កម្ពុជា ចាប់ផ្តើម ដាក់ដំណើរការសាកល្បងបច្ចេកវិទ្យា5G

ដោយរ៉ាណេត

ភ្នំពេញ៖ ប្រទេសកម្ពុជាបានដាក់ឱ្យដំណើរការសាកល្បង រសាកល្បងបច្ចេកវិទ្យា 5G ខណៈប្រទេសចំនួន ៣១ នៅលើពិភពលោក បានដាក់ពង្រាយឱ្យប្រើប្រាស់បច្ចេកវិទ្យា 5G ប្រកបដោយជោគជ័យ។

លោកត្រាំ អ៊ីវ តឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅក្នុងពិធីដំណើរការសាកល្បងបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Yes Seatel កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២០ ម្សិលមិញនេះ ឱ្យដឹងថា បច្ចេកវិទ្យា 5G បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងគំនិតផ្តួចផ្តើមលើវិស័យឌីជីថលនៅកម្ពុជាក៏ដូចជានៅក្នុងបដិវត្ដឧស្សាហកម្ម 4.0។

លោកបន្តថា លើសពីនេះទៅទៀត ចក្ខុវិស័យរបស់ផែនការមេបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន អាស៊ានឆ្នាំ២០២០ នឹងជំរុញអាស៊ានឆ្ពោះទៅកាន់ការប្រកាន់យកសេដ្ឋកិច្ចឌីជីថល ដែលមានសុវត្ថិភាពខ្ពស់ ចីរភាព និងមានភាពរីកលូតលាស់ ហើយធ្វើឱ្យសហគមន៍អាស៊ានក្លាយជាសហគមន៍មួយមាននវានុវត្តន៍ភាព ពេញលេញ និងរួមបញ្ចូលគ្នាតែមួយ។

លោកបន្ថែមថា ដើម្បីឆ្លើយតបនឹងចក្ខុវិស័យនេះក្រសួង កំពុងដំណើរការទៅមុខយ៉ាងល្អក្នុងការចេញអាជ្ញាបណ្ណវិសាលគមន៍ 5G ដល់ប្រតិបត្តិករ ហើយក្រសួងនឹងបន្តផ្តល់ការគាំទ្រដល់ប្រតិបត្តិករទូរគមនាគមន៍នៅកម្ពុជា ដើម្បីឱ្យបណ្តាខេត្ត ក្រុង ទាំងអស់បានទទួលប្រព័ន្ធសេវា 5G យ៉ាងឆាប់រហ័ស ផងដែរ។
រដ្ឋាភិបាលបានតាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាននឹងកំពុងករៀបចំសេចក្តីព្រាងផែនទីបង្ហាញផ្លូវសម្រាប់ដាក់ឱ្យដំណើរការបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥(5G)ក្នុងប្រទេសកម្ពុជា ដែលផ្តល់សារៈសំខាន់ដល់ការគាំទ្រឧត្តមនវានុវត្តន៍ បច្ចេកវិទ្យាពពក បញ្ញាសិប្បនិម្មិត ការវិភាគទិន្នន័យខ្នាតធំ ការបង្កើនផលិតភាព និងការប្រកួតប្រជែងលើឆាកអន្តរជាតិ សំដៅរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឌីជីថល។

បច្ចេកវិទ្យា5G គឺអាចផ្លាស់ប្តូរវាសនាប្រទេសកម្ពុជា ព្រោះបច្ចេកវិទ្យានេះនឹងជួយដល់ការស្រូបយកអត្ថប្រយោជន៍នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដើម្បីជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងលើកស្ទួយជីវភាពប្រជាពលរដ្ឋស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ បច្ចេកវិទ្យា5G គឺជាបច្ចេកវិទ្យាស្នូល សម្រាប់ការធ្វើឌីជីថលនៅកម្ពុជា៕

ពលករកម្ពុជានៅក្រៅប្រទេសផ្ញើប្រាក់ជាង២,៨០០លានដុល្លារដល់ក្រុមគ្រួសារ របស់ពួកគេក្នុង១ឆ្នាំ

ដោយ ប៊ី

ភ្នំពេញៈ ប្រទេសកម្ពុជាបានបញ្ជូនពលករចំនួន៦៨,០៤០ នាក់ទៅធ្វើការនៅបរទេ​សក្នុងឆ្នាំ២០១៩ ដោយពួកគេបានផ្ញើប្រាក់ជាង២,៨ពាន់លានដុល្លារអាមេរិក ដល់ក្រុមគ្រួសាររបស់ពួកគេក្នុងមួយឆ្នាំ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងការងារកាលពីថ្ងៃ ពុធនេះ។

ប្រទេសថៃ គឺជាទីផ្សារធំបំផុតសម្រាប់ពលករកម្ពុជា។ នេះបើយោងតាមរបាយការណ៍ដែលបានចេញផ្សាយនៅក្នុងសន្និសីទប្រចាំឆ្នាំរបស់ក្រសួង។

ពលករកម្ពុជាចំនួន៥៧,៨២៣នាក់ ឬ៨៥ភាគរយនៃពលករ ត្រូវបានបញ្ជូនទៅប្រទេសថៃកាលពីឆ្នាំមុន៥,៩៣៨ នាក់ត្រូវបានបញ្ជូនទៅកូរ៉េខាងត្បូង៣ ៩៤៥ នាក់ទៅជប៉ុន១៣៥នាក់ទៅសឹង្ហបូរី ៧២នាក់ទៅតំបន់រដ្ឋបាលពិសេសហុងកុងរបស់ចិន៦៩ នាក់ទៅម៉ាឡេស៊ី និង៥៨នាក់ទៅអារ៉ាប៊ីសាអូឌីត។

រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ មានពលករកម្ពុជាប្រមាណ១,២៨ លាននាក់បានធ្វើការនៅបរទេស។

លោកបានថ្លែងនៅក្នុងសន្និសីទនោះថា “ពួកគេបានផ្ញើប្រាក់ជាង២,៨ពាន់លានដុល្លារអាមេរិក ដល់ក្រុមគ្រួសាររបស់ពួកគេនៅក្នុងប្រទេសកម្ពុជាក្នុងមួយឆ្នាំ”។

ពលករកម្ពុជាធ្វើការជាធម្មតា នៅក្នុងវិស័យឧស្សាហកម្ម កសិកម្ម សំណង់ នេសា ទ និងការថែរក្សាគេហដ្ឋាននៅក្នុងប្រទេសទាំងនោះ៕

មជ្ឈមណ្ឌលចែកចាយទំនិញធំបំផុតនៅអាស៊ីនឹងបើកដំណើរការឡើងវិញ

ដោយ ហ្សូលី

ភ្នំពេញៈ មជ្ឍមណ្ឌលចែកចាយវាយនភ័ណ្ឌធំបំផុត នៅអាស៊ីស្ថិតនៅទីក្រុងសាន់ជីង ខេត្តចឺជាំង ប្រទេសចិន បានបើកដំណើរការឡើងវិញកាលពីថ្ងៃអង្គារ ទី១៨ កុម្ភៈកន្លងមកនេះ។

មជ្ឈមណ្ឌលនេះមានអ្នកជំនួញជាង៣ម៉ឺននាក់ និងមានអតិថិជន១០០,០០០ នាក់ មកទស្សនាជារៀងរាល់ថ្ងៃ។ មជ្ឈមណ្ឌលនេះមានបណ្តាញលក់ ដែលគ្របដណ្តប់លើ ១៩២ ប្រទេសនិងតំបន់។ កាលបរិច្ឆេទបើកគឺនៅរយៈពេល១៨ថ្ងៃក្រោយ។

នៅថ្ងៃទី១០ ខែកុម្ភៈ មជ្ឈមណ្ឌលបានបើកទទួលអតិថិជនរបស់ខ្លួន តាមប្រព័ន្ធអ៊ីនធឺណិត។ ឈ្មួញអាចភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនរបស់ពួកគេ នៅទូទាំងពិភពលោ​កក្នុងរយៈពេល២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍ នៅលើប្រព័ន្ធអ៊ីនធឺណេត។

នៅថ្ងៃដដែលនោះ ផ្សារពាណិជ្ជកម្មអន្តរជាតិយីវូ ដែលជាទីផ្សារទំនិញធុនតូចឈា​នមុខគេបំផុតនៅលើពិភពលោក ក៏បានបើកដំណើរការជាថ្មីដល់អតិថិជនផងដែរ។

យោងតាមដេប៉ាតឺម៉ង់ផ្នែកសេដ្ឋកិច្ច និងព័ត៌មានវិទ្យានៃខេត្តចឺជាំងបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែកុម្ភៈសហគ្រាសនិងឧស្សាហកម្មចំនួន២៤,៨៨៨ បានចាប់ដំណើរការឡើងវិញ ដោយអត្រានៃការបន្តបើកមាន៥៦,២ភាគរយ ខ្ពស់ជាងថ្ងៃមុន១២,១ភាគរយ៕

សម្តេចតេជោនឹងអញ្ជើញបើកការដ្ឋានស្ថាបនានិងសម្ភោធបើកឲ្យដំណើរការផ្លូវជាតិ ចំនួនពីរនៅភូមិភាគពាយ័ព្យប្រទេសនៅដើមខែមិនា

ដោយវុត្ថា

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី៦ មិនាខាងមុខ នឹងអញ្ជើញសម្ភោធបើកការដ្ឋានស្ថាបនាផ្លូវជាតិលេខ១០ និងសម្ភោធបើកឲ្យដំណើរការផ្លូវជាតិលេខ៥៥ ដែលជាផ្លូវដ៏សំខាន់ជាប្រវត្តិសាស្រ្តនៃភូមិភាគឥសាន្តប្រទេស។

លោក  វ៉ាស៊ីម សូរីយា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានប្រាប់គេហទំព័រ propertyarea.asia នាថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២០កន្លងមកបានឱ្យដឹងថា តាមសេចក្តីជូនដំណឹងរបស់ទីស្តី ការគណៈរដ្ឋមន្ត្រីបានកំណត់ថា សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើងបើកការដ្ឋានស្ថាបនាផ្លូវជាតិលេខ១០ ដែលជាផ្លូវថ្មី និងដាក់ឱ្យដំណើរការជាផ្លូវការនូវផ្លូវជាតិលេខ៥៥ព្រមគ្នា។

លោកសង្កត់ធ្ងន់ថា “ផ្លូវជាតិលេខ១០ និងផ្លូវជាតិលេខ ៥៥ នឹងបើកព្រមគ្នា ពោលមួយបើកការដ្ឋានស្ថាបនា និងមួយទៀតដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការ”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីអញ្ជើញបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០កន្លងមកនេះ ឱ្យដឹងថា នៅក្នុងអំឡុងខែមីនា ខាងមុខនេះ នឹងដាក់ឱ្យដំណើរការផ្លូវលេខ៥៥ ដែលតភ្ជាប់ជាមួយនឹងខេត្តពោធិសាត់ ទៅកាន់តំបន់ថ្មដារ និងបើករដ្ឋានសាងសង់ផ្លូវជាតិលេខ១០។

