អ្នកនាំពាក្យៈ កម្ពុជានៅតែទទួលបានគម្រោងវិនិយោគលើវិស័យសំណង់

ដោយវុត្ថា

ភ្នំពេញៈ អ្នកនាំពាក្យក្រសួងក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ លោសេង ឡូតបានអះអាងថា ក្នុងត្រីមាសទី១ ឆ្នាំ ២០២០ កន្លងកមកនេះ កម្ពុជានៅតែទទួលបានគម្រោងវិនិយោគ លើវិស័យសំណង់ជាហូហែ បើទោះបីកពិភពលោកកំពុងទទួលរងនូវផលប៉ះពាល់ ដោយសារសារការរីករាលដាលជាសកលនៃជំងឺ Covid- 19


អ្នកនាំពាក្យរូបនេះបានបន្តថា គិតត្រឹមបំណាច់ត្រីមាសទី១ ឆ្នាំ២០២០នេះ សំណើរ នៃគម្រោងវិនិយោគលើវិស័យសំណង់ មិនទាន់រងផលប៉ះពាល់នោះទេ នៅតែមានកំណើន បើធៀបទៅនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០១៩ កន្លងមកនេះ។

លោកបន្តថា យើងនិយាយទៅហាក់បីដូចជាគេមិនជឿ តែសំណើរនៅតែមានការកើនឡើង។ នេះបើពិនិត្យទៅលើការស្នើសុំសាងសង់ តែយើងមិនទាន់បានទៅពិនិត្យជាក់ស្តែងនៃសាងសង់ថាយ៉ាងម៉េចនៅឡើយទេ លោកបន្ថែមថា គម្រោងដែលគេស្នើសុំសាងសង់ មានទាំងបុរី អគារខ្ពស់ លំនៅឋាន រោងចក្រ និងអាគារស្នាក់នៅរួមជាដើម ហើយបើពិនិត្យមើលជាក់ស្តែងគឺមានកំណើនខ្ពស់ បើធៀបទៅនឹងឆ្នាំ២០១៩ តែខ្ញុំមិនចាំភាគរយទេ តែមានកំណើនខ្ពស់

លោកសេង ឡូតបន្ថែមថា យើងមិនទាន់ដឹងថាទៅមុខទៀត វាយ៉ាងមិចនោះទេ តែយើងរង់់ចាំមើលទាំងអស់គ្នា។ តែលោកថាជារួមមិនថានៅតែស្រុកយើងនោះទេ នៅស្រុកគេក៏ទទួលរងនូវផលប៉ះពាល់អវិជ្ជមាន ពីបញ្ហាឆ្លងនៃជំងឺ Covid-19នេះដែរ ចឹងទេ យើងរងចាំមើលស្ថានភាពនេះ ទាំងអស់គ្នាតទៅមុខទៀត។


យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បង្ហាញថា តម្លៃទំហំទុនវិនិយោគវិស័យសំណង់ ទូទាំងប្រទេសនៅឆ្នាំ២០១៩ មានតម្លៃសរុបប្រមាណជាង១១ពាន់លានដុល្លារអាមេរិក ដោយបានកើនឡើងជាង៧៨ភារគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។

របាយការណ៍ដដែលបន្តថា ការកើនឡើងនៃទំហំវិនិយោគ ក៏ដូចជាគម្រោងវិនិយោគលើវិស័យសំណង់ក្នុងឆ្នាំ២០១៩ ដោយសារតែមានគម្រោងសាងសង់ជាច្រើន រួមមានអគារពាណិជ្ជកម្មចម្រុះ សណ្ឋាគារ រមណីយដ្ឋាន ក្លឹបកម្សាន្ដ គម្រោងសាងសង់ផ្សារទំនើប អគារការិយាល័យ សំណង់អគារស្នាក់នៅរួមខ្ពស់ៗ សំណង់លំនៅដ្ឋានជាលក្ខណៈបុរី សំណង់អគាររោងចក្រឧស្សាហកម្មកាត់ដេរ និងស្បែកជើង និងគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស៕

ចំណេះដឹង! តើការបិទផ្សាយឯកសារនៃការចុះបញ្ជីដីធ្លីជាប្រព័ន្ធមានសារៈ ប្រយោជន៍យ៉ាងណា?

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ នៃការចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធជាសាធារណៈនៅទូទាំងប្រទេស បន្ទាប់ពីរដ្ឋាភិបាលធ្វើការវិនិច្ឆ័យឱ្យពលរដ្ឋត្រួតពិនិត្យ និងតាមគោលនយបាយដីធ្លីរបស់រដ្ឋាភិបាល។


យោងតាមឯកសាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា ការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យដីធ្លីជាប្រព័ន្ធនោះ គឺដើម្បីឲ្យប្រជាពលរដ្ឋ ដែលមានដីធ្លីក្នុងតំបន់វិនិច្ឆ័យ ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ក្បាលដីរបស់ខ្លួនថា វាបានត្រឹមត្រូវអស់ហើយឬនៅ ប្រសិនបើមិនត្រឹមត្រូវអាចប្តឹងជំទាស់ ដើម្បីសើរើ ពិនិត្យមើលឡើងវិញ។

ដោយអនុវត្តន៍តាមគោលនយោបាយ អនុវិស័យនៃការរៀបចំបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់វិស័យដីធ្លី ក្រុមការងាជំនាញក្រោយពីការវែងវែងបញ្ចប់ បានប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការចុះបញ្ជីដីធ្លី មានប្រភេដីលំនៅដ្ឋាន ដីស្រែចំការ និងដីផ្សេងៗទៀត។

