ជប៉ុនស្នើឱ្យកម្ពុជាចុះកិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធត្រួតគ្នាឲ្យបានឆាប់ដើម្បីបង្កើនវិនិយោគ

ដោយ​វុត្ថា

​ភ្នំពេញ​៖​ ​YAMAMOTO​ ​Kozo​ ​សមាជិកសភា​តំណាងរាស្ត្រ​ប្រទេស​ជប៉ុន​ស្នើ​ឲ្យ​ភាគី​ទាំងពីរ​ ​កម្ពុជា​ ​និង​ជប៉ុន​ ​ចុះ​កិច្ច​ព្រមព្រៀង​ស្តី​ពី​ការ​ជៀសវាង​ការ​យកពន្ធ​ត្រួត​គ្នា​ឲ្យបាន​ឆាប់​ ​ដើម្បី​លើកទឹកចិត្ត​ឲ្យ​វិនិយោគិន​ជប៉ុន​មក​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​ឲ្យបាន​កាន់តែ​ច្រើនឡើង​ថែមទៀត​។​



​លោក​ ​YAMAMOTO_Kozo​ ​នៅក្នុង​ជំនួប​ជាមួយ​លោក​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​ឧបនាយក​រដ្ឋមន្រ្តី​រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​កាលពី​ថ្ងៃទី​ ​១៥​ ​ខែ​មក​រា​ម្សិលិ​ញនេះ​ ​ឱ្យ​ដឹង​ថា​ ​ប្រទេស​កម្ពុជា​សម្រេច​បានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​និង​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ ​ហើយ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ក៏​មានការ​លូតលាស់​គួរឲ្យ​កត់សម្គាល់​ផង​ដែរ​។​

​លោក​ក៏បាន​លើកឡើង​ ​ពី​ប្រវត្តិ​នៃ​ការ​កសាង​ ​សេដ្ឋកិច្ច​ប្រទេស​ជប៉ុន​ ​ការ​ធ្វើ​កំណែទម្រង់​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ការជំរុញ​ឲ្យ​អនុវត្ត​មធ្យោបាយ​ ​ទូទាត់​ដែល​មិន​ប្រើ​ក្រដាសប្រាក់​តាមរយៈ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ ​។​ ​

​លោក​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ឱ្យ​ដឹង​ថា​ ​គោលនយោបាយ​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​គឺ​មាន​ចក្ខុវិស័យ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ​ ​២០៣០​ ​និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០​។​ ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​រាជរដ្ឋាភិបាល​កម្ពុជា​ ​មាន​ក្របខ័ណ្ឌ​គោលនយោបាយ​រយៈពេល​វែង​ ​ស្តី​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​ដែល​ជំរុញ​ឲ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ ​ទាំង​ក្នុង​វិស័យ​សាធារណៈ​ ​និង​ ​វិស័យ​ឯក​ជ​ន៍​ ​។​ ​

​លោក​បន្ត​ថា​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក៏​កំពុង​អនុវត្ត​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​ ​ក្នុង​ក្របខ័ណ្ឌ​នៃ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ផង​ដែរ​ ​។​ទន្ទឹម​នេះ​,​ ​ធនាគារជាតិនៃកម្ពុជា​ ​បាន​បង្កើត​ប្រព័ន្ធ​បាគង​ ​ដែល​ជា​ប្រព័ន្ធ​ទូទាត់​តាម​បច្ចេកវិទ្យា​ឌីជីថល​ ​ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ ​និង​ប្រសិទ្ធភាព​នៃ​ការ​ទូទាត់​ដោយ​មិន​ប្រើ​ក្រដាសប្រាក់​ ​។​

​ពាក់ព័ន្ធ​នឹង​កិច្ច​ព្រមព្រៀង​ស្តី​ពី​ការ​ជៀសវាង​ការ​យកពន្ធ​ត្រួត​គ្នា​ជាមួយ​ប្រទេស​ជប៉ុន​ ​លោក​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​បាន​ជំរុញ​ឲ្យ​ក្រុមការងារ​បច្ចេកទេស​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំងពីរ​ ​បន្ត​ចរចា​ជាមួយគ្នា​បន្ថែម​ទៀត​ ​ដើម្បី​រក​ឲ្យ​ឃើញ​នូវ​ដំណោះស្រាយ​រួម​សម្រាប់​ឈាន​ទៅចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នេះ​នា​ពេល​ឆាប់​ៗ​ខាងមុខ​ ​។​

​ចំណងមិត្តភាព​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​ ​និង​ ​ជប៉ុន​ ​ត្រូវ​បាន​ពង្រឹង​ ​និង​ពង្រីក​ឥត​ឈប់ឈរ​ ​ហើយ​បាន​នាំមក​នូវ​សមិទ្ធផល​ប្រកបដោយ​ផ្លែផ្កា​ជាច្រើន​អនេក​ ​ជាពិសេស​ ​ក្នុង​ក្របខ័ណ្ឌ​ជំនួយ​បច្ចេកទេស​ ​ហិរញ្ញប្បទាន​ឥត​សំណង​ ​និង​ឥណទាន​សម្បទាន​។​ ​ទន្ទឹម​នេះ​លំហូរ​វិនិយោគ​ផ្ទាល់​ពី​ប្រទេស​ជប៉ុន​ក៏​មានសន្ទុះ​កើនឡើង​ផង​ដែរ​ ​ដែល​បាន​ជួយ​បង្កើត​ការងារ​ ​ផ្ទេរ​បទពិសោធន៍​ ​និង​ចំណេះដឹង​ ​ព្រមទាំង​បាន​រួមចំណែក​ ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​កម្ពុជា​ ​៕​

កូរ៉េខាងត្បូងគ្រោងនឹងជំរុញទំហំពាណិជ្ជកម្មជាមួយអាស៊ានឱ្យសម្រេចបាន ២០០ ពាន់លានដុល្លារនៅឆ្នាំ ២០២០

ដោយ​ ​ប៊ី​

​ភ្នំពេញ​៖​ ​មន្រ្តី​រដ្ឋាភិបាល​អាស៊ាន​ ​និង​កូរ៉េ​ខាងត្បូង​ ​បាន​បញ្ជាក់​ថា​ ​គោលដៅ​នៃ​ទំហំ​ពាណិជ្ជកម្ម​ ​២០០​ ​ពាន់​លាន​ដុល្លារ​នឹង​ត្រូវ​សម្រេច​បាន​នៅ​ឆ្នាំ​ ​២០២០​ ​នេះ​។​

