ក្រសួងដែនដី គ្រោងចំណាយថវិកាជាង ១លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គម

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គ្រោងចំណាយថវិកាប្រមាណជាង១លានដុល្លារ សម្រាប់ការអនុវត្តលើជំហានទី៣ នៃផែនការកសាងសមត្ថភាពគ្រប់គ្រងហានិភ័យចំពោះបរិស្ថាននិងសង្គម ដែលបង្ហាញនៅក្នុងឯកសារស្តីពីក្របខ័ណ្ឌគ្រប់គ្រងបរិស្ថាននិងសង្គម (ESMF) ។

ការអនុវត្តសកម្មភាពគ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គម គឺជាការទទួលខុសត្រូវរបស់ស្ថាប័នអនុវត្តគម្រោង និងដៃគូទាំងអស់ ក្រោមការដឹកនាំ និងសម្របសម្រួលរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តម្រូវឱ្យមានការជ្រើសរើសអ្នកឯកទេសផ្នែកបរិស្ថាន, អ្នកឯកទេសផ្នែកសង្គម, ទីប្រឹក្សាផ្នែកជនជាតិដើមភាគតិច ដោយផ្នែកនីមួយៗត្រូវមានចំនួនម្នាក់ និងទីប្រឹក្សាគ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គមមួយចំនួនទៀតនៅថ្នាក់ខេត្ត។

តាមរយៈឯកសារសិក្សាពីគម្រោងបែងចែកដីសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជំហាន៣ (LASED-III) នឹងបន្តការគាំទ្រសម្បទានដីសង្គមកិច្ច នៅថ្នាក់ឃុំរបស់រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ស្ថាប័នអនុវត្តទាំងអស់នឹងតែងតាំងមន្ត្រីជនបង្គោលផ្នែកបរិស្ថាន ១នាក់ និងសង្គម ១នាក់។ ក្នុងករណីគម្រោងត្រូវការដីសម្រាប់គម្រោង ដែលតម្រូវអោយអ្នកកាន់កាប់ដីផ្លាស់ទីតាំងដោយមិនមានការស្ម័គ្រចិត្ត, ផែនការដោះស្រាយសំណងលើការផ្លាស់ទីតាំងថ្មីដោយសារគម្រោង (RP) នឹងត្រូវបានរៀបចំទ្បើង និងអនុវត្តដោយអគ្គនាយកដ្ឋាននៃការតាំងទីលំនៅថ្មីនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

គម្រោងនេះនឹងត្រួតពិនិត្យតាមដាន និងរាយការណ៍អំពីការអនុវត្តការគ្រប់គ្រង រួមបញ្ចូលទាំងការគ្រប់គ្រងហានិភ័យបរិស្ថាននិងសង្គម ព្រមទាំងព្រឹត្តិការណ៍ប្រែប្រួលនានា ដែលទាក់ទងជាមួយបរិស្ថាន និងសង្គម។ ការត្រួតពិនិត្យការអនុវត្តន៍តាមបទដ្ឋានបរិស្ថាននិងសង្គម នឹងត្រូវចាប់ផ្តើមអនុវត្តនៅមុនពេលវាយតម្លៃគម្រោងនៅពាក់កណ្តាលអាណត្តិ។

អ្វីដែលជាចំណូចសំខាន់ គឺការចំណាយលើការអនុវត្តវិធានគ្រប់គ្រងហានិភ័យចំពោះបរិស្ថាន និងសង្គម (ESMF) មានរួមបញ្ចូលការចំណាយជាក់លាក់ និងចំណាយថវិកាគម្រោងទូទៅមួយនេះ មានប្រមាណ ១ ០៧៨ ០០០ ដុល្លារ ដោយក្នុងនោះថវិកាប្រមាណ ៥០០ ០០០ ដុល្លារ គឺជាប្រាក់ខែសម្រាប់ទីប្រឹក្សាគម្រោង៕

Facebook ព្រមានបិទគណនីរបស់អ្នកប្រើប្រាស់ដែលចុច Like ឬShare ព័ត៌មានមិនពិតអំពីវីរុស Covid-19

ដោយវុត្ថា

ភ្នំពេញ៖ ក្រុមហ៊ុន Facebook ដែលជាក្រុមហ៊ុនប្រព័ន្ធបណ្តាញសង្គម ដ៏ល្បីល្បាញមួយ នៅលើពិភពលោក បានព្រមានបិទគណនី របស់អ្នកប្រើប្រាស់ទាំងឡាយណា ដែលបានចុច Like ឬShare ព័ត៌មានមិនពិតអំពីវីរុស Covid-19។

សារព័ត៌មាន South China Morning Post បានចុះផ្សាយនៅថ្ងៃសុក្រ ទី១៧ មេសានេះថាការព្រមានបិទគណនី របស់អ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គម Facebook នេះ នឹងត្រូវបានធ្វើឡើងក្នុងគោលបំណង ចូលរួមចំណែកលើវិធានការគ្រប់គ្រងព័ត៌មានស្តីពីការឆ្លងរាលដាលនៃវីរុស Covid-19 នៅជុំវិញពិភពលោក។

បើតាម South China Morning Post មិនមែនតែប្រព័ន្ធបណ្តាញសង្គម Facebook ទេ ដែលព្រមានបិទគណនី អ្នកប្រើប្រាស់របស់ខ្លួន សូម្បីតែប្រព័ន្ធ Google និងTwitter ក៏បានព្រមានរួចជាស្រេចទៅហើយ ក្នុងការបិទគណនី របស់អ្នកប្រើប្រាស់ ដែលផ្សាយ ឬគាំទ្រព័ត៌មានមិនពិត ពាក់ព័ន្ធនឹងវីរុស Covid-19។