សម្តេចបន្តថា “ខ្ញុំនឹងទៅសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ ដែលតភ្ជាប់ជាមួយនឹងខេត្តពោធិសាត់ ទៅកាន់តំបន់ថ្មដារដែលជាតំបន់ព្រំដែនកម្ពុជាថៃ ព្រមជាមួយគ្នានេះ ដែរ ខ្ញុំនឹងបើកបើករដ្ឋានសាងសង់ផ្លូវជាតិលេខ១០ ដែលជាផ្លូវថ្មីដែលតភ្ជាប់ពីសំឡូនៃខេត្តបាត់ដំបង ដោយតភ្ជាប់ពីតំបន់ថ្មដារខេត្តពោធិសាត់ និងចុះមកកោះកុង”។

លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនធ្លាប់បានមានប្រសាសន៍ថា ផ្លូវជាតិលេខ៥៥ នេះបានក្លាយជាវិថីដ៏មានសក្ដានុពលទេស​ចរណ៍ថ្មីនៅលើដែនដីនៃខេត្តពោធិ៍សាត់ ដោយសារតែធនធានធម្មជាតិប្រចាំតំបន់ រួមជាមួយនឹងវិធានការការពារ និងកែច្នៃក្រោមការគ្រប់គ្រងដោយក្រសួងទេសចរណ៍។

លោកបន្តថា ផ្លូវជាតិលេខ៥៥  ផ្លូវប្រវែងជាក់ស្តែងសរុបចំនួន១៨០គម និងទទឹង៩ម៉ែត្រ ស្ពានចំនួន៤៥នេះ សាងសង់ឡើងក្រោមហិរញ្ញប្បទានសម្ប ទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណជាង១៣២.៨០ លានដុល្លារសហរដ្ឋអាមេរិក ជាប្រភេទផ្លូវ DBST គិតចាប់ពីផ្លូវប្រសព្វផ្លូវជាតិលេខ៥ រហូតដល់ភ្នំក្រវាញ-ទីរួមស្រុកវាលវែង-ថ្មដា ខេត្តពោធិសាត់ (ព្រំដែនកម្ពុជា-ថៃ ខេត្តត្រាត)។

លោកបន្តថា គម្រោងផ្លូវនេះ បានចាប់ដំណើរការបើកការដ្ឋានសាងសង់នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៥ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ហើយរហូតមកដល់ពេលនេះ ក្រុមហ៊ុនបានបញ្ចប់ការសាងសង់១០០ភាគរយហើយ ដោយប្រើប្រាស់រយៈពេលសាងសង់អស់រយៈពេល៤២ខែ។

លោកស៊ុន ចាន់ថុលបញ្ជាក់ទៀតថា ផ្លូវជាតិលេខ១០ មានប្រវែង១៩៣ គីឡូ​ម៉ែត្រ ដែលតភ្ជាប់ចេញពីស្រុកសំឡូតនៃខេត្តបាត់ដំបង ទៅខេត្តកោះកុង ដោយឆ្លងកាត់ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

បើតាមលោក ស៊ុន ចាន់ថុល គម្រោងផ្លូវមួយខ្សែនេះ ទទួលបានប្រាក់កម្ចីពីរដ្ឋាភិបាលចិនប្រមាណ១៨៣ លានដុល្លារអាមេរិកសម្រាប់ការសាងសង់។

សម្តេចតេជោហ៊ុន សែន បានគូសបញ្ជាក់ថា “ការភ្ជាប់នូវហេដ្ឋារចនាសម្ព័ន្ធនេះ គឺបានផ្តល់ផលចំណេញរបស់ប្រជាជនកម្ពុជា ហើយនៅពេលផ្លូវនេះស្ថាបនារួចហើយ អ្នកនៅបាត់ដំបង អ្នកនៅបន្ទាយមានជ័យ ប៉ៃលិន និងពោធិសាត់មិនបាច់ធ្វើដំណើរឆ្លងកាត់ទិក្រុងភ្នំពេញ ហើយទើបធ្វើដំណើរទៅខេត្តព្រះសីហនុ ទៀតនោះទេ ដោយពួកគេអាចធ្វើដំណើរឆ្លងកាត់តាមផ្លូវថ្មីមួយខ្សែរនេះ ចេញទៅខេត្តកោះកុង និងទៅខេត្តព្រះសីហនុតែម្តងដោយចំណេញពេលវេលា និងថវិកា”។

សម្តេចតេជោ បន្ថែមទៀតថា ប្រការនេះ ទើបធ្វើរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយស្ថាបនាផ្លូវ ពង្រីកផ្លូវ និងថែទាំផ្លូវ នានានៅទូទាំងប្រទេស។

សម្តេចតេជោថ្លែងថា “កន្លងមកកម្ពុជាបានដាក់ចេញ នូវយុទ្ធសាស្ត្រចតុកោណ ដើម្បីអភិវឌ្ឍប្រទេសជាតិ ដែលក្នុងនោះរួមមានផ្លូវ ទឹក ភ្លើង និងមនុស្ស ហើយបច្ចុប្បន្នក៏យើងនៅតែអនុវត្តដដែរ ដោយគ្រាន់តែប្តូមកទិសមកជា មនុស្ស ទឹក ផ្លូវ និងភ្លើង ហើយយុទ្ធសាស្ត្រទាំងនេះ ជាភាពជោគជ័យរបស់យើងកន្លងមក ដែលជាការរួមចំណែកក្នុងការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចកម្ពុជាយើង”៕

ការដកផ្នែកខ្លះនៃ EBA របស់សហភាពអឺរ៉ុបបានរួមចំណែកជះឥទ្ធិពលអវិជ្ជមាន ដល់សេដ្ឋកិច្ចកម្ពុជា

