អាជ្ញាធរកោះកុងចុះដោះស្រាយផលប៉ះពាល់ពីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដើម្បីពន្លឿនការសាងសង់

ដោយវុត្ថា

ភ្នំពេញ៖ អាជ្ញាធរខេត្តកោះកុងបានចុះពិនិត្យការដ្ឋាន និងសម្របសម្រួល ជាមួយភាគីម្ទាស់ដី ដែលទទួលរងផលប៉ះពាល់ ពីគម្រោងសាង់សង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុដែលស្ថិតនៅក្នុងឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីពន្លឿនការសាងសង់ឱ្យចប់ស្របទៅតាមផែនការ។

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ក្នុងពិធីដឹកនាំមន្ត្រីចុះពិនិត្យការដ្ឋាន និងសម្របសម្រួល ជាមួយភាគីម្ទាស់ដី កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២០ ម្សិលមិញននេះឱ្យដឹងថា គម្រោងល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានឆ្លងកាត់ខេត្តកោះកុង មួយចំនួន ដែលធ្វើឱ្យមានផលប៉ះពាល់ដល់ម្ចាស់ដីខ្លះ។

លោកបន្តថា ក្រុមការងារថ្នាក់ខេត្ត ស្រុក បានកំពុងសម្របសម្រួល ជាមួយអ្នកពាក់ព័ន្ធ និងគម្រោងធ្វើយ៉ាងណាអោយគម្រោងសម្រេចបានជោគជ័យស្របតាមផែនការមេ និងទទួលបានសមិទ្ធផលថ្មី ដែលបម្រើប្រយោជន៍ជាតិទាំងមូល។

ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីពេលថ្មីៗនេះឱ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿន(Expressway )ភ្នំពេញ-ព្រះសីហនុ មានប្រវែងប្រមាណជាង ១៩០ គីឡូម៉ែត្រ សម្រេចបានការសាងសងប្រមាណ ២០,៦៥% និងដោះស្រាយផលប៉ះពាល់បាន ៨៨,៨៤% គិតត្រឹមខែមេសា ឆ្នាំ ២០២០ ។

គម្រោងសាងសង់ផ្លូវល្បឿនលឿននេះ ត្រូវបានបើកការដ្ឋានសាងសង់ នាថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២០ ដោយរយៈពេលសាងសង់ចំនួន ៤៨ខែ ហើយគ្រោងនឹងបញ្ចប់ការសាងសង់មុនពេលកំណត់ នាចុងឆ្នាំ២០២២ នេះ ដោយគ្រោងប្រើប្រាស់ថវិកាវិនិយោគ ប្រមាណ ២.០០០លានដុល្លារអាមេរិក៕

កម្ពុជា និង​មី​យ៉ាន់​ម៉ា​រំពឹង​ចាប់យក​ទីផ្សារ​ទេសចរ​ចិន​ឡើងវិញ បន្ទាប​ជំងឺរាតត្បាត​ធូរស្រាល

ដោយ ប៊ី

ភ្នំពេញៈ អាជ្ញាធរ​ទេសចរណ៍​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា និង​ប្រទេស​កម្ពុជា​កំពុង​ស្វះ​ស្វែងរក​ការចាប់យក​ទីផ្សារ​ចិន​ឡើងវិញ នៅពេល​មានការ​បើក​ឱ្យមាន​ការធ្វើដំណើរ​ដំណើរការ។

នៅក្នុង​កិច្ចប្រជុំ​ចុងក្រោយ នៃ​ក្រុមប្រឹក្សា​ទេសចរណ៍​មេគង្គ (MeTAG) លោក Hla Myint ប្រធាន​មន្ទីរ​ផ្សព្វផ្សាយ​នៃ​ក្រសួង​សណ្ឋាគារ និង​ទេសចរណ៍​ប្រទេស​មី​យ៉ាន់​ម៉ា បាន​និយាយថា ក្រសួង​បាន​បើក​ការប្រជុំ​ជាក់ស្តែង ជាមួយ​តំណាង​ប្រតិបត្តិ​ករ​ទេសចរណ៍​ចិន​មួយចំនួន​នៅ​សប្តាហ៍​នេះ។

លោក​បាន​បញ្ជាក់ថា “ការ​សង្កត់ធ្ងន់​ជាបន្ទាន់ គឺ​ការជំរុញ​ការអភិវឌ្ឍ​ទេសចរណ៍​ក្នុងស្រុក ប៉ុន្តែ​យើង​ក៏ត្រូវ​គិត​ផងដែរ នៅពេល​យើង​បើកទ្វារ​ទទួលភ្ញៀវ​អន្តរជាតិ…យើង​កំពុង​ត្រៀម​ទទួល​អ្នកទេសចរ​ចិន បន្ទាប់ពី​ជំងឺ​រាតត្បាត​ធូរស្រាល” ។

នៅ​ឆ្នាំ២០១៩ ចិន​បាន​ជំរុញ​វិ​កំនើន​ស័​យ​ទេសចរណ៍​របស់​មី​យ៉ាន់​ម៉ា។ ចំនួន​អ្នកទេសចរ​សរុប៣៤៤.២៦៨ នាក់​បាន​កើនឡើង៧៥ភាគរយ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដែល​ទីផ្សា​ទេសចរណ៍​លំដាប់​លេខ​មួយ​របស់​មី​យ៉ាន់​ម៉ា។

ក្រសួងទេសចរណ៍​នៃ​ប្រទេស​កម្ពុជា​ក៏​សង្ឃឹម លើ​ប្រទេស​ចិន​ក្នុងការ​ឈានទៅរក​ការ​ងើប​ឡើងវិញ​របស់ខ្លួន​ផងដែរ។

