គម្រោងរោងចក្រផលិតថង់យួរនៅខេត្តតាកែវ អាចផ្តល់ឱកាសការងារបាន ១០០០ កន្លែង

ដោយ ហ្សូលី

តាកែវ៖ គម្រោងបង្កើតរោងចក្រផលិតថង់យួរមួយគ្រប់ប្រភេទនៅក្នុងខេត្តតាកែវ ដែលអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជានៅរសៀលនេះ អាចផ្តល់ឱកាសការងារបន្ថែមដល់ប្រជាពលរដ្ឋប្រមាណជា ១០០០ កន្លែង។

គណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) បានអនុម័តចេញវិញ្ញាបនបត្រចុះបញ្ជីដល់ក្រុមហ៊ុនវិនិយោគមួយដែលត្រៀមខ្លួនបង្កើតរោងចក្រផលិតថង់យួរគ្រប់ប្រភេទ នៅរសៀលថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២០នេះ។ គម្រោងរោងចក្រនេះបោះទុនវិនិយោគប្រមាណជា ៤.១លានដុល្លារ និងជារោងចក្រដែលមានសមត្ថភាពផលិតថង់យួរគ្រប់ប្រភេទ ដែលជាថង់ការពារបរិស្ថាន។

ក្រុមហ៊ុននេះមានឈ្មោះថា Multiwin Textile (Cambodia) Co.,LTD. ដែលត្រៀមមានវត្តមាននៅក្នុងភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ និងអាចផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងតំបន់បានចំនួន ១០០០ កន្លែងបន្ថែមទៀត។

នេះគឺជាគម្រោងរោងចក្រថ្មីមួយទៀត បន្ទាប់ពីក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាទើបតែអនុម័តការចុះបញ្ជីរោងចក្រកាត់ដេរសម្លៀកបំពាក់តម្លៃជិត ៦លានដុល្លារ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងខេត្តតាកែវដូចគ្នា កាលពីថ្ងៃពុធ ទី ១៥ ខែមេសា ម្សិលមិញនេះ។

ចាប់តាំងពីដើមខែមេសា ឆ្នាំ ២០២០នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តការចុះបញ្ជីគម្រោងវិនិយោគចំនួន ១៥ហើយ ដែលមានទឹកប្រាក់សរុបដល់ទៅ ២២៥.៥លានដុល្លារ និងអាចផ្តល់ការងារដល់ប្រជាជនខ្មែរបានចំនូួន ៧,៦២០ កន្លែង។

គម្រោងបង្កើតរោងចក្រទាំងនេះគ្របដណ្តប់ទៅលើវិស័យ សម្លៀកបំពាក់ ផលិតនិងដំឡើងបន្ទះសូឡា ផលិតសម្លៀកបំពាក់ ផ្លាស្ទិច ដែក ផលិតផលកសិផល រួមទាំងហេដ្ឋារចនាសម្ព័ន្ធនានាមួយចំនួនទៀត៕

កម្មករជាង ១៥០០០នាក់ នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមសាលារៀនចំនួន ៣៧ខ្នង ស្មើនឹង៦៩៩បន្ទប់ សម្រាប់ដាក់កម្មករ-កម្មការិនីរោងចក្រ ជាង១៥០០០នាក់ ដែលទើបវិលត្រឡប់មកពីស្រុកកំណើតតាមបណ្តាខេត្តនានាបន្ទាប់ពីឈប់សម្រាកក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃតាមវិធានការចត្តាឡីស័ក្ដ។

តាមប្រភពព័ត៌មានបឋមពីមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ដើម្បីទប់ស្កាត់នូវការរីករាលដាលនៃជំងឺ Covid-19 ដែលតម្រូវឱ្យកម្មករ កម្មការិនី ដែលត្រឡប់មកពីបណ្តាខេត្តចូលមករាជធានីភ្នំពេញត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ។

