ឆ្នាំ២០២០ រដ្ឋាភិបាល នឹងតភ្ជាប់បណ្តាញអគ្គិសនីប្រើប្រាស់តាមលំនៅដ្ឋានឱ្យបាន ៨០ភាគរយ នៅទូទាំងប្រទេស

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ នៅក្នុងឆ្នាំ២០២០នេះ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរ៉ែ និងថាមពល បានលើកគោលដៅ និងផែនការជាក់លាក់របស់ខ្លួន ដែលធ្វើយ៉ាងណាធ្វើការតភ្ជាប់បណ្តាញ និងផ្គត់ផ្គង់ការប្រើប្រាស់ថាមពលអគ្គិសនីនៅតាមលំនៅដ្ឋាននានាទូទាំងប្រទេសឱ្យបានប្រមាណ៨០ភារយ។

អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក វិចទ័រ ហ្សូនា បានលើកឡើងនៅក្នុងអង្គសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងរ៉ែ និងថាមពល កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះថា ជាគោលដៅសម្រាប់អនុវត្តបន្តនៅក្នុងឆ្នាំ២០២០នេះ ក្រសួងរ៉ែ និងថាមពល មានគោលដៅក្នុងការតភ្ជាប់បណ្តាញ និងផ្គត់ផ្គង់ការប្រើប្រាស់ថាមពលអគ្គិសនីនៅតាមលំនៅដ្ឋាននានារបស់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាឱ្យបានប្រមាន៨០ភាគរយ ។

លោក វិចទ័រ ហ្សូនា បានមានប្រសាសន៍បញ្ជាក់ថា “យើងមានអនុភាពថាមពលសរុបចំនួន៣៣៨២មេហ្គាវ៉ាត់ ហើយកាលពីឆ្នាំ២០១៩កន្លងទៅ មានការតភ្ជាប់បណ្តាញចែកចាយនៅតាមភូមិបាន៩២,៦៨ភាគរយក្នុងចំណោម១៤១៦៨ភូមិនៅទាំងប្រទេស, បានតភ្ជាប់បណ្តាញចរន្តអគ្គិសនី និងផ្គត់ផ្គង់ដល់លំនៅដ្ឋានប្រជាពលរដ្ឋបានប្រមាណ ៧៤,៧៨ ភាគរយ”។

លោកបានបន្តទៀតថា “បច្ចុប្បន្ន មានភូមិចំនួន១៣១៣៣ ភូមិ មានអគ្គិសនីប្រើប្រាស់ ហើយនៅសល់ភូមិចំនួន១០៣៧ ដែលយើងនឹងបញ្ចប់គោលដៅនៅក្នុងឆ្នាំ២០២០នេះ ។ ប៉ុន្តែក្នុងនោះយើងឃើញថាមានឧបសគ្គដែលយើងមិនអាចសម្រេចបាន ដោយមានប្រមាណ២៤៣ភូមិ ដែលស្ថិតនៅឆ្ងាយដាច់ស្រយ៉ាល និងភូមិមួយចំនួនទៀតលិចទឹក ៦ខែគោក ៦ខែលិច និងជាភូមិបណ្ដែតទឹកជាដើម ដែលទាំងអស់នេះជាបញ្ហា និងជាឧបសគ្គក្នុងការសម្រេចបានតាមផែនការ ប៉ុន្តែយើងនៅតែព្យាយាមធ្វើយ៉ាងណាឱ្យបានជាង៩៨ភាគរយ នៃផែនការសរុប “។

បច្ចុប្បន្ន ជាការបង្កើនលទ្ធភាពក្នុងការផ្គត់ផ្គង់ការប្រើប្រាសថាមពលអគ្គិសនីនៅកម្ពុជា រាជរដ្ឋាភិបាល បានខិតខំបង្កើនសមត្ថភាពក្នុងការផលិតថាមពល និងទាក់ទាញការវិនិយោគពីក្រុមហ៊ុនឯកជនក្នុងស្រុក និងអន្តរជាតិនានាជាបន្តបន្ទាប់ ដោយក្នុងនោះក៏មានការទិញថាមពលពីប្រទេសជិតខាង ដូចជាប្រទេសឡាវ វៀតណាម និងថៃ ដើម្បីធ្វើយ៉ាងណាបំពេញទៅតាមតម្រូវការជាក់ស្ដែងនៅទូទាំងប្រទេស ដែលក្នុងនោះរួមមានថាមពលដោយវារីអគ្គិសនី និងថាមពលទាញយកពីថាមពលព្រះអាទិត្យជាដើម៕

សហភាពអឺរ៉ុបសម្រេចបង្វែរហិរញ្ញប្បទានឥតសំណងចំនួន ៥៦លានអឺរ៉ូ មកជួយដល់កម្ពុជា

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ សហភាពអឺរ៉ុបបានសម្រេចបង្វែរហិរញ្ញប្បទានឥតសំណងចំនួន ៥៦លានអឺរ៉ូ ពីកម្មវិធីកំពុងដំណើរការមួយចំនួនរបស់ខ្លួនមកហិរញ្ញប្បទានលើវិស័យគាំពារសង្គម ដែលការងារអាទិភាព និងបន្ទាន់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្ដារសម្បទានសេដ្ឋកិច្ចសង្គមឡើងវិញ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច ដែលទើបចេញកាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ បានបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំតាមរយៈ Video Conference កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ រវាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា បានពិភាក្សាអំពីតម្រូវការរបស់កម្ពុជា និងលទ្ធភាពនៃការចូលរួមរបស់សហភាពអឺរ៉ុប ក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា។

នៅក្នុងសេចក្ដីប្រកាសដដែលបានបញ្ជាក់ថា លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសហភាពអឺរ៉ុបក្នុងកិច្ចសហការដ៏ល្អប្រសើរកន្លងមក ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្នុងកាលៈទេសៈបច្ចុប្បន្នដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងប្រឈម និងប្រយុទ្ធដោះស្រាយ ចំពោះវិបត្ដិសាកលដោយសារជំងឺ COVID-19 ។

កម្ពុជា ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងគ្រប់គ្រងលើបញ្ហានៃជំងឺ COVID-19 បានល្អប្រសើរ ប៉ុន្តែកម្ពុជានៅតែមិនបន្ធូរដៃនោះទេ និងរឹតតែបុរេសកម្ម និងសកម្មកាន់តែខ្លាំងថែមទៀត ដោយបានបង្កើតនូវយន្តការ និងដាក់ចេញនូវវិធានការជាយុទ្ធសាស្រ្តមុតស្រួច ទាំងលើសមរភូមិក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាត COVID-19 និងលើការដ្ឋានស្ដារសម្បទាសេដ្ឋកិច្ច-សង្គមឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ពីជំងឺនេះ ។ ជំងឺ COVID-19 មិនត្រឹមតែជាវិបត្ដិសុខភាពសាធារណៈទេ តែជំងឺនេះ ក៏បានបង្កផលប៉ះពាល់អវិជ្ជមានដល់វិស័យសេដ្ឋកិច្ចផ្សេងៗ រួមមានវិស័យកាត់ដេរ ទេសចរណ៍ ធុរកិច្ចខ្នាតតូច និងមធ្យមទៀតផង។

លោកស្រី Carmen Moreno បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះជោគជ័យរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងបញ្ហាវិបត្តិនៃជំងឺ COVID-19 នេះ និងបានថ្លែងបញ្ជាក់អំពីជំហរគាំទ្រយ៉ាងពេញទំហឹងរបស់សហភាពអឺរ៉ុប ក្នុងការចូលរួមចំណែកគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្ដារសម្បទាសេដ្ឋកិច្ច-សង្គម ដែលរងផលប៉ះពាល់ពីនៃជំងឺវិបត្តិនៃជំងឺ COVID-19នេះ។

