ការផ្គត់ផ្គង់យូនីតខុនដូក្នុងទីផ្សារនឹងហក់ឡើងខ្លាំងជាមួយអត្រាកំនើន ៥៥ ភាគរយ

ដោយ​ ​៖​ ​រ៉ា​ណេត​ ​

​ភ្នំពេញ​ ​៖​ ​ស្រប​ទៅ​នឹង​កំណើន​ទុន​សរុប​វិនិយោគ​នៅក្នុង​វិស័យ​សំណង់​មានការ​កើនឡើង​ខ្ពស់​ ​សម្រាប់​ទីផ្សារ​ខុន​ដូ​ដែល​ជាផ្នែក​មួយ​នៅក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ២០២០នេះ​ ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មានការ​កើនឡើង​ខ្ពស់​ដូចគ្នា​រហូតដល់​ប្រមាណ​ ​៥៥ភាគរយ​ ​ជាពិសេស​ទីផ្សារ​ខុន​ដូ​តម្លៃ​សមរម្យ​ដែល​កំពុង​ទាក់ទាញ​អតិថិជន​ក្នុង​ស្រុក​។​ ​



​ផ្អែក​តាម​របាយការណ៍​ដែល​ចេញ​ដោយក្រុម​ហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា​ ​CBRE​ ​Cambodia​ ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​បាន​ព្យាករណ៍​ថា​ ​ការ​ផ្គត់ផ្គង់​ខុន​ដូ​នៅក្នុង​ឆ្នាំ២០២០នេះ​ ​នឹង​មានការ​កើនឡើង​រហូតដល់​ប្រមាណ​ ​៥៥ភាគរយ​ ​ដែល​កំណើន​ទាំងនេះ​បណ្តាល​មក​ពី​ការ​កើនឡើង​នូវ​ចំនួន​គ​ម្រោ​ង​ធំៗ​នៃ​វិស័យ​សំណង់​កាលពី​ឆ្នាំ២០១៩​ ​ដែល​បាន​បន្ត​រហូតដល់​មកដល់​ឆ្នាំនេះ​។​ ​

​នៅក្នុង​របាយការណ៍​ដដែល​បាន​បង្ហាញ​ទៀត​ថា​ ​ជាមួយនឹង​ការ​រំពឹង​ទុក​នូវ​កំណើន​នៃ​ការ​ផ្គត់ផ្គង់​លើ​វិស័យ​ខុន​ដូ​ខាងលើ​នេះ​ ​ត្រូវ​បាន​ចូលរួម​ចំណែក​ពី​ប្រភេទ​ទីផ្សារ​ខុន​ដូ​ផ្សេងគ្នា​ចំនួន៣​ ​រួមមាន​ប្រភេទ​ខុន​ដូ​តម្លៃ​សមរម្យ​ ​៣០ភាគរយ​ ​(​មានការ​កើនឡើង​ប្រមាណ៦ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ២០១៩​)​ ​ប្រភេទ​ខុន​ដូ​តម្លៃ​មធ្យម​ ​ឬ​តម្លៃ​កណ្តាល​ ​៤៦ភាគរយ​ ​(​ធ្លាក់ចុះ​ប្រមាណ៦ភាគរយ​ ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ២០១៩​)​ ​និង​ប្រភេទ​ខុន​ដូ​តម្លៃ​ខ្ពស់​ចូលរួម​ ​២៤ភាគរយ​ ​(​មានការ​កើនឡើង​ប្រមាណ១ភាគរយ​ ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ២០១៩​)​។​ ​

​នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ​ ​CBRE​ ​Cambodia​ ​លោកស្រី​ ​អាន​ ​សុធី​តា​ ​បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​ថា​ ​ទីផ្សារ​ខុន​ដូ​រួម​នៅក្នុង​ឆ្នាំ២០២០នេះ​ ​នៅតែ​បន្ត​បាន​ភាពល្អ​ប្រសើរ​ដដែល​ ​សម្រាប់​តម្រូវការ​ប្រភេទ​ខុន​ដូ​គឺ​មាន​ភាព​មិន​ដូចគ្នា​ទេ​ ​ដែល​ភាគច្រើន​ប្រភេទ​ខុន​ដូ​តម្លៃ​សមរម្យ​មាន​ភាព​លេចធ្លោ​ ​និង​មាន​តម្រូវការ​ខ្ពស់​ជាង​ប្រភេទ​ខុន​ដូ​ដទៃទៀត​។​ ​

​លោកស្រី​ ​អាន​ ​សុធី​តា​ ​បាន​បញ្ជាក់​ថា​ ​“​ខុន​ដូ​តម្លៃ​សមរម្យ​ ​ភាគច្រើន​មាន​តម្រូវការ​ខ្ពស់​ពីសំណាក់​អតិថិជន​ក្នុង​ស្រុក​ ​ដែល​ជា​ជនជាតិ​ខ្មែរ​។​ ​ពួកគាត់​បាន​យល់​ ​និង​ស្គាល់​ពី​គុណ​តម្លៃ​នៃ​ការ​ស្នាក់នៅ​ក្នុង​ខុន​ដូ​ ​ហើយ​ពួកគាត់​ទិញ​សម្រាប់​រស់នៅ​ ​ច្រើនជាង​ទិញ​សម្រាប់​ទុក​វិនិយោគ​បន្ត​”​។​ ​លោកស្រី​បាន​បន្ត​ទៀត​ថា​ ​“​ខុន​ដូ​ដែល​ត្រូវ​បាន​ចាត់ទុកថា​ប្រភេទ​សមរម្យ​ ​គឺ​មានតម្លៃ​ប្រមាណ១២០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ ​ដោយឡែក​ខុន​ដូ​តម្លៃ​មធ្យម​ ​ឬ​តម្លៃ​កណ្តាល​ ​គឺ​មានតម្លៃ​ប្រមាណ​ចាប់ពី១៥០០ដុល្លារ​ឡើង​ទៅ​ ​ហើយ​ចំពោះ​ប្រភេទ​ខុន​ដូ​តម្លៃ​ខ្ពស់​គឺ​មានតម្លៃ​ចាប់ពី​ប្រមាណ​ ​២៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ឡើង​ទៅ​ ​និង​ស្ថិតនៅ​ជាន់​ខ្ពស់​ៗ​”​។​ ​



​ជាមួយនឹង​ការ​រំពឹង​ទុក​ពី​កំណើន​នៃ​ផ្គត់ផ្គង់​ចំនួន​ខុន​ដូ​ក្នុង​ឆ្នាំ២០២០នេះ​ ​អគ្គ​នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ ​Century21​ ​Cambodia​ ​លោកស្រី​ ​Grace​ ​Rachny​ ​Fong​ ​បាន​យល់ស្រប​ទៅ​នឹង​ការព្យាករណ៍​ខាងលើ​នេះ​ ​ប៉ុន្តែ​សម្រាប់​ការ​លក់​ចេញ​នៅ​លើ​ទីផ្សារ​ក្រុមហ៊ុន​វិនិយោគ​ ​និង​អភិវឌ្ឍន៍​ក៏​ត្រូវតែ​មានការ​បត់បែន​ទៅតាម​តម្រូវការ​ទីផ្សារ​ផង​ដែរ​។​ ​

