ក្រុមប្រឹក្សាធុរកិច្ចអាមេរិក និងអាស៊ាននឹងជួយកម្ពុជាធ្វើពិពិធកម្មផលិតផលទេសចរណ៍

ដោយ​ ​ប៊ី​

​ភ្នំពេញ​៖​ ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​ ​និង​អាស៊ាន​នឹង​ជួយ​កម្ពុជា​ក្នុង​ការគ្រប់គ្រង​វិស័យ​ទេសចរណ៍​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​ ​និង​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​តាមរយៈ​គម្រោង​វិនិយោគ​។​

​សេចក្តី​ថ្លែងការណ៍​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​លោក​ ​Michael​ ​W​.​ ​Michalak​ ​អនុប្រធាន​ក្រុមប្រឹក្សា​នៅក្នុង​កិច្ចប្រជុំ​របស់​លោក​ជាមួយ​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​កម្ពុជា​លោក​ថោង​ ​ខុន​ ​នៅ​ខាងក្រៅ​វេទិកា​ទេសចរណ៍​អាស៊ាន​ដែល​បាន​ធ្វើឡើង​នា​ពេល​ថ្មី​ៗ​នេះ​នៅ​ប្រទេស​ប្រ៊ុយណេ​។​ ​

​ជំនួយ​នេះ​មាន​គោលបំណង​ជំរុញ​ការអនុវត្ត​ស្តង់ដារ​ទេសចរណ៍​អាស៊ាន​ ​និង​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ​សហប្រតិបត្តិ​ការ​ពហុភាគី​ ​និង​អាស៊ាន​។​

​បន្ថែម​លើ​នេះ​ ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​ ​និង​អាស៊ាន​មាន​គោលបំណង​គាំទ្រ​ដល់​ការ​ពង្រឹង​សមត្ថភាព​ជំនាញ​ ​និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​សម្រាប់​វិស័យ​ទេសចរណ៍​របស់​ប្រទេស​នេះ​ដោយ​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាជន​ក្នុង​តំបន់​និង​កាត់បន្ថយ​ភាព​ក្រីក្រ​តាមរយៈ​គម្រោង​នានា​ ​លើ​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​តាម​សហគមន៍​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​ភាពជា​ដៃគូ​រដ្ឋ​ ​និង​ឯកជន​។​

​យោង​តាម​ក្រសួងទេសចរណ៍​ ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​ប្រទេស​កម្ពុជា​ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា​មាន​ចំនួន​ ​៦,៦​ ​លាន​នាក់​នៅក្នុង​ឆ្នាំ​ ​២០១៩​។​ ​កាលពី​ឆ្នាំមុន​ប្រទេស​នេះ​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​ ​៦,២លាន​នាក់​៕​

ខេត្តបាត់ដំបង និងខេត្តអិហ៊ិមិរបស់ជប៉ុនចងសម្ព័ន្ធមេត្រីភាពដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច

ដោយវុត្ថា

ខេត្តបាត់ដំបង៖ ខេត្តបាត់ដំបងរបស់កម្ពុជា និងខេត្តអិហ៊ិមិរបស់ជប៉ុនបានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិវឌ្ឍន៍។

លោក ងួន រតន: អភិបាលខេត្តបាត់ដំបង នៅក្នុងពិធីចុះហត្ថលេខាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០កាលពីម្សិលមិញនេះថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ការបង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការនេះ ក្នុងគោលបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច នៃភាគីទាំងពីរដោយគោរពទៅតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនៃប្រទេសទាំងពីរ។

លោកបន្តថា ដោយមានការជំរុញ និងគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ភាគីទាំងពីរព្រមព្រៀង សហការគ្នាទៅតាមលក្ខខណ្ឌ ដើម្បីអនុវត្តសកម្មភាព និងគម្រោងនានា ឈានទៅរកការអភិវឌ្ឍសេដ្ឋកិច្ចរបស់ភាគីទាំងពីរ តាមរយៈការប្រើប្រាស់ផលិតផល និងបច្ចេកវិទ្យានានាពីខេត្តអិហ៊ិមិ។

កិច្ចសហប្រតិបត្តិការរវាងភាគីទាំង២រួមមាន៖

១៖ ភាគីទាំងពីរនឹងបង្កើតចំណងមិត្តភាពដោយឈរលើគោលការណ៍ស្មើភាពជឿជាក់ និងគោរពគ្នាទៅវិញទៅមក។

២៖ ភាគីទាំងពីរយល់ព្រមសហការ លើវិស័យពាណិជ្ជកម្ម វិនិយោគ ការអភិវឌ្ឍបច្ចេកវិទ្យា និងធនធានមនុស្ស ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងការផ្លាស់ប្តូរអន្តរតំបន់ ដោយឈរលើគោលការណ៍ផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក។

៣៖ ភាគីទាំងពីរនឹងសហការគ្នា ជំរុញភាពជឿនលឿនលើវិស័យឧស្សាហកម្ម ដោយផ្តោតសំខាន់លើឧស្សាហកម្មកែច្នៃចំណីអាហារ តាមរយៈការប្រើប្រាស់ផលិតផល និងបច្ចេកវិទ្យានានារបស់ខេត្តអិហ៊ិមិ។

៤៖ ភាគីទាំងពីរនឹងជំរុញឱ្យមានការផ្លាស់ប្តូរ រវាងវិស័យឯកជន ដើម្បីជួយលើកទឹកចិត្ត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឧស្សាហកម្ម ការផ្លាស់ប្តូរធនធានមនុស្ស និងវិស័យពាក់ព័ន្ធផ្សេងៗ

ទៀតនៅក្នុងខេត្តបាត់ដំបង និងខេត្តអិហ៊ិមិ។

៥៖ ភាគីទាំងពីរនឹងសហការគ្នា ធ្វើកិច្ចការសំដៅពង្រឹងការផ្លាស់ប្តូរព័ត៌មាន និងធ្វើការរួមគ្នា ដើម្បីបង្កើតកាលានុវត្តភាពពាណិជ្ជកម្ម ជំរុញឱ្យមានការផ្លាស់ប្តូរទៅវិញទៅមក និងកសាងនូវទំនាក់ទំនងកាន់តែជិតស្និទថែមទៀត រវាងខេត្តបាត់ដំបង និងខេត្តអិហ៊ិមិ។

លោក គូគីប៊ី ណាកាប៉ូរ៉ា អភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ដល់រដ្ឋបាលខេត្តបាត់ដំបង បានយកចិត្តទុកដាក់ទទួលរាក់ទាក់ និងស្វាគមន៍យ៉ាងកកក្តៅដល់ប្រតិភូខេត្តអិហ៊ិមិ និងឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ៕

 

រោងចក្រដើរដោយម៉ាស៊ីនទំនើបកម្មកែច្នៃ និងវេចខ្ចប់ផ្លែឈើតម្លៃ១០លានដុល្លារបានបើកដំណើរការ

