សម្តេចតេជោៈកម្ពុជាប្រែក្លាយវិបត្តិជំងឺឆ្លងCovid-19 ទៅជាកាលានុវត្តភាព នៃវិស័យកសិកម្ម

ដោយ ៖ រ៉ាណេត

ភ្នំពេញៈ សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានជំរុញឱ្យប្រជាកសិករ ជាពិសេសក្រសួងកសិកម្ម ពង្រឹងគុណភាព និងបង្កើនលទ្ធភាពក្នុងការធ្វើកាលានុវត្តភាពក្នុងវិស័យនេះ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកឱ្យបានគ្រប់គ្រាន់។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងពិធីសន្និសីទសារព័ត៌មានស្ដីពីបច្ចុប្បន្នភាពនៃជំងឺឆ្លងCovid-19 នៅវិមានសន្តិភាពកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ថា នៅក្នុងកាលទេសៈនេះ វាជាឱកាសមួយសម្រាប់កម្ពុជា ធ្វើកាលានុវត្តភាពវិស័យ​កសិកម្ម ដោយក្រសួងកសិកម្ម ត្រូវបណ្តុះបណ្តាលជំនាញ ចំណេះដឹងក្នុងការដាំដុះ ជាពិសេសផ្តល់គ្រាប់ពូជល្អដល់ប្រជាកសិករ ដើម្បីធានាបាននូវគុណភាពនៃកសិផលមុននាំយកមកកាន់ទីផ្សារ។

សម្ដេចតេជោសង្កត់ធ្ងន់ថា “វិបត្តិនៃជំងឺ Covid-19 បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាសាកល ដែលក្នុងនោះកម្ពុជា ក៏ជាប្រទេសមួយទទួលរងនូវចំណុចអវិជ្ជមានពីវិបត្តិមួយនេះផងដែរ”។ សម្តេចបន្តថា “វិស័យសំខាន់ៗដែលទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ រួមមាន វិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម ដែលជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចជាតិ”។

 

បច្ចុប្បន្ន ដោយសារការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លង Covid-19 រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិតការនាំចេញស្រូវ-អង្ករស ត្រី ជាដើម ហើយជំរុញឱ្យបង្កើនលទ្ធភាព ក្នុងការផលិតបន្ថែម ដើម្បីអាចផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់៕

ការសិក្សាៈ វិស័យបដិសណ្ឋារកិច្ចនៅភ្នំពេញរីកចម្រើនយ៉ាងឆាប់រហ័សជាងទីក្រុងរបស់ប្រទេសជិតខាង

ដោយ ប៊ី

ភ្នំពេញៈ ភ្នំពេញមានសណ្ឋាគារចំនួន៣១៣ ដែលមានបន្ទប់១៩,៣៣៧ និងផ្ទះសំណាក់ចំនួន៥២៣កំពុងដំណើរអាជីវកម្ម។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយនៅថ្ងៃនេះរបស់ក្រុមហ៊ុនC9 Hotelworksដែលបានស្រាវជ្រាវលើវិស័យបដិសណ្ឋារកិច្ច។

ក្រុមហ៊ុនដដែលនេះបានឱ្យដឹងថា សញ្ញាច្បាស់លាស់នៃការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលជះឥទ្ធិពលដល់វិស័យបដិសណ្ឋារកិច្ច ត្រូវបានបង្ហាញនៅក្នុងការពិតដែលថា បច្ចុប្បន្នមានសណ្ឋាគារថ្មីចំនួន១៥ ស្ថិតនៅគម្រោង ដែលមានបន្ទប់ចំនួន៧ ៨៤៩ ។

របាយការណ៍បញ្ជាក់ផងដែរថា សណ្ឋាគារ១៣ក្នុងចំណោមសណ្ឋាគារថ្មីៗ ដែលនឹងមកដល់នាពេលខាងមុខមាន លក្ខណៈអន្តរជាតិដោយក្រុមគ្រប់គ្រង សណ្ឋាគារពិភពលោករួមមាន Marriott, Hyatt, Shangri-La and ACCOR។

រាជធានីភ្នំពេញ ស្ថិតក្នុងស្ថានភាពប្រហាក់ប្រហែល នឹងទីតាំងមូលធនច្រកចេញចូលអាស៊ីCBD ផ្សេងទៀតដូចជាចាការតា និងយ៉ាំងហ្គូន ដែលសណ្ឋាគារត្រូវបានកំណត់ដោយអ្នកធ្វើដំណើរសម្រាប់ជំនួញ។