​លោកស្រី​បាន​មានប្រសាសន៍​ថា​ ​“​ទីផ្សារ​ខុន​ដូ​តម្លៃ​សមរម្យ​ភាគច្រើន​មាន​តម្រូវការ​ខ្ពស់​ពីអ​តិថិ​ជន​ក្នុង​ស្រុក​ ​ដូច្នេះ​អ្នក​អភិវឌ្ឍន៍​តែ​សិក្សា​ពី​ទំនោរ​ចិត្ត​របស់​អតិថិជន​ ​ដើម្បី​រៀបចំ​រចនា​ឱ្យ​ត្រូវ​នឹង​ទីផ្សារ​គោលដៅ​ ​ឧទាហរណ​ថា​ ​បើ​អតិថិជន​ជា​ជនជាតិ​ខ្មែរ​ ​គួរ​រៀប​ចំ​គេដ័​រប​ន្ទប់​យ៉ាងម៉េច​ ​បើ​ទីផ្សារ​គោលដៅ​ជា​ជនជាតិ​ជប៉ុន​ ​ត្រូវ​រៀបចំ​យ៉ាងម៉េច​ ​ហើយ​បើ​ទីផ្សារ​គោលដៅ​ជា​ជនជាតិ​ចិន​ ​ឬ​អឺរ៉ុប​ ​គួរ​រៀបចំ​យ៉ាងដូចម្ដេច​”​។​

​លោកស្រី​បាន​បន្ត​ទៀត​ថា​ ​“​អ្វី​ដែល​ជា​យុទ្ធសាស្ត្រ​ជំ​រុ​ណ​ការ​លក់​ ​ក្រុមហ៊ុន​វិនិយោគ​ ​ក៏ដូចជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ ​គួរតែ​សហការ​ជា​មួួ​ក្រុមហ៊ុន​ភ្នាក់ងារ​ដែល​មានបទពិសោធន៍​ ​និង​កេរ្តិ៍ឈ្មោះ​ល្អ​ក្នុង​ការ​លក់​ ​ដើម្បី​បង្កើន​ទំនុកចិត្ត​ដល់​អតិថិជន​ ​ប្រសើរ​ជាង​ការសាងសង់​សំណង់​ខុន​ដូ​ដែល​មានការ​រៀបចំ​ស្អាត​ ​តម្លៃ​ខ្ពស់​ ​ប៉ុន្តែ​មិន​អាច​ចាប់​យក​ទីផ្សារ​គោលដៅ​ ​ដែល​វា​ជា​ការ​លក់​បែប​ប្រថុយប្រថាន​”​។​ ​

​កាលពី​ឆ្នាំ២០១៩កន្លងទៅ​នេះ​ ​ការ​ផ្គត់ផ្គង់​ចំនួន​ខុន​ដូ​នៅ​លើ​ទីផ្សារ​កម្ពុជា​ ​មាន​ចំនួន​ ​១៨​ ​០០០យូនី​ត​ ​កើនឡើង​ចំនួន​ ​៣៨០០​ ​យូនី​ត​ ​ស្មើនឹង​ប្រមាណ​ ​៣០ភាគរយ​ ​ប្រៀប​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ២០១៨​ ​៕​

ធនាគារអាមេរិក៖ សេដ្ឋកិច្ចសកលនឹងងើបឡើងវិញនៅដើមត្រីមាសទី ១ ឆ្នាំ ២០២០

ដោយ​ ​ប៊ី​

​ភ្នំពេញ​៖​ ​សេដ្ឋកិច្ច​ពិភពលោក​នឹង​មាន​កំណើន​ប្រមាណ​ ​៣,២​ ​ភាគរយ​នៅក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ​ ​២០២០​។​ ​នេះ​បើ​យោង​តាម​ប្រធាន​សេដ្ឋវិទូ​មួយ​នៅ​ធនាគារ​ ​Morgan​ ​Stanley​ ​ដែល​មូលដ្ឋាន​នៅ​អាមេរិក​។​

​សេដ្ឋវិទូ​រូប​នេះ​បាន​កែប្រែ​ការ​ព្យាករ​មុន​នៃ​កំណើន​ជាស​កល​ចំនួន​ ​២,៩​ ​ភាគរយ​សម្រាប់​ឆ្នាំ​ ​២០១៩​ ​ដោយសារ​ធនាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កាត់បន្ថយ​អត្រា​ការប្រាក់​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ ​និង​វឌ្ឍន​ភាព​ថ្មី​ៗ​នៅក្នុង​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​រវាង​អាមេរិក​ ​និង​ចិន​។​

​លោក​ ​Chetan​ ​Ahya​ ​ប្រធាន​សេដ្ឋវិទូ​របស់​ធនាគារ​ ​Morgan​ ​បាន​ថ្លែង​នៅក្នុង​របាយការណ៍​ថា​ ​“​ក្នុងរយៈពេល​ ​១៥​ ​ខែ​កន្លងមក​នេះ​ទិន្នន័យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ចង្អុលបង្ហាញ​ពី​ទិសដៅ​ធ្លាក់ចុះ​ថេរ​។​ ​វា​ជា​រឿង​ធម្មតា​ទេ​ដែល​គិតថា​ ​វដ្ត​នេះ​នឹង​មិន​អាច​ត្រឡប់​មក​ ​ហើយ​យើង​នឹង​បន្ត​ឃើញ​ការ​ធ្លាក់ចុះ​ក្នុង​ប៉ុន្មាន​ខែ​ខាងមុខនេះ​”​។​

​លោក​បាន​បន្ថែម​ថា​ ​“​ទោះ​យ៉ាងណា​ ​យើង​ឃើញ​អ្វី​ៗ​ខុសគ្នា​ ​តាម​រូបភាព​ទស្សនៈ​វិស័យ​ធំ​មួយ​ ​យើង​គិតថា​ ​ទស្សនៈ​វិស័យ​សេដ្ឋកិច្ច​សកល​ពឹងផ្អែក​លើ​កម្លាំង​សំខាន់​ពីរ​ដែល​ផ្តោត​លើ​ការកាត់បន្ថយ​គោលនយោបាយ​ ​និង​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​។​ ​ហើយ​ឥឡូវនេះ​ ​ចាប់តាំងពី​ឆ្នាំ​ ​២០១៨​ ​យើង​មាន​កម្លាំង​ទាំងពីរ​កំពុង​ដើរ​ក្នុង​ទិសដៅ​តែមួយ​ដើម្បី​ជួយ​បញ្ច្រាសទិស​ដៅ​ធ្លាក់ចុះ​។​ ​ការ​បន្ធូរបន្ថយ​របស់​ធនាគារ​កណ្តាល​កាន់តែ​ខ្លាំង​ឡើង​ៗ​ ​ហើយ​ជម្លោះ​ពាណិជ្ជកម្ម​កំពុង​ធ្លាក់ចុះ​”​។​

​អង្គការ​ ​UNCTAD​ ​ដែល​ជា​ស្ថាប័ន​សំខាន់​របស់​អង្គការសហប្រជាជាតិ​ទាក់ទង​នឹង​បញ្ហា​ពាណិជ្ជកម្ម​ ​និង​ការ​អភិវឌ្ឍ​បាន​ចេញ​របាយការណ៍​ស្តី​ពី​ផល​ប៉ះពាល់​នៃ​ការ​ធ្វើ​សង្រ្គាម​ពាណិជ្ជកម្ម​អស់​រយៈពេល​ជាង​មួយឆ្នាំ​ទៅលើ​សេដ្ឋកិច្ច​ពិភពលោក​ទាំងមូល​។​

​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​បានឱ្យ​ដឹង​ថា​ ​“​ជម្លោះ​ពន្ធ​ពាណិជ្ជកម្ម​រវាង​ចិន​ ​និង​អាមេរិក​គឺជា​ស្ថានភាព​ចាញ់​ ​ចាញ់​ ​សម្រាប់​ប្រទេស​ទាំងពីរ​ ​និង​ពិភពលោក​ទាំងមូល​ ​ហើយ​វា​ទំនងជា​យ៉ាប់យ៉ឺន​ ​ដរាបណា​មិន​មាន​កិច្ច​ព្រមព្រៀង​ណាមួយ​ត្រូវ​បាន​ធ្វើឡើង​៕​

ចំណេះដឹងៗ! តើអ្វីជាគោលនយោបាយជាតិស្តីពី វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២០-២០៣០?

