វិស័យសំណង់កើនឡើងយ៉ាងគំហុកបានធ្វើឲ្យការផ្គង់ផ្គង់ទឹកមិនឆ្លើយតបបានគ្រប់គ្រាន់

ដោយវុត្ថា

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្ដន៍ បានឱ្យដឹងថា វិស័យសំណង់បានកើនឡើងយ៉ាងកំហុក ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជាពិសេសការកើតឡើងនៃអគារខ្ពស់ៗនៅក្នុងទីក្រុងភ្នំពេញ បានជំរុញឱ្យមានការប្រើប្រាស់ទឹកខ្វះខាត និងសម្ពាធទឹកចុះខ្សោយ។


លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្ដន៍ នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២០ នេះ ឱ្យដឹងថា កំណើននៃសំណង់នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងទីក្រុងភ្នំពេញ បានធ្វើឱ្យសម្ពាតទឹកចុះខ្សោយ ជាពិសេសការកើនឡើងនៃអគារខ្ពស់ៗ។

លោកពន្យល់ថា កាលណាមានអគារខ្ពស់ គាត់ត្រូវការបូមឡើង គាត់ត្រូវការមានម៉ាស៊ីនបូមឡើង ដែលធ្វើឱ្យអ្នកនៅចុងទុយោមានសម្ពាធទឹកខ្សោយបន្តិច មិនត្រឹមតែប៉ុណ្ណោះ ផ្ទះរបស់បងប្អូនមួយចំនួន ផ្ទះល្វែង១ជាន់ ឬ២ជាន់ ក៏គាត់មានម៉ាស៊ីនបូមដែរ នៅពេលហ្នឹងហើយដែលធ្វើឱ្យសម្ពាតកាន់តែខ្សោយ

លោកបន្តថា ដូច្នេះយើងទាំងអស់គ្នាត្រូវសហការគ្នា ព្រោះបើមានអ្នកបូមមុន តើអ្នកនៅខាងចុងទុយោបានទឹកអីប្រើប្រាស់។ ហេតុនេះរដ្ឋាករស្វ័យភ្នំពេញ កំពុងតែគិត និងរិះរកវិធានការ ដើម្បីបង្កើនសម្ពាត ទឹកបន្ថែមដល់បងប្អូនប្រជាពលរដ្ឋរបស់យើង


បើតាមដឹងពីអ្នកនាំពាក្យរូបនេះ រហូតមកដល់ពេលនេះ កម្ពុជាមានរោងចក្រផលិតទឹកស្អាតចំនួនជិត៣០០នៅទូទាំងប្រទេស ខណៈកម្ពុជារំពឹងថា នឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់នៅគ្រប់ទីប្រជុំជន នៅទូទាំងប្រទេសកម្ពុជានៅក្នុងឆ្នាំ២០២៥។

លោកហេង សុខគង់បានបន្តថា រោងចក្រផលិតទឹកស្អាត នៅក្នុងប្រទេសកម្ពុជាមានរួមមាន៖ រដ្ឋករទឹកស្វយ័តមានចំនួន២ នៅក្នុងរាជធានីភ្នំពេញ និងសៀបរាប  រដ្ឋាករទឹករបស់រដ្ឋមានចំនួន១១ បូកជាមួយរដ្ឋាករទឹករបស់ឯកជន និងរបស់អង្គការWorld Bank មានចំនួនសរុបទាំងជាង២៩០ក្រុមហ៊ុន ដែលផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងប្រទេស៕

ប្រា​សាក់ ផ្តល់​កម្ចី​សហ​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម

ភ្នំពេញ៖ ប្រា​សាក់ ដែលជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាងគេ​នៅ​កម្ពុជា បាន​ចូលរួម​ក្នុង «គម្រោង​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម» ដែលជា​គំនិត​ផ្ដួចផ្ដើម​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​គោលបំណង​ផ្ដល់​កម្ចី​ដែលមាន​អត្រា​ការប្រាក់​ទាប ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា។

គម្រោង​ឥណទាន​នេះ​នឹង​ធ្វើឱ្យ​ប្រា​សាក់​អាច​ផ្ដល់​កម្ចី​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ត្រូវការ​ទុនវិនិយោគ​រហូតដល់ 1,26 ប៊ី​លាន​រៀល (ឬ 30 ម៉ឺន​ដុល្លារ) ឬ ទុន​បង្វិល​រហូតដល់ 840 លាន​រៀល (ឬ 20 ម៉ឺន​ដុល្លារ) នៅក្នុង​មុខរបរ​អាជីវកម្ម​រប​ស់​ខ្លួន ជាមួយ​អត្រា​ការប្រាក់​ពិសេស​ទាប​បំផុត 7% ក្នុង​មួយឆ្នាំ និង​រយៈពេល​កម្ចី​រហូត​ដល់ 4 ឆ្នាំ។

លោក សាយ សូ​នី អនុប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់ បាន​មានប្រសាសន៍ថា   ឥណទាន​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច​និង​មធ្យម​នេះ ជា​ប្រភេទ​កម្ចី​ដែល​ប្រា​សាក់ និង ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម កម្ពុជា (SME Bank) ដែលជា​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា បាន​សហការគ្នា​ក្នុងការ​ផ្តល់​សហ​ហិរញ្ញប្បទាន​បដិភាគ​ស្មើគ្នា​ដល់​អតិថិជន​ដែលជា​សហគ្រាស​ធុន​តូច និង​មធ្យម ជាមួយ​អត្រា​ការប្រាក់​ទាប ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​វិស័យ​អាទិភាព ដូចជា​ផ្នែក​កម្មន្តសាល និង​សិប្បកម្ម សម្រាប់​ជំនួស​ឱ្យ​ការ​នាំចូល បម្រើ​សេចក្ដីត្រូវការ​ក្នុងស្រុក ឬ បម្រើ​ជា​ធាតុ​ចូល​នៅក្នុង​ការផលិត​របស់​ក្រុមហ៊ុនធំៗជាដើម និង​ដើម្បី​បង្កើត​ឱកាស​ការងារ។