ក្រុមហ៊ុន Facebook កាលពីដើមខែមេសានេះ បានប្រកាសឱ្យដំណើរការមជ្ឈមណ្ឌលព័ត៌មាន COVID-19 ដែលមាននៅផ្នែកខាងលើនៃ News Feed រួមបញ្ចូលទាំងព័ត៌មាន និងការណែនាំថ្មីៗបំផុតពីអាជ្ញាធរសុខាភិបាលពិភពលោក និងជាតិនៅកន្លែងតែមួយ។ មាតិកាមានជាង៤០ភាសា ដើម្បីធ្វើឱ្យវាអាចចូលដំណើរការបានតាមដែលអាចធ្វើទៅបាន។

មជ្ឈមណ្ឌលនេះ នឹងរួមបញ្ចូលទាំងការធ្វើបច្ចុប្បន្នភាពស្ថិតិសំខាន់ៗប្រចាំថ្ងៃ និងចំណងជើងព័ត៌មានសំខាន់ៗទូទាំងពិភពលោក និងក្នុងតំបន់។មជ្ឈមណ្ឌលនេះ នឹងរួមបញ្ចូលទាំងការអនុវត្តន៍ល្អបំផុត សម្រាប់ការឃ្លាតឆ្ងាយសង្គម ការការពារ និងអ្វីដែលត្រូវធ្វើនៅពេលដែលអ្នកមិនស្រួលខ្លួន។

ប្រជាជនអាចជ្រើសរើសការតាមដានមជ្ឈមណ្ឌល ដើម្បីទទួលបានការជូនដំណឹង និងមើលព័ត៌មានថ្មីៗនៅក្នុងព័ត៌មានរបស់ពួកគេពីអាជ្ញាធរសុខាភិបាល។

ស្ថាបនិក និងជានាយកប្រតិបត្តិនៃFacebook លោក Mark Zuckerberg មានប្រសាសន៍ថា “អាទិភាព និងការផ្តោតអារម្មណ៍របស់យើងគឺធ្វើឱ្យប្រាកដថា ប្រជាជនអាចទទួលបាននូវព័ត៌មាន ដែលមានការអនុញ្ញាតល្អពីប្រភពសុខភាព ដែលអាចទុកចិត្តបាន”។

លោក Mark Zuckerberg បាននិយាយថា “យើងបានបង្កើតមជ្ឈមណ្ឌលព័ត៌មាន COVID-19 ដោយសហការជាមួយដៃគូសុខភាពរបស់យើងជាច្រើន ហើយយើងនឹងដាក់នៅលើ News Feed របស់មនុស្សគ្រប់គ្នា។ យើងនឹងរៀបចំកន្លែងនេះជាច្រើនកន្លែងនៅជុំវិញសហរដ្ឋអាមេរិក និងអឺរ៉ុបក្នុងរយៈពេល២៤ម៉ោង បន្ទាប់ហើយកន្លែងផ្សេងទៀតនៅថ្ងៃខាងមុខ។

គោលដៅនៅទីនេះគឺដាក់ព័ត៌មាន ដែលមានការអនុញ្ញាតពីអង្គការ ដូចជាអង្គភាពប្រយុទ្ធប្រឆាំងជំងឺឆ្លង និងអង្គការសុខភាពពិភពលោក នៅចំពោះមុខមនុស្សគ្រប់គ្នាដែលប្រើប្រាស់សេវាកម្មរបស់យើង”៕

រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានជំនួយជាង១លានដុល្លារ ពីគណៈកម្មការ A.I.M.F សម្រាប់ការរៀបចំក្រុង និងទប់ស្កាត់ជំងឺ Covid-19

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានជំនួយលើគម្រោងអភិវឌ្ឍន៍ចំនួន២ ដែលមានទំហំទឹកប្រាក់សរុបជាង១លានដុល្លារ សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (A.I.M.F) បន្ទាប់ពីបញ្ចបកិច្ចប្រជុំលើកទី៩១ នៅប្រទេសបារាំង។

អភិបាលរងរាជធានីភ្នំពេញ លោក នួន ផារ័ត្ន បានមានប្រសាសន៍ថា សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (A.I.M.F.) ដែលមានការិយាល័យអចិន្ត្រៃយ៍នៅប្រទេសបារាំង កាលពីល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ បានបើកិច្ចប្រជុំគណៈអភិបាលរាជធានីដែលប្រើប្រាស់ភាសាបារាំងលើកទី៩១ តាមបណ្តាញ Online ក្រោមអធិបតីភាពលោកស្រី Anne Hildago, ប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF និងជាអភិបាលក្រុងប៉ារីស ប្រទេសបារាំង។

កិច្ចប្រជុំ Online នេះត្រូវបានកំណត់ចាប់ផ្តើមដំណើរការ នៅម៉ោង ១២ ថ្ងៃត្រង់ ម៉ោងនៅទីក្រុងប៉ារីស (ត្រូវនឹងម៉ោង ១៧ និង០០ រសៀលម៉ោងនៅរាជធានីភ្នំពេញ) ដោយ មានរបៀបវារៈសំខាន់ៗ ចំនួន ៦ ដោយក្នុងនោះ ជាលទ្ធផល ការិយាល័យអចិន្ត្រៃយ៍បានអនុម័តគ្រប់របៀបវារៈ ដែលក្នុងនោះបានអនុម័តផ្តល់ជូនរាជធានីភ្នំពេញ នូវគម្រោងជំនួយឥតសំណងចំនួន ២ គម្រោង ដែលមានទំហំទឹកប្រាក់សរុបជាង ១លានដុល្លារ។