ដោយ ប៊ី

ភ្នំពេញៈ ការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជារបស់សហភាពអឺរ៉ុប គឺជាកត្តារួមចំណែកមួយ ដែលបានជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចរបស់កម្ពុជា។ នេះបើយោងតាមការអះអាង របស់រដ្ឋមន្រ្តីក្រសួងការងារកម្ពុជា លោកអ៊ិត សំហេង កាលពីព្រឹកថ្ងៃពុធកន្លងមកនេះ។

ការអះអាងរបស់រដ្ឋមន្រ្តីក្រសួងការងារនេះ ធ្វើឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងការងារនាព្រឹកថ្ងៃពុធកន្លងមកនេះ។

លោកអ៊ិត សំហេង បានឱ្យដឹងថា ភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្ម បញ្ហាជម្លោះភូមិសាស្រ្តនយោបាយ សន្តិសុខសាកល ការកើតចលាចលនៅក្នុងប្រទេសមួយចំនួន ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ ក៏ដូចជាករណីមេរោគកូរ៉ូណា និង ការដកផ្នែកខ្លះនៃEBAរបស់សហភាពអឺរ៉ុប គឺបានជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា។ សេដ្ឋកិច្ចកម្ពុជា ដែលលោករដ្ឋមន្ត្រីក្រសួងការងាររូបនេះបញ្ជាក់ថា ជាសេដ្ឋកិច្ចដែលបើកចំហខ្លាំង និងពឹងផ្អែកលើកត្តាខាងក្រៅ។

លោកអ៊ិត សំហេង បានថ្លែងថា “បញ្ហាប្រឈមដែលកំពុងកើតមានឡើងនាពេលបច្ចុប្បន្នទាំងអស់នេះ គឺជាទឡ្ហីករណ៍ទាមទារឱ្យមន្ត្រីរដ្ឋាភិបាលកម្ពុជា បង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីដោះស្រាយវា”។

ក្រុមហ៊ុន CBRE កម្ពុជារំពឹងថា នឹងមានសម្ពាធធ្លាក់ចុះបន្តិចបន្តួចលើរោងចក្រ និងផ្នែកភស្តុភារ ខណៈរោងចក្រមួយចំនួនដែលកំពុងផលិតទំនិញ បានរងផលប៉ះពាល់ពីការដក EBAទំនងជាអាចនឹងត្រូវបិទជាបណ្តោះអាសន្ន ឬនឹងប្តូរទៅជាទំនិញដែលមិនប៉ះពាល់ដោយការដកនេះ។

របាយការណ៍របស់ក្រុមហ៊ុនCBRE Cambodia បានឱ្យដឹងថា “យើងប្រហែលជាបានឃើញមានការផ្លាស់ទីលំនៅមួយចំនួន ទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត រួមមានមីយ៉ាន់ម៉ា និងបង់ក្លាដេស ប៉ុន្តែទាំងនេះត្រូវបានគេរំពឹងថាមានតិចតួច”។

គេជឿជាក់ថា អ្នកផលិតនៅក្នុងវិស័យដែលរងផលប៉ះពាល់ នឹងមើលឃើញថា ប្រទេសកម្ពុជា មិនមានការប្រកួតប្រជែងតិច សម្រាប់ការសម្រេចចិត្តជ្រើសរើសទីតាំងនាពេលអនាគត មានន័យថាប្រទេសកម្ពុជា អាចនឹងបាត់បង់នូវការរីកចម្រើននាពេលអនា​គត តែមិនមានបញ្ហាជាប់គាំងសេដ្ឋកិច្ចផលិតកម្មដែលមានស្រាប់នោះទេ។

ភាពទំនេរនៅក្នុងតំបន់ឧស្សាហកម្មទំនង ជាកើនឡើងបន្តិចម្តងៗ ដោយសារលទ្ធផលនៃការផ្លាស់ប្តូរទាំងនេះ ជាពិសេសបន្ទាប់ពីរយៈពេលយូរនៃតម្រូវការកើនឡើង ការកើនឡើងនៃការផ្គត់ផ្គង់ឧស្សាហកម្ម បានចាប់ផ្តើមប្រមូលផ្តុំល្បឿន។ ទោះយ៉ាងណា កន្លែងទំនេរនៃឧស្សាហកម្ម ត្រូវបានគេប៉ាន់ស្មានថាមានតិចជាង២% ហើយដូច្នេះផលប៉ះពាល់មានកំណត់ត្រូវបានគេរំពឹងថា នឹងមានការជួលទីផ្សារ ឬតម្លៃដីឧស្សាហកម្ម។

ខណៈពេលដែលភាពអត់ការងារធ្វើមួយចំនួន នឹងបណ្តាលមកពីការផ្អាកអនុគ្រោះពាណិជ្ជកម្ម EBA បញ្ហានេះគួរតែតូច។ ធនាគារពិភពលោកបានដាក់ជាកត្តារួចទៅហើយក្នុងការកាត់បន្ថយអត្រាកំណើនផលិតផល ក្នុងស្រុកសរុបសម្រាប់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០២០ ដោយធ្លាក់ចុះមកត្រឹម៦,៨% ពី ៧% ក្នុងឆ្នាំ ២០១៩។

លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងជាអ្នកវិភាគសេដ្ឋកិច្ចឯករាជ្យបានថ្លែងថា ឥឡូវ កម្ពុជាត្រូវបង់ពន្ធលើទំនិញនាំទៅអឺរ៉ុប ចំនួន២០% នៃ ទំនិញនាំចេញសរុបទៅសហគមន៍នោះ ដោយ៨០%ទៀតនៅរួចពន្ធដដែល។