ក្នុងការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបញ្ជៀសការកើតមានទំនាស់ដីធ្លី ហើយត្រូវបានបិទផ្សាយរយៈពេល១៥ថ្ងៃ គិតពីថ្ងៃបិតផ្សាយ ដោយមានគណកម្មការរដ្ឋបាល និងមន្ត្រីជំនាញសុរិយោដី ប្រចាំការដើម្បីពន្យល់អំពីទិន្នន័យទាំងឡាយនិងក្បាលដី ទទួលពាក្យបណ្តឹង និងដោះស្រាយ។

ក្រោយពីបិទផ្សាយរយៈពេល១៥ថ្ងៃហើយពិនិត្យឃើញថា គោលបំណងនៃការបិទផ្សាយឯកសារជាសាធារណៈ នៃការចុះបញ្ជីធ្លីជាលក្ខណៈប្រព័ន្ធនេះ ដើម្បីធានាឱ្យបានត្រឹមត្រូវទាំងផ្នែកច្បាប់ និងទុកឱកាសអ្នកកាន់កាប់ អ្នកពាន់ព័ន្ធធ្វើការតវ៉ាកែតម្រូវលើឯកសារមិនទាន់ត្រឹមត្រូវ ហើយការតវ៉ាទុករយៈពេល១៥ថ្ងៃ ដោយមានមន្ត្រីជំនាញរងចាំពន្យល់ ដោះស្រាយ និងទទួលបណ្តឹង។

បន្ទាប់ពីទទួលបានទិន្នន័យក្បាលដីត្រឹមត្រូវអស់ហើយ ទើបចេញវិញ្ញាបណ្ណប័ត្រសម្គាល់អចលនវត្ថុជួនប្រជាពលរដ្ឋយកទៅប្រើប្រាស់៕


ទីផ្សារលំនៅដ្ឋានជាប់ដីនៅតំបន់ជាយក្រុងនៅតែមានតម្រូវការខ្ពស់

ដោយៈ រ៉ាណេត

ភ្នំពេញៈ អ្នកជំនាញបាននិយាយថា គិតចាប់ពីឆ្នាំ២០២០ ក្នុងរយៈពេល១០ឆ្នាំទៅមុខទៀត តម្រូវការលំនៅដ្ឋានសាងសង់ជាប់ដី នៅតែមានប្រជាប្រិយភាពក្នុងការវិនិយោគ និងអភិវឌ្ឍន៍ដើម្បីឆ្លើយតបទៅនឹងទីផ្សារក្នុងស្រុក ដែលកំពុងមានភាពខ្វះខាតនៅឡើយ។


អគ្គនាយក្រុមហ៊ុន PREMIUM Group លោកម៉ាន់ ចាន់ឌី ដែលជាអ្នកអភិវឌ្ឍន៍ក្នុងវិស័យលំនៅដ្ឋានផងដែរនោះ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទ៦ ខែមេសាឆ្នាំ២០២០ថា គតចាប់ពីឆ្នាំនេះរហូតដល់១០ឆ្នាំ ឬលើសពីនេះតម្រូវការលំនៅដ្ឋានជាន់ដី នៅតែមានមានប្រជាប្រិយភាពខ្ពស់ ជាងលំនៅដ្ឋានសហកម្មសិទ្ធិ (ខុនដូ)

លោកបន្តថា ប្រជាជនខ្មែរនៅតែមិនទាន់មានការផ្លាស់ប្ដូរផ្នត់គំនិត មានផ្ទះ មានដី នៅឡើយ ហើយវិសាលភាពនៃផ្ទៃដីសម្រាប់អភិវឌ្ឍន៍លំនៅដ្ឋាន ក៏មិនទាន់មានភាពចង្អៀតនោះដែរ។លោកបន្តថា ទំនោរទៅរកលំនៅដ្ឋានបែបសហកម្មសិទ្ធិ ដូចបណ្តាជិតខាងនោះគឺនៅរយៈពេលយូរទៀត

យើងមើលពីភាពជាក់ស្ដែង ដែលចេញពីកណ្តាលក្រុងបន្តិច គឺនៅមានដីទំនេរច្រើន និងមានតម្លៃសមរម្យនៅឡើយ ដែលសមស្របទៅនឹងការវិនិយោគ និងអភិវឌ្ឍន៍លំនៅដ្ឋានជាប់ដី ដែលជាតម្រូវការពិតរបស់អតិថិជនក្នុងស្រុក។

នៅក្នុងឱកាសជាមួយគ្នានេះ លោកបានបញ្ជាក់ពីចរន្តទីផ្សារនៃលកើលំនៅដ្ឋានផងដែរ ស្ថិតនៅក្នុងស្ថានភាពដែលកំពុងប្រឈមជាមួយ ជំងឺឆ្លងជាសាកល Covid-19 ការទិញលក់ លំនៅដ្ឋានហាក់មានការធ្លាក់ចុះបន្តិច ប៉ុន្តែមិនទាន់ដល់ចំណុចសូន្យនោះទេ ដោយឡែកសកម្មភាពនៃការសាងសង់គឺនៅតែបន្ត មិនរងផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា កម្ពុជានៅត្រូវការលំនៅឋានជាង១លានខ្នងបន្ថែមទៀតក្នុងឆ្នាំ២០៣០។ ទន្ទឹមនឹងតម្រូវការលំនៅដ្ឋាននេះ អ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជា បានលើកឡើងថា តម្រូវការទីស្នាក់អាស្រ័យដែលមានលក្ខណៈជាផ្ទះជាប់ដី នៅតែទាក់ទាញ និងមានតម្រូវការខ្ពស់ពីសំណាក់ទីផ្សារក្នុងស្រុក។


ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម ធ្លាប់បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ការរីកលូតលាស់ផ្នែកសេដ្ឋកិច្ច រួមជាមួយនឹងការកើនឡើងនៃចំនួនប្រជាជនកម្ពុជា បានជំរុញឱ្យការអភិវឌ្ឍឧស្សាហកម្មអចលនទ្រព្យរបស់កម្ពុជាមានការកើនឡើង។ ជាក់ស្ដែងនៅក្នុងរយៈពេលជាង១ទសវត្សរ៍ចុងក្រោយនេះ វិស័យអចលនទ្រព្យរបស់កម្ពុជា ទទួលបានកំណើនយ៉ាងខ្លាំងជារៀងរាល់ឆ្នាំ ជាពិសេសនៅរាជធានីភ្នំពេញ និងនៅតំបន់ជាយក្រុងនានា។

លោកបន្តថា តម្រូវការលំនៅឋានជាប់ដីនៅកម្ពុជា កំពុងមានកំណើនគួរឱ្យកត់សម្គាល់ ហេតុដូច្នេះហើយ ទើបអ្នកវិនិយោគក្នុងស្រុកបានសម្លឹងឃើញថា ទីផ្សារលំនៅឋានជាប់ដី ជាគោលដៅទាក់ទាញមួយពីសំណាក់ទីផ្សារក្នុងស្រុក ទើបអ្នកវិនិយោគវិស័យអចលនទ្រព្យ ជាពិសេសអ្នកអភិវឌ្ឍន៍តែម្ដង បានបោះទុនទៅលើវិស័យលំនៅឋានជាប់ដីនេះច្រើន លោកបន្តថា លំនៅដ្ឋានជាប់ដី ត្រូវបានគេអភិវឌ្ឍន៍ទៅកាន់តំបន់ជាយក្រុង ដោយសារតែតម្លៃដីធ្លីនៅកណ្ដាលក្រុងកាន់តែឡើងថ្លៃ ហើយគេទុកដីនៅកណ្ដាលក្រុងសម្រាប់អភិវឌ្ឍន៍ជាខុនដូ និងអគារខ្ពស់ៗ វាចំណេញជាង តែសម្រាប់អ្នកដែលចង់បានផ្ទះជាប់ដីនៅកណ្ដាលក្រុង ត្រូវចំណាយលុយច្រើន ដើម្បីទិញដី និងសាងសង់ដោយខ្លួនឯង ដូច្នេះ ពួកគេត្រូវផ្លាស់ប្តូរគោដៅទៅនៅតំបន់ជាយរាជធានី


ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញពីការព្យាករណ៍ថា សម្រាប់ឆ្នាំ២០៣០ កម្ពុជានឹងត្រូវការលំនៅដ្ឋាន នៅទូទាំងប្រទេសចំនួនជាង១លានខ្នង ខណៈក្នុង១ឆ្នាំៗ កម្ពុជាត្រូវការអភិវឌ្ឍលំនៅដ្ឋានប្រមាណជាង៥ម៉ឺនខ្នង ដែលក្នុងនោះសំណង់លំនៅដ្ឋានទូទៅប្រមាណ៤ម៉ឺនខ្នង និងលំនៅឋានក្នុងតម្លៃសមរម្យជាង៨ពាន់ខ្នង។

កាលពីឆ្នាំ២០១៩អ្នកអភិវឌ្ឍន៍សំណង់លំនៅដ្ឋាន បានស្នើសុំវិនិយោគលើសំណង់លំនៅដ្ឋានមានចំនួន៧៣២គម្រោង ជាមួយតម្លៃទុនវិនិយោគជាង៦៦លានដុល្លារ  ស្មើនឹងជាង៣៨ពាន់ល្វែង។ ដោយឡែកសំណង់បុរីលំនៅដ្ឋាន និងបណ្ដុំលំនៅដ្ឋានមានលក្ខណៈជាបុរី នៅទូទាំងប្រទេសមានចំនួន៤០គម្រោង ស្មើនឹងជាង១៦ពាន់ខ្នង មានទុនប៉ាន់ស្មានប្រមាណជាង៨២១លានដុល្លារ

ទោះបីមិនទាន់សមម្ភោធបើកការដ្ឋានក្តី ប៉ុន្តែការសាងសង់អាកាសយានដ្ឋានថ្មីខេត្តសៀមរាបនៅតែបន្តដំណើរការ

ដោយនៅ ស៊ីវុត្ថា

ភ្នំពេញ៖ ទោះបីការសម្ភោធបើកការដ្ឋានជាផ្លូវការក្តី ប៉ុន្តែការសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ដែលមានទីតាំងនៅជាប់ព្រំប្រទល់ស្រុកបី គឺស្រុកសូទ្រនិគម ស្រុកជីក្រែង និង ស្រុកស្វាយលើ របស់ខេត្តសៀមរាប លើផ្ទៃដីទំហំ ៧០០ហិកតានៅតែបន្តការសាងសង់។


កាលពីចុងឆ្នាំមុន អាជ្ញាធរខេត្តសៀមរាបបានបើកកិច្ចប្រជុំ ដោយមានការចូលរួមពីលោកទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង វត្តមានចូលរួមរបស់លោក តឹករ៉េត សំរេច ប្រធានគណៈកម្មការ តម្រង់ទិសការសាងសង់ និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងភាគីក្រុម ហ៊ុនវិនិយោគគម្រោងសាងសង់ចិន ដឹកនាំដោយលោក Lu Yanwenប្រធានក្រុមហ៊ុន យូណានគ្រុបខូអិលធីឌី និងមន្រ្តីពាក់ព័ន្ឋ។

