កម្ពុជាស្ថិតក្នុងក្រសែភ្នែករបស់ក្រុមហ៊ុនផលិតថាមពលនៅអារ៉ាប៊ីសាអ៊ូឌីតគ្រោងចំណាយទុន ១០ ពាន់លានដុល្លារ

ដោយ ប៊ី

ភ្នំពេញ៖ កម្ពុជាក្នុងចំណោមបណ្តាប្រទេសចំននួន ៩ ស្ថិតក្នុងក្រសែភ្នែករបស់ក្រុមហ៊ុនផលិតថាមពលនៅអារ៉ាប៊ីសាអ៊ូឌីតដែលគ្រោងនឹងចំណាយទុន ១០ ពាន់លានដុល្លារដើម្បីពង្រីកអាជីវកម្មខ្លួន។

ក្រុមហ៊ុនអភិវឌ្ឍន៍ និងប្រតិបត្តិករ ACWA នៃគំរោងផលិតថាមពល និងបន្សុទ្ធទឹកដែលមានមូលដ្ឋាននៅអារ៉ាប៊ីសាអ៊ូឌីតបានរាយការណ៍ថា ក្រុមហ៊ុនមានបំណងពង្រីកទីផ្សារថ្មីចំនួន ១០ នៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២០ ដែលជាផ្នែកមួយនៃការវិនិយោគ ១០ ពាន់លានដុល្លារ។

នាយកប្រតិបត្តិនៃក្រុមហ៊ុន ACWA Power លោក Paddy Padmanthan បាននិយាយថា ក្រុមហ៊ុនបានដេញថ្លៃគម្រោងថាមពលកកើតឡើងវិញនៅក្នុងប្រទេសចំនួន ៥ រួមមានប្រទេសអេត្យូពី ទុយនេស៊ី កម្ពុជា អាស៊ែបៃហ្សង់ និងអ៊ូសបេគីស្ថាន។ នេះយោងតាមកាសែត Thomson Reuters។

នាយកប្រតិបត្តិរូបនេះបន្ថែមថា ក្រមហ៊ុនក៏កំពុងអភិវឌ្ឍគម្រោងថាមពលកកើតឡើងវិញនៅឥណ្ឌូណេស៊ីក្នុងតម្លៃប្រមាណ ៥០០ លានដុល្លារ និងមានគោលបំណងពង្រីកផលប័ត្ររបស់ខ្លួននៅហ្ស៊កដានី និងម៉ារ៉ុកក៏ដូចជាការពង្រីកប្រតិបត្តិការរបស់ខ្លួននៅអារ៉ាប់ប៊ីសាអូឌីត និងអារ៉ាប់រួម។

ពាក់កណ្តាលនៃផលប័ត្ររបស់ក្រុមហ៊ុន ACWA Power មានមូលដ្ឋាននៅប្រទេសអារ៉ាប់ប៊ីសាអូឌីតជាមួយបណ្តាប្រទេសដែលមានមូលនិធិទ្រព្យសម្បត្តិរដ្ឋ និងមូលនិធិវិនិយោគសាធារណៈ (PIF) ដែលកាន់កាប់ ២៥% របស់ក្រុមហ៊ុនក្រុមហ៊ុន៕

គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅក្នុងខេត្តចំនួន២នឹងត្រូវកែលម្អឡើងវិញ

ដោយវុត្ថា

ភ្នំពេញ៖ គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅក្នុងខេត្តចំនួន២ រួមមានផ្លូវជាតិលេខ៧ លេខ៧៣ លេខ៣៧៧ និង៣៧៧A ស្ថិតក្នុងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ នឹងត្រូវបានកែលម្អលើកគុណភាពឲ្យប្រសើរឡើងវិញ។ នេះ បើតាមការផ្សព្វផ្សាយរបស់ក្រសួងសាធារណៈ និងដឹកជញ្ជូននៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២០។

ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងធ្វើការកែលម្អឡើងវិញនូវផ្លូវជាតិលេខ ៧ (គ.ម ៣០០ ដល់ ៣៣១+២៥០) ផ្លូវជាតិលេខ ៧៣(គម ០០ ដល់ ៥០+០០០) ផ្លូវខេត្តលេខ ៣៧៧(គមលេខ ០០+៥០០ ដល់ ៣៦+០០០) និង ៣៧៧A(គមលេខ ០០+០០០ ដល់ ១៣+៦០០) ស្ថិតក្នុងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ដើម្បីកែលម្អលើកគុណភាពឲ្យប្រសើរឡើងវិញ ។

