ស៊ុយ​អ៊ែត និង UNDP ផ្តល់ជំនួយ ៣,៣៤លាន​ដុល្លារ​ដើម្បី​កាត់បន្ថយ​បម្រែបម្រួលអាកាសធាតុ​នៅ​កម្ពុជា

ដោយ ប៊ី

ភ្នំពេញៈ រដ្ឋាភិបាល​ស៊ុយ​អ៊ែត និង UNDP នៅថ្ងៃនេះ​បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ចំនួន ៣,៣៤លាន​ដុល្លារ​អាមេរិក​ដើម្បី​គាំទ្រ បម្រែបម្រួល​អាកាសធាតុ​នៅ​កម្ពុជា​រយៈពេល៣ឆ្នាំ។

សម្ព័ន្ធភាព​ប្រែប្រួល​អាកាសធាតុ​កម្ពុជា (CCCA) គឺជា​កម្មវិធី​ផ្លាស់ប្តូរ​អាកាសធាតុ​ដ៏​លេចធ្លោ​មួយ​នៅ​កម្ពុជា ដែល​អនុវត្តន៍​ដោយ UNDP និង​ក្រុម​ប្រឹក្សាជាតិ​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព។ នេះ​បើ​យោងតាម​សេចក្តី ប្រកាស​ព័ត៌មាន​របស់​កម្មវិធី​ស  ម្ព័​ន្ធ​ភាពប្រែប្រួល​អាកាសធាតុ​កម្ពុជា នៅ​ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២០ ។

កម្មវិធី​សម្ព័ន្ធ​ភាពប្រែប្រួល​អាកាសធាតុ​កម្ពុជា បាន​សហការ​ជាមួយ​រដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល វិទ្យាស្ថាន និង​វិស័យ​ឯកជន ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​នៃ​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ ២០០៩ ។

លោក Bjorn Haggmark ឯកអគ្គរដ្ឋទូត​ស៊ុយអែត​ប្រចាំ​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា ការផ្លាស់ប្តូរ​អាកាសធាតុ គឺជា​ការគំរាមកំហែង ដែលមាន​ហើយ​ទាមទារ​ឱ្យមាន​វិធានការណ៍​លឿន​និង​មាន​មហិច្ឆតា។

លោក​បាន​មានប្រសាសន៍ថា “កម្មវិធី CCCA អនុញ្ញាតឱ្យ​តួអង្គសំខាន់ៗជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​ធ្វើ​ការងារ​បន្ថែមទៀត ដើម្បី​ការពារ​បរិស្ថាន​កាត់បន្ថយ​ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ និង​ដើម្បី​ពង្រឹង​ការអនុវត្ត​កិច្ចព្រមព្រៀង ទីក្រុង​ប៉ារីស ប្រទេស​ស៊ុយអែត​គាំទ្រ​តាម​វិធី​នេះ ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព”៕

ទីភ្នាក់ងារ​ថាមពល​កូរ៉េ​ប្រកាស​វិនិយោគ ៨,១ លាន​ដុល្លារ​លើ​គម្រោង​ផ្គត់ផ្គង់​កង់អគ្គិសនី​នៅ​កម្ពុជា

ដោយ ប៊ី

ភ្នំពេញៈ ទីភ្នាក់ងារ​ថាមពល​កូរ៉េ (Korea Energy Agency ) បានប្រកាសថា​ទីភ្នាក់ងារ​នេះ នឹង​វិនិយោគ​ទឹកប្រាក់ ១០ពាន់​លាន​វ៉ុ​ន (ប្រមាណ៨,១ លាន​ដុល្លារ) នៅ​ឆ្នាំនេះ ក្នុង​គម្រោង​ផ្គត់ផ្គង់​កង់​អគ្គិសនី និង​សាងសង់​ស្ថានីយ៍​សាក​ថាមពល​ពន្លឺព្រះអាទិត្យ​នៅ​កម្ពុជា។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Korea Times កាលពី​ថ្ងៃទី ២៣ ខែមេសា​ឆ្នាំ២០២០ ។

ទីភ្នាក់ងារ​នេះ​បាន និង​កំពុង​អនុវត្ត​គម្រោង​សាកល្បង​មួយ នៅក្នុង​រាជធានី​ភ្នំពេញ និង​សៀមរាប ដែលជា​ទីក្រុង​ទេសចរណ៍ ដ៏​មាន​ប្រជាប្រិយភាព​មួយ នៅ​ជិត​ប្រាសាទអង្គរវត្ត និង​ល្បីល្បាញ​ទូទាំង​ពិភពលោក​ចាប់តាំងពី​ខែតុលា​ឆ្នាំមុន។

គម្រោង​ផ្គត់ផ្គង់​កង់​អគ្គិសនី​ត្រូវបាន​ធ្វើឡើង ដើម្បី​នាំចេញ​ប្រព័ន្ធ photovoltaic (PV) ស្ថានីយ​សាក និង​កង់​អគ្គិសនី​ក្នុង​កញ្ចប់​មួយ។

ទីភ្នាក់ងារ​នេះ​បាន​តំឡើង​ប្រព័ន្ធ PV ៥គីឡូវ៉ាត់ម៉ោង និង​ស្ថានីយ៍​បញ្ចូល​អគ្គិសនី ដែលមាន​កង់​អគ្គិសនី​ចំនួន៣ នៅ​ជិត​ការិយាល័យ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​មាន​ស្ថានីយ៍ PV ៣.៥ kW ចំនួន៣កន្លែង មាន​ស្ថានីយ៍​សាក​មួយ និង​កង់​អគ្គិសនី៣ នៅ​ជិត​ប្រាសាទអង្គរវត្ត។

ទីភ្នាក់ងារ​នេះ នឹង​បង្កើន​ចំនួន​កង់​សូ​ឡា​ប្រភេទ​កូរ៉េ នៅ​កម្ពុជា​ដល់១.០០០ គ្រឿង​ជាមុនសិន ហើយ​បន្ទាប់មក​ពង្រីក​ស្ថានីយ​បញ្ចូលភ្លើង​ដល់៣០ និង​ម៉ូតូ​អគ្គិសនី​ដល់ ៤.០០០ គ្រឿងក្នុង​រយៈពេល​វែង។

ទីភ្នាក់ងារ​នេះ ក៏បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់ (MOU) ស្តីពី​កិច្ចសហប្រតិបត្តិការ​អា​ជីវ​កម្ម ជាមួយ​ក្រុមហ៊ុន SK Securities and Verywords កាលពី​ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២០ ។

ទីភ្នាក់ងារ​នេះ គ្រោង​នឹង​ណែនាំ​កង់​អគ្គិសនី ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ មិន​ត្រឹមតែ​ទៅកាន់​ប្រទេសជិតខាង ដូចជា ប្រទេស​វៀតណាម និង​ឥណ្ឌូនេស៊ី​ប៉ុណ្ណោះ​ទេ ថែមទាំង​ទៅកាន់​ទីផ្សារ​អាស៊ី ដូចជា​ចិន និង​ឥណ្ឌា និង​ប្រទេស​កម្ពុជា​ជា​មូលដ្ឋាន​សំខាន់។ យោងតាម Global Market Insight ដែលជា​វិទ្យាស្ថាន​ស្រាវជ្រាវ​ទីផ្សារ ទីផ្សារ​កង់​អគ្គិសនី​សកល​ត្រូវបាន​រំពឹងថា នឹង​កើនឡើង៥ភាគរយ​ជា​រៀងរាល់ឆ្នាំ​នៅ​ឆ្នាំ២០២៤ ៕

ទឹកដី​ខេត្ត​ព្រះសីហនុ​ទាំងអស់​នឹង​ក្លាយជា​តំបន់​សេដ្ឋកិច្ច និង​ឧស្សាហកម្ម

ដោយ វុត្ថា

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា​និង​ន​វា​នុ​វត្ដ​ន៍ បាន​អះអាងថា ខេត្ត​ព្រះសីហនុ​ទាំងមូល​នឹង​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ពិសេស (Special Economic Zone) ទាំងអស់ ខណៈ​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ បាន​នឹង​កំពុង​អភិវឌ្ឍ​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​សំណង់​យ៉ាងគំហុក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ។

