កូរ៉េខាងត្បូងវិនិយោគ១,៧០០លានដុល្លារលើអចលនទ្រព្យនៅក្រៅប្រទេស

ដោយ ប៊ី

ភ្នំពេញៈ អ្នកទិញជនជាតិកូរ៉េខាងត្បូង បានចំណាយប្រាក់១៧ពាន់លានដុល្លារលើអចលនទ្រព្យនៅក្រៅប្រទេស ក្នុងអំឡុងឆ្នាំ២០១៩ ដែលធ្វើឱ្យប្រទេសនេះក្លាយជាអ្នកវិនិយោគអចលនទ្រព្យឆ្លងដែនធំបំផុត នៅអាស៊ីប៉ាស៊ីហ្វិកកាលពីឆ្នាំមុន។

ជំរុញដោយការវិនិយោគការិយាល័យនៅទីក្រុងប៉ារីស ហ្វ្រែងហ្វើត និងព្រុចសែល វិនិយោគិនកូរ៉េកាលពីឆ្នាំមុន បានចំណាយជិតទ្វេដង នៃការវិនិយោគចំពោះអចលនទ្រព្យដែលស្ថិតនៅតំបន់អាស៊ីចំនួន៩,៦ពាន់លានដុល្លារ ដែលបានកំណត់ក្នុងឆ្នាំ២០១៧។

ដោយមានវិនិយោគិនមកពីចិនដីគោក ដែលរាំងស្ទះដោយលក្ខខណ្ឌផ្តល់ប្រាក់កម្ចីយ៉ាងតឹងរឹងក្នុងប្រទេសខ្លួន ប្រភពវិនិយោគរបស់កូរ៉េខាងត្បូង មានចំនួនជិតពាក់កណ្តាលនៃការវិនិយោគអចលនទ្រព្យទាំងអស់ ដែលបានមកពីអាស៊ីក្នុងឆ្នាំ២០១៩។

វិនិយោគិនកូរ៉េខាងត្បូង មានបំណងចំណាយដើមទុនភាគច្រើន របស់ពួកគេនៅឆ្នាំ ២០១៩នៅអឺរ៉ុប ដែលធ្វើឱ្យកិច្ចព្រមព្រៀងទិញខ្ពស់បំផុតមួយចំនួន របស់ទ្វីបនេះកាលពីឆ្នាំមុន។

ការកើនឡើងនៃការទិញទ្រព្យសម្បត្តិរបស់ជនជាតិកូរ៉េ នៅអឺរ៉ុបត្រូវបានដឹកនាំដោយក្រុមហ៊ុនHana Financial Investment ដែលបានបង្កើនការទិញអចលនទ្រព្យអឺរ៉ុបរបស់ខ្លួនចំនួន១១៦ភាគរយកាលពីឆ្នាំមុន ដោយចំណាយទឹកប្រាក់សរុបចំនួន១២ ពាន់លានអឺរ៉ូទៅលើអចលនទ្រព្យនៅលើទ្វីបនេះ។ ការទិញនេះបានធ្វើឱ្យក្រុមហ៊ុនHana ក្លាយជាអ្នកទិញធំជាងគេទី៩នៅអឺរ៉ុបកាលពីឆ្នាំមុន។

ជាផ្នែកមួយនៃការទិញរបស់ខ្លួនកាលពីឆ្នាំមុន ក្រុមហ៊ុន Hana ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល បានបញ្ចប់ការទិញអគារការិយាល័យ Squaire ចំនួន១,៣ពាន់ពាន់លានវ៉ុន (១,១ ពាន់លានដុល្លារ) ក្នុងទីក្រុង Frankfurt ពីទីក្រុង Blackstone នៅចុងឆ្នាំ ២០១៩ ដែលបានបន្ថែមអគារការិយាល័យធំបំផុត របស់ប្រទេសអាល្លឺម៉ង់ ក្នុងផលប័ត្ររបស់ខ្លួន៕

សេដ្ឋកិច្ចសកលោកខាតបង់ទឹកប្រាក់ជាង១ទ្រីលានដុល្លារ ដោយសារមេរោគកូរ៉ូណា

ដោយ ហ្សូលី

ភ្នំពេញៈ សេដ្ឋកិច្ចពិភពលោកខាតបង់ទឹកប្រាក់ យ៉ាងច្រើនសន្ធឹកសន្ធាប់ប្រមាណ ១ទ្រីលានដុល្លារ ដោយសារតែមេរោគកូរ៉ូណាឬកូវិដ១៩ បានវាយលុកជាច្រើនប្រទេស។ នេះបើយោងតាមព្យាករណ៍របស់អ្នកជំនាញផ្នែកសេដ្ឋកិច្ចឈានមុខគេ។

អ្នកជំនាញសេដ្ឋកិច្ចមកពីសកលវិទ្យាល័យOxford បានព្រមានថា ការរីករាលដា​លនៃមេរោគកូរ៉ូណាទៅកាន់តំបន់នានា ទាំងនៅខាងក្រៅទ្វីបអាស៊ី បានធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ១,៣ ភាគរយនៅឆ្នាំនេះ ដែលស្មើនឹង១,១ទ្រីលានដុល្លារក្នុងប្រាក់ចំណូលដែលបាត់បង់។

អ្នកប្រឹក្សាយោបល់បាននិយាយថា គំរូនៃសេដ្ឋកិច្ចពិភពលោករបស់ខ្លួនបានបង្ហា​ញថាវីរុសនេះកំពុងមាន“ ភាពតានតឹង” នៅពេលដែលរោងចក្របិទទ្វារនៅប្រទេសចិនហើយបានរាលដាលដល់ប្រទេសជិតខាង និងបណ្តារឱ្យក្រុមហ៊ុនធំៗជាច្រើន បានព្យា​យាមរកប្រភពដើម និងទំនិញមកពីភាគខាងកើតវិញ។

ក្រុមហ៊ុន Apple បានប្រាប់វិនិយោគិនកាលពីដើមសប្តាហ៍នេះថា ខ្លួននឹងខកខានមិនបានសំរេចតាមគោលដៅប្រាក់ចំណូល ប្រចាំត្រីមាសរបស់ខ្លួននោះទេ ដោយសារតែការផ្គត់ផ្គង់ទូរស័ព្ទiPhone មានកម្រិតបណ្តោះអាសន្ន។ ចំណែកឯការចំណាយរបស់ចិនក្នុងអំឡុងពេលមានវិបត្តិវីរុសក៏ជូបនឹងវិបត្តិធ្លាក់ចុះផងដែរ។

