ដោយៈ រ៉ាណេត
ភ្នំពេញៈ ខណ្ឌដង្កោនៅពេលបច្ចុប្បន្ននេះ បាននិងកំពុងត្រៀមក្លាយជាតំបន់នៃមជ្ឈមណ្ឌលពាណិជ្ជកម្ម (CBD) ចម្រុះ ដោយសារកត្តាសំខាន់ៗជាច្រើនពិសេសកំនើនប្រជាសាស្ត្រ ការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ឋជាដើម។
លោកឧកញ៉ាតេង រិទ្ធី អគ្គនាយកក្រុមហ៊ុន R Investment Group បានមានប្រសាសន៍ប្រាប់ឱ្យដឹង តាមរយៈទូរស័ព្ទថា បច្ចុប្បន្ននេះ ខណ្ឌដង្កោកំពុងតែមានភាពទាក់ទាញយ៉ាងខ្លាំង ដោយសារតែនៅក្នុងខណ្ឌមួយនេះមានលំហូរ នៃចំនួនប្រជាជនចំណាកស្រុកចូលមករស់នៅច្រើន ដែលជំរុញឱ្យមានតម្រូវការលើការលើការស្នាក់នៅច្រើន។
លោកឧកញ៉ាបន្តថា “ការកើនឡើងនៃចំនួនប្រជាជន មិនមែនមានតែនៅក្នុងខណ្ឌដង្កោនេះមួយនោះទេ គឺវាមានការកើនឡើងស្ទើរតែគ្រប់ខណ្ឌ ប៉ុន្តែអ្វីដែលធ្វើឱ្យខណ្ឌនេះមានតម្រូវការស្នាក់នៅច្រើន រហូតមានការចូលខ្លួនមកអភិវឌ្ឍន៍ ពីសំណាក់អ្នកអភិវឌ្ឍ សំណង់បុរីជាច្រើន ក៏ព្រោះតែខណ្ឌដែលស្ថិតនៅភាគខាងត្បូង នៃរាជធានីភ្នំពេញមួយនេះ មានវិសាលភាពធំទូលាយងាយស្រួលក្នុងការអភិវឌ្ឍន៍ ជាពិសេសតម្លៃដីធ្លីនៅមានកម្រិតនៅឡើយ ដែលវាជាការផ្តល់ឱកាសសម្រាប់បណ្តាអ្នកវិនិយោគទាំងនោះ” ។
លោកឧកញ៉ាតេង រិទ្ឋីបានបន្តថា បច្ចុប្បន្ននេះ បើនិយាយពីតម្លៃដីធ្លីនៅក្នុងខណ្ឌដង្កោ បានកើនឡើងមួយកម្រិតធំរួចទៅហើយ ជាពិសេសកន្លែងដែលជាទីប្រជុំជន និងមានការអភិវឌ្ឍន៍រួចទៅហើយ។
ជាមួយគ្នានេះ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal (KFA) លោកឧកញ៉ា នួន រិទ្ធី ធ្លាប់បានមានប្រសាសន៍ឱ្យដឹងផងដែរថា ដង្កោ គឺជាខណ្ឌងាយស្រួលក្នុងការអភិវឌ្ឍន៍ ព្រោះខណ្ឌនេះមានសណ្ឋានដី និងអំណោយផលល្អច្រើន ម្យ៉ាងទៀត ភូមិសាស្ត្រនេះមានទីតាំងស្ថិតនៅជិត ទីប្រជុំជននៃរាជធានីភ្នំពេញ ដែលជាបណ្តុំនៃមណ្ឌលពាណិជ្ជ ហើយវាក៏មានភាពងាយស្រួល ក្នុងការពង្រីកខ្លួនទៅដល់ស្រុកកណ្ដាលស្ទឹង ដែលឃុំមួយចំនួនស្ថិតក្នុងស្រុកមួយនេះ ត្រូវបានកាត់ចូលមកក្នុងខណ្ឌដង្កោ។
លោកឧកញ៉ាបន្តថា លើសពីនេះទៅទៀត ក្រៅពីមានទំនោរទៅលើទីផ្សារលំនៅដ្ឋាន ខណ្ឌដង្កោ ក៏មានសួនឧស្សាហកម្មមួយចំនួននៅទីនោះផងដែរ រហូតត្រូវបានគេចាត់ទុកថា ជាតំបន់មានការអភិវឌ្ឍចម្រុះ។ ម្យ៉ាងទៀត ចំពោះទិសដៅនៃការអភិវឌ្ឍន៍នាពេលអនាគត វានឹងឆ្ពោះទៅរកតំបន់ជាយក្រុង ដែលស្ថិតនៅជុំវិញរាជធានីភ្នំពេញចម្ងាយប្រមាណ៣០គីឡូម៉ែត្រ ព្រោះបច្ចុប្បន្នតំបន់កណ្ដាលក្រុងភ្នំពេញ ស្ទើរតែអស់ដីក្នុងការអភិវឌ្ឍគម្រោងលំនៅឋានទៅហើយ ដែលធ្វើឱ្យអចលនវត្ថុកាន់តែមានតម្លៃខ្ពស់។
លោកឧកញ៉ា នួន រិទ្ធីបានបន្តថា អ្វីដែលធ្វើឱ្យខណ្ឌដង្កោ មានសក្ដានុពល ក៏ព្រោះតែតំបន់នេះមានប្រព័ន្ធទឹក ភ្លើង និងមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ដែលអាចតភ្ជាប់ពីរាជធានីភ្នំពេញ ទៅតំបន់នេះងាយស្រួលក្នុងការធ្វើចរាចរណ៍ អាចកាត់បន្ថយការកកស្ទះបានយ៉ាងប្រសើរផងដែរ។ ហេតុផលមួយទៀតដែលធ្វើឱ្យមនុស្សជាច្រើន ក៏ដូចជាបណ្តាអ្នកធ្វើជំនួញលើវិស័យអចលនទ្រព្យ មានទំនោរទៅលើការវិនិយោគក្នុងខណ្ឌដង្កោ ជាពិសេសនៅប៉ែកខាងត្បូងតែម្ដង ក៏ព្រោះវាមានភាពល្អប្រសើរជាច្រើនដូចជា ស្ថិតនៅក្បែរផ្លូវ៦០ម៉ែត្រ ដែលបែងចែកទៅកាន់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣ មានមជ្ឈមណ្ឌលពាណិជ្ជកម្ម ស្ថិតនៅជិតគម្រោងផ្សារទំនើប AEON3 ផ្សារទំនើបប៉េងហួត Eco Mall អាចធ្វើដំណើរត្រឹមជាង១០នាទីមកដល់កណ្តាលរាជធានីភ្នំពេញ៕