លោក​ហេង សុខ​គង់ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និង​ន​វា​នុ​វត្ដ​ន៍ នៅក្នុង​សន្និសីទ​សារព័ត៌មាន​នា​ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២០កន្លងមក​បានឱ្យដឹង​ថា តាម​ផែនការ និង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​រាជរ​ដ្ឋា​ភិ​បាល​ឆ្នាំ២០១៥-២០២៥ នឹង​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ឱ្យទៅជា​តំបន់​សេដ្ឋកិច្ច​ពហុ​បំណង។

លោក​បន្តថា “រដ្ឋាភិបាល​នឹង​រៀបចំ​ឱ្យមាន​តំបន់​រដ្ឋបាល តំបន់​ពាណិជ្ជកម្ម តំបន់​ស្នាក់នៅ និង​តំបន់​ទេសចរណ៍ ដែល​នឹង​ប្រែក្លាយ​ទៅជា​តំបន់​ទេសចរណ៍ធម្មជាតិ ក្នុង​តំបន់​អាស៊ាន (Green Toursm Zone in Asian)ពោលគឺ​វា​មាន​លក្ខណៈ​ប្រទាក់ក្រឡា​គ្នា ដោយ​ជាក់ស្តែង​ខេត្ត​ព្រះសីហនុ កំពុង​អភិវឌ្ឍ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស្រាប់​តាម​ផែនការ​របស់​យើង​ក្នុងការ​ជំរុញ​ដល់​ការអភិវឌ្ឍ។ លោក​ថ្លែងថា“យើង​នឹង​ធ្វើឱ្យ​តំបន់​នោះ​ឱ្យ​វា​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងអស់ នូវ​ទូទាំង​ខេត្ត…ពីមុនមក​យើង​ជ្រើសរើស​តំបន់​ឧទាហរណ៍​ថា តំបន់​សេដ្ឋកិច្ច​ស្ទឹងហាវ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ជាដើម ប៉ុន្តែ​ឥឡូវ​អត់​ទេ​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ នឹង​ក្លាយទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងអស់។

លោក​ហេង សុខ​គង់​បាន​បន្តទៀតថា ដូច្នេះ​នៅពេល​អ្នកវិនិយោគ​ទៅ​ដាក់ទុន​វិយោគ​នៅ​កន្លែង​ណា ក៏​ទទួលបាន QIP (Qualify Investment Project) ពី​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ផងដែរ ក្នុងការ​នាំចូល​វត្ថុធាតុដើម និង​ក្នុងការ​នាំចូល​គ្រឿងចក្រ និង​គ្រឿង​ម៉ាស៊ីន​ជាដើម​ដោយ​រួច​ពន្ធ…និយាយ​ជារួម​ក្នុង​ខេត្ត​មួយ​នេះ នឹង​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងអស់។

រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វ​ង្ស៊ី វិស្សុត ធ្លាប់បាន​ឱ្យដឹងថា ដើម្បី​ជួយ​ឲ្យ​ខេត្ដ​ព្រះសីហនុ មាន​សន្ទុះ​នៃ​ការរីកចម្រើន​ខ្លាំង រាជរដ្ឋាភិបាល​បានដាក់​វិធានការ​មួយចំនួន ក្នុងនោះ​រួមមាន ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការរៀបចំ​ផែនការមេ (Master Plan) សម្រាប់​អភិវឌ្ឍន៍​ខេត្ដ​ព្រះសីហនុ ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង ដូច​ទៅនឹង​ទីក្រុង​សិន​ជិន របស់​ប្រទេស​ចិន​ដូច្នេះ​ដែរ។

លោក​បន្ដថា “សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី បានដាក់​ចេញ​នូវ​គោលនយោបាយ​យ៉ាងច្បាស់​លាស់​មួយ ឲ្យ​ខេត្ដ​ព្រះសីហនុ​ក្លាយទៅជា​ខេត្ដ​សេដ្ឋកិច្ច​ពិសេស ដោយ​មិន​ពឹង​ផ្អែកទៅលើ​ល្បែងស៊ីសង​នោះឡើយ គឺ​ផ្អែកទៅលើ​ការធ្វើ​ឧស្សាហកម្ម សេវាកម្ម ខាង​ផ្នែក​បច្ចេកវិទ្យា​ទេសចរណ៍។

លោក វ​ង្ស៊ី វិស្សុត​ថ្លែងថា “យើង​កំពុង​ធ្វើ Master Plan (ផែនការមេ) ជិត​រួចហើយ ដែល​យើង​ជួល​អ្នករៀបចំ Master Plan ឲ្យ​ទីក្រុង​សិន​ជិន ប្រទេស​ចិន មក​ធ្វើ​តែម្ដង ដែល​រៀបចំ​ជា​តំបន់​ពិសេស​ពហុ​បំណង ក្លាយជា​ប៉ូល​សេដ្ឋកិច្ច​មួយ​ដ៏​ខ្លាំង ពោល​ជា​សេដ្ឋកិច្ច​មួយ ដែល​បម្រើ​ដល់​មូលដ្ឋាន​នាំចេញ​ផលិតផល​សម្រេច​របស់​កម្ពុជា។

លោក​រដ្ឋលេខាធិការ​រូបនេះ​បានបញ្ជាក់​ទៀតថា គម្រោង​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ ជា​តំបន់​សេដ្ឋកិច្ច​ពិសេស គឺ​ដឹកនាំ​ដោយផ្ទាល់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ដែលជា​គម្រោង​ថ្នាក់ជាតិ ហើយ​មាន​ឧបនាយករដ្ឋមន្ដ្រី២រូប ទទួលខុសត្រូវ។

យោងតាម​របាយការណ៍​របស់​រដ្ឋបាល ខេត្ត​ព្រះសីហនុ​បាន​បង្ហាញថា ខេត្ត​ព្រះសីហនុ​ក្នុង​រយៈពេល២ឆ្នាំ​កន្លងមកនេះ បានទទួល​ការអភិវឌ្ឍន៍​យ៉ាងខ្លាំង​លើ​គ្រប់​វិស័យ ពិសេស​ក្នុង​វិស័យ​សំណង់​អគារធំៗ ដែលមាន​វិនិយោគ​ដោយ​អ្នក​វិនិយោគិន​ខ្មែរ និង​បរទេស។ ខេត្ត​ព្រះសីហនុ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន៤ទីតាំង រួមមាន ទី១តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ វិនិយោគ​ដោយ​ក្រុមហ៊ុន​ហុង​តូ។ ទី២ តំបន់​សេដ្ឋកិច្ច​ពិសេស កំពង់ផែ​ស្វយ័ត​អន្តរជាតិ​ក្រុងព្រះសីហនុ។  ទី៣ តំបន់​សេដ្ឋកិច្ច​ពិសេស​អ៊ែត​វ៉ូត និង​ទី៤ តំបន់​សេដ្ឋកិច្ច​ពិសេស​ចេ​ជាង។

សម្រាប់​ការវិនិយោគ​នៅក្នុង​ខេត្ត​ព្រះសីហនុ ដែលជា​ខេត្ត​ប៉ូល​សេដ្ឋកិច្ច​ជាប់មាត់​សមុទ្រ​មួយ​នេះ  មាន​ច្រើន​វិស័យ សុទ្ធសឹង​ជា​វិស័យសំខាន់ៗ មានដូចជា វិស័យ​សំណង់ វិស័យ​កសិកម្ម សិប្បកម្ម កែច្នៃ​ផល​នេសាទ​សមុទ្រ ឧស្សាហកម្ម​មាន រោងចក្រ​កាត់ដេរ រោងចក្រ​ចម្រាញ់​ប្រេងកាត និង​ទេសចរណ៍ ជាដើម៕

សេដ្ឋវិទូ៖ សេដ្ឋកិច្ច​វៀតណាម​នឹង​លូតលាស់​លឿន​ជាងគេ​ក្នុង​តំបន់​អាស៊ានដោយសារ​កត្តា​មួយចំនួន

ដោយ ហ្សូ​លី

ភ្នំពេញៈ យោងតាម​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សេដ្ឋកិច្ច​របស់​ប្រទេស​វៀតណាម​បានបង្ហាញ​ពី​កំណើន​យ៉ាងខ្លាំង​នៅ​ឆ្នាំ ២០១៩ ដែលជា​លទ្ធផល​នៃ​តម្រូវការ​ក្នុងស្រុក​ខ្ពស់​ឧស្សាហកម្ម​ផលិតកម្ម និង​កែច្នៃ​និង​វិនិយោគ​ផ្ទាល់​ពី​បរទេស​ខ្ពស់ (FDI)។