ក្រុមហ៊ុនផលិតយាន Jaguar Land Rover បានបន្ថែមការត្អូញត្អែរអំពីបញ្ហាផ្គត់ផ្គង់ និងបាននិយាយថា គ្រឿងបន្លាស់រថយន្តនៅឯរោងចក្រអង់គ្លេសរបស់ខ្លួន នៅចុងសប្តាហ៍ក្រោយប្រឈមនឹងការដាច់ស្តុក ប្រសិនបើមេរោគនេះបន្តរាលដាលក្នុងប្រទេសចិន។

អ្នកជំនាញសេដ្ឋកិច្ចOxford ដដែលបាននិយាយថា ពួកគេរំពឹងទុកថាទិន្នផលសរុបប្រចាំឆ្នាំរបស់ចិននឹងធ្លាក់ចុះពី ៦%នៅឆ្នាំមុន ទៅ ៥,៤% នៅឆ្នាំ ២០២០នេះបន្ទាប់ពីការផ្ទុះឡើងនៃមេរោគ។ ប៉ុន្តែប្រសិនបើវារីករាលដាល កាន់តែទូលំទូលាយនៅអាស៊ី ផលិត​ផលក្នុងស្រុកសរុបរបស់ពិភពលោក នឹងធ្លាក់ចុះ៤០០ពាន់លានដុល្លារនៅឆ្នាំ២០២០ ឬ ០,៥%។

ប្រសិនបើវីរុសឆ្លងហួសទ្វីបអាស៊ី វានិងក្លាយជាជំងឺរាតត្បាតសកល ហើយផលិ​តផលក្នុងស្រុកនឹងធ្លាក់ចុះ១,១ទ្រីលានដុល្លារឬ១,៣ ភាគរយ បើប្រៀបធៀបទៅនឹងស្ថានភាពបច្ចុប្បន្ន។ ការធ្លាក់ចុះ១,១ទ្រីលានដុល្លារ ប្រៀបបីដូចជាត្រូវបាត់បង់ទិន្នផលប្រចាំឆ្នាំរបស់ឥណ្ឌូនេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំទី១៦ នៅលើពិភពលោក។

របាយការណ៍នេះបាននិយាយថា “សេណារីយ៉ូរបស់យើងមើលឃើញថា ផលិត​ផលក្នុងស្រុកសរុបរបស់ពិភពលោក រងផលប៉ះពាល់ដោយសារការធ្លាក់ចុះ នៃការធ្វើដំណើរនិងទេសចរណ៍ ដែលជាផលប៉ះពាល់ទីផ្សារហិរញ្ញវត្ថុ និងខ្សោយការវិនិយោគ” ៕

ស្ពានវែងជាងគេតភ្ជាប់ពីកំពង់ឆ្នាំងទៅកំពង់ធំមិនទាន់កំណត់ពេលវេលា សាងសង់ជាក់លាក់

ដោយ វុត្ថា

ភ្នំពេញៈ អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានអះអាងថា រដ្ឋាភិបាលគ្រោងសាងសង់ស្ពានដែលវែងជាងគេ តម្លៃជាង២០០លានដុល្លារតភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំស្ថិតនៅក្នុងភាពស្រពិតស្រពិល  ខណៈស្ពាននេះ ត្រូវបានសិក្សាចប់សព្វគ្រប់។

លោកលោកវ៉ា ស៊ឹម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២០នេះឱ្យដឹងថា តាមគម្រោង ស្ពានដែលវែងជាងគេនេះ នឹងអាចចាប់ផ្តើមសាងសង់នៅឆ្នាំនេះ បន្ទាប់ពីសម្ពោធសាងសង់ផ្លូវជាតិលេខ១០ និងគម្រោងផ្លូវផ្សេងៗរួចរាល់ តមកដល់ពេលនេះហាក់ស្ថិតនៅក្នុងភាពស្រពិតស្រពិលនៅឡើយ។

លោកបន្តថា“មកទល់ពេលនេះ ខ្ញុំមិនទទួលបានព័ត៌មានលម្អិតជុំវិញគម្រោងស្ពាននេះ មកដល់ពេលនេះ តែបើអាច នឹងចាប់ផ្តើមធ្វើនៅក្រោយបញ្ចប់គម្រោងធំៗមាន សាងសង់ផ្លូវជាតិលេខ១០ និងគម្រោងផ្លូវ៧១ C  និងសម្ពោធដាក់ឱ្យដំណើរការស្ពានស្ទឹងត្រង់ និងគម្រោងផ្សេងៗទៀត ពោលអាចនឹងចាប់ផ្តើមឆ្នាំ២០២១” ។

គំរោងសាងសង់ស្ពាននេះ ត្រូវបានសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាប្រកាសឲ្យក្រុមហ៊ុនចិនសិក្សាឡើងវិញ ក្នុងពិធីបុណ្យទន្លេកាលពីឆ្នាំ២០១៩កន្លងមកនេះ។

បើតាមលោកស៊ុន ចាន់ថុលទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូនធ្លាប់បានឲ្យដឹងកន្លងនេះថា គំរោងសាងសង់ស្ពានបានចាប់ផ្តើមសិក្សាកាលឆ្នាំ២០១៤ ប៉ុន្តែក្រោយមកបានផ្អាកមួយរយៈ ដោយសារសម្តេចតេជោបានឲ្យសិក្សាឡើងវិញ ពីផលប៉ះពាល់បរិស្ថាន និងចរាចរណ៍ឆ្លងកាត់របស់ត្រី ហើយជាលទ្ឋផលគណកម្មការអន្តរក្រសួង និងក្រុមហ៊ុនសាងសង់បានសិក្សាឡើងវិញ ជាលទ្ឋផលគំរោងនេះមិនមានផលប៉ះពាល់បរិ ស្ថាននិងត្រីនោះទេ។

លោកបន្តថា “គំរោងនេះត្រូវបានបើកវេទិកាសាធារណៈ នៅខេត្តកំពង់ឆ្នាំង និងកំពង់ធំ ជាលទ្ឋផលប្រជាពលរដ្ឋ បានគាំទ្រលើគំរោងនេះ១០០ភាគរយ”។លោកបន្តថា “គំរោងនេះអាចចំណាយថវិកាប្រមាណ២០០លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទា​នរបស់ចិន”។

លោកបានបញ្ជាក់ទៀតថា នៅក្នុងគម្រោងនេះ ទទួលបានការសាទរពីសំណាក់ប្រជាជនដែលកំពង់រស់នៅទាំង២ខេត្តជាខ្លាំង ក៏ដូចជាសាទរពីសំណាក់ប្រជាជនទូទាំងប្រទេស ព្រោះនៅពេលកើតមានស្ពាន និងផ្លូវដែលស្ថិតក្នុងគម្រោងសាសង់ខាងលើនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន កាត់បន្ថយពេលវេលា ក៏ដូចជាកាត់បន្ថយការចំណាយក្នុងពេលធ្វើដំណើរ ដោយមិនចាំធ្វើដំណើរវាងចូលទៅខេត្តកណ្តាល កំពង់ចាម ទើបចូលទៅដល់ខេត្តកំពង់ធំទៀតឡើយ៕