សម្រាប់អ្វីដែលជាទស្សនវិស័យនៅចំពោះមុខ នាយកគ្រប់គ្រងC9hotelworks លោកBill Barnettបន្ថែមថា“គំរូសេដ្ឋកិច្ចថ្មីរបស់ប្រទេសកម្ពុជា នៅតែមានតែមួយគត់នៅក្នុងតំបន់ ដោយសារចំណុចប្រសព្វនៃគម្រោងខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ(BRI) ទោះបី​ជាទីតាំងនោះមានលក្ខណៈយុទ្ធសាស្ត្រក៏ដោយ”។

ជាមួយនឹងកំលាំងពលកម្មវ័យក្មេង ដែលកំពុងរីកចម្រើន និងឥទ្ធិពលនៃសាកលភាវូបនីយកម្ម ប្រវត្តិសេដ្ឋកិច្ចរបស់ប្រទេសនេះ នៅតែបន្តទៅមុខទៀតនាពេលអនាគត ដូច្នេះនៅតែមានការងារជាច្រើន នៅលើតុនាពេលអនាគតដ៏ខ្លីខាងមុខ៕

Facebook ដាក់ចេញមជ្ឈមណ្ឌលព័ត៌មានCOVID-19អាចប្រើជាភាសាខ្មែរ

ដោយ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុន Facebook បានប្រកាសកាលពីម្សិលមិញថា មជ្ឈមណ្ឌលព័ត៌មាន COVID-19 របស់ខ្លួនឥឡូវអាចដំណើរការបាន ហើយមានជាភាសាខ្មែរដោយផ្តល់ជាមជ្ឈមណ្ឌលសម្រាប់ប្រជាជនកម្ពុជា ក្នុងការស្វែងរកព័ត៌មាន និងធនធានចុងក្រោយពីអាជ្ញាធរសុខភាព ដែលអាចទុកចិត្តបាន ក៏ដូចជា សកម្មភាពដែលពួកគេអាចធ្វើដើម្បីមានសុខភាពល្អ និងការគាំទ្រដល់គ្រួសារ និងសហគមន៍របស់ពួកគេ។

មជ្ឈមណ្ឌលព័ត៌មាន COVID-19 ដែលមាននៅផ្នែកខាងលើនៃ News Feed រួមបញ្ចូលទាំងព័ត៌មាន និងការណែនាំថ្មីៗបំផុតពីអាជ្ញាធរសុខាភិបាលពិភពលោក និងជាតិនៅកន្លែងតែមួយ។ មាតិកាមានជាង៤០ភាសា ដើម្បីធ្វើឱ្យវាអាចចូលដំណើរការបានតាមដែលអាចធ្វើទៅបាន។

មជ្ឈមណ្ឌលនេះ នឹងរួមបញ្ចូលទាំងការធ្វើបច្ចុប្បន្នភាពស្ថិតិសំខាន់ៗប្រចាំថ្ងៃ និងចំណងជើងព័ត៌មានសំខាន់ៗទូទាំងពិភពលោក និងក្នុងតំបន់។

មជ្ឈមណ្ឌលនេះ នឹងរួមបញ្ចូលទាំងការអនុវត្តន៍ល្អបំផុត សម្រាប់ការឃ្លាតឆ្ងាយសង្គម ការការពារ និងអ្វីដែលត្រូវធ្វើនៅពេលដែលអ្នកមិនស្រួលខ្លួន។

ប្រជាជនអាចជ្រើសរើសការតាមដានមជ្ឈមណ្ឌល ដើម្បីទទួលបានការជូនដំណឹង និងមើលព័ត៌មានថ្មីៗនៅក្នុងព័ត៌មានរបស់ពួកគេពីអាជ្ញាធរសុខាភិបាល។

ស្ថាបនិក និងជានាយកប្រតិបត្តិនៃFacebook លោក Mark Zuckerberg មានប្រសាសន៍ថា “អាទិភាព និងការផ្តោតអារម្មណ៍របស់យើងគឺធ្វើឱ្យប្រាកដថា ប្រជាជនអាចទទួលបាននូវព័ត៌មាន ដែលមានការអនុញ្ញាតល្អពីប្រភពសុខភាព ដែលអាចទុកចិត្តបាន”។