​បណ្តា​ប្រទេស​អាស៊ាន​ ​និង​មន្ត្រី​ជាន់ខ្ពស់​កូរ៉េ​ខាងត្បូង​បាន​បញ្ជាក់​ឡើងវិញ​នូវ​ភាពជា​ដៃគូ​លើ​បញ្ហា​ពី​ការ​វិនិយោគ​បរទេស​ទៅ​ការពង្រីក​សេដ្ឋកិច្ច​ឌីជីថល​ ​និង​ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួក​ខ្លួន​ដើម្បី​ពង្រីក​ការ​ធ្វើវិនិយោគ​ទុន​។​

​គោលដៅ​ដំបូង​នៃ​ការ​ឈាន​ដល់​ ​២០០​ ​ពាន់​លាន​ដុល្លារ​នៅក្នុង​ពាណិជ្ជកម្ម​ទ្វេភាគី​ត្រូវ​បាន​ផ្តួចផ្តើម​ក្នុង​ឆ្នាំ​ ​២០១៤​។​ ​កូរ៉េ​ខាងត្បូង​មាន​អតិរេក​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​នៃ​ក្នុង​ទំហំ​ទឹកប្រាក់​ ​៩៣,៤​ ​ពាន់​លាន​ដុល្លារ​ជាមួយ​បណ្តា​អាស៊ាន​កាលពី​ឆ្នាំមុន​។​

​របាយការណ៍​របស់​ធនាគារ​កណ្តាល​កូរ៉េ​ខាង​ត្យូង​ ​បាន​ឲ្យដឹង​ថា​ ​ភាគច្រើន​នៃ​ការនាំចេញ​ទៅកាន់​តំបន់​អាស៊ី​អាគ្នេយ៍​គឺ​គ្រឿង​កុំព្យូទ័រ​ ​និង​វាយនភណ្ឌ​។​ ​ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កូរ៉េ​ ​និង​តំបន់​អាស៊ាន​បាន​កើនឡើង​ដល់​ ​១៦០​ ​ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ​ ​២០១៧​ ​ដែល​ច្រើនជាង​ទ្វេដង​នៃ​ឆ្នាំមុន​ ​ហើយ​ត្រូវ​បាន​កំណត់​ថា​នឹង​ឈាន​ដល់​ ​២០០​ ​ពាន់​លាន​ដុល្លារ​នៅ​ដំណាច់ឆ្នាំ​ ​២០២០​។​

​រដ្ឋបាល​លោក​ប្រធានាធិបតី​ ​Moon​ ​Jae​-​in​ ​បាន​បង្កើន​ការ​វិនិយោគ​ទ្វេដង​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​ដែល​នៅ​ចុងក្រោយ​បំផុត​នៅក្នុង​ពិភពលោក​នៅតែ​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ល្អ​។​

​ក្រុមហ៊ុន​ផលិតកម្ម​ ​សំណង់​ ​និង​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​កូរ៉េ​ខាងត្បូង​កំពុង​បង្កើត​សាខា​នៅ​កម្ពុជា​ដែល​ជាផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​រួមគ្នា​ដើម្បី​បង្កើត​ទំនាក់ទំនង​សេដ្ឋកិច្ច​កាន់តែ​ជិតស្និទ្ធ​ជាមួយ​កម្ពុជា​។​

​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ ​និង​កូរ៉េ​ខាងត្បូង​បាន​ឈាន​ដល់​ ​៨៥​ ​លាន​ដុល្លារ​ក្នុងរយៈពេល​ ​៤​ ​ខែ​ដំបូង​នៃ​ឆ្នាំនេះ​។​ ​ការនាំចេញ​របស់​កម្ពុជា​ទៅ​កូរ៉េ​ខាងត្បូង​មានតម្លៃ​ ​២១,៦​ ​លាន​ដុល្លារ​ពោល​គឺ​កើនឡើង​ ​៤,៣៨​ ​ភាគរយ​ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​លោក​ ​ឧកញ៉ា​ ​លឹម​ ​ហេង​ ​បាន​សម្តែង​នូវ​ការ​សាទរ​ចំពោះ​លទ្ធផល​នៃ​ដៃគូ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​។​

​លោក​ឧកញ៉ា​ ​បាន​មានប្រសាសន៍​ថា​ ​“​កូរ៉េ​ខាងត្បូង​ ​និង​កម្ពុជា​មាន​ភាព​ជិតស្និទ្ធ​ ​ជាពិសេស​ក្នុង​វិស័យ​ពាណិជ្ជកម្ម​”​។​

​ការចូលរួម​របស់​កូរ៉េ​ខាងត្បូង​ចំពោះ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​មាន​ទំហំ​ធំ​។​ ​កូរ៉េ​ខាងត្បូង​ជាប់​ចំណាត់ថ្នាក់​ទីពីរ​ ​បន្ទាប់​ចិន​ ​ក្នុង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​កម្ពុជា​។​ ​រហូតមកដល់​ពេលនេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​យល់ព្រម​លើ​គម្រោង​វិនិយោគ​កូរ៉េ​ចំនួន​ ​២១២​ ​ដែល​មានតម្លៃ​ ​៤,៥៦​ ​ពាន់​លាន​ដុល្លារ​។​ ​ក្រុមហ៊ុន​ធុរកិច្ច​កូរ៉េ​ខាងត្បូង​ជិត​ ​៣០០​ ​ក្រុមហ៊ុន​កំពុង​ប្រតិបត្តិ​ការ​នៅ​កម្ពុជា​ដោយ​ផ្តល់​ការងារ​ដល់​ប្រជាជន​កម្ពុជា​រាប់ពាន់​នាក់​៕​

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អះអាងថា ផ្លូវទាំង៣៤ខ្សែនៅខេត្តព្រះសីហនុម្ដងនេះនឹងធ្វើឱ្យរថយន្តខ្លាចម្ដង

ដោយ​ ​៖​ ​រ៉ា​ណេត​ ​

​ព្រះសីហនុ​ ​៖​ ​ក្រោម​ការ​យក​ចិត​ទុកដាក់​យ៉ាង​ខ្ពស់ទៅ​លើ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ​ ​៣៤ខ្សែ​ ​ក្រោម​ការ​ចុះ​ពិនិត្យ​តាមដាន​សកម្មភាព​ជាប់​ជាប្រចាំ​ពីសំណាក់​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ​ជា​ ​សុ​ផា​រ៉ា​ ​ដើម្បី​ឱ្យ​ប្រាកដ​ថា​មានគុណ​ភាព​ខ្ពស់​យ៉ាង​ពិតប្រាកដ​នោះ​ ​ពេលនេះ​ត្រូវ​បានសម្រេច​បាន​លទ្ធផល​ ​និង​ផ្លែផ្កា​ជា​បណ្តើរ​ៗ​ហើយ​ ​។​ ​