ក្រសួងដែនដីចាប់ផ្តើមផ្សព្វផ្សាយពីសារៈសំខាន់នៃកម្មវិធីQR Codeលើប័ណ្ណ កម្មសិទ្ឋអចលនទ្រព្យ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ជាការបង្កភាពឱ្យកាន់តែងាយស្រួលដល់ប្រជាពលរដ្ឋ ក៏ដូចជាបណ្តាអ្នកជំនួញក្នុងវិស័យអចលនទ្រព្យក្នុងការពិនិត្យ និងស្វែងយល់ពីព័ត៌មានសូរិយោដី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការផ្សព្វផ្សាយពីកម្មវិធីពិនិត្យព័ត៌មានសូរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច QR Code Reader App ជាវីដេអូ ដែលអាចចូលមើលបានតាមរយៈទូរស័ព្ទដៃ និងកុំព្យូទ័រ។

តាមរយៈវេដីអូខ្លី ដែលផលតដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណ​ង់ ដែលបានផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គមរបស់ក្រសួងបានបង្ហាញថា នៅពេលស្កែន (Scan QR Code) ព័ត៌មានអំពីក្បាលដីនៅទំព័រដំបូងនឹងបង្ហាញពី ថ្ងៃ ខែ ឆ្នាំ ធ្វើបច្ចុប្បន្នភាព វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ទីតាំងក្បាលដី លេខក្បាលដី ទំហំដី រូបភាពប្រើប្រាស់ដី លក្ខណៈនៃការប្រើប្រាស់ដី ប្រភេទទ្រព្យ និងម្ចាស់កម្មសិទ្ធិ។

ទំព័រទី២ ជាព័ត៌មានអំពីបន្ទុក ដែលត្រូវធ្វើការបង់សេវាព័ត៌មានសូរិយោដីចំនួន២ម៉ឺនរៀល ក្នុងមួយប្រតិបត្តិការ។ ព័ត៌មានអំពីបន្ទុក រួមមាន ព័ត៌មានទាក់ទងនឹងឯកសិទ្ធិ សិទ្ធិលើការបញ្ចាំ ហ៊ីប៉ូតែក ហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត សិទ្ធិជួលអចិន្ត្រៃយ៍ ផលុបភោគ សេវភាព ការរឹបអូស ការរឹបអូសជាបណ្តោះអាសន្ន ការចាត់ចែងជាបណ្តោះអាសន្នដែលហាមឃាត់ការចាត់ចែងអចលនវត្ថុ ការមិនហាមមិនឱ្យបែងចែកអចលនវត្ថុអវិភាគ។

ដោយឡែក សម្រាប់ការបង់សេវា អាចប្រើប្រាស់ប្រភេទ VISA Card, Master Card និង Union Card បន្ទាប់មកសូមចុចលើប៊ូតុងចូលមើលព័ត៌មាន។ អ្នកចូលមើលព័ត៌មានត្រូវធ្វើការបំពេញនូវព័ត៌មាន ដូចជា ឈ្មោះ នាមត្រគោល និងនាមខ្លួន លេខទូរស័ព្ទ Email លេខកូដសុវត្ថិភាព (Pass word) ហើយចុចលើពាក្យបញ្ជូន។

ក្រោយពីបំពេញរួច លោកអ្នកនឹងឃើញព័ត៌មានរបស់លោក អ្នក ដែលបំពេញហើ​យមុនពេលធ្វើការទូទាត់ថ្លៃសេវា ហើយចុចលើប៊ូតុងយល់ព្រមទូទាត់។ លោកអ្នកត្រូវធ្វើការបំពេញព័ត៌មានកាតដើម្បីធ្វើការទូទាត់។ ក្រោយពីចុច Confirm Pay ធនាគារនឹងផ្ញើលេខ Verify របស់កាតលោកអ្នកតាមទូរស័ព្ទ ឬ Email ដែលអាស្រ័យតាមធនាគារ។

ក្រោយពីបង់សេវាជោគជ័យ ផ្ទាំងបញ្ជាក់ពីការបង់សេវារបស់លោក អ្នកនឹងចេញមកបង្ហាញ បន្ទាប់មកលោកអ្នកអាចចុចមើលព័ត៌មានបន្ទុក។ ជាមួយគ្នានេះដែរ វិក័យបត្របញ្ជាក់ពីការបង់សេវារបស់លោក អ្នក នឹងផ្ញើទៅតាម Emailដែលលោកអ្នកបានបំពេញខាងលើផងដែរ ហើយព័ត៌មានលម្អិតនឹងបង្ហាញតាមអ្វីដែលលោកចង់បាន។

ព័ត៌មានបន្ថែមលោកអ្នកអាចមើលវីដេអូឯកសារណែនាំដូចខាងក្រោម ៖

https://www.facebook.com/mlmupc.pressteam/videos/173449857414053/

ផ្លូវជាតិលេខ៥៨ នឹងបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទីទី២៦ ខែកុម្ភៈខាងមុខនេះ

ដោយវុត្ថា

ភ្នំពេញៈ ផ្លូវជាតិលេខ៥៨តភ្ជាប់ពីក្រុងប៉ោយប៉ែត (ផ្លូវជាតិលេខ៥) ទៅដល់ផ្អុង(ផ្លូវជាតិលេខ៦៨) ប្រវែងសរុប ១៧៤,១៦ គីឡូម៉ែត្រ នឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ទី២៦ ខែកុម្ភៈ ឆ្នាំ ២០២០ ខាងមុខនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២០ ម្សិលមិញនេះបាន  កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគម្រោងស្តារឡើងវិញផ្លូវជាតិលេខ៥៨ ដោយមានការចូលរួមពីសមាជិក សមាជិកាគណៈកម្មការត្រៀមរៀបចំ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួងផងដែរ។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិនិត្យមើលវឌ្ឍនភាព នៃការត្រៀមរៀបចំរបស់គណៈកម្មការទទួលបន្ទុកនីមួយៗ ដែលបានត្រូវចាត់តាំងឱ្យបំពេញភារកិច្ចរៀងៗខ្លួន សំដៅឱ្យការរៀបចំពិធីសម្ពោធប្រព្រឹត្តទៅដោយរលូន និងទទួលលទ្ធផលខ្ពស់តាមការគ្រោងទុក។

លោកសួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យគណៈកម្មការទទួលបន្ទុក សហការជាមួយស្ថាប័នពាក់ព័ន្ធឱ្យបានជិតស្និទ្ធ ដើម្បីពន្លឿនការងាររបស់ខ្លួនដែលនៅសេសសល់ ឱ្យបានចប់សព្វគ្រប់តាមកាលកំណត់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

ផ្លូវនេះជាប្រភេទផ្លូវ DBST ដែលមានប្រវែងសរុបចំនួន១៧៤ គីឡូម៉ែត្រ និងទទឹង១២ម៉ែត្រនេះ សាងសង់ដោយក្រុមហ៊ុនShanghai Construction Group Co., Ltd ក្រោមការត្រួតពិនិត្យលក្ខណៈបច្ចេកទេសពីក្រុមហ៊ុន Guangzhou Wanna Construction Supervision Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន។

ជាមួយគ្នានេះដែរ ផ្លូវមួយខ្សែនេះសាងសង់ឡើង ក្រោមប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណជាង១២២លានដុល្លារសហរដ្ឋអាមេរិក៕

អ្នកជំនាញប្រាប់ពីគន្លឹះពីការសាងសង់លំនៅដ្ឋានមានផាសុកភាព សមស្របទៅនឹងការបម្រែបម្រួលអាកាសធាតុ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ការសាងសង់លំនៅដ្ឋានដែលមានភាពទាក់ទាញ និងអាចធានាបានការរស់នៅប្រកបដោយផាសុកភាពខ្ពស់ គឺជាកត្តាសំខាន់បំផុត ដែលស្ថាបត្យករត្រូវយកចិត្តទុកដាក់ និងធ្វើយ៉ាងណាឱ្យមានសោភ័ណភាព គុណភាព និងសុវត្ថិភាពខ្ពស់។

គ្រប់ម្ចាស់លំនៅដ្ឋានទាំងអស់ សុទ្ធតែប្រាថ្នាចង់បានលំនៅដ្ឋាន ដែលមានសោភ័​ណភាពស្រស់ស្អាតគួរជាទីទាក់ទាញ និងអាចធានាបាននូវផាសុកភាព ក្នុងការរស់នៅប្រកបដោយភាពយូរអង្វែង។

លោកបណ្ឌិត វ៉ាន់ វ៉ាត អ្នកជំនាញផ្នែកនគរូបនីយកម្មបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទ២០ កុម្ភៈនេះថា ការសិក្សារកគំនិតថ្មីៗ ដើម្បីរំលេចចេញជាស្ថាបត្យកម្ម ដែលល្អឥតខ្ចោះ និងទាក់ទាញ គឺជាចំណុចដែលស្ថាបត្យករត្រូវគិត និងអាចធានាបានថាមានលទ្ធភាពផ្តល់នូវផាសុកភាពខ្ពស់ ដល់អ្នករស់នៅទាំងពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនា​គត។

លោកបន្តថា “លំនៅដ្ឋានដែលពោរពេញទៅដោយភាពទាក់ទាញ និងមានផាសុកភាពក្នុងការរស់នៅ គឺមានពាក់ព័ន្ធទៅនឹងកត្តា៣ធំៗជាសំខាន់ រួមមានកត្តាសេដ្ឋកិច្ចម្ចាស់គម្រោងលំនៅដ្ឋាន កត្តាតំបន់ និងកត្តាបច្ចេកទេស”។ លោកបណ្ឌិតបន្តទៀតថា “គ្រប់គម្រោងលំនៅដ្ឋានទាំងអស់ អ្នកជំនាញដែលជាស្ថាបត្យករ ត្រូវតែពិចារណាឱ្យបានល្អិតល្អន់ទៅលើបរិស្ថាន និងស្ថានភាពទីតាំងលំនៅដ្ឋាន ដែលស្ថិតនៅក្នុងផែនការនៃនគរូបនីយកម្មទាំងអស់”។

កាលពីសម័យមុន គម្រោងលំនៅដ្ឋានភាគច្រើន មិនសូវបានគិតគូរទៅដល់ប្រណី​តភាព និងភាពយូរអង្វែងនៃការរស់នៅ ប្រកបទៅដោយផាសុកភាពនោះទេ ប៉ុន្តែបច្ចុប្បន្ននេះ សម័យកាលមានការវិវឌ្ឍជឿនលឿន ស្របពេលដែលកំណើនប្រជាសាស្ត្រទូទាំងប្រទេសកើនឡើងខ្ពស់។

អ្នកជំនាញរូបនេះបានបន្តទៀតថា នៅពេលមនុស្សមានធនធានកាន់តែច្រើន ក្រៅពីតម្រូវការចំណីអាហារ សម្លៀកបំពាក់គឺនៅប្រាថ្នាទាមទារ ទីជម្រកដែលមានភាពប្រណីត។ ជាក់ស្ដែងបច្ចុប្បន្ននេះ យើងឃើញទិដ្ឋភាពសង្គមមានការវិវឌ្ឍកាន់តែច្រើន ដូច្នេះ សម្រាប់អ្នកជំនាញផ្នែកស្ថាបត្យកម្ម ត្រូវតែមានគំនិតក្នុងការបង្កើតផែនការ ក្នុងរូបភាពថ្មីដែលតម្រូវទៅតាមស្ថានភាពនាពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត ហើយប្រាកដថានៅតែអាចរក្សាបាននូវភាពល្អប្រសើរ និងមានផាសុកភាពខ្ពស់។

នៅក្នុងច្បាប់នគរូបនីយកម្ម និងសំណង់ បានកំណត់ច្បាស់នូវលក្ខខណ្ឌបច្ចេក​ទេសក្នុងការសាងសង់សំណង់ ដែលអាចធានាបាននូវផាសុកភាព សុវត្ថិភាព ដូច្នេះសម្រាប់អ្នកជំនាញ ដែលជាស្ថាបត្យករត្រូវតែគោរព និងអនុវត្តន៍តាមក្បួនច្បាប់ ដោយបន្ថែមនូវគំនិតស្រមើស្រមៃស្របតាមបច្ចេកទេស ដើម្បីរចនាសិល្បៈស្ថាបត្យកម្មក្នុងរូបភាពថ្មី ដើម្បីបង្កើតចេញជាគម្រោង ឬប្លង់សំណង់ដែលទាក់ទាញ។

ក្រៅពីនេះ អ្វីដែលត្រូវពិចារណា គឺការរក្សាទុកនូវគម្លាតនៃហេដ្ឋារចនាសម្ព័ន្ធទាំងក្នុងលំនៅដ្ឋាន និងបរិវេញខាងក្រៅ ដែលអាចធានាបាននូវលំហូរខ្យល់អាកាសធម្មជាតិ និងពន្លឺចេញចូលគ្រប់គ្រាន់ ព្រមគ្នាជាមួយនឹងការបង្កើតនូវបរិស្ថានបៃតង នៅជុំវិញលំនៅដ្ឋានផងដែរ៕

តើអាជ្ញាធរក្រុងបានរៀបចំហេដ្ឋារចនាសម្ព័ន្ធអ្វីខ្លះដើម្បីទប់ស្កាត់ការលិចលង់ដោយជំនន់ទឹកភ្លៀងនាពេលខាងមុខ?