ដោយ​វុត្ថា

​ភ្នំពេញ​៖​ ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​ទិសដៅ​អភិវឌ្ឍ​ប្រទេស​ឱ្យ​កាន់តែ​ប្រសើរ​ប្រកប​ដោយ​បរិ​យា​បន្ន​និង​ចីរភាព​ ​ផ្ដល់​ឱ្យ​ប្រជាជន​នូវ​សេចក្ដីសុខ​ ​រក្សា​បាន​នូវ​ឯករាជ្យ​ភាព​ ​បូរណភាព​ដែនដី​ ​និង​ប្រទេសជាតិ​មាន​សន្តិសុខ​និង​សុវត្ថិភាព​សង្គម​ល្អ​។​ ​សម្រាប់​ទិសដៅ​នេះ​ ​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ២០៥០​ ​សំដៅ​ធ្វើឲ្យ​កម្ពុជា​បាន​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០​ ​និង​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០​។​

​ជាមួយគ្នា​នេះ​ ​រដ្ឋាភិបាល​ក៏បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ជាតិ​ ​ស្តី​ពី​ ​វិទ្យាសាស្រ្ត​ ​បច្ចេកវិទ្យា​ ​និង​នវានុវត្តន៍​ ​ឆ្នាំ២០២០​-​២០៣០​ ​ក្នុង​គោលបំណង​ពង្រឹង​មូលដ្ឋាន​គ្រឹះ​ ​និង​កែ​លម្អ​បរិយាកាស​ ​នៃ​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និ​ងន​វានុ​វត្ដ​ន៍​ ​និង​កសាង​ប្រព័ន្ធ​អេកូ​នវានុវត្តន៍​ ​ដើម្បី​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​លើកកម្ពស់​គុណភាព​ជីវភាព​ប្រជាជន​ឲ្យ​កាន់តែ​ប្រសើរ​នៅ​គ្រប់​កម្រិត​និង​គ្រប់​វិស័យ​។​

​ដើម្បី​ធ្វើឲ្យស​ម្រេច​បាន​នូវ​គោលបំណង​នេះ​ ​ស្របតាម​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ២០៥០​ ​ការ​អភិវឌ្ឍ​វិទ្យាសាស្រ្ត​ ​បច្ចេកវិទ្យា​ ​និង​នវានុវត្តន៍​ ​ត្រូវ​សម្រេច​គោលដៅ​សំ​ខាន់​ៗ​ ​ចំនួន​ប្រាំ​គឺ​៖​ ​ទី១​-​កសាង​និង​ពង្រឹង​ធនធានមនុស្ស​បាន​គ្រប់គ្រាន់​ ​ទាំង​បរិមាណ​ ​គុណភាព​ ​និង​សមាសភាព​ ​មាន​សីលធម៌​វិជ្ជាជីវៈ​ ​និង​សមភាព​យេនឌ័រ​ ​។​

​ទី២​-​ផ្ដល់​លទ្ធភាព​ឲ្យ​ធនធានមនុស្ស​ឆ្នើម​ ​ខាង​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និ​ងន​វានុ​វត្ដ​ន៍​បំពេញភារកិច្ច​ឈានមុខ​ ​និង​មាន​យន្តការ​សម្រាំង​ ​និង​លើកទឹកចិត្ត​ ​ដើម្បីឲ្យ​ធនធានមនុស្ស​ខាង​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និ​ងន​វានុ​វត្ដ​ន៍​ជាតិ​ ​ពេញសមត្ថភាព​។​

​ទី៣​-​ផ្តល់​លទ្ធភាព​ដល់​សកម្មភាព​ស្រាវជ្រាវ​និង​អភិវឌ្ឍ​ជាតិ​ប្រកបដោយ​ប្រសិទ្ធភាព​ ​និង​ស័ក្តិសិទ្ធ​ភាព​ ​ដោយ​ផ្ដោត​លើ​ការសម្រប​បច្ចេកវិទ្យា​ដែល​ទទួល​បាន​ទៅ​នឹង​ស្ថានភាព​ ​ជាក់ស្តែង​ក្នុង​ស្រុក​ ​ជាមួយគ្នា​នោះ​ ​បង្កើន​សមត្ថភាព​ស្រូប​យក​បច្ចេកវិទ្យា​អន្តរជាតិ​។​
​ទី៤​-​កសាង​និង​ពង្រឹង​ប្រព័ន្ធ​អេកូ​នវានុវត្តន៍​ ​ប្រកបដោយ​ជវភាព​ ​មាន​សមត្ថភាព​សំយោគ​បច្ចេកវិទ្យា​ ​និង​វិស្វកម្ម​ឲ្យបាន​ជា​ស្នាដៃ​ជាតិ​ ​មានកម្រិត​នវានុវត្តន៍​កាន់តែ​ប្រសើរ​ ​សំដៅលើ​ក​ស្ទួយ​ឧស្សាហកម្ម​ ​និង​ធុរកិច្ច​ជាអាទិភាព​ជាតិ​បម្រើ​ឲ្យ​ការប្រើ​ប្រាស់​ក្នុង​ស្រុក​ ​និង​ការនាំចេញ​កាន់តែ​ប្រសើរ​ឡើង​។​

​និង​ ​ទី៥​-​បណ្ដុះ​ឱ្យ​មាន​វប្បធម៌​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និ​ងន​វានុ​វត្ដ​ន៍​នៅក្នុង​សង្គម​ប្រកបដោយ​ ​បរិ​យា​បន្ន​ ​មាន​ជំនឿ​ទំនុកចិត្ត​ជា​សាធារណៈ​លើ​ផលិតផល​ ​និង​សេវា​ដែល​ប្រើ​បច្ចេកវិទ្យា​ជាតិ​ ​ទទួល​បាន​នូវ​ការ​ពេញចិត្ត​ទៅលើ​លទ្ធផល​នៃ​ការ​ខិតខំ​ ​និង​វិនិយោគ​លើ​ការ​អភិវឌ្ឍ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និ​ងន​វានុ​វត្ដ​ន៍​របស់​ខ្លួន​ ​ក៏ដូចជា​ទៅលើ​ការកែទម្រង់​អភិបាលកិច្ច​ផ្នែក​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និ​ងន​វានុ​វត្ដ​ន៍​៕​

ឯកអគ្គរដ្ឋទូតចិន៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាគម្រោងវិនិយោគធំបំផុតរបស់ចិននៅកម្ពុជា

ដោយ​វុត្ថា

ភ្នំពេញ​៖​ ​ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​អះអាង​ថា​ ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​ ​ជា​គម្រោង​វិនិយោគ​ធំ​បំផុត​តែមួយ​ដោយ​ភាគី​ចិន​ក្នុង​ប្រទេស​កម្ពុជា​នា​បច្ចុប្បន្ន​នេះ​ ​ហើយក៏​ជា​សំណង់​វិស្វកម្ម​សំខាន់​នៃ​ការ​កសាង​គោលនយោបាយ​ ​“​ខ្សែក្រវាត់​ ​និង​ផ្លូវ​”​ ​ហើយ​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរ​ក៏បាន​យកចិត្ត​ទុកដាក់​ខ្លាំង​ចំពោះ​គម្រោង​មួយ​នេះ​ដែរ​។​ ​