លោកស្រីបានជម្រាបជូនថា ក្នុងស្មារតីនេះ សហភាពអឺរ៉ុបដែលមានទីស្នាក់ការកណ្តាលនៅ Brussel ទើបតែបានអនុម័តអនុញ្ញាតឱ្យបង្វែរហិរញ្ញប្បទានឥតសំណងសរុបចំនួន ៥៦ លានអឺរ៉ូ ពីកម្មវិធីកំពុងដំណើរការមួយចំនួន ដែលហិរញ្ញប្បទានដោយសហភាពអឺរ៉ុប សម្រាប់យកមកហិរញ្ញប្បទានលើវិស័យគាំពារសង្គមដែលការងារ អាទិភាព និងបន្ទាន់ របស់រាជរដ្ឋាភិបាលក្នុងការស្ដារសម្បទាសេដ្ឋកិច្ច-សង្គមឡើងវិញពីវិបត្តិនៃជំងឺ COVID-19 នេះ។

ជាការអនុវត្តវិធានការស្ដារសេដ្ឋកិច្ច-សង្គមពីផលប៉ះពាល់នៃជំងឺ COVID-19 រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារចំនួន ៤ រួមមាន៖ ១. ក្រុមការងារចំពោះកិច្ចគ្រប់គ្រងការផ្គត់ផ្គង់ និងថ្លៃទំនិញយុទ្ធសាស្ត្រ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺ COVID-19, ២. ក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងយន្តការជំនួយសង្គមក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺ COVID-19, ៣. ក្រុមការងារចំពោះកិច្ចរៀបចំគោលនយោបាយថវិកា ហិរញ្ញប្បទាន និង ជំនួយសង្គមដើម្បីគ្រប់គ្រង ការប្រយុទ្ធនឹងជំងឺ COVID-19, និង ៤. ក្រុមការងារបច្ចេកទេសចម្រុះ ចំពោះកិច្ចសិក្សារៀបចំដាក់ចេញនូវកញ្ចប់វិធានការខាងរូបិយវត្ថុ និងធនាគារ ដើម្បីគ្រប់គ្រងនិងដោះស្រាយផលប៉ះពាល់ ពីការរីករាលដាលនៃជំងឺ COVID-19 និងការព្យួរប្រព័ន្ធអនុគ្រោះពន្ធលើមុខទំនិញមួយចំនួន ក្នុងក្របខណ្ឌ «ទំនិញគ្រប់យ៉ាងលើកលែងតែសព្វាវុធ (EBA)» ផងដែរ៕

កម្ពុជាត្រូវពង្រឹងសេដ្ឋកិច្ចជនបទ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចកាន់តែធននឹងបញ្ហាផ្សេងៗនាពេលអនាគត

ដោយ ប៊ី

ភ្នំពេញ៖ ការសិក្សាមួយ អះអាងថា ប្រទេសកម្ពុជាត្រូវតែពង្រឹងសេដ្ឋកិច្ចជនបទ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចកាន់តែធនទៅនឹងបញ្ហាផ្សេងៗនាពេលអនាគត ខណៈការអភិវឌ្ឍន៍វិស័យសូត្រនៅកម្ពុជាអាចជាផ្នែកមួយផ្តល់ចំណូលដល់ប្រជាជននៅជនបទបន្ថែម។ នេះបើយោងតាមអ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់។

លោកម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាមនុស្សសំខាន់នៅពីក្រោយមជ្ឈមណ្ឌលស្រាវជ្រាវសូត្រ និងក៏ជាទីប្រឹក្សាជាន់ខ្ពស់នៅឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានមានប្រសាសន៍ថា ជំងឺ COVID-១៩ នឹងបង្កើត “ភាពធម្មតាថ្មីមួយ” សម្រាប់កម្ពុជា។ ការសិក្សាមួយគឺថាប្រទេសកម្ពុជាត្រូវតែពង្រឹងសេដ្ឋកិច្ចជនបទ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចកាន់តែរឹងមាំទៅនឹងភាពតក់ស្លុតនាពេលអនាគត។

លោក បានថ្លែងថា ក្នុងបរិបទនេះសូត្រអាចជាធាតុមួយ។ ហើយយើងអាចស្វែងយល់ពីការពង្រីករបស់អ្នកដទៃ ដូចជាគ្រាប់ស្វាយចន្ទីផ្លែឈើ និងបន្លែ។ យើងកំពុងត្រៀមសម្រាប់រយៈពេលមធ្យមនិងវែង។ ឥឡូវនេះមានអ្នកត្រឡប់មកវិញជាច្រើននៅក្នុងប្រទេសកម្ពុជា។ ដល់ពេលដែលយើងគិតប្រកបដោយភាពច្នៃប្រឌិត។ ការអភិវឌ្ឍន៍កសិកម្មនឹងមិនកើតឡើងដោយងាយនោះទេ។ យើងត្រូវដាំពួជល្អៗ”។

មន្ត្រីជាន់ខ្ពស់នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញរូបនេះ បានអំពាវនាវដល់សហគមន៍មូលដ្ឋាន វិស័យឯកជន និងអ្នកពាក់ព័ន្ធនានាឱ្យចូលរួមក្នុងគម្រោងអភិវឌ្ឍន៍សូត្រនៅកម្ពុជា។

ស្ថាប័នរបស់លោកមានចំណេះដឹងគ្រប់គ្រាន់ក្នុងការចែកចាយដង្កូវនាង និងដើម មន មានគុណភាពល្អដល់សហគមន៍នៅតាមតំបន់ជនបទ។ ដង្កូវនាងដែលកំពុងស្ថិតក្នុងដំណើរវិវឌ្ឍន៍ទៅជាមេអំបៅ ត្រូវបានចិញ្ចឹមដោយស្លឹក មន ដែលបង្កើតបានជាសូត្រល្អបំផុត។

បំពាក់ដោយបច្ចេកវិទ្យាថ្មី សកម្មភាពសូត្រត្រៀមនឹងបើកដំណើរការហើយ។ យើងបានអំពាវនាវដល់មនុស្សពាក់ព័ន្ធទាំងអស់ ឱ្យចូលរួមជាមួយយើង ទាំងមេដឹកនាំនៅក្នុងឧស្សាហកម្មសូត្រ និងប្រជាជនសហគមន៍ជាពិសេសកម្មករចំណាកស្រុកមកពីប្រទេសថៃ”។

លោក បានបន្តថា “ឥឡូវយើងមានបច្ចេកវិទ្យា ហើយសាកលវិទ្យាល័យបានបង្កើនចំណេះដឹងអំពីដង្កូវនាង ដោយផ្តល់នូវមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់វិស័យសូត្រនៅប្រទេសកម្ពុជា។ ដង្កូវនាងរបស់យើងមិនមានជំងឺ ហើយធន់នឹងកំដៅទេ ហើយនៅពេលដំណាលគ្នាផលិតភាពកាន់តែច្រើនដែរ”។

យោងតាមលោកកល្យាណ ផលិតផលសូត្រ ៤០០ តោនត្រូវបានប្រើប្រាស់នៅក្នុងប្រទេសជារៀងរាល់ឆ្នាំ ដែលភាគច្រើនត្រូវបាននាំចូល។

