គម្រោងសាងសង់ផ្លូវរថភ្លើងរត់នៅក្នុងទីក្រុងភ្នំពេញគ្រោងចំណាយ១៤០០ លានដុល្លារអាមេរិក

ដោយវុត្ថា

ភ្នំពេញៈ លោក ស៊ុន ចាន់ថុលទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា គម្រោងសាងសងផ្លូវរថភ្លើងនៅក្នុងទីក្រុងភ្នំពេញ បានសិក្សាចប់សព្វគ្រប់ ដោយគ្រោងចំណាយថវិកាសាងសង់ចន្លោះពី១០០០ ទៅ១៤០០លានដុល្លារអាមេរិក។

លោក ស៊ុន ចាន់ថុល នៅក្នុង សន្និសីទសារព័ត៌មាន ស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននាថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២០ នេះឱ្យដឹងថា គម្រោងផ្លូវរថភ្លើងរត់នៅក្នុងទីក្រុង រួមមាន Monorail Way គម្រោងផ្លូវរថភ្លើងរត់លើអាកាស AGT និងរថផ្លូវភ្លើងរត់ក្រោមដី ត្រូវសិក្សាចប់សព្វគ្រប់ តែមិនទាន់បានជ្រើសរើសគម្រោងណាមួយនៅឡើយទេ ព្រោះវាតម្លៃខ្ពស់ពេក។

លោកស៊ុនចាន់ថុល “យើងសិក្សាចប់គម្រោងទាំងបីនេះហើយ តែយើងមិនទាន់មានថវិកា​សាងសង់នៅឡើងយទេ  ព្រោះវាអាចំណាយក្នុងចន្លោះ១០០០ ទៅ ១៤០០ លានដុល្លារអាមេរិក។ តើយើងបានលុយមកពីណា? យើងអោយក្រុមហ៊ុនឯកជនវិនិយោគ ឬយ៉ាងណានោះ រងចាំមើលសិន”។

បើតាមលោក ស៊ុន ចាន់ថុល ការសាងសងផ្លូវរថភ្លើងនៅក្នុងទីក្រុងភ្នំពេញនេះ គឺដើម្បសម្រួល ដល់ការកាត់បន្ថយកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរចណ៍  ខណៈទីក្រុងភ្នំពេញមានកំណើនយានយន្តច្រើនពីមួយថ្ងៃទៅ មួយថ្ងៃ៕

ក្រុមហ៊ុនដ៏ធំមួយរបស់រុស្ស៊ី​កំពុងសិក្សាពីការតំឡើងរោងចក្ររថយន្តទំនើបនៅប្រទេសកម្ពុជា

ដោយ ប៊ី

ភ្នំពេញ៖ ក្រុមហ៊ុនធំមួយដែលផលិតរថយន្ត Brand របស់រុស្សីសិក្សាទីផ្សារនៅប្រទេសកម្ពុជាផ្ទាល់នាពេលអនាគតដ៏ខ្លីខាងមុខនេះ ក្នុងគោលបំណងដើម្បីគ្រោងតំឡើងរោងចក្រផ្ទាល់នៅប្រទេសកម្ពុជា។

សិក្សាពីតំឡើងរោងចក្រផ្ទាល់នៅប្រទេសកម្ពុជានាពេលខាងមុខដ៏ខ្លីនេះត្រូវបានលើកឡើង អំឡុងលោកឧកញ៉ា ស្រី ចាន់ថន ប្រធានក្រុមហ៊ុន Jet’s Group កាលពីម្សិលមិញ បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនធំមួយរបស់រុស្ស៉ី ដែលផលិតថយន្តទំនើបៗជាច្រើនម៉ូតល្បីៗប្រចាំប្រទេសរុស្សីផ្ទាល់ ដែលក្រុមហ៊ុនលោកឧកញ៉ា បាននាំចូលផ្តាច់មុខរថយន្តនេះចូលក្នុងទីផ្សារប្រទេសកម្ពុជា។

លោកឧកញ៉ា ស្រី ចាន់ថន បានជួបជជែកពិភាក្សាការងារមួយចំនួនជាមួយលោក អ៊ាត សីលា ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសរុស្ស៉ី និងបានជជែកពិភាក្សាជួបជាមួយអ្នកវិនិយោគរុស្ស៉ី។

លោកឧកញ៉ា ស្រី ចាន់ថន ក៏បានលើកប្រាប់ទៅក្រុមហ៊ុនវិនិយោគរុស្សីថា ដោយសារកត្តារក្សាបាននូវសុខសន្តិភាព នឹងការអភិវឌ្ឍន៍កាន់តែរីកចម្រើន ទៅមុខជានិច្ចក្រោមការដឹកនាំដ៏ត្រឹមត្រូវនឹងឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជា បច្ចុប្បន្នទំនើប ស៉ីវិល័យ ជឿនលឿនមិនចាញ់បណ្ដាប្រទេសជិតខាងឡើយ និយាយជារួមខុសពីមុនដាច់ សូមអញ្ជើញអ្នកវិយោគបរទេសអញ្ជើញទៅទស្សនាមើលឃើញផ្ទាល់ភ្នែក នោះនឹងយល់ពីអ្វីដែលលោកឧកញ៉ាហ៊ាននាំផ្ដាច់មុខរថយន្តទំនើបមកកាន់កម្ពុជា។

