ក្រុមហ៊ុនចិនបោះទុនអភិវឌ្ឍកសិ-ឧស្សាហកម្ម លើដីសម្បទានសេដ្ឋកិច្ចជិត ៦០០០ ហិកតានៅខេត្តព្រះវិហារ

ដោយវុត្ថា

ព្រះវិហារ៖ ក្រុមហ៊ុនឆាយណាហ្គ្រេតខល បានបោះទុនអភិវឌ្ឍលើដីសម្បទានសេដ្ឋកិច្ចចំនួន ៥ ៨៧១ហ.ត ស្ថិតនៅក្នុងស្រុករវាង ខេត្តព្រះវិហារ ធ្វើការដាំដុះដំណាំកសិ-ឧស្សាហកម្ម ប្រភេទដំណាំសូត្រជាវត្ថុធាតុដើមប្រើប្រាស់ជាប្រយោជន៍សម្រាប់ផលិតសរសៃសូត្រធ្វើខ្សែពួរប្រើក្នុងកប៉ាល់ ផលិតបាវ ជាផលិតផលធន់នឹងទឹកប្រៃ ស្វិតជាប់បានល្អ។

តាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមញ្ញ និងនេសាទនៅថ្ងៃទី ២៥ ខែមេសាឆ្នាំ ២០២០ នេះ ឱ្យដឹងថា
បច្ចុប្បន្នក្រុមហ៊ុនដាំបាន ១ ២០០ ហិកតា ក្នុងនោះដាំដំណាំសូត្រនេះបាន ១៨០ហិកតា ដោយប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុកចំនួន ៨០នាក់ និងមួយចំនួយធំទៀតធ្វើការម៉ៅ (ជាចំការ និងគិតថ្ងៃ) និងជំនាញការចិន ៩នាក់។ នៅឆ្នាំ២០២១ គ្រោងនឹងបង្កើតរោងចក្រផលិតសរសៃសូត្រ និងកែច្នៃ ហើយពង្រីកផ្ទៃដីដាំដុះបន្ថែមដើម្បីបង្កើនបរិមាណបំពេញឲ្យតម្រូវការរោងចក្រ។

ក្រសួងបន្តថា ដំណាំសូត្រមានអាយុ ២ឆ្នាំអាចប្រមូលផលបាន ហើយក្នុង ១ឆ្នាំអាចប្រមូលផលបាន ៣ដង ហើយក្នុង១ហ.ត អាចផ្តល់ផល ២៥-៣០តោន ក្នុង៣០ តោនអាចផលិតបានសរសៃសូត្របាន ៣តោន ហើយក្នុង ១តោនសរសៃសូត្រមានតម្លៃ ១៥០០-២០០០ដុល្លារ។ វាជាប្រភេទដំណាំងាយដាំ មិនរើសដី ត្រូវ ការទឹកតិច ធន់នឹងអាកាសធាតុក្តៅ និងផ្តល់ទិន្នផលខ្ពស់។


លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានកោតសរសើរ និងលើកទឹកចិត្តដល់ក្រុមហ៊ុនឲ្យខិតខំពង្រីកផ្ទៃដីដាំដុះតាមផែនការដែលបានគ្រោងទុក និងបង្កើតរោងចក្រផលិត និងកែច្នៃឲ្យបានទាន់ពេលដើម្បីចូលរួមអភិវឌ្ឍតំបន់នេះឲ្យក្លាយជាតំបន់ឧស្សាហកម្មសរសៃសូត្រនាពេលអនាគត និងជាពិសេសបង្កើតការងារ និងប្រើប្រាស់ពលកម្មនៅមូលដ្ឋាននេះឲ្យអស់លទ្ធភាព។

លោករដ្ឋមន្ត្រីបានណែនាំឲ្យក្រុមហ៊ុនយកចិត្តទុកដាក់អំពីសុខភាព ជីវភាពប្រចាំថ្ងៃ និងចំណូលគ្រួសារ របស់កម្មករដែលបម្រើការឲ្យក្រុមហ៊ុនទាំងអ្នកធ្វើការពេញម៉ោង និងក្រៅម៉ោង ដើម្បីរក្សាភាពឈ្នះ-ឈ្នះ រវាងនិយោជក និងនិយោជិក ក្នុងកាល:ទេស:ដែលយើងកំពុងជួបវិបត្តិជំងឺឆ្លងសកលកូវីដ-១៩។

លោកបញ្ជាក់ទៀតថា ក្រុមហ៊ុនត្រូវសហការឲ្យបានពេញលេញ ជាមួយរដ្ឋបាលព្រៃឈើ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអាជ្ញាធរមូលដ្ឋានដើម្បីអនុវត្តច្បាប់ គោលការណ៍ណែនាំ ផែនការអភិវឌ្ឍ របស់រាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើយ៉ាងណាប្រើប្រាស់ធនធានដីនេះឲ្យអស់សក្តានុពល មានប្រសិទ្ធភាពទាំងសង្គម និងសេដ្ឋកិច្ច៕

ក្រុមហ៊ុន ចិនធំៗចំនួន២ នឹងបន្តពង្រីកការវិនិយោគនៅកម្ពុជា

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្រុមហ៊ុន យក្សចិនចំនួន២ ដែលមានជំនាញ និងឯកទេសកំពូលផ្នែកសាងសាង់សំណង់ CCCC និងក្រុមហ៊ុនជំនាញកំពូលផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍នាសម័យចុងក្រោយនៅលើពិភពលោក ដែលកំពុងមានវត្តមាន និងវិនិយោគលើគម្រោងធំមួយចំនួននៅកម្ពុជារួចទៅហើយនោះ បានបង្ហាញ ពីឆន្ទៈ និងផែនការអភិវឌ្ឍន៍លើវិស័យសំខាន់ៗជាច្រើនរបស់ខ្លួនបន្ថែមទៀត។