លោក បានឱ្យដឹងទៀតថា ផលិតកម្មសូត្រជួយឱ្យកសិករអាចរកប្រាក់ចំណូលបានប្រកបដោយនិរន្តរភាពក្នុងរយៈពេលប៉ុន្មានឆ្នាំ ដែលពួកគេអាចលក់ស្លឹក មន ឬសំបុកនាង ទៅអោយរោងចក្រនៅកំពង់ស្ពឺ ហើយអាចរកចំណូលបានប្រហែល ៥០០ រៀលក្នុងមួយគីឡូក្រាមស្លឹកឈូកនិងសំបុកនាងអាចមានតម្លៃរហូតដល់ ៥ ដុល្លារក្នុងមួយគីឡូក្រាម។ ក្នុងមួយថ្ងៃ កសិករអាចរកប្រាក់បាន ២៥ ដុល្លារក្នុងមួយហិកតានៃស្លឹកមន”។

លោក កល្យាញ បានចង្អុលបង្ហាញថា កសិករអាចរកប្រាក់បានចន្លោះពី ៥០០ ទៅ ៦០០ ដុល្លារក្នុងមួយវដ្ត ប្រមូលផលក្នុងមួយហិកតា ហើយប្រសិនបើពួកគេធ្វើ ៦ វដ្តក្នុងមួយឆ្នាំពួកគេនឹងរកបាន ៤ ៥០០ ដុល្លារក្នុងមួយឆ្នាំ បើប្រៀបធៀបនឹងស្រូវតែ ៧០០ ដុល្លារក្នុងមួយហិកតាក្នុងមួយរដូវ។

លោកបានបន្ថែមថា “យើងដឹងពីរបៀបធ្វើវា ហើយជាមួយនឹងបច្ចេកវិទ្យាដែលយើងមាន យើងយល់ពីវិធីចិញ្ចឹមដង្កូវនាង ផលិតដង្កូវនាងដែលមានសុខភាពល្អ និងមានបច្ចេកទេសដាំដើមមន ដោយទទួលបានផលល្អ ដូច្នេះប្រជាជនសហគមន៍ឥឡូវអាចចូលរួមជាមួយយើងបាន” ។

ជាមួយនឹងរដូវវស្សាដែលនឹងចាប់ផ្តើមនៅខែឧសភា លោក ម៉ី កល្យាណ បាននិយាយថា សាកលវិទ្យាល័យរួមជាមួយមេដឹកនាំសូត្រដំបូងចំនួន ៣ នាក់នៅក្នុងខេត្តកំពង់ស្ពឺ មណ្ឌលគីរី និងបាត់ដំបងនឹងចាប់ផ្តើមសកម្មភាពសូត្រជាមួយនឹងដើមមនប្រហែល ២០ ហិកតា។

លោកបន្តថា មេដឹកនាំសូត្រទាំង ៣ នាក់នឹងចិញ្ចឹមដង្កូវនាង និងដាំដើមឈើមន និងផលិតសំបុកនាង ក្នុងរយៈពេល ៦ វដ្តក្នុងមួយឆ្នាំសម្រាប់ផលិតកម្មសូត្រ។ “ប្រសិនបើមេដឹកនាំសូត្រ និងសហគ្រិនដទៃទៀតចង់ចូលរួមជាមួយយើងយើងស្វាគមន៍ពួកគេពីព្រោះឥឡូវនេះ យើងមានដង្កូវនាងល្អ ឈើមនល្អៗ និងបច្ចេកទេសគ្រប់គ្រាន់ដើម្បីទ្រទ្រង់ផលិតកម្ម”៕

ចង់ដឹង​ទេ? តើ​អ្នកជំងឺ Covid-19 ម្នាក់​ត្រូវ​ចំណាយ​ប្រាក់​ប៉ុន្មាន​ដើម្បី​អាច​ព្យាបាល​ជាសះស្បើយ​នៅ​កម្ពុជា?

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ អ្នកជំងឺ Covid-19 កម្ពុជា និង​អន្តរជាតិ​មានសំណាង ដោយ​ពួកគេ​មិន​តម្រូវ​ឲ្យ​បង់ប្រាក់​ឡើយ  ព្រោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងសុខាភិបាល​បានបង្ហាញ​ពី​ការទទួល​បន្ទុក និង​មាន​ទំនួល​ខុសត្រូវ​យ៉ាងខ្ពស់ ដោយបាន​ចំណាយ​ថវិកា​ទាំងស្រុង​ទៅលើ​ថ្លៃ​ព្យាបាល​អ្នកជំងឺ​ចំរុះ​ជាតិ​សាសន៍​ទាំងនោះ។

ប៉ុន្តែ​តើ​កម្ពុជា​ត្រូវ​ចំណាយ​ប្រាក់​ប៉ុន្មាន ដើម្បី​ព្យាបាល​អ្នកជំងឺ​ទាំងនោះ​រហូត​ជាសះស្បើយ? រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល លោកជំទាវ​យក់ សម្បត្តិ បាន​មានប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​បច្ចុប្បន្នភាព​ជំងឺ Covid-19 នៅ​ទីស្ដីការក្រសួង​កាលពី​ព្រឹក​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០កន្លងមក​ថា អ្នកជំងឺ​ដែល​ផ្ទុកមេរោគ Covid-19 ដែល​សម្រាក​ព្យាបាល​នៅក្នុង​ប្រទេស​កម្ពុជា ភាគច្រើន​គឺជា​ជនជាតិ​បរទេស ហើយ​មានការ​ប្រែប្រួល​ទៅតាម​អាការ និង​ការធ្វើ​តេស្ត​នៅក្នុង​រង្វង់១០ទៅ១១ដង។

លោកជំទាវ​បាន​បញ្ជាក់ថា “ក្រោ​ពេល​យើង​ធ្វើតេស្ត​ម្ដង​ឃើញ​មាន​វិជ្ជមាន គឺ​តម្រូវឱ្យ​គាត់​សម្រាក​នៅ​ពេទ្យ៥-៧ ថ្ងៃ បាន​យើង​កុងត្រូល (គ្រប់គ្រង​ជំងឺ)គាត់។ ចឹ​ង​ពេលដែល​កុងត្រូល​អវិជ្ជមាន​លើក​ទី១ ក្រោយ​រយៈពេល ៤៨ម៉ោង យើង​ធ្វើ​កុងត្រូល​លើក​ទី២។

ឧទាហរណ៍ ដូចជា ជនជាតិ​បារាំង២នាក់​ប្ដី​ប្រពន្ធ រួម​ជាមួយនឹង​កូនតូច​អាយុ៤ខែ ដែល​សម្រាក​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ គឺ​ពួកគាត់​ឈ្លោះ​គ្នា ពេល​ពិនិត្យឃើញ​ឪពុក​វិជ្ជមាន ម្តាយ​អវិជ្ជមាន ពេល​ម្ដាយ​វិជ្ជមាន ឪពុក​អវិជ្ជមាន​ម្ដង ចឹ​ង​មានន័យថា វា​មានការ​ប្រែប្រួល​អាស្រ័យទៅលើ​កត្តា​នៃ​ការរស់នៅ​ប្រចាំថ្ងៃ​ផងដែរ។