លោក​តុ​ប សុ​ភ័​ក្រ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង បាន​មានប្រសាសន៍ថា កម្ពុជា​នឹង​បន្ត​លើកកម្ពស់​យុទ្ធសាស្ត្រ “ China Ready” របស់ខ្លួន​ដែលជា​ផែនការ​រយៈពេល៥ឆ្នាំ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន​ឱ្យបាន​កាន់តែច្រើន។លោក​បាន​បន្ថែមទៀតថា ក្រុមហ៊ុន​ទេសចរណ៍​នៅក្នុង​ប្រទេស កំពុង​រៀបចំ​កញ្ចប់​ដំណើរ​ទេសចរណ៍​ថ្មី​ជាច្រើន ដែល​ផ្តោតលើ​ទេសចរ​ចិន បន្ទាប់ពី​ឆ្លង​ផុតពី​ជំងឺ​រាតត្បាត។

ចាប់តាំងពី​ឆ្នាំ២០១៧ មក​ប្រទេស​កម្ពុជា​បាន​ស្វាគមន៍ ចំនួន​ភ្ញៀវទេសចរ​មកពី​ប្រទេស​ចិន ដែលមាន​ការកើនឡើង​យ៉ាង​ឆាប់រហ័ស។ ក្នុង​ឆ្នាំ២០១៩ ភ្ញៀវទេសចរ​ចិន​ជាង២លាន​នាក់ បានមក​ទស្សនា​ប្រទេស​កម្ពុជា ដែល​កើនឡើង១៦,៧ ភាគរយ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។

នៅក្នុង​សកម្មភាព​មួយ​ផ្សេងទៀត ប្រទេស​កម្ពុជា​ក្នុង​សប្តាហ៍​នេះ​បាន​លុបចោល​បំរាម​ការធ្វើដំណើរ ចាប់តាំងពី​ពាក់កណ្តាល​ខែមីនា លើ​ប្រទេស​ចំនួន៦ គឺ​អ៊ីរ៉ង់ អ៊ីតាលី បារាំង អេ​ស្ប៉ា​ញ អាល្លឺម៉ង់ និង​សហរដ្ឋអាមេរិក៕

អ្នកជំនាញ​អះអាងថា អា​ផាត​ម៉ិ​ន​ជួល​នៅ​ភ្នំពេញ​នៅតែមាន​ដំណើរការ​ធម្មតា

ដោយ ប៊ី

ភ្នំពេញៈ អ្នកជំនាញ​អចលនទ្រព្យ​បាន​អះអាងថា ផលប៉ះពាល់​ពី​ជំងឺ​នេះ មិនបាន​ធ្វើឱ្យ​វិស័យ​អា​ផាត​ម៉ិ​ន​ជួល នៅ​ទីក្រុង​ភ្នំពេញ​មាន​ប្រែប្រួល​ខ្លាំង​នោះទេ ហើយ​តម្លៃ​ជួល​អា​ផាត​ម៉ិ​ន​ក៏​មិនមាន​ការប្រែប្រួល​ខ្លាំង​នោះទេ។

លោក​ច្រឹ​ក សុនី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ប្រាប់​គេហទំព័រ Propertyarea.asia កាលពីពេលថ្មីៗនេះ​ថា ទីផ្សារ​អា​ផាត​ម៉ិ​ន​ជួល​មិន​បង្ហាញ​សញ្ញា​ពី​ការរង​ផលប៉ះពាល់​ខ្លាំង​នោះទេ ព្រោះ​ការជួល​អា​ផាត​ម៉ិ​ន​ទាមទារ​ត្រូវមាន​កុងត្រា​ច្បាស់លាស់​រវាង​អ្នក​ជួល និង​ម្ចាស់​អា​ផាត​ម៉ិ​ន។

លោក​បាន​បន្តថា “កិច្ច​ការជួល​នេះ មាន​កុងត្រា​រយៈពេល​មធ្យម និង​វែង ដែល​វា​មិន​ផលប៉ះពាល់​ខ្លាំង​នោះទេ។ វា​មិនមែនជា​ឧបសគ្គ​ធំ ឬ​ក្លាយជា​បញ្ហា​ធំ​សម្រាប់​ការជួល​អា​ផាត​មិន​នោះទេ អំឡុងពេល COVID-19 ហើយ​ម្ចាស់​អា​ផាត​ម៉ិ​ន នៅតែ​ទទួលបាន​ចំណូល​បាន​ពី​ការជួល​នេះដែរ” ។

លោក​បាន​លើកឡើងថា សម្រាប់​តម្លៃ​ជួល​វិញ មិនមាន​ការប្រែប្រួល​ខ្លាំង​នោះទេ ព្រោះ​ជំងឺ​រាតត្បាត​នេះ​ជា​បញ្ហា​រយៈពេល​ខ្លី និង​មិនមាន​ផលប៉ះពាល់​ខ្លាំងពេក​ទេ។

ចំនួន​អា​ផាត​ម៉ិ​ន​សរុប​កើន​ឡើងដល់​ចំនួន២៣៤អាគារ ស្មើនឹង២,៧២៥ យូ​នី​ត​ក្នុង​ត្រីមាស​ទី៤ ឆ្នាំ២០១៩ កើនឡើង២៨ភាគរយ បើ​ធៀប​នឹង​នៅ​ត្រីមាស​ទី៤ឆ្នាំ ២០១៨ ខណៈ​អគារ​អា​ផាត​ម៉ិ​ន​ថ្មី​ចំនួន៣ បានបញ្ចប់​ការសាងសង់​នៅ​ឆមាស​ទី២ នៃ​ឆ្នាំ ២០១៩ រួមមាន អាគារ​អា​ផាត​មិន Grade A ចំនួន ១ អាគារ និង Grade B ចំនួន២ អាគារ។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រុមហ៊ុន CBRE Cambodia ។