ប្រភពដដែលបានបញ្ជាក់ថា សម្រាប់ការត្រៀមធ្វើចត្តាឡីស័កចំពោះកម្មករ-កម្មការិនី គឺមានធ្វើនៅតាមបណ្តាខណ្ឌនានានៅក្នុងរាជធានីភ្នំពេញ រួមមាន នៅខណ្ឌពោធិ៍សែនជ័យចំនួនប្រមាណ ៧២៥៨ នាក់, ខណ្ឌដង្កោ ប្រមាណ២៣៤១ នាក់, ខណ្ឌកំបូល ប្រមាណ១២៥១ នាក់, ខណ្ឌមានជ័យប្រមាណ ២១១៦ នាក់, ខណ្ឌសែនសុខ ប្រមាណ១០៦៨នាក់, ខណ្ឌព្រែកព្នៅ ប្រមាណ ៧៦ នាក់, ខណ្ឌច្បារអំពៅ ប្រមាណ ៨៧ នាក់, ខណ្ឌឬស្សីកែវប្រមាណ ១៣០២ នាក់, ខណ្ឌទួលគោក ប្រមាណ៧១នាក់, ខណ្ឌចំការមនប្រមាណ៩៥នាក់, ខណ្ឌដូនពេញប្រមាណ ២ នាក់ និងខណ្ឌជ្រោយចង្វារប្រមាណ ៦០ នាក់។

អគ្គលេខាធិការរងសមាគមកាត់ដេរកម្ពុជា (GMAC) កាំង ម៉ូលីកា បានសម្ដែងនូវការសោកស្តាយចំពោះទង្វើរបស់កម្មករ-កម្មការិនីមួយចំនួនដែលមិនចូលរួមគោរព និងអនុវត្តតាមការណែនាំរបស់ប្រមុខរដ្ឋាភិបាលក្នុងការដាក់បំរាមជាកំហិតចរាចរណ៍ឆ្លងខេត្តក្នុងគ្រាដែលប្រឈមនឹងការរីករាលដាលជំងឺឆ្លង Covid-19។

តាមរយៈគណនីទំនាក់ទំនងសង្គម លោក កាំង ម៉ូលីកា បានសរសេរថា “ចូលរួមសហការទេ ពេលនេះនាំគេឯងរវល់ពេញភូមិហើយ ឯណាលុយសម្រាប់ បាយ ទឹក កន្ទេល ខ្នើយ មុង ភួយ និងសម្ភារៈ បរិក្ខាពេទ្យ? អ្នកណាខ្លះត្រូវចូលរួមរៀបចំភស្តុភារ (logistics) អោយ? បាត់ប្រាក់ខែ បាត់ចំណូលទៀត ហ៊ឹម! រង់ចាំសេចក្តីណែនាំបន្ថែមទៀតពីក្រសួងការងារ”។

ជាមួយគ្នានេះ លោកក៏បានកោតសរសើរដល់បងប្អូនកម្មករផ្សេងទៀត ដែលបន្តធ្វើការជាធម្មតាពេលបុណ្យចូលឆ្នាំខ្មែរ ដែលនឹងទទួលបានថ្ងៃឈប់សម្រាកចំនួន៥ថ្ងៃជំនួសវិញផងដែរ ៕

រដ្ឋបាលក្រុងសៀមរាបប្រកាសបន្តរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យកាន់តែប្រសើរ

ដោយវុត្ថា

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសបន្តការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឆ្នាំ ២០២០ ក្នុងក្រុងសៀមរាប ឱ្យកាន់តែប្រសើរឡើង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តៀមរាបដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២០ នេះ ឱ្យដឹងថា ស្របជាមួយគ្នានេះ រដ្ឋបាលខេត្តនឹងនឹងបន្តធ្វើការជួសជុល កែលម្អផ្លូវផ្សារក្រោមចាប់ពីចំណុចបំបែកផ្លូវបៀលប្រាយដល់ផ្លូវក្រវ៉ាត់ក្រុង ។

សេចក្តីជូនដំណឹងដដែលបន្ថែមថា ដោយឡែកចំពោះនៅមុខផ្សារក្រោមកែលម្អជាចំណតរថយន្តធុនតូច និងសួនព្រមទាំងគម្រោងសាងសង់ផ្លូវក្រាលកៅស៊ូចាប់ពីផ្លូវក្រវ៉ាត់ក្រុងដល់កកែងច្រមុះជ្រូកផ្លូវជាតិលេខ ៦៣ ទៅភ្នំក្រោម កាត់តាមភូមិត្រៀក និងភូមិក្រសាំងរលើង សង្កាត់សៀមរាប។