ក្នុងឳកាសនោះលោកទៀ សីហា ក្នុងនាមអាជ្ញាធរ និងប្រជាពលរដ្ឋខេត្តសៀមរាប ក៏បានសម្តែងនូវសេចក្តីរំភើប ចំពោះសមទ្ធិផលថ្មីដ៏ធំមួយ ដែលនឹងចាប់បដិសន្ធិកនៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប គឺអាកាសយាន ដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលជាព្រលាយយន្តហោះដ៏ធំមួយនៅក្នុងតំបន់អាស៊ីយើងនេះ។

លោកបន្តថានៅពេលដែលអាកាសយានដ្ឋានថ្មី បានសាងសង់រួចរាល់ និងបើកកិច្ចដំណើរការនោះ និងធ្វើឲ្យកំណើនភ្ញៀវទេសចរណ៍មាន ការកើនទើងទ្វេរដង និងកាន់តែធ្វើឲ្យកំណើនសេដ្ឋកិច្ចរបស់បងប្អូន ប្រជាពលរដ្ឋនៅខេត្តសៀមរាប សំខាន់នៅស្រុកទាំងបី ដែលមានភូមិសាស្ត្រជាប់នឹងអាកាសយានដ្ឋាននេះផងដែរ


លោក Lu Yanwen  បានគូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិ សៀមរាប អង្គរ ជាគម្រោងដ៏សំខាន់ដែលបានគាំទ្រ ដោយរដ្ឋាភិបាលទាំងពីរកម្ពុជា ចិន ក្នុងគោលនយោបាយ(ខ្សែក្រវ៉ាត់មួយ និង ផ្លូវមួយ ) ហើយនៅថ្ងៃទី១៣ តុលា ឆ្នាំ២០១៦ Yuntouគ្រុប និងទីស្តីការគណៈរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការចុះហត្ថលេខា ព្រមព្រៀង BOT ស្តីពីគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកប្រធានាធិបតី ស៊ីជីង ពីង នៃសាធារណរដ្ឋប្រជាមានិតចិន។

លោកបានបញ្ជាក់ថា គម្រោងសាងសង់ព្រលានយន្តហោះនេះ មានចម្ងាយពីក្រុងសៀមរាប៥១គីឡូម៉ែត្រ នៅលើផ្ទៃដីសរុប៧០០ហិកតា ហើយសាងសង់តាមស្តង់ដាររចនាបថអាកាសយានដ្ឋានលំដាប់ថ្នាក់ទី4E ដែលអាចប្រតិបត្តិការយន្ត ហោះខ្នាតធំមានលេខកូដE ម៉្យាងទៀតតាមកំណើននៃចរាចរណ៍ផ្លូវអាកាសនាពេលអនាគត និងត្រូវធ្វើការពង្រីកទៅជា អាកាសយានដ្ឋានប្រភេទ4F  ហើយគម្រោងនេះ ប្រតិបត្តិការតាមកម្មវិធី BOT ដែលមានការវិនិយោគដោយ Yuntouគ្រុប យូណានវិនិយោគបរទេស និងយូណានព្រលានយនហោះគ្រុប៕

អ្នកជំនាញៈ គំរោងផ្សារទំនើបតូចធំចំនួន១០កំពុងបន្តសាងសង់ដើម្បីបញ្ចប់ នៅចុងឆ្នាំនេះ

ដោយវុត្ថា

ភ្នំពេញៈ អ្នកជំនាញបានឱ្យដឹងថា រហូតមដល់ពេលនេះ គម្រោងសាងសង់ផ្សារទំនើបនៅក្នុងប្រទេសកម្ពុជា មិនទាន់មានការប្រកាសផ្អាកសកម្មភាពសាងសង់នៅឡើយទេក្នុងត្រីមាសទី១កន្លងមកនេះ  ខណៈគម្រោងផ្សារទំនើបចំនួន១០គ្រោងនឹងបញ្ចប់សាងសង់នៅក្នុងឆ្នាំ២០២០នេះ។


លោកស្រីអាន សុធីតា នាយិការប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodia  បានប្រាប់គេហទំព័រPropertyarea.asia នៅថ្ងៃទី៦ ខែមេសា ឆ្នាំ ២០២០ នេះ ឱ្យដឹងថា រហូតមដល់ពេលនេះ មិនទាន់ឃើញមានគម្រោងណាមួយ ប្រកាសផ្អាកសាងសង់នៅឡើយទេ ប៉ុន្តែការរាតត្បាតជាសកលនៃជំងឺCovid-19 អូសបន្លាយវានឹងធ្វើឱ្យមានការប៉ះពាល់មិនខាន។

លោកស្រីបន្តថា សកម្មភាពសាងសង់យើងមិនទាន់ឃើញផ្អាកទេ តែបើវាអូសបន្លាយយូទៅមុខទៀត នៃការរីករាលដាលជំងឺCovid-19 វានឹងទទួលផលប៉ះពាល់មិនខាន ដោយសារមានការផ្អាកការនាំចូល នៃសម្ភារៈសំណង់សម្រាប់ផ្គត់ផ្គង់ នៅក្នុងប្រទេ ជាពិសេសការសាងសង់វិស័យសំណង់

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា ក្នុងត្រីមាសទី១ឆ្នាំ ២០២០នេះ មានផ្សារទំនើបចំនួន២ គឺ The Sky Mall  និងSamai Square  បានបើកដំណើរការ ដែលមានទំហំប្រមាណជិត៧ពាន់ម៉ែត្រការ៉េ ដែលធ្វើឱ្យទំហំនេះ កើនឡើងប្រមាណ២,១ភាគរយនៃផ្សារទំនើបសរុប។