លោកបានបន្តថា តាមការវាយតម្លៃជាបឋមរបស់ខ្ញុំ ពន្ធលើទំនិញ២០%នេះ មានកម្រិតប្រហែល១០០លានដុល្លា ក្នុង១ឆ្នាំ។ បរិមាណនេះ មិនច្រើនពេកទេ បើគិតក្នុងបរិបទសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន។ លោកបន្តថា “វាត្រូវជា១,១% នៃការនាំចេញសម្លៀកបំពាក់និងស្បែកជើងសរុប។ វាត្រូវជា ១,២% នៃចំណាយថវិកាជាតិ និងត្រូវជា០,៣៥% នៃ ផលិតផលសរុបក្នុងស្រុក (GDP)។ វាមិនធ្វើឱ្យសេដ្ឋកិច្ចថមថយខ្លាំង ឬក៏ដួលរលំនោះទេ។

លោកបានឱ្យដឹងទៀតថា “ខ្ញុំយល់ថា វាជាឱកាសល្អសម្រាប់កម្ពុជា (ទាំងរដ្ឋាភិបាល ទាំងវិស័យឯកជន ទាំងកម្មករ) ដែលត្រូវរៀនរស់ដោយគ្មានភាពអនុគ្រោះពីគេ ជាបណ្តើរៗ ព្រោះថា៥ឆ្នាំទៀត គេនឹងតម្រូវឱ្យបង់ពន្ធ ១០០% ហើយ ខណៈដែលកម្ពុជាជាក់ច្បាស់ថាបានរីកចម្រើនឡើងផុត ពីចំណោមប្រទេសដែលមានការអភិវឌ្ឍតិចតួច (Least Developed Countries – LDCs)”។

លោកបានបន្តថា “ភាពអនុគ្រោះពន្ធនេះ គេឱ្យសម្រាប់តែប្រទេស LDCs ដែលបច្ចុប្បន្ននេះមានចំនួន៤៨ ក្នុងចំណោមជាង២០០ប្រទេស ក្នុងពិភពលោកទាំងមូល។ ម្នាក់ៗតែងតែចង់ឱ្យប្រទេសខ្លួនឡើង ជាប្រទេសមានចំណូលមធ្យម និងចំណូលខ្ពស់។ ដូចនេះ យើងត្រូវតែខំប្រឹងប្រែងទាំងអស់គ្នាឡើង”។

សហភាពអឺរ៉ុបកាលពីថ្ងៃទី១២ ខែកុម្ភៈកន្លងទៅនេះ បានចេញសេចក្តីសម្រេចដកការអនុគ្រោះពន្ធ «ជាបណ្ដោះអាសន្ន» ពីកម្ពុជាលើមុខទំនិញចំនួន៤០ប្រភេទ ដែលភាគច្រើនជាសម្លៀកបំពាក់។ ផលិតផលទាំងអស់នេះ នាំចេញពីកម្ពុជាទៅអឺរ៉ុបក្នុងតម្លៃសរុបប្រមាណជាង១ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ សេចក្តីសម្រេចនេះនឹងចូលជាធរមាន និងចាប់អនុវត្តនៅក្នុងខែសីហាខាងមុខ។ អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជា បានសន្និដ្ឋានហើយថា ការដកការអនុគ្រោះពន្ធនេះ គឺកម្ពុជាត្រូវបង់ពន្ធនាំចូលទៅកាន់ទីផ្សារអឺរ៉ុបប្រមាណជា១០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ៕

ចំណេះដឹង! តើដីជាប់បន្ទុកនៅធនាគារអាចបង្រួមនិងបំបែកក្បាលដីបានដែរឬទេ?

ដោយវុត្ថា

ភ្នំពេញៈ ដើម្បីទទួលបានថវិកាយកមកប្រើប្រាស់ ក្នុងករណីចាំបាច់ណាមួយ ប្រជាពលរដ្ឋតែងតែយកដី ដែលជាកម្មសិទ្ធិរបស់ខ្លួន យកទៅដាក់បញ្ចាំនៅធនាគារ។ ក្នុងករណីដែលមានក្បាលដីរបស់គាត់ ជាប់បន្ទុកនៅធនាគារ តើការបង្រួមក្បាលដីនិងបំបែកក្បាលដីអាចធ្វើបានដែរឬទេ?។

ចម្លើយទី១. ការចុះបញ្ជីបង្រួម ឬបំបែកក្បាលដី ដែលកំពុងជាប់បន្ទុក អាចធ្វើបានលុះត្រាតែ ទី១ បំពេញបាននូវលក្ខខណ្ឌជាក្បាលដីតែមួយ ដូចមានចែងក្នុងមាត្រា២២៧ នៃច្បាប់ភូមិបាល២០០១ (ករណីបង្រួមក្បាលដី) ទី២មាន ការយល់ព្រមពីម្ចាស់សិទ្ធិប្រាតិភោគ (ធនាគារម្ចាស់បំណុល) ឱ្យបង្រួម ឬបំបែកក្បាលដី កំពុងជាប់បន្ទុកនោះ ទី៣ ភាគីទាំងអស់ដែលមានផលប្រយោជន៍ពាក់ព័ន្ធ ត្រូវព្រមព្រៀងគ្នាអំពីលំដាប់នៃការចុះបញ្ជី ជាអាទិ៍ នៅពេលផ្ទេរ ការចុះបញ្ជីសិទ្ធិប្រាតិភោគ (ផ្ទេរបន្ទុក) ពីក្បាលដីចាស់ ផ្សេងៗគ្នា ទៅប្រមូលផ្តុំនៅលើក្បាលដីថ្មីតែមួយ (ករណី បង្រួមក្បាលដី) ឬពីក្បាលដីចាស់តែមួយ ទៅពង្រាយលើក្បាលដីថ្មីជាច្រើន (ករណីបំបែកក្បាលដី)។

សំណួរទី២.  ប្រសិនជាការបង្រួម និងបំបែកក្បាលដីក្នុងករណីខាងលើអាចធ្វើទៅបាន តើត្រូវអនុវត្តនីតិវិធីបែបណា?