លោកឧកញ៉ា សរសេរលើគណនី Facebook របស់លោកថា “ខ្ញុំបានជួបពិភាក្សាជាមួយក្រុមហ៊ុនធំមួយដែលផលិតរថយន្ត Brand ថ្មីល្បីប្រចាំប្រទេសរុស្សី ហើយបានឯកភាពនាំឲ្យខ្ញុំនាំចូលផ្តាច់មុខរថយន្ត Brand ថ្មីល្បី ចូលក្នុងទីផ្សារប្រទេសកម្ពុជាយើងឆាប់ៗនេះទៀត!”។

លោក បានបន្តថា “បន្ថែមលើសពីនេះទៀត ក្រុមហ៊ុនបានចាប់អារម្មណ៍និងសន្យាទៅសិក្សាទីផ្សារនៅប្រទេសកម្ពុជាផ្ទាល់នាពេលអនាគតដ៏ខ្លីខាងមុខនេះ ក្នុងគោលបំណងដើម្បីគ្រោងតំឡើងរោងចក្រផ្ទាល់នៅប្រទេសកម្ពុជាយើង”។

លោក បានបន្តទៀទថា “ខ្ញុំសង្ឃឹមថាប្រទេសកម្ពុជាយើងនឹងទទួលបានទីផ្សារទូលំទូលាយ និងមានរថយន្តទំនើបៗសេរីថ្មីមិនចាញ់ទីផ្សារបរទេសឡើយ”។

ជាការឆ្លើយតបក្រុមហ៊ុនដ៏ធំរបស់ប្រទេសរុស្សី បានសម្តែងការចាប់អារម្មណ៍ និងសន្យាទៅសិក្សាទីផ្សារនៅប្រទេសកម្ពុជា ដោយផ្ទាល់នាពេលដ៏ខ្លីខាងមុខនេះ ក្នុងគោលបំណងដើម្បីគ្រោងតំឡើងរោងចក្ររថយន្តផ្ទាល់នៅប្រទេសកម្ពុជា៕

លោក ស៊ុន ចាន់ថុល៖ ផ្លូវល្បឿនលឿនពីភ្នំពេញក្រុងព្រះសីហនុនឹងបញ្ចប់នៅក្នុងខែ កញ្ញា ឆ្នាំ ២០២២ ខាងមុខនេះ

ដោយវុត្ថា

ភ្នំពេញ៖ ផ្លូវល្បឿនលឿនភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ ដែលមានប្រវែង១៩០គីឡូម៉ែត្រ ដែលចាប់ផ្តើមកសាងឡើងនៅខែមីនា ឆ្នាំ២០១៩នេះ នឹងចំណាយទឹកប្រាក់ចំនួន២ពាន់លានដុល្លារអាមេរិក បញ្ចប់នៅក្នុងខែ កញ្ញា ឆ្នាំ ២០២២ ខាងមុខនេះ ។

លោក ស៊ុន ចាន់ថុល នៅក្នុង សន្និសីទសារព័ត៌មាន ស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននាថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២០ នេះឱ្យដឹងថា តាមផែនការផ្លូវល្បឿនលឿនពីភ្នំពេញក្រុងព្រះសីហនុនឹងបញ្ចប់នៅក្នុងខែ កញ្ញា ឆ្នាំ ២០២២ខាងមុខនេះ ខណៈផ្លូវនេះបាននឹងកំពុងមមាញឹកក្នុងការស្ថាបនា។

ការកសាងផ្លូវល្បឿនលឿននេះ តភ្ជាប់ពីសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រហូតដល់ខេត្តព្រះសីហនុ ដែលមានគន្លងផ្លូវ៤គន្លង ទទឹង ២៤,៥ម៉ែត្រ ផ្លូវបំបែកទិស៧កន្លែង កន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការនិងថែទាំចំនួន៤កន្លង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង។

ស្ពានតូចចំនួន៥កន្លែង ដែលឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨,៣ គីឡូម៉ែត្រ ខេត្តកណ្តាលប្រវែងប្រមាណ ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែងប្រមាណ ៨០,៨គីឡូម៉ែត្រ ខេត្តកោះកុងប្រវែងប្រមាណ ១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែងប្រមាណ ៨៩,៨៩គីឡូម៉ែត្រ។

បើតាមលោក ស៊ុន ចាន់ថុល ការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ នឹងជួយសម្រួលដល់ការដឹកជញ្ជូននូវទំនិញ និងសេវាវកម្មផ្សេងៗ ឱ្យកាន់តែមានប្រសិទ្ធិភាព និងភាពងាយស្រួល៕

គម្រោងលំនៅឋានមានតម្លៃសមរម្យក្រោមទុន៧៨លានដុល្លារអាមេរិកគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំនេះ

ដោយ ប៊ី

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសថា គម្រោងអភិវឌ្ឍលំនៅឋាន មានតម្លៃសមរម្យក្រោមទុនប្រមាណ៧៨លានដុល្លារអាមេរិកគ្រោងបញ្ចប់ការសាងសង់គម្រោងទាំងស្រុងនៅមុនបំណាច់ឆ្នាំ២០២០។

