ដោយវុត្ថា
កំពត៖ ខេត្តកំពតទាក់ទាញក្រុមហ៊ុនធំៗ ចំនួន៣៥ដែលបាននឹងកំពុងវិនិយោគលើវិស័យជាច្រើនរួមមាន វិស័យកសិឧស្សហកម្មចំនួន៤ កំពង់ផែខ្នាតតូចចំនួន៥ ឧស្សហកម្ម៩ ទេសចរណ៍សណ្ឋាគារចំនួន១០ ភោជនីយដ្ឋានចំនួន១ ថាមពលចំនួន៣ និងតំបន់សេដ្ឋកិច្ចពិសេសចំនួន២ ផលិតនិងកែច្នៃផលិតផលសមុទ្រចំនួន១។

-->
លោក ជាយ តាយ អភិបាលខេត្តកំពតនៅក្នុងជំនួបស្វែងយល់ពីវឌ្ឍនភាពរបស់ គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្សទទួលបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា នាថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ២០២០នេះ ឱ្យដឹងថា ខេត្តកំពតមានរមណីយដ្ឋាន និងគោលដៅទេសចរណ៍សម្បូរណ៍ដោយធនធានធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រជាច្រើន ក្នុងនោះរមណីយដ្ឋានទេសចរណ៍១៧កន្លែង សហគមន៍ និងគោលដៅទាក់ទាញចំនួន៨កន្លែង។
លោកបន្តថា “ចំពោះសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ក្នុងភូមិសាស្ត្រខេត្តកំពតក្នុងឆមាសទី១ឆ្នាំ២០២០នេះ មានលក្ខណៈល្អប្រសើរ សកម្មភាពបទល្មើសផ្សេងៗមានការថយចុះ និងដោយសារកម្ពុជាបច្ចុប្បន្នមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ដោយធានាបាននូវផ្លូវច្បាប់គ្រប់គ្រាន់ពេញលេញសម្រាប់អ្នកវិនិយោគនានាទាំងក្នុង និងក្រៅស្រុកមកដាក់ទុនរកស៊ីនៅក្នុងខេត្តនេះកាន់តែច្រើន។
ដោយឡែក ចំពោះការងារគ្រប់គ្រងដីធ្លីក្នុងខេត្តកំពត លោកអភិបាលខេត្តថា គិតចាប់ពីឆ្នាំ២០០៣រហូតមកដល់បច្ចុប្បន្នអនុវត្តការចុះបញ្ជីជាប្រព័ន្ធបាន៨ក្រុង ស្រុក ស្នើនឹង៦៧ឃុំ/សង្កាត់ លើ៩៣ឃុំ/សង្កាត់ ស្មើនឹង៣៤៧ភូមិ លើ៤៨៨ភូមិ ស្មើ៧០% ក្នុងនោះការចុះបញ្ជីជាលក្ខណៈប្រព័ន្ធចេញប័ណ្ណបានចំនួន៥៣៥.៩៨៦ប័ណ្ណ។ ការចុះបញ្ជីអនុវត្តតាមបទបញ្ជា០១បប របស់រាជរដ្ឋាភិបាលចេញប័ណ្ណបានចំនួន៤៨.០៣៥ប័ណ្ណ៕