ការបែងចែក​ថ្លៃ​ជួល​មាន​លក្ខណៈ​ទូលំទូលាយ​ណាស់ ដោយ​អចលនទ្រព្យ Grade A ខ្លះ​តម្លៃ​ជួល​រហូតដល់ ​១១,០០០​ដុល្លារ​​ក្នុង​មួយខែ។ នេះ​បើ​យោងតាម​របាយការណ៍​ខាងលើ។

តំបន់​បឹង​កេងកង១ ដែលជា​សង្កាត់​ពេញនិយម​ជាងគេ​នៅ​ក្រុងភ្នំពេញ បាន​បង្កើន​ចំណែក​នៃ​ការផ្គត់ផ្គង់​របស់ខ្លួន ក្នុង​រយៈពេល​ពាក់កណ្តាល​ឆ្នាំមុន កើនឡើង​ដល់៤២% បើ​ប្រៀបធៀប​ទៅនឹង ៣៨% នៅក្នុង​ឆមាស​ទីមួយ។

ជា​លទ្ធផល​នៃ​ការបន្ត​ការផ្គត់ផ្គង់​របស់​បឹង​កេងកង១ បាន​បន្ត​ការ​គ្របដណ្តប់​ក្នុងការ​ផ្គត់ផ្គង់ ហើយ​ចំណែក​ផ្សេងទៀត នៃ​ការផ្គត់ផ្គង់​ក្នុង​ខណ្ឌ​ផ្សេងទៀត មានកំ​រិត​មធ្យម​ក្នុង​រយៈពេល​ឆមាស​ទី២ ។

នៅ​ឆ្នាំ២០២០ ខណ្ឌដូនពេញ និង​ទួលគោក​បាន​ត្រៀមខ្លួន ទទួល​ចំណែក​ផ្គត់ផ្គង់​កាន់តែច្រើន ជាពិសេស​ប្រតិបត្តិ​ករ​អន្តរជាតិ​ពេញ​ចិត្តនឹង​ទីតាំង ដែល​នៅ​ជិត​នឹង​តំបន់​ពាណិជ្ជកម្ម៕

តំបន់​ទេសចរ​ថ្មី​នៃ​ខេត្តពោធិ៍សាត់ ស្ថិត​តាម​វិថី​បុប្ផា​លាក់ខ្លួន​ទាក់ទាញ​ភ្ញៀវទេសចរ​ខ្លាំង

ដោយៈ រ៉ា​ណេ​ត

ពោធិ៍សាត់ៈ រដ្ឋបាលខេត្ត​ពោធិ៍សាត់ តាមរយៈ​មន្ទីរ​ទេសច​រណ៍​ខេត្ត បាន​បង្កើត និង​រៀបចំ​គម្រោង ពង្រីក​សក្ដានុពល​ទេសចរណ៍​នៅ​ទូទាំង​ខេត្ត ជាពិសេស​នៅ​តំបន់​ធម្មជាតិ​វិថី​បុប្ផា​លាក់ខ្លួន ដែល​កំពុងមាន​ភាព​ទាក់ទាញ។

ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តពោធិ៍សាត់ លោក សំ ឃីម បាន​មានប្រសាសន៍​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​ខេត្ត នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០កន្លងមក​ថា មន្ទីរ​ទេសចរណ៍​ខេត្ត បានរៀបចំ​គម្រោង​អភិវឌ្ឍន៍ តំបន់​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ និង​កែច្នៃ​ជាច្រើន​កន្លែង នៅ​ជុំវិញ​វិថី​បុប្ផា​លាក់ខ្លួន ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ដល់​ទេសចរ​ជាតិ និង​អន្តរជាតិ ឱ្យមក​ទស្សនា​កម្សាន្ត។

លោក​បាន​បញ្ជាក់ថា “បន្ទាប់​បានដាក់​ដំណើរការ​ផ្លូវ​មួយ​ខ្សែ​នេះ យើង​ក៏បាន​សិក្សា​ទីតាំង​ជុំវិញ ដើម្បី​រៀបចំ​និង​កែច្នៃ ដែល​ធ្វើយ៉ាងណា​ឱ្យមាន​ភាព​ទាក់ទាញ។ លោក​បន្តថា  “យើង​មាន​សម្បទា​ជាច្រើន​នៅ​ជុំវិញ​នេះ ដូចជា​ភ្នំ​ទំព័រ ដែល​បាន​ដំណើរការ​ហើយ​នៅ​ស្រុក​វាលវែង ហើយ​ភ្នំ​ទំព័រ​នេះ​ក៏បាន​ចែកចេញជា​ពីរ​ផងដែរ គឺ​តំបន់​ទេសចរណ៍​ផ្សងព្រេង និង​ទេសចរណ៍​កម្សាន្ត ហើយ​អី​ឡូ​វ​យើង​កំពុងតែ​សិក្សា​អូន​សោម​បន្ថែមទៀត” ។

អូ​សោម​នេះ មាន​ស្ថាន​ភាពល្អ​ណាស់ នៅពេលដែល​ផ្លូវជាតិ​លេខ១០ដំណើរការ​ហើយ លោក​ជឿថា​ភ្ញៀវទេសចរ​មាន​អារម្មណ៍​ថា បែ្ល​ក​មួយទៀត​ជាមួយនឹង​ស្ពាន​ដែល​ខ្ពស់​ជាងគេ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។