លោក នួន ផារ័ត្ន បានបញ្ជាក់ឱ្យដឹងថា គម្រោចំនួន២ដែលជាជំនួញទទួលបានពី AIMF រួមមានទី១- អនុម័តផ្តល់ជូនថវិកាជំហានទី១ ចំនួន ១៥០,០០០ អឺរ៉ូ (ស្មើនឹង ១៦២,៥៧៦ ដុល្លាសហរដ្ឋអាមេរិក) នៃជំនួយបដិភាគរបស់សមាគមផ្ទាល់ ដែលមានទឹកប្រាក់សរុបចំនួន ៤00,000 អឺរ៉ូ (ស្មើនឹង ៤៣៣,១២៨ ដុល្លាសហរដ្ឋអាមេរិក ) បន្ថែមលើទឹកប្រាក់ជំនួយបដិភាគ ដែលផ្តល់ជូនដោយសហជីពអន្តរតំបន់ ដើម្បីគ្រប់គ្រងអនាម័យសាធារណៈ ក្នុងតំបន់ទីក្រុងប៉ារីស (Syndicat interdépartemental pour l’assainissement de l’agglomération parisienne “SIAPP”) និងទឹកប្រាក់ជំនួយតាមការគ្រោងទុកដោយទីភ្នាក់ងារគ្រប់គ្រងទឹកនៅតំបន់សែនន័រម៉ង់ឌី (Seine Normandie) សម្រាប់ជួយសាងសង់មជ្ឈមណ្ឌលប្រព្រឹត្តកម្មសំណល់ភក់បង្គន់នៅរាជធានីភ្នំពេញ ដែលមានតម្លៃវិនិយោគសរុបចំនួន ១,៧០០,០០០ អឺរ៉ូ (ស្មើនឹងជាង១ ៩០០ ០០០ ដុល្លារសហរដ្ឋអាមេរិក)។

ទី-២ អនុម័តលើគម្រោងជំនួយបច្ចេកទេស និងសម្ភារៈដែលមានតម្លៃសរុប ៧០,០០០ អឺរ៉ូ ជាមូលនិធិសហប្រតិបត្តិការរបស់សមាគម A.I.M.F បន្ថែមលើថវិកាប្រមាណ ១០០,០០០ អឺរ៉ូ ពីមូលនិធិមីលិនដា និង ហ្គេត សម្រាប់ចូលរួមលើកកម្ពស់សមត្ថភាពប្រយុទ្ធប្រឆាំងនិងដោះស្រាយវិបត្តិកូវីដ ១៩ នៅរាជធានីភ្នំពេញ៕

កម្ពុជាស្នើឱ្យថៃបើកច្រកទ្វារអន្តរជាតិបន្ថែមទៀត ដើម្បីសម្រួលដល់ការទំនិញចេញ-ចូល

ដោយវុត្ថា

ភ្នំពេញ៖ កម្ពុជាបានស្នើដល់ភាគីថៃបើកច្រកទ្វារអន្តរជាតិ បាន ផាកាត និងច្រកទ្វារព្រំដែនអន្តរជាតិព្រំឡើងវិញបន្ថែមទៀត ដើម្បីសម្រួលដល់ការដឹកទំនិញចេញ-ចូល ខណៈច្រកអន្តរជាតិមួយចំនួនរវាងប្រទេសទាំងពីរត្រូវបានបើកឱ្យដំណើរឡើងវិញផងដែរ។

លោក ផាន់ ចាន់ធុល អភបាលខេត្តប៉ៃលិន និង លោក វិធូឡាត់ ស៊ីណាម អភិបាលខេត្តច័ន្ទបូរី កាលពិថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២០ម្សិលមិញនេះបានបើកកិច្ចប្រជុំមួយដើម្បីពិភាក្សាស្តីអំពីការងារសុំបើកច្រក ឲ្យមានដំណើរការទំនិញចេញ-ចូល នៅសាលាស្រុកពោងណាមរ៉ន ខេត្តច័ន្ទបូរី ប្រទេសថៃ។

កិច្ចពិភាក្សានាពេលនេះ ភាគីកម្ពុជាដឹកនាំដោយ លោក ផាន់ ចាន់ធុល អភិបាល នៃគណៈអភបាលខេត្តប៉ៃលិន អមដំណើរដោយ ប្រធានសាខាគយ និងរដ្ឋករខេត្តប៉ៃលិន ប្រធានទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិព្រំ ប្រធានមន្ទីរពាណិជ្ជកម្ម។

លោក ផាន់ ចាន់ធុល អភិបាល បានលើកសូមណូមពរ ដល់ភាគីថៃឲ្យដំណើរការបើកច្រកទ្វារ ដើម្បីនាំកសិផល និងទំនិញចេញ-ចូល។ លោក វិធូឡាត់ ស៊ីណាម អភិបាលខេត្តច័ន្ទបូរី បានឆ្លើយតបនូវសំណូមពរ របស់ភាគីកម្ពុជា ដោយផ្អែកលើគោលការណ៍ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រថៃនៅបន្តអនុវត្តក្នុងខេត្តមួយ ត្រូវឲ្យដំណើរការមធ្យោបាយ ទំនិញចេញ-ចូលតែមួយច្រក។

លោក វិធូឡាត់ ស៊ីណាម ថា ប្រសិនបើស្ថានភាពជម្ងឺកូវីដ១៩ មានការធូរស្រាល និងមានការជូនដំណឹងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ អំពីការដំណើរការបើកច្រកទ្វារអន្តរជាតិ បាន ផាកាត និងច្រកទ្វារព្រំដែនអន្តរជាតិព្រំឡើងវិញ ចំពោះតែមធ្យោបាយដឹកទំនិញកសិផលផ្សេងៗ៕

IMF ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងហក់ឡើងដល់ ៨,៥ ភាគរយនៅឆ្នាំ ២០២១

ដោយ ប៊ី

ភ្នំពេញ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា ទស្សនវិស័យសេដ្ឋកិច្ចសម្រាប់បណ្តាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិកមានប្រសើរជាងតំបន់ផ្សេងទៀត រួមទាំងប្រទេសកម្ពុជាដែលត្រូវបានគេព្យាករណ៍ថានឹងមានផលិតផលក្នុងស្រុកសរុបរួមដែលបានព្យាករថានឹងកើនឡើង ១,០ ភាគរយនៅឆ្នាំនេះ ហើយនឹងមានការកើនឡើង ៨,៥ ភាគរយនៅឆ្នាំក្រោយ។