​ជាមួយនឹង​រូបភាព​ដែល​បង្ហាញ​ពី​សកម្មភាព​នៃ​ការសាងសង់​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ​ ​ដែល​រួមមាន​ការ​ឈូស​ឆាយដី​ផ្លូវថ្នល់​ ​ការ​កិន​បង្ហាប់​ ​ការ​ចាក់កៅស៊ូ​ ​និង​ការ​ដាក់​បណ្តាញ​លូ​បង្ហូរទឹក​ដែល​មាន​ទំហំ​ធំ​ ​កាលពី​ថ្ងៃទី១៦​ ​ខែមករា​ ​ឆ្នាំ២០២០នេះ​ ​នៅ​លើ​គណនី​ហ្វេ​សប៊ុ​ក​ផ្ទាល់ខ្លួន​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ ​នគរី​បនី​យក​ម្ម​ ​និង​សំណង់​ ​ជា​ ​សុ​ផា​រ៉ា​ ​បាន​សរសេរ​សារ​ដ៏​ខ្លី​ ​ដែល​បង្កប់ន័យ​គ្រប់គ្រាន់​ថា​ ​“​អរគុណ​ ​ដែល​បាន​បារម្ភ​ពី​គុណភាព​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ខេត្ត​ព្រះសីហនុ​។​ ​នេះ​ជា​ ​សំណង់​ ​និង​តម្លៃ​។​ ​ម្ដងនេះ​ឱ្យ​រថយន្ត​ខ្លាច​ផ្លូវ​ម្ដង​”​។​ ​

​សម្រាប់​ការសាងសង់​ហេ​ដ្ឋា​រនា​សម្ព័ន្ធ​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ​ចំនួន៣៤ខ្សែ​ ​រាជរដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ចំនួន​ ​២៩៤​ ​លាន​ដុល្លារ​សហ​រដ្ឋា​អាមេរិក​ ​ដែល​ក្រោយពី​បញ្ចប់​ការសាងសង់​ ​ខេត្ត​ព្រះសីហនុ​នឹង​ប្រែ​មុខមាត់​ថ្មី​ ​ដែល​កាន់តែ​មាន​ភាព​ទាក់ទាញ​ក្នុង​ការ​វិនិយោគ​ក្នុងនាម​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទំនើប​ ​ដែល​ស្រប​ទៅ​នឹង​គម្រោង​របស់​រដ្ឋាភិបាល​ប្រែក្លាយ​ខេត្ត​មួយ​នេះ​ឱ្យ​ក្លាយទៅជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ប្រចាំ​ប្រទេស​កម្ពុជា​។​ ​

​តាម​ផែនការ​នៃ​ការសាងសង់​ ​ផ្លូវ​ទាំង៣៤ខ្សែ​ ​ដែល​មាន​ប្រវែង​សរុប​ចំនួន​ ​៨៤គីឡូម៉ែត្រ​ ​មាន​រង្វង់​មូល​ចំនួន៣​ ​ស្ពាន​ចំនួន៦​ ​ដែល​មាន​ប្រវែង​សរុប​ចំនួន២៥២ម៉ែត្រ​ ​ដោយមាន​ក្រុមហ៊ុន​ទទួល​ម៉ៅការ​សាងសង់​ចំនួន៧​ ​គ្រោង​នឹង​បញ្ចប់​ទាំងស្រុង​ត្រឹម​រយៈពេល៨ខែ​។​ ​នៅក្នុងចំណោម​ផ្លូវ​ទាំង៣៤ខ្សែ​នេះ​ ​ក៏​មានការ​បែងចែក​ចេញ​ជា៣ប្រភេទ​ ​រួមមាន​មហាវិថី​ចំនួន៣ខ្សែ​ ​មាន​ប្រវែង​សរុប២២គីឡូម៉ែត្រ​ ​វិថី​ចំនួន១៦ខ្សែ​ ​មាន​ប្រវែង​សរុប៥០គីឡូម៉ែត្រ​ ​និង​អនុ​វិថី​ចំនួន១៥ខ្សែ​ ​មាន​ប្រវែង​សរុប​ចំនួន១២គីឡូម៉ែត្រ​ ​៕​

ជប៉ុនស្វែងរកឪកាសវិនិយោគលើការប្រើប្រាស់ការទូទាត់ប្រាក់តាមប្រព័ន្ធទូរស័ព្ទដៃ និងប្លុកឆេង

ដោយវុត្ថា

ភ្នំពេញ៖ លោកYAMAMOTO KOZO សមាជិកសភាជប៉ុន បានលើកឡើងថាកម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលសមស្របទៅនឹងការវិនិយោគលើការប្រើប្រាស់ការទូទាត់ប្រាក់តាមប្រព័ន្ធទូរស័ព្ទដៃ និងប្លុកឆេង។

លោកYAMAMOTO KOZO សមាជិកសភាជប៉ុនបានឱ្យដឹងនៅក្នុងជំនួបជំមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២០ នេះ ថា  ដំណើរទស្សនកិច្ចមកកាន់កម្ពុជានៅពេលនេះ គឺមានគោលដៅពីរ ១)គឺដើម្បីសិក្សាពីសេវាទូទាត់ប្រាក់តាមប្រព័ន្ធទូរស័ព្ទដៃ និងការអភិវឌ្ឍនប្លុកឆេងនៅកម្ពុជា។ 

លោកបន្តថា ការអភិវឌ្ឍប្លុកឆេង(Blockchain) នៅកម្ពុជានេះ បើសិនដាក់ឲ្យដំណើរការរួចហើយនោះ កម្ពុជាគឺជាប្រទេសទីមួយហើយដែលដាក់ចេញឲ្យប្រើប្រាស់នូវប្រព័ន្ធឌីជីថលទំនើបមួយនេះ។ គោលដៅទី២ គឺមមកធ្វើការសិក្សាអំពីបញ្ហាការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុងភ្នំពេញ។ ទន្ទឹមនឹងនោះ លោកក៏បានស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី នៅបញ្ហាទាំងពីរខាងលើ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តវិនិយោគិនជប៉ុន មកធ្វើការសិក្សាទៅលើការប្រើប្រាស់ការទូទាត់ប្រាក់តាមប្រព័ន្ធទូរស័ព្ទដៃ និងប្លុកឆេង (Blockchain) ដើម្បីឱ្យការទូទាត់តាមប្រព័ន្ធឌីជីថលនេះ ឲ្យមានដំណើរការល្អប្រសើរ និងសុក្រឹត្យភាពនៅកម្ពុជា។ 

