ការនាំចេញ​របស់​កម្ពុ​ជា​សម្រេចបាន​ជិត ២,៦ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេលពីរ​ខែ​ដំបូង​ឆ្នាំនេះ

ដោយ ប៊ី

ភ្នំពេញៈ ការនាំចេញ​របស់​កម្ពុ​ជា មានតម្លៃ​ប្រមាណ​ដល់២៥៦៣លាន​ដុល្លារ​ក្នុង​រយៈពេល​ពីរ​ខែ​ដំបូង​នៃ​ឆ្នាំនេះ បាន​កើនឡើង២៤ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ទោះបី​ជាមាន​ផលប៉ះពាល់​ក្នុងស្រុក និង​ពិភពលោក​ពី​ការរីក​រាលដាល​ជំងឺ Covid-19 ក៏ដោយ។ នេះ​បើ​យោងតាម​ទិន្នន័យ​ចុងក្រោយ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

វិស័យ​ឯកជន​ជឿជាក់ថា ការនាំចេញ​របស់​កម្ពុ​ជា នឹង​ទទួលរង​ការវាយប្រហារ​យ៉ាងខ្លាំង​ចាប់ពី​ខែ​នេះ​ទៅ ព្រោះ​សហរដ្ឋអាមេរិក និង​អឺរ៉ុប​ដែល​រង​ការបំផ្លិចបំផ្លាញ​ខាង​សេដ្ឋកិច្ច​ដោយសារ​ការផ្ទុះ​ឡើង​ជំងឺ COVID-19 បញ្ឈប់​ការ​នាំចូល​សម្លៀកបំពាក់ ស្បែកជើង និង​កាបូប។

យោងតាម​ទិន្នន័យ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានឱ្យដឹងថា ប្រទេស​កម្ពុជា បាន​នាំចូល​ទំនិញ​មានតម្លៃ​ជាង៣,៦ពាន់​លាន​ដុល្លារ ក្នុង​រយៈ​ពេលនេះ​កើនឡើង ២២ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

ទិន្នន័យ​បង្ហាញថា​ការនាំចេញ​សម្លៀកបំពាក់ ស្បែកជើង កង់ និង​អង្ករ​នាំឱ្យមាន​កំណើន។ ការនាំ​ចូល​សំខាន់​របស់​កម្ពុជា​គឺ​សមា​រៈ​សំណង់​គ្រឿង​ម៉ាស៊ីន និង​ឥន្ធនៈ។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​អំពាវនាវ​ដល់​អ្នកបញ្ជា​ទិញ​ទាំងអស់​ដែល​ទិញ​ពី​កម្ពុជា​ធ្វើការ​ជាមួយគ្នា ដើម្បី​អាច​ដោះស្រាយ​បញ្ហាលំបាក​នានា​បាន​ក្នុងអំឡុង​មាន​វិបត្តិ នៃ​ការរីក​រាលដាល​ជា​សកល​នូវ​ជំងឺឆ្លង Covid-19 ។

យោងតាម​លិខិត​ចំហរ​របស់​សមាគម​កា​ត់​ដេរ នៅ​កម្ពុជា​ជូន​ចំពោះ​អ្នកបញ្ជា​ទិញ​ទាំងអស់​ដែល​ទិញ​ពី​កម្ពុជា​ខែមេសា ឆ្នាំ២០២០នេះ ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២០ នេះ ឱ្យដឹងថា ការឆ្លង​រាលដាល​ជាស​កល​នៃ​ជំងឺ​កូ​វីដ១៩ បានធ្វើ​ឱ្យមាន​ចលាចល​ដល់​ជីវិត​រស់នៅ និង​អាជីវកម្ម​របស់​យើងទាំងអស់គ្នា។

លិខិត​ដដែល​បន្តថា សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) សូម​អំពាវនាវ​ដល់​អ្ន​ក​បញ្ជា​ទិញ​ទាំងអស់ ដែល​បាន​ទិញ​ពី​កម្ពុជា មេ​ត្ត​ធ្វើ​ការងារ​ជាមួយ​យើងទាំងអស់គ្នា​អាច​ដោះស្រាយ​បញ្ហាលំបាក​ទាំងនេះ​បាន។

លិខិត​ដដែល​បន្ថែមថា ភាគី​ទាំងអស់​នៅក្នុង​ចង្វាក់​ផ្គត់ផ្គង់​សម្លៀកបំពាក់​សកល​កំពុង​ទទួលរង​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​ក្រៃលែង ដែល​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ១។ ទោះ​យ៉ាងណាក្តី​ក្រុមហ៊ុន​ផលិត (រោងចក្រ) ប្រតិបត្តិការ​រលើ​ប្រាក់ចំណូល​តិចតួច ហើយ​មាន​សមត្ថភាព​តិចតួច​ខ្លាំង​ណាក់ ក្នុងការ​រែក​បន្ទុក​បែបនេះ បើ​ធៀប​នឹង​អតិថិជន​របស់​អ្នកបញ្ជា​ទិញ។

បន្ទុក​ដោយផ្ទាល់​ដែល​ប្រឈមមុខ​ដោយ​កម្មករ​របស់​យើង ដែល​នៅតែ​ត្រូវការ​ទទួលទាន​អាហារ និង​ដោះស្រាយ​តម្រូវការ​គ្រួសារ គឺជា​បន្ទុក​ដ៏​ធំ​ក្រៃលែង។

