ក្រុមហ៊ុនចិនដ៏ធំ កំពុងសម្លឹងរកផ្ទៃដីទំហំ ៣ម៉ឺន ហិកតា វិនិយោគដំណាំកប្បាស

ដោយ​ ​៖​ ​រ៉ា​ណេត​ ​

​កំពង់ស្ពឺ​ ​៖​ ​ក្រុមហ៊ុន​ជំនាញ​របស់​ចិន​ដ៏​ធំ​មួយ​បាន​បង្ហាញ​ពី​គោលបំណង​របស់​ខ្លួន​ក្នុង​ការ​ចូល​មក​បណ្តាក់​ទុន​វិនិយោគ​ជាច្រើន​លាន​ដុល្លារ​ទៅលើ​ការបង្កើត​តំបន់​ដាំដំណាំ​កប្បាស​នៅ​លើ​ផ្ទៃដី​ជាង​ ​៣ម៉ឺន​ហិ​ក​តា​ ​ស្ថិតនៅ​ក្នុងទឹក​ដី​ខេត្ត​កំពង់ស្ពឺ​ ​ខណៈ​ដែល​គម្រោង​មួយ​នេះ​ត្រូវ​បាន​ពិភាក្សា​ជា​ជំហាន​ដំបូង​ជាមួយ​រដ្ឋបាល​ខេត្ត​រួចរាល់​។​ ​



​បន្ទាប់ពី​បាន​ធ្វើការ​សិក្សា​ពី​ភាពល្អ​ប្រសើរ​នៃ​កត្តា​ភូមិសាស្ត្រ​ ​និង​ភាព​អំណោយផល​នៃ​អាកាសធាតុ​ ​ក្រុមហ៊ុន​ជំនាញ​វិនិយោគ​ដាំដំណាំ​កប្បាស​ដ៏​ធំ​របស់​ប្រទេស​ចិន​បាន​បង្ហាញ​ពី​គោលបំណង​នៃ​ការ​បណ្តាក់​ទុន​វិនិយោគ​ជាមួយនឹង​ទំហំ​ទឹក​ប្រាប់​រាប់​សិប​លាន​ដុល្លារ​ ​នៅ​លើ​ផ្ទៃដី​ជាង៣ម៉ឺន​ហិ​ក​តា​ ​ស្ថិតនៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​។​ ​

​អភិបាលខេត្ត​កំពង់ស្ពឺ​ ​លោក​ ​វ៉ី​ ​សំណាង​ ​បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី១៧​ ​ខែមករា​ ​ឆ្នាំ២០២០​ ​នេះ​ថា​ ​ក្រុម​ចិន​ដែល​មានបំណង​មក​បណ្តាក់​ទុន​វិនិយោគ​លើ​ការ​ដាំដំណាំ​កប្បាស​មួយ​នេះ​ ​គេ​បាន​ស្វែងយល់​ពី​ភាពល្អ​ប្រសើរ​ដែល​ទទួល​បាន​ពី​ការ​វិនិយោគ​នៅ​កម្ពុជា​រួចជាស្រេច​។​ ​លោក​បាន​បន្ត​ថា​ ​“​នៅក្នុង​គម្រោង​នៃ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​មួយ​នេះ​ ​អាច​មាន​ក្រុម​ហ៊ុន​តូច​ៗ​ជាច្រើន​ទៀត​ដែល​ស្ថិតនៅ​ប្រទេស​ចិន​ចូលរួម​សហ​វិនិយោគ​”​។​ ​