ជាមួយគ្នានេះ ដើម្បីឱ្យដំណើរការអនុវត្តគម្រោងខាងលើមានប្រសិទ្ធភាពនិងមានភាពរលូន រដ្ឋបាលខេត្តសៀមរាបស្នើដល់អ្នកពាក់ព័ន្ធទាំងអស់ត្រូវធ្វើការរុះរើសំណង់តូប សំយាប ខឿន ខ្សាច់ ថ្ម ការ៉ូឡា ឥដ្ឋ បណ្តាញខ្សែភ្លើងដែលធ្លាក់រាយប៉ាយ សួនច្បារ សម្ភារ និងសំណង់ផ្សេងៗទាំងអស់ ព្រមទាំងបញ្ឈប់ការលក់ដូរនៅលើសួនច្បារ និងផ្លូវសាធារណៈខាងលើឱ្យអស់ក្នុងរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះជាកំហិត៕

បណ្តាខេត្តភូមិភាគឥសាន្តចំនួន៥សុទ្ឋតែស្ថិតក្នុងផែនការស្តារនិងសាងសង់ព្រលានយន្តហោះនាពេលអនាគត

ដោយ គង់ សូរិយា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបង្ហើបឲ្យដឹងថា រដ្ឋាភិបាលគ្រោងសាងសង់ព្រលានយន្តហោះនៅតាមបណ្តាខេត្តភូមិភាគឥសាន្តនាពេលអនាគត។

គំរោងស្តារឡើងវិញ និងសាងសង់ព្រលានយន្តហោះថ្មីនៃខេត្តភូមិភាគឥសាន្តរួមមាន ការស្តារឡើងវិញព្រលានយន្តហោះខេត្តស្ទឹងត្រែង មណ្ឌលគិរី រតនៈគិរី និងព្រលានយន្តហោះខេត្តព្រះវិហារ ប៉ុន្តែយ៉ាងណាគំរោងនេះសាងសង់នាពេលណា មិនទាន់កំណត់ពេលវេលាជាក់លាក់នៅឡើយទេ។

អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលលោក ស៊ិនចាន់ សេរីវុត្ថាបានថ្លែែងឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលនៅព្រឹកថ្ងៃទី១៦ ខែមេសាឆ្នាំ២០២០នេះឱ្យដឹងថា ទឹកប្រាក់វិនិយោគជាង៣០០០លានដុល្លារអាមេរិក ក្នុងការពង្រីកវិសាលភាពនៃព្រលានយន្តហោះទាំង៣ ពោលគឺហេដ្ឋារចនាសម្ព័ន្ធទាំងអស់របស់កម្ពុជា។

លោកបន្ថែមថា ទំហំទុននៃការវិយោគចំណាយ លើព្រលានយន្តនៅភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ រួមទាំងគម្រោងព្រលានយន្តហោះថ្មីៗផ្សេងទៀត អញ្ចឹងយើងគ្រោងចំណាយជាង៣០០០លានដុល្លារអាមេរិក

លោក ជា អូន រដ្ឋលេខាធិការនៃរដ្ឋលេខាធិកាអាកាសចរណ៍កម្ពុជា បានឱ្យដឹងថា  រដ្ឋាភិបាលនឹងកំពុងតែដំណើរការការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ឋអាកាសយានដ្ឋានជាតិអន្តរជាតិចំនួន៣ គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដែលគ្រប់គ្រងនិងធ្វើទំនើបកម្មអាកាសយានដ្ឋានដោយក្រុមហ៊ុន(SCA)

លោកបន្តថា  ក្រៅពីអាកាសយានដ្ឋានអន្តរជាតិយើង មានអកាសយានដ្ឋានក្នុងស្រុកមួយចំនួនទៀតដូចជា អាកាសយានដ្ឋានបាត់ដំបង អាកាសយានដ្ឋានស្ទឹងត្រែង អាកាសយានដ្ឋានកោះកុង និងអាកាសយានដ្ឋានប៉ោយប៉ែត៕

សេដ្ឋកិច្ចថៃខាតបង់ជិត៤០ពាន់លានដុល្លារ ខណៈប្រទេសនេះពន្យាពេលបិទជើងហោះហើរ

ដោយ ហ្សូលី

បាងកកៈ សេដ្ឋកិច្ចប្រទេសថៃកំពុងរងឥទ្ធិពលយ៉ាងខ្លាំង ពីវិបត្តិជំងឺឆ្លងCovid-19 ដែលបណ្តាលឱ្យសេដ្ឋកិច្ចរបស់ប្រទេសនេះ ត្រូវរំពឹងទុកថា នឹងខាតបង់ប្រមាណជិត៤០ពាន់លានដុល្លារ ខណៈពេលដែលជើងហោះហើរនៅតែបន្តបិទ។