អ្នកពិគ្រោះយោបល់ផ្នែកវិនិយោគ និងហិរញ្ញវត្ថុមួយដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ បានឱ្យដឹងថា សម្រាប់ប្រទេសកម្ពុជាដើម្បីសម្រេចបាននូវកំណើន ៨,៥ ភាគរយនៅឆ្នាំ ២០២១ ទោះបីជាមានសុទិដ្ឋិនិយមយ៉ាងណាក៏ដោយ ក៏អាចសម្រេចបានដែរ ប្រសិនបើរដ្ឋាភិបាលចាត់វិធានការសកម្ម ដើម្បីចាប់ផ្តើមស្តារសេដ្ឋកិច្ច។

នេះរួមបញ្ចូលការពិនិត្យឡើងវិញនូវរបបពន្ធមួយចំនួន ដែលអំពាវនាវឱ្យមានការបង់ពន្ធជាមុន ការបន្ធូរបន្ថយច្បាប់មួយចំនួនដែលរារាំងដល់វិស័យសំណង់ និងអចលនទ្រព្យ និងជំរុញសេដ្ឋកិច្ចដែលជំរុញសេដ្ឋកិច្ច។

អ្នកពិគ្រោះយោបល់បានបញ្ជាក់ថា “និយាយម្យ៉ាងទៀត ប្រជាជនគ្មានការងារធ្វើ អាជីវកម្មកំពុងបត់បែន ហើយរដ្ឋាភិបាលត្រូវរកវិធីដាក់សាច់ប្រាក់ទៅក្នុងដៃអ្នកប្រើប្រាស់ ដើម្បីជំរុញតម្រូវការ និងកំណើនផលិតកម្ម”។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍សកម្មភាពសេដ្ឋកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វិកថា នឹងនៅទ្រឹងនៅឆ្នាំនេះ មុនពេលហក់ឡើងវិញនៅឆ្នាំក្រោយជាមួយនឹងផលិតផលក្នុងស្រុកសរុប (GDP) កើនឡើងជាង ៧ ភាគរយ។

ការព្យាករណ៍ បានឱ្យដឹងថា “កំពុងរីកលូតលាស់នៅអាស៊ីត្រូវបានគេប៉ាន់ស្មានថា ជាតំបន់តែមួយគត់ដែលមានអត្រាកំណើនវិជ្ជមាននៅឆ្នាំ ២០២០”។

ក្នុងចំណោមសេដ្ឋកិច្ចទាំង ៥ ក្នុងអាស៊ាន ប្រទេសវៀតណាមត្រូវបានគេព្យាករថានឹងមានកំណើនសេដ្ឋកិច្ចលឿនបំផុត (២,៧ ភាគរយ)៕

ផ្លូវលេខ១៤៦បេតម្លៃជាង៧៦លានដុល្លារ បានចាប់ផ្តើមស្ថាបនា

ដោយវុត្ថា

ភ្នំពេញ៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូនគ្រោងចំណាយថវិកាជាង ៧៦ លានដុល្លារអាមេរិកស្ថាបនាផ្លូវលេខ១៤៦បេ ឬ វិថីសុវត្ថិភាពសម្ដេចសង្ឃរាជទេព វង្សដែលមានប្រវែងសរុប ៤៣,០២៥ គីឡូម៉ែត្រ ចាប់ពីបំបែកផ្លូវជាតិលេ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ដល់រង្វង់មូលស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ និងបន្តរហូត ដល់កំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ដឹកនាំមន្ត្រីជំនាញបច្ចេកទេសផ្លូវថ្នល់ចុះពិនិត្យមើលដំណើរការចាប់ផ្តើមសាងសង់ផ្លូវលេខ១៤៦បេ (វិថីសុវត្ថិភាពសម្ដេចសង្ឃរាជ ទេព វង្ស) កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២០ម្សិលមិញនេះ ក្នុងគោលបំណង ដើម្បីពិនិត្យគុណភាពនៃការសាងសង់ សំដៅធានាឱ្យបានតាមស្តង់ដាដែលអាចទទួលយកបាន ពោលគឺធ្វើផ្លូវឱ្យមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។

លោកស៊ុន ចាន់ថុលឱ្យដឹងថា គម្រោងសាងសង់កំណាត់ផ្លូវខេត្តលេខ១៤៦បេ ឬវិថីសុវត្ថិភាពសម្ដេចសង្ឃរាជ ទេព វង្ស សាងសង់ដោយចាក់បេតុងកៅស៊ូAC កម្រាស់៩សង់ទី ម៉ែត្រ ប្រវែង២០,៦៧៨គីឡូម៉ែត្រ និងចាក់បេតុង សរសៃដែកកម្រាស់២៦សង់ទីម៉ែត្រប្រវែង ២២,៣៤៧ គីឡូម៉ែត្រ។

លោកបន្ថែមទៀតថា កំណាត់ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនចិន China Road & Bridge Corporation Co.Ltd (CRBC) ត្រួតពិនិត្យបច្ចេកទេសដោយនាយកដ្ឋានផ្លូវថ្នល់ នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណ: និងនាយកដ្ឋានបច្ចេកទេសសាធារណការ និងដឹកជញ្ជូន នៃអគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន ហើយប្រើប្រាស់រយ:ពេលសាងសង់ចំនួន២៨ខែ ដោយគិតចាប់ពីថ្ងៃបើកការដ្ឋានសាងសង់នាថ្ងៃទី១៧ ខែមេសា ឆ្នំា២០២០ គ្រោងចំណាយថវិកាចំនួន ៧៦.៨៨៨.០០០ ដុល្លារសហរដ្ឋអាមេរិក ក្នុងកញ្ចប់ថវិកា១០០លានដុល្លារអាមេរិក ដែលជាថវិកាសន្សំរបស់ជាតិ។

