លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ស្នើឱ្យ​ម្ចាស់​បុរីធំៗឲ្យ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​នៅ​គ្រប់​បុរី

0

ដោយ ម៉ា​លីន​ណា

ភ្នំពេញៈ អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង​បានស្នើ​ឱ្យ​ម្ចាស់​បុរីធំៗ ត្រូវមាន​រថយន្ត​ពន្លត់អគ្គីភ័យ​គ្រប់គ្នា ដោយ​រដ្ឋបាល​រាជធានី នឹង​ស្នើ​ទៅ​រាជ​រដ្ឋបាល​ពិ​បាល​ដើម្បី​រួច​ពន្ធ ហើយ​រថយន្ត​អគ្គីភ័យ​ទាំងនេះ ដើម្បី​បង្ការ​គ្រោះ​អគ្គីភ័យ​នៅក្នុង​បុរី ។

លោក​បន្ត​ក្នុង​កិច្ចប្រជុំ​នៅ​សាលាក្រុង​នា​ល្ងាច​ថ្ងៃទី៥ សីហា​នេះ​ថា កន្លងមកនេះ​ឃើញ​បុរី​មួយចំនួន បាន​ធ្វើជា​គំរូ​ល្អ​ហើយ នោះ​គឺ​បុរី​ម៉េង​ហូត និង​បុរី​នៅ​កោះ​ពេជ្រ​តែង​បានចេញ​ឡានទឹក មកជួយ​អន្តរាគមន៍ នៅ​ខាងក្រៅ​ពេល​មាន​អគ្គីភ័យ​កើតឡើងម្តង។ដូច្នេះ​លោក​ស្នើឱ្យ​ម្ចាស់​បុរីធំៗ មាន​ឡាន​ពន្លត់អគ្គីភ័យ​គ្រប់​បុរី ដើម្បី​រួមគ្នា​បង្ការ​និង​ទប់ស្កាត់​គ្រោះ​អគ្គីភ័យ​ទាំងអស់គ្នា។

លោក​បន្តថា “វិស័យ​ឯកជន​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ដែល​បានធ្វើអោយ​សង្គមជាតិ​រីកចំរើន ការអញ្ជើញ​បងប្អូន​ម្ចាស់​បុរី​មកនេះ ដើម្បី​តម្រង់ទិស​ឱ្យ​បុរី​នានា​ឈានទៅ​រក្សាបាន​ស​ន្និ​សុខ សុវត្ថិភាព​កាន់តែ​ប្រសើរ​ថែមទៀត” ។ លោក អភិបាល​ស្នើឱ្យ​ម្ចាស់​បុរី អាជ្ញាធរ និង​កម្លាំង​មាន​សមត្ថកិច្ច រួមសហការ​ណ៍​គ្នា​ឱ្យបាន​ល្អ បើ​សហការ​បានល្អ​ហើយ នោះ​ក្នុង​បុរី​នឹងមាន​សន្តិសុខ​ល្អប្រសើរ” ។

លោក​ឃួ​ង ស្រេង​ក៏បាន​ស្នើឱ្យ​អាជ្ញាធរ បង្កើត​ទំនាក់ទំនង​ជាមួយ​ម្ចាស់​បុរី​ឱ្យបាន​ជិតស្និត ជាមួយនឹង​ការចុះ​សួរសុខទុក្ខ​ពួកគាត់​ជាប្រចាំ ពួកគាត់​មាន​បញ្ហា​អ្វី យើង​ជួយ​គាត់​ភ្លាម។ នៅក្នុង​បុរីធំៗត្រូវ​បំពាក់​ទៅ​កាំ​ម៉េ​រ៉ា​សុវត្ថិភាព ហើយ​ត្រូវ​បញ្ជូនមក​ខេ​ម​មិន​សិន​ធើ​របស់​រាជធានី​ភ្នំពេញ ហើយ​រដ្ឋបាល​រាជធានី​នឹង​រក្សា​ជាសំងាត់។ អ្វីដែល​យើង​ចង់បាន​គឺ​យើង​ចង់បាន​សន្តិសុខ​ល្អ​ក្នុង​បុរី។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​លើកឡើងថា ការរៀបចំ​កម្មវិធី​នេះ​ឡើង គឺ​ក្នុង​គោលបំណង​ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​បងប្អូន​នៅក្នុង​បុរី និង​ដើម្បី​រក​ចំណូល​ឱ្យ​ខាង​បុរី​ផងដែរ ជាមួយ​សន្តិសុខ​ល្អប្រសើរ​នេះឯង។ កាលបើ​បុរី​រកចំណូលបាន​ច្រើន នោះ​ក៏មាន​ថវិកា​ច្រើន​ក្នុងការ​បង់ពន្ធ​ចូល​រដ្ឋ​បាន​ច្រើន​ផងដែរ។ លោក​ក៏បាន​ស្នើអោយ​ម្ចាស់​បុរី ដែល​មិនមាន​ច្បាប់​សន្តិសុខ​ឯកជន ត្រូវ​ទៅ​បំពេញ​ច្បាប់។ បុរី​ក៏​ត្រូវមាន​សណ្តាប់ធ្នាប់ រៀបចំ​ប្រព័ន្ធ​ចរាចរណ៍​អោយ​បានល្អ​ជៀសវាង​បង្ក​គ្រោះថ្នាក់​ចរាចរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here