ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ខណ្ឌដង្កោនៅតែបន្តមានប្រជាប្រិយភាព និងមានការទិញ-លក់ជាធម្មតា ដែលមិនថមថយដូចនៅតាមបណ្តាខណ្ឌមួយចំនួនទៀតក្នុងរាជធានីភ្នំពេញនោះទេ ជាពិសេសសកម្មភាពនៃការអភិវឌ្ឍន៍របស់ក្រុមមួយចំនួននៅតែបន្តសាងសង់យ៉ាងមមាញឹក។
នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០នេះថា ទីផ្សារដីធ្លីនៅក្នុងខណ្ឌដង្កោដែលស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញនៅតែមានតម្រូវការដដែល។
លោកស្រីបានបញ្ជាក់ថា “ខណ្ឌដង្កោមានល្ខណៈពិសេសជាងបណ្តាខណ្ឌមួយចំនួនទៀតដែលស្ថិតនៅជុំវិញក្រុង ដោយសារតែតែក្រៅពីមានបណ្តាញហេដ្ឋារចនាសម្ព័ន្ធដែលវិនិយោគឡើងដោយរាជរដ្ឋាភិបាល រួមជាមួយនឹងវិស័យឯកជន គឺនៅមានគម្រោងអភិវឌ្ឍន៍ធំៗជាច្រើនទៀត ដែលក្នុងនោះរួមមានការអភិវឌ្ឍក្នុងវិស័យលំនៅដ្ឋានកម្រិតមធ្យម កម្រិតលើមធ្យម ជាពិសេសគម្រោងអភិវឌ្ឍន៍ផ្សារទំនើប និងមណ្ឌលពាណិជ្ជកម្មកម្រិតអន្តរជាតិជាច្រើនទៀត”។
លោកស្រីបន្តថា “នៅក្នុងខណ្ឌនេះមានការកើនឡើងនៃចំនួនប្រជាជន មិនមែនមានតែនៅក្នុងខណ្ឌដង្កោនេះមួយនោះទេ គឺវាមានការកើនឡើងស្ទើរតែគ្រប់ខណ្ឌ ប៉ុន្តែអ្វីដែលធ្វើឱ្យខណ្ឌនេះមានតម្រូវការស្នាក់នៅច្រើន រហូតមានការចូលខ្លួនមកអភិវឌ្ឍន៍ សំណង់បុរីជាច្រើន ដោយសារតែខណ្ឌនេះ មានវិសាលភាពធំទូលាយងាយស្រួលក្នុងការអភិវឌ្ឍន៍ ជាពិសេសតម្លៃដីធ្លីនៅមានកម្រិតនៅឡើយ ដែលវាជាការផ្តល់ឱកាសសម្រាប់បណ្តាអ្នកវិនិយោគ” ។
ស្រដៀងគ្នានឹងការលើកឡើងខាងលើនេះ លោកឧកញ៉ា តេង រិទ្ធី អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ R Investment Group ធ្លាប់បានមានប្រសាសន៍ថា ដង្កោ គឺជាខណ្ឌងាយស្រួលក្នុងការអភិវឌ្ឍន៍ ព្រោះខណ្ឌនេះមានសណ្ឋានដី និងអំណោយផលល្អច្រើន ម្យ៉ាងទៀត ភូមិសាស្ត្រនេះមានទីតាំងស្ថិតនៅជិត ទីប្រជុំជននៃរាជធានីភ្នំពេញ ដែលជាបណ្តុំនៃមណ្ឌលពាណិជ្ជ ហើយវាក៏មានភាពងាយស្រួល ក្នុងការពង្រីកខ្លួនទៅដល់ស្រុកកណ្ដាលស្ទឹង ដែលឃុំមួយចំនួនស្ថិតក្នុងស្រុកមួយនេះ ត្រូវបានកាត់ចូលមកក្នុងខណ្ឌដង្កោ។
លោកឧកញ៉ាបន្តថា លើសពីនេះទៅទៀត ក្រៅពីមានទំនោរទៅលើទីផ្សារលំនៅដ្ឋាន ខណ្ឌដង្កោ ក៏មានសួនឧស្សាហកម្មមួយចំនួននៅទីនោះផងដែរ រហូតត្រូវបានគេចាត់ទុកថា ជាតំបន់មានការអភិវឌ្ឍចម្រុះ។ ម្យ៉ាងទៀត ចំពោះទិសដៅនៃការអភិវឌ្ឍន៍នាពេលអនាគត វានឹងឆ្ពោះទៅរកតំបន់ជាយក្រុង ដែលស្ថិតនៅជុំវិញរាជធានីភ្នំពេញចម្ងាយប្រមាណ៣០គីឡូម៉ែត្រ ព្រោះបច្ចុប្បន្នតំបន់កណ្ដាលក្រុងភ្នំពេញ ស្ទើរតែអស់ដីក្នុងការអភិវឌ្ឍគម្រោងលំនៅឋានទៅហើយ ដែលធ្វើឱ្យអចលនវត្ថុកាន់តែមានតម្លៃខ្ពស់។
បច្ចុប្បន្ន គម្រោងធំៗដែលកំពុងបង្កើនភាពទាក់ទាញនៅភាគខាងត្បូងរាជធានីភ្នំពេញ ដែលស្ថិតនៅតំបន់ផ្លូវ៦០ម៉ែត្រ គឺនៅមានគម្រោងអភិវឌ្ឍន៍ក្រុងដ៏ធំរបស់ ING City បន្ថែមពីលើគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ប៉េង ហួត ក្រុមហ៊ុន ជីបម៉ុង រួមជាមួយនឹងគម្រោងបុរីកម្រិតមធ្យមជាច្រើនទៀតដែលស្ថិតនៅក្បែរផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣ ជាពិសេសគម្រោងសាងសង់ព្រលានយន្តថ្មី ដែលកំពុងដំណើរការសាងសង់យ៉ាងមមាញឹក៕