ដោយ ៖ វុត្ថា
ភ្នំពេញ ៖ តំបន់ក្រាំងធ្នង់ ខណ្ឌសែនសុខ នៃរាជធានីភ្នំពេញនៅតែបន្តទាក់ទាញគម្រោងវិនិយោគលើវិស័យអចលនទ្រព្យជាពិសេសវិស័យសំណង់លំនៅឋានគ្រប់ប្រភេទ ដែលមានតម្លៃរាប់ម៉ឺនដុល្លារ ខណៈតំបន់នេះមានសក្ដានុពលវិនិយោគយ៉ាងខ្ពស់ក្នុងចំណោមតំបន់ជាយក្រុងផ្សេងទៀតរបស់ទីក្រុងភ្នំពេញ។

-->
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២០នេះថា តំបន់ជាយក្រុងនាពេលបច្ចុចប្បន្ននេះជាពិសេសតំបន់ក្រាំងធ្នង់ បាននឹងកំពុងមានការអភិវឌ្ឍន៍ទាំងហេដ្ឋាចរនាសម្ព័ន្ធ និងអគារផ្សេងៗ ជាពិសេសសំណង់លំនៅឋាន។
លោក ច្រឹក សុខនីម ថា តំបន់ក្រាំងធ្នង់នៃខណ្ឌសែនសុខ បាននឹងកំពុងក្លាយទៅជាតំបន់រីកចម្រើនខ្លាំងដូចតំបន់ភ្នំពេញថ្មីដូច្នេះដែរ ដែលកាលពីមុនតំបន់នេះគ្មានការរីកចម្រើន មានតែដីស្រែ តែនាពេលបច្ចុប្បន្នតំបន់នេះ មានការរីកចម្រើនខ្លាំងដែលមិននឹកស្មានដល់។
លោកថា តំបន់ជាយក្រុងភ្នំពេញទាំង៤ទិសកន្លងមកនេះមានការរីកចំរើន ហើយក្នុងរយៈពេល៥ទៅ ១០ខាងមុខទៀត នឹងមានការរីកចម្រើនខ្លាំងបន្ថែមទៀត ហើយវាជាឱកាសសម្រាប់អ្នកចង់ទិញដីវិនិយោគបន្ត ដើម្បីទទួលបានផលចំណេញច្រើន ព្រោះការរីចម្រើនក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា គឺការរីកចម្រើនប្រកបដោយភាពជឿជាក់ និងប្រកបដោយចីរភាព។
ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ KING Residence លោក ខុម មុនីរតន៍ បានឱ្យដឹងកាលពីពេលកន្លងទៅថា នៅតំបន់ទល់មុខព្រលាន ដូចជាតំបន់ឈូកវ៉ា១ ឈូកវ៉ា២ ឈូកវ៉ា៣ ក៏ដូចជាបន្តទៅដល់តំបន់ក្រាំងធ្នង់ ពិតជាមានសកម្មភាពអភិវឌ្ឍន៍លើវិស័យលំនៅឋានខ្លាំង ប៉ុន្តែកំណើននៃតម្លៃគឺវាមានកម្រិត។
លោកបន្ថែមថា តំបន់ទាំងនេះ ស័ក្ដិសមជាមួយនឹងវិស័យលំនៅឋានកម្រិតមធ្យម ត្រឹមតម្លៃក្រោម៧ម៉ឺនដុល្លារ ដោយសារតែប្រជាជនដែលចូលទៅរស់នៅក្នុងតំបន់នេះ ភាគច្រើនអាចមានលទ្ធភាពរកបានចំណូលមិនខ្ពស់ខ្លាំងនោះទេ ដែលអាចនិយាយបានថាស្ថិតនៅត្រឹមកម្រិតកណ្តាលចុះក្រោមតែប៉ុណ្ណោះ។
លោក ហ៊ឹម សីហា នាយកស្រាវជ្រាវនៃក្រុមហ៊ុន Vtrust Appraisal ធ្លាប់បានឱ្យដឹងដែរថា ទោះបីកម្ពុជាទទួលរងនូវផលប៉ះពាល់ពីជំងឺ Covid-19 ក្នុងរយៈពេលខ្លីក្នុងកន្លងមកនេះ សម្រាប់ការអភិវឌ្ឍគម្រោង និងការទិញ–លក់លំនៅឋាននៅតែដំណើរការធម្មតា។
លោកថ្លែងថា “ចាប់តាំងពីដើមឆ្នាំ រហូតមកដល់ពេលបច្ចុប្បន្ននេះ យើងឃើញមានគម្រោងលំនៅឋានធំៗ និងក្រុមអ្នកទិញ–លក់នៅតែមានការធ្វើសកម្មភាព ជាពិសេសលើលំនៅឋានពិតប្រកដ ឬផ្ទះដែលមានសំណង់គ្រប់គ្រាន់ តែបើដីធ្លីក្នុងទំហំធំៗអាចមានបញ្ហាខ្លះ” ។

លោកបន្តថា លំនៅឋានពិតប្រកដ ឬលំនៅឋានដែលមានសំណង់គ្រប់គ្រាន់ មានតម្រូវការច្រើន និងគ្មានការថមថយ ជាពិសេសនោះអ្នកអភិវឌ្ឍន៍បានបញ្ចុះតម្លៃ ដែលមានភាពកាន់តែងាយស្រួលដល់ស្វែងរកទិញ ជាពិសេសលំនៅឋាននៅតាមបណ្តាជាយក្រុងភ្នំពេញមានភាពទាក់ទាញ និងសក្តានុពលខ្ពស់៕