រដ្ឋាភិបាលផ្អាកការយកវិភាគទានលើរោងចក្រកាត់ដេរនិងក្រុមហ៊ុនបម្រើសេវាកម្មក្នុងវិស័យទេសចរណ៍

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ បានធ្វើការណែនាំយ៉ាងលម្អិតទៅលើការព្យួរកិច្ចសន្យាការងារ និងការផ្អាកបង់ភាគទាន ប.ស.ស សម្រាប់រោងចក្រ សហគ្រាស គ្រឹះស្ថានក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺ Covid-19 រួមជាមួយកាតព្វកិច្ចផ្សេងៗដែលត្រូវអនុវត្ត។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានស្ដីពីការណែនាំរបស់រដ្ឋាភិបាលកម្ពុជា ពីវិធានការបន្ថែមសំដៅជួយដល់វិស័យឯជន និងកម្មករនិយោជិតដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺ Covid-19 (ជុំទី៣ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០)។

យោងច្បាប់ស្ដីពីការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមណែនាំដល់ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាននានាក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ក្នុងដែនរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ កែប កំពត ដែលខ្វះវត្ថុធាតុដើម ឬគ្មានការបញ្ជាទិញ ឬមិនមានទីផ្សារនាំចេញ ក៏ដូចជាមិនមានអតិថិជនប្រើប្រាស់សេវាកម្ម ដែលមានផលលំបាកណាមួយ រហូតនាំឱ្យមានការព្យួរសកម្មភាពផលិត ឬអាជីវកម្មជាបណ្តោះអាសន្ន។

ជាមួយគ្នានេះ សម្រាប់បងប្អូន កម្មករ និយោជិត ដែលបម្រើការងារនៅក្នុងរោងចក្រ សហគ្រាស គ្រឹះស្ថានទាំងនោះ ត្រូវរួមគ្នាជាដាច់ខាតបំពេញនូវនិតិវិធីនៃការព្យួរកិច្ចសន្យាការងារ និងការស្នើសុំផ្អាកបង់ភាគទានវបេឡាជាតិសន្ដិសុខសង្គម (ប.ស.ស) នឹងត្រូវអនុវត្តដូចបានចែងលម្អិតនៅក្នុងសេចក្ដីប្រកាសខាងក្រោម ៖

ទីផ្សារ​អាមេរិក នៅតែ​បន្ត​ឈរ​លំដាប់​ទី១ លើ​ការបញ្ជាទិញ​ពី​កម្ពុជា

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ ក្នុងចំណោម​ទីផ្សារធំៗនៅតាម​បណ្តា​ប្រទេស​ទាំង៦ រួមជាមួយ​នឹង​បណ្តា​ប្រទេស​មួយចំនួនទៀត​នៅក្នុង​ទីផ្សារ​អាស៊ាន សហរដ្ឋអាមេរិក​នៅតែ​បន្ត​ឈរ​នៅ​លំដាប់​កំពូល​លើ​ការបញ្ជាទិញ​ទំនិញ​ពី​កម្ពុជា។

តាមរយៈ​អគ្គនាយកដ្ឋាន​គោលនយោបាយ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានបង្ហាញ​នូវ​វឌ្ឍនភាព​នៃ​ផលិតផល​ផល​សរុប​សម្រាប់​នាំចេញ​ជាក់ស្តែង​នៅក្នុង​រយៈពេល ២ខែ ដើមឆ្នាំ២០២០ នេះ មាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ ២ ៥៦៣ លាន​ដុល្លារ​អាម​រិ​ក ក្នុងនោះ​ចំពោះ​ទីផ្សារ​នាំចេញ​ទៅកាន់​សហរដ្ឋអាមេរិក នៅតែ​បន្ត​ឈរ​ក្នុង​លំដាប់ថ្នាក់​ទី១ បន្ទាប់ពី​ប្រទេស​នាំចេញ​ចំនួន៦ផ្សេងទៀត ដោយ​បូ​កប​ញ្ជូ​ល​ទាំង​ប្រទេស​ក្នុង​អាស៊ាន​ផងដែរ។

នៅក្នុង​របាយការណ៍​ដ​ដែល​បានបង្ហាញ​ទៀតថា ជុំវិញ​ការនាំចេញ​ទៅកាន់​ប្រទេស​ទាំង៦នេះ ក្នុងនោះ​ការនាំចេញ​សរុប​ទៅកាន់​សហរដ្ឋអាមេរិក មាន​កំណើន​ជិត ៤៣ភាគរយ, នាំចេញ​ទៅកាន់​សហភាព​អឺរ៉ុប មាន​ប្រមាណ ២៥ភាគរយ, ជប៉ុន ៥ភាគរយ, អាស៊ាន​ជាង ៦ភាគរយ, អង់គ្លេស​ប្រមាណ ៦ភាគរយ និង​ការនាំចេញ​ទៅកាន់​ប្រទេសផ្សេងៗទៀត​សរុប​មាន​កំណើន​ជាង ២០ភាគរយ​ផងដែរ។