ពាក់ព័ន្ធជាមួយនឹងបញ្ហាទឹកស្អាត សម្ដេចតេជោថា កម្ពុជាគឺត្រូវការពង្រីកស្ថានីយទឹកស្អាតឲ្យបានច្រើនថែមទៀត ដោយសារតែរាជធានីភ្នំពេញកាន់តែរីកធំឡើងជាលំដាប់ពី ៣០០គីឡូម៉ែត្រការ៉េ រហូតទៅដល់ប្រមាណជាង៦០០គីឡូម៉ែត្រការ៉េ ហើយការអភិវឌ្ឍផ្ទះសម្បែងមានការរីកលូតលាស់ និងឆាប់រហ័សផងដែរ។ រីឯរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏កំពុងទទួលការផ្គត់ផ្គង់ទឹកទៅកាន់ក្រុងតាខ្មៅខេត្តកណ្ដាលផងដែរ។ 

ទន្ទឹមនឹងនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការងារពីរដែលត្រូវធ្វើនោះគឺ ១)ត្រូវពង្រីកនូវសមត្ថភាពការផ្គត់ផ្គង់ទឹកស្អាត ឲ្យដល់ប្រជាពលរដ្ឋប្រើប្រាស់កាន់តែទូលំទូលាយ និង ២)គឺធ្វើយ៉ាងណាពង្រីកបណ្ដាញចែកចាយទៅកាន់តំបន់អភិវឌ្ឍន៍ថ្មីៗថែមទៀត៕

រដ្ឋាភិបាលជំរុញឱ្យពន្លឿនការសាងសង់ចំណតក្រោមដីឱ្យបានច្រើនទីតាំង និងឆាប់រហ័សនៅរាជធានីភ្នំពេញ

ដោយ​ ​៖​ ​រ៉ា​ណេត​ ​

​ភ្នំពេញ​ ​៖​ ​ក្រោម​ការអនុវត្ត​តាម​បទបញ្ជា​ដោយ​ផ្ទាល់​របស់​ប្រមុខ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ ​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​កាលពី​ពេល​កន្លងទៅ​ស្ដីពី​ការសិក្សា​ ​និង​សាងសង់​ចំណតរថយន្ត​សាធារណៈ​ក្រោម​ដី​ ​ដើម្បី​បញ្ចៀស​បញ្ហា​កកស្ទះ​ ​និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ ​បច្ចុប្បន្ន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​បាន​ ​និង​កំពុង​ពន្លឿន​ការសាងសង់​យ៉ាងសកម្ម​ ​ជាមួយនឹង​ការកំណត់​គោលដៅ​ជាច្រើន​ទីតាំង​ក្រោម​កិច្ចសហការ​ជាមួយ​មន្ទីរ​សាធារណៈ​ការ​រាជធានី​ ​និង​វិស័យ​ឯកជន​។​ ​




​បច្ចុប្បន្ន​នេះ​ ​ចំណតរថយន្ត​ក្រោម​ដី​ដែល​មាន​វិសាលភាព​ធំ​ទូលាយ​អាច​ផ្ទុក​រថយន្ត​បាន​រាប់​រយ​គ្រឿង​ក្រោម​ការ​វិនិយោគ​ដោយក្រុម​ហ៊ុន​ ​OCIC​ ​ចំនួន១​ ​និង​ក្រុមហ៊ុន​វឌ្ឍនៈ​ចំនួន១​ ​ដែល​ស្ថិតនៅ​ក្បែរ​គ្នា​ ​ត្រូវ​បាន​សាងសង់​រួចរាល់​ហើយ​រង់ចាំ​តែ​ពេលវេលា​ដាក់​ឱ្យ​ប្រើប្រាស់​តែប៉ុណ្ណោះ​ ​ដោយឡែក​ចំណត់​រថយន្ត​ក្រោម​សួនច្បារ​មួយទៀត​ដែល​ជា​អតីត​ទីលាន​ប្រជា​ធិប្​បតេយ្យ​ក៏បាន​បញ្ចប់​ការសាងសង់​ជាស្ថាពរ​ផង​ដែរ​។​ ​


​ពាក់ព័ន្ធ​នឹង​ផែនការ​សាងសង់​ចំណតរថយន្ត​សារ​ធា​រណៈ​ ​និង​ចំណត​ក្រោម​ដី​នេះ​ដែរ​ ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​អូន​ ​ព័ន្ធ​មុ​ន្នី​រ័ត្ន​ ​បាន​ណែនាំ​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​និង​ក្រសួង​ពាក់ព័ន្ធ​មួយចំនួន​ពន្លឿន​ការអនុវត្ត​គម្រោង​សាងសង់​ចំណតរថយន្ត​សាធារណៈ​ឱ្យ​បាន​ឆាប់​ ​ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ ​និង​គ្រោះថ្នាក់​ចរាចរណ៍​ ​ព្រមទាំង​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​។​

​លោក​បាន​បញ្ជាក់​ថា​ ​បច្ចុប្បន្ន​នេះ​ ​ដោយសារតែ​រាជធានី​ភ្នំពេញ​មាន​កំណើនប្រជាជន​មក​រស់នៅ​ ​និង​ឆ្លងកាត់​កាន់​ត្ែ​ច្រើន​បាន​ធ្វើ​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​ជាប់​ជាប្រចាំ​រហូត​បាន​ក្លាយទៅជា​វិបត្តិ​មួយ​ដ៏​ធ្ងន់ធ្ងរ​ ​និង​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​ជាបន្ទាន់​។​ ​លោក​បន្ត​ថា​ ​“​ការ​កកស្ទះ​ទាំងនេះ​ ​ក៏​មានការ​ចូលរួម​ចំណែក​សកម្មភាព​នៃ​ការ​ចត​រថយន្ត​ទុកចោល​ ​នៅ​តាម​ចិញ្ចើម​ផ្លូវ​ ​ឬនៅ​លើ​ផ្លូវ​ដោយ​គ្មាន​សណ្តាប់​ធ្នាប់​។​ ​ទាំងអស់​នេះ​ក៏​ព្រោះតែ​គ្មាន​ទីកន្លែង​ចំណត​ ​ដូច្នេះ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​និង​ស្ថ​ប័ន​ពាក់ព័ន្ធ​ត្រូវតែ​យកចិត្ត​ទុក​ក្នុង​ការ​ពង្រឹង​ ​និង​ជំរុញ​សកម្មភាព​សាងសង់​ទី​ចំណត​ក្រោម​ដី​ឱ្យ​លឿន​”​។​ ​