ប្រទេសថៃក៏ជាប្រទេសមួយ ដែលពឹងផ្អែកសេដ្ឋកិច្ចលើវិស័យទេសចរណ៍ដែរ ហេតុនេះហើយនៅពេលមានវីរុសCovid-19 អាចបណ្តាលឱ្យជះឥទ្ធិពលមកលើវិស័យសេដ្ឋកិច្ចរបស់ថៃ។ ប្រជាពលរដ្ឋដែលបម្រើការងារ ដល់ឧស្សាហកម្មទេសចរណ៍ និយោជកធំៗ និងអ្នករកលុយពឹងផ្អែកលើភ្ញៀវទេសចរណ៍ កំពុងជួបប្រទះនឹងផលវិបាកជាខ្លាំង។

ប្រទេសថៃអាចបាត់បង់ទឹកប្រាក់ប្រមាណជាង១ទ្រីលានបាត ឬស្មើនឹងជិត៤០ពាន់លានដុល្លារ ហើយតួលេខនេះនឹងបន្តកើនឡើង ប្រសិនបើវិបត្តិនេះនៅបន្តដល់ត្រីមាសទី២។ នេះបើតាមការប៉ានស្មានរបស់សមាគមន៍ធនាគារប្រទេសថៃ។

អាជ្ញាធរអាការចរណ៍ស៊ីវិលប្រចាំប្រទេសថៃ បានឲ្យដឹងកាលពីថ្ងៃពុធម្សិលមិញនេះបានឱ្យដឹងថា ការរឹតបន្តឹងការចេញចូលប្រទេស នៅតែបន្តអនុវត្តន៍ ជាពិសេសការបិទជើងហោះហើរត្រូវពន្យាពេលបន្ថែម រហូតដល់ចុងខែមេសា ឆ្នាំ២០២០នេះ ព្រោះពីដំបូងការបិទនេះ បានចាប់ផ្តើមនៅថ្ងៃទី៤ មេសា ហើយបន្ទាប់មកបានពន្យាពេលដល់ថ្ងៃទី ១៨ មេសា ដូច្នេះបច្ចុប្បន្នត្រូវលើកដល់ចុងខែមេសាតែម្តង។


ក្រសួងមហាផ្ទៃប្រទេសថៃបាននិយាយកាលពីដើមខែមេសានេះថា ប្រទេសថៃនឹងបើកច្រកព្រំដែនក្នុងខេត្តចំនួន២១ នៅថ្ងៃសៅរ៍ ដើម្បីអនុញ្ញាតឱ្យជនជាតិថៃ ដែលកំពុងជាប់នៅប្រទេសជិតខាង អាចត្រឡប់មកផ្ទះវិញបន្ទាប់ពីការបិទច្រកព្រំដែន កាលពីចុងខែមីនានេះ។

ក្នុងមួយថ្ងៃនៅច្រកព្រំដែន អាជ្ញាធរអនុញ្ញាតឱ្យអ្នកធ្វើដំណើរយ៉ាងច្រើនបំផុត ១០០នាក់ ប៉ុណ្ណោះចូលមកក្នុងប្រទេស ដោយតម្រូវឱ្យអនុវត្តតាមលក្ខខណ្ឌមួយចំនួនដូចជា វិញ្ញាបនប័ត្របញ្ជាក់ពីសុខភាព ឬចត្តាឡីស័កចំនួន១៤ថ្ងៃផងដែរ៕

(Reuters)

CPA Cafè ផ្តល់ការបញ្ចុះតម្លៃពិសេសនិងសេវាដឹកជញ្ជូនដោយឥតគិតថ្លៃ

ដោយ គង់ សូរិយា

ភ្នំពេញៈ ជាមួយនឹងការរយកចិត្តទុកដាក់ដល់អតិថិជន CPA Cafeបាននិងកំពុងទទួលបានការគាំទ្រពីអតិថិជន តាមរយៈរសជាតិកាហ្វេធម្មជាតិ ពិសេសបច្ចុប្បន្នCPA Cafeនឹងផ្តល់សេវាកម្មដឹកជញ្ជូនដល់លំនៅដ្ឋាន ក្រុមហ៊ុន សហគ្រាសនានា ដោយឥតគិតថ្លៃ។


ដោយផ្តោតលើការផ្តល់សេវាកម្មរួសរាយរាក់ទាក់ ពិសេសហាងកាហ្វេនេះ ក៏នឹងមានសេវាកម្មប្រឹក្សាយោបល់ ទាក់ទងការចាប់ផ្តើមអាជីវកម្ម និងការវិនិយោគលើវិស័យអចលនទ្រព្យផងដែរ។