ចំណែក​ការនាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ​ទៅកាន់​ទីផ្សារសំខាន់ៗទាំងនេះ ក្នុង​រយៈពេល២ខែ ឆ្នាំ២០២០ នេះដែរ គឺ​ស្ថិតនៅក្នុង​លំដាប់​រឹងមាំ​នៅឡើយ ដោយ​ក្នុងនោះ​ការនាំចេញ​ទៅកាន់​ទីផ្សារ​អាស៊ាន មាន​កំណើន​ជាង ៤១ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ២០១៩ ក្នុង​រយៈពេល​ដូចគ្នា​មាន​ជាង ៥១ភាគរយ។ ដោយឡែក ទីផ្សារ​អាមេរិក​មាន​ប្រមាណ ៤០ភាគរយ ខណៈដែល​ក្នុង​ឆ្នាំ២០១៩  មាន​ជាង ៤៨ភាគរយ , ជប៉ុន ១៨ភាគរយ, សហភាព​អឺរ៉ុប​ជាង ៧ភាគរយ, អង់គ្លេស ដក ៣ភាគរយ (-៣ភាគរយ), និង​ការនាំចេញ​ទៅកាន់​ប្រទេសផ្សេងៗ មាន​ចំនួន​ជាង ២០ភាគរយ ផងដែរ ៕

រដ្ឋាភិបាលកំពុងតែរៀបចំផែនការស្ដារ និងអភិវឌ្ឍន៍ព្រលានយន្តហោះខេត្តបាត់ដំបងឡើងវិញ

ដោយ ៖ រ៉ា​ណេ​ត

បាត់ដំបង ៖ ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល និង​ការចង្អុលបង្ហាញ​ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បច្ចុប្បន្ន មន្ត្រី​ជំនាញ​ផ្នែក​អាកាសចរ​ស៊ីវិល បាន និង​កំពុង​រៀបចំ​ផែនការ​ស្នើសុំ​គណៈកម្មការ​គោលនយោបាយ​សេដ្ឋកិច្ច ដើម្បី​ស្ដារ និង​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​ខេត្តបាត់ដំបង ដើម្បី​សម្រួល និង​បម្រើ​ដល់​វិស័យ​ដឹកជញ្ជូន​ក្នុងស្រុក។

អគ្គនាយករង​បច្ចេកទេស រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល លោក ស៊ីន ចាន់​សិរី​វុត្ថា បាន​មានប្រសាសន៍​នៅក្នុង​ពិធី​សន្និសីទ​សារព័ត៌មាន​ស្ដីពី​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ថា អាកាសយានដ្ឋាន​ខេត្តបាត់ដំបង​នៅពេល​បច្ចុប្បន្ននេះ គឺជា​ប្រភេទ​អាកាសយានដ្ឋាន​ក្នុងស្រុក មាន​លក្ខណៈ​តូចចង្អៀត និង​ទ្រុឌទ្រោម ដែល​យើង​ត្រូវតែ​ពិនិត្យ ដើម្បី​ស្ដារ និង​កែលម្អរ​ឡើងវិញ​ឱ្យស្រប​តាម​ទៅ​ស្ដង់ដារ​អន្តរជាតិ ដែល​ការផ្តួចផ្ដើម​នេះ​ត្រូវបាន​រដ្ឋមន្ត្រី​ទទួលបន្ទុក​អាកាសចរ​ស៊ីវិល បានប្រគល់​ការងារ​ឱ្យ​ក្រុមមន្ត្រី​ជំនាញ ដើម្បី​លើកសំណើរ ថា​តើ​ត្រូវ​កែលម្អរ និង​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​មួយ​នេះ​របៀប​ណា។

លោក ស៊ីន ចាន់​សិរី​វុត្ថា បាន​មានប្រសាសន៍ថា “ជា​ជំហាន​ដំបូង​យើង​គិតថា ត្រូវ​ស្ដារឡើងវិញ​ដើម្បី​ឱ្យបាន​គ្រប់​ស្ដង់ដារ​សុវត្ថិភាព​ត្រឹម​កម្រិត 3C ដែល​យើង​អាច​ទទួល​ចុះចត​យន្តហោះ​ក្នុងស្រុក​ប្រកបដោយ​សុវត្ថិភាព។ បន្ទាប់មកទៀត យើង​បាន​ពិនិត្យមើល​ផែនការអភិវឌ្ឍន៍​រប​ស់​នគរូបនីយកម្ម​នៅ​ខេត្តបាត់ដំបង ដែល​បានបង្ហាញ​ពី​ភាពសមស្រប ទៅនឹង​ផែនការ​នៃ​ការអភិវឌ្ឍ និង​យល់ស្រប​ក្នុងការ​កែសម្រួល និង​ស្តារ​អាកាសយានដ្ឋាន​មួយ​នេះ​ឡើងវិញ​សម្រាប់​ប្រើប្រាស់​ក្នុង​រយៈពេល​ខ្លី និង​មធ្យម ប៉ុន្តែ​សម្រាប់​រយៈពេល​វែង គឺ​ចាំបាច់​ត្រូវតែមាន​ការផ្លាស់ប្ដូរ​ទីតាំង​ថ្មី។