យោងតាម​ការិយាល័យ​ស្ថិតិ​ទូទៅ​របស់​វៀតណាម(GSO)បានឱ្យដឹងថា ការរីក​រាលដាល​នៃ​ជំងឺ Covid-19 ក្នុង​ខែមីនា​បានចាប់ផ្តើម​ដំណាក់កាល​ថ្មី ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​រោគរាតត្បាត ដែល​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ ដល់​ដៃគូ​ពាណិជ្ជកម្ម​និង​វិនិយោគធំៗ ទាំងអស់​របស់​វៀតណាម។  ជា​លទ្ធផល​ទិន្នផល​សរុប ក្នុងស្រុក​របស់​វៀតណាម បាន​ធ្លាក់​ចុះមក​នៅត្រឹម៣,៨ ភាគរយ​នៅក្នុង​ត្រីមាស​ទី១ នៃ​ឆ្នាំ ២០២០ បើ​ប្រៀបធៀប​នឹង ៦,៨ ភាគរយ​ក្នុង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០១៩ ។

ដោយ​មិន​គិតពី​ផលប៉ះពាល់ នៃ​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត Covid-19 ប្រ ទេ ស​វៀតណាម​ត្រូវបាន​គេ​ព្យាករណ៍​ថា ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស ដែលមាន​សេដ្ឋកិច្ច​រីកលូតលាស់​លឿន​បំផុត​នៅ​អាស៊ីអាគ្នេយ៍។

បើតាម​របាយការណ៍​ទ​ស្សន​វិស័យ​អភិវឌ្ឍន៍អាស៊ី​ឆ្នាំ២០២០ របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែល​ចេញផ្សាយ​នៅ​កាលពីដើម ខែមេសា​ឆ្នាំនេះ​បាន​បង្ហាញថា កំណើនសេដ្ឋកិច្ច​របស់​វៀតណាម នឹង​ធ្លាក់ចុះ​យ៉ាងខ្លាំង​ដល់៤,៨ភាគរយ នៅ​ឆ្នាំ២០២០ ប៉ុន្តែ​លោត​ឡើងដល់៦,៨ភាគរយ នៅ​ឆ្នាំ២០២១ បើទោះជា​មានការ​រីក​រា​ល​ដាល​នៃ​ជំងឺ​រា​ត  ត្បា​ត​ក៏ដោយ។

យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ដើម្បី​គាំទ្រ​សកម្មភាព​អាជីវកម្ម

តាម​ការស្ទង់មតិ​រប​ស់​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​វៀតណាម(VCCI) បានឱ្យដឹងថា ជំងឺ​រាតត្បាត​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង ទៅលើ​សកម្មភាព​ផលិតកម្ម និង​អាជីវកម្ម៨៥ភាគរយ​នៃ​ក្រុមហ៊ុន​ជឿជាក់ថា ជំងឺ​នេះ​បាន​រឹតបន្តឹង​ទីផ្សារ​អ្នកប្រើប្រាស់​របស់​ពួកគេ ខណៈដែល​ជិត៦០ភាគរយ​នៃ​ក្រុមហ៊ុន​ទាំងនោះ ខ្វះ​ដើមទុន​ហើយ​ត្រូវ​កាត់បន្ថយ​លំហូរ​សាច់ប្រាក់។

ក្នុង​រយៈពេល៣ខែ​ដំបូង​នៃ​ឆ្នាំនេះ ក្រុមហ៊ុន​ចំនួន៣៥.០០០បាន​ក្ស័យធន។  នេះ​ជា​លើកទីមួយ​ក្នុង​ទសវត្សរ៍ ដែល​ចំនួន​ក្រុមហ៊ុន​ដែល​បិទទ្វារ គឺ​ខ្ពស់ជាង​ចំនួន​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ថ្មី។

ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​វិបត្តិ​រដ្ឋាភិបាល បាន​ដាក់ចេញ​កញ្ចប់​គាំទ្រ​ឥណទាន​ចំនួន ១០,៨ពាន់​លាន​ដុល្លារ​អាមេរិក (ប្រហែល០,៤ ភាគរយ​នៃ​ទិន្នផល​សរុប​ក្នុងស្រុក) នៅ​ដើមខែ​មីនា ដែល​រួមបញ្ចូល​ទាំង​គោលនយោបាយ​រៀបចំ លក្ខខណ្ឌ​ប្រាក់កម្ចី​ឡើងវិញ​និង​កាត់បន្ថយ​អត្រា​ការប្រាក់​និង​ថ្លៃ​សេវា។  លើសពីនេះ​រដ្ឋាភិបាល ក៏បានផ្តល់​កញ្ចប់​ជំនួយ​ថវិកា​ចំនួន​ពីរ​កញ្ចប់​ចំនួន១,៣ពាន់​លាន​ដុល្លារ ដែល​រួមមាន​ការកាត់បន្ថយ​ពន្ធ​និង​ថ្លៃ​សេវា​ដល់​ក្រុមហ៊ុន ដែល​រង​ផលប៉ះពាល់ និង​ការពន្យារពេល​កំណត់​នៃ​ការបង់ពន្ធ។

ធនាគារកណ្តាល​វៀតណាម (អេស​ប៊ី​អេស) ក៏បាន​ទម្លាក់​អត្រា​ការប្រាក់សំខាន់ៗពី ០.៥ ភាគរយ​ទៅ១ភាគរយ​ផងដែរ។  ធនាគារកណ្តាល​បាន​កាត់បន្ថយ​អត្រា​ការប្រាក់​អតិបរិមា​សម្រាប់​ប្រាក់​បញ្ញើ​ជា​ប្រាក់​តម្កល់(ដុង) ដែលមាន​កាលកំណត់​តិចជាង៦ខែ​និង​អត្រា​ការប្រាក់​អតិបរមា សម្រាប់​ប្រាក់កម្ចី​រយៈពេល​ខ្លី​សម្រាប់​តំបន់​អាទិភាព។

សេដ្ឋកិច្ច​របស់​ប្រទេស​វៀតណាម​នឹង​ស្ទុះ​ងើប​ឡើងវិញ​បន្ទាប់ពី Covid-19

នាយក​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ នៅ​ប្រទេស​វៀតណាម​លោក Eric Sidgwick បាន​មានប្រសាសន៍ថា ទោះបី​កំណើនសេដ្ឋកិច្ច​កំពុង​ថយចុះ ហើយ​ហានិភ័យ​ពី​ជំងឺ​រាតត្បាត​រីក​រាលដាល​នៅតែមាន​ក៏ដោយ ក៏​ប្រទេស​វៀតណាម នៅតែមាន​អត្រាកំណើន​សេដ្ឋកិច្ច​លឿន​បំផុត​មួយ​នៅ​អាស៊ីអាគ្នេយ៍។ កត្តា​ជំរុញ​សម្រាប់​កំណើនសេដ្ឋកិច្ច​នៅ​ប្រទេស​វៀតណាម គឺជា​វណ្ណៈ​កណ្តាល​ដែល​កំពុង​រីកចម្រើន ហើយ​ចំនួន​គ្រួសារ​និង​អាជីវកម្ម​កំពុង​កើនឡើង។

ដូច្នេះ​បរិយាកាស​អាជីវកម្ម​ក្នុងស្រុក​ត្រូវបាន​គេ​រំពឹងថា នឹងមាន​ភាពប្រសើរឡើង​យ៉ាង​ឆាប់រហ័ស។  ការចំណាយ​របស់​រដ្ឋា​ភិ​បាល ដែល​ត្រូវបាន​អនុវត្ត​ជាការ​ឆ្លើយតប​ទៅនឹង​ការរីក​រាលដាល នៃ​រោគរាតត្បាត​បាន​កើនឡើង​យ៉ាងខ្លាំង ក្នុង​រយៈពេល​បី​ខែ​ដំបូង​នៃ​ឆ្នាំ២០២។ គេ​ជឿជាក់ថា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី និង​ពហុភាគី​មួយចំនួនធំ​ដែល​វៀតណាម​ចូលរួម នឹង​ជួយ​ពង្រីក​ការចូល​ទីផ្សារ​និង​ជំរុញ​សេដ្ឋកិច្ចជាតិ​ផងដែរ៕

អ្នកជំនាញ​ថា​ការធ្លាក់ចុះ​នៃ​ជំងឺ Covid-19 នឹងធ្វើ​ឱ្យ​ចរន្ត​ទីផ្សារ​អចលនទ្រព្យកើន​ឡើងវិញ​ក្នុងពេល​ដ៏​ខ្លី