ដោយៈ​ ​រ៉ា​ណេត​ ​

​កំ​ពង់​ស្ពឺៈ​ ​រោងចក្រ​កែច្នៃ​ ​និង​វេច​ខ្ចប់​ផ្លែឈើ​ស្រស់​នាំចេញ​ ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ​ដែល​ដំណើរការ​ដោយ​ម៉ាស៊ីន​ទំនើបកម្ម​ ​ក្រោម​ការ​វិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​ក្នុង​ស្រុក​ ​និង​ក្រុមហ៊ុន​កូរ៉េ​ ​ដែល​មាន​ទីតាំងនៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ​បាន​ចាប់ផ្តើម​សម្ពោធ​ដំណើរការ​ជា​ផ្លូវការ​ហើយ​។​ ​

​បន្ទាប់ពី​ទទួល​បានការ​សម្រេច​អនុម័ត​ពី​រដ្ឋាភិបាល​កម្ពុជា​ ​នៅ​ត្រឹម​ថ្ងៃទី១៥​ ​ខែមករា​ ​ឆ្នាំ២០២០​ ​រោងចក្រ​វេច​ខ្ចប់​កែច្នៃ​ ​និង​នាំចេញ​ផ្លែឈើ​ស្រស់​ទៅ​ក​នា់​ទីផ្សារ​អន្តរជាតិ​របស់​ក្រុមហ៊ុន​ ​ហ៊ី​យិ​នដាយ​ ​ម៉ៅ​ ​លី​ហ្គើល​ស៊ី​ ​ឯ.ក​ ​(​HYHUNDAI​ ​MAO​ ​LEGACY​ ​Co​,​.​Ltd​)​ ​ដែល​មាន​ទំហំ​ទុន​ដំបូង​ចំនួន១០លាន​ដុល្លារ​ ​ក្រោម​ការ​វិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​ក្នុង​ស្រុក​ ​និង​ក្រុមហ៊ុន​កូរ៉េ​ ​ត្រូវ​បាន​បើក​សម្ពោធ​ដំណើរការ​ជា​ផ្លូវការ​ក្រោម​វត្តមាន​របស់​លោក​ឧត្តមសេនីយ៍ឯក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​អគ្គ​មេបញ្ជាការ​រង​ ​និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ​។​ ​

​អភិបាលខេត្ត​កំពង់ស្ពឺ​ ​លោក​វ៉ី​ ​សំណាង​ ​បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី១៥​ ​ខែមករា​ ​ឆ្នាំ២០២០ថា​ ​រោងចក្រ​មួយ​នេះ​ ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ពាម​ទុង​ ​ឃុំ​ត្រែងត្រយឹង​ ​ស្រុក​ភ្នំស្រួច​ ​ខេត្ត​កំពង់ស្ពឺ​ ​ហើយក៏​ជា​រោងចក្រ​លើកដំបូង​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​ ​ដែល​មាន​ប្រតិបត្តិ​ការ​ភាគច្រើន​ ​ដើរ​ដោយ​ម៉ាស៊ីន​ទំនើបកម្ម​ច្រើនជាង​ការប្រើ​កម្លាំង​កម្មករ​។​

​លោក​បន្ត​ថា​ ​“​ទីផ្សារ​គោលដៅ​ដំបូង​នៃ​ការនាំចេញ​ផ្លែឈើ​ស្រស់​ ​ដែល​ធ្វើការ​វេច​ខ្ចប់​ដោយ​រោងចក្រ​មួយ​នេះ​ ​គឺ​ឆ្ពោះទៅ​កាន់​ប្រទេស​កូរ៉េ​ ​ហើយ​ជំ​ហ៊ាន​បន្ទាប់​ឆ្ពោះទៅ​កាន់​ទីផ្សារ​ប្រទេស​ក្នុង​តំបន់​ដូចជា​ប្រទេស​ជប៉ុន​ ​ចិន​ ​និង​អារ៉ាប់រួម​ ​ខណៈ​ដែល​លទ្ធភាព​របស់​រោងចក្រ​អាច​ដំណើរការ​ក្នុង​ចន្លោះ​ចាប់ពី​ ​៦០​-​១០០​ ​តោន​ ​ក្នុង​មួយថ្ងៃ​”​។​ ​លោក​បាន​បន្ត​ថា​ ​“​ជា​ជំ​ហ៊ាន​បន្ទាប់​ក្រោយពី​ទទួល​បានការ​គាំទ្រ​ ​និង​បំបែក​ទីផ្សារ​បាន​ដូច​ក្នុង​ផែនការ​របស់​ក្រុមហ៊ុន​ដែល​បាន​រៀបចំ​ទុក​ ​នឹង​ពង្រីក​វិសាលភាព​ ​រួម​ជាមួយនឹង​លទ្ធភាព​ក្នុង​ការ​វេច​ខ្ចប់​បន្ថែម​ឱ្យ​កាន់តែ​ច្រើន​ ​ដែល​អាច​ផ្តល់​ឱកាស​ការងារ​ដល់​ប្រជាជន​ ​ក្នុង​តំបន់​ជាច្រើន​រយ​កន្លែង​”​។​ ​

​តាមរយៈ​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​បាន​បង្ហើប​ប្រាប់​ថា​ ​ការ​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​រោងចក្រ​វេច​ខ្ចប់​កែច្នៃ​ ​នាំចេញ​ផ្លែឈើ​ស្រស់​មួយ​នេះ​ ​គឺ​គ្រាន់តែ​ជាស​មិទ្ធ​ផល​ថ្មី​មួយ​ក្នុងចំណោម​គម្រោង​ជាច្រើន​ទៀត​ ​ដែល​គ្រោង​នឹង​ដាក់​ដំណើរការ​នៅក្នុង​ឆ្នាំ២០២០នេះ​ ​ខណៈ​ដែល​រាជរដ្ឋាភិបាល​ ​បានសម្រេច​អនុម័ត​រួចរាល់​តាំង​អំ​ចុងឆ្នាំ២០១៩កន្លងទៅ​។​ ​គម្រោង​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​អនុម័ត​ទាំងអស់​នោះ​ ​រួមមាន​ ​ដូចជា​គម្រោង​ចក្រ​ផលិត​កាបូប​ ​រោង​ស្បែកជើង​ ​រោងចក្រ​តម្លើង​គ្រឿង​បង្គុំ​ ​និង​រោងចក្រ​ផ​លិ​ត​បរិ​ក្ខា​អគ្គិសនី​ ​ហើយ​ក្រៅពី​នេះ​ ​នៅ​មាន​គម្រោង​អភិវឌ្ឍន៍​លើ​វិស័យ​ទេសចរណ៍​ផង​ដែរ​៕​

តើជប៉ុនបាននឹងកំពុងជួយស្តារហេដ្ឋារចនាសម្ព័ន្ធធំៗអ្វីខ្លះដល់កម្ពុជា?