លោក​បាន​បញ្ជាក់ទៀតថា “បន្ទាប់ពី​បាន​ត្រួតពិនិត្យ​ទិដ្ឋភាព​បច្ចេកទេស និង​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ យើង​បានរៀបចំ​សំណើរ​ដើម្បី​ដាក់ជូន​គណៈកម្មការ​គោល​នយោបាយ​សេដ្ឋកិច្ច​ក្នុងការ​អនុញ្ញាត​ជាគោលការណ៍​ឱ្យ​យើង​បាន​ស្ដារ និង​កែលម្អរ​អាកាសយានដ្ឋាន​ក្នុង​ខេត្តបាត់ដំបង​នេះ​ឡើងវិញ ហើយ​បច្ចុប្បន្ន ផែនការ​នេះ​កំពុងតែ​ត្រូវបាន​ដំណើរ​ត្រួតពិនិត្យ”។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ធ្លាប់បាន​មានប្រសាសន៍​នៅក្នុង​ពិធីបុណ្យ​ទន្លេ​លើក​ទី៦ នៅ​ខេត្តបាត់ដំបង​ថា “បើទោះបី​រយៈពេល​នេះ​មិនទាន់​ត្រូវការ ក៏ប៉ុន្តែ​នៅពេល​ខាងមុខនេះ យើង​ច្បាស់​ជា​ត្រូវការ​នូវ​ព្រលានយន្តហោះ សម្រាប់​ខេត្តបាត់ដំបង។ ដូច្នេះ​បានជា​ខ្ញុំ​ស្នើ​ឲ្យ​ឯកឧត្តម​អភិបាលខេត្ត ស្នើឱ្យ​សម្តេច​ក្រឡាហោម ស ខេង យកចិត្តទុកដាក់​ទៅលើ​ការគ្រប់គ្រង ដីធ្លី​នៅក្នុង​តំបន់​នេះ និង​ជៀសវាង​នូវ​ការកសាង​សំណង់​ខ្ពស់ ដែល​វា​អាច​ប៉ះពាល់​ដល់​ការហោះហើរ នៅពេលដែល​យើង​ពង្រីក​នូវ​ព្រលានយន្តហោះ​មួយ​នេះ”។

សម្តេច​តេ​ជោ​បាន​បន្តទៀតថា “បើទោះបី​ព្រលានយន្តហោះ​បាត់ដំបង មិនអាច​ក្លាយជា​ព្រលានយន្តហោះ​អន្តរជាតិ​ក្តី ប៉ុន្តែ​នៅពេល​ប្រជាជនមាន​ការរីកចម្រើន​ផ្នែក​ជីវភាព តម្រូវការ​ធ្វើដំណើរ​រ​បស់​ប្រជាពលរដ្ឋ​កាន់តែ​ខ្ពស់ ដូច្នេះ​តម្រូវឱ្យមាន​ការហោះហើរ​ក្នុងស្រុក ទើបត្រូវ​រៀបចំ​ចក្ខុវិស័យ​ទុកជាមុន​បែបនេះ” ៕

ព្រឹទ្ធសភា​អនុម័ត​ច្បាប់​ដាក់​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​ជា​ផ្លូវការ

ដោយ វុត្ថា

ភ្នំពេញ៖ ព្រឹទ្ធិ​សភា​កម្ពុជា បានអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន ទាំងស្រុង​ជា​ផ្លូវការ ដោយ​ឥត​កែប្រែ​ចំនួន ៥៤សំឡេង​នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ព្រឹទ្ធសភា​ស្តីពី​លទ្ធផល​នៃ​សម័យប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា នីតិកាល​ទី ៤ នា​ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២០ នេះ ឱ្យដឹងថា  សេចក្តីព្រាងច្បាប់​នេះ តាក់តែងឡើង​មាន​គោលបំណង​កំណត់​អំពី បែបបទ នីតិវិធី និង​លក្ខខណ្ឌ នៃ​ការប្រកាស​ដាក់​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន នៅពេល​ប្រជាជាតិ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់ ព្រមទាំង​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន ដើម្បី​ការពារ​សន្តិសុខ​ជាតិ និង​សណ្តាប់ធ្នាប់​សាធារណៈ ការការពារ​អាយុជីវិត និង​សុខភាព​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ការពារ​ទ្រព្យសម្បត្តិ និង​បរិស្ថាន។

សេចក្តីព្រាងច្បាប់​នេះ មាន​វិសាលភាព​អនុវត្ត​នៅពេលដែល​ប្រទេសជាតិ​ត្រូវបាន​ដាក់​ស្ថិតក្នុង​ភាពអាសន្ន ស្របតាម​មាត្រា២២ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

សេចក្តីព្រាងច្បាប់​នេះ មានគុណ​ប្រយោជន៍​ក្នុងការ​គ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន ដោយបាន​ផ្តល់​មូលដ្ឋាន​គតិយុត្ត​ជាក់លាក់​ដល់​ការអនុវត្ត​មាត្រា២២ថ្មី មាត្រា៨៦ មាត្រា១០២ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​មូលដ្ឋាន​គតិយុត្ត​កំណត់​នូវ​បែបបទ នីតិវិធី និង​លក្ខខណ្ឌ នៃ​ការប្រកាស​ដាក់​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន ជា​មូលដ្ឋាន​គតិយុត្ត​កំណត់​អំពី សិទ្ធិអំណាច​របស់​រាជ​រដ្ឋាភិបាល ដើម្បី​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់​នានា ក្នុងការ​គ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង ភាពអាសន្ន ។