របាយការណដែលបន្តថា តែសម្រាប់តម្លៃជួលវិញផ្សារទំនើបវិញ ក្នុងត្រីមាសទី១ ឆ្នាំ ២០២០ នេះមានការធ្លាក់ចុះទៅតាមប្រភេទផ្សារដោយក្នុងនោះ ផ្សារទំនើបបែបសហគមន៍ (Community Mall0 មានការធ្លាក់ចុះប្រមាណ៩,២ភាគរយ និងផ្សារទំនើបផ្សេងទៀ (Retail Podium) ធ្លាក់ចុះ១០, ភាគរយ  ដោយសារការរីករាលដាលជាសកលនៃជំងឺ Covid-19


កម្ពុជាអាចដកប្រើកញ្ចប់ថវិកាADBដើម្បីឆ្លើយតបនឹងCOVID-19 ដើម្បីជំរុញ កំណើនសេដ្ឋកិច្ចរបស់ខ្លួន

ដោយ ប៊ី

ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអះអាងថា កម្ពុជាអាចដកប្រើកញ្ចប់ថវិកាឆ្លើយតបជំងឺ COVID-19 ពីក្នុងចំណោមទឹកប្រាក់៦, ពាន់លានដុល្លារ ដែលADB បានប្រកាសកាលពីថ្ងៃទី១៨ ខែមីនា ដើម្បីកំណើនសេដ្ឋកិច្ចរបស់ខ្លួន ដែលកំពុងរងផលប៉ះពាល់ពីការរីករាលដាលCOVID-19


លោកស្រី Sunniya Durrani-Jamal នាយកប្រចាំប្រទេសកម្ពុជា របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានននិយាយឲ្យដឹងក្នុងឯកសារទាក់ទងនឹងចក្ខុវិស័យអភិវឌ្ឍន៍អាស៊ីកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលកម្ពុជា អាចដកប្រើកញ្ចប់ថវិកាឆ្លើយតបនឹង COVID-19 ពីក្នុងចំណោមទឹកប្រាក់៦,៥ពាន់លានដុល្លារ ដើម្បីកំណើនសេដ្ឋកិច្ចរបស់ខ្លួន ដែលកំពុងរងផលប៉ះពាល់ពីការរីករាលដាលCOVID-19

លោកស្រីបានបន្តថា ការយកចិត្តទុកដាក់របស់រដ្ឋាភិបាល គួរតែផ្ដោតទៅលើការទប់ស្កាត់COVID-19 លោកស្រីបានលើកឡើងថា រដ្ឋាភិបាលអាចដកនូវកញ្ចប់ការឆ្លើយតបCovid-19 ដែលមានទឹកប្រាក់៦, ពាន់លានដុល្លារ ដែលADB បានប្រកាសកាលពីថ្ងៃទី១៨ ខែមីនា ដើម្បីឆ្លើយតបនឹងតម្រូវការភ្លាមៗ របស់ប្រទេសជាសមាជិករបស់ខ្លួន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងផ្ដល់ការការពារសង្គមរបស់ពួកគេ

ធនាគារ ADB ក៏បានទម្លាក់ការព្យាករសេដ្ឋកិច្ច សម្រាប់ប្រទេសកម្ពុជាមកនៅត្រឹម ,៣ភាគរយនៅឆ្នាំនេះ បន្ទាប់ពីកំណើនដ៏រឹងមាំក្នុងរង្វង់៧ភាគរយ ក្នុងរយៈពេល២ ទសវត្សរ៍ចុងក្រោយ។

ការព្យាកររបស់ADB មានកម្រិតទាបជាងការព្យាករណ៍ របស់ធនាគារពិភពលោក ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារសប្តាហ៍មុន ដោយបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចពិតប្រាកដរបស់ប្រទេសកម្ពុជា មានចំនួន២,៥ភាគរយ ក្នុងឆ្នាំ២០២០ ប៉ុន្តែនឹងស្ទុះងើបឡើងវិញដល់៥, ភាគរយ ក្នុងឆ្នាំ២០២១ ស្ថិតក្រោមសេណារីយោគោល។

ធនាគារនេះបន្ថែមថា ការថមថយល្បឿន ត្រូវបានរងផលប៉ះពាល់ជាចម្បង ពីជំងឺCovid-19 ដែលបណ្ដាលឲ្យមានការថមថយល្បឿនសេដ្ឋកិច្ច នៅក្នុងបណ្ដាប្រទេសអភិ វឌ្ឍន៍សំខាន់ៗ និងសាធារណរដ្ឋប្រជាមានិតចិន (PRC) ព្រមទាំងការកាត់បន្ថយលទ្ធភាពទទួលបានការចូលទីផ្សារនាំចេញរបស់ប្រទេសនេះ


លោកស្រី Durrani-Jamal បានថ្លែងថា សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងស្ទុះងើបឡើងវិញដល់៥, ភាគរយក្នុងឆ្នាំ២០២១ ដែលសន្មតថា ការរីករាលដាលCovid-19 នឹងត្រូវបញ្ចប់ ខណៈសកម្មភាពសេដ្ឋកិច្ចនឹងត្រឡប់មកធម្មតាឡើងវិញ

កាលពីដើមខែមីនាសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ដ្រីកម្ពុជាបានឲ្យដឹងថារដ្ឋាភិបាលបានលៃទុកប្រាក់ចន្លោះពី៨០០ លានដុល្លារ ទៅ២០០០ លានដុល្លារ ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចពីការរីករាលCovid-19 ដោយក្នុងចំនួននោះ៨០០លានដុល្លារសម្រាប់ប្រើក្នុងអំឡុងពេល៦ខែ និងចំនួន២០០០ លានដុល្លារ បើការរីករាលដាលបន្តអូសបន្លាយរយៈពេលយូរលើសពីនោះ។

