តាលមានតម្លៃពី១,៥០០ ទៅ២,៥០០ដុល្លារជាងក្នុងមួយម៉ែត្រការ៉េ និងខុនដូតម្លៃខ្ពស់មានតម្លៃចាប់ពី៣,០០០ ដុល្លារ/ម៉ែត្រការ៉េ។

យោងតាមរបាយការណ៍របស់ CBRE Cambodia បានបង្ហាញថា ឆ្នាំ២០២០នេះវិញ CBRE Cambodia រំពឹងថា ទីផ្សារខុនដូ នឹងកើនឡើង៥៥ភាគរយ ក្នុងនោះទីផ្សារខុនដូតម្លៃសមរម្យ (affordable) មានភាពទាក់ទាញខ្លាំងជាងគេ ក្នុងចំណោមអតិថិជនក្នុងស្រុក។

តម្រូវការលំនៅដ្ឋាននៅកម្ពុជា

បើនិយាយអំពីតម្លៃផ្ទះទូទៅវិញ មិនថាវីឡាឬផ្ទះក្នុងបុរីនោះទេ គឺនៅមិនទាន់ឈាដល់កម្រិតខ្ពស់បំផុតនៅឡើយ ស្របពេលដែលតម្រូវការសរុប ត្រូវបានគេប៉ាន់ស្មានថាមានប្រមាណជាង៨០ម៉ឺនខ្នង គិតចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០៣០ ពោលគឺប្រមាណជាង៥ម៉ឺនខ្នងក្នុងមួយឆ្នាំៗ នេះបើយោងតាមរបាយការណ៍របស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

លោកឧកញ៉ាតេង រិទ្ធី ស្ថាបនិកក្រុមហ៊ុន R Investment Group បានលើកឡើងថា តម្រូវការបានធ្វើឲ្យតម្លៃអចលនទ្រព្យ មានសន្ទុះខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។ លោកបានពន្យល់ថា ដោយសារកំណើនសេដ្ឋកិច្ចទើប ធ្វើឱ្យអ្នកទិញមានលទ្ធភាពទិញលំនៅ ដ្ឋាន។

ក្នុងចំណោមផ្ទះទាំងអស់ ផ្ទះតម្លៃសមរម្យ ដែលមានតម្លៃក្រោម៥ម៉ឺនដុល្លារ នឹងមានតម្រូវការច្រើនជាងគេ ដោយមូលហេតុថា ប្រជាជនមួយផ្នែកធំជាអ្នកមានចំណូលមធ្យម។

យោងតាមការស្ទង់មតិអចលនទ្រព្យឆ្នាំ២០១៩ របស់ Realestate.com.kh ក្នុងចំណោមអ្នកផ្តល់ចម្លើយជាង២០០០នាក់ បានបង្ហាញថា ប្រហែល៤០%នៃអ្នកផ្ដល់ចម្លើយទាំងអស់ ចាប់អារម្មណ៍ចង់ទិញផ្ទះតម្លៃក្រោម៥ម៉ឺនដុល្លារ និងមាន២៦% ចាប់អាម្មណ៍ទិញផ្ទះតម្លៃ៥ម៉ឺន ទៅ៧. ម៉ឺនដុល្លារ៕

Facebook បោះទុនវិនិយោគ៥,៧ពាន់លានដុល្លារលើប្រព័ន្ធInternet នៅ ប្រទេសឥណ្ឌា

ដោយ ប៊ី

អន្តរជាតិៈ ក្រុមហ៊ុនយក្សFacebook បានប្រកាសពីការវិនិយោគលើទំហំទឹកប្រាក់ដ៏មហាសាល ដែលមានតម្លៃ៥,៧ពាន់លានដុល្លារ ក្នុងក្រុមហ៊ុនអ៊ីនធឺណេតរបស់ឥណ្ឌា Reliance Jio ដែលជាកម្មសិទ្ធិរបស់អ្នកមានជាងគេបំផុត របស់ប្រទេសនេះគឺលោក Mukesh Ambani