​លោក​ ​Wang​ ​Wentian​ ​ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ ​អះអាង​បែបនេះ​ ​ខណៈ​លោក​បាន​អញ្ជើញ​ទៅ​ទស្ស​កិច្ច​នៅកន្លែង​ដោយ​ផ្ទាល់​នៃ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​ ​ដើម្បី​សួរសុខទុក្ខ​បុគ្គលិក​ផ្នែក​គ្រប់គ្រង​ប្រតិបត្តិ​ ​និង​ផ្នែកការ​រដ្ឋា​ននៃ​គម្រោង​ដែល​ប្រចាំការ​នៅ​ទីនោះ​ ​និង​ព្រមទាំង​ជូន​របស់របរ​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​ផង​ដែរ​នៅមុន​ឪ​កាសចូល​ឆ្នាំ​ចិន​កាលពី​ចុង​សប្តាហ៍​កន្លងមក​នេះ​។​ ​

​លោក​សង្ឃឹមថា​ ​ផ្នែក​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​នេះ​នៅតែ​ខិតខំ​ជា​បន្ត​ ​ត្រូវតែ​ធានា​ពី​គុណភាព​ឲ្យបាន​ខ្ជាប់ខ្ជួន​ ​យកចិត្ត​ទុកដាក់​លើ​ការបង្កើត​សុវត្ថិភាព​ ​បំពេញ​ទំនួល​ខុសត្រូវ​ក្នុង​សង្គម​ ​ដើម្បី​ប្រែក្លាយ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​ ​ឲ្យ​ក្លាយជា​មាគ៌ា​នៃ​មិត្តភាព​ ​មាគ៌ា​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ ​រវាង​ចិន​ ​និង​កម្ពុជា​។​ ​

​លោក​ទេស​រដ្ឋមន្ត្រី​ ​ស៊ុន​ ​ចាន់​ថុល​ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​នៅក្នុង​ពិ​ធិ​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ ​អញ្ជើញ​ចុះ​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​កាលពី​ខែធ្នូ​ ​ឆ្នាំ​ ​២០១៩​ ​បានឱ្យ​ដឹង​ថា​ ​មកដល់​ត្រឹម​ខែធ្នូ​ ​ឆ្នាំ២០១៩នេះ​ ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​ ​ដែល​ជា​ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ​នៅ​កម្ពុជា​នោះ​ ​សម្រេច​បាន​ជាង​ ​៧ភាគរយ​ហើយ​ ​ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ២០២២​។​

​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​ ​ត្រូវ​បាន​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​និង​លោក​ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ ​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី២២​ ​ខែមីនា​ ​ឆ្នាំ២០១៩កន្លងទៅ​នេះ​។​

​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​ព្រះសីហនុ​ ​មាន​ប្រវែង​សរុប​ជាង​ ​១៩០គីឡូម៉ែត្រ​។​ ​ផ្លូវ​នេះ​ឆ្លងកាត់​រាជធានី​ភ្នំពេញ​ប្រវែង​ ​៨.៣០គីឡូម៉ែត្រ​ ​ខេត្តកណ្តាល​ ​ប្រវែង​ ​៩.១០គីឡូម៉ែត្រ​ ​ខេត្ត​កំពង់ស្ពឺ​ប្រវែង​ ​៨០.៨០គីឡូម៉ែត្រ​ ​ខេត្តកោះកុង​ប្រវែង​ ​១.៩២គីឡូម៉ែត្រ​ ​និង​ខេត្ត​ព្រះសីហនុ​ប្រវែង​ ​៨៩.៨៩គីឡូម៉ែត្រ​ ​ដែល​ចំណាយ​ថវិកា​សាងសង់​សរុប​ប្រមាណ​ ​២,០០០លាន​ដុល្លារ​អាមេរិក​ ​ជា​ទុន​វិនិយោគ​របស់​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ ​និង​ថ្នល់​ចិន​ ​(​CRBC​)​ ​តាមរយៈ​ក្រុមហ៊ុន​ ​Cambodian​ ​PPSHV​ ​Expressway​ ​Co​.​,​ ​Ltd​។​



​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​ព្រះសីហនុ​ ​ជា​ខ្សែ​ផ្លូវ​ទី១​ ​និង​ដំបូង​គេ​បំផុត​ពុំ​ធ្លាប់​មាន​ពីមុន​មក​ ​នៅក្នុង​ប្រវត្តិ​សាស្រ្ត​របស់​កម្ពុជា​ ​ហើយ​វា​នឹង​ក្លាយជា​ខ្សែ​ផ្លូវ​នៃ​ប៉ូល​សេដ្ឋកិច្ច​ ​និង​ទេសចរណ៍​ដ៏​មាន​សក្តា​នុ​ពល​របស់​កម្ពុជា​ ​តភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ ​ទៅកាន់​ក្រុង​ព្រះសីហនុ​។​

​ផ្លូវ​នេះ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​ ​ប្រសិទ្ធភាព​នៃ​ការ​ធ្វើដំណើរ​ ​និង​ប្រព័ន្ធ​ភស្តុភារ​កម្ម​របស់​កម្ពុជា​ ​សំដៅ​សម្រួល​ដល់​ការ​ដឹកជញ្ជូន​ផលិតផល​ ​ដំណាំ​កសិផល​ ​និង​ផលិត​ផ​លកសិ​-​ឧស្សាហកម្ម​ ​របស់​ក្រុមហ៊ុន​វិនិយោគ​ ​និង​ប្រជាពលរដ្ឋ​មក​ពី​គ្រប់តំបន់​នៅ​ទូទាំង​ប្រទេស​ ​ទៅកាន់​ទីផ្សារ​ក្នុង​ស្រុក​ ​និង​ជាពិសេស​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ​តាមរយៈ​កំពង់ផែ​សមុទ្រ​អន្តរជាតិ​ទឹកជ្រៅ​ប្រកបដោយ​ភាព​ងាយស្រួល​ ​ចំណាយ​តិច​ ​និង​ឆាប់រហ័ស​ ​សំដៅ​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​ធុរកិច្ច​ ​និង​ទាញ​យក​អត្ថ​ប្រយោជន៍​ឱ្យ​បាន​ច្រើនលើស​លប់​ពី​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ ​តំបន់​ ​និង​ពិភពលោក​៕​

អង្គការសហប្រជាជាតិ៖ ការវិនិយោគផ្ទាល់ពីបរទេសនឹងជួយរក្សាសេដ្ឋកិច្ចកម្ពុជារឹងមាំ

ដោយ​ ​Donald​ ​Lee​

​ភ្នំពេញ​៖​ ​ខណៈ​ប្រទេស​ដែល​ពឹងផ្អែក​លើ​ការនាំចេញ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​បន្ត​ជួបប្រទះ​នឹង​កំណើន​យឺត​ ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ​(​LDCs​)​ ​ដូចជា​កម្ពុជា​ ​និង​មីយ៉ាន់ម៉ា​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​រឹងមាំ​នៅ​ឆ្នាំ​ ​២០២០​ ​ដោយសារ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ​(​FDI​)​ ​ខ្លាំង​។​ ​នេះ​បើ​យោង​តាម​របាយការណ៍​របស់​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តី​ពី​ពាណិជ្ជកម្ម​ ​និង​ការអភិវឌ្ឍន៍​ ​(​UNCTAD​)​ ​។​

​របាយការណ៍​បាន​បញ្ជាក់​ថា​ ​“​ផ្អែកលើ​តម្រូវការ​ក្នុង​ស្រុក​ធន់​ ​និង​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​យ៉ាង​ខ្លាំង​ ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ ​និង​មីយ៉ាន់ម៉ា​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​រក្សា​បាន​នូវ​កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​ដ៏​រឹងមាំ​ក្នុង​ចន្លោះ​ពី​ ​៦​ ​ទៅ​ ​៧​ ​ភាគរយ​ក្នុង​ឆ្នាំ​ ​២០២០​ ​និង​ ​២០២១​ ​ដែល​ជិតនឹង​គោលដៅ​កំណើន​ប្រកបដោយ​ចីរភាព​នៃ​គោលដៅ​អភិវឌ្ឍន៍​ ​ដោយ​យ៉ាងហោចណាស់​ ​៧​ ​ភាគរយ​សម្រាប់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​”​។​