ដោយៈ​រ៉ា ណេ​ត

ភ្នំពេញៈ ជាមួយនឹង​ការអបអរសាទរ ទៅនឹង​លទ្ធផល​ដ៏​ល្អ​នៃ​ការធ្លាក់ចុះ​ចំនួន​អ្នក​ឆ្លង​ជំងឺ Covid-19 ក្រោម​វិធានការ​ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​យ៉ាង​មាន​ប្រសិទ្ធភាព​របស់​រដ្ឋាភិបាល អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​បានបង្ហាញ​ពី​ភាព​រីករាយ ជាមួយនឹង​ការរំពឹងទុក​ពី​ចរន្ត​ទីផ្សារ​អចលនទ្រព្យ នឹងមាន​សកម្មភាព​ឡើងវិញ ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ថា ការ​រាតត្បាត​នៃ​ជំងឺ Covid-19 បានធ្វើឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​សាកល ដែល​ក្នុងនោះ​ប្រទេស​កម្ពុជា​ក៏​ទទួលរង​នូវ​ឥទ្ធិពល​អវិជ្ជមាន រាប់ទាំង​វិស័យ​អចលនទ្រព្យ​ផងដែរ។

លោកស្រី​បាន​បន្តទៀតថា “ការទិញ​លក់​អចលនទ្រព្យ​នៅពេល​បច្ចុប្បន្ននេះ យើង​សង្កេតឃើញថា នៅតែ​បន្ត​មាន ប៉ុន្តែ​មាន​ចំពោះតែ​គម្រោងតូចៗ ឫ​ជា​ប្រភេទ​សំណង់​លំនៅដ្ឋាន​តែប៉ុណ្ណោះ។ លោកស្រី​បាន​បន្តទៀតថា “ភាពស្ងប់ស្ងាត់​នៃ​ការឆ្លង​រាលដាល​ជំងឺ Covid-19 ប្រមាណ​មួយ​សប្ដាហ៍​កន្លងទៅនេះ វា​គឺជា​សញ្ញា​ល្អ​សម្រាប់​ប្រទេសជាតិ​កម្ពុជា​ទាំងមូល ក៏ដូចជា​សុខ​សុវត្ថិភាព​របស់​ប្រជាជន​ផងដែរ។

លោកស្រី​តាំង ហួរ​បាន​បន្តថា ប្រសិនបើ​កម្ពុជា​នៅតែ​អាច​រក្សា បាន​នូវ​ភាពល្អប្រសើរ​នៃ​លទ្ធផល ទប់ស្កាត់​ការឆ្លង​រាតត្បាត​ជំងឺ​ដូច​ពេលនេះ មិនយូរ​ទៀត​នោះទេ វិស័យធំៗមួយចំនួន​នៅ​កម្ពុជា ជាពិសេស​ទីផ្សារ​អចលនទ្រព្យ ក្នុងស្រុក​នឹង​ចាប់ផ្តើម​មាន​សកម្មភាព​ឡើងវិញ​ជាក់​ជាមិនខាន ស្រប​ពេលដែល​ទីផ្សារ​ក្នុង​តំបន់​ដ៏​របស់​កម្ពុជា គឺ​ប្រទេស​ចិន ចាប់ផ្តើម​មាន​សកម្មភាព​ទីផ្សារ​ពាណិជ្ជ​កម្មជាប​ណ្តើរៗ ហើយនឹង​អាចឈាន​ដល់​ការចាកចេញ ពី​ប្រទេស​របស់ខ្លួន​បន្តសកម្មភាព​ជំនួញ និង​វិនិយោគ​នៅតាម​ប្រទេស​ដែលមាន​សុវត្ថិភាព ដែល​ក្នុងនោះ​ទីផ្សារ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុជា ជា​គោលដៅ​ចម្បង​របស់​ពួកគេ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា CREA លោក ឃាង ពុ​ទ្ធី បានបង្ហាញ​ពី​ក្ដី​សាទរ ចំពោះ​លទ្ធផល​នៃ​ការទប់ស្កាត់​ការ​រាតត្បាត នៃ​ជំងឺឆ្លង Covid-19 ក្រោម​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​របស់​រាជរដ្ឋាភិបាល​ថា “ច្បាស់​ណាស់​ថា នៅពេលដែល​បញ្ហា​នៃ​វិបត្តិ​ជំងឺ​មួយ​នេះ បាន​ស្ងប់ស្ងាត់​ឬ​ផុតរលត់​អស់​ទៅ វិស័យ​មួយចំនួន​នៅ​កម្ពុជា នឹង​ចាប់ផ្តើម​មាន​សកម្មភាព​ឡើងវិញ ដែល​ក្នុងនោះ​ចរន្ត​នៃ​ការទិញ​អចលនទ្រព្យ​ក៏​កម្រើក​ឡើងវិញ ប៉ុន្តែ​បានត្រឹមតែ​ចរន្ត​ទីផ្សារ និង​តម្រូវការ​ក្នុងស្រុក​តែប៉ុណ្ណោះ។

លោក​បន្តទៀតថា “ថ្វី​ត្បិត​យើង​ទទួលបាន​លទ្ធផល​ល្អប្រសើរ ពី​ការទប់ស្កាត់​ការឆ្លង​រាលដាល ប៉ុន្តែ​ទាំងអស់នេះ​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ទប់ស្កាត់​នៅឡើយ ដែល​ចាំបាច់​តម្រូវឱ្យ​ប្រជាជន​ទូទៅ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​បន្តទៀត ជៀសវាង​ការធ្វេសប្រហែស​ខ្លួន​ជាដាច់ខាត។ លោក​បាន​បញ្ជាក់ថា “មិន​ចំពោះតែ​វិស័យ​អចលនទ្រព្យ ឬ​វិស័យ​ដទៃទៀត​នោះទេ សកម្មភាព និង​ភាពល្អប្រសើរ​នឹង​វិល​ត្រឡប់មកវិញ បន្ទាប់ពី​ភាព​ប្រឈម​នឹង​វិបត្តិ​សាកល​មួយ​នេះ​ត្រូវបាន​ឆ្លង​ផុត។

លោក​បាន​បញ្ជាក់ថា នៅពេលដែល​មនុស្ស​មាន​សុខភាព​ល្អ សង្គមជាតិ​មាន​សុខ​សុវត្ថិ​ភាពល្អ នោះ​សេដ្ឋកិច្ចជាតិ​ទាំងមូល ក៏មាន​ភាពល្អប្រសើរ និង​រីកចម្រើន​ដូចគ្នា ដូច្នេះ​អ្វីដែល​ចាំបាច់​ក្នុងការ​អនុវត្ត​ទាំងអស់គ្នា គឺ​ការចូលរួម​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​សាកល​មួយ​នេះ ជាមួយ​រាជរដ្ឋាភិបាល​ទាំងអស់គ្នា ដើម្បី​ទទួលបាន​ភាពជោគជ័យ​ទាំងអស់គ្នា៕

ចំណេះដឹង! តើ​អ្វី​ជា​ភាពខុស​គ្មាន​រវាង​ពាណិជ្ជកម្ម​សេរី និង​សហភាព​សេដ្ឋកិច្ច

ដោយ វុត្ថា

ភ្នំពេញ៖ យោងតាម​ឯកសារ​របស់​ក្រសួងពាណិជ្ជកម្ម​បានបង្ហាញ​ថា ភាពខុសគ្នា​រវាង​ពាណិជ្ជកម្ម​សេរី និង​សហភាព​សេដ្ឋកិច្ច គឺ​ស្ថិត​នៅត្រង់ថា តំបន់​ពាណិជ្ជកម្ម​សេរី​ជា​ប្រភេទ​សមាហរណកម្ម​សេដ្ឋកិច្ច​កម្រិត​ស្រាល ដែល​ត្រូវបាន​បង្កើតឡើង ដើម្បី​កាត់បន្ថយ ឬ​លុបចោល​ពន្ធ​នាំចូល និង​របាំង​មិនមែន​ពន្ធគយ​សំដៅ​ជំរុញ​ពាណិជ្ជកម្ម។

