តើ​វិស័យ​អ្វីខ្លះ​ដែល​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​ក្នុង​កំឡុង​វិបត្តិ​សេដ្ឋកិច្ច​សាកលនាពេល​បច្ចុប្បន្ន?

ដោយ ប៊ី

ភ្នំពេញ៖ ភ្នាក់ងារ Moody’s Investors Service បានឱ្យដឹងថា ទស្សនវិស័យ​អវិជ្ជមាន​របស់ខ្លួន ចំពោះ​ក្រុមហ៊ុន​មិនមែន​ហិរញ្ញវត្ថុ នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ត្រូវបាន​គ្រប់គ្រង​ដោយ​វិស័យ​រថយន្ត ការលក់​រាយ និង​ល្បែង ប៉ុន្តែ​មិនមែន​វិស័យ​អចលនទ្រព្យ។

នៅក្នុង​របាយការណ៍​ចេញផ្សាយ​នៅ​ហុងកុង កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ទីភ្នាក់ងារ​វាយតម្លៃ​សេដ្ឋកិច្ច នៅ​សហរដ្ឋអាមេរិក​នេះ​បានឱ្យដឹងថា និន្នាការ​ឥណទាន​នៅក្នុង​តំបន់ នឹង​នៅតែមាន​លក្ខណៈ​អវិជ្ជមាន​នៅ​ឆ្នាំ២០២។

របាយការណ៍​បានបញ្ជាក់​ទៀតថា “ជំងឺ​រាតត្បាត​រីក​រាលដាល​បាន​រំខាន​យ៉ាងខ្លាំង​ដល់​កំណើន​សេដ្ឋកិច្ចពិភពលោក និង​សង្វាក់​ផ្គត់ផ្គង់ និង​ដាក់​សម្ពាធ​គុណភាព​ឥណទាន​របស់​សាជីវកម្ម។

ភ្នាក់ងារ Moody’s បានឱ្យដឹងថា ២៦ភាគរយ​នៃ​ការផ្តល់​ចំណាត់ថ្នាក់​របស់ខ្លួន​ស​ម្រា​ប់​ក្រុមហ៊ុន មិនមែន​ហិរញ្ញវត្ថុ នៅក្នុង​តំបន់​មាន​ផលប៉ះពាល់​អវិជ្ជមាន នៅ​ចុងខែ​មីនា កើនឡើង​ពី១៧ភាគរយ​នៅ​ចុងខែ​ធ្នូ​ឆ្នាំមុន។

របាយការណ៍​នេះ​បានឱ្យដឹងថា “ក្រុមហ៊ុន​រថយន្ត លក់រាយ និង​ផ្នែក​ល្បែង​ទទួលរង​ផលប៉ះពាល់​ខ្លាំង​បំផុត ដោយ​ជាង៥០ភាគរយ ជាប់ទាក់ទង​នឹង​ផលប៉ះពាល់​អវិជ្ជមាន” ។

ផលប៉ះពាល់​អវិជ្ជមាន សំដៅ​ទៅលើ​ទស្សនវិស័យ​របស់​ក្រុមហ៊ុន ដែលមាន​ការវាយតម្លៃ​អវិជ្ជមាន ឬ​ឥណទាន ដែល​កំពុង​ត្រូវបាន​ពិនិត្យ​សម្រាប់​ការធ្លាក់ចុះ ដែល​អាច​កើតមាន។

ចំណែក​នៃ​ការផ្តល់​ចំណាត់ថ្នាក់ ជាមួយនឹង​ទស្សនវិស័យ​មាន​ស្ថេរភាព ធ្លាក់ចុះ​ពី ៧៩ភាគរយ​មក នៅត្រឹម៧១ភាគរយ​ក្នុង​រយៈពេល​ដូចគ្នា។

ទាក់ទង​នឹង​សកម្មភាព​វាយតម្លៃ​ភ្នាក់ងារ Moody’s បានឱ្យដឹងថា និន្នាការ​សម្រាប់​ក្រុមហ៊ុន​មិនមែន​ហិរញ្ញវត្ថុ ដែលមាន​អត្រា​ធ្លាក់ចុះ​នៅក្នុង​តំបន់ គឺមាន​លក្ខណៈ​អវិជ្ជមាន​យ៉ាងខ្លាំង​ក្នុង​រយៈពេល​បី​ខែ​គិត​ត្រឹម​ខែមីនា។

ក្នុងអំឡុងពេល​មួយ​ត្រីមាស ភ្នាក់ងារ​វាយតម្លៃ​នេះ​បានឱ្យដឹងថា ខ្លួន​បានធ្វើ​សកម្មភាព​អវិជ្ជមាន​ចំនួន១២០ និង​សកម្មភាព​វិជ្ជមាន​ចំនួន។

ប្រទេស​ចិន​គ្របដណ្តប់​ចំនួន២៤ភាគរយ នៃ​សកម្មភាព​អវិជ្ជមាន​ដែល​អមដោយ​ប្រទេស​ជប៉ុន២១ភាគរយ អូស្ត្រាលី​អូស្ត្រាលី និង​នូ​វែ​ល​ហ្សេ​ឡង់ (១៣ ភាគរយ​រួមគ្នា) កូរ៉េខាងត្បូង (១០ ភាគរយ) ឥណ្ឌា​និង​សិង្ហ​បុរី (ទាំង ១០ ភាគរយ) ឥណ្ឌូណេស៊ី (៦ ភាគរយ) និង​ហុងកុង។ កុង (៥ ភាគរយ) ។

ការដំឡើង​គ្រឿងបន្លាស់​រថយន្ត ជា​ផ្នែក​សំខាន់​មួយ​នៃ​ការវិនិយោគ​បរទេស​នៅ​កម្ពុជា នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ជាពិសេស​ដោយ​ក្រុមហ៊ុន​រថយន្ត​ជប៉ុន នៅ​ថៃ​ដែល​បាន​ផ្លាស់ប្តូរ​ប្រតិបត្តិការ​មួយចំនួន​នៅទីនេះ៕

រដ្ឋាភិបាល​ត្រៀម​ថវិកា៤៥០លាន​ដុល្លារ​សម្រាប់​កម្មវិធី​ជំនួយ​សង្គម​ក្រោមឥទ្ធិពល​វិបត្តិ​ជំងឺ Covid-19

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា បានគ្រោង​រៀបចំ​គោលនយោបាយ និង​កម្មវិធី​ជំនួយ​សង្គម ក្នុងអំឡុងពេល​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ Covid-19 គឺ​ផ្អែកលើ​ផែនការមេ​សម្រាប់​ទប់ស្កាត់ និង​ឆ្លើយតប​ទៅនឹង​ការគំរាមកំហែង​ពី​ជំងឺ Covid-19 និង​ក្របខណ្ឌ​យុទ្ធសាស្ត្រ សម្រាប់​គ្រប់គ្រង​សភាពការណ៍ ប្រយុទ្ធ​នឹង​ជំងឺ Covid-19 ដែល​គ្រោង​ចំណាយ​សរុប​ប្រមាណ៤៥០លាន​ដុល្លារ។

រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វ​ង្សី វិស្សុត បាន​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា ពិគ្រោះ​យោបល់ តាមរយៈ Video Conference អំពី​គោលនយោបាយ និង​កម្មវិធី​ជំនួយ​សង្គម ក្នុងអំឡុងពេល​ប្រយុទ្ធប្រឆាំង នឹង​ជំងឺ Covid-19 ជាមួយ​បណ្តា​ដៃគូ​អភិវឌ្ឍន៍​ចំនួន២៣ កាលពី​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ថា ការរៀបចំ​គោលនយោបាយ និង​កម្មវិធី​ជំនួយ​សង្គម ក្នុងអំឡុងពេល​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​Covid-19 គឺ​ផ្អែកលើ​ផែនការមេ​សម្រាប់​ទប់ស្កាត់ និង​ឆ្លើយតប​ទៅនឹង​ការគំរាមកំហែង​ពី​ជំងឺ Covid-19 ។

ក្រៅពីនេះ រដ្ឋាភិបាល​ក៏មាន​ក្របខណ្ឌ​យុទ្ធសាស្ត្រ សម្រាប់​គ្រប់គ្រង​សភាពការណ៍​ប្រយុទ្ធ​នឹង​ជំងឺ Covid-19 ដែល​បាន​ដាក់ចេញ។ គោលនយោបាយ និង​កម្មវិធី​ជំនួយ​សង្គម​នេះ នឹងត្រូវ​ដាក់​ឆ្លង​ការពិនិត្យ​អនុម័ត ពី​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុងពេល​ខាងមុខនេះ​ផងដែរ។

លោក វ​ង្សី វិស្សុត ក៏បាន​លើកឡើង​ផងដែរ​ថា “ការរីក​រាលដាល​នៃ​ជំងឺ Covid-19 បាន​ក្លាយជា​វិបត្តិ​សកលលោក និង​ជា​ករណី​មិន​ធ្លាប់មាន​ពីមុនមក ហើយ​ទំហំ​នៃ​ផលប៉ះពាល់ និង​វិធានការ​ឆ្លើយតប របស់​ប្រទេសនីមួយៗក៏​មិន​ដូចគ្នា​ដែរ។ លោក​បាន​បន្តថា “ ទោះបី​កម្ពុជា​ជា​ប្រទេស​តូច ហើយ​ធនធាន​មាន​កម្រិត​ក្តី តែ​រហូតមក​ទល់នឹង​ពេលនេះ, កម្ពុជា បាននិងកំពុង​គ្រប់គ្រង​ស្ថានភាព​នៃ​ជំងឺ​នេះ​បានល្អ​ប្រសើរ។

ទន្ទឹមនឹងនេះ ម​ជ្ឍ​ដ្ឋា​ន​ប្រជា​ពល​ពលរដ្ឋ​ទូទៅ មិនថាតែ​មន្ត្រី​រដ្ឋការ​សាធារណៈ​ឡើយ បាន​ចូលរួមចំណែក​ប្រយុទ្ធប្រឆាំង នឹង​ជំងឺ​នេះ​ជាមួយនឹង​រដ្ឋាភិបាល​យ៉ាង​សស្រាក់សស្រាំ និង​ថែមទាំង​បាន​ជួយ​រែកពន់​នូវ​បន្ទុក និង​ការលំបាក​នេះ ក្នុង​ស្មារតី​ចែករំលែក​ទៀត។ ក៏ប៉ុន្តែ​ទោះបីជា​យ៉ាងនេះ​ក្តី រាជរដ្ឋាភិបាល នឹង​នៅតែ​បន្ត​តាមដាន ស្ថានភាព​វិវត្តន៍​នៃ​ជំងឺ​នេះ ប្រកបដោយ​ការយកចិត្តទុកដាក់ និង​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​បញ្ចៀស​ឲ្យ​បាន​នូវ​ការរីក​រាលដាល​ធ្ងន់ធ្ងរ នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ។

លោក​វ​ង្សី វិស្សុត ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា រដ្ឋាភិបាល​បានគិត​គូរ​និង​ត្រៀម​សម្រាប់​ស្ថានភាព​អាក្រក់​បំផុត ។

លោក​បាន​បន្តថា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ Covid-19 និង​ការ​ទប់ទល់​ផលប៉ះពាល់ លើ​សេដ្ឋកិច្ច-សង្គម រាជរដ្ឋាភិបាល​បានគ្រោង​ថវិកា​ចំនួន១០០លាន​ដុល្លារ សម្រាប់​អនុវត្ត​ផែនការមេ សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ Covid-19។ ក្នុងនោះ​ប្រភពពី​ថវិកាជាតិ​ប្រមាណ៦០លាន​ដុល្លារ​អាមេរិក និង​ការ​កៀរគរ​ពី​ដៃគូ អភិវឌ្ឍន៍​ប្រមាណ៤០លាន ដុល្លារ​អាមេរិក និង​ថវិកាជាតិ​ចំនួន៣៥០លាន​ដុល្លារ​អាមេរិក​ទៀត  សម្រាប់ធ្វើ​អន្តរាគមន៍ ដើម្បី​រក្សា​លំនឹង​ជីវភាព​ប្រជាជន​ក្រីក្រ ងាយ​រងគ្រោះ និង​សម្រាប់​ឧបត្ថម្ភ​ដល់ក​ម្មករ នៅពេលដែល​រោងចក្រ​ព្យួរ​អាជីវកម្ម។

ទំហំ​ទឹកប្រាក់​ត្រៀម សម្រាប់​អន្តរាគមន៍ មុខសញ្ញា​ខាងលើនេះ អាច​នឹងមិន​គ្រប់គ្រាន់ ក្នុងករណី​ប្រសិនបើ​ស្ថានភាព​នៃ​ជំងឺ Covid-19 ត្រូវ​អូសបន្លាយ​យូរ ឬ​ករណី​មាន​ការរីក​រាលដាល​ខ្លាំង។

លោក​វ​ង្សី វិស្សុត​បាន​បន្តថា ក្រៅពី​ការផ្តល់​ការអនុគ្រោះ និង​ការបន្ធូរបន្ថយ​ផ្នែក​ពន្ធដារ និង​វិធាន​ការដែល​ដាក់ចេញ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​ជួយ​ដល់​វិស័យ​ធុរកិច្ច ដែល​ទទួលរង​ផលប៉ះពាល់​ពី​ជំងឺ Covid-19, រាជរដ្ឋាភិបាល​ក៏បាន​បង្កើន​ការផ្តល់​ទុន​កម្ចី ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ចំនួន៥០លាន​ដុល្លារ​អាមេរិក តាមរយៈ​ធនាគារ​អភិវឌ្ឍ​ជនបទ និង​កសិកម្ម ចំពោះ​វិស័យ​កសិកម្ម និង​ក​សិ-ឧស្សាហកម្ម និង​វិស័យ​ផ្សេងទៀត ចំនួន១០០លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត តាមរយៈ​ធនាគារ សហគ្រាស​ធុន​តូច និង​មធ្យម​ចំនួន៥០លាន​ដុល្លារ​អាមេរិក និង​ធនាគារ​ពាណិជ្ជកម្ម​ចំនួន៥០លាន​ដុល្លារ​អាមេរិក។

