សម្តេចតេជោ ផ្តល់សម្ភារបរិក្ខារវេជ្ជសាស្ត្រតម្លៃ ១លានដុល្លារដល់ក្រសួងសុខាភិបាល

ដោយវុត្ថា

ភ្នំពេញ ៖ សម្តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានផ្តល់នូវសម្ភារៈ បរិក្ខារវេជ្ជសាស្ត្រ ចំនួន១កុងទែន័រ សរុបទឹកប្រាក់ប្រមាណ១លានដុល្លារសហរដ្ឋអាមេរិកក្រោម គម្រោង Project Commission on Urgent Relief and Equipment ដើម្បីជូនក្រសួងសុខាភិបាល ប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩។

ពិធីប្រគល់-ទទួល បានធ្វើឡើងនាទីស្តីការក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៥ មេសា ២០២០នេះ ក្រោមវត្តមាន លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយលោក សេង ទៀង ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងតំណាងរបស់ក្រុមហ៊ុន MJ Health Care Co.Ltd។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់គម្រោង Project Commission on Urgent Relief and Equipment និងMJ Health Care Co.Ltd ដែលសបញ្ជាក់នូវវប្បធម៌ នៃការចែករំលែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាត នៃកូវីដ១៩ ឲ្យបានកាន់តែឆាប់រហ័ស៕

ស្ថាប័នហិរញ្ញវត្ថុបាននិងកំពុងចូលរួមអនុវត្តសារាចររបស់រដ្ឋាភិបាល ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យរួចផុតពីវិបត្តិ COVID-19

ដោយ ប៊ី

ភ្នំពេញ៖ ស្របពេលធនាគារជាតិនៃកម្ពុជា (NBC) បានដាក់វិធានការ ក៏ដូចជា សារាចរមួយចំនួនដើម្បីសម្រួលអ្នកប្រើប្រាស់កម្ចីដែលផលប៉ះពាល់ដោយការរីករាលរាលនៃជំងឺ COVID-19 ស្ថាប័នហិរញ្ញវត្ថុបាននិងកំពុងចូលរួមអនុវត្តសារាចរទាំងនេះដើម្បីចូលទប់ស្កាត់ការរីករាលជំងឺ ពិសេសជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យរួចផុតពីវិបត្តិមួយនេះ។

លោក អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានថ្លែងប្រាប់តាមទូរស័ព្ទនៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២០នេះថា សារាចររបស់ NBC បានណែនាំគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុឲ្យរៀបចំ “ឥណទានឡើងវិញ” ដើម្បីជួយសម្រាលបន្ទុកទៅដល់អ្នកខ្ចីប្រាក់ដែលកំពុងប្រឈមនឹងការធ្លាក់ចុះ និងបាត់បង់ប្រាក់ចំណូល។

លើសពីនេះ NBC បានចេញប្រកាសមួយកាលពីថ្មីៗនេះស្តីពីការបន្ធូរបន្ថយអនុបាទនៃទុនបម្រុងរបស់គ្រឹះស្ថានធនាគារ ដើម្បីជាធនធានគ្រប់គ្រាន់សម្រាប់គាំទ្រដល់ការលូតលាស់របស់ឥណទាន។

លោកបានថ្លែងបន្តថា “គ្រឹះស្ថានធនាគារនៅកម្ពុជាកំពុងអនុវត្តតាមសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជា (NBC) ក្នុងការដោះស្រាយការសងបំណុលដោយមធ្យោបាយទន់ភ្លន់ និងមិនបានរឹបអូសទ្រព្យធានារបស់កម្មករនិយោជិត អំឡុងពេលមានការរីករាលដាលជំងឺ COVID-19”។

លោកបានថ្លែងថា “វិធានការរៀបរាប់ខាងលើនេះគឺមានលក្ខណៈគ្រប់គ្រាន់រួចហើយសម្រាប់គ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុអនុវត្តតាម។ ខ្ញុំយល់ថា មិនចាំមានលិខិតអ្វីត្រូវផ្ញើជូនសម្តេច ហ៊ុន សែន នោះទេ ព្រោះយើងកំពុងអនុវត្តតាមសារាចរណែនាំរបស់ធនាគារជាតិយ៉ាងពេញលេញ”។

លោក អ៉ិន ចាន់នី បានឱ្យដឹងថា គិតមកដល់ពេលនេះធនាគារអេស៊ីលីដាបានផ្តល់កម្ចីឲ្យកម្មករនិយោជិត និងគ្រួសារពួកគេមានចំនួន ២៩៥ ឥណទាន ដែលមានទឹកប្រាក់ជាង ១ លានដុល្លារ។

លោកថ្លែងថា “អាជីវកម្មរបស់ពួកគាត់នៅដំណើរការជាធម្មតា ព្រោះអាជីវកម្មគាត់មិនមានផលប៉ះពាល់ជាមួយការរីករាលដាលជំងឺកូវីដ ១៩ នោះទេ។ កម្ចីដែលខ្ចីពីយើងសម្រាប់ប្រកបរបរដាំដំណាំកសិកម្មចម្រុះរួមមានដាំបន្លែ ធ្វើស្រែជាដើម”។

លោក ប៊ុន មុនី អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិថីបានប្រាប់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏កំពុងចូលរួមអនុវត្តតាមវិធានការរបស់ធនាគារជាតិទាក់ទងនឹងការដោះស្រាយការសងបំណុលប្រកបដោយការអនុគ្រោះក្នុងអំឡុងពេលនេះ។

លោកបន្តថា ទោះបីយ៉ាងណាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏មានបន្ទុកធ្ងន់ក្នុងការសងទៅឲ្យម្ចាស់បំណុលរបស់ខ្លួនវិញផងដែរ ព្រោះទុនវិនិយោគរបស់គ្រឹះហិរញ្ញវត្ថុគឺទទួលបានពីកម្ចីគេដែរ។

លោកថ្លែងថា “ជាការពិតប្រាក់ដែលយើងផ្តល់កម្ចីទៅឲ្យអតិថិជនគឺយើងខ្ចីពីគេ ដូច្នេះការអនុគ្រោះយើងអាចធ្វើទៅបានតាមលទ្ធភាពជាក់ស្តែង។ រហូតមកដល់ពេលនេះពុំទាន់មានអ្នកស្នើសុំពន្យារពេលសងបំណុលនោះទេ ព្រោះអាជីវកម្មពួកគាត់មិនប៉ះពាល់នៅឡើយ កម្ចីយើងភាគច្រើនផ្តល់លើផ្នែកកសិកម្ម”។

តបតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានបរិច្ចាគទឹកប្រាក់ចំនួន 100 លានរៀល ជូនចំពោះគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19 នៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ។

លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិប្រាសាក់ បានមានប្រសាសន៍សេចក្តីប្រកាសព័ត៌មានមួយថា ប្រាសាក់ សូមចូលរួមជាកម្លាំងផ្នែកមួយជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ បង្ការ និងព្យាបាលជំងឺកូវីដ19 ដើម្បីសុវត្ថិភាព និងសុខភាពប្រជាជនកម្ពុជា។

លោក សូនី បន្ត “ក្រៅពីការរួមចំណែកជាថវិកាជាមួយរដ្ឋាភិបាល ប្រាសាក់ ក៏បានដាក់ចេញជាវិធានការជាបន្ទាន់ និងយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ 19 ដល់បុគ្គលិក និងអតិថិជន ដោយបានអនុវត្តវិធានផ្នែកអនាម័យល្អ និងសុវត្ថិភាព ដូចជា ការត្រួតពិនិត្យវាស់ស្ទង់សីតុណ្ហភាពរបស់បុគ្គលិក និងអតិថិជនទាំងអស់មុននឹងចូលក្នុងអគារប្រាសាក់ ការលាងសម្អាតដៃជាញឹកញាប់ជាមួយនឹងសាប៊ូឬអាល់កុលលាងដៃ ការពាក់ម៉ាស់ ការរក្សាគម្លាតនៃការប្រាស្រ័យទាក់ទង និងការសម្អាតការិយាល័យជាប្រចាំ”។