រីឯ​សហភាព​សេដ្ឋកិច្ច​វិញ គឺជា​ប្រភេទ​នៃ​សមាហរណកម្ម​សេដ្ឋកិច្ច ដែល​ជ្រាលជ្រៅ មាន​លក្ខណៈ​ផ្សេងទៀត​ប​ន្ថែ​ម​ពីលើ​ការកាត់បន្ថយ ឬ​លុបចោល​ពន្ធ​នាំចូល និង​របាំង​មិនមែន​ពន្ធគយ ដូចជា​ការដាក់​ពន្ធ​នាំចូល​តាម​អត្រា​ដូចគ្នា ទៅលើ​ផលិតផល​នាំចូល​ពី​ប្រទេស​ទី​បី​ទៅក្នុង​តំបន់ ការ​ចល័ត​ដោយ​សេរី​នូវ​កត្តាផលិតកម្ម រួមមាន ទំនិញ សេវាកម្ម កំលាំង​ពលកម្ម មូលធន និង​ការធ្វើ​សុខដុម​កម្ម​នៃ​ស្តង់ដារ និង​ការចេញ​នូវ​វិ​ញ្ញាប​ន​ប័ត្រ គោលនយោបាយ​រូបិយវត្ថុ សារពើពន្ធ សង្គម និង​ច្បាប់។

ជា​ឧទាហរណ៍​ខ្លី បន្ទាប់ពី​ការបង្កើត​កិច្ចព្រមព្រៀង អនុគ្រោះ​ពាណិជ្ជកម្ម​នៅ​ឆ្នាំ១៩៧៧ ដែល​ផ្តល់​ការអនុគ្រោះ​តាម​ការស្ម័គ្រចិត្ត ចំពោះ​ផលិតផល៧១មុខ និង​បាន​បង្កើន​ដល់១២,៦៤៧មុខទំនិញ​នៅ​ឆ្នាំ១៩៨៦ អាស៊ាន​បានធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​កាន់តែ​ជ្រាលជ្រៅ​ជាង​មុន ដោយ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​នៅ​ឆ្នាំ១៩៩២ ដែល​លុប​ពន្ធ​នាំចូល​ស្ទើរតែ​គ្រប់​ផលិតផល​ទាំងអស់ និង​របាំង​មិនមែន​ពន្ធ​នាំចូល​ទៀត និង​មាន​គោលដៅ​បង្កើតជា​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នៅ​ឆ្នាំ២០១៥។

សមាហរណកម្ម​សេដ្ឋកិច្ច តាមបែប​សហភាព​អឺរ៉ុប គឺមាន​លក្ខណៈ​ជ្រាលជ្រៅ​ខ្លាំង ពីព្រោះថា​ក្រៅពី​លុប​ពន្ធ​នាំចូល និង​របាំង​មិនមែន​ពន្ធ​នាំចូល សហភាព​អឺរ៉ុប អនុវត្តន៍​នូវ​គោលនយោបាយ​ដាក់​អត្រាពន្ធ​នាំចូល ដូចគ្នា​ចំពោះ​ផលិតផល​នាំចូល​ពី​ក្រៅ​តំបន់ គោលនយោបាយ​រូបិយវត្ថុ និង​សារពើពន្ធ​រួម ដូច​ជាមាន​រូបិយប័ណ្ណ​រួម(អឺរ៉ូ) អនុញ្ញាតឱ្យ​ចល័ត​ដោយ​សេរី​នូវ​ទំនិញ សេវាកម្ម កំ​លាង​ពលកម្ម និង​មូលធន ព្រមទាំង​ធ្វើ​សុខដុម​កម្ម​នូវ​ស្តង់ដា នីតិវិធី បែបបទ និង​ការអនុវត្តផ្សេង៕

លោកស៊ុន ចាន់ថុលៈ អាងហែលទឹកតម្លៃជិត៣លានដុល្លារបានបញ្ចប់ការជួសជុលនៅស្តាតអូឡាំពិក

ដោយ ហ្សូលី

ភ្នំពេញៈ ការស្ថាបនាឡើងវិញនូវអាងហែលទឹក នៅពហុកីឡដ្ឋានជាតិអូឡាំពិកប្រើនប្រាស់ទឹកប្រាក់អស់ប្រមាណជិត៣លានដុល្លារ។ នេះបើតាមឱ្យដឹងពីទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២០នេះ។


លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់ឱ្យដឹងថា អាងហែលទឹកនេះ ត្រូវជួសជុលសារឡើងវិញដើម្បីឱ្យត្រូវតាមស្តង់ដាអន្តរជាតិ និងចាយទឹកប្រាក់ប្រមាណជាជិត៣លានដុល្លារ។

លោកបន្តថា អាងហែលទឹកនេះ បានប្រើរយៈពេលស្ថាបនាឡើងវិញចំនួន១៨ខែ ក្រោមជំនួយរបស់ក្រុមហ៊ុន Shanghai Construction ដែលជាក្រុមហ៊ុនមួយសាងសង់ផ្លូវថ្នល់នៅកម្ពុជា។ ជាពិសេសអាងហែលទឹកនេះ ត្រូវស្ថាបនាឱ្យស្របទៅស្តង់ដាអាងទឹកអន្តរជាតិ ដែលមានបណ្តោយ៥០ ម៉ែត្រ និងទទឹង២៥ម៉ែត្រ។ ជារួមមានខ្សែបន្ទាត់ចំនួន ១០ និងមានអាងលោតទឹក ដែលត្រូវពង្រីកដល់ទៅ២៥ម៉ែត្រផងដែរ។

រដ្ឋមន្ត្រីរូបនេះបានរៀបរាប់ថា មានសម្ភារៈជាច្រើន ដែលត្រូវផ្លាស់ប្តូរថ្មីក្នុងនោះមានដូចជា ម៉ាស៊ីនបូមទឹក ម៉ាស៊ីនចម្រោះទឹក និងកៅអីអង្គុយទស្សនាចំនួន១៦០០កៅអី ដែលសុទ្ធសឹងជាសម្ភារៈផ្លាស់ប្តូរថ្មីទាំងអស់។ មិនតែប៉ុណ្ណោះ ក៏មានបន្ទប់ដាក់ឧបករណ៍ហ្វឹកហាត់សម្រាប់កីឡាករហែលទឹកមួយទៀតផង។


បច្ចុប្បន្ននេះកម្ពុជា ក៏មានកន្លែងស្នាក់នៅសម្រាប់កីឡាផងដែរ ដោយមានដូចជាបន្ទប់គេង បន្ទប់ចម្អិនអាហារ ដើម្បីត្រៀមខ្លួនឆ្ពោះទៅដល់ការរៀបចំ ជាម្ចាស់ផ្ទះនៅកីឡាលំដាប់អន្តរជាតិនាពេលខាងនេះ។

ឆ្លៀតក្នុងឱកាសនេះ លោកស៊ុន ចាន់ថុល បានបង្ហើបថា ក្រៅពីការស្ថាបនាអាងហែលទឹក នៅពហុកីឡដ្ឋានជាតិអូឡាំពិកនេះ ក៏នៅមានការសាងសង់អាងហែលទឹកខ្នាតអន្តរជាតិនៅខេត្តបាត់ដំបង អាងហែលទឹកខ្នាតតូច ឬពាក់កណ្តាលអន្តរជាតិនៅកោះធំ នៅខេត្តកំពង់ចាម ជាពិសេសគឺអាងទឹកនៅពហុកីឡដ្ឋានជាតិថ្មីមរតកតេជោ៕

អ្នកជំនាញៈចលនាទិញលក់ដីធ្លីនៅខេត្តព្រះសីហនុមានសភាពស្ងប់ស្ងាត់ ប៉ុន្តែតម្លៃហាក់មិនមានការប្រែប្រួលនោះទេ

ដោយ ប៊ី

ព្រះសីហនុៈ ចលនាទិញលក់ដី ធ្លីនៅខេត្តព្រះសីហនុ មានសភាពស្ងប់ស្ងាត់នាពេលបច្ចុប្បន្ន ប៉ុន្តែតម្លៃដីធ្លីនៅទីនោះហាក់មិនមានការប្រែប្រួលនោះទេ។ នេះបើយោងតាមការលើកឡើងតាមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ។


លោកស្រី អាន សុធីតា អគ្គនាយកាក្រុមហ៊ុន CBRE Cambodia បានប្រាប់ឱ្យដឹងគេហទំព័រ Propertyarea.area នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២០នេះថា ស្ថានទិញលក់អចលនទ្រព្យនៅក្រុងព្រះសីហនុ មិនសូវជាមានសកម្មភាពប៉ុន្មានទេ នាពេលបច្ចុ    ប្បន្ននេះ ប៉ុន្តែតម្លៃដីធ្លីមិនមានការធ្លាក់ចុះនោះទេ។