កាលពីថ្ងៃទី៣១ ខែមីនា រដ្ឋាភិបាលបានចេញកញ្ចប់លើកទឹកចិត្តជុំទី តាមរយៈការផ្ដល់ការលើកលែងពន្ធអប្បបរមា រយៈពេល៣ខែសម្រាប់វិស័យអាកាសចរណ៍ និងការលើកលែងពន្ធប្រចាំខែគ្រប់ប្រភេទទាំងអស់ សម្រាប់ប្រតិបត្តិករទេសចរណ៍។ ការលើកលែងពន្ធ១០ភាគរយ អប្បបរiមានេះអនុវត្តចាប់ពីខែមីនាដល់ខែឧសភា សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ដែលប្រតិបត្តិការនៅកម្ពុជា។

រដ្ឋាភិបាលក៏បានបង្កើនយន្តការ រួមចំណែកឧបត្ថម្ភ២០ភាគរយដល់កម្មករ និងបុគ្គលិក ដែលប៉ះពាល់ដោយការផ្អាកប្រតិបត្តិការក្នុងវិស័យទេសចរណ៍ផងដែរ៕

រដ្ឋមន្រ្តីប្រៃសណីយ៍ៈ CFOCN វិនិយោគនៅកម្ពុជាបានជួយជំរុញដល់កំណើន សេដ្ឋកិច្ចកម្ពុជា

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរសគមន៍ថ្មី លោក ជា វ៉ាន់ដេតបានឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុនCambodia Fiber Optic Communication Network Co., Ltd (CFOCN)  ដែលបានវិនិយោគនៅកម្ពុជាអស់ជាង១០ឆ្នាំកន្លងមកនេះ បានរួមចំណែកជួយជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជា។


លោកជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅក្នុងជំនួបពិភាក្សាជាមួយ លោក Huang Xinglong ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន HyalRoute Group ជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនCFOCN នៅថ្ងៃទី ខែមេសា ឆ្នាំ ២០២០ នេះឱ្យដឹងថា ការចូលរួមចំណែករបស់ក្រុមហ៊ុនCFOCNនៅកម្ពុជា ជាការគាំទ្រដល់ដំណាក់កាលថ្មីនៃការអភិវឌ្ឍបែបសេដ្ឋកិច្ចឌីជីថល និងរដ្ឋាបាលឌីជីថល ដើម្បីបម្រើដល់បដិវត្តន៍ឧស្សាហកម្មទី៤។

លោករដ្ឋមន្ត្រីថ្មី ក៏បានស្នើដល់ក្រុមហ៊ុនផ្តល់កិច្ចសហការ ជាមួយក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា (Telecom Cambodia – TC ) ក្នុងការអនុញ្ញាតឲ្យក្រុមហ៊ុន TC អាចប្រើប្រាស់នូវបណ្តាញខ្សែកាប្លិ៍អុបទិករបស់ក្រុមហ៊ុន CFOCN ដើម្បីកុំឲ្យមានការរំខានដល់អ្នកប្រើប្រាស់ ដោយសារតែការពង្រីក និងសាងសង់ផ្លូវជាតិលេខ 2,3,4 និង5 បានធ្វើឱ្យខូចខាតបណ្តាញរបស់ខ្សែកាប្លិរបស់ TC


ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងសហការជាមួយក្រសួងស្ថាប័នផ្សេងៗទៀត ដើម្បីត្រៀមខ្លួនទទួលយកនូវបច្ចេកវិទ្យាថ្មីឲ្យបានទូលំទូលាយ នៅតាមគ្រឹះស្ថានអប់រំ សាលារៀន ក្រុមហ៊ុនធុរកិច្ច អង្គការសង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល និងឈានទៅដល់ក្រសួង ស្ថាប័នរដ្ឋ។

លើសពីនេះទៀត ក្រសួងនឹងជំរុញឲ្យមានអភិបាលកិច្ចល្អ តាមរយៈការរៀបចំនូវក្របខណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងRoad Map ដើម្បីគាំទ្រដល់សេដ្ឋកិច្ចឌីជីថល និងរដ្ឋបាលឌីជីថល ព្រមទាំងធ្វើការកែទម្រង់របៀបរបបធ្វើការរបស់មន្ត្រី ដើម្បីបម្រើដល់ប្រយោជន៍ជាតិ និងធ្វើឲ្យក្រុមហ៊ុនធុរកិច្ចនានាសប្បាយចិត្ត និងបង្កើនការវិនិយោគក្នុងប្រទេសកម្ពុជា៕

រដ្ឋមន្ត្រីសុខាភិបាល៖ កម្ពុជាមានក្រុមហ៊ុនចិនមួយនៅភ្នំពេញអាចផលិតម៉ាសបាន ៥០ ម៉ឺនក្នុងមួយថ្ងៃ

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឱ្យដឹងថា កម្ពុជាំមានរោងចក្រមួយនៅភ្នំពេញដែលអាចផលិតម៉ាសក្នុង១ថ្ងៃ បានរហូតដល់៥០ម៉ឺន សម្រាប់បំពេញបន្ថែមនូវតម្រូវការម៉ាសពាក់មុខ ដើម្បីការពារពីការឆ្លងនូវវីរុសកូវីដ-១៩ ដែលកំពុងជាក្តីបារម្ភ សម្រាប់ប្រជាជននៅលើពិភពលោក។