​លោក​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ ​“​ក្រុមហ៊ុន​ខាងលើ​នេះ​ពិតជា​មានបំណង​មក​បណ្តាក់​ទុន​វិនិយោគ​ ​ដោយ​ត្រូវការ​ផ្ទៃដី​រហូតដល់​ជាង៣ម៉ឺន​ហិ​ក​តា​ ​ដែល​វា​ ​ជា​គម្រោង​វិនិយោគ​ផ្នែក​កសិ​ឧស្សាហកម្ម​ដ៏​ធំ​មួយ​។​ ​បច្ចុប្បន្ន​នេះ​ ​យើង​មិន​មានផ្ទៃ​ដី​ទំនេរ​ច្រើន​នោះ​ទេ​ ​ក្រៅតែ​ពី​ដី​បង្កបង្កើនផល​ស្រូវ​ទំហំ​ប្រមាណ១១ម៉ឺន​ហិ​ក​តា​ ​ដែល​ភាគច្រើន​ជា​កម្មសិទ្ធិ​របស់​វិស័យ​ឯកជន​ ​និង​ប្រជាពលរដ្ឋ​ ​ដូច្នេះ​ ​សម្រាប់​គម្រោង​វិនិយោគ​ដាំ​កប្បាស​របស់​ក្រុមហ៊ុន​ចិន​មួយ​នេះ​ ​អាច​ធ្វើការ​សម្របសម្រួល​ ​ឬ​ទិញ​ដោយ​ផ្ទាល់​រវាង​ក្រុមហ៊ុន​វិនិយោគ​ ​និង​ម្ចាស់ដី​កម្មសិទ្ធិ​ ​ហើយ​រដ្ឋបាល​ខេត្ត​នឹង​ព្យាយាម​ជួយ​សម្របសម្រួល​លើ​ការរៀបចំ​ឯកសារ​ ​ផ្លូវច្បាប់​ជូន​”​។​ ​



​បច្ចុប្បន្ន​នេះ​ ​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​ ​សម្រាប់​ផ្ទៃដី​វិនិយោគ​លើ​ផ្នែក​កសិ​ឧស្សាហកម្ម​ ​រួមមាន​ដី​សម្រាប់​ដំណាំ​អំពៅ​មាន​ទំហំ​ ​៤,៥ម៉ឺន​ហិ​ក​តា​ ​និង​ផ្ទៃដី​សម្រាប់​ដំណាំ​ស្វាយ​មាន​ទំហំ​ ​៤,៥​ ​ម៉ឺន​ហិ​ក​តា​ដូចគ្នា​ ​ដែល​ដំណាំ​ទាំង២ប្រភេទ​នេះ​ ​ត្រូវ​បាន​កែច្នៃ​ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅ​ស្រុក​ ​៕​

ទីក្រុងប៉េកាំងផ្តោតទៅលើកំណើនសេដ្ឋកិច្ចដែលមានភាពចាស់ទុំដោយមិនបារម្ភជាមួយនឹងអត្រាកំណើន

ដោយ​ ​Donald​ ​Lee​

​ភ្នំពេញ​៖​ ​ទីក្រុង​ប៉េកាំង​បាន​ផ្លាស់​ប្តូរ​ការ​ផ្តោត​អារម្មណ៍​របស់​ខ្លួន​ពី​កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ទៅ​រក​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​ ​និង​ចាស់ទុំ​ ​ខណៈ​ខ្លួន​បាន​ចេញផ្សាយ​ទិន្នន័យ​សេដ្ឋកិច្ច​ដែល​បង្ហាញ​ពីអ​ត្រា​កំណើន​ជាង​ ​៦​ ​ភាគរយ​នៅ​ឆ្នាំ​ ​២០១៩​។​

​អត្រាកំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​បាន​ធ្លាក់ចុះ​ជាបន្តបន្ទាប់​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​ខណៈ​សេដ្ឋកិច្ច​ចិន​មាន​ភាព​ចាស់ទុំ​ ​និង​ធ្លាក់ចុះ​ដល់​កំរិត​ទាប​បំផុត​ក្នុងរយៈពេល​ ​៣០​ ​ឆ្នាំ​ក្នុង​ឆ្នាំ​ ​២០១៩​។​

