ទីផ្សារក្នុងការជួលអាផាតមិននៅហុងកុងដាំក្បាលចុះយ៉ាងធ្ងន់ធ្ងរ

ដោយ ហ្សូលី

ហុងកុងៈ ទីផ្សារក្នុងការជួលអាផាតមិនរបស់ហុងកុង បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ នៅពេលដែលប្រជាជនចាប់ផ្តើមចាកចេញពីទីក្រុង រីឯម្ចាស់ផ្ទះក៏ដាក់ផ្ទះជួលជាជាងការលក់ផ្ទះផងដែរ។

ទិន្នន័យពីទីភ្នាក់ងារអចលនទ្រព្យ Spacious បានបង្ហាញថា តម្លៃដែលត្រូវបានផ្សព្វផ្សាយក្នុងមួយម៉ែត្រការ៉េ គឺទាបបំផុតចាប់តាំងពីខែមីនាឆ្នាំ ២០១៨ មកម្ល៉េះ។ ខណៈពេលដែលការជួល នៅក្នុងទីក្រុងបានស្ថិតនៅក្រោមសម្ពាធ ចាប់តាំងពីការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលបានចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០១៩ បូករួមទាំងការរីករាលដាលនៃមេរោគឆ្លងវីរុសកូរ៉ូណាទៀត បានកំពុងតែធ្វើឱ្យតម្រូវការធ្លាក់ចុះខ្លាំងផងដែរ។

លោកស្រីLetizia Garcia Casalino ប្រធានផ្នែកសេវាកម្មលំនៅដ្ឋានរបស់ក្រុមហ៊ុន Colliers International បានមានប្រសាសន៍ថា“អ្នកដែលមានដៃគូ ប្តីប្រពន្ធដែលមិនធ្វើការ ឬក្មេងៗដែលមិនទាន់ចូលសាលារៀន ពួកគេកំពុងផ្លាស់ប្តូរទីលំនៅនាពេលនេះ”។

លោកស្រីបាននិយាយថា ក្នុងករណីខ្លះម្ចាស់អចលនទ្រព្យ មានឆន្ទៈក្នុងការផ្តល់ការបញ្ចុះតម្លៃដល់ទៅ១២ភាគរយ ដែលជាការផ្តល់ជូនខ្ពស់បើធៀបនឹងឆ្នាំៗមុន ចំណែកឯការផ្ទុះឡើងនៃវីរុស ជាសម្ពាធសម្រាប់ទីផ្សារអាផាតមិននេះទៀតផង។

យោងតាមទិន្នន័យចុងក្រោយបំផុតរបស់សារព័ត៌មាន Centaline ប្រព័ន្ធផ្សព្វផ្សា​យក្នុងស្រុក បានរាយការណ៍អំពីប្រតិបត្តិការមួយចំនួនបានឱ្យដឹងថា ចន្លោះខែមករានិងខែកុម្ភៈ ឆ្នាំ២០២០ តម្លៃអាផាតមិនបានកើនឡើងត្រឹមតែ១ភាគរយប៉ុណ្ណោះ ដែលម្ចាស់អាផាតមិនដែលធ្លាប់បានលក់នោះ ត្រូវខាតបង់ទឹកប្រាក់ជាច្រើន។

លោកMatthew Hung នាយករងផ្នែកលក់ប្រចាំតំបន់ នៃភ្នាក់ងារអចលនទ្រព្យហុងកុង Centaline បាននិយាយថា ម្ចាស់អចលនទ្រព្យខ្លះ មិនចង់បានបន្ថោកតម្លៃអចល​នទ្រព្យរបស់ខ្លួនទេ តែផ្ទុយទៅវិញពួកគេព្យាយាមជួលទៅវិញ។

លោកបានមានប្រសាសន៍ថា“ អ្នកលក់ខ្លះមិនចង់លក់ចោលទ្រព្យសម្បត្តិរបស់ពួកគេក្នុងតម្លៃថោកនោះទេ”។ លោកបន្ថែមថា “ពួកគេរំពឹងថាបញ្ហានេះនឹងបញ្ចប់ក្នុងពេលឆាប់ៗ ដូច្នេះពួកគេមានតែជួលវានៅពេលនេះ”។(BloomBerg)៕

IMF: ឥណ្ឌារុញទំលាក់ប្រទេសបារាំងដើម្បីគ្រងដំណែងជាមានសេដ្ឋកិច្ចធំទី៥ របស់ពិភពលោក

ដោយ ប៊ី

ភ្នំពេញៈ ប្រទេសឥណ្ឌា បានរុញទំលាក់ប្រទេសបារាំង ដើម្បីមកគ្រងដំណែងជា​ប្រទេសមានសេដ្ឋកិច្ចធំជាងគេទី៥ នៅលើពិភពលោកកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យពីទស្សនវិស័យសេដ្ឋកិច្ចរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ នៅពេលដែលត្រូវបានចាត់ថ្នាក់ដោយផលិតផលក្នុងស្រុកសរុប ប្រទេសនេះបានលោតផ្លោះបារាំង និងអង់គ្លេស។

កំណើនផលិតផលសរុបក្នុងស្រុករបស់ប្រទេសនេះ ស្ថិតក្នុងកម្រិតខ្ពស់បំផុតនៅលើពិភពលោក ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយសម្រេចបាននូវកំនើនប្រចាំឆ្នាំក្នុងចន្លោះពី៦-៧ ភាគរយ។

ការកើនឡើងយ៉ាងឆាប់រហ័សនេះ ត្រូវបានជម្រុញដោយកត្តាមួយចំនួនរួមទាំងនគរូបនីយកម្ម និងបច្ចេកវិទ្យា ដែលបានធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងផលិតភាព។ នេះបើយោងតាមរបាយការណ៍របស់វិទ្យាស្ថាន McKinsey Global ឆ្នាំ ២០១៦។