​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​លោក​ ​ម៉េ​ត​ ​មាស​ភក្ដី​ ​បាន​មានប្រសាសន៍​ប្រាប់​អ្នកសារព័ត៌មាន​ថា​ ​បច្ចុប្បន្នេះ​ ​ក្រៅពី​ទី​ចំណតរថយន្ត​ក្រោម​ដី​ ​ដែល​វិនិយោគ​ដោយក្រុម​ហ៊ុន​ឯកជន​ខាងលើ​នេះ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​កំពុងតែ​សាងសង់​ទី​ចំណត​ក្រោម​ដី​បន្ថែម​ទៀត​ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្រោម​សួនច្បារ​មុខ​ព្រះ​សក្យមុនី​ចេតិយ​ ​និង​ចំណត​ក្រោម​ដី​មុខ​សួនច្បារ​សួនច្បារ​សាន់​វេ​ ​ខាងលិច​វត្តភ្នំ​។​ ​លោក​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា​ ​ក្រៅ​ពី​តំ​ពន់​ទាំងនេះ​ក៏​មាន​តំបន់​ផ្សេងទៀត​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​និង​មន្ទីរ​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​ ​រាជធានី​ភ្នំពេញ​ ​កំពុងធ្វើការ​សិក្សា​ដើម្បី​សាងសង់​បន្ថែម​ដោយ​សហការ​វិនិយោគ​ជាមួយ​វិស័យ​ឯកជន​។​ ​

​ជា​ដំណោះស្រាយ​នូវ​វិបត្តិ​នៃ​ការ​កកស្ទះ​ចរាចរណ៍​នេះ​ ​បច្ចុប្បន្ន​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​ ​បាន​ចុះ​ធ្វើការ​សិក្សា​ក្នុង​រៀបចំ​សណ្ដាប់ធ្នាប់​ ​និង​ពង្រីក​ផ្លូវ​លំ​តូច​ៗ​មួយចំនួន​នៅក្នុង​រាជធានី​ ​ដើម្បី​ធ្វើ​យ៉ាងណា​អាច​ជួយ​សម្រួលការ​ធ្វើដំណើរ​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ជាង​មុន​ ​ដែល​ក្នុង​រាប់ទាំង​ការ​សាង​សង​ផ្លូវ​រំលង​ ​ស្ពាន​អាកាស​ ​និង​ផ្លូវ​ក្រោម​ដី​នៅ​តាម​គោលដៅ​មួយចំនួន​ផង​ដែរ​៕​

ច្បាប់សំណង



































លោកជា ចាន់តូ៖ វិស័យធនាគារនៅកម្ពុជានៅតែរក្សាបានសុខភាពល្អ

ដោយវុត្ថា

​លោក​ ​ជា​ ​ចាន់​តូ​ ​អគ្គ​ទេសាភិបាល​ធនាគារជាតិនៃកម្ពុជា​ ​បាន​អះអាង​ថា​ ​វិស័យ​ធនាគារ​មាន​សុខភាព​ល្អ​ ​ហើយ​បាន​រួមចំណែក​យ៉ាងសកម្ម​ក្នុង​ការ​ជំ​រុ​ញប​រិយា​បន្ន​ហិរញ្ញវត្ថុ​ ​លើកស្ទួយ​ជីវភាពរស់នៅ​ ​និង​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​កម្ពុជា​។​

​លោក​ ​ជា​ ​ចាន់​តូ​ ​នៅ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ២០១៩​ ​និង​ទិសដៅ​ការងារ​ឆ្នាំ២០២០របស់​ធនាគារជាតិនៃកម្ពុជា​ ​ដែល​បាន​ធ្វើ​នៅ​ថ្ងៃ​ ​ទី១៦​-​១៧​ ​ខែមករា​ ​ឆ្នាំ២០២០នេះ​ ​ឱ្យ​ដឹង​ថា​ ​ប្រព័ន្ធ​ធនាគារ​ត្រូវ​បាន​ធ្វើ​ទំនើបកម្ម​ជាលំដាប់​ស្រប​ពេល​ដែល​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​បាន​វិវត្ត​យ៉ាង​ឆាប់រហ័ស​ ​ជាពិសេស​នៅក្នុង​ប្រព័ន្ធ​ទូទាត់​ ​ដែល​ធ្វើ​ឱ្យ​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ ​កាន់តែ​មាន​ភាព​ងាយស្រួល​ ​សុវត្ថិភាព​និង​ប្រសិទ្ធភាព​។​ ​

​លោក​បន្ត​ថា​ ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​បាន​បន្ត​កើនឡើង​ ​ក្នុង​អត្រា​ ​៧,១​%​ ​ជាមួយនឹង​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រឹងមាំ​ ​ទោះបីជា​បាន​ប្រឈម​នឹង​ហានិភ័យ​មួយចំនួន​ក៏ដោយ​។​ ​សម្រាប់​ ​អត្រា​អតិផរណា​មានកម្រិត​ទាប​ហើយ​អត្រា​ប្ដូរប្រាក់​មាន​ស្ថិរភាព​ល្អ​ប្រសើរ​ ​ស្រប​ពេល​ដែល​សេដ្ឋកិច្ច​ទទួល​បាន​កំណើន​រឹងមាំ​នៃ​លំហូរ​មូលធន​ដែល​បាន​ជំរុញ​ដល់​ការ​វិនិយោគ​ ​ពាណិជ្ជកម្ម​ ​និង​សកម្មភាព​សេដ្ឋកិច្ច​នានា​។​

​លោក​បន្ថែម​ទៀត​ថា​ ​សម្រាប់​ ​ទុនបម្រុង​អន្តរជាតិ​បាន​បន្ត​គរ​ពូន​ជាលំដាប់​ក្នុង​កម្រិតខ្ពស់​ ​ដែល​បាន​រួមចំណែក​រក្សា​ជំនឿ​ទុកចិត្ត​មក​លើ​ភាព​ធន់​នៃ​សេដ្ឋកិច្ច​កម្ពុជា​។​ ​ស្ថិរភាព​នៅក្នុង​បាន​ធានា​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ​និង​ការ​រីកចម្រើន​លើ​គ្រប់​វិស័យ​ ​ហើយ​បាន​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ ​និង​សិទ្ធិ​សេរីភាព​របស់​ប្រជាជន​កម្ពុជា​។​