នៅក្នុងកិច្ចជំនួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត នៅទីស្ដីការក្រសួងកាលពីល្ងាំចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ លោក Yuya Yao នាយកប្រតិបត្តិក្រុមហ៊ុន Hauwei បានបង្ហាញពីភាពរីករាយដែលបានសហការវិនិយោគនៅកម្ពុជា ។

លោកបានបញ្ជាក់ផងដែរថា នៅពេលបច្ចុប្បន្ននេះ និងបន្តទៅថ្ងៃអនាគត ក្រុមហ៊ុន Hauwei មានផែនការ និងគម្រោងអភិវឌ្ឍន៍ទៅលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅកម្ពុជាជាច្រើនថែមទៀត ជាមួយការជឿជាក់ទទួលបានភាពជោគជ័យក្នុងអត្រាកម្រិតខ្ពស់បំផុត ។

ដោយឡែក លោក Zhan Jinsheng នាយក ប្រតិបត្តិ ក្រុមហ៊ុន CCCC (China Communications Constructions Company ) ដែលជាក្រុមហ៊ុនដ៏ធំកំពុងមានដំណើរការប្រតិបត្តិការទៅលើគម្រោងសាងសាង់ហេដ្ឋារចនាសម្ព័ន្ឌធំៗ និងសំខាន់ៗនៅកម្ពុជាបានលើកឡើងថា បទពិសោធន៍ការងារជាង ១២០ ឆ្នាំរបស់ក្រុមហ៊ុន CCCC ដែលបានបង្កើតតាំងពីឆ្នាំ១៨៩៧ និងបានចុះបញ្ជីលក់ភាគហ៊ុននៅផ្សារមូលបត្រក្រុងសៀងហៃ និងហុងកុង។ លោកបានបន្តថា ក្រុមហ៊ុន CCCC ជាក្រុមហ៊ុនធំជាងគេក្នុងពិភពលោកផ្នែកសំណង់ហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែ ផ្លូវ ស្ពាន រួមបញ្ចូលទាំងស្ពានឆ្លងសមុទ្រវែងជាងគេលើពិភាពលោកភ្ជាប់ពីទីក្រុងហុងកុងទៅម៉ាកាវ។ ក្រុមហ៊ុនបានដើរតួនាទីសំខាន់ក្នុងការគាំទ្រគម្រោងខ្សែក្រវ៉ាត និងផ្លូវ (Project in Belt and Road) របស់ប្រទេសចិន។

 

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត បានជម្រាបជូនក្រុមហ៊ុនអំពីការងារអាទិភាពរបស់ក្រសួងក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ឱ្យកាន់តែល្អទាំងគុណភាព វិសាលភាព និងថ្លៃសេវា ដែលមានជាអាទិ៍ ហេដ្ឋារចនាសម្ព័ន្ធបណ្តាញខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ (submarine cable), បណ្តាញខ្សែកាប្លិ៍អុបទិកឆ្អឹងខ្នង (Backbone network), បណ្តាញខ្សែកាប្លិ៍អុបទិកចែកចាយ (Access Network), និងមាត់ច្រកអ៊ីនធឺណេតអន្តរជាតិ (International Internet Gateway) ជាដើម។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថាការគ្រប់គ្រងលើប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ជាចំណុចគន្លឹះមួយមិនត្រឹមតែសម្រាប់ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែរួមបញ្ចូលនូវផ្នែកសន្តិសុខជាតិ និងការប្រជែងឥទ្ធិពលភូមិសាស្រ្តនយោបាយផងដែរ។

ជាមួយគ្នានេះ លោកបានជំរុញដល់ក្រុមហ៊ុនទាំងពីរឱ្យបន្ថែមការវិនិយោគ និងសហការគ្នាកសាងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅកម្ពុជាឱ្យកាន់តែទូលំទូលាយដើម្បីជាមូលដ្ឋានរឹងមាំមួយក្នុងការកាត់បន្ថយគន្លាតឌីជីថល និងការនាំយកកម្ពុជាចូលទៅក្នុងយុគ្គសម័យបដិវត្តន៍ឧស្សាហកម្មទី៤៕

គម្រោងទាញយករ៉ែមាសនៅខេត្តមណ្ឌលគីរីនឹងចាប់ផ្តើមនៅចុងឆ្នាំនេះ

ដោយ ប៊ី

ភ្នំពេញ៖ ក្រុមហ៊ុន Renaissance Minerals ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Emerald Resources ដែលបានចុះបញ្ជីនៅក្នុងប្រទេសអូស្រ្តាលីត្រូវបានក្រសួងរ៉ែ និងថាមពលរាយការណ៍ថា កំពុងស្ថិតក្នុងដំណាក់កាលជឿនលឿននៃការត្រៀមលក្ខណៈលើគ្រប់វិស័យដើម្បីទាញយករ៉ែមាសដំបូងនៅចុងឆ្នាំនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុននៅថ្ងៃនេះ។

អណ្តូងរ៉ែមាន Renaissance Minerals មានទីតាំងស្ថិតនៅក្នុងខេត្តមណ្ឌលគីរី។

កាលពីខែកក្កដា ឆ្នាំមុន រដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ណរ៉ែឧស្សាហកម្មដល់ក្រុមហ៊ុន ដែលមានទំហំ ១១.៥ គីឡូម៉ែត្រក្រឡានៅឯគម្រោងមាសអូក្វាវស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តមណ្ឌលគិរី។ អាជ្ញាប័ណ្ណនេះមានសុពលភាព ១៥ ឆ្នាំហើយអាចបន្តឡើងវិញបាន ១០ ឆ្នាំទៀតរហូតដល់ ២ ដងស្របតាមច្បាប់កម្ពុជា។