លោក Mark Zuckerberg បាននិយាយថា “យើងបានបង្កើតមជ្ឈមណ្ឌលព័ត៌មាន COVID-19 ដោយសហការជាមួយដៃគូសុខភាពរបស់យើងជាច្រើន ហើយយើងនឹងដាក់នៅលើ News Feed របស់មនុស្សគ្រប់គ្នា។ យើងនឹងរៀបចំកន្លែងនេះជាច្រើនកន្លែងនៅជុំវិញសហរដ្ឋអាមេរិក និងអឺរ៉ុបក្នុងរយៈពេល២៤ម៉ោង បន្ទាប់ហើយកន្លែងផ្សេងទៀតនៅថ្ងៃខាងមុខ។ គោលដៅនៅទីនេះគឺដាក់ព័ត៌មាន ដែលមានការអនុញ្ញាតពីអង្គការ ដូចជាអង្គភាពប្រយុទ្ធប្រឆាំងជំងឺឆ្លង និងអង្គការសុខភាពពិភពលោក នៅចំពោះមុខមនុស្សគ្រប់គ្នាដែលប្រើប្រាស់សេវាកម្មរបស់យើង”៕ Xinhua៕

សម្ដេចតេជោ ទទូចជាថ្មីឱ្យម្ចាស់បុរី និងម្ចាស់អគារជួល មានការសម្របសម្រួលលើតម្លៃជួល

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានទទូចសារជាថ្មីម្ដងទៀត ដោយស្នើឱ្យវិស័យឯកជនមានការសម្របសម្រួល និងអនុគ្រោះទៅលើតម្លៃនៃការជួលអគារអាជីវកម្មនានា នៅក្នុងស្ថានភាពដែលកំពុងតែប្រឈមការគំរាមកំហែងនៃការរីករាលដាលនៃជំងឺឆ្លង Covid-19នៅពេលបច្ចុប្បន្ន។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងពិធីសន្និសីទសារព័ត៌មានស្ដីបច្ចុប្បន្នភាពនៃជំងឺ Covid-19 នៅវិមានសន្តិភាពកាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ថា ស្ថិតនៅក្នុងស្ថានភាពនៃការគំរាមកំហែងពីការរីករាយដាលជំងឺឆ្លង Covid-19 សូមឱ្យបណ្តាម្ចាស់អគារអាជីវកម្មនានា មេត្តាជួយសម្របសម្រួល និងអនុគ្រោះទៅលើតម្លៃនៃការជួល ដើម្បីបានចូលរួមកាត់បន្ថយការខាតបង់រួមគ្នានៅក្នុងកាលទេសៈនេះ។

សម្ដេចតេជោ បានមានប្រសាសន៍ថា “សម្រាប់ហាងមួយចំនួន គឺទីតាំងមួយចំនួនគឺជាការជួលទីតាំងគេ ដូច្នេះម្ចាស់ទីតាំង គួរជួយសម្រួលកុំយកថ្លៃឈ្នួល នៃការជួលផ្ទះ ឬជួលទីតាំងបើកហាងនានា បន្ធូរបន្ធយថ្លៃជួល កុំបន្តយកថ្លៃឈ្នួលពេញអី”។

នៅក្នុងឱកាសនេះ សម្ដេចក៏បានស្នើទៅដល់បណ្តាម្ចាស់ក្រុមហ៊ុនសាងសង់បុរីលំនៅដ្ឋាន ក៏ដូចជាគ្រឹះស្ថានធនាគារ ឬការបង់រំលោះថ្លៃផ្ទះ ក៏សូមជួយសម្រួលក្នុងការពន្យាពេលនៃការសង់ត្រឡប់នៅក្នុងកាលទេសៈនេះផងដែរ”៕

ដំណឹងបន្ទាន់! សម្តេចតេជោ ប្រកាសផ្អាកប្រារព្វពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ

ដោយវុត្ថា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសផ្អាកប្រារព្វពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខនេះ ហើយអនុញ្ញាតឱ្យពលរដ្ឋធ្វើការធម្មតា ទាំងវិស័យរដ្ឋ និងឯកជន ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 នៅក្នុងប្រទស។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងសន្នីសីទកាសែតពាក់ព័ន្ធជំងឺ Covid-19 នៅកម្ពុជា នៅថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២០ នេះ បានស្នើដល់ពលរដ្ឋខ្មែរគ្រប់រូប មេត្តាយោគយល់ចំពោះការផ្អាកពិពីបុណ្យចូលឆ្នាំខ្មែរ ខាងមុនេះ ហើយនឹងលើកពេលទៅធ្វើថ្ងៃសមស្របណាមួយនៅថ្ងៃក្រោយបន្ទាប់ពីបញ្ចប់ការរីករាលដាលនៃជំងឺ Covid-19។