​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ២០១៩​ ​និង​ទិសដៅ​ការងារ​ឆ្នាំ២០២០របស់​ធនាគារជាតិនៃកម្ពុជា​នេះ​ត្រូវ​បាន​រៀបចំឡើង​ក្នុង​គោលបំណង​អបអរសាទរ​និង​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​អំពី​លទ្ធផល​ការងារ​ដែល​ធនាគារជាតិនៃកម្ពុជា​សម្រេច​បាន​ក្នុង​ឆ្នាំ២០១៩​ ​និង​ទិសដៅ​ការ​ងារ​ចម្បង​ៗ​សម្រាប់​ឆ្នាំ២០២០​ ​សំដៅ​ឈាន​ទៅ​បន្ត​សម្រេច​ឱ្យ​បាន​នូវ​ជោគ​ជ័យ​ថ្មី​ៗ​បន្ថែម​ទៀត​ ​សម្រាប់​ប្រព័ន្ធ​ធនាគារ​ក៏ដូចជា​សេដ្ឋកិច្ច​កម្ពុជា​ទាំងមូល​៕​

កិច្ចព្រមព្រៀងដំណាក់ទីមួយរវាងអាមេរិក និងចិនបានបញ្ចប់សង្គ្រាមពាណិជ្ជកម្មថ្លៃបំផុតក្នុងពិភពលោក

ដោយ​ ​Donald​ ​Lee​

​ភ្នំពេញ​៖​ ​ឧបនាយក​រដ្ឋមន្រ្តី​ចិន​លោក​ ​Liu​ ​He​ ​និង​ប្រធានាធិបតី​អាមេរិក​ ​Donald​ ​Trump​ ​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក​ ​និង​ចិន​នៅ​ថ្ងៃ​ ​ពុធ​ ​បញ្ចប់​នូវ​ការ​កើនឡើង​នូវ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​មាន​រយៈពេល​ជិត​ ​២២​ ​ខែ​ដែល​បាន​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​សកល​។​

​ការ​ចុះហត្ថលេខា​ដែល​បាន​រំពឹង​ទុក​នេះ​នឹង​បង្ហាញ​ពី​ការ​ធ្លាក់ចុះ​នៃ​ពន្ធគយ​ដែល​បាន​ធ្វើ​ឱ្យ​រង្គើរ​ដល់ទី​ផ្សារ​ ​និង​បណ្តាញ​ផ្គត់ផ្គង់​ពិភពលោក​ ​ជាពិសេស​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​

​អត្ថា​ធិប្បាយ​មួយ​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​ ​បានឱ្យ​ដឹង​ថា​ ​“​សង្គ្រាម​ពាណិជ្ជកម្ម​ពេញលេញ​ដែល​ធ្វើឡើង​ដោយ​អាមេរិក​ពេលខ្លះ​ធ្វើ​ឱ្យ​ភាគី​ទាំងសងខាង​ជួបប្រទះ​បញ្ហា​។​ ​ប៉ុន្តែ​វា​ត្រូវ​បាន​បញ្ឈប់​ដោយ​កិច្ច​ព្រមព្រៀង​ដំណាក់កាល​ទី​ ​១​ ​មុន​ពេល​បង្ក​ឱ្យ​មានផល​វិបាក​ដល់​ភាគី​ទាំងសងខាង​”​។​

​អត្ថា​ធិប្បាយ​បាន​បន្ថែម​ថា​ ​“​នេះ​បង្ហាញថា​ ​ទាំង​ចិន​ ​និង​អាមេរិក​គឺ​មានគំនិត​ច្បាស់លាស់​”​។​

​ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង​ដែល​បាន​ផ្សព្វផ្សាយ​ក្នុង​សប្តាហ៍​នេះ​បាន​បង្ហាញ​ពី​វិសាលភាព​នៃ​លក្ខខណ្ឌ​ដែល​បាន​ដាក់​ដោយ​ប្រធានាធិបតី​អាមេរិក​ ​Donald​ ​Trump​។​

​កិច្ច​ព្រមព្រៀង​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ​ចិន​នឹង​បញ្ឈប់​ការអនុវត្ត​ច្បាប់​របស់​ខ្លួន​ដែល​តម្រូវ​ឱ្យ​ក្រុមហ៊ុន​បរទេស​ផ្តល់​ដល់​ក្រុមហ៊ុន​ចិន​នូវ​កម្មសិទ្ធិ​បញ្ញា​សម្រាប់​ប្រតិបត្តិ​ការ​នៅក្នុង​ប្រទេស​ចិន​។​

​ផ្នែក​វិភាគទាន​នៃ​ឧប​សម្ព័ន្ធ​ដែល​មាន​បរិមាណ​នៃ​ការទិញ​ជាក់លាក់​ត្រូវ​បាន​គេ​ជឿ​ថា​ ​អាច​មានការ​សន្យា​របស់​ចិន​ក្នុង​ការទិញ​ទំនិញ​អាមេរិក​ជិត​ ​២០០​ ​ពាន់​លាន​ដុល្លារ​អាមេរិក​ ​ក្នុងរយៈពេល​ពីរ​ឆ្នាំខាងមុខ​។​ ​នេះ​បើ​យោង​តាម​អ្នកវិភាគ​។​

​សេចក្តី​លម្អិត​នៃ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការទិញ​ត្រូវ​បាន​ជឿ​ថា​ ​រួមបញ្ចូល​ទាំង​ទំនិញ​ចំនួន​ ​៨០​ ​ពាន់​លាន​ដុល្លារ​ ​ផលិត​ថាមពល​ ​៥៣​ ​ពាន់​លាន​ដុល្លារ​ ​និង​ប្រហែល​ ​៣០​ ​ពាន់​លាន​ដុល្លារ​ក្នុង​វិស័យ​កសិកម្ម​ ​និង​សេវាកម្ម​ហិរញ្ញវត្ថុ​។​

​កាលវិភាគ​សម្រាប់​កិច្ច​ព្រមព្រៀង​ដំណាក់​ទី​ ​២​

​លោក​ ​Trump​ ​បាន​និយាយ​ថា​ ​លោក​ចង់​បញ្ចប់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក​ ​និង​ចិន​ដំណាក់កាល​ទី​ ​២​ ​បន្ទាប់ពី​ការបោះឆ្នោត​ទូទៅ​របស់​អាមេរិក​នៅ​ខែ​ ​វិច្ឆិកា​ឆ្នាំ​ ​២០២០​។​

​កាលពី​សប្តាហ៍​មុន​ ​លោក​ ​Trump​ ​បាន​និយាយ​ថា​ ​“​ខ្ញុំ​គិតថា​ ​ខ្ញុំ​ប្រហែលជា​ចង់​រង់ចាំ​ដើម្បី​បញ្ចប់​វារ​ហូត​ដល់​ក្រោយ​ការបោះឆ្នោត​ ​ពីព្រោះ​ខ្ញុំ​គិតថា​ ​យើង​អាច​ធ្វើ​កិច្ច​ព្រមព្រៀង​បាន​ប្រសើរ​ជាង​នេះ​បន្តិច​ ​ប្រហែលជា​ប្រសើរ​ជាង​នេះ​”​។​