សមាគម​សូម​ជំរុញ​អ្នកបញ្ជា​ទិញ មេត្តា​គោរព​តាម​លក្ខ​ណ្ឌ​នៃ​កិច្ចសន្យា​របស់ខ្លួន ហើយ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ដោយ​ទទួលយក​ការដឹក​ទំនិញ ហើយ​ទូទាត់​ប្រាក់​សម្រាប់​ទំនិញ​ដែល​បាន​ផលិត​រួចហើយ និង​ទំនិញ​ដែល​បច្ចុប្បន្នកំពុង​ផលិត។ នេះ​នឹង​ធ្វើឱ្យ​យើង​អាច​បន្ត​ផ្តល់​ការងារ ដល់ក​ម្មករ៧៥ម៉ឺន​នាក់​របស់​យើង និង​ធ្វើឱ្យ​យើង​មាន​សមត្ថភាព​បើកប្រាក់​ឈ្នួល​ជូន​កម្មករ និង​ធានា​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា រាប់លាន​នាក់។

សមាគម​ក​សូម​អំពាវនាវ​ដល់​អ្នក​បញ្ជា​ទិញ​ទាំង មេត្តា​រក្សា​ការទទួលខុសត្រូវ​ចំពោះ​អ្នកផ្គត់ផ្គង់ និង​កម្មករ​ដែល​បំរើកា​រងារ ក្នុង​វិស័យ​កាត់ដេរ​របស់​យើង។ តាមរយៈ​ការរួម​គ្នា ប្រាកដ​ណាស់ យើង​អាច​ពុះពារ​ឈ្នះ​ជំងឺឆ្លង​រាលដាល​ជា​សកល​នេះ ហើយ​អាច​ការពារ​ជីវិត​របស់​កម្មករ​យើង និង​គ្រួសារ​របស់​ពួកគេ ហើយ​ធានា​ដល់​ការរស់រាន​នៃ​អាជីវកម្ម​របស់​យើង៕

កំពង់ផែ​ស្វយ័ត​ភ្នំពេញ​រកចំណូលបាន​ជា​ង ៧លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី១ឆ្នាំនេះ

ដោយៈ​រ៉ា​ណេ​ត

ភ្នំពេញៈ នៅក្នុង​ត្រីមាស​ទី១ ឆ្នាំ២០២០នេះ ទោះ​ស្ថិតនៅក្នុង​ភាព​ប្រឈម​នៃ​វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​ជំងឺ Covid-19 សម្រាប់​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ នៅតែ​អាច​រកបាន​ចំណូល​ពី​សេវាកម្ម លើកដាក់​ទំនិញផ្សេងៗជាង៧លាន​ដុល្លារ ដែល​ចំនួន​នេះ​មានការ​កើនឡើង​ខ្ពស់​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​កន្លងទៅ។

យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ក្រុមការងារ​ទទួលបាន​នៅ​ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០បាន​បង្ហាញថា នៅក្នុង​ត្រីមាស​ទី១ ដើមឆ្នាំ២០២០នេះ កំពង់ផែ​ស្វយ័ត​ភ្នំពេញ​រកប្រាក់​ចំណូល​ស​រុ​ប​បាន​ជាង៧,៦ លាន​ដុល្លារ ខណៈដែល​ចំណូល​បានមកពី​ការលើកដាក់ ក្រោម​ដង​យោង​មាន​ជាង២,៧លាន​ដុល្លារ និង​ចំណូល​លើកដាក់​នៅលើ​ទីលាន​មាន​ជាង២,៤លាន​ដុល្លារ រួមជាមួយ​នឹង​ចំណូល​បាន​ពី​សេវាកម្មផ្សេងៗមួយចំនួនទៀត។

សេចក្ដីប្រកាស​ដដែល​បានបញ្ជាក់​ទៀតថា លទ្ធផល​ការងារ​អាជីវកម្ម សេវាកម្ម​នៅ​ត្រីមាស​ទី១ ឆ្នាំ២០២០នេះ គឺ​ទំនិញ​ជា ប្រេងឥន្ធនៈ​មាន​ជាង ៩៣ម៉ឺន​តោន កើនឡើង ៣ភាគរយ, នាវា​ផ្ទុកទំនិញ​ឆ្លងកាត់ ៦២៥គ្រឿង កើនឡើង ១៤ភាគរយ, នាវា​ទេសចរណ៍​មាន ១២៦ជើង ធ្លាក់ចុះ ៧ភាគរយ, បរិមាណ​កុងតឺន័រ​មាន ៧៤.៣៣៣ ធី​អ៊ី​យូរ​កើនឡើង ២៦ភាគរយ និង​បរិមាណ​អ្នកដំណើរ​មាន​ជាង ៩០០០នាក់ ធ្លាក់ចុះ​ប្រមាណ ២២ភាគរយ បើ​ប្រៀបធៀប​នឹង​ត្រីមាស​ទី១ កាលពី​ឆ្នាំ២០១៩ កន្លងទៅ។

ដោយឡែក សម្រាប់​លទ្ធផល​ការងារ​អាជីវកម្ម សេវាកម្ម ដែល​បាន​អនុវត្ត​ក្នុង​ខែមីនា ឆ្នាំ២០២០ ត្រូវបាន​គេ​មើលឃើញថា ទំនិញ​ជា​ប្រេងឥន្ធនៈ​មាន​ជាង២៦ម៉ឺន​តោន   ធ្លាក់ចុះ១៣ភាគរយ នាវា​ផ្ទុកទំនិញ​ឆ្លងកាត់​មាន១៧១គ្រឿង ធ្លាក់ចុះ១៦ភាគរយ នាវា​ទេសចរណ៍​មាន ២៨ជើង ធ្លាក់ចុះ ៣៩ភាគរយ។ បរិមាណ​កុងតឺន័រ​មាន២៤.៤៧៣ ធី​អ៊ី​យូ កើនឡើង១៧ភាគរយ និង​បរិមាណ​អ្នកដំណើរ​មាន១ ៥១៩នាក់ ធ្លាក់ចុះ៦៥ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៩ ៕

