ផ្លូវជាតិដំខាន់ៗចំនួនបីកំពុងសាងសង់យ៉ាងសកម្ម ដោយលោកស៊ុន ចាន់ថុលជំរុញអោយក្រុមហ៊ុនស្ថាបនាគិតពីគុណភាពជាចម្បង

ដោយវុត្ថា

ភ្នំពេញ៖ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានជំរុញឱ្យក្រុមហ៊ុនស្ថាបនាផ្លូវជាតិលេខ ២ ផ្លូវជាតិលេខ២២ និងផ្លូជាតិលេខ ៣ ត្រូវធ្វើឱ្យប្រសើរឡើង និងគុណភាព សម្រាប់បម្រើឱ្យសេដ្ឋកិច្ចសង្គមកម្ពុជាបានយូអង្វែង ខណៈខាងក្រុមហ៊ុនកំពុងមមាញឹកស្ថាបនាផ្លូវទាំងបីខ្សែនេះឱ្យចប់តាមផែនការ។

លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានមានប្រសាសន៍ជំរុញបែបនេះនៅក្នុងពីចុះត្រួតពិនិត្យដោយមិនជូនដំណឹងទុកមុន នូវការអនុវត្តការសាងសង់ធ្វើឱ្យប្រសើរឡើង កំណាត់ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២២ និងផ្លូវជាតិលេខ៣ នាថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២០នេះ ។

លោកទេសរដ្ឋមន្ត្រីថ្លែងថា “ ការចុះត្រួតពិនិត្យនេះគឺដើម្បី ពិនិត្យឱ្យឃើញជាក់ស្តែងនូវស្ថាននៃការអនុវត្តគ្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវទាំងបីខ្សែខាងលើ ក៏ដូចជាដាស់ស្មារីឱ្យគ្រប់ភាគីពាក់ព័ន្ធខិតខំបំពេញការងារ កសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឱ្យកាន់តែមានភាពប្រសើរឡើងសម្រាប់បម្រើឱ្យសេដ្ឋកិច្ចសង្គមជាតិកម្ពុជា”។

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មានប្រវែងសរុប ៧២,១៧គីឡូម៉ែត្រ ដែលក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២,៥៦គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩,៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC។

កំណាត់ផ្លូវទាំងពីរខ្សែនេះសាងសង់ឡើងដោយក្រុមហ៊ុន Hasan Engineering & Constructions Co., Ltd និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture គ្រោងចំណាយរយៈពេលសាងសង់ ចំនួន៣០ខែ គិតចាប់ពីខែតុលា ឆ្នាំ២០១៩ ដល់ខែមេសា ឆ្នាំ២០២២។

ចំណែកឯ ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) មានប្រវែង ១៣៤,៨២៦គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ និងគ្រោងបញ្ចប់នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ដោយប្រើរយៈពេល ៤៨ខែ សាងសង់ដោយក្រុមហ៊ុន China Road and Bridge Corporation និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd៕

អ្នកជំនាញ និយាយពីតំបន់ដែលគួរវិនិយោគ អាចទទួលបានចំណេញនៅក្នុងឆ្នាំ២០២០

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ចាប់តាំងពីដើមឆ្នាំ២០២០ ទីផ្សារអចលនទ្រព្យនៅកម្ពុជា បានជួបនឹងឱនភាពដោយសារតែបញ្ហាប្រឈមវិបត្តិជំងឺសាកល។ ប៉ុន្តែសម្រាប់ចរន្តនៃការទិញលក់ក្នុងស្រុកនៅតែមានសកម្មភាព ខណៈដែលអ្នកមានធនធានមួយចំនួនបានចាត់ទុកថា ព្រឹត្តិការណ៍សង្គមមួយនេះ គឺជាឱកាសរបស់ខ្លួនក្នុងការវិនិយោគដើម្បីទទួលបានចំណេញក្រោយពេលភាពប្រឈមមួយនេះត្រូវបានផុតរលត់ទាំងស្រុង។

នាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា នៅក្នុងដំណាក់កាលនេះគម្រោងអចលនទ្រព្យធំៗកំពុងតែរងសម្ពាធ ដោយសារតែអ្នកវិនិយោគ និងអភិវឌ្ឍន៍ភាគច្រើនជាជនជាតិបរទេស ដែលកំពុងតែស្ថិតក្នុងប្រទេសប្រឈមខ្ពស់នឹងវិបត្តិជំងឺឆ្លង ប៉ុន្តែសម្រាប់គម្រោងតូចៗ ជាពិសេសទីផ្សារដីធ្លីដែលមានទំហំតូច និងមធ្យមនៅតាមតំបន់ជាយក្រុង និងតាមខេត្តមួយចំនួននៅតែមានសកម្មភាព។

លោកស្រីបានបញ្ជាក់ថា “តំបន់ជាយក្រុងរាជធានីភ្នំពេញ ជាពិសេសនៅប៉ែកខាងត្បូង ស្ថិតក្នុងខណ្ឌដង្កោ និងខាងកើតស្ថិតក្នុងខណ្ឌជ្រោយចង្វារ នៅតែបន្តមានសកម្មភាពទិញ-លក់។ ដោយឡែកសម្រាប់តាមបណ្តាខេត្ត ដូចជាខេត្តកំពង់ស្ពឺតាមបណ្តោយផ្លូវជាតិលេខ៤ ខេត្តកំពត ខេត្តកោះកុង និងព្រះសីហនុ ក៏នៅតែបន្តមានសកម្មភាពផងដែរ ប៉ុន្តែសម្រាប់តម្លៃគឺមានភាពខុសគ្នាអាស្រ័យទៅតាមទីតាំង និងស្ថានភាពដី”។

