កម្ពុជាទទួលបានគម្រោងវិនិយោគ ១៥ តម្លៃជិត ២២៦ លានដុល្លារតាំងពីដើមខែនេះ

ដោយ ប៊ី

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចេញវិញ្ញាបនបត្រចុះបញ្ជីចុងក្រោយដល់គម្រោងវិនិយោគចំនួន ១៥ ចាប់តាំងពីថ្ងៃទី ២ ខែមេសាដែលមានទឹកប្រាក់សរុប ២២៥.៥ លានដុល្លារ ហើយដែលរំពឹងថានឹងបង្កើតការងារបាន ៧៦២០ កន្លែង។

គម្រោងនេះគ្របដណ្តប់លើវិស័យជាច្រើនដូចជាសម្លៀកបំពាក់ ផ្លាស្ទិច ដែក ម្សៅ និងដំឡូងមីកែច្នៃ ផលិតនិងដំឡើងបន្ទះសូឡា កសិដ្ឋានចេក សណ្ឋាគារលំដាប់ផ្កាយ ៣ និងមន្ទីរពេទ្យ។

គម្រោងចំណាយថវិកា ៩៦.១ លានដុល្លាររបស់ក្រុមហ៊ុន Sing-Specialists Medical Centre ជាមន្ទីរពេទ្យគ្រែ ៥០ នៅលើផ្លូវលេខ ៨១ ក្នុងសង្កាត់បឹងរាំង ១០ ក្នុងខណ្ឌដូនពេញរាជធានីភ្នំពេញ។

គម្រោងទឹកប្រាក់ ៥៩,២ លានដុល្លាររបស់ក្រុមហ៊ុន Xigangyihao International Investment ជាសណ្ឋាគារលំដាប់ផ្កាយ ៣ ដែលមាន ៧១០ បន្ទប់ ស្ថិតនៅក្នុងភូមិសង្កាត់លេខ ៣ ក្នុងក្រុងព្រះសីហនុខេត្តព្រះសីហនុ។

គម្រោងទឹកប្រាក់ ១៦,៧ លានដុល្លាររបស់ក្រុមហ៊ុន Hong De Sheng ជារោងចក្រកែច្នៃដែកនៅក្នុងភូមិត្រពាំងក្រសាំង ឃុំត្រពាំងក្រសាំង ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

គម្រោងផ្សេងទៀតរួមមានគម្រោងចម្ការចេក ១២,៣ លានដុល្លាររបស់ក្រុមហ៊ុន Yql (Cambodia) Investment ស្ថិតនៅក្នុងភូមិបឹងកេតឃុំបឹងកេតក្នុងស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម រោងចក្រកែច្នៃដំឡូងមី ១០.៤ លានដុល្លាររបស់ក្រុមហ៊ុន Shine Hanuman Trading នៅភូមិភ្នំបេងឃុំបឹង ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ និងរោងចក្រ Jintek Cells Technology ដែលមានទឹកប្រាក់ ៧.៧ លានដុល្លារផលិតនិងតំឡើងបន្ទះសូឡានៅក្នុងភូមិព្រៃសាឡា សង្កាត់ព្រៃកាឡា ២ ក្នុងខណ្ឌពោធិសែនជ័យ។

CDC បានយល់ព្រមលើគម្រោងចំនួន ៤០ ដែលមានតម្លៃ ៩០០ លានដុល្លារក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះ។
គម្រោងទាំងនេះគ្របដណ្តប់លើវិស័យជាច្រើនដូចជាសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរគ្រឿងសង្ហារិម ឧបករណ៍ផ្ទះបាយ ឧបករណ៍អគ្គិសនី សណ្ឋាគារ និងផ្សារទំនើបជាដើម៕

សម្តេចតេជោស្នើឱ្យអាស៊ានលុបបំបាត់របាំងមិនមែនពន្ធ និង បង្កើនកិច្ចសម្របសម្រួលពាណិច្ជកម្ម ក្រោយចប់ Covid-19

ដោយវុត្ថា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន្នសើដល់ អាស៊ាន ត្រូវតែគិតគូរជាយុទ្ធសាស្ត្រ ក្នុងការស្តារនិងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ច បន្ទាប់ពីវិបត្តិ Covid-19 ត្រូវបានបញ្ចប់ ។

សម្តេចតេជោ ថ្លែងនៅក្នុងពិធី បើកកិច្ចប្រជុំពិសេសស្តីពីបញ្ហាបង្កឡើងដោយជំងឺកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference)នៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២០ នេះ បានបញ្ជាក់ថា
អាស៊ានត្រូវពន្លឿនការអនុវត្តផែនការ និងយុទ្ធសាស្ត្រនានាដែលមានស្រាប់ ឱ្យបានលឿន ក៏ដូចជា ជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ លុបបំបាត់របាំងមិនមែនពន្ធ និង បង្កើនកិច្ចសម្របសម្រួលពាណិច្ជកម្ម ។