លោកជំទាវ​យក់ សម្បត្តិ បានបញ្ជាក់​ទៀតថា “ជា​មធ្យម​នៅក្នុង​ការធ្វើ​តេស្ត​ម្ដង​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ គឺ​ត្រូវ​ចំណាយ​ចាប់ពី១០០-១២០ ដុល្លារ ហើយ​ប្រសិនបើ​គាត់​ស្នាក់នៅ១០ថ្ងៃ គ្រាន់តែ​ការធ្វើ​តេស្ត រួម​ជាមួយនឹង​ការព្យាបាល​ថ្នាំ​ទៅតាម​រោគសញ្ញា ឬ​គាត់​គ្មាន​កម្លាំង​ត្រូវដាក់​សេរ៉ូម រួម​ជាមួយនឹង​វីតាមីនផ្សេងៗ និង​ចំណីអាហារ​ប្រចាំថ្ងៃ​ផង​នោះ ដូច្នេះ សម្រាប់​មនុស្ស​ម្នាក់​ត្រូវ​ចំណាយ​ក្នុង​រង្វង់២០០០-២៥០០ដុល្លារ ក្នុង​មួយ​ករណី។

ដោយឡែក​សម្រាប់​ការចំណាយ ទៅលើ​ប្រាក់ឧបត្ថម្ភ​បន្ថែម ពី​សំណាក់​រាជរដ្ឋាភិបាល ម្នាក់២០ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ ទៅលើ​គ្រូពេទ្យ​ជំនាញ​ប្រចាំការ​ផ្ទាល់ ដែល​ប្រឈម​ខ្ពស់​ជាមួយ​អ្នកជំងឺ​ជាប់​ជាប្រចាំ​នោះ នៅ​មិនទាន់​បូល​បញ្ចូល​នៅឡើយ​ទេ។

ជាមួយនឹង​ការទទួល​បន្ទុក ទៅលើ​ការចំណាយ​ទាំងស្រុង ទៅលើ​ការព្យាបាល​អ្នកជំងឺ Covid-19 របស់​រដ្ឋាភិបាល​កម្ពុ​ជា ដែលជា​ទង្វើ​មនុស្សធម៌​ដ៏​ថ្លៃថ្លា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន បច្ចុប្បន្ននេះ រដ្ឋាភិបាល​បាន​ត្រៀម​ថវិកាបម្រុង​ជាច្រើន​លាន​ដុល្លារ សម្រាប់​ចំណាយ​រួចជាស្រេច បន្ថែម​ពីលើ​ការចូលរួម​បរិច្ចាក​ថវិកា និង​ធនធាន​ផ្ទាល់ខ្លួន​របស់​មន្ត្រីរាជកា​រ និង​បណ្តា​សប្បុរសជន​នានា​នៅ​ទូទាំងប្រទេស៕

អ្នកជំនាញ​ប្រាប់​ពី​មូល​ហេតុដែល​ការអភិវឌ្ឍ​អាគារខ្ពស់ៗមាន​ទំនោរ​ទៅរក​តំបន់​នៅជាប់​ទន្លេ និង​តំបន់​ជាប់​សមុទ្រ

ដោយ ប៊ី

ភ្នំពេញៈ ការអភិវឌ្ឍ​អចលនទ្រព្យ ដូច​អាគារ​សហកម្មសិទ្ធិ និង​អាគារ​ពាណិជ្ជកម្ម ជាច្រើន មាន​ទំនោរ​ទៅរក​តំបន់​នៅជាប់​ទន្លេ និង​តំបន់​ជាប់​សមុទ្រ ខណៈ​ការអភិវឌ្ឍន៍​អចលនទ្រព្យ​បែបនេះ ធ្វើឡើង​បែប​ធម្មជាតិ​ដោយ​ផ្តល់​ផាសុខភាព​ដល់​ការរស់នៅ។ នេះ​បើ​យោងតាម​ការលើកឡើងរ​បស់​អ្នកជំនាញ​អចលនទ្រព្យ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍ប្រាប់​គេហទំព័រ Propertyarea.asia នៅ​ថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២០កន្លងមក​ថា ជារួម​ការអភិវឌ្ឍន៍​អចលនទ្រព្យ​បែប​ធម្មជាតិ ធ្វើឡើង​នៅតាម​ដង​ទន្លេ ខណៈ​ការអភិវឌ្ឍន៍​នៅ​តំបន់​សមុទ្រ​ត្រូវការ​គម្លាត​បន្តិច ដោយសារតែ​ទឹកសមុទ្រ​ធាតុ​ប្រៃ។

លោក​បាន​ថ្លែងថា “មូលហេតុ​ដែល​អ្នក​អភិវឌ្ឍ​ធ្វើឡើង​នៅតាម​ដង​ទ​នេ្ល ដោយសារ​នៅតាម​ដង​ទន្លេ មាន​មាន​អាកាសធាតុ​ល្អ​សម្រាប់​ការរស់នៅ និង​ស្នាក់នៅ ហើយ​មួយទៀត​មាន​សក្តានុពល​សម្រាប់​វិស័យ​ទេសចរណ៍ ដោយ​អ្នក​ទេសចរណ៍ អ្នក​លំហែកាយ​ជាមួយនឹង​ការអភិវឌ្ឍន៍​តាមបែប​ធម្មជាតិ” ។ លោក​បន្ថែមថា “ទាំងនេះ​ជា​លក្ខណៈពិសេស​សម្រាប់​បែបផែន​ធម្មជាតិ” ។

លោក​បានឱ្យដឹង​ទៀត “ជាទូទៅ​យើង​ឃើញ​មានការ​អភិវឌ្ឍន៍ នៅ​កោះ​ពេជ្រ​ច្រើន ហើយ​តម្លៃ​ទាប ឬ​ខ្ពស់​យ៉ាង​ក៏មាន​អ្នកទិញ។ គម្រោង​ដែល​ជាប់​មាត់ទឹក​ភាគច្រើន យើង​ឃើញ​មាននៅ​តំបន់​កោះ​ពេជ្រ អរិយ​ក្សត្រ និង​តំបន់​ផ្លូវជាតិ​លេខ​៦A ដែល​អនាគត​ទៅនឹង​មាន​គម្រោង​កាន់តែច្រើន​លេចឡើង​នៅ​តំបន់​នេះ។

លោក​ច្រឹ​ក សុខ​នី​ម​បាន​លើកឡើងថា តំបន់​ដែល​បានលើកឡើង​ខាងលើនេះ មិនទាន់​ឆ្អែត​ជាមួយ​ជាមួយនឹង​ការអភិវឌ្ឍន៍ ដូចជា វិស័យ​ខុន​ដូ ឬ​អគារ​ពាណិជ្ជកម្ម​នោះទេ ព្រោះ​យើង​មើល​ពី​ចំនួន​ប្រជាជន​របស់​យើង​ជាង១៥លាន​នាក់ ហើយ​សន្ទុះ​នៃ​ការសាងសង់​រាល់ថ្ងៃ​មិនទាន់​ឆ្អែត​នៅឡើយ​ទេ។ តែ​ផ្នត់គំនិត​ប្រជាជន​របស់​យើង មិនទាន់​ចង់​រស់​ខុន​ដូ​ឡើយ​ទេ ដូច្នេះ​យើង​ត្រូវមាន​ការអប់រំ ការសិក្សា​ទាក​ទង់​នឹង​ខុន​ដូ​វិជ្ជមាន ហើយ​ពួកគាត់​នឹង​ផ្លាស់ប្តូរ​ផ្នត់គំនិត​របស់​ពួកគាត់​សម្រាប់​ការរស់នៅ​ក្នុង​ខុន​ដូ។