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងរៀបចំប្រព័ន្ធលូ នៅតាមមហាវិថីតូចធំនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដើម្បីបង្ហូទឹកឱ្យបានលឿនជាងមុនដើម្បីបញ្ជៀសការលិចលង់នៅក្នុងរដូវវស្សាដែលនឹងមកដល់នាពេលខាងមុខនេះព្រមទាំងកុំអោយបងប្អូន ប្រជាពលរដ្ឋ ពិបាកធ្វើដំណើរ និងដើម្បីសោភ័ណភាពនៅក្នុងទីក្រុងភ្នំពេញផងដែរ ។

លោក ម៉េត មាស ភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ឱ្យដឹងថា ក្រោមអាណត្តិនៃការគ្រប់គ្រងរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឹងនឹងកំពុងដោះស្រាយបញ្ហាលូ និងប្រឡាយទឹកនៅក្នុងរាជធានីភ្នំពេញ ដើម្បីរដោះទឹកជំនន់ដែលអាចនឹងបង្កកើតមាននៅក្នុងរដូវវស្សា។

លោកបន្តថា បញ្ហាការស្តារប្រព័ន្ធលូ ប្រឡាយទឹកព្រមទាំងការពង្រីកផ្លូវនៅក្នុងក្របខណ្ឌរាជធានីភ្នំពេញ គឺជាកិច្ចការការងារអាទិភាពរបស់រដ្ឋាភិបលរាជធានីភ្នំពេញ សម្រាប់បញ្ជៀសកុំអោយមានទឹកជំនន់កើតឡើងនៅពេលមានភ្លៀងធ្លាក់ម្តងៗ។

លោកបន្ថែមទៀតថា ការនេះ ទាំងនេះរដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងអនុវត្ត និងសហការជាមួយដៃគូរអភិវឌ្ឍន៍ រួមមានអង្គការទីភ្នាក់ងារសហប្រតិបត្តិការអន្តរជា ហៅកាត់ (JICA) ក៏បាននឹងកំពុងអនុវត្តគម្រោងជំហ៊ានទី ៤ របស់ខ្លួន ក្នុងការរំដោះទឹកជំនន់នៅក្នុងរាជធានីភ្នំពេញបានកាន់តែលឿន ។

លោកបញ្ជាក់ថា កន្លងមកមានតំបន់មួយចំនួន ដូចជា តំបន់ផ្សារកណ្តាល ផ្សារចាស់ និងតំបន់មួយចំនួនទៀត បានលិចលង់ក្នុងរដូវវស្សរហូតដល់ត្រឹមចង្កេះ ហើយមានរយៈពេលយូ ដោយសារតែបញ្ហាលូតូ និងការកកស្ទះកាកសំណល់សំរាម តែក្នុងឆ្នាំ ២០១៩ កន្លងមកនេះ បើទោះមានការលិចយ៉ាងក្តី តែប្រើពេលមិនដល់មួយម៉ោងផង ទឹកក៏ហូអស់។

លោករំពឹងថា សម្រាប់រដូវវស្សានៅក្នុងឆ្នាំ ២០២០ នេះ នឹងកាន់តែល្អប្រសើមួយកម្រិតទៀត ដោយសារតែរដ្ឋភិបាលរាជធានីភ្នំពេញបានស្តារ និងពង្រីកប្រឡាយ ព្រមជាមួយនឹងការសហការជាមួយនឹង JICA ពង្រីកប្រព័ន្ធលូនានានៅក្នុងទីក្រុងភ្នំពេញកាន់តែធំជាងមុន នឹងធ្វើឱ្យបញ្ហាទឹកជំនន់នៅក្នុងលែងជាបង្កជាបញ្ហាខ្លាំងទៀតហើយ។

ជាមួយគ្នានេះ អភិបាលរាជធានីភ្នំពេញតែងតែបើកប្រជុំជាមួយមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយបញ្ជៀសជំនន់ទឹកភ្លៀងក្នុងរាជធានីភ្នំពេញ និងធានាបានការបង្ហូរទឹកចេញបានឆាប់រហ័ស។ លោកអភិបាលរាជធានី បានណែនាំដល់មន្ទីរ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាគ្រប់គ្រង ស្តារ និងបើកផ្លូវទឹកឱ្យបានល្អគ្រប់ទីកន្លែង។

លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញធ្លាប់ឱ្យដឹងថា “ការដោះស្រាយ និងការគ្រប់គ្រងប្រព័ន្ធលូ ប្រឡាយឱ្យបានល្អ គឺជាការងារអាទិភាពរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់”៕

អភិបាលខេត្តសៀមរាប​ស្នើឱ្យអ្នកវិនិយោគសំណង់សុំច្បាប់ឱ្យបានមុន ច្បាប់ស្ដីពីសំណង់ចូលជាធរមាន

ដោយវុត្ថា

សៀមរាប៖ ដើម្បីធានាគុណភាព សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សោភណភាពសំណង់ បរិស្ថានល្អ សុខមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ សាធារណៈជន សំដៅបង្ការ និងទប់ស្កាត់ហានិភ័យដែលបង្កឡើង ដោយការប្រើប្រាស់សំណង់គ្មានគុណភាព និងសុវត្ថិភាព សម្រាប់ប្រើប្រាស់ ព្រមទាំងលើកតម្លៃសេដ្ឋកិច្ច របស់សំណង់នៅក្នុងខេត្តសៀមរាប។

លោក ទៀ សីហា អភិបាលខេត្តសៀមរាបបានចេញសេចក្តីជូនដំណឹងមួយ ស្ដីពីការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ដែលបានសាងសង់រួចមុនច្បាប់ស្តីពីសំណង់ ចូលជាធរមាន កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២០ កន្លងមកនេះ បានជំរុញឱ្យម្ចាស់សំណង់ទាំងអស់ បានសាងសង់រួចមុនច្បាប់ស្តីពីសំណង់ចូលជាធរមានដែលពុំបានស្នើសុំលិខិតអនុញ្ញាតសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវមកដាក់ពាក្យស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់របស់ខ្លួនពីអាជ្ញាធរមានសមត្ថកិច្ច ឱ្យបានមុន ២ ឆ្នាំ ក្រោយច្បាប់ស្តីពីសំណង់ចូលជាធរមាន ។

