អាជ្ញាធរខេត្តព្រះសីហនុកំពុងកែលម្អឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ

ដោយ​វុត្ថា

​ខេត្ត​ព្រះសីហនុ​៖​ ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​នឹង​កំពុង​រៀបចំ​ឆ្នេរ​អូរត្រេះ​ ​និង​ឆ្នេរ​អូរ​ឈើទាល២​ ​(​ឆ្នេរ​អតីត​អា​រី​ស្តុ​ន​)​ ​ឱ្យ​ ​ក្លាយជា​តំបន់​ទេសចរណ៍​ ​និង​ជា​ឆ្នេរ​ដ៏​ស្រស់​ស្អាត​ឡើងវិញ​ ​សម្រាប់​ប្រយោជន៍​សាធារណៈ​ ​និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឱ្យមក​លេង​បាន​កាន់តែ​ច្រើន​បន្ថែម​ទៀត​ ​។​ ​



​រដ្ឋាភិបាល​បាន​ដាក់ចេញ​ផែនការមេ​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​នានា​នៅ​ទូទាំង​ប្រទេស​ជាពិសេស​តំបន់​ទេសចរណ៍​នៅ​តំបន់​ខេត្ត​មាត់សមុទ្រ​ឱ្យ​មាន​ស្រស់បំព្រង​ ​និង​មាន​ភាព​ទាក់ទាញ​ដើម្បី​ឆ្លើយតបទៅនឹង​ការ​កើនឡើង​ភ្ញៀវ​ទេសចរណ៍​ ​វិនិយោគ​ ​ពាណិជ្ជកម្ម​ ​និង​បដិសណ្ឋារ​កិច្ច​។​

​លោក​ ​គួច​ ​ចំរើន​ ​អភិបាលខេត្ត​ព្រះសីហនុ​ ​នៅ​ថ្ងៃទី​ ​២០​ ​ខែមករា​ ​ឆ្នាំ​ ​២០២០​ ​នេះ​ ​បាន​ដឹកនាំ​កម្លាំង​ចុះ​រៀបចំ​ ​និង​រុះរើ​តូប​លក់ដូរ​ឆ្នេរ​អូរត្រេះ​ ​ដើម្បី​ប្រែក្លាយ​ជា​ឆ្នេរសមុទ្រ​សាធារណៈ​ ​មិនមែន​ជា​កម្ម​សិទ្ធ​របស់​បុគ្គល​ ​ឬ​ក្រុម​ណាមួយ​ឡើយ​ ​តប​តាម​ការ​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​កាលពី​កន្លង​ទៅវ​ថ្មី​ៗ​នេះ​ ​ឱ្យ​មានការ​រុះរើ​តូប​លក់ដូរ​នៅ​ជាប់មាត់​ឆ្នេរ​ ​ដើម្បី​រៀបចំ​ឱ្យ​កាន់តែ​ប្រសើរ​។​

​លោក​ ​គួច​ ​ចំរើន​ ​បន្ត​ថា​ ​ការ​រុះរើ​នេះ​ ​មិនមែន​ដើម្បី​យក​ទៅ​ឱ្យ​ក្រុមហ៊ុន​ ​ឬ​អង្គភាព​ ​អាជីវកម្ម​ឯកជន​ ​ណាមួយ​ដើម្បី​វិនិយោគ​ឡើយ​ ​គឺ​យក​មក​អភិវឌ្ឍន៍​បម្រើ​ឱ្យ​ប្រយោជន៍​សាធារណៈ​ ​ព្រោះ​ជា​ឆ្នេរ​សាធារណៈ​របស់​រដ្ឋ​។​ ​កន្លងមក​អាជីវករ​ទាំងនោះ​ ​បាន​យក​ឆ្នេរ​សាធារណៈ​នេះ​ ​ទៅ​ធ្វើអាជីវកម្ម​ផ្ទាល់ខ្លួន​ជា​យូរឆ្នាំមកហើយ​ ​។​



​លោក​បន្ថែម​ថា​ ​វា​ល្មម​ដល់ពេល​ប្រគល់​ជូន​រដ្ឋ​វិញ​ដើម្បី​អភិវឌ្ឍន៍​ ​ហើយ​ពួកគាត់​ទាំងនោះ​ក៏បាន​រកស៊ី​លក់ដូរ​ ​និង​ល្មម​មានលទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ទៅ​រក​កន្លែង​លក់ដូរ​ថ្មី​ហើយ​ដែរ​។​យើង​ចង់បាន​ឆ្នេរ​ ​ដ៏​ស្រស់​ស្អាត​ ​ហើយក៏​ជឿជាក់​ថា​ ​ប្រជាជន​ទាំងអស់​ ​ពិតជា​គាំទ្រ​ការរៀបចំ​ឆ្នេរ​ ​អោយ​មាន​របៀបរៀបរយ​ ​និង​ស្រស់​ស្អាត​ ​និង​មាន​សោភ័ណភាព​ ​។​

​លោក​អភិបាលខេត្ត​បន្ថែម​ថា​ ​ក្រោយពេល​សំអាត​ ​សំរាម​ ​អំពី​ការលក់ដូរ​ ​នៅ​ឆ្នេរ​ ​អូ​ត្រេះ​រួច​ ​គឺ​នៅសល់​រណ្ដៅ​ ​បង្គន់​លាមក​ ​ចំនួន​ ​១៣៦​ ​រណ្ដៅ​ ​មានក​ក​សំណល់​សំរាម​ជាច្រើន​ ​ដប​ ​អំបែងកែវ​ ​ភួយ​ ​មុង​ ​កប់​ក្នុង​ឆ្នេរ​ ​ដែល​ទាមទារ​អោយ​អាជ្ញាធរ​យើង​ត្រូវ​ប្រើប្រាស់​ពេលវេលា​ច្រើន​ទៀត​ ​ដើម្បី​សំអាត​អោយ​បាន​ស្អាត​ ​ទុក​អោយ​ប្រជាពលរដ្ឋ​មក​ដើរលេង​កំសាន្ត​ជាមួយ​និង​បរិស្ថាន​ល្អ​ប្រសើរ​ ​។​

​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ជឿជាក់​ថា​ ​ចំពោះ​ការរៀបចំ​ឆ្នេរ​ខាងលើ​នេះ​ឡើងវិញ​ ​ពិតជា​ទទួល​បានការ​គាំ​ទ្រាំទ្រ​ពី​ប្រជាពលរដ្ឋ​ ​ដោយសារ​ថា​ ​ការ​យក​ឆ្នេរ​នេះ​មកវិញ​មិនមែន​ ​ជា​កម្ម​សិទ្ធ​របស់​បុគ្គល​ ​ឬ​ក្រុម​ណា​នោះ​ទេ​ ​តែ​ជា​កន្លែង​សាធារណៈ​ ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​នៅ​ទូទាំង​ប្រទេស​ ​ពេល​មក​ដើរលេង​កំសាន្ត​នៅ​ខេត្ត​ព្រះ​សី​ហនុ​ម្តង​ៗ​ ​ហើយ​អ្វី​ជា​គម្រោង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​នឹង​រៀបចំ​អោយ​មាន​ជា​បង្គន់​សាធារណៈ​ថែមទៀត​ ​ដើម្បី​រក្សា​បរិស្ថាន​នៅ​តំបន់ឆ្នេរ​នេះ​កាន់តែ​ប្រសើរ​ឡើង​ ​៕​

អ្នកជំនាញថៃអះអាងជាថ្មីថា ការឡើងថ្លៃប្រាក់បាតថៃជំរុញអ្នកទិញខុនដូបរទេសស្វែងរកការវិនិយោគនៅកម្ពុជាជំនួសវិញ

