អ្នកជំនាញៈវិស័យអចលនទ្រព្យនៅកម្ពុជានឹងមានសន្ទុះខ្លាំងឡើងវិញ នៅដើមឆ្នាំ២០២១

0

ដោយៈ ប៊ី

ភ្នំពេញៈ អ្នកជំនាញបានព្យាករណ៍ថា វិស័យអចលនទ្រព្យនៅកម្ពុជា នឹងមានការស្ទុះងើបឡើងវិញ នៅដើមត្រីមាស១ ឆ្នាំ២០២០ ខណៈវិបត្តិវិស័យសុខាភិបាលសកល ដែលបង្កដោយជំងឺ COVID-19 បានធ្វើឱ្យពិភពលោកទាំងមូលធ្លាក់ចូល ក្នុងវិបត្តិសេដ្ឋកិច្ចសកល ហើយជះឥទ្ធិពលអវិជ្ជមានដល់ស្ទើតែគ្រប់វិស័យ។

លោកស្រី អាន សុធីតា អគ្គនាយកាក្រុមហ៊ុន CBRE Cambodia បានប្រាប់គេទំព័រ Propertyarea.asia នៅថ្ងទី៣ ខែសីហា ឆ្នាំ២០២០នេះថា តិចឬច្រើន វិស័យអចលនទ្រព្យទាំងមូលនៅកម្ពុជា រងផលប៉ះពាល់ពីជំងឺរាតត្បាតCOVID-19 ដែលជាវិបត្តិវិស័យសុខភាពសាកលនាពេលបច្ចុប្បន្ន តែវិស័យនេះនឹងមានកំណើនឡើងវិញនៅត្រីមាស១ ឬត្រីមាសទី២ ឆ្នាំ២០២១។

លោកស្រីបានបន្តថា “វិស័យអចលនទ្រព្យនៅតែជាបញ្ហានៅឡើយ វាអាស្រ័យទៅលើប្រទេសជិតខាង ព្រោះបច្ចុប្បន្នមានការដាក់កម្រិតលើ ជើងហោះហើរនៅខែកញ្ញាខាងមុខ”។ លោកស្រីបន្តថា “សព្វថ្ងៃយើងមានជើងហោះហើរជាមួយចិន និងកូរ៉េ។ វាអាស្រ័យលំហូរវិនិយោគក្រៅប្រទេសដែរ ព្រោះយើងមិនអាចអាស្រ័យលើវិនិយោគក្នុងស្រុកទាំងស្រុងបាននោះទេ”។

លោកស្រីបានឱ្យដឹងទៀតថា បើយើងចង់ឱ្យោមានកំណើនសេដ្ឋកិច្ច និងកំណើនផលិតផលសរុបក្នុងស្រុកសរុប វាត្រូវមានកត្តារួមផ្សំពីការវិនិយោគពីខាងក្រៅផងដែរ។ សម្រាប់ឆមាសទី២ឆ្នាំនេះ វាមិនការប្រែប្រួល ឬកំណើនឡើងគួរឱ្យកត់សម្គាល់នេះទេ ប៉ុន្តែវានឹងងើបឡើងវិញនៅក្នុងត្រីមាស២ឆ្នាំក្រោយ។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Centurey21 Advance លោក ឡុង គឹមសួគ៌ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីថ្មីៗនេះថា បន្ទាប់ពីមានកំណើននៃចំនួនអ្នកផ្ទុកជំងឺឆ្លងកាលពីពេលថ្មីៗនេះ បានជះឥទ្ធិពលសាជាថ្មី មកលើទីផ្សារអចលនទ្រព្យស្ទើរគ្រប់ប្រភេទ រាប់ទាំងផ្នែកទិញ-លក់ដីធ្លី សំណង់លំនៅឋាន ខុនដូ ក៏ដូចជា គម្រោ​ងនៃការអភិវឌ្ឍនានា។

លោកឡុង គឹមសួគ៌ បានមានប្រសាសន៍ថា “ជាមួយនឹងសញ្ញាថ្មីនៃរលកទី២របស់វិបត្តិជំងឺឆ្លងនៅពេលនេះ តាមដែលខ្ញុំមើលឃើញ ផ្នែកដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេគឺវិស័យដីធ្លី ដោយសារតែភាគច្រើនការវិនិយោគទៅលើដីធ្លី គឺតម្រូវចំណាយទុនច្រើន ហើយចំណាយពេលយូរ”។

លោកឱ្យដឹងថា ដូច្នេះអ្នកវិនិយោគភាគច្រើន សុទ្ធតែរក្សាទុកនូវថវិកាក្នុងតំណាក់កាលនេះ រង់ចាំដល់ស្ថានការណ៍ល្អប្រសើរ ទើបចាប់ផ្តើមធ្វើសកម្មភាពវិនិយោគវិញ ឬឃើញមានដីតំបន់ណាដែលមានតម្រូវថវិកាខ្ពស់ និងលក់ក្នុងតម្លៃទាបខ្លាំងទើបពួកគេទិញ” ។

លោកឡុង គឹមសួគ៌បានបន្តថា សម្រាប់ការអភិវឌ្ឍវិស័យលំនៅដ្ឋាន ក្នុងដំណាក់កាលនេះ គម្រោងដែលបម្រុងនឹងចាប់អនុវត្តន៍ មួយចំនួនក៏បានបន្តផ្អាកទៅវិញ ដោយសា​រតែក្ដីបារម្ភ ពីស្ថានភាពទីផ្សារដែលកំពុងប្រឈម ពាក់ព័ន្ធទៅនឹងប្រភពចំណូ​លរបស់ប្រជាជនទូទៅ ដែលជាអតិថិជនគោលដៅរបស់ខ្លួន។

លោកបានថ្លែងថា “នៅក្នុងស្ថានភាពនៃវិបត្តិសេដ្ឋកិច្ច កាលពីពេលកន្លងទៅនេះ មានប្រជាពលរដ្ឋមួយចំនួនបាត់បង់ប្រភពចំណូល ទើបតែក្នុងរយៈពេលប៉ុន្មានខែមុននេះមានភាពល្អប្រសើរឡើងវិញ បន្តិចក្រោមការជ្រោមជ្រែងពីរដ្ឋាភិបាល។ ប៉ុន្តែពេលនេះ ស្ថានភាពប្រឈមបានកើតឡើងសារជាថ្មី ដែលមិនទាន់មានការអះអាងថា អាចល្អប្រសើ​រឡើងវិញនៅពេលណាឱ្យប្រាកដនោះទេ ដូច្នេះគម្រោងថ្មីៗមួយចំនួនក៏បន្តការផ្អាករង់ចាំដល់ឆ្នាំក្រោយឬយូរជាងនេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here