លោក បន្តថា “សំណង់ដែលគ្មានលិខិតអនុញ្ញាត សំណង់ដែលដែលសាងសង់ខុសពីលិខិត អនុញ្ញាតសាងសង់ សំណង់ ដែលមានលិខិតអនុញ្ញាតសាងសង់ ប៉ុន្តែគ្មានវិញ្ញាបនបត្របញ្ជាក់ភាពត្រឹមត្រូវ ឬ លិខិតបិទការដ្ឋាន ត្រូវមកដាក់ពាក្យស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់របស់ខ្លួន”។

លោកបន្ថែមថា ម្ចាស់សំណង់ដែលត្រូវស្នើសុំត្រូវភ្ជាប់មកជាមួយនូវសំណុំឯកសារស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់ដូចមានចែងក្នុងប្រការ ១២ នៃប្រកាសលេខ ១៧៧ ដ នស /ប្រក ចុះថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១៩ ស្តីពីបែបទ និងនីតិវិធីនៃការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ ដែលបានសាងសង់រួចមុនច្បាប់ស្តីពីសំណង់ចូលធរមាន ឬ សាកសួរព័ត៌មានបន្ថែម អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្ត ឬ ការិយាល័យច្រកចេញចូលតែមួយ ឬ ការិយាល័យរដ្ឋបាលនៃរដ្ឋបាលក្រុងស្រុក រៀងរាល់ម៉ោងធ្វើការ។

លោកបញ្ជាក់ថា “ក្នុងករណីដែលម្ចាស់សំណង់ ពុំអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្ត និងអាជ្ញាធរមានសត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងចាត់វិធានការតាមច្បាប់ជាធរមាន” ។

លោកអភិបាលខេត្តសង្ឃឹមយ៉ាងមុតមាំ ថា ម្ចាស់សំណង់បានសាងសង់រួច ហើយពុំមានលិខិតអនុញ្ញាតសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ចមុនច្បាប់ស្តីពីសំណង់ចូលជាធរមាន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ចូលរួមសហការអនុវត្តតាមសមត្ថកិច្ចរៀងៗ ខ្លួន ដើម្បីឱ្យការប្រើប្រាស់សំណង់ក្នុងខេត្តសៀមរាបប្រកបដោយចីរភាព តុល្យភាព ប្រសិទ្ធិភាព និងទទួលបានលទ្ធផលល្អប្រសើរ៕

តើប្រទេសណាខ្លះក្នុងតំបន់អាស៊ានដែលមានសេដ្ឋកិច្ចរីកចម្រើនលូតលាស់លឿនជាងនៅឆ្នាំ២០២០នេះ?

ដោយ ប៊ី

ភ្នំពេញ៖ កំណើនសេដ្ឋកិច្ចកម្ពុជានៅតែមានកំណើន ខ្ពស់ជាងគេ បៀបជាមួយនឹងបណ្តាប្រទេសអាស៊ានចំនួន ៤ រួមមានវៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី បើទោះជាមានភាពមិនច្បាស់លាស់នៅលើពិភពលោក និងការផ្ទុះឡើងនៃជំងឺកូរ៉ូណាវីរុស (COVID-19)។

សេដ្ឋកិច្ចនៅលើពិភពលោកត្រូវបានព្យាករណ៍ថានឹងធ្លា់ចុះដោយស្ថាប័នអន្តរជាតិធំៗ និងស្ថាប័នរដ្ឋាភិបាលធំៗលើពិភពលោក ដោយសារការផ្ទុះឡើងនៃជំងឺកូរ៉ូណាវីរុស (COVID-19)ដែលធ្វើមានភាពមិនច្បាស់លាស់នៅលើពិភពលោក។

កម្ពុជា

រដ្ឋាភិបាលកម្ពុជាទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចមកត្រឹមជុំវិញ ៦,៥ ភាគរយ នៅឆ្នាំ ២០២០នេះ ដោយសារបញ្ហាខាងក្រៅ និងក្នុងដែលនឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានធ្លាក់ចុះបន្តិចបន្តួច។ នេះបើយោងតាមការអះអាងរបស់មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាល។

លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងនៅឯវេទិការសាធារណៈស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២០ ថា តាមការព្យាករណ៍ សេដ្ឋកកិច្ចកម្ពុជានឹងមានកំណើន ៦,៥ ភាគរយ ដោយសារឆ្នាំ ២០២០ វិបត្តិជាច្រើនបាននិងកំពុងកើតឡើង ដូចជាការផ្ទុះឡើងនៃវីរុសវូហាននៅចិន (COVID-19) បញ្ហាសង្គ្រាមពាណិជ្ជកម្មនឹងអូសបន្លាយពេលយូរ និងបញ្ហា EBA។

លោក វង្សី វិស្សុត បានថ្លែងថា “បញ្ហាដែលប្រទះធំបំផុតសម្រាប់ឆ្នាំ ២០២០ វីរុសផ្លូវដង្ហើមថ្មីដែលមានប្រភពចេញពីប្រទេសចិនអាចនឹងប៉ះពាល់សេដ្ឋកិច្ចកម្ពុជា សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនដែលជាផលប្រយោជន៍រយៈពេលវែង បើទោះបីជាមានការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់រវាងប្រទេសទាំងពីរដោយ ព្រោះប្រទេសចិនជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំរបស់កម្ពុជា”។

លោក បានបន្តថា “បញ្ហាខាងក្នុង គឺប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលអឺរ៉ុបនឹងប្រកាសថា ដក ឬមិនដកចេញពីកម្ពុជា ប៉ុន្តែកម្ពុជាក៏បានត្រៀមខ្លួនរួចស្រេចសម្រាប់ទប់ទល់នឹងបញ្ហានេះ”។

ទាក់ទងនឹងការជំរុញកំណើនសេដ្ឋកិច្ច លោក បានបន្តថា “ធម្មតាថវិកាជាតិយើងក្នុងរយៈពេល ៣ និង៤កន្លងមកនេះចំណាយត្រឹមតែ ២៤,៥ ភាគរយនៃផលិតផលសរុបក្នុងស្រុកទេ ប៉ុន្តែនៅក្នុងឆ្នាំ ២០២០ យើងចាយទៅដល់ ២៨ ភាគរយដែលថវិកាលើកកម្ពស់តម្រូវការសេដ្ឋកិច្ចដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់យើង”។