អគ្គនាយក​ក្រុម​ហ៊ុ​អចលនទ្រព្យ​អន្តរជាតិ ERA Cambodia លោក​ខន គង្គា បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ដដែល​ថា អ្នក​អភិវឌ្ឍ​ខុន​ដូ ឬ​អាគារ​សហកម្ម​សិទ្ធ​ភាគច្រើន​មាន​ទំនោរ​តំបន់​ជាប់មាត់​ទន្លេ ដោយសារ​តំបន់​ជាប់មាត់​ទន្លេ​សម្បូរ​ដោយ​ឧកស៊ីសែន ដែល​ធ្វើឱ្យ​តំបន់​អ្នករស់នៅ​ក្បែរ​ទឹក​មាន​សុខភាព​ល្អ។ លោក​បន្តថា តំបន់​ជាប់មាត់​ទឹក​មាន​ភាព​ត្រជាក់​ជាង​តំបន់​ដែល​មិន​មានទឹក ហើយ​ហេតុផល​មួយ​គឺមាន​ហុងស៊ុយ​សម្រាប់​ចិន។ ហេតុផល​ទាំងបី​នេះ គឺជា​កត្តា​សំខាន់​សម្រាប់​អ្នក​អភិវឌ្ឍ និង​ជាពិសេស​សម្រាប់​អ្នក​ដែល​ចង់​រស់នៅ។

លោក​បាន​បន្តថា “សម្រាប់​គម្រោង​របស់លោក​គ្រប់គ្រង ភាគច្រើន​ជាប់មាត់​ទឹក។ នៅ​ទីក្រុង​ភ្នំពេញ អ្នក​អភិវឌ្ឍ​ភាគច្រើន​ពេញ​វិនិយោគ​លើ​ខុន​ដូ ឬ​អាគារ​ខ្ពស់​រួមមាន​តំបន់​ជ្រោយចង្វារ កោះ​ពេជ្រ ហើយ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ២ ក៏មាន​គម្រោង​ថ្មី​ដែល​ទើបនឹង​ចេញ។ លោក​បន្តថា “នៅ​ខេត្ត​ព្រះសីហនុ សម្បូរ​ដោយ​អាគារ​ខ្ពស់​ជា​ច​ច្រើន ដោយសារ​ខេត្ត​មាន​នេះ​ជាប់​នឹង​សមុទ្រ និង​មាន​ទេសភាព​ស្អាត។

លោក​បាន​ថ្លែងបន្តថា កម្ពុជា​សម្បូរ​ដោយ​តំបន់ ដែលមាន​សក្តានុពល​ស​ម្រា​ប់​វិនិយោគ​ក្នុង​អចលនទ្រព្យ ពិសេស​ខុន​ដូ និង​អាគារ​ពាណិជ្ជកម្មផ្សេង។ បើ​សម្លឹងមើល​ប្រទេស យើង​នៅ​អាគារ​នៅមាន​ចំនួន​តិច​ឡើយ​ទេ ហើយ​ភ្នំពេញ​មាន​ទីតាំង​សក្តានុពល​ច្រើន​កន្លែង​សម្រាប់​ការវិនិយោគ។

គម្រោង​វិនិយោគ​នៅក្នុង​វិស័យ​សំណង់ ដែល​បានអនុម័ត​ដោយ​រដ្ឋាភិបាល១.៩៩ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ពីរ​ខែ​ដំបូង​នៃ​ឆ្នាំនេះ បាន​កើនឡើង៤៧ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ខណៈ​ភាគច្រើន​ត្រូវបាន​ជំរុញ ដោយ​វិស័យ​អភិវឌ្ឍន៍​លំនៅដ្ឋាន។ នេះ​បើ​យោងតាម​របាយការណ៍​ចុងក្រោយ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បានចេញ​លិខិតអនុញ្ញាត​សាងសង់​ដល់៧២៨ គម្រោង​ក្នុង​រយៈពេល​ពីរ​ខែ​ដំបូង កើនឡើង២៨,១ភាគរយ ពី៥៦៨គំរោង​ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងមក ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​សរុប៤,២ លាន​ម៉ែត្រការ៉េ​កើនឡើង៣៤ភាគរយ​ធៀប​នឹង​ឆ្នាំមុន៕

តម្លៃ​ជួល​អា​ផាត​ម៉ិ​ន​នៅក្នុង​ទីក្រុង​ភ្នំពេញ​ធ្លាក់ចុះ​ចន្លោះ​ពី៥ ទៅ១០ភាគរយ

ដោយ វុត្ថា

ភ្នំពេញ៖ អ្នកជំនាញ​បានឱ្យដឹងថា តម្លៃ​ជួល​អា​ផាត​ម៉ិ​ន​ដែលជា​ទីផ្សារ​ដ៏​សំខាន់​នៅក្នុង​ទីក្រុង​ភ្នំពេញ បាន​ធ្លាក់ចុះ​ចន្លោះ​ប្រមាណ៥ ទៅ១០ភាគរយ​នៅក្នុង​ដើមឆ្នាំ ២០២០ ដោយសារ​បង្ករ​ឡើង​ដោយសារ តែ​ការ​រាតត្បាត​ជំងឺ​កូ​វីដ១៩ និង​ការចាកចេញ​របស់​ប្រជាជន​ចិន។

លោក​ប៉ូ អ៊ា​វ​គង់ អគ្គនាយក​ក្រុមហ៊ុន Advance Real Estate បាន​ប្រាប់​គេហទំព័រ propertyarea.asia នៅ​ថ្ងៃទី ២០ ខែមេសា​កន្លងមក​ថា ទីផ្សារ​អា​ផាត​ម៉ិ​ន​នៅ​ដើមឆ្នាំ ២០២០នេះ មាន​សភាព​ធ្លាក់ចុះ​ខ្លះ បើ​ធៀប​ទៅនឹង​ឆ្នាំ​ចាស់ ដោយសារតែ​ជំងឺ Covid-19និង​ការចាកចេញ​របស់​ចិន បន្ទាប់ពី​ការបិត​ហ្គេម​អន​ឡាញ​នាពេល​កន្លងមកនេះ។

លោក​បន្តថា បន្ថែម​ពីនេះ​ក៏មាន​ការផ្គត់ផ្គង់​អា​ផាត​ម៉ិ​នថ្មីៗ ដាក់ចូល​នៅក្នុង​ទីផ្សារ​ផងដែរ ដែលជា​កត្តា​ធ្វើឱ្យ​តម្លៃ និង​ការជួល​ធ្លាក់ចុះ រួម​ជាមួយនឹង​តម្រូវការ​ក៏​ធ្លាក់ចុះ​ដែរ​ដែលមាន​ទំហំ១០ ទៅ១៥ ភាគរយ ហើយ​ភាគច្រើន​ជា​តម្រូវការ​របស់​ជន​ជាតិចិន។

លោក​បន្ថែមថា តម្លៃ​ជួល​នាពេល​បច្ចុប្បន្ននេះ ធ្លាក់ចុះ​ចន្លោះ​ប្រមាណ៥ ទៅ ១០ ភាគរយ គ្រប់​ប្រភេទ​នៃ​អា​ផាត​ម៉ិ​ន បើ​ធៀប​នឹង​ឆ្នាំមុន។ ឧទាហរណ៍​បើ​ពីមុន​យើង​អា​ជួល​ក្នុងតម្លៃ១០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ យើង​ទំលាក់​មក​នូវ៨ ០០ ទៅ ៩០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ជាដើម។

លោកស្រី​តាំង ហ៊ួ​រ នាយិកា​ក្រុមហ៊ុន​ក្រុមហ៊ុន​អចលនទ្រព្យ Amatak Property Service បានឱ្យដឹង​ដែរ​ថា ស្ថានភាព​នៃ​តម្លៃ​ជួល​អា​ផាត​ម៉ិ​ន នាពេល​បច្ចុប្បន្ននេះ មាន​ស្ថានភាព​ធ្លាក់ចុះ ដោយសារ​ម្ចាស់​អា​ផាត​ម៉ិ​ន​ជួល​ឲ្យ​អ្នក​ចំណូល​ថ្មី ព្រោះ​ភ័យខ្លាច​ចំពោះ​ការ​រ​ឆ្លង​ជំងឺ​Covid-19 ។