ក្រុមហ៊ុនក៏បានឱ្យដឹងផងដែរថា ខ្លួនបានបញ្ចប់ការតម្លើងរបងសន្តិសុខនៅជុំវិញតំបន់អភិវឌ្ឍន៍ ដោយធានាសុវត្ថិភាពដល់បុគ្គលិក ភ្ញៀវទេសចរ និងសត្វព្រៃ។

ក្រុមហ៊ុន បានឱ្យដឹងថា ការសាងសង់ស្ពាន ៣៥ ទម្ងន់តោនឆ្លងទន្លេព្រែកទេ ធ្វើឱ្យប្រសើរឡើងដល់ផ្លូវជនបទដែលមានស្រាប់ និងការសាងសង់ផ្លូវថ្មីដែលបានគ្រោងទុកដែលនឹងអនុញ្ញាតឱ្យចូលដល់ទីនោះពេញមួយឆ្នាំ។

កាលពីខែមិថុនា ក្រុមហ៊ុន Emerald បានប្រកាសថា ខ្លួនបានចូលទៅក្នុងគណៈកម្មាធិការវិនិយោគដែលបានយល់ព្រមរយៈពេល ១០ ឆ្នាំជាមួយក្រុមហ៊ុន Sprott ដើម្បីផ្តល់ប្រាក់ ៦០ លានដុល្លារសម្រាប់ប្រើប្រាស់ក្នុងគម្រោងហិរញ្ញប្បទានដល់គម្រោងរ៉ែមាសអូក្វាវ។ កន្លែងដែលមានទឹកប្រាក់រហូតដល់ ១០០ លានដុល្លារត្រូវបានស្គាល់ថាជា“ការទិញយក និងកន្លែងអភិវឌ្ឍន៍” ក៏នឹងត្រូវបានផ្តល់ផងដែរ ដើម្បីផ្តល់មូលនិធិសម្រាប់ឱកាសអភិវឌ្ឍ និងការទិញនាពេលអនាគតដែលត្រូវបានកំណត់អត្តសញ្ញាណដោយក្រុមហ៊ុន Emerald និងយល់ព្រមជាមួយក្រុមហ៊ុ Sprott៕

កម្ពុជានឹងរៀបចំបណ្តាខេត្តមួយចំនួនឱ្យទៅជាតំបន់បច្ចេកវិទ្យានាំមុខបម្រើប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា បាន និងកំពុងពិចារណាក្នុងការបែងចែកនូវចំណែកតំបន់ ដោយជ្រើសយកខេត្តដែលមានសក្ដានុពល និងអាទិភាពចាត់បញ្ចូលទៅក្នុងផ្នែកសំខាន់ៗចំនួន៤ ដើម្បីធ្វើពិពិធកម្ម និងបង្កើនលទ្ធភាពក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិតាមរយៈការអនុវត្តបែបបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍។

រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម បច្ចេកទេស វិទ្យាសាស្ត្រ និងនវានុវត្តន៍ លោក ហេង សុខគង់ បានមានប្រសាសន៍នៅក្នុងពិធីសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងអនុវត្តទិសដៅបន្ត នៅទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីពេលកន្លងទៅថ្មីៗនេះថា បច្ចុប្បន្ន កម្ពុជាកំពុងតែសិក្សាយ៉ាងលម្អិតទៅលើការកំណត់ និងសម្រេចជ្រើសយកខេត្តមួយចំនួនដាក់ជាតំបន់ពិសេសក្នុងការបង្កើនលទ្ធភាព និងអភិវឌ្ឍន៍ ស្របតាមយុគសម័យជំនាន់ទី៤ ដោយបច្ចេកទេសទំនើបសម័យឌីជីថល។

លោក ហេង សុខគង់ បានមានប្រសាសន៍ថា “យើងក៏មានការរៀបចំជាតំបន់នៅតាមបណ្តាខេត្តមួយចំនួននៅទូទាំងប្រទេស ពីព្រោះយើងមិនអាចអភិវឌ្ឍន៍បច្ចេកវិទ្យា វិទ្យាសាស្ត្រ ទៅគ្រប់ទាំង២៥ខេត្តក្រុងព្រមគ្នាតែម្ដងនោះទេ”។ លោកបានបន្តទៀតថា “យើងនឹងពិនិត្យទៅលើសក្ដានុពលនៃខេត្តណាដែលមានអាទិភាពគួរធ្វើមុនគេ ហើយខេត្តណាដែលយើងគួរដាក់ជាសួនវិទ្យាសាស្ត្រ ខេត្តណាស័ក្ដិសមជាសួនឧស្សាហកម្ម ខេត្តណាស័ក្ដិសមជាសួននវានុវត្តន៍ ខេត្តណាស័ក្ដិសមជាសួនឌីជីថល ដែលសុទ្ធតែស្ថិតនៅក្នុងការគិតពិចារណានៃការបែងចែកទាំងអស់” ។

លោក ហេង សុខគង់ បានមានប្រសាសន៍បន្តទៀតថា “ខេត្តព្រះសីហនុ ច្បាស់ណាស់ថានឹងមានអាទិភាពមុនគេ ដោយសារតែខេត្តនេះស្ថិតនៅក្រោមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ប៉ុន្តែយើងមានការបែចែកជាតំបន់ មានន័យថា មិនមែនមានតែខេត្តមួយនេះទេ ពោលគឺមានការជ្រើសរើសចាប់ពី៤ខេត្ត ឬ៥ខេត្ត ហើយនឹងត្រូវរៀបចំជាមួយប្លុក ជាតំបន់សហគ្រាសធុនតូច និងមធ្យម (SME Zoon) ដូចជា ខេត្តកំពង់ចាម ត្បូងឃ្មុំ ដែលសម្បូរដោយចំការកៅស៊ូ ខេត្តកណ្តាល កំពង់ឆ្នាំង បាត់ដំបង និងខេត្តបន្ទាយមានជ័យ សម្បូរទៅដោយដំណាំស្រូវ ថាតើគួរធ្វើតំបន់ទាំងនេះយ៉ាងណា ដើម្បីជួយលើកកម្ពស់ខ្សែសង្វាក់ផលិតកម្មឱ្យកាន់តែវែង អាចកែច្នៃក្នុងការផលិតឱ្យអស់លទ្ធភាព ដែលទទួលបានចំណេញកាន់តែខ្ពស់ អាចធានាបាននូវវឌ្ឍនភាពនៃភាពរកចម្រើនរបស់កម្ពុជាទៅថ្ងៃអនាគត់”។