ដោយ​ ​ប៊ី​

​បាងកក​៖​ ​ការ​ឡើងថ្លៃ​ប្រាក់​បាត​ថៃ​នៅតែ​ជា​កត្តា​ដែល​បាន​និង​កំពុង​ធ្វើ​ឱ្យ​អ្នកទិញ​អចលនទ្រព្យ​បរទេស​នៅ​ទីក្រុង​បាងកក​ ​ធ្លាក់ចុះ​ ​និង​ស្វែងរក​ទិសដៅ​វិនិយោគ​ផ្សេង​ជំនួស​វិញ​ ​ដូច​អចលនទ្រព្យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ​និង​ជប៉ុន​។​ ​

​អ្វី​ៗ​បាន​បង្វែរ​ទិសដៅ​អ្នកទិញ​មក​ពី​ចិនដីគោក​ដែល​បាន​បន្ថយ​ការទិញ​ខុន​ដូ​របស់​ពួកគេ​នៅ​ទីក្រុង​បាងកក​ ​ដោយសារតែ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​អាមេរិក​ ​និង​ចិន​ ​ប្រាក់​បាត​ឡើងថ្លៃ​ ​និង​ការ​ផ្គត់ផ្គង់​លើស​។​

​អ្នកទិញ​មក​ពី​ចិន​ ​និង​ហុងកុង​មាន​ប្រមាណ​ជា​ ​៤០​%​ ​នៃ​ការទិញ​បរទេស​ពី​ខុន​ដូ​ថៃ​សរុប​។​ ​នេះ​មានន័យថា​ ​វិស័យ​អចល​ទ្រព្យ​ក្នុង​ស្រុក​នឹង​មាន​ប៉ះពាល់​ ​ប្រសិនបើ​អ្នកទិញ​ចិន​បន្ថយ​ការ​ការទិញ​ ​ដោយសារតែ​សេដ្ឋកិច្ច​ចិន​ធ្លាក់ចុះ​។​

​លោកស្រី​ ​Apa​ ​Ataboonwongse​ ​ប្រធាន​សមាគម​ខុន​ដូ​នៅ​ប្រទេស​ថៃ​បាន​និយាយ​ថា​ ​បរទេស​បាន​និង​កំពុង​សម្លឹង​រក​ទិសដៅ​វិ​និ​យោ​គ​ផ្សេង​ៗ​នៅ​តំបន់​ក្រៅពី​ប្រទេស​ថៃ​ ​ដោយ​វិបត្តិសេដ្ឋកិច្ច​សកល​ ​និង​ការ​ឡើងថ្លៃ​ប្រាក់​បាត​។​

​លោកស្រី​ ​បាន​លើកឡើង​ថា​ ​ជនបរទេស​កំ​ពុង​បង្វែ​ទិសដៅ​ខ្លួន​ទៅ​ទិញ​អចលនទ្រព្យ​នៅ​កម្ពុជា​ ​និង​ជប៉ុន​ ​ព្រោះ​ប្រាក់​បាត​ឡើងថ្លៃ​មានន័យថា​ប្រាក់ចំណេញ​ទាប​ជាង​ការ​វិនិយោគ​។​

​លោកស្រី​បាន​បន្ត​ថា​ ​ប្រសិនបើ​ស្ថាប័ន​ហិរញ្ញវត្ថុ​រក្សា​ការ​បដិ​សេដ​ផ្តល់​ប្រាក់កម្ចី​របស់​ពួកគេ​ ​វិធានការណ៍​ជំរុញ​អចលនទ្រព្យ​របស់​រដ្ឋាភិបាល​នឹង​មាន​ប្រសិទ្ធិ​ភាព​តិចតួច​ ​ពីព្រោះ​អ្នក​អភិវឌ្ឍន៍​អាច​ទទួល​បាន​ប្រាក់ចំណូល​ពី​ការ​លក់​នៅពេល​អចលនទ្រព្យ​នោះ​ត្រូវ​បាន​ផ្ទេរ​។​

​លោកស្រី​បាន​និយាយ​ថា​ ​អត្រា​ការ​បដិ​សេ​ដការ​ផ្តល់​ប្រាក់កម្ចី​អចលនទ្រព្យ​បាន​បន្ត​កើនឡើង​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ជាមួយនឹង​អត្រា​សរុប​ ​៣០​ ​ភាគរយ​ ​និង​ខ្ពស់​ជាង​ ​៥០​ ​ភាគរយ​សម្រាប់​គម្រោង​មួយចំនួន​។​ ​អត្រា​បដិសេធ​ខ្ពស់​ជាង​នេះ​អាច​បណ្តាល​មក​ពី​វិបត្តិសេដ្ឋកិច្ច​ដែល​ធ្វើ​ឱ្យ​ការទិញ​ធ្លាក់ចុះ​។​

​លោកស្រី​ ​Apa​ ​បាន​និយាយ​ថា​ ​តម្លៃ​អចលនទ្រព្យ​ដោយ​ជនបរទេស​ដែល​បាន​ទិញ​តាំងពី​ពាក់កណ្តាល​ឆ្នាំនេះ​គឺ​ជិតដល់​ ​០​ ​ភាគរយ​ ​ហើយ​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ ​និង​ការ​ឡើងថ្លៃ​ប្រាក់​បាត​។​

​ពាក់កណ្តាល​នៃ​ការ​ផ្គត់ផ្គង់​លំនៅ​ដ្ឋាន​ថ្មី​គឺ​ខុន​ដូ​ ​ប៉ុន្តែ​ខុន​ដូ​យូនី​ត​ប្រណីត​មាន​ចំនួន​ ​៦០​ ​ទៅ​ ​៦៥​ ​ភាគរយ​ ​នៃ​ការ​ផ្គត់ផ្គង់​ថ្មី​គឺ​នៅ​ទីក្រុង​បាងកក​។​

​គណៈរដ្ឋមន្រ្តី​ថៃ​កាលពី​ថ្ងៃទី​ ​២២​ ​ខែតុលា​បាន​អនុម័ត​លើ​កញ្ចប់​វិធានការ​ជំរុញ​អចលនទ្រព្យ​ដែល​រួមមាន​ការកាត់បន្ថយ​ប្រាក់កម្ចី​បញ្ចាំ​បណ្តោះអាសន្ន​ ​និង​ថ្លៃ​សេវា​ផ្ទេរ​ប្រាក់​ទៅ​អត្រា​តែមួយ​ ​០,០១​ ​ផា​គ​រយ​ ​សម្រាប់​លំនៅ​ដ្ឋាន​ដែល​មានតម្លៃ​ ​៣​ ​លាន​បាត​ ​ឬ​តិច​ជាង​នេះ​។​

​កញ្ចប់​នេះ​មាន​គោលបំណង​ជួយ​អ្នក​អភិវឌ្ឍន៍​លក់​ចេញ​ស្តុក​ចាស់​របស់​ខ្លួន​។​ ​ការកាត់បន្ថយ​ថ្លៃ​សេវា​នេះ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​ ​២៤​ ​ខែ​ ​ធ្នូ​ ​ឆ្នាំ​ ​២០២០​ ​។​

​ធនាគារ​ ​GH​ ​ក៏​ផ្តល់​ប្រាក់កម្ចី​សម្រាប់​គេហដ្ឋាន​ចំនួន​ ​២,៥​ ​ភាគរយ​ដែល​មានតម្លៃ​ ​៥០​ ​ពាន់​លាន​បាត​សម្រាប់​រយៈពេល​ ​៣​ ​ឆ្នាំ​ ​សម្រាប់​អចលនទ្រព្យ​ដែល​មានតម្លៃ​មិន​លើស​ពី​ ​៣​ ​លាន​បាត​ ​ខណៈ​ក្រុមហ៊ុន​អចលនទ្រព្យ​កំពុង​រៀបចំ​យុទ្ធនាការ​ផ្សព្វផ្សាយ​រួមគ្នា​ដើម្បី​ជំរុញ​តម្រូវការ​។​