ប្រាសាក់ ក៏បានផ្សព្វផ្សាយពីវិធីបង្ការកូវីដ 19 តាមប័ណ្ណផ្សាយ និងចែកខិត្តប័ណ្ណផ្សព្វផ្សាយ ផលិតវីដេអូខ្លីដែលផ្សាយតាម ទំព័រហ្វេសប៊ុកប្រាសាក់ និងផលិតឯកសារអប់រំក្នុងការការពារការឆ្លងជំងឺកូវីដ 19 ផ្សេងទៀតជូនដល់បុគ្គលិកនិងអតិថិជនទាំងអស់ ដើម្បីបញ្ជ្រាបការយល់ដឹងនិងចូលរួមប្រយុទ្ធនឹងការចម្លងជំងឺដ៏កាចសាហាវនេះ។

លើសពីនេះ ប្រាសាក់ ក៏បានលើកទឹកចិត្តឱ្យអតិថិជននិងសាធារណជនងាកមកប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថលវិញ ក្នុងការធ្វើប្រតិបត្តិការសាច់ប្រាក់ ដូចជា ផ្ទេរប្រាក់ ទូទាត់វិក្កយបត្រទឹក–ភ្លើង ស្គេនទូទាត់តាម QR កូដ តាមរយៈកម្មវិធីសេវាធនាគារចល័តប្រាសាក់ និងសេវាទូទាត់ឆ្លងធនាគារតាមកម្មវិធីបាគងនៅលើទូរស័ព្ទដៃ ដើម្បីចៀសវាងការប្រើប្រាស់សាច់ប្រាក់ដែលមិនចាំបាច់ ដែលអាចមានជាប់បាក់តេរី និងវីរុស ជាយថាហេតុ។

លោកបន្តថា “ក្នុងពេលវេលាដ៏លំបាកនេះ តាងនាមថ្នាក់គ្រប់គ្រងនិងបុគ្គលិកទាំងអស់របស់ប្រាសាក់ ខ្ញុំបាទសូមគោរពជូនពរចំពោះ សម្ដេច ទ្រង់ ឯកឧត្ដម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញាទាំងអស់ សូមមានសុខភាពល្អ និងមានសុវត្ថិភាពគ្រប់ៗគ្នា។ សូមចូលរួមសកម្មភាពការពារខ្លួនអ្នកផ្ទាល់ និងក្រុមគ្រួសារ។ យើងរួមគ្នាដើម្បីបង្ការការឆ្លងជំងឺកូវីដ 19 និងរក្សាបានសុវត្ថិភាពខ្ពស់ទាំងអស់គ្នា!”។

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី ល័ក្ខ ដែលបម្រើការនៅក្នុងកាស៊ីណូមួយ (កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលផ្អាកដំណើរការកាស៊ីណូបណ្ដោះអាសន្ន) នៅក្រុងបាវិតខេត្តស្វាយរៀង បានប្រាប់ថា ធនាគារ នឹងគ្រិះស្ថានហិរញ្ញគួរតែផ្អាកយកទាំងការប្រាក់ និងថ្លៃដើមសងក្នុងរយៈពេលសមស្របណាមួយ ដោយសារលោកស្រីលែងមានប្រាក់ចំណូលសម្រាប់ការបង់ធនាគារ។

លោកស្រីបាននិយាយថា “រដ្ឋាភិបាលបានចេញប្រកាសផ្អាកដំណើរការបណ្តោះអាសន្ន ដោយសារការរីករាលដាលជំងឺ COVID-19 ហើយធ្វើឱ្យខ្ញុំបាត់បង់ប្រាក់ចំណូល និងមិនដឹងពេលណាបានទទួលបានប្រាក់ខែវិញ”។

លោកស្រី បានបន្តថា “ខ្ញុំស្នើសុំរដ្ឋាភិបាលឱ្យជួយពួកខ្ញុំ ដែលប្រើប្រាស់កម្ចីពីធនាគារថា ធនាគារគួរកុំយកទាំងការ និងទាំងដើម អំឡុងពេលនេះ”។

លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានថ្លែងប្រាប់ទូរទស្សន៍ CNBC ដែលមានមូលដ្ឋាននៅអាមេរិកថា រដ្ឋាភិបាលដាក់ចេញកញ្ចប់ថវិកាជំរុញសេដ្ឋកចិច្ច ២ ពាន់លានដុល្លារ ដើម្បីត្រៀមស្តារសេដ្ឋកិច្ចដែលរងប៉ះពាល់ដោយការរីករាលដាលជំងឺ COVID-19។

លោកស្រី បានថ្លែងថា “រដ្ឋាភិបាលកម្ពុជាបានរៀបចំកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចជាតិ ២ ពាន់លានដុល្លារ ខណៈធនាគារជាតិបានស្នើដល់ធនាគារដើម្បីសម្រាលដល់សេដ្ឋកិច្ចជាតិដែលកំពុងរងគ្រោះដោយការរីករាលដាលដោយ COVID-19”។

ធនាគារជាតិនឹងផ្តល់នូវការសម្របសម្រួលមួយចំនួនដូចជា ទី១- ការត្រូវផ្តល់ការពន្យាឫ កាត់បន្ថយអាត្រាការប្រាក់ គឺជាសិទ្ធរបស់វិស័យឯកជន។ ដូចអ្នករកស៊ីដទៃទៀតដែរ រដ្ឋមិនអាចឲ្យគេលក់ក្នុងតម្លៃមួយដែលគេខាតបានទេ។ នៅបរទេសគេធ្វើបាន ព្រោះរដ្ឋគេចេញខាតជំនួស តាមរយៈការមិនយកពន្ធឫវិធានការផេ្សងៗ។

យើងអាចបង្ខំឲ្យធនាគារធ្វើបាន លុះត្រាតែធនាគារ ទទួលផលប្រយោជន៏អី្វមួយពីរដ្ឋវិញ។ បើយើងជាអ្នករកស៊ី ហើយរដ្ឋឲ្យយើងលក់ថោកជាងធម្មតា ដោយមិនចេញខាតឲ្យ ក៏យើងមិនសុខចិត្តដែរ។

ទី២ ការទាមទាឱ្យមានវិធានការជាលក្ខណៈទូទៅ មិនរើសមុខ ក្នុងការពន្យាការយកការប្រាក់ឫប្រាក់ដើម ក៏មិនអាចធ្វើបានដែរ ព្រោះត្រូវចំណាយធនធានធំណាស់ដើម្បីធ្វើការងារនេះ។ ធនាគារប្រៀបដូចមេតុងទីនអញ្ចឹងដែរ បើអ្នកដេញបានមុនមិនបង់ចូលក្រុម មេតុងទីនត្រូវទទួលខុសត្រូវ ហើយអ្នកក្រោយក៏អត់បានដេញដែរ។ ណាមួយមិនដឹងថាវិបត្តិនេះបន្តយូរប៉ុណ្ណាទេ ដូច្នេះធនាគារគេចង់ជួយអ្នក ដែលជួបបញ្ហាពិតប្រាកដនិងធ្ងន់ធ្ងរ។

