បណ្ឌិត សុខ ទូច៖ សហភាពអឺរ៉ុបនឹងមិនដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាទេ

0

ដោយវុត្ថា

ភ្នំពេញ៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថាគណៈកម្មការសហភាពអឺរ៉ុប នឹងមិនដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជានោះទេ ខណៈតាមការគ្រោងទុកគណៈកម្មការសហភាពអឺរ៉ុបនឹងដកពីកម្ពុជានៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០ខាងមុខនេះ។

លោកបណ្ឌិត សុខ ទូច នៅក្នុងវេទិកាតុមូលជជែក ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ឱ្យដឹងថា ការមានដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់គណៈកម្មការសហភាពអឺរ៉ុបគឺជញ្ជីងនយោបាយ ដែលបានដាក់បន្ទុកមកលើកម្ពុជា។

លោកសុខ ទូចថ្លែង “ខ្ញុំមានជំនឿថា EBA នឹងមិនត្រូវបានដកចេញពីកម្ពុជា ព្រោះនេះ ជាជញ្ជីងនយោបាយរបស់សហភាពអឺរ៉ុប” ។ លោកសង្កត់ធ្លន់ថា “បើដក EBA សហភាពអឺរ៉ុបគឺខ្សោយខាងធនធានផ្នែកនយោបាយ តែយ៉ាងកម្ពុជាក៏ត្រូវធ្វើការចរចាព្រោះមានផលិតច្រើនណាស់ដែលត្រូវការធ្វើនាំចេញដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ”។

លោកសុខ សុភ័ក្រ្ដ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានពន្យល់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ខុសពីប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលសហភាពអឺរ៉ុបឱ្យមកកម្ពុជា ព្រោះប្រព័ន្ធនេះ មិនមានការចរចានោះទេ ពោលគឺសហភាពអឺរ៉ុប បានផ្តល់ឱ្យដល់កម្ពុជាដោយឯកតោភាគី ។

លោកបន្តថា នៅពេលដែលកម្ពុជាមានសេដ្ឋកិច្ចរីកចំរើន សហភាពអឺរ៉ុប នឹងដកទៅវិញដោយស្វ័យប្រវត្តិ ។ លោកបន្ថែមថា ហើយការចរចាពាណិជ្ជកម្មសេរីកម្ពុជា-ចិននេះ គឺទទួលបានផលប្រយោជន៍ទៅវិញទៅមក និងម្យ៉ាង គឺ ដោយសារតែកម្ពុជាមានទំនាក់ទំនង និងកិច្ចសហការល្អជាមួយប្រទេសចិន ពោលគឺមិនមែនភាគីចិនជួយជ្រោមជ្រែងក្នុងការចុះព្រមព្រៀងពាណិជ្ជកម្មសេរីសម្រេចនៅពេលនេះទេ។

បើមិនមានអ្វីប្រែប្រួលនោះទេការសម្រេចដកផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធរបស់គណៈកម្មការអឺរ៉ុបដែលបានផ្តល់ឱ្យកម្ពុជា ក្រោមគម្រោងពាណិជ្ជកម្មអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)នឹងចូលជាធរមាននៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០ខាងមុខនេះ។

ទោះជាយ៉ាងណាការដកប្រព័ន្ឋអនុគ្រោះពន្ឋ២០ភាគរយនេះ មិនមានអ្វីគួរឲ្យបារម្ភសំរាប់កម្ពុជានោះទេ ខណៈកម្ពុជានឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាច្រើននៅលើពិភពលោក។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មការអឺរ៉ុបបានឱ្យដឹងកន្លងមកនេះថា ការដកEBA ពីកម្ពុជានេះ មានចំនួនប្រហែល១ភាគប្រាំ ឬ១ពាន់លានអឺរ៉ូ នៃការនាំចេញប្រចាំឆ្នាំរបស់ប្រទេសកម្ពុជាទៅកាន់សហភាពអឺរ៉ុប។ លើកលែងតែសភាអឺរ៉ុប និងក្រុមប្រឹក្សាជំទាស់រឿងនេះ បើពុំនោះទេវិធានការនេះ នឹងចូលជាធរមាននៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០ ។

ការព្រមានដក ឬព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBAរបស់គណៈសហភាពអឺរ៉ុបនេះ បានធ្វើឱ្យផលិតផលនាំចេញរបស់កម្ពុជាប្រមាណ៤០មុខ រួមមានសម្លៀកបំពាក់កាត់ដេរ សម្ភារៈធ្វើដំណើរ វាលី កាបូបស្ពាយ ស្បែកជើង និងស្ករសផងនោះ ត្រូវបង់ពន្ធឡើងវិញក្នុងចំណែក២០ភាគរយនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here