ចំពោះ​សហគ្រាស​ធុន​តូច និង​មធ្យម ដែលមាន​តម្រូវការ​ដើមទុន អាចដាក់​ពាក្យស្នើសុំ​កម្ចី​ក្រោម​គម្រោង​សហ​ហិរញ្ញប្បទាន​នេះ ពី​សាខា​ប្រា​សាក់​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ ទូរស័ព្ទ​មក​លេខ 023 999 911 ឬ 086 999 911 ឬ 096 999 9911 ដើម្បី​ទទួលបាន​ព័ត៌មាន​បន្ថែម។

លោក​បន្តថា «ក្នុង​រយៈកាល​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ 19 នេះ ប្រា​សាក់ នៅតែ​បន្ត​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ជូន​អតិថិជន​ជាធម្មតា។ តាងនាម​ថ្នាក់​គ្រប់គ្រង​និង​បុគ្គលិក​ទាំងអស់​របស់​ប្រា​សាក់ ខ្ញុំបាទ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អតិថិជន​ដែល​បាន​គាំទ្រ​និង​ប្រើប្រាស់​សេវា​ឥណទាន​ប្រា​សាក់ និង​សូម​គោរព​ជូនពរ​ចំពោះ​អតិថិជន​ទាំងអស់ សូម​មាន​សុខ​ភាពល្អ និង​មាន​សុវត្ថិភាពគ្រប់ៗគ្នា ក្នុងពេល​វេលា​ដ៏​លំបាក​នេះ។ សូម​ចូលរួម​សកម្មភាព​ការពារ​ខ្លួន​អ្នក​ផ្ទាល់ ក្រុមគ្រួសារ សហគមន៍ និង​សង្គមជាតិ​យើង។ យើង​រួមគ្នា​ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​កូ​វីដ19 និង​រក្សា​សុវត្ថិភាព​កាន់តែ​ខ្ពស់»៕

ការព្យាករណ៍ពីការងើបឡើងវិញនៃសេដ្ឋកិច្ចចិនផ្តល់អត្ថប្រយោជន៍ដល់វិស័យអចលនទ្រព្យ និងឧស្សាហកម្មនៅកម្ពុជា

ដោយ ប៊ី

ភ្នំពេញ៖ ការងើបឡើងវិញសេដ្ឋកិច្ចចិននៅខាងមុខក្នុងឆ្នាំនេះ នឹងធ្វើឱ្យមានធ្វើឱ្យអចលនទ្រព្យ និងឧស្សាកម្មរបស់កម្ពុជាប្រសើរឡើងវិញ ខណៈចិនជាទីផ្សារធំមួយរបស់កម្ពុជា។

សេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវបានគេរំពឹងថា នឹងងើបឡើងវិញនៅក្នុងត្រីមាសទី ២ បន្ទាប់ពីបានធ្លាក់ចុះនៅក្នុងត្រីមាសទី ១ ចំពេលដែលការរីករាលដាលនៃជំងឺ Covid-19។ នេះបើតាមការព្យាករណ៍របស់សេដ្ឋវិទូ កាលពីថ្ងៃអង្គារ ទី ២២ ខែមេសា ឆ្នាំ២០២០នេះ។

រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ លោក ហេង សុខគង់ បានមានប្រសាសន៍នៅក្នុងពិធីសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងបន្តទិសដៅការងារ នៅទីស្ដីការគណរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ ការងើបឡើងវិញសេដ្ឋកិច្ចរបស់ប្រទេសចិនធ្វើឱ្យកម្ពុជាមានឱកាសច្រើននាំចេញទៅចិន និងដូចជា ឱកាសច្រើនទាក់ទាញរោងចក្រពីចិន។

លោក បានថ្លែងថា “កម្ពុជានឹងមានសន្ទុះងើបឡើងវិញ ដោយសារកម្ពុជា និងចិនកំពុងចរចាធ្វើពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ ហើយយើងដឹងហើយថា ចិនជាមិត្តល្អរបស់កម្ពុជា”។

លោក បានបន្តថា “បន្ទាប់ពីសេដ្ឋកិច្ចចិនងើបឡើងវិញ មិនត្រឹមវិស័យឧស្សាហកម្មទេ ប៉ុន្តែវិស័យផ្សេងៗនេះទៀតរបស់កម្ពុជានឹងទទួលបានប្រយោជន៍ច្រើន ព្រោះចិនជាទីផ្សារធំមួយរបស់កម្ពុជា”។

លោក Piao Renjin អ្នកវិភាគប្រចាំក្រុមហ៊ុន NH Investment & Securities នៅទីក្រុងសេអ៊ូល បាននិយាយថា ប្រទេសចិនបានឆ្លើយតបយ៉ាងឆាប់រហ័សចំពោះការរីករាលដាលនៃការគ្របដណ្តប់លើជំងឺ Covid-19 ដោយមានកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនាំឱ្យមានការស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សនៅក្នុងទីផ្សារហិរញ្ញវត្ថុ។