ដូច្នេះត្រូវជួយអ្នកពិបាកពិតប្រាកដមុនគេ ព្រោះធនាគារក៏មានធនធានមានកម្រិតដែរ។ ជាពិសេសបើអ្នកមានលុយសល់ឈប់ផ្ញើនៅធនាគារ ធនាគារក៏ពុំមានទុនបង្វិលដែរ។ ទី៣ មានសំនួរថាបើអញ្ចឹង ធ្វើអីមិនបានៗ ទុកឲ្យអ្នករកស៊ី តូចតាចស្លាប់ឫ? អត់ដល់ម្លឹងទេ។ ដូច្នេះហើយបានជាធនាគារជាតិនៃកម្ពុជា ចេញសេចក្តីណែនាំឲ្យគ្រឹះស្ថានសម្រួលនិងមានភាពទន់ភ្លន់ តាមស្ថានភាពជាក់ស្តែង។ បើគាត់គិតថាអតិថិជនណាមួយជួបវិបត្តពិតប្រាកដ ដោយសារ Covid ១៩ នោះគាត់នឹងជួយ ហើយអាចជួយលើសពីការស្នើរសុំពីអាជ្ញាធរទៀត។

ប៉ុន្តែបើក្រុមហ៊ុននោះតាមពិតទៅជួបបញ្ហា តាំងតែពីមុនវីរ៉ុសវាយលុគ នោះគេអាចមិនជួយ ព្រោះទោះជាស្ថានភាពបច្ចុប្បន្នល្អឡើងវិញ ក៏ស្រោចស្រង់មិនរួចដែរ។

ទី៤ ជាថ្នូរនឹងការអនុវត្តនេះ ធនាគារជាតិនៃកម្ពុជាបានចេញវិធានការ៥យ៉ាងដើម្បីជួយគ្រឹះស្ថានវិញ។ ដោយមិនបាច់ចូលជ្រៅក្នុងបច្ចេកទេសធនាគារ យើងគ្រាន់តែដឹងថាវិធានការទាំងនេះមានគោលបំណង បន្ថូរបន្ថយ ថ្លៃដើម នៃដើមទុនរបស់គ្រឹះស្ថាន ដើម្បីឱ្យគាត់បន្តផ្តល់ឥណទាន ក្នុងតម្លៃទាបដល់អតិថិជន និងមានសាច់ប្រាក់ច្រើនក្នុងដៃរដើម្បីផ្តល់ភាពងាយស្រួល ដល់ការសម្រេចចិត្តពន្យាពេលសងរបស់គាត់៕

តើ​តម្លៃ​ដី​នៅលើ​ផ្លូវ​ព្រះសីហនុ​មានការ​ប្រែប្រួល​យ​យ៉ាងដូចម្តេច​ក្នុង​រយៈពេលប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ មហាវិថី​ព្រះសីហនុ​ដែល​គិត​ចាប់ពី​ត្រឹម​ម្តុំ​អាងទឹក​អូឡាំពិក រហូតមកដល់​ចំណុច​បំបែក​ផ្លូវ​សុធារស់ ត្រូវបាន​អ្នកជំនាញ​បញ្ជាក់​ប្រាប់ថា គឺជា​ផ្លូវ​ដ៏​សំខាន់​មួយ និង​មានតម្លៃ​អចលនទ្រព្យ​ខ្ពស់ មិន​ចាញ់​មហាវិថី​អាជីវកម្ម​ចម្រុះ​ដទៃទៀត នៅក្នុង​រាជធានី​ភ្នំពេញ​នោះឡើយ ហើយ​ក្នុងនោះ​មានផ្ទះ​ល្វែង​ខ្លះ អាចមាន​តម្លៃ​រហូតដល់​ជាង១លាន​ដុល្លារ។

នៅក្នុង​រាជធានី​ភ្នំពេញ ចំពោះ​មហាវិថី និង​ផ្លូវសំខាន់ៗមួយចំនួន​ដែល​ត្រូវបាន​អ្នកជំនាញ ក៏ដូចជា​បណ្តា​អ្នកវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ចាត់ទុកថា​ជា​ផ្លូវ​មេ​ផ្នែក​អាជីវកម្ម​រួមមាន​ដូចជា ផ្លូវ​កម្ពុជា​ក្រោម ផ្លូវ​ព្រះមុនីវង្ស ផ្លូវ​ម៉ៅ​សេទុង មហាវិថី​ព្រះ​នរោត្តម រួមជាមួយ​នឹង​ផ្លូវ​ហ្សា​ឌឺ​ហ្គោល នោះ សម្រាប់​មហាវិថី​ព្រះសីហនុ ក៏​ជា​ផ្លូវ​មួយ​ដែល​ស្ថិតនៅ​ក្នុងចំណោម​ផ្លូវសំខាន់ៗទាំងអស់​ខាងលើនេះ​ផងដែរ។

នាយិកា​ក្រុមហ៊ុន AMATAK Property Service លោកស្រី​តាំង ហួរ​បាន​មានប្រសាសន៍ប្រាប់​តាមរយៈ​ទូរស័ព្ទ​កាលពីពេលថ្មីៗនេះ​ថា មហាវិថី​ព្រះសីហនុ ក៏ត្រូវ​បាន​ចាត់ជា​ផ្លូវ​ដែលមាន​សក្ដានុពល ក្នុងការ​ប្រកប​អាជីវកម្ម​ចម្រុះ​ផងដែរ ហើយ​នៅតាម​បណ្តោយ​ផ្លូវ​មួយ​ខ្សែ​នេះ​ក៏​មិនសូវមាន​ដីធំៗ និង​ទំនេរ​សម្រាប់ធ្វើ​ការអភិវឌ្ឍ ជា​មជ្ឍមណ្ឌល​ពាណិជ្ជ​ដែលមាន​ទំហំ​ធំ​នោះដែរ។

លោកស្រី​បន្តថា “ភាគច្រើន​នៅតាម​បណ្តោយ​ផ្លូវ​នេះ ជា​ប្រភេទ​ផ្ទះល្វែង​ទាំងអស់ ហើយក៏​សុទ្ធ​តែមាន​បើក​អាជីវកម្ម​ទាំងអស់។លោក​បន្តថា “ដោយសារតែ​តំបន់​នេះ​មិនសូវមាន​ផ្ទៃដី​ទំនេរ ហើយ​ជាទី​តាំង​អំណោយផល ដល់​ការប្រកប​មុខ​ជំនួញ​ផងដែរ​នោះ បានធ្វើឱ្យ​តម្លៃ​អចលនទ្រព្យ​មានការ​កើនឡើង​ជា​រៀងរាល់ឆ្នាំ។

អនុប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​រូបនេះ​បាន​បន្ត​ឱ្យដឹងទៀតថា តម្លៃ​អចលនទ្រព្យ​ដែល​ស្ថិតនៅតាម​បណ្តោយ​មហាវិថី​មួយ​នេះ គឺ​មិន​ស្មើគ្នា​នោះទេ ដែល​វា​ក៏​អាស្រ័យ​ទៅ​តាំ​ម​ទីតាំង តំបន់ ជាពិសេស​គឺ​ទំហំ​និង​ប្រវែង។ ចំពោះ​ផ្ទះល្វែង​ខ្លះ​ដែលមាន​ប្រវែង​ខ្លី និង​មាន​ជាន់​តិច អាច​លក់​ក្នុង​ចន្លោះ​ក្រោម​មួយ​លាន ប៉ុន្តែ​ផ្ទះ​ខ្លះ​មាន​ប្រវែង (Eo, E1, E2) អាច​លក់បាន​ជាង១លាន​ដុល្លារ ឬ​អាច​លើសពីនេះ ប្រសិនបើជា​ប្រភេទ​លំនៅដ្ឋាន​ដែលមាន​ម្ចាស់​ច្រើន​គ្នា។