សម្តេចតេបន្ថែមទៀថា “យើងក៏ត្រូជំរុញការអនុវត្តគំនិតផ្តួចផ្តើមនានា សម្រាប់សមាហរណកម្មអាស៊ាន ដោយផ្តោតលើ ១) ការលើកកម្ពស់សហគ្រាសមីក្រូ តូច និងមធ្យម (MSMEs) និង ការបង្កើនធុរកិច្ចថ្មីផ្អែកលើនវានុវត្តន៍បច្ចេកវិទ្យា (Start-up) ២) ការលើកកម្ពស់កិច្ចសហបការរវាងវិស័យឯកជន និងសាធារណៈ ក្នុងក្របខណ្ឌសេដ្ឋកិច្ចឌីជីថល និង ៣) ការអភិវឌ្ឍធនធានមនុស្ស និងជំនាញវិជ្ជាជីវៈឌីជីថល”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រនៃកម្ពុជា និងមេដឹកនាំអាស៊ានដទៃទៀតនៅក្នុងកិច្ចកិច្ចប្រជុំពិសេសស្តីពីបញ្ហាបង្កឡើងដោយជំងឺកូវីដ-១៩ នៅក្នុងតំបន់ និងពិភពលោក បានពិភាគ្សាជុំវិញការបង្កា និងទប់ស្កាត់នៃប្រទេសនីមួយៗ ព្រមទាំងស្វែងរកយុទ្ធសាស្ត្រថ្មីបន្ថែមទៀត ដើម្បីលើកកម្ពស់សេដ្ឋកិច្ចនៅក្នុងតំបន់ ខណដែលប្រទេសនានាបានជួបឱនភាពលើវិស័យសេដ្ឋកិច្ចដែលបង្កឡើងដោយជំងឺ Covid-19 .

ក្រៅពីការជួបប្រជុំកំពូលពិសេសរវាងមេដឹកនាំអាស៊ានហើយនោះ មេដឹកនាំអាស៊ានទាំង១០ ក៏នឹងបើកកិច្ចប្រជុំកំពូលពិសេសជាមួយ មេដឹកនាំដឹកនាំដៃគូអាស៊ាន៣ផ្សេងទៀត រួមមាន៖ ចិន ជប៉ុន និងកូរ៉េខាងត្បូង។ កិច្ចប្រជុំកំពូលអាស៊ានបូក៣នេះ ក៏នឹងជជែកផ្តោតជាសំខាន់ទៅលើបញ្ហាបង្កឡើងដោយជំងឺកូវីដ-១៩ផងដែរ៕

ADB ផ្តល់កញ្ចប់ថវិកា ២០ពាន់លានដុល្លារ បន្ថែមដល់ប្រទេសជាសមាជិកសម្រាប់ទ្រទ្រង់សេដ្ឋកិច្ច

ដោយ ហ្សូលិ

ភ្នំពេញ៖ ធនាគារអភិវឌ្ឍអាស៊ី ADB សម្រេចផ្តល់កញ្ចប់ថវិការសង្គ្រោះបន្ថែមចំនួន ២០ពាន់លានដុល្លារ ដល់ប្រទេសជាសមាជិក ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរនោះ គឺដើម្បីទប់ទល់សេដ្ឋកិច្ចដែលបណ្តាលមកពីវិបត្តិជំងឺឆ្លង Covid-19។ នេះបើតាមសេចក្តីប្រកាសរបស់ធនាគារអភិវឌ្ឍអាស៊ី នៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២០នេះ។

កញ្ចប់ថវិការសម្រាប់សង្ក្រោះប្រទេសនេះគឺចាប់ផ្តើមអនុម័តរយៈពេល១ខែហើយ តែធនាគារអភិវឌ្ឍអាស៊ីបានសម្រេចបង្កើនតួលេខថវិការកាន់តែច្រើនប៉ុណ្ណោះ។ សេដ្ឋកិច្ចសកលោកជួបវិបត្តិកាន់តែខ្លាំងដោយសារតែបុគ្គលិកនៅតាមស្ថាប័ន ក្រុមហ៊ុន រោងចក្រ សហគ្រាស មួយចំនួនត្រូវបង្ខំចិត្តឱ្យនៅផ្ទះហើយ អ្នកខ្លះឈានដល់ភាពគ្មានការងារធ្ចើ។

ប្រធានធនាគារអភិវឌ្ឍអាស៊ី លោក Masatsugu Asakawa បានមានប្រសាសន៍នៅក្នុងវីដេអូថា ទំហំនិងតួលេខនៃវិបត្តិនេះគឺជាភាពចាំបាច់សំខាន់បំផុតដែល ADB ត្រូវពង្រីកការគាំទ្រកាន់តែច្រើន។ ទឹកប្រាក់ដល់ទៅ ១៣ ពាន់លានដុល្លារស្ថិតក្នុងកម្ចីឥណទានដែលអនុញ្ញាតឱ្យសមាជិកប្រទេសទាំងអស់ខ្ចីក្នុងការទប់ទល់និងជំងឺ ហើយ២ពាន់លានដុល្លារផ្សេងទៀតគឺសម្រាប់ជួយដល់វិស័យឯកជន។

សមាជិកនៃធនាគារអភិវឌ្ឍអាស៊ីមានប្រមាណ ៦៧ ប្រទេស មកពីគ្រប់តំបន់នៅជុំវិញពិភពលោក មានដូចជា កម្ពុជា មីយ៉ាន់ម៉ា បង់ក្លាដេស ឥណ្ឌា ហុងកុង ចិន ឡាវ ម់ាឡេស៊ី និងបណ្តារប្រទេសជាច្រើនទៀត។

ធនាគារអភិវឌ្ឍអាស៊ីបានព្រមានកាលពីដើមខែនេះថា វិបត្តិជំងឺឆ្លង Covid-19 នេះនឹងបង្កឱ្យខាតបង់សេដ្ឋកិច្ចដល់ទៅ ៤ទ្រីលានដុល្លារ មិនថាទ្វីបអាមេរិក ទ្វីបអ៉ឺរ៉ុប និងតំបន់អាស៊ី នោះទេ។ ផ្សារហ៊ុនកបានធ្លាក់ចុះនៅក្នុងរយៈពេលយូរ ដោយរដ្ឋាភិបាលនិងធនាគារកណ្តាលនាំគ្នាលូកដៃចូលដើម្បីបន្ធូរបន្ថយការឈឺចាប់នេះ កុំឱ្យកាន់តែមានភាពលំបាកជាងនេះ៕

(Reuters)