ជាមួយនឹងការលើកឡើងពីគម្រោងនៃការជ្រើសរើសបណ្តាខេត្តនានានៅទូទាំងប្រទេស កម្ពុជាក៏មានគម្រោងកែប្រែវិស័យឧស្សាហកម្ម ជាពិសេសវិស័យរោងចក្រឱ្យក្លាយទៅជាបែបទំនើបកម្ម (Smarty Factory) ស្របតាមយុគសម័យជំនាន់ទី៤ ដែលរាល់ដំណើរដោយសង្វាក់ផលិតកម្ម ប្រាកដទទួលបាននូវគុណភាព សុវត្ថិភាព និងបរិស្ថានល្អ នៅក្នុងរោងចក្រមានពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់ មិនប៉ះពាល់ដល់បុគ្គលិក កម្មករ មានហានិភ័យតិច លទ្ធភាពផលិតមានសមត្ថភាពខ្ពស់។

រដ្ឋាភិបាលចិនបន្តផ្តល់ជំនួយជាសម្ភារៈប្រយុទ្ធប្រឆាំងជំងឺ Covid-19 ចំនួន ១៦ តោន ដល់ភាគីកម្ពុជា

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលចិនតាមរយៈក្រសួងការពារជាតិសធារណៈមានិតចិនបានបន្តផ្តល់ជំនួយជាសម្ភារៈវិជ្ជសាស្ត្រចំនួន ១១ មុខ ស្មើនឹង ១៦ តោនសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជា ខណៈជំងឺមួយនេះ បាននឹងកំពុងរាតត្បាត និងកំពុងព្រួយបារម្ភជាសកល។

លោក ស៊ុ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជានៅបានប្រាប់អ្នកសារព័ត៌មានក្រោយពិធីប្រគល់-ទទួលនូវជំនួយនាថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២០ នៅឯព្រលានយន្តហោះអន្តរជាតិកម្ពុជាអន្តរជាតិភ្នំពេញឱ្យដឹងថា រហូតមកដលពេលនេះ ភាគីចិនតាមរយៈក្រសួការពារជាតិនៃប្រទេសចិនមកដល់ភាគីកម្ពុជាចំនួន ៣ លើកចាប់តាំងពីខែមីនាកន្លងមកនេះ មានទាំងអ្នកជំនាញព្យាបាលជំងឺកូវីដ ១៩ ចំនួន ៤ រូបផងដែ។

លោកបន្តថា ជំនួយទាំងនេះ មានសំខាន់ខ្លាំងណាស់ក្នុងការប្រយុទ្ធប្រឆាំជំងឺកូវីដ ១៩ ដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា ហើយការផ្តល់ជំនួយរបស់ភាគីចិនមកដល់កម្ពុជាបានឆ្លុះបញ្ចាំងពីចំណងមិត្តភាពរវាងកម្ពុជា-ចិន ដែលមានទំនាក់ទំនងគ្រប់ជ្រុងជ្រោយ។
លោកបន្ថែមទៀតថា ម្យ៉ាងវាបានឆ្លុះបញ្ចាំនូវ ជាទឹកចិត្តនៃកងទ័ពរបស់ប្រទេសចិន មកលើកងទ័ពកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជាផងដែរ។

តំណាងកងទ័ពនៃប្រទេសចិន បានឱ្យដឹងថា ការផ្តល់ជំនួយជាសម្ភារៈជាវិជ្ជសាស្ត្រដល់កងទ័ពកម្ពុជានាពេលនេះ គឺ ដោយសារតែកម្ពុជា-ចិនមានទំនាក់ទំនងយ៉ាងស៊ីជម្រៅរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ លោកបន្តថា ប្រទេសទាំងពីរមានការជួយគ្នាទៅវិញមក ក្នុងគ្រាដែលលំបាក មិនត្រឹមតែប៉ុណ្ណោះប្រទេសកម្ពុជា និងចិនជាបងប្អូន និងមិត្ដដែកថែប ដែលមិនខ្វះគ្នា។

លោកបន្ថែមទៀតថាចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ ១៩ មក ប្រទេសទាំងពីរតែងតែមានទំនាក់ទំនងគ្នាយ៉ាងល្អប្រសើរនិងជួយគ្នាទៅវិញមក ក្រោមការដឹកនាំនៃប្រទេសទាំងពីរ។

រដ្ឋាភិបាលចិនចាប់តាំងពីមានកាផ្ទុះឡើងនូវជំងឺកូវីដ ១៩ មិនត្រឹមតែផ្តល់ជំនួសជាសម្ភារៈវិជ្ជសាស្ត្រជូនដល់ក្រសួងការពារជាតិកម្ពុជានោះទេ ថែមទាំងបានផ្តល់ជំនួសជាសម្ភារៈជាច្រើនតោនដល់ក្រសួងសុខាភិបាល និងស្ថាប័នរដ្ឋនានាដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលនូវជំងឺកូវីដ ១៩ នៅក្នុងប្រតេសកម្ពុជា៕