លោក ទេសរដ្ឋមន្ត្រីបញ្ជាក់ថា កំណាត់ផ្លូវនេះគឺជាផ្លូវវាងក្រុងដ៏មានសក្ដានុពលសម្រាប់បម្រើ ឱ្យការដឹកជញ្ជូនទំនិញនាំចេញ-ចូលតាមនាវា កសិផល និងជលផលរបស់បងប្អូនប្រជាពលរដ្ឋ នៅស្រុកស្ទឹងហាវ ក៏ដូចជាបងប្អូនរស់នៅតំបន់ទំនប់រលកចាស់ នៃក្រុងព្រះសីហនុ ទៅកាន់ទីផ្សារកាន់តែមានលក្ខណៈងាយស្រួល ឆាប់រហ័ស និងចំណាយតិច និងបានចូលរួមចំណែកយ៉ាងច្រើនដល់ការកាត់ បន្ថយការកកស្ទះចរាចរណ៍តាមផ្លូវជាតិលេខ៤ ចំពោះរថយន្តដឹកជញ្ជូនទំនិញធុនធ្ងន់
ដូចជាកុងទីន័រ ជាដើម។

ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រី បានចុះពិនិត្យវឌ្ឍនភាពសាងសង់ និងពង្រីកកំណាត់ផ្លូវជាតិលេខ៤ ប្រវែង៦,៧០គីឡូម៉ែត្រ គិតចាប់ពីគីឡូម៉ែត្រលេខ២១៦+០០០ ដល់គីឡូម៉ែត្រលេខ ២២២+៧០០ ដោយពង្រីកទទឹងតួផ្លូវរហូតដល់២៩ម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២០ គ្រោងចំណាយពេលសាងសង់១៨ខែ អនុវត្តការសាងសង់ដោយកងវិស្វកម្ម តេជោ ហ៊ុន សែន សៀមរាប និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយនាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ហើយគិតត្រឹមចុងសប្ដាហ៍ទី២នៃខែមេសា ឆ្នាំ២០២០ គម្រោងនេះសម្រេចបាន៤,៨១% ហើយ៕

គម្រោង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ក្រោម​ដី​ដ៏​ធំ​ជំនួយ​ជប៉ុន​នៅ​ភ្នំពេញ​នឹងត្រូវ​បញ្ចប់នៅត្រឹម​ឆ្នាំ២០២១

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ គម្រោង​សាងសង់​ប្រព័ន្ធ​ការពារ និង​រំដោះ​ទឹកជំនន់​នៅ​រាជធានី​ភ្នំពេញ​ក្រោម​ជំនួយ​ពីរ​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា នឹងត្រូវ​បានបញ្ចប់​ជា​ស្ថាពរ នៅត្រឹម​អំឡុង​ដើមឆ្នាំ២០២១ខាងមុខនេះ ខណៈ​បច្ចុប្បន្ន​តំបន់សំខាន់ៗមួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​រៀបចំ និង​សាងសង់​យ៉ាងសកម្ម។

លោក មី​កា​មិ ម៉ាសា​ហ៊ី​រ៉ូ (Mikami Masahiro) អគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​បានបញ្ជាក់​តាមរយៈ​គេហទំព័រ​ផ្លូវការ​របស់​ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០កន្លងមកនេះ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​សកម្មភាព​សាងសង់​បណ្តាញ និង​ប្រព័ន្ធ​ការពារ រួមជាមួយ​ប្រព័ន្ធ​រំដោះ​ទឹកជំនន់​ក្នុង​រាជធានី​ភ្នំពេញ កំពុងតែ​ត្រូវបាន​ព​ន្លឿ​ន​ការសាងសង់ ដើម្បី​ឈានទៅរក​ការបញ្ចប់​តាម​ផែនការ ដែល​បានគ្រោង​ទុក​នៅ​ឆ្នាំ២០២១ខាងមុខនេះ។

ជាមួយនឹង​សេចក្ដី​ព្យាយាម​និយាយ​ជា​ភាសា​ខ្មែរ លោក មី​កា​មិ បាន​មានប្រសាសន៍ថា “រដូវភ្លៀង​បានមក​ដល់​ហើយ ក្នុងការ​ការពារ​ទឹកជំនន់​នៅក្នុង​រាជធានី​ភ្នំពេញ នៅ​តំបន់​វត្តភ្នំ កំពុង​ជីក​ដាក់​បំពង់៧ម៉ែត្រ​ក្រោម​ដី។  ចំណែក​នៅ​ខាង​មាត់ទន្លេ​វិញ​កំពុង​សាងសង់​អាង​ស្តុក​ទឹកភ្លៀង​ចំនួន៦៥០០ម៉ែត្រគូប។ លោក​បន្តថា“នៅរ​ដូច​វស្សា ទឹកភ្លៀង​នឹង​ហូរ​តាម​បំពង់​លូ ហើយ​បន្ត​ចូលទៅក្នុង​អាង​ស្តុក បន្ទាប់មក​នឹង​ហូរ​ចូល​ទន្លេ” ។

លោក​បាន​បន្តទៀតថា នៅក្នុង​អំឡុងពេល​កំពុង​ដំណើរការ​មានការ​បិទ​ជួសជុល​ផ្លូវ​មួយចំនួន ដូច្នេះ​សូម​លោក លោកស្រី បន្ត​យោគយល់ និង​គាំទ្រ​ចំពោះ​គម្រោង​នេះ សូម​អរគុណ៕

អ្នកនាំពាក្យ៖ ផែនការ​មេមាន ប៉ុន្តែ​មិនទាន់​ដល់ពេល​សាងសង់​ព្រលានយន្តហោះក្នុង​ខេត្តកំពង់ឆ្នាំង​ទេ

ដោយ វុត្ថា

ភ្នំពេញៈ អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាស​សចរ​ស៊ីវិល​បានឱ្យដឹងថា ខេត្ត​កំពង់​ឆ្នាំ​នាពេល​បច្ចុប្បន្ននេះ​មិនទាន់មាន​លទ្ធភាព ក្នុងការ​ទាក់ទាញ​សាងសង់​ព្រលានយន្តហោះ​នោះទេ ខណៈដែល​សេដ្ឋកិច្ច និង​ការដឹកជញ្ជូន​មិនទាន់មាន​ការលូតលាស់ បើទោះបី​រដ្ឋាភិបាល​មាន​ផែនការមេ​អភិវឌ្ឍន៍​ក៏ដោយចុះ។