ជា​សេស​ច្បាប់​នេះ​និង​ឱ្យ​រដ្ឋសភា ព្រឹទ្ធសភា​ទទួលបាន​ពី​រាជរដ្ឋាភិបាល​នូវ​ការរាយការណ៍​ជាប្រចាំ​អំពី​វិធានការ​បានដាក់​ចេញ​ក្នុងពេល​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន នឹង​អាច​ស្នើសុំ​ព័ត៌មាន​ចាំបាច់​បន្ថែម ផ្សេងៗទៀត​ពី​រាជរដ្ឋាភិបាល​ក្នុង​ក្របខ័ណ្ឌ​នៃ​ការត្រួតពិនិត្យ និង​ការវាយតម្លៃ​អំពី​វិធាន​ការដែល​បាន ដាក់ចេញ​ក្នុងពេលដែល​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន ដើម្បី​ការពារ​សន្តិសុខ​ជាតិ និង​សណ្តាប់ធ្នាប់​សាធារណៈ ការពារ​អាយុជីវិត និង​សុខភាព​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ការពារ​ទ្រព្យសម្បត្តិ និង​បរិស្ថាន។

សេចក្តីព្រាងច្បាប់​នេះ​តាក់តែងឡើង​មាន ៥ជំពូក និង១២មាត្រា ត្រូវបាន​រដ្ឋសភា​នៃ​ព្រះរាជា-ណា​ចក្រ​កម្ពុជា អនុម័ត​យល់ព្រម​ចំនួន ១១៥សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល កាលពី​ថ្ងៃទី១០ខែមេសា ឆ្នាំ២០២០ នា​សម័យប្រជុំ​លើក​ទី៤ នីតិកាល​ទី៦៕

សម្តេចតេជោ៖ សប្បុរសជនដែលបានចូលរួមជាថវិកាសម្រាប់ប្រយុទ្ធជាមួយជម្ងឺ Covid-19 កើនដល់ជាង ១៣ លានដុល្លារ

ដោយវុត្ថា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្តដឹងថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលបានទទួលជំនួយពីសប្បុរសជនជាថវិកាចំនួន ជាង ១៣ លានដុល្លារអាមេរិកសម្រាប់ប្រយុទ្ធជាមួយជម្ងឺ Covid-19 នៅក្នុងប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសបុកផ្លូវការនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២០ នេះថា គិតត្រឹមព្រឹកថ្ងៃ១៧មេសា២០២០នេះ សប្បុរសជនដែលបានចូលរួមជាថវិកាសម្រាប់ប្រយុទ្ធជាមួយជម្ងឺកូវីត១៩មានចំនួនទឹកប្រាក់ចំនួន ១៣.៥៩៧.២៩៥ ដុល្លារ ដោយមិនទាន់គិតពីជំនួយជាសំភារះបរិក្ខា ដូចជាម៉ាស់ អាកុល សាប៊ូសំភារះពេទ្យ ដែលមានតម្លៃរាប់លានដុល្លារថែមទៀត។

សម្តេចតេជោបន្តថា “ដោយឡែកការរួមវិភាគទានតាមរយះការបរិច្ចាគបៀវត្សទាំងស្រុងឬមួផ្នែកនៃមន្ត្រីពីគ្រប់ស្ថាបន័ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិនិងកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទគិតត្រឹមព្រឹកថ្ងៃ១៦មេសា២០២០នេះមានចំនួន១៤.៧៥១នាក់ និងនៅសល់មួយចំនួនទៀតដែលកំពុងផ្ទៀងផ្ទាត់នៅក្រសួងមុខងារសារធារណះ”។

សម្តេចតេជោបន្ថែមថា “នេះជាចលនាជាតិដ៏ខ្លាំងក្លាមួយរបស់ប្រជាជនកម្ពុជាយើងក្នុងការប្រយុទ្ធជាមួយជម្ងឺដ៏កាចសាហាវនេះដែលទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំសូមថ្លែងអំណរព្រះគុណថ្វាយព្រះមហាក្សត្រ ថ្វាយសម្តេចម៉ែ ប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ ជូនជនរួមជាតិមន្ត្រីរាជការគ្រប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានចូលរួមក្នុងចលនាជាតិដ៏ធំមួយនេះ”៕

អ្នកនាំពាក្យ៖ ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន៤៧ កំពុង​ប្រតិ​ប​ត្ដិ​ការ​អាជីវកម្ម​នៅ​កម្ពុជា

ដោយ វុត្ថា

ភ្នំពេញៈ ក្រុមហ៊ុន​អាកាសចរណ៍ ដែល​បាន​កំពុង​ប្រតិ​ប​ត្ដិ​ការ​អាជីវកម្ម​មាន​ចំនួន ៤៧ក្រុមហ៊ុន ក្នុងនោះ​ក្រុមហ៊ុន​អាកាសចរណ៍ ក្នុងស្រុក​មាន​ចំនួន៦ក្រុមហ៊ុន និង​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​មាន​ចំនួន៤១ក្រុមហ៊ុន។ ចំណែក​អាកាសយាន​ស៊ីវិល​ដែល​បាន​ចុះបញ្ជី​ប្រតិ​ប​ត្ដិ​ការ​អាជីវកម្ម​សរុប​មាន​ចំនួន១២គ្រឿង។