ផលិតផលសរុបក្នុងស្រុកពិតរបស់ឥណ្ឌា ដែលជាការវាស់វែងសម្រាប់អតិផរណាត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះនៅឆ្នាំក្រោយ ដោយសារភាពទន់ខ្សោយនៃឥណទាន។ ដូចកាលពីឆ្នាំ២០១០ ឥណ្ឌាស្ថិតនៅលំដាប់ទី៩ បន្ទាប់ពីប្រទេសប្រេស៊ីល និងអ៊ីតាលី។

ការកើនឡើងរបស់ឥណ្ឌា គឺរឹតតែខ្លាំងជាងមុនក្នុងរយៈពេល២៥ឆ្នាំ។ ចាប់តាំងពីឆ្នាំ១៩៩៥ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសបានកើនឡើងជាង៧០០%។

ទោះបីជាមានកំណើនសេដ្ឋកិច្ចរឹងមាំក៏ដោយ ក៏ប្រទេសនេះនៅតែប្រឈមនឹងចំណែករបស់ខ្លួន។ ធនាគារពិភពលោកឱ្យដឹងថា លទ្ធភាពទទួលបានការអភិវឌ្ឍ និងឱកា​សថ្មីៗមិនស្មើគ្នាទេ ដែលផ្អែកលើទីតាំងភូមសាស្ត្រ។

លើសពីនេះទៀត ឥណ្ឌានៅតែជាប្រទេសក្រីក្រមួយ ភាគបួនរបស់ពិភពលោក។ យោងតាមអង្គការសហប្រជាជាតិ ប្រជាជននៅតាមជនបទចំនួន៣៩% អាចទទួលបាននូវអនាម័យ ហើយជិតពាក់កណ្តាលនៃចំនួនប្រជាជនសរុបនៅតែបន្ទោរបង់នៅទីវាល។

យ៉ាងណាក៏ដោយ ឥណ្ឌាមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ អត្រាកាត់បន្ថយភាពក្រីក្រស្ថិត ក្នុងចំណោមអត្រាខ្ពស់បំផុតនៅលើពិភពលោក ដែលមានប្រជាជនតិចជាង១៦០លាននាក់ រស់នៅក្នុងភាពក្រីក្រខ្លាំងក្នុងឆ្នាំ២០០០ បើប្រៀបធៀបនឹងឆ្នាំ ២០១៥​៕

បុរីស្ថិតនៅទល់មុខផ្សារព្រែកព្នៅថ្មីកំពុងលក់បញ្ចុះតម្លៃ និងលក្ខខ័ណ្ឌបង់ប្រាក់ពិសេស

ដោយគង់ សូរិយា

         ភ្នំពេញៈ ជា​ការសម្រួល​និង​ឆ្លើយតប​ ទៅ​នឹង​តម្រូវការ​ជាក់ស្ដែង​របស់​អតិថិជន​ ដែល​មាន​ចំណូល​កម្រិតមធ្យម​ និង​មានបំណង​ចង់បាន​លំនៅ​ដ្ឋាន​កម្មសិទ្ធិ​ សម្រាប់​ស្នាក់នៅ​ និង​អាច​ប្រកប​អាជីវកម្ម​បាន​ប្រចាំថ្ងៃ​បាន​បុរី​ ខេ​ស៊ី​ ដែល​កំពុងតែ​ដំណើរការ​សាងសង់​លំនៅ​ដ្ឋាន​បែប​ប្រណីត​ និង​ទាន់សម័យ​ បាន​ផ្តល់​ជូន​ជម្រើស​ងាយស្រួល​កាន់តែ​ច្រើនជាង​មុន​។

ស្ថិតនៅ​ក្នុង​តំបន់​ដែល​កំពុង​ តែ​មាន​សក្ដានុពល​ក្រោម​គម្រោង​អភិ​វឌ្ឍ​ធំៗ​ជាច្រើន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ប្រែក្លាយ​តំបន់​ជាយក្រុង​រាជធានី​ភ្នំពេញ​ ឱ្យទៅ​ជា​តំប​ន់​លំនៅ​ដ្ឋាន​ប្រកបដោយ​ផាសុកភាព​ រួម​ជាមួយ​នឹង​បណ្តុំ​ឧស្សាហកម្ម​ផង​ដែរ​នោះ​ បុរី​ ខេ​ ស៊ី​ បច្ចុប្បន្ន​នេះ​បាន​ និង​កំពុងតែ​មាន​សកម្មភាព​យ៉ាង​មមាញឹក​ ក្នុង​ការ​អភិវឌ្ឍ​គម្រោង​លំនៅ​ដ្ឋាន​បែប​ទាន់សម័យ​ ស៊ីវិល័យ​ និង​ប្រណីតភាព​ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ត្រឹម​ឆ្នាំ២០២១ឆាប់​ៗខាងមុខនេះ​។

ជាមួយនឹង​ទីតាំង​ល្អ​ អំណោយផល​ដល់​ការរស់នៅ​ និង​ប្រក​អាជីវកម្ម​គ្រប់​ប្រភេទ​ បុរី​ ខេ​ស៊ី​ ស្ថិតនៅ​ជាប់​ផ្លូវ​ធំ​ទំហំ៣០​ម៉ែត្រ​ ជា​ផ្លូវ​តភ្ជាប់​រវាងផ្លូវ​ជាតិ​លេខ៥​ និង​មហាវិថី​ ឈ្នះ​ ឈ្នះ​ នៃ​ទីក្រុង​មរតក​សម្ដេច​តេជោ​ ឆ្ពោះទៅ​កាន់​ផ្លូវជាតិ​លេខ៤​ និង​មាន​ហ៊ុ​ព័ទ្ធ​ទៅ​ដោយ​ទីប្រជុំជន​ជាច្រើន​ ដូចជា​ ខាងក្រោយ​មាន​ផ្សារ​ព្រែកព្នៅ​ចាស់​ នៅ​ខាងមុខ​ជាប់​ផ្លូវ​ មាន​ផ្សារ​ព្រែកព្នៅ​ សាលារៀន​រដ្ឋ​ និង​ឯកជន​ មណ្ឌលសុខភាព​ គ្លីនិក​ឯកជន​ និង​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ខ្វាត់ខ្វែង​ជាច្រើន​។