​លោក​ ​Charnkitt​ ​Dejvitak​ ​អនុរដ្ឋ​មន្រ្តី​អម​ជាមួយ​នាយក​រដ្ឋមន្រ្តី​ ​ប៉ាន់ប្រមាណ​ថា​ ​វិធានការណ៍​ជំរុញ​អចលនទ្រព្យ​ ​ការ​ដាក់​អត្រា​ការប្រាក់​ទាប​របស់​ធនាគារ​ ​GH​ ​និង​យុទ្ធនាការ​ផ្សព្វផ្សាយ​នឹង​ជួយ​ឱ្យ​ការ​លក់​អចលនទ្រព្យ​កើនឡើង​ ​៥​ ​ភាគរយ​នៅ​ឆ្នាំក្រោយ​។​

​លោក​បន្ត​ថា​ ​អ្នក​អភិវឌ្ឍន៍​អាច​សម្រប​ខ្លួន​ទៅ​នឹង​ផល​ប៉ះពាល់​នៃ​តម្រូវការ​ប្រាក់កម្ចី​របស់​ធនាគារ​កណ្តាល​ថៃ​កាន់តែ​តឹង​រឹង​ជាង​មុន​។​
​ទន្ទឹម​នឹង​នេះ​ដែរ​លោ​ក​ផាន់​ណា​រិទ្ធ​ ​Chounchaisit​ ​ប្រធាន​សមាគម​អចលនទ្រព្យ​ថៃ​ ​បាន​មានប្រសាសន៍​ថា​ ​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ជាង​ ​៥០០​ ​នាក់​កំពុង​ចូលរួម​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​នេះ​៕​ ​(​ប្រភព​ ​បាងកក​ប៉ុស្តិ៍​)​

អគ្គកុងស៊ុលចិន៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី នឹងជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាកាន់តែរីកចំរើន

ដោយ​វុត្ថា

​សៀមរាប​៖​ អគ្គ​កុងស៊ុល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ខេត្តសៀមរាប​ ​លោក​ ​LIV​ ​ZHICHEANG​ ​បង្ហាញ​សុ​ទិ​ដ្ឋិ​នយ​ម​ថា​ ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ​ថ្មី​ ​ក្រៅពី​ការ​ស្រូប​ទាញ​យក​កំណើន​ភ្ញៀវ​ទេសចរ​ ​គឺ​បាន​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​កម្ពុជា​កាន់​រីក​ចំរើន​បន្ថែម​ទៀត​។​



​លោក​ ​LIV​ ​ZHICHEANG​ ​អគ្គ​កុងស៊ុល​ចិន​ប្រចាំ​ខេត្តសៀមរាប​ ​បាន​មានប្រសាសន៍​បែបនេះ​ ​នៅក្នុង​ឱកាស​ចុះ​ពិនិត្យ​ ​និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​សូទ្រនិគម​ ​កាលពី​ថ្ងៃទី១៩​ ​ខែមករា​ ​ឆ្នាំ២០២០​ ​ម្សិលមិញ​នេះ​។

​លោក​បន្ត​ថា​ ​បន្ទាប់ពី​ការសាងសង់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ​ថ្មី​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ឃុំ​ពពេល​ ​ស្រុក​សូទ្រនិគម​ ​ក្នុងរយៈពេល៣ឆ្នាំក្រោយ​មក​ ​អាកាសយាន​ដ្ឋាន​ថ្មី​ដែល​ទំនើប​ ​នឹង​ប្រាកដ​រូបរាង​ឡើ​ងន​ហើយ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ថ្មីនេះ​ ​មិន​ត្រឹមតែ​បាន​បន្ថែម​នូវ​សក្តា​នុ​ពល​ឲ្យ​ខេត្តសៀមរាប​ ​ស្រូប​ទាញ​យក​កំណើន​ទេសចរណ៍​ប៉ុណ្ណោះ​នោះ​ទេ​ ​តែ​បាន​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ ​ផ្តល់​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​ ​ពាំនាំ​មក​នូវ​ក្តី​សង្ឃឹម​ថ្មី​ ​និង​ការប្រែប្រួល​ថ្មី​ជា​វិជ្ជមាន​ ​ទៅដល់​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជា​សហគមន៍​ក្នុង​តំបន់​នេះ​ ​ផង​ដែរ​ ​។​

​លោក​បន្ត​ថា​ ​៦១ឆ្នាំ​បន្ទាប់ពី​ប្រទេស​ចិន​ ​និង​កម្ពុជា​ ​បង្កើត​បាន​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​ដ៏​ល្អ​រៀង​ដរាបមក​ ​ប្រទេស​ទាំងពីរ​បាន​ស្ថាបនា​ជាស្ថាពរ​ ​នូវ​ភាពជា​ដៃគូ​យុទ្ធ​សាស្រ្ត​ ​សហប្រតិបត្តិ​ការ​គ្រប់ជ្រុងជ្រោយ​ ​ហើយ​ថ្មី​ៗ​នេះ​ ​ប្រទេស​ទាំង២​ ​បាន​ចុះហត្ថលេខា​ជាមួយគ្នា​លើ​ផែនការ​សកម្មភាព​ជោគវាសនា​រួមគ្នា​ ​ខណៈ​ដែល​ជាច្រើន​ឆ្នាំ​កន្លងមក​នេះ​ ​ប្រទេស​ទាំង២​ ​បាន​គាំទ្រ​គ្នា​ ​ជួយ​យក​អាសារ​គ្នា​ជា​បងប្អូន​ល្អ​ ​ជា​ដៃគូ​ ​និង​ជា​មិត្តភក្តិ​ដ៏​ស្មោះត្រង់​ ​។​ ​



​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ ​សៀមរាប​ ​អង្គរ​ថ្មី​ ​ជា​គម្រោង​ដ៏​សំខាន់​ដែល​បាន​គាំទ្រ​ដោយ​រដ្ឋាភិបាល​ទាំងពីរ​ ​កម្ពុជា​ ​ចិន​ ​ក្នុង​គោលនយោបាយ​(​ខ្សែ​ក្រ​វ៉ាត់​មួយ​ ​និង​ ​ផ្លូវ​មួយ​ ​)​ ​ហើយ​នៅ​ថ្ងៃទី​ ​១៣​ ​តុលា​ ​ឆ្នាំ២០១៦​ ​Yuntouគ្រុប​ ​និង​ ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​ ​ធ្វើការ​ចុះហត្ថលេខា​ ​ព្រមព្រៀង​ ​BOT​ ​ស្តី​ពី​គម្រោង​អាកាសយាន​ដ្ឋាន​អន្តរជាតិ​សៀមរាប​ ​អង្គរ​ ​ក្រោម​អធិបតីភាព​ ​លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​និង​ ​លោក​ប្រធានាធិបតី​ ​ស៊ី​ជីង​ ​ពីង​ ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​។​

​គម្រោង​សាង​សង់​ព្រលា​នយន្​ត​ហោះ​នេះ​ ​មាន​ចម្ងាយ​ពី​ក្រុង​សៀមរាប​ ​៥១គីឡូម៉ែត្រ​ ​នៅ​លើ​ផ្ទៃដី​ ​សរុប​ ​៧០០ហិ​ក​តា​ ​ហើយ​សាងសង់​តាម​ស្តង់ដារ​រចនាបថ​អាកាសយាន​ដ្ឋាន​ ​លំដាប់ថ្នាក់​ទី​ ​4E​ ​ដែល​អាច​ប្រតិបត្តិ​ការ​យន្ត​ ​ហោះ​ខ្នាត​ធំ​មាន​លេខ​កូដE​ ​។​