យ៉ាងណាក៏ដោយ លោកស្រី​តាំង ហួរ ក៏បាន​បញ្ជាក់​ផងដែរ​ថា ចំពោះ​តម្លៃ​ទាំងនេះ នៅ​មិនទាន់​ឈានដល់​ចំណុចកំពូល​នៅឡើយ​នោះទេ ដែល​វា​នៅមាន​ឱកាស​ឡើង​ខ្ពស់ជាង​នេះ​បន្តិចទៀត​នៅ​ឆ្នាំ​បន្ទាប់។

ជាមួយគ្នានេះ លោក​វ៉ា វីរៈ នាយក​ក្រុមហ៊ុន​អចលនទ្រព្យ Century21 Fortuna Investment បាន​មានប្រសាសន៍​ឱ្យដឹង​ផងដែរ​ថា មហាវិថី​ព្រះសីហនុ គឺ​ត្រូវបាន​បែង​ចែកចេញ​តំបន់​ផ្សេងគ្នា ដូចជា​ចាប់ពី​ចំណុច​ស្តុ​ប​មន្ទីរពេទ្យ​ចិន (ស្តុ​ប​អាគារ៤២ជាន់) រហូតមកដល់​ចំណុច​ម្ដុំ​រង្វង់​មូល​វិមានឯករាជ្យ ដែល​ស្ថិតនៅក្នុង​សង្កាត់​បឹង​កេង គឺមាន​តម្លៃ​ថ្លៃ ហើយ​ទីតាំង​ខ្លះ​អាច​ថ្លៃ​លើស​តម្លៃ​ដី ដែល​ស្ថិតនៅក្នុង​សង្កាត់​បឹង​កេងកង១ (ផ្លូវ​ខាងក្នុង) ថែម​ទៀតផង ដោយសារតែ​វា​ស្ថិតនៅលើ​មហាវិថី ដែល​អាច​ក្នុងតម្លៃ​ជាង ៦,០០០ដុល្លារ​ឡើងទៅ​ក្នុង​មួយ​ម៉ែត្រការ៉េ។

ដោយឡែក​ចាប់ពី​ចំណុច​ខាងក្រោយ​វិទ្យាល័យ​ព្រះ​យុគន្ធរ រហូតដល់​ចំណុច​ស្តុ​ប​វត្ត​មហាមន្ត្រី ដែល​ស្ថិតនៅក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ៧មករា អាចមាន​តម្លៃ​ទាប​អាច​ក្នុង​ចន្លោះ៤,៥០០ ទៅ៥,០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ព្រោះ​នៅ​តំបន់​នេះ​ភាគច្រើន​លំនៅដ្ឋាន ដែលមាន​អាជីវកម្ម​លក្ខណៈ​គ្រួសារ​ច្រើន។ ប៉ុន្តែ​ចាប់ពី​ស្តុ​ប​វត្ត​មហាមន្ត្រី​រហូតដល់​តំបន់​ស្តុ​ប​អាង​ទឹកអូរ​ឡាំ​ពិ​ក ដែល​ស្ថិតក្នុង​សង្កាត់​អូរ​ឡាំ​ពិ​ក អាចមាន​តម្លៃ​ថ្លៃ​បន្តិច​ឡើងវិញ៕

ក្រសួង​សាធារណការ​កំពុង​សម្រុក​ស្ថាបនា​អាង​ចម្រោះ​ទឹកកក​ខ្វក់​នៅ​ខេត្តព្រះសីហនុ​ជំ​ហ៊ាន​ទី២

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ស្ថិតនៅក្នុង​ត្រីមាស​ទី១ ដើមឆ្នាំ២០២០ ដែល​កំពុង​រង​ការគំរាមកំហែង​ពី​ជំងឺឆ្លង​ Covid-19 ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន តាមរយៈ​នាយកដ្ឋាន​សំណង់​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ បាន​សម្រុក​អនុវត្ត​ទៅតាម​ផែនការ ដែល​បាន​គ្រោងទុក​នៅក្នុង​ជំ​ហ៊ាន​ទី២ ដែល​ប្រើប្រាស់​ថវិកា​នៅក្នុង​គម្រោង​ឥណទាន​ឆ្នាំ២០១៩ ។

ទោះជា​ស្ថិតនៅក្នុង​ស្ថានភាព​នៃ​ការ​ប្រឈម និង​ប្រយុទ្ធប្រឆាំង​ជំងឺ Covid-19 ក៏ដោយ ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន តាមរយៈ​នាយកដ្ឋាន​សំណង់​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​បាន​សម្រុក និង​អនុវត្ត​ការស្ដារ និង​ស្ថាបនា​ថ្មី​នូវ​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បី​លើកកម្ពស់​សមត្ថភាព អាង​ចម្រោះ​ទឹក​កខ្វក់​នៅក្នុង​ជំ​ហ៊ាន​ទី ដោយ​ទទួលបាន​លទ្ធផល​ផ្លែផ្កា​គួរឱ្យគត់សម្គាល់។

យោងតាម​របាយការណ៍​ដែល​ចេញផ្សាយ ដោយ​ក្រសួង​សាធារណៈការ និ​ដឹកជញ្ជូន​ស្ដីពី​ការអនុវត្ត​ការងារ​លទ្ធកម្ម សម្រាប់​ការងារ​ស្ថាបនា-ជួសជុល​ផ្លូវ​ស្ពាន ប្រចាំត្រីមាស​ទី១ ឆ្នាំ២០២០ របស់​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី-ខេត្ត នាយកដ្ឋាន និង​អង្គភាព​វិស្វកម្ម បាន​បញ្ជាក់ថា នៅ​ក្នុងការ​អនុវត្តតាម​ផែនការ​ក្នុង​ជំហាន​ទី២ នៃ​ការលើកកម្ពស់​សមត្ថភាព អាង​ចម្រោះ​ទឹក​កខ្វក់​បានសម្រេច​លទ្ធផល​ជាច្រើន។

របាយការណ៍​ដដែល​នេះ​បាន​បង្ហាញថា នៅក្នុង​ជំហាន​ទី២នេះ ក្រុមការងារ និង​មន្ត្រី ជំនាញ​បាន​បំពាក់​ម៉ូ​ទ័​របាញ់​ខ្យល់​បណ្តែត​ទឹក (៣០KW) ចំនួន៨ឈុត ម៉ូ​ទ័​របាញ់​ខ្យល់​បណ្តែត​ទឹក (២២KW) ចំនួន១៥ឈុត ម៉ូ​ទ័​រ​បូម​ភក់​ចំនួន៥ឈុត ម៉ូ​ទ័​រ​បូមទឹក​ចំនួន២ឈុត រួមទាំង​ប្រព័ន្ធ​ទុយោ និង​អគ្គិសនី រួម​នឹង​ការស្ថាបនា​អាង​ស​ម្ងួ​ត​ភក់ (៤០ម៉ែត្រ X ២០ម៉ែត្រ) ចំនួន១កន្លែង។ ក្រៅពីនេះ ក្រុមការងារ​បាន​បំពាក់​បរិក្ខារ​ពិសោធន៍​ទឹក ចំនួន១ឈុត រួមមាន​ពិសោធន៍​សារធាតុ​គីមី ពិសោធន៍​រូបធាតុ ពិសោធន៍​មីក្រូ​សរីរាង្គ និង​ឧបករណ៍​ទូទៅ​សម្រាប់​មន្ទីរពិសោធន៍ ការងារ​បំពាក់​ម៉ាស៊ីនភ្លើង ៦០០KVA និង​ប្រព័ន្ធ​ភ្ជាប់​ចំនួន១ឈុត។