CPA Café បាននិងកំពុងរៀបចំយ៉ាងសកម្ម ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ (ចំងាយប្រមាណ២០០ម៉ែត្រ ពីច្រកចូលក្លោងទ្វារចូលវត្តសន្សំកុសល)ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជាមួយនឹងការផ្តល់រសជាតិកាហ្វេជាប់ចិត្ត គ្មានជាតិគីមី និងបរិយាកាសដ៏មនោរម្យ CPA Café នឹងមានរៀបចំបន្ទប់ VIP សំរាប់អ្នកទទួលទានកាហ្វេ អាចជួបប្រជុំជាមួយអតិថិជន កិច្ចប្រជុំពិភាក្សាការងារផ្សេងៗផងដែរ។ ជាមួយនឹងដំណើរការបើកលក់ជាលើកដំបូងនេះ CPA Cafe នឹងផ្តល់ការបញ្ចុះតម្លៃ២០ភាគរយផងដែរ។


អ្វីកាន់តែពិសេស ហាងកាហ្វេនេះក៏មានអ្នកជំនាញអចលនទ្រព្យ និងម្ចាស់អាជីវកម្មលំដាប់ជាតិ អន្តរជាតិអាចផ្តល់សេវាកម្មប្រឹក្សា យោបល់ពីការចាប់ផ្តើមអាជីវកម្មពីការស្វែងរកសេវាប្រឹក្សាយោបល់ទាក់ទងអាជីវកម្ម ភាពជាភ្នាក់ងារអចលនទ្រព្យ ពិសេសការវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យដល់អតិថិជនផងដែរ។

ចង់ភ្លក់រសជាតិកាហ្វេឈ្ងុយឆ្ងាញ់ជាប់ចិត្ត ជាមួយសេវាកម្មដ៏ប្រសើរ លោក អ្នកក៏មានកាសចាប់ផ្តើមសិក្សារៀនសូត្រ ដើម្បីចាប់ផ្តើមអាជីពជាភ្នាក់ងារ ជាអ្មនកវិនិយោគអចលនទ្រព្យនិងអាជីវកម្មនានាផងដែរ។

ទំនាក់ទំនងលេខទូរស័ព្ទដឹកជញ្ជូនដោយផ្ទាល់តាមរយៈលេខ ០៩៥ ៣៤ ៣៤ ៦៦,០៨៦ ៣៤ ៣៤ ៦៦៕


គម្រោងសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគីរី នៅមិនទាន់កំណត់ពីពេលវេលាជាក់លាក់នៅឡើយ

ដោយ ៖ រ៉ាណេត

មណ្ឌលគីរី ៖ រហូតមកដល់ពេលនេះ គម្រោងសាងសង់ព្រលានយន្តហោះក្នុងខេត្តមណ្ឌលគីរី គឺស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយ ដោយនៅមិនទាន់អាចកំណត់ពីពេលវេលាចាប់ផ្តើមអនុវត្តជាក់លាក់នៅឡើយនោះទេ ខណៈដែលទំហំនៃថវិការវិនិយោគត្រូវបានអ្នកជំនាញធ្វើការប៉ាន់ស្មានស្ថិតនៅក្នុងរង្វង់៦០លានដុល្លារ។

មានប្រសាសន៍នៅក្នុងពិធីសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងាររដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះគម្រោងនៃការសាងសង់ព្រលានយន្តហោះ ស្ថិតនៅខេត្តមណ្ឌលគីរី គឺនៅមិនទាន់កំណត់ថាអាចចាប់ផ្តើមដំណើរការនៅពេលណាឱ្យប្រាកដនោះទេ ដោយពេលនេះគឺស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយ។

លោកបានមានប្រសាសន៍បញ្ជាក់ថា “ការសិក្សាពីគម្រោងសាងសង់គឺអាចចំណាយពេលប្រហែល១ឆ្នាំ ហើយបន្ទាប់មកយើង Submit ឱ្យរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេចថា តើការអភិវឌ្ឍអាកាសយានដ្ឋានព្រលានយន្តហោះខេត្តមណ្ឌលគីរីនេះ គួរធ្វើរដ្ឋ ឬគួធ្វើដោយរដ្ឋជាមួយឯកជន ឬធ្វើដោយឯកជនផ្ទាល់ ដែលជាជម្រើសផ្សេងទៀតបន្ទាប់ពីការសិក្សា”។