ដោយ​វុត្ថា

​ភ្នំ​ពេញៈ​ ​ដោយ​មិន​គិត​ពីអ​តិត​កាល​ ​ប្រទេស​ជប៉ុន​គឺជា​ដៃគូ​ដ៏​ខាន់​របស់​កម្ពុជា​ក្នុង​ការ​ជួយ​អភិវឌ្ឍន៍​ ​លើក​គ្រប់​វិស័យ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ​ដោយឡែក​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​ដឹក​ជញ្ជូន​ធំៗ​ចំនួន១០​ ​ដែល​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា​មួយ​នេះ​ ​បាន​នឹង​កំពុង​ជួយ​ស្តារ​ ​និង​លើកកម្ពស់​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​មានការ​រីក​ចំរើន​ជាបន្តបន្ទាប់​។​

​១​ ​គម្រោង​សាងសង់​ពង្រីក​ផ្លូវជាតិ​ ​លេខ៥

​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើងវិញ​ ​នូវ​កំណាត់ផ្លូវ​ជាតិ​លេខ៥​ ​គឺជា​គម្រោង​ក្រោម​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​ជប៉ុន​ ​តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ជប៉ុន​ប្រចាំ​កម្ពុជា​ ​(​JICA​)​។​ ​គម្រោង​នេះ​នឹង​ពង្រីក​ពី២គន្លង​ ​ទៅ៤គន្លង​ ​គឺ​ផ្តើម​សាងសង់​ចេញពី​ព្រែក​ក្តាម​ ​រហូតដល់​ក្រុង​ប៉ោយប៉ែត​ ​មាន​ប្រវែង​សរុប៣៦៦គីឡូម៉ែត្រ​ ​ដែល​គ្រោង​ចំណាយ​ថវិកា​ប្រមាណ៥០០លាន​ដុល្លារ​។​

២​ ​គម្រោង​ពង្រីក​កំពង់ផែ​ស្វយ័ត​ក្រុង​ ​ព្រះសីហនុ​

​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ ​(​JICA​)​ ​បាន​ជួយ​ក្នុង​ការ​អភិវឌ្ឍ​កំពង់ផែ​ ​និង​ការ​ពង្រឹង​សមត្ថភាព​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ​ ​តាមរយៈ​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ ​កិច្ច​សហប្រតិបត្តិ​ការ​បច្ចេកទេស​ ​និង​កម្ចី​ហិរញ្ញប្បទាន​។​

​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ ​គឺជា​កំពុង​ផែ​សមុទ្រ​ទឹកជ្រៅ​អន្តរជាតិ​ ​តែមួយគត់​ ​ក្នុង​ប្រទេស​កម្ពុជា​ ​ស្ថិតនៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ​ដែល​ជា​ច្រករបៀង​សេដ្ឋកិច្ច​ភាគ​ខាងត្បូង​រវាង​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​ព្រះសីហនុ​។​

​៣​ ​គម្រោង​ប្រើ​ ​ប្រាស់​ប្រព័ន្ធPort​ ​EDIនៅ​កំពង់ផែ​

​គម្រោង​ប្រព័ន្ធ​កំពង់ផែ​ ​Electronic​ ​Data​ ​Interchange​(​EDI​)​ ​ដែល​ស្ថិត​ក្រោម​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ ​តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ ​JICA​ ​ក្នុងទឹក​ប្រាក់​ប្រមាណ​ជា១៤លាន​ដុល្លារ​អាមេរិក​ ​នឹង​ដាក់ឲ្យ​ដំណើរការ​នៅ​ខែមេសា​ ​ឆ្នាំ២០២១​ ​ខាងមុខនេះ​។​

​ប្រព័ន្ធ​ផ្លាស់​ប្តូរ​ទិន្នន័យ​អេឡិចត្រូនិក​សម្រាប់​កំពង់ផែ​ឬ​ ​Electronic​ ​Data​ ​Interchange​ ​គឺជា​ប្រព័ន្ធ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ ​ដើម្បី​គ្រប់គ្រង​ព័ត៌មាន​ប្រកបដោយ​ប្រសិទ្ធិ​ភាព​លើ​ប្រតិ​បត្ដិ​ការនាំចេញ​នាំចូល​របស់​ទំនិញ​ ​ដែល​នឹង​ធ្វើឲ្យ​នីតិវិធី​កំពង់ផែ​។​

​៤​ ​ផែនការមេ​ភស្តុភារ​កម្ម​

​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ ​(​JICA​)​ ​បាន​ធ្វើ​ផែនការមេ​រយៈពេល៥ឆ្នាំ​ ​ដើម្បី​កែ​លម្អ​ប្រព័ន្ធ​ភស្តុភារ​កម្ម​ ​(​បណ្តាញ​ដឹកជញ្ជូន​ទំនិញ​)​ ​ជា​ការ​ជួយ​ជំរុញ​វិស័យ​ដឹកជញ្ជូន​ទំនិញ​ ​(​Logistics​)​ ​នៅ​កម្ពុជា​ ​ឲ្យ​ប្រើ​ពេលវេលា​កាន់តែ​តិច​ ​ដឹកទំនិញ​បាន​លឿន​ ​និង​មានតម្លៃ​ថោក​។​ ​

​ការ​ជួយ​ជ្រោមជ្រែង​ពី​មិត្ត​ជប៉ុន​នេះ​ ​ក្នុង​គោលដៅ​ធ្វើឲ្យ​បណ្ដាញ​ដឹកជញ្ជូន​ ​នៅ​កម្ពុជា​ ​មានតម្លៃ​ប្រហាក់​ប្រហែល​ប្រទេសជិតខាង​ ​ខណៈ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ ​វិស័យ​ដឹកជញ្ជូន​ទំនិញ​ ​មានតម្លៃ​ខ្ពស់​ជាង​ប្រទេសជិតខាង​ ​និង​បណ្តា​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់​ ​និង​ពិភពលោក​។​

​៥​ ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​រថភ្លើង​ស្វ័យប្រវត្តិ​(​AGT​)​

​ទី​ភ្នាក់​ងា​សហប្រតិបត្តិ​ការអន្តរជាតិ​ជប៉ុន​ ​(​JICA​)​ ​បានការ​សិក្សា​គម្រោង​សាងសង់​រថភ្លើង​ស្វ័យប្រវត្តិ​ ​AGT​ ​នៅ​រាជធានី​ភ្នំពេញ​។​គម្រោង​រថភ្លើង​ស្វ័យប្រវត្តិ​ ​AGT​ ​គឺជា​ដំណោះស្រាយ​លើ​ការ​ដឹកជញ្ជូន​អ្នកដំណើរ​ក្នុង​ក្រុងភ្នំពេញ​ ​ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ ​ហើយក៏​ដើម្បី​ត្រៀម​សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំ២០២៣​ ​ខាងមុខនេះ​ផង​ដែរ​។​

​ការសិក្សា​គម្រោង​ខាងលើ​ ​គឺ​ត្រូវ​បា​នប​ញ្ជប់​ ​ក៏ប៉ុន្តែ​ ​ក្រសួង​មិនទាន់​ទទួល​បាន​ឯកសារ​នានា​ស្តីអំពី​ព័ត៌មាន​លំអិត​នៃ​គម្រោង​នេះ​នៅឡើយ​ទេ​។​