​យោង​តាម​ការិយាល័យ​ស្ថិតិ​ជាតិចិន​ប្រចាំ​នៅ​ប្រទេស​ចិន​ ​អត្រា​ផលិតផល​ក្នុង​ស្រុក​សរុប​ប្រចាំត្រីមាស​បាន​ធ្លាក់ចុះ​ជាបន្តបន្ទាប់​ចាប់តាំងពី​ត្រីមាស​ទី​ ​៣​ ​ឆ្នាំ​ ​២០១៨​។​

​ទិន្នន័យ​ថ្មី​ត្រូវ​បាន​ចេញផ្សាយ​ ​បន្ទាប់ពី​ឧបនាយក​រដ្ឋមន្រ្តី​ចិន​លោក​ ​Liu​ ​He​ ​និង​ប្រធានាធិបតី​អាមេរិក​ ​Donald​ ​Trump​ ​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក​ ​និង​ចិន​នៅ​ថ្ងៃ​ ​ពុធ​ ​បាន​បញ្ចប់​ការ​កើនឡើង​នូវ​សង្គ្រាម​ពាណិជ្ជកម្ម​ជិត​ដែល​មាន​រយៈពេល​ ​២២​ ​ខែ​ ​ដែល​បាន​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​សកល​។​

​ការ​ចុះហត្ថលេខា​ដែល​បាន​រំពឹង​ទុក​នេះ​នឹង​បង្ហាញ​ពី​ការ​ធ្លាក់ចុះ​នៃ​ពន្ធគយ​អាវុធ​ដែល​បាន​ធ្វើ​ឱ្យ​រង្គើរ​ដល់ទី​ផ្សារ​ ​និង​បណ្តាញ​ផ្គត់ផ្គង់​ពិភពលោក​ ​ជាពិសេស​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​

ការ​ផ្លាស់​ប្តូរ​ទៅ​រក​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​ស្រុក​

​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ ​និង​ចិន​បាន​បន្ត​បង្កើត​ភាព​មិន​ប្រាកដប្រជា​នៅក្នុង​ទីផ្សារ​ជុំវិញ​ពិភពលោក​កាលពី​ឆ្នាំមុន​ ​មជ្ឈឹ​ម​បូព៌ា​បាន​ផ្លាស់​ប្តូរ​ការ​ផ្តោត​អារម្មណ៍​លើ​ផែនការ​អភិវឌ្ឍន៍​ដែល​ត្រូវ​បាន​ហៅថា​ ​ល្បឿន​របស់​ចិន​។​ ​នេះ​បើ​យោង​តាម​ការ​អត្ថា​ធិប្បាយ​ដែល​បាន​ចេញផ្សាយ​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​។​

​“​ល្បឿន​របស់​ចិន​”​ ​២.០​ ​បាន​បង្ហាញ​ទស្សនៈ​យ៉ាង​ច្បាស់​ថា​ ​កំណើន​ផលិត​សរុប​ស្រុក​ ​គម្រោង​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ធំ​ ​និង​អគារ​ខ្ពស់​គឺជា​សូចនាករ​តែមួយគត់​នៃ​សេដ្ឋកិច្ច​ដែល​រីកចម្រើន​និង​រីកចម្រើន​។​

​អត្ថបទ​អត្ថា​ធិប្បាយ​មួយ​ដែល​ត្រូវ​បាន​ចេញផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​ ​បាន​បញ្ជាក់​ថា​ ​“​ល្បឿន​របស់​ប្រទេស​ចិន​ឥឡូវនេះ​គឺ​តិច​ជាង​ល្បឿន​នៃ​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ ​ឬ​ល្បឿន​សាងសង់​ផ្លូវថ្នល់​ស្ពាន​និង​អ​គារ​ខ្ពស់​ៗ​។​ ​ផ្ទុយទៅវិញ​ ​វា​ទាក់ទង​កាន់តែ​ច្រើន​អំពី​របៀប​ដែល​សេដ្ឋកិច្ច​ចិន​មាន​ទំហំ​យ៉ាង​លឿន​ដែល​យក​វិធី​សាស្រ្ត​អភិវឌ្ឍន៍​ថ្មី​មួយ​”​។​