លោកបានបន្តទៀតថា “ការសិក្សារបស់យើងនេះ ក៏ផ្តោតទៅលើផលប៉ះពាល់ និងវិភាគពីកត្តាសេដ្ឋកិច្ចផងដែរ ថាតើការសាងសង់អាកាសយានដ្ឋាននេះមានផលជាវិជ្ជមានផ្នែកសេដ្ឋកិច្ចយ៉ាងម៉េច និងអវិជ្ជមានយ៉ាងម៉េង….ចឹងទាល់តែការសិក្សាទៅលើចំណុចទាំង៣នេះចប់ បានគេសម្រេចចិត្តបាន។ ដោយឡែកពាក់ព័ន្ធទៅនឹងខ្ទង់ចំណាយទៅលើការអភិវឌ្ឍ និងសាងសង់ព្រលានយន្តហោះនេះ បើតាមខ្ញុំស្មានប្រមាណ ៦០លានដុល្លារ”។

គម្រោងអភិវឌ្ឍព្រលានយន្តនៅខេត្តមណ្ឌលគីរី ត្រូវបានរដ្ឋបាលខេត្តត្រៀមទីតាំង និងរៀបចំរួចរាល់ហើយ ដោយមានទំហំប្រមាណ ៣០០ ហិកតា ស្ថិតនៅក្នុង ស្រុកអូររាំង ប៉ុន្តែនៅមិនទាន់មានការឈូសឆាយនៅឡើយនោះទេ ព្រោះកំពុងតែស្ថិតនៅក្នុងតំណាក់កាលនៃការសិក្សានៅឡើយ។ ជាមួយនឹងគម្រោងនៃការសាងសង់ព្រលានយន្តហោះនៅភូមិភាគប៉ែកឦសាននេះ ត្រូវបានអ្នកជំនាញក្នុងវិស័យទេសចរណ៍អះអាងថា នឹងចូលរួមក្នុងការលើកស្ទួយវិស័យទេសចរណ៍ ការលើកកម្ពស់ក្នុងវិស័យដឹកជញ្ជូនកាន់តែល្អផងដែរ៕

តម្លៃលក់រាយប្រេងឥន្ធនៈត្រូវបានក្រសួងពាណិជ្ជកម្មសម្រេចឱ្យបញ្ចុះតម្លៃនៅទូទាំងប្រទេសកម្ពុជា

ដោយ ហ្សូលី

ភ្នំពេញ៖ តម្លៃប្រេងឥន្ធនៈត្រូវបានក្រសួងពាណិជ្ជកម្មសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរួមជាមួយក្រសួងរ៉ែនិងថាមពលសម្រេចឱ្យស្ថានីយប្រេងឥន្ធនៈនៅកម្ពុជាជួុយសម្រួលបញ្ចុះតម្លៃលក់រាយដល់ប្រជាពលរដ្ឋ។នេះបើតាមសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយរបស់ក្រសួងពាណិជ្ជកម្មចេញផ្សាយនៅថ្ងៃទី១៦ខែមេសាឆ្នាំ២០២០នេះ។

ដើម្បីជាការសម្រួលដល់ជីវភាពរបស់ប្រជាជនកម្ពុជា និងមានការចូលរួមសហការពិក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា ប្រមុខរាជរដ្ឋាភិបាលគឺសម្តេចតេជោ ហ៊ុន សែន បានសម្រេចឱ្យមានការបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅទូទាំងប្រទេសកម្ពុជាចំនួន ៤សេន ដុល្លារ/លីត្រ។ បទបញ្ជានេះនឹងត្រូវចាប់អនុវត្តតាម ចាប់ពីថ្ងៃទី ១៦ ខែមសា ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២០នេះ។

បន្ថែមពីនេះ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា តម្លៃលក់រាយប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជា ក្រសួងពាណិជ្ជកម្មមិនមែនជាអ្នកកំណត់ឡើង ព្រោះក្រសួងមានតួនាទីស្រង់តម្លៃឡើងចុះនៃប្រេងនៅលើទីផ្សារអន្តរជាតិរួចមកគណនាតែប៉ុណ្ណោះ។ការអះអាងនេះគឺដើម្បីចៀសវាងកុំឱ្យសាធារណៈជននិងស្ថានីយ៍ប្រេងឥន្ធនៈមានការយល់ច្រឡំ។

កាលពីដើមខែមេសានេះ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីប្រកាសថា ប្រេងឥន្ធនៈនៅគ្រប់ស្ថានីយ៍ទាំងអស់នៅក្នុងប្រទេសកម្ពុជា និងត្រូវទម្លាក់តម្លៃដើម្បីលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា ដែលកំពុងប្រឈមនឹងហានិភ័យដោយសារមេរោគរាតត្បាត Covid-19