តាមរយៈ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ បណ្តា​ដៃគូ​ទាំង២៣ បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​គោលនយោបាយ និង​កម្មវិធី​ជំនួយ​សង្គម ដែល​បានរៀបចំ​ដោយ​ក្រុមការងារ ចំពោះ​កិច្ច និង​សន្យា​ផ្តល់​ការគាំទ្រ ចំពោះ​កម្មវិធី​ជំនួយ​សង្គម​នេះ ទៅតាម​លទ្ធភាព​របស់​ខ្លួន៕

កម្ពុជា​នឹង​ទទួលបាន​រ៉ែ​មាស​ចំនួន ១លាន​តោន​ជា​លើកដំបូង​នាពេល​ខាងមុខនេះ

ដោយ វុត្ថា

ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​បាន​អះអាងថា រហូតមកដល់​ពេលនេះ កម្ពុជា បាន​រកឃើញ​រណ្ដៅ​រ៉ែ​មាស​ខ្នាត​អន្តរជាតិ មួយកន្លែង​ដែល​ស្ថិតនៅ ក្នុង​តំបន់​អូរ​ខ្វាវ ស្រុក​កែវ​ស៊ី​មា​ខេត្តមណ្ឌលគិរី  ខណៈ​ក្រុមហ៊ុន​កំពុងតែ​ដំណើរ​យ៉ាងសកម្ម ហើយ​រំពឹងថា នឹង​ទទួលបាន​រ៉ែ​មាស​ចំនួន១លាន​តោន​ជា​លើកដំបូង​នាពេល​ខាងមុខនេះ ។

លោក​យស មុនី​រ៉ាត់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ និង​ជា​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី «វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់​ក្រសួង​រ៉ែ និង​ថាមពល» នា​ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២០កន្លងមក​បានឱ្យដឹង​ថា កម្ពុជា​កំពុងដំណើរការ​ឈាន ទៅ​បង្កើត​រោងចក្រ​ឧស្សាហកម្ម​ចំរាញ់ រ៉ែ​មាស​ជា​លើកដំបូង​មួយកន្លែង ស្ថិតនៅក្នុង​ខេត្តមណ្ឌលគិរី ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​អូស្ត្រាលី សហការ​ផ្នែក​ហិរញ្ញវត្ថុ ជាមួយ​ក្រុមហ៊ុន​កាណាដា ដែល​បានធ្វើ​ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​រួចរាល់​អស់ហើយ។

លោក​ថ្លែងថា “យើង​សង្ឃឹមថា យើង​នឹង​អាចមាន​ផលិតផល​មាស​រប​ស់ក​ម្ពុ​ជា នៅពេលឆាប់ៗខាងមុខ​ទៅតាម​ផែនការ ខណៈ​ខាង​ក្រុមហ៊ុន​កំពុង​ដំណើរ​យ៉ាង​រលូន ព្រមទាំង​បាន​នឹង​កំពុង​រៀបចំ​រួចរាល់ នៅតាម​ការដ្ឋាន​ដើម្បី​ជីក​យក​រ៉ែ​មាស​ផងដែរ។

អ្នកនាំពាក្យ​រូបនេះ​បន្ថែមថា “ក្រុមការងារ​ក្រសួង គ្រោង​ទៅ​ចុះ​ពិនិត្យមើលឆាប់ៗនេះ តែដោយសារ​បញ្ហា​កូ​វីដ១៩ បានធ្វើអោយ​មានការ​ស្ទះ ក្នុង​ការចុះ​ធ្វើ​បេសកម្ម​របស់​ក្រុមការងារ ដើម្បី​បង្ការ និង​រក្សាបាន​យ​នូវ​សុវត្ថិភាព។  ជាមួយគ្នានេះ អ្នកជំនាញ​មួយចំនួន ដែល​ត្រូវបាន​បញ្ជូនមក ក៏ត្រូវ​បានខ​កជើង​ផងដែរ ដោយសារ​ព្រួយបារម្ភ​ពី​ជំងឺ​កូ​វីដ ១៩ ”។

លោក​យស មុនី​រ៉ាត់​បាន​បន្តថា “យើង​មាន​អ្នកជំនាញ​ពីរ​ផ្នែក មួយផ្នែក​ជា​អ្នកជំនាញ​នៅ​ប្រចាំ​តាម​ការដ្ឋាន និង​មួយផ្នែក​ទៀត​អ្នកជំនាញ ដែល​បាន​បញ្ជូនមក​ណែនាំ​ដល់​ក្រុមការងារ​នៅតាម​ការដ្ឋានរ​រួចហើយ​វិលត្រឡប់​ទៅវិញ។

លោក​បន្តថា បើ​យើង​ពិនិត្យមើល​សកម្មភាព នៅក្នុង​ការដ្ឋាន​មិនទាន់មាន​សញ្ញា​ណាមួយ​មាន​ស្ថាន​ភាពយឺត​យ៉ាង​នោះទេ។ យើង​នឹង​ទទួលបាន​ក្នុង​ជម្រក​រ៉ែ ទីមួយ​មាន​ចំនួន១លាន​តោន ដែល​ស្មើនឹង​មួយ​លាន​ដំឡឹង និង​បន្ត​ស្វែងរក​នៅក្នុង​តំបន់​នៅ​ជុំវិញ​នោះ យើង​នឹង​បានទទួល​នូវ​ជម្រក​រ៉ែថ្មីៗទៀត។

បើតាម លោក យស មុនី​រ៉ាត់​បានឱ្យដឹង​ផងដែរ​ថា ក្រសួង​បានចេញ​អាជ្ញា​បណ្ណ​ដល់​ក្រុមហ៊ុន​រ៉ុ​ក​រ៉ែ នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ចំនួន៤០អាជ្ញា​បណ្ណ   តែមាន​ក្រុមហ៊ុន​ស្វែង​រកបាន​មួយចំនួន​ក្ស័យធន និង​មួយចំនួនទៀត​ត្រូវបាន​បាន​ដក​អាជ្ញា​បណ្ណ  និង​ក្រុមហ៊ុន​មួយចំនួន​យក​មិន​ចេញ៕

ចំណេះដឹង! តើ​សំណង់​ប្រភេទ​ណាខ្លះ​ដែល​ត្រូវ​ស្នើសុំ​លិខិតអនុញ្ញាត​សាងសង់?