លោកស្រីបានបន្តថា សកម្មភាពទិញលក់មានមួយៗ ព្រោះថាបើសិនតម្លៃធ្លាក់ អ្នកលក់តម្លៃល្មមៗសុខចិត្តទុកដីរបស់គាត់ លោកស្រីបន្ថែមថា វាមានការធ្លាក់ចុះតិចតូច ប៉ុន្តែបើនិយាយពីទីផ្សារទាំងមូលអាចធ្លាក់ចុះ ត្រឹមចន្លោះពី១០ទៅ២០ភាគរយទេ វាមិនធ្លាក់ចុះយ៉ាងគំហុកនោទេ

លោកស្រីបន្តថា តម្លៃដីនៅខេត្តព្រះសីហនុ ពឹងផ្អែកទៅតាមតំបន់ ដូចជាតម្លៃនៅតំបន់ផ្លូវធំ ២៥០០ ទៅ ៣០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េជាមធ្យម តម្លៃនៅតាមតំបន់ឆ្នេរមានចាប់ពី១៥០០ ទៅ២៥០០ក្នុងមួយម៉ែត្រការ៉េ ហើយតម្លៃដីនៅតំបន់ទី២ និងទី៣ អាចថយមកនៅចណ្លោះពី ៥០០ ទ១៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ

លោកស្រីបានថ្លែងថា ទីផ្សារស្រុកខ្មែរនឹងងើបឡើងលឿនជាងគេ បើធៀបនឹងតំបន់ផ្សេងៗទៀត។ សម្រាប់វិស័យអចលនទ្រព្យរបស់កម្ពុជា វិស័យដែលងើបឡើងមុនគឺវិស័យដីធ្លី វិស័យលំនៅដ្ឋានសម្រាប់ថ្នាក់មធ្យម និងវិស័យអាផាតមិន ការិយាល័យជួល ហើយទីផ្សារលក់រាយនឹងងើបឡើងក្រោយ ព្រោះវាមានផលប៉ះពាល់ខ្លាំងជាង

ដោយឡែក វិស័លជួលអចលនទ្រព្យនៅខេ្តព្រះសីហនុបាន និងកំពុងរងប៉ះពាល់ខ្លាំង ព្រោះភាគច្រើនការវិនិយោគអចលនទ្រព្យសំដៅលើមជ្ឈមណ្ឌលកម្សាន្ត។

សហព័ន្ធសមាគមពាណិជ្ជកម្មខេត្តព្រះសីហនុ ដែលជាក្រុមអ្នកជំនួញជនជាតិចិនបានប៉ាន់ប្រមាណថា បរិមាណនៃការជួលទ្រព្យសម្បត្តិពាណិជ្ជកម្ម នៅខេត្តព្រះសីហនុបានធ្លាក់ចុះចំនួន៨៥% និងការលក់ដីធ្លី២៥% ជាមធ្យមផ្ទះចំនួន៦០០ល្វែង ត្រូវបានជួល និង២០ល្វែងបានទិញលក់ក្នុងមួយថ្ងៃ បើធៀបនឹងបច្ចុប្បន្ន ធ្លាក់ចុះមកត្រឹមក្រោម ២០ល្វែង និង៩ល្វែងក្នុងមួយថ្ងៃ។


លោកច្រឹក  សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់អចលនវត្ថុកម្ពុជា បានប្រាប់ឱ្យដឹងដែរថា ជារួមវិស័យអចលនទ្រព្យរបស់កម្ពុជាបាន និងកំពុងថមថយក្នុងរយៈពេលខ្លីជាពិសេស ក្នុងអំឡុងខែមីនា ឆ្នាំ២០២០ កន្លងមកនេះ តែមិនធ្វើឱ្យវិស័យអចលនទ្រព្យ ដែលជាសសរស្តម្ភសេដ្ឋកិ្ចថមថយខ្លាំងនោះទេ។

លោកបន្តថា វិស័យអាទិភាពមួយនេះ នៅតែពង្រឹងអាទិភាពរបស់ខ្លួន និងនៅតែដើរតួជាសរសរស្តម្ភ ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងរមាំ។លោកថា នៅដើមឆ្នាំ២០២០ នេះ មានគម្រោងស្នើសុំវិនិយោគច្រើន តែយើងមិនទាន់ដឹងថាគម្រោងធ្វើឬក៏មិនធ្វើនោះទេ តែសម្រប់គម្រោងចាស់ៗនៅតែដំណើរការដដែលបើទោះបីមានការផ្ទុះនូវជំងឺកូវីដ១៩ក៏ដោយ

លោកឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងតាមទូរស័ព្ទនៅចុងមីនា ឆ្នាំ ២០២០ នេះថា នៅក្នុងមួយរយៈចុងក្រោយនេះ មានការថមថយខ្លះលើការវិនិយោគលើវិស័យអចលនទ្រព្យ សណ្ឋាគារនិងទេសចរណ៍ជាដើម តែមិនមាននៅក្នុងខេត្តព្រះសីហនុនោះទេ ស្ទើតែគ្រប់ទីន្លែងទាំងអស់។

លោកបន្តថា បញ្ហាជំងឺCovid-19ជារឿងដែលសំខាន់ សម្រាប់ធ្វើឱ្យសកលលោកមានការថមថយដូចគ្នា តែអ្វីជាកិច្ចការអាទិភាពដែលរដ្ឋបាលខេត្ត កំពុងយកចិត្តទុកដាក់ខ្លាំង លើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលបាននឹងកំពុងរាតត្បាត


ខេត្តព្រះសីហនុត្រូវបានប្រសិទ្ធនាមថាជា តារារៈនាទិសនិរតី ជាមួយនឹងសន្ទុះនៃការអភិវឌ្ឍដ៏ខ្លាំងក្លា និងប្រកបដោយចីរភាព ជាពិសេសការវិនិយោគលើវិស័យអចលនទ្រព្យ រួមមានមជ្ឈមណ្ឌលពាណិជ្ជកម្ម អគារស្នាក់នៅរួម សណ្ឋាគារ មណ្ឌលកំសាន្ត។ ល។

ជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកខេត្តព្រះសីហនុជាប៉ូលអភិវ  ឌ្ឍជាតិប្រកបដោយ ចីរភាព នៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈ ការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រ ស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង៕

ផ្លូវជាតិលេខ៤៨ នឹងត្រូវចុះហត្ថលេខាលើឥណទានដើម្បីពង្រីកបន្ថែមនៅថ្ងៃស្អែក

ដោយវុត្ថា

ភ្នំពេញៈ គម្រោងលើកកម្រិតគុណភាព និងពង្រីកផ្លូវជាតិលេខ៤៨ ដែលមានប្រវែងសរុប១៥០គីឡូម៉ែត្រ គិតចាប់ពីផ្លូវបំបែកស្រែអំបិល ដល់ទីរួមខេត្តកោះកុងនឹងត្រូវហត្ថលេខាលើឥណទាន នៅថ្ងៃទី២៤ខែមេសា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីត្រៀមរៀបចំដាក់ឱ្យដេញថ្លៃសាងសង់។


នេះ បើយោងតាមកិច្ចប្រជុំតាម Video Conference ពិភាក្សាលើសំណើសុំឥណទានបន្ថែមសម្រាប់ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២០កន្លងមកនេះ រវាងលោកសូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយតំណាង EDCF ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

លោកសូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការបានឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីវាយតម្លៃលើសំណើសុំឥណទានបន្ថែម សម្រាប់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក៏ដូចជាពិនិត្យលើកំណត់ហេតុនៃកិច្ចប្រជុំ ដើម្បីកែសម្រួលខ្លឹមសារ ឬលុបចោលចំណុចមួយចំនួន ដែលមិនឆ្លុះបញ្ចាំងនូវស្មារតី នៃកិច្ចប្រជុំនាពេលកន្លងមក សំដៅចម្រាញ់ឱ្យបាននូវខ្លឹមសារ ដែលទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ និងបម្រើឱ្យប្រយោជន៍ជាតិមាតុភូមិកម្ពុជា។