​សេដ្ឋកិច្ច​អា​ស៊ាន​ធំៗ​ ​ផ្សេងទៀត​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​មាន​ស្ថេរ​ភាព​។​ ​ហ្វីលីពីន​ត្រូវ​បាន​រំពឹង​ថា​នឹង​ស្ទុះ​ងើបឡើង​វិញ​ពី​កំណើន​ ​៥,៩​ ​ភាគរយ​នៅ​ឆ្នាំ​ ​២០១៩​ ​ដល់​ ​៦,២​ ​ភាគរយ​នៅ​ឆ្នាំ​ ​២០២០​ ​ដោយសារតែ​ការ​ចំណាយ​ដ៏​ច្រើន​នៅក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​។​ ​ឥណ្ឌូ​នេ​ស៊ី​ត្រូវ​បាន​រំពឹង​ថា​នឹង​បង្កើន​កំណើន​របស់​ខ្លួន​ពី​ ​៥​ ​ភាគរយ​ដល់​ ​៥,១​ ​និង​ ​និង​ថៃ​ត្រូវ​បាន​រំពឹង​ថា​នឹង​បង្កើន​កំណើន​ពី​ ​៣​ ​ទៅ​ ​៣,១​ ​ភាគរយ​នៅ​ឆ្នាំ​ ​២០២០​។​

​ទោះ​យ៉ាងណា​ ​សឹង្ហ​បូរី​ដែល​ពឹងផ្អែក​លើ​ការនាំចេញ​នឹង​បន្ត​តស៊ូ​ដើម្បី​រួចផុត​ពី​ការ​ធ្លាក់ចុះ​របស់​ខ្លួន​ ​និង​ចេញពី​លទ្ធផល​មហន្តរាយ​របស់​ខ្លួន​ក្នុង​ឆ្នាំ​ ​២០១៩​។​ ​នៅ​ឆ្នាំ​ ​២០១៩​ ​សឹង្ហ​បូរី​ជិត​ធ្លាក់​ចូលក្នុង​វិបត្តិសេដ្ឋកិច្ច​ ​ហើយ​បញ្ចប់​ឆ្នាំ​ជាមួយ​កំណើន​ ​០,៤​ ​ភាគរយ​ ​និង​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើនឡើង​ត្រឹម​ ​១,២​ ​ភាគរយ​នៅ​ឆ្នាំ​ ​២០២០​។​ ​នេះ​បើ​យោង​តាម​របាយការណ៍​។​

​វៀតណាម​នឹង​ប្រកាស​ពី​ចំនួន​ដ៏​ច្រើន​នៅក្នុង​ឆ្នាំ​ ​២០២០​ ​នៅពេល​ដែល​ខ្លួន​នៅតែ​បន្ត​ទទួល​បាន​អត្ថ​ប្រយោជន៍​ពីជ​ម្លោះ​ពាណិជ្ជកម្ម​រវាង​អាមេរិក​ ​និង​ចិន​នៅពេល​ដែល​ក្រុមហ៊ុន​នានា​ធ្វើ​ចំណាកស្រុក​ដើម្បី​ជៀសវាង​ពន្ធ​ពាណិជ្ជកម្ម​របស់​អាមេរិក​លើ​ទំនិញ​ចិន​ ​ទោះបីជា​មានការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​ ​១​ ​ក៏ដោយ​។​

​របាយការណ៍​នេះ​បាន​បញ្ជាក់​ថា​ ​“​ចក្ខុវិស័យ​កំណើន​សម្រាប់​ប្រទេស​វៀតណាម​នៅតែ​មាន​ភាពរឹងមាំ​ដោយ​សេដ្ឋកិច្ច​នឹង​កើនឡើង​ ​៦,៦​ ​ភាគរយ​នៅ​ឆ្នាំ​ ​២០២០​”​៕​

ចិននឹងបង្កើនការនាំចូលតម្លៃ២០០ ពាន់លានដុល្លារពីអាមេរិកក្នុងរយៈពេលពីរឆ្នាំខាងមុខ

ដោយ Donald Lee

ភ្នំពេញ៖ ទីក្រុងប៉េកាំងបានព្រមព្រៀងបង្កើនការនាំចូលពីអាមេរិកក្នុងតម្លៃ ២០០ ពាន់លានដុល្លារ ដោយអនុលោមតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ រវាងអាមេរិក និងចិន ប៉ុន្តែនិយាយថា ខ្លួនមិនអាចបញ្ជាឱ្យក្រុមហ៊ុនឯកជនដែលកំពុងប្រតិបត្តិការនៅចិនទិញទំនិញរបស់អាមេរិកបានទេ។

ការអត្ថាធិប្បាយមួយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់ចិន បាននិយាយថា ចិនគឺជាសេដ្ឋកិច្ចទីផ្សាររួចទៅហើយ។ ក្រុមហ៊ុននាំចូលភាគច្រើនគឺឯកជន ហើយក្រុមហ៊ុនជាច្រើនបានទទួលមូលនិធិពីបរទេស”។

ការអត្ថាធិប្បាយនេះ បានបន្ថែមថា “រដ្ឋាភិបាលចិនមិនអាចបញ្ជាទិញដល់ក្រុមហ៊ុនទាំងនេះបានទេ។ លើសពីនេះទៀត អតិថិជននឹងមិនទិញផលិតផលដែលទាក់ទងនឹងនយោបាយនោះទេ។ អាមេរិកច្បាស់អំពីអង្គហេតុទាំងអស់នេះ”។

ឧបនាយករដ្ឋមន្ត្រីចិនលោក Liu He និងប្រធានាធិបតីអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក និងចិននៅថ្ងៃ ពុធ បញ្ចប់នូវការកើនឡើងនូវសង្គ្រាមពាណិជ្ជកម្មដែលមានរយៈពេលជិត ២២ ខែដែលបានគំរាមកំហែងដល់សេដ្ឋកិច្ចសកល។

ការចុះហត្ថលេខាដែលបានគ្រោងទុកនឹងបង្ហាញពីការទម្លាក់ពន្ធគយយ៉ាងសំខាន់ដែលបានធ្វើឱ្យរង្គើរដល់ទីផ្សារ និងបណ្តាញផ្គត់ផ្គង់ពិភពលោកជាពិសេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ខ្លឹមសារនៃកិច្ចព្រមព្រៀងដែលត្រូវបានផ្សព្វផ្សាយនៅសប្តាហ៍នេះបានបង្ហាញពីវិសាលភាពនៃលក្ខខណ្ឌដែលបានដាក់ដោយប្រធានាធិបតីអាមេរិក Donald Trump។

យោងតាមអ្នកវិភាគបាននិយាយថា ផ្នែកដែលមិនមានភ្ជាប់នៃឧបសម្ព័ន្ធជាមួយនឹងចំនួនទឹកប្រាក់ទិញជាក់លាក់ត្រូវបានជឿថាអាច មានការសន្យារបស់ចិនក្នុងការទិញទំនិញជិត ២០០ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលពីរឆ្នាំខាងមុខ៕

ការសាងសង់ផ្លូវទាំង៣៤ខ្សែនៅខេត្តព្រះសីហនុ សម្រេចបាន៣០ភាគរយ

ដោយ​ ​៖​ ​រ៉ា​ណេត​ ​

​ព្រះសីហនុ​ ​៖​ ​ត្រឹម​រយៈ២ខែ​បន្ទាប់ពី​សម្ពោធ​បើក​ការដ្ឋាន​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​គិត​ត្រឹម​ថ្ងៃទី១៦​ ​ខែមករា​ ​ឆ្នាំ២០២០​ ​នេះ​ ​ការសាងសង់​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ទូទាំង​ខេត្ត​ព្រះសីហនុ​ចំនួន៣៤ខ្សែ​ ​ត្រូវ​បានសម្រេច៣០ភាគរយ​ហើយ​។​ ​