រដ្ឋាភិបាលកំពុងរៀបចំប្លង់មេនិងប្លង់ប្រើប្រាស់ដីឆ្នេរអូរត្រេសនិងកោះ៧នៅដែនសមុទ្រ

ដោយគង់ សូរិយា

ព្រះសីហនុៈ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បាននិងកំពុងរៀបចំប្លង់គោលប្រើប្រាស់ដី ដើម្បីជំរុញការអភិវឌ្ឈនៅតាមបណ្តាកោះនានា មួយចំនួននៅខេត្តព្រះសីហនុ ពិសេសតំបន់សមុទ្រនៃខេត្តជាប់មាត់សមុទ្រទាំង៤របស់កម្ពុជា។


យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រសួងនេះ ដែលបានចេញផ្សាយក្នុងអង្គសន្និបាតរបស់ខ្លួនកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ក្រសួងនឹងជំរុញការរៀបចំជំរុញការអនុម័តប្លង់មេឆ្នេរគំរូអូរត្រេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងប្លង់មេប្រើប្រាស់ដីធ្លីនៅតាមបណ្តាកោះចំនួន៧ទៀត ដូចជា កោះឬស្សី កោះក្របី ខេត្តព្រះសីហនុ។ កោះគី កោះសេះ ខេត្តកំពត កោះទន្សាយ ស្ថិតក្នុងខេត្តកែប និងកោះអំពិលទាំងបីនិងកោះឈ្មោះពុសារកណ្តាល ស្ថិតក្នុងខេត្តកោះកុង។

រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអនុម័តរួចផងដែរ នូវប្លង់គោលរាជធានី ក្រុងចំនួន៦ នៅកម្ពុជា។

លោកបណ្ឌិតវ៉ាន់ វ៉ាតអ្នកឯកទេសផ្នែកនគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា ការរៀបចំប្លង់គោល ប្រើប្រាស់ដីធ្លីមានសារៈសំខាន់ណាស់ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងជំរុញផែនការអភិវឌ្ឍន៍ឲ្យចំទិសដៅ មានសណ្តាប់ធ្នាប់របៀបរៀបរយ និងដើម្បីធ្វើការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

លោកបន្តថាប្លង់គោលប្រើប្រាស់ដីធ្លី ក៏នឹងរៀបចំឲ្យមានហេដ្ឋារចនាសម្ព័ន្ឋសមស្រប ដើម្បីធ្វើយ៉ាងណាឲ្យការអភិវឌ្ឍន៍នៅតំបន់នោះមានភាពបៃតង ប្រកបដោយសុខ ពិសេសសំដៅលើកកំពស់សុខមាលភាព និងសេដ្ឋកិច្ចសង្គមបានល្អប្រសើរ


ខេត្តកំពង់ឆ្នាំងនឹងមានរោងចក្រផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ទំហំ៤០មេហ្គាវ៉ាត់ថ្មីមួយ

ដោយវុត្ថា

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពលបានឱ្យដឹងថា ក្រសួងបាននឹងកំពុងដាក់ឱ្យមានការដេញថ្លៃ នូវគម្រោងវិនិយោគថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យថ្មីមួយ (Solar Energy System) ក្នុងទំហំ៤០មេហ្គាវ៉ាត់មួយកន្លែង នៅក្នុងខេត្តកំពង់ឆ្នាំង ទោះកម្ពុជាកំពុងប្រឈមនូវផលប៉ះពាល់ នៃការរីករាលនៃជំងឺកូវីដ១៩ក៏ដោយ។


លោកវិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល បានប្រាប់គេហទំព័រ propertyarea.asia កាលពីកន្លងមកថ្មីៗនេះថា កម្ពុជាកំពុងដាក់ឱ្យមានការដេញថ្លៃគម្រោងវិនិយោគ ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យសូឡា នៅក្នុងខេត្តកំពង់ឆ្នាំង តែរហូតមកដល់ពេលនេះ មិនទាន់ដឹងពីទំហំនៃការដេញថ្លៃនៅឡើយទេ ព្រោះវាងអាស្រ័យលើកការដាក់តម្លៃដែលលក់អោយអាជ្ញាធរអគ្គិសនីកម្ពុជា(EDC)

លោកបន្តថា គម្រោងវិនិយោគនេះ មានទំហំប្រមាណ៤០មេហ្គាវ៉ាត់ រួមជាមួយដីខ្លួនឯង និងខ្សែភ្លើង បូករួមទាំងអស់ ហេដ្ឋារចនាសម្ព័ន្ធល្អអាចថា មានតម្លៃខ្ពស់ជាងប្រមាណ៣,៨០សេនដុល្លារក្នុងមួយគីឡូវ៉ាត់ម៉ោងក្នុងការដាក់ដេញថ្លៃ

រដ្ឋាភិបាលបាននឹងកំពុងយកចិត្ដទុកដាក់យ៉ាងខ្លាំង លើបញ្ហាអគ្គិសនីនាពេលបច្ចុប្បន្ននេះ ខណៈដែលពេលកន្លងមកនេះ កម្ពុជាបានជួបប្រទះនូវបញ្ហាខ្វះខាតការផ្គត់ផ្គង់ ដោយសារការប្រើប្រាស់មានការកើនឡើង រួមជាមួយនឹងការរីងហួតអាងទឹកវារីអគ្គិសនីជាដើម ដែលបានធ្វើឲ្យអគ្គិសនីកម្ពុជា សម្រេចធ្វើការដាច់ផ្ដាច់ចរន្ដអគ្គិសនីពីតំបន់មួយទៅផ្គត់ផ្គង់តំបន់មួយ ដើម្បីចែករំលែកនៃការប្រើប្រាស់។