លោកបន្តថា ភាគីកូរ៉េបានឯកភាពលើសំណើ សុំបន្ថែមឥណទាននេះរួចហើយ ភាគីកម្ពុជា ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងពិនិត្យឱ្យបានល្អិតល្អន់លើកំណត់ហេតុនេះ មុននឹងចុះហត្ថលេខានៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីត្រៀមរៀបចំដាក់ឱ្យដេញថ្លៃសាងសង់។

ផ្លូវនេះមានប្រវែងសរុប១៥០គីឡូម៉ែត្រ គិតចាប់ពីផ្លូវបំបែកស្រែអំបិលដល់ទីរួមខេត្តកោះកុង ហើយកន្លងមកត្រូវទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងកត្តាធម្មជាតិផ្សេងៗផងដែរ។


ផ្លូវជាតិលេខ៤៨ ជាច្រករបៀងសេដ្ឋកិច្ចប្រកប ដោយសក្ដានុពលសម្រាប់ការនាំចេញនាំចូលរវាងកម្ពុជា និងប្រទេសក្នុងតំបន់។ រាជរដ្ឋាភិបាលបានសម្រេចពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិនេះ ពីប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) ទៅជាផ្លូវក្រាលបេតុងកៅស៊ូ(AC) ដើម្បីបង្កើនសកម្មភាពដឹកជញ្ជូនបន្ថែម រួមចំណែកដល់ការលើកកម្ពស់សេដ្ឋកិច្ចជាតិ សម្រួលដល់ការធ្វើដំណើរក្នុងតំបន់ និងកាត់បន្ថយភាពក្រីក្រតាមផែនការយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានឱ្យដឹងកន្លងមកនេះថា ការស្ថាបនាផ្លូវជាតិលេខ៤៨មួយខ្សែនេះ ក្រោមប្រាក់កម្ចីរបស់សាធារណរដ្ឋកូរ៉េប្រមាណ៦៧លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋា ភិបាលប្រមាណ៨លានដុល្លារ ដើម្បីលើកកម្ពស់គុណភាព ទៅជាផ្លូវបេតុងកៅស៊ូACទាំងស្រុងសំដៅ រក្សាបានភាពយូរអង្វែង អាចទ្រទម្ងន់បានប្រសើរជាងមុន និងចូលរួមចំណែក ក្នុងការសម្រួលដល់ការធ្វើ ដំណើររបស់ប្រជាពលរដ្ឋ ព្រមទាំងការដឹកជញ្ជូនកាន់តែប្រសើរមួយកម្រិតទៀត៕

ធនាគារពិភពលោកព្យាករណ៍ថា ប្រាក់ផ្ញើចេញរបស់ពលករចំណាកស្រុកនឹងធ្លាក់ចុះខ្លាំងមិនធ្លាប់មានពីមុនមក

ដោយ ប៊ី

វ៉ាស៊ីនតោនៈ ការផ្ញើប្រាក់ចេញនៅទូទាំងសាកលលោក ត្រូវបានរំពឹងទុកថានឹងធ្លាក់ចុះយ៉ាងខ្លាំង ចំនួនប្រមាណជា២០ភាគរយនៅក្នុងឆ្នាំ២០២០នេះ ដោយសារតែវិបត្តិបណ្តាលមកពីការរាលដាលជំងឺកូវីដ១៩ និងការបិទសកម្មភាពសេដ្ឋកិច្ច សឹងតែគ្រប់ផ្នែកទាំងអស់។


យោងតាមរបាយការណ៍ថ្មីរបស់ធនាគារពិភពលោក ដែលបានចេញផ្សាយនៅថ្ងៃទី២៣ មេសានេះបានឲ្យដឹងថា មូលហេតុនាំឱ្យមានការធ្លាក់ចុះ ក្នុងសភាពយ៉ាងគំហុកមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រថ្មីកន្លងទៅនេះ គឺមួយភាគធំមកពីការធ្លាក់ចុះនៃចំនួនប្រាក់បៀវត្សរ៍ និងការងាររបស់ពលករចំណាកស្រុក ដែលសុទ្ធតែជាក្រុមមនុស្សងាយបាត់បង់ការងារ និងប្រាក់បៀវត្សរ៍មុនគេ នៅក្នុងបណ្តាប្រទេសដែលពួកគេកំពុងធ្វើការ កាលណាមានវិបត្តិសេដ្ឋកិច្ចកើតឡើង។ រំហូរការផ្ញើប្រាក់ចេញទៅកាន់ប្រទេសមានចំណូលទាប និងមធ្យម(LMICs) ត្រូវបានព្យាករណ៍ទុកថា នឹងស្រុតចុះប្រហែល១៩,៧ភាគរយ គឺសមមូលទៅនឹង៤៤៥ប៊ីលានដុល្លារអាមេរិក ដែលជាការបាត់បង់នូវប្រភពហិរញ្ញវត្ថុ ចិញ្ចឹមជីវិតដ៏សំខាន់មួយសម្រាប់គ្រួសារងាយរងគ្រោះ។ 

ការសិក្សានានាបានបង្ហាញថា ការផ្ញើប្រាក់ចេញរបស់ពលករចំណាកស្រុកបានជួយសម្រាលភាពក្រីក្រ នៅតាមប្រទេសមានចំណូលទាប និងមធ្យម ធ្វើឱ្យអាហារូបត្ថម្ភមានភាពប្រសើរឡើង រួមចំណែកបង្កើនការចំណាយទៅលើវិស័យអប់រំ និងជួយកាត់បន្ថយពលកម្មកុមារនៅតាមគ្រួសារទីទ័លក្រ។ ប៉ុន្តែកាលណាចំនួនប្រាក់ផ្ញើចេញធ្លាក់ចុះ វានឹងជះផលមិនល្អ ទៅលើលទ្ធភាពចាយវាយរបស់គ្រួសារនានា ទៅលើផ្នែកទាំងនេះ ដោយសារតែគេចាំបាច់ត្រូវបង្វែរធនធានហិរញ្ញវត្ថុ កាន់តែច្រើនទៅដោះស្រាយបញ្ហាខ្វះខាតស្បៀងអាហារ និងសេចក្តីត្រូវការបន្ទាន់នៅក្នុងជីវភាពរស់នៅជាមុនសិន។ 

លោក ដេវីដ ម៉ាល់ប៉ាស់ ប្រធានធនាគារពិភពលោកបានមានប្រសាសន៍ថា ការផ្ញើរប្រាក់មកពីក្រៅ ជាប្រភពចំណូលដ៏សំខាន់ សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ ឱនភាពសេដ្ឋកិច្ច ដែលកំពុងកើតឡើងដោយសារជំងឺកូវីដ១៩នេះ បង្កការប៉ះទង្គិចយ៉ាងដំណំលើលទ្ធភាពរបស់ពលករ ក្នុងការផ្ញើលុយទៅផ្ទះ។លោកបន្តថា អាស្រ័យហេតុនេះ វាកាន់តែសំខាន់ថែមទៀត ដែលយើងត្រូវខិតខំធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ច នៃប្រទេសជឿនលឿនឆាប់ងើបឡើងវិញ


លោកបន្ថែមទៀតថា ប្រាក់ផ្ញើរពីក្រៅប្រទេស ជួយដល់ក្រុមគ្រួសារក្នុងការចាយវាយលើស្បៀងអាហារ លើការថែទាំសុខភាព និងលើសេចក្តីត្រូវការចាំបាច់ជាមូលដ្ឋានផ្សេងៗ។ ក្នុងខណៈដែលក្រុមធនាគារពិភពលោក អនុវត្តន៍វិធានការរហ័ស និងមានទ្រង់ទ្រាយទូលំទូលាយមួយ ដើម្បីជួយដល់ប្រទេសដែលជួបការលំបាក យើងកំពុងតែព្យាយាមរក្សាបណ្តាញផ្ទេរប្រាក់ ចេញឱ្យនៅដំណើរការដដែល និងជួយសហគមន៍ក្រីក្រឱ្យមានលទ្ធភាព ទទួលបានរាល់តម្រូវការចាំបាច់បំផុតទាំងនេះ សម្រាប់ទ្រទ្រង់ការរស់នៅប្រចាំថ្ងៃ។