លោកស្រី​បន្តថា សម្រាប់​អ្នក​ដែល​បាន​ជួល​រួចហើយ អស់​រយៈពេល​ជាច្រើន​ខែ គឺ​នៅ​ដដែល​មិនមាន​ផលប៉ះពាល់​នោះទេ តែ​យ៉ាងណាក៏ដោយ​ទីផ្សារ​មួយ​នេះ នឹង​ងើប​ឡើងវិញ​ក្រោយ​ស្ងប់ស្ងាត់​នូវ​វិបត្តិ Covid-19 ។

ចំណែក លោកស្រី​អាន សុ​ធីតា​នាយិកា​ប្រចាំ​ប្រទេស នៃ​ក្រុមហ៊ុន CBRE Cambodia បានឱ្យដឹង​ដែរ​ថា  តម្លៃ​នៃ​ការជួល​អា​ផាត​ម៉ិ​ន បាន​ធ្លាក់ចុះ​ប្រមាណ១០ភាគរយ​ដោយសារតែ​ម្ចាស់​អគារ​មួយចំនួន បាន​បញ្ចុះតម្លៃ​ជូន​ដល់​ភ្ញៀវ ។ តែ​សម្រាប់​ម្ចាស់​អា​ផា​មិន​មួយចំនួន ក៏បានផ្តល់​នូវ​អត្ថប្រយោជន៍ផ្សេងៗទៀតផង​ដែរ ជា​វិធីសាស្ត្រ​ល្អជា​ជាង​ការ​បញ្ចុះតម្លៃ។

លោកស្រី​បន្តថា  សម្រាប់​ទីផ្សារ​នាពេល​បច្ចុប្បន្ននេះ​វិញ ហាក់​ពិបាក​ក្នុងការ​ស្វែងរក​ភ្ញៀវ​ជួល ដោយសារ​បង្កឡើង​ដោយ​វីរុស Covid-19  ។ ម្យ៉ាងទៀត ភាគច្រើន​នៃ​ការជួល​អា​ផាត​ម៉ិ​ន​ជា​ជនបរទេស ហើយ​ពួកគេ​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ ដែល​ធ្វើឱ្យ​ធ្លាក់ចុះ​នៃ​ការជួល ក៏ដូចជា​ការ​ស្នាក់​នៅក្នុង​អាគារ​មានការ​ថយចុះ។

បើ​យោងតាម​របាយការណ៍រ​បស់​ក្រុមហ៊ុន CBRE Cambodia បាន​បង្ហាញថា ចំនួន​អា​ផាត​ម៉ិ​ន​កើនឡើង២៣៤យូ​នី​ត ស្មើនឹង២,៧២៥យូ​នី​ត​នៅក្នុង​ឆមាស​ទី៤ ឆ្នាំ ២០១៩ កើនឡើង២៨ភាគរយ បើ​ធៀប​នឹង​នៅ​ត្រីមាស​ទី៤ ឆ្នាំ ២០១៨ ខណៈ​អគារ​អា​ផាត​ម៉ិ​ន​ថ្មី​ចំនួន៣ បានបញ្ចប់​ការសាងសង់​នៅ​ឆមាស​ទី២ នៃ​ឆ្នាំ ២០១៩ រួមមាន​អាគារ​អា​ផាត​ម៉ិ​ន Grade A ចំនួន១ អាគារ និង​Grade B ចំនួន២ អាគារ។

នៅ​ឆ្នាំ២០២០ ខណ្ឌដូនពេញ និង​ទួលគោក បាន​ត្រៀមខ្លួន​ទទួល​ចំណែក​ផ្គត់ផ្គង់​កាន់តែច្រើន​លើ​វិស័យ​អា​ផា​ម៉ិ​ន ជាពិសេស​ប្រតិបត្តិ​ករ​អន្តរជាតិ​ពេញចិត្ត នឹង​ទីតាំង​ដែល​នៅ​ជិត​នឹង​តំបន់​ពាណិជ្ជកម្ម៕

ចំណេះដឹង! តើ​នីតិវិធី​នៃ​ការវាស់វែង​ដី​ដែល​មិនទាន់​ចុះបញ្ជី​ត្រូវធ្វើ​ដូចម្តេច?

ដោយ វុត្ថា

ភ្នំពេញៈ បច្ចុប្បន្ន​ទីផ្សារ​ដីធ្លី មាន​សកម្ម​ភាពកើនឡើង​គួរ​ឲ្យ​កត់សម្គាល់ នៅក្នុង​ក្នុងប្រទេស​កម្ពុជា។ ការទិញ-លក់​ដី​ភាគច្រើន​ធ្វើឡើង តាមរយៈ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដីធ្លី ដែល​មិនទាន់​ចុះបញ្ជី (ប្លង់​ទន់) វាស់វែង​ដោយ​គណៈកម្មការក្រុង-ស្រុក និង​មានភ្ជាប់​គំនូស​បង្ហាញ​ទីតាំង ដែល​បញ្ជាក់​ទទួលស្គាល់ ដោយ​រដ្ឋបាល​សុរិយោដី ដើម្បី​យកទៅ​បង់ពន្ធ​ប្រថាប់ត្រា។ ទាំងអស់នេះ នឹងធ្វើ​ឱ្យមាន​បញ្ហា​នាពេលខាងមុខ។

ដើម្បី​ចៀសវាង​បញ្ហា​វិវាទផ្សេងៗ ត្រូវធ្វើ​ដូចខាងក្រោម​នេះ៖

ទី១) រាល់​ការស្នើសុំ​ផ្ទេរសិទ្ធិ ដីធ្លី​ដែល​មិនទាន់​ចុះបញ្ជី ត្រូវអនុវត្ត​នីតិវិធី​ដូច​ការស្នើសុំ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ ដាច់​ដោយ​ដុំ​ដែរ ដោយ​ត្រូវធ្វើ​ការជូនដំណឹង​ស្តីពី ការវាស់វែង​ដល់​អ្នកស្នើសុំ និង​អ្នក​ជាប់​ព្រំ​ឲ្យ​មក​ចូលរួម និង​ត្រូវធ្វើ​ការបិទ​ផ្សាយ​ជា​សាធារណៈ​យ៉ាងតិច៧ថ្ងៃ។

ក្រោយពេល​ធ្វើការ​វាស់វែង ប្រមូល​ទិន្នន័យ​រួច ត្រូវ​ចេញ​លិខិត​ជូនដំណឹង នៃ​ការបិទ​ផ្សាយ​ទិន្ន័យ​ដែល​ប្រមូលបាន បិទ​ផ្សាយ​ជា​សាធារណៈ​នៅ​សាលាឃុំ-សង្កាត់ និង​នៅ​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​ភូមិបាល ក្រុង-ស្រុក រយៈពេល ១៥ថ្ងៃ​ទៀត ដើម្បី​ឲ្យ​ស្របតាម​អនុក្រឹត្យ១២១ អនក្រ.បក ចុះ​ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ ស្តីពី ការចុះបញ្ជី​ដី​មាន​លក្ខណៈ​ដាច់​ដោយ​ដុំ។

ទី២) ទម្រង់​ពាក្យ​ស្នើ សុំ​ផ្ទេរសិទ្ធិ​កាន់កាប់ ដីធ្លី​ដែល​មិនទាន់​ចុះបញ្ជីរ ត្រូវ​អនុវត្តន៍​គំរូ​ទម្រង់​លិខិត ដូច​ពាក្យស្នើសុំ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ដាច់​ដោយ​ដុំ៕

តើការវិនិយោគអចលនទ្រព្យតាមបណ្តោយផ្លូវជាតិធំៗមានឱកាសចំណេញបែបណាខ្លះ?