អ្នកជំនាញ​អះអាងថា​តម្លៃ​អចលនទ្រព្យ​ធ្លាក់ចុះ​ប្រមាណ ២០ទៅ ៣០ភាគរយ

ដោយ វុត្ថា

ភ្នំពេញៈ តម្លៃ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា បាន​ធ្លាក់ចុះ​ចន្លោះ​ពី២០ទៅ ៣០ភាគរយ ក្នុងអំឡុងពេល​ប្រទេស​កម្ពុជា កំពុង​ប្រយុទ្ធប្រឆាំង​ទៅនឹង​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ Covid-19 នាពេល​បច្ចុប្បន្ននេះ។

លោក​តាំង ហ៊ួ​រ នាយិកា​ក្រុមហ៊ុន AMATAK PROPERTY SERVICE Co., Ltd. បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២០កន្លងមក​ថា ប្រតិបត្តិ​ការទិញ​លក់​នៅក្នុង​វិស័យ​អចលនទ្រព្យ នៅតែ​បន្ត​មាននៅ​ក្នុងអំឡុង​នៃ​ប្រទេស​កម្ពុជា មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ១៩ហើយ​បានធ្វើឱ្យ​វិញ​ក៏បាន​ធ្លាក់ចុះ២០ទៅ ៣០ភាគរយ។

លោកស្រី​ពន្យល់ថា “មូលហេតុ​ធ្វើឱ្យ​តម្លៃ​អចលនទ្រព្យ នៅក្នុង​ប្រទេស​កម្ពុជា ធ្លាក់​ថ្លៃ​ក្នុង​ចន្លោះ​ពី ២០ទៅ៣០ភាគរយ ដោយសារតែ​សារ​ម្ចាស់​អចលនទ្រព្យ មាន​ការលក់​ប្រញាប់ និង​កុន​លុយ​យកទៅ​បង់​ធនាគារ ឬ​ដោះស្រាយ​បញ្ហា​ផ្សេង ស្រប​ពេលដែល​កម្ពុជា​កំពុងមាន​វិបត្តិ​ជំងឺ​កូ​វីដ១៩។ លោកស្រី​បន្ថែមថា “ពីមុន​អ្នក់លក់​ក្រោម​តម្លៃ​ទីផ្សារ​បែបនេះ មាន​ចំនួន​តិចតួច តែ​បច្ចុប្បន្ននេះ អ្នកលក់​តម្លៃ​ក្រោម​ទីផ្សារ​មាន​ច្រើន។

លោកស្រី​បន្តថា “អ្នកខ្លះ​បង្ខំ​លក់​ដោយសារ មានការ​ភ័យខ្លាច​ពី​ជំងឺ​កូ​វីដ១៩ ដែល​ទាមទា​ឱ្យ​លក់​ធូ​ថ្លៃ  ហើយ​អ្នកខ្លះ​ក៏​គេ​មិន​លក់​ដែរ ព្រោះ​គេ​យល់ថា​អា​ជំងឺ​កូ​វីដ១៩ ហ្នឹង​មិនយូ​ទេ វា​នឹង​បាត់​ហើយ។

លោកស្រី​បន្ថែមទៀតថា ទន្ទឹមគ្នានេះ អ្នក​ដែលមាន​លុយ​ច្រើន ក៏​ឆ្លៀតឱកាស​ដើររក​ទិញ​ទុក​សម្រាប់​លក់ យកចំណេញ​នាពេលខាងមុខ និង​អ្នកខ្លះ​ក៏​ទិញ​យកទៅ​អភិវឌ្ឍន៍​ជា​អគារ​ខុន​ដូ លំនៅឋាន រោងចក្រ និង​ស​គ្រាស​ផ្សេង។

តែ​យ៉ា​ងៃ​ណាក៏ដោយ​លោកស្រី​ថា ការធ្លាក់​ថ្លៃ​អចលនទ្រព្យ​នាពេលនេះ គឺ​អូសបន្លាយ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ពោល​វា​នឹង​ងើបឡើង​វិញ ក្រោយពី​ស្ថានភាព​ជំងឺ​កូ​វីដ ១៩ស្ងប់ស្ងាត់​ទៅវិញ​នាពេល​ខាងមុខនេះ។

នៅក្នុង​ឆ្នាំ២០២០នេះ សម្រាប់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ត្រូវបាន​អ្នកជំនាញ​អះអាងថា​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ជាង​វិបត្តិ​សេដ្ឋកិច្ច​កាលពី​អំឡុង​ឆ្នាំ២០០៨ ប៉ុន្តែ​ភាពអវិជ្ជមាន​ទាំងនេះ អាច​នឹង​វិលត្រឡប់​មករក​ភាពល្អប្រសើរ​វិញ ក្នុង​រយៈពេល​ដ៏​ខ្លី ក្រោយពី​បញ្ចប់​វិបត្តិ​ជំងឺឆ្លង Covid-19 នៅពេល​ខាងមុខនេះ។