ក្រៅ​អំពី​ការ​ទស្សនា​វិថី​បុប្ផា​លាក់ខ្លួន អ្នកទេសចរ​អាច​ចូលទៅ​ទស្សនា​តំបន់​ធម្មជាតិ​តំបន់​ទឹកធ្លាក់ ដែលមាន​ដូចជា​តំបន់​ទស្សនា​ភ្នំ១៥០០ តំបន់​ទស្សនា​ធនធាន​ធម្មជាតិ​ក្រពើ២ ទស្សនា​ភ្នំ​ទំព័រ ទស្សនា​តំបន់​ព្រៃ ដែលជា​តំបន់​អភិរក្ស​ធនធានធម្មជាតិ និង​សត្វព្រៃ​នៃ​ខេត្តពោធិ៍សាត់ ក៏ដូចជា​ទស្សនា​នូវ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​ការបង្កើត​មុខ​របប​របស់​ប្រជាជន​តាម​ដង​វិថី​បុប្ផា​លាក់ខ្លួន​ផងដែរ៕

ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​នឹង​ក្លាយជា​អាកាសយានដ្ឋាន​ធំ​មួយ​ធៀប​នឹងបណ្តា​ប្រទេស​ក្នុង​តំបន់

ដោយ វុត្ថា

ភ្នំពេញៈ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី នៅក្នុង​ទឹកដី​ខេត្តកណ្តាល​ត្រូវបាន​រចនា​ឡើង​លំដាប់ថ្នាក់ 4F នឹង​ក្លាយជា​អាកាសយានដ្ឋាន​ធំជាងគេ​លំដាប់​ទី៩ នៅលើ​ពិភពលោក​បន្ទាប់ពី​អាកាសយានដ្ឋាន Chicago O’Hare  និង​នាំមុខ​អាកាសយានដ្ឋាន​អន្តរជាតិ​បេ​កាំ​ងរ​បស់​ប្រទេស​ចិន Beijing Capital International ។

អ្នកឧកញ៉ា ពុង ឃាវ សែ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​កាណាឌីយ៉ា​គ្រុប  និង OCIC បាន​ប្រាប់​ទស្សនា​វ​ដ្តី​របស់ខ្លួន​កាលពី​កន្លងមកនេះ​ថា នៅពេល​សាងសង់​បញ្ចប់ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី នឹងមាន​សមត្ថភាព​គ្រប់គ្រង​យន្តហោះ​ដឹកទំនិញ​ធុន​ធំ និង​មាន​សមត្ថភាព​ផ្ទុក​អ្នកដំណើរ​រហូតដល់២៧ លាន​នាក់​នៅ​ឆ្នាំ២០៣០ និង​អ្នកដំណើរ ៣០លាន​នាក់​នៅ​ឆ្នាំ២០៥០ ស្របតាម​ផែនការមេ។

លោក​បន្តថា “គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ គឺ​ចេញ​ប្លង់​សាងសង់​ដោយ​ក្រុមហ៊ុន Foster & Partners ដែលជា​ក្រុមហ៊ុន​ល្បីល្បាញ​មួយ នៅលើ​ពិភពលោក។

លោក ស៊ិន ចាន់​សេរី​វុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល ឱ្យដឹង​កន្លងមកថ្មីៗនេះ​ថា រហូតមកដល់​ពេលនេះ វឌ្ឍនភាព​នៃ​ការសាងសង់​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ- ភ្នំពេញ​ថ្មី ដែល​ស្ថិតនៅ​ក្នុងស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល កំពុង​តែមាន​ដំណើរកា​រ​ធម្មតា និង​សម្រេចបាន​លទ្ធផល​ប្រមាណ៣០ភាគរយ។

លោក​ថា​ថា “រដ្ឋាភិបាល​កម្ពុជា​បាននិងកំពុង យកចិត្តទុកដាក់​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ តាមរយៈ​វិស័យសំខាន់ៗជាច្រើន ដែល​ក្នុងនោះ​វិស័យ​អាកាសចរណ៍​ស៊ីវិល ក៏​ស្ថិតនៅក្នុង​វិស័យ​អាទិភាព​ផងដែរ” ។

ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី គឺជា​គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ​មួយ​របស់​កម្ពុជា​ដែល​បាន​សាងសង់​នៅលើ​ផ្ទៃដី​ទំហំ២.៦០០ហិកតា  និង​មាន​ទុនវិនិយោគ​ប្រមាណ​ជា ១,៥ពាន់​លាន​ដុល្លារ​អាមេរិក។ គម្រោង​នេះ គ្រោង​នឹង​បញ្ចប់​ដំណាក់កាល​ទី១ ក្នុង​ឆ្នាំ២០២៣ ខាងមុខនេះ៕

កំពត​ជា​ខេត្ត​ដែលមាន​ភាព​ទាក់ទាញ​វិនិយោគ​អចលនទ្រព្យ​ក្នុង​វិបត្តិ Covid-19

ដោយ ៖ រ៉ា​ណេ​ត

កំ​ពតៈ ស្ថិតនៅក្នុង​វិបត្តិ​នៃ​ជំងឺឆ្លង​Covid-19 ដែល​បាន​បង្ក​ភាពភ័យខ្លាច​ដល់​មនុ ស្ស​ទូទៅ និង​បាន​ជះឥទ្ធិពល​អវិជ្ជមាន​ស្ទើរ​គ្រប់​វិស័យ រួមទាំង​ផ្នែក​អចលនទ្រព្យ​ផងដែរ​នោះ ប៉ុន្តែ​សម្រាប់​ការទិញ-លក់ ដីធ្លី​នៅក្នុង​ដែនដី​នៃ​ខេត្តកំពត ហាក់​មិន​ទ្រុឌទ្រោម​នោះឡើយ ផ្ទុយទៅវិញ​គឺ​នៅតែមាន​ភាព​ទាក់ទាញ លើ​ការវិនិយោគ​គួរឱ្យកត់សម្គាល់ ជាពិសេស​ការអភិវឌ្ឍ​លំនៅដ្ឋាន​បែប​លំហែរ។

