ដោយៈ រ៉ាណេត
ភ្នំពេញៈ គ្រប់សមាសភាពដែលបម្រើការងារ និងមានតួនាទីជាភ្នាក់ងារលក់អចលនទ្រព្យទាំងអស់ មិនថាចំពោះផ្នែកសំណង់លំនៅដ្ឋាន ឃ្លាំង អគារពាណិជ្ជកម្ម ឬដីធ្លីនោះទេ គឺសុទ្ធតែចង់ទទួលបានអត្រាជោគជ័យខ្ពស់។
គោលដៅមួយនេះ ត្រូវបានអ្នកជំនាញបញ្ជាក់ប្រាប់ថា អត្រានៃការសម្រេចគឺសុទ្ធតែមានដូចគ្នា ទាស់ត្រង់ថា ភ្នាក់ងារដែលជាអ្នកទទួលលក់គម្រោង មានភាពឆ្លាតវៃ និងមានភាពជឿជាក់លើខ្លួនឯងកម្រិតណាតែប៉ុណ្ណោះ។
-->
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Show Up Real Estate លោកអ៉ិន ណាង ដែលមានបទពិសោធន៍នៅក្នុងវិស័យនេះ បានប្រាប់ឱ្យដឹងកាលពីចុងសប្ដាហ៍កន្លងទៅថា គ្រប់អ្នកដែលចូលមកប្រឡូក នៅក្នុងការងារជាភ្នាក់ងារលក់អចលនទ្រព្យទាំងអស់ សុទ្ធតែមើលឃើញពីឱកាស ដែលអាចអភិវឌ្ឍន៍ខ្លួននៅក្នុងវិស័យមួយនេះបាន ខណៈដែលទីផ្សារមួយនេះមានភាពទូលំទូលាយ និងអាចទទួលបានផលប្រយោជន៍ច្រើន។
លោកអ៉ិន ណាង បានមានប្រសាសន៍បញ្ជាក់ថា “អ្នកដែលចូលមកប្រឡូកនៅក្នុងវិស័យអចលនទ្រព្យដោយផ្ដើមចេញ ពីការងារជាភ្នាក់ងារលក់គឺមានច្រើន ហើយក៏មានអ្នកបោះបង់ឱកាសទៅវិញក៏មានច្រើនដែរ ដោយសារតែភាពបរាជ័យលើការលក់របស់ខ្លួន ហើយមិនមានការអត់ធ្មត់ និងសិក្សាបន្ថែមដើម្បីអភិវឌ្ឍន៍អាជីព” ។ លោកបន្តថា “អ្នកដែលមានឱកាសជោគជ័យខ្ពស់នៅក្នុងអាជីពជាភ្នាក់ងារ ក្រៅពីមានចំណូលចិត្ត គឺត្រូវទាមទារឱ្យមានចំណោះដឹងទូលាយ ជំនាញក្នុងកិច្ចទំនាក់ ភាពស្មោះត្រង់ ជាពិសេសភាពឆ្លាតវៃក្នុងការចេះចាត់ចំណាត់ថ្នាក់ទីផ្សារ និងតម្រូវការជាក់ស្ដែងពិតប្រាកដមុនពេលសម្រេចទទួលយកគម្រោងលក់។
អ្នកជំនាញរូបនេះបានលើកឡើងថា ការទទួលយកគម្រោងណាមួយ ដើម្បីស្វែងរកទីផ្សារ មិនមែនធ្វើឡើងទាំងភាពប្រថុយប្រថាននោះទេ ព្រោះភាពបរាជ័យលើការលក់គម្រោង ដែលក្រៅពីបាត់បង់ឱកាសទទួលបានចំណូល ថែមទាំងអាចធ្វើប៉ះពាល់ដល់កេរ្តិ៍ឈ្មោះថែមទៀត។ ដូច្នេះមុនពេលសម្រេចចិត្តទទួលយកគម្រោង ចាំបាច់មានការស្វែងយល់ឱ្យបានច្បាស់លាស់ ប្រកបដោយភាពប្រាកដប្រជា និងមានភាពជឿជាក់ខ្ពស់ទៅលើការទទួលបានចំណែកទីផ្សារ។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Show Up Real Estate រូបនេះបានមានប្រសាសន៍បញ្ជាក់ថា “នៅពេលដែលយើងទទួលយកគម្រោង ឬអចលនវត្ថុណាមួយ យើងត្រូវប្រាកដថា អចលនវត្ថុដែលភ្ញៀវពឹងឱ្យលក់ធ្លាប់មានតម្រូវការទេ ឬមានអ្នកដែលកំពុងស្វែងរកទិញឬអត់ ហើយប្រសិនបើគ្មាន តើគួរស្វែងរកទីផ្សារនៅទីណា ប្រើប្រាស់វិធីសាស្ត្រអ្វី ?” ។

លោកបន្តថា ការដែលអាចស្វែងរកទីផ្សារបាន ទាល់តែយើងធ្លាប់មានបទពិសោធន៍ ធ្លាប់ដឹង និងស្គាល់ពីតម្រូវការទីផ្សារ រួមជាមួយនឹងកិច្ចទំនាក់ទំនងល្អជាមួយបណ្តាញនៅក្នុងវិស័យមួយនេះ។ នៅពេលអ្នកមានទំនាក់ទំនងល្អ មានបណ្តាញច្រើន ជាពិសេសភាពស្មោះត្រង់របស់អ្នក វាអាចពង្រីកវិសាលភាពនៃទីផ្សារកាន់តែទូលាយ ហើយជួយជំរុញដល់ការលក់របស់អ្នកកាន់តែមានប្រសិទ្ធភាពខ្ពស់៕