គម្រោងអភិវឌ្ឍលំនៅឋានមានតម្លៃសមរម្យរបស់ក្រុមហ៊ុន វើលដ៍ប្រ៊ីដហូម មានទីតាំងស្ថិតនៅភូមិកោះគរ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលចេញកាលពីពេលថ្មីៗនេះបានឱ្យដឹងថា  គម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យរបស់ក្រុមហ៊ុន វើលដ៍ប៊្រីដ ហូម ជាគម្រោងមួយក្នុងចំណោមគម្រោងទាំង៥ ស្ថិតនៅក្នុងភូមិកោះគរ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល មានចំងាយប្រមាណ៨គីឡូម៉ែ​ត្រពីក្រុងតាខ្មៅ សាងសង់លើផ្ទៃដីសរុបប្រមាណ២៣ហិកតា មានចំនួន២៤៥៧ ផ្ទះ មានទុនវិនិយោគប្រមាណ៧៨លានដុល្លារអាមេរិក។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា “មកដល់ពេលនេះ ក្រុមហ៊ុនបានលក់ផ្ទះចំនួន១ ០៨៨ ផ្ទះស្មើ ៤៤ % នៃចំនួនសរុប ក្នុងនោះអតិថិជនជាមន្ត្រីរាជការមានចំនួនជាង២៣%។ ក្រុមហ៊ុនបានបញ្ចប់ការសាងសង់ ផ្ទះជាស្ថាពរចំនួន២០៣ផ្ទះ គ្រោងប្រគ​ល់ផ្ទះជូនអតិថិជន នៅក្នុងឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងគ្រោងបញ្ចប់ការសាងសង់គម្រោងទាំងមូលនៅមុនបំណាច់ឆ្នាំ២០២០”។

គម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ របស់ក្រុមហ៊ុនវើលដ៍ប្រ៊ីដ ហូម បានសម្រ​បសម្រួលលក្ខខណ្ឌ នៃការបង់ប្រាក់កក់ដោយអតិថិជនអាចបង់១០%នៃតម្លៃផ្ទះ ក្នុងរយៈពេល១២ខែ ដោយមិនមានការប្រាក់ ហើយទឹកប្រាក់ដែលនៅសល់អតិថិជន ត្រូវបង់រំលស់បន្តជាមួយធនាគារជាដៃគូ ក្នុងរយៈពេលរហូតដល់២០ឆ្នាំ ឬអាចបង់ផ្តាច់ជាមួយក្រុមហ៊ុន។

គោលនយោបាយជាតិស្តីកពីលំនៅឋាន និងគោលនយោបាយស្តីពី ការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍលំនោឋានតម្លៃសមរម្យ ត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តនៅឆ្នាំ២០១៧ ក្នុងគោលដៅផ្តល់ឪកាសជូនប្រជាជនទូទាំងប្រទេ​សមានលំនៅឋានសមរម្យ អាចរស់នៅបានប្រកបដោយផាសុកភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ជាពិសេសប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាប និងក្រុមជនងាយរងគ្រោះ តាមរយៈការផ្តល់ជាកញ្ចប់វិធានការលើកទឹកចិត្ត ផ្នែកសារពើពន្ធ ផ្នែកវិនិយោគសាធារណៈ និងផ្នែកនិយ័តកម្ម ដើម្បីទាក់ទាញការចូលរួមពីវិស័យឯកជនក្នុងការអនុវត្តគម្រោងអភិវឌ្ឍលំនោឋានតម្លៃសមរម្យ។

អនុវត្តតាមគោលនយោបាយជាតិទាំងពីរខាងលើ គម្រោងលំនៅឋានតម្លៃសមរម្យចំនួន ៥ បាននិងកំពុងអនុវត្តនៅកម្ពុជា ស្ថិតនៅរាជធានីភ្នំពេញចំនួន២គម្រោង ខេត្តក ណ្តាលចំនួន២គម្រោង និងខេត្តបន្ទាយមានជ័យចំនួន១គម្រោង សាងសង់លំនៅឋានសរុបប្រមាណ៨៣៣១ខ្នង និង ៧២៥៦ ចំណែកឯកជនលក់ក្នុងតម្លៃក្រោម ៣ ម៉ឺនដុល្លារ អមេរិក៕

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ពង្រីកសេវាកម្មផ្ទេរសាច់ប្រាក់តាមប្រព័ន្ឋបច្ចេកវិទ្យាកាន់តែទំនើប

ដោយម៉ាណេត

ភ្នំពេញៈ វិស័យហិរញ្ញវត្ថុកម្ពុជាបាននិងកំពុងចាប់ផ្តើមចាប់យកផ្នែកឌីជីថល ដើម្បីសម្រួលការទូទាត់សាច់ប្រាក់របស់ខ្លួន និងបង្កភាពងាយស្រួលដល់អតិថិជន និងមានសុវត្ថិភាពខ្ពស់។

លោកសាយ សូនីនាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានមានប្រសា​សន៍ឲ្យដឹងនាពេលថ្មីៗនេះថា ប្រាសាក់បាននិងកំពុងពង្រីកការវិនិយោគលើបច្ចេកវិទ្យា ដើម្បីសម្រួលភាពងាយស្រួល និងសុវ​ត្ថិភាពខ្ពស់ដល់អតិថិជន ដោយបច្ចុប្បន្នយើងមានសេវា Internet Mobile Banking ដូច្នេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់នឹងធ្វើទំនើបកម្ម ឱ្យមានការប្រើប្រាស់កាន់តែងាយស្រួល ហើយអតិថិជនរបស់ខ្លួនអាចគ្រប់គ្រងសាច់ប្រាក់ តាមរយៈ Internet ប្រសិ​នបើអតិថិជនប្រើប្រាស់កុំព្យូទ័រ ឬប្រើប្រាស់ទូរស័ព្ទ អតិថិជនរបស់ខ្លួនអាចគ្រប់គ្រងសាច់ប្រាក់តាមតាមទូរស័ព្ទបានដែរ។