ដោយឡែក​ការងារ​បំពាក់​ប្រព័ន្ធ ត្រួតពិនិត្យ​ស្វ័យប្រវត្តិកម្ម រួមមាន ប្រព័ន្ធ​ត្រួតពិនិត្យ​ចំនួន៥ឈុត (១ឈុត​នៅ​ស្ថានីយ​ចម្រោះ និង៤ឈុត នៅ​ស្ថានីយ​បូម) និង​បន្ទប់​បញ្ជា​បំពាក់​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ​ចំនួន១ឈុត នៅ​ស្ថានីយ​ចម្រោះ​សម្អាត​ទឹក​កាកសំណល់ និង​ស្ថានីយ​បូមទឹក ស្ថិតនៅ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ។

រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បាន​មានប្រសាសន៍​កាលពីពេលថ្មីៗនេះ​ថា រាជរដ្ឋាភិបាល​កម្ពុជា បានគិត​គូរ​យ៉ាង​យ​ចិត្ត​ទុកដាក់​បំផុត រិះរក​គ្រប់​មធ្យោបាយ និង​គ្រប់​នីតិវិធី ធ្វើយ៉ាងណា​មិនឱ្យ​ទឹក​កខ្វក់​ហូរ​ចូលទៅក្នុង​សមុទ្រ​ទៀតឡើយ។

លោក​បញ្ជាក់ថា “ដើម្បី​គ្រប់គ្រង​ទឹក​កខ្វក់​ឱ្យមាន​ប្រសិទ្ធភាព ក្រសួង​ត្រូវការ​ផែនការមេ​មួយ​ជាក់លាក់ សំដៅ​ធ្វើឱ្យ​ប្រ​ព័​ន្ឋ​ពហុ​មុខងារ​មួយ​នេះ មាន​ប្រព័ន្ធគ្រប់គ្រង​ទឹក​កខ្វក់ ដែលមាន​ប្រសិទ្ធភាព​ខ្ពស់​ស្របតាម​ការអភិវឌ្ឍ និង​ការពង្រីក​វិសាលភាព​របស់​ខេត្ត​យ៉ាងគំហុក”៕

តំបន់​ផ្លូវ៦០ម៉ែត្រ​នឹង​ក្លាយទៅជា​តំបន់​ដើរ​ផ្សារ​ដ៏​ពេញនិយម​នាពេលខាងមុខ

ដោយ វុត្ថា

ភ្នំពេញៈ មហាវិថី​សម្ដេច​តេ​ជោ ឬ​ផ្លូវ៦០ម៉ែត្រ នឹង​ក្លាយទៅជា​តំបន់​ដើរ​ផ្សារ​ដ៏​ពេញនិយម​បំផុត​របស់​ទីក្រុង​ភ្នំពេញ​នាពេល​ខាងមុខនេះ ខណៈ​តំបន់​នេះ​បាននិងកំពុង​ទាក់ទាញ​គម្រោង​វិនិយោគធំៗ ចូលទៅក្នុង​តំបន់​នេះ​យ៉ាងច្រើន ដោយ​ក្នុងនោះ​មាន​ទាំង​គម្រោង​ផ្សារ​ទំនើប និង​ម​ជ្ឈ​ម​ណ្ឌ​ពាណិជ្ជកម្ម។

១) គម្រោង​ផ្សារ​ទំនើប PH Diamond Place

ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ PH Diamond Place  របស់​ក្រុមហ៊ុន​បុរី​ប៉េង ហួត  បាននិងកំពុង​សាងសង់​យ៉ាងសកម្ម ខណៈ​គម្រោង​ផ្សារ​នេះ បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ខែមីនា​ឆ្នាំ២០១៨ កន្លងទៅនេះ ។  ផ្សារ​ទំនើប PH Diamond Placeនេះ ដ​ត្រូវបាន​ក្រុមហ៊ុន​បោះទុន​ជាង៦០លាន​ដុល្លារ សាងសង់​លើ​ផ្ទៃដី៦ហិកតា។

ផ្សារ​ទំនើប​នេះ ជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍន៍​ចម្រុះ The Star Diamond ដែលមាន​ផ្ទៃដី​សរុប៤០ហិកតា​របស់​ក្រុមហ៊ុន ប៉េង ហួត​គ្រុប។ គម្រោង​នេះ​នឹង​អភិវឌ្ឍន៍​ជា​បុរី អគារខ្ពស់ៗ សាល​សន្និបាត និង​ផ្សារ​ទំនើប។ ជាមួយគ្នានេះ ក៏មាន​គម្រោង​បុរី​នៅ​ហុំ​ព័ទ្ធ​ជុំ​នេះ​ផងដែរ។

២) គម្រោង​ផ្សារ AEON MALL3

ម្រោ​ង​ផ្សារ​ទំនើប​ដ៏​ធំ AEON3 នឹងត្រូវ​សាងសង់​នៅលើ​ផ្ទៃដី​ទំហំ​ជាង១៧ហិកតា ស្ថិតនៅ​ភូមិ​ព្រែក​តា​ឡុង៣ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ក្បែរ​ស្ពានថ្ម ដែលមាន​ផ្ទៃក្រឡា​សរុប​រហូតដល់​ទៅ១៧៤,០០០ ម៉ែត្រការ៉េ ដែល​ធំ​ជាង​ផលបូក​ផ្ទៃក្រឡា​ផ្សារ​ទំនើប AEON 1 (៦៨០០០ ម៉ែត្រការ៉េ) និង​ផ្សារ​ទំនើប AEON 2 ខណ្ឌ​សែន​សុខ (១០០០០០ ម៉ែត្រការ៉េ)។

៣ ) គម្រោង​ផ្សារ​ទំនើប​ជីប ម៉ុង

គម្រោង​ផ្សារ​ទំនើប ជីប ម៉ុង២៧១មេ​ហ្គា​ម៉​ល របស់​ក្រុមហ៊ុន​ជីប ម៉ុង ។ ផ្សារ​ទំនើប​នេះ ទើបតែ​បាន​បើក​ការដ្ឋាន​សាងសង់ នៅ​ថ្ងៃទី៣០ខែសីហា​ឆ្នាំ២០១៨ និង​គ្រោង​បញ្ចប់​នៅ​ឆ្នាំ២០២០ ក្នុង​ទំហំ​ទឹកប្រាក់២៥២លាន​ដុល្លារ ។ ផ្សារ​ទំនើប​ដ៏​ធំ​មួយ​នេះ ស្ថិតក្នុង​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​ប្រណិត និង​តំបន់​ពាណិជ្ជកម្ម ដឺ​លេន​ដ៏​ម៉ាក២៧១ របស់​ជីបម៉ុង​លែ​ន។ គម្រោង​នេះ​ស្ថិតនៅ​បណ្ដោយ​ផ្លូវ២៧១ កែង៣៧១និង​នៅតាម​បណ្ដោយ​ផ្លូវ៦០ម៉ែត្រ (តំបន់​បឹងទំពុន)។

ក្រៅពី​គម្រោង​ផ្សារ​ទំនើប នៅក្នុង​តំបន់​នេះ គេ​ឃើញ​មាន​គម្រោង​សង​សង់​ជាច្រើន​ផ្សេងទៀត​បាន និង​កំពុង​ប្រជែង​គ្នា​សាងសង់ គឺ​ម្រោ​ង​គម្រោង​ខុន​ដូរ R&F Properties និង គម្រោង Urban Village ដែលមាន​ផ្សារ​ទំនើប​ផងដែរ។

ជាមួយគ្នានេះ តំបន់​ផ្លូវ៦០ម៉ែត្រ និង​តំបន់​ជុំវិញ ក៏មាន​គម្រោង​បុរី​លំនៅឋាន ផ្ទះល្វែង និង​ផ្ទះ​អាជីវកម្ម​ច្រើ​ង​បាន និង​កំពុង​លេចចេញ​រូ​បរាង្គ​បណ្តើរ និង​ធ្វើឱ្យ​តំបន់​នេះ​កាន់តែ​អ៊ូអរ និង​ទាក់ទាញ​ថ្មី​មួយទៀត​របស់​ទីក្រុង​ភ្នំពេញ៕

ចំណេះដឹង! តើ​អ្នក​ជាប់ពន្ធ​អចលនទ្រព្យ​មាន​កាតព្វកិច្ច​អ្វីខ្លះ?