អ្នកវិភាគរូបនេះបាននិយាយថា “រដ្ឋាភិបាលចិនត្រូវបានគេព្យាករណ៍ថា នឹងពង្រីកវិធានការជំរុញសារពើពន្ធនិងរូបិយវត្ថុ ហើយអ្នកអាចមើលឃើញការងើបឡើងវិញនៅក្នុងប្រទេសចិនក្នុងត្រីមាសទី ២” ។

នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិរបស់ចិនបានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនបានធ្លាក់ចុះ ៦,៨ ភាគរយ នៅក្នុងត្រីមាស ខែមករា – មីនា ចំពេលមានការថយចុះសេដ្ឋកិច្ចពីការរាតត្បាតវីរុសនេះ។ ទោះបីជាមានការធ្លាក់ចុះក៏ដោយក៏ប្រទេសចិនត្រូវបានគេរំពឹងថា នឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចធំ ៗ មួយចំនួន ដែលមានកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ។

តាមការព្យាករណ៍ទុករបស់ធនាគារពិភពលោក សេដ្ឋកិច្ចកម្ពុជានឹងស្តារឡើងវិញមកនៅ៥,៩ភាគរយ ក្នុងឆ្នាំ២០២១ ក្នុងសេណារីយោខ្សែបន្ទាត់គោល។ ការស្ទុះងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចនៅប្រទេសចិន និងនៅទីផ្សារធំៗផ្សេងទៀតក្នុងឆ្នាំ២០២១ នឹងធ្វើឱ្យចក្ខុវិស័យសេដ្ឋកិច្ចរបស់កម្ពុជា មានភាពប្រសើរឡើងវិញ នៅឆ្នាំក្រោយ។

វិស័យសំណង់ និងអចលនទ្រព្យ ដែលជាផ្នែកសំខាន់ៗនាំមកនូវកំណើនសេដ្ឋកិច្ចរបស់កម្ពុជា នឹងមានប្រសើរឡើងវិញ៕

អ្នកជំនាញ៖ ចរន្តទិញ-លក់អចលនវត្ថុនៅកម្ពុជាចាប់ផ្តើមកក្រើកឡើងវិញនៅពាក់កណ្តាលនិងចុងខែមេសានេះ

ដោយ ហ្សូលី

ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យនៅកម្ពុជាបង្ហើបឱ្យដឹងថា ការទិញ-លក់អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាចាប់ផ្តើមមានការងើបឡើងវិញនូវចរាចរណ៍ទិញ-លក់ ក្នុងចុងខែមេសានេះ បើទោះបីជាកម្ពុជាកំពុងប្រឈមទៅនឹងវិបត្តិសកលលោកគឺ ជំងឺកូរ៉ូណា ឬ Covid-19 ក៏ដោយ។

លោក ម៉ន សុខា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ UTrust បានថ្លែងប្រាប់គេហទំព័រ Property Area Asia នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២០នេះថា «អចលនទ្រព្យនៅកម្ពុជាបើគិតនៅចុងខែមេសានេះ សង្កេតឃើញថាចរន្តទិញ-លក់របស់ប្រជាជនកម្ពុជាហាក់បីដូចជាមានភាពកក្រើកឡើងវិញដែលខុសកាលពីខែមីនា និងដើមខែមេសា។»

លោកបន្តថា ការងើបឡើងវិញនេះគឺមកពីកត្តាមួយចំនួន ទី១ ដោយសារតែអត្រានៃអ្នកជំងឺកូវីដ១៩ បានជាសះស្បើយច្រើន ព្រោះរដ្ឋាភិបាលកម្ពុជាបានដាក់បម្រាមជាច្រើនដោយប្រជាជនខ្មែរមិនបានទៅស្រុកនោះឡើយ។ ទី ២ នៅពេលដែលប្រជាពលរដ្ឋមិនបានទៅស្រុកបែបនេះ លុយរបស់គាត់ត្រូវបានសល់ អញ្ចឹងនៅពេលសល់បែបនេះ គាត់អាចយកលុយមកវិនិយោគនៅអចលនទ្រព្យនេះវិញ ដូច្នេះទើបចរន្តទិញ-លក់ ចាប់មានភាពប្រសើរឡើងវិញ។

បន្ថែមពីនេះ អគ្គនាយកក្រុមហ៊ុន Utrust រូបនេះបានរៀបរាប់ថា បើតាមការសង្កេតឃើញរបស់លោកឃើញថា ការទិញលក់បុរី ផ្ទះ វីឡា និងដីឡូតិ៍ មានចរន្តកើនឡើងឡើងវិញ មានអតិថិជនចេញចូលជាហូរហែទៅតាមទីស្នាក់ការក្រុមហ៊ុននិមួយៗ មានការចុះកិច្ចសន្យាជាហូរហែ។

DCIM100MEDIADJI_0048.JPG

ចំណែកឯលោក ខន គង្គារ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ERA ធ្លាប់បានមានប្រសាសន៍ថា «ជាធម្មតាភ្ញៀវមួយចំនួនរង់ចាំឱ្យស្ថានភាពប្រសើរឡើង ភ្ញៀវក៏គាត់ចាប់ផ្តើមឆ្លៀតមើលឱកាសវិនិយោគដូចគ្នាដែរ។ ចរន្តទិញ-លក់នៅតែមានជាបន្តបន្ទាប់ ប៉ុន្តែអាស្រ័យលើគម្រោងដែរ ជាក់ស្តែងដូចខ្ញុំដែលកាន់ខាងខុនដូគឺនៅតែមានលក់ជារៀងរាល់ថ្ងៃ។»