ចំពោះ​លក្ខខណ្ឌ​នៃ​ការ​ក្លាយ​ខ្លួន​ជា​ម្ចាស់​លំនៅ​ដ្ឋាន​ នៅក្នុង​បុរី​ ខេ​ ស៊ី​ គឺ​មាន​ភាព​ងាយស្រួល​បំផុត​ ដោយ​លោកអ្នក​គ្រាន់តែ​មាន​ប្រាក់ដំបូង​ ត្រឹមតែ១០០០ដុល្លារ​ តែប៉ុណ្ណោះ​ រួម​ជាមួយនឹង​ការ​បង់​បណ្តាក់​ក្នុង​រូបភាព​ជា​បង់​រំលស់​ ជាបន្តបន្ទាប់​ស្រប​ទៅតាម​គោលការណ៍​ ដែល​បាន​កំណត់​ដោយក្រុម​ហ៊ុន​អភិវឌ្ឍ​លំនៅ​ដ្ឋាន​តែប៉ុណ្ណោះ​។

​បុរី​ ខេ​ ស៊ី​ ​ត្រូវ​បាន​រៀបចំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ស្រប​តាម​ស្ដ​ង់​ដារ​សំណង់​ ដូចជា​ផ្លូវ​បេតុង​មេ​មាន​ទំហំ១២ម៉ែត្រ​ ផ្លូវ​តូច​មាន​ទំហំ៨ម៉ែត្រ​ មាន​ប្រព័ន្ធ​ទឹក​ស្អាត​ និង​បណ្តាញ​រំដោះ​ទឹក​យ៉ាង​ត្រឹមត្រូវ​ និង​មានការ​រៀបចំ​សាងសង់​ជាទី​ធ្លា​សម្រាប់​អង្គុយ​កម្សាន្ត​ ហាត់ប្រាណ​សាធារណៈ​ និង​សួនច្បារ​ ដែល​បំពាក់​ទៅ​ដោយ​ចង្កៀង​អគ្គិសនី​ LED​ ​យ៉ាង​ភ្លឺច្បាស់​ត្រជាក់​ភ្នែក​ផង​ដែរ​។

លំនៅ​ដ្ឋាន​នៅក្នុង​ ខេ​ស៊ី​ ​ត្រូវ​បាន​សាងសង់​ឡើងជា៣ប្រភេទ​ រួមមាន​ប្រភេទ​ Link​ House​, Shop​ House​ និង​ប្រភេទ​ Twin​ Villa​ ដែល​សុទ្ធតែ​សមស្រប​ទៅ​នឹង​ការរស់នៅ​ដែល​ពោរពេញ​ទៅ​ដោយ​ផាសុកភាព​ខ្ពស់​ទាំងអស់​។

ប្រភេទ​លំនៅ​ដ្ឋាន​ Link​ House​ មាន​ទំហំ៥​ X ៩,៥០​ ម៉ែត្រ​ (Eo​, E1) មាន​បន្ទប់គេង​ចំនួន២​ បន្ទប់ទឹក​ចំនួន៣​ ទីធ្លា​ក្នុង​ផ្ទះ​ធំ​ទូលាយ​ នៅសល់​ទីធ្លា​ខាងមុខ៥ម៉ែត្រ​ និង​ខាងក្រោយ​ផ្ទះ​សល់​ ២ម៉ែត្រ​ ។ ប្រភេទ​លំនៅ​ដ្ឋាន​ Shop​ House​ មាន​ទំហំ៥​ X ១៥​ ម៉ែត្រ​ ក្នុង​នោះ​រួមមាន​បន្ទប់គេង​ចំនួន៤​ ទីធ្លា​ក្នុង​ផ្ទះ​ធំ​ទូលាយ​ នៅសល់​ទីធ្លា​ខាងមុខ ៧ម៉ែត្រ​ និង​ខាងក្រោយ​ផ្ទះ​សល់ ៣ម៉ែត្រ​ ។

ប្រភេទ​លំនៅ​ដ្ឋាន​ Twin​ Valla​ មាន​ទំហំ​ ៦ X ១២​ ម៉ែត្រ​ មាន​បន្ទប់គេង​ចំនួន៤​ បន្ទប់ទឹក​ចំនួន៥​ ទីធ្លា​ក្នុង​ផ្ទះ​ធំ​ទូលាយ​ ជាមួយនឹង​ការរចនា​ម៉ូដ​យ៉ាង​ល្អ​វិចិត្រ​ ហើយ​នៅសល់​ទីធ្លា​ខាងមុខ៥ម៉ែត្រ​ និង​ខាងក្រោយ​ផ្ទះ​សល់​២ម៉ែត្រ​។

សម្រាប់​ព័ត៌មាន​បន្ថែម​ លោកអ្នក​អាច​ទំនាក់ទំនង​បាន​ តាមរយៈ​ទូរស័ព្ទ​លេខ​ ៖ ០៨៩​ ៧៨៧​ ៧២១​ / ០៨៧​ ៣៦​ ៩៥​ ៣៦​, ០៩៣ ៣៥៣ ៧៧៧៕