ដោយ វុត្ថា

ភ្នំពេញ៖ អ្នក​ជាប់ពន្ធ​អចលនទ្រព្យ taxpayer on real property មាន​កាតព្វកិច្ច​ត្រូវ​ចុះបញ្ជី ដាក់​លិខិត​ប្រកាស (ឧបសម្ព័ន្ធ) និង​បង់ប្រាក់​ពន្ធ​ជូន រដ្ឋបាល​សារពើពន្ធ​ក្នុងភូមិ​សាស្ដ្រ ដែល​អចលនទ្រព្យ​នោះ​ស្ថិតនៅ ប៉ុន្តែ​អ្នក​ជាប់ពន្ធ​ដែលមាន​អចលនទ្រព្យ​ច្រើន ការចុះបញ្ជី ការដាក់​លិខិត​ប្រកាស និង​ការបង់ប្រាក់​ពន្ធ​លើ​អចលនទ្រព្យ​ដាច់ដោយ​ឡែកៗ​ពីគ្នា​ដែរ។

សម្រាប់​ការចុះបញ្ជី ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​ឯកសារ​ថតចម្លង​ចំនួន៣ប្រភេទ ជា​អាទ​X (១) អត្ដ​សញ្ញាណ​បណ្ណ សញ្ជាតិ​ខ្មែរ ឬ​សំបុត្រ​បញ្ជាក់​កំណើត ឬ​លិខិតឆ្លងដែន​សម្រាប់​ជនបរទេស (២) សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់ នៅ ឬ​លិខិតបញ្ជាក់​ទីលំនៅ និង (៣) ប័ណ្ណ​សម្គាល់​សិទ្ធិ ឬ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ ឬ​វិញ្ញាបនបត្រ សម្គាល់​ម្ចាស់​អចលនវត្ថុ ដែល​ចេញ​ដោយ​រដ្ឋបាល​សុរិយោដី ឬ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការកាន់កាប់​អចលនទ្រព្យ​ដែល បញ្ជាក់​ដោយ​អាជ្ញាធរ​ឃុំ-សង្កាត់​ឡើងទៅ។

ម្យ៉ាងទៀត រាល់​ការដាក់​លិខិត​ប្រកាស​ពន្ធ​លើ​អចលនទ្រព្យ ត្រូវ​ធ្វើតាម​ទម្រង់​កំណត់ដោយ​រដ្ឋបាល​សារពើពន្ធ​ចំនួន២ ច្បាប់ ដែល១ច្បាប់ សម្រាប់​រក្សាទុក​នៅ​រដ្ឋ​បាល​សារពើពន្ធ និង១ច្បាប់​ទៀត សម្រាប់​ម្ចាស់​អចលនទ្រព្យ។

ម្ចាស់​អចលនទ្រព្យ​ត្រូវ​គណនា​ប្រាក់​ពន្ធ​ដោយ​ខ្លួនឯង ដោយ​ផ្អែកលើ​តម្លៃ​អចលនទ្រព្យ ដែល​បានកំណត់ ដោយ​គណៈកម្មការ​វាយតម្លៃ​អចលនទ្រព្យ ។

ការបង់ពន្ធ​លើ​អចលនទ្រព្យ ត្រូវធ្វើ​ឡើងជា​រូបិយវត្ថុ​ជាតិ (ប្រាក់រៀល) ហើយ​ត្រូវ​បង់​យ៉ាង​យឺត​បំផុត ត្រឹម​ថ្ងៃទី៣០ ខែកញ្ញា នៃ​ឆ្នាំ​ជាប់ពន្ធនីមួយ។ នៅ​ក្នុងការ​អនុវត្ដ​ន៍ ពន្ធ​លើ​អចលនទ្រព្យ ទើបតែ​ត្រូវបាន​ចាប់​ប្រមូល​នា​ឆ្នាំ ២០១១ នេះ​ទេ ទោះបីជា​ពន្ធ​នេះ​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ២០១០ក៏ដោយ៕

ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធធំៗនៅតែបន្តយ៉ាងសកម្ម ទោះកម្ពុជាកំពុងជួបវិបត្តិ Covid-19

ដោយ ហ្សូលី

ភ្នំពេញៈ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនស៊ុន ចាន់ថុល បានឱ្យដឹងថា ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតែជាកត្តាសំខាន់ និងមានសកម្មភាព ទោះបីជាពិភពលោកស្ថិតក្នុងវិបត្តិជំងឺឆ្លងCovid-19 ក៏ដោយ។

លោកទេសរដ្ឋមន្ត្រីបានថ្លែងក្នុងកិច្ចប្រចុំពិភាក្សាស្តីពី ថវិការជំពូក២១ កាលពីថ្ងៃចន្ទ ទី១៣ មេសា ឆ្នាំ ២០២០កន្លងមកថា ក្រសួងផ្តោតលើការចំណាយតែលើការជួសជុល ថែទាំ និងសាងសង់ហេដ្ឋារចនាសម្ព័្ធន្ធតែប៉ុណ្ណោះ ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងបម្រើផលប្រយោជន៍ទូទៅដល់ជាតិមាតុភូមិ។

លោកបន្តថា ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ឋ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនការដឹកជញ្ជូន និងបង្កើតការងារជូនប្រជាពលរដ្ឋទូទៅ

លោកស៊ុន ចាន់ថុលបានលើកទឹកចិត្ត និងជម្រុញឱ្យថ្នាក់ដឹកនាំដែលស្ថិតនៅក្រោមឱវាទរបស់ក្រសួង ដែលទទួលបន្ទុកការងារបច្ចេកទេសសាងសង់ ជួសជុល និងថែទាំផ្លូវ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានទៀងទាត់ ទៅលើក្រុមហ៊ុនវិនិយោគទាំងអស់ដែលវិនិយោគនៅកម្ពុជា។

ជាពិសេសត្រូវជម្រុញដល់ក្រុមហ៊ុនវិនិយោគទាំងនោះ ឱ្យអនុវត្តតាមស្តង់ដាគុណភាពរបស់ក្រសួងដែលបានដាក់ចេញជាដាច់ខាត។

យ៉ាងណាមិញ ដោយបង្ហាញពីឆន្ទៈនិងការគោរពតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលដាក់ចេញឱ្យគ្រប់មន្ត្រីជាន់ថ្នាក់ និងបុគ្គលិកបម្រើការងារ ត្រូវតែមកបំពេញការងារជាធម្មតា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២០នេះ ក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តនៅតែបន្តការសាង់សង់ ជួសជុល និងថែទាំផ្លូវនៅតាមបណ្តារឃុំ ស្រុក ភូមិ និងខេត្តមួយចំនួនដូចធម្មតា៕

ក្រសួងប្រៃសណីយ៍នឹងដាក់ឱ្យដំណើការកម្មវិធីទូរស័ព្ទដើម្បីប្រយុទ្ធប្រឆំាងជំងឺ Covid-19