ចំណែក​លោកស្រី​អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស​នៃ CBRE Cambodia បាន​មានប្រសាសន៍​ឲ​ឲ្យ​ដឹងផង​ដែរ​ថា តិច​ឬ​ច្រើន ប្រទេស​កម្ពុជា​ពិតជា​ទទួលរង​នូវ​ឥទ្ធិពល​មួយ​នេះ ប៉ុន្តែ​សម្រាប់​វិស័យ​អចលនទ្រព្យ ហាក់​មាន​ភាពល្អប្រសើរ​ច្រើន ជាក់ស្ដែង​នៅក្នុង​ត្រីមាស​ទីមួយ​កន្លងទៅនេះ ទាំង​វិស័យ​សំណង់​និង​អចលនទ្រព្យ នៅតែ​បន្ត​រក្សាបាន​ភាពល្អប្រសើ​រ។

លោកស្រី​មាន​បន្តទៀតថា សម្រាប់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា បើ​ប្រៀបធៀប​ជាមួយ​ប្រទេសជិតខាង គឺ​ងាយ​នឹងមាន​ឱកាស​ត្រឡប់​មករក​ភាពល្អប្រសើរ​វិញ ក្នុងពេល​ដ៏​ខ្លី ដោយសារតែ​តម្រូវការ​ទីផ្សារ​ភាគច្រើន​ជា​ជនជាតិ​ក្នុងស្រុក ហើយ​ចំពោះ​ទីផ្សារ​ក្រៅ​ស្រុក​ភាគច្រើន មកពី​ប្រទេស​ចិន និង​សិង្ហ​បុរី ដែល​កំពុង​ទទួលបាន​សញ្ញា​វិជ្ជមាន​ជាបណ្តើរៗ ក្នុង​រួច​ផុតពី​វិបត្តិ​ជំងឺ Covid-19 ស្រប​ពេលដែល​បណ្តា​ប្រទេស​នានា​នៅ​ប៉ែក​អឺរ៉ុប កំពុងតែ​ជួប​សភាព​ធ្ងន់ធ្ងរ៕

 

ចំណេះដឹង! តើ​មាន​នីតិវីធី​អ្វីខ្លះ​ក្នុងការ​ស្នើសុំ​ប័ណ្ណ​កាន់កាប់​ដីធ្លី

ដោយ វុត្ថា

ភ្នំពេញៈ ដោយ​ការកាន់កាប់​ដីធ្លី​អាចធ្វើ​ឡើង ក្នុង​រូបភាព​ពីរ ប័ណ្ណ​កាន់កាប់​ក៏មាន​ពីរ​ប្រភេទ​ដែរ៖ គឺ​ប័ណ្ណ​ភោគៈ និង​ប័ណ្ណកម្មសិទ្ធិ។

ដើម្បី​ទទួលបាន​ប័ណ្ណ​នេះ ម្ចាស់​ដី​ត្រូវដាក់​ពាក្យសុំ​ទៅ​ការិយាល័យ​ភូមិបាល​ស្រុក/ខ័​ណ្ឌ តាមរយៈ​មេឃុំ/ចៅសង្កាត់ ដែល​ដី​នោះ​តាំងនៅ។

នៅក្នុង​ជំហាន​ដំបូង មេឃុំ/ចៅសង្កាត់ ត្រូវធ្វើ​ការបញ្ជាក់​លើ​ចំណុច​ពីរ ទី១ បញ្ជាក់​អំពី​អត្តសញ្ញាណ ស្ថានភាព និង​ប្រវត្តិ​ដី (កាលបរិច្ឆេទ​នៃ​ការចូល​កាន់កាប់) និង​ទី២ បញ្ជាក់​អំពី​អត្តសញ្ញាណ​របស់​ម្ចាស់​ដី (ឈ្មោះ អត្រានុកូលដ្ឋាន ទីលំនៅ ជាដើម)។

នៅក្នុង​ករណី ដែល​ម្ចាស់​ដី មាន​ទីលំនៅ នៅ​ឃុំ/សង្កាត់​ផ្សេង ពី​ឃុំ/សង្កាត់ ដែល​ដី​តាំងនៅ ការបញ្ជាក់​ត្រូវធ្វើឡើង​ដោយ​ឃុំ/សង្កាត់​ពីរ៖ គឺ​ឃុំ/សង្កាត់ ដែល​ដី​តាំងនៅ ជា​អ្នក​បញ្ជាក់​អំពី​អត្តសញ្ញាណ និង​ស្ថានភាព​ដី ចំណែក​ឃុំ/សង្កាត់ ដែលជា​លំនៅ​របស់​ម្ចាស់​ដី គឺជា​អ្នក​បញ្ជាក់​អំពី​អត្តសញ្ញាណ​របស់​ម្ចាស់​ដី។

បន្ទាប់ពី​បាន ទទួល​ការបញ្ជាក់​ពី​ពី​មេឃុំ ឬ​ចៅសង្កាត់​រួចរាល់​ហើយ ដំណាក់កាល​បន្ទាប់មក​ទៀត គឺ​សុំ​ទៅ​សាលាស្រុក/ខ័​ណ្ឌ ដែល​ដី​តាំងនៅ ដើម្បី​ចាត់ចែង​ឲ្យ​មន្ត្រី​សុរិយោដី​ស្រុក​ចុះ​វាស់វែង​កំណត់​ព្រំដី។ នៅក្នុង​ការវាស់វែង​នេះ ម្ចាស់​ដី គឺជា​ចង្អុលបង្ហាញ​អំពី​ព្រំដី។ ចំណែក​មន្ត្រី​សុរិយោដី​គ្រាន់តែ​ជា​អ្នក​វាស់​ប៉ុណ្ណោះ។ បន្ទាប់ពី​បាន​វាស់វែង​ហើយ មន្ត្រី​សុរិយោដី​ស្រុក​នឹង​រៀបចំ​គូស​ប្លង់​ក្បាលដី។