សម្តេតេជោបន្តថា “បើប្រកាសអោយឈប់ ហើយមិនអោយទៅស្រុកកំណើន ចឹងអោយឈប់ធ្វើអី ដូច្នេះ មានតែធ្វើការធម្មតាទាំងវិស័យរដ្ឋ និងឯកជន”។ សម្តេចតេជោ ហ៊ុន សែន ថា “ថវិកាឧបត្ថម្ភដល់មន្ត្រីរាជការ មិនត្រូវបានដកមកវិញ និង អំពាវឱ្យកម្មករកម្មារិនី ធ្វើការធម្មតាដើម្បីទទួលបានបៀវត្ស” ៕

សម្តេចតេជោបញ្ជាឱ្យផ្អាកជើងហោះហើរដឹកពលរដ្ឋខ្មែរ ១៥០រូប ពីម៉ាឡេស៊ីមកកាន់កម្ពុជា

ដោយវុត្ថា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាឱ្យលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឱ្យផ្អាកជើងហោះហើរមួយគ្រឿងដែលដឹកពលរដ្ឋខ្មែរចំនួន ១៥០រូបមកពីម៉ាឡេស៊ី និងមកដឹកពលរដ្ឋខ្លួនត្រឡប់ទៅវិញដែលជាប់នៅក្នុងប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងសន្និសីទព័ត៌មានពិសេសមួយ ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅកម្ពុជានៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០នេះឱ្យដឹងថា សម្តេចតេជោសម្រានមិនលក់បន្ទាប់ពីទទួលបានព័ត៌មាន ពីលោក ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលថាមានយន្តហោះម៉ាឡេស៊ីមួយគ្រឿងដឹកពលរដ្ឋខ្មែរចំនួន ១៥០ នាក់ មកពីម៉ាឡេស៊ី មកាន់កម្ពុជានៅព្រឹកនេះ ហើយដឹកពលរដ្ឋដែលជាប់គាំងនៅក្នុងប្រទេសកម្ពុជាត្រឡប់ទៅវិញ។

ភ្លាមៗនោះ សម្តេចតេជោ បានប្រាប់ទៅលោកឧបនយកដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យមានការផ្អាកការហោះហើរមកកាន់កម្ពុជាជាបន្ទាន់ បើមានការហោះហើរ ត្រូវតែមានយន្តហោះទទេ តែត្រូវមានលាយលក្ខឱ្យបានត្រឹមត្រូវ តែមិនចឹងទេ មកដល់កម្ពុជាភ្លាម និងចាក់សំាងយន្តហោះរួចហើយឱ្យត្រឡប់ទៅវិញ។

សម្តេចតេជោបានអំពាវនាវដល់ពលរដ្ឋកម្ពុជាដែលកំពុងនៅក្នុងប្រទេសម៉ាឡេស៊ីដែលមានបំណងមកកាន់ប្រទេសកម្ពុជាក្នុងកាលៈទេសនេះ សុំស្នាក់នៅទីនោះមួយរយៈសិន ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 នៅក្នុងប្រទេសកម្ពជា និងសូមមានការយោគយល់ចំពោះបញ្ហានេះ ដោយសារកន្លងមកនេះមានពលរដ្ឋខ្មែរមួយបានឆ្លងបន្ទាប់ពីត្រឡប់មកពីប្រទេសម៉ាឡេស៊ីផងដែរ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា តាមការពិតការរកឃើញអ្នកឆ្លងជំងឺ Covid-19 នៅក្នុងប្រទេសកម្ពុជា នាពេលនេះ គឺដោយសារមានការនាំចូលពីខាងក្រៅប៉ុណ្ណោះ មិនទាន់មានការឆ្លងនៅក្នុងសហគមន៍នោះទេ ក្នុងន័យនេះ ក៏យើមិនបណ្តែតបណ្តោយផងដែរ៕

គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺCOVID-19បានទទួលថវិកាជាង១០លានដុល្លារសម្រាប់យកទៅជួយប្រជាពលរដ្ឋ

ដោយ ប៊ី

ភ្នំពេញៈ គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺCOVID-19 បានទទួលថវិកាប្រមាណ១០លានដុល្លារហើយ ដែលបានមកពីសប្បុរសជនចូលរួមបរិច្ចាគ បូករួមទាំងថវិកាបៀវត្សរ៍ ដែលចូលរួមដោយមន្រ្តីរាជការ ដើម្បីត្រៀមសម្រាប់យកទៅជួយប្រជាពល រដ្ឋក្នុងស្ថានការណ៍ ដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងជំងឺ COVID-19