លោកស្រី តាំង ហួរ បានមានប្រសាសន៍បន្តទៀតថា “នៅក្នុងស្ថានភាពនេះ បើទោះជាតម្លៃទីផ្សារអចលនទ្រព្យ ក៏ដូចជាវិស័យដីធ្លីមិនមានការឡើងថ្លៃ ប៉ុន្តែវាក៏មិនធ្លាក់ចុះនោះដែរ ហើយសម្រាប់អ្នកដែលមានធនធាន និងលំហូរសាច់ប្រាក់គ្រប់គ្រាន់ អាចមានឱកាសច្រើនក្នុងការទិញទុក និងលក់បន្តយកចំណេញក្រោពេលវិបត្តិនៃជំងឺសាកលមួយនេះត្រូវបានផុតរលត់ ជាពិសេសនៅតាមតំបន់សំខាន់ៗដែលស្ថិតនៅជាយរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដូចដែលបានលើកឡើងខាងលើ”។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Century21 Advance Property លោក ឡុង គឹមសួគ៌ បានមានប្រសាសន៍ថា មិនថាតំបន់ជាយក្រុង ឬនៅតាមបណ្តាខេត្តនោះទេ អត្រានៃការទទួលបានចំណេញគឺសុទ្ធតែមានឱកាសដូចគ្នា។

លោកបានបញ្ជាក់ថា “តម្លៃអចលនទ្រព្យ ឡើងនៅពេលមានការគម្រោងអភិវឌ្ឍន៍ ដូច្នេះ មិនថាស្ថិតនៅក្នុងក្រុង ជាយក្រុង ឬនៅតាមបណ្តាខេត្តណាមួយនោះទេ សំខាន់ឱ្យតែស្ថិតនៅក្នុងតំបន់ដែលមានគម្រោងអភិវឌ្ឍន៍ពិតប្រាកដ អត្រាឡើងថ្លៃគឺមានខ្ពស់”។

លោកបានមានប្រសាសន៍បន្តទៀតថា “តំបន់ណាដែលមានគម្រោងអភិវឌ្ឍន៍កាន់តែច្រើន និងមានល្បឿនលឿន សន្ទុះនៃការឡើងថ្លៃគឺកាន់តែខ្ពស់ ដូច្នេះសម្រាប់អ្នកដែលមានលុយ ហើយចង់វិនិយោគនៅក្នុងវិស័យនេះ មុនពេលសម្រេចចិត្តត្រូវសិក្សាទៅលើស្ថានភាពសេដ្ឋកិច្ចនៅក្នុងតំបន់ និងការសិក្សាពីគម្រោងអភិវឌ្ឍន៍ឱ្យបានច្បាស់លាស់ បើមិនចឹងទេ ទោះជាចំណាយលុយទិញដីរាប់សិបហិកតាទុករហូតដល់១០ ឆ្នាំ ភាគរយនៃការទទួលបានប្រាក់ចំណេញគឺនៅតែមានអត្រាទាប”៕

ជនជាតិអាមេរិកចំនួន ៤,៤ លាននាក់ផ្សេងទៀតបានដាក់ពាក្យសុំអត្ថប្រយោជន៍ អំឡុវពេលគ្មានការងារធ្វើកាលពីសប្តាហ៍មុន

ដោយ ប៊ី

ញូវយ៉ក៖ សម្រាប់សប្តាហ៍ទី ៥ ជាប់ៗគ្នា ពលករអាមេរិករាប់លាននាក់បានដាក់ពាក្យសុំអត្ថប្រយោជន៍ អំឡុងពេលគ្មានការងារធ្វើដើម្បីស្វែងរកជំនួយផ្នែកហិរញ្ញវត្ថុ ខណៈអាជីវកម្មនៅតែបិទក្នុងពេលមានជំងឺរាតត្បាតរាលដាល COVID-19។

ក្រសួងការងារអាមេរិកបានឱ្យដឹងថា ការទាមទារជាលើកដំបូងសម្រាប់អត្ថប្រយោជន៍គ្មានការងារធ្វើសរុបមានចំនួន ៤,៤ លាននាក់នៅក្នុងសប្តាហ៍ ដែលបញ្ចប់នៅថ្ងៃទី ១៨ ខែមេសា បន្ទាប់ពីការកែតម្រូវតាមរដូវកាល។
បើគ្មានការកែសំរួលទាំងនោះទេដែលសេដ្ឋវិទូប្រើដើម្បីរាប់បញ្ចូលភាពប្រែប្រួលនៃការជួលឱធ្វើការងារតាមរដូវ អត្រាគ្មានការធ្វើមានចំនួន ៤,៣ លាននាក់។

មិនថា អ្នកមើលទិន្នន័យយ៉ាងម៉េចទេក្នុងរយៈពេល ៥ សប្តាហ៍ចុងក្រោយនេះ បានកត់សម្គាល់នូវការទាមទារគ្មានការងារធ្វើភ្លាមៗចាប់តាំងពីក្រសួងការងារបានចាប់ផ្តើមតាមដានទិន្នន័យក្នុងឆ្នាំ ១៩៦៧។ កម្មករអាមេរិកបានដាក់ពាក្យស្នើសុំអត្ថប្រយោជន៍ដំបូងចំនួន ២៦.៥ លាននាក់ចាប់តាំងពីថ្ងៃទី ១៤ ខែមីនា។