​ចិន​មិនសូវ​ចាប់អារម្មណ៍​នឹង​ពាណិជ្ជកម្ម​ ​ហើយ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​លើ​ការ​អភិវឌ្ឍ​ធនធាន​ក្នុង​ស្រុក​របស់​ខ្លួន​ ​ដូចជា​ការ​រីកចម្រើន​ខាង​បច្ចេកវិទ្យា​នៅក្នុង​ភ័ស្តុភារ​ភ័ស្តុភារ​ ​បច្ចេកវិទ្យា​ ​5G​ ​និង​ការ​កែលំអ​ស្តង់ដារ​បរិស្ថាន​។​

​អត្ថា​ធិប្បាយ​បាន​បន្ថែម​ ​”​នៅ​ពីក្រោយ​មុខ​ថ្មី​នៃ​ល្បឿន​របស់​ប្រទេស​ចិន​ ​គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងអស់​របស់​ប្រទេស​ក្នុង​ការ​បន្ត​ការ​កសាង​ប្រទេសជាតិ​ដែល​ជា​ចក្ខុវិស័យ​មួយ​មិន​អាច​ធ្វើ​ទៅ​បាន​ ​ដោយ​គ្មាន​សេដ្ឋកិច្ច​ទំនើប​ ​ដែល​បញ្ចូល​គុណភាព​ល្អ​ប្រសើរ​ ​ប្រសិទ្ធភាព​ខ្ពស់​ ​ជំរុញ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​ ​និង​បើកទូលាយ​”​៕​

តើ លោក Tay Za មានទ្រព្យកម្រិតពាន់លានដុល្លារនៅប្រទេសភូមាជានរណា?

ដោយ​វុត្ថា

​ភ្នំពេញ​៖​ លោក​ ​Tay​ ​Za​ ​គឺជា​មហាសេដ្ឋី​ជនជាតិ​ភូមា​និង​ជា​ប្រធាន​ក្រុមហ៊ុន​ ​Htoo​ ​Group​ ​of​ ​Companies​ ​ដែល​បាន​កើត​នៅ​ថ្ងៃទី១៨​ ​ខែកក្កដា​ឆ្នាំ​ ​១៩៦៤​ ​ដែល​បាន​កើត​នៅក្នុង​ទីក្រុង​ ​Rangoon​ ​ប្រទេស​ភូមា​។​



​លោក​គឺជា​សហការី​ជិតស្និទ្ធ​ម្នាក់​របស់​អតីត​ប្រមុខរដ្ឋ​របស់​ប្រទេស​គឺ​លោក​ ​Than​ ​Shwe​ ​។​ ​លោក​ ​គឺជា​សហគ្រិន​ដំបូងបង្អស់​របស់​ប្រទេស​មីយ៉ាន់ម៉ា​ដែល​បាន​បង្ហាញខ្លួន​នៅ​លើ​ទំព័រ​របស់​ ​Forbes​ ​Asia​ ​។​

​មហាសេដ្ឋី​រូប​នេះ​ ​បាន​នឹង​កំពុង​គ្រប់គ្រង​ក្រុមហ៊ុន​ ​Htoo​ ​Group​ ​និង​ ​Air​ ​Bagan​ ​ដែល​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ឯកជន​តែមួយគត់​ដំបូងបង្អស់​របស់​ប្រទេស​នេះ​។​ ​នៅក្នុង​ឆ្នាំ​ ​២០០៦​–​២០០៧​ ​ក្រុមហ៊ុន​ ​Htoo​ ​Trading​ ​ដែល​ជាផ្នែក​មួយ​នៃ​ក្រុមហ៊ុន​ ​Htoo​ ​Holdings​ ​គឺជា​ក្រុមហ៊ុននាំចេញ​ឯកជន​លំដាប់​កំពូល​របស់​ប្រទេស​ភូមា​ ​និង​ធំជាង​គេ​ទី​ ​៥​ ​ដោយមាន​ចំណូល​សរុប​ ​៦៥,១​ ​លាន​ដុល្លារ​។​