កញ្ចប់ថវិកាដែលធំជាងគេគឺត្រូវទៅដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធដែលគេហៅថា បញ្ហាភាពប្រកួតប្រជែងសេដ្ឋកិច្ច និងបញ្ហាពិពិធក្មសេដ្ឋកិច្ច រួមប្រព័ន្ធដឹកជិញ្ជួន អគ្គិសនី ជំនាញ ហើយកញ្ចប់មួយទៀតគឺការបង្កើតការងារ។

វៀតណាម

ការវិវឌ្ឍន៍ដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុននៃជំងឺផ្លូវដង្ហើមថ្មី COVID-19 កំពុងបង្ហាញនូវបញ្ហាប្រឈមជាច្រើនចំពោះការសម្រេចគោលដៅសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅឆ្នាំ ២០២០ ដោយសារផលប៉ះពាល់ដ៏ធំធេងរបស់វាលើគ្រប់វិស័យ។

រដ្ឋាភិបាលវៀតណាមមិនទាន់បានកែសម្រួលគោលដៅកំណើនរបស់ខ្លួននៅឡើយទេ ប៉ុន្តែកំពុងអំពាវនាវឱ្យមានការឆ្លើយតបយ៉ាងឆាប់រហ័សដើម្បីប្រែក្លាយបញ្ហាប្រឈមទៅជាឱកាសដើម្បីកសាងសេដ្ឋកិច្ចពឹងផ្អែកដោយខ្លួនឯងដើម្បីផលប៉ះពាល់ពីខាងក្រៅ។

ដោយថ្លឹងថ្លែងពីផលប៉ះពាល់នៃការរីករាលដាលនៃជំងឺ Covid-19 ទៅលើសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ក្រសួងផែនការ និងវិនិយោគ (MPI) បានធ្វើបច្ចុប្បន្នភាពសេណារីយ៉ូនៃកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំ ២០២០ និងបានស្នើវិធានការស្របតាមការព្យាកររបស់ខ្លួន។

នៅក្នុងសេណារីយ៉ូមួយ នៅពេលដែលការរីករាលដាលមាននៅក្នុងត្រីមាសទី ១ កំណើនផលិតផលសរុបក្នុងស្រុកត្រូវបានប៉ាន់ស្មានថាមាន ៦,២៥ ភាគរយ ធ្លាក់ចុះ ០.៥៥ ភាគរយ ពីគោលដៅរបស់រដ្ឋាភិបាលដោយការព្យាករណ៍ និងអតិផរណាមាន ៣,៩៦ ភាគរយ។ ប្រសិនបើជំងឺរាតត្បាតនេះអូសបន្លាយ និងស្ថិតក្នុងត្រីមាសទី ២ កំណើនសេដ្ឋកិច្ចត្រូវបានព្យាករថាមានចំនួន ៥,៩៦ ភាគរយ ខណៈអតិផរណាមាន ៤,៨៦ ភាគរយ។

ហ្វីលីពីន

ក្រុមហ៊ុនសេវាកម្មអ្នកឃ្លាំមើលឥណទានពិភពលោក Moody’s Investors Service បានកាត់បន្ថយការព្យាករណ៍កំណើនផលិតផលសរុបក្នុងស្រុកសម្រាប់ហ្វីលីពីនដល់ ៦,១ ភាគរយជំនួស ៦,២ ភាគរយក្នុងឆ្នាំនេះ ចំពេលដែលការផ្ទុះឡើងនូវជំងឺថ្មីនៃជំងឺ COVID-១៩។

លោក Christian de Guzman អនុប្រធានជាន់ខ្ពស់នៅក្រុមហ៊ុន Moody’s បាននិយាយថា ការផ្ទុះឡើងនេះបន្ថែមសម្ពាធទៅលើកំណើននៅអាស៊ីប៉ាស៊ីហ្វិក ដោយផលប៉ះពាល់ជាចម្បងលើពាណិជ្ជកម្ម និងទេសចរណ៍ និងសម្រាប់វិស័យមួយចំនួនផងដែរតាមរយៈការរំខានដល់ចង្វាក់ផ្គត់ផ្គង់។

លោក De Guzman បាននិយាយថា ភាពតក់ស្លុតនេះកើតឡើង ដោយសារការថយចុះគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ ២០១៩ ដោយសារតែការធ្លាក់ចុះនៃពាណិជ្ជកម្មពិភពលោកបានជះឥទ្ធិពលដល់តំបន់នេះ។

ឥណ្ឌូនេស៊ី

ទិន្នន័យផ្លូវការបានបង្ហាញថា កំណើនសេដ្ឋកិច្ចឥណ្ឌូនេស៊ីបាននឹងកើនឡើងយឺតជាងការរំពឹងទុកកាលពីឆ្នាំមុន ហើយក្រុមមន្រ្តីបានព្រមានថា វិស័យទេសចរណ៍ដែលរកប្រាក់ចំណេញ បានប្រឈមនឹងផលប៉ះពាល់អវិជ្ជមានពីការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរចិនដែលបណ្តាលមកពីវីរុសឆ្លងកូរ៉ូណា (COVID-19)។

ប្រទេសដែលសេដ្ឋកិច្ចធំបំផុតនៅអាស៊ីអាគ្នេយ៍បានកើនឡើងត្រឹម ៥,០២ ភាគរយនៅឆ្នាំនេះ ធ្លាក់ចុះពី ៥,១៧ ភាគរយកាលពីឆ្នាំមុន ដោយសារភាពទន់ខ្សោយនៃការនាំចេញ និងការធ្លាក់ចុះទិន្នផលផលិតកម្ម។

តួលេខនេះក៏បានខកខានការព្យាករណ៍សម្រាប់កំណើន ៥.៣ ភាគរយផងដែរនៅឆ្នាំនេះ។ កាលពីខែ ធ្នូ ធនាគារពិភពលោកបានព្រមានថា ភ្លើងឆេះព្រៃដែលបានរាលដាលពាសពេញប្រទេសឥណ្ឌូនេស៊ីកាលពីឆ្នាំមុនបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរហូតដល់ ៥,២ ពាន់លានដុល្លារ។

ម៉ាឡេស៊ី

ក្រុមហ៊ុន Fitch Solutions បានធ្វើការកែសម្រួលឡើងវិញនូវការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួនសម្រាប់ឆ្នាំ ២០២០ សម្រាប់ប្រទេសម៉ាឡេស៊ីពី ៤,៥ ភាគរយកាលពីមុន មកនៅត្រឹម ៣,៧ ភាគរយ។