ដោយ ហ្សូលី

ភ្នំពេញ៖ ទីតាំងនៃការវិនិយោគអចលនទ្រព្យគឺជារឿងសំខាន់ដែលអ្នកវិនិយោគទុកចំណេញក្តី ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យក្តីតែងតែសម្លឹងមិនឱ្យរំលងទេ ព្រោះវាគឺជាកត្តាអាទិភាពក្នុងការពិចារណាជាវអចលនទ្រព្យនោះ។ ជាក់ស្តែងនៅក្នុងស្ថានភាព Covid-19 នេះទៀតសោត ដែលអ្នកវិនិយោគទាំងឡាយគួរតែគិតគួរឱ្យល្អិតល្អន់ពីស្ថានភាពភូមិសាស្រ្តបន្ថែមទៀត។ 

លោក ខន គង្គារ អគ្គនាយកក្រុមហ៊ុន Era Cambodia បានមានប្រសាសន៍ប្រាប់តាមទូរសព្ទមកគេហទំព័រ Property Area Asia នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២០នេះថា «ការវិនិយោគអចលនទ្រព្យនៅតាមបណ្តោយផ្លូវជាតិធំៗអាចផ្តល់ឱកាសដល់អ្នកវិនិយោគបានច្រើន ជាក់ស្តែងដូចជាឱកាសទទួលបានផលចំណេញខ្ពស់នៅថ្ងៃអនាគតនៅពេលដែលលក់ចេញវិញ។ មិនតែប៉ុណ្ណោះ បើសិនជាចង់ប្រកបអាជីវកម្មផ្សេងៗវិញនោះ ពិតជាមានភាពងាយស្រួលច្រើនជាងនៅផ្លូវតូចៗ។ »

បន្ថែមពីលើនេះ លោកស្រី តាំង ហ៊ួរ នាយិកាក្រុមហ៊ុនអចលនទ្រព្យ Amatak Property បានថ្លែងឱ្យដឹងថា អ្នកដែលវិនិយោគអចលនទ្រព្យនៅតាមបណ្តោយផ្លូវធំៗអាចនឹងទទួលបានអត្ថប្រយោជន៍ច្រើន ដោយសារតែមានចរន្តចរាចរណ៍ចេញចូលជិះកាត់ច្រើន អញ្ចឹងមិនថាតែការសាង់សង់ផ្ទះ អគារខុនដូ គឺមានផលល្អណាស់។ តម្លៃដីធ្លីអាចនឹងឡើងខ្ពស់ ហើយហាងឆេងទៀតសោតក៏នាំមកនូវឱ្យមានតម្លៃល្អផងដែរ។ 

លោកស្រី បានបញ្ជាក់ថា ក្រៅពីនេះ បើសិនជាចង់វិនិយោគលក់ចេញវិញក៏មានភាពលឿនឆាប់រហ័ស ហើយប្រសិនបើមានបំណងចង់ប្រកបអាជីវកម្មវិញគឺពិតជាមានងាយស្រួល។ ឧទាហរណ៍ដូចជា Shop House ផ្ទះប្រកបអាជីវកម្ម ភោជនីយដ្ឋាន ការ៉ាស់ឡាន ការ៉ាសសាំង ជារួមងាយស្រួលប្រកបគ្រប់អាជីវកម្មតែម្តង ម្លោះហើយបានជាតម្លៃដីឬអចលនទ្រព្យនៅតាមផ្លូវនោះ ឡើងថ្លៃបានលឿន។ 

យ៉ាងណាមិញ បើតាមឱ្យដឹងពីលោក ម៉ន សុខា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ UTrust ធ្លាប់បានមានប្រសាសន៍ថា អចលនទ្រព្យនៅតាមបណ្តោយផ្លូវជាតិលេខ ៥១ កំពុងតែត្រូវប៉ាន់ ដោយសារតែនៅលើផ្លូវនេះ មានភាពធំទូលាយ ម្យ៉ាងគឺជាផ្លូវសេដ្ឋកិច្ចមួយផងដែរ ព្រោះនៅតាមបណ្តោយផ្លូវនេះមានរោងចក្រ សហគ្រាសជាច្រើន។ ជាមួយគ្នានេះក៏មានអ្នកវិនិយោគអចលនទ្រព្យ អាចទិញហើយ នឹងទទួលបានឱកាសនៃការចំនេញខ្ពស់ជាងតំបន់ផ្សេង៕

សារព្រមានៈ រលកនៃការចម្លងមេរោគCovid-19ថ្មីនឹងកើតមានទៀត បើប្រជាពលរដ្ឋ ខ្វះការប្រុងប្រយ័ត្ន

ដោយគង់ ម៉ាលីន

ភ្នំពេញៈ មន្រ្តីជាន់់ខ្ពស់ក្រសួងសុខាភិបាលបានព្រមានថា រលកនៃការចម្លងវីរុស COVID-19 ថ្មីអាចនឹងកើតមាននៅប្រទេសកម្ពុជា ម្តងទៀត ប្រសិនបើប្រជាពលរដ្ឋខ្វះការប្រុងប្រយ័ត្ន។ ទោះបីជាមានអ្នកជំងឺកូវីដ ជាសះស្បើយកាន់តែច្រើន គ្មានអ្នកឆ្លងថ្មី ក៏មិនមែនមានន័យថា កម្ពុជារួចផុតពីគ្រោះថ្នាក់នោះទេ។


លោកស្រី វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងក្នុងសន្និសីទសារព៌តមាន នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ស្ដីពីបច្ចុប្បន្នភាពជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា នៅទីស្ដីការក្រសួងសុខាភិបាល ដោយលោកស្រីបានហៅស្ថានភាពបច្ចុប្បន្ននេះថា ស្ថានភាពនៅផុយស្រួយនៅឡើយ បើសិនជាបុគ្គលគ្រប់រូបភ្លេចខ្លួន អនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងបទបញ្ជារបស់រាជ រដ្ឋាភិបាល

លោកស្រីឱ វណ្ណឌីន បានថ្លែងថា បច្ចុប្បន្ននេះស្ថានភាពរបស់កម្ពុជា មានភាពផុយស្រួយណាស់ ថ្វីតត្បិតតែយើងបានសង្កេតឃើញហើយថា ក្នុងរយៈពេល៧ ឬ៨ថ្ងៃកន្លងមកនេះ ធ្វើតេស្តអត់ឃើញមានករណីឆ្លងថ្មី ហើយទន្ទឹមនឹងនោះករណីព្យាបាលជាក៏កាន់តែកើនឡើង ហើយអ្នកជំងឺដែលនៅសេសសល់ពីការព្យាបាលគឺថយៗទៅៗ នេះមិនទាន់បញ្ជាក់ថា កម្ពុជាបានរួចចាកផុតពីការវាយលុកនៃ COVID-19 នោះទេ។

មានន័យថា ស្ថានភាពរបស់កម្ពុជា គឺស្ថិតនៅផុយស្រួយនៅឡើយ ល្គឹកណាតែនៅលើពិភពលោក នៅតែមានការរាតត្បាតដ៏សន្ធឹកសន្ធាប់នេះ ដែលមានករណីឆ្លងយ៉ាងច្រើន រហូតមានបណ្តាប្រទេសមួយចំនួនធំបន្តឆ្លងកាន់តែច្រើនឡើងៗ។