​មហាសេដ្ឋី​រូប​នេះ​ ​បាន​ចាប់ផ្តើម​អាជីព​ជា​អ្នកជំនួញ​នៅ​ទសវត្ស​ឆ្នាំ​ ​១៩៨០​ ​និង​បាន​ចាប់ផ្តើម​បើក​ក្រុមហ៊ុន​ ​Htoo​ ​Group​ ​នៅដើម​ទសវត្ស​ឆ្នាំ​ ​១៩៩០​ ​ដើម្បី​ធ្វើអាជីវកម្ម​ឈើ​របស់​ប្រទេស​ភូមា​។​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​ក្រុមហ៊ុន​ ​របស់​លោក​ ​ក៏បាន​វិនិយោគ​លើ​វិស័យ​សំណង់​ ​ទេសចរណ៍​ ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​សេវាកម្ម​ទូរស័ព្ទចល័ត​ផង​ដែរ​។​
​ ​
​ជាមួយគ្នា​នេះ​ ​លោក​មហាសេដ្ឋី​រូប​នេះ​ក៏​ប្រឡូក​ក្នុង​អាជីវកម្ម​ធនាគារ​ផង​ដែរ​ដោយ​បាន​បង្កើត​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បៃតង​ ​(​Asia​ ​Green​ ​Development​ ​Bank​ ​)​ ​ដែល​ត្រូវ​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ដោយ​រដ្ឋាភិបាល​របប​យោធា​ក្នុង​ឆ្នាំ​ ​២០១០​ ​មុន​ពេល​បោះបង់​អំណាច​របស់​ខ្លួន​បន្ទាប់ពី​ការបោះឆ្នោត​ទូទៅ​។​



​ធនាគារ​របស់​លោក​ត្រូវ​បាន​ដាក់ទណ្ឌកម្ម​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អា​មេ​រិក​ភ្លាម​ៗ​បន្ទាប់ពី​ធនាគារ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​។​ ​ប៉ុន្តែ​ធន​គារ​នេះ​ត្រូវ​បាន​ដកចេញ​ពី​បញ្ជី​ទណ្ឌកម្ម​ក្នុង​ឆ្នាំ​ ​២០១៣​ ​។​

​បើ​តាម​ការ​ការ​ចុះផ្សាយ​សារព័ត៌មាន​នានា​ថា​ ​លោក​គ​គឺជា​ឈ្មួញ​កណ្តាល​លើ​ការ​ជួញ​ដូ​អាវុធ​សម្រាប់​របប​អតីត​យោធា​ដោយ​ជួយ​ទិញ​គ្រឿងបន្លាស់​យោធា​ពី​ប្រទេស​រុស្ស៊ី​។​

​ក្រុមហ៊ុន​អាកាសចរណ៍​ ​Air​ ​Bagan​ ​របស់​លោក​ ​Tay​ ​Za​ ​គឺជា​អ្នកឧបត្ថម្ភ​ធំ​របស់​ក្លិប​បាល់ទាត់​យូ​ណាយ​ធី​ត​ដែល​ជា​ក្លឹប​បាល់ទាត់​អាជីព​មួយ​ក្នុងចំណោម​ក្លឹប​ទាំង​ ​៩​ ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ប្រកួតប្រជែង​ដណ្តើម​ពានរង្វាន់​លី​គជា​តិ​មីយ៉ាន់ម៉ា​ ​(​MNL​)​ ​ដែល​គ្រប់គ្រង​ដោយប្រុស​របស់​ខ្លួន​ជា​ប្រធាន​ក្លឹប​។​