ដោយវុត្ថា

ភ្នំពេញ៖ បន្ទាប់ពីស្រាវជ្រាវទទួលបានជោគជ័យ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គ្រោងដាក់ឱ្យដំណើការកម្មវិធីទូរស័ព្ទចំនួន ២ និងម៉ាស៊ីនជំនួយផ្លូវដង្ហើមចំនួន ១ ប្រភេទ ដើម្បីជាជំនួយបន្ថែមក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19 នាពេលខាងមុខនេះដ៏ខ្លី។

យោងតាមកិច្ចប្រជុំរវាង លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ក្រុមអ្នកស្រាវជ្រាវ និងវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ហៅកាត់ថា និបទីក (NIPTICT)នៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២០ នេះ ឱ្យដឹងថា កម្មវិធីទូរស័ព្ទចំនួន ២ និងមាស៊ីនចំនួនរួមមាន៖

១) កម្មវិធី OpenTraceKH ប្រើសម្រាប់ស្វែងរកបុគ្គលដែលធ្លាប់មានទំនាក់ទំនងជាមួយអ្នករកឃើញថាមានជំងឺកូវីដ១៩។ កម្មវិធីនេះអាចតាមដានទំនាក់ទំនងក្នុងសហគមន៍ដោយប្រើ Bluetooth ជាគោល ហើយធ្វើការកត់ត្រាបុគ្គលដែលធ្លាប់មានទំនាក់ទំនងជាមួយគ្នា។

២) កម្មវិធីទូរស័ព្ទ (Self Quarantine)ដើម្បីកំណត់ និងរាយការណ៍ពីស្ថានភាពសុខភាពរបស់បុគ្គលដែលត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេ ឬសម្រាប់គ្រប់គ្រងអ្នកជំងឺ។

៣) ម៉ាស៊ីនជំនួយផ្លូវដង្ហើម ផ្គត់ផ្គង់អ៊ុកស៊ីសែនខ្នាតតូច អាចប្រើជាជំនួយដល់ការដកដង្ហើមរបស់អ្នកជំងឺជាពិសេសសម្រាប់មន្ទីពេទ្យនៅជនបទ ឬទីតាំងគ្មានអ៊ុកស៊ីសែនគ្រប់គ្រាន់។

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចាត់ក្រុមអ្នកជំនាញឱ្យបន្តការងារជាមួយក្រសួងសុខាភិបាល ដើម្បីបន្តនីតិវិធីដាក់ឱ្យដំណើការកម្មវិធីខាងលើក្នុងពេលឆាប់ៗខាងមុខ និងបានសម្តែងនូវការកោតសរសើរចំពោះគំនិតច្នៃប្រឌិតរបស់ក្រុមអ្នកស្រាវជ្រាវ និងបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺ Covid-19៕

មេដឹកនាំអាស៊ានអនុម័តចេញសេចក្តីថ្លែងការណ៍រួមចំនួន ៨ចំណុច ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

ដោយវុត្ថា

ភ្នំពេញ៖ មេដឹកនាំនៃប្រទេសសមាជិកអាស៊ានបានបើកកិច្ចប្រជុំកំពូលពិសេសស្តីពីបញ្ហាបង្កឡើងដោយជំងឺកូវីដ១៩ ដែលកិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធខលវីដេអូ (Video Conference)។ កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែ មេសា ឆ្នាំ២០២០ ផ្ដោតសំខាន់ទៅលើការចែករំលែកនៃការផ្លាស់ប្ដូរព័ត៌មាន និងបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក និងយុទ្ធសាស្ត្រក្នុងប្រទេសជាសមាជិកអាស៊ានទាំងអស់អំពីការទប់ទល់ស្ថានភាពនៃការទប់ស្កាត់ជំងឺកូវី១៩។

នៅក្នុងកិច្ចប្រជុំនេះផងដែរសមាជិកអាស៊ានបានអនុម័តទៅលើសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំកំពូលអាស៊ានពិសេស ស្ដីពីជំងឺកូវីដ១៩លើចំនុចសំខាន់ៗចំនួន៨៖

១- ការបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការលើសុខភាពសាធារណៈ ជាពិសេសចំណាត់ការផ្សេងៗដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ជាពិសេសការពារប្រជាពលរដ្ឋអាស៊ានតាមរយៈការផ្លាស់ប្ដូរព័ត៌មាន ការផ្លាស់ប្ដូរបទពិសោធន៍ ការកសាង និងពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលនៃប្រទេសនីមួយៗ។

២- ជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងការផ្គត់ផ្គង់ថ្នាំពេទ្យ និងសម្ភារៈវេជ្ជសាស្ត្រផ្សេងទៀតក្នុងគោលដៅដើម្បីការពារជំងឺកូវីដ១៩ ពិសេសអ្នកដែលធ្វើការជួរមុខក្នុងការព្យាបាលជម្ងឺនេះ។
៣- ជំរុញទំនាក់ទំនងជាសាធារណៈប្រកបដោយតម្លារភាព និងប្រសិទ្ធភាពដោយប្រើប្រាស់យន្តការផ្សេងៗ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយ ដូចជាការទប់ស្កាត់ព័ត៌មានក្លែងក្លាយពាក់ព័ន្ធទៅនឹងជំងឺកូវីដ១៩នេះ។

៤ – អាស៊ានមានការប្ដេជ្ញាចិត្តឡើងវិញ ចំពោះចំណាត់ការរួមគ្នា និងការសម្របសម្រួលគោលនយោបាយនៅក្នុងអាស៊ាន ដើម្បីកាត់បន្ថយផលប៉ះពាល់ទៅលើសេដ្ឋកិច្ច សង្គមកិច្ច ដោយសារជំងឺរាតត្បាតនេះ ជាពិសេសដើម្បីថែរក្សាប្រជាពលរដ្ឋអាស៊ាន និងរក្សាម៉ាក្រូសេដ្ឋកិច្ចរបស់អាស៊ាន។

៥ – បន្តការប្ដេជ្ញាចិត្តធ្វើយ៉ាងណារក្សាទីផ្សារអាស៊ានឱ្យនៅបើកចំហសម្រាប់ពាណិជ្ជកម្ម វិនិយោគ និងការពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀតនៅក្នុងប្រទេសអាស៊ានជាមួយប្រទេសខាងក្រៅអាស៊ានផងដែរ ក្នុងគោលដៅដើម្បីធានាសន្តិសុខស្បៀង ស្ថេរភាពការផ្គត់ផ្គង់ស្បៀង ថ្នាំពេទ្យនិងសម្ភារៈវេជ្ជសាស្រ្តផ្សេងៗទៀត។

៦ – បន្តអនុវត្តនូវយន្តការសមស្របដើម្បីរក្សាជំនឿ និងស្ថេរភាពនៃសេដ្ឋកិច្ចតំបន់តាមរយៈគោលនយោបាយរបស់ប្រទេសសមាជិកនីមួយៗដែលជួយដល់ប្រជាពលរដ្ឋ ក៏ដូចជាពាណិជ្ជករ ជាពិសេសអ្នកដែលមានផលប៉ះពាល់ដោយជំងឺឆ្លងកូវីដ១៩នេះ ជាពិសេសគឺសហគ្រាសខ្នាតតូច និងមធ្យម។
៧ – ជាការលើកទឹកចិត្ត ក្នុងការគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុដល់ដៃគូរបស់អាស៊ាន និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩នេះ ហើយអាស៊ានក៏បានសម្រេចបង្កើតមូលនិធិអាស៊ានសម្រាប់ឆ្លើយតបទៅនឹងជំងឺកូវីដ១៩នេះ។