ចម្លើយទី២. ចំពោះនីតិវិធីនៃការចុះបញ្ជីបង្រួម ឬបំបែកក្បាលដី ត្រូវអនុវត្តទៅតាមគោលការណ៍ណែនាំជាធរមាន (ដូចមានថតចម្លងជូនភ្ជាប់មកជាមួយ) ហើយនៅពេលចុះបញ្ជីបង្រួម ឬបំបែកក្បាលដីរួច ត្រូវផ្ទេរការចុះបញ្ជីសិទ្ធិប្រាតិភោគ (ផ្ទេរបន្ទុក) ពីក្បាលដីចាស់ទៅក្បាលដីថ្មី ទៅតាមការព្រមព្រៀងរបស់ភាគីដែលមានប្រយោជន៍ពាក់ព័ន្ធ៕

មន្ត្រីជំនាញៈ ផ្លូវក្រវ៉ាត់ក្រុងទី៣កំពុងពន្លឿនសកម្មភាពសាងសង់ខណៈសម្រេចបានជាង៤០ភាគរយ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ផ្លូវក្រវ៉ាត់ក្រុងទី៣ប្រវែងជាង៥០គីឡូម៉ែត្រ នឹងគ្រោងបញ្ជប់នៅខែធ្នូ ឆ្នាំ២០២១ខាងមុខ បច្ចុប្បន្នជាលទ្ធផលនៃការសាងសង់ សម្រេចបានប្រមាណជាង៤០ភាគរយហើយ។ នេះបើតាមការឱ្យដឹងពីមន្ត្រីជំនាញ នៃក្រសួងសាធារណៈបង្ហើបប្រាប់ឱ្យដឹង។

បច្ចុប្បន្នសកម្មភាពនៃការស្ថាបនាផ្កូវ និងស្ពានសំខាន់ៗនៃផ្លូវក្រវ៉ាត់ក្រុងទី៣នេះបានធ្វើឡើងយ៉ាងសកម្ម ព្រោះវាជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់មួយរបស់កម្ពុជា ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ កន្លងទៅក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដោយនឹងប្រើរយៈពេលសាងសង់ចំនួន ៤២ខែ និងគ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១។

ផ្អែកតាមល្បឿននៃការសាងសង់នេះ គេរំពឹងថាផ្លូវក្រវ៉ាត់ក្រុងទី៣នេះនឹងបញ្ចប់មុនផែនការដែលបានគ្រោងទុក ដោយសារមានការជំរុញពីសំណាក់របស់រដ្ឋាភិបាល និងពីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយធ្វើយ៉ាងណាធ្វើឱ្យបានលឿនតាមផែនការ ឬមុនផែនការ។

មន្ត្រីជំនាញដដែលបានឱ្យដឹងបន្តទៀតថា គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ នេះ ត្រូវបានចំណាយថវិកាសរុបប្រមាណ២៧៣លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន ហើយរាជរដ្ឋាភិបាលកម្ពុជាចូលរួមថវិកាបដិភាគ សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះពន្ធនិងសួយសារអាករ ហើយសម្រាប់ការស្ថាបនា។

គោលបំណងក្រៅពីបម្រើដល់វិស័យដឹកជញ្ជូន ផ្លូវមួយខ្សែនេះអាចកាត់បន្ថយការកកស្ទះចរាចរ ក្នុងទីក្រុង និងការធ្វើសមាហរណកម្មផ្ទៃក្នុង ដោយផ្លូវក្រវាត់ក្រុងទី៣តភ្ជាប់ពីផ្លូវជាតិលេខ៤ មកផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តក ណ្តាល ប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ។

ផ្លូវនេះមានទំហំទទឹងផ្លូវរហូតដល់ទៅ២៧ម៉ែត្រ សម្រាប់ទីប្រជុំជន និងសម្រាប់ក្រៅទីប្រជុំជនវិញមានទំហំទទឹងផ្លូវ ២៥ម៉ែត្រ។ ការសាងសង់នេះ ត្រូវបានអនុវត្តដោយក្រុមហ៊ុនសំណង់ Shanghai Construction Group Co., Ltd និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd និងចំណាយរយៈពេលសាងសង់ចំនួន ៤២ខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៨ និងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១៕

រដ្ឋាភិបាលគុយបាបង្ហាញពីសុទិដ្ឋិនិយមចំពោះស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា

ដោយៈ រ៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលសាធារណរដ្ឋគុយបា បានបង្ហាញពីក្ដីសាទរ និងមានសុទិដ្ឋិនិ​យមចំពោះស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា ជាមួយនឹងការប្ដេជ្ញាពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំង២ឱ្យកាន់តែប្រសើរ។

ទំនាក់ទំនងការទូតទ្វេភាគីរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋគុយបា រហូតមកដល់ពេលបច្ចុប្បន្ននេះ បានកើតមានរយៈពេល៦០ឆ្នាំកន្លងមកហើយ ពោលគឺតាំងពីគ្រាដែលប្រទេសគុយបា ស្ថិតនៅក្នុងស្ថានភាពជាប្រទេសកំពុងអភិវឌ្ឍន៍ ដោយជានិច្ចកាល គុយបា តែងបង្ហាញពីទឹកចិត្តសប្បុរសធម៌ ផ្ដល់ជំនួយជាច្រើនដល់កម្ពុជា ជាពិសេសវិស័យអប់រំ និងសុខាភិបាល ហើយបច្ចុប្បន្ននេះក៏នៅតែរក្សាចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការឥតឈប់ឈរ។

លោកអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍នៅក្នុងជំនួបកិច្ចពិភាក្សាការងារជាមួយលោកស្រី ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបាប្រចាំកម្ពុជា កាលពីល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ថា ក្នុងនាមរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធា​រណរដ្ឋគុយបា ដែលតែងតែចូលរួមរំលែកនូវទុក្ខលំបាក ដែលផ្តល់ជំនួយក្នុងនាមជាមនុស្ស​ធម៌ និងការជំរុញកិច្ចអភិវឌ្ឍន៍នៅកម្ពុជា។

លោកបានបន្តទៀតថា “ថ្វីបើ គុយបានិងកម្ពុជាស្ថិតឆ្ងាយពីគ្នា ប៉ុន្តែប្រទេសទាំង២មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ និងមានទឹកចិត្តមនុស្សធម៌ដូចគ្នា ហើយផ្អែកលើមូល   ដ្ឋានគ្រឹះយ៉ាងរឹងមាំ នៃកិច្ចទំនាក់ទំនងប្រទេសទាំង២ នឹងមានកាលានុវត្តភាពក្នុងការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខ័ណ្ឌ ទ្វេភាគី តំបន់ និងអន្តរជាតិ ហើយនឹងនាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា”។

ជាការគួរឱ្យកត់សម្គាល់ លោកស្រី Liurka Rodrœguez Barrios  បានបង្ហាញពីក្ដីសាទរ និងគាំទ្រនូវយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងតែដាក់ចុះឱ្យអនុវត្តន៍ ដែលទទួលបានភាពរីកចម្រើន និងអភិវឌ្ឍន៍ប្រទេសបានយ៉ាងលឿនក្នុងរយៈពេលខ្លី។ លោកស្រីក៏បានសន្យា និងប្តេជ្ញាចិត្តក្នុងការចូលរួមជួយផ្សព្វផ្សាយ ពីសក្ដានុពលលើការវិនិយោគ ក៏ដូចជាកៀងគរនូវវិនិយោគិន ពីប្រទេសគុយបាមកកាន់កម្ពុជា ដើម្បីពង្រីកវិសាលភាពនៃទំហំពាណិជ្ជកម្ម និងការវិនិយោគបន្ថែម៕

ក្រសួងដែនដីជូនដំណឹងជាថ្មីស្ដីពីការរៀបចំវគ្គផ្សព្វផ្សាយ “ច្បាប់ស្ដីពីសំណង់” ជាលើកចុងក្រោយ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានធ្វើការជូនដំណឹងសាជាថ្មីទៅដល់ស្ថាបត្យករ វិស្វករជំនាញសំណង់ស៊ីវិល និងវិស្វករជំនាញអគ្គិសនីស្ដីពី ការរៀបចំវគ្គផ្សព្វផ្សាយ “ច្បាប់ស្ដីពីសំណង់” ជាលើកចុងក្រោយ ក្រោមអធិបតីភាពរបស់លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលចេញនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ នៅសណ្ឋាគារ ហ្គាឌិន ស៊ីធី ភ្នំពេញ ស្ថិតនៅតាមបណ្តោយផ្លូវ លីយ៉ុងផាត់ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ វេលាម៉ោង ៧,៣០នាទីព្រឹក នឹងមានការរៀបចំវគ្គផ្សព្វផ្សាយ “ច្បាប់ស្ដីសំណង់” លោកចុងក្រោយក្រោមអធិបតី ដ៏ខ្ពង់ខ្ពស់របស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

សេចក្ដីប្រកាសដដែលនេះ ចាត់ទុកជាការជូនដំណឹងទៅដល់បណ្តាស្ថាបត្យករ ដែលបានចុះបញ្ជីនៅគណៈស្ថាបត្យករកម្ពុជា និងវិស្វករជំនាញសំណង់ស៊ីវិល ក៏ដូចជាវិស្វករជំនាញអគ្គិសនី ដែលបានចុះបញ្ជីគណៈវិស្វករកម្ពុជា ដែលអវត្តមានក្នុងការចូលរួមវគ្គផ្សព្វផ្សាយ “ច្បាប់ស្ដីពីសំណង់” សម្រាប់អ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ទាំង២លើកថា វគ្គផ្សព្វផ្សាយនេះ មានគោលបំណង់ផ្តល់លទ្ធភាពជូនស្ថាបត្យករ និងវិស្វករឱ្យបំពេញបានគ្រប់លក្ខខណ្ឌដែលមានកំណត់ក្នុងច្បាប់។

សម្រាប់សិក្ខាកាមដែលបានបំពេញ គ្រប់លក្ខខណ្ឌរបស់វគ្គផ្សព្វផ្សាយ នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់កា រសិក្សាចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាឯកសារចាំបាច់សម្រាប់ស្ថាបត្យករចុះបញ្ជី និងវិស្វករចុះបញ្ជីក្នុងការស្នើសុំអជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់។ ស្ថាបត្យករ និងវិស្វករ ដែលបានចុះបញ្ជីមុនថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយខកខានមិនបានចូលរួមវគ្គផ្សព្វផ្សាយច្បាប់ស្ដីពីសំណង់ ត្រូវចាត់ទុកថាជាស្ថាបត្យករ និងវិស្វករដែលបោះបង់សិទ្ធិ និងបាត់បង់កាយសម្បទា ព្រមទាំងពុំបានបំពេញគ្រប់លក្ខខណ្ឌរបស់ច្បាប់ ដើម្បីប្រកបវិជ្ជាជីវៈក្នុងវិស័យសំ ណង់។