​លោក​មហាសេដ្ឋី​រូប​នេះ​ ​ទទួល​បាន​ជោគជ័យ​លើ​មុខ​ជំនួញ​ជាបន្តបន្ទាប់​ ​តាមរយៈ​ការ​វិនិយោគ​លើ​ការរុករក​រ៉ែ​ ​សណ្ឋាគារ​និង​អចលនទ្រព្យ​ ​ដោយ​ ​គិត​ត្រឹម​ឆ្នាំ​ ​២០១៩​ ​មហាសេដ្ឋី​ជនជាតិ​ភូមា​រូប​នេះ​មានទ្រព្យ​សម្បត្តិ​សុទ្ធ​ប្រមាណ​ ​១,២​ ​ពាន់​លាន​ដុល្លារ​៕​

កម្ពុជា ទទួលស្លាកវេទិកាទេសចរណ៍អាស៊ាន បន្តធ្វើជាម្ចាស់ផ្ទះនៅដើមឆ្នាំ២០២១

ដោយ​ ​៖​ ​រ៉ា​ណេត​ ​

​ព្រុយ​ណេ​ ​៖​ ​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ២០២១ខាងមុខនេះ​ ​កម្ពុជា​បាន​ទទួល​កិត្តិយស​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការរៀបចំ​បន្ត​វេ​ណ​ ​ដែល​គ្រោង​នឹង​រៀបចំ​នៅ​រាជធានី​ភ្នំពេញ​ ​ចុងខែ​មករា​ ​ឆ្នាំ២០២១​ ​។​ ​



​នៅក្នុង​ពិធី​បិទ​វេទិកា​ទេសចរណ៍​អាស៊ាន២០២០​ ​កាលពី​រសៀល​ថ្ងៃទី១៦​ ​ខែមករា​ ​ឆ្នាំ២០២០​ ​ដែល​រៀបចំ​នៅ​ប្រទេស​ព្រុយ​ណេ​ម្សិលមិញ​នេះ​ ​លោក​ ​ថោង​ ​ខុន​ ​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​កម្ពុជា​ ​និង​ជា​អនុប្រធាន​នៃ​កិច្ចប្រជុំ​ផង​ដែរ​នោះ​ ​បាន​ទទួល​ស្លាក​វេទិកា​ទេសចរណ៍​អាស៊ាន​ ​(​ATF​)​ ​ដើម្បី​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​បន្ត​នៅដើម​ឆ្នាំ២០២១​។​ ​

​វេទិកា​ទេសចរណ៍​អាស៊ាន២០២១​ ​ដែល​គ្រោង​នឹង​រៀបចំឡើង​នៅ​រាជធានី​ភ្នំពេញ​ ​ចាប់ពី​ថ្ងៃទី១៧​-​២៣​ ​ខែមករា​ ​ឆ្នាំ២០២១​ ​ក្រោម​ប្រធានបទ​ ​“​អាស៊ាន​ ​សហគមន៍​សន្តិភាព​ ​និង​អនាគត​តែមួយ​ ​(​ASEAN​ ​-​ ​A​ ​Community​ ​of​ ​Peace​ ​and​ ​Shared​ ​Future​)​។​ ​ប្រធានបទ​នេះ​ត្រូវ​បាន​ទទួលការ​គាំទ្រ​ពី​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​ ​ដែល​បាន​បញ្ជាក់​ថា​ ​វិស័យ​ទេសចរណ៍​មិន​ត្រឹមតែ​រួមចំណែក​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ប៉ុណ្ណោះទេ​ ​តែ​ក៏​ជា​កា​តា​លិ​ករ​ក្នុង​ជំរុញ​វិបុលភាព​សម្រាប់​អនាគត​រីកចម្រើន​រួមគ្នា​។​