ជាមួយការលើកឡើងស្រដៀងគ្នានេះ លោកស្រី តាំង ហ៊ួរ នាយិកាក្រុមហ៊ុនអចលនទ្រព្យ Amatak Property បានឱ្យដឹងថា យើងមានដំណឹងល្អហើយ ព្រោះថាមានសញ្ញាល្អហើយ ព្រោះ Covid-19 នេះគ្រាន់តែជាសេដ្ឋកិច្ចធ្លាក់ចុះ មិនមែនជាបញ្ហាធ្វើឱ្យមានសំណង់បាក់បែក ដែលតម្រូវឱ្យប្រើពេលយូរក្នុងការសាងសង់ឡើងវិញនោះទេ ដូច្នេះអ្វីៗវានឹងត្រឡប់មកវិញធម្មតា នឹងមានដំណើរការដូចដើម។

យ៉ាងណាមិញ អ្នកជំនាញមិនបានបង្ហាញពីការព្យាករណ៍ពីពេលវេលាជាក់លាក់នៃការដំណើរការអចលនទ្រព្យ ១០០ភាគរយ ឬការត្រឡប់មករកសភាពដើមទាំងស្រុងវិញនោះឡើយ ប៉ុន្តែអ្នកជំនាញសង្កេតឃើញថា អចលនទ្រព្យនៅកម្ពុជាមានភាពប្រសើរឡើងក្នុងមួយរយៈចុងក្រោយនៃចុងខែមេសានេះ៕

ដើមឆ្នាំ២០២០ វិស័យ SME ផ្នែកកម្មន្ដសាល មានកំណើនជាង ៥២ ០០០ ទីតាំង កំពុងដំណើរការនៅកម្ពុជា

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ជាមួយនឹងការយកចិត្តទុកដាក់លើកកម្ពស់ពីសំណាក់រាជរដ្ឋាភិបាល គិតត្រឹមដើមឆ្នាំ២០២០ វិស័យសហគ្រាសធុនតូច និងមធ្យម SME (ផ្នែកកម្មន្តសាល) នៅកម្ពុជា បានបន្តពង្រីកវិសាលភាពយ៉ាងខ្លាំងក្លា និងមានការកើនឡើងរហូតដល់ចំនួន ៥២ ១៥៤ ទីតាំងមូលដ្ឋាននៅទូទាំងប្រទេស ដែលផ្តល់ឱកាសការងារបានប្រមាណ៨២៤ ២៤៥កន្លែង ។

រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ លោក ហេង សុខគង់ បានមានប្រសាសន៍នៅក្នុងពិធីសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងបន្តទិសដៅការងារ នៅទីស្ដីការគណរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះថា គិតត្រឹមចុងឆ្នាំ២០១៩ ដើមឆ្នាំ២០២០ វិស័យសហគ្រាសធុនតូច និងមធ្យម នៅទូទាំងប្រទេសមានកំណើនរហូតដល់ចំនួន ៥២ ១៥៤ ទីតាំង កំពុងដំណើរការ ដែលជាសញ្ញាវិជ្ជមាន និងភាពល្អប្រសើរនៃវិស័យមួយនេះ។

លោក ហេង សុខគង់ បានមានប្រសាសន៍ថា “នៅទូទាំងពិភពលោក វិស័យសហគ្រាសធុនតូច និងមធ្យម គឺមានអត្រាខ្ពស់ និងមានតួនាទីយ៉ាងសំខាន់នៅក្នុងនាមជាចំណែកនៃឆ្អឹងខ្នង ដែលមានសារសំខាន់សម្រាប់ប្រទេសនីមួយៗ។ ដោយឡែក នៅកម្ពុជានាពេលបច្ចុប្បន្ននេះ សហគ្រាសធុនតូច និងមធ្យម មានរហូតដល់ជាង៥២ម៉ឺនសហគ្រាស ស្មើនឹងប្រមាណ ៩៩,៨ ភាគរយ ដែលផ្តល់ការងារបានជាង៨២ម៉ឺនកន្លែង ស្មើនឹងប្រមាណ ៧០ភាគរយ”។

លោកបានបន្តទៀតថា “វិសាលភាពនៃវិស័យ SME ឬ សហគ្រាសធុនតូច និងមធ្យម គឺមានភាពទូលំទូលាយ ដែលរាប់គិតពីសេវាលក់ដូរតូចតាចរហូតដល់ សហគ្រាសដែលមានដើមទុនក្រោម៥០ម៉ឺនដុល្លារ ក្នុងការផលិតសម្រាប់បំពេញតម្រូវការទីផ្សារក្នុងស្រុកប្រមាណ៥៨ភាគរយ និងការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស”។

គុណសម្បត្តិនៃវិស័យ SME គឺមានភាពទូលំទូលាយនៅក្នុងការជួយជ្រោមជ្រែងសេដ្ឋកិច្ចប្រទេសនីមួយៗ ជាក់ស្ដែង សូម្បីសហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចលើពិភពលោក វិស័យមួយនេះបានចូលរួចចំណែករហូតដល់ប្រមាណ ៥៣ភាគរយនៅក្នុងការជំរុញ និងលើកម្ពស់កំណើន GDP របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស៕