គម្រោងកែលម្អនេះ ត្រូវបានផ្តល់ហិរញ្ញប្បទានវិនិយោគដោយធនាគារពិភពលោក (World Bank) ដែលនឹងធ្វើការចាក់អ៊ុតក្រាលកៅស៊ូ AC និងកៅស៊ូពីរជាន់ DBST ព្រោះវារឹងមាំធន់ទៅនឹងការបម្រែបម្រួលអាកាសធាតុ សំដៅជួយសម្រួលដល់ការធ្វើដំណើរពីតំបន់ជនបទ ឆ្ពោះទៅកាន់សាលារៀន មណ្ឌលសុខភាព ផ្សារ ទីប្រជុំជន និងបណ្តាញផ្លូវសំខាន់ៗផ្សេងទៀត ៕

រដ្ឋបាលរាជធានីភ្នំពេញបង្កើនការយកចិត្តទុកដាក់លើទីក្រុងបែបបៃតង

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងដាំដើមឈើ៤០០០០ដើម នៅតាមទីកន្លែងនានា ដូចជាសាលារៀន វត្តអារាម មន្ទីរពេទ្យ តាមផ្លូវ និងតាមមាត់ទន្លេជាដើម ដើម្បីប្រែក្លាយរាជធានីភ្នំពេញជាទីក្រុងបៃតង។

នៅក្នុងរបាយការណ៍វេទិកានគរូបនីយកម្មកម្ពុជា របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលបានផ្សព្វផ្សា យកាលពីម្សិលមិញនេះ បានស្រងសំដីរបស់ លោក ស៊ុយ សេងរិទ្ធ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា រាជធានីភ្នំពេញបានដាក់ចេញនូវអាទិភាពចំនួន៨ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ខ្លួន តាមរយៈការអភិវឌ្ឍន៍ទីក្រុងបៃតង។

លោកបន្តថា ការដាក់ចេញនូវអាទិភាពទាំង៨នេះ ធ្វើឡើងដើម្បីប្រែក្លាយជាទីក្រុងដែលមានបរិយាបន្ន ភាពធន់ និងចីរភាព ដូជាការរៀបចំផែនការអភិវឌ្ឍន៍ទីក្រុង ការឆ្លើយតបចំពោះភាពងាយរងគ្រោះ ថាមពល ការដឹកជញ្ជូន បរិស្ថាន សមណង់ ផលិតកម្ម  ការគ្រប់គ្រងសំណល់រឹង ការអភិវឌ្ឍលំហសាធារណៈ និងការការពារបេតិកភណ្ឌវប្បធម៌។

លោកបន្តថា ផែនការអភិវឌ្ឍន៍អភិវឌ្ឍន៍ទីក្រុងប្រកដោយចីរភាព សម្រាប់រាជធានីភ្នំពេញ ត្រូវបានប្រកាសផ្សព្វផ្សាយ ដែលផ្តល់ឱ្យភាគីពាក់សំខាន់ៗ នូវផែនទីបង្ហាញផ្លូវឆ្ពោះទៅសម្រេចឱ្យបាននូវការអភវិឌ្ឍន៍បៃតង។

លោកឃួង ស្រេង អភិបាករាជធានីភ្នំពេញកាលពីកន្លងមកថ្មីៗនេះ បានដាក់ចេញ Master Plan ដាំដើមឈើក្នុងរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់សោភណភាពទីក្រុងផង និងជាការរួមចំណែកកាត់បន្ថយការបំពុលបរិស្ថាន ដែលកើតចេញពីយានជំនិះប្រចាំថ្ងៃផងដែរ ហើយការដាំដើមឈើតាមមហាវិថី វិថី និងផ្លូវជាតិសំខាន់ៗត្រូវតែដាំដើមឈើឡើងវិញ។

លោកថ្លែងថា ប្រភេទដើមឈើដែលត្រូវយកមកដាំ មានដើមក្ងោក ដើមត្របែកព្រៃ ដើមបេង នាងនួន ធ្នង់ គគីរ ដើមរាំងដើមឈើទាល និងដើមសណ្ដាន។ លោកក៏បានស្នើថា យើងទាំងអស់គ្នាត្រូវចូលរួមរក្សាធម្មជាតិ ដើមឈើដែលមានស្រាប់ ដើមឈើគឺជាជីវិតរបស់មនុស្ស ដើមឈើពិតជាមានសារៈសំខាន់ណាស់ក្នុងបរិស្ថាន ធម្មជាតិ និងជាអុកស៊ីហ្សែនសម្រាប់មនុស្សស្រូបយកគ្រប់ៗរូប៕

ក្រុមហ៊ុនម៉ាឡេស៊ីធំមួយបោះទុន ៧,៣៤ លានដុល្លារលើការបញ្ជូនអគ្គិសនីដល់គម្រោងរ៉ែមាសមួយនៅកម្ពុជា