កិច្ចព្រមព្រៀងនេះ ធ្វើឱ្យក្រុមហ៊ុនបណ្តាញសង្គមនេះ ក្លាយជាម្ចាស់ភាគហ៊ុនភាគធំជាងគេបំផុត នៅក្នុងអង្គភាពទូរគមនាគមន៍របស់ក្រុមហ៊ុនRelianc ដែលមានភាគហ៊ុនចំនួន៩,៩៩ភាគរយ។

ភាគហ៊ុននេះបានផ្តល់ឱ្យFacebook នូវកន្លែងឈរជើងដ៏សំខាន់មួយ នៅក្នុងប្រទេសឥណ្ឌា ដែលសេវាកម្មជជែក WhatsApp របស់ខ្លួនមានអ្នកប្រើប្រាស់ចំនួន៤០០លាននាក់ និងត្រៀមបើកសេវាកម្មទូទាត់ប្រាក់។

Facebook បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវិនិយោគនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ចំពោះប្រទេសឥណ្ឌា និងការរំភើបរបស់យើងចំពោះការផ្លាស់ប្តូរយ៉ាងខ្លាំង ដែលក្រុមហ៊ុនJio បានជំរុញនៅក្នុងប្រទេស

ក្រុមហ៊ុនFacebook ក៏បានឱ្យដឹងផងដែរថា ខ្លួនគ្រោងនឹងផ្តោតលើការសហការគ្នារវាងក្រុមហ៊ុនWhatsApp និងក្រុមហ៊ុនបណ្តាក់ទុនជំនួញអេឡិចត្រូនិចJioMart ដើម្បីឱ្យមនុស្សអាចភ្ជាប់ទំនាក់ទំនង ជាមួយអាជីវកម្មហាង និងទិញផលិតផល។


នៅក្នុងខែកុម្ភះឆ្នាំនេះWhatsApp Pay ត្រូវបានផ្តល់ការអនុញ្ញាត ដោយអាជ្ញាធរឥណ្ឌា ដើម្បីចាប់ផ្តើមដំណើរការជាបណ្តើរៗក្នុងរយៈពេលពីរឆ្នាំ បន្ទាប់ពីការចាប់ផ្តើមសាកល្បងសេវាកម្ម។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែក ក្រុមហ៊ុនReliance Jio បានឱដឹងថា កិច្ចព្រមព្រៀងនេះ នឹងល្អសម្រាប់ទាំងក្រុមហ៊ុន និងប្រទេសទាំងមូល ដែលភាពជាដៃគូនេះ នឹងពន្លឿនការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់ឥណ្ឌា ដោយបំពេញនូវតម្រូវការរបស់ប្រជាជនឥណ្ឌា និងសេដ្ឋកិច្ចឥណ្ឌា ប្រភពBBC

អ្នកវិភាគសេដ្ឋកិច្ច៖ សេដ្ឋកិច្ចប្រទេសចិននឹងហក់ឡើងវិញមុនលោកខាងលិចនៅត្រីមាសទី២ ឆ្នាំ២០២០នេះ

ដោយ ហ្សូលី

ប៉េកាំង៖ សេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវបានគេរំពឹងថា នឹងងើបឡើងវិញនៅក្នុងត្រីមាសទី ២ បន្ទាប់ពីបានធ្លាក់ចុះនៅក្នុងត្រីមាសទី ១ ចំពេលដែលការរីករាលដាលនៃជំងឺ Covid-19។ នេះបើតាមការព្យាករណ៍របស់សេដ្ឋវិទូ កាលពីថ្ងៃអង្គារ ទី ២២ ខែមេសា ឆ្នាំ២០២០នេះ។

លោក Piao Renjin អ្នកវិភាគប្រចាំក្រុមហ៊ុន NH Investment & Securities នៅទីក្រុងសេអ៊ូល បាននិយាយថា ប្រទេសចិនបានឆ្លើយតបយ៉ាងឆាប់រហ័សចំពោះការរីករាលដាលនៃការគ្របដណ្តប់លើជំងឺ Covid-19 ដោយមានកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនាំឱ្យមានការស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សនៅក្នុងទីផ្សារហិរញ្ញវត្ថុ។