រោងចក្រថ្មីចំនួន ៧៧ ត្រូវបានបង្កើតឡើងនៅកម្ពុជាក្នុងដើមឆ្នាំនេះ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ នៅក្នុងរយៈ៣ខែ នៃត្រីមាសទី១ឆ្នាំ២០២០ កន្លងទៅ វត្តមានរោងចក្រថ្មីៗដែលស្ថិតនៅក្នុងវិស័យឧស្សាហកម្មចំនួន ៧៧ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាត និងគាំទ្រឱ្យមានដំណើរនៅកម្ពុជា និងបានផ្តល់ឱកាសការងារប្រមាណ ២៧ ៩០៩នាក់ ស្រពេលដែលរោងចក្រចំនួន៦ ត្រូវបានសម្រេចបិទទ្វាឈប់ដំណើរការទាំងស្រុង។

តាមរយៈរបាយការណ៍ដែលចេញដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងបន្តទិសដៅការងារ កាលព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ បានបង្ហាញថា នៅក្នុងរយៈពេល៣ខែ ឆ្នាំ២០២០កន្លងទៅនេះ ស្របពេលដែលកម្ពុជាមានភាពប្រឈមជាមួយនឹងវិបត្តិជំងឺឆ្លង Covid-19 គម្រោងវិនិយោគ និងបង្កើតរោងចក្រថ្មីចំនួន៧៧ ត្រូវបានរាជរដ្ឋាភិបាលសម្រេចគាំទ្រ និងអនុញ្ញាតឱ្យចាប់ដំណើរការនៅតាមបណ្តាខេត្ត ក្រុង និងតំបន់សេដ្ឋកិច្ចពិសេសនៅទូទាំងប្រទេស។

តាមរយៈរបាយការណ៍ដដែលនេះបានបញ្ជាក់ថា នៅក្នុងចំណោមរោងចក្រថ្មីៗដែលត្រូវបានអនុញ្ញាតឱ្យមានដំណើរការទាំង៧៧នេះ ក្នុងនោះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ ចំនួន៧៤ សេចក្ដីសម្រេចចេញដោយសាលារាជធានីភ្នំពេញចំនួន១ និងរោងចក្រដំណើរការឡើងវិញចំនួន២ ដោយបានបង្កើតឱកាសការងារ ២៧ ៩០៩នាក់។
គិតត្រឹមដើមត្រីមាសទី២ ឆ្នាំ២០២០ រោងចក្រដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ មានចំនួន១ ៨០១ រោងចក្រ ដែលក្នុងនោះផ្តល់ឱកាសការងារដល់កម្មករ-កម្មការិនី ប្រមាណ ១ ០៦៣ ០៣១ នាក់ ៕

ក្រុមហ៊ុន​ចិន​គ្រោង​ចូលរួម​វិនិយោគ​ចំណតរថយន្ត​ខ្នាត​ធំ​នៅលើ​ទំហំ​ដី​រាប់​ហិកតាក្នុង​ទីក្រុង​ភ្នំពេញ

ដោយ វុត្ថា

ភ្នំពេញៈ ក្រុមហ៊ុន China Good Car Holding (Cambodia) Co.,Ltd ដែលជា​ក្រុមហ៊ុន​របស់​ចិន គ្រោង​ចូលរួម​វិនិយោគ​សាងសង់​ស្ថានីយ៍ ចំណត​យានយន្ត​ធុន​ធំ​នៅ​រាជធានី​ភ្នំពេញ​លើ​ទំហំ​ដី​រាប់​ហិកតា និង​គម្រោង​វិនិយោគ​ដ៏ទៃទៀត ខណៈ​នាពេល​បច្ចុប្បន្ននេះ ទីក្រុង​ភ្នំពេញ​កំពុង​មមាញឹក​ចរាចរណ៍​យ៉ាងខ្លាំង។

លោក​ឈួន វ៉ន់ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក នៃ​ក្រសួង​សាធារណៈ និង​ដឹកជញ្ជូន​បាន​ប្រាប់​គេហទំព័រ propertyarea.asia នៅ​ថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២០កន្លងមក​ថា ក្រុមហ៊ុន​ចិន​មួយ​នេះ បាន​ចុះ​ជាមួយ​ក្រុមការងារ​រប​ស់​ក្រសួង​ចុះទៅ​មើល​ទីតាំង​រួចហើយ តែ​ស្នើសុំ​គោល​ការ​ជា​មុននឹង​ចាប់ផ្តើម​វិនិយោគ។

លោក​បន្តថា “ខ្ញុំ​មិនទាន់​ហ៊ាន​ប្រាប់​ទីតាំង​នៅឡើយ​ទេ ព្រោះ​វា​មិនទាន់​ច្បាស់ ហើយ​ទំហំ​ទឹកប្រាក់ ក្នុងការ​វិនិយោគ​វិញ​ក៏​មិនទាន់​បានដឹង​នៅឡើយ តែ​ខាងក្រោម​ហ៊ុន មាន​គម្រោង​រួចរាល់​អស់ហើយ ជាមួយគ្នានេះ​ក្រុមហ៊ុន​បាន និង​កំពុងដំណើរការ​លើ​ឯកសារ​ពាក់ព័ន្ធ ដើម្បី​ចាប់ផ្តើម​វិនិយោគ​នាពេល​ខាងមុខនេះ។

ក្រុមហ៊ុន China Good Car Holding (Cambodia) Co.,Ltd កាលពី​ថ្ងៃទី ២០ ខែមេសា កន្លងមកនេះ បាន​ជួបប្រជុំ​ពិភាក្សា​ជាមួយ លោក​ឈួន វ៉ន់ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក អំពី​គម្រោង​វិនិយោគ​សាងសង់​ស្ថានីយ ចំណត​យានយន្ត​ធុន​ធំ​នៅ​រាជធានី​ភ្នំពេញ និង​គម្រោង​វិនិយោគ​ដ៏ទៃទៀត។ កិច្ចប្រជុំ​នេះ​ក៏មាន​ការចូលរួម​ពី​សំណាក់​លោក​អគ្គនាយករ​ង លោក​ប្រធាន​នាយកដ្ឋាន និង​តំណាង​ក្រុមហ៊ុន​ផងដែរ។