សម្តេចតេជោគាំទ្រឱ្យមានការបង្កើតមូលនិធិប្រយុទ្ធប្រឆាំង Covid-19 ក្នុងកម្រិតអាស៊ាន

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញពីការវាយតម្លៃខ្ពស់ និងឯកភាពក្នុងការបង្កើតមូលនិធិអាស៊ានសម្រាប់ឆ្លើយតបទៅនឹងជំងឺ Covid-19 ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់នានា រួមមានក្នុងផ្នែកបរិក្ខារ និងផ្នែកសុខាភិបាលជាដើម។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស ស្ដីពីជំងឺ Covid-19 កាលពីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការប្រយុទ្ធនឹងជំងឺ Covid-19 នេះ គឺមិនអាចដោះស្រាយត្រឹមកម្រិតប្រទេសនីមួយៗបានឡើយ ព្រោះភាពជោគជ័យនៃការប្រយុទ្ធនឹងជំងឺនេះទាមទារឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ និទូលំទូលាយ។ និយាយរួម អាស៊ានត្រូវតែរួមដៃគ្នា និងប្រែក្លាយការប្រយុទ្ធនឹងជំងឺ Covid-19 ទៅជាសមរភូមិរួម។

សម្ដេចតេជោបានបញ្ជាក់ថា “ដោយសារតែ Covid-19 ជាជំងឺថ្មី និងមានចំណុចជាច្រើនពាក់ព័ន្ធទៅនឹងជំងឺនេះដែលយើងនៅមិនទាន់បានយល់ដឹង ដូច្នេះអាស៊ានត្រូវការចាំបាច់នូវការលើកកម្ពស់ការចែករំលែកឱ្យបានទាន់ពេលវេលានូវឧត្តមានុវត្តន៍, ព័ត៌មាន, ទិន្នន័យ ព្រមទាំងបច្ចេកទេស បទពិសោធន៍ និងចំណេះដឹងពាក់ព័ន្ធទៅនឹងវេជ្ជសាស្ត្រអំពីជំងឺនេះក្នុងការការពារ ទប់ស្កាត់ វិនិច្ឆ័យ ព្យាបាល និងតាមដាន”។

សម្ដេចមានប្រសាសន៍បានបន្តទៀតថា “ការបន្តពង្រឹងយន្តការកិច្ចសហប្រតិតបត្តិការអាស៊ានដែលមានស្រាប់ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិ និងដៃគូសន្ទនានានា ក្នុងវិស័យសុខភាពសាធារណៈ ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលកើតចេញពីជំងឺ Covid-19 ប្រកបដោយប្រសិទ្ធភាព និងភាពគ្រប់ជ្រុងជ្រោយ ជាពិសេស ការផ្តល់នូវការគាំទ្រឱ្យគ្នាទៅវិញទៅមករវាងសមាជិកអាស៊ាន ដូចជាការចែករំលែកនូវធនធាន បច្ចេកទេស និងសម្ភារៈ បរិក្ខាវេជ្ជសាស្ត្រ។ល។ ក្នុងស្មារតីនេះ កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការឯកភាពគ្នាបង្កើត មូលនិធិអាស៊ានសម្រាប់ឆ្លើយតបទៅនឹងជំងឺ Covid-19 ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់នានា រួមមានក្នុងផ្នែកបរិក្ខារ និងផ្នែកសុខាភិបាល ជាដើម” ៕

លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ស្នើឱ្យ​ប្រើ​បណ្ណ​ដី​ដែលមាន QR Code ងាយស្រួល​ទិញ-លក់

ដោយ វុត្ថា

ភ្នំពេញ៖ លោក ឧបនាយក​ដ្ឋ​មន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ស្នើឱ្យ​ប្រើប្រាស់​បណ្ណ​ដែលមាន QR Code ជំនួស​ដោយ​បណ្ណ​ដី​ចាស់​ដើម្បី​មាន​ភាពងាយស្រួល​ក្នុង​ការទិញ​លក់  និង​ងាយស្រួល​ក្នុងការ​គ្រប់គ្រង។

លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា  ធ្លាប់បាន​មានប្រសាសន៍​កាលពីពេលថ្មីៗនេះ​ថា​ការ​ប្រ​ប្រាស់​ប័ណ្ណ​ដែលមាន QR Code គឺជា​ការផ្ដល់​លក្ខណៈ​ងាយស្រួល​ដល់​មន្ត្រី​ជំនាញ​គ្រប់គ្រង និង​ដឹង​អំពី​ព័ត៌មាន​ស្ថានភាព​ដី​ច្បាស់លាស់ អំពី​តំបន់ និង​ទំហំ​ក្បាលដី និង​ជា​ដី​នៅ​តំបន់​ណាមួយ តាមរយៈ​ការគ្រប់គ្រង​ដោយ​ម៉ាស៊ីន Server ជាពិសេស​ការផ្ដល់​ភាពងាយស្រួល​ដល់​អ្នក​ច​ង់​ទិញ ចង់​លក់ ថា​ជា​ដី​ក្លែងក្លាយ ឬ​ជា​ដី​ពិតប្រាកដ​ផងដែរ។

លោក​ឧបនាយក​ដ្ឋ​មន្ត្រី ជាមួយគ្នានេះ ក៏បាន​បញ្ជា​ដល់​ប្រធាន​មន្ទីរ​សូ​រិ​យោ​ដី គ្រប់​ខេត្ត ត្រូវ​ប្រមូល​បណ្ណ​ដី​ចាស់​ដែល​ប្រើប្រាស់​នាពេល​កន្លងមក និង​បច្ចុប្បន្ន យកទៅ​កំទេចចោល ជំនួស​ដោយ​ការប្រើប្រាស់​បណ្ណ​ថ្មី​ដែលមាន QR Code។