លោកបានថ្លែងថា “Internet bankingបានផ្តល់សេវាងាយស្រួល លឿន​រហ័ស ដែលរហូតមកដល់បច្ចុប្បន្ននេះ គឺយើងបន្ថែមមុខងារមួយទៀត ដែលមានន័យថាអតិថិជនអាចផ្ទេរប្រាក់ទៅដៃគូរពាណិជ្ជកម្ម ឬដៃគូរទូទាត់របស់គាត់រហូតទៅដល់១០ ម៉ឺនដុល្លារ តាមរយៈ Internet Mobile Banking របស់យើង ហើយយើងគិតប្រាក់កម្រៃទំនាក់ទំនង និងការផ្ទេរ តាមរយៈMobile Banking ឬគណនីមួយទៅគណនីមួយទៀត”។

លោកបានបន្តថា “ចាប់ពីឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ននេះ ប្រតិបត្តិការតាមរយៈសេវា Internet Mobile Banking របស់ប្រាសាក់មានប្រហែល៤៥លានដុល្លារ”។

សេវាInternet Mobile Banking របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ប្រើប្រាស់តែសម្រាប់អតិថិជនរបស់ខ្លួន ដែលគាត់បានដាក់ប្រាកបញ្ញើរ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់។

លោកសាយ សូនីបានបន្តថា “ជាមួយគ្នានេះ យើងបានសហការជាមួយធនាគារជាតិនៃកម្ពុជា ដោយផ្តល់នូវសេវាទូទាត់ និងសេវាផ្ទេរប្រាក់ឆ្លងកាត់តាមរយៈប្រព័ន្ធបាគងរបស់ធនាគារជាតិ”៕

ចំណេះដឹង! តើអ្វីជាហ៊ីប៉ូតែក?

ដោយវុត្ថា

ភ្នំពេញៈ ហ៊ីប៉ូតែក គឺជាសិទ្ធិប្រាតិភោគមួយប្រភេទ ដែលម្ចាស់បំណុលមានសិទ្ធិទទួលបានការសងចំពោះសិទ្ធិលើបំណុលរបស់ខ្លួន ដោយមានអាទិភាពជាងម្ចាស់បំណុ​លផ្សេងទៀត ចំពោះអចលនវត្ថុដែលបានដាក់ជាប្រាតិភោគនៃកាតព្វកិច្ច ដោយកូនបំណុ​ល ឬដោយគតិយជនមិនផ្ទេរការកាន់កាប់។

ផ្អែកតាមអត្ថន័យនេះ ហ៊ីប៉ូតែក គឺជាប្រភេទនៃសិទ្ធិប្រាតិភោគមួយ ដែលមិនផ្ទេរការកាន់កាប់ ពោលគឺហ៊ីប៉ូតែកគ្រប់គ្រងចំពោះតែតម្លៃនៃវត្ថុតែប៉ុណ្ណោះ។ ហេតុនេះកូនបំណុល ឬគតិយជនដែលបានយកវត្ថុមកដាក់ជាប្រាតិភោគ នៅតែមានសិទ្ធិប្រើប្រាស់ និងអាស្រ័យផលពីវត្ថុនោះដដែល។

ម្យ៉ាងវិញទៀត ហ៊ីប៉ូតែកក្រៅពីមិនតម្រូវឲ្យផ្ទេរ ការកាន់កាប់ ក៏មិនតម្រូវឲ្យប្រគល់ប័ណ្ណកម្មសិទ្ធិដែរ នេះគឺជាចំណុចខុសគ្នាអំពីការដាក់ធានា ដែលមានចែងនៅក្នុងច្បាប់ភូមិបាល ។ មួយវិញទៀត ហ៊ីប៉ូតែកអាចធ្វើបានច្រើនដង មានន័យថាគេអាចបង្កើត ហ៊ីប៉ូតែកច្រើនជាងមួយ ហើយក្នុងករណីហ៊ីប៉ូតែកច្រើន ត្រូវបានបង្កើតឡើយលើអចលនវត្ថុតែមួយ លំដាប់នៃហ៊ីប៉ូតែកត្រូវអនុលោម ទៅតាមពេលវេលាដែលបានចុះបញ្ជី (មាត្រា៨៥១ នៃក្រមរដ្ឋប្បវេណី)។

យោងតាមស្មារតីនៃមាត្រា៨៤៣ ម្ចាស់បំណុលនៃហ៊ីប៉ូតែក មានសិទ្ធិទទួលការសងចំពោះសិទ្ធិលើបំណុលរបស់ខ្លួន ដោយមានអាទិភាពជាងម្ចាស់បំណុលផ្សេងទៀត ចំពោះអចលនវត្ថុដែលបាន ដាក់ប្រាតិភោគនៃកាតព្វកិច្ចដោយកូនបំណុល ឬតតិយជនដោយមិនផ្ទេរការកាន់កាប់។

ឧទាហរណ៍ៈ លោក«ក» មានដីមួយកន្លែង ហើយបានយកដីនោះទៅបង្កើតហ៊ីប៉ូតែក ជាមួយធនាគារ «ខ» ដើម្បីខ្ចីលុយចំនួន១០.០០០ដុល្លារ ។ ក្រោយមកលោក «ក» បានយកដីដដែលទៅបង្កើតហ៊ីប៉ូតែក ជាមួយធនាគារ «គ» មួយទៀតដើម្បីខ្ចីលុយចំនួន ២០.០០០ ដុល្លារទៀត។