លោក​ជា អូន រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី “វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់​រដ្ឋ​លេខាធិការ    ដ្ឋា​ន​អាកាសចរ​ស៊ីវិល” ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០កន្ល​មក​បានឱ្យដឹងថា ក្រៅពីនេះ​នៅមាន​ក្រុមហ៊ុន​អាកាសចរណ៍​មួយចំនួនទៀត ដែល​បាន​នឹង​កំពុង​ស្នើសុំ​វិញ្ញាបនបត្រ​ប្រតិបត្តិ​ការហោះហើ (AOC) ពី​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ដើម្បី​ដំណើរ​ការហោះហើរ​ដឹកជញ្ជូន​អ្នកដំណើរ និង​ទំនិញ​ក្នុងស្រុក និង​ក្រៅ​ស្រុក​នៅ​កម្ពុជា។

លោក​បន្តថា  “បច្ចុប្បន្ន​មាន​ប្រទេស​ចំនួន៤៦ បាន​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស ចុះហត្ថលេខា​អនុស្សារណៈ​យោគយល់ និង​ឯកភាព​ជាគោលការណ៍​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​ជាមួយនឹង​កម្ពុជា។

លោក​ស៊ីន ចាន់​សិរី​វុត្ថា អគ្គនាយករង​បច្ចេកទេស និង​ជា​អ្នកនាំពាក្យ​អាកាសចរ​ស៊ីវិល​បានឱ្យដឹងថា ក្រុមហ៊ុន​អាកាសចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា ដែល​កំពុង​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​អាកាសចរណ៍ បានទទួល​នូវ​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ពី​ការរីក​រាលដាល​នៃ​ជំងឺ COVID-19 ហើយ​ត្រូវបាន​លើកលែង​ការបង់ពន្ធ​អប្បបរមា​ចំនួន១០ភាគរយ សម្រាប់​រយៈពេល៣ខែ ចាប់ពី​ខែមីនា រហូតដល់​ខែឧសភា ឆ្នាំ២០២០ដែល​គ្មាន​ការតម្រូវ​ឲ្យ​បង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល​នោះទេ។

លោក​បន្តថា រហូតមកដល់​បច្ចុប្បន្ន​នេះ មិនទាន់មាន​ក្រុមហ៊ុន​អាកាសចរណ៍ ក្នុងស្រុក​ណាមួយ​របស់​កម្ពុជា ប្រកាស​ក្ស័យធន​ដោយសារ Covid-19 ឡើយ ខណៈ​យោងតាម​ស្ថិតិ​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​កើតមាន​ជំងឺ​កូ​វីដ១៩នេះ ក្នុង​ខែមករា​ឆ្នាំ២០២០ ភ្ញៀវ​មានការ​ថយចុះ​ជា​មធ្យម​ប្រមាណ២០ភាគរយ។ កាលពី​ខែកុម្ភៈ​មានការ​ថយចុះ​ប្រមាណ៥០ភាគរយ នៅក្នុង​ខែមីនា​ថយចុះ​ជាង៧០ភាគរយ ហើយ​ចំពោះ​ខែមេសា​នេះ មានការ​ថយចុះ រហូតដល់​ជាង៩០ភាគរយ គិត​ត្រឹម​ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០នេះ។

យោងតាម​របាយការណ៍​របស់​រដ្ឋលេខា​រដ្ឋា​ន អាកាសចរ​ស៊ី​បានឱ្យ​បង្ហាញថា គិត​ត្រឹម​បំណាច់​ឆ្នាំ២០១៩ ចំនួន​អ្នកដំណើរ​សរុប១១,៦៣៤,៩៥៣នាក់ ក្នុងនោះ​អ្នកដំណើរ​អន្តរជាតិ​ចំនួន១០,២៦០,៥៨២នាក់ និង​អ្នកដំណើរ​ក្នុងស្រុក​ចំនួន១,២៩៣,៩៨២នាក់។ ការដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​អាកាស​សរុប​មាន​ចំនួន៧៨,៩៥៩តោន ក្នុងនោះ​ការដឹកជញ្ជូន​ទំនិញ​ជា​អន្តរជាតិ​មាន​ចំនួន៧៧,៦៤៥តោន និង​ការដឹកជញ្ជូន​ទំនិញ​ក្នុងស្រុក​មាន​ចំនួន១,៣១៤ តោន។

ចំនួន​ជើងហោះហើរ​សរុប១៣៣,៨៣៥លើក ក្នុងនោះ​ជើងហោះហើរ​អន្តរជាតិ​ចំនួន៤៥,៦១០លើក ជើងហោះហើរ​ក្នុងស្រុក​ចំនួន១៥,០៩២លើក និង​ជើងហោះហើរ​ឆ្លងកាត់​ដែនអាកាស​របស់​ប្រទេស​កម្ពុ​ជាមាន​ចំនួន៧៣,១៣៣លើក៕