​៦​ ​គម្រោង​មេគង្គ​-​ជប៉ុន​ដើម្បី​ជំរុញ​ការ​ដឹកជញ្ជូន​តាមផ្លូវទឹក​

​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​បាន​និង​កំពុង​សិក្សា​ ​ជំរុញ​អោយ​មានការ​ដឹកជញ្ជូន​តាមផ្លូវទឹក​ស្របតាម​គម្រោង​មេគង្គ​-​ ​ជប៉ុន​ ​ដើម្បី​ជំរុញ​ការ​ដឹកជញ្ជូន​តាមផ្លូវទឹក​ ​ដែល​រដ្ឋាភិបាល​ទាំងពីរ​បាន​ដាក់ចេញ​។​ ​គម្រោង​នេះ​ ​នឹង​ជួយ​ឱ្យ​ការ​ដឹកជញ្ជូន​តាមផ្លូវទឹក​របស់​កម្ពុជា​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​ ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ដឹកជញ្ជូន​ទំនិញ​ ​និង​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។​ ​
​ក្រៅពី​នេះ​ ​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹក​ជ​ញ្ជូ​បាន​នឹង​កំពុងធ្វើការ​ជាមួយ​ទីភ្នាក់ងារ​ ​JICA​ ​ដើម្បី​សម្រប​ ​សម្រួល​រវាង​កម្ពុជា​និង​ភាគី​ថៃ​ទាក់ទង​នឹង​ការ​បើក​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​ ​(​ស្ពាន​ស្ទឹង​បត់​)​ជា​បណ្ដោះអាសន្ន​ ​ដើម្បី​សម្រួល​ដល់​ការ​កកស្ទះ​ចរាចរណ៍​ពី​ការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ជាប់​ព្រំដែន​ថៃ​ ​ខណៈ​កំពុង​ ​រង់ចាំ​ការ​បញ្ចប់​ការសាងសង់​អគារ​រដ្ឋបាល​ជាដើម​៕​

តើ “លុយក្រឹត្យ” មានន័យដូចម្តេច?

ដោយ​ ​Propertyarea.asia​

​ភ្នំ​ពេញៈ​ ​លុយ​ក្រឹត្យ​ ​(​Fiat​ ​money​)​ ​គឺជា​លុយ​ដែល​គ្មាន​តម្លៃ​មជ្ឈន្តិកៈ​ ​ត្រូវ​បាន​ហៅថា​លុយ​ក្រឹត្យ​ ​(​Fiat​ ​money​)​។​ ​ក្រឹត្យ​ ​(​Fiat​)​ ​មានន័យថា​ជាលំដាប់​ ​ឬ​កម្រិត​,​ ​ហើយ​លុយ​ក្រឹត្យ​ ​ត្រូវ​បាន​បង្កើត​ឡើងជា​លុយ​ដោយ​ក្រឹត្យ​រដ្ឋាភិបាល​។​ ​(​តម្លៃ​មជ្ឈន្តិកៈ​ ​មានន័យថា​ ​វត្ថុ​មួយ​នឹង​មានតម្លៃ​ ​សម្បី​តែ​វា​មិន​ត្រូវ​បាន​ប្រើប្រាស់​ជា​លុយ​)​។​

​ឧទាហរណ៍​ ​ចូរ​ប្រៀបធៀប​ប្រាក់​ដុល្លារ​ ​នៅក្នុង​កូន​កាបូប​លុយ​របស់​អ្នក​(​ដែល​ត្រូវ​បាន​បោះពុម្ព​ដោយ​រដ្ឋាភិបាល​អាមេរិក​)​ ​និង​ប្រាក់​ដុល្លារ​ ​ដែល​បាន​មក​ពី​ហ្គេម​ម៉ូណូ​ប៉ូលី​ ​(​ដែល​ត្រូវ​បា​នបោះពុម្ភ​ដោយ​ក្រុ​មហ៊ុនហ្គែម​ ​Barker​ ​Brothers​)​។​ ​

​ហេតុអ្វីបានជា​អ្នក​អាច​ប្រើប្រាស់​ប្រាក់​ដុល្លារ​ប្រភេទ​ទីមួយ​ ​ដើម្បី​ទូទាត់​វិក្កយបត្រ​របស់​ភោជនីយដ្ឋាន​បាន​ ​ប៉ុន្តែ​មិន​អាច​កើតឡើង​សម្រាប់​ប្រាក់​ដុល្លារ​ប្រភេទ​ទី២​?​ចម្លើយ​គឺថា​ ​រដ្ឋាភិបាល​អាមេរិក​បាន​ចេញ​ក្រឹត្យ​ ​(​ការ​អនុញ្ញាតិ​)​ដល់​ដុល្លារ​របស់​ខ្លួន​ថា​ ​ជា​លុយ​ផ្លូវការ​។​

​ដុល្លារ​នី​មួយ​ៗ​ ​នៅក្នុង​កូន​កាបូប​របស់​អ្នកមាន​ន័យ​ថា​ ​“​ក្រដាស​នេះ​គឺជា​រូបិយប័ណ្ណ​ស្របច្បាប់​ ​ដែល​អាច​ប្រើប្រាស់​សម្រាប់​ការ​ទូទាត់​សង​ ​ទាំង​ផ្នែក​សាធារណៈ​ ​និង​ឯកជន​”​។​

​ទោះបីជា​រដ្ឋាភិបាល​មានលទ្ធភាព​ក្នុង​ការបង្កើត​ ​និង​ដាក់បញ្ញត្តិ​លើ​ប្រព័ន្ធ​លុយ​ក្រឹត្យ​យ៉ាងណា​ក្តី​ ​(​ជាឧទាហរណ៍​ ​ដោយ​ចោទប្រកាន់​ ​និង​ផ្តន្ទា​ទោស​ទៅដល់​អ្នក​ក្លែង​ក្រដាសប្រាក់​ជាដើម​)​ ​ក៏​នៅ​មានក​ត្តា​ផ្សេងទៀត​ផង​ដែរ​ ​ដែល​ត្រូវការ​ជាចាំបាច់​សម្រាប់​ភាព​ជោគជ័យ​របស់​ប្រព័ន្ធ​រូបិយវត្ថុ​បែបនេះ​។​ ​

​ជា​ការពិត​ ​និង​ដ៏​សំខាន់​ ​ការ​ទទួលយក​លុយ​ក្រឹត្យ​ ​គឺ​ពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅលើ​ការ​រំពឹង​ទុក​ ​(​Expectation​)​ ​និង​ទម្លាប់​សង្គម​ ​(​Social​ ​convention​)​ ​ជាជាង​ទៅលើ​ក្រឹត្យ​ច្បាប់​រដ្ឋាភិបាល​។​ ​

​រដ្ឋាភិបាល​សូវៀត​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ១៩៨០​ ​មិនធ្លាប់​បោះបង់ចោល​លុយ​រូបឹ​ស​ដែល​ជា​រូបិយវត្ថុ​ផ្លូវការ​ឡើយ​ ​ប៉ុន្តែ​ប្រជា​ជន​មូស្​តូ​សប្បាយចិត្ត​នឹង​ទទួលយក​បារី​ ​(​ឬ​សូម្បីតែ​លុយ​ដុល្លារ​អាមេរិក​)​ ​នៅក្នុង​ការដោះដូរ​ទំនិញ​ ​និង​សេវាកម្ម​ ​ដោយសារតែ​ពួកគេ​យល់ថា​ ​លុយ​ទាំងនេះ​នឹង​ត្រូវ​បាន​គេ​ទទួលយក​ ​ដោយ​អ្នក​ផ្សេងទៀត​នៅពេលអនាគត​៕​