អ្នកវិភាគរូបនេះបាននិយាយថា “រដ្ឋាភិបាលចិនត្រូវបានគេព្យាករណ៍ថា នឹងពង្រីកវិធានការជំរុញសារពើពន្ធនិងរូបិយវត្ថុ ហើយអ្នកអាចមើលឃើញការងើបឡើងវិញនៅក្នុងប្រទេសចិនក្នុងត្រីមាសទី ២” ។

នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិរបស់ចិនបានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនបានធ្លាក់ចុះ ៦,៨ ភាគរយ នៅក្នុងត្រីមាស ខែមករា – មីនា ចំពេលមានការថយចុះសេដ្ឋកិច្ចពីការរាតត្បាតវីរុសនេះ។ ទោះបីជាមានការធ្លាក់ចុះក៏ដោយក៏ប្រទេសចិនត្រូវបានគេរំពឹងថា នឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចធំ ៗ មួយចំនួន ដែលមានកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ។

សេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវបានគេព្យាករណ៍ថានឹងកើនឡើង ១,២ ភាគរយនៅឆ្នាំនេះស្របពេលដែលសេដ្ឋកិច្ចសហរដ្ឋអាមេរិកនិងតំបន់អ៉ឺរ៉ុបត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះ ៥,៩ ភាគរយនិង ៧,៥ ភាគរយ។

លោក Han Jae-jin អ្នកគ្រប់គ្រងផ្នែកសេដ្ឋកិច្ចរបស់ចិនមានទស្សនវិស័យថា “ការនាំចេញរបស់ចិនភាគច្រើនពឹងផ្អែកលើសហគមន៍អ៊ឺរ៉ុបនិងសហរដ្ឋអាមេរិក។ ការរីកដុះដាលនៃសេដ្ឋកិច្ចរបស់ចិនអាចត្រូវបានគេមើលឃើញ លុះត្រានៅពេលដែលសេដ្ឋកិច្ចរបស់សហភាពអ៊ឺរ៉ុបនិងសហរដ្ឋអាមេរិកងើបឡើងវិញ” ។

រោងចក្រនៅទូទាំងប្រទេសចិនបានឈប់សម្រាកក្នុងត្រីមាសទី ១ ប៉ុន្តែស្ទើរតែ ៩០ ភាគរយបានបន្តប្រតិបត្តិការ។ទោះយ៉ាងណាអតិថិជននៅតែមិនចំណាយប្រាក់ឡើយព្រោះពួកគេនៅមានក្តីបារម្ភអំពីវីរុស ខណៈហាងមួយចំនួនបើកដំណើរការជាបណ្តើរៗ៕
(Xinhua News)

ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជានឹងសម្រេចលើច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន នៅថ្ងៃសុក្រខាងមុខនេះ

ដោយវុត្ថា

ភ្នំពេញៈ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឱ្យដឹង ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជានឹងបើកកិច្ចប្រជុំដើម្បីពិភាក្សាសម្រេចលើច្បាប់ស្តីពី គ្រប់គ្រងប្រទេសក្នុងភាពអាសន្ននៅថ្ងៃសុក្រខាងមុខនេះ  ខណៈបច្ចុប្បន្ននេះស្ថានភាពនៅក្នុងប្រទេសកម្ពុជា មិនទាន់អាចដាក់ប្រទេសក្នុងភាពមានអាសន្នបាននោះទេ។


លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួង នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ឱ្យដឹងថា ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពមានអាសន្ន គឺពិតជាមានភាពចាំបាច់ណាស់ក្នុង ការដាក់ប្រទេសក្នុងភាពអាសន្នសម្រាប់កម្ពុជា ព្រោះថាកម្ពុជាមិនមានច្បាប់នោះទេ។

លោកបន្តថា បច្ចុប្បន្ននេះមានប្រទេសចំនួនជាង៧០ បានដាក់ប្រទេសក្នុងភាពអាសន្ន ហើយកំពុងអនុវត្តន៍តាមបទបញ្ញាត្តិ ខណៈប្រទេសពួកគេបានជួបបញ្ហាឆ្លងជំងឺកូវីដ១៩។លោកបន្តថា ផ្ទុយទៅវិញបើសិនកម្ពុជាមិនទាន់មានច្បាប់ ហើយប្រកាសដាក់ប្រទេសក្នុងភាពអាសន្ននោះគឺពិបាក។ គោលគំនិតនៃច្បាប់នេះគឺធ្វើយ៉ាងណា ដើម្បីស្របតាមបទបញ្ញត្តិនៃរដ្ឋមម្មនុញ្ញ