លោក ច្រឹ​ក សុខ​នី​ម៖ ការទទួល​ផលចំណេញ​ពី​ការវិនិយោគ​អចលនទ្រព្យ​មិនមែនជា​រឿង​ងាយ​នោះទេ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញ៖ ការវិនិយោគ​ទៅលើ​វិស័យ​អចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព និង​ទទួលបាន​ប្រាក់ចំណេញ​ខ្ពស់ មិនមែន​សុទ្ធតែ​ងាយ​ទទួលបាន​នោះទេ។ ផ្ទុយទៅវិញ ដើម្បី​អាច​គេច​ផុតពី​ហានិភ័យ​លើ​ការវិនិយោគ ឬ​ខាតបង់​ទ្រព្យ និង​ពេលវេលា​ចាំបាច់​ត្រូវតែមាន​ភាពប្រាកដប្រជា និង​យល់ដឹង​ពី​វិស័យ​មួយ​នេះ​ឱ្យបាន​ច្បាស់លាស់ ជៀសវាង​ការវិនិយោគ​ដោយ​ភាព​ប្រថុយប្រថាន។


ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម បាន​ចែករំលែក​ពី​ចំណោះ​ដឹង និង​បទពិសោធន៍​ផ្ទាល់ខ្លួន ពាក់ព័ន្ធ​ទៅនឹង​ការវិនិយោគ​ក្នុង​វិស័យ​អចល​ទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព និង​ទទួលបាន​ប្រាក់ចំណេញ​ខ្ពស់ ដើម្បី​វិនិយោគ​លើ​អចលនទ្រព្យ ទទួលបាន​ប្រាក់ចំណេញ អ្នក​ត្រូវ​វិនិយោគ​ដោយ​មើល​ទៅលើ​ស្ថានការណ៍ ពេលវេលា ស្ថានភាព​ផ្លូវ​ទីតាំង និង​សមស្រប​នឹង​តម្រូវការ​ជាក់ស្ដែង។

អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​រូបនេះ ក៏បាន​លើកឡើង​ផងដែរ​ថា “មិនមែន​អ្នកមាន​លុយ ទិញ​អចលនទ្រព្យ​ទុក​លក់​បន្ត​សុទ្ធ តែ​អាច​មានឱកាស​ទទួលបាន​ចំណេញ​នោះទេ ហើយ​បើ​អាច​ចំណេញ​ក៏ត្រូវ​ចំណាយពេល​យូរ ឬ​ច្រើន​ឆ្នាំ ឬ​ចំណេញ​បាន​តិចតួច មិន​ស្មើនឹង​ការប្រាក់​ដាក់​នៅ​ធនាគារ​ក៏មានដែរ ប្រសិនបើ​ការទិញ​អចលនទ្រព្យ​ទាំងនោះ មិន​ត្រូវបាន​ឆ្លងកាត់​ការសិក្សា ការវិនិច្ឆ័យ​ពី​តម្រូវការ​ពិតប្រាកដ ពោលគឺ​ជាការ​វិនិយោគ​ដោយ​ភាព​ប្រថុយប្រថាន និង​គ្មាន​ជំនាញ​ផ្បា​ស់លា​ស់។

លោក​សុខ​នី​ម​បាន​បញ្ជាក់ថា មុននឹង​សម្រេចចិត្ត​ទិញ ត្រូវ​អង្កេត​តាមដាន​អចលនទ្រព្យ​គោលដៅ​គ្រប់ពេលវេលា ដើម្បី​ឱ្យដឹងពី​អ្វីដែល​បាន​កើនឡើង ក្នុង​កន្លែង​នោះ ឬ​តំបន់​នោះ​ថា​តើ នឹងមាន​ហាង​លក់ដូរ​កំពុង​សង់ ឬក៏​មាន​គម្រោង​សាងសង់​អគារ​ខ្ពស់​ដែរឬទេ? ហើយ​ត្រូវធ្វើ​ផែនការ​គ្រប់យ៉ាង​ឱ្យបាន​ហ្មត់ចត់ និង​ដំណើរការ​តាម​ជំហានមួយៗ​ច្បាស់លាស់​មុនពេល​សម្រេចចិត្ត ដោយ​គិត​តាម​ក្បួនខ្នាត​ឱ្យបាន​ល្អិតល្អន់​ជាមុន។ យើង​ត្រូវ​គិតថា​ទិញយក​មក​ធ្វើ​អ្វី? បាន​ផល​តបស្នង​ត្រឡប់មកវិញ​ប៉ុន្មាន ហើយ​អាច​ប៉ះពាល់​ដល់​លំហូរ​សាច់ប្រាក់​ឬទេ។

លោក​ថា ទាំងនេះ​គ្រាន់តែ​ជា​ចំណុច​បឋម ដែល​ត្រូវ​យកចិត្ត​ដាក់​ពិចារណា​មុន​ការសម្រេចចិត្ត​វិនិយោគ ដើម្បី​ចៀស​ផុតពី​ហានិភ័យ៕

រដ្ឋាភិបាល​គ្រោង​បោះទុន​ជាង ៣០០០លាន​ដុល្លារ​ពង្រីក​វិសាលភាព​ព្រលានយន្តហោះ​ទាំងអស់​នៅ​កម្ពុជា

ដោយ វុត្ថា

ភ្នំពេញៈ រដ្ឋាភិបាល​គ្រោង​បោះទុន​ជាង ៣០០០លាន​ដុល្លារ​អាមេរិក ក្នុងការ​ពង្រីក​និង​ស្តារឡើងវិញ​នូវ​ព្រលានយន្តហោះ ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ជំរុញ​ឱ្យ​វិស័យ​អាកាសចរណ៍​កម្ពុជា កាន់តែ​ការ​តែ​ទំនើប និង​អាចឱ្យ​យន្ត​ហោ​ធុន​ធំ​អាច​ចុះចត​បាន។