​ទីក្រុង​ប៉េកាំង​បាន​បញ្ជាក់​ជាថ្មី​ថា​ ​សេដ្ឋកិច្ច​ធំ​បំផុត​ទាំងពីរ​នៅ​លើ​ពិភពលោក​គឺ​ស្ថិតនៅ​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការផ្សះផ្សា​គ្នា​ ​និង​ឆ្ងាយ​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ទូលំទូលាយ​មួយ​។​

​ការ​អត្ថា​ធិប្បាយ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​ ​បាន​បន្ថែម​ ​បន្ទាប់ពី​ការ​ចុះហត្ថលេខា​ថា​ ​“​ភាព​មិន​ប្រាកដប្រជា​ដ៏​ធំធេង​នៅតែ​មាន​។​ ​វា​ប្រហែលជា​មានការ​លំបាក​ជាង​មុន​សម្រាប់​ប្រទេស​ចិន​ ​និង​អាមេរិក​ដើម្បី​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ទូលំទូលាយ​មួយ​ ​ប៉ុន្តែ​យើង​សង្ឃឹមថា​ ​កិច្ច​ព្រមព្រៀង​បឋម​នឹង​ផ្តល់​នូវ​ការ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​របស់​ភាគី​ទាំងពីរ​”​។​

​វា​មានការ​កែប្រែ​ ​និង​ការប្រែប្រួល​ក្នុងរយៈពេល​ ​២២​ ​ខែ​កន្លងមក​នេះ​ ​ប៉ុន្តែ​គ្មាន​ភាគី​ណាមួយ​បាន​បោះបង់​ទំនាក់ទំនង​ ​និង​ការចរចា​ ​និង​បំណង​ដើម្បី​ឈាន​ដល់​ការ​ឯកភាព​គ្នា​នោះ​ទេ​៕​

អបអរពិធីបុណ្យចូលឆ្នាំចិន ៖ បុរី KC ផ្តល់នូវតម្លៃពិសេសជូនអតិថិជន

ដោយ​ ​៖​ ​រ៉ា​ណេត​ ​

​ភ្នំពេញ​ ​៖​ ​ជា​ការ​អបអរសាទរ​នៅក្នុង​ឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ខាងមុខនេះ​ ​ក្រុមហ៊ុន​ ​បុរី​ ​KC​ ​បាន​បង្កើត​កម្មវិធី​កាន់តែ​ពិសេស​សម្រាប់​អតិថិជន​របស់​ខ្លួន​ជាមួយនឹង​ការ​បញ្ចុះតម្លៃ​កាន់តែ​ច្រើនជាង​មុន​ ​ដែល​រឹតតែ​ផ្តល់​ឱកាស​ចំណេញ​យ៉ាង​អស្ចារ្យ​សម្រាប់​អ្នក​ដែល​ចង់​មាន​លំនៅ​ដ្ឋាន​រស់​សមរម្យ​ ​និង​អាច​ប្រកប​អា​ជី​កម្ម​បាន​ ​ក៏ដូចជា​អ្នក​ដែល​ទិញទុក​វិនិយោគ​បន្ត​ផង​ដែរ​។​ ​



​ជា​កម្មវិធី​ពិសេស​មិនធ្លាប់​មាន​ពីមុន​ ​នៅក្នុង​ឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ខាងមុខនេះ​ ​ក្រុមហ៊ុន​បុរី​ ​KC​ ​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​ទាន់សម័យ​ ​និង​ស៊ីវិល័យ​ ​ដែល​មាន​ផាសុកភាព​ខ្ពស់​សម្រាប់​ការរស់នៅ​ ​និង​ប្រកប​អាជីវកម្ម​បាន​យ៉ាង​ប្រសើរ​ ​បាន​បង្កើត​កម្មវិធី​ពិសេស​សម្រាប់​អតិថិជន​របស់​ខ្លួន​ដោយ​ការ​ផ្តល់​ជូន​នូវ​តម្លៃ​ពិសេស​ ​រួម​ជាមួយនឹង​កាដូ​ ​អាំង​ប៉ាវ​លាភ​សំណាង​ជាច្រើន​ទៀត​។​ ​

​អ្វី​ដែល​កាន់តែ​ពិសេស​ជាង​នេះ​ទៅទៀត​ ​លោកអ្នក​ក៏អាច​ធ្វើការ​កក់​លើកដំបូង​ត្រឹមតែ​ ​១០០០ដុល្លារ​តែប៉ុណ្ណោះ​ ​ដើម្បី​បាន​ក្លាយជា​ម្ចាស់​លំនៅ​ដ្ឋាន​យ៉ាង​ស្រស់​ស្អាត​ ​ពោរពេញ​ទៅ​ដោយ​ប្រណីតភាព​ ​ហើយ​ថែមទាំង​អាច​ប្រកប​អាជីវកម្ម​បាន​យ៉ាង​ល្អ​ប្រសើរ​ដែល​មាន​ទីតាំងនៅ​ចំ​កណ្តាល​ទីប្រជុំជន​នៃ​តំបន់​ផ្សារ​ព្រែកព្នៅ​។​ ​

​បុរី​ ​KC​ ​អំណោយផល​ដល់​ការរស់នៅ​ ​និង​ប្រក​អាជីវកម្ម​គ្រប់​ប្រភេទ​ ​ដោយសារតែ​ស្ថិតនៅ​ជាប់​ផ្លូវ​ធំ​ទំហំ៣០ម៉ែត្រ​ ​ជា​ផ្លូវ​តភ្ជាប់​រវាងផ្លូវ​ជាតិ​លេខ៥និង​មហាវិថី​ ​ឈ្នះ​ ​ឈ្នះ​ ​នៃ​ទីក្រុង​មរតក​សម្ដេច​តេជោ​ ​ឆ្ពោះទៅ​កាន់​ផ្លូវជាតិ​លេខ៤​។​ ​បន្ថែម​ពីនេះ​ ​ទីតាំង​របស់​បុរី​ ​ខេ​ ​ស៊ី​ ​មាន​ហ៊ុ​ព័ទ្ធ​ទៅ​ដោយ​ទីប្រជុំជន​ជាច្រើន​ ​ដូចជា​ ​ខាងក្រោយ​មាន​ផ្សារ​ព្រែកព្នៅ​ចាស់​ ​នៅ​ខាងមុខ​ជាប់​ផ្លូវ​ ​មាន​ផ្សារ​ព្រែកព្នៅ​ ​សាលារៀន​រដ្ឋ​ ​និង​ឯកជន​ ​មណ្ឌលសុខភាព​ ​គ្លីនិក​ឯកជន​ ​និង​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ខ្វាត់ខ្វែង​ជាច្រើន​ ​បន្ថែម​ដោយ​គម្រោង​អភិវឌ្ឍ​បឹង​តា​ម៉ោក​ ​និង​តំបន់​អភិវឌ្ឍ​រមណីយដ្ឋាន​គំរូ​ ​នៅ​តំបន់​ជាយក្រុង​នៃ​ភ្នំ​ប្រសិទ្ធិ​ ​ដែល​ជា​គម្រោង​អាទិភាព​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ផង​ដែរ​។​