ដោយ ប៊ី
ភ្នំពេញ៖ ក្រុមហ៊ុន Pestech International Bhd បានចុះហត្ថលេខាកិច្ចសន្យាតម្លៃ ៧,៣៤ លានដុល្លារអាមេរិកសម្រាប់គម្រោងរុករករ៉ែមួយនៅប្រទេសកម្ពុជា ដែលនឹងពាក់ព័ន្ធនឹងដំណើរការសម្រាប់ការបញ្ជូនអគ្គិសនី ២៣០/១១ គីឡូវ៉ុលសម្រាប់អណ្តូងរ៉ែមាសអូរខ្វាវ។
ក្រុមហ៊ុន Pestech បានឱ្យដឹងថា គម្រោងនេះគឺជាទ្រព្យសកម្មបញ្ចូនអគ្គិសនីទៅកាន់អណ្តូងរ៉ែមាសដំបូងគេដែលត្រូវអនុវត្តដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនឈ្មោះ Pestech (ខេមបូឌា) ភីអិលស៊ី និងបានចាប់ផ្តើមនៅថ្ងៃទី ១ ខែមីនា ហើយនឹងត្រូវបញ្ចប់ក្នុងរយៈពេល ១២ ខែនៃការចាប់ផ្តើម។

គម្រោងរ៉ែមាសអូរខ្វាវ ដែលគ្រប់គ្រងដោយក្រុមហ៊ុនរុករករ៉ែដែលចុះបញ្ជីដោយអូស្រ្តាលី Emerald Resources NL ដែលជាក្រុមហ៊ុនរុករករ៉ែបានចុះបញ្ជីនៅអូស្រ្តាលីតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ Renaissance Minerals (ខេមបូឌា) អិលធីឌី ពាក់ព័ន្ធនឹងការអភិវឌ្ឍអូរខ្វាវនៅខេត្តមណ្ឌលគីរី ភាគខាងកើតប្រទេសកម្ពុជា។
ក្រុមហ៊ុន បានឱ្យដឹងថា “គម្រោងនេះនឹងចូលរួមចំណែកជាវិជ្ជមានឆ្ពោះទៅរកប្រាក់ចំណូល និងប្រាក់ចំណូលរបស់ Pestech ស្របតាមដំណាក់កាលនៃការរីកចម្រើនរបស់គម្រោងដែលត្រូវបានទទួលស្គាល់នៅក្នុងឆ្នាំ ដែលបញ្ចប់នៅថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២០ ដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២១”។

ក្រុមហ៊ុននេះបានបន្ថែមទៀតថា ខ្លួននៅតែបន្តបម្រើសេចក្តីត្រូវការអគ្គិសនីដែលអាចជឿទុកចិត្តបាននៅក្នុងតំបន់ ដែលមានសារៈសំខាន់ ជាពិសេសចំពេលដែលការរីករាលដាលនៃ Covid-19 បច្ចុប្បន្ន។
ក្រុមហ៊ុន Pestech បានកើនឡើងមួយសេន ឬ ១,១ ភាគរយដល់ ៨៩ សេនដោយផ្តល់ឱ្យក្រុមហ៊ុននូវមូលធនទីផ្សារចំនួន ៦៧៩,៣៧ លានរីងហ្គីត (លុយម៉ាឡេស៊ី)៕

រដ្ឋាភិបាលអនុម័តគម្រោងរោងចក្រកាត់ដេរថ្មីមួយទៀត តម្លៃ ៤លានដុល្លារនៅក្រុងតាខ្មៅ

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគរោងចក្រកាត់ដេរថ្មីមួយទៀត តម្លៃ ៤ លានដុល្លារអាមេរិកស្ថិតនៅផ្លូវជាតិលេខ២១A ភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល បើទោះកម្ពុជាបាននឹងកំពុងប្រយុទ្ធប្រឆាំងទៅនឹងជំងឺផ្លូវដង្ហើមប្រភេទថ្មី កូវីដ ១៩។

យោងតាមការផ្សព្វផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងនៅល្ងាចថ្ងៃទី ២៦ខែមីនា នេះ ថា តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ របស់ក្រុមហ៊ុន CANAAN TEXTILE CO., LTD. គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើ មានទុនវិនិយោគប្រមាណ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០២៣នាក់។

ក្រុងតាខ្មៅ ដែលស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ គឺជាទីតាំងដែលមានអំណោយផលយ៉ាងប្រសើរ ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យអចលនទ្រព្យ រោងចក្រ និងសហគ្រាស។
យោងតាមរបាយការណ៍រដ្ឋបាលខេត្តកណ្តាលឱ្យដឹងថា ក្រុងតាខ្មៅ គឺជាទីប្រជុំជនរបស់ខេត្តស្ថិតនៅជាប់ដងទន្លេបាសាក់និងស្ទឹងព្រែកត្នោត មានសក្តានុពលអភិវឌ្ឍន៍លើវិស័យលំនៅឋាន រោងក្រសហគ្រាស កសិកម្ម មជ្ឈមណ្ឌលសិក្សាអប់រំ និងជាតំបន់ស្នាក់នៅដ៏ទាក់ទាញ ។
ក្រុងតាខ្មៅមានព្រំប្រទល់រដ្ឋបាលខាងលិចជាប់ខណ្ឌដង្កោនៃរាជធានីភ្នំពេញ ខាងកើតជាប់ទន្លេបាសាក់ខាងជើងជាប់ខណ្ឌមានជ័យនៃរាជធានីភ្នំពេញខាងត្បូងជាប់ស្រុកស្អាងនិងស្រុកកណ្តាលស្ទឹង ដែលមានប្រជាពលរដ្ឋរស់នៅប្រមាណ៦៧,៦២៦ នាក់ ។