មានន័យថាៈ លោក «ក» ជាកូនបំណុល ចំណែកធនាគារ «ខ» និង «គ» ជាម្ចាស់បំណុលនៃហ៊ីប៉ូតែ «ក» ។ ប៉ុន្តែបើយើងនិយាយអំពីម្ចាស់បំណុល ដែលមានអាទិភាពទទួ​លបាន ការសងមុនគេ គឺធនាគារ «ខ» ដោយសារតែលោក «ក» បានបង្កើតហ៊ីប៉ូតែក ជាមួយធនាគារ «ខ» មុនធនាគារ «គ» ៕

តើតំបន់ចាក់អង្រែផ្លូវជាតិលេខ២នឹងមានការប្រែប្រួលដូចម្តេចក្រោយរោងចក្រ ចាប់ផ្តើមចាកចេញ

ដោយ ៖ រ៉ាណេត

ភ្នំពេញៈ គិតចាប់ពីចំណុចគល់ស្ពានអាកាសក្បាលថ្នល់ រហូតដល់ផ្លូវបំបែកសា​លា​ខេត្តកណ្តាលនៃផ្លូវជាតិ២ ដែលជាអតីតតំបន់រោងចក្រនោះ ត្រូវបានអ្នកជំនាញអះ​អាងថា នឹងប្រែក្លាយទៅជាតំបន់ពាណិជ្ជកម្មកម្រិតមធ្យម។

ធ្លាប់តែជាតំបន់ដែលប្រមូលផ្តុំទៅដោយរោងចក្រ បច្ចុប្បន្ន តំបន់ដែលស្ថិតនៅសង​ខាងផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ និងចាក់អង្រែក្រោម ត្រូវបានជំនួសដោយមណ្ឌ​លពាណិជ្ជកម្មចំរុះ និងការិយាល័យជួល (Office Space)។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០កន្លងមកថា តំបន់ខាងលើនេះ មានភាពប្រែប្រួលច្រើន ដែលវាមិនមែនជាតំបន់រោងចក្រដូចកាលពី១០ឆ្នាំមុននោះទេ។

លោកស្រីបានបន្តថា “កាលពីជាង១០មុន តំបន់ដែលស្ថិតនៅតាមផ្លូវជាតិលេខ២ ជាបណ្តុំរោងចក្រ ប៉ុន្តែពេលនេះស្របពេលដែលរដ្ឋាភិបាល ជំរុញឱ្យរោងចក្រទាំងនោះចេញទៅក្រៅក្រុង វាត្រូវបានប្រែក្លាយជាមណ្ឌលពាណិជ្ជកម្មជំនួសវិញ”។

លោកស្រីបន្តទៀតថា“បច្ចុប្បន្ននេះ បើទោះជាតំបន់ខាងលើនេះមានភាពប្រែប្រួល និងរីកចម្រើនយ៉ាងណាក្ដី ប៉ុន្តែសម្រាប់តម្លៃអចលនទ្រព្យនៅតំបន់ខាងលើនេះ ហាក់នៅមានកម្រិត”។លោកស្រីបន្ថែមថា “តំបន់នេះមិនសូវមានផ្ទៃដីទំនេរសម្រាប់អភិវឌ្ឍន៍ជាមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើបក្នុងទ្រង់ទ្រាយនោះដែរ ដោយសារតែចំនួននៃលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅតំបន់នេះមានច្រើន ដែលខុសពីតំបន់អភិវឌ្ឍន៍ថ្មីស្ថិតនៅក្បែរមហាវិថីសម្ដេចតេជោ ផ្លូវ៦០ម៉ែត្រ”។

បច្ចុប្បន្ននៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតនៅតំបន់ចក្រអង្រែមានមជ្ឈមណ្ឌ ល​ពាណិជ្ជកម្មមួយចំនួនបានលេចរូបរាងហើយ ដូចជា The Factory, WB Arena, Holiday Outlet ជាដើម។

លើកឡើងស្រដៀងគ្នានេះ លោក ខាត់ សុវណ្ណ អគ្គនាយកក្រុមហ៊ុន Camtop Property Group បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ដោយសារតែនៅក្នុងក្រុងមានភាពណែនណាន់ពិបាកធ្វើដំណើរ បានជំរុញឱ្យក្រុមហ៊ុនជាច្រើន ងាកទៅតាំងទីស្នាក់ការនៅតំបន់នេះ ដោយសារតែមានហេដ្ឋារចនាសម្ព័ន្ធអំណោយផល ជាពិសេសផ្លូវ៦០ម៉ែត្រ។