តបតាមការអំពាវនាវរបស់
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការរៃអង្គាសមូលនិធិសម្រាប់ប្រយុទ្ធប្រឆាំងជំងឺឆ្លងCOVID-19 កាលពីថ្ងៃទី៤ មេសា កន្លងទៅនេះ គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺCOVID-19 បានទទួលថវិកាប្រមាណជាង១០លានដុល្លារហើយ ដែលបានមកពីសប្បុរសជនចូលរួមបរិច្ចាគផង និងបូករួមទាំងថវិកាបៀវត្សរ៍ដែលចូលរួមដោយមន្រ្តីរាជការយើងផង។

សម្តេចតេជោបានបញ្ជាក់ថា យើងត្រៀមថវិកានេះ សម្រាប់យកទៅជួយប្រជាពលរដ្ឋក្នុងស្ថានការណ៍ ដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងជំងឺCovid-19 ដូចជាទិញម៉ាស និងសម្ភារៈបរិក្ខាររបស់គ្រូពេទ្យ ទិញអាល់កុល និងត្រៀមបម្រុងសម្រាប់ជួយប្រជាពលរដ្ឋទៅតាមតម្រូវការជាក់ស្តែង និងចាំបាច់បន្ទាន់

ទន្ទឹមនឹងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា កម្ពុជាពេលនេះ គឺកំពុងបញ្ចេញកម្លាំង ខិតខំធ្វើការងារ ដើម្បីជាផលប្រយោជន៍របស់ប្រជាពលរដ្ឋយើង។សម្តេចបន្តថា កុំទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយយើងមិនបានដឹងហើយមិនបានដោះស្រាយ

សម្តេចបន្ថែមថា មិនមែនគ្រាន់តែបញ្ហាCovid-19ទេ ក៏ប៉ុន្តែយើងត្រូវពិនិត្យមើលប្រជាពលរដ្ឋយើងដែលខ្វះខាតស្បៀង គឺត្រូវផ្តល់ស្បៀងអាហារឲ្យពួកគាត់បានជាបន្ទាន់ឆាប់បំផុត។ កុំអោយពួកគាត់ខ្វះស្បៀងអាហារអោយសោះ ក្នុងពេលដែលសភាពការណ៍មានការប្រែប្រួលពីក្រៅប្រទេស និងពីក្នុងប្រទេស គឺត្រូវគ្រប់គ្រងអ្វីៗដែលមានក្នុងប្រទេសរបស់យើង ហើយត្រូវចាត់ចែងនូវធនធានទាំងអស់ ដែលមានក្នុងប្រទេសរបស់យើងសម្រាប់ជួយនឹងបម្រើ ប្រជាពលរដ្ឋរបស់យើងអោយបានទាន់ពេល។

សម្តេចបានអរគុណដល់សប្បុរជនទាំងក្នុង និងក្រៅប្រទេស ព្រមទាំងមន្រ្តីរាជការទាំងអស់ ដែលបានចែករំលែកបរិច្ចាគប្រាក់ខែផ្ទាល់ខ្លួន ចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងCovid-19 សូមជូនពរបងប្អូនទាំងអស់ជួបតែសំណាងល្អគ្រប់ៗគ្នា៕


តម្លៃប្រេងលើពិភពលោកបន្តធ្លាក់ចុះខ្លាំង ខណៈកិច្ចពិភាក្សារវាងប្រទេសផលិត ប្រេងធំជាងគេបានពន្យារពេល

ដោយ ប៊ី

អន្តរជាតិៈ តម្លៃប្រេងនៅលើពិភពលោកនៅតែបន្តធ្លាក់ចុះ បន្ទាប់ពីប្រទេសអារ៉ាប់ប៊ីសាអូឌីត និងប្រទេសរុស្ស៊ី ដែលជាប្រទេសផលិតប្រេងធំជាងគេលើពិភពលោក បានពន្យារពេលកិច្ចប្រជុំអំពី កិច្ចព្រមព្រៀងកាត់បន្ថយទិន្នផល ខណៈជំងឺរាតត្បាតរាលដាល COVID-19 ធ្វើឱ្យប៉ះពាល់ដល់តម្រូវការ។


ប្រទេសទាំងពីរបានជាប់គាំង នៅក្នុងសង្គ្រាមតម្លៃប្រេង អស់រយៈពេលមួយខែចុងក្រោយនេះ។

អ្នកធុរកិច្ចធំៗមានការព្រួយបារម្ភថា ជាមួយនឹងផ្នែកធំៗនៃពិភពលោក ដែលជាប់គាំង នឹងមានប្រេងឆៅច្រើនពេកដែលដាក់សម្ពាធលើតម្លៃ។