រដ្ឋាភិបាលបញ្ជាក់ពីការចាប់ផ្ដើមកសាងកំពង់ផែទឹកសាបនៅទន្លេបិទខេត្តកំពង់ចាម

ដោយៈ រ៉ាណេត

កំពង់ចាមៈ រដ្ឋាភិបាលកម្ពុជាបានសិក្សាលម្អិត និងដាក់ផែនការកសាងកំពង់ផែទឹកសាបនៅតាមខេត្តសំខាន់ៗមួយចំនួន រួមជាមួយនឹងការស្នើសុំឱ្យមានការចូលរួមវិនិយោគពីវិស័យឯកជន ដើម្បីធ្វើយ៉ាងណាជួយសម្រួល ដល់វិស័យដឹកជញ្ជូនតាមផ្លូវទឹកឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នៅក្នុងខេត្តកំពង់ចាម។

ទីតាំងដែលនឹងត្រូវសាងសង់កំពង់ផែរណបទឹកសាប នៅក្នុងខេត្តកំពង់ចាម គឺត្រូវបានកំណត់យកតំបន់ទន្លេបិទ ដែលជាអតីតកំពង់ចម្លង និងជាកំពង់ផែចាស់ហើយរហូតមកដល់ពេលនេះអជ្ញាធរបានត្រៀម និងរៀបចំដីរួចរាល់សម្រាប់ការអនុវត្តន៍ ទៅតាមផែន​ការដែលបានគ្រោងទុក។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន” នៅទីស្ដីការគណរដ្ឋមន្ត្រី កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បច្ចុប្បន្ន ក្រុងមន្ត្រីជំនាញ បានកំណត់កំណត់ទីតាំងសម្រាប់សាងសង់រួចហើយ។

លោកបានបញ្ជាក់ថា “យើងបានសិក្សា និងកំណត់ទីកន្លែងសម្រាប់សាងសង់រួចហើយ និងបានត្រៀបដីរួចរាល់ដែរ គឺនៅទន្លេបិទជាទីតាំងកំពង់ចម្លងចាស់”។ លោកបានបន្តទៀតថា “យើងចង់ឱ្យមានការចូលរួមពីសំណាក់វិស័យឯកជន ក្នុងការកសាងជាកំពង់ផែតូចៗបន្ថែមទៀត នៅតាមតំបន់ផ្សេងៗនៃដងទន្លេ ដើម្បីបង្កភាពកាន់តែងាយស្រួលក្នុងការដឹកជញ្ជូនតាមផ្លូវទឹក”។

ក្រៅពីកំពង់ផែរណបខេត្តកំពង់ចាម ដែលមានទីតាំងស្ថិតនៅតំបន់ច្រាំងទន្លេបិទ   រដ្ឋាភិបាល ក៏មានគម្រោងសាងសង់កំពង់ផែ រណបទឹកសាបមួយកន្លែងផ្សេងទៀត ស្ថិតនៅតំបន់ក្អមសំណរ ដែលស្ថិតនៅក្នុងស្រុកលើកដែក ខេត្តកណ្តាល រួមជាមួយនឹងតំបន់សេដ្ឋកិច្ចពិសេសផងដែរ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបង្ហាញពីក្ដីសាទរ និងគាំទ្រទៅនឹងគម្រោងអភិវឌ្ឍន៍នានារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសនៅក្នុងទឹកដីខេត្តកំពង់ចាម។

លោកបានមានប្រសាសន៍ថា“គ្រប់គម្រោងអភិវឌ្ឍន៍ទាំងអស់ របស់រាជរដ្ឋាភិបាល ដែលបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសង្គមជាតិ គឺអាជ្ញាធរខេត្តត្រៀមខ្លួនក្នុងការចូលរួមជាមួយ ធ្វើយ៉ាងណាឱ្យគម្រោងទទួលបានជោគជ័យ ដែលជាការលើកកម្ពស់បរិ​យាកាសវិនិយោគ នៅក្នុងខេត្តកំពង់ចាមឱ្យបានកាន់តែច្រើន ក៏ដូចជាបង្កើននូវកម្រិតជីវភាពរបស់ប្រជាពលរដ្ឋបន្ថែមទៀត”។

លោកបន្តទៀតថា បច្ចុប្បន្ននេះក៏ដូចជាកាលពីពេលកន្លងទៅ កប៉ាល់ទេសចរណ៍ធំៗដែលមកពីប្រទេសវៀតណាម តែងតែមកចូលចត និងដឹកនាំភ្ញៀវទេសចរមកកម្សាន្តនៅតាមទីរមណីយដ្ឋាននានានៅក្នុងខេត្តជាបន្តបន្ទាប់។ ប្រសិនបើគម្រោងសាងសង់កំព​ង់ផែថ្មី ត្រូវបានបញ្ចប់រួចរាល់ គឺកាន់តែផ្តល់ភាពងាយស្រួល ដល់វិស័យដឹកជញ្ជូនតាមផ្លូវទឹកថែមមួយកម្រិតទៀត៕

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ៖ ច្បាប់សំណង់ នឹងជួយបង្កើនទំនុកចិត្តលើការវិនិយោគក្នុងវិស័យអចលនទ្រព្យ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍បញ្ជាក់ ការអនុវត្ត និងគោរពតាមច្បាប់ស្ដីពីសំណង់ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងបង្កើនទំនុកចិត្តកាន់តែខ្ពស់លើការវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាឱ្យកាន់តែមានឧត្តមភាព។

ច្បាប់ស្ដីពីសំណង់ ត្រូវបានរៀបចំចងក្រងឡើងក្រោមកិច្ចសហការរវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កម្ពុជា ជាមួយនឹងក្រសួងដីធ្លីដឹកជញ្ជូន និងទេសចរណ៍របស់ប្រទេសជប៉ុន ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនៃវិស័យសំណង់មានភាពល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