លោកបានបន្តទៀតថា “ដោយសារតែតម្រូវការ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រើន បានជំរុញឱ្យតម្លៃដីធ្លីនៅតំបន់នេះមានការកើនឡើង ក្នុងចន្លោះប្រមាណ៥០ភាគរយក្នុងមួយឆ្នាំ ប៉ុន្តែសម្រាប់តម្លៃសំណង់លំនៅដ្ឋាន ដែលស្ថិតសងខាងផ្លូវជាតិលេខ២ មានការកើនឡើងតិចតួចប៉ុណ្ណោះ”។ លោកបន្តថា “នៅថ្ងៃខាងមុខនេះ ប្រសិនបើគម្រោ​ងសាងសង់ស្ពានឆ្លងទន្លេថ្មីមួយខ្សែទៀត ដែលភ្ជាប់ពីតំបន់ព្រែកប្រា ខណ្ឌច្បារអំពៅ មកកាន់តំបន់ចាក់អង្រែ តម្លៃលំនៅដ្ឋាននៅទីនេះអាចនឹងមានការប្រែប្រួលច្រើន”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា “ការអភិវឌ្ឍក្នុងគម្រោងធំៗ នៅតំបន់ជាប់ផ្លូវជាតិលេខ២ គឺមានកំណត់ ដោយសារតែផ្ទៃដីទំនេរមិនមានច្រើន ហើយតម្លៃឡើងខ្ពស់ស្ថិតនៅក្នុងចន្លោះចាប់ពី៣០០០-៤០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលមិនអនុញ្ញាតដល់ឱកាសចំណេញលើការវិនិយោគនោះទេ។

លោកបញ្ជាក់ថា “ប្រសិនបើគេមានគម្រោងវិនិយោគធំៗ ភាគច្រើនអ្នកអភិវឌ្ឍន៍នឹងងាកទៅជ្រើសរើសតំបន់អភិវឌ្ឍន៍ថ្មី ខណៈដែលតម្លៃនៅទាប និងមានវិសាលភាពផ្ទៃដីនៅទំនេរច្រើន”៕

តើកត្តាអ្វីខ្លះដែលជំរុញឱ្យពលរដ្ឋកម្ពុជាចាប់អារម្មណ៍វិនិយោគក្នុងវិស័យអចលនទ្រព្យ?

ដោយវុត្ថា

ភ្នំពេញៈ ប្រជាពលរដ្ឋកម្ពុជាចូលប្រឡូក្នុងវិស័យអចលនទ្រព្យ កាន់តែច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈវិស័យមួយនេះ មានការរីកចំរើនយ៉ាងខ្លាំងក្នុងចំណោ​មបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន។

លោកស្រីGrace Rachny Fong នាយិកាប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យលំដា​ប់ពិភពលោក Century21 Cambodia បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២០កន្លងមកថា មានកត្តាសំខាន់ៗចំនួន៥ ដែលជំរុញឱ្យពលរដ្ឋកម្ពុជាចាប់អារម្មណ៍ខា្លងក្នុងការវិនិយោគ ឬរកស៊ីក្នុងវិស័យអចលនទ្រព្យ។

១) ទទួលបានចំណូលខ្ពស់

ការប្រកបមុខរបររកស៊ីក្នុងវិស័យអចលនទ្រព្យ ទទួលបានចំណូលខ្ពស់មួយ ក្នុងចំណោមមុខរបរផ្សេងទៀត ដែលជំរុញឱ្យពលរដ្ឋកម្ពុជាងាកមកចាប់អាជីពនេះ។   អាជីពក្នុងវិស័យអលនទ្រព្យមួយនេះ គឺជាអាជីពដែលល្អ មិនថាតែសម្រាប់ក្រុមហ៊ុន ប្រជាពលរដ្ឋធម្មតា ឬអ្នករកស៊ីផ្សេងក៏មានលទ្ធភាពធ្វើវាដែរ។ ម្យ៉ាងទៀតអាជីពនេះ បានជួយដល់ម្ចាស់អចលនទ្រព្យ និងអ្នកទិញបានកាន់តែមានភាពងាយស្រួល។

២) លំហូវិនិយោគិនក្រៅប្រទេសចូលមកច្រើន

ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ប្រទេសកម្ពុជាបានទទួលនូវលំហូវិនិយោគិនពីបរទេសយ៉ាងច្រើន ដែលមកវិនិយោគលើគម្រោងអគារពាណិជ្ជកម្ម អគារខ្ពស់កប់ពពក ខុនដូ រោងចក្រ និងសហគ្រាសផ្សេងៗ ដែលជា ឱកាសមួយសម្រាប់ពលរដ្ឋកម្ពុជាក្នុងការចាប់យកអាជីពក្នុងវិស័យអចលនទ្រព្យ និងរកប្រាក់ចំណូលបានកាន់តែច្រើន។

៣) អំណាចនៃការទិញលើវិស័យអចលនទ្រព្យ

អំណាចនៃការទិញលើវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា មានការកើនឡើងខ្លំាង ស្របពេលលំហូវិនិយោគិនចូលកាន់តែច្រើន និងតម្រូវការក្នុងស្រុកកើនឡើងខ្ពស់ ។ មនុស្សទាំងអស់ត្រូវការអចលនទ្រព្យ សម្រាប់យកទៅប្រកបមុខរបរផ្សេងផ្សេងៗ ដូចជាការបើកហាងកាហ្វេ ហាងលក់ផលិតផល រោងចក្រ សហគ្រាស រោងចក្រ និងគ្រប់អាជីវកម្មជាដើម។

៤) កំណើននៃយុវជន

កំណើននៃយុវជនកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ បានជំរុញឱ្យមានតម្រូវការលើវិស័យអចលនទ្រព្យកាន់តែច្រើនជាពិសេសលំនៅឋាន។ នាពេលបច្ចុប្បន្ននេះមានតម្រូវការខ្ពស់​លើផ្នែកខុនដូផងដែរ ដែលយុវជនភាគច្រើនបានងាកមកទិញខុនដូ សម្រាប់រស់នៅបែបទំនើប និងទាន់សម័យកាល ព្រមទាំងមានភាពងាយស្រួលច្រើន ជាពិសេសនោះគឺយុវជនដែលមកពីក្រៅប្រទេសបានទិញខុនដូសម្រាប់រស់នៅ។