មិនមែនការទាមទារទាំងអស់នោះទេនឹងផ្តល់លទ្ធផលក្នុងការទទួលបានអត្ថប្រយោជន៍។ អ្នកខ្លះនឹងត្រូវគេបដិសេធ ព្រោះកម្មករមិនបានបំពេញតាមតម្រូវការដែលអាចទទួលបាន។ ទោះយ៉ាងណា ចំនួននៅកម្រិតនោះឆ្លុះបញ្ចាំងពីការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់កម្មករដែលបង្ហាញថា ប្រហែលជា ១៦,២ ភាគរយនៃកម្លាំងពលកម្មរបស់សហរដ្ឋអាមេរិកកំពុងរងគ្រោះពីការឈប់សំរាក ឬក៏ការកាត់បន្ថយម៉ោងក្នុងកំឡុងពេលមានជំងឺរាតត្បាតឆ្លង៕ CNN

លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បើកិច្ចប្រជុំពិនិត្យដោះស្រាយករណីវិវាទដីក្នុងគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុន Union Development Co., Ltd

ដោយវុត្ថា

ភ្នំពេញ៖ លោក ឧបនាយកដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកកិច្ចប្រជុំពិនិត្យដោះស្រាយករណីវិវាទដីក្នុងគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុន Union Development Co., Ltd ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកបុទុមសាគរ និងស្រុកគិរីសាគរ ខេត្តកោះកុង។

តាមការចុះផ្សាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២០ នេះ ឱ្យដឹងថា កិច្ចប្រជុំពិនិត្យដោះស្រាយករណីវិវាទដីក្នុងគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុន Union Development Co., Ltd នេះមានការអញ្ជើញចូលរួមពី លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមន្ត្រីពាក់ព័ន្ធផងដែរ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមកនេះ បានចេញសេចក្ដីប្រកាសជាផ្លូវការ ដោយបញ្ជាក់ពីការមិនទទួលយកសំណើរ ដែលស្នើសុំដោយប្រជាពលរដ្ឋចំនួន៧៧គ្រួសារ ស្ថិត នៅឃុំតានួន ស្រុកបទុមសាគរ ខេត្តកោះកុងនោះទេ ដោយសារតែក្រសួងបានអះអាងថា រាល់ប្រជាពលរដ្ឋដែលរស់នៅ និងអា ស្រ័យផលដំណាំ ស្ថិតនៅក្នុងតំបន់គម្រោងអភិវឌ្ឍន៍ខាងលើនេះ ធ្លាប់ទទួលបានដំណោះ ស្រាយពីគណៈកម្មការអន្តរក្រសួងរួចរាល់ហើយ។

នៅក្នុងសេចក្ដីប្រកាសដដែលនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកយកដំណោះស្រាយចំនួន៤ចំណុច ដែលគណៈកម្មការអន្តរក្រសួងធ្លាប់បានធ្វើកាលពីពេលកន្លងទៅផងដែរ ដោយក្នុងមួយគ្រួសារទទួលបាន ដីលំនៅដ្ឋានទំហំ៥០ម៉ែត្រគុណ១០០ម៉ែត្រ ដីចម្ការទំហំចាប់ពី១ហិកតាដល់៦ហិកតា ទៅតាមទំហំដីធំ ឬតូច ដែលពួកគាត់ធ្លាប់បានកាន់កាប់ ផ្ទះឈើមួយខ្នង រួមជាមួយនឹងថវិកាចាប់ពី ៣៥០ដុល្លារ ដល់ ១០ ០០០ដុល្លារ ទៅតាមទំហំដីធំ ឬតូច ដែលពួកគាត់ធ្លាប់បានកាន់កាប់។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុងដែលចុះហត្ថលេខាដោយ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងកាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២០ កន្លងមកនេះឱ្យដឹងថា រដ្ឋបានខេត្តពិនិត្យឃើញថា មានប្រជាលរដ្ឋមួយចំនួនបានចូលទៅកាប់ទន្ទ្រានយកដីនៅក្នុងទីតាំងដីទំហំ ៩៣០៦ ហិកតា ធ្វើជាកម្មសិទ្ធិលក់ ទិញ និងផ្ទេរសិទ្ធិកាន់កាប់ខុសច្បាប់នៅក្នុងតំបន់វិនិយោគរបស់ក្រុមហ៊ុន UNION Development Co.,Ltd។

បើតាមសេចក្តីជូនដំណឹងដដែលបន្តថា ទីតំាងដីទំហំ ៩៣០៦ ហិកតាដែលបានកាត់ចេញពីឧទ្យានជាតិបទុមសាគរ តាមព្រះរាជក្រឹត្យលេខ នស/០៧១៦ ចុះថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៦ សម្រាប់ផ្តល់ជាគោលនយោបាយបែងចែកជូនដល់ប្រជាពលរដ្ឋដែលត្រូវបានផ្លាស់ប្តូរលំនៅឋានចេញពីទីតាំងគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន UNION Development Group Co.,Ltd តែប៉ុណ្ណោះ។

កន្លងមកសាលាខេត្តកោះកុង បានចេញសេចក្តីជូនដំណឹងលេខ ០៥២ សជណ ចុះថ្ងៃទី ៦ ខែសីហាឆ្នាំ ២០០៧ ស្តីពីការបញ្ឈប់បន្ទាន់នូវការចេញលិខិតផ្ទេរសិទ្ធិ ទិញ លក់ និងបែងចែកដីធ្លីនៅស្រុកគិរីសាគរ និងស្រុកបទុមសាគរ និងសេចក្តីសម្រេចលេខ ១១៥ សសរ ចុះថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១០ ស្តីពីការទុកជាមោឃភាពនូវរាល់លិខិតផ្ទេរ លក់ ទិញដី នៅឧទ្យានជាតិបុទុមសាគរដែលចុះហត្ថលេខាដោយមេឃុំកោះស្តេច ភ្ញីមាស ព្រែកខ្សាច់ ក្នុងស្រុកគិរីសាគរ និងមេឃុំតានូន មេឃុំថ្មស ក្នុងស្រុកបូទុមសាគរដែលស្ថិនៅលើទីតាំងដីវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុន UNION Development Group Co.,Ltd ។

កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៩ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ២៣៤ អនក្រ.បក ស្តីពីការធ្វើមោឃភាពប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលវត្ថុ និងឯកសារផ្សេងៗទៀតដែលបញ្ជាក់ពីពីសិទ្ធិកាន់កាប់ដីធ្លីមិនស្របច្បាប់ នៅក្នុងស្រុកគិរីសាគរនិងស្រុកបូទុមសាគរក្នុងតំបន់វិនិយោគរប់សក្រុមហ៊ុន UNION Development Group., Ltd ខេត្តកោះកុង។

ក្រុមហ៊ុនចិន UNION Development Group Co., Ltd. កាលពីកកន្លងមកនេះបានប្រកាសបោះទុនវិនិយោគទឹកប្រាក់១,២០០លានដុល្លារ នៅស្រុកគិរីសាគរ និងស្រុកបទុមសាគរ ខេត្តកោះកុង ដើម្បីបើកការដ្ឋានសាងសង់ «ក្រុងវិស្សមកាលទេសចរណ៍» ដើម្បីរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ សេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន ក៏បានចុះកិច្ចសន្យាជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០០៨ ដើម្បីធ្វើការអភិវឌ្ឍគម្រោងតារាសាគរ លើផ្ទៃដីសរុបទំហំ៣៦,០០០ហិចតា។ គិតមកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានកំពុងសម្រុកអនុវត្តន៍ គម្រោងទៅតាមផែនការ ដោយបានបណ្តាក់ទុនវិនិយោគជាង១,៥០០លានដុល្លារ លើការសាងសង់អគារ និងហេដ្ឋារច នា សម្ព័ន្ធចាំបាច់មួយចំនួនដូចជា ប្រព័ន្ធគមនាគមន៍ ក្លឹបវាយកូនហ្គោល ព្រលានយន្តហោះ កំពង់ផែទឹកជ្រៅអន្តរជាតិ សួនលម្អ បណ្តាញទឹកស្អាត និងប្រព័ន្ធអគ្គិសនីជាដើម៕

ខេត្តកំពង់ឆ្នាំងត្រៀមអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិចំនួន២កន្លែងបន្ថែម

ដោយ ហ្សូលី

កំពង់ឆ្នាំង៖ មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងគ្រោងនឹងអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិចំនួន ២កន្លែងបន្ថែមទៀត ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងជួយលើកកម្ពស់ជីវភាពប្រចាពលរដ្ឋ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង លោក សេង សាលី បានថ្លែងប្រាប់សារព៍ត៌មានក្នុងស្រុកនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២០នេះថា ក្នុងឆ្នាំនេះ មន្ទីរទេសចរណ៍ខេត្តបាននិងកំពុងសិក្សាទៅលើតំបន់រមណីយដ្ឋានធម្មជាតិចំនួន២កន្លែងដែលមានសក្តានុពលនោះគឺ ទឹកធ្លាក់បង្គងរនាប និងរមណីយដ្ឋានឯកជនមួយក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

លោកបន្តថា ដើម្បីជាប្រយោជន៍រកចំណូលបន្ថែមដល់ប្រជាពលរដ្ឋ បច្ចុប្បន្នមន្ទីរទេសចរណ៍ខេត្តកំពុងពិភាក្សាជាមួយប្រជាពលរដ្ឋក្នុងសហគមន៍នៅតំបន់ទឹកធ្លាក់បង្គងរនាបអំពីការស្ថាបនាផ្លូវចូលទៅកាន់តំបន់កម្សាន្តនោះ ព្រោះសព្វថ្ងៃមានការលំបាករឿងផ្លូវចូល។ បើសិនជាផ្លូវចូលទៅកម្សាន្តនេះ មានភាពរលូនស្រួលនោះ ច្បាស់ជាមានកំណើនភ្ញៀវទេសចរជាក់ជាមិនខាន។

បន្ថែមពីលើនេះ លោកបានអំពាវនាវដល់ប្រជាសហគមន៍នៅតំបន់រមណីយដ្ឋានដែលជាអ្នកលក់ដូរម្ហូបអាហារ ទំនិញ ព្រមទាំងសេវាកម្មផ្សេង ត្រូវរក្សាតម្លៃឱ្យមានភាពសមរម្យដែលភ្ញៀវទេសចរអាចមានលទ្ធផលក្នុងការជាវ ដើម្បីជាឱកាសទាក់ទាញភ្ញៀវឱ្យមកកម្សាន្តកាន់តែច្រើនជាហូរហែ និងចៀសវាងការបាត់បង់ចំណូល។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា មកទល់ពេលនេះខេត្តកំពង់ឆ្នាំងមានតំបន់ទេសចេណ៍ចំនួន ២៣ កន្លែងហើយ។ តំបន់ដែលមានប្រជាប្រិយភាពសម្រាប់ភ្ញៀវទេសចរជាតិនោះមានចំនួន២កន្លែងគឺ ទឹកធ្លាក់ស្រែអំពិល និងទឹកធ្លាក់ថ្មក្រាល។ រីឯភ្ញៀវទេសចរអន្តរជាតិវិញ ភាគច្រើនពួកគេនិយមទៅកម្សាន្តនៅដងទន្លេសាប ភូមិទេសចរណ៍អណ្តូងដែលជាកន្លែងលក់វត្ថុអនុស្សាវរីយ៍ធ្វើពីដីឥដ្ឋ និងវត្តពោធិ៍រុក្ខារាម៕