លោកជិន ម៉ាលីនបានបន្ដថា ច្បាប់នេះចាំបាច់ត្រូវមានតាំងពីឆ្នាំ១៩៩៣មកម្ល៉េះ ប៉ុន្តែពេលនេះ ដោយសារស្ថានភាពបច្ចុប្បន្ន ក៏ដូចជា ពិភពលោកបានកើតជំងឺកូវីដ១៩ រាជ រដ្ឋាភិបាលបានគិតគូរក្នុងការធ្វើច្បាប់នេះ។ លោកបន្ថែមថា បើស្ថានភាពល្អប្រសើរដូចពេលសព្វថ្ងៃនេះ មិនចាំបាច់ដាក់ប្រទេសក្នុងភាពអាសន្ននោះទេ ព្រោះថារាជរដ្ឋាភិបាលបានគ្រប់គ្រងស្ថានភាពបានល្អ។ ផ្ទុយទៅវិញច្បាប់នេះ ក៏នឹងអាចត្រូវដាក់អនុវត្តន៍នៅពេលខាងមុខព្រោះថាមិនដឹងមានអ្វីកើតឡើងនោះទេ។

លោកបន្ថែមទៀតថា បើមិនទាន់ដាក់ប្រទេសក្នុងភាពមានអាសន្នទេ ច្បាប់នេះក៏មិនទាន់យកមកអនុវត្តន៍ដែរ។ ជាមួយគ្នានេះ ច្បាប់កម្ពុជាមានភាពតឹងតែងជាងបណ្តាប្រទេសនានា ព្រោះកម្ពុជាអាចដាក់ប្រទេសក្នុងភាពអាសន្ន បានគឺនឹងត្រូវលក្ខខណ្ឌ ) ប្រទេសស្ថិតក្នុងគ្រោះថ្នាក់ ) មានការឯកភាពពីប្រមុខដឹកនាំប្រទេសទាំង៣រូប រួមមាន នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភាឯកភាពគ្នា ទើបព្រះមហាក្សត្រទ្រង់ប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន។

ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិ ក្នុងភាពអាសន្នត្រូវបានរដ្ឋសភា អនុម័តទាំងស្រុងក្នុងសម្លេង១១៥លើ១១៥រូប កាលពីព្រឹកថ្ងៃសុក្រ ទី១០ មេសា។ ជាមួយគ្នានេះ ព្រឹទ្ធសភាបានបើកកិច្ចប្រជុំវិសាមញ្ញ អនុម័តយល់ព្រមលើច្បាប់នេះកាលពីថ្ងៃទី១៧ ខែមេសា ដោយឥតកែប្រែលើសំឡេង៥៤ នៃសមាជិកព្រឹទ្ធសភាទាំងមូលដោយគ្មានសំឡេងជំទាស់ឡើយ។


សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ននេះ មាន៥ជំពូក និង១២មាត្រា និងបានចែកថា ការសម្រេចដាក់ប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន គឺត្រូវធ្វើឡើងនៅពេល ដែលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ដែលបណ្តាលមកពី គ្រោះថ្នាក់ដែលបង្កឡើងដោយសង្គ្រាម ឬការឈ្លានពានពីកម្លាំងបរទេស គ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលគំរាមកំហែង ឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតទូទាំងប្រទេស។

លោកជិន ម៉ាលីនបានឱ្យដឹងថា ការដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន អាចធ្វើឡើងសម្រាប់ថេរវេលាមិនឲ្យលើសពី៣ខែ។ ថេរវេលានេះ អាចត្រូវប្រកាសបន្តបាន ក្នុងលក្ខខណ្ឌដូចគ្នា។ នៅពេលប្រទេសជាតិ ត្រូវបានប្រកាសដាក់ស្ថិតនៅក្នុងភាពអាសន្នវិញ រដ្ឋាភិបាលមានសិទ្ធិដាក់ចេញវិធានការយ៉ាងតិច១២ចំណុច ដើម្បីឆ្លើយតបចំពោះភាពអាសន្ននោះ។