​ម៉្យាងទៀត​តាម​កំណើន​នៃ​ចរាចរណ៍​ផ្លូវអាកាស​នា​ពេល​អនាគត​ ​និង​ត្រូវ​ធ្វើការ​ពង្រីក​ទៅជា​ ​អាកាសយាន​ដ្ឋាន​ប្រភេទ4F​ ​ហើយ​គម្រោង​នេះ​ ​ប្រតិបត្តិ​ការ​តាមកម្ម​វិធី​ ​BOT​ ​ដែល​មានការ​វិនិយោគ​ដោយ​ ​ក្រុមហ៊ុន​ ​វិនិយោគ​បរទេស​ ​និង​ ​យូ​ណា​នព្រ​លា​នយន​ហោះ​គ្រុប​ ​ដែល​បាន​បណ្តាក់​ទុន​វិនិយោគ​ ​២២០លាន​ដុល្លា​ ​ដើ​មី្ប​បង្កើត​ ​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​អង្គរ​ ​អ៊ិ​នវេ​សមេន​ ​(​ខេម​បូ​ឌា​)​ ​ខូ​អិល​ធី​ឌី​ ​(​ហៅ​កាត់​ក្រុមហ៊ុន​អង្គរ​)​ ​ដែល​មានការ​ទទួលខុស​ ​ត្រូវ​ចំពោះ​ការ​វិនិយោគ​លើ​គម្រោង​សាងសង់​ ​និង​ ​គ្រប់គ្រង​ប្រតិបត្តិ​ការ​ ​៕​

ក្រសួងពាណិជ្ជកម្មនឹងធ្វើទិវាកម្ពុជា ២០២០ នៅប្រទេសជប៉ុន ដើម្បីទាក់ទាញទេសចរនិងការវិនិយោគមកកាន់កម្ពុជា

ដោយ​ ​៖​ ​រ៉ា​ណេត​ ​

​ភ្នំពេញ​ ​៖​ ​រដ្ឋាភិបាល​កម្ពុជា​ ​តាមរយៈ​ក្រសួង​ពាណិជ្ជកម្ម​ ​នឹង​រៀបចំ​មហា​ព្រឹត្តិការ​ស្ដីពី​ ​«​ទិវា​កម្ពុជា​ ​២០២០​ ​Cambodia​ ​Festival​ ​2020​ ​»​ ​នៅ​ទីក្រុង​តូក្យូ​ ​ប្រទេស​ជប៉ុន​ ​ដើម្បី​ពង្រីក​ការ​ផ្សព្វផ្សាយ​ពី​សិល្បៈ​ ​វប្បធម៌​ ​អរិយធម៌​ ​ទេសចរណ៍​ ​ជំរុញ​ការចាប់អារម្មណ៍​ ​និង​ទាក់ទាញ​ការ​វិនិយោគ​មកកាន់​កម្ពុជា​បន្ថែម​ទៀត​។​ ​



​ផ្អែក​តាម​សេចក្ដីជូនដំណឹង​របស់ក្រ​សួង​ពាណិជ្ជកម្ម​ ​ដែល​គេហទំព័រ​ ​Propertyarea.asia​ ​ទទួល​បាន​នៅមុន​នេះ​បន្តិច​បាន​បញ្ជាក់​ថា​ ​ជា​បង្កើន​ភាព​ទាក់ទាញ​លើ​ការ​វិនិយោគ​ ​និង​ទេសចរណ៍​ ​គណៈកម្មាធិការ​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ ​សហការ​ជាមួយ​ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ប្រចាំ​នៅ​ប្រទេស​ជប៉ុន​ ​នឹង​រៀបចំ​ ​ទិវា​កម្ពុជា២០២០​ ​(​Cambodia​ ​Festival​ ​2020​)​ ​ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី០៣​-​០៤​ ​ខែឧសភា​ ​ឆ្នាំ២០២០​ ​នៅ​ទី​តូក្យូ​ ​ប្រទេស​ជប៉ុន​ ​។​ ​

​ជាមួយនឹង​មហា​ព្រឹត្តិ​ការណ៍​ប្រចាំឆ្នាំ២០២០មួយ​នេះ​ ​គ្រប់​បណ្តា​ពាណិជ្ជករ​ ​សេវា​ករ​ ​និង​ផលិតករ​ ​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ ​សហគ្រាស​ ​ដែល​មាន​ចំណាប់​អារម្មណ៍​សុទ្ធតែ​មានឱកាស​ចូលរួម​ ​និង​ផ្សព្វផ្សាយ​នូវ​ប្រភេទ​សាវា​កម្ម​ ​និង​ផលិតកម្ម​របស់​ខ្លួន​ ​ជាពិសេស​អាច​មានឱកាស​ស្វែងរក​ក្រុមហ៊ុន​សហការ​ជា​ដៃគូ​ពាណិជ្ជកម្ម​តាមរយៈ​ព្រឹត្តិ​ការណ៍​នេះ​បាន​ ​ដោយធ្វើ​ការ​បំពេញ​សំណុំ​បែបបទ​នៅ​នាយកដ្ឋាន​កិច្ចការ​ពិព័រណ៍​នៃ​អគ្គនាយក​ដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​ ​ក្រសួង​ពាណិជ្ជកម្ម​ ​។​ ​



​ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា​ ​-​ ​ជប៉ុន​ ​មាន​ចំនួន​ ​២,១​ ​ពាន់​លាន​ដុល្លារ​ ​គិត​ចាប់ពី​ខែមករា​ ​ដល់​ខែវិច្ឆិកា​ឆ្នាំ២០១៩​ ​កើនឡើង​ ​១២,៩៥​ ​ភាគរយ​ ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ​២០១៨​ ​ដែល​មាន​ទំហំ​ពាណិជ្ជកម្ម​ ​១,៨៦​ ​ពាន់​លាន​ដុល្លារ​។​ ​ទំនិញ​នាំចេញ​ពី​កម្ពុជា​ទៅ​ជប៉ុន​មានតម្លៃ​ជិត​ ​១,៦០​ ​ពាន់​លាន​ដុល្លារ​ ​កើនឡើង​ ​៧,៧​ ​ភាគរយ​ ​ពី​ ​១,៤៨​ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២០១៨​។​ ​ការនាំចូល​ពីជ​ប៉ុន​មានតម្លៃ​ ​៥០២,៨៨​ ​លាន​ដុល្លារ​កើនឡើង​ ​៣៣,៩​ ​ភាគរយ​ពី​ ​ខណៈ​ដែល​ឆ្នាំ២០១៨​ ​មាន​ត្រឹម​ ​៣៧៥,៧០​ ​លាន​ដុល្លារ​ ​៕​

រដ្ឋបាលភ្នំពេញ នឹងចេញមោយភាពប័ណ្ណ «ស្លាបមាន់» និងចែកវិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុជូនម្ចាស់ក្បាលដី

ដោយ​វុត្ថា

​ភ្នំពេញ​៖​ ​មន្ទីរ​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​សំណង់​ ​និង​សុរិយោដី​ ​រាជធានី​ភ្នំពេញ​ ​នឹង​ធ្វើការ​ចែក​វិញ្ញា​បន​ប័ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ ​(​ប័ណ្ណ​កម្មសិទ្ធិ​)​ ​ជូន​ដល់​ម្ចាស់​ក្បាលដី​ ​ដែល​ស្ថិតនៅ​ក្នុង​តំបន់​វិ​និ​ឆ្ឆ័យ​ ​ភូមិ​បាក់​ទូក​ ​សង្កាត់​ទួលសង្កែ​ទី១​ ​ខណ្ឌឫស្សីកែវ​ ​ចាប់ពី​ថ្ងៃទី១៧​ ​ខែមករា​ ​ឆ្នាំ២០២០តទៅ​។​



​សេចក្ដីជូនដំណឹង​មួយ​របស់​លោក​ ​ឃួង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​ ​ដែល​គេហទំព័រ​ ​propertyarea.asia​ ​ទទួល​បាន​នៅ​ថ្ងៃទី​ ​២០​ ​ខែមករា​ ​ឆ្នាំ២០២០នេះ​ ​បានឱ្យ​ដឹង​ថា​ ​ចំពោះ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​ ​(​ប័ណ្ណ​ស្លាបមាន់​)​ ​ឫ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ ​ដែល​ចេញ​ដោយ​រដ្ឋបាល​សុរិយោដី​កន្លងមក​ ​ក្នុង​តំបន់​វិ​និ​ឆ្ឆ័យ​នេះ​ ​នឹង​ត្រូវ​អស់​សុពលភាព​ ​តាមផ្លូវ​ច្បាប់​ចាប់ពី​ថ្ងៃ​ចែក​វិញ្ញា​បន​ប័ត្រ​ ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ខាងលើ​នេះ​តទៅ​។​