នៅក្នុង​ការកសាង​ប្លង់​សុរិយោដី​នេះ សាលាស្រុក​ត្រូវធ្វើ​ការផ្សព្វផ្សាយ​ជា​សាធារណៈ ដើម្បី​ទុក​ឱកាស​ឲ្យ​បុគ្គល​ពាក់ព័ន្ធ​ធ្វើការ​តវ៉ា។ នៅមុន​ពេល​ចុះ​វាស់វែង ក៏មាន​ការជូនដំណឹង​ជា​សាធារណៈ (១៤ថ្ងៃមុន​ពេល​ចុះ​វាស់)។ នៅក្រោយពេល​គូស​ប្លង់​សុរិយោដី​រួចហើយ ក៏មាន​ការផ្សព្វផ្សាយ​ជា​សាធារណៈ​ជាថ្មី​ម្តង់ទៀត អំពី​ប្លង់ដី និង​អត្តសញ្ញាណ​ម្ចាស់​ដី។

៣០ថ្ងៃក្រោយ​ការប្រកាស​ផ្សាយ​នេះ ប្រសិនបើ​គ្មាន​ការតវ៉ា​ណាមួយ​ទេនោះ អាជ្ញាធរ​ស្រុក/ខ័​ណ្ឌ នឹង​បញ្ជូន​សំណុំរឿង​ទៅ​ឲ្យ​អាជ្ញាធរ​សុរិយោដី​ថ្នាក់​ខេត្ត/ ក្រុង ជា​អ្នក​ពិ​និ   ត្យ​សម្រេច​ជា​ចុងក្រោយ ក្នុង​ការចេញ​ប័ណ្ណ​ជូន​ដល់​ម្ចាស់​សា​ម៉ី​ដែលជា​អ្នក​សុំ៕

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បង្ហាញសមិទ្ធិផលសំណង់ទំនប់សា្ទក់ទឹកនៅរដូវទឹកសម្រកក្នុងស្រុកក្រូចឆ្មារ

ដោយវុត្ថា

ភ្នំពេញ៖ លោក រឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញសមិទ្ធិផលសំណង់ទំនប់សា្ទក់ទឹកនៅរដូវទឹកសម្រកក្នុងស្រុកក្រូចឆ្មារ នៃខេត្តត្បូងឃ្មុំ គឺ សម្រាប់បំរើដល់ប្រជាពលពលរដ្ឋប្រើប្រាស់ស្រោចដំណំា និងដាំដុះកសិកម្មផ្សេងជាដើម។

លោក រឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២០ នេះ បានឱ្យដឹងថា សំណង់ទំនប់សា្ទក់ទឹកនៅរដូវទឹកសម្រកនេះជាសមិទ្ធផលដែលតែងតែទទួលការគាំទ្រណែនាំពីសម្តចតេជោនៅភូមិសាស្រ្តព្រែកតាកុច ដែលអាចស្រោចស្រប់ ឃុំជំនីក ឃុំរការខ្នុរ ឃុំឈូក ឃុំប៉ើស១ ក្នុងស្រុកក្រូចឆ្មារ។

លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “ផែនការយូរអង្វែង ចំណាយតិច ដោយចែកទឹកមិនចែកអង្ករ បន្លែ ផ្លែឈើត្រី …តាមរយះធើ្វទំនប់សា្ទក់ទឹកនៅរដូវទឹកសម្រក ជៀសវាងទឹកហូរចូលទន្លេមេគង្គចេញអស់ គោក ប្រេះក្រហែង រកជំនួយអង្ករ រកម៉ាស៊ីន រៃលុយទិញប្រេង ចែកវេនយាមម៉ាស៊ីន ចែកម៉ោងដាក់ទឹកស្រោចថ្នាំ ស្រោចពោត ដំណាំផ្សេងៗ”។

លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ធ្លាប់បានថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីកន្លងមកនេះ ថា ការសាងសង់ទំនប់ស្ទាក់ទឹកនេះ គឺសម្រាប់ស្តុកទឹកទុកប្រើប្រាស់ក្នុងរដូវប្រាំង និងជាប្រយោជន៍ក្នុងការងារបង្កបង្កើនផល ធ្វើស្រែចំការផ្សេងៗរបស់ប្រជាកសិករ ក៏ដូចជាអាចផ្តល់ត្រីសំរាប់ពួកគាត់បរិភោគចិញ្ចឹមជីវិតផងដែរ៕

ខុនដូជិត៣០០០យូនីតបានបញ្ចប់ការសាងសង់និងដាក់ចូលទីផ្សារក្នុង ត្រីមាសទី១ឆ្នាំនេះ

ដោយៈ រ៉ាណេត

ភ្នំពេញៈ រយៈពេល៣ខែដើមឆ្នាំ២០២០នេះ ខុនដូចំនួនជិត៣០០០យូនីតបានបញ្ចប់ការសាងសង់ និងដាក់ចូលក្នុងទីផ្សារ ខណៈតម្រូវការយូនីតខុនដូហាក់មានកំនើនយឺតដោយសារវិបត្តិCovid-19


យោងតាមរបាយការណ៍ដែលទើបចេញផ្សាយ ដោយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodiaបានឲ្យដឹងនៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះបានឲ្យដឹងថា សម្រាប់ទីផ្សារខុនដូឬអាគារសហកម្មសិទ្ឋ នៅតែបន្តភាពរឹងមាំ ដោយអ្នកអភិវឌ្ឍន៍មានភាពជឿជាក់ និងមានទំនុកចិត្តខ្ពស់។