ប្រជាពលរដ្ឋ ៧៩% ប្រកបរបរ ផ្នែកសេវាកម្ម (ដឹកជញ្ជូន មន្រ្តីរាជការ បុគ្គលិក កម្មករ…) ១៩.២៥% ប្រកបរបរកសិកម្ម ក្រៅពីនេះប្រកបរបរ ផ្សេងៗទៀត៕

ធនាគារពិភពលោកៈ ការលើកកម្ពស់គណនេយ្យភាពក្នុងការផ្តល់សេវាសាធារណៈមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍកម្ពុជា

ដោយ ប៊ី

ភ្នំពេញៈ ធនាគារពិភពលោកបានលើកឡើងថា ការលើកកម្ពស់គណនេយ្យភាពសង្គម នៅតាមផ្នែកសេវាសាធារណៈសំខាន់ៗមួយចំនួន មានដូចជា មណ្ឌលសុខភាព សាលាបឋមសិក្សា និងរដ្ឋបាលមូលដ្ឋាន ក្នុងខេត្តមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ពលរដ្ឋទូទៅទទួលបាន គុណភាពសេវាសាធារណៈកាន់តែប្រសើរឡើង។


បើទុកជាមានការកែលម្អ បានប្រសើរឡើងច្រើនគួរសមហើយក្តី នូវលទ្ធភាពទទួលបានសេវាសាធារណៈនានានៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ គុណភាពរបស់សេវានេះនៅតែជាបញ្ហាប្រឈមមួយនៅឡើយ។ ការផ្តល់មតិដោយផ្ទាល់ពីសំណាក់អ្នកប្រើប្រាស់ដែលបានជ្រាបអំពីសេវាទាំងនេះ ជាពិសេសពីសំណាក់ពលរដ្ឋទូទៅតែ  ម្តង គឺជាកត្តាសំខាន់មួយជំរុញ ឱ្យសេវាសាធារណៈនានាទទួលបាន ការកែលម្អគុណភាពកាន់តែប្រសើរឡើងនៅជុំវិញពិភពលោក។

លោកស្រី អ៊ីងហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងប្រចាំប្រទេសកម្ពុជារបស់ធនាគារពិភពលោកមានប្រសាសន៍ថា ការពង្រឹងការចូលរួមរបស់ពលរដ្ឋ គឺជាចំណុចផ្តោតយកចិត្តទុកដាក់មួយ នៅក្នុងចំណោមផ្នែកសំខាន់ៗនានា នៅក្នុងឯកសារក្របខណ្ឌភាពជាដៃគូរបស់ធនាគារពិភពលោក ប្រចាំនៅប្រទសកម្ពុជា។

លោកស្រីបានបន្ថែមថា ធនាគារពិភពលោក បានចាត់ទុកក្របខណ្ឌគណនេយ្យភាពសង្គមរបស់រដ្ឋាភិបាលថា ជាកិច្ចខិតខំទូទៅដ៏សំខាន់មួយ សម្រាប់បំពេញទៅលើការវិនិយោគក្នុងវិស័យអប់រំ សុខាភិបាល ការផ្គត់ផ្គង់ទឹកស្អាត និងសេវាដទៃទៀត តាមរយៈអភិក្រមជាលក្ខណៈប្រព័ន្ធ និងប្រកបដោយចីរភាព ដើម្បីប្រមែប្រមូលពលរដ្ឋឱ្យចូលរួមពាក់ព័ន្ធ និងពង្រឹងសមត្ថភាពរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ សំដៅធ្វើយ៉ាងណាតម្រូវឱ្យអ្នកផ្តល់សេវាមានគណនេយ្យភាព នៅក្នុងការបំពេញមុខងាររបស់ខ្លួន


លោក ង៉ាន ចំរើន រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងជាប្រធាននៃលេខាធិការ  ដ្ឋានរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិមានប្រសាសន៍ថា រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្ត ផ្នែកនយោបាយយ៉ាងមុតមាំក្នុងការអនុវត្តក្របខណ្ឌគណនេយ្យភាព ISAF នេះ ដើម្បីពង្រឹងសិទ្ធិអំណាចដល់ពលរដ្ឋ ពង្រឹងភាពជាដៃគូ រវាងរដ្ឋបាលថ្នាក់ក្រោមជាតិនិងពលរដ្ឋ និងពង្រីកគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមទាំងនោះ ឱ្យកែលម្អការផ្តល់សេវាសាធារណៈ បានកាន់តែមានប្រសិទ្ធភាព។ 