លោក​ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជ​រដ្ឋ​បា​នល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ប្រាប់​គេហទំព័រ Propertyarea.asia តាមរយៈ​ទូរស័ព្ទ​ឱ្យដឹងថា រហូតមកដល់​ពេលនេះ លោក​មិនទាន់បាន​ទទួលបាន​ដំណឹង​ពី គម្រោង​វិនិយោគ​សាងសង់​ស្ថានីយ​ចំណត​យានយន្ត​ធុន​ធំ​នៅ​រាជធានី​ភ្នំពេញ​នេះ​នៅឡើយ​ទេ ដោយ​លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ។

លោក​បន្តថា “នៅពេលដែល​ខ្ញុំ​បានទទួល​បាន​ដំណឹង​នេះ​ច្បាស់លាស់ ទើប​អាចនិយាយបាន។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​កន្លងមកនេះ ក៏បាន​មានប្រសាសន៍​ជំ​រុញឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ សាងសង់​នូវ​ចំណត​យានយន្ត ឱ្យបាន​កាន់តែច្រើន​ថែមទៀត ជាពិសេស​ចំណត​យានយន្ត​ក្រោម​ដី គឺ​ត្រូវការ​បន្ថែមទៀត ស្រប​ពេលដែល​រាជធានី​ភ្នំពេញ មានការ​អភិវឌ្ឍន៍​ទី​ក្រុង​យ៉ាង​ឆាប់រហ័ស និង​ការកើនឡើង​នូវ​ចំនួន​យានយន្ត​នៅក្នុង​ទីក្រុង។

សម្តេច​តេ​ជោ​ថ្លែងថា “បើ​យើង​និយាយ​អំពី​ទីក្រុង​ភ្នំពេញ​សព្វថ្ងៃ មានរឿង​សំខាន់​ពីរ។ ទី១ គឺ​ខ្វះ​កន្លែង​ចត​រថយន្ត ហើយ​ទី២ គឺ​សំរាម១ ថ្ងៃ​សំរាម​ដល់​ទៅ៣០០តោន។ ប្រសិនបើ៥០ភាគរយ នៃ​យានយន្ត​សរុប​ធ្វើដំណើរ​លើ​ដងផ្លូវ ក្នុងពេល​តែមួយ នោះ​រាជធានី​ភ្នំពេញ នឹងមាន​ការកកស្ទះ​និង​ជាប់គាំង​នៅ​មួយកន្លែង”៕

វិស័យ​រ៉ែ​នៅ​កម្ពុជា​បាន​ទាក់ទាញ​ទុនវិនិយោគ​រហូតដល់​ជាង ១១៥៧លាន​ដុល្លារ

ដោយ វុត្ថា

ភ្នំពេញៈ ក្រសួង​រ៉ែ និង​ថាមពល បាន​ទាក់ទាញ​ទុនវិនិយោគ​ក្នុង​វិស័យ​រ៉ែ ដែល​បាន​ចុះបញ្ជី​ទាំង​ក្រុមហ៊ុន​វិនិយោគ​ក្នុងស្រុក និង​បរទេស​មាន​ចំនួន១១៥៧,៧៣លាន​ដុល្លារ​អាមេរិក ខណៈ​វិស័យ​មួយ​បាន​នឹង​ជួយ​ជំរុញ លើ​កិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជា។

យោងតាម​របាយការណ៍​របស់​ក្រសួង​រ៉ែ និង​ថាមពល ដែល​បាន​ចែកជូន​អ្នកសារព័ត៌មាន​នៅក្នុង​សន្និសីទ​សារព័ត៌​មា​ស្តីពី វឌ្ឍនភាព​ក្រសួង​រ៉ែ និង​ថាមពល​និង​ទិសដៅ​បន្ត​កាលពី​ថ្ងៃទី ២១ ខែមេសា​កន្លងមក​បាន​ឱ្យដឹងថា ក្នុងចំណោម​ទុនវិនិយោគ​ទាំងនោះ មាន​ទុនវិនិយោគ​ផ្នែក ស្វែង​រុក​រ៉ែ​មាស​ចំនួន១០៧,១៦លាន​ដុល្លារ​អាមេរិក ។ ទុនវិនិយោគ​ផ្នែក​រ៉ែ សំណង់​មាន​ទឹកប្រាក់៧៥,២៨ លាន​ដុល្លារ​អាមេរិក។ ទុនវិនិយោគ​ផ្នែក​រ៉ែ​លោហៈ មាន​ចំនួន១៥៨,៦លាន​ដុល្លារ​អាមេរិក និង​ទុនវិនិយោគ​ផ្នែក​លោក​ហៈ​មាន​ចំនួន ៨១៦,៩៣លាន​ដុល្លារ​អាមេរិក ។

របាយការណ៍​ដដែល​ប​ន្ត​ថា ក្រៅពី​ចំណូល​សារពើពន្ធ ដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ​ប្រមូល​ពី​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​ធនធាន​រ៉ែ ចំណូល​មិនមែន​សារពើពន្ធ​ពី​វិស័យ​រ៉ែ ដែល​ក្រសួង​រ៉ែ និង​ថាមពល​ប្រមូលបាន​ចាំ​ឆ្នាំ២០១៩ មាន​ចំនួន៨៥,៩៨៣លាន​រៀល ដែលមាន​កំណើន​ស្មើនឹង​ប្រមាណ១៨ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៨ ។