នៅក្នុងរបាយការណ៍ដដែលនេះបានបញ្ជាក់ថា ជាក់ស្តែងនៅត្រឹមរយៈពេល៣ខែកន្លងទៅនេះ គម្រោងអភិវឌ្ឍន៍ខុនដូចំនួន៥ត្រូវបានបញ្ចប់ការសាងសង់ ដោយបានចាក់បំពេញបន្ថែមចំនួន២៨៤៣យូនីត កើនប្រមាណ១៦ភាគរយ បានជំរុញឱ្យចំនួនសរុបឡើងដល់២0,៨៥១យូនីត ក្នុងនោះខុនដូមានប្រមាណ៤៥,៦ភាគរយ ជាគម្រោងនៅជាយក្រុង។

ជាមួយនឹងភាពល្អប្រសើរនៃទីផ្សារខុនដូ ដូចបានបង្ហាញខាងលើនេះ បច្ចុប្បន្ននេះក៏មានគម្រោងអភិវឌ្ឍន៍សំណង់ខុនដូថ្មីៗ សរុបចំនួន៨ ស្មើនឹងប្រមាណ៤ ៥២១ យូនីត បាន និងកំពុងត្រៀមខ្លួនក្នុងការចូលរួមផ្គត់ផ្គង់ទីផ្សារផងដែរ។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ
CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ថា វិបត្តិនៃជំងឺ Covid-19 ពិតជាបានគំរាមកំហែងដល់សេដ្ឋកិច្ចជាសាកល ដែលក្នុងនោះប្រទេសកម្ពុជាក៏ទទួលរងនូវឥទ្ធិពលអាក្រក់មួយនេះផងដែរ។


លោកស្រីបានបន្តទៀតថា តិចឬច្រើន ប្រទេសកម្ពុជាពិតជាទទួលរងនូវឥទ្ធិពលមួយនេះ ប៉ុន្តែសម្រាប់វិស័យអចលនទ្រព្យហាក់មានភាពល្អប្រសើរច្រើន ជាក់ស្ដែងនៅក្នុងត្រីមាសទីមួយកន្លងទៅនេះ ទាំងវិស័យសំណង់និងអចលនទ្រព្យនៅតែបន្តរក្សាបានភាពល្អប្រសើរ

លោកស្រីមានបន្តទៀតថា សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា បើប្រៀបធៀបជាមួយប្រទេសជិតខាង គឺងាយនឹងមានឱកាសត្រឡប់មករកភាពល្អប្រសើរវិញ ក្នុងពេលដ៏ខ្លី ដោយសារតែតម្រូវការទីផ្សារភាគច្រើនជាជនជាតិក្នុងស្រុក ហើយចំពោះទីផ្សារក្រៅស្រុកភាគច្រើន មកពីប្រទេសចិន និងសិង្ហបុរី ដែលកំពុងទទួលបានសញ្ញាវិជ្ជមានជាបណ្តើរៗ ក្នុងរួចផុតពីវិបត្តិជំងឺCovid-19 ស្របពេលដែលបណ្តាប្រទេសនានានៅប៉ែកអឺរ៉ុប កំពុងតែជួបសភាពធ្ងន់ធ្ងរ៕

ក្រុមហ៊ុន Huawei សន្យាពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត

ដោយវុត្ថា

ភ្នំពេញ៖ លោក Yuya Yao នាយកប្រតិបត្តិក្រុមហ៊ុន Huawei ប្រចាំនៅក្នុងប្រទេសកម្ពុជាបានឱ្យដឹងថា ក្រុមហ៊ុន Huawei នឹងបន្តវិនិយោគបន្ថែម មិនត្រឹមតែក្នុងវិស័យទូរគមនាគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកសកម្មភាពធុរកិច្ចផ្សេងទៀត ក្នុងវិស័យឌីជីថលផងដែរ។

លោក Yuya Yao នៅក្នុងជំនួបពិភាក្សាការងារ ជាមួយ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២០ នេះ ឱ្យដឹងថា ក្រុមហ៊ុន Huawei បាន វិនិយោគលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ចាប់តាំងពីឆ្នាំ ១៩៩៩ មក ដែលបានផ្តល់ការងារដល់ប្រជាជនកម្ពុជា និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

លោកនាយកប្រតិបត្តិក្រុមហ៊ុន Huawei រូបនេះ ក៏បានសន្យាសហការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមមន្ត្រីជំនាញក្រោមឱវាទក្រសួងលើគម្រោងនានា ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍សំខាន់ៗរបស់កម្ពុជា។

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឱ្យដឹងថា ក្រសួងបានបង្កើតបរិស្ថានសម្រាប់ការរីកលូតលាស់វិស័យឌីជីថល និងស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពផ្តល់ការគំាទ្រតាមរយៈជំនាញ និងបទពិសោធន៍របស់ខ្លួនលើកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ដើម្បីបណ្តុះបណ្តាលកសាងសមត្ថភាពមន្រ្តីរាជការក្រសួង និងនិស្សិត ព្រមទាំងការប្រើប្រាស់អ៊ីនធឺណិត និងបច្ចេកវិទ្យាបានទូលំទូលាយក្នុងចំណោមប្រជាពលរដ្ឋទូទៅ៕