ដោយឡែក ចំពោះជនណាដែលរារាំង ដល់កិច្ចប្រតិបត្តិការដាក់ប្រទេសក្នុងគ្រាអាសន្ន នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀលទៅដល់១០លានរៀល ដោយមិនគិតពីទោសព្រហ្មទណ្ឌ៕

តម្លៃសម្ភារៈសំណង់នៅកម្ពុជាកំពុងតែចាប់ផ្តើមដាំក្បាលចុះ

ដោយ ប៊ី

ភ្នំពេញ ៖ តម្លៃមុខទំនិញក្នុងវិស័យសំណង់ស្ទើរគ្រប់ប្រភេទ នៅលើទីផ្សាររាជធានីភ្នំពេញ បាននិងកំពុងធ្លាក់ចុះយ៉ាងខ្លាំង ប៉ុន្តែទំនិញសម្ភារៈការិយាល័យ, គ្រឿងសង្ហារឹម និងគ្រឿងអេឡិចត្រូនិកឈរនៅទ្រឹង និងថ្លៃលក់ម្ហូបអាហារ និងភេសជ្ជៈផ្សេងៗ មានការប្រែប្រួលថ្លៃបន្តិចបន្តួច។

តម្លៃមុខទំនិញទាំងនេះត្រូវបានបង្ហាញនៅក្នុងទិន្នន័យជាផ្លូវការ របស់អគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងខែមេសា ឆ្នាំ២០២០ នេះ។

ពាក់ព័ន្ធសន្ទស្សន៍ ថ្លៃទំនិញប្រើប្រាស់ និងសេវាកម្ម នៅរាជធានីភ្នំពេញ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ និងសេវាកម្ម មានការប្រែប្រួលខ្លះៗ ជាពិសេសថ្លៃលក់សម្ភារៈសំណង់ និងថ្លៃលក់ម្ហូបអាហារ និងភេសជ្ជៈផ្សេងៗនៅតាមទីផ្សារ ខណៈដែល ការលក់ប្រភេទទំនិញសម្ភារៈការិយាល័យ គ្រឿងសង្ហារឹម និងគ្រឿងអេឡិចត្រូនិកបានឈរនៅទ្រឹង។

ទិន្នន័យបានបង្ហាញថា ក្នុងនោះថ្លៃលក់រាយសម្រាប់វិស័យសំណង់បានកំពុងស្រុតចុះរួមមាន៖ ថ្លៃទីផ្សារលក់ឥដ្ឋតាន់ នៅក្នុងខែមីនា ឆ្នាំ២០២០ ចំនួន ១០០០ដុំ តម្លៃ ៦០០ ដុល្លារ មកនៅត្រឹម ៥៧០ ដុល្លារ ឥដ្ឋប្រហោងពី ៧០០ ដុល្លារ មកនៅត្រឹម ៤១០ ដុល្លារ ខ្សាច់រៀប មួយម៉ែត្រគីប ១៨ ដុល្លារ នៅត្រឹម ១៥ ដុល្លារ ខ្សាច់បូក ២២ ដុល្លារ មកនៅត្រឹម ១៧ ដុល្លារ ស៊ីម៉ង់អូដ្ឋ មួយតោន ១០៥ ដុល្លារ នៅត្រឹម ១០០ ដុល្លារ ដែកកង(ខ្មៅ៣លី) ក្នុងមួយតោន ៣២៥ ដុល្លារ មកនៅត្រឹម ៣១៥ ដុល្លារ, ដែកសរសៃ (១០លី) ថ្លៃ ៦១៥ ដុល្លារមកនៅត្រឹម ៦១០ ដុល្លារផងដែរ។