ដោយ វុត្ថា

ភ្នំពេញៈ យោងតាម​អនុក្រឹត្យ​លេខ ៨៦ អនក្រ.បក​ស្ដីពី លិខិតអនុញ្ញាត​សាងសង់ របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ ឱ្យដឹងថា សំណង់​ដែល​តម្រូវឱ្យមាន លិខិតអនុញ្ញាត​សាងសង់​ជាមុន​គឺ រាល់​ការសាងសង់​ថ្មី ឬ​សាងសង់​ឡើងវិញ លើ​អគារ​ដែលមាន​ស្រាប់ នៅក្នុង​ទីក្រុង និង​ទីប្រជុំជន។

ខាងក្រោម​នេះ គឺជា​សំនួរ ចម្លើយ ជុំវិញ​ការស្នើសុំ​លិខិត​សាងសង់​សំណង់ផ្សេងៗនៅក្នុង​ប្រទេស​កម្ពុជា ដែល​គេហទំព័រ propertyarea.asia សូម​ធ្វើការ​ដកស្រង​ចេញពី​ឯកសារ​គេហទំព័រ​របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់។

សំណួ​រៈ តើ​អ្នកណា​អាចមាន​សិទ្ធិ​ស្នើសុំ​លិខិតអនុញ្ញាត​សាងសង់​បាន?

ចម្លើយៈ រាល់​ការស្នើសុំ​លិខិតអនុញ្ញាត​សាងសង់ លិខិតអនុញ្ញាត​សាងសង់​ពង្រីក​បន្ថែម លិខិតអនុញ្ញាត​ជួសជុល លិខិតអនុញ្ញាត​បើក​ការដ្ឋាន និង​លិខិត​បិទ​ការដ្ឋាន តម្រូវឱ្យ​ដាក់ពាក្យ​ស្នើសុំ​ដោយ​ម្ចាស់​គម្រោង។ អ្នកតំណាង​ស្របច្បាប់ អាច​ជំនួស​ម្ចាស់​គម្រោង ក្នុងការ​ដាក់ពាក្យ​ស្នើសុំ​លិខិតអនុញ្ញាត​ទាំងនោះ​បាន។

សំណួ​រៈ តើ​ការសាងសង់​ប្រភេទ​ណាខ្លះ ដែល​មិនចាំបាច់​ស្នើសុំ​លិខិតអនុញ្ញាត​សាងសង់?

ចម្លើយៈ រាល់​ការអភិវឌ្ឍ​អចលនវត្ថុ (ការសាងសង់) គ្រប់​ប្រភេទ​តម្រូវឱ្យ​ស្នើសុំ​លិខិតអនុញ្ញាត​ជាមុន លើកលែងតែ​ការសាងសង់​ថ្មី ឬ​ការជួសជុល​លំនៅឋាន​តូចតាច​និង​ពុំមាន​លក្ខណៈ ជាការ​ធ្វើ​ពាណិជ្ជកម្ម ដែល​ស្ថិតនៅ​ទីជនបទ​ឬ​តំបន់​ឆ្ងាយ​ពី​ផ្លូវជាតិ​ផ្លូវដែក និង​ឆ្ងាយ​ពី​តំបន់​រមណីយដ្ឋាន​ទេសចរណ៍ តំបន់​បេ​តិក​ភ័​ណ្ឌ​ជាតិ តំបន់​រក្សាទុក​ការពារ។

សំណួ​រៈ តើ​ការសាងសង់​ចំណតរថយន្ត ឬ​ចំណត​ម៉ូតូ​ដែល​ប្រក់​ដំបូល​នៅក្នុង​បរិវេណ​ក្រុមហ៊ុន ឬ​រោងចក្រ​ចាំបាច់​ត្រូវមាន​លិខិតអនុញ្ញាត​សាងសង់​ជាមុន​ដែរឬទេ?

ចម្លើយៈ រាល់​ការសាងសង់​ចំណតរថយន្ត ឬ​ចំណត​ម៉ូតូ​ដែល​ប្រក់​ដំបូល នៅក្នុង​បរិវេណ​ក្រុមហ៊ុន ឬ​រោងចក្រ ដែលមាន​លិខិតអនុញ្ញាត​សាងសង់​រួចហើយ មិន​តម្រូវឱ្យ​ស្នើសុំ​លិខិតអនុញ្ញាត​សាងសង់​ទេ លើកលែងតែ​ការសាងសង់​នោះ ធ្វើឱ្យប៉ះពាល់​ដល់​រចនា​សម្ព័ន្ធ​សុវត្ថិភាព​គ្រឿង​ផ្គុំ​សំណង់ សណ្តាប់ធ្នាប់​សាធារណៈ ឬ​ខុសពី​ការកំណត់​នៃ​គម្លាត​អប្បបរមា កំណត់ដោយ​បទ​ប្ប​ញ្ញ​តិ្ត​ជា​ធរមាន ដែល​ចាំបាច់​ត្រូវ​ស្នើសុំ​លិខិតអនុញ្ញាត​សាងសង់​បន្ថែម។

សំណួ​រៈ តើ​ស្ថាប័ន​ណាខ្លះ​មាន​សមត្ថកិច្ច​ក្នុង​ការចេញ​លិខិតអនុញ្ញាត​សាងសង់?

ចម្លើយៈ សមត្ថកិច្ច​ក្នុង​ការចេញ​លិខិតអនុញ្ញាត មាន​បី​ថ្នាក់ ៖ ក.  ថ្នាក់ក្រុង ស្រុក ខណ្ឌ ចំពោះ​សំណង់​ដែលមាន​ផ្ទៃក្រឡា​កម្រាល សំណង់​សរុប​តូច​ជាង​ឬ​ស្មើ៥០០ម៉ែត្រក្រឡា។ ខ.  ថ្នាក់​រាជធានី ខេត្ត ចំពោះ​សំណង់​ដែលមាន​ផ្ទៃក្រឡា កម្រាល​សំណង់​សរុប​ធំ​ជាង៥០០ម៉ែត្រក្រឡា ដល់៣.០០០ ម៉ែត្រក្រឡា។ គ.  ថ្នាក់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចំពោះ​សំណង់​ដែលមាន​ផ្ទៃក្រឡា​កម្រាល សំណង់​សរុប​ធំ​ជាង ៣.០០០ម៉ែត្រក្រឡា និង​គ្រប់​សំណង់​ស្ថានីយប្រេងឥន្ធនៈ៕

អ្នកនាំពាក្យៈកម្ពុជាមិនខ្វះធនធានរ៉ែសំណង់សម្រាប់ផ្គត់ផ្គត់លើវីស័យសំណង់នោះទេ

ដោយវុត្ថា

ភ្នំពេញៈ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានអះអាងថា រហូតមកដល់ពេលនេះ កម្ពុជា មិនទាន់ខ្វះខាតធានធនរ៉ែសំណង់ សម្រាប់ផ្គត់ផ្គង់លើវិស័យសំណង់នោះទេ ខណៈដែលវិស័យសំណង់របស់កម្ពុជា មានសន្ទុះរីកចំរើនយ៉ាងកំហុក ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។


លោកយស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងរ៉ែ និងថាមពល»នាថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២០នេះបានឱ្យដឹងថា ការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យរ៉ែបានបើកចំហរ និងជំរុញឱ្យក្រុមហ៊ុនឯកជននានាបមកធ្វើការសិក្សាស្រាវជ្រាវ និងវិយោគយ៉ាងផុលផុស។