លោកស្រី វណ្ណឌីន បានក៏បានលើកឡើងពីប្រទេសមីយ៉ាន់ម៉ា ដែលជាសមាជិកអាស៊ាន ដែលកាលពីមុនចំនួនអ្នកឆ្លង មានចំនួនតិចតួចបំផុត ក៏ប៉ុន្តែ រកពេលតែប៉ុន្មានថ្ងៃនេះ មានអ្នកប្រជាពលរដ្ឋ បានឆ្លងវីរុស COVID-19 នេះ កើនឡើងរហូតដល់១១១ករណីទៅហើយ ដូច្នេះ ការរាតត្បាតនៃវីរុស COVID-19 នេះ គឺមានភាពលឿនយ៉ាងខ្លាំផង។


មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបានព្រមានថា ខ្ញុំសូមជម្រាបថា នៅពេលខាងមុខនេះ យើងមិនត្រូវធ្វើប្រហែសនោះទេ អញ្ចឹងយើងនឹងអាច ប្រសិនបើបុគ្គលគ្រប់រូប ភ្លេចខ្លួនហើយគាត់បែរទៅជាគិតថា យើងអស់មានបញ្ហាCOVID-19 ហើយវិធានការណ៍នៃការការពារខ្លួនរបស់យើងនេះ យើងមិនបានបន្តអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនទេនោះ អញ្ចឹងការរាតត្បាត ឬការវាយលុកនៃវីរុស COVID-19 នឹងអាចកើតមានឡើង។

លោកស្រីបានបន្ថែមថា ដូច្នេះ ស្ថិតនៅក្នុងដំណាក់កាលផុយស្រួយនេះ យើងអត់ចង់ឃើញ យើងអត់ចង់ឱ្យកើតមាន នូវការចម្លងចូលទៅក្នុងសហគមយើងនោះទេ បច្ចុប្បន្ននេះ យើងកំពុងតែស្ថិតនៅក្នុងខ្សែបន្ទាត់ក្រហម

ប្រជាជនអឺរ៉ុបជិត៦០លាននាក់ប្រឈមនឹងហានិភ័យបាត់បង់ការងារធ្វើ

ដោយ ប៊ី

អន្តរជាតិៈ ជិត៦០លានការងារនៅទូទាំងអឺរ៉ុប និងចក្រភពអង់គ្លេស ប្រឈមនឹងហានិភ័យពីការឆ្លងរាលដាលនៃជំងឺCOVID-19 នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនMcKinsey ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។


ក្រុមហ៊ុនពិគ្រោះយោបល់នេះ បានព្រមាននៅក្នុងរបាយការណ៍ ដែលបានចេញផ្សាយនៅថ្ងៃចន្ទនេះថា អត្រាគ្មានការងារធ្វើនៅអឺរ៉ុប អាចកើនឡើងពី៦ភាគរយ ទៅជាង ១១ភាគរយ និងនៅតែកើនឡើងរាប់ឆ្នាំ ប្រសិនបើជំងឺនេះមិនត្រូវបានទប់ស្កាត់។

ក្រុមហ៊ុន McKinsey បានប៉ាន់ប្រមាណថា ការងារមួយក្នុងចំណោមការងារបួននៅទូទាំងសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស មានហានិភ័យនៃការកាត់បន្ថយម៉ោង ឬប្រាក់ឈ្នួល។ ការងារដែលមិនតម្រូវឱ្យមានទំនាក់ទំនងជិតស្និទ្ធ ជាមួយអ្នកដទៃរួមទាំងគណនេយ្យករ និងស្ថាបត្យករត្រូវបានគេចាត់ទុកថា មានហានិភ័យទាប រួមជាមួយអ្នកដែលផ្តល់សេវាកម្មចាំបាច់ ដូចជាប៉ូលីស។

អ្នកធ្វើការប្រមាណ៥៥លាននាក់ ត្រូវបានជួលនៅក្នុងអាជីព ដែលមានហានិភ័យខ្ពស់ រួមមានអ្នកគិតប្រាក់ អ្នកចម្អិនអាហារ កម្មករសំណង់បុគ្គលិកសណ្ឋាគារ និងអ្នកសំដែង។ ប្រហែលជា៨០ភាគរយ នៃការងារដែលត្រូវបានគេចាត់ទុកថា មានហានិភ័យ ចំពោះមនុស្ស មិនមានសញ្ញាប័ត្រមហាវិទ្យាល័យ ដែលមាននិយោជិករបស់ក្រុមហ៊ុនតូចៗ។

នៅក្រោមសេណារីយ៉ូមួយ ដែលអឺរ៉ុបបរាជ័យក្នុងការទប់ស្កាត់ជំងឺនេះ ក្នុងរយៈពេលបីខែ ហើយត្រូវបានបង្ខំឱ្យបន្តវិធានការ នៅគន្លាតឆ្ងាយពីគ្នាក្នុងសង្គមនៅរដូវក្តៅ អត្រាគ្មានការងារធ្វើរបស់សហភាពអ៊ឺរ៉ុប នឹងកើនឡើងដល់១១,២ភាគរយ ក្នុងឆ្នាំ ២០២១ និងត្រឡប់មកវិញពេញលេញរហូតដល់ឆ្នាំ២០២៤។


ក្រុមហ៊ុន McKinseyបានឱ្យដឹងថា អាជីវកម្ម និងរដ្ឋាភិបាលចាំបាច់ត្រូវផ្លាស់ប្តូរយ៉ាងឆាប់រហ័សដើម្បីការពារការងារ។ ក្រុមហ៊ុនគួរតែកាត់បន្ថយថ្លៃដើម ប្តូរវេនការងារដាច់ដោយឡែកពីគ្នា និងបើកដំណើរការពីចម្ងាយដែលអាចធ្វើទៅបាន។ រដ្ឋាភិបាលគួរតែផ្តល់ការធានាប្រាក់កម្ចី ការបន្ធូរបន្ថយពន្ធ និងប្រាក់ឈ្នួលធានាដល់កម្មករ ដែលមួយចំនួនត្រូវបានធ្វើរួចនៅទូទាំងអឺរ៉ុប។

ចក្រភពអង់គ្លេសកំពុងគ្រប់គ្រង៨០ភាគរយ នៃប្រាក់ខែកម្មករយ៉ាងហោចណាស់ក្នុងរយៈពេល៣ខែ បន្ទាប់រហូតដល់អតិបរមា២៥០០ផោន (.៩០០ ដុល្លារ) ក្នុងមួយខែ។ ប្រទេសអាល្លឺម៉ង់ និងបារាំងមានកម្មវិធីស្រដៀងគ្នានេះដែរ។

កញ្ចប់ជំនួយសង្គ្រោះជំងឺឆ្លងនេះ របស់សហភាពអឺរ៉ុប រួមមាន ប្រាក់ឧបត្ថម្ភដល់ប្រាក់ឈ្នួលរហូតដល់១០០ពាន់លានអឺរ៉ូ (១១០ពាន់លានដុល្លារ) ដែលមានគោលបំណងការពារការបញ្ឈប់ការងារដ៏ធំ ក៏ដូចជាការផ្តល់ប្រាក់កម្ចីដល់អាជីវកម្ម និងឥណទានរាប់រយពាន់លានដុល្លារសម្រាប់រដ្ឋាភិបាលអឺរ៉ុប៕

ប្រភព CNN