លោក​ឧបនាយករដ្ឋមន្ត្រី​បន្តថា “ដើម្បី​ជំរុញ​អនុវត្តន៍​តាម​ប័ណ្ណ​ថ្មី​នេះ សូម​ឲ្យ​ប្រធាន​សុរិយោដី និង​ប្រធាន​មន្ទីរ​រាជធានី​ខេត្ត​ទាំងអស់ ប្រមូលយក​ប័ណ្ណ​ចាស់​មក​កម្ទេចចោល​ទាំងអស់ ដោយ​ទុក​តែ​បីសន្លឹក​ជា​ឯកសារ​គំរូ​តែប៉ុណ្ណោះ និង​ត្រូវ​ផ្អាក​ការអនុវត្តន៍​ប្រភេទ​ប័ណ្ណ​ចាស់​ទាំងនោះ ដោយ​ត្រូវ​បោះពុម្ព​ប័ណ្ណ​ថ្មី​ដែលមាន QR Code មក​ជំនួស​វិញ។

លោក​ឧបនាយក​ដ្ឋ​មន្ត្រី​បន្ថែមថា ពាក់ព័ន្ធ​ការចេញ​ប័ណ្ណ​ថ្មី​នេះ​ចាប់​អនុវត្តន៍​ពី​ពេលនេះ​តទៅ ក្នុងនោះ​ចំពោះ​ការអនុវត្តន៍​ដែល​នៅ​សេសសល់ ទាំង​ប៉ុន្មាន​ត្រូវ​ផ្អាក​ជាបន្ទាន់ ហើយ​ត្រូវ​ត្រឡប់មក​រៀបចំ​ចេញ​ប័ណ្ណ​ថ្មី​ជំនួស​វិញ ដែលជា​ចាត់ទុកជា​ប័ណ្ណ​សំគាល់ ផ្នែក​អចលនទ្រព្យរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ គឺ​រាប់ទាំង​ការចុះបញ្ជី​ដាច់​ដោយ​ដុំ និង​រាប់ទាំង​ការចុះបញ្ជី​ដាច់​ដោយ​ដុំ​ផងដែរ៕

សារជូនពរឆ្នាំថ្មីពី CEO Of Propertyarea.asia ៣៦៥ថ្ងៃបញ្ចប់ដោយក្តីរីករាយ! ឆ្នាំថ្មីពេលវេលានៃការរួបរួម ការប្តេជ្ញាចិត្ត និងការដឹងគុណ

ភ្នំពេញៈ ពេលវេលា​ពិតជា​ដើរ​លឿន​មែន រយៈពេល៣៦៥ថ្ងៃ​បាន​លួច​រំកិល​ទៅមុខស្ងាត់ៗ និង​បន្សល់​រឿងរ៉ាវល្អៗជាច្រើន​សំរាប់​ជីវិត ហើយ​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខ្មែរ​បានមក​ដល់​យ៉ាង​លឿន ជា​ឆ្នាំជូត ដែល​ដឹកនាំ​បុត្រី​ទី២របស់​កបិល​មហាព្រហ្ម ព្រះ​នាង​គោ​រាគៈ​ទេវី។

ជាមួយនឹង​ក្តី​អំណរ លាយ​ទុក្ខភ័យ​នៃ​ការ​រាតត្បាត​ជំងឺ Covid-19 យើងទាំងអស់គ្នា​បាន​ប្រឈម​ជាមួយ​បញ្ហា​រួមគ្នា និង​ត្រូវ​ដោះស្រាយ​រួមគ្នា ហើយ​សូម​ស្មារតី​សាមគ្គី​កាន់់​តែមាន​ភាព​ឧ​ត្តុ​ង​ឧ​ត្ត​ម ក្នុង​សន្តាន​ចិត្ត​ពលរដ្ឋ​ខ្មែរ​គ្រប់រូប ដើម្បី​ឆ្លងកាត់​ពេលវេលា​ដ៏​លំបាក​រួមគ្នា ហើយនឹង​រីករាយ​រួមគ្នា​ក្នុង​អនាគត​ដ៏​ត្រចះត្រចង់​មួយ​នាពេលឆាប់់ៗខាងមុខ។

ជាមួយនឹង​ក្តី​អំណរ និង​ចូលរួម​លើក​កំពស់​ការយល់ដឹង បង្កើន​ព៌​ត​មាន​កាន់​តែមាន​សុ​ក្រិត​ភាព និង​ផ្តល់​ទំនុកចិត្ត​ដល់​មិត្ត​អ្នកអាន គេហទំព័រ Propertyarea.asia បាននិងកំពុង​បន្ត និង​ប្តេជ្ញា​បន្ត​ចូលរួមចំណែក​ជាមួយ​រដ្ឋាភិបាល ក្នុងការ​ផ្តល់​ព៌​ត​មាន​ប្រកបដោយ​ការទទួលខុសត្រូវ និង​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​ជាតិ អន្តរជាតិ​ជា​បន្តទៀត។

យើងខ្ញុំ​ប្តេជ្ញា​នឹងធ្វើ​ឲ្យ​បានល្អ ផ្តល់​ព៌​ត​មាន​កាន់តែ​ល្អ ប្រកបដោយ​សុ​ក្រិត​ភាព ឈរលើ​គោលការណ៍​វិជ្ជាជីវៈ​ជា​ស្នូល ក្រម​សីល​ធ៌​ម​ជា​ប្រទីប ព្រមជាមួយ​បទ​វិភាគ​ស៊ីជម្រៅ​លើ​បញ្ហា​សេដ្ឋកិច្ច សង្គម ដើម្បី​ជា​ពុ​ទ្ឋិ​តូច​មួយ​ក្នុងការ​រួមចំណែក​អភិវឌ្ឍន៍​សង្គមជាតិ។