យ៉ាងណាក៏ដោយ រដ្ឋាបាលកម្ពុជាបានសន្យាថា នឹងមិនឲ្យមានបញ្ហាទាំងនេះកើតឡើងម្ដងទៀតឡើយចាប់ពីឆ្នាំ២០២០តទៅ ដោយរដ្ឋាភិបាលបានលើកទឹកចិត្ដដល់ក្រុមហ៊ុននានា ធ្វើការវិនិយោគលើការផលិតថាពលអគ្គិសនីទាំងវារីអគ្គិសនី ស្ថានីផលិតថាពលដើរដោយពន្លឺព្រះអាទិត្រ ធ្យូថ្ម ក៏ដូចជាទិញនូវម៉ាស៊ីនភ្លើងខ្នាតយក្សផងដែរ ដើម្បីធានាឲ្យបាននូវការផ្គត់ផ្គង់នេះ។


បើតាមលោក វិចទ័រ ហ្សូនា នៅក្នុងដើមឆ្នាំ ២០២០នេះ រដ្ឋាភិបាលបានអនុម័តគម្រោងវិនិយោគ លើការសាងសង់រោងចក្រអគ្គិសនីថ្មីចំនួន៣ ដែលមានទុនវិនិយោគប្រមាណ១,៧០០លានដុល្លារ រួមមាន ទី១ គម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្ម២៦៥មេហ្កាវ៉ាត់ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ទី២ គម្រោងខ្សែបណ្ដាញ២៣០គីឡូវ៉ុល ភ្ជាប់ពីរោងចក្រអគ្គិសនី ស្រុកត្រពាំងប្រាសាទ មកអនុស្ថានីយខាងកើតសៀមរាប និងទី៣ គម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព៧០០មេហ្កាវ៉ាត់នៅស្រុកបុទុមសាគរ ខេត្តកោះកុង។

រដ្ឋាភិបាលបញ្ជាក់ថា ការអនុញ្ញាតឱ្យមានការវិនិយោគ លើវិស័យអគ្គិសនីយ៍នេះបន្ថែមទៅក្នុងផែនការមេឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ ដើម្បីបំពេញឲ្យបានគ្រប់គ្រាន់នូវប្រភពអគ្គិសនី សម្រាប់ផ្គត់ផ្គង់ឲ្យសេចក្តីត្រូវការអគ្គិសនីពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៤៕

ក្រុមហ៊ុន Oxley ចាប់ផ្តើមនីតិវិធីផ្លូវច្បាប់ចំពោះអតីតក្រុមហ៊ុនម៉ៅការលើគម្រោងអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា

ដោយ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុន Oxley Gem (Cambodia) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ OXLEY Holdings ពីដើមខែមេសាបានចាប់ផ្តើមនីតិវិធីផ្លូវច្បាប់ ជាផ្លូវការនៅប្រទេសសិង្ហបុរី ចំពោះអតីតក្រុមហ៊ុនម៉ៅការ Sino Great Wall Engineering (SGW)របស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់គេទំព័រព័ត៌មាន Business Times នៅថ្ងៃនេះ។


អ្នកអភិវឌ្ឍន៍អចលនទ្រព្យ Oxley Holdings បានឱ្យដឹងនៅក្នុងឯកសារមួយកាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលម៉ិញថា នេះគឺដើម្បីស្វែងរកសំណង ពីក្រុមហ៊ុនSGW សម្រាប់ការខូចខាតទាំងអស់ ដែលបានរងគ្រោះដោយសារការបំពានម្តង ហើយម្តងទៀតនូវកាតព្វកិច្ចក្នុងកិច្ចសន្យា។

ក្រុមហ៊ុនSGW គឺជាអ្នកម៉ៅការដ៏សំខាន់ សម្រាប់គម្រោងThe Peak ដែលជាគម្រោងអភិវឌ្ឍន៍ចម្រុះកម្ពស់៥៥ជាន់នៅកម្ពុជា។

កាលពីខែកុម្ភះឆ្នាំនេះ ក្រុមហ៊ុនOxley Gemបានឱ្យដឹងថា ក្រុមហ៊ុនកំពុងមានគំរោងស្វែងរកសំណងសម្រាប់ការខូចខាត ចំពោះការពន្យាពេលគម្រោង ទៅលើក្រុមហ៊ុន SGW ក្រុមហ៊ុន Oxley Gem បានអំពាវនាវដល់ការងារទាំងពីរ ដែលផ្តល់ដោយក្រុមហ៊ុន SGWសម្រាប់គម្រោងនេះ ហើយបានបញ្ចប់កិច្ចសន្យារបស់ពួកគេ នៅខែតុលាឆ្នាំ ២០១៩។

កាលពីពាក់កណ្តាលខែមីនាឆ្នាំ ២០២០ ក្រុមហ៊ុន SGW បានដាក់ពាក្យស្នើសុំទៅតុលាការកម្ពុជា ដើម្បីឲក្រុមហ៊ុនOxley Gem  ពន្យាពេលការងារលើគម្រោង The Peak ដែលក្រុមហ៊ុន Oxley Gem បានបង្ហាញពីព្រហស្បតិ៍កន្លងមកនេះ។

ទោះជាយ៉ាងណា សវនាការនោះមិនត្រូវបានកំណត់ពេលវេលា ទៅថ្ងៃណាមួយនៅអនាគត ដែលនឹងត្រូវបានកំណត់ដោយតុលាការកម្ពុជា បន្ទាប់ពីក្រុមហ៊ុន SGW មិនបានចូលរួមសវនាការសម្រាប់ការដាក់ពាក្យសុំដោយខ្លួនឯង។

ក្រុមហ៊ុន Oxley Holdings បានឱ្យដឹងថា ក្រុមហ៊ុន Oxley Gem ត្រូវបានណែនាំដោយមេធាវីរបស់ខ្លួនថា ក្រុមហ៊ុនSGW គ្មានមូលដ្ឋានសម្រាប់ពាក្យសុំរបស់ខ្លួនទេ ហើយកំពុងស្វែងរកការបដិសេធពាក្យសុំរបស់ក្រុមហ៊ុន SGW