ក្នុងន័យនេះ ធនាគារពិភពលោកកំពុងតែជួយដល់ប្រទេស ដែលជាសមាជិករបស់ខ្លួន នៅក្នុងការតាមដានទៅលើរំហូរប្រាក់ផ្ញើចេញ តាមរយៈបណ្តាញនានាទៅលើថ្លៃចំណាយ និងភាពងាយស្រួលក្នុងការផ្ញើលុយទៅស្រុក និងទៅលើបទប្បញ្ញត្តិសម្រាប់ការពារសុចរិតភាពហិរញ្ញវត្ថុ ដែលមានឥទ្ធិពលទៅលើរំហូររបស់ប្រាក់ផ្ទេរ។

ក្រុមមន្រ្តីធនាគារពិភពលោក កំពុងធ្វើសហការគ្នាជាមួយក្រុមប្រទេសG20 និងជាមួយសហគមន៍អន្តរជាតិ ដើម្បីកាត់បន្ថយថ្លៃចំណាយលើការផ្ទេរប្រាក់ និងជួយបង្កើនបរិយាប័ន្នហិរញ្ញវត្ថុសម្រាប់ជាប្រយោជន៍ដល់ជនក្រីក្រ។

រំហូរការផ្ញើប្រាក់ចេញត្រូវបានរំពឹងទុកថា នឹងស្រុតចុះនៅគ្រប់តំបន់ទាំងអស់ ដែលមានវត្តមានប្រតិបត្តិការ របស់ក្រុមធនាគារពិភពលោក ពិសេសនៅក្នុងតំបន់អឺរ៉ុបនិងអាស៊ីកណ្តាល (២៧,៥ភាគរយ) តំបន់សាប់សាហារ៉ាក្នុងទ្វីបអាហ្វ្រ៊ិក (២៣,១ភាគរយ) តំបន់អាស៊ីខាងត្បូង(២២,១ភាគរយ) តំបន់មជ្ឈិមបូព៌ានិងអាហ្វ្រ៊ិកខាងជើង(១៩,៦ភាគរយ) តំបន់អាមេរិកឡាទីននិងការ៉ាអ៊ីប (១៩,៣ភាគរយ) និងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក(១៣ភាគរយ)


ការធ្លាក់ចុះនូវរំហូរការផ្ញើប្រាក់ចេញ នៅក្នុងឆ្នាំ២០២០យ៉ាងគំហុកនេះ កើតឡើងបន្ទាប់ពីប្រទេសមានចំណូលទាបនិងមធ្យម ទទួលបានប្រាក់ផ្ទេរពីក្រៅមានចំនួនរហូតដល់ទៅ៥៥៤ប៊ីលានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៩ ដែលជាកំណត់ត្រាខ្ពស់មួយ។ ទន្ទឹមនឹងការធ្លាក់ចុះកាន់តែខ្លាំងរបស់វា លំហូនៃការផ្ញើប្រាក់ចេញត្រូវបានរំពឹងទុកថា នឹងកាន់តែមានសារៈសំខាន់ខ្លាំងថែមទៀត។

ក្នុងន័យជាប្រភពហិរញ្ញប្បទាន មកពីក្រៅសម្រាប់បណ្តាប្រទេសមានចំណូលទាបនិងមធ្យម ពិសេសក្នុងពេលដែលការវិនិយោគផ្ទាល់ពីបរទេស នឹងមានការធ្លាក់ចុះក្នុងបរិមាណកាន់តែធំ(ជាង៣៥ភាគរយ) ក្នុងឆ្នាំ២០១៩លំហូរនៃការផ្ញើប្រាក់ពីប្រទេសនានា ទៅកាន់ប្រទេសមានចំណូលទាប និងមធ្យម មានបរិមាណធំជាងបរិមាណនៃការវិនិយោគផ្ទាល់ពីបរទេស ដែលជាចំណុចគោលយ៉ាងសំខាន់មួយ សម្រាប់ប្រើក្នុងការតាមដានរំហូរធនធានទៅកាន់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។

សម្រាប់ឆ្នាំ២០២១ ធនាគាពិភពលោកធ្វើការប៉ាន់ប្រមាណថា ការផ្ញើប្រាក់ចេញទៅកាន់ប្រទេសមានចំណូលទាបនិងមធ្យម នឹងងើបមុខឡើងវិញ ដោយវានឹងកើនប្រហែល៥,៦ភាគរយ គឺមានចំនួនប្រហែល៤៧០ប៊ីលានដុល្លារអាមេរិក។ ចក្ខុវិស័យសម្រាប់ការផ្ញើប្រាក់ចេញ នឹងនៅតែមានភាពមិនប្រាកដប្រជា ដរាបណាដែលជំងឺកូវីដ១៩នៅតែបន្តជះការប៉ះទង្គិច ទៅលើចក្ខុវិស័យសម្រាប់កំណើន សេដ្ឋកិច្ចទូទាំងសាកលលោក និងទៅលើវិធានការទាំងឡាយ សម្រាប់ទប់ស្កាត់ការរាលដាលរបស់ជំងឺនេះ។

របាយការណ៍របស់ធនាគារពិភពលោកបានឲ្យដឹងទៀតថា កន្លងមកការផ្ញើប្រាក់ចេញ នៅតាមប្រទេសមានលំនាំផ្ទុយពីវដ្តធម្មតា គឺពេលណាមានវិបត្តិ និងការលំបាកកាន់តែខ្លាំងនៅឯផ្ទះ ពលករផ្ញើលុយទៅផ្ទះកាន់តែច្រើនដែរ។ ផ្ទុយទៅវិញ លើកនេះការរាលដាលរបស់ជំងឺនេះ បានបង្កការប៉ះទង្គិចទៅលើប្រទេសទាំងអស់ នៅលើពិភពលោក ដោយបង្កើតឱ្យមានភាពមិនប្រាកដប្រជាកាន់តែច្រើនឡើងៗ។

 

លោក មីខាល់ រូតកូវស្គី នាយកផ្នែកគាំពារសង្គម និងការអនុវត្តការងារសាកលនៅធនាគារពិភពលោកមានប្រសាសន៍ថា ពេលនេះប្រព័ន្ធគាំពារសង្គម ប្រកបដោយប្រសិទ្ធភាព ពិតជាមានសារៈសំខាន់ណាស់ ដើម្បីការពារជនទីទ័លក្រ និងជនងាយរងគ្រោះ ក្នុងពេលមានវិបត្តិនេះ ទាំងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសមានសេដ្ឋកិច្ចជឿនលឿន។ នៅតាមប្រទេសជាម្ចាស់ស្រុក អន្តរាគមន៍ផ្នែកគាំពារសង្គម គួរតែជួយគាំទ្រដល់ពលករចំណាកស្រុកផងដែរ។

នៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២០នេះ នៅទូទាំងសាកលលោក ការផ្ញើប្រាក់២០០លានដុល្លារ ចេញទៅកាន់ប្រទេសមួយទៀត ត្រូវចំណាយថ្លៃជាមធ្យម៦,៨ភាគរយ នៃចំនួនទឹកប្រាក់នោះថែមទៀត ដែលទាបជាងតែបន្តិចទេប្រៀបទៅនឹងឆ្នាំកន្លងទៅ។ តំបន់សាប់សាហារ៉ាអាហ្វ្រ៊ិក នៅតែមានថ្លៃចំណាយនេះខ្ពស់ជាងគេ គឺជិត៩ភាគរយ ក្នុងពេលដែលពលករចំណាកស្រុក ក្នុងរង្វង់តំបន់សាប់សាហារ៉ាអាហ្វ្រ៊ិក មានចំនួនដល់ទៅជាងពីរភាគបី នៃការធ្វើចំណាកស្រុកអន្តរជាតិពីតំបន់ទាំងមូល។   

លោកឌីលីប រ៉ាថា អ្នកសរសេរអត្ថបទសង្ខេប និងជាប្រធានផ្នែក KNOMAD និយាយថា ជំនួយចាំបាច់សម្រាប់ទ្រទ្រង់ជីវភាពរបស់ពលករចំណាកស្រុក និងក្រុមគ្រួសាររបស់គេ គឺការដាក់ចេញវិធានការឱ្យបានឆាប់ៗ សម្រាប់សម្រួលដល់ការផ្ញើប្រាក់ចេញ និងការទទួលប្រាក់។ វិធានការទាំងនោះ រួមមានការចាត់ទុកសេវាផ្ញើរប្រាក់ចេញថា ជាសេវាមានសារៈសំខាន់ស្នូល និងធ្វើឱ្យវាមានភាពងាយស្រួល សម្រាប់ពលករចំណាកស្រុកប្រើប្រាស់បាន៕