ចំណែកសន្ទស្សន៍មុខទំនិញ ថ្លៃម្ហូបអាហារ និងភេសជ្ជៈមិនមែនគ្រឿងស្រវឹង មានការប្រែប្រួលបន្តិចបន្តូចផងដែរ ក្នុងនោះ មីម៉ាម៉ា ក្នុងមួយកេះ ថ្លៃ ៥.១៣ ដុល្លារ បានហក់ឡើងដល់ ៦.៣៨ ដុល្លារ មីកំប៉ុងម៉ាម៉ាមួយដុំ ២.៣៨ ដុល្លារ ឡើងដល់ ២.៥០ ដុល្លារ មីយើង ៤.៣៨ ដុល្លារ ឡើងដល់ ៥ ដុល្លារ និងត្រីខកំប៉ុងរូបស្រី៣នាក់ (កំប៉ុងបញ្ឈរ) មួយដុំ ៤.៧៥ ដុល្លារ ហក់ឡើងដល់ប្រមាណ ៧ ដុល្លារផងដែរ ។

ក្រៅពីប្រភេទទំនិញខាងលើ នៅក្នុងខែមេសា ឆ្នាំ២០២០ នេះ ហាក់មិនមានការប្រែប្រួលខ្លាំងនោះឡើយ បើធៀបធៀបនៅនិងខែ មីនា ឆ្នាំ២០២០ ៕

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-និងអាមេរិក នឹងចាប់ផ្តើមនៅថ្ងៃស្អែក

ដោយវុត្ថា

ភ្នំពេញ៖ កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន-អាមេរិកតាមប្រព័ន្ធវីដេអូ (Videoconference) ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលនឹងប្រព្រឹត្តិទៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២០ស្អែកនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២០ នេះ ឱ្យដឹងថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំនេះ ។

សេចក្តីប្រកាសព័ត៌មានដដែលបន្តថា កិច្ចប្រជុំនេះ ត្រូវបានស្នើឡើងដោយសហរដ្ឋអាមេរិកនៅក្នុងឱកាសកិច្ចប្រជុំអន្តរទីភ្នាក់ងារកម្រិតខ្ពស់អាស៊ាន-អាមេរិកតាមរយៈប្រព័ន្ធវីដេអូដែលរៀបចំដោយលេខារដ្ឋានអាស៊ានកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ ២០២០កន្លងទៅ។

រដ្ឋមន្ត្រីការបរទេសអាស៊ាន និងលោក Michael R. Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក នឹងផ្លាស់ប្តូរទស្សនៈទៅវិញទៅមក និងពិភាក្សាអំពីវិធីសាស្ត្រនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងអាំស៊ាន និងសហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងរួមគ្នាទៅនឹងការីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងក្រមខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-អាមេរិក។

កិច្ចពិភាក្សាក៏នឹងផ្តោតផងដែរទៅលើសកម្មភាពដើម្បីដោះស្រាយគ្រោះអាសន្នវិស័យសុខាភិបាលសាធារណៈដែលជាសេចក្តីកង្វល់អន្តរជាតិ និងការពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈនៅក្នុងតំបន់រយៈពេលវែង។

កិច្ចប្រជុំនេះ នឹងបង្កើតជាព្រឹត្តិការណ៍ថ្មីដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន និងសហរដ្ឋអាមេរិក សម្រាប់កិច្ចសហប្រតិបត្តិការយូអង្វែងក្នុងវិស័យសុខាភិបាលសាធារណៈចំពោះមុខ ណិងបញ្ហាប្រឈមជាសកលនៃជំងឺកូវីដ ១៩ ដែលពុំធ្លាប់មានពីមុនមក៕

លោកច្រឹក សុខនីម៖ ៣ វិធីសាស្ត្រក្នុងការគ្រប់គ្រងអាជីវកម្មបន្តដំណើរទៅមុខក្នុងវិបត្តិ Covid-19

ដោយវុត្ថា

ភ្នំពេញ៖ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានផ្តល់នូវ ៣ វិធីសាស្ត្រក្នុងការគ្រប់គ្រង និងដឹកនាំ ដើម្បីឲ្យអាជីវកម្មបន្ដដំណើរការទៅមុខក្នុងវិបត្ដិ COVID-19 ខណៈជំងឺមួយនេះ បាននិងកំពុងរាតត្បាតជាសកល និងមិនមានភាពប្រកដប្រជា។