គោលបំណងនៃការទម្លាក់តម្លៃនេះ គឺដើម្បីធានាបាននៅនិរន្តភាពជូនដល់អ្នកប្រើប្រាស់ តម្រូវការរបស់ប្រជាជនកម្ពុជា និងជួយស្តារសេដ្ឋកិច្ចប្រទេសជាតិទាំងមូល ក្នុងស្ថានភាពដែលប្រទេសរួមទាំងសកលលោកកំពុងទទួលរងនូវវិបត្តិជម្ងឺឆ្លងកូវីដ ១៩។

ក្រៅពីនេះ  ដើម្បីរក្សាលំនឹងសេដ្ឋកិច្ច រដ្ឋាភិបាលបានត្រៀមថវិកាប្រមាណចន្លោះពី ៨០០លាន ដល់ ២ពាន់លានដុល្លារ ក្នុងការទប់ទល់ហានិភ័យសេដ្ឋកិច្ច និងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19

ការសាងសង់ព្រលានយន្តហោះក្នុងខេត្តកណ្តាលសម្រេចបានប្រមាណ៣០ភាគរយ

ដោយ ៖ រ៉ាណេត

ភ្នំពេញ៖ មានប្រសាសន៍នៅក្នុងពិធីសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងាររដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ វឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិ- ភ្នំពេញថ្មី ដែលស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល គឺកំពុងតែមានដំណើរការធម្មតា និងសម្រេចបានលទ្ធផលប្រមាណ ៣០ភាគរយ។

លោកបានមានប្រសាសន៍បន្តទៀតថា “រដ្ឋាភិបាលកម្ពុជា បាន និងកំពុងមានការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍប្រទេសជាតិ តាមរយៈវិស័យសំខាន់ៗជាច្រើន ដែលក្នុងនោះ វិស័យអាកាសចរណ៍ស៊ីវិល ក៏ស្ថិតនៅក្នុងវិស័យអាទិភាពផងដែរ”។ លោកបានបញ្ជាក់ថា “យើងមើលដោយនៅខាងក្រោមដូចជាមិនមានសកកម្មភាពនោះទេ ប៉ុន្តែបើមើលពលើអាកាសចុះក្រោម នោះនឹងឃើញទិដ្ឋភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ ដែលមកដល់ពេលនេះសម្រេចបានលទ្ធផលប្រមាណ៣០ភាគរយ”។

ជាមួយនឹងការបញ្ជាក់ពីលទ្ធផលនៃការសាងសង់ព្រលានយន្តនានានៅក្នុងប្រទេស លោក ស៊ិន ចាន់សេរីវុត្ថា បានលើកឡើងថា ក្រៅពីការសាងសង់ព្រលានយន្តហោះដែលស្ថិតនៅក្នុងខេត្តកណ្តាល ចំពោះគម្រោងសាងសង់ព្រលានហោះកម្រិតអន្តរជាតិចំនួន២ទៀតក៏ស្ថិតនៅក្នុងការយកចិត្តទុកដាក់ផងដែរ ដែលក្នុងនោះរួមមានអាកាសយានដ្ឋានអន្តរជាតិ-សៀមរាបថ្មី និងព្រលានយន្តហោះតារាសាគរ ស្ថិតនៅក្នុងខេត្តកោះកុងផងដែរ។

ពាក់ព័ន្ធទៅនឹងសកម្មភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិ-សៀមរាប លោក ស៊ិន ចាន់សេរីវុត្ថា បានទទួលស្គាល់ថា ពិតជាមានភាពយឺតយ៉ាវបន្តិច ដោយសារបណ្តាលមកពីហេតុផលមួយចំនួន ជាពិសេសបណ្តាលមកពីសង្គ្រាមពាណិជ្ជកម្ម ចិន-អាមេរិក កាលពីពេលកន្លងទៅ រួមជាមួយនឹងវិបត្តិសាកលដែលកំពុងតែគំរាមកំហែង៕

ទុនវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជាកើនឡើងជិត ២ ០០០ លានដុល្លារក្នុងរយៈពេលពីរខែដំបូង ឆ្នាំនេះ