លោក​ស៊ិន ចាន់​សេរី​វុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល បាន​ប្រាប់​គេហទំព័រ propertyarea.asia កាលពី​ថ្ងៃទី១៦មេសា​កន្លងមក​ថា រដ្ឋាភិបាល​មាន​ផែនការមេ​អភិវឌ្ឍន៍ ព្រលានយន្តហោះ​នៅក្នុង​ខេត្តកំពង់ឆ្នាំង ប៉ុន្តែ​រហូតមក​ដល់ពេលនេះ មិនទាន់​បានកំណត់​ទី​តាំង​ជាក់លាក់ និង សេដ្ឋកិច្ច​នៅក្នុង​ខេត្ត​មួយ​នេះ​មិនទាន់មាន​ការរីកចំរើន​ខ្លាំង។

លោក​ថ្លែងថា  “នៅក្នុង​ផែន​មេការ​យើង​មាន តែ​មិនមាន​ទីតាំង​ណាមួយ​សម្រាប់​សាងសង់​នោះទេ។ ជាធម្មតា​ខាង​ភ​ស្ត​ភារ គេ​កំណត់​ទីតាំង​ចម្ងាយ​ប៉ុន្មាន គម្លាត​ប៉ុន្មាន​ត្រូវមាន​ព្រលានយន្តហោះ​មួយ។ លោក​បន្តថា “ខេត្ត​កំពង់​ឆ្នាំនេះ អាចមាន​ព្រលានយន្តហោះ ហើយ​ភ​ស្ត​ភារ​នេះ គឺ​វា​ភ្ជាប់​ទៅនឹង​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស​ផងដែរ។

លោក​បន្ថែមថា “អាច​ត្រូវតែ​សាងសង់​មួយ​នៅក្នុង​ខេត្ត​ឆ្នាំង តែ​នៅពេលដែល​ខ្ញុំ​សួរថា​នរណា​គេ​ជា​អ្នក​អភិវឌ្ឍន៍​ព្រលាន​នេះ រហូត​ម​ដល់​គ្មាន​នរណាម្នាក់​នៅឡើយ​ទេ។លោក​បន្តថា “មនុស្ស​ទៅ​មើល​ច្រើនណាស់ ដាក់​ទៅស្ងាត់ៗ ដោយ​គាត់​គិតថា​វា​មិន​ចំណេញ​នោះទេ ព្រោះ​ខេត្ត​មួយ​នេះ​មិនទាន់មាន​សេដ្ឋកិច្ច ហើយ​វា​ត្រូវការ​ពេលវេលា​យូរ​ទៅមុខទៀត។

លោក​ស៊ិន ចាន់​សិរី​វុត្ថា​បាន​បន្ថែមថា នៅក្នុង​ខេត្ត​កំពង់​ឆ្នាំ​ទាំងមូល​មិនទាន់មាន​សកម្មភាព​សេដ្ឋកិច្ច និង​មិនទាន់មាន​ការទាក់ទាញ​អ្នកវិនិយោគ​ទៅនោះ​ទេ។ ចឹ​ង​ទេ​យើង​ត្រូវបង្កើត​រោងចក្រ និង​ទីក្រុង​ឱ្យ​វា​ដំណើរការ​សិន ឧទាហរណ៍​ដូច​កំពង់សោម​អញ្ចឹង ឥឡូវ​ទាញ​រោងចក្រ​ទាំងអស់ ទៅ​ដាក់​កំពង់​នៅ​កំពង់ឆ្នាំង តែ​ការដឹកជញ្ជូន​វា​ថ្លៃ ចឹ​ង​ទេ​គេ​ដាក់​នៅ​កំពង់សោម​វា​មិន​ស្រួល​ជាង។

លោក​បន្ថែម​ទៀ​ថា “កន្លងមក​មាន​ក្រុមហ៊ុន​ចិន​ចុះទៅ​សិក្សា​ដែរ តែ​មិនមាន​ទីតាំង​ណាមួយ​សម្រាប់​អភិវឌ្ឍន៍ ព្រលានយន្តហោះ​នោះទេ នៅក្នុង​ខេត្ត​កំពង់​ឆ្នាំ​មួយ​នេះ ឥឡូវ​រដ្ឋ​យើង​មិនមាន​ដី​ទេ​មានតែ​ដីឯកជន ”។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​ដ្ឋ​មន្ត្រី​នៃ​កម្ពុជា ធ្លាប់បាន​មានប្រសាសន៍​កន្លងមក​នេះ​ថា នៅក្នុង​ផែនការ​របស់​រាជរដ្ឋាភិបាល បាន​យក​ខេត្ត​កំពង់​ឆ្នាំ​សម្រាប់​អភិវឌ្ឍន៍​ព្រលានយន្តហោះ​ថ្មី​មួយទៀត គឺ​ជ្រើស​រើសយក​មូលដ្ឋាន​ចល័ត​ទ័ពអាកាស ដែលមាន​ដី​ទំហំ១.៤៦៣ហិកតា​សម្រាប់ធ្វើ​ការអភិវឌ្ឍ​ន៍។

លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពីដើមឆ្នាំ២០១៩ បាន​ស្នើឱ្យ​ក្រុមហ៊ុន 4PX Express ពិចារណា​លើ​ការប្រើប្រាស់​ព្រលានយន្តហោះ​នៅ​កំពង់ឆ្នាំង ជា​កន្លែង​ភស្តុភារ​សម្រាប់ធ្វើ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា ដោយសារតែ​ខេត្ត​នេះ​ជាទី​តាំង​ឋិត​នៅ ចំ​ចំណុចកណ្តាល​សម្រាប់​ការតភ្ជាប់​តាមផ្លូវ​ដែក ផ្លូវទឹក ផ្លូវ​ហាយ​វេ និង​ផ្លូវជាតិ​ផងដែរ៕

