ដោយ ៖ រ៉ាណេត
ភ្នំពេញៈ កិច្ចចរចាជុំទីពីរ នៃការឈានឆ្ពោះទៅសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងមិត្តចិនមិនទាន់សម្តេចបានផ្លែផ្កាជាដុំកំភួននៅឡើយទេ។

ទោះជាយ៉ាងណាភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលសម្រេចបានដោយក្រុមការងារចរចាទាំង១០ក្រុម ដែលទទួលបានតាមរយៈការផ្លាស់ប្តូរយោបល់ និងចរចាយ៉ាងសកម្មតាមមធ្យោបាយអនឡាញ ទោះបីប្រទេសទាំងពីរកំពុងមមាញឹក ក្នុងការអនុវត្តវិធានការការពារ និងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺ Covid-19 ក៏ដោយ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងកាលពីចុងសប្តាហ៍មុនថា កិច្ចចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ ក្នុងជុំទីពីរបានបិទបញ្ចប់ហើយ។ កិច្ចប្រជុំនេះភាគីកម្ពុជា ដឹកនាំដោយលោកសុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងភាគីចិនដឹកនាំដោយលោក យ៉ាង ចឹងវ៉ី អគ្គនាយករងក្រសួងពាណិជ្ជកម្មចិន។
ក្នុងកិច្ចចរចាក្រុមការងារទាំងពីរបានឯកភាពគ្នា លើជំពូកមួយចំនួនទាក់ទងកិច្ចសហប្រតិបត្តិការវិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស កិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
ក្នុងសេចក្តីប្រកាសព័ត៌មានបន្ថែមថា ក្រុមការងារបានចរចា និងឯកភាពជាគោលការណ៍លើបញ្ហានានា ដែលមិនទាន់បានដោះស្រាយមួយចំនួនផងដែរ។ ក្រុមការងារក៏បានកំណត់គោលការណ៍ និងដាក់ទិសដៅឱ្យក្រុមការងារតូចៗទាំង១០ យកទៅពិភាក្សាបន្ត ហើយរាយការណ៍ឱ្យប្រធានក្រុមចរចា មិនឱ្យលើសពីពាក់កណ្ដាលខែឧសភា ឆ្នាំ២០២០ ដើម្បីប្រធានក្រុមចរចានៃភាគីនីមួយៗ យកទៅពិភាក្សាផ្ទៃក្នុងរៀងៗខ្លួន សំដៅឈានដល់ការឯកភាពគ្នាទាំងស្រុង និងបញ្ចប់ការចរចាកិច្ចព្រមព្រៀងនេះ នៅខែមិថុនា ឆ្នាំ២០២០ តាមការគ្រោងទុក។
ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-ចិន គឺជាគំនិតផ្តួចផ្តើមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង លោកលី គឺជាំង (Li Keqiang) នាយករដ្ឋមន្ត្រីចិន នៅក្នុងជំនួបទ្វេភាគីនាថ្ងៃទី២០-២៣ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង ក្នុងគោលដៅពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅ សម្រាប់ជាឧត្តមប្រយោជន៍នៃប្រជាជនរបស់ប្រទេសទាំងពីរ។ បន្ទាប់ពីគំនិតផ្តួចផ្តើមនេះ ក្រុមការងារនៃប្រទេសទាំងពីរ បានផ្តើមការចរចាជុំទីមួយកាលពីថ្ងៃទី ២០-២១ ខែមករា ឆ្នាំ២០២០ នៅទីក្រុងប៉េកាំង ប្រទេសចិន៕