សេដ្ឋកិច្ចរបស់បណ្តាប្រទេសក្នុងគម្រោងខ្សែក្រវ៉ាត់១និងផ្លូវថ្នល់១មានកំណើនខ្ពស់

ដោយ​ ​Donald​ ​Lee​

​ភ្នំ​ពេញៈ​ ​សេដ្ឋកិច្ច​របស់​បណ្តា​ប្រទេស​ ​ដែល​សមាជិក​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ាត់​ ​និង​ផ្លូវ​របស់​ប្រទេស​ចិន​ ​(​BRI​)​ ​ដែល​រួមបញ្ចូល​ទាំង​ប្រទេស​កម្ពុជា​ ​ទទួល​បាន​នូវ​កំណើន​ដ៏​រឹងមាំ​នៅ​ឆ្នាំ២០១៩​ ​ដោយមាន​ជំនួយ​ពី​ការ​វិនិយោគ​របស់​ទីក្រុង​ប៉េកាំង​ ​ចំ​ពេល​មាន​វិបត្តិសេដ្ឋកិច្ច​ពិភពលោក​។​

​យោង​តាម​ទិន្នន័យ​ ​ដែល​ចេញផ្សាយ​ដោយ​រដ្ឋបាល​គយ​ចិន​ ​ពាណិជ្ជកម្ម​របស់​ចិន​ជាមួយ​បណ្តា​ប្រទេស​ ​BRI​ ​បាន​កើនឡើង​ជាង១០ភាគរយ​ពីឆ្នាំ​មុន​ ​ដែល​ស្មើនឹង១,៣៤​ ​ពាន់​លាន​ដុល្លារ​។​

​នៅក្នុង​ប្រទេស​នី​មួយ​ៗ​ ​ក្នុងចំណោម​បណ្តា​ប្រទេស​ចំនួន២៥ប្រទេស​ចិន​ ​បាន​ក្លាយជា​ប្រទេស​ពាណិជ្ជកម្ម​លេខមួយ​។​
​កាលពី​ឆ្នាំ២០១៨​ ​ក្រុមហ៊ុន​ចិន​បាន​វិនិយោគ៣,៨ពាន់​លាន​ដុល្លារ​អាមេរិក​ ​លើ​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​ ​និង​គម្រោង​ផ្លូវ​ល្បឿន​លឿន​នៅ​កម្ពុជា​។​

​ការ​វិនិយោគ​ភាគច្រើន​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ ​គឺ​ផ្តោត​លើ​គម្រោង​ដឹកជញ្ជូន​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ ​ពិសេស​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ​ព្រះសីហនុ​ដែល​មាន៤គន្លង​ជាមួយនឹង​ទឹកប្រាក់​ចំនួន២,០៨​ ​ពាន់​លាន​ដុល្លារ​ ​ហើយនឹង​ក្លាយជា​ច្រករបៀង​ដ៏​សំខាន់​សម្រាប់​ការនាំចេញ​ ​និង​នាំចូល​។​ ​នេះ​គឺជា​ការ​ចង្អុលបង្ហាញ​ ​ពី​ការ​វិនិយោគ​មុន​ ​ពេល​គម្រោង​ផ្តួចផ្តើម​ខ្សែ​គម្រោង​ក្រវាត់១​ ​និង​ផ្លូវ១​ ​ដែល​ការ​វិនិយោគ​ដើមទុន​ធំ​ផ្តោត​លើ​គម្រោង​ថាមពល​ជា​ ​ពិសេស​គម្រោង​ទំនប់​វារីអគ្គិសនី​នៅ​ទូទាំង​ប្រទេស​។​

​សេដ្ឋកិច្ច​មហាអំណាច​សេដ្ឋកិច្ច​ចិន​ ​សព្វថ្ងៃ​រួមចំណែក​ជាង៣០ភាគរយ​ ​ដល់​កំនើន​សេដ្ឋកិច្ច​ពិភពលោក​។​

​ចិន​គឺជា​ប្រទេស​ឧស្សាហកម្ម​ធំ​បំផុត​ ​ដែល​ជា​ប្រទេស​ពាណិជ្ជកម្ម​ធំជាង​គេ​ ​ដែល​មាន​ទុន​បំរុង​ប្តូរ​រូបិយប័ណ្ណ​បរទេស​ធំ​ ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​ ​និង​កាន់កាប់​ជាម​ហា​អំណាច​សេដ្ឋកិច្ច​លំដាប់​ទី២នៅ​លើ​ពិភពលោក​។​

​ប្រទេស​ចំនួន១២៣​ ​និង​អង្គភាព​អន្តរជាតិ​ចំនួន២៩​ ​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សរុប​ចំនួន១៧១​ ​ជាមួយនឹង​គម្រោង​ខ្សែ​ក្រ​វ៉ាត់១​ ​និង​ផ្លូវ១ជាមួយ​ប្រទេស​ចិន​ដែល​ភាគច្រើន​ពាក់ព័ន្ធ​ ​នឹង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រង់ទ្រាយ​ធំ​ ​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​។​

​លោក​ស៊ី​បាន​និយាយ​នៅក្នុង​សុន្ទរកថា​ឆ្នាំ​ថ្មី​ឆ្នាំ​ ​២០១៩​ ​របស់​លោក​ថា​ ​“​យើង​នឹង​បន្ត​ជំរុញ​ឆ្ពោះទៅ​មុខ​ ​ជាមួយនឹង​ការ​រួមគ្នា​នៃ​គម្រោង​ខ្សែ​ក្រ​វ៉ាត់១​ ​និង​ផ្លូវ១​(​BRI​)​ ​និង​បន្ត​តស៊ូ​មតិ​ ​ដើម្បី​ការ​អភិវឌ្ឍ​សហគមន៍​ ​នៃ​អនាគត​រួមគ្នា​សម្រាប់​មនុស្សជាតិ​ ​ហើយ​យើង​នឹង​ធ្វើការ​ដោយ​មិន​ចេះ​នឿយហត់​ ​ដើម្បី​ពិភពលោក​ដែល​កាន់តែ​រីកចម្រើន​ ​និង​ស្រស់​ស្អាត​”​៕​

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បើកកិច្ចប្រជុំជាថ្មីដើម្បីពង្រឹងស្ដង់ដា និងគុណភាពសំណង់

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្រោមការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ផ្តោតទៅលើគុណភាព និងសុវត្ថិភាពសំណង់ជាចម្បង ឈានទៅលុបបំបាត់សំណង់ខុសបច្ចេកទេសនៅកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបន្តបើកកិច្ចប្រជុំស្ដីពីវិធានការពង្រឹងការងារត្រួតពិនិត្យសំណង់នៅទូទាំងប្រទេស។

នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជា សុផារ៉ា បានបើកកិច្ចប្រជុំជាថ្មីស្ដីពី «វិធានការពង្រឹងការងារត្រួតពិនិត្យសំណង់» នៅទូទាំង២៥ ខេត្ត/ក្រុង ក្រោមការចូលរួមពីសំណាក់មន្ត្រីជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។

អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះថា កិច្ចប្រជុំមួយនេះបានផ្តោតសំខាន់ទៅលើវិធានការ និងការងារចុះត្រួតពិនិត្យគុណភាពសំណង់នានានៅទូទាំងប្រទេស ដោយបានបែងចែកមន្ត្រីជំនាញជា៩ក្រុមដែលមានសមត្ថកិច្ចទទួលខុសត្រូវផ្សេងគ្នា។

លោក សេង ឡូត បានមានប្រសាសន៍បញ្ជាក់ថា “ក្នុងចំណោមទាំង៩ក្រុម នឹងត្រូវបែងចែកតំបន់ទទួលខុសត្រូវផ្សេងៗពីគ្នា ដោយមានក្រុមខ្លះទទួលខុសត្រូវលើការចុះត្រួតពិនិត្យចំនួន ២ខេត្ត ក្រុមខ្លះទទួលការចុះត្រួតពិនិត្យចំនួន៣ខេត្ត ដែលអាស្រ័យទៅតាមភាពជាក់ស្ដែងនៃការបែងចែករបស់ថ្នាក់ដឹកនាំ”។ លោកបន្តទៀតថា “ការបែងចែកនេះ គឺមានភាពងាយស្រួលក្នុងការចុះតាមដានសកម្មភាពសាងសង់សំណង់ជាប្រចាំ ដូចជាការអនុវត្តសាងសង់ស្របតាមបទដ្ឋាន បច្ចេកទេស ពិនិត្យទៅលើលិខិតគតិយុទ្ធអនុញ្ញាតការសាងសង់ ពិនិត្យទៅលើបទដ្ឋាននគរូបនីយកម្ម ដើម្បីធ្វើរបាយការណ៍ជូនក្រសួងពិនិត្យ និងចាត់វិធានការ ដែលធ្វើយ៉ាងណាឱ្យប្រាកដថា សំណង់ដែលសាងសង់ប្រកបដោយគុណភាព និងមានច្បាប់ត្រឹមត្រូវ ប្រកបដោយសុវត្ថិភាពពេញលេញ”។

លោកបានបន្តថា “ក្នុងករណីដែលមន្ត្រីជំនាញពិនិត្យឃើញថាសំណង់មានភាពមិនប្រក្រតី ប៉ុន្តែមិនអាចធ្វើការវិនិច្ឆ័យបានដោយផ្ទាល់ អាចលើកជាយោបល់ស្នើសុំដល់ក្រសួងដើម្បីរកក្រុមហ៊ុនដែលមានជំនាញជាន់ខ្ពស់ទៅធ្វើការពិនិត្យផ្ទៀងផ្ទាត់ ដែលគោលការណ៍នេះ ផ្តើមអនុវត្តចាប់ពីពេលតទៅ ដោយមានការធ្វើជារបាយការណ៍ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ ដោយឡែកករណីពិសេសអាចធ្វើរបាយការណ៍ភ្លាមៗតែម្ដង”៕

បុរីភ្នំមាសបើកសម្ភោធគំរោងទី៨នៅតំបន់ទួលពង្រ ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ

ដោយ​បញ្ញា​

​​ភ្នំ​ពេញៈ​ ​បុរី​ភ្នំ​មាស​ ​(​ ​Borey​ ​Phnom​ ​Meas​)​ ​បាន​រៀបចំ​ពិ​ធី​សម្ភោ​ធ​គំរោង​ថ្មី​ទី8​ ​(​គំរោង​សួគ៌ា​)​ ​រហូតដល់​ទៅ៣០០ផ្ទះល្វែង​ ​នៅ​លើ​ផ្លូវ​ទួលពង្រ​ ​សង្កាត់​ដង្កោ​ ​ខណ្ឌដង្កោ​ ​ក្រុងភ្នំពេញ​ ​ចំងាយ​ពី​ស្ពានដែក​ចំការ​ដូង​ប្រហែល៥០០ម៉ែ​ត្រ។​ ​

​យោង​តាម​សេចក្តី​ប្រកា​សព៌​ត​មាន​របស់​បុរី​នេះ​បាន​ឲ្យដឹង​នា​ព្រឹក​ថ្ងៃទី១៥​ ​មករា​នេះ​ថា​ ​គំរោង​ទី​ថ្មីនេះ​ ​មាន​ទីតាំង​អំណោយផល​នៅ​ជិត​ផ្សារ​ ​ព័ទ្ឋ​ជុំវិញ​ដោយ​រោងចក្រ​ ​និង​ប្រជាជន​រស់នៅ​ ​ងាយស្រួល​ ​ក្នុង​ការ​ធ្វើអាជីវកម្ម​ ​និង​រស់នៅ​ជាមួយ​សំណង់​រឹង​មាំ ​គុណភាព​ខ្ពស់​ ​និង​តម្លៃ​សមរម្យ​អាច​ទទួលយក​បាន​។​ ​

​ក្នុង​ឪ​កាស​ ​ការ​បើក​លក់​នេះ​បុរី​ភ្នំ​មាស​ ​ផ្តល់​ជូន​នូវ​តម្លៃ​ពិសេស​ ​ចាប់ពី70​ ​000​ ​ដុល្លា​ឡើង​ទៅ​ ​ដោយ​អតិថិជន​អាច​បង់​រំលោះ​ជាមួយ​បុរី​ផ្ទាល់​ ​រី​ធនាគារ​។​ ​ពិសេស​ជាង​នេះ​ទៀត​ ​ចាប់ពី​ការ​បើ​ក​សម្ភោ​ធ​ ​រហូតដល់​ថ្ងៃទី15​ ​ខែមីនា​ ​អតិថិជន​ ​ទទួល​បានការ​កាត់ឈ្មោះ​ប្លង់​រឹង​ ​ដោយ​គិតថ្លៃ​ ​។​

​បុរី​ភ្នំ​មាស​ ​(​ ​Borey​ ​Phnom​ ​Meas​)​ ​ជា​បុរី​ទទួល​បាន​ទំនុកចិត្ត​ខ្ពស់​របស់​អតិថិជន​ជាច្រើន​ ​ដោយ​សា​រស្នារ​ដៃ​ ​និង​ភាព​ជឿជាក់​ពី​គំ​រោង​មុន​ៗ​ ​លើ​ទីតាំង​ល្អ​ ​ការ​រីក​ចំរើន​នៃ​តំបន់​បុរី​ ​គុណភាព​សំណង់​ ​និង​ម៉ូដែល​ផ្ទះ​ ​ល្វែង​គុណភាព​គ្រឿង​សង្ហា​រឹម​ ​។​ល​។​ ​
​សម្រាប់​ពត៌មាន​លំអិត​ ​និង​កក់​លោកអ្នក​អាច​ទូរស័ព្ទ​តាមរយៈ​លេខ​៖​ ​071​ ​7​ ​777​ ​520​ ​/​ ​076​ ​7​ ​777​ ​550​ ​។​នៅចាំ​អី​ទៀត​ ​មក​កក់​នៅពេល​នេះ​ ​ដើម្បី​ទទួល​បាន​ទី​តាំង​ល្អ​ៗ​!​!​!​!​៕​