១) ការប្រើប្រស់បច្ចេកវិទ្យា និង AI នៅក្នុងប្រតិបត្តការអាជីវកម្ម

បច្ចុប្បន្នការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងសកលលោកកំពុងមានសន្ទុះរីកចំរើនដែលអាចជួយឱ្យអាជីវកម្មនានាទាំងការរកស៊ីក្នុងវិស័យអចលនទ្រព្យអាចដំណើរការទៅមុខបាន។
ជាមួយគ្នានេះ ការប្រើប្រាស់បណ្តាញសង្គម មាន Facebook ជាដើមនឹងជួយជំរុញឱ្យអាជីវកម្មកាន់តែទាក់ទាញ និងបន្តដំណើរទៅមុខ ខណៈបណ្តាញមួយនេះកំពុងពេញនិយមប្រើប្រាស់ខ្លាំងពីគ្រប់សន្ទាប់មនុស្ស។

២)ការប្រើប្រាស់ការទំនាក់ទំនងពីចំងាយ

បច្ចេកវិទ្យាបានជួយច្រើនលើការទំនាក់ទំនងលើអាជីវកម្មកាន់តែមានភាពងាយស្រួលក្នុងការទាក់ទងទៅកាន់អតិថិជនជាគោលដៅរបស់ខ្លួនតាមរយៈបណ្តាញសង្គម ទូរស័ព្ទ និងអិនធើណិតជាដើមក្នុងជំរុញ និងការផ្សព្វផ្សាយនូវផលិតផលឱ្យទទួលបានជោគជ័យ។

៣) ធ្វើការរួមគ្នា

បើតាមលោក ច្រឹក សុខនីម ការធ្វើការួមគ្នាដើម្បីស្វែងដំណោះស្រាយ ក្នុងវិបត្តិកកូវីដ ១៩ នេះ គឺត្រូវមានការរៀបចំនូវលំហូរសាច់ប្រាក់ឱ្យបានល្អ និងផ្តល់គំនិតជាវិជ្ជមាន ចំពោះអាជីវកម្ម៕

មូលនិធិ​គាំទ្រ​សេដ្ឋកិច្ច​ជប៉ុន​តម្លៃ ២,៤ពាន់​លាន​ដុល្លារ​បាន​ដកខ្លួន​ពី​ប្រទេស​ចិនឆ្ពោះ​មក​តំបន់​អាស៊ីអាគ្នេយ៍

ដោយ ហ្សូ​លី

ភ្នំពេញៈ មូលនិធិ​គាំទ្រ​សេដ្ឋកិច្ច​របស់​ជប៉ុន ដែលមាន​ទឹកប្រាក់​ប្រហែល២,៤ ពាន់​លាន​ដុល្លារ នឹងត្រូវ​នាំយក​ក្រុមហ៊ុន​ផលិតកម្ម​របស់​ជប៉ុន ដែល​វិនិយោគ​ក្នុងប្រទេស​ចិន​ផ្ទេរ​ទៅ​ប្រទេស​ផ្សេងទៀត​នៅ​អាស៊ីអាគ្នេយ៍។

ការផ្លាស់ប្តូរ​នេះ​មាន​គោលបំណង កាត់បន្ថយ​ហានិភ័យ​នាពេល​អនាគត នៃ​ការរំខាន​ដល់​សង្វាក់​ផ្គត់ផ្គង់ ក្នុងករណី​មាន​ព្រឹ​ត្ត​ការណ៍​អាក្រក់ ដូច​ទៅនឹង​ការរីក​រាលដាល​នៃ Covid-19។ ទោះបីជា​យ៉ាងណា ចិន​គឺ​នៅតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ជប៉ុន។

ក្នុង​រយៈពេល​ពីរ​បី​ទសវត្សរ៍​ចុងក្រោយ​នេះ ប្រទេស​ចិន​បាន​ក្លាយជា​បណ្តុំ​រោងចក្រ​របស់​ពិភពលោក។  អ្នក​ផលិត​បាន​ផ្លាស់ប្តូរ​ផលិតកម្ម ទៅកាន់​ប្រទេស​ចិន ដើម្បី​កាត់បន្ថយ​ថ្លៃដើម ហើយ​នៅ​ជិត​ទីផ្សារ​ធំ​បំផុត​មួយ​នៅលើ​ពិភពលោក។