គម្រោងចាស់ៗលើវិស័យអចលនទ្រព្យនៅតែបន្តសាងសង់ធម្មតា

ដោយវុត្ថា

ភ្នំពេញ៖ គម្រោងធំៗ លើវិស័យវិស័យអចលនទ្រព្យដែលសល់ពីឆ្នាំចាស់នៅនៅតែបន្តមានសសកម្មភាពសាងសង់ធម្មតា បើទោះបីកម្ពុជាបានឹងកំពុងប្រយុទ្ធប្រឆាំងទៅនឹងការរីករាលជាសកលនៃជំងឺ Covid-19 យ៉ាងណាក្តី។

លោក ម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុន Premium housing Co, Ltd បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២០ នេះឱ្យដឹងថា សកម្មភាពនៃការសាងសង់លើគម្រោងចាស់ៗ នៃវិស័យសំណង់ និងអចលនទ្រព្យនៅតែមានភាពរស់រវើក បើទោះបីកម្ពុជាមានករណីឆ្លងជំងឺកូវីដ ១៩ ក៏ដោយ ។

លោកបន្តថា “យើងមើលឃើញថាអត់មានការថមថយសកម្មសាងសង់លើគម្រោងចាស់ៗទេ សកម្មភាពនេះ នឹងធ្វើឱ្យវិស័យអចលនទ្រព្យកម្ពុជានៅតែមានភាពរីកចំរើននាពេលខាងមុខនេះ បើទោះបីបច្ចុប្បន្ននេះ មានស្ថានភាពនៅទ្រឹងដោសជំងឺកូវីដ ១៩ ។
លោក ច្រឹក សុខនីម ប្រធានាសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជាបានឱ្យដឹងកន្លងមកនេះដែរថា វិស័យអចលនទ្រព្យទទួលរងនូវផលប៉ះពាល់ផ្ទួនៗ ចាប់តាំងពីចុងឆ្នាំ២០១៩ រហូតមកដល់ដើមឆ្នាំ ២០២០ តែយ៉ាងសកម្មភាពនៃការសងសង់គម្រោងចាស់នៅតែបន្តធ្វើសកម្មភាព មិនមានការថមថយនោះទេ។

លោកបន្តថា “យើងគម្រោងស្នើសុំវិនិយោគនៅដើមឆ្នាំនេះមានចំនួនច្រើន តែយើងមិនដឹងថា គាត់ធ្វើឬមិនធ្វើទេ តែសម្រាប់គម្រោងចាស់ៗ បើទោះបីមានកូវីដ១៩ ឬការបិហ្គេមអនឡាញក៏ដោយ តែខ្ញុំឃើញសកម្មភាពសាងសង់នូវគម្រោងធំៗទាំងនៅតែបន្ត មិនមានសញ្ញាណាមួយជាប់គាំងលើវិស័យអចលនទ្រព្យនោះទេ” ។

លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានឱ្យដឹងដែរថា ក្នុងត្រីមាសឆ្នាំ ២០២០ នេះ ក្រសួងនៅតែទទួលបានពាក្យស្នើសុំវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យ ជាបន្តបន្ទាប់ តែ សម្រាប់ការសាងសង់ជាក់ស្តែងមិនទាន់ដឹងថាមានការផ្អាកសកម្ម ឬ យ៉ាងណានោះទេ ៕

អ្នកវិនិយោគផ្លាស់ប្ដូរយុទ្ធសាស្ត្រទីផ្សាររបស់ខ្លួន ដើម្បីលក់ខុនដូដល់អតិថិជន

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ស្ថិតនៅក្នុងស្ថានភាពដែលកំពុងតែប្រឈម និងរាតត្បាតពីជំងឺឆ្លង Covid-19 សម្រាប់ទីផ្សារ និងការលក់ក្នុងវិស័យខុនដូនៅកម្ពុជា ត្រូវបានអ្នកជំនាញអះអាងថា ហាក់មិនរងផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ខណៈដែលយុទ្ធសាស្ត្រនៃការលក់ត្រូវបានផ្តោតសំខាន់ទៅលើការលើកទឹកចិត្តអតិថិជនដោយការលក់បញ្ចុះតម្លៃ និងការបន្ថែមជូនសម្ភារៈប្រើប្រាស់។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ ERA លោក ខន គង្គា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះថា ទីផ្សារខុនដូនៅពេលបច្ចុប្បន្ននេះ បើទោះជាស្ថិតនៅក្នុងស្ថានភាពគំរាមកំហែងពីជំងឺឆ្លង Covid-19 ក៏ដោយ ប៉ុន្តែនៅរក្សាបានភាពល្អប្រសើរ ដែលខុសពីបណ្តាប្រទេសជិតខាងមួយចំនួនដែលកំពុងមានជួបការធ្លាក់ចុះ។

លោក ខន គង្គា បានមានប្រសាសន៍បញ្ជាក់ថា “មិនថាការសាងសង់ ឬការលក់នោះទេ ទីផ្សារខុនដូនៅកម្ពុជា នៅតែរក្សាបានភាពល្អប្រសើរ មិនមានការធ្លាក់ចុះនោះទេ”។ លោកបន្តថា “តម្លៃខុនដូដែលបានដាក់លក់នៅលើទីផ្សារមិនមានការធ្លាក់ចុះ ហើយក៏មិនមានការឡើងថ្លៃនោះដែរ ប៉ុន្តែសម្រាប់គម្រោងធំៗមួយចំនួនបានផ្លាស់ប្ដូរវិធីសាស្ត្រក្នុងការលក់របស់ខ្លួនដោយការបន្ថែមជូនជាកាដូទៅដល់អតិថិជន ដូចជាបន្ថែមគ្រឿងសង្ហារឹម ឬសម្ភារៈប្រើប្រាស់ដែលត្រូវបានបំពាក់រួចជាស្រេចនៅក្នុងយូនីតនីមួយៗជាដើម”។