លោកបន្តថា វិស័យរ៉ែបានចូលរួមចំណែកអភិវឌ្ឍន៍ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងកំណើនសេដ្ឋកិច្ចជាច្រើននៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងមានការវិនិយោគ យើងក៏បានរៀបចំបទដ្ឋានគតិយុត្តិផ្សេងៗ រួមមានច្បាប់ អនុក្រឹត្យនិងប្រកាសក្រសួងផងដែរ ដើម្បីឱ្យវិស័យនេះ ធ្វើប្រតិបត្តិការប្រកបដោយចីរភាព

លោកបន្ថែមទៀតថា កន្លងមកនេះ ក្រសួងបានអនុញ្ញាតឱ្យក្រុមហ៊ុន និងអាជីវករ ធ្វើអាជីវកម្មរ៉ែសំណង់ ដែលអាចបំពេញបាននូវការប្រើប្រាស់ នៅក្នុងវិស័យសំណង់ក្នុងប្រទេសកម្ពុជាដោយពុំមានការខ្វះខាត។

អ្នកនាំពាក្យរូបនេះពន្យល់ថា រ៉ែសំណង់នេះផ្តោតសំខាន់ៗទៅលើ គ្រួស ខ្សាច់ និងថ្មជាដើមដែលជាវត្ថុធាតុដើម សម្រាប់បំរើឱ្យវិស័យសំណង់ បំពេញបានគ្រប់គ្រាន់តម្រូវតាមសេចក្តីត្រូវការរបស់សេដ្ឋកិច្ច និងសង្គម និងតម្រូវការសម្រាប់ហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិ


លោកបញ្ជាក់ថា ដូចបច្ចុប្បន្ននេះ ការអភិវឌ្ឍន៍យ៉ាងកំហុកលើវិស័យសំណង់ យើងក៏ត្រូវការធនធានរ៉ែសំណង់យកមកផ្គត់ផ្គង់។ ជាមួយគ្នានេះ យើងបានដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ង់ត៍ ដែលមានសមត្ថភាពផលិតបានជាង៨លានតោនក្នុងមួយឆ្នាំ។

លោកយស់ មុនីរ៉ាត់បានបន្ថែមថា និយាយជារួមរោងចក្រផលិតស៊ីម៉ងត៍ទាំង៥ របស់កម្ពុជាអាចផលិត និងផ្គត់ផ្គង់តាមតម្រូវការរបស់ប្រទេស។ បើធៀបពីកាលមុន យើងបាននាំចូលពីក្រៅប្រទេស។

យោងតាមរបាយការណ៍ប្រចាំឆ្នាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា វិស័យសំណង់ទូទាំងប្រទេស នៅក្នុងឆ្នាំ២០១៩កន្លងមកនេះ មានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ១៨.៥លានម៉ែត្រការ៉េ កើនឡើង៦២ភាគរយ ធៀបនឹងឆ្នាំ២០១៨ ដែលគម្រោងសំណង់មានផ្ទៃក្រឡា១១.៤លានម៉ែត្រការ៉េ ខណៈទុនវិនិយោគលើមានចំនួន៩.៣ពាន់លានដុល្លារ មានកំណើន៧៨ភាគរយ៕

តើជនជាតិខ្មែរដែលទិញខុនដូភាគច្រើនទុកសំរាប់វិនិយោគឬទុកស្នាក់នៅខ្លួនឯង?

ដោយៈ រ៉ាណេត

ភ្នំពេញៈ នៅដើមឆ្នាំ២០២០នេះ បើទោះជាបញ្ហានៃវិបត្តិជំងឺCovid-19 បានធ្វើការគំរាមកំហែង និងប៉ះពាល់ទៅលើវិស័យជាច្រើននៅកម្ពុជា ប៉ុន្តែសម្រាប់ទីផ្សារខុនត្រូវបានអ្នកជំនាញនៅក្នុងផ្នែកមួយនេះអះអាងថា នៅតែបន្តរក្សាបានភាពវិជ្ជមាន ខណៈដែលតម្រូវការទីផ្សារអតិថិជនជាតិខ្មែរ និងមាននិន្នាការក្នុងការទិញក្នុងទិសដៅផ្សេងគ្នា។


អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យ លោកឡុង គឹមសួគ៌ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិCentury21 Advance Property បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ ដោយទទួលស្គាល់ថា តម្រូវការទីផ្សារខុនដូនៅកម្ពុជានាពេលបច្ចុប្បន្ននេះ គឺជាជនជាតិខ្មែរ ច្រើនជាងបរទេ ខណៈដែលអ្នកអភិវឌ្ឍន៍ ក៏បានបង្វែរទិសដៅចាប់យកអតិថិជនក្នុងស្រុកជាចម្បង។

លោកបញ្ជាក់ថា អ្នកទិញខុនដូបច្ចុប្បន្ននេះ ជាជនជាតិខ្មែរច្រើនជាងបរទេស ប៉ុន្តែតម្រូវការរបស់ពួកគាត់ ដែលជាអ្នកក្នុងស្រុកនេះ ក៏មានកម្រិតគុណភាពនិងតម្លៃខុសពីទីផ្សារមកពីក្រៅស្រុកដែរ លោកបានបន្តទៀតថា ប្រភេទខុនដូដែលជាតម្រូវការជនជាតិខ្មែរ គឺស្ថិតនៅក្នុងតម្រិតមធ្យម និងសមរម្យ ដែលមានតម្លៃទាបចាប់ពីជាង៧ម៉ឺនដុល្លារចុះក្រោម ដែលតម្លៃនេះមិនអាចទិញផ្ទះជាប់ដីនៅក្នុងក្រុងបាននោះទេ

ពាក់ព័ន្ធទៅនឹងនិន្នាការនៃការទិញរបស់ជនជាតិខ្មែរ ដែលកំពុងតែមានទីផ្សារនៅពេលបច្ចុប្បន្ននេះ ត្រូវបានអ្នកជំនាញអះអាងថា មាន២ប្រភេទគឺ ការទិញដើម្បីទុកវិនិយោគយកចំណេញបន្ត និងការទិញដើម្បីបំពេញនូវតម្រូវការចាំបាច់ជាក់ស្ដែង និងចាំបាច់។

លោកឡុង គឹមសួគ៌ បានបញ្ជាក់ថា មានអតិថិជនតិចតួច បានទិញក្នុងគោលបំណងចង់ទុកវិនិយោគបន្តដោយការដាក់ជួល ឬអ្នកខ្លះលក់បន្តយកចំណេញដុលតែម្ដង ប៉ុន្តែអតិថិជនមួយក្រុមទៀតនោះ គឺទិញដើម្បីបំពេញតម្រូវការចាំបាច់របស់ពួកគាត់ ហើយក៏ជាមនុស្សដែលមានវ័យកណ្តាល ឬអ្នកដែលបន្តការសិក្សានៅមហាវិទ្យា ក៏ដូចជាអ្នកដែលទើបតែមានគ្រួសារមិនទាន់មានសមាជិកច្រើន ដែលត្រូវបម្រើការងារ និងអាជីវកម្មនៅក្នុងក្រុង។