យូរៗទៅ​ការផលិត​នៅក្នុង​ប្រទេស​ចិន បាន​ផ្លាស់ប្តូរ​ខ្សែសង្វាក់​តម្លៃ​ផលិត​ផលិតផល ដែលមាន​តម្លៃ​ទាប​ដូចជា​សម្លៀកបំពាក់ និង​គ្រឿងបន្លាស់​មូលដ្ឋាន​ដល់​ឧស្សាហកម្ម ទៅជា​មានតម្លៃ​ខ្ពស់​វិញ ដូចជា បច្ចេកវិទ្យា 5G និង​អវកាស។

ទីភ្នាក់ងារ​ព័ត៌មាន Bloomberg បានអោយដឹងថា យោងតាម​ការស្ទង់មតិ​កាលពី​ខែកុម្ភៈ​ដោយ​ក្រុមហ៊ុន Tokyo Shoko Research Ltd បានអោយដឹងថា ៣៧ភាគរយ​នៃ​អ្នក​ឆ្លើយតប ២.៦០០នាក់ បានធ្វើ​ពិពិធ​កម្ម​លទ្ធកម្ម នៅ​ខាងក្រៅ​ប្រទេស​ចិន ក្នុងកំឡុងពេល​មាន​ជំងឺ​រាតត្បាត។

នាពេលថ្មីៗនេះ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន លោក​ស៊ីន​ហ្សូ អា​បេ​បានប្រកាស​ពី​ភាពអាសន្ន សម្រាប់​ជំងឺ​រាតត្បាត​ឆ្លង​និង​ឆ្លង​វីរុស​នេះ ហើយ​បានបង្ហាញ​កញ្ចប់​ថវិកា​ជំរុញ​ដ៏​ធំ​មួយ ដើម្បី​ជួយ​សេដ្ឋកិច្ច​ឱ្យ​ជៀស​ផុតពី​វិបត្តិ​សេដ្ឋកិច្ច។

កញ្ចប់​ជួយសង្គ្រោះ ដែលមាន​ទំហំ៩៩២ពាន់​លាន​ដុល្លារ ជាការ​ចំណាយ​ធំ​បំផុត​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​ជប៉ុន។  កញ្ចប់​ជំរុញ​សេដ្ឋកិច្ច​របស់​ប្រទេស មាន​វិធានការណ៍​កាត់បន្ថយ​ផលប៉ះពាល់​សេដ្ឋកិច្ច និង​សង្គម នៃ​ជំងឺ​រាតត្បាត និង​កំណត់​គោលដៅ​បុគ្គល​សាជីវកម្ម​ពហុ​ជាតិ និង​សហគ្រាស​ធុន​តូច​និង​មធ្យម។

យោងតាម​របាយការណ៍​ខែកុម្ភៈ​ឆ្នាំ២០២០ របស់​សារព័ត៌មាន Nikkei Asian Reviewបាន​ឲ្យ​ដឹងថា មិនមែន​មានតែ​ក្រុមហ៊ុន​ផលិតកម្ម​របស់​ជប៉ុន តែមួយ​នោះទេ​ដែល​ដកខ្លួន​ពី​ចិន ប៉ុន្តែ​ក្រុមហ៊ុន Google និង Microsoft កំពុង​ផ្លាស់ប្តូរ​ខ្សែចង្វាក់​ផលិតកម្ម​របស់ខ្លួន​មួយចំនួន ទៅកាន់​ប្រទេស​វៀតណាម និង​ថៃ។ ក្រុមហ៊ុន Microsoft ត្រូវបាន​គេ​រំពឹងថា នឹង​ចាប់ផ្តើម​ផលិត​នៅ​ប្រទេស​វៀតណាម នូវ​ម៉ូ​ដែល​មួយចំនួន​នៃ​កុំព្យូទ័រ​លើ​តុ និង​កុំព្យូទ័រ​យួរដៃ ដែល​ពេញនិយម​នៅ​ត្រីមាស​ទី២ ឆ្នាំ ២០២០៕

ប្រភព (The Asean Post)