​ស្រប​ទៅ​នឹង​ផែនការ​ដែល​បាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដែល​ជំរុញ​ឱ្យ​មានការ​យកចិត្ត​ទុកដាក់​ខ្ពស់ទៅ​លើ​ការសាងសង់​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ​ចំនួន៣៤ខ្សែ​ ​ដែល​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ដោយ​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​កាលពី​ថ្ងៃទី១៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​ ​កន្លងទៅ​នោះ​ ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី១៦​ ​ខែមករា​ ​ឆ្នាំ២០២០​ ​ជា​លទ្ធផល​នៃ​ការសាងសង់​ត្រូវ​បានសម្រេច​ប្រមាណ៣០ភាគរយ​ ​ខណៈ​ដែល​ផ្លូវ​អូរត្រេះ​ចាប់ផ្តើម​ចាក់​បេតុង​។​ ​

​អភិបាលខេត្ត​ព្រះសីហនុ​ ​លោក​ ​គួច​ ​ចំរើន​ ​បាន​មានប្រសាសន៍​ថា​ ​គ្រប់ការ​ដ្ឋាន​ផ្លូវ​ទាំង៣៤ខ្សែ​ ​ដែល​បាន​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​ ​ក្រោម​អធិប​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​កាលពី​ថ្ងៃទី១៦ខែវិច្ឆិកា​ឆ្នាំ២០១៩​ ​រហូតមកដល់​ត្រឹម​ថ្ងៃនេះ​(​១៥មករា​ឆ្នាំ២០២០​)​ ​ជា​លទ្ធផល​សម្រេច​បាន​ប្រមាណ​ជា៣០ភាគរយ​ ​នៃ​គម្រោង​ហើយ​។​ ​ការដ្ឋាន​សាងសង់​ផ្លូវ​ទាំង៣៤ខ្សែ​ ​ដែល​បាន​អនុវត្ត​ដោយក្រុម​ហ៊ុន​ឯកជន​ ​ចំនួន៦និង​កង​វិស្វកម្ម​ចំនួន​ពីរ​គឺ​កង​វិស្វកម្ម​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​សៀមរាប​ ​និង​កង​វិស្វកម្ម​លេខ១៧៨ស្ពាន​ថ្នល់​នៃ​ក្រសួងការពារជាតិ​។​ ​

​លោក​ ​គួច​ ​ចំរើន​ ​បាន​បញ្ជាក់​ថា​ ​“​ការសាងសង់​ផ្លូវ​នេះ​ជាទូទៅ​មាន​ល្បឿន​លឿន​ ​ព្រោះ​កន្លែង​ខ្លះ​ធ្វើ​ទាំងយប់​ទាំង​ថ្ងៃ​ ​និង​យឺត​នៅកន្លែង​ខ្លះ​ដោយសារ​ ​បច្ចេកទេស​ដាក់​លូ​ ​ប៉ុន្តែ​ត្រូវ​បាន​ដោះស្រាយ​ហើយ​។​ ​ផ្លូវ​អូរត្រេះ​ ​បាន​ចាប់ផ្តើម​ចាក់​បេតុង​ហើយ​ ​ចំណែក​ចំណោទ​ផ្លូវ​នៅ​ជិត​រង្វង់​មូល​ជំទាវ​ម៉ៅ​ ​កំពុង​ត្រូវ​បាន​បន្ទាប​ ​ដើម្បី​ងាយស្រួល​ធ្វើ​ចរាចរ​ឡើងចុះ​”​។​ ​លោក​បន្ត​ទៀត​ថា​ ​“​រាល់ថ្ងៃ​នេះ​មិនមែន​មានតែ​ផ្លូវ​ក្នុង​ក្រុង​នោះ​ទេ​ដែល​សម្រុក​សាងសង់​ ​ផ្លូវ​ថ្មី​ដែល​សាងសង់​កាត់​ព្រៃ​ ​តាម​ឆ្នេរ​ ​ក៏​ត្រូវ​បាន​សម្រុក​សាងសង់​ដូចគ្នា​ដើម្បី​ឱ្យ​ស្រប់​ទៅ​នឹង​ផែនការ​ដែល​បាន​គ្រោងទុក​ ​និង​ទាន់ពេល​វេលា​ដែល​បាន​កំណត់​”​។​

កម្ពុជាទាក់ទាញគម្រោងវិនិយោគជប៉ុន ១៣៧ មានទុនវិនិយោគចំនួន ២,៥ពាន់លានដុល្លារ

ដោយ​វុត្ថា

​ភ្នំពេញ​៖​ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​អះអាង​ថា​ ​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​ប្រទេស​ជប៉ុន​ ​គិត​ចាប់ពី​ឆ្នាំ១៩៩៤​ ​រហូតដល់​ត្រីមាស​ទី១​ ​ឆ្នាំ២០១៩​ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​ពោល​ជិត​ ​២​ ​ទសវត្ស​ ​បាន​ចុះបញ្ជី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​ចំនួន​ ​១៣៧​ ​គម្រោង​ ​ក្នុង​ទុន​វិនិយោគ​សរុប​ចំនួន​ប្រមាណ​ ​២,៥​ ​ពាន់​លាន​ដុល្លារ​អាមេរិក​។​



​លោក​ ​ប៉ាន​ ​សូរ​ស័ក្ដិ​ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​នៅក្នុង​ ​ពិធីសម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​អគារ​ស្នាក់​ការ​កណ្តាល​ក្រុមហ៊ុន​តូ​យ៉ូ​តា​ ​(​ខេម​បូ​ឌា​)​ ​កាលពី​ថ្ងៃទី​ ​១៧​ ​ខែមករា​ ​ឆ្នាំ​ ​២០២០​ ​ម្សិលមិញ​នេះ​ឱ្យ​ដឹង​ ​គម្រោង​ទាំ​នោះ​ផ្ដោត​សំខាន់​លើ​ផ្នែក​ផលិត​គ្រឿង​បង្គុំ​អគ្គិសនី​ ​និង​អេឡិចត្រូនិក​ ​គ្រឿង​បង្គុំ​រថយន្ត​ ​និង​សម្ភារៈ​បរិក្ខារ​បច្ចេក​ទេ​សក​សិ​ឧស្សាហកម្ម​ ​ការកែច្នៃ​ម្ហូបអាហារ​ ​សណ្ឋាគារ​ ​ទេសចរណ៍​ ​មន្ទីរពេទ្យ​ ​និង​ផ្សារ​ទំនើប​។​

​លោក​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋាភិបាល​ ​និង​ប្រជាជន​ជប៉ុន​ ​ដែល​បាន​រួមចំណែក​យ៉ាង​ ​សំខាន់​ក្នុង​ដំណើរ​ស្វែងរក​សន្តិភាព​ ​ឯកភាពជាតិ​ ​ព្រមទាំង​ការ​ស្តារ​ ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​ ​ឲ្យ​រីកចម្រើន​រហូតមកដល់​សព្វថ្ងៃ​ ​តាមរយៈ​ការ​ផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ជំនួយ​បច្ចេកទេស​នានា​ ​និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ ​ព្រមទាំង​ការ​វិនិយោគ​របស់​វិស័យ​ឯកជន​ជប៉ុន​នៅ​កម្ពុជា​។​ ​