លោកបានបន្ថែមទៀតថា ការពង្រីកវិសាលភាពគ្រប់ដណ្តប់របស់ISAF នឹងកាន់តែបង្កើន សមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព និងកាន់តែមានគណនេយ្យភាព  និងក្នុងការឆ្លើយតបទៅតាមការវិវត្តន៍ប្រែប្រួលនូវសេចក្តីត្រូវការរបស់ពលរដ្ឋ និងវិស័យឯកជន នាពេលអនាគត

ធនាគាពិភពលោកបានអនុម័ត ជំនួយឥតសំណងចំនួនពីរកញ្ចប់បំពេញបន្ថែមទៀត សម្រាប់គាំទ្រដល់គណនេយ្យភាពសង្គម នៅតាមផ្នែកសេវាសាធារណៈសំខាន់ៗមួយចំនួន មានដូចជា មណ្ឌលសុខភាព សាលាបឋមសិក្សា និងរដ្ឋបាលមូលដ្ឋានក្នុងខេត្តចំនួន១០នៃប្រទេសកម្ពុជា៕


ពហុកីឡដ្ឋានមរតកតេជោតម្លៃ ១៦០លានដុល្លារ នៅតែបន្តដំណើរការសាងសង់ឱ្យចប់ក្នុងឆ្នាំនេះ

ដោយ ហ្សូលី

ភ្នំពេញៈ ពហុកីឡាដ្ឋានមរតកតេជោ នៅតែបន្តដមណើរការសាងសង់ជាធម្មតា បើទោះបីជាកម្ពុជាកំពុងប្រឈម នឹងការរីករាលដាលនៃវីរុសកូរ៉ូណាឬកូវីដ១៩ក្តី។


អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា បច្ចុប្បន្នកីឡាដ្ឋានមរតកតេជោនេះ កំពុងតែដំណើរការសាងសង់ និងពន្លឿនឱ្យកាន់តែលឿន ជាពិសេសមានការតម្លើងគ្រឿងដង្គុំសំខាន់ៗដែលជិតរួចរាល់នៅពេលខាងមុខផងដែរ។

លោកបន្តថា ពេលវេលាដែលកីឡដ្ឋានមរតកតេជោ អាចបញ្ចប់ការសងសង់ជាស្ថាពរនោះគឺនៅដំណាច់ឆ្នាំ២០២០ ព្រោះបើតាមការពិនិត្យនិងប៉ាន់ស្មាន ការសាងសង់នៅសល់ប្រមាណ២០ ទៅ៣០ភាគរយទៀត


លើសពីនេះ លោកបានមានប្រសាសន៍ថា ចំពោះស្ថានភាពបច្ចុប្បន្នពិតជាមិនមានអ្វីគួរឱ្យបារម្ភឡើយ ទោះមានវីរុសកូរ៉ូណាឬកូវីដ១៩ក៏ពិតមែន តែមិនបានប៉ះពាល់ដល់ដំណើរការសាងសង់ឡើយ។ ជាក់ស្តែងក្រុមហ៊ុនបានចាត់វិធានការមួយចំនួន បង្ការ និងទប់ស្កាត់វីរុស ទាំងកម្មករជនជាតិចិន និងកម្ពុជា ដែលមិនអនុញ្ញាតឱ្យចាកចេញពីបរិវេណការដ្ឋានឡើយ។ ចំណែកឯបញ្ហាហិរញ្ញវត្ថុឯណោះវិញ គឺគ្មានអ្វីជាបញ្ហាចោទឡើយព្រោះថា គម្រោងមួយនេះមានដើមទុនស្រាប់ក្នុងការចំណាយ។

ពហុកីឡដ្ឋានមរតកតេជោ គឺជាហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលប្រទេសចិន ដែលគ្រោងចំណាយទុនប្រមាណ១៦០លានដុល្លារ ដែលអាចផ្ទុកមនុស្សបានជាង៦ម៉ឺននាក់ សាងសង់នៅលើផ្ទៃដីជាង១៦ហិកតា ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោចង្វារ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣៕

ការសិក្សាៈ នគរូបនីយកម្មកម្ពុជានឹងកើនដល់ ៤៤ភាគរយ នៅក្នុងឆ្នាំ២០៣០

ដោយវុត្ថា

ភ្នំពេញៈ ការសិក្សាថ្មីមួយបានបង្ហាញថា នគរូបនីយកម្មត្រូវបាន់ស្មានថា នឹងកើនដល់ប្រមាណ៤៤ % ខណៈឆ្នាំ២០១៥បង្ហាញថា នគរូបនគរូបនីយកម្មមានកម្រិតត្រឹម២៧, % ក្នុងឆ្នាំ២០០៨ និង៣០ % នៅក្នុងឆ្នាំ២០១៤។