​ក្នុង​សេចក្ដីថ្លែង​អំណរគុណ​ ​លោក​ ​ថោង​ ​ខុន​ ​បាន​ ​កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការរៀបចំ​វេទិកា​នេះ​។​ ​កម្ពុជា​មានបទពិសោធន៍​ក្នុង​ការរៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​នេះ​ចំនួន០២លើក​រួចមក​ហើយ​កាលពី​ឆ្នាំ២០០៣​ ​និង​ឆ្នាំ២០១១​។​ ​ទន្ទឹម​នឹង​នោះ​ ​លោក​រដ្ឋមន្រ្តី​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ ​ប្រទេស​កម្ពុជា​បាន​ទទួលការ​គាំទ្រ​ពី​សហគមន៍​ជាតិ​ ​និង​អន្តរជាតិ​រៀបចំ​ព្រឹត្តិ​កា​រណ៍​ធំៗ​ជាច្រើន​នា​ពេល​កន្លងមក​។​ ​នៅពេល​ខាងមុខនេះ​ ​កម្ពុជា​នឹង​មាន​ព្រឹត្តិ​ការណ៍​ពិភពលោក​មួយចំនួន​ដូចជា​៖​ ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​ ​នៅ​ចុងឆ្នាំ២០២០​ ​សន្និសីទ​អន្តរជាតិ​លើក​ទី៣​ ​ស្តី​ពី​អរិយធម៌​ពិភពលោក​ ​និង​ខ្សែ​ទស្សនកិច្ច​ប្រវត្តិ​សាស្រ្ត​ដោយ​សហការ​ជាមួយ​អង្គការ​ទេសចរណ៍​ពិភពលោក​ ​(​UNWTO​)​ ​នៅ​ចុងឆ្នាំ២០២១​ ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឆ្នាំ២០២២​ ​ស៊ី​ហ្គេម​ ​ឆ្នាំ២០២៣​ ​និង​ព្រឹត្តិ​ការណ៍​អន្តរ​ជា​តិ​ផ្សេង​ៗ​ទៀត​៕​

ចំណេះដឹង! តើអ្វីជាយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥?

ដោយវុត្ថា

ភ្នំពេញៈ យុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ត្រូវបានអនុម័ត និងឯកភាពទាំងស្រុង ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

យុទ្ធសាស្រ្តជាតិនេះ មានគោលដៅបង្កើនលទ្ធភាព ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការដែលមានគុណភាព កាត់បន្ថយអត្រាស្រី្ត ដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុពី ២៧% មក១៣% និងពង្រីកការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការពី៥៩% ទៅ ៧០% ត្រឹមឆ្នាំ២០២៥ ព្រមទាំងធ្វើឱ្យប្រសើរទ្បើងនូវសុខុមាលភាពគ្រួសារ និងគាំទ្រកំណើនសេដ្ឋកិច្ច។

តាមរយៈគោលដៅនេះ សកម្មភាពអាទិភាពចំនួន៦ ត្រូវបានកំណត់ រួមមាន ៖ i/- លើកទឹកចិត្តឱ្យមានការសន្សំ នៅតាមគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ ii/- ជំរុញនវានុវត្តន៍សេវាឥណទាន សម្រាប់សហគ្រាសធុនតូចនិងមធ្យម iii/- ពង្រីកសមត្ថភាពប្រព័ន្ធទូទាត់ iv/- ពង្រីកការផ្ដល់សេវាធានារ៉ាប់រងឱ្យបានទូលំទូលាយ v/- ពង្រឹងសមត្ថភាពនិយ័តករវិស័យហិរញ្ញវត្ថុ និង vi/-លើកកម្ពស់សិទ្ធិនិងបង្កើនកិច្ចការពារអតិថិជន ព្រមទាំងបង្កើនតម្លាភាពក្នុងវិស័យហិរញ្ញវត្ថុ៕

រដ្ឋាភិបាលកំពុងរៀបចំសេចក្តីព្រាងកិច្ចព្រមព្រៀងត្រីភាគីស្តីពីការដឹកជញ្ជូនតាមតំបន់ឆ្នេរសមុទ្រ

ដោយ​វុត្ថា

​ភ្នំ​ពេញៈ​ ​រដ្ឋាភិបាល​តាមរយៈ​អន្តរក្រសួង​/​ស្ថាប័ន​ ​បាន​និង​កំពុង​ចាប់ផ្តើម​ពិភាក្សា​លើ​សេចក្តី​