​លោក​បន្ថែម​ថា​ ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំងពីរ​ ​កម្ពុជា​-​ជប៉ុន​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ ​ស្ដីពី​សេរី​ភាវូបនីយកម្ម​ ​ការជំរុញ​ ​និង​ការ​ការពារ​វិនិយោគ​ ​ដោយ​បាន​បង្កើត​យន្តការ​កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា​-​ជប៉ុន​។​ ​ជាមួយគ្នា​នេះ​ ​កម្ពុជា​-​ជប៉ុន​កំពុង​ស្ថិត​ក្នុង​ដំណើរការ​នៃ​ការចរចា​លើ​កិច្ច​ព្រមព្រៀង​ស្តី​ពី​ការ​ជៀសវាង​ការ​យកពន្ធ​ត្រួត​គ្នា​ ​និង​ការ​បង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​។​ ​



​លោក​រដ្ឋមន្រ្តី​បញ្ជាក់​ទៀត​ថា​ ​លើស​ពីនោះ​ ​ក្រសួង​ពាណិជ្ជកម្ម​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ​ជាមួយ​អង្គការ​ ​JETRO​ ​ក្នុង​គោលបំណង​បង្កើត​ក្របខ័ណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម​រវាង​ភាគី​ ​ទាំងពីរ​កម្ពុជា​-​ជប៉ុន​ ​សំដៅ​៖​ ​១​)​ ​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​កម្ពុជា​ ​និង​ជប៉ុន​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ ​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​ ​និង​ ​២​)​ ​លើកកម្ពស់​បរិយាកាស​វិនិយោគ​ ​ដើម្បី​លើកទឹកចិត្ត​ក្រុមហ៊ុន​ឯកជន​ជប៉ុន​ឲ្យ​ធ្វើអាជីវកម្ម​នៅ​កម្ពុជា​។​

​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ ​និង​ជប៉ុន​ ​នៅ​ឆ្នាំ២០១៨​ ​មាន​ទឹកប្រាក់​ប្រមាណ​ជាង​ ​១,៦​ ​ពាន់​លាន​ដុល្លារ​អាមេរិក​ ​ក្នុង​នោះ​កម្ពុជា​បាន​នាំចេញ​ទៅ​ជប៉ុន​នូវ​ទំនិញ​សក្ដានុពល​មួយចំនួន​ ​មាន​ដូចជា​សម្លៀកបំពាក់​ស្ត្រី​ ​ស្បែកជើង​ ​ខ្សែ​អ៊ី​ស៊ូ​ឡង់​ ​និង​បរិក្ខារ​អគ្គិសនី​ ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ ​១​ ​ពាន់​លាន​ដុល្លារ​អាមេរិក​។​ ​រី​ឯ​ជប៉ុន​បាន​នាំចូល​មក​កម្ពុជា​នូវ​ទំ​និ​ញ​សក្តា​នុ​ពល​ ​ដូចជា​ ​យានយន្ត​ ​គ្រឿងម៉ាស៊ីន​ ​គ្រឿង​អេឡិចត្រូនិក​ ​សំបក​កង់​ ​និង​ផលិត​ផ​លប៉្លាស្ទិច​ ​ជាដើម​ ​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ ​៥០៩​ ​លាន​ដុល្លារ​អាមេរិក​៕​

រដ្ឋបាលរាជធានីភ្នំពេញសម្រេចយកផ្លូវអាទិភាពចំនួន ២ ខ្សែសម្រាប់រថយន្តក្រុងដឹកជញ្ជូនសាធារណៈ

ដោយ​វុត្ថា

​ភ្នំពេញ​៖​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​នឹង​រៀបចំ​ផ្លូវ​អាទិភាព​មួយ​សម្រាប់​តែរ​ថ​យន្ត​ក្រុង​តែម្តង​ ​ពោល​គឺ​នឹង​បើក​គន្លង​ផ្លូវ​អាទិភាព​រថយន្តក្រុង​នៅ​ចំ​កណ្តាល​ទ្រូងផ្លូវ​ ​ដោយ​ចាប់ពី​ចំណុចប្រសព្វ​មហាវិថី​ព្រះមុនីវង្ស​ ​និង​ផ្លូវ​ហ្សា​ដឺ​ហ្គោល​ ​ដល់​ច្រមុះជ្រូក​ស្ទឹងមានជ័យ​។​



​លោក​ ​ឃួង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​នៅក្នុង​អង្គប្រជុំ​គណៈកម្មាធិការ​រៀបចំ​ផ្លូវ​អាទិភាព​រថយន្តក្រុង​ ​និង​ដឹកជញ្ជូន​សាធារណៈ​ ​Citybus​ ​កាលពី​ថ្ងៃទី​ ​១៧​ ​ខែមករា​ ​ម្សិលមិញ​នេះ​ ​បានឱ្យ​ដឹង​ថា​ ​នឹង​កែសម្រួល​ផ្លូវ​រត់​រថយន្តក្រុង​សាធារណៈ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ងាក​មក​ប្រើប្រាស់​រថយន្តក្រុង​រថយន្តក្រុង​សាធារណៈ​ ​ជំនួស​ឱ្យ​ការប្រើ​ប្រាស់​សេវា​ឯកជន​។​

​លោក​ ​ឃួង​ ​ស្រេង​ ​បន្ត​ថា​ ​នេះ​ជា​ការងារ​ចាំបាច់​សម្រាប់​រាជធានី​ភ្នំពេញ​ ​ដោយ​ត្រូវ​ធ្វើ​យ៉ាងណា​ឱ្យ​រថយន្តក្រុង​សាធារណៈ​របស់​រដ្ឋ​ ​ធ្វើ​ចរាចរណ៍​ទៅ​ដោយ​រលូន​មិន​មានការ​កកស្ទះ​។​ ​លោក​បន្ថែម​ថា​ ​បើ​ការងារ​នេះ​ទទួល​បាន​ជោគជ័យ​នោះ​ ​ប្រជាពលរដ្ឋ​នឹង​ងាក​មក​ប្រើប្រាស់​សេវា​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​ជាក់ជា​មិនខាន​។​

​លោក​អភិបាល​ ​បន្ថែម​ទៀត​ថា​ ​អ្វី​ជា​គម្រោង​ ​ដែល​អាជ្ញាធរ​រាជធានី​ត្រូវ​អនុវត្ត​គឺ​យើង​ជ្រើសរើស​យក​ផ្លូវ​មួយ​ខ្សែ​ដោយ​ ​ចាប់​ចាកចេញ​ពី​ផ្លូវ​ប្រសព្វ​រវាងផ្លូវ​ព្រះមុនីវង្ស​ ​និង​ផ្លូវ​ហ្សា​ដឺ​ហ្គោល​ជិត​ផ្សារ​ធំ​ថ្មី​ទៅដល់​ច្រមុះជ្រូក​ស្ទឹងមានជ័យ​។​ ​លោក​បាន​បញ្ជាក់​ផង​ដែរ​ថា​ ​បើ​គម្រោង​ទី១​ ​ទៅលើ​ផ្លូវ​អ​ទិ​ភាព​មួយ​ខែ​នេះ​ ​ទទួល​បាន​ជោគជ័យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ធ្វើការ​សិក្សា​ទៅលើ​បណ្ដាញ​ផ្លូវ​ផ្សេង​ៗ​ទៀត​ ​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ខ្សែ​រត់​នៅក្នុង​រាជធានី​ភ្នំពេញ​ ​ទទួល​បានការ​គាំទ្រ​ ​និង​ពេញចិត្ត​ពេញ​ថ្លើម​ពី​ប្រជាពលរដ្ឋ​។​ ​ការងារ​នេះ​អាច​សម្រេច​បាន​គឺ​ត្រូវតែ​មានការ​ចូលរួម​ពី​អាជ្ញាធរ​ខណ្ឌ​ ​និង​សមត្ថ​កិ​ច្ច​ប៉ូលី​សពា​ក់​ព័ន្ធ​ ​។​