យោងតាមរបាយការណ៍វេទិកានគរូបនីយកម្មកម្ពុជា របស់ក្រសួងរៀបចំដែននគរូបនីយកម្ម និងសំណង់ចេញផ្សាយនៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២០នេះ បានប្រាប់ពីមូលហេតុថា ដោយសារតែកំណើនប្រជាពលរដ្ឋពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្តែងនាពេលបច្ចុប្បន្ននេះ មានប្រជាពលរដ្ឋកើនឡើងប្រមាណ១៦លាននាក់ ខណៈនៅក្នុងទីក្រុងភ្នំពេញមានជាង២លាននាក់។

រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់លោក ប៉ែន សុផល បានឱ្យដឹងដែរថា ការអភិវឌ្ឍន៍នគរូបនីយកម្ម អចលនទ្រព្យ និងសំណង់កំពុងមានសន្ទុះដ៏លឿន បានក្លាយជាសសរស្តម្ភស្នូល នៃការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យសម្រេចបានក្នុងរង្វង់៧ % ក្នុង១ឆ្នាំៗ ក្នុងរយៈពេលកន្លងមកនេះ

លោកបន្តថា ក្នុងករណីនេះ យើងអាចមើលឃើញពីតម្រូវការនៃការវិនិយោគ ការរៀបចំ ការអភិវឌ្ឍ និងការគ្រប់គ្រងការអភិវឌ្ឍន៍ក្រុង ប្រកដោយភាពឆ្លាតវៃ ចីរភាព និងបរិយាបន្ន ដែលមានភាពធន់ និងមានភាពប្រកួតប្រជែងខ្ពស់


លោកបន្ថែមថា ដើម្បីធានាបាននូវម៉ាក្រូសេដ្ឋកិច្ចរឹងមំាបន្តទៀត និងឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងនៅឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់មានជាអាទិ៍ការអភិវឌ្ឍលំនៅឋាន ជាពិសេសការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ពាណិជ្ជកម្ម សេវាកម្ម ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បរិស្ថាន សេដ្ឋកិច្ច សង្គម បណ្តាញផ្លូវ ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនីយ៍ ប្រព័ន្ធលូ ប្រព័ន្ធការពារទឹកជំនន់ ស្ថានីយប្រព្រឹត្តិកម្មទឹកខ្វក់ ការគ្រប់គ្រងសំណល់រឹងរាវ លំហសាធារណៈ និងផ្ទៃបៃតង បរិក្ខារទីក្រុង។

យោងតាមការសិក្សា (NIS, ២០១៤ )បានប៉ាន់ប្រមាណថានៅក្នុងឆ្នាំ ២០៣០ កំណើនប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងភ្នំពេញ នឹងកើនដល់ចំនួន៣៦,% នៃប្រជាពលរដ្ឋសរុបនៅទូទាំងប្រទេស ខណៈនគរូបនីយកម្មនៅកម្ពុជាកំពុងមានសន្ទុះ និងវិសាលភាពធំដែលមិនធ្លាប់មានពីមុនមក។

តាមការព្យការណ៍ផ្លូវការនៅត្រឹមឆ្នាំ២០៣០ ប្រជាជនកម្ពុជាប្រមាណមួយភាគបីនឹងរស់នៅក្នុងតំបន់ទីប្រជុំជន៕

ទីក្រុងរណបលំដាប់អន្តរជាតិវិនិយោគដោយ Empire World ជាប់គាំងនៅក្រុងបាវិត ខេត្តស្វាយរៀង

ដោយគង់ ម៉ាលីន

ភ្នំពេញ៖ ក្រុមហ៊ុនចិនធំមួយ Empire World ដែលគ្រោងវិនិយោគសាងសង់ទីក្រុងរណបថ្មីមួយ នៅក្រុងបាវិត ខេត្តស្វាយរៀងបានជាប់គាំង ខណៈមានការរាយការណ៍ថា គំរោងរបស់ក្រុមហ៊ុននេះក៏បានជាប់គាំងនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីផងដែរ។


អគ្គនាយកក្រុមហ៊ុនEmpire World លោកAric Looដែលជាអ្នកវិនិយោគគំរោងទីក្រុងរណបនេះ បានមានប្រសាសន៍ឲ្យដឹងក្នុងកំឡុងពេលរៀបចំពិធីសម្ភោធគំរោងនេះកាលពីដើមឆ្នាំមុនថា លោកបានសិក្សាពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងបណ្តាទីក្រុងសំខាន់ៗរបស់កម្ពុជា ទើបចុងក្រោយសម្រេចវិនិយោគគំរោងទីក្រុងរណបនេះឡើង ដែលជាគំរោងលំដាប់អន្តរជាតិដ៏ធំមួយ ដែលមានផ្ទៃដីជាង១០០០ហិកតា ប៉ុន្តែដំណាក់លកាលទី១ យើងអភិវឌ្ឍន៍ទីក្រុងនេះលើផ្ទៃដី៥៧ហិកតា។