លោក ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងឱកាសចុះពិនិត្យចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ នេះ ឱ្យដឹងថា ក្រុមហ៊ុនចិនមួយដែលមានទីតាំងនៅផ្លូវហាណូយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានលទ្ធភាពផលិតម៉ាសដែលមានគុណភាពល្អ ក្នុង១ថ្ងៃបានរហូតដល់៥០ម៉ឺន ដើម្បីធ្វើការផ្គត់ផ្គង់ក្នុងស្រុក និងសម្រាលបន្ទុកការនាំចូលពីក្រៅប្រទេស។

លោកបន្តថា ក្រុមហ៊ុននេះ អាចផលិតម៉ាសបានទាំងមនុស្សចាស់ និងកូនក្មេង ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ ខណៈដែលប្រមុខរាជរដ្ឋាភិបាល បានបញ្ជាទិញម៉ាសចំនួន៥លាន២សែនម៉ាស ដើម្បីផ្តល់ជូនគ្រូពេទ្យ និងចែកជូនប្រជាពលរដ្ឋ ស្របពេលដែលកម្ពុជាកំពុងមានករណីឆ្លងរាលដាលនៃជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីពេលថ្មីៗនេះបានចាត់ឲ្យក្រសួងសុខាភិបាល បញ្ជាទិញម៉ាស់ពីក្រៅប្រទេសចំនួន៤លានម៉ាស និងបញ្ជាទិញពីរោងចក្រផ្ទាល់នៅខេត្តព្រះសីហនុចំនួន១លាន២សែនម៉ាស ដើម្បីបន្ថែមលើអ្វីដែលក្រសួងសុខាភិបាលបានស្តុកទុក ខណៈសម្ភារពេទ្យសម្រាប់ការពារពីការឆ្លងនូវវីរុសកូវីដ-១៩ ដូចជា ម៉ាស អាវការពារ ជាដើម ត្រូវបានបញ្ចេញប្រើប្រាស់ជារៀងរាល់ថ្ងៃ៕

ទំហំនៃការវិនិយោគរបស់ជប៉ុននៅកម្ពុជាកើនឡើងដល់ ២៥០០លានដុល្លារអាមេរិក

ដោយ ហ្សូលី

ភ្នំពេញ៖ នៅពេលបច្ចុប្បន្ននេះ ជប៉ុនបានវិនិយោគលើគម្រោងនានាក្នុងប្រទេសកម្ពុជា ដែលមានតម្លៃប្រមាណ ២៥០០លានដុល្លារ ទៅលើហេដ្ឋារចនាសម្ព័ន្ធនិងការអភិវឌ្ឍមួយចំនួន។

យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា សក្តានុពលនៃការនាំចេញផលិតផលពីកម្ពុជាទៅប្រទេសជប៉ុនមានដូចជា សម្លៀកបំពាក់ ស្បែកជើង និងគ្រឿងអេឡិចត្រូនិច។

បច្ចុប្បន្ននេះ គម្រោងប្រមាណ ១៣៧គម្រោងដែលមានទឹកប្រាក់ប្រមាណ ២៥០០លានដុល្លារ ត្រូវបានភាគីជប៉ុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ដែលផ្តោតសំខាន់ទៅលើការផលិតអេឡិចត្រូនិច គ្រឿងបន្លាស់អេឡិចត្រូនិច គ្រឿងបន្លាស់រថយន្ត ផលិតផលកសិឧស្សាហកម្ម។ បន្ថែមពីនេះ គឺមានការផលិតវត្ថុធាតុកែច្នៃចំណីអាហារ ទំនិញផ្សេងៗផងដែរ។

ក្រៅពីផលិតកម្ម ប្រទេសជប៉ុនក៏បានវិនិយោគទៅលើវិស័យទេសចរណ៍ ការអភិវឌ្ឍសណ្ឋាគារ និងសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យ។

បើតាមរបាយការណ៍របស់អង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន JETRO បានឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងជប៉ុនបានកើនឡើង ១៣ ភាគរយកាលពីឆ្នាំ ២០១៩ កន្លងទៅ ដែលមានទំហំទឹកប្រាក់ដល់ទៅ ២,២៩២ លានដុល្លារ។ ទន្ទឹមនឹងនេះដែរ ការនាំចូលរបស់កម្ពុជាពីប្រទេសជប៉ុនបានកើនឡើង ៣៣,៤ ភាគរយ ដល់ ៥៦២ លានដុល្លារ។

ប្រទេសជប៉ុនត្រូវបានចាត់ចំណាត់ថ្នាក់ជាទីផ្សារធំលំដាប់ទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក សម្រាប់ផលិតផលកម្ពុជានិងជាប្រទេសនាំចេញធំបំផុតលំដាប់ទីបួនមកកម្ពុជាកាលពីឆ្នាំ ២០១៩ ផងដែរ។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា កម្ពុជាបាននាំចេញទំនិញចំនួន ១៤,៥៣ ពាន់លានដុល្លារនិងនាំចូលផលិតផលមកក្នុងស្រុកវិញមានចំនួន ២២,១៩ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩៕

អ្នកជំនាញ ៖ នៅក្នុងដំណាក់កាលប្រឈមនឹងជំងឺ Covid-19 ការវិនិយោគលើវិស័យខុនដូនៅតែមានឱកាសចំណេញ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ទីផ្សារខុនដូនៅកម្ពុជា នៅពេលបច្ចុប្បន្ននេះ បើទោះជាកំពុងរងនូវភាពប្រឈមនឹងវិបត្តិជំងឺរលាកផ្លូវដង្ហើម Covid-19 ក៏ដោយ ប៉ុន្តែត្រូវបានអ្នកជំនាញអះអាងថានៅតែមានឱកាសវិនិយោគ និងទទួលបានផលចំណេញដដែល។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា វិស័យខុនដូនៅកម្ពុជាត្រូវបានអ្នកអភិវឌ្ឍន៍ធ្វើឡើងជា៣កម្រិតរួមមានកម្រិតខ្ពស់សម្រាប់បំពេញតម្រូវការទៅផ្សារមកពីក្រៅស្រុក(ទីផ្សារជនបរទេស) ខុនដូកម្រិតមធ្យម និងកម្រិតសមរម្យសម្រាប់បំពេញតម្រូវការទីផ្សារក្នុងស្រុកដែលជាជនជាតិខ្មែរ។

លោកស្រីបានមានប្រសាសន៍បន្តទៀតថា “បច្ចុប្បន្ននេះ សម្រាប់ទីផ្សារខុនដូកម្រិតខ្ពស់មួយចំនួនគឺទទួលរងនូវផលប៉ះពាល់ដោយ សារតែទីផ្សារគោលដៅភាគច្រើនជាជនជាតិបរទេសដែលកំពុងតែមានភាពប្រឈមខ្លាំងនឹងការវាយប្រហារដោយជំងឺឆ្លង Covid-19 ប៉ុន្តែសម្រាប់ទីផ្សារខុនដូតម្លៃមធ្យម និងតម្លៃសមរម្យ នៅតែមានបន្តមានទីផ្សារដែលជាតម្រូវការនៅក្នុងស្រុកជាជនជាតិខ្មែរ”។

លោកស្រីបានបញ្ជាក់ថា “យើងទទួលស្គាល់នៅក្នុងដំណាក់កាលនៃការវាយប្រហារដោយជំងឺឆ្លង Covid-19 ពិតជាបានធ្វើឱ្យប៉ះពាល់ដល់វិនិស័យអចលនទ្រព្យនៅក្នុងកម្ពុជាមួយចំណែក ប៉ុន្តែសម្រាប់ផ្នែកការវិនិយោគលើវិស័យខុនដូកម្រិតមធ្យម និងកម្រិតសមរម្យ គឺនៅតែមានឱកាសដដែល ខណៈដែលអ្នកអភិវឌ្ឍន៍បានបែងចែកទីផ្សារគោលដៅបានយ៉ាងច្បាស់ ជាពិសេសមានការយកចិត្តទកដាក់ទៅលើទីតាំងផងដែរ។ តំបន់ដែលស្ថិតនៅក្នុងគោលដៅវិនិយោគ និងអភិវឌ្ឍន៍គឺស្ថិតនៅជាយក្រុងដែលមានហេដ្ឋារចនាសម្ព័ន្ធល្អ ដូចជានៅក្នុងខណ្ឌជ្រោយចង្វារ ខណ្ឌសែនសុខ និងខណ្ឌមានជ័យជាដើម ដោយសារតែតម្លៃដីនៅមានកម្រិត និងងាយស្រួលក្នុងការចេញចូលក្រុង”។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ TOWN CITY Real Estate Co,.Ltd លោក វ៉ន ចាន់ថន បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ផ្អែកតាមភាពជាក់ស្ដែង ទីផ្សារខុនដូនៅដើមឆ្នាំនេះ គឺមានការធ្លាក់ចុះបន្តិច ដោយកសារតែវិបត្តិជំងឺ Covid-19 ប៉ុន្តែវានឹងត្រឡប់មករកភាពល្អប្រសើរឡើងវិញ បន្ទាប់ពីបញ្ហាមួយនេះត្រូវបានស្ងប់ស្ងាត់ទៅវិញ។

លោកបានបញ្ជាក់ថា ការលក់ខុនដូគឺមានកើនឡើងខ្លាំងកាលពីចុងឆ្នាំ២០១៩ ប៉ុន្តែវាបានធ្លាក់ចុះបន្តិចនៅដើមឆ្នាំ២០២០នេះ ដោយសារវិបត្តិសាកលដែលកំពុងតែកើតមាន ប៉ុន្តែវានៅមិនទាន់ធ្លាក់ចុះដល់កម្រិតព្រួយបារម្ភនោះទេ។ តាមការកត់សម្គាល់របស់ខ្ញុំ ខុនដូដែលមានតម្រូវការ និងងាយស្រួលលក់ គឺមានទីតាំងនៅប៉ែកខាងត្បូងក្រុង ដោយសារតែតំបន់នេះតម្លៃដីនៅមានកម្រិត ហើយមានហេដ្ឋារចនាសម្ព័ន្ធល្អ ជាពិសេសមានមហាវិថី ៦០ម៉ែត្រ ៥០ម៉ែត្រ និង៣០ម៉ែត្រ ហើយនៅជិតក្រុង ដែលជាតំបន់ពួកគាត់បម្រើការងារ ក៏ដូចជាសាលារៀនរបស់កូនៗរបស់គាត់”។

ខុនដូដែលត្រូវបានចាត់ទុកថាប្រភេទសមរម្យ គឺមានតម្លៃប្រមាណ១២០០ដុល្លារ។ ដោយឡែកខុនដូតម្លៃមធ្យមឬតម្លៃកណ្តាល គឺមានតម្លៃប្រមាណចាប់ពី១៥០០ដុល្លារឡើងទៅ ក្នុងមួយម៉ែត្រការ៉េហើយចំពោះប្រភេទខុនដូតម្លៃខ្ពស់គឺមានតម្លៃចាប់ពីប្រមាណ២៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េឡើងទៅ និងស្ថិតនៅជាន់ខ្ពស់ៗ៕