កាលពីសប្តាហ៍មុន តម្លៃប្រេងឆៅបានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថា កិច្ចព្រមព្រៀងមួយនឹងជិតមកដល់ហើយ។

នៅពេលចាប់ផ្តើមធ្វើពាណិជ្ជកម្មនៅអាស៊ីកាលពីថ្ងៃចន្ទ តម្លៃប្រេងឆៅប្រភេទ Brent របស់ពិភពលោកបានធ្លាក់ចុះ១២ភាគរយ ប៉ុន្តែបានងើបឡើងវិញខ្លះ។ ប្រេងដែលជួញដូរដោយអាមេរិក ដែលត្រូវបានគេស្គាល់ថាWest Texas Intermediate បានធ្លាក់ចុះជាង១០ភាគរយ មុនពេលធ្លាក់ចុះដល់៣. ភាគរយ។

ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងរុស្ស៊ី ដែលជាប្រទេសផលិតប្រេងធំៗលើពិភពលោក បានគ្រោងនឹងជួបគ្នានៅថ្ងៃចន្ទ ប៉ុន្តែកិច្ចប្រជុំនេះត្រូវបានរុញច្រាន ឱ្យវិលត្រឡប់ទៅថ្ងៃព្រហស្បតិ៍វិញ។ តម្លៃត្រូវបានរំពឹងថានឹងនៅតែមានស្ថេរភាពរហូតដល់ពេលនោះ។


វិធានការណ៍ជាច្រើនត្រូវបានដាក់ចេញ នៅតាមបណ្តាប្រទេសនានាលើពិភពលោក ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺឆ្លង COVID-19 រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអឺរ៉ុប និងអាស៊ីភាគច្រើនបានឃើញថា តម្រូវការថាមពលសកលធ្លាក់ចុះយ៉ាងខ្លាំង។

ក្នុងពេលជាមួយគ្នានេះដែរ សង្គ្រាមតម្លៃប្រេងអស់រយៈពេលមួយខែ រវាងអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី បានធ្វើឱ្យទីផ្សារពិភពលោកមានប្រេងឆៅច្រើនជាងតម្រូវការ។

សង្គ្រាមតម្លៃបានកើតឡើង បន្ទាប់ពីកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដើម្បីកាត់បន្ថយផលិតកម្ម ដើម្បីឆ្លើយតបទៅនឹងការធ្លាក់ចុះនៃតម្រូវការ បានបរាជ័យកាលពីខែមុន។

ភាពមិនប្រទូសរាយនេះ បានជំរុញឱ្យតម្លៃធ្លាក់ចុះដល់កម្រិតទាប ដែលមិនត្រូវបានគេមើលឃើញថាជិតពីរទសវត្សរ៍មកហើយ ខណៈដែលឈ្មួញរង់ចាំកិច្ចព្រមព្រៀងថ្មីត្រូវបានយល់ព្រមរវាងប្រទេសទាំងពីរ។ តម្លៃប្រេងអាចនឹងធ្លាក់ចុះក្រោម២០ដុល្លារក្នុងមួយប៉ារែលក្នុងត្រីមាសនេះ៕ BBC/CNBC

ផ្សារទំនើបFURI Times Square ផ្តល់ជូនកម្មវិធីបញ្ចុះតម្លៃជាច្រើនមុនពិធីបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែរ

ដោយៈ រ៉ាណេត

ព្រះសីហនុៈ ជាការចូលរួមអបអរសាទរ នៅក្នុងឱ្យកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆាប់ៗខាងមុខនេះ ផ្សារទំនើប FURI Times Square បានបង្កើតកម្មវិធីពិសេសដោយការបញ្ចុះតម្លៃលើមុខទំនិញនានា ដែលមានដាក់លក់នៅក្នុងផ្សារ ក្រោមកិច្ចសហការពីបណ្តាក្រុមហ៊ុនជាដៃគូ។

ជាកិច្ចស្វាគមន៍ អបអរសាទរនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៣មេសាខាងមុននេះ តាមរយៈកិច្ចសហការពីសំណាក់បណ្តាក្រុមហ៊ុនជាដៃគូលក់ នៅក្នុងផ្សារទំនើប FURI Times Square  បានផ្ដល់ជូននូវកម្មវិធីពិសេសចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នឹងមានការលក់បញ្ចុះតម្លៃពិសេស ទៅរាល់មុខទំនិញផ្សេងៗ ដូចជាសម្ភារៈប្រើប្រាស់ សម្លៀកបំពាក់ចំណីអាហារ រួមជាមួយផលិតផលនៃគ្រឿងសំអាងយ៉ាងសប្បូរបែបរហូតដល់៥០ភាគរយ។