នាយិកា​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ថា ទំនោរ​នៃ​ការវិនិយោគ និង​អភិវឌ្ឍ​លើ​វិស័យ​លំនៅដ្ឋាន​បែប​លំហែរ​កាយ​នៅក្នុង​ខេត្តកំពត ក៏​ព្រោះតែ​ខេត្ត​នេះ​គឺជា​គោលដៅ​ទេសចរណ៍ ដ៏​មាន​សក្ដានុពល​បើ​ប្រៀបធៀប​ទៅនឹង​បណ្តា​ខេត្ត​មួយចំនួនទៀត។

លោកស្រី​បាន​មានប្រសាសន៍​ទៀតថា “បើ​និយាយ​ពី​ការអភិវឌ្ឍ​លំនៅដ្ឋាន​បែប​លំហែរ​កាយ នៅតាម​តំបន់​កម្សាន្ត​មួយចំនួន​នៅតែមាន​តម្រូវការ ដែល​វា​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុង​ចរន្ត​ទិញ-លក់ ដីធ្លី​នៅក្នុង​ខេត្តកំពត ហើយក៏​ជា​ចលករ​ជួយ​ជំរុញ​ឱ្យ​តម្លៃ​ដី​ឱ្យមាន​ភាពល្អប្រសើរ និង​មាន​កំណើន​ជា​បន្តបន្ទាប់” ។

លោកស្រី​បាន​បញ្ជាក់ថា ខេត្តកំពត​នឹងមាន​ការអភិវឌ្ឍ​លឿន ដោយសារ​ការខិតខំ​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល ដូចជា គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន ការពង្រីក​ផ្លូវជាតិ​លេខ៣ គម្រោង​កំពង់ផែ​ទេសចរណ៍ គម្រោង​កំពង់ផែ​ទឹក​ជ្រៅ គម្រោង​បង្កើត​ឧទ្យាន​ជាតិ សម្ដេច ហ៊ុន សែន កំពត រួម​ជាមួយនឹង​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​ទៀត​ដែល​ចូលរួម​ពី​វិស័យ​ឯកជន​ផងដែរ។

ខេត្តកំពត​មួយរយៈ​ពេល​ចុងក្រោយ គឺ​កំពុងតែ​ព្យាយាម​បង្ហាញ​ពី​សក្ដានុពល រួមជាមួយ​គម្រោង​អភិវឌ្ឍ​នានា​ជាច្រើន ជាពិសេស​ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍ​លើ​វិស័យ​ទេសចរណ៍​កម្សាន្ត​បែប​ធម្មជាតិ និង​តំបន់​សមុទ្រ ខណៈដែល​គម្រោង​កំពង់ផែ​ទេសចរណ៍​របស់​រដ្ឋាភិបាល កំពុងតែ​ព​ន្លឿ​ន​ការសាងសង់ បន្ថែម​ពីលើ​គម្រោង​អភិវឌ្ឍ​ជាច្រើន​ទៀត​ពី​វិស័យ​ឯកជន។

អគ្គនាយក​ក្រុមហ៊ុន​អចល​ទ្រព្យ R Investment Group លោក​ឧកញ៉ា តេង រិទ្ធី  ដែល​បាន​បណ្តាក់​ទុនវិនិយោគ​ជាច្រើន​លាន​ដុល្លារ ទៅលើ​ការសាងសង់​លំនៅដ្ឋាន​បែប​លំហែរ​កាយ នៅក្នុង​ទឹកដី​នៃ​ខេត្ត​ដ៏​ទាក់ទាញ​ផ្នែក​ទេសចរណ៍​មួយ​នេះ បាន​មានប្រសាសន៍ថា ខេត្តកំពត​មាន​ភាពខុសប្លែក​ពី​បណ្តា​ខេត្ត​ដទៃ ដែលមាន​ភាពស្ងប់ស្ងាត់​ក្នុង​ការទិញ-លក់ នៅក្នុង​វិបត្តិ​ជំងឺ Covid-19 ។

លោក​បាន​បន្តទៀតថា “បច្ចុប្បន្ននេះ​មាន​អ្នកវិនិយោគ​ជាច្រើន បាន​ទម្លាក់​ទុន​ធ្វើការ​អភិវឌ្ឍ​តំបន់​មួយចំនួន ឱ្យក្លាយ​ទៅជា​តំបន់​កម្សាន្ត​បែប​កែច្នៃ និង​ធម្មជាតិ ជាពិសេស​តំបន់​ដែល​ស្ថិតនៅ​ជាប់មាត់​ព្រែក ជាប់​សមុទ្រ និង​តំបន់​ក្បែរ​ជើងភ្នំ” ។ លោក​បន្តថា “ជាមួយនឹង​សកម្មភាព​ដែល​កំពុងអភិវឌ្ឍន៍ ក៏មាន​គម្រោង​ថ្មី​បន្តបន្ទាប់​ទៀត ដែល​មិនយូរ​មិនឆាប់​ខេត្តកំពត នឹង​ក្លាយទៅជា​ទីតាំង​គោលដៅ​ទេសចរណ៍ ដ៏​មាន​ប្រជាប្រិយភាព​ជាក់​មិន​ខាន” ។

ដូច្នេះ​បានន័យថា ខេត្តកំពត​មាន​សក្ដានុពល​ខ្លាំង ទៅលើ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ហើយក៏​ស័ក្តិសម​ទៅនឹង​ការអភិវឌ្ឍ​វិស័យ​លំនៅដ្ឋាន​បែប​លំហែរ​កាយ​ផងដែរ។