អ្នកជំនាញ​អន្តរជាតិ​ថា​ការរីកចម្រើន​របស់​ក​ម្ពុ​ជា​ផ្តល់ឱកាស​ច្រើន​សំរាប់​ការវិនិយោគ​ផ្សារ​ទំនើប

ដោយ វុត្ថា

ភ្នំពេញៈ លោក Michael Vong  នាយក​គ្រប់គ្រង​ផ្សារ​ទំនើប​របស់​ក្រុមហ៊ុន​ជីប ម៉ុង រី​ថែ​ល​បានឱ្យដឹងថា បច្ចុប្បន្ន​ការលក់ដូរ​ទំនិញ​នៅ​ផ្សារ​ទំនើប មាន​ត្រឹមតែ​ប្រមាណ៣០ភាគរយ​ប៉ុណ្ណោះ ខណៈដែល​ការ​លក់រាយ​នៅតាម​ផ្សារ​ធម្មតា មាន​រហូតដល់៧០ភាគរយ ដែល​នេះ​ផ្ដល់ឱកាស​ច្រើន​ក្នុងការ​វិនិយោគ​ក្នុង​វិស័យ​ផ្សារ​ទំនើប។

លោក Michael Vong  បាន​ប្រាប់​សារព័ត៌មាន​កាលពីពេលថ្មីៗនេះ​ថា ទីផ្សារ​ធំទូលាយ និង​កំណើន​នៃ​នគរូបនីយកម្ម​យ៉ាង​ឆាប់​ហ័ស គឺជា​ការផ្តល់​ឱកាស​ដ៏​ល្អ និង​មាន​ភាព​វិជ្ជមាន សម្រាប់​វិនិយោគិន​ទាំង​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក​ក្នុងការ​វិនិយោគ​លើ​ផ្សារ​ទំនើប​ក្នុង​រាជធានី​ភ្នំពេញ។

លោក​បាន​ថ្លែងបន្តថា “យើង​នៅមាន​ឱកាស​ច្រើន ដើម្បី​អភិវឌ្ឍន៍​វិស័យនេះ ហើយ​យើង​ត្រូវធ្វើ​យ៉ាងម៉េច​ឱ្យ​អត្រា​ភាគរយ នៃ​ការលក់ដូរ​ក្នុង​ផ្សារ​ទំនើប​នេះ​កើនឡើង។ លោក​បន្តថា “អត្រា​នគរូបនីយកម្ម​របស់​ប្រទេស​កម្ពុជា កើនឡើង​ប្រហែល២០ភាគរយ​ជា​រៀងរាល់ឆ្នាំ ដោយមាន​មនុស្ស​ជាច្រើន​បាន​ផ្លាស់ប្ដូរ​មក​រស់នៅ​ទីក្រុង ដែល​ធ្វើឱ្យ​រាជធានី​ភ្នំពេញ​រីក​ធំទៅៗ ជាពិសេស​ប្រជាពលរដ្ឋ​ជំនាន់​ថ្មី ដែល​កំពុងតែ​កើនឡើង។

លោក​បន្ថែមថា អាស្រ័យទៅលើ​លក្ខខណ្ឌ​អំណោយផល​ទាំងនេះ នៅក្នុង​រយៈពេល៣ ឬ៥ឆ្នាំ​ទៅមុខ នឹង​អាច​មើលឃើញ​វត្តមាន​ផ្សារ​ទំនើបថ្មីៗ ជាច្រើន​ចាប់កំណើត ជាពិសេស​ផ្សារ​ទំនើប​របស់​ក្រុមហ៊ុន​ជីប ម៉ុង រី​ថែ​ល​នេះ​តែម្តង។

គម្រោង​ផ្សារ​ទំនើប​ជាច្រើន​នឹង​បន្ត​លេច​រូបរៀង​ឡើង នៅក្នុង​ប្រទេស​កម្ពុជា​ជាពិសេស​នៅក្នុង​ទីក្រុង​ភ្នំពេញ ដែល​នឹង​ជំរុញឱ្យមាន​ការប្រឈមមុខ នឹង​ការប្រកួតប្រជែង​កាន់​ខ្លាំង​ក្នុង​ទីផ្សារ​ផ្សារ​ទំនើប​មួយ​នេះ ខណៈ​គម្រោង​ផ្សារ​ទំនើបថ្មីៗចំនួន១០គ្រោង​នឹង​បញ្ចប់​សាងសង់​នៅក្នុង​ឆ្នាំ២០២០នេះ។

លោកស្រី អាន សុធី​តា អគ្គនាយិកា​ក្រុមហ៊ុន CBRE Cambodia ធ្លាប់បាន​ឱ្យដឹងថា ការអភិវឌ្ឍ ឬ​ការសាងសង់​ផ្សារ​ទំនើប​នេះ កំពុងមាន​តម្រូវការ​ខ្ពស់ និង​មាន​សក្តានុពល​ខ្ពស់​នៅក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​វា​ជោគជ័យ​ឬ​អត់ វា​អាស្រ័យ​លើ​កត្តា​ជាច្រើន  ហើយ​អ្នក​អភិវឌ្ឍន៍​ប្រាកដជា​ដឹង​យ៉ាងច្បាស់ ចំពោះ​ការអភិវឌ្ឍន៍​ផ្សារ​ទំនើប​បែបនេះ។

លោកស្រី​បន្តថា  “ការអភិវឌ្ឍ​គម្រោង​ផ្សារ​ទំនើប បើ​ទោះ​មាន​ច្រើន​យ៉ាងណា​ច្រើនក្តី វា​អាស្រ័យ​លើ​ពេលវេលា ចំណុច​លេចធ្លោ និង​ភាពខុសប្លែក​ពី​គេ ព្រមទាំង​មាន​យុទ្ធសាស្ត្រ​ទាក់ទាញ​អ្នក​ជួល រួម​ជាមួយនឹង​ការគ្រប់គ្រង​បានល្អ ទើប​ទទួលបាន​ជោគជ័យ​ក្នុង​បើក​អាជីវកម្ម​ផ្សារ​ទំនើប​នេះ។