បុគ្គលិកផ្នែកទីផ្សារជាន់ខ្ពស់ប្រចាំនៅផ្សារទំនើប FURI Times Square ក្រុងព្រះសីហនុ កញ្ញា ប៉ែន ម៉ារ៉ា បានប្រាប់ឱ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី៦ មេសាកន្លងមកថា សម្រាប់ការផ្តល់ជូននូវកម្មវិធីពិសេសប្រចាំឆ្នាំនេះ គឺមានក្រុមហ៊ុនជាច្រើនផ្តល់ជូនអតិថិជននូវកាបញ្ចុះតម្លៃផ្សេងៗគ្នា អាស្រ័យទៅតាមកម្មវិធីដែលបានកំណត់ ដោយក្រុមហ៊ុន និងហាងលក់ផលិតផល។ 

កញ្ញាបានឱ្យដឹងទៀតថា កម្មវិធីបញ្ចុះតម្លៃនេះ ត្រូវបានចាប់អនុវត្តពីថ្ងៃជូនដំណឹងនេះ រហូតដល់ពិធីបុណ្យចូលឆ្នាំខ្មែរត្រូវបានបញ្ចប់រួចរាល់។ បន្ថែមពីនេះ រាល់ការចំណាយចាប់ពី៥ដុល្លារឡើងទៅ អតិថិជនរបស់ផ្សារទំនើប FURI Times Square ទាំងអស់នឹងទទួលបានសន្លឹក ឆ្នោតផ្សងសំណាងចំនួនមួយសន្លឹក ភ្ជាប់ជាមួយវិក័យបត្រចំណាយសម្រាប់ការឈ្នះរង្វាន់ ជាវត្ថុអនុស្សាវរីយ៍យ៉ាងសន្ធឹកសន្ធាប់ ដូចជាទូរទឹកកក ទូរទស្សន៍ ទូរស័ព្ទដៃ Smart Phone ស៊េរីទំនើប រួមនឹងការដូលួងចិត្តជាច្រើនទៀត  ដែលនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នៃពិធីបុណ្យចូលឆ្នាំខ្មែរ។

ជារៀងរាល់ថ្ងៃមានអតិថិជនជាច្រើនបានបង្ហាញពីការគាំទ្រ និងចេញចូលក្នុងផ្សារទំនើប  FURI Times Square ជាប់ឥតដាច់ ជាពិសេសនៅថ្ងៃចុងសប្ដាហ៍ ដែលមានទាំងអតិថិជនជាលក្ខណៈគ្រួសារដែលក្រៅពីទិញសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ រួមនឹងផលិតផលផ្សេងៗ ហើយក្រៅពីនេះ ក៏មានការទទួលទានអាហាររួមគ្នាជាលក្ខណៈគ្រួសារ និងមិត្តភ័ក្ដិប្រកបទៅដោយភាពសប្បាយរីករាយផងដែរ។

ផ្សារទំនើប FURI Times Square មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ បាននាំមកជូននូវបទពិសោធន៍ថ្មីនៅក្នុងតំបន់ ដោយការនាំយកមកនូវបណ្តាផលិតផល មុខទំនិញចំរុះគ្រប់ប្រភេទយ៉ាងសម្បូរបែប ដែលសុទ្ធតែជាម៉ាកយីហោល្បីៗលំដាប់សាកលលោក ដូចជា ក្រុមហ៊ុន KFC ក្រុមហ៊ុន Starbucks  ក្រុមហ៊ុន Amazone Café ,ក្រុមហ៊ុន KOI ក្រុមហ៊ុន Dakasi Tea ហាងអាហារមកពីប្រទេសសាំងហ្គាពួរ ក្រុមហ៊ុនលក់សម្លៀកបំពាក់ LEVIs  ក្រុមហ៊ុន NIKE ក្រុមហ៊ុន Samsonite ក្រុមហ៊ុននាឡិកាដ៏ល្បីឈ្មោះG-Shock ក្រុមហ៊ុនលក់រថយន្ត HGB Group រួមជាមួយក្រុមហ៊ុនល្បីៗជាច្រើនទៀត ដោយរាប់បញ្ចូលទាំងគ្រឿងសំអាងផងដែរ