ជាមួយនឹង​ការបង្ហាញ​ពី​សក្ដានុពល ក្នុងការ​វិនិយោគ​ខាងលើនេះ លោក​ឧកញ៉ា តេង រិទ្ធី បានបញ្ជាក់​សម្រាប់​ការអភិវឌ្ឍ លើ​វិស័យ​លំនៅដ្ឋាន​បែប​លំហែរ​កាយ គឺ​ត្រូវបាន​ធ្វើឡើង​ជាច្រើន​គម្រោង និង​ច្រើន​កម្រិត ហើយ​តម្លៃ​ក៏​អាស្រ័យ​ទៅតាម​គម្រោង​ផងដែរ ដែល​ក្នុងនោះ​មានតម្លៃ​ចាប់ពី​ជាង៣-៤ម៉ឺន​ដុល្លារ​ឡើងទៅ៕

បើ​គ្មាន​ឱកាស​ទិញ​ដី​នៅ​កណ្តាល​ក្រុង តើ​គួរ​ចំណាយលុយ​ទិញ​ដីធ្លី​នៅ​តំបន់​ណា?

ដោយ ហ្សូ​លី

ភ្នំពេញៈ វិស័យ​ដីធ្លី​នៅក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ស្ថិតក្នុង​ភាពនឹងនរ​វិញ​ដោយសារ​សភាពការណ៍​នៃ​ជំងឺ Covid-19 មាន​ភាព​ធូរស្បើយ​ច្រើន។ ក្រុមហ៊ុន​អចលនទ្រព្យ​ដីធ្លី​ក៏មាន​ការរីកដុះដាល​ច្រើន ស្ទើរ​គ្រប់​ទីកន្លែង​មិន​ថា​នៅក្នុង​ក្រុង ឬ​នៅតាម​បណ្តារ​ខេត្ត​នោះទេ។ យ៉ាងណាមិញ​អ្នកជំនាញ​បាន​លើកឡើងថា ការទិញ​ដីធ្លី​នៅ​តំបន់​ជាយក្រុង​ភ្នំពេញ​ល្អប្រសើរ​ជាជាង​ការទិញ​ដីធ្លី​នៅតាម​បណ្តារ​ខេត្ត។

លោក អ៉ិ​ន ណា​ង អ្នកជំនាញ​ដីធ្លី និង​ជា​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Show Up Real Estate បាន​ថ្លែងប្រាប់​គេហទំព័រ Property Area Asia ថា ការទិញ​ដី​នៅតាម​តំបន់​ជាយក្រុង​ជា​ជម្រើស​ល្អ ទោះបីជា​មិនបាន​នៅ​ចំ​កណ្តាល​ក្រុង​ក៏ដោយ។

លោក​បន្តថា “បើសិនជា​មានឱកាស​ហើយ អាច​ជ្រើសរើស​ការទិញ​ដី​នៅ​តំបន់​ជាយក្រុង​ភ្នំពេញ​ប្រសើរ​ជាង ដោយសារតែ​ការទិញ​ដីធ្លី នៅតាម​បណ្តា​ខេត្ត​អាច​មិនសូវ​ចំនេញ និង​កប់។ ករណី​ដែលមាន​បញ្ហា​បន្ទាន់​ក្តី ឬ​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ គឺ​ដីធ្លី​នៅ​តំបន់​ជាយក្រុង​នៅតែ​អាច​លក់បាន នៅតែមាន​អ្នកទិញ​ដែរ” ។

អ្នកជំនាញ​រូបនេះ​បញ្ជាក់ថា ធម្មតា​នៅតាម​ខេត្ត​ចរាចរណ៍ មិនសូវ​ជា​អ៊ូអរ​ដូច​នៅ​ជាយក្រុង​ទេ ម្យ៉ាង​តម្រូវការ​ច្រើនតែ​មាននៅ​ជាយក្រុង​ជាង ហើយ​មិន​ខ្វះ​អ្នកទិញ មិន​ខ្វះ​អ្នក​ចង់​បានទេ។ តម្រូវការ​ដី​នៅ​ជាយ​ក្រុងមាន​ជម្រើស​បាន ដូចជា​ការសាងសង់​លំនៅ   ដ្ឋា​ន​បាន​ងាយស្រួល ក្នុងការ​ចេញមក​ប្រកបការងារ​ក្នុង​ក្រុង​បាន​ស្រួល។ ជាក់ស្តែង​ដី​នៅតាម​បណ្តារ​ខេត្ត​មិនសូវមាន​អ្នក​ចាប់អារម្មណ៍​ទេ។ លុះត្រាតែ​ខេត្ត​នោះ​មាន​គម្រោង​អភិវឌ្ឍ​ខ្លាំង។

លោក​បន្តថា “នេះ​មិនមែន​មានន័យថា​ដី​នៅ​ខេត្ត​មិនល្អ​ទេ វា​ល្អ​គ្រាន់តែ​ត្រូវ​ចំណាយពេល​យូរ​និង​ទទួលបាន​ផលចំណេញ​តិចជាង​ជាយក្រុង។លោក​បន្ថែមថា “តាមពិត​ដីធ្លី​នៅ​តំបន់​ណា​ក៏​ល្អ​ដែរ តែ​សម្រាប់​តំបន់​ដែលមាន​ចរាចរណ៍​ទិញ​លក់​ច្រើន គឺ​នៅ​ឆៀង​ខាងលិច​ក្រុងភ្នំពេញ” ។