ក្រុមហ៊ុនSGW ត្រូវបានបណ្តេញចេញពីទីតាំងគម្រោង ដោយមានប្រសិទ្ធិភាពចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ បន្ទាប់ពីក្រុមហ៊ុនOxley Gem ទទួលបានដីកាបញ្ជាពីតុលាការកម្ពុជា ដូចដែលខ្លួនបាននិយាយថា ក្រុមហ៊ុន SGW បដិសេធមិនចាកចេញពីទីតាំងនោះ ហើយកាន់កាប់ដោយខុស។ នេះបណ្តាលឱ្យមានការពន្យារពេលបន្ថែមទៀត ដោយសារអ្នកម៉ៅការថ្មីមិនអាចចាប់ផ្តើមការងារបាន។

ក្រុមហ៊ុន Oxford Holdings បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុន SGW បានព្យាយាមជំទាស់នឹងដីការបណ្តេញចេញនេះ ប៉ុន្តែតុលាការកម្ពុជាបានច្រានចោលការជំទាស់នេះ។ ដូច្នេះដីកាបណ្តេញចេញនៅតែមានប្រសិទ្ធិភាព។

អ្នកអភិវឌ្ឍន៍ដែលបានចុះបញ្ជីខាងលើបានបន្ថែមទៀតថា អ្នកម៉ៅការសាងសង់ថ្មីរបស់ខ្លួនឈ្មោះ ក្រុមហ៊ុនChina Railway Urban Construction Group បានចាប់ផ្តើមធ្វើការលើគម្រោង The Peak ហើយការស្ថាបនា បានចាប់ផ្តើមដំណើរការឡើងវិញដោយរលូន។

ក្រុមហ៊ុនOxley Holdings បានកត់សម្គាល់ថា បច្ចុប្បន្ននេះ មិនមាននីតិវិធីច្បាប់ណាមួយខាងលើនេះ មានឥទ្ធិពលលើវឌ្ឍនភាពនៃគម្រោងនោះទេ។ការសាងសង់គ្រោងនឹងបញ្ចប់ ចាប់ពីពាក់កណ្តាលឆ្នាំ២០២០ ដល់ឆ្នាំ ២០២១៕

ចំណេះដឹង! នៅពេលដែលអ្នកទទួលរងនូវទោសទណ្ឌឬការឃាត់ទំនិញ តើអ្នកត្រូវធ្វើដូចម្តេច ?

ដោយវុត្ថា

ភ្នំពេញៈ បុគ្គលដែលទទួលរងនូវទោសទណ្ឌ ឬការឃាត់ទុកនូវទំនិញ មធ្យោបាយដឹកជញ្ជូនឬវត្ថុផ្សេងទៀត អាចតវ៉ាជាលាយល័ក្ខណ៍អក្សរ ទៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងកំឡុងពេលសាមសិប (៣០) ថ្ងៃ ក្រោយពីទទួលបានសេចក្តីជូនដំណឹង ឬការឃាត់ទុក ដោយបញ្ជាក់ពីមូលហេតុនៃការតវ៉ា និងតម្កល់និមុត្តិធានា។


យោងតាមឯកសារអគ្គនាយកដ្ឋានគយ និងរដ្ឋករបានឱ្យដឹងថា លោកអ្នកត្រូវមានលិខិតសុំតវ៉ា និងត្រូវមានព័ត៌មានដូចតទៅ៖

  នាម អាសយដ្ឋាន និងហត្ថលេខារបស់បុគ្គលដែលតម្កល់ការតវ៉ា

  សេចក្តីលំអិតនៃកំណត់ហេតុបទល្មើសគយ ឬកំណត់ហេតុឃាត់ទុកបណ្តោះអាសន្ន រាប់បញ្ចូលទាំងសេចក្តីថតចម្លងកំណត់ហេតុទាំងនេះ។

  សេចក្តីពន្យល់អំពីមូលហេតុនៃការតវ៉ា

ប្រសិនបើអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនព្រមតាមការតវ៉ាទេ បុគ្គលដែលបានដាក់ពាក្យតវ៉ា មានសិទ្ធិតវ៉ាទៅស្ថាប័នមានសមត្ថកិច្ច រាប់បញ្ចូលទាំងតុលាការមានសមត្ថកិច្ច ចំពោះការសម្រេចរបស់អគ្គនាយកគយ និងរដ្ឋាករកម្ពុជា។

ការតវ៉ានេះ ត្រូវធ្វើឡើងក្នុងរយៈពេលសាមសិប (៣០) ថ្ងៃ បន្ទាប់ពីបានទទួលសេចក្តីសម្រេចពីអគ្គនាយកគយនិងរដ្ឋាករកម្ពុជា៕

ផ្លូវជាតិលេខ ៥១ កំពុងតែទាក់ទាញចំណាប់អារម្មណ៍ពីអ្នកសាងសង់លំនៅដ្ឋានលក់កាន់តែច្រើន

ដោយ ហ្សូលី

កំពង់ស្ពឺ៖ ផ្លូវជាតិលេខ ៥១ ដែលជាផ្លូវក្រវ៉ាត់ក្រុងទី ៣ ស្ថិតនៅមិនជាយទីក្រុងភ្នំពេញ កំពុងមានការវិនិយោគយ៉ាងផុសផុលស្ទើរគ្រប់វិស័យ ក្នុងនោះមានគម្រោងបុរីលំនៅដ្ឋានច្រើន ដែលសម្រុកទៅវិនិយោគនៅតំបន់ពោរពេញដោយសក្តានុពលនោះ។ នេះបើតាមឱ្យដឹងពីអ្នកជំនាញផ្នែកអចលនទ្រព្យ។