លោក​យស មុនី​រ៉ាត់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ និង​ជា​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​បានឱ្យដឹងថា ដោយមាន​ការយកចិត្ត​ទុកដាក់ និង​ការគាំទ្រ​យ៉ាង​មុតមាំ របស់​រាជរដ្ឋាភិបាល វិស័យ​រ៉ែ បាន​បើកចំហរ​និង​ទាក់ទាញ​វិនិយោគឯកជន ឱ្យចូល​រួម​មក​សិក្សា​ស្រាវជ្រាវ និង​ធ្វើ​អាជីវកម្ម ឧស្សាហកម្ម​រ៉ែ នៅ​កម្ពុជា​យ៉ាង​ផុលផុស។

លោក​បន្តថា “វិស័យ​រ៉ែ​បាន​ចូលរួមចំណែក ក្នុង​កិច្ចអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ និង​កំណើន​សេដ្ឋកិច្ចជាតិ​កាន់តែ​ធំ​ឡើង  ដោយ​រយៈកាលថ្មីៗនេះ​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួង​រ៉ែ និង​ថាមពល បាន​កែសម្រួល និង​កសាង​លិខិត​ប​ឬ​ដ្ឋា​ន​គតិយុត្តិសំខាន់ៗ ដើម្បី​គាំទ្រ និង​ទាក់ទាញ​វិនិយោគិន​ក្នុង​វិស័យ​រ៉ែ​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់”៕

ចិន​សាងសង់​កីឡដ្ឋាន​ធំជាងគេ​លើ​ពិភពលោក​ដែលមាន​ទុនវិនិយោគ​ទំហំ ១៧០០លាន​ដុល្លារ

ដោយ ហ្សូ​លី

ក្វាង​ចូ​វៈ ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ EverGrande បានប្រកាសថា កីឡដ្ឋាន​បាល់ទាត់​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក ដែលមាន​ទំហំ​វិនិយោគ​ប្រមាណ​ជា ១,៧ ពាន់​លាន​ដុល្លារ បានចាប់ផ្តើម​ដំណើរការ​សាងសង់​ហើយ។

កីឡដ្ឋាន​នេះ​មាន​អាច​ផ្ទុក​កន្លែង​អង្គុយ​ទស្សនា បាន​សរុប​ចំនួន ១០០,០០០កន្លែង ដែល​នឹង​ក្លាយជា​កីឡដ្ឋាន​បាល់ទាត់ ធំជាងគេ​បំផុត​នៅលើ​ពិភពលោក។ កីឡាដ្ឋាន​យក្ស​នេះ នឹងត្រូវ​បាន​រចនា​ឡើងជា​រូបរាង​ផ្កាឈូក ហើយ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ចុងឆ្នាំ២០២២។

ការ​រចនា​នៃ​ពហុកីឡាដ្ឋាន​នេះ គឺជា​ស្នាដៃ​របស់​អ្នក​រចនា​ជនជាតិ​អាមេរិក ដែលមាន​ឈ្មោះថា Hasan Syed ដែលមាន​មូលដ្ឋាន​នៅ​សៀង​ហៃ ដោយ​ធ្វើតាម​គំនិត​ដំបូង​ពី​ប្រធាន​ក្រុមហ៊ុន Evergrande Group Xu Jiayin ។ ការ​រចនា​ផ្កាឈូក​មាន​ប្រភព​ចេញពី​ទីក្រុង​ក្វាង​ចូ​វ ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជាទី​ក្រុង​ផ្កា។

ពហុកីឡាដ្ឋាន​នេះ​រួមមាន​បន្ទប់​ឯកជន VIP ចំនួន១៦ បន្ទប់​ឯកជន VIP ចំនួន១៥២ តំបន់ FIFA តំបន់​អត្តពលកម្ម​តំបន់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បន្ទប់​សារព័ត៌មាន។

យោងតាម​សារព័ត៌មាន ESPN បានឱ្យដឹង​ទៀតថា ក្រុមហ៊ុន Evergrande គ្រោង​សាងសង់​ពហុកីឡាដ្ឋាន​ចន្លោះ​ពី៣ ទៅ៥ទៀត ដែលមាន​សមត្ថភាព​ផ្ទុក​ដល់៨០ ០០០ ទៅ១០០,០០០ នៅ​ជុំវិញ​ប្រទេស​ចិន។

ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ EverGrande លោក Xia HaiJun បាន​មានប្រសាសន៍ថា ការងារ​សាងសង់​បានចាប់ផ្តើម​ដំណើរការ​កាលពី​សប្តាហ៍​មុន ដោយមាន​គោលដៅ ដើម្បី​ក្លាយជា“និមិត្តសញ្ញា​ថ្មី​លំដាប់​ពិភពលោក ដែល​អាច​ប្រៀបធៀប​បាន​ទៅនឹង​អគារ Sydney Opera House និង អគារ Burj Khalifa នៅ​ឌូ​បៃ។

សមត្ថភាព​នៃ​កីឡដ្ឋាន​នេះ នឹង​បំបែក​ឯកទគ្គកម្ម​រប​ស់​កីឡដ្ឋាន Camp Nou នៅ​ទីក្រុង Barcelona ប្រទេស​អេ​ស្ប៉ា​ញ ដែល​អាច​ផ្ទុក​បាន​ចំនួន ៩៩,៣៥៤ កន្លែង៕