អ្នកវិភាគ​សេដ្ឋកិច្ច និង​ជា​អ្នក​ប្រឡូក​នៅក្នុង​វិស័យ​អចលនទ្រព្យ លោក ង៉ែត ជូ បាន​ប្រាប់​គេហទំព័រ propertyarea.asia កាលពីពេល​ថ្មី​ថា ជាទូទៅ​តម្លៃ​អចលនទ្រព្យ​នៅ​ជាយក្រុង​មានការ​កើន​ជានិច្ច ប្រសិនបើ​ស្ថានភាព​សេដ្ឋកិច្ច ទីផ្សារ​ឬ​នយោបាយ​មិនល្អ គឺ​ធ្លាក់​ថ្លៃ​តែមួយ​រយៈ​ប៉ុណ្ណោះ។ ម្យ៉ាង អាច​ប្រើប្រាស់​ដី​ឬ​បង្កើតជា​ចំណូល​អកម្ម​បាន៖ ប្រសិនបើ​សន្សំ​ដីធ្លី​បាន​ច្រើន អ្នក​អាច​រក្សា​ទុកជា​ធនាគារ​ដីធ្លី និង​ប្រើប្រាស់​ក្នុង​គោលបំណង​នានា ដូចជា បង្កើតជា​កសិដ្ឋាន សង់​ឃ្លាំង ស្តង់​លក់ទំនិញ អគារ​ពាណិជ្ជកម្ម ឬ​ការ​រិ​យា​ល័យ​សំរាប់​ជួល។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Khmer Foundation Appraisal លោក​ឧកញ៉ា នួន រិទ្ធី ធ្លាប់បាន​មានប្រសាសន៍​កន្លងមក​ថា តំបន់​ជាយក្រុង​កំពុង​តែមាន​សក្ដានុពល​នៅពេល​បច្ចុប្បន្ន និង​នៅ​បន្តទៅ​ថ្ងៃ​អនាគត គឺ​ស្ថិតនៅ​ទិស​ទាំង៤ព័ទ្ធជុំវិញ​រាជធានី​ភ្នំពេញ ជាពិសេស តំបន់​ដែល​ស្ថិតនៅតាម​ផ្លូវជាតិសំខាន់ៗ ដូចជា​ផ្លូវជាតិ​លេខ១ ផ្លូវជាតិ​លេខ៣ និង​ផ្លូវជាតិ​លេខ៤ និង​ផ្លូវជាតិ​លេខ៥ ៕

ចំណេះដឹង! តើ​ទំនិញ​ប្រភេទ​ណាខ្លះ​ដែល​មិនត្រូវ​អនុញ្ញាតឱ្យ​ដឹកជញ្ជូន​ក្រោមរបប​គយ​ឆ្លងកាត់?

ដោយ ​វុត្ថា

ភ្នំពេញៈ គេហទំព័រ ​Propertyarea.asia សូម​លើកយក​សំណួរចម្លើយ​មួយចំនួន ទាក់ទង​នឹង​និតិ​វិធី​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដើម្បី​ឲ្យ​សាធារណៈជន​បាន​ជ្រាប។

សំណួ​រៈ តើ​ទំនិញ​ប្រភេទ​ណាខ្លះ​ដែល​មិនត្រូវ​អនុញ្ញាត​បណ្តោះអាសន្ន​ឱ្យ​ដឹកជញ្ជូន​ក្រោម​របប​គយ​ឆ្លងកាត់?

ចម្លើយៈ មុខទំនិញ​ដែល​មិនត្រូវ​បានអនុញ្ញាត ជា​បណ្តោះអាសន្ន​ឱ្យ​ដឹកជញ្ជូន​ក្រោម​របប​គយ​ឆ្លងកាត់ គឺ៖

  • បណ្តា​មុខទំនិញ​ហាមឃាត់​ដាច់ខាត ក្នុងការ​នាំចេញ​នាំចូល តាម​បញ្ញត្តិ​អនុក្រឹត្យ​លេខ ២០៩ អនក្រ.បក ចុះ​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧ ។
  • បណ្តា​មុខទំនិញ​ផ្សេងទៀត ដែលមាន​វេទយិតភាព​ខ្ពស់ និង​អាច​ប៉ះពាល់​ដល់​សន្តិសុខ​សុវត្ថិភាព​សាធារណៈ​ដូចជា គ្រឿងសាស្ត្រាវុធ ជាតិ​ផ្ទុះ សម្ភារៈ​បរិក្ខារ​យោធា គ្រឿងញៀន និង​សារធាតុ​ប្រកបដោយ​គ្រោះថ្នាក់​ផ្សេងទៀត។
  • បណ្តា​មុខទំនិញ ដែល​ត្រូវបាន​ហាមឃាត់​មិនឱ្យ​ដឹកជញ្ជូន​ឆ្លងកាត់ ដោយ​កិច្ចព្រមព្រៀង​អន្តរជាតិ​នានា ក៏ដូចជា​ធម្មនុញ្ញ​សហប្រជាជាតិ ដូចជា​បណ្តា​សត្វ​និង​រុក្ខជាតិ​ព្រមទាំង​បំណែក​សត្វ​និង​រុក្ខជាតិ ដែល​ឈានទៅ​បាត់បង់ វត្ថុ​បុរាណ ឬ​សារធាតុ​នុយក្លេអ៊ែរ​ជាដើម៕

លោកឧកញ៉ា ស៊ី គង់ទ្រីវ កំពុងជាប់ផុងក្នុងបំណុល ដោយមានការកោះហៅពីអគ្គនាយកដ្ឋានពន្ធដារ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ លោកឧកញ៉ា ស៊ី គង់ទ្រីវ ដែលគេស្គាល់ថាជាម្ចាស់មជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ និងផ្សារនាគមាស ត្រូវបានអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញលិខិតអញ្ជើញឱ្យចូលទូទាត់បំណុលពន្ធដែលនៅជាប់ជំពាក់រដ្ឋ។