ដោយ ប៊ី

ភ្នំពេញ៖ គម្រោងវិនិយោគនៅក្នុងវិស័យសំណង់ដែលបានអនុម័តដោយរដ្ឋាភិបាល ១.៩៩ ពាន់លានដុល្លារក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ បានកើនឡើងយ៉ាងខ្លាំង ៤៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈភាគច្រើនត្រូវបានជំរុញដោយវិស័យអភិវឌ្ឍន៍លំនៅដ្ឋាន។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានចេញលិខិតអនុញ្ញាតសាងសង់ដល់ ៧២៨ គម្រោងក្នុងរយៈពេលពីរខែដំបូង កើនឡើង ២៨,១ ភាគរយពី ៥៦៨ ក្នុងរយៈពេលមួយឆ្នាំកន្លងមកដែលគ្របដណ្តប់លើផ្ទៃដីសរុប ៤,២ លានម៉ែត្រការ៉េកើនឡើង ៣៤ ភាគរយ ធៀបនឹងឆ្នាំមុន។

អគ្គនាយករដ្ឋបាល និងជាអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត បានមានប្រសាសនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលដើមខែមុនថា នៅក្នុងរយៈពេលជាង២ខែ (ជាង៧០ថ្ងៃ) នៃដើមឆ្នាំ២០២០ កន្លងមកនេះ វិស័យសំណង់នៅកម្ពុជា នៅតែអាចមានសកម្មភាពអភិវឌ្ឍន៍ និងរក្សាបានភាពល្អប្រសើរដដែល។

លោកបានមានប្រសាសន៍បន្តទៀតថា “នៅក្នុងដំណាក់នៃការរាតត្បាតនៃបញ្ហា Covid-19 ត្រូវបានអ្នកវិភាគសេដ្ឋកិច្ចជាច្រើនធ្វើការព្យាករណ៍ថា ព្រឹត្តិការណ៍ជាសាកលដែលកំពុងតែប្រឈមមួយនេះអាចនឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកជួបឱនភាពរហូតដល់ប្រមាណ៥០ភាគរយនៅក្នុងឆ្នាំ២០២០នេះ។ ប៉ុន្តែងាកមកចាប់អារម្មណ៍ជាមួយនឹងការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា តាមរយៈការដាក់ពាក្យស្នើសុំសាងសង់គម្រោង គិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ យើងសង្កេតឃើញថានៅមិនទាន់មានការថមថយចុះនោះទេ ហើយផ្ទុយទៅវិញ ការស្នើសុំសាងសង់ជាចំនួនគម្រោងមានការកើនឡើង”។

លោក សេង ឡូត បានបន្តថា “គិតត្រឹមដំណាច់ខែកុម្ភៈ ដើមឆ្នាំ២០២០ មាន ៥២៣ គម្រោង បើធៀបទៅនឹងឆ្នាំ២០១៩ ក្នុងរយៈពេលដូចគ្នាមានត្រឹមតែជាង៣០០គម្រោងតែប៉ុណ្ណោះ ហើយនៅក្នុងរយៈពេល ៣-៤ ខែបន្តទៅមុខ យើងនៅតែបន្តសិក្សា និងតាមដានពីស្ថានការណ៍ និងការវិវឌ្ឍវិស័យនេះទៀត ថាតើនៅតែអាចរក្សាបានលំនឹងដដែល ឬអាចជួបឱនភាពក្នុងកម្រិតណាប្រសិនបើបញ្ហានៃព្រឹត្តិការណ៍វិបត្តិសាកលមួយនេះនៅតែបន្តកើតមាន”។

ភាពរីកចម្រើន និងការអភិវឌ្ឍលើវិស័យសំណង់នៅកម្ពុជា ភាគច្រើនគឺជាការចូលរួមវិនិយោគ និងអភិវឌ្ឍន៍របស់ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិមកពីបណ្តាប្រទេសផ្សេងៗចំនួន១៨ ដែលក្នុងនោះ ការវិនិយោគមកពីប្រទេសចិន ដែលឈរនៅលំដាប់ថ្នាក់លេខ១ ហើយប្រទេសកូរ៉េឈរនៅលំដាប់ថ្នាក់លេខ២ ខណៈដែលប្រទេសជប៉ុនស្ថិតលំដាប់ថ្នាក់លេខ៣ ហើយក្នុងអ្នកវិនិយោគក្នុងស្រុកក៏បានបណ្តាក់ទុនយ៉ាងច្រើនផងដែរ ដោយភាគច្រើនផ្តោតសំខាន់លើគម្រោងអភិវឌ្ឍន៍វិស័យលំនៅដ្ឋាន៕