មានប្រសាសន៍នៅក្នុងវគ្គផ្សព្វផ្សាយអំពីច្បាប់ “ស្ដីពីសំណង់” ជូនអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់លើកទី៣ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារ ហ្គាឌិន ស៊ីធី រាជធានីភ្នំពេញ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា វគ្គផ្សព្វផ្សាយច្បាប់ស្តីពីសំណង់ជូនវិស្វករនិងស្ថាបត្យករជាលើកទី៣ គឺដើម្បីប្រមូលធនធានមនុស្សដែលចាត់ទុកថាជាសក្តានុពលសំរាប់ធ្វើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដែល បង្ហាញនូវសមត្ថភាពរបស់ខ្លួនក្នុងការរួមចំណែកដល់កិច្ចអភិវឌ្ឍជាតិ។

លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា “ច្បាប់សំណង់នេះក៏មានគោលដៅក្នុងការរួមចំណែកលើកកំពស់ជំនឿជឿជាក់ដល់វិនិយោគិនក្នុងវិស័យអចលនទ្រព្យដែលមានន័យថាយើងអាចលក់អចលនទ្រព្យដែលយើងបានសាងសង់ហើយនិងផ្ទេរកម្មសិទ្ធដីធ្លីនិងអចលនទ្រព្យផ្សេងៗដែលធ្វើអោយប្រជាពលរដ្ឋមានភាពនឹងនរក្នុងការផ្ទេរកម្មសិទ្ធអចលនទ្រព្យរបស់ខ្លួនដោយស្របច្បាប់គ្មានការព្រួយបារម្ភ។ ក្រោយបញ្ចប់វគ្គផ្សព្វផ្សាយនេះ អ្នកប្រកបវិជ្ជាជីវះក្នុងវិស័យសំណង់ទាំងអស់ដែលបានចូលរួមនឹងទទួលបានការបញ្ជាក់អំពីការផ្តល់នូវអាជ្ញាបណ្ណប្រកបអាជីវកម្មសិក្សាគំរោងប្លង់ពីក្រសួងដើម្បីអោយគ្រប់តាមលក្ខណ្ឌ័ដែលក្រសួងបានរៀបចំ ជាពិសេសគឺច្បាប់ស្តីពីសំណង់”។

ច្បាប់សំណង់នេះមានគោលបំណងដើម្បីធានាសុវត្ថិភាពក្នុងវិស័យសំណង់ សំណង់ត្រូវតែមានភាពរឹងមាំ ការពារផលប្រយោជន៍របស់ម្ចាស់សំណង់និងការពារផលប្រយោជន៍សាធារណះដែលចាត់ទុកថានេះជាចំណុចដ៏សំខាន់សំរាប់ការសាងសង់ទាំងអស់និងចង់អោយសំណង់នេះមានសោភ័ណភាពចូលរួមចំណែកក្នុងការអភិវឌ្ឍទីក្រុងទីប្រជុំជនប្រកបដោយសុវត្ថិភាព។ មានន័យថារាល់សំណង់ទាំងអស់ត្រូវតែគោរពទៅតាមប្លង់គោលនិងផែនការប្រើប្រាស់ដីធ្លីរឺផែនការនគរូបនីយកម្មនៅតាមឃុំសង្កាត់ដោយមិនអោយសំណង់សង់លើដីសាធារណះរឺអូរបឹងរឺទីតាំងសាធារណះមួយចំនួនដែលទៅអនាគតនាំអោយខាតបង់ថវិការជាតិរឺពេលវេលាសំរាប់ដោះស្រាយផលប៉ះពាល់នោះឡើយ។

ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានរៀបចំប្លង់រដ្ឋបាលនៅគ្រប់ទីកន្លែងទាំងអស់នៅទូទាំងប្រទេសដើម្បីដកហេដ្ឋារចនាសម្ព័ន្ធចេញអោយអស់ ដូច្នេះប្លង់ដែលបានរៀបចំហើយនេះគឺត្រូវមានការទទួលស្គាល់និងចុះហត្ថលេខាពីអាជ្ញាធរថ្នាក់ក្រោមជាតិហើយបញ្ជូនមកក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដើម្បីអោយការសាងសង់នោះមានភាពជាក់លាក់ហើយម្ចាស់សំណង់មានការនឹងនរចិត្តនិងមិនត្រូវបានរំខានដល់ការអភិវឌ្ឍផ្សេងៗទៀតហើយរាល់សំណង់នេះត្រូវសង់មិនអោយប៉ះពាល់ដល់កន្លែងដែលបានដកចេញដូចជាទីរមណីយដ្ឋានរឺក៏មូលដ្ឋានផ្សេងៗទៀតដែលចាត់ទុកថាជាទីកន្លែងវប្បធម៌រឺសំណង់វប្បធម៌នោះទេដែលទាំងអស់នេះគឺដើម្បីធានាអោយការអភិវឌ្ឍសំណង់មានចីរភាពនិងធានាដល់ភាពសុខដុមនៅក្នុងសង្គម៕

CDCអនុម័តគម្រោងវិនិយោគរោងចក្រចំនួន ២ មានទឹកប្រាក់ជាង ២៤ លានដុល្លារ

ដោយវុត្ថា

ភ្នំពេញ៖ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគរោងចក្រ ផលិតកាបូប និង កាត់ដេរសម្លៀកបំពាក់ចំនួន ២ នៅខេត្តកំពង់ស្ពឺ មានទឹកប្រាក់ចំនួន ២៤,៤ លានដុល្លារអាមេរិក ។