នាយិកាប្រចាំប្រទេសក្រុមហ៊ុនCBRE Cambodia លោកស្រី អាន សុធីតាបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា វិស័យខុនដូនៅកម្ពុជា ត្រូវបានអ្នកអភិវឌ្ឍន៍ធ្វើឡើងជា៣កម្រិត រួមមានកម្រិតខ្ពស់ សម្រាប់បំពេញតម្រូវការទៅផ្សារមកពីក្រៅស្រុក (ទីផ្សារជនបរទេស) ខុនដូកម្រិតមធ្យម និងកម្រិតសមរម្យ សម្រាប់បំពេញតម្រូវការទីផ្សារក្នុងស្រុកដែលជាជនជាតិខ្មែរ។ ជាក់ស្ដែង ទោះជានៅក្នុងដំណាក់កាលនៃការវាយប្រហារដោយជំងឺឆ្លងCovid-19 ដែលបានធ្វើឱ្យប៉ះពាល់ដល់វិស័យអចលនទ្រព្យនៅកម្ពុជា មួយចំណែក ប៉ុន្តែសម្រាប់ការវិនិយោគលើវិស័យខុនដូកម្រិតមធ្យម និងកម្រិតសមរម្យ គឺនៅតែមានឱកាសដដែល។

លោកស្រីបានបន្តទៀតថា ហេតុផលនៃតម្រូវការខុនដូតម្លៃមធ្យម និងតម្លៃសមរម្យ ដោយសារតែតម្លៃធូថ្លៃ ស័ក្ដិសមនឹងលទ្ធភាពពួកគាត់អាចទិញបាន ស្ថិតនៅក្នុងក្រុងដែលងាយស្រួលក្នុងការបំពេញការងារ និងប្រកបអាជីវកម្ម។លោកស្រីបន្តថា ភាពល្អប្រសើរនេះ រួមផ្សំជាមួយនឹងគោលការណ៍នៃការទិញលក់ មានភាពល្អប្រសើរ ដូចជាការបង់រំលោះ និងការធានាជួលត្រឡប់ពីសំណាក់ក្រុមហ៊ុនជាដើម

ម៉្យាងវិញទៀត ពួកគាត់បានសំឡឹងពីអត្ថប្រយោជន៍ ទៅថ្ងៃអនាគតដែលទីក្រុងនឹងកាន់តែរីកចម្រើន អភិវឌ្ឍន៍ខ្លាំង កាន់តែជម្រុញឱ្យតម្លៃខុនដូឡើងខ្ពស់ ផ្តល់ឱកាសចំណេញដល់ពួកគេច្រើន៕

ម្ចាស់អចលនទ្រព្យអាមេរិកជិត ៣ លាននាក់ទទួលបានលើកទឹកចិត្តពីរដ្ឋាភិបាល ខណៈធនាគារកំពុងយំរកជំនួយ

ដោយ ប៊ី

អាមេរិក៖ ម្ចាស់អចលនទ្រព្យជាង ២,៩ លាននាក់បានទាញយកអត្ថប្រយោជន៍ពីកម្មវិធីមួយដែលត្រូវបានធ្វើឡើងដើម្បីផ្តល់ការធូរស្បើយដល់អ្នកប្រើប្រាស់ប្រាក់កម្ចីដែលគាំទ្រពីរដ្ឋាភិបាល និងជាផ្នែកមួយនៃកញ្ចប់ជំនួយសង្គ្រោះនៃជំងឺ COVID-19។

នេះតំណាងឱ្យ ៥.៥ ភាគរយ នៃប្រាក់កម្ចីមានទ្រព្យសកម្មទាំងអស់។ នេះបើយោងតាមក្រុមហ៊ុន Black Knight ដែលជាក្រុមហ៊ុនផ្តល់ទិន្នន័យប្រាក់កម្ចី និងវិភាគវិភាគដែលឥឡូវនេះកំពុងតាមដានចំនួនកើនឡើងជារៀងរាល់ថ្ងៃ។

កម្មវិធីនេះអនុញ្ញាតឱ្យអ្នកខ្ចីពន្យារពេលការបង់ប្រាក់ប្រចាំខែរបស់ពួកគេក្នុងរយៈពេលមួយឆ្នាំ។ បន្ទាប់មកការទូទាត់ទាំងនោះត្រូវបានពង្រីក រហូតដល់ចុងបញ្ចប់នៃប្រាក់កម្ចី ឬត្រូវបានសងវិញក្នុងរយៈពេលនៃការកែប្រែប្រាក់កម្ចីមានទ្រព្យបញ្ចាំ។ អ្នកខ្ចីត្រូវប្រាប់អ្នកផ្តល់សេវាប្រាក់កម្ចីរបស់ពួកគេថាពួកគេមានការពិបាកផ្នែកហិរញ្ញវត្ថុ ដោយសារតែជំងឺរាតត្បាតរីករាលដាល ប៉ុន្តែពួកគេមិនចាំបាច់ផ្តល់ភស្តុតាងណាមួយឡើយ។

ប្រាក់កម្ចី ២,៩ លាន ស្ថិនៅក្នុងបន្ទុកគិតត្រឹមថ្ងៃព្រហស្បតិ គិតជាប្រាក់ប្រមាណ ៦៥១ ពាន់លានដុល្លារជាប្រាក់ដើមដែលមិនបានបង់ហើយរួមបញ្ចូល ៤,៩ ភាគរយ នៃប្រាក់កម្ចីសហគ្រាសដែលឧបត្ថម្ភដោយរដ្ឋាភិបាលទាំងអស់ (Fannie Mae និង Freddie Mac) និង ៧,៦ ភាគរយ នៃប្រាក់កម្ចីធនាគារទាំងអស់។

លោក Anthony Jabbour នាយកប្រតិបត្តិក្រុមហ៊ុន Black Knight បានមានប្រសាសន៍ថា “នៅក្នុងគ្រានេះ វាចាំបាច់ណាស់សម្រាប់ឧស្សាហកម្មរបស់យើង និងសម្រាប់ជាប្រយោជន៍ដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិកទាំងមូលដើម្បីឱ្យមានការយល់ដឹងច្បាស់អំពីទំហំនៃការបញ្ចាំប្រាក់កម្ចី” ។

ទោះបីអ្នកខ្ចីមិនធ្វើការទូទាត់ប្រចាំខែក៏ដោយ អ្នកដែលប្រមូលប្រាក់នៅតែត្រូវតំឡើងប្រាក់ដើម និងចំនួនការប្រាក់ជារៀងរាល់ខែទៅម្ចាស់បំណុល។