៥)ស្ថេរភាពសេដ្ឋកិច្ច និងនយោបាយ

ស្ថេរភាពសេដ្ឋកិច្ច និងនយោបាយនៅក្នុងប្រទេសកម្ពុជា បានជំរុញឱ្យមានការវិនិ​យោគលើវិស័យអចលនទ្រព្យ មានការកើនឡើងគួរឲ្យកត់សំគាល់ ដែលនេះគឺជាកត្តាជំរុញឱ្យមានពលរដ្ឋកម្ពុជា គ្រប់ស្រទាប់វណ្ណៈចាប់អារម្មណ៍លើអាជីព ក្នុងវិស័យអចលនទ្រព្យ៕

វិភាគៈអាមេរិក និងចិននឹងធ្វើសង្គ្រាមបច្ចេកវិទ្យានៅឆ្នាំនេះឬ ខណៈចិនត្រៀមបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅទីអវកាស?

ដោយ ប៊ី

ភ្នំពេញៈ តើសហរដ្ឋអាមេរិក និងមហាយក្សចិន កំពុងឈានទៅរកសង្គ្រាមមួយទៀតឬ? ខណៈពេលនេះការប៉ះទង្គិចផ្នែកបច្ចេកវិទ្យា បន្ទាប់ព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ រវាងអាមេរិក និងចិនត្រូវបានបញ្ចប់។

ក្រុមអ្នកវិភាគជឿជាក់ថា អាមេរិក និងចិនកំពុងឆ្ពោះទៅរកសង្គ្រាមត្រជាក់បច្ចេកវិទ្យា ដែលដូចនឹងការប្រកួតប្រជែងបច្ចេកវិទ្យារវាងអាមេរិក និងរុស្ស៊ី ដែលគ្របដណ្តប់លើពិភពលោកក្រោយសង្គ្រាមលោកលើកទី២។

ប្រធានាធិបតីអាមេរិក Donald Trump បានដាក់បញ្ជីខ្មៅក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huaweiកាលពីដើមឆ្នាំមុន ហើយថែមទាំងបានស្នើទៅប្រទេសកាណាដា ដើម្បីឃុំខ្លួនអគ្គនាយកផ្នែកហិរញ្ញវត្ថុCFO) របស់ក្រុមហ៊ុននេះ និងធ្វើបត្យាប័នលោកស្រីទៅអាមេរិក ពីបទរំលោភទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់។

ក្រុមអ្នកវិភាគជឿជាក់ថា ការចុះក្នុងបញ្ជីខ្មៅ គឺដើម្បីរារាំងក្រុមហ៊ុនHuawei ពីការប្រើប្រាស់បច្ចេកវិទ្យារបស់អាមេរិក ក្នុងការដើរឈានមុខអាមេរិក ក្នុងបច្ចេកវិទ្យាទូរគម​នាគមន៍5G។

ការអត្ថាធិប្បាយមួយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់ប្រទេសចិនបានសរសេរថា “ចិននាំមុខអាមេរិកលើការដាក់ពង្រាយបច្ចេកវិទ្យាម5G ប៉ុន្តែអាមេរិកកំពុងពិភាក្សាអំពីបច្ចេកវិទ្យានេះ ដែលផ្តល់ល្បឿនទិន្នន័យលឿនជាងមុន ដើម្បីគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យាកំពុងរីកចម្រើនផ្សេងទៀត”។

អាមេរិកតាមស្តង់ដារជាច្រើន នៅតែជាមេដឹកនាំពិភពលោកខាងបច្ចេកវិទ្យាទំនើប ដូចជា ក្បួនដោះស្រាយបញ្ញាសិប្បនិម្មិត ប៉ុន្តែការនាំមុខរបស់ចិននៅក្នុងបណ្តាញ5G ជំនាន់ក្រោយនៅតែជាប្រភព នៃភាពមិនងាយស្រួលសម្រាប់អាមេរិក និងជាការលើកទឹកចិត្តមួយសម្រាប់ខ្លួនដើម្បីចាប់យក។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនByteDance មានមូលដ្ឋាននៅប្រទេសចិន និងក្រុមហ៊ុនផលិតកម្មវិធីទូរស័ព្ទ TikTok និង Musical.ly បានស្ថិតក្រោមការឃ្លាំមើលយ៉ាងខ្លាំងនៅអាមេរិក ដោយសារប្រជាប្រិយភាពរបស់វាបានផ្ទុះឡើងនៅឆ្នាំនេះ។ សមាជិកសភាអាមេរិកភ័យខ្លាចថា ទីក្រុងប៉េកាំងនឹងអាចទាញយកប្រយោជន៍ ពីប្រជាប្រិយភាពរបស់កម្មវិធីដើម្បីប្រមូល និងទទួលទិន្នន័យរបស់ជនជាតិអាមេរិករាប់លាននាក់។

លើសពីនេះ ទីក្រុងប៉េកាំងកំពុងរៀបចំផែនការតំបន់សេដ្ឋកិច្ច លំហអាកាសគន្លាតរវាងផែនដី និងព្រះច័ន្ទ ដែលអាចផ្តល់ប្រាក់ចំណូលប្រចាំឆ្នាំដល់ទៅ១០ទ្រីលានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលគ្រប់គ្រងដោយរដ្ឋបានចេញផ្សាយកាលពីខែមុន។