ជាមួយគ្នានេះ លោកបានបង្ហាញពីជំនឿថា ទីផ្សារខុនដូនៅកម្ពុជា នឹងមិនរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិជំងឺ Covid-19 នោះទេ ដោយសារតែតម្រូវការទីផ្សារខុនដូភាគច្រើនជាអតិថិជនក្នុងស្រុករហូតដល់ប្រមាណ៩០ភាគរយ។

ស្រដៀងគ្នានឹងការលើកឡើងខាងលើនេះ នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍តាមទូរស័ព្ទកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ផងដែរថា ការលក់ខុនដូនៅក្នុងកាលៈទេសៈនេះ មានភាពខុសគ្នាកាលពីចុងឆ្នាំ២០១៩បន្តិច ។

លោកស្រីបានបញ្ជាក់ថា “សព្វថ្ងៃអ្នកលក់ខុនដូបានប្រើវិធីសាស្ត្រផ្សេងគ្នាដើម្បីអាចទទួលបានចំណែកទីផ្សារ ដូចជាសម្រាប់អ្នកដែលទិញខុនដូទុកសម្រាប់លក់បន្តយកចំណេញ ពួកគេបានប្រើវិធីសាស្ត្របញ្ចុះតម្លៃចាប់ពី ៥-១០ភាគរយ អាស្រ័យតាមអ្នកដែលមានតម្រូវការសាច់ប្រាក់បន្ទាន់ ប៉ុន្តែសម្រាប់ក្រុមហ៊ុនដែលកាន់គម្រោងលក់ធំៗហាក់មិនមានការបញ្ចុះតម្លៃនោះ ដោយពួកគេអាចផ្ដល់ជូននូវអត្ថប្រយោជន៍ដល់អតិថិជន ដូចជាការធានាការជួលត្តឡប់មកវិញជាដើម។ គម្រោងដែលកំពុងតែបន្តសកម្មភាពលក់ពេលនេះ ភាគច្រើនជាគម្រោងចាស់ ប៉ុន្តែសម្រាប់គម្រោងថ្មីៗគឺនៅមិនទាន់មានការប្រកាសលក់នោះទេ ដោយពួកគេនៅរង់ចាំមើលពីស្ថានភាពដែលកំពុងតប្រឈម”។

លោកស្រី អាន សុធីតា បានបន្តទៀតថា “ភាពប្រឈមនៃទីផ្សារខុនដូនៅកម្ពុជាមិនមានភាពធ្ងន់ធ្ងរនោះ ផ្ទុយទៅវិញ ភាពល្អប្រសើរអាចនឹងត្រឡប់មករកសភាពដើមវិញក្នុងពេលដ៏ខ្លី ដោយសារតែទីផ្សារខុនដូនៅកម្ពុជា ភាគច្រើនមកពីប្រទេសចិន តែវ៉ាន់ សិង្ហបុរី ហើយប្រទេសទាំងនេះក៏កំពុងតែចាប់ផ្ដើមបង្ហាញពីការធ្លាក់ចុះនៃភាពប្រឈម រួមទាំងកម្ពុជាផងដែរ” ៕

កម្ពុជាបាននាំចេញត្បូង និងគ្រឿងអលង្ការតម្លៃប្រមាណ ៤២០ លានដុល្លារ ទៅកាន់ទីផ្សារអន្តរជាតិ

ដោយ ប៊ី

ភ្នំពេញ៖ របាយការណ៍ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កម្ពុជាបាននាំចេញត្បូង និងគ្រឿងអលង្ការដែលមានតម្លៃជាង ៤១៨,២៩ លានដុល្លារអាមេរិកទៅកាន់ទីផ្សារអន្តរជាតិកាលពីឆ្នាំមុន។

សឹង្ហបូរីគឺជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជាដែលមានតម្លៃ ២២៦ លានដុល្លារ។ ប្រទេសថៃជាប់ចំណាត់ថ្នាក់លេខ ២ និងនាំចូលគ្រឿងអលង្ការដែលមានតម្លៃប្រហែល ១៦៥ លានដុល្លារអាមេរិក ខណៈដែលសហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់លេខ ៣ និងនាំចូលជាង ២៣ លានដុល្លារ។

ទិសដៅនាំចេញផ្សេងទៀតរួមមានប្រទេសវៀតណាម (៣,៣៦ លានដុល្លារ) បែលហ្ស៊ិក (១,១៥ លានដុល្លារ) ជប៉ុន (១១ ម៉ឺនដុល្លារ) អ៊ីតាលី (១.៨៥១ ដុល្លារ) និងចិន (១,១៤២ ដុល្លារ) ។

កម្ពុជាក៏បាននាំចូលត្បូង និងគ្រឿងអលង្ការដែលមានតម្លៃជាង ១៩៤ លានដុល្លារផងដែរ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកកាលពីឆ្នាំមុន។

ទំនិញភាគច្រើនបានមកពីប្រទេសថៃសឹង្ហបូរី កាណាដា ប៊ែលហ្សិក និងហុងកុង ប៉ុន្តែកម្ពុជាក៏បាននាំចូលពីទិសដៅចំនួន ១៦ ផ្សេងទៀតរួមមានសហរដ្ឋអាមេរិក ឥណ្ឌា ចិន វៀតណាម ជប៉ុន ម៉ាឡេស៊ី កូរ៉េខាងត្បូង និងអ៊ីតាលីជាដើម៕