ដោយសារ​ពេលវេលា​កាន់តែ​ខើច លោក អ្នក​កាន់​តែមាន​ពេលវេលា​តិច ក្នុង​ការអាន​អត្ថបទ​នានា ខ្ញុំ​សូម​បញ្ចប់​នូវ​សារ​របស់ខ្ញុំ​ត្រឹមនេះ និង​សូម​ថ្លែងអំណរគុណ​ដល់ដៃ​គូ​ពាណិជ្ជកម្ម​ទាំងអស់​ដែល​បាន​ឧបត្ថម្ភ​គាំទ្រ ដល់​ដំណើរការ​ផ្សាយ​របស់គេ​ហ​ទំព័រ​របស់​យើងខ្ញុំ​ជា​រៀង​រហូតមក។

សូម​ថ្លែងអំណរគុណ​ផងដែរ ដល់​លោក លោកស្រី អ្នកនាង​កញ្ញា មិត្ត​អ្នកអាន ដែល​តែងតែ​គាំទ្រ និង​ចែករំលែក​ព៌​ត​មាន​យើងខ្ញុំ​យ៉ាងច្រើន។

ជាមួយនឹង​ក្តី​រីករាយ និង​អំណរ​ឆ្នាំ​ថ្មី​នេះ ក្រុមការងារ​គេហទំព័រ Propertyarea.asia នៅតែ​ប្រកាស​ប្តេជ្ញា​ជា​ឳ​ឡា​រិ​កថា យើង​នៅតែ​បន្ត​ពង្រឹង​ការប្រកាន់​ខ្ជាប់​វិជ្ជាជីវៈ ក្រម​សីល​ធ៌​ម ផ្តល់​ព៌​ត​មាន​ពិត ឥត​លំអៀង មាន​តុល្យភាព ពិសេស​ចូលរួមចំណែក​កំចាត់​ព៌​ត​មាន​ក្លែងក្លាយ ហើយ​បដិសេធ​ជាដាច់ខាត​នូវ​ព៌​ត​មាន​បំភ្លៃ បំ​ភ្លើ​ស បំពុល និង​បំប៉ោង​ជាដាច់ខាត។

អ្វី​កាន់តែ​ពិសេស​សូម​គោរព​ជូនពរ ថ្នាក់ដឹកនាំ​ប្រទេសជាតិ​របស់​យើង គ្រប់​ជាន់ថ្នាក់ សូម​ជួបប្រទះ​តែ​នឹង​ពុ​ទ្ឋ​ពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ។

                                                                      ដោយ​ក្តី​គោរព​យ៉ាង​ជ្រាលជ្រៅ​ពី

         លោក​យិន លាង​គង់ៈ​ស្ថាបនិក​និង​នាយក​ប្រតិបត្តិ​គេហទំព័រ Propertyarea.asia

កម្ពុជា-ថៃ​សម្រេច​បើក​ច្រកទ្វារព្រំដែន​អន្តរជាតិ​ភ្នំ​ដី​ដើម្បី​ពង្រីក​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម

ដោយ វុត្ថា

ភ្នំពេញៈ កម្ពុជា-ថៃ បាន​ឯកភាព​លើ​ការបើក​ច្រកទ្វារ ព្រំដែន​អន្តរជាតិ​ភ្នំ​ដី  ដើម្បី​នាំចូល​សត្វ​ជ្រូក​រស់​ពី​ថៃ និង​នាំចេញ​នូវ​ទំនិញ​កសិផល​ពី​កម្ពុជា ពោលគឺ​ដើម្បី​ពង្រីក​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេរ​ភាគី។

យោងតាម​កិច្ចប្រជុំ​នៃ​ភាគី​ទាំងពីរ​កាលពី​ថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២០កន្លងមក​មន្ត្រី​ប្រទេស​ទាំងពីរ​បាន​អះអាងថា  ការបើក​ច្រកទ្វារព្រំដែន​នេះ  ដើម្បី​នាំចូល​សត្វ​ជ្រូក​រស់​ពី​ប្រទេស​ថៃ និង​នាំចេញ​នូវ​ទំនិញ​កសិផល ពី​ប្រទេស​កម្ពុជា រួមមាន គ្រាប់ពោត​ចំណី​សត្វ ផ្លែស្វាយ​ស្រស់ និង​ម្ទេស ទៅកាន់​ប្រទេស​ថៃ ។

បើតាម​កិច្ចប្រជុំ​រវាង​មន្ត្រី​នៃ​ប្រទេស​ទាំងពីរ ដើម្បី​ចាត់​វិធានការណ៍​ទប់ស្កាត់​ការរីក​រាលដាល​នូវ​វីរុស Covid-19 ប្រទេស​ទាំងពីរ​បាន​ផ្តោតលើ ការគ្រប់គ្រង​ចំពោះ​អ្នកបើកបរ ដែល​តម្រូវ​ឲ្យ​មាន​លិខិតបញ្ជាក់​សុខភាព ពី​ស្ថាប័ន​ជំនាញ​របស់​ប្រទេស​ថៃ និង​មានការ​ត្រួតពិនិត្យ​សុខភាព​ពី​ផ្នែក​ច​ត្តា​ឡី​ស័ក ប្រចាំ​ច្រកទ្វារព្រំដែន នៅ​រៀងរាល់​ពេលធ្វើ​ការឆ្លង​កាត់​ព្រំដែន ហើយ​ចំពោះ​មធ្យោបាយ​ដឹកជញ្ជូន ត្រូវមាន​ការបាញ់​ថ្នាំ សម្លាប់​មេរោគ​ឲ្យ​បាន​ត្រឹមត្រូវ មុននឹង​ធ្វើការ​ឆ្លងកាត់។