តាមរយៈលិខិតអញ្ជើញចេញដោយអគ្គនាយកដ្ឋានពន្ធដារ ដែលបានបង្ហាញជាសាធារណៈកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ តាមបណ្តាញសារព័ត៌មានបានគូសបញ្ជាក់ថា កាលពីពេលកន្លងទៅ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញលោកឧកញ៉ា ស៊ី គង់ទ្រីវ នាយកក្រុមហ៊ុន ខេ ធី ប៉ាស៊ីហ្វិច គ្រុប លីមីធីត ដើម្បីដោះស្រាយបំណុលពន្ធរបស់ក្រុមហ៊ុន តាមរយៈលិខិតអញ្ជើញជូនដល់អាសយដ្ឋានក្រុមហ៊ុនដែលបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ប៉ុន្តែលោកឧកញ៉ាមិនបានចូលដោះស្រាយទូទាត់បំណុលពន្ធនោះឡើយ។

ជាងថ្មីម្ដងទៀត តាមរយៈលិខិតអញ្ជើញដែលចុះហត្ថលេខាដោយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល កាលពីថ្ងៃទី១៩ ខែឧសភា និងទើបចែកចាយលើបណ្តាញសារព័ត៌មាននៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នេះដោយតម្រូវឱ្យលោកឧកញ៉ា ស៊ី គង់ទ្រីវ ចូលមកដោះស្រាយបំណុលពន្ធជាកំណត់ត្រឹមរយៈពេល១៥ថ្ងៃ ក្រោយការចេញលិខិតអញ្ជើញ។

នៅក្នុងលិខិតអញ្ជើញដដែលនេះ បានបញ្ជាក់ថា ក្នុងករណីដែលមិនចូលដោះស្រាយបំណុលពន្ធតាមកាលកំណត់ នឹងត្រូវចាត់ទុកថាបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌលើបទបញ្ញត្តិស្ដីពីពន្ធដារដូចមានចែងក្នុងមាត្រា១២៧ , ១៣៥ និង ១៣៦ នៃច្បាប់សារពើពន្ធ ហើយអគ្គនាយកដ្ឋាននឹងចាត់វិធានការតាមផ្លូវច្បាប់ប្ដឹងទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ជាធរមាន៕

ការពង្រីកនិងលើកកម្រិតផ្លូវជាតិលេខ៣សម្រេចបាន៧៤% នឹងបញ្ចប់ នៅក្នុងចុងឆ្នាំ ២០២១

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា គម្រោងពង្រី​ក និងលើកកម្រិតផ្លូវជាតិលេខ៣ គិតរហូតមកទល់ពេលនេះសម្រេចបាន៧៤%ហើយ អាចនឹងត្រូវបញ្ចប់មុនគម្រោងរយៈពេល៩ខែ ពោលគឺនៅចុងឆ្នាំ២០២១ខាងមុខនេះ ខណៈតាមផែនការប្រើប្រាស់រយៈពេល៤៨ខែ។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងពិធីចុះពិនិត្យគុណភាព នៃការសាងសង់ពង្រីកកំណាត់ផ្លូវជាតិលេខ៣ ចាប់់ពីចោមចៅ ទៅកាន់ក្រុងកំពត នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នេះបញ្ជាក់ថា តាមគម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣នេះ ត្រូវបញ្ចប់នៅឆ្នាំ២០២២ ប៉ុន្តែដោយ​សារវឌ្ឍនភាព នៃការសាងសង់បានដំណើរការដោយភាពរលូន ហើយការសាងសង់អាចនឹង ត្រូវបញ្ចប់នៅចុងឆ្នាំ២០២១។

លោកថ្លែងថា “ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណង ពិនិត្យគុណភាពនៃការសាងសង់ថាតើស្របតាម បទដ្ឋានបច្ចេកទេសនិងសៀវភៅបន្ទុក ដែលបានកំណត់ដែរឬយ៉ាងណា”។លោកបន្តថា “ការធ្វើការតាមនដាននេះ ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង តាមរយៈការប្រើប្រាស់ម៉ាស៊ីនខួងពិនិត្យមើលស្រទាប់គ្រឹះ និងការពិនិត្យមើលការបំពាក់ ភ្លើងស្តុប និងស្លាកសញ្ញាចរាចរណ៍ ដើម្បីធានាសុវត្ថិភាពនៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ផងដែរ”។

គម្រោងពង្រីកនិងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ដែលមានប្រវែង សរុប១៣៤,៨២៦ គីឡូម៉ែត្រនេះ ត្រូវបានចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី១ពីចោមចៅ(ភ្នំពេញ) ទៅបាយគូសប្រវែង៦៩,៩០ គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុង កៅស៊ូ(AC) កម្រាស់៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង (២គន្លងទៅ២គន្លងមក)។ ដំណាក់កាលទី២ ពីបែកគូសទៅក្រុងកំពតប្រវែង៦៤,៩២៦គីឡូម៉ែត្រ ជាប្រភេទផ្លូវACកម្រាស់៧សង់ទីម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់១២ ម៉ែត្រចែកជា២គន្លង។

គម្រោងនេះគ្រោងចំណាយថវិកាសរុបប្រមាណ ២១៩,៩១១ លានដុល្លារអាមេរិក ជាហិរញ្ញប្បទាន សម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមនឹងថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា និងសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (China Road and Bridge Corporation) ត្រួតពិនិត្យបច្ចេក ទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ៕