ការវិនិយោគរបស់សិង្ហបុរីនៅកម្ពុជាកើនទឹកប្រាក់សរុប ១.៣៥៥លានដុល្លារអាមេរិក

OLYMPUS DIGITAL CAMERA

ដោយ​វុត្ថា

​សឹង្ហ​បុរី​៖​ ​តាម​ការ​កត់ត្រា​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​គិត​ត្រឹម​ខែធ្នូ​ ​ឆ្នាំ២០១៩​ ​ការ​វិនិយោគ​របស់​សិង្ហបុរី​នៅ​កម្ពុជា​មាន​ទឹកប្រាក់​សរុប​ប្រមាណ​ ​១.៣៥៥លាន​ដុល្លារ​អាមេរិក​ ​ដែល​បាន​បង្កើត​ការងារ​ចំនួន​ប្រមាណ​ជាង​ ​១៥ម៉ឺន​កន្លែង​។​



​លោក​ ​សុខ​ ​ចិន្តា​សោភា​ ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ ​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍ​ន៏​កម្ពុជា​ ​បានឱ្យ​ដឹង​បែបនេះ​ ​នៅក្នុង​ការចូលរួម​ជា​វាគ្មិន​កិត្តិយស​នៅក្នុង​សិក្ខាសាលា​ស្តី​ពី​ ​កិច្ច​សន្ទនា​ធុរកិច្ច​កម្ពុជា​-​ ​សិង្ហបុរី​”​ ​ថ្ងៃទី១៥​ ​ខែមករា​ ​ឆ្នាំ២០២០​ ​ដោយមាន​ការចូលរួម​ពី​អ្នក​វិ​និ​យោ​ត​សិង្ហបុរី​ចំនួន​ប្រមាណ​ ​១០០រូប​។​ ​

​សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀបចំឡើង​ក្នុង​គោលបំណង​ចែករំលែក​ព័ត៌មាន​ជូន​ដល់​អ្នក​វិនិយោគ​ ​សិង្ហបុរី​ ​អំពី​ការ​វិវត្ត​សំ​ខាន់​ៗ​នៅ​កម្ពុជា​ពាក់ព័ន្ធ​នឹង​កាលានុវត្ត​ភាព​ធុរកិច្ច​និង​វិ​និ​យោ​ត​ ​ក៏ដូចជា​ការ​ដាក់ចេញ​នូវ​វិធាន​កា​រថ្មីៗ​របស់​រាជរដ្ឋាភិបាល​កម្ពុជាក្រោម​ ​ការ​មី​ ​ក​ ​នាំ​ប្រកបដោយ​ត​តិ​បណ្ឌិត​របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ ​សំដៅ​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​បរិយាកាស​ធុរកិច្ច​ ​និង​វិនិយោគ​ទៅ​កម្ពុជា​។​

​លោក​ ​សុខ​ ​ចិន្តា​សោភា​ ​ឱ្យ​ដឹង​ថា​ ​កម្ពុជា​ ​សម្រេច​បាន​នូវ​សមិទ្ធិ​ផល​សំខាន់​ជាច្រើន​នា​រយៈពេល២ទស្ស​វត្សរ៍​កន្លងមក​ ​បន្ទាប់ពី​ការសម្រេច​បាន​នូវ​សុខ​សន្តិភាព​ពេញលេញ​លើ​ផ្ទៃ​ប្រទេស​តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់​ ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​។​ ​

​លោក​រដ្ឋមន្រ្តី​បាន​ផ្តែង​អំណរគុណ​ដល់​អ្នក​វិនិយោគ​សិង្ហបុរី​ដែល​បាន​ផ្តល់​ទំនុកចិត្ត​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ​តាមរយៈ​កា​រប​ណុ​កក់​ទុន​ពេល​កន្លងមក​ ​និង​បាន​លើកទឹកចិត្ត​ឱ្យ​អ្នក​វិ​និ​យោ​ត​សិង្ហបុរី​បង្កើន​ការ​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត​។​ ​លោក​ថា​ ​ដើម្បី​ជំរុញ​ការ​វិនិយោគ​ទ្វេភាគី​ ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​ ​កិច្ច​ព្រមព្រៀង​ស្ដីពី​ការ​ចៀសវាង​ការ​យកពន្ធ​ត្រួត​គ្នា​ ​និង​ការ​បង្ការ​ការ​កិបកេង​បន្លំ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​នៅ​ថ្ងៃទី២០​ ​ខែឧសភា​ ​ឆ្នាំ២០១៦​ ​ដែល​ជា​កិច្ច​ព្រមព្រៀង​ទីមួយ​របស់​កម្ពុជា​ជាមួយ​ដៃគូ​ជា​មិត្ត​។​

​លោក​ ​សុខ​ ​ចិន្តា​សោភា​ ​បាន​រំលឹក​ពី​ការ​ចូលជាធរមាន​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ ​ដែល​ជា​កត្តា​ជំរុញ​លំហូរ​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​នៅក្នុង​តំបន់​។​ ​ក្នុង​ន័យ​នេះ​ ​លោក​បាន​ជំរុញ​ឱ្យ​អ្នក​វិនិយោគ​សិង្ហបុរី​ពិចារណា​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​ក្នុង​សកម្មភាព​ដែរ​ចូលរួម​ ​ក្នុង​ខ្សែ​ក្រ​វាក់​តម្លៃ​តំបន់​។​ ​ទន្ទឹម​នឹង​នេះ​ ​លោក​ ​បាន​ជំរុញ​ឱ្យ​មានការ​វិនិយោគ​ក្នុង​សកម្មភាព​កែច្នៃ​កសិផល​ ​និង​សកម្មភាព​គាំទ្រ​ក្នុង​វិស័យ​ទេសចរណ៍​ ​ដើម្បី​ប្រើប្រាស់​ឱ្យ​អស់​នូវ​សក្តា​នុ​ពល​ដ៏​សម្បូរ​បែប​របស់​កម្ពុជា​ក្នុង​វិស័យ​ទាំងនេះ​។​

​លោក​ ​ធៀន​ ​តៃ​ ​ជីវ​ ​(​Thian​ ​Tai​ ​Chew​)​ ​នាយក​ប្រតិបត្តិ​សហព័ន្ធ​ធុរកិច្ច​សិង្ហបុរី​ ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កំណើន​សេដ្ឋកិច្ច​ដ៏​ត្រចះត្រចង់​ដែល​កម្ពុជា​សម្រេច​បាន​នា​ពេល​កន្លងមក​ ​ដែល​ស្តែង​ចេញ​ ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​ ​

​លោក​បាន​បន្ថែម​ថា​ ​កម្ពុជា​ជាគោល​ដៅ​វិនិយោគ​ដ៏​ ​សំខាន់​របស់​អ្នក​វិ​និ​យោ​ត​សិង្ហបុរី​ ​ដោយ​របាយ​ការអង្កេត​ថ្មី​បំផុត​របស់​សហព័ន្ធ​ធុរកិច្ច​ ​សិង្ហបុរី​បាន​បង្ហាញថា​ ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី៧​ ​ក្នុងចំណោម​ប្រទេស​ដែល​អ្នក​វិ​និ​យោ​ត​សិង្ហបុរី​មាន​ចំណាប់​អារម្មណ៍​ធ្វើការ​បណ្តាក់​ទុន​។​