ដោយឡែក​ពេលវេលា ក្នុង​ការបើក​ច្រកទ្វារព្រំដែន ដើម្បី​នាំចូល​សត្វ​ជ្រូក​រស់ នាំចេញ​នូវ​ទំនិញ​កសិផល​ខាងលើ ត្រូវបាន​អនុញ្ញាត​តែ​ក្នុង​ចន្លោះ​ពីថ្ងៃ​ច័ន្ទ រហូតដល់​ថ្ងៃ​សុក្រ ចាប់ពី​ម៉ោង៦ព្រឹក រហូតដល់​ម៉ោង១២រសៀល​តែប៉ុណ្ណោះ។

កម្ពុជា-ថៃ​បានសម្រេច​បិទ​ច្រកព្រំដែន​ទាំងអស់ ដើម្បី​ទប់ស្កាត់​ការរីក​រាល​នៃ​ជំងឺ Covid-19 លើកលែងតែ​ការដឹកជញ្ជូន​ទំនិញ តែ​ត្រូវមាន​ការត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់​ទៅលើ​អ្នកបើកបរ៕

ការអភិវឌ្ឍ​វិស័យ​លំនៅដ្ឋាន​នៅ​ទូទាំង​ខេត្តកណ្តាល​កំពុង​បង្កើនល្បឿន​យ៉ាង​លឿន

ដោយៈ រ៉ា​ណេ​ត

កណ្តាលៈ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​ទូទាំង​ខេត្តកណ្តាល ដែល​ក្នុងនោះ​ការអភិវឌ្ឍ​ទៅលើ​វិស័យ​លំនៅដ្ឋាន ត្រូវបាន​លោក​អភិបាលខេត្ត​ទទួលស្គាល់ថា ពិតជា​មាន​ភាព​រីកចម្រើន​ខ្លាំង និង​កើតមាន​ស្ទើរ​ទូទាំង​ខេត្ត ជាពិសេស​នៅតាម​តំបន់​ដែល​ព័ទ្ធជុំវិញ​រាជធានី​ភ្នំពេញ។

លោក​អភិបាល​ខេត្តកណ្តាល លោក គង់ សោ​ភ័​ណ្ឌ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ ដោយបាន​ទទួលស្គាល់ថា ស្ទើរតែ​គ្រប់​តំបន់​នៅក្នុង​ខេត្តកណ្តាល ជាពិសេស​នៅតាម​តំបន់​មួយចំនួន ដែល​ស្ថិតនៅ​ហ៊ុ​ព័ទ្ធជុំវិញ​រាជធានី​ភ្នំពេញ គឺ​កំពុង​តែមាន​សក្ដានុពល​ក្នុងការ​វិនិយោគ និង​អភិវឌ្ឍ​ក្នុង​វិស័យ​សំណង់​គួរឱ្យកត់សម្គាល់ ដែល​ក្នុងនោះ​វិស័យ​លំនៅដ្ឋាន​កម្រិត​មធ្យម និង​សមរម្យ​បាន​ដើរតួ​ឈានមុខ​គេ ស្រប​ពេលដែល​កំណើន នៃ​ចំនួន​ប្រជាជន​បាន​កើនឡើង​រហូតដល់​ជាង១លាន​នាក់។

លោក​បន្តថា “ក្រៅពី​ក្រុង​តាខ្មៅ ដែលជា​មណ្ឌល​ពាណិជ្ជកម្ម​ប្រចាំខេត្ត គម្រោង​អភិវឌ្ឍន៍​ក្នុង​វិស័យ​លំនៅដ្ឋាន​ជាច្រើន បានបង្ហាញ​វត្តមាន​នៅតាម​តំបន់​ដែលមាន​សក្ដានុពល​នានា ជាពិសេស​តំបន់​ដែល​ស្ថិតនៅ​ព័ទ្ធជុំវិញ​រាជធានី​ភ្នំពេញ។ លោក​បាន​បន្តទៀតថា “ភាព​រីកចម្រើន​និង​អភិវឌ្ឍន៍​ទាំងអស់នេះ កើតឡើង​ដោយសារតែ​ភាពល្អប្រសើរ​នៃ​កំណើន​សេដ្ឋកិច្ចជាតិ ក៏ដូចជា​ក្នុង​តំបន់​ជ្រក​ក្រោម​ម្លប់​សន្តិភាព ដែល​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ R Investment Group លោក​ឧកញ៉ា តេង រិទ្ធី បាន​មានប្រសាសន៍​ឲ្យ​ដឹង​ក្នុង​ថ្ងៃ​ដដែល​ថា បច្ចុប្បន្ននេះ ស្ទើរតែ​គ្រប់​តំបន់​ទូទាំង​ខេត្តកណ្តាល សុទ្ធ​តែមាន​សក្ដានុពល ស្រប​ពេលដែល​គម្រោង​នៃ​ការអភិវឌ្ឍ​ជាច្រើន ត្រូវបាន​ចាប់​អនុវត្ត។

លោក​ឧកញ៉ា​បាន​បន្តទៀតថា“ក្រៅពី​តំបន់​កណ្តាល​ក្រុង​តាខ្មៅ ដែល​កំពុង​តែមាន​សក​ម្ម​ភាព​អភិវឌ្ឍន៍ ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រាជរដ្ឋាភិបាល និង​គម្រោង​អភិវឌ្ឍន៍​វិស័យ​សំណង់ រួមមាន​គម្រោង​លំនៅដ្ឋាន​កម្រិត​មធ្យម​និង​កម្រិត​ខ្ពស់ ក៏មាន​គម្រោង​សាងសង់​អគារ​ពាណិជ្ជកម្ម​មួយចំនួន​ផងដែរ។