លោក​ស៊ិន​ចាន់ សេរី​វុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រ​អាកាសចរណ៍​ស៊ីវិល នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់​រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល» ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០កន្លងមក​បានឱ្យដឹង​ថា ទឹកប្រាក់​វិនិយោគ​ជាង៣០០០លាន​ដុល្លារ​អាមេរិក ក្នុងការ​ពង្រីក​វិសាលភាព​នៃ​ព្រលានយន្តហោះ​ទាំង៣ ពោលគឺ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងអស់​របស់​កម្ពុជា។

លោក​បន្ថែមថា “ទំហំ​ទុន​នៃ​ការ​វិយោគ​ចំណាយ​លើ​ព្រលាន​យន្ត នៅ​ភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះសីហនុ រួមទាំង​គម្រោង​ព្រលានយន្តហោះថ្មីៗផ្សេងទៀត។ អញ្ចឹង​យើង​គ្រោង​ចំណាយ​ជាង៣០០០លាន​ដុល្លារ​អាមេរិក។

ចំណែក​លោក ជា អូន រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិកា​អាកាសចរណ៍​កម្ពុជា​បានឱ្យដឹង​ផងដែរ​ថា  រដ្ឋាភិបាល​នឹង​កំពុងតែ​ដំណើរការ អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​អាកាសយានដ្ឋាន​ជាតិ-អន្តរជាតិ​ចំនួន៣ គឺ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ដែល​គ្រប់គ្រង​និង​ធ្វើ​ទំនើបកម្ម​អាកាសយានដ្ឋាន​ដោយ​ក្រុមហ៊ុន (SCA)។

លោក​បន្តថា  ក្រៅពី​អាកាសយានដ្ឋាន​អន្តរជាតិ យើង​មាន​អ​កាស​យានដ្ឋាន​ក្នុងស្រុក​មួយចំនួនទៀត​ដូចជា អាកាសយានដ្ឋាន​បាត់ដំបង អាកាសយានដ្ឋាន​ស្ទឹងត្រែង អាកាសយានដ្ឋាន​កោះកុង និង​អាកាសយានដ្ឋាន​ប៉ោយប៉ែត។

លោក​បន្ថែមទៀតថា គម្រោង​អាទិភាព​ដែល​បាន​ដាក់ជូន​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួងផែនការ មានដូចជា៖

– គម្រោង​ស្តារ​និង​កែលម្អ​អាកាសយានដ្ឋាន​ស្ទឹងត្រែង 4C

–  គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី 4E

–  គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប-អង្គរ​ថ្មី 4E

–  គម្រោង​សាងសង់​អាកាសយានដ្ឋាន​តារា​សាគរ​នៅ​ស្រុក​បុ​ទុម​សាគរ​ខេត្តកោះកុង 4C

–  គម្រោង​កែលម្អ​អាកាសយានដ្ឋាន​កោះកុង 4C

–  គម្រោង​សាងសង់​អាកាសយានដ្ឋាន​មណ្ឌល​គី​រី​ថ្មី 3C (ទីតាំង​ថ្មី)

–  គម្រោង​សាងសង់​អាកាសយានដ្ឋាន​រតនគីរី​ថ្មី 3C (ទីតាំង​ថ្មី)

–  គម្រោង​សាងសង់​អាកាសយានដ្ឋាន​ព្រះវិហារ​ថ្មី 3C (ទីតាំង​ថ្មី)

–  គម្រោង​សាងសង់​អាកាសយានដ្ឋាន​ប៉ោយប៉ែត

–  គម្រោង​ការសាងសង់​មជ្ឈមណ្ឌល​ឧតុនិយម​អាកាសចរ​ស៊ីវិល​កម្ពុជា៕

ក្រសួង​ដែនដី​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​លើ​ការគ្រប់គ្រងតំបន់​អភិ​រ័ក្ស​របស់​ជាតិ

ដោយ វុត្ថា

ភ្នំពេញៈ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានចេញ“វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ” ជូន​ក្រសួងបរិស្ថាន​ចំនួន១៨ប័ណ្ណ ក្នុងនោះ១០ប័ណ្ណ សម្រាប់​សម្គាល់​កម្មសិទ្ធិ​ដី​រដ្ឋ​ក្នុង​តំបន់​ស្នូល និង​តំបន់​អភិរក្ស​នៃ​ដែនជម្រកសត្វព្រៃ ពាម​ក្រសោប ខេត្តកោះកុង ដែល​គ្រប់​ដណ្តប់​លើ​ផ្ទៃដី​សរុប៤.៦៧២,៦១ហិកតា និង៨ប័ណ្ណ​សម្រាប់​សម្គាល់​កម្ម​សិទ្ធិ​ដី​រដ្ឋ​ក្នុង​តំបន់​ស្នូល នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ខេត្ត​មណ្ឌល​គី​រី ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​សរុប៤៥.៥១៩,២៦ ហិកតា។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងបរិស្ថាន​ស្តីពី ការចុះបញ្ជី​ដី​រដ្ឋ​នៃ​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប ខេត្តកោះកុង​និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ខេត្តមណ្ឌលគិរី នៅ​ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២០កន្លងមក​ឱ្យដឹងថា  ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​កំពុង​បន្ត​ពិនិត្យ​ចេញ “វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ”សម្រាប់​តំបន់​អភិរក្ស​នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ខេត្តមណ្ឌលគិរី ហើយ​ក្រុមការងារ​អនុវត្ត​គម្រោង​បាននិងកំពុង​បន្ត​នីតិវិធី និង​ដំណើរការ​ចុះបញ្ជី​ដី​រដ្ឋ នៅក្នុង​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព​នៃ​ដែនជម្រកសត្វព្រៃ​ទាំងពីរ ដូចជា ការបិទ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​ក្បាលដី ក្នុង​រយៈពេល១៥ថ្ងៃ និង​ការចុះ​ប្រតិបត្តិ​សកម្មភាព​អាទិភាព​នៅ​ទីវាល​ជាក់ស្តែង។