យោងតាមការផ្សព្វផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឱ្យដឹងនៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ថា
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន “គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា” បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- “LAI MAN INTERNATIONAL CO., LTD”គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពោធិ៍កោង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៧៧កន្លែង។

២- “ TRIMAX APPAREL (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្នំដីនិងភូមិសំបូរ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២០,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៦៦០កន្លែង៕

រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបង្ហើបពីគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤

ដោយៈ រ៉ាណេត

ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបង្ហើបប្រាប់ពីគម្រោង នៃការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ កំពុងសិក្សាដោយក្រុមហ៊ុនចិន។

មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន”កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ បច្ចុប្បន្ននេះក្រុមហ៊ុនជំនាញកំពុងតែបន្តការសិក្សាលម្អិតទៅលើទីតាំង និងផលប៉ះពាល់នៃគម្រោង ដើម្បីចាប់ផ្តើមដំណើរការសាងសង់ទៅតាមផែនការ។

លោកបានបញ្ជាក់ទៀតថា “ពេលនេះយើងកំពុងតែសិក្សា ជាមួយនឹងការកំណត់ទីតាំងសម្រាប់សាងសង់ផងដែរដែរ ប៉ុន្តែយើងមិនទាន់ធ្វើការផ្សព្វផ្សាយជាសាធារណៈឱ្យទូលំទូលាយនោះទេ ជៀសវាងកុំឱ្យឈ្មួញដើរទិញដីទុក ឆ្លៀតឱកាសយកចំណេញ ដែលអាចប៉ះពាល់ដល់គម្រោងផែនការ និងខ្ទង់ចំណាយលើការសាងសង់”។

គម្រោងផ្លូវប្រវ៉ាត់ក្រុងទី៤  ត្រូវបានធ្វើការសិក្សាដោយក្រុមហ៊ុនជំនាញសាងសង់ Shanghai Construction Group របស់ចិន ដែលកំពុងបន្តសកម្មភាពសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ នៅពេលសព្វថ្ងៃនេះ។

ការសិក្សាលម្អិតស្ដីពីផលប៉ះពាល់ និងកំណត់ពេលវេលាមុននឹងសម្រេចជាផ្លូវការនៅមិនទាន់កំណត់ប្រកាសជាផ្លូវការនៅពេលណានោះ។ ការពិនិត្យ និងសិក្សាត្រូវប្រើពេលវេលាយូរ ត្រូវធ្វើទៅតាមនីតិវិធី ហើយនៅពេលក្រសួងសិក្សាចប់ក្រសួងនឹងប្រកាសជាផ្លូវការ។

បច្ចុប្បន្ននេះក្រសួងសាធារណៈការ និងដឹកជញ្ជូនកំពុងពន្លឿ​នការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលរហូតមកទល់ពេលនេះ ការស្ថាបនាសម្រេចបានប្រមាណ៣៨ភាគរយ។ផ្លូវក្រវ៉ាត់ក្រុងទី៣ ជាផ្លូវដ៏សំខាន់មួយដែលត្រូវសាងសង់ ឆ្លងកាត់ផ្លូវជាតិលេខ៤ លេខ៣​ លេខ៣ ផ្លូវជាតិលេខ២១ និងផ្លូវមួយចំនួនទៀត៕

ក្រុមហ៊ុនអចលនទ្រព្យថៃកំពុងចាប់យកអ្នកទិញខុនដូជនជាតិកម្ពុជា

ដោយ ប៊ី

បាងកកៈ ក្រុមហ៊ុនអចលនទ្រព្យដែលមានមូលដ្ឋានៅប្រទេសថៃ កំពុងចាប់យកអ្នកទិញខុនដូជនជាតិកម្ពុជា ដែលគោលបំណងស្នាក់នៅសម្រាប់ការព្យាបាល នៅប្រ​ទេសថៃ ខណៈក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូ ក៏កំពុងចាប់អ្នកទិញជនជាតិចិន អំឡុងពេលផ្ទះឡើងនៃជំងឺ COVID-19។

ក្រុមហ៊ុន Angel កំពុងរៀបចំផ្លាស់ប្តូរទៅរកអាជីវកម្មផ្នែកផ្សេងៗ និងទីផ្សារថ្មីៗ ស្របពេលក្រុមហ៊ុន ក៏កំពុងស្វែងរកអ្នកទិញមកពីប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងប្រ៊ុយណេ។ នេះបើយោងតាមក្រុមហ៊ុនអចលនទ្រព្យ Angel Real Estate Consultancy។

ក្រុមហ៊ុនឱ្យដឹងថា “ប្រជាជនកម្ពុជាទិញខុនដូនៅទីក្រុងបាងកក ក្នុងគោលបំណង យកឪពុកម្តាយព្យាបាលនៅមន្ទីរពេទ្យទីនេះ។ ថវិការបស់ពួកគេគឺពី១,២ ទៅ២,៥ លានបាតក្នុងមួយយូនីត សម្រាប់ទីតាំងនៅតាមបណ្តោយបណ្តាញឆ្លងកាត់ធំៗ នៅខាងក្រៅទីក្រុងបាងកក”។

ប្រជាជននៅមីយ៉ាន់ម៉ាទិញខុនដូនៅទីក្រុងបាងកក ដើម្បីទុកកូនៗរបស់ពួកគេទៅសាលាអន្តរជាតិនៅទីនេះ។

សហស្ថាបនិក និងជាប្រធានក្រុមហ៊ុន លោកSimon Lee បាននិយាយថា អ្នកអភិវឌ្ឍន៍គួរតែផ្តល់ឱ្យអ្នកទិញជនជាតិចិន នូវរយៈពេលយូរជាងនេះ ដើម្បីបង់ប្រាក់ទិញយូនីតខុនដូ ដែលពួកគេបានកក់ នៅពេលពួកគេត្រៀមខ្លួនផ្ទេរអចលនទ្រព្យរបស់ពួកគេ ប្រសិនបើពួកគេមិនអាចធ្វើដំណើរមកថៃបាន។