ប្រភព (CNN)

អចលនទ្រព្យ​តម្លៃ​មធ្យម​នៅតែមាន​តម្រូវការ​ខ្ពស់​ទាំង​ផ្នែក​លំនៅដ្ឋាន​ជាប់​ដី និង​ខុន​ដូ

ដោយ​គង់ សូរិយា

ភ្នំពេញៈ ទីផ្សារ​លំនៅដ្ឋាន និង​អាគារ​បែប​សហកម្ម​សិ​ទ្ធិ ដែលមាន​តម្លៃ​មធ្យម​នៅតែមាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ។ នេះ​បើតាម​ការសិក្សា​មួយ។

យោងតាម​ការស្ទង់មតិ​អចលនទ្រព្យ​ឆ្នាំ២០១៩ របស់ Realestate.com.kh ក្នុងចំណោម​អ្នកផ្តល់​ចម្លើយ​ជាង ២០០០​នាក់​​បាន​បង្ហាញថា ប្រហែល ៤០ភាគរយ នៃ​អ្នកផ្ដល់​ចម្លើយ​ទាំងអស់ ចាប់អារម្មណ៍​ចង់​ទិញ​ផ្ទះ​តម្លៃ​ក្រោម ៥ម៉ឺន​ដុល្លារ និង​មាន ២៦% ចាប់​អា​ម្មណ៍​ទិញ​ផ្ទះ​តម្លៃ ៥០០០០ ទៅ ៧៥០០ដុល្លារ។

លោកស្រី​អាន សុធី​តា​នា យិ​កា​ក្រុមហ៊ុន CBRE Cambodia បាន​លើកឡើងថា ខុន​ដូ​តម្លៃ​សមរម្យ​មានតម្លៃ​ចន្លោះ​ពី​១,២០០ ដុល្លារ ទៅ១,៥០០ដុល្លារ​ឡើងទៅ ក្នុង​មួយ​ម៉ែត្រការ៉េ និង​ខុន​ដូ​ថ្នាក់កណ្តាល​មានតម្លៃ​ពី ១,៥០០ ទៅ ២,៥០០​ដុល្លារ ជាង​ក្នុង​មួយ​ម៉ែត្រការ៉េ និង​ខុន​ដូ​តម្លៃ​ខ្ពស់​មានតម្លៃ​ចាប់ពី ៣,០០០ដុល្លារ/ម៉ែត្រការ៉េ។

យោងតាម​របាយការណ៍​របស់ CBRE Cambodia ឆ្នាំ២០២០ នេះ​វិញ CBRE Cambodia រំពឹងថា ទីផ្សារ​ខុន​ដូ នឹង​កើនឡើង ៥៥ភាគរយ ក្នុងនោះ​ទីផ្សារ​ខុន​ដូ​តម្លៃ​សមរម្យ (affordable) មាន​ភាព​ទាក់ទាញ​ខ្លាំងជាងគេ​ក្នុងចំណោម​អតិថិជន​ក្នុងស្រុក។

ចំណែក​បើ​និយាយ​អំពី​តម្លៃ​ផ្ទះ​ទូទៅ​វិញ មិន​ថា វីឡា ឬ​ផ្ទះ​ក្នុង​បុរី​នោះទេ គឺ​នៅ​មិនទាន់​ឈានដល់​កម្រិត​ខ្ពស់បំផុត​នៅឡើយ ស្រប​ពេលដែល​តម្រូវកា​រ​សរុប​ត្រូវបាន​គេ​ប៉ាន់​ស្មានថា​មាន​ប្រមាណ​ជាង៨០ម៉ឺន​ខ្នង គិត​ចាប់ពី​ឆ្នាំ២០១៥ ដល់​ឆ្នាំ២០៣០ ពោលគឺ​ប្រមាណ​ជាង៥ម៉ឺន​ខ្នង​ក្នុងមួយឆ្នាំៗ នេះ​បើ​យោងតាម​ការសិក្សា​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។

លោក​ឧកញ៉ា​លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា​បាន​ទទួលស្គាល់ថា ទីផ្សារ​លំនៅដ្ឋាន​តម្លៃ​សមរម្យ​នៅតែមាន​តម្រូវការ​ខ្ពស់ និង​ងាយ​លក់​ចេញ​ជាង​លំនៅដ្ឋាន​ដែលមាន​តម្លៃ​ថ្លៃ ប៉ុន្តែ​មិនមែន​មានន័យថា លំនៅដ្ឋាន​មានតម្លៃ​ថ្លៃ​លក់​មិន​ចេញ​នោះទេ វា​អាស្រ័យ​លើ​ទីតាំង និង​គំរោង​និមួយៗ ដែល​អ្នក​អភិវឌ្ឍន៍​បាន​សាងសង់ឡើង។

លោក​បន្តថា “ការអភិវឌ្ឍ​លំនៅដ្ឋាន​តម្លៃ​សមរម្យ មិនអាច​ធ្វើបាន​នៅ​តំបន់​ដែល​ដី​មានតម្លៃ​ខ្ពស់​នោះទេ ប៉ុន្តែ​ការរីកចម្រើន​និង​ការពង្រីក​ក្រុង បានផ្តល់​ឳ​កាស​ឲ្យ​អ្នក​អភិវឌ្ឍន៍​អាច​សាងសង់​លំនៅដ្ឋាន​តម្លៃ​សមរម្យ​បាន សំរាប់​តំបន់​ជាយក្រុង”៕