ធនាគារជាតិស្នើគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្ធូរបន្ថយកម្រៃឥណទាន និងលើកលែងការផាកពិន័យរហូតដល់ដំណាច់ឆ្នាំ២០២០

ដោយ ៖ រ៉ាណេត

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានស្នើសុំឱ្យគ្រប់ពន្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ បន្ធូរបន្ថយកម្រៃសេវាពាក់ព័ន្ធនឹងឥណទាន និងលើកលែងការផាកពិន័យ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។

តាមលិខិតស្នើសុំមួយច្បាប់របស់ធនគារជាតិនៃកម្ពុជាចុះថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២០កន្លងមកនេះ ដែលបានផ្ញើជូនគ្រប់គ្រឹះស្ថានធនគារ និងហិរញ្ញវត្ថុ បានឱ្យដឹងថា ធនាគារជាតិនៃកម្ពុជាបានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់គ្រប់ធនាគារ និងហិរញ្ញវត្ថុ ដែលបាន និងកំពុងអនុវត្តវិធានការនានាដែលបានដាក់ចេញដោយរដ្ឋាភិបាលកន្លងមក។

លិខិតដដែលបន្តថា ក្នុងស្ថានភាពដែលពិភពលោកក៏ដូចជាព្រះរាជាណាចក្រកម្ពុជា កំពុងប្រឈមការរីករាលដាលនៃជំងឺវីរុសកូវីដ ១៩ ធនាគារជាតិនៃកម្ពុជា ស្នើសុំការយោគយល់ពីគ្រប់គ្រឹស្ថានធនគារ និងហិរញ្ញវត្ថុផ្តល់ការអនុគ្រោះបន្ថែមដល់អតិថិជនដើម្បីជួយសម្រាលបន្ទុករបស់គាត់មួយកម្រិតទៀតក្នុងគ្រាលំបាកនេះ ។

ធនាគារជាតិបញ្ជាក់ថា ដូចជាការបន្ធូរបន្ថយកម្រៃសេវាផ្សេងៗ ពាក់ព័ន្ធនឹងឥណទាន និង/ឬ លើកលែងការផាកពិន័យផ្សេងៗចំពោះអតិថិជនរបស់ខ្លួន ចាប់ពីកាលបរិច្ឆេទនៃលិខិតនេះ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ ២០២០។

ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០កន្លងទៅ បានដាក់ចេញនូវវិធានការគាំទ្រចំនួន៥ចំណុច ដើម្បីផ្ដល់សន្ទនីយភាព (បង្កើនសាច់ប្រាក់ក្នុងដៃ) បន្ថែមដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សំដៅរួមចំណែកកាត់បន្ថយផលប៉ះពាល់ពីជំងឺ Covid-19 មកលើសេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

វិធានការទាំង៥ចំណុចនេះរួមមាន៖

១) ពន្យារពេលឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរក្សាកម្រិតទ្រនាប់ដើមទុនខនស៊ើវេសិន (CCB) ត្រឹម៥០ភាគរយ។

២) កាត់បន្ថយអត្រាការប្រាក់អប្បបរិមា នៃប្រតិបត្តិការផ្ដល់សន្ទនីយភាព ដោយមានការធានា (LPCO) ចំនួន ០.៥ ភាគរយ ចំពោះគ្រប់ឥណទាន។

៣) កាត់បន្ថយអត្រាការប្រាក់ លើមូលបត្រអាចជួញដូរបាន (NCD) ចារឹកជារៀល និងជាដុល្លារអាមេរិក ក្នុងកម្រិតសមស្រប។

៤)កាត់បន្ថយអត្រាប្រាក់បម្រុងកាតព្វកិច្ច (RRR) ពី៨ភាគរយចំពោះប្រាក់រៀល និង ១២.៥ ភាគរយ ចំពោះរូបិយប័ណ្ណ មកត្រឹម៧ភាគរយទាំងចំពោះប្រាក់រៀល និងរូបិយប័ណ្ណ ក្នុងរយៈពេល៦ខែចាប់ពីខែមេសា ឆ្នាំ២០២០។

៥) កាត់បន្ថយកម្រិតអនុបាតក្របខ័ណ្ឌសន្ទនីយភាព (LCR) ក្នុងកម្រិតសមស្របតាមការចាំបាច់។

ធនាគារជាតិនៃកម្ពុជា បញ្ជាក់ទៀតថា ខ្លួននឹងបន្ដតាមដានយ៉ាងប្រុងប្រយ័ត្ន លើស្ថានភាពវឌ្ឍនភាពវិស័យធនាគារ, បញ្ហាប្រឈម និងហានិភ័យនានា ដែលអាចកើតឡើងជាយថាហេតុ ក្នុងគោលដៅរក្សានិរន្ដរភាព និងស្ថិរភាពនៃវិស័យធនាគារ និងហិរញ្ញវត្ថុ និងរួមចំណែកគាំទ្រកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព៕

ក្រសួងមុខងារសាធារណៈ ប្រកាសផ្អាកជ្រើសរើសមន្ត្រីក្របខណ្ឌថ្មីឆ្នាំ២០២០ ជាបណ្តោះអាសន្ន