នៅកម្រិតនៃការបន្ទុកធនាគារបច្ចុប្បន្ន អ្នកផ្តល់សេវាប្រាក់កម្ចីមានទ្រព្យបញ្ចាំចាំបាច់ត្រូវបង្កើនប្រាក់ចំនួន ២,៣ ពាន់លានដុល្លារអាមេរិកក្នុងមួយខែដល់អ្នកកាន់មូលប័ត្រប្រាក់កម្ចីប្រាក់កម្ចីដែលគាំទ្រដោយរដ្ឋាភិបាល ស្តីពីការប្រព្រឹត្តិអំពើដែលទាក់ទងនឹង Covid-19 ។ ថវិកាចំនួន ១,១ ពាន់លានដុល្លារផ្សេងទៀតនឹងត្រូវបាត់បង់ជារៀងរាល់ខែ ដោយអ្នកដែលមានទ្រព្យបញ្ចាំ ឬឯកជនមានទ្រព្យធានា (ជិត ៥ ភាគរយនៃប្រាក់កម្ចីទាំងនេះគឺស្ថិតក្នុងបន្ទុកធនាគារ)៕ CNBC

កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន ៧៦ មានទុនជាង ១៥០០លានដុល្លារអាមេរិក

ដោយវុត្ថា

ភ្នំពេញៈ គិតចាប់ពីដើមឆ្នាំ២០២០រហូតមកដល់ពេលនេះ គណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានចេញវិញ្ញាបនបត្រដល់ក្រុមហ៊ុនវិនិយោគចំនួន៧៦ មានទំហំទុនវិនិយោគចំនួន១៥០០លានដុល្លារអាមេរិក និងអាចបង្កើតការងារជាង៥ម៉ឺនកន្លែងជូនដល់ពលរដ្ឋកម្ពុជា។


លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងរ៉ែ និងថាមពល»នាថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២០នេះឱ្យដឹងថា ក្នុងចំណោមក្រុមហ៊ុនវិនិយោគទាំង៧៦ មានរោងចក្រមានចំនួន៤១កន្លែង និងគម្រោងសាងសង់អគារចំនួនជាង១០កន្លែង  និងរោងចក្រផលិតឧបករណ៍អេឡិចត្រូនិក  រោងចក្រផលិតបរិក្ខា និងរោងចក្រ ផលិតកម្មចំណីអាហារមានចំនួន ២០កន្លែង។

លោកបញ្ជាក់ទៀតថា  ទោះបីកម្ពុជាមានបញ្ហាប្រឈម ចំពោះការរីករាលដាលជាសាកលយ៉ាងណា ក៏កម្ពុជានូវតែទទួលបានគម្រោងវិនិយោគជាបន្តបន្ទាប់ ប្រកបដោយសក្តានុពលខ្ពស់ និងថាមពល

ទោះជាយ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន មិនបានបញ្ជាក់ថា ចំនួននេះ មានការកើនឡើងឬក៏ថយចុះនោះទេ បើធៀបទៅនឹងឆ្នាំមុន។

លោក សុខ ចិន្តា សោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្លាប់បានមានប្រសាសន៍កន្លងមកនេះថា  ប្រទេសកម្ពុជាមានសក្តានុពល និងកាលានុវត្តន៍ភាពវិនិយោគខ្លាំងនៅក្នុងតំបន់។


លោកបន្តថា ក្រៅពីធនធាន ធម្មជាតិដ៏សម្បូរបែប និងកម្លាំងពលកម្មដែលមានតម្លៃមិនសូវថ្លៃ កម្ពុជាជាប្រទេសមានសក្តានុពលវិនិយោគខ្លាំងនៅក្នុងតំបន់ បើផ្អែកទៅតាមទីតាំងភូមិសាស្ត្រ កត្តាស្ថេរភាពនយោបាយ កត្តាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច។ល។  បន្ថែមពីទៅទៀត កម្ពុជាបានរក្សានូវ កំណើនអតិផរណាប្ររចាំឆ្នាំរបស់ខ្លួន នៅក្នុងកម្រិតទាបបំផុត     

លោករដ្ឋមន្ត្រីបន្ថែមថា កម្ពុជាផ្តល់ដល់វិនិយោគិន នូវបរិស្ថានវិនិយោគមួយប្រកបដោយភាពស្មើគ្នា រវាងបរទេសនិងជនកម្ពុជា ក៏ដូចជាការលើកទឹកចិត្ត ដែលមានលក្ខណៈប្រកួតប្រជែង គឺវិនិយោគិនបរទេសអាចធ្វើការវិនិយោគ១០០% លើស្ទើរគ្រប់វិស័យ ដោយមិនចាំបាច់មានការចូលរួមពីវិនិយោគិនកម្ពុជា។ អ្នកវិនិយោគ ក៏អាចធ្វើការផ្ទេរដោយសេរីនូវប្រាក់ចំណេញ ទៅប្រទេសរបស់ខ្លួនដោយគ្មានការរឹតត្បិត និងអាចទទួលបាននូវការលើកលែងពន្ធ លើប្រាក់ចំណេញពី៦ឆ្នាំ ទៅ៩ឆ្នាំ ព្រមទាំងការលើកទឹកចិត្តដទៃផ្សេងទៀត ដែលមិនមានប្រទេសផ្សេងទៀតនៅក្នុង តំបន់ ដែលអាចផ្តល់អោយដល់វិនិយោគិនបរទេស៕

ក្តីសង្ឃឹមលើការទទួលបានដំណក់ប្រេងដំបូងរបស់កម្ពុជាកាន់តែរសាត់ឆ្ងាយទៅៗ

ដោយ ប៊ី

ភ្នំពេញៈ ការទទួលបានដំណក់ប្រេងដំបូងរបស់កម្ពុជា នៅពេលពាក់កណ្តាលឆ្នាំ ២០២០នេះ ហាក់ដូចជានឹងមិនទទួលបានដូចការរំពឹងទុកនោះទេ ដោយសាររឹតត្បិតដឹកជិញ្ជួន និងការផ្អាក់សកម្មភាពផ្សេងៗលើសកលលោក ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺCOVID-19

អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងររ៉ែ និងថាមពល លោក ជៀប សួរ បានលើកឡើងនៅក្នុងអង្គសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងរ៉ែ និងថាមពល កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះថា ចំពោះបញ្ហានេះ វាកើតឡើងសកលទៅហើយ។ ជំងឺCOVID-19 ដែលធ្វើតម្លៃប្រេងធ្លាក់ចុះ ដោយសារតម្រូវការថយចុះ សកម្មភាពផ្សេងៗត្រូវបានអាក់ខាន ដូចជា សកម្មភាពដឹកជញ្ជួន សកម្មរោងចក្រផ្សេងៗ សកម្មភាពធ្វើដំណើរផ្សេងៗ។

