ប្រាសាក់ស្វាគមន៍ភាគទុនិកថ្មីក្នុងការគាំទ្រដល់ការរីកចម្រើនជាមួយគ្នា

ចែករំលែក

ប្រាសាក់ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណទទួលប្រាក់បញ្ញើពីសាធារណជនធំជាងគេ និងមានបទពិសោធន៍ 25 ឆ្នាំនៅទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា ទទួលបានភាគទុនិកធំថ្មីពីប្រទេសកូរ៉េខាងត្បូង គឺ «ធនាគារ ខេប៊ី គូកមីន (KB Kookmin Bank)»។

ធនាគារ ខេប៊ី គូកមីន គឺជាធនាគារឈានមុខគេនៅកូរ៉េខាងត្បូង បានជោគជ័យលើការទិញភាគហ៊ុនចំនួន 70% របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់នៅថ្ងៃទី 10 ខែមេសា ឆ្នាំ 2020 ។ នៅពេលនេះ ប្រាសាក់ ក្លាយជាបុត្រសម្ព័ន្ធមួយ​ក្នុងចំណោមបុត្រសម្ព័ន្ធទាំងអស់របស់ KB Financial Group ហើយ ខេប៊ី គូកមីន បន្តផែនការរបស់ខ្លួនក្នុងការ​បញ្ចូលប្រាសាក់ជាបុត្រសម្ព័ន្ធទាំងស្រុង នៅពេលដែលទិញបានភាគហ៊ុនដែលនៅសល់ចំនួន 30% ទៀតនាពេលអនាគត។

ប្រាសាក់ ត្រូវបានស្គាល់ថាជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមាន​សមិទ្ធផលដ៏​លេចធ្លោក្នុង​ចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ​និងគ្រឹះស្ថានហិរញ្ញវត្ថុធំៗទាំង 5 ​នៅកម្ពុជាដោយផ្អែកលើចំណែកទីផ្សារ​ និងទ្រព្យសកម្មសរុប។ ប្រាសាក់ ប្រតិបត្តិការទូទាំងប្រទេសដោយមានបណ្តាញការិយាល័យចំនួន 180 សាខា និងទីតាំងម៉ាស៊ីន ATM ជិត 150 កន្លែង។

លោក Hur Yin ប្រធាននាយកប្រតិបត្តិរបស់ធនាគារ ខេប៊ី គូកមីន បានថ្លែងថា «ការទិញយកប្រាសាក់នេះ នឹងដើរតួនាទីយ៉ាងសំខាន់​សម្រាប់ការ​ពង្រីក​បណ្ដាញ​ធនាគារសម្រាប់សាធារណជនទូទៅរបស់ធនាគារ ខេប៊ី គូកមីន នៅ​​ទ្វីបអាស៊ី ដែលជាផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​សាកល​របស់ខេប៊ី»។ លោកបន្ថែមទៀតថា «ជាមួយ​នឹង​ផែនការ​រយៈពេល​វែង​ក្នុងការ​ប្រែក្លាយ​ប្រាសាក់ទៅជាធនាគារពាណិជ្ជ យើងសង្ឃឹមថា​នឹង​អភិវឌ្ឍ​ប្រាសាក់​ឱ្យ​ក្លាយជា​ធនាគារ​ឈាន​មុខ​គេ តាមរយៈការផ្ទេរ​សមត្ថភាពផ្នែកធនាគារដ៏រឹងមាំ​របស់​ខេប៊ី និងការធ្វើឱ្យ​ប្រាសាក់ក្លាយជាគ្រឹះក្នុង​ការ​ធ្វើ​អាជីវកម្ម​នៅ​​បណ្ដា​ប្រទេសអាស៊ីអាគ្នេយ៍»។

លោក ស៊ីម សេនាជាតិ ប្រធាននាយកប្រតិបត្តិរបស់​ប្រាសាក់ បានមានប្រសាសន៍ថា «ការវិនិយោគ​របស់ ​ខេប៊ី គូកមីន បង្ហាញ​ពីសញ្ញាណវិជ្ជមាន និងទំនុកចិត្ត​របស់​វិនិយោគិន​បរទេស​មក​លើ​ប្រទេស​កម្ពុជា​និង​ប្រាសាក់។ ថ្នាក់គ្រប់គ្រងនិងបុគ្គលិក ប្រាសាក់សូមស្វាគមន៍ភាគទុនិកថ្មីរបស់យើងគឺ ធនាគារ ខេប៊ី គូកមីន ដែលនឹងជ្រោមជ្រែងប្រាសាក់ក្នុងការបន្តប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពដើម្បីពង្រីកបរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា។»

លោក សេនាជាតិ បានបន្ថែមថា «ប្រាសាក់ តែងតែនាំមុខគេលើទីផ្សារហិរញ្ញវត្ថុដោយមានបណ្តាញប្រតិបត្តិការធំជាងគេ លទ្ធភាពរកប្រាក់ចំណេញខ្ពស់ និងធានាបាននូវកំនើនប្រកបដោយនិរន្តរភាពលើសម្ពៀតឥណទាន និងសមតុល្យប្រាក់បញ្ញើសន្សំ។ យើងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើននៅឆ្នាំ 2019 រួមមាន i). ទ្រព្យសកម្មសរុបមានចំនួន 3.11 ប៊ីលានដុល្លារ ii). សមតុល្យឥណទានសរុបមានចំនួន 2.50 ប៊ីលានដុល្លារ និងមានអតិថិជនសេវាឥណទានសរុបចំនួន 417 ពាន់នាក់ iii). អនុបាតឥណទានមិនដំណើរការមានត្រឹមតែ 0.4% ទាបជាអត្រាទីផ្សារ iv). សមតុល្យប្រាក់បញ្ញើសន្សំសរុបមានចំនួន 1.78 ប៊ីលានដុល្លារ និងមាន 742 ពាន់ គណនីបញ្ញើសន្សំ។»