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ដោយហេតុមានផលប៉ះពាល់ពីវិបត្តិនៃជំងឺ Covid-19 ក្រសួងមុខងារសាធារណៈ បានធ្វើការជូនដំណឹងស្ដីពីការផ្អាកជ្រើសរើសមន្ត្រីក្របខណ្ឌថ្មី សម្រាប់ឆ្នាំ២០២០ ឱ្យចូលបម្រើការងារនៅតាមស្ថាប័នរដ្ឋទាំងអស់។

តាមរយៈសេចក្ដីជូនដំណឹងដែលចេញដោយក្រសួងមុខងារសាធារណៈ កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ម្សិលមិញនេះបានបញ្ជាក់ថា ក្រសួងមុខងារសាធារណៈ សូមជូនដំណឹងដល់សាធារណៈជនមេត្តាជ្រាបថា អាស្រ័យដោយផលប៉ះពាល់ពីវិបត្តិនៃជំងឺ Covid-19 ការជ្រើសរើក្របខណ្ឌថ្មី សម្រាប់ឆ្នាំ២០២០ ឱ្យចូលបម្រើការងារជាមន្ត្រីរាជការនៅតាមក្រសួង ស្ថាប័ន អង្គភាពនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបានផ្អាកជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។

នៅក្នុងសេចក្ដីជូនដំណឹងដដែលនេះបានបញ្ជាក់ថា ក្នុងន័យដូចដែលបានជម្រាបជូនខាងលើនេះ កាលពីពេលកន្លងមក ក្រសួងមុខងារសាធារណៈក៏បានធ្វើនិរាករណ៍លើសេចក្ដីសម្រេចស្ដីពីការជ្រើសរើសមន្ត្រីថ្មីក្នុងឆ្នាំ២០២០នេះផងដែរ។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ ក្រសួងមុខងារសាធារណៈ សូមសាធារណជនមេត្តាយោគយល់ចំពោះការលំបាករួមជាបណ្តោះអាសន្នក្នុងកាលៈទសៈបច្ចុប្បន្ននេះ និងសូមចូលរួមជាមួយរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 សំដៅការពារសុខភាព និងសុខមាលភាពសាធារណៈ រួមចំណែកបន្តរក្សាការពាររឹងមាំនូវសុខសន្ដិភាព ការអភិវឌ្ឍ និងអនាគតរុងរឿងរបស់ប្រទេសជាតិ ៕

ប្រមុខការទូតកម្ពុជា ជំរុញឱ្យអាមេរិកគាំទ្រវិស័យពាណិជ្ជកម្មកម្ពុជា

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ប្រមុខការទូតរាជរដ្ឋាភិបាលកម្ពុជា បានជំរុញឱ្យសហរដ្ឋអាមេរិក ដែលជាដៃគូពាណិជ្ជកម្មដ៏ធំ និងជាដៃគូអភិវឌ្ឍន៍របស់កម្ពុជា ជួយគាំទ្រលើវិស័យពាណិជ្ជកម្មកម្ពុជាលើការនាំចេញផលិតផល ជាពិសេសផ្នែកវាយណភ័ណ្ឌ ដើម្បីកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានដែលបណ្តាលមកពីវិបត្តិនៃជំងឺឆ្លងជាសាកល។

នៅក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក តាមរយៈប្រព័ន្ធ Video Conference កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានមានប្រសាសន៍ថា នៅក្នុងដំណាក់កាលនេះ កម្ពុជាបានព្យាយាមកាត់បន្ថយនូវផលប៉ះពាល់ជាអវិជ្ជមាននៃជំងឺឆ្លងនេះលើសេដ្ឋកិច្ចជាតិ។

លោកបានបញ្ជាក់ថា “កម្ពុជា បានត្រៀមខ្លួនសម្រាប់ដំណាក់កាលជាសះស្បើយឡើងវិញ ដោយរក្សាឱ្យរោងចក្រនៅបន្តដំណើរការ ដែលនេះបានការពារកម្មករ មិនឱ្យបាត់បង់ការងារ។ ក្នុងន័យនេះ ដើម្បីអាចទ្រទ្រង់ដំណើរការនេះបានក្នុងរយៈពេលវែង ការគាំទ្រពីសហរដ្ឋអាមេរិកដែលជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់កម្ពុជា គឺមានសារៈសំខាន់បំផុត”។

ជាមួយគ្នានេះផងដែរ ជាការចូលរួមនៅក្នុងការស្វែងរកដំណោះស្រាយនានាពាក់ព័ន្ធទៅនឹងបញ្ហានៃវិបត្តិ Covid-19 លោករដ្ឋមន្ត្រីក៏បានផ្ដល់ជាវិធីសាស្ត្រចំនួន៣ផងដែររួមមាន ៖

ទី១-នៅខណៈពេលដែលយើងទទួលស្គាល់អំពីសារៈសំខាន់នៃការចែករំលែកព័ត៌មាន បទពិសោធន៍ និងឧត្តម្មានុវត្តន៍នានា ក្នុងការព្យាបាលតាមគ្លីនិក ដើម្បីប្រយុទ្ឋប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ យើងត្រូវធ្វើឱ្យកាន់តែសកម្មឡើងទៀតនូវការផ្លាស់ប្តូរជំនាញបច្ចេកទេស និងចំណេះដឹង ដែលជាវិធានការបន្ថែមទៀត និងរិះរកការស្រាវស្រាវរួម និងអភិវឌ្ឍន៍ខាងថ្នាំពេទ្យ។