​លំនៅ​ដ្ឋាន​នៅក្នុង​ ​ខេ​ស៊ី​ ​ត្រូវ​បាន​សាងសង់​ឡើងជា៣ប្រភេទ​ ​រួមមាន​ប្រភេទ​ ​Link​ ​House​,​ ​Shop​ ​House​ ​និង​ប្រភេទ​ ​Twin​ ​Villa​ ​ដែល​សុទ្ធតែ​សមស្រប​ទៅ​នឹង​ការរស់នៅ​ដែល​ពោរពេញ​ទៅ​ដោយ​ផាសុកភាព​ខ្ពស់​ទាំងអស់​។​
​សម្រាប់​ព័ត៌មាន​បន្ថែម​ ​លោកអ្នក​អាច​ទំនាក់ទំនង​បាន​តាមរយៈ​ទូរស័ព្ទ​លេខ​ ​៖​ ​០៨៩​ ​៧៨៧​ ​៧២១​ ​/​ ​០៨៧​ ​៣៦​ ​៩៥​ ​៣៦​ ​/​ ​០១៦​ ​៦៨៥​ ​៨៥៨​ ​៕​

ក្រុមហ៊ុនម៉ាឡេស៊ីបានទិញយកគម្រោងថាមពលពន្លឺព្រះអាទិត្យខ្នាតធំ ២០ មេហ្គាវ៉ាត់នៅទីក្រុងបាវិត

ដោយ​ ​ប៊ី​

​ភ្នំពេញ​៖​ ​ក្រុមហ៊ុន​ ​Pestech​ ​International​ ​Bhd​ ​កំពុង​ពង្រីក​អាជីវកម្ម​ផលិត​ថាមពល​របស់​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​ជាមួយនឹង​ការ​ស្នើសុំ​ទិញ​គម្រោង​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ ​(​solar​)​។​

​ក្រុមហ៊ុន​ ​នៅក្នុង​ឯកសារ​ដែល​បាន​ដាក់ពាក្យ​ជាមួយ​ក្រុមហ៊ុន​ ​Bursa​ ​Malaysia​ ​បានឱ្យ​ដឹង​ថា​ ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ ​Astoria​ ​Solar​ ​Farm​ ​Sdn​ ​Bhd​ ​(​ASF​)​ ​បាន​យល់ព្រម​ទិញ​ភាគហ៊ុន​ចំនួន​ ​៩៤​ ​ភាគរយ​នៅក្នុង​ក្រុមហ៊ុន​ ​Green​ ​Sustainable​ ​Ventures​ ​(​Cambodia​)​ ​Co​ ​Ltd​ ​(​GSV​)​ ​ពី​បុគ្គល​ពីរ​នាក់​ក្នុង​តម្លៃ​ ​៤​ ​លាន​ដុល្លារ​អាមេរិក​។​

​ក្រុមហ៊ុន​ ​Pestech​ ​បានឱ្យ​ដឹង​ថា​ ​ការទិញ​យក​នេះ​នឹង​ផ្តល់​ឱ្យ​ក្រុមហ៊ុន​នូវ​“​ ​សិទ្ធិ​ដ៏​ធំធេង​សម្រាប់​ការ​អភិវឌ្ឍ​សម្បទាន​រយៈពេល​ ​២០​ ​ឆ្នាំ​នៃ​គម្រោង​កសិដ្ឋាន​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ខ្នាត​ធំ​ ​២០​ ​មេ​ហ្គា​វ៉ាត់​នៅ​ទីក្រុង​បាវិត​ ​ប្រទេស​កម្ពុជា​។​

​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​ ​GSV​ ​ទទួល​បាន​កិច្ច​ព្រមព្រៀង​ទិញ​ថាមពល​រយៈពេល​វែង​ជាមួយ​អគ្គិសនី​កម្ពុជាក្រោម​គំរូ​សាងសង់​ ​និង​ដំណើរការ​ដោយ​ថាមពលអគ្គីសនី​ក្នុង​តម្លៃ​ ​០.០៧៦​ ​ដុល្លារ​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង​។​ ​តាម​ការ​ស្នើសុំ​ ​៩៤​%​ ​នៅក្នុង​ក្រុមហ៊ុន​ ​GSV​ ​នឹង​ក្លាយជា​អ្នក​អភិវឌ្ឍន៍​ ​និង​អនុវត្ត​ការគ្រប់គ្រង​គម្រោង​នៃ​មុខងារ​ ​EPC​ ​ទាំងអស់​។​

​ក្រុមហ៊ុន​ ​ASF​ ​ក្នុងនាម​ជា​ម្ចាស់ភាគហ៊ុន​ភាគច្រើន​នៅក្នុង​ក្រុមហ៊ុន​ ​GSV​ ​អាច​កំណត់​ការចាត់ចែង​មុខងារ​ ​EPC​ ​និង​ប្រតិបត្តិ​ការ​ ​និង​ថែទាំ​ ​(​O​&​M​)​ ​ដើម្បី​អនុវត្ត​វិសាលភាព​ ​EPC​ ​សម្រាប់​គម្រោង​ ​និង​ ​O​&​M​ ​សម្រាប់​រយៈពេល​នៃ​កិច្ច​ព្រមព្រៀង​រដ្ឋ​ ​និង​ឯកជន​។​

​ក្រុមហ៊ុន​ ​Pestech​ ​រំពឹង​ថា​ ​ការទិញ​យក​ដែល​បាន​ស្នើសុំ​នឹង​ចូលរួម​ចំណែក​ដល់​ប្រាក់ចំណេញ​របស់​ក្រុម​ទាំងមូល​ក្នុងរយៈពេល​នៃ​កិច្ច​ព្រមព្រៀង​រដ្ឋ​ ​និង​ឯកជន​៕​