លោក ម៉ន សុខា អ្នកជំនាញអចលនទ្រព្យនិងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ UTrust បានមានប្រសាសន៍កាលពីថ្មីៗនេះថា ស្ថានភាពផ្លូវជាតិលេខ៥១ ពីផ្សារឧត្តុង្គ ដល់ផ្សារថ្នល់ទទឺង គឺជាតំបន់មានសក្តានុពលខ្លាំងមែនទែន។ តំបន់នេះកំពុងមានការវិនិយោគយ៉ាងផុសផុលទៅលើគម្រោងមួយចំនួនដូចជាបុរី ដែលកាលពីមុនមិនមានច្រើនទេ ប៉ុន្តែឥលូវសង្កេតឃើញថា មានច្រើន ដែលនៅម្តុំផ្សារឧត្តុង្គ និងបាត់ដឹង។

លោកបន្តថា ផ្លូវជាតិលេខ ៥១នេះ គឺមានកំណើនអភិវឌ្ឍយ៉ាងច្រើនដូចជា គម្រោងដីឡូតិ៍ លំនៅដ្ឋាន បុរី វីឡា រីសត ក្រុមហ៊ុនធំ និងក្រុមហ៊ុនតូចដែលនាំគ្នាទៅវិនិយោគជាហូរហែ។

បន្ថែមពីលើនេះ នៅស្របតាមបណ្តោយផ្លូវនិងជុំវិញតំបន់នោះពោរពេញដោយរោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញ ដែលមានសកម្មភាពចាក់ដីយ៉ាងគគ្រឹកគគ្រេង និងមានការសាងសង់យ៉ាងច្រើនផងដែរ។ ទោះបីជាចុះពីផ្លូវ៥១ ពី ២ ទៅ ៣គីឡូម៉ែត្រ ក៏នៅតែមានសកម្មភាពដែរ។

ចំពោះការលើកឡើងមួយទៀតពីនាយិកាប្រចាំក្រុមហ៊ុន Amaktak Property បានមានប្រសាសន៍ថា តំបន់នេះជាតំបន់ដែលមានការអភិវឌ្ឍលឿន មិនថាជាប្រភេទបុរីលំនៅដ្ឋាន ដីឡូតិ៍ គឺហក់ទៅម្តុំនោះច្រើន។ សូម្បីតែរោងចក្រ ឧស្សាហកម្មក៏ទៅដូចគ្នាដែរ ប៉ុន្តែទើបតែមួយរយៈក្រោយនេះរាងមានសភាពស្ងាត់បន្តិច ប៉ុន្តែមិនមែនតែតំបន់នោះទេ គឺគ្រប់តំបន់តែម្តង ដោយសារតែការរាតត្បាតជម្ងឺឆ្លង Covid-19 នេះឯង។ ទោះជាយ៉ាងណាតំបន់នោះគឺនៅតែមានចរន្តសេដ្ឋកិច្ចចេញចូលជាលំដាប់ដែលភ្ជាប់គ្នាទៅដល់ផ្លូវជាតិលេខ ៤ ខាងព្រះសីហនុ។

ដោយសារតែកត្តាភូមិសាស្រ្តល្អគ្រប់វិស័យ រួមជាមួយឱកាសវិនិយោគមានផលចំណេញខ្ពស់នៅពេលអនាគតនេះហើយ ទើបបានជាបុរី អូរ៉ូរ៉ា ស៊ីធី (Aurora City) ដែលជាបុរីលំនៅដ្ឋានមានស្តង់ដាររចនាបថអូស្រ្តាលី សម្រេចទៅបង្កើតគម្រោងទី ២ នៅស្របមាត់ផ្លូវជាតិលេខ ៥១ បន្ទាប់ពីទទួលបានជោគជ័យយ៉ាងខ្លាំងនៅគម្រោងទី ១ ក្នុងតំបន់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បុរីអូរ៉ូរ៉ាស៊ីធី Aurora City មានជាប្រភេទលំនៅដ្ឋានដែលអាចប្រកបអាជីវកម្មក៏បាន និងជាលំនៅដ្ឋានសម្រាប់រស់នៅយ៉ាងមានផាសុកភាពថែមទៀតផង។ បុរីបានគិតគូរយ៉ាងល្អិតល្អន់ទៅលើសុខុមាលភាពអតិថិជន ដូចជាមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានារួមមាន ផ្លូវថ្នល់ ប្រព័ន្ធធារាស្រ្ត អគ្គិសនីនិងទឹក មានបណ្តាញលូជីកជ្រៅ ដែលមិនបង្ករឱ្យមានការស្ទះឬលិចនៅថ្ងៃអនាគត។ ជាពិសេស គុណភាពសំណង់វិញធានាជូននូវភាពរឹងមាំ មិនបណ្តាលឱ្យប្រេះ ស្រាំ ឬជ្រាបទឹកនៅថ្ងៃមុខឡើយ។

កាន់តែពិសេស បុរី អូរ៉ូរ៉ា ស៊ីធី កំពុងមានប្រូម៉ូសិនយ៉ាងពិសេសបញ្ចុះតម្លៃដល់ទៅ ៩% ជូនដល់អតិថិជនដែលកំពុងស្វែងរកលំនៅដ្ឋានប្រណីត រាល់អតិថិជនធ្វើការបង់ផ្តាច់ និងទទួលបានការបញ្ចុះតម្លៃយ៉ាងសន្ធឹកសន្ធាប់នេះភ្លាមៗតែម្តង។ អាសយដ្ឋានរបស់បុរី អូរ៉ូរ៉ា ស៊ីធី គម្រោងឧត្តុង្គ ស្ថិតនៅជាប់ផ្លូវជាតិលេខ 51 ភូមិក្បាលអូរ ឃុំព្រះស្រៃ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ដើម្បីសាកសួរព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរសព្ទ 012 222 016/ 017 222 069/ 017 222 099៕