តំបន់សេដ្ឋកិច្ចនេះ នឹងគ្របដណ្តប់តំបន់រវាងផែនដី និងព្រះច័ន្ទ។ នេះបើយោងតាមសាជីវកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអវកាសចិន (CAST) ។

របាយការណ៍បានដកស្រង់សម្តីលោកBao Weimin ប្រធានគណៈកម្មការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅ CAST ដែលបាននិយាយថា បច្ចេកវិទ្យាដឹកជញ្ជូន គួរតែត្រូវបានដាក់ឱ្យដំណើរការនៅឆ្នាំ២០៣០ និងប្រព័ន្ធដឹកជញ្ជូនភ័ស្តុភារនៅឆ្នាំ២០៤០។ តំបន់សេដ្ឋកិច្ច គួរតែដំណើរការពេញលេញនៅឆ្នាំ២០៥០។

ជាការឆ្លើយតបលោកTrump បានចុះហត្ថលេខាលើច្បាប់ស្តីពី ការអនុញ្ញាតការពា​រជាតិជាប្រវត្តិសាស្ត្រ ដែលនឹងបង្កើតសេវាកម្មយោធាមួយ ដែលមានឈ្មោះថាកងកម្លាំងអវកាសអាមេរិកនៅថ្ងៃ សុក្រ។ ក្រសួងការពារជាតិអាមេរិកបានស្នើសុំថវិកាចំនួន៧២,៤ លានដុល្លារ ប៉ុន្តែសមាជិកសភាបានអនុញ្ញាតថវិកាចំនួន៤០លានដុល្លារតែប៉ុណ្ណោះ។

លោកTrump បាននិយាយថា “ដោយមានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សន្តិសុខជាតិរបស់យើង ឧត្តមភាពរបស់អាមេរិកនៅក្នុងអវកាស ពិតជាមានសារៈសំខាន់ណាស់”។ លោកបន្តថា “យើងកំពុងនាំមុខ ប៉ុន្តែយើងមិននាំមុខដោយគ្រប់គ្រាន់នោះទេ។ ក្នុងពេលដ៏ខ្លីខាងមុខនេះយើងនឹងនាំមុខច្រើន។ កម្លាំងអវកាសនឹងជួយយើងទប់ស្កាត់ការឈ្លានពាន និងត្រួតត្រាទីខ្ពស់បំផុត”៕

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល ស្នើក្រុមហ៊ុងសាងសង់ផ្លូវជាតិលេខ១០ គិតគូរពីបរិស្ថាន

ដោយវុត្ថា

ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន  បានស្នើដល់ក្រុមការងារបច្ចេកទេសសាងសង់ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC)  សាងសង់ផ្លូវជាតិលេខ១០ ដែលជាផ្លូវថ្មីគិតគូពីបរិស្ថាន និងព្រៃឈើ។

នៅក្នុងជំនួបពិភាក្សាការងាររវាងលោក ទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួ​ងសាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ដែលដឹកនាំដោយលោកZhan Jinsheng នាយកគ្រប់គ្រងក្រុមហ៊ុនCRBCនាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ផ្តោតលើគោលបំណង ដើម្បីពិភាក្សាពិនិត្យលើជម្រើស តម្រាយផ្លូវថ្មីចាប់ពីវាលវែងទៅខេត្តកោះកុង នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលត្រូវបានធ្វើការសិក្សាដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន។

លោកបន្តថា “ផ្លូវជាតិលេខ១០ មានគម្រោងសាងសង់ធ្វើជាផ្លូវហាយវេជាតិ ដែលតភ្ជាប់ខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង និងតភ្ជាប់កំពង់ផែខេត្តកោះកុង និងខេត្តប៉ែកខាងជើងប្រទេស ដែលអាចជំរុញការនាំចេញផលិតផលកសិកម្ម ជាពិសេសសម្រួលដល់ការដឹកជញ្ជូនទំនិញ ប្រកបដោយប្រសិទ្ធភាព និងចំណេញពេលផងដែរ”។

ជាមួយគ្នានេះផងដែរ លោក ទេសរដ្ឋមន្ត្រី បានស្នើឲ្យក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនស្ពានថ្នល់ ចិនសហការឱ្យបានជិតស្និទ្ធជាមួយក្រសួងបរិស្ថាន ដើម្បីបង្ការកុំឲ្យមានការឆ្លៀតឱកាសកាប់បំផ្លាញព្រៃ ឈើខុសច្បាប់ក្នុងអំឡុងពេលសាងសង់ និងបានសំណូមពរឲ្យគោរពតាមលក្ខខណ្ឌនានា ដែលកំណត់ដោយក្រសួងបរិស្ថានផងដែរ។

លើសពីនេះទៀត លោក ទេសរដ្ឋមន្ត្រី ក៏បានស្នើឲ្យក្រុមការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន ពិនិត្យលើផលប៉ះពាល់ផ្នែកបរិស្ថាន ដូចជា ការកាប់បំផ្លាញព្រៃឈើធ្វើឲ្យខូចជម្រកសត្វព្រៃជាដើម។

តាមគម្រោងផ្លូវជាតិលេខ១០ គ្រោងបើកការដ្ឋានសាងសង់ស្របជាមួយនឹងពិធីសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការ នូវផ្លូវជាតិលេខ ៥៥ នៅថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