នៅក្នុងសេចក្តីថ្លែងការណ៍ អង្គភាពស្រាវជ្រាវនេះ បានឱ្យដឹងថា ការពិនិត្យឡើងវិញនេះឆ្លុះបញ្ចាំងពីហានិភ័យធ្លាក់ចុះ ចំពោះប្រភេទចំណាយទាំងអស់លើកលែងតែការប្រើប្រាស់របស់រដ្ឋាភិបាល ដែលជាលទ្ធផលនៃការផ្ទុះឡើងកូរ៉ូណាវីរុស (Covid-19) នៅទូទាំងពិភពលោក។

របាយការណ៍នេះបានឱ្យដឹងថា “យើងរំពឹងថាការជំរុញរបស់រដ្ឋាភិបាល និងការធ្លាក់ចុះនៃការនាំចូលដែលនឹងជួយគាំទ្រមួយចំនួននៅពេលប្រឈមនឹងហានិភ័យធ្លាក់ចុះរារាំងការដួលរលំនៃកំណើន”។

ការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា នឹងនៅតែមានកំណើនរឹងមាំនៅក្នុងឆ្នាំ ២០២០

ដោយ ប៊ី

ភ្នំពេញ៖ ប្រទេសកម្ពុជានឹងនៅបន្តទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលត្រូវបានព្យាករណ៍ថានឹងនៅតែមានកំណើនរឹងមាំនៅក្នុងឆ្នាំ ២០២០ នេះ។

លំហូរចូលនៃការវិនិយោគផ្ទាល់នៅកម្ពុជានឹងមានតម្លៃប្រមាណ ៣,៩៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២០ កើនឡើង ១០ ភាគរយ បើធៀបនឹង ៣,៦ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩។ នេះបើយោងតាមការព្យាករណ៍របស់ធនាគារជាតិនៃកម្ពុជា។

ធនាគារជាតិនៃកម្ពុជាដែលត្រូវបានគេស្គាល់ថា ជាធនាគារកណ្តាលបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះនឹងត្រូវបានរក្សានៅ ៧ ភាគរយជាមួយនឹងអត្រាអតិផរណា ២,៣ ភាគរយក្នុងឆ្នាំ ២០២០ ។
ធនាគារកណ្តាលបានបន្ថែមថា ការព្យាករណ៍សម្រាប់កំណើនសេដ្ឋកិច្ចគឺផ្អែកលើការព្យាករណ៍នៃការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកដែលនឹងរួមចំណែកដល់បរិយាកាសអំណោយផលសម្រាប់ការនាំចេញ FDI និងវិស័យទេសចរណ៍។

របាយការណ៍របស់ធនាគារកណ្តាលបាន និយាយថា “ការនាំចេញត្រូវបានរំពឹងថានឹងកើនឡើងខ្ពស់ ជាពិសេសការនាំចេញទំនិញធ្វើដំណើរ និងផលិតផលផលិតកម្មផ្សេងទៀត។ ទោះបីជាការនាំចេញសម្លៀកបំពាក់នឹងថយចុះក៏ដោយ។

របាយការណ៍បានបន្ថែមថា “ទោះបីសហភាពអឺរ៉ុបអាចសម្រេចដក EBA (អ្វីៗទាំងអស់លើកលែងតែកិច្ចព្រមព្រៀងពាណិជ្ជកម្មអាវុធ) ពីប្រទេសកម្ពុជាក្នុងខែកុម្ភៈឆ្នាំ ២០២០ ការនាំចេញសម្លៀកបំពាក់ពីកម្ពុជាត្រូវបានរំពឹងថានឹងកើនឡើង ព្រោះដំណើរការ EBA ដកពេញលេញនឹងមានប្រសិទ្ធភាពនិងអនុវត្ត ៦ ខែបន្ទាប់ពី ការសម្រេចចិត្តត្រូវបានធ្វើឡើង”។

ធនាគារកណ្តាល បានបន្ថែមទៀតថា ការបាត់បង់ EBA នឹងគ្រាន់តែបង្កើនតម្លៃផលិតផលនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប ដោយសារតែពន្ធគយប្រហែលជា ០,១ ភាគរយទៅ ១២,៥ ភាគរយយោងតាមប្រភេទផលិតផល។

ធនាគារកណ្តាល បានឱ្យដឹងទៀតថា “ប្រសិនបើនៅតែមានតម្រូវការពីទីផ្សារសហភាពអឺរ៉ុបសម្រាប់ផលិតផលកម្ពុជាការនាំចេញពីប្រទេសកម្ពុជាទៅកាន់សហគមន៍អ៊ឺរ៉ុបនឹងនៅតែរឹងមាំ ជាពិសេសបន្ទាប់ពីការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប ព្រោះការនាំចេញរបស់កម្ពុជាទៅកាន់ចក្រភពអង់គ្លេសមានប្រហែល ២០ ភាគរយនៃការនាំចេញសរុបទៅសហភាពអឺរ៉ុប”។

លោកលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ការវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើនកំពុងហូរចូលគ្រប់វិស័យ ហើយកំណើននៃវិស័យអចលនទ្រព្យ សំណង់ទូទៅ និងកសិកម្មក៏កំពុងកើនឡើងផងដែរ។

លោក លឹម ហេង បាននិយាយថា “ឥឡូវនេះ រដ្ឋាភិបាលកំពុងធ្វើវិសោធនកម្មច្បាប់វិនិយោគ និងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស និងកំណែទម្រង់ផ្ទៃក្នុងផ្សេងទៀត។ វាកំពុងកាត់បន្ថយឯកសារដើម្បីសម្រួលពាណិជ្ជកម្ម និងធ្វើឱ្យវាកាន់តែមានភាពទាក់ទាញ”។

លោក ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិនៅកម្ពុជា បានមានប្រសាសន៍ថា ប្រទេសគួរតែធ្វើពិពិធកម្មផលិតផលរបស់ខ្លួន និងជំរុញផលិតផលក្នុងស្រុកដើម្បីកាត់បន្ថយហានិភ័យ។

កម្ពុជាបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលមានទឹកប្រាក់ជិត ៣,៦ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩ កើនឡើង ១២ ភាគរយ ធៀបនឹងឆ្នាំ ២០១៨។

ចំនួន ៤៣ ភាគរយ នៃវិនិយោគផ្ទាល់ពីបរទេសកាលពីឆ្នាំមុនបានមកពីប្រទេសចិន ១១ ភាគរយមកពីប្រទេសកូរ៉េខាងត្បូង ៧ ភាគរយពីប្រទេសវៀតណាម ៦ ភាគរយមកពីប្រទេសសឹង្ហបូរី ៦ ភាគរយមកពីប្រទេសជប៉ុននិងចំនួនផ្សេងទៀតបានមកពីប្រទេសផ្សេងទៀត។ នេះបើយោងតាមរបាយការណ៍សេដ្ឋកិច្ចរបស់ធនាគារជាតិនៃកម្ពុជា (NBC)៕