​ក្នុង​សេចក្ដីជូនដំណឹង​នេះ​ ​បាន​ធ្វើឡើង​ដោយ​យោង​អនុក្រឹត្យ​លេខ១២២​ ​អន​ក្រ​ ​បក​ ​ចុះ​ថ្ងៃទី០៩​ ​ខែមិថុនា​ ​ឆ្នាំ២០១៦​ ​ស្ដីពី​ការ​កែសម្រួល​មាត្រា៦​ ​មាត្រា៧​ ​និង​មាត្រា១១​ ​នៃ​អនុក្រឹត្យ​លេខ៤៦​ ​អន​ក្រ.បក​ ​ចុះ​ថ្ងៃទី៣១​ ​ខែឧសភា​ ​ឆ្នាំ២០០២​ ​ស្ដីពី​នីតិវិធី​នៃ​ការ​កសាង​ប្លង់​សុរិយោដី​ ​និង​សៀវភៅ​គោល​បញ្ជី​ដីធ្លី​ ​ក្រោម​ដំណើរការ​នៃ​ការចុះបញ្ជី​ដីធ្លី​ ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​។​

​ជាមួយគ្នា​នេះ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​ក៏​សូម​អំពាវនាវ​ចំពោះ​ម្ចាស់បំណុល​ដែល​បាន​ទទួល​បញ្ចាំ​ ​ឫ​ដាក់​ធានា​ពាក់ព័ន្ធ​ក្បាលដី​ក្នុង​តំបន់​វិ​និ​ឆ្ឆ័យ​ ​សូម​យក​ប័ណ្ណ​ទាំងនោះ​ ​មក​ជូន​មន្ត្រី​រដ្ឋបាល​សុរិយោដី​ធ្វើ​និយ័ត​កម្ម​ ​ដើម្បី​ការធានា​ប្រាក់​របស់​លោកអ្នក​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​អំពាវនាវ​ដល់​ម្ចាស់​ក្បាលដី​ ​ដែល​មាន​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​ ​ឫ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​កន្លងមក​ ​មេត្តា​យក​ប័ណ្ណ​ ​ទាំងនោះ​ ​មក​ប្រគល់ឲ្យ​មន្ត្រី​រដ្ឋបាល​សុរិយោដី​ ​នៅ​ភូមិ​បាក់​ទូក​ ​សង្កាត់​ទួលសង្កែ​ទី១​ ​ខណ្ឌឫស្សីកែវ​ ​ចាប់ពី​ថ្ងៃទី១៧​ ​ដល់​ថ្ងៃទី២២​ ​ខែមករា​ ​ឆ្នាំ២០២០ជាកំហិត​៕​

ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនបានកើនឡើង ២,១ ពាន់លានដុល្លារ

ដោយ​ ​ប៊ី​

​ភ្នំពេញ​៖​ ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ជប៉ុន​មាន​ទំហំ​ទឹកប្រាក់​ ​២,១​ ​ពាន់​លាន​ដុល្លារ​ ​ឡើង​ជិត​ ​១៣​ ​ភាគរយ​កាលពី​ឆ្នាំមុន​បើ​ធៀប​នឹង​ឆ្នាំ​ ​២០១៨​ ​។​ ​នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​ ​(​Jetro​)​។​

​របាយការណ៍​បានឱ្យ​ដឹង​ថា​ ​ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា​ ​-​ ​ជប៉ុន​ ​មាន​ចំនួន​ ​២,១​ ​ពាន់​លាន​ដុល្លារ​ ​គិត​ចាប់ពី​ខែមករា​ ​ដល់​ខែវិច្ឆិកា​ឆ្នាំ២០១៩​ ​កើនឡើង​ ​១២,៩៥​ ​ភាគរយ​ ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ​២០១៨​ ​ដែល​មាន​ទំហំ​ពាណិជ្ជកម្ម​ ​១,៨៦​ ​ពាន់​លាន​ដុល្លារ​។​ ​

​ទំនិញ​នាំចេញ​ពី​កម្ពុជា​ទៅ​ជប៉ុន​មានតម្លៃ​ជិត​ ​១,៦០​ ​ពាន់​លាន​ដុល្លារ​ ​កើនឡើង​ ​៧,៧​ ​ភាគរយ​ ​ពី​ ​១,៤៨​ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២០១៨​។​ ​ការនាំចូល​ពីជ​ប៉ុន​មានតម្លៃ​ ​៥០២,៨៨​ ​លាន​ដុល្លារ​កើនឡើង​ ​៣៣,៩​ ​ភាគរយ​ពី​ ​ខណៈ​ដែល​ឆ្នាំ២០១៨​ ​មាន​ត្រឹម​ ​៣៧៥,៧០​ ​លាន​ដុល្លារ​។​

​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ​បាន​អនុញ្ញាត​ឱ្យ​ពាណិជ្ជកម្ម​រីកចម្រើន​ជាលំដាប់​។​

​កំណើន​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ជប៉ុន​បង្ហាញ​ពី​វិជ្ជមាន​។​ ​ទំហំ​ពាណិជ្ជកម្ម​ទំនងជា​នឹង​កើនឡើង​ម្តង​ទៀត​នៅ​ឆ្នាំ​ ​២០២០​។​

​ប្រទេស​កម្ពុជា​ភាគច្រើន​នាំចេញ​សម្លៀកបំពាក់​ ​ស្បែកជើង​ ​អេ​ឡិច​ត្រូ​និច​ ​និង​កង់​ទៅ​ប្រទេស​ជប៉ុន​។​

​វិនិយោគិន​ជប៉ុន​កាន់តែ​ច្រើន​កំពុង​ងាក​មករ​ក​កម្ពុជា​ ​ជាពិសេស​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ ​និង​នៅ​ខេត្តកោះកុង​៕​

វិភាគ៖ តើអឺរ៉ុបកំពុងច្រណែននឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិកជាមួយចិន?

ដោយ​ ​Donald​ ​Lee​

​ភ្នំពេញ​៖​ ​ក្រុមហ៊ុន​សហភាព​អឺរ៉ុប​នៅ​ទូទាំង​ទ្វីបអឺរ៉ុប​បាន​បង្ហាញ​ការ​មិន​សប្បាយចិត្ត​ជាទូទៅ​ចំពោះ​ការ​ចូល​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​នៅតែ​មានកម្រិត​ខ្លាំង​ ​ខណៈ​អាមេរិក​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​ជាមួយ​ចិន​ដែល​ធានា​នូវ​ការ​ទទួល​បាន​ទឹកប្រាក់​ចំនួន​ ​២០០​ ​ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល​ពីរ​ឆ្នាំ​។​

​របាយការណ៍​សមាគម​អាជីវកម្ម​អឺរ៉ុប​ ​បានឱ្យ​ដឹង​ថា​ ​“​សហភាព​អឺរ៉ុប​ត្រូវតែ​ពិចារណា​ឡើងវិញ​នូវ​កម្មវិធី​ជំនួញ​របស់​ខ្លួន​ឆ្ពោះទៅ​ប្រទេស​ចិន​ ​និង​ផ្តោត​ការ​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត​លើ​បដិ​ភាព​ ​និង​លក្ខខណ្ឌ​”​។​ ​ចិន​បាន​បើក​តូចបំផុត​សម្រាប់​ដៃគូ​ពាណិជ្ជកម្ម​របស់​អឺរ៉ុប​។​

​របាយការណ៍​ ​BusinessEurope​ ​បាន​បន្ថែម​ថា​ ​ទោះបី​សហភាព​អឺរ៉ុប​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ចិន​ក៏ដោយ​ ​ក្រុមហ៊ុន​អឺរ៉ុប​នៅតែ​បន្ត​ប្រឈមមុខនឹង​ឧប​សគ្គ​ធំៗ​ក្នុង​ការ​វិនិយោគ​ ​ហើយ​ត្រូវ​បាន​បង្ខំ​ឱ្យ​គោរព​តាម​តម្រូវការ​តឹង​រឹង​នៅក្នុង​គម្រោង​វិនិយោគ​រួមគ្នា​។​