​លោក​ ​អ៊ា​ង​ ​សុ​ខ​ឃីម​ ​អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​រាជធានី​ភ្នំពេញ​ ​បាន​មាន​ឱ្យ​ដឹង​ដែរ​ថា​ ​ក្រោយ​ការសិក្សា​ ​ក្រុមការងារ​របស់​លោក​មាន​ជម្រើស២​ ​ដើម្បី​ប្រើប្រាស់​ផ្លូវ​អាទិភាព​សម្រាប់​រថយន្តក្រុង​សាធារណៈ​ ​ក្នុង​នោះ​មាន​ជម្រើស​៖​ ​ទី១​៖​ ​គន្លង​ផ្លូវ​អាទិភាព​រថយន្តក្រុង​នៅ​ចំ​កណ្តាល​ទ្រូងផ្លូវ​ ​ដែល​បង្ក​ភាព​ងាយស្រួល​ដល់​ការរៀបចំ​គំនូស​សញ្ញា​ ​និង​ភ្លើង​សញ្ញា​ចរាចរណ៍​។​ ​ប៉ុន្តែ​ត្រូវ​ធ្វើ​ចំណត​រង់ចាំ​នូវ​កណ្តាល​ទ្រូងផ្លូវ​។​ ​

​ទី២​៖​ ​គន្លង​ផ្លូវ​អាទិភាព​រថយន្តក្រុង​ខាងស្តាំ​ជាប់​ចិញ្ចើម​ផ្លូវ​ ​គឺ​បង្ក​ភាព​ងាយស្រួល​ដល់​ការ​ឈប់ចត​ដាក់​ ​និង​ទទួល​អ្នកដំណើរ​ ​កាត់បន្ថយ​ការ​ចំណាយ​ ​ប៉ុន្តែ​មានផល​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​តាម​ចិញ្ចើម​ផ្លូវ​ ​និង​អាជីវកម្ម​របស់​ប្រជាពលរដ្ឋ​អម​សងខាង​ផ្លូវ​។​ ​គម្រោង​នេះ​ត្រូវ​ ​ស្នើសុំ​គោលការណ៍​ចំណាយ​ថវិកា​ប្រមាណ​ ​៣.៥លាន​ដុល្លារ​ ​សម្រាប់​អនុវត្ត​គម្រោង​ផ្លូវ​អ​ទិ​ភាព​រថយន្តក្រុង​ ​ដែល​មាន​ចំងាយ៥គីឡូម៉ែត្រ​ ​ចាប់ពី​ចំណុចប្រសព្វ​មហាវិថី​ព្រះមុនីវង្ស​ ​និង​ផ្លូវ​ហ្សា​ដឺ​ហ្គោល​ ​ដល់​ច្រមុះជ្រូក​ស្ទឹងមានជ័យ​៕​

ចំណេះដឹង! តើអ្វីជាកិច្ចព្រមព្រៀងការចៀសវាងការយកពន្ធត្រួតគ្នា?

ដោយ​វុត្ថា

​ភ្នំ​ពេញៈ​ ​កិច្ច​ព្រមព្រៀង​ការ​ជៀសវាង​ការ​យកពន្ធ​ត្រួត​គ្នា​នេះ​ ​ត្រូវ​បាន​អនុវត្តន៍​ចំពោះ​បុគ្គល​ ​ដែល​ជា​និ​វាសន​ជន​នៃ​រដ្ឋ​មួយ​ ​ឬ​រដ្ឋ​ទាំងពីរ​ ​ដែល​ជា​ភាគី​នៃ​កិច្ច​ព្រមព្រៀង​។​ ​កិច្ច​ព្រមព្រៀង​នេះ​ ​ត្រូវ​បាន​អនុវត្ត​ចំពោះ​បណ្តា​ពន្ធ​លើ​ប្រាក់ចំណូល​ ​ដែល​កំណត់​ដោយ​រដ្ឋ​ភាគី​នៃ​កិច្ច​ព្រមព្រៀង​ ​ឬ​អាជ្ញាធរ​មូលដ្ឋាន​នៃ​រដ្ឋ​នោះ​ ​ដោយ​មិន​ផ្តោត​លើ​វិធាន​នៃ​ការកំណត់​ពន្ធ​ទាំងនោះ​។​

​ពន្ធ​លើ​ប្រាក់ចំណូល​សំដៅ​ដល់​បណ្តា​ពន្ធ​ ​ដែល​ត្រូវ​បាន​កំណត់​លើ​ចំណូល​សរុប​ ​ឬ​ ​ចំណែក​នៃ​ចំណូល​រួមបញ្ចូល​ទាំង​បណ្តា​ពន្ធលើប្រាក់ចំណេញ​ ​ដែល​សម្រេ​មក​ពី​ការសម្រេច​បាន​ពី​ការ​លក់​ ​ឬ​ផ្ទេរ​ចលនទ្រព្យ​ ​និង​បណ្តា​ពន្ធ​លើ​ប្រាក់ឈ្នួល​ ​ឬ​ប្រាក់បៀវត្ស​សរុប​ដែល​ទូទាត់​ដោយ​សហគ្រាស​។​

​កិច្ច​ព្រមព្រៀង​នេះ​ ​ត្រូវ​អនុវត្ត​ចំពោះ​បណ្តា​ប្រភេទ​ពន្ធ​ ​ដូច​ខាងក្រោម​៖​

​សម្រាប់​កម្ពុ​ជាៈ​ ​ពន្ធលើប្រាក់ចំណេញ​ ​រួមបញ្ចូល​ទាំង​ពន្ធ​កាត់​ទុក​ ​ពន្ធលើប្រាក់ចំណេញ​បន្ថែម​លើ​ការបែងចែក​ភាគលាភ​ ​និង​ពន្ធលើប្រាក់ចំណេញ​ ​និង​ពន្ធ​លើ​ប្រាក់បៀវត្សរ៍​។​

​សម្រាប់​ប្រទេស​ដទៃៈ​ ​ពន្ធ​លើ​ចំណូល​រូប​វ័ន្ត​បុគ្គល​ ​ពន្ធ​លើ​ប្រាក់ចំណូល​អាជីវកម្ម​ ​និង​ ​ពន្ធ​លើ​បន្ថែម​លើ​ចំណូល​។​

​កិច្ច​ព្រមព្រៀង​នេះ​ ​ត្រូវ​បាន​អនុវត្ត​ផង​ដែរ​ ​ចំពោះ​ប្រភេទ​ពន្ធ​ណា​ ​ដែល​មាន​ចរិត​ដូចគ្នា​សុទ្ធ​សា​ធា​ ​ឬ​ប្រហាក់​ប្រហែលគ្នា​ ​ដែល​បាន​ដាក់​ឱ្យ​អនុវត្ត​ក្រោម​កាលបរិច្ឆេទ​ ​នៃ​ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នេះ​ ​ដោយ​បន្ថែម​ឬ​ជំនួស​ឱ្យ​ពន្ធ​ជាធរមាន​។​ ​អាជ្ញាធរ​មានសមត្ថកិច្ច​ ​នៃ​រដ្ឋ​ភាគី​នៃ​ក​ចិ​ច្ព្រម​ព្រៀង​នី​មួយ​ៗ​ ​ត្រូវ​ជូនដំណឹង​គ្នា​ទៅវិញទៅមក​ ​នូវ​រាល់​ការ​ធ្វើ​វិសោធនកម្ម​សំ​ខាន់​ៗ​ ​លើច្បាប់​ស្តី​ពី​សារពើពន្ធ​របស់​ខ្លួន​៕​