លោក សេនាជាតិ បានបន្តថា «លទ្ធផលដែលប្រាសាក់សម្រេចបានមកនេះ ដោយសារតែមានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន និយ័តករ អាជ្ញាធរមូលដ្ឋាន ព្រមទាំងការខិតខំប្រឹងប្រែងរបស់ថ្នាក់គ្រប់គ្រងនិងបុគ្គលិកប្រាសាក់ក្នុងការអនុវត្តយុទ្ធសាស្ត្ររបស់យើង ការធ្វើពិពិធកម្មសេវាហិរញ្ញវត្ថុ  ការបណ្តុះវប្បធម៌បុគ្គលិកក្នុងការនាំមកជូននូវការរីកចម្រើនជាមួយគ្នា និងការទាញយកអត្ថប្រយោជន៍ពីបម្រែបម្រួលទីផ្សារ។»

លោក សេនាជាតិ លើកឡើងថា «ដោយមានការវិនិយោគពី ខេប៊ី ប្រាសាក់នឹងនាំ​មក​​នូវផលិតផល​និងសេវាហិរញ្ញវត្ថុ​ទំនើបៗ រួមមាន សេវាហិរញ្ញវត្ថុឌីជីថល និងធ្វើឱ្យប្រសើរនូវបទពិសោធន៍​​ធនាគារដើម្បីឆ្លើយតបតាមតម្រូវការរបស់ទីផ្សារជូនដល់អតិថិជនចាស់ និងអតិថិជនថ្មី ជាពិសេសគឺ សហគ្រាសខ្នាតតូច និងមធ្យម។»

អំពីប្រាសាក់

ប្រាសាក់ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើពីសាធារណជនពីធនាគារជាតិនៃកម្ពុជា និងប្រតិ បត្តិការ 25 ឆ្នាំក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ ប្រាសាក់ផ្តល់សេវាហិរញ្ញវត្ថុ​ដ៏សម្បូរបែបជូន​ដល់​អតិថិជន​ រួមមាន​៖ សេវា​ឥណទាន​ ប្រាក់បញ្ញើ​សន្សំ​ ទូទាត់​វិក្កយបត្រ​ភ្លើង ទូទាត់​វិក្កយបត្រ​ទឹក​ សេវា​ហិរញ្ញវត្ថុ​ឌីជីថល​ ដកប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹ​មប្រា​សាក់​ទោះជា​គ្មាន​ប័ណ្ណ​អេ​ធី​អឹម​ ផ្ទេរ​ប្រាក់​ ប្តូរ​ប្រាក់​ ទិញ​កាត​ទូរស័ព្ទ​ សេវា​ខេម​បូ​ឌាន​ស៊ែ​រស្វ៊ីច​ (CSS​) សេវា​ទូទាត់​រហ័ស​ បើកប្រាក់​បៀវត្ស​ អេ​ធី​អឹម​ ម៉ាស៊ីន​ដាក់​ប្រាក់​ សេវា​ធនាគារ​ចល័ត​ ម៉ាស៊ីន​ឆូត​កាត​ សេវា​ទូទាត់តាម​ប្រព័ន្ធ​បាគង​ សេវាបញ្ជាក់សមតុល្យគណនី និង​សេវា​ហិរញ្ញវត្ថុ​ដទៃ​ផ្សេង​ៗទៀតជូនដល់អតិថិជន។ សម្រាប់ព័ត៌មានបន្ថែម​សូមចូលទៅកាន់​ https://www.prasac.com.kh ។

អំពី ធនាគារ ខេប៊ី គូកមីន (KB Kookmin Bank)

ធនាគារ ខេប៊ី គូកមីន (KB Kookmin Bank) គឺជាធនាគារពាណិជ្ជឈានមុខគេនៅប្រទេសកូរ៉េខាងត្បូង ដែលមានចំនួនសាខាច្រើនជាងគេបំផុតនៅក្នុងវិស័យធនាគារ និងមានអតិថិជនជាង 30 លាននាក់ ដែលសមមូលនឹងជាងពាក់កណ្ដាលនៃចំនួនប្រជាជនកូរ៉េទូទាំងប្រទេស។ ធនាគារ ខេប៊ី គូកមីន ក៏ឈរជាធនាគារនាំមុខគេលើសេវាហិរញ្ញវត្ថុឌីជីថលតាមប្រព័ន្ធទូរស័ព្ទចល័ត រួមមាន Liiv និង KB Star Banking ដោយមានអតិថិជនច្រើនជាង 15 លាននាក់។ ធនាគារ ខេប៊ី គូកមីន បានដើរតួនាទីសំខាន់ក្នុងការរួមបញ្ចូលគ្នាក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់នៅក្នុង KB Financial Group ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.kbstar.com ឬ www.kbfg.com ។


ចែករំលែក