លោកបន្តថា វាធ្វើឱ្យការផ្គត់ផ្គង់លើសតម្រូវការ ដូច្នេះតម្លៃធ្លាក់ចុះ និងការធ្លាក់ចុះថ្លៃប្រេងធ្វើឱ្យមានការបាត់បង់ទំនុកចិត្ត ក្នុងការផ្តល់ហិរញ្ញប្បទានលើការដាក់ទុនវិនិយោគក្នុងវិស័យនេះផង។លោកបានបន្តថា យើងត្រឡប់មកចំណុចយើងវិញ ដូចក្រុមហ៊ុន KrisEnergy  មិនមែនគាត់ធ្វើតែម្នាក់ឯងនោះទេ គឺមានក្រុមហ៊ុនផ្សេងៗពាក់ព័ន្ធនឹងការផ្តល់សេវាដល់គាត់

លោកបន្តថា ក្រុមហ៊ុនត្រូវការធ្វើការវាយតម្លៃ ទៅលើអ្នកផ្គត់ផ្គង់អ្នកទាំងអស់ អ្នកខ្លះគាត់មានវិបត្តិហិរញ្ញវត្ថុ ដោយសារថ្លៃប្រេងធ្លាក់ចុះឬយ៉ាងម៉េច។ យើងត្រូវពិភាក្សាជាមួយក្រុមហ៊ុនបន្តទៀត។

លោកជៀប សួរបានថ្លែងបន្តថា បច្ចុប្បន្ននេះដោយសារការរឹតត្បិតនៃCOVID-19  ការធ្វើដំណើរលក្ខណៈបុគ្គលក៏ត្រូវបានហាមឃាត់ដែរ។ ចុះបើសិនជាការអនុវត្តគម្រោង ត្រូវការដឹកជញ្ជួនសម្ភារៈផ្សេងៗ ក៏ត្រូវហាមយាត់ឃាត់ដែរ ដូច្នេះការងារនេះយើងនឹងធ្វើការវាយតម្លៃជាក្រុមហ៊ុនបន្តទៀត។ នៅពេលស្ថានភាពធូរស្រាល យើងអាចនឹងវាយតម្លៃបានច្បាស់ជាងនេះ។

លោកបានឱ្យដឹងទៀតថា ជាទូទៅហើយក្រុមហ៊ុនណាក៏មានផលប៉ះពាល់ រួមទាំងបុគ្គល និងគម្រោងប្រេងកាតផង ដូច្នេះនៅដំណាក់កាលនេះ យើងអត់ទាន់អាចវាតម្លៃថាយ៉ាងទេ លោកបន្ថែមថា ដូច្នេះសូមពេលវេលាបន្តិចទៀត នៅពេលកូវីឌធូរស្រាល យើងនឹងជួបប្រជុំជាមួយគាត់ ហើយយើងនឹងអាចវាយតម្លៃបាន

ក្រុមហ៊ុន Hyundai ឈ្នះការដេញថ្លៃលើការសាងសង់គម្រោងផ្សារទំនើប Aeon 3 ដែលមានតម្លៃ ១៦៤លានដុល្លារ

ដោយ ហ្សូលី

ភ្នំពេញ៖ ក្រុមហ៊ុនវិស្វកម្មហ៊ីយ៉ាន់ដាយ Hyundai Engineering បានឈ្នះទឹកប្រាក់ ២០០ ពាន់លានវ៉ុន (ប្រហែល ១៦៤ លានដុល្លារ) ក្នុងការដេញថ្លៃដើម្បីសាងសង់ផ្សារទំនើបអ៉ីអនម៉លទី ៣ របស់ខ្លួននៅកម្ពុជា។

មន្ត្រីក្រុមហ៊ុនហ៊ីយ៉ាន់ដាយបាននិយាយនៅកាលពីសប្តាហ៍មុននេះថា ក្រុមហ៊ុនវិស្វកម្ម Hyundai បានឈ្នះគម្រោងពី “ អ៉ីអនម៉ល” ដែលជាក្រុមហ៊ុនចែកចាយធំជាងគេមួយរបស់ជប៉ុន ដែលដំណើរការមជ្ឈមណ្ឌលលក់ទំនិញជាង ២០០ កន្លែងនៅជុំវិញពិភពលោក។

គម្រោង Aeon Mall 3 នេះគឺដើម្បីសាងសង់មជ្ឈមណ្ឌលលក់ទំនិញកំពស់ ៥ ជាន់និងកន្លែងចតរថយន្តនៅខាងក្រៅ មានទីតាំងក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ ជាពិសេសទីតាំងនេះមានទំហំ ១៧០,០០០ ម៉ែត្រការ៉េដែលជាផ្សារធំជាងគេបង្អស់ក្នុងចំណោមផ្សារទំនើបអ៉ីអនទាំង ៣ នៅកម្ពុជា។ រយៈពេលសាងសង់គឺប្រហែល ២៧ ខែ បន្ទាប់ពីចាប់ផ្តើមសាងសង់។

ក្រុមហ៊ុនវិស្វកម្មហ៊ីយ៉ាន់ដាយបានអនុវត្តការងារសម្រាប់មជ្ឈមណ្ឌល Koica HRD, គំរោងជួសជុលនិងកែលំអផ្លូវថ្នល់ក្នុងប្រទេសកម្ពុជា និងគំរោងពង្រីករបស់ធនាគារអេស៊ីលីដា ចាប់តាំងពីបានចូលមកប្រទេសកម្ពុជាដំបូងក្នុងឆ្នាំ ២០០៩ ក្នុងការទទួលគម្រោងសាងសង់ភ្នំពេញថោវើរថ្មី។

ផ្អែកលើការជឿទុកចិត្តរបស់ក្រុមហ៊ុនបញ្ជាទិញដែលធានាបាននូវគុណភាពសំណង់ល្អ ក្រុមហ៊ុនវិស្វកម្មនេះត្រូវបានគេអញ្ជើញឱ្យដេញថ្លៃហើយទីបំផុតត្រូវបានជ្រើសរើសជាអ្នកម៉ៅការសម្រាប់គម្រោងសាងសង់ផ្សារអ៊ីអនម៉លទី ៣ ។

មន្ត្រីក្រុមហ៊ុនហ៊ីយ៉ាន់ដាយបាននិយាយថា“ តាមរយៈបទបញ្ជានេះក្រុមហ៊ុនហ៊ីយ៉ាន់ដាយវិស្វកម្មនឹងអាចលេចធ្លោមិនត្រឹមតែនៅក្នុងទីផ្សាររោងចក្រដូចជាវិស្វកម្មគីមីនិងការផលិតថាមពលនៅអាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេប៉ុន្តែក៏មាននៅក្នុងទីផ្សារអគារផងដែរ” ។

អ៉ីអនម៉លគ្រោងនឹងបន្តពង្រីកអាជីវកម្មផ្សារទំនើបដ៏ធំរបស់ខ្លួននៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដូចជាប្រទេសវៀតណាម និងឥណ្ឌូនេស៊ីនាពេលអនាគតខណៈពេលដែលក្រុមហ៊ុនវិស្វកម្មHyundai Engineering គ្រោងនឹងខិតខំប្រឹងប្រែងដើម្បីទទួលបានការងារបន្ថែមតាមរយៈសមត្ថភាពសាងសង់ខ្ពស់របស់ខ្លួន៕

(Koreaittimes)