ទី២- យើងត្រូវការបង្កើនកិច្ចសហប្រតិបត្តិការចេញពីបណ្តាញផ្សព្វផ្សាយព័ត៌មាន ដើម្បីបញ្ឈប់ការរាលដាលព័ត៌មានមិនពិត ដែលអាចបណ្តាលឱ្យមានការភ័យតក់ស្លុតជាសាធារណៈ ការរើសអើងគ្នា និងការចោទប្រកាន់គ្នាទៅវិញទៅមក។ យើងគួរកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងទាំងឡាយ ក៏ដូចជាតួនាទីនាំមុខរបស់អង្គការសុខភាពពិភពលោក ជាស្ថាប័នសុខភាពពិភពលោកមួយដែលគួរឱ្យគោរពក្នុងការផ្តល់ជូននូវព័ត៌មាន ការបណ្តុះបណ្តាល និងអនុសាសន៍នានា និងការត្រួសត្រាយផ្លូវសម្រាប់បុព្វហេតុដ៏ធំ របស់មនុស្សជាតិ។

ទី៣- អាស៊ាន និងសហរដ្ឋអាមេរិក គួរតែរិះរកនូវមធ្យោបាយទំាងឡាយណា ដើម្បីធ្វើយ៉ាងណាធានាឱ្យ មានលក្ខណៈជាយុទ្ធសាស្រ្តនូវការបើកចំហសង្វាក់ផ្គត់ផ្គង់តំបន់ និងសកលោក ព្រមទាំងលំហូរទំនិញ សំខាន់ៗនានា ជាពិសេសការផ្គត់ផ្គង់ថ្នាំពេទ្យ និងស្បៀងអាហារ៕

ក្រុមហ៊ុនវៀតណាមលក់ភាគហ៊ុនតម្លៃ៤៩លានដុល្លារនៃក្រុមហ៊ុនកម្ពុជាអង្គរអ៊ែរទៅឱ្យអ្នកទិញមិនបង្ហាញឈ្មោះមួយ

ដោយ ប៊ី

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមអ៊ែរឡាញបានលក់ភាគហ៊ុន ៤៩ ភាគរយនៃក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអង្គរអ៊ែរទៅឱ្យអ្នកទិញដែលមិនបានបង្ហាញឈ្មោះ ខណៈចំណែក ៥១ ភាគរយទៀតនៃក្រុមហ៊ុនអាកាសចរណ៍អង្គរអ៊ែររបស់ប្រទេសកម្ពុជាគឺជាកម្មសិទ្ធិរបស់រដ្ឋាភិបាលកម្ពុជាដែលបាននិយាយថា មិនចង់ធ្វើជាតូបនីយកម្មក្រុមហ៊ុនអាកាសចរណ៍ពេញលេញទេ។

ក្រុមហ៊ុនដឹកជញ្ជូនផ្លូវអាកាសរបស់វៀតណាមនេះក៏បានចុះកិច្ចសន្យាលក់យន្តហោះប្រភេទ A321-200 ចំនួន ៥ គ្រឿងដែលមានតម្លៃ ៣៧ លានដុល្លារផងដែរ ដោយសារតែផលប៉ះពាល់នៃការផ្ទុះ COVID-19 ដែលប៉ះពាល់ដល់ទីតាំងហិរញ្ញវត្ថុរបស់ពួកគេ។ នេះបើយោងតាមការគេទំព័រ Simple Flying ចុះផ្សាយនៅថ្ងៃនេះ។

នៅក្នុងការធ្វើសវនកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមអ៊ែរឡាញ ឆ្នាំ ២០១៩ ក្រុមហ៊ុនអាកាសចរណ៍នេះបានលើកឡើងពីថ្លៃដើមប្រតិបត្តិការធ្ងន់ធ្ងរដែលជាមូលហេតុនៃការចង់លក់ភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុនអាកាសចរណ៍អង្គរអ៊ែរ។ ផលប៉ះពាល់នៃការរឹតត្បិតការធ្វើដំណើរលើឧស្សាហកម្មអាកាសចរណ៍មានន័យថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាមនឹងស្វាគមន៍ការចាក់បញ្ចូលសាច់ប្រាក់។

ក្រុមហ៊ុនអាកាសចរណ៍ CH-Aviation រាយការណ៍ថា “អ្នកទិញដែលមិនបានបង្ហាញឈ្មោះ បានចំណាយប្រាក់ចំនួន ៤៩ លានដុល្លារសម្រាប់ភាគហ៊ុននេះ បូកនឹង ៣៧ លានដុល្លារសម្រាប់យន្តហោះ ៥ គ្រឿង”។

ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការរឹតត្បិតការធ្វើដំណើរនាពេលបច្ចុប្បន្នដោយជើងហោះហើរជាង ១០០ ត្រូវបានផ្អាក។ ក្រុមហ៊ុនអាកាសចរណ៍ប្រតិបត្តិការជើងហោះហើរជាច្រើនទៅកាន់ប្រទេសចិនដីគោក។ តាមពិត ក្រុមហ៊ុនបានបើកដំណើរការផ្លូវទី ១៩ របស់ខ្លួនទៅកាន់ប្រទេសនេះនៅខែធ្នូឆ្នាំ ២០១៩ ។ បុគ្គលិករបស់ក្រុមហ៊ុនអាកាសចរណ៍ពាក់កណ្តាលត្រូវបានប្រឈមនឹងហានិភ័យអត់ការធ្វើ។

យោងតាម VNExpress បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាមនឹងត្រូវការប្រាក់កម្ចីចំនួន ១៥០ លានដុល្លារក៏ដូចជាជំនួយរដ្ឋាភិបាលចំនួន ៥១៤ លានដុល្លារដើម្បីធ្វើឱ្យខ្លួនឆ្លងកាត់ការផ្ទុះវីរុសនេះបានដោយជោគជ័យ។

