ដោយៈ រ៉ាណេត
ព្រះសីហនុៈ កំណើននៃតម្រូវការទីផ្សារជួលអាគារ ក្នុងក្រុងព្រះសីហនុនៅដើមឆមាសទី២ឆ្នាំ២០២០ បានចាប់ផ្តើមមានសន្ទុះឡើងវិញគួរឱ្យកត់សម្គាល់ ខណៈដែលកំណើនទេសចរក្នុងស្រុក និងអន្តរជាតិ ជាពិសេសការវិលត្រឡប់របស់វិនិយោគិនចិនមកកាន់មជ្ឈមណ្ឌលពាណិជ្ជកម្ម ជាប់មាត់សមុទ្រមួយនេះចាប់ផ្តើមកើនឡើងខ្ពស់។
ចាប់តាំងពីមានភាពស្ងប់ស្ងាត់ពីការរាតត្បាតនៃជំងឺឆ្លង ទាំងកំណើនទេសចរក្នុងស្រុក និងអន្តរជាតិ ជាពិសេសការវិលត្រឡប់របស់វិនិយោគិនចិន មកកាន់ក្រុងព្រះសីហនុមានកំណើនជាប់ជាប្រចាំ ពោលគឺចាប់តាំងពីក្នុងអំឡុងខែឧសភា ឆ្នាំ២០២០ និងបន្តរហូតមកដល់បច្ចុប្បន្ន ដែលជំរុញឱ្យតម្រូវការទីផ្សារជួលអាគារ មានសកម្មភាពឡើងវិញ។
នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់ រដ្ឋបាលខេត្តព្រះសីហនុកាលពីរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ។
លោកនង ឌីណារ៉ា ប្រធានការិយាល័យទំនាក់ទំនងសាធារណៈ និងពិធីការនៃរដ្ឋបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទថា ចាប់តាំងពីអំឡុងខែឧសភា ឆ្នាំ២០២០ បន្ទាប់ពីស្ថានភាពនៃជំងឺ Covid-19 មានភាពស្ងប់ស្ងាត់ ជាពិសេសនៅក្នុងប្រទេសកម្ពុជា មានការទប់ស្កាត់បានល្អនោះ កំណើនទេសចរក្នុងស្រុកចាប់ផ្តើមមានកំណើនជាបន្តបន្ទាប់ ខណៈដែលបញ្ហាសណ្តាប់ធ្នាប់ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់នានានៅទូទាំងខេត្តជិតបញ្ចប់ជាស្ថាពរ។
លោកបានបញ្ជាក់ថា “ក្រៅពីកំណើនទេសចរក្នុងស្រុក បច្ចុប្បន្ននេះក៏មានវត្តមានរបស់ទេសចរ និងវិនិយោគិនចិន ដែលវិលត្រឡប់មកកាន់ក្រុងព្រះសីហនុវិញដែរ ដែលក្នុងនោះភាគច្រើនជាវិនិយោគិនចាស់ មកបញ្ចប់គម្រោងរបស់ពួកគេ ដែលបន្សល់ទុកមុនពេលកើតមានវិបត្តិជំងឺរាតត្បាត” ។ លោកបន្តថា“ទាំងការវិលត្រឡប់របស់វិនិយោគិន និងទេសចរចិន បានជួយជំរុញឱ្យទីផ្សារនៃការជួលអាគារសម្រាប់ស្នាក់នៅ ក៏ដូចជាអាគារអាជីវកម្មដែលធ្លាប់ស្ងាប់ស្ងាត់នោះ ចាប់ផ្តើមមានតម្រូវការវិញ ហើយវាក៏ជាសញ្ញាល្អមួយផ្នែកនៅក្នុងចំណោមផ្នែកដទៃទៀត នៃវិស័យអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុ” ។
មុនការផ្ទុះឡើងនៃករណីវីរុស Covid-19 ដែលវិស័យអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុ មានសន្ទុះយ៉ាងខ្លាំងក្លាហួសការស្មានទុកនោះ វត្តមានរបស់ប្រជាជនចិនសរុបនៅក្នុងខេត្តមួយនេះមានប្រមាណ៨០,០០០ នាក់ ឬជិតពាក់កណ្តាលនៃចំនួនប្រជាជនសរុបរបស់ខេត្តព្រះសីហនុ ខណៈពួកគេបានមកធ្វើការវិនិយោគយ៉ាងច្រើ នលើវិស័យទេសចរណ៍ កាស៊ីណូ សំណង់ សេវាកម្ម ផលិតកម្ម និងរហូតដល់អាជីវកម្មចល័តតូចតាចនៅតាមដងផ្លូវ។
ដោយឡែក ផ្អែកតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ ខេត្តព្រះសីហនុបានបញ្ជាក់ថា ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២០ ភ្ញៀវទេសចរចំនួន៤៧៣,២៥៧ នាក់បានមកកម្សាន្តនៅខេត្តព្រះសីហនុ ដែលចំនួនេះមានការធ្លាក់ចុះចំនួន១,៣៤៧,០១៣ នាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ៕