លោកស្រី​អាន សុធី​តា​បាន​បន្ថែ​ថា ការចូលរួមចំណែក​នៃ​ផ្សារ​ទំនើប​ក្នុង​ទីផ្សារ​បន្ថែម​នេះ នឹងធ្វើ​ឱ្យមាន​ការប្រកួត​ប្រជែង​កាន់​ខ្លាំង​ជាង​មុន ដែល​ទាមទារ​ឱ្យ​អ្នកវិនិយោគ​លើ​ផ្សារ​ទំនើប​មាន​អ្វីថ្មីៗសម្រាប់​អតិថិជន។ ផ្សារ​ទំនើប​នឹងមាន​ទីតាំងផ្សេងៗគ្នា​នឹង​ផ្តល់​ភាពងាយស្រួល ហើយ​ប្រជាជន​នឹងមាន​ជម្រើស​កាន់​ច្រើន​សម្រាប់​ការដើរ​ផ្សារ។

លោក​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​ភ្នាក់ងារ និង​វាយតម្លៃ​អចលនវត្ថុ​កម្ពុជា បានឱ្យដឹង​ដែរ​ថា នៅពេល​មាន​គម្រោង​វិនិយោគ​ផ្សារ​ទំនើប​កាន់តែច្រើន នឹង​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​ប្រជាពលរដ្ឋ ដែល​ធ្លាប់តែ​អនុវត្ត​នៅតាម​ផ្សារ​ប្រពៃណី ហើយ​ការបង្កើតឱ្យមាន​ផ្សារ​ទំនើប​នេះ បង្ហាញ​ពី​ប្រទេស​កម្ពុ​ជាមាន​អនាម័យ និង​បង្កើន​ការប្រើប្រាស់​គុណភាព​ទំនិញ ដែល​អាច​ចូលរួម​ថែរក្សា​សុខភាព​របស់​ប្រជាពលរដ្ឋ។

លោក​បន្ថែមថា ការបង្កើតឱ្យមាន​ផ្សារ​ទំនើប​នេះ​ផងដែរ នឹងធ្វើ​ឱ្យមាន​ការប្រកួត​ប្រជែង​កាន់តែច្រើន​ថែមទៀត ក្នុង​ទីផ្សា​ផ្សារ​ទំនើប  តែ​បច្ចុប្បន្ននេះ ផ្សារ​ទំនើប​អី​អន​កំពុងតែ​លេចធ្លោ​ខ្លាំង​ក្នុងចំណោម​ផ្សារ​ទំនើប​ផ្សេងទៀត៕

ចំណេះដឹង! តើ​ធនាគារជាតិ​អនុវត្តន៍​គោលនយោបាយ​រូបិយវត្ថុ​ដូចម្តេច?

ដោយ វុត្ថា

ភ្នំពេញៈ បេសកកម្ម​ចម្បង​របស់​ធនាគារជាតិ​នៃ​កម្ពុជា គឺកំណត់ និង​ដឹកនាំ​គោលនយោបាយ​រូបិយវត្ថុ សំដៅ​រក្សា​ស្ថិរភាព​ថ្លៃ ដើម្បី​រួមចំណែក​ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច ក្នុង​ក្របខ័ណ្ឌ​នយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

តាម​ឯកសារ​របស់​ធន​គារ​ជាតិ​បានឱ្យដឹងថា តាមរយៈ​ការអនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​ប្រកបដោយ​ភាព​ប្រុងប្រយ័ត្ន អតិផរណា​ត្រូវបាន​គ្រប់គ្រង ឱ្យ​ស្ថិតក្នុង​កម្រិត​ទាប ក្នុង​អត្រា​មធ្យម​ប្រចាំឆ្នាំ​តិចជាង៥% ដែល​សមស្រប​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍។

ទោះជា​យ៉ាងនេះ​ក្តី ក្នុង​បរិការណ៍​សេដ្ឋកិច្ច ដែលមាន​កម្រិត​ដុល្លា​រូបនីយកម្ម​ខ្ពស់ ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គោល នយោបាយ​រូបិយវត្ថុ​នៅមានកម្រិត​នៅឡើយ ស្រប​ពេលដែល​ធនាគារ​ជាតិ​នៃ​កម្ពុជា​ពុំមាន លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ដើរតួ​ជា​អ្នក​ឱ្យ​ខ្ចី​ចុងក្រោយ ។

បច្ចុប្បន្ន​ឧបករណ៍​គោលនយោបាយ រូបិយវត្ថុ​ដែល​ត្រូវបាន​ប្រើប្រាស់ ដើម្បី​រក្សា​ស្ថិរភាព​ថ្លៃ គឺ​ការដាក់​អត្រា​ប្រាក់​បម្រុង​កាតព្វកិច្ច និង​ការធ្វើអន្តរាគមន៍​លើ​ទីផ្សារ​ប្តូរប្រាក់ ។

ជាមួយគ្នានេះ ធនាគារជាតិ​នៃ​កម្ពុជា​កំពុងអភិវឌ្ឍន៍ ឧបករណ៍​គោលនយោបាយ​រូបិយវត្ថុ​បន្ថែម ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​គោលនយោបាយ​រូបិយវត្ថុ តាមរយៈ​ការចេញផ្សាយ​មូល​ប​ត្រ​អាច​ជួញដូរ​បាន ការអភិវឌ្ឍន៍​ទីផ្សារ​អន្តរ​ធនាគារ​និង​ទីផ្សារ រូបិយវត្ថុ និង​ការពង្រឹង​ការប្រើប្រាស់​ប្រាក់រៀល ។ល។ ៕