ក្រុមហ៊ុន Cambodia Airports ប្តេជ្ញាបន្តអភិវឌ្ឍអាកាសយាដ្ឋានអន្តរជាតិខេត្តព្រះសីហនុតាមផែនការដោយមិនគិតពីផលប៉ះពាល់ COVID-19

ដោយវុត្ថា

ភ្នំពេញ៖ លោក Alain Brun អគ្គនាយក ក្រុមហ៊ុន អាកាសយានដ្ឋានកម្ពុជា (Cambodia Airports) បានអះអាងថា ក្រុមហ៊ុននឹងបន្តស្តា និងកែលំអរហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ ដដែល តាមផែនការ ដែល កំណត់ ដោយមិនគិតពីផលប៉ះពាល់ COVID19 ទេ ខណៈបច្ចុប្បន្ននេះ បានសាងសង់ផ្លូវរត់ បាន៧០% ការងារសំណង់ស៊ីវិល បាន៤២% ការងារ apron ៤៥% ជាសរុបការងារទាំងមូលបាន៥៧% ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានថ្លែងអំណរគុណ លោក Alain Brun អគ្គនាយក ក្រុមហ៊ុន អាកាសយានដ្ឋានកម្ពុជា សហការល្អ ដោយបាន រៀបចំផែនការរក្សាការគ្រប់គ្រងបុគ្គលិក និងរក្សាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅដដែល ដើម្បីរក្សានូវចូលរួមស្តារ និងអភិវឌ្ឍប្រទេសកម្ពុជាក្រោយវិបត្តិCOVID19 ។

លោក Alain Brun នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២០ ម្សិលមិញនេះ ឱ្យដឹងថា បើទោះបីមាន ផលប៉ះពាល់ដោយ COVID19 ដោយមានការថយចុះ ចាប់តាំងពីខែមករា រហូតដល់ខែមេសា ឆ្នាំ២០២០ មានចំនួនធ្លាក់ចុះ នៃការហោះហើរ ចំនួន៩៥% ក្តី ក៏ ក្រុមហ៊ុន អាកាសយានដ្ឋានកម្ពុជា នៅតែរក្សាចំនួនបុគ្គលិក ដែលមានចំនួនជិត ១៨០០ នាក់ដដែល ដោយមិនមានការកាត់បន្ថយបុគ្គលិកទេ។

លោកបន្តថា ដោយគ្រាន់តែរក្សានូវបុគ្គលិកធ្វើការ តាមវិធីសាស្ត្របែងចែកការងារធ្វើការពេញម៉ោង និងបុគ្គលិកសំរាកបន្តោះអាសន្ន ដោយកាត់ប្រាក់ខែតែ២០% ចំពោះបុគ្គលិក ដែលមានប្រាក់ខែច្រើនជាង ៥០០ ដុល្លា ក្នុង០១ ខែ ចំពោះបុគ្គលិក ដែលមានប្រាក់ខែចំនួន៥០០$ ចុះក្រោមគឺរក្សានៅដដែលមិនមានការកាត់ទេ។

លោកម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានថ្លែងអំណរគុណ លោក Alain Brun អគ្គនាយក ក្រុមហ៊ុន អាកាសយានដ្ឋានកម្ពុជា សហការល្អ ដោយបាន រៀបចំផែនការរក្សាការគ្រប់គ្រងបុគ្គលិក និងរក្សាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅដដែល ដើម្បីរក្សានូវចូលរួមស្តារ និងអភិវឌ្ឍប្រទេសកម្ពុជាក្រោយវិបត្តិCOVID19 ។

យោងតាមផែនការស្តា និងកែលំអរហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ របស់ក្រុមហ៊ុន អាកាសយានដ្ឋានកម្ពុជា (Cambodia Airports) ធ្វើយ៉ាងណាឱ្យចប់នៅពាក់កណ្តាលឆ្នាំ២០២២តាមផែនការសកម្មភាពដូចខាងក្រោម៖

១. ការរៀបចំស្ថានីយ៍អ្នកដំណើរថ្មី
-ដំណាក់កាលទី១ គឺសម្រាប់ផែនការឆ្នាំ២០២០ ដល់២០៣០ ដែលអាចទទួលអ្នកដំណើរបាន ៣, ៦ លាននាក់

-ដំណាក់កាលទី២ គឺសម្រាប់ផែនការ សម្រាប់ឆ្នាំ ២០៣០ ដល់ ២០៤០ គឺសម្រាប់ទទួលអ្នកដំណើរឱ្យបាន៥ លាននាក់តែបើប្រទេសកម្ពុជាមានការរីកចម្រើន និងមានអ្នកដំណើរច្រើន ក្រុមហ៊ុននឹងពង្រីករហូតដល់អាចទទួលអ្នកដំណើរ ១០ លាននាក់។

២. ការពង្រីក និងពង្រឹងផ្លូវរត់ Runway ផ្លូវរត់ពី ចំងាយ២៥០០ មែត្រ ទៅ ៣៣០០ មែត្រ

៣. ការពង្រីក និងពង្រឹងផ្លូវបរ Taxi ways ចំងាយ ៤២០ មែត្រ

៤. ការសាងសង់ចំណតយន្តហោះ សម្រាប់ដំណាក់កាលទី១ អាចមានសមត្ថភាពចតបាន ១៣ យន្តហោះ និងដំណាក់កាលទី២ អាចចតបាន១៩ យន្តហោះ៕