សេចក្ដីលម្អិត សូមអានបន្ថែមនៅក្នុងសេចក្ដីជូនដំណឹងដូចខាងក្រោម ៖

ក្រុមហ៊ុនMoodyសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២០មិនមានការប្រែប្រួល ទោះជាមានបញ្ហា មេរោគកូរ៉ូណា

ដោយ ហ្សូលី

ភ្នំពេញៈ ក្រុមហ៊ុនផ្តល់សេវាកម្មសម្រាប់អ្នកវិនិយោគ កាលពីថ្ងៃអង្គារ ទី១៩ កុម្ភៈ ឆ្នាំ ២០២០នេះ បានទម្លាក់ការព្យាករផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសចំនួន១៥ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បន្ទាប់ពីមានការរីករាលដាលនៃមេរោគកូរ៉ូណានៅប្រទេសចិននាពេលថ្មីៗនេះ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាមិនផ្លាស់ប្តូរការព្យា​ករណ៍ទេ។

ទីភ្នាក់ងារវាយតម្លៃ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក(Moody) នេះបាននិយាយថា “ការផ្ទុះឡើងនៃមេរោគឆ្លងនេះ បានបន្ថែមសម្ពាធផ្សេងៗទៀតទៅលើកំនើននៅអាស៊ីប៉ាស៊ីហ្វិក រួមជាមួយនឹងផលប៉ះពាល់ចម្បងដូចជា ពាណិជ្ជកម្ម ទេសចរណ៍និងវិស័យមួយចំនួនទៀត តាមរយៈការរំខានដល់ចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់”។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅក្នុងប្រទេសសិង្ហបុរី ក្រុមហ៊ុនMoody បានបន្ថយការព្យាករណ៍កំណើន សេដ្ឋកិច្ចរបស់ចិនពី៥,៨ ភាគរយ មកនៅត្រឹម៥,២ភាគរយ ដែលនេះជាការឆ្លុះបញ្ចាំង ពីផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែក្នុងរយៈពេលខ្លីជាមួយ នឹងផលប៉ះពាល់សម្រាប់សេដ្ឋកិច្ចនៅទូទាំងតំបន់។

សេដ្ឋកិច្ចប្រទេសផ្សេងទៀត ដែលមានការព្យាករណ៍ទាបយ៉ាងតិច៣ភាគ១០ មានដូចជា អូស្រ្តាលី ហ្វីជី ហុងកុង ឥណ្ឌា ឡាវ ម៉ាកាវ ម៉ាល់ឌីវ ម៉ុងហ្គោលី ប៉ាពួញូហ្គីណេ សាំងហ្គាពួរ កោះសូឡូម៉ុន តៃវ៉ាន់ ថៃ និងវៀតណាម។

ដោយឡែក ការព្យាករណ៍របស់ប្រទេសកម្ពុជា សម្រាប់ឆ្នាំ២០២០នេះ គឺសេដ្ឋកិច្ចកម្ពុជាបានថយចុះមកនៅត្រឹមកំនើន៥,៤ ភាគរយ។ បណ្តាប្រទេសផ្សេងដែលមានសេដ្ឋកិច្ចរីកចម្រើន ជាមួយនឹងការព្យាករណ៍មិនផ្លាស់ប្តូរដែរ ដូចជា បង់ក្លាដែស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ប៉ាគីស្ថាន ហ្វីលីពីន និងស្រីលង្កា។

ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធ្លាក់ចុះ បើគិតត្រឹមថ្ងៃអង្គារនេះមានដូចជាម៉ាកាវ និងហុងកុង គឹមានទស្សនវិស័យមិនល្អទេ  ទិន្នផលសរុបត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះដល់ទៅ៦,០ភាគរយ រីឯនៅម៉ាកាវក្នុងឆ្នាំនេះនិងធ្លាក់ចុះ២,៥ ភាគរយនៅហុងកុង។

អនុប្រធានជាន់ខ្ពស់ ក្រុមហ៊ុនផ្តល់សេវាកម្ម ដល់អ្នកវិនិយោគទុនរបស់សហរដ្ឋអាមេរិក Moody លោក Christian de Guzman បានមានប្រសាសន៍ថា “ការសន្មត់មូល     លើដ្ឋានរបស់យើង សេដ្ឋកិច្ចកំពុងរងផលប៉ះពាល់ ក្រោយពីមានការផ្ទុះឡើងនៃវីរុសកូវិដ១៩នេះ ហើយវាបានបន្តអស់រយៈពេលជាច្រើនសប្តាហ៍ ដូច្នេះទម្រាំជម្ងឺនេះផុតទៅត្រូវចំណាយពេលយូរ ដើម្បីអនុញ្ញាតឱ្យសកម្មភាពសេដ្ឋកិច្ចធម្មតាបន្តឡើងវិញ”។

សេចក្តីថ្លែងការណ៍បាននិយាយថា ការកាត់បន្ថយតម្រូវការរបស់ចិន ក្នុងការនាំចេញរបស់អាស៊ី និងការរំខានដល់ចង្វាក់ផ្គត់ផ្គង់ ដែលជាតំណាងឱ្យបណ្តាញបញ្ជូនផ្ទាល់ចំនួនពីរ។ ទោះបីជាកំណើនសេដ្ឋកិច្ចយឺត ក៏ពាណិជ្ជកម្មសេវាកម្មនឹងបន្ថែមបណ្តាញទីបីដែរ។

ក្រុមហ៊ុនMoody បាននិយាយថា “ទំនិញនាំចេញត្រូវប្រឈមនឹងការធ្លាក់ចុះ នៃតំរូវការរបស់ចិន ខណៈដែលតំបន់ទេសចរណ៍មួយចំនួន ដែលពឹងផ្អែកលើភ្ញៀវទេសចរចិនក៏ងាយរងគ្រោះដែរ”៕