ផ្លូវសម្រាប់ជិះកង់ក្នុងតំបន់អង្គរបន្តស្ថាបនាបានប្រមាណ៦០ភាគរយហើយ

ដោយ ហ្សូលី

សៀមរាបៈ ផ្លូវសម្រាប់ជិះកង់ស្ថិតនៅក្នុងតំបន់ប្រាសាទអង្គរវត្ត បានស្ថាបនាក្នុងលទ្ធផលប្រមាណ៦០ភាគរយហើយ បើទោះបីជាកម្ពុជាកំពុងប្រឈមនឹងវិបត្តិជំងឺCovid-19 ក៏ដោយ។ នេះបើតាមឱ្យដឹងពីមន្ត្រីអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៦ មេសា ឆ្នាំ ២០២០នេះ។


មន្រ្តីអាជ្ញាធរជាតិអប្សរាបានអោយដឹងថា ផ្លូវជិះកង់នេះ ជាសមិទ្ទផលថ្មីសំរាប់ភ្ញៀវទេសចរជិះកង់កំសាន្ត និងផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ សិស្សានុសិស្សធ្វើដំនើរ ពិសេសលើកកម្ពស់សោភ័ណ្ឌភាពរមណីដ្ឋានអង្គរ។ ផ្លូវនេះមានប្រវែងសរុប២៣,២គីឡូម៉ែត្រ គឺនៅជុំវិញតំបន់អង្គរជាផ្លូវទ្វេទិស មានទទឹង២ម៉ែត្រដោយអាចធ្វើដំណើរប  ញ្ជ្រាស់គ្នាបាន និងមានចង្អូររំដោះទឹកសងខាង។

អ្នកនាំពាក្យ និងជាប្រធាននាយកដ្ឋានអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានមានប្រសាសន៍ឲ្យដឹងថា ការស្ថាបនាផ្លូវកង់នេះ អាជ្ញាធរជាតិអប្សរាបានគិតគូរជាចម្បង លើការអភិរក្សបុរាណដ្ឋាន ដោយគ្មានការជីកកាយដីជ្រៅ និងប្រើជើងតាងអំពីបេតុង ត្រង់កន្លែងមានស្ពានឡើយ ដោយគិតដល់បរិស្ថាន និងទេសភាពវប្បធម៌ ពិសេសបញ្ចៀសផលប៉ះពាល់ដល់ព្រៃឈើដែលមានស្រាប់។

លោកបន្តថា អាជ្ញាធរជាតិអប្សរា បានគិតដល់សុវត្ថិភាពត្រង់ចំណុចឆ្លងកាត់ និងផ្លូវបំបែក ដោយបានរៀបចំរបាំងផ្លូវបំបែក និងដាក់ស្លាកសញ្ញាហាមឃាត់ម៉ូតូឆ្លងកាត់ លោកបន្តថា មកដល់ពេលនេះអាជ្ញាធរជាតិអប្សរា កំពុងតែពន្លឿននៅការសាងសងផ្លូវកង់នេះ ដោយបានចាក់ដី និងឈូសឆាយដីសំរេចបានជិត៦០ភាគរយហើយ ដើម្បីធ្វើយ៉ាងណាសម្រួលចរាចរណ៍ដល់ទេសចរជិះកង់ ជាពិសេសកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍លើផ្លូវធំផងដែរ


ដូចនេះកិច្ចការងារនៅក្នុងពេលបច្ចុប្បន្ន គឺត្រូវសម្រុកក្នុងការបង្ហាប់ដី ផ្ទៃខាងលើនៃផ្លូវកង់ អោយមានសុវត្តិភាពល្អប្រសើរក្នុងការជិះ។

ផ្លូវជិះកង់នេះ មានភាពបត់បែនតាមធម្មជាតិ និងបត់បែនតាមដើមឈើតូចធំ ចាប់ពីចំណុចផ្លូវលំក្បែរកន្លែងត្រួតពិនិត្យសំបុត្រចាស់ លើផ្លូវហ្សាលដឺហ្គោល កាត់តាមក្រោយអង្គរវត្ត កាត់តាមប្រាសាទក្រវ៉ាត់ ឆ្ពោះទៅខាងកើតប្រាសាទបន្ទាយក្ដី កាត់តាមប្រាសាទតាព្រហ្ម រហូតដល់ស្ពានប្រាសាទតាកែវ។

ចំណែកផ្លូវកង់វង់ធំវិញផ្តើមពីស្រះស្រង់ កាត់តាមប្រាសាទប្រែរូប រហូតដល់ខ្លោងទ្វារដីឆ្នាំង ដោយភាគច្រើននៅក្នុងព្រៃ។ ហើយផ្លូវកង់នេះគឺមិនអនុញ្ញាតអោយឡាន ឬម៉ូតូ ឆ្លងកាត់បានឡើយ៕