ក្រសួងបរិស្ថាន​បញ្ជាក់​ថា “នេះ​គឺជា​លទ្ធផល​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា ដែល​រាជរដ្ឋាភិបាល​បាន​គាំទ្រ និង​ជំរុញឱ្យមាន​ការចុះបញ្ជី​ដី​រដ្ឋ នៅក្នុង​តំបន់ការពារធម្មជាតិ​ជា​លើកដំបូង ហើយក៏​ឆ្លុះបញ្ចាំង​អំពី​ការយកចិត្តទុកដាក់ និង​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​រាជរដ្ឋាភិបាល​លើ​ការងារ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​កម្ពុជា​ផងដែរ។

ក្រសួងបរិស្ថាន ដែលជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល ទទួលបន្ទុក​គ្រប់គ្រង​តំបន់ការពារធម្មជាតិ នឹង​បន្ត​ដកស្រង់​មេរៀន និង​បទពិសោធ​ពី​គម្រោង​នេះ ដើម្បី​កែសម្រួល​នីតិវិធី និង​ជំរុញ​ដំណើរការ​ចុះបញ្ជី​ដី​រដ្ឋ នៅក្នុង​តំបន់ការពារធម្មជាតិ​ដទៃទៀត​នៅ​ទូទាំងប្រទេស៕

ចំណេះដឹង! អ្វី​ជា​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល ២០១៩-២០២៣?

ចំណេះដឹង! អ្វីជាយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣?

ដោយ វុត្ថា

ភ្នំពេញ៖ រាជរដ្ឋាភិបាល​កម្ពុជា​កាលពីពេលថ្មីៗនេះ បានអនុម័ត​និង​ដាក់ឱ្យ​អនុវត្តន៍​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល ២០១៩-២០២៣ មាន​ចក្ខុវិស័យ​ប្រែក្លាយ​ប្រព័ន្ធ​ចំណូល​រដ្ឋ​ឱ្យមាន​លក្ខណៈ​ទំនើប​ដែល​អាចឆ្លើយតប​ទៅនឹង​តម្រូវការ​អភិវឌ្ឍន៍ និង​ការវិវត្ត​នៃ​រចនាសម្ព័ន្ធ​សង្គម-សេដ្ឋកិច្ចជាតិ។

ក្នុងន័យនេះ យុទ្ធសាស្ត្រ​កៀរគរ​ចំណូល នឹង​ក្លាយជា​ឧបករណ៍​គោលនយោបាយ​មួយ​យ៉ាងសំខាន់ ក្នុងការ​កៀរគរ​ចំណូល​រដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព​ខ្ពស់ តាមរយៈ​ការដាក់​ចេ​ញ្ច​នូវ​គោលបំណង និង​គោលដៅ ព្រមទាំង​វិធានការ​មុត​ស្រេច​នានា​សម្រាប់​អនុវត្ត​ក្នុង​រយៈពេល៥ឆ្នាំ​ខាងមុខ។

យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​នេះ​មាន​គោលបំណង ធ្វើ​ទំនើបភាវូបនីយកម្មរ​ដ្ឋ​បាល​និង​គោលនយោបាយ​ចំណូល​សារពើពន្ធ និង​មិនមែន​សារពើពន្ធ ដើម្បី​ធានា​ការប្រមូល​ចំណូល​ប្រកបដោយ​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព​ខ្ពស់ កែលម្អ​បរិយាកាស​វិនិយោគ​និង​តម្រង់ទិស​ការវិនិយោគ ពង្រឹង​ភាព​ប្រកួតប្រជែង និង​ជំរុញ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ចជាតិ។

ស្រប​នឹង​គោលបំណង​ខាងលើ, យុទ្ធសាស្ត្រ​នេះ​មាន​គោលដៅ​ដូចជា ទី១ ប្រមូល​ចំណូល​ចរន្ត​សរុប ឱ្យ​កើន​បាន​យ៉ាងតិច​បំផុត០,៣ ពិ​ន្ទ​ភាគរយ​នៃ ផ.ស.ស. ជា​មធ្យម​ក្នុង​មួយឆ្នាំ និង​ទី២ បង្កើន​គុណភាព​សេវា និង​ផលិតភាព​ក្នុង​ការផ្តល់សេវា​គ្រប់​ប្រភេទ​នៃ​រដ្ឋបាល​ប្រមូល​ចំណូល​សារពើពន្ធ និង​មិនមែន​សារពើពន្ធ៕