​ទន្ទឹម​នឹង​វិធានការ​កែទម្រង់​នានា​ដែល​រាជ​រដ្ឋា​បាល​កម្ពុជា​បាន​ ​និង​កំពុង​ដាក់ចេញ​ ​លោក​ ​ចេង​ ​ឆៃ​ ​ជីវ​បាន​បង្ហាញ​ពី​ ​សុទិដ្ឋិនិយម​ ​អំពី​ ​ការសម្រេច​ចិត្ត​របស់​ធុរជន​ ​និង​អ្នក​វិ​និ​យោ​ត​សិង្ហបុរី​ ​ក្នុង​ការ​បណ្តាក់​ទុន​ទៅ​កម្ពុជា​ ​ដែល​មាន​កាលានុវត្ត​ភាព​នៅក្នុង​វិស័យ​ជាច្រើន​៕​

វៀតណាមបន្តទទួលបានប្រយោជន៍ពីភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិក និងចិននៅឆ្នាំ ២០២០

ដោយ​ ​Donald​ ​Lee​

​ភ្នំពេញ​៖​ ​ប្រទេស​វៀតណាម​នៅតែ​បន្ត​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ ​និង​ចិន​ដែល​អូស​បន្លាយ​ ​ខណៈ​រដ្ឋាភិបាល​វៀតណាម​បាន​ព្យាករណ៍​ថា​កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​ខ្លួន​នឹង​កើនឡើង​ដល់​ ​៧​ ​ភាគរយ​នៅ​ឆ្នាំ​ ​២០២០​។​

​ការ​ព្យាករ​ថ្មី​របស់​រដ្ឋាភិបាល​វៀតណាម​ ​បាន​បញ្ជាក់​ថា​ ​អត្រាកំណើន​អាច​ឈាន​ដល់​ ​៧.០១​ ​និង​ទាប​បំផុត​ត្រឹម​ ​៦.៧៦​ ​ភាគរយ​។​
​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ព័ត៌មាន​សេដ្ឋ​ ​កិច្ច​និង​ការព្យាករណ៍​ ​(​NCIF​)​ ​បានឱ្យ​ដឹង​ថា​ ​“​កំណើន​ផលិត​សរុប​ក្នុង​ស្រុក​នៅ​ឆ្នាំ​ ​២០២០​ ​ត្រូវ​បាន​ប៉ាន់ស្មាន​ថា​នឹង​ឈាន​ដល់​ ​៧,០១​ ​ភាគរយ​ជាមួយនឹង​អតិផរណា​ ​៣,៥​ ​ភាគរយ​ ​ខណៈ​ការនាំចេញ​ទំនិញ​អាច​នឹង​កើនឡើង​ដល់​ជាង​ ​២៨៥​ ​ពាន់​លាន​ដុល្លារ​”​។​

​រដ្ឋាភិបាល​វៀតណាម​បាន​បន្ត​ទទួល​បាន​នូវ​អត្ថ​ប្រយោជន៍​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ ​និង​ចិន​ដែល​បាន​ផ្តល់​ដល់​សេដ្ឋកិច្ច​វៀតណាម​ ​នៅពេល​ខ្សែ​សង្វាក់​តម្លៃ​នៅ​អាស៊ី​ត្រូវ​បាន​រៀបចំ​ជាថ្មី​ដើម្បី​ប្រឆាំង​នឹង​ពន្ធ​របស់​អាមេរិក​លើ​ទំនិញ​ចិន​។​

​ការព្យាករណ៍​បាន​បន្ថែម​ថា​ ​“​ប្រទេស​វៀតណាម​បន្ត​ទាញ​យក​អត្ថ​ប្រយោជន៍​ពី​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ ​និង​ចិន​ដើម្បី​បង្កើន​តម្លៃ​នៃ​ការនាំចេញ​ ​និង​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ​(​FDI​)​”​។​

​កំណើន​សេដ្ឋកិច្ច​របស់​វៀតណាម​បាន​កើនឡើង​យ៉ាង​ខ្លាំង​នៅ​ឆ្នាំ​ ​២០១៩​ ​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ ​និង​ចិន​បង្ខំ​ឱ្យ​ក្រុមហ៊ុន​ផលិតកម្ម​ចាកចេញ​ទៅ​ទីតាំង​ដែល​ទំនិញ​របស់​ពួកគេ​នឹង​មិន​រង​ផល​ប៉ះពាល់​ពី​ពន្ធ​របស់​អាមេរិក​។​ ​ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​ក្នុងរយៈពេល​ ​១០​ ​ឆ្នាំ​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កើនឡើង​ដល់​ទំហំ​របស់​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត​ក្នុងរយៈពេល​ ​១០​ ​ឆ្នាំ​។​ ​នេះ​បើ​យោង​តាម​របាយការណ៍​របស់​អ្នក​ពិគ្រោះ​យោបល់​ក្រុមហ៊ុន​ ​IHS​ ​Markit​ ​។​

​លោក​ ​Michael​ ​Ryan​ ​នាយករង​នៃ​ក្រុមហ៊ុន​ ​IHS​ ​Markit​ ​បាន​ថ្លែង​នៅក្នុង​របាយការណ៍​មួយ​ថា​ ​“​នៅក្នុង​ឆ្នាំ​ ​២០២៨​ ​ទំហំ​នៃ​សេដ្ឋកិច្ច​វៀតណាម​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើនឡើង​ដល់​ ​៦១៧​ ​ពាន់​លាន​ដុល្លារ​អាមេរិក​ដែល​ជួយ​ដោយ​ការ​បន្ត​កំណើន​យ៉ាង​ឆាប់រហ័ស​នៅក្នុង​វិស័យ​នាំចេញ​ផលិតកម្ម​ ​ក៏ដូចជា​ការនាំចេញ​ ​និង​ទេសចរណ៍​ ​ខណៈ​ការ​ចំណាយ​របស់​អ្នកប្រើ​ប្រាស់​ត្រូវ​បាន​ជំរុញ​ដោយ​កំណើន​យ៉ាង​ឆាប់រហ័ស​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​សម្រាប់​មនុស្ស​ម្នា​ក់ៗ​”​។​

​ការនាំចេញ​របស់​វៀតណាម​ទៅកាន់​អាមេរិក​បាន​កើនឡើង​ជិត​ ​៣០​ ​ភាគរយ​ក្នុង​ឆ្នាំ​ ​២០១៩​ ​បន្ទាប់ពី​ដំណាច់ឆ្នាំ​ ​២០១៨​ ​ដែល​ការនាំចេញ​ក៏​កើនឡើង​ដែរ​។​

​របាយការណ៍​នេះ​ ​បាន​បង្ហាញថា​ ​“​ការនាំចេញ​របស់​វៀតណាម​ទៅកាន់​អាមេរិក​បាន​បន្ត​បង្ហាញ​ពី​កំណើន​យ៉ាង​ខ្លាំង​ក្នុង​ឆ្នាំ​ ​២០១៨​ ​ដែល​កើនឡើង​ ​១១​ ​ភាគរយ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ ​បន្ទាប់មក​ការនាំចេញ​កើនឡើង​យ៉ាង​លឿន​ ​២៨​ ​ភាគរយ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ក្នុងរយៈពេល​ ​៩​ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ​២០១៩​”​៕​