៨ – មេដឹកនាំអាស៊ានបានប្ដេជ្ញាចិត្ត រក្សាការឯកភាពគ្នា និងប្ដេជ្ញាចិត្តរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាពិសេសចូលរួមសហការគ្នាក្នុងការធ្វើការយ៉ាងជិតស្និតជាមួយអង្គការសុខភាពពិភពលោកដែលជាដៃគូរបស់អាស៊ាន រួមទាំងសហគមន៍អន្តរជាតិក្នុងការបន្តទប់ស្កាត់នៃការឆ្លងរាលដាលនៃជំងឺនេះ៕

បញ្ចុះតម្លៃកាន់តែច្រើនរហូតដល់ ៩ភាគរយ ពីបុរីលំនៅដ្ឋានទំនើប KC ព្រែកព្នៅ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ជាការអបអរសាទរនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ បុរីលំនៅដ្ឋានដ៏ទាន់សម័យ និងទំនើប KC បានផ្តល់ជូននូវកម្មវិធីកាន់តែពិសេសសម្រាប់អតិថិជន ដោយការបញ្ចុះតម្លៃកាន់តែច្រើនរហូតដល់៩ភាគរយ បន្ថែមពីលើការដូ និងសម្ភារៈបរិក្ខាប្រើប្រាស់ក្នុងផ្ទះយ៉ាងសន្ធឹកសន្ធាប់។

ស្ថិតនៅទីតាំងដ៏ល្អនៃទីប្រជុំជន ដែលមានការអភិវឌ្ឍស្រាប់នាតំបន់ជាយក្រុង ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បុរីលំនៅដ្ឋានដ៏ទំនើប និងទាន់សម័យ ខេ ស៊ី (KC) កំពុងតែទទួលបានការចាប់អារម្មណ៍ និងគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើន ជាមួយនឹងការផ្តល់ជូននូវតម្លៃទាប គុណភាពលំនៅដ្ឋានខ្ពស់ និងងាយស្រួលក្នុងការប្រកបអាជីវកម្មបានយ៉ាងប្រសើរ។

បន្ថែមពីនេះ ជាការចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក៏ដូចជាអនុលោមតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនអភិវឌ្ឍន៍បុរីលំនៅដ្ឋាន ខេ ស៊ី (KC) បានផ្តល់ជូននូវកម្មវិធីពិសេសសម្រាប់អតិថិជនរបស់ខ្លួនដែលបានបង់ផ្ដាច់ដោយការបញ្ចុះតម្លៃរហូតដល់៩ភាគរយ បន្ថែមពីលើកាដូ និងសម្ភារៈបរិក្ខា ប្រើប្រាស់ក្នុងផ្ទះយ៉ាងសន្ធឹកសន្ធាប់។

បច្ចុប្បន្ន គម្រោងសំណង់លំនៅដ្ឋានបែបទំនើប និងទាន់សម័យនៅក្នុងបុរីដែលកំពុងតែមានភាពទាក់ទាញមួយនេះ បាននិងកំពុងតែសម្រុកសាងសង់យ៉ាងមមាញឹក ដើម្បីបញ្ចប់ទៅតាមគម្រោងទាំងស្រុងនៅត្រឹមឆ្នាំ២០២១។ នៅក្នុងគម្រោងបុរីKC ត្រូវបានរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ ស្របតាមស្ដង់ដារសំណង់ ដូចជាផ្លូវបេតុងមេមានទំហំ១២ម៉ែត្រ ផ្លូវតូចមានទំហំ៨ម៉ែត្រ មានប្រព័ន្ធទឹកស្អាត និងបណ្តាញរំដោះទឹកយ៉ាងត្រឹមត្រូវ និងមានការរៀបចំសាងសង់ជាទីធ្លាសម្រាប់អង្គុយកម្សាន្ត ហាត់ប្រាណសាធារណៈ និងសួនច្បារ ដែលបំពាក់ទៅដោយចង្កៀងអគ្គិសនី LED យ៉ាងភ្លឺច្បាស់ត្រជាក់ភ្នែកផងដែរ។

ដោយឡែកសម្រាប់ទីតាំងគម្រោងត្រូវបានហ៊ុព័ទ្ធទៅដោយទីប្រជុំជនជាច្រើន ដូចជា ខាងក្រោយមានផ្សារព្រែកព្នៅចាស់ នៅខាងមុខជាប់ផ្លូវ មានផ្សារព្រែកព្នៅផ្លាហ្សា សាលារៀនរដ្ឋ និងឯកជន មណ្ឌលសុខភាព គ្លីនិកឯកជន និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែងជាច្រើន នៅជាប់ផ្លូវ៣០ម៉ែត្រ តភ្ជាប់ពីមហាវិថីឈ្នះឈ្នះ នៃទីក្រុងមរតកតេជោ ឆ្ពោះទៅផ្លូវជាតិលេខ៥។ ក្រៅពីនេះ នៅមានគម្រោងអភិវឌ្ឍបឹងតាម៉ោក និងតំបន់អភិវឌ្ឍរមណីយដ្ឋានគំរូនៅតំបន់ជាយក្រុងនៃភ្នំប្រសិទ្ធិ ដែលជាគម្រោងអាទិភាពរបស់រដ្ឋបាល រាជធានីភ្នំពេញផងដែរ ពិសេសបច្ចុប្បន្ននេះក្រុមហ៊ុនកំពុង ផ្តល់ការសម្រួលនូវលក្ខខ័ណ្ឌបង់ប្រាក់កាន់តែពិសេសដល់អតិថិជន ជាមួយនឹងតម្លៃសមរម្យ ដោយមានការបង់រំលស់ជាមួយធនាគារផងដែរ។

លំនៅដ្ឋាននៅក្នុង ខេស៊ី ត្រូវបានសាងសង់ឡើងជា៣ប្រភេទ រួមមានប្រភេទ Link House, Shop House និងប្រភេទ Twin Villa ដែលសុទ្ធតែសមស្របទៅនឹងការរស់នៅដែលពោរពេញទៅដោយផាសុកភាពខ្ពស់ទាំងអស់។ ប្រភេទលំនៅដ្ឋាន Link House មានទំហំ ៥ X ៩,៥០ ម៉ែត្រ (Eo, E1) មានបន្ទប់គេងចំនួន២ បន្ទប់ទឹកចំនួន៣ ទីធ្លាក្នុងផ្ទះធំទូលាយ នៅសល់ទីធ្លាខាងមុខ៥ម៉ែត្រ និងខាងក្រោយផ្ទះសល់ ២ម៉ែត្រ ។ ប្រភេទលំនៅដ្ឋាន Shop House មានទំហំ៥ X ១៥ ម៉ែត្រ ក្នុងនោះរួមមានបន្ទប់គេងចំនួន៤ ទីធ្លាក្នុងផ្ទះធំទូលាយ នៅសល់ទីធ្លាខាងមុខ ៧ម៉ែត្រ និងខាងក្រោយផ្ទះសល់ ៣ម៉ែត្រ ។ ប្រភេទលំនៅដ្ឋាន Twin Valla មានទំហំ ៦,៣០ X ១២ ម៉ែត្រ មានបន្ទប់គេងចំនួន៤ បន្ទប់ទឹកចំនួន៥ ទីធ្លាក្នុងផ្ទះធំទូលាយ ជាមួយនឹងការរចនាម៉ូដយ៉ាងល្អវិចិត្រ ហើយនៅសល់ទីធ្លាខាងមុខ៥ម៉ែត្រ និងខាងក្រោយផ្ទះសល់២ម៉ែត្រ ។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងបាន តាមរយៈទូរស័ព្ទលេខ ៖ ០៩៣ ៦៦ ១១ ៥០ / ០៩៨ ៦៨ ៥៥ ៥៥ / ០៨៩ ៧៨ ៧៧ ២១ ៕