លោកបន្តថាទីក្រុងរណបនេះមានរួមបញ្ចូលនូវកាស៊ីណូ សណ្ឋាគារកម្រិតផ្កាយ៥ អាផាតម៉ិនប្រណីត បណ្តុំនៃភោជនីយដ្ឋាន និងមជ្ឈមណ្ឌលបច្ចេកវិទ្យា ដើម្បីធ្វើយ៉ាងណាជួយរដ្ឋាភិបាលគ្រប់គ្រងGame Onlineនៅកម្ពុជា។លោកបន្តថារហូតមកទល់ពេលនេះមានក្រុមហ៊ុនចំនួនជាង៤០ហើយ បានសហការជាមួយយើង និងហាងអាហារ និងភេជ្ជៈល្បីៗប្រមាណ១០០បានចុះកុងត្រា ដើម្បីបើកនៅក្នុងគំរោងនេះរួចហើយ

ក្រៅពីទីក្រុងរណបនេះ ក្រុមហ៊ុនរបស់ចិនមួយទៀត ក៏បានបើកដំណើរការសាងសង់ទីក្រុងរណបលើផ្ទៃដី៧ហិកតា នៅក្នុងទីក្រុងបាវិតរួចហើយ ដោយដាក់ឈ្មោះទីក្រុងហេងហេង។

លោកAric Looបានមានប្រសាសន៍ឲ្យដឹងទៀតថា ក្រុងបាវិតមានលក្ខណៈពិសេសជាច្រើន ដោយស្ថិតនៅក្នុងគំរោងខ្សែក្រវ៉ាត់១ ផ្លូវមួយរបស់ចិន និងមានទីតាំងនៅកៀកនឹងក្រុងហូ ជីម៉ិញប្រទេសវៀតណាម ដែលងាយស្រួលក្នុងការដឹកជញ្ជូននិងពង្រីកការតភ្ជាប់លើវិស័យពាណិជ្ជកម្ម។

តាមព៌តមានជាក់លាក់បានឲ្យដឹងថា បច្ចុប្បន្នមានជនជាតិចិន និងអ្នកវិនិយោគចិនប្រមាណ៥០,០០០នាក់ បាននិងកំពុងធ្វើការ និងវិនិយោគនៅទីក្រុងនេះ ដែលនៅឆ្នាំ២០២៥ខាងមុខ ទីក្រុងបាវិតនឹងមានមនុស្សរស់នៅប្រមាណ២០ម៉ឺននាក់។


លោកAric Looបានបន្តថា គោលដៅនៃការអភិវឌ្ឍទីក្រុងរណបនេះ យើងនឹងសហការជាមួយដៃគូវិនិយោគអន្តរជាតិដទៃទៀត ដែលបច្ចុប្បន្នមានក្រុមហ៊ុនកាន់តែច្រើនបានចាប់អារម្មណ៍ ក្រៅពីដៃគូដែលយើងមានប្រមាណ៤០ក្រុមហ៊ុនរួចហើយ។

រដ្ឋាភិបាលកម្ពុជាបានដាក់ក្រុងបាវិត ជាតំបន់អភិវឌ្ឍន៍ឧស្សាហកម្ម ក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ជាមួយទីក្រុងពីរផ្សេងទៀត គឺខេត្តព្រះសីហនុ និងក្រុងប៉ោយប៉ែត។

ក្រុងនៃឧស្សាហកម្មមានន័យថា រដ្ឋាភិបាលនឹងរៀបចំហេដ្ឋារចនាសម្ព័ន្ឋទាំងផ្នែករ៉ឹង និងផ្នែកទន់ ដើម្បីប្រែក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្ម ពាណិជ្ជកម្ម និងហិរញ្ញវត្ថុលំដាប់ពិភពលោក។

ទោះជាយ៉ាងណារហូតមកទល់ពេលនេះ មិនមានការពន្យល់ណាមួយពីថ្នាក់ដឹកនាំក្រុមហ៊ុនEmpire Worldទាក់ទងនឹងមូលហេតុនៃការពន្យាពេលរបស់គំរោងនេះទេ ប៉ុន្តែប្រភពព៌តមានដែលអាចទុកចិត្តបានអះអាងថា ការជាប់គាំងគំរោងនេះដោយសារការស្ទះលំហូរសាច់ប្រាក់មកពីប្រទេសចិន ដោយសាររដ្ឋាភិបាលចិនបានរឹតបន្តឹងលំហូរមូលធនចេញក្រៅប្រទេស៕


កម្ពុជានឹងត្រូវការហិរញ្ញប្បទានពីបរទេស ១៨០០លានដុល្លារ ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ

ដោយៈ រ៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាត្រូវការកម្ចីហិរញ្ញប្បទាន ពីបរទេសប្រមាណ៧,៥៣១ ប៊ីលានរៀល ស្មើនឹងប្រមាណ១,៨៤៨លានដុល្លារ ដើម្បីបង្កើនល្បឿន និងធ្វើពិពិធកម្មសេដ្ឋកិច្ចឱ្យកាន់តែល្អប្រសើរនៅឆ្នាំ២០២០នេះ។


យោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ក្នុងឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញឱ្យដឹងថា ដោយសម្អាងទៅលើទិដ្ឋភាពជាក់ស្ដែង សំខាន់ៗដូចជា កំណើននៃតម្រូវការទុនវិនិយោគយ៉ាងគំហុក នៅក្នុងវិស័យហេដ្ឋារចនាស ម្ព័ន្ធ និងសេវាសាធារណៈ ទាំងទំហំ បរិមាណ និងគុណភាព សម្រាប់ជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែល្អប្រសើរ នៅក្នុងដំណាក់កាលថ្មីឆ្នាំ២០២០នេះ តាមការព្យាករណ៍ កម្ពុជាត្រូវការកម្ចីហិរញ្ញប្បទាន ពីក្រៅប្រទេសប្រមាណ១៨៤៨លានដុល្លារ។

អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិតហុង វណ្ណៈ បានមានប្រសាសន៍ឲ្យដឹងកាលល្ងាចថ្ងៃទី២៦ ខែមីនាឆ្នាំ២០២០ថា រាល់គម្រោង និងតម្រូវការកម្ចីហិរញ្ញប្បទាន ពីបរទេសរបស់រដ្ឋាភិបាល គឺសុទ្ធតែត្រូវបានឆ្លងកាត់នូវការសិក្សាលម្អិតពីតម្រូវការជាក់ស្ដែង និងលទ្ធភាពរបស់កម្ពុជាក្នុងការសងបំណុលទាំងអស់។

លោកបណ្ឌិតអះអាងថា មិនមែនមានតែកម្ពុជានោះទេ ដែលត្រូវការហិរញ្ញប្បទានពីបរទេស ដែលក្នុងសូម្បីតែបណ្តាប្រទេសអភិវឌ្ឍន៍មួយចំនួន នៅក្នុងតំបន់ក៏មានតម្រូវការដូចគ្នា សំខាន់ត្រង់ថាម្ចាស់កម្ចី ជាពិសេសធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី យល់ស្របទៅនឹងលទ្ធភាពរបស់ប្រទេសមានតម្រូវការមូលធន និងការផ្តល់កម្ចីតែប៉ុណ្ណោះ


លោកបន្តថា សម្រាប់តម្រូវការ និងការខ្ចីបុលរបស់កម្ពុជាក្នុងឆ្នាំ២០២០នេះ បូកនឹងបំណុលចាស់ ដែលកម្ពុជាជំពាក់បរទេស វានៅមិនទាន់ហួសពីលទ្ធភាព ក្នុងការសងត្រឡប់នោះទេ ព្រោះមុនពេលផ្តល់នូវកម្ចី ប្រទេសម្ចាស់ជំនួយ ក៏ដូចជាធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍ជាដើម គឺពួកគេសិក្សាយ៉ាងលម្អិតទៅលើលទ្ធភាពនៃការផ្តល់ និងលទ្ធភាពនៃការសង់របស់កម្ពុជា។

លោកបញ្ជាក់ថា ជាទូទៅរាល់ទំហំនៃប្រាក់កម្ចីទាំងអស់ ត្រូវបានគេធ្វើការគណនា និងប្រៀបធៀបក្នុងអត្រាប្រមាណ២០ភាគរយ នៃចំនួនGDPសរុប ដែលអាចសមស្របទៅនឹងលទ្ធភាពសង់ត្រឡប់

ដោយឡែកតម្រូវការហិរញ្ញប្បទានសម្រាប់ឆ្នាំ២០២០នេះ ក៏មិនទាន់លើសលប់សម្រាប់កម្ពុជានោះដែរ ហើយភាគច្រើនគម្រោងជំនួយមួយចំនួន ក៏ត្រូវបានម្ចាស់ជំនួយ និងរដ្ឋាភិបាលកម្ពុជា បានធ្វើការព្រមព្រៀងរួចជាបណ្តើរៗ ដែលក្នុងនោះរួមមានដូចជាគម្រោងជំនួញស្ថាបនាផ្លូវជាតិលេខ៥ (ជំនួញរបស់ជប៉ុន) គម្រោងស្ថាបនាផ្លូវជាតិលេខ១០ (ជំនួញរបស់ចិន) និងគម្រោងផ្លូវជាតិលេខ២ (ជំនួញរបស់កូរ៉េ)ជាដើម៕