លោក Lee បានមានប្រសាសន៍ថា “អ្នកអភិវឌ្ឍន៍អាចឱ្យជនជាតិចិនបង់លុយបន្តិចម្តងៗ ដូចជា១០ ទៅ២០ភាគរយនៃតម្លៃយូនីត រៀងរាល់១ ទៅ៣ខែ បន្ទាប់ពីពួកគេត្រូវទទួលយកការផ្ទេរឯកតា។ ពួកគេអាចបន្តបង់រំលស់រហូតដល់បង់ពេញ ឬអ្នកទិញអាច​មកទទួលផ្ទេរអចលនទ្រព្យ”។

លោកបាននិយាយថា អ្នកទិញជនជាតិចិនដែលបានបង់៣០ភាគរយ នៃតម្លៃយូនីតជាការទូទាត់មុនសម្រាប់ទិញខុនដូ កាលពីប៉ុន្មានឆ្នាំមុន មិនចង់បាត់បង់ប្រាក់នោះទេ។

លោក Lee បានមានប្រសាសន៍ថា “អ្នកអភិវឌ្ឍន៍មិនគួររឹបអូសយកយូនីតខុនដូត្រលប់់មកវិញទេ ពីព្រោះខុនដូដែលផ្គត់ផ្គង់លើសតម្រូវការ។ ការធ្វើដូច្នេះនឹងធ្វើឱ្យបញ្ហាកាន់តែរីកធំឡើង”។

លោក Lee បាននិយាយថា ជាធម្មតា ជនជាតិចិនចង់បានផ្ទះនៅប្រទេសថៃ។ ការផ្ទុះឡើងនៃជំងឺ Covid-19 នឹងជំរុញពួកគេឱ្យគិតអំពីផែនការB ក្នុងការស្វែងរកផ្ទះទី២ នៅក្រៅប្រទេស ជាពិសេសនៅក្នុងប្រទេសថៃ ដែលពួកគេភាគច្រើនគិតថាមានភាពវិជ្ជមាន។

លោកបន្តថា អ្នកទិញជនជាតិចិន ជាពិសេសក្រុមអ្នកកម្រិតជីវភាពមធ្យម និងអ្នកមាន ចង់បានផ្ទះនៅក្រៅប្រទេស ព្រោះបច្ចុប្បន្នផ្ទះថ្មីនៅប្រទេសចិន ត្រូវបានផ្តល់ជូននូវការបញ្ចុះតម្លៃ២៥ភាគរយ ឬការបញ្ចុះតម្លៃ៣០-៣៥ ភាគរយសម្រាប់ផ្ទះ ដែលប្រើប្រាស់រួចដែលបណ្តាលមកពីការផ្ទុះឡើងនៃជំងឺ Covid-19។

ក្រុមហ៊ុន Angel មានតម្រូវការជាច្រើនពីជនជាតិចិន ដែលកំពុងស្វែងរកផ្ទះដែលមានបន្ទប់គេងពីរ និងមានផ្ទៃដីទំហំ១៥០-២០០ម៉ែត្រការ៉េ ដែលអាចប្រើប្រាស់បាននៅទីក្រុងបាងកក ឈៀងម៉ៃ និងប៉ាតាយ៉ា ដើម្បីជួលរយៈពេល៣០ឆ្នាំ។ ថវិការបស់ពួកគេស្ថិតនៅចន្លោះពី៤-៨ លានបាតក្នុងមួយយូនីត។

លោក Lee មានប្រសាសន៍ថា “នៅពេលការផ្ទុះឡើងនៃជំងឺCovid-19 ស្ថិតក្រោមការគ្រប់គ្រងប្រទេសថៃ និងជប៉ុន ជាប្រទេសតែមួយគត់ ដែលទទួលបានអត្ថប្រយោជន៍ពីអ្នកទិញចិន ព្រោះពួកគេមិនបានបិទព្រំដែនរបស់ពួកគេជាមួយជនជាតិចិនទេ”៕

តើស្រុកណាខ្លះក្នុងខេត្តកណ្តាលបានដាក់ជាប៉ូលសេដ្ឋកិច្ចប្រចាំខេត្ត?

ដោយៈ រ៉ាណេត

កណ្តាលៈ ស្រុកចំនួន៤ នៅក្នុងខេត្តកណ្តាល ត្រូវបានជ្រើសរើសនិងកំណត់ជាប៉ូលសេដ្ឋកិច្ច សម្រាប់អនុវត្តគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបកម្ម កសិកម្ម (SAAMBAT) នៅទូទាំងខេត្តកណ្តាល។

ស្រុកចំនួន៤ ដែលត្រូវបានជ្រើសរើស និងកំណត់ជាប៉ូលសេដ្ឋកិច្ចប្រចាំខេត្តកណ្តាល រួមមាន ស្រុកខ្សាច់កណ្តាល ស្រុកមុខកំពូល ស្រុកស្អាង និងស្រុកពញាឮ ដែលគម្រោងនេះ ត្រូវបានគាំទ្រដោយរដ្ឋបាលខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលអាចជួយជំរុញ និងលើកកម្ពស់ដល់ទីផ្សារកសិករ ពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) នៅទូទាំងខេត្តកណ្តាល។

លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ ជនបទខេត្តកណ្ដាលបានឱ្យដឹងកាលពីពេលថ្មីៗនេះថា ការកំណត់ស្រុកចំនួន៤ ជាតំបន់ប៉ូលសេដ្ឋកិច្ច ក្នុងការអនុវត្តគម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ខេត្តកណ្ដាល គឺផ្ដោតសំខាន់ទៅលើហេដ្ឋារចនាសម្ព័ន្ធផ្លូវជាសំខាន់ ដោយកែប្រែពីផ្លូវកំទេចថ្ម ផ្លូវដីស ផ្លូវគ្រួសក្រហម ទៅជាផ្លូវបេតុង និងផ្លូវកៅស៊ូ DBST។

ក្នុងនោះស្រុកខ្សាច់កណ្ដាល ទទួលបាន១១គម្រោង ស្មើ៣១.៣៦គីឡូម៉ែត្រ ស្រុកមុខកំពូល ទទួលបាន២គម្រោង ស្មើ១៥.២០គីឡូម៉ែត្រ។ ស្រុកស្អាងទទួលបាន១៣គម្រោង ស្មើ៥៩.១២គីឡូម៉ែត្រ និងស្រុកពញាឮ ទទួលបាន៦គម្រោង ស្មើ៣០.៦៥គីឡូម៉ែត្រ។

លោកស្រីបន្តថា “គម្រោងនេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រជាលរដ្ឋ ព្រោះវាបានសម្រួលដល់ការធ្វើដំណើរ និងការដឹកកសិផលរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទៅកាន់ទីផ្សារ និងបានចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋផងដែរ”។

អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោក ហុង វណ្ណៈ បានបង្ហាញពីការគាំទ្រទៅលើគម្រោង និងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ ដែលក្រៅពីអាចជួយបង្កភាពងាយស្រួល និងជំរុញកំណើនសេដ្ឋកិច្ចនៅទូទាំងខេត្តកណ្តាល ថែមទាំងអាចចូលរួមធ្វើឱ្យមានភាពល្អប្រសើរដល់តំបន់ជិតខាងផងដែរ។

លោកបានបន្តទៀតថា “ស្រុកទាំង៤ ដែលត្រូវបានកំណត់ជាប៉ូលសេដ្ឋកិច្ចទាំងអស់នេះ គឺស្ថិតនៅទិសសំខាន់ៗប្រចាំខេត្ត ជាពិសេសនៅព័ទ្ធជុំវិញរាជធានីភ្នំពេញ”។ លោកបន្តថា “សេដ្ឋកិច្ចចម្បងរបស់ខេត្តកណ្តាល រួមមាន វិស័យឧស្សាហកម្ម និងវិស័យកសិកម្ម ខណៈដែលភាគប្រជាពលរដ្ឋភាគច្រើនជាកសិករ ដែលរកចំណូលពីការធ្វើកសិកម្ម ដើម្បីនាំចេញទៅកាន់ទីផ្សារ”។

នៅពេលមានការកំណត់ជាប៉ូលសេដ្ឋកិច្ច ក្រៅពីធ្វើឱ្យមានភាពងាយស្រួលក្នុងការកំណត់គោលដៅទីផ្សារ វាក៏បង្កភាពងាយស្រួលដល់បណ្តាខេត្ត ដែលមានព្រំប្រទល់ជាប់គ្នាផងដែរ ដូចជា ខេត្តព្រៃវែង តាកែវ កំពង់ស្ពឺ កំពង់ចាមជាដើម ក្នុងការពង្រីកទីផ្សារកសិផលផងដែរ។

ក្រៅពីនេះ នៅពេលដែលមានការអនុវត្ត គម្រោងកំណត់តំបន់ប៉ូលសេដ្ឋកិច្ចទាំងនេះ ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធក៏ត្រូវបានរៀបចំ និងកែសម្រួល ដែលទាំងអស់នេះ ក៏ជាការចូលរួមចំណែកក្នុងការលើកកម្ពស់ ក្នុងវិស័យអចលនទ្រព្យផងដែរ៕

រដ្ឋាភិបាលគ្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅក្រុងក្រចេះនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ

ដោយគង់ សូរិយា

         ភ្នំពេញៈ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានអះអាងថា ការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ នៅក្បែរទីក្រុងក្រចេះនឹងអាចចាប់ផ្តើមសាងសង់នៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០២១ខាងមុខនេះ។

លោកស៊ុន ចាន់ថុលបានមានប្រសាសន៍ ក្នុងសន្និសីទសារព៌តមានាព្រឹកថ្ងៃទី២១ កុម្ភៈនេះថា ការស្ថាបនាស្ពានឆ្លងកាត់ទន្លេមេគង្គ ឆ្លងកាត់ក្រុងក្រចេះនឹងសាងសង់នាចុងឆ្នាំនេះ និងអាចដើមឆ្នាំ២០២១ខាងមុខ។ រដ្ឋាភិបាលនឹងចចារជាមួយប្រទេសចិន ដើម្បីទទួលបានឥណទានសម្បទានមកសាងសង់ស្ពាននេះ ប៉ុន្តែការចចារនាពេលណាលោកមិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេ។

លោកបន្តថា ដោយឡែកការសាងសង់ស្ពានឆ្លងកាត់ ទន្លេមេគង្គមួយទៀត គឺស្ថិតនៅស្រុកស្ទឹងត្រង់ និងក្រូចឆ្មារសម្រេចបាន៨៤ភាគរយហើយ ដែលការចាក់ដំណតភ្ជាប់ស្ពាននេះ លោកនឹងគោរពអញ្ជើញសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នាពេលខាងមុខនេះ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលបានបន្តថា ស្ពានស្ទឹងត្រង់ ស្ថិតក្នុងខេត្តកំពង់ចាម តភ្ជាប់មកកាន់ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំនឹងបញ្ចប់ការសាងសង់នាចុងឆ្នាំនេះ បើសិនជាគ្មានការប្រែប្រួលទេនោះ៕