លោក​ឧកញ៉ា​បាន​បន្តថា តំបន់​ដែល​ត្រូវបាន​ក្លាយជា​គោលដៅ​វិនិយោគ ក្នុង​វិស័យ​លំនៅដ្ឋាន រួមមាន​តំបន់​ជាយក្រុង​តាខ្មៅ​ដូចជា​តំបន់​ព្រែក​ហូរ ព្រែក​កំ​ពឺ​ស  និង​តំបន់​ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ២១A (ស្រុក​ស្អាង) ហើយ​ក្រៅពីនេះ​នៅ​ច​មាន​តំបន់​ផ្លូវជាតិ​លេខ២ (ម្ដុំ​រង្វង់​មូល​គួរ​ស្រូវ) តំបន់​ផ្លូវជាតិ​លេខ៣ ស្ថិត​ក្នុងស្រុក​កណ្តាលស្ទឹង តំបន់​ផ្លូវជាតិ​លេខ៤ ក្នុងស្រុក​អង្គស្នួល តំបន់​ផ្លូវជាតិ​លេខ៥ ស្រុក​ពញាឮ តំបន់​ផ្លូវជាតិ​លេខ៦ ស្រុក​មុខកំពូល និង​តំបន់​ផ្លូវជាតិ​លេខ១ ស្ថិតនៅ​ក្នុងស្រុក​កៀនស្វាយ។

ជាមួយគ្នានេះ លោក​ឧកញ៉ា​ឡាយ លន់ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Black Eagle International Co.,Ltd ធ្លាប់បាន​បង្ហាញ​ពី​សក្ដានុពល និង​ការអភិវឌ្ឍ​យ៉ាង​លឿន​នៅ​ទូទាំង​ខេត្តកណ្តាល​កាលពីពេល​កន្លងទៅ​ថា ខេត្ត​កណ្តា​កមាន​កត្តា​ភូមិសាស្ត្រ​ល្អ ជាពិសេស បណ្តា​ស្រុក​មួយចំនួន​របស់​ខេត្ត គឺ​ស្ថិតនៅ​ព័ន្ធ​ជុំវិញ​រាជធានី​ភ្នំពេញ ហើយ​នៅពេល​បច្ចុប្បន្ននេះ មាន​តំបន់​មួយចំនួន​បាន​កាត់​ចូលមក​ចំណុះ​រាជធានី​ភ្នំពេញ ហើយ​សល់​ប៉ុន្មាន​បានក្លាយ​ជា​ជា​តំបន់​ជាយក្រុង ដែលមាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស។

លោក​ឧកញ៉ា​បន្តថា “ភាព​រីកចម្រើន និង​អភិវឌ្ឍន៍​របស់​ខេត្តកណ្តាល មាន​លក្ខណៈពិសេស​ខុសពី​ខេត្ត​ផ្សេង ហើយ​តម្លៃ​ក៏មាន​ការកើនឡើង​គួរឱ្យកត់សម្គាល់។លោក​បន្តថា “តម្លៃ​ដីធ្លី​ដែល​ស្ថិតនៅក្នុង​តំបន់​មិនទាន់មាន​ការអភិវឌ្ឍ គិត​ជា​មធ្យម​អាច​ឡើង​ក្នុង​អត្រា១០ទៅ២៥ភាគរយ។ ដោយឡែក​តម្លៃ​ដី ដែល​ស្ថិតនៅក្នុង​តំបន់​មានការ​អភិវឌ្ឍ គិត​ជា​មធ្យម​មាន​កំណើន​ក្នុង​ចន្លោះ​ចាប់ពី៥០-១២០ភាគរយ​ក្នុង​មួយឆ្នាំ”៕

ហេតុផល ៤យ៉ាង ធ្វើឱ្យ​វិស័យ​អចលនទ្រព្យ​កម្ពុជា​ធ្លាក់ចុះ

ដោយ វុត្ថា

ភ្នំពេញៈ វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មានការ​រីកចម្រើន​យ៉ាងខ្លាំង ដោយសារ​មានការ​លំហូ​ទុនវិនិយោគ ទាំង​ក្នុងស្រុក និង​បរទេស​ជាពិសេស​មកពី​ប្រទេស​ចិន ជប៉ុន និង កូរ៉េ។

ការរីកចំរើន​នេះ ជាការ​រីកចំរើន​ខ្លាំង​មួយ នៅក្នុង​ចំណោម​ប្រទេស​នៅក្នុង​តំបន់​អាស៊ី ហើយ​បាន​រុញឱ្យ​កំណើនសេដ្ឋកិច្ច​កម្ពុ​ជាស​ម្រេច​បាន​ក្នុង​រង្វង់៧ភាគរយ ប៉ុន្តែ​យ៉ាងណាក៏ដោយ នៅ​ចុងឆ្នាំ២០១៩ និង​ដើមឆ្នាំ ២០២០ នេះ ត្រូវបាន​គេ​មើលឃើញថា មានការ​ថមថយ ឬ​ការធ្លាក់ចុះ​ទាំង​ការវិនិយោគ និង​ប្រតិបត្តិ​ការទិញ-លក់​លើ​វិស័យ​អចលនទ្រព្យ​ដោយហេតុ​ចំនួន៤ ដែល​អ្នកជំនាញ​មើលឃើញថា ជាហេតុ​ផល​ដ៏​សំខាន់​ក្នុងការ​រុញច្រាន​ឱ្យ​វិស័យនេះ ធ្លាក់ចុះ​រួមមាន៖

១) ការបិទ​ហ្គេម​អន​ឡាញ

រដ្ឋាភិបាល​កម្ពុជា​បានប្រកាស​បិទ​ហ្គេម​អន​ឡាញ កាលពី​ខែ​ចុងខែ​សីហា ឆ្នាំ ២០១៩ ដែល​ធ្វើឱ្យ​ជនជាតិ​ចិន​ប្រមាណ ២០ម៉ឺន​នាក់ ដែលជា​ទីផ្សារ​ដ៏​ខាន់​មួយ បាន​ចាក់​ចេញពី​ប្រទេស​កម្ពុជា ហើយ​ធ្វើឱ្យ​វិស័យ​អចលនទ្រព្យ​កម្ពុជា ទទួលរង​ផលប៉ះពាល់​ផងដែរ។

ការបិទ​ល្បែង Online  ត្រូវបាន​អ្នកជំនាញ​យល់ឃើញថា បាន​ប៉ះពាល់​ដល់​តម្លៃ​ដីធ្លី  ជួល ទិញ​លក់​និង សកម្មភាព​នៅ​ទាំង​ប្រទេស ជាពិសេស​អភិវឌ្ឍន៍​ផ្សេងទៀត​នៅ​ខេត្ត​ព្រះសីហនុ។

២) វិស្សមកាល​ចូលឆ្នាំ២០២០

វិនិយោគិន​ទាំង​អាស៊ី និង​អឺរ៉ុប បានធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅកាន់​ប្រទេស​ខ្លួន ដើម្បី​សម្រាក និង​ចូលឆ្នាំ​ឆ្នាំ​សកល​ឆ្នាំ២០២០ ក្នុង​រយៈពេល​យូ​ដែល​ធ្វើឱ្យមាន​ផលប៉ះពាល់ ដល់​វិស័យ​អចលនទ្រព្យ​របស់​កម្ពុ​ជា។ តែ​យ៉ាងណា​ក៏ដោយ​អ្នកជំនាញ​លើកឡើងថា គ្រាន់​តែមាន​ផល​តិចតួច​ប៉ុណ្ណោះ​ក្នុងអំឡុងពេល​វិស្សមកាល​នេះ។

៣) ចូលឆ្នាំ​ចិន

វិនិយោគិន​ចិន​ជាច្រើន​បាន​សម្រុក ចេញពី​ប្រទេស​កម្ពុជា​ទៅ​ប្រារព្វ​ពិធីបុណ្យ​ប្រពៃណី និង​ជួបជុំ​សាច់ញាតិ​របស់ខ្លួន​នៅក្នុង​ប្រទេស​ចិន ទៅតាម​ទំនៀម​ទំលាប់ ដែលជា​ហេតុផល​មួយទៀត ធ្វើឱ្យ​វិស័យ​អចលនទ្រព្យ​កម្ពុជា​មានការ​ធ្លាក់ចុះ។

៤) វិបត្តិ​ជាស​កល​នៃ​ជំងឺ Covid-19

វិបត្តិ​ជំងឺ Covid-19 ផ្ទុះឡើង​នៅក្នុង​ទីក្រុង​អ៊ួ​ហាន​របស់​ប្រទេស​ចិន និង​បន្ត​រីក​រាលដាល​ជា​កល បានធ្វើឱ្យ​វិនិយោគិន​ចិន មិនអាច​វិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​បាន ខណៈដែល​ពួកគេ​ទៅ​ប្រារព្វ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន ។ រហូតមកដល់​ពេលនេះ គេ​មិនទាន់​ដឹង​ពី​ភាព​ប្រកដប្រជា​នៃ​ជំ​នេះ​នៅឡើយ​ទេ។

វិ​ប​ត្ត​ជំងឺ Covid-19 នេះ មិន​ត្រឹមតែ​កម្ពុជា​ទទួលរង​នូវ​ផលប៉ះពាល់​ខ្លាំង​នោះទេ តែ​ដូច​បណ្តា​ប្រទេស​នានា នៅក្នុង​ពិភពលោក​ក៏​កំពុង​ជួបប្រទះ​ផងដែរ ដែល​ទាមទា​ឱ្យ​រដ្ឋាភិបាល​បានដាក់​ចេញ​នូវ​វិធានការ​នានា ដើម្បី​ស្រោចស្រង់​ឡើងវិញ តាមរយៈ​លើកលែង​ពន្ធ និង​ឱ្យ​អ្នកមាន​អគារ​ជួល និង​អ្នក​អភិវឌ្ឍន៍​ជួយ​លើ​ការបង់ប្រាក់​ផងដែរ៕

ចំណេះដឹង! តើ​ការរៀបចំ​ឥណទាន​ឡើងវិញ​គឺជា​អ្វី?

ដោយ វុត្ថា

ភ្នំពេញៈ ការរៀបចំរ​ឥណទាន​ឡើងវិញ ជា​ដំណើរការ​មួយ​ដែល​ត្រូវបាន​ប្រើ​ដោយ​ស្ថាប័ន​ផ្តល់​កម្ចី​នានា ដើម្បី​បញ្ជៀ​ស​លទ្ធភាព​មាន​ហានិភ័យ នៃ​បំណុល​ដែលមាន​ស្រាប់ ឬ​ទាញយក​អត្ថប្រយោជន៍​ពី​អត្រា​ការប្រាក់​ទាប​ជាង​មុន។

ការរៀបចំ​ឥណទាន​ឡើងវិញ អាច​ត្រូវបាន​អនុវត្តន៍​ដោយ​បុគ្គលម្នាក់ៗ នៅពេលដែល​ពួកគេ​គ្មាន​លទ្ធភាព​ទូទាត់​បំណុល ដោយសារតែ​ស្ថានភាព​ហិរញ្ញវត្ថុ​អាក្រក់​និង​មិនអាច​ដោះស្រាយបាន។

ម្ចាស់បំណុល​និង​កូនបំណុល​ត្រូវ​ពិភាក្សាគ្នា អំពី​ការរៀបចំ​ឥណទាន​ឡើងវិញ​ដោយ​ផ្តោតទៅលើ៖

១/ ការបញ្ចុះ​អត្រា​ការប្រាក់​របស់​ឥណទាន

២/ ការបង្កើន​កាល​អវសាន​របស់​ឥណទាន

៣/ការទូទាត់​តែ​ប្រាក់​ដើម​ឲ្យ​ស្ថាប័ន​ផ្តល់​កម្ចី​វិញ (មិន​យកការប្រាក់)៕