​លើស​ពីនេះ​ទៀត​ ​អ្នកវិភាគ​សេដ្ឋកិច្ច​ជឿជាក់​ថា​ ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​រវាង​អាមេរិក​ ​និង​ចិន​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អាជីវកម្ម​របស់​សហភាព​អឺរ៉ុប​ ​ដោយសារតែ​និន្នាការ​ពាណិជ្ជកម្ម​គឺ​ទៅ​រក​អាមេរិក​។​

​ទីក្រុង​ប៉េកាំង​បាន​ផ្តោត​លើ​ការ​ធ្វើ​ឱ្យ​មាន​ភាព​រលូន​លើ​ទំនាក់ទំនង​ជាមួយ​អឺរ៉ុប​ដោយ​បញ្ជាក់​ថា​ ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក​ ​និង​ចិន​នឹង​មិន​ត្រឹមតែ​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​អាមេរិក​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​ជាមួយ​អឺរ៉ុប​ផង​ដែរ​ក្នុងរយៈពេល​វែង​។​

​ការ​អត្ថា​ធិប្បាយ​មួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន​ ​បានឱ្យ​ដឹង​ថា​ ​“​ចិន​តែងតែ​តស៊ូ​ក្នុង​ការ​បើក​ចំហរ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លងមក​។​ ​ជាមួយនឹង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មីនេះ​ ​ល្បឿន​របស់​ចិន​នឹង​កើនឡើង​ ​ហើយ​អន្តរកម្ម​របស់​ខ្លួន​ជាមួយ​ពិភពលោក​នឹង​កើនឡើង​។​ ​អឺរ៉ុប​ពិតជា​អាច​ក្លាយជា​អ្នកទទួល​ផល​ពីទី​ផ្សារ​ចិន​កាន់តែ​ទូលំទូលាយ​”​។​

​ការ​អត្ថា​ធិប្បាយ​បាន​បន្ថែម​ថា​ ​“​បន្ទាប់ពី​ការ​បញ្ចប់​ការ​បើក​ទីផ្សារ​មានន័យថា​ ​“​ទីផ្សារ​ចិន​កាន់តែ​ច្រើន​អាច​ចូល​មក​ដោយក្រុម​ហ៊ុន​បរទេស​ ​រួម​ទាំង​ក្រុមហ៊ុន​អឺរ៉ុប​ជំនួស​ឱ្យ​ក្រុមហ៊ុន​អាមេរិក​”​។​

​ឧបនាយក​រដ្ឋមន្ត្រី​ចិន​លោក​ ​Liu​ ​He​ ​និង​ប្រធានាធិបតី​អាមេរិក​ ​Donald​ ​Trump​ ​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក​ ​និង​ចិន​នៅ​ថ្ងៃ​ ​ពុធ​ ​នេះ​ ​ដោយ​បញ្ចប់​ការ​កើនឡើង​នូវ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​មាន​រយៈពេល​ជិត​ ​២២​ ​ខែ​ដែល​បាន​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​សកល​។​

​ប្រធានាធិបតី​អាមេរិក​ ​Donald​ ​Trump​ ​បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​ ​នៅពេល​ដែល​ជម្លោះ​ពាណិជ្ជកម្ម​របស់​លោក​ជាមួយ​ប្រទេស​ចិន​បាន​កើនឡើង​កាលពី​ឆ្នាំមុន​។​

​លោក​ ​Trump​ ​បាន​និយាយ​នៅក្នុង​សុន្ទរកថា​មួយ​ថា​ ​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​ប្រឆាំង​នឹង​សហរដ្ឋអាមេរិក​គឺ​អាក្រក់​ជាង​ប្រទេស​ចិន​។​

​លោក​ ​Trump​ ​បាន​និយាយ​ថា​ ​“​ប្រទេស​ជាច្រើន​គិតថ្លៃ​ពន្ធ​ខ្ពស់​ខុសពី​ធម្មតា​ ​ឬ​បង្កើត​របាំង​ពាណិជ្ជកម្ម​ដែល​មិន​អាច​ទៅរួច​។​ ​

ហើយ​ខ្ញុំ​នឹង​និយាយ​ដោយ​ស្មោះត្រង់​គឺ​សហគមន៍​អឺរ៉ុប​មានការ​លំបាក​ខ្លាំង​ណាស់​។​ ​ឧបសគ្គ​ដែល​ពួកគេ​មាន​គឺ​គួរ​ឱ្យ​ខ្លាច​ក្នុង​វិធី​ជាច្រើន​ដែល​អាក្រក់​ជាង​ប្រទេស​ចិន​”​៕​

លោកឧកញ៉ាម៉ុង ឬទ្ធី សហការជាមួយក្រុមហ៊ុនកូរ៉េវិនិយោគរោងចក្រកែច្នៃផ្លៃឈើស្រស់នៅកម្ពុជា

ដោយ​វុត្ថា

​ភ្នំពេញ​៖​ ​លោក​ ​ឧកញ៉ា​ ​ម៉ុង​ ​ឬ​ទ្ធី​ ​អគ្គនាយក​ក្រុមហ៊ុន​ ​ម៉ុង​ ​ឬ​ទ្ធី​ ​គ្រុប​បាន​អនុស្សារ​ណៈ​យោគយល់​គ្នា​ ​(​MOU​)​ ​ចាប់ដៃ​គូរ​ជាមួយ​អ្នក​វិនិយោគិន​កូរ៉េ​ក្នុង​ការ​វិនិយោគ​លើ​ការ​កប​ង្កើត​រោងចក្រ​កែច្នៃ​ផ្លែឈើ​ស្រស់​ ​និង​គ្រាប់ធញ្ញជាតិ​វិច​ខ្ចប់​នៅ​កម្ពុជា​ដើម្បី​លក់​ចែកចាយ​នៅក្នុង​ប្រទេស​ ​និង​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ផង​ដែរ​ ​។​



​លោក​ ​ឧកញ៉ា​ ​ម៉ុង​ ​ឬ​ទ្ធី​ ​អគ្គនាយក​ក្រុមហ៊ុន​ ​ម៉ុង​ ​ឬ​ទ្ធី​ ​គ្រុប​បានឱ្យ​ដឹង​បែបនេះ​ ​នៅក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​លោក​នៅក្នុង​ទឹកដី​នៃ​ប្រទេស​កូរ៉េ​ចាប់ពី​ថ្ងៃពុធ​ទី១៥ខែមករា​រហូតដល់​ ​ថ្ងៃអាទិត្យ​ទី១៩ខែមករា​ ​ឆ្នាំ២០២០ម្សិលមិញ​នេះ​ ​ក្នុង​គោលបំណង​ស្វែងរក​ដៃគូ​វិនិយោគ​លើ​វិស័យ​កសិកម្ម​ ​និង​កសិ​ឧស្សាហកម្ម​កែច្នៃ​។​

​លោ​ក​ឧក​ញ៉ា​ ​ម៉ុង​ ​ឬ​ទ្ធី​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​សបុ​ក​ផ្លូវការ​របស់​លោក​នៅ​ថ្ងៃទី​ ​២០​ ​ខែមករា​ ​ឆ្នាំ​ ​២០២០នេះ​ ​បន្ថែម​ថា​ ​លទ្ធផល​ភាគី​ទាំងពីរ​បាន​ព្រម​ព្រាង​គ្នា​ចុះហត្ថលេខា​លើMOU​ ​ជា​ជំហាន​ដំបូង​នៅក្នុង​គំរោង​បង្កើត​ទីក្រុង​អប់រំ​នៅ​លើទឹក​ដី​នៅ​កម្ពុជា​យើង​ ​ដោយ​ផ្តោត​លើ​វិស័យ​សុខាភិបាល​ប្រកបដោយ​គុណភាព​ ​និង​បរិស្ថាន​ល្អ​ ​ដែល​ផ្តោត​ទៅលើ​មនុស្សធម៌​ជាចម្បង​។​

​លោក​បន្ត​ថា​ ​ដើម្បី​ជា​ការ​ចាប់ផ្តើម​លោក​ផាក​បាន​អោយ​ខ្ញុំ​រៀបចំ​ផ្ទៃដី​សម្រាប់​សាងសង់​ផ្ទះ​ ​ចែក​ជូន​ដល់​ប្រជាជន​កម្ពុជា​យើង​ដែល​ខ្វះខាត​ទីជម្រក​ចំនួន១៥ខ្នង​ក្នុង​គំរោង៥០ខ្នង​ ​មួយ​ខ្នង10m​ ​x​ ​12m​ ​នៅ​លើ​ផ្ទៃដី​ ​20m​ ​x​ ​20m​ ​ដែល​អាច​រស់នៅ​បាន​ពីរ​គ្រួសារ​។​

​លោក​បន្ថែម​ទៀត​ថា​ ​លោក​ផាក​ ​PARK​ ​ជួយ​ចេញ​ថ​វិកា​ចំនួន១០ខ្នង​ ​រូប​ខ្ញុំ​ចេញ៥ខ្នង​រួម​ទាំង​ទីតាំង​ដី​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ ​ទឹក​ ​ភ្លើង​ ​ក្នុង​នោះ​ផង​ដែ​ដើម្បី​បង្កើត​ការងារ​អោយ​ប្រជាជន​យើង​បាន​ធ្វើ​ ​លើ​វិស័យ​កសិកម្ម​ ​កសិ​ឧស្សាហកម្ម​កែច្នៃ​ ​យើង​និង​រួមគ្នា​បង្កើត​រោងចក្រ​កែច្នៃ​ផ្លែឈើ​ស្រស់​ ​និង​គ្រាប់ធញ្ញជាតិ​វិច​ខ្ចប់​លក់​ចែកចាយ​នៅក្នុង​ប្រទេស​និង​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ផង​ដែរ​ ​។​ ​



​តែ​យ៉ាងណាក៏ដោយ​ ​លោក​ឧកញ៉ា​ ​មិនបាន​ឱ្យ​ដឹងពី​ទំហំ​ថវិកា​ ​និង​ត្រូវការ​ដី​ក្នុង​ការបង្កើត​រោងចក្រ​កែច្នៃ​ផ្លែឈើ​ស្រស់​ ​និង​គ្រាប់ធញ្ញជាតិ​វិច​ខ្ចប់​ ​ព្រមទាំង​ចាប់ផ្តើម​នៅពេល​ណា​នោះ​ទេ​ ​តែ​លោក​គ្រាន់តែ​ឱ្យ​ដឹង​ថា​ ​ការ​ទ​ទៅ​ទស្សនកិច្ច​ការងារ​របស់​លោក​ឧកញ៉ា​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​នេះ​ ​ក្នុង​គោលបំណង​ពិភាក្សា​អំពី​ការអភិវឌ្ឍន៍​ ​លើ​វិស័យ​វេជ្ជសាស្ត្រ​ ​សុខាភិបាល​ដើម្បី​ផលប្រយោជន៍​សាធារណៈ​នៅ​លើទឹក​ដី​នៃ​កម្ពុជា​ ​និង​ដើម្បី​ពង្រឹង​បន្ថែម​ទៀត​នូវ​ចំណងមិត្តភាព​និង​ទំនាក់ទំនង​សេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​៕​

វិស័យឯកជនទទូចសុំឱ្យអគ្គនាយកដ្ឋានពន្ធដារពិចារណាទៅលើតម្លាភាពសវនកម្ម

ដោយ​ ​៖​ ​រ៉ា​ណេត​ ​

​ភ្នំពេញ​ ​៖​ ​ភាព​ប្រឈម​រវាង​វិស័យ​ឯកជន​ ​និង​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ផ្នែក​សវនកម្ម​ទៅលើ​កិច្ចប្រតិបត្តិ​ការ​ ​និង​ផលរបរ​នៅតែ​ជា​បញ្ហា​ ​ដែល​ទាមទារ​ឱ្យ​មានការ​សិក្សា​ ​និង​ស្វែងរក​ដំណោះស្រាយ​ក្នុងនាម​ភាពជា​ដៃគូ​ ​ដើម្បី​ជំរុញ​ឱ្យ​ការ​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​មាន​ភាព​រីកចម្រើន​បន្ថែម​ទៀត​។​ ​



​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​បាន​បើក​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ទី៤​ ​ដោយ​លើកយក​ ​“​ពន្ធដារ​ ​-​វិស័យ​ផ្សេងទៀត​”​ ​នៃ​យន្តការ​ភាពជា​ដៃគូ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​-​ផ្នែកឯកជន​ ​មក​ធ្វើជា​ប្រធាន​នៅក្នុង​សាល​ប្រជុំ​នៃ​សភា​ពាណិជ្ជកម្ម​កម្ពុជា​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ ​ដើម្បី​ពិគ្រោះ​ពិភាក្សា​ ​និង​ប្រមូល​យក​នូវ​បញ្ហា​ប្រឈម​ ​និង​ក្ដី​កង្វល់​នានា​របស់​ផ្នែកឯកជន​ទាក់ទង​ទៅ​នឹង​ពន្ធដារ​។​ ​

​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​លោក​ឧកញ៉ា​ ​លឹម​ ​ហេង​ ​ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​ខាងលើ​នេះ​បាន​មានប្រសាសន៍​បញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី២០​ ​ខែមករា​ ​ឆ្នាំ២០២០នេះ​ថា​ ​រហូតមកដល់​ពេលនេះ​ ​ក្ដី​កង្វល់​របស់​ផ្នែកឯកជន​ជាមួយនឹង​ពន្ធដារ​ ​នៅតែ​បន្ត​កើតមាន​ ​ដែល​ទាមទារ​ឱ្យ​មានការ​ដំណោះស្រាយ​និង​សម្របសម្រួល​ក្នុង​ភាពជា​ដៃគូ​យ៉ាង​ចាំបាច់​។​ ​

​លោក​ឧកញ៉ា​បាន​មានប្រសាសន៍​ទៀត​ថា​ ​“​វិស័យ​ឯកជន​តែងតែមាន​ការ​ព្រួយបារម្ភ​ទៅលើ​បញ្ហា​សវនកម្ម​ដែល​មិន​មាន​សុ​ក្រិត្យ​ភាព​”​។​ ​លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ ​“​កាលពី​ពេល​កន្លងទៅ​ ​មន្ត្រី​ជំនាញ​មិនបាន​ចុះ​ធ្វើស​វន​កម្ម​ជាប្រចាំ​ឆ្នាំ​នោះ​ទេ​ ​រាប់ទាំង​ក្រុមហ៊ុន​ ​និង​សហគ្រិន​ខ្នាត​តូច​ ​និង​ធម្យម​ផង​ដែរ​ ​លុះ​ពេល​ចុះ​ធ្វើស​វន​កម្ម​ ​គឺ​តែងតែ​ខុសពី​ការប្រកាស​ពន្ធ​ប្រចាំខែ​ ​និង​ប្រចាំឆ្នាំ​ ​ដែល​ភាគី​ខាង​ពាណិជ្ជករ​មាន​កំហុស​ ​និង​ត្រូវ​ទទួលការ​ពិន័យ​ជាប្រចាំ​”​។​ ​


​លោក​ឧកញ៉ា​បាន​បន្ត​ថា​ ​“​ក្រុមហ៊ុន​ដែល​កំពុង​ធ្វើ​ប្រតិបត្តិ​ការ​ស្ទើរតែ​ជាង៩០ភាគរយ​ ​សុទ្ធតែ​ទទួលរង​នូវ​ការ​ផាកពិន័យ​ទាំងអស់​នៅពេល​ធ្វើស​វន​កម្ម​ ​ដែល​ធ្វើ​ឱ្យ​បាត់បង់​នូវ​ឱកាស​ទទួលយក​ប្រាក់បង់​ពន្ធលើប្រាក់ចំណេញ​ចំនួន១ភាគរយ​ប្រចាំឆ្នាំ​ស្ទើរតែ​ទាំងស្រុង​។​ ​ក្រៅពី​នេះ​ ​នៅ​មាន​បញ្ហា​ជាច្រើន​ទៀត​ដែល​កើតមាន​រវាង​ផ្នែកឯកជន​ ​និង​ពន្ធដារ​ ​ដែល​បញ្ហា​ទាំងអស់​នេះ​ ​តាមរយៈ​ក្រុមការងារ​បច្ចេកទេស​ទី៤​ ​របស់​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​កំពុងតែ​សិក្សា​ ​ដើម្បី​ជាមួយ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ ​ដើម្បី​រក​ដំណោះស្រាយ​រួម​ក្នុងនាម​ភាពជា​ដៃគូ​”​។​ ​

​បច្ចុប្បន្ន​ ​សម្រាប់​ផ្នែក​វិិ​ស័យ​ឯកជន​ ​ដែល​ជាស​មា​ជិ​ក​របស់​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​បាន​កើនឡើង​រហូតដល់​ជាង៥០០០​ ​ក្រុមហ៊ុន​ ​និង​សហគ្រាស​ជាតិ​ ​និង​អន្តរជាតិ​ ​ដែល​កំពុងតែ​មានដំណើរ​ការ​អាជីវកម្ម​នៅ​កម្ពុជា​៕​

អ្នកវិនិយោគដែលជោគជ័យ គឺជាអ្នកដែលចេះគ្រប់គ្រងអារម្មណ៍

ដោយ​ ​៖​ ​រ៉ា​ណេត​ ​

​ភ្នំពេញ​ ​៖​ ​នៅក្នុង​ពិភព​នៃ​ការ​ធ្វើជំនួញ​គឺ​ត្រូវ​ប្រឈម​ជាមួយនឹង​បញ្ហា​ ​និង​ឧបសគ្គ​រាប់​រយ​ ​រាប់ពាន់​ជំពូក​ ​ដែល​តម្រូវ​ឱ្យ​មាន​ភាពជា​ម្ចាស់ការ​ ​រួម​ជាមួយ​ភាព​វៃឆ្លាត​ ​ក្នុង​កា​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​។​ ​ប៉ុន្តែ​អ្វី​ដែល​រឹតតែ​សំខាន់​បំផុត​នៅក្នុង​ភាពជា​អ្នកជំនួញ​ជោគជ័យ​ ​គឺ​ការ​ចេះ​គ្រប់គ្រង​អារម្មណ៍​នៅក្នុង​ស្ថានការណ៍​ដែល​លំបាក​។​ ​

​ជា​ការចែក​រំលែក​នូវ​ចំណេះដឹង​ទៅលើ​ការ​ចេះ​គ្រប់គ្រង​អារម្មណ៍​ដូច​ទៅ​នឹង​ប្រធានបទ​ដែល​បាន​លើកឡើង​ខាងលើ​នេះ​ ​លោក​ ​ង៉ែត​ ​ជូ​ ​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​ ​និង​ជា​អ្នកជំនួញ​មួយ​រូប​ផង​ដែរ​នោះ​ ​បាន​លើកយក​វិធីសាស្ត្រ​ដ៏​អស្ចារ្យ​របស់​កំពូល​អ្នកជំនួញ​ជនជាតិ​អាមេរិក​មក​បង្ហាញ​។​ ​

​លោក​ង៉ែត​ ​ជូ​ ​បាន​លើកឡើង​ថា​ ​អ្នកណា​ក៏​ដឹង​ដែរ​ថា​ ​លោក​ ​Warren​ ​Buffett​ ​ជា​អ្នក​វិនិយោគ​ជនជាតិ​អាមេរិកកាំង​ដែល​មាន​ភាព​ជោគជ័យ​ខ្លាំង​បំផុត​។​ ​គាត់​បាន​រៀន​អំពី​របៀប​នៃ​ការគ្រប់គ្រង​អារម្មណ៍​ដែល​រួមចំណែក​ធ្វើ​ឱ្យ​គាត់​អាច​សំរេច​កិច្ច​ការ​ធំៗ​បាន​។​ ​លោក​ទទួល​បានការ​ទូន្មាន​ពី​លោក​ ​Murphyថា​ ​៖​ ​“​នៅ​ថ្ងៃស្អែក​អ្នកតែង​តែ​អាច​ដាក់​បណ្តា​សសារ​អ្នកណា​ម្នាក់​ឱ្យ​ចុះ​នរក​បាន​”​។​

​ដូច្នេះ​អ្នក​មិន​ត្រូវ​បញ្ចេញ​កំ​ហឹង​ភ្លាម​ៗ​ទៅតាម​អារម្មណ៍​ខឹង​នោះ​ទេ​។​ ​លោក​លើកឡើង​ថា​ ​ក្នុង​ស្ថានភាព​មាន​កំហឹង​ ​មនុស្ស​ឆ្លាតវៃ​នឹង​ទប់​អណ្តាត​របស់​ខ្លួន​។​ ​នេះ​សមតា​មកា​រទូ​ន្មា​នរ​បស់​ចាស់​បូរាណ​ខ្មែរ​ដែល​ទូន្មាន​ថា​ ​៖​ ​“​មុននឹង​ស្រដី​ចូរ​គ្រលាស់​អណ្តាត​ឱ្យ​បាន១០០ជុំ​សិន​”​។​



​លោក​ ​Pauline​ ​Yan​ ​អ្នក​សរសេរblog​ ​អំពី​ហិរញ្ញវត្ថុ​បុគ្គល​ ​(​Personal​ ​Finance​)​ ​បាន​លើកឡើង​ថា​លោក​ ​Warren​ ​Buffett​ ​ជា​អ្នក​វិនិយោគ​ជោគជ័យ​ ​ព្រោះ​លោក​យល់​ពី​អារម្មណ៍​ខ្លួនឯង​ ​និង​អារម្មណ៍​មហាជន​។​ ​ហើយ​មហាជន​ប្រើ​អារម្មណ៍​ក្នុង​ការ​សំរេចចិត្ត​ ​អញ្ចឹង​ហើយ​ទើប​លោក​តែង​មាន​វិន័យ​គ្រប់គ្រង​អារម្មណ៍​នៅពេល​លោក​ធ្វើ​សេចក្តី​សំរេចចិត្ត​វិ​និ​យោ​គ​ម្តង​ៗ​។​ ​ជាឧទាហរណ៍​ ​យើង​ទទួល​បានការ​ទូន្មាន​មួយចំនួន​ពី​លោក​ ​Warren​ ​Buffett​ ​ថា​៖​ ​ទី១​-​ ​ចូរ​មានចិត្ត​លោ​ក​ភលន់​នៅពេល​ដែល​អ្នកដទៃ​មានការ​ភ័យខ្លាច​ ​ហើយ​ចូរ​មានការ​ភ័យខ្លាច​នៅពេល​ដែល​អ្នកដទៃ​មានចិត្ត​លោភលន់​ ​(​ ​Be​ ​greedy​ ​when​ ​the​ ​others​ ​are​ ​fearful​,​ ​and​ ​be​ ​fearful​ ​when​ ​the​ ​others​ ​are​ ​greedy​)​ ​ទី២​-​ ​ជា​ចិត្ត​សាស្រ្ត​មនុស្សជា​ច្រើន​រមែង​ចង់បាន​ផល​ចំណេញ​រយៈពេល​ខ្លី​។​ ​អញ្ចឹង​ហើយ​ទើប​លោក​ទូន្មាន​ថា​ ​បើ​អ្នក​មិន​មាន​ចេតនា​វិនិយោគ​រយៈពេល១០ឆ្នាំ​នោះ​ទេ​ ​អ្នក​ក៏​មិន​គួរ​វិនិយោគ​សូម្បីតែ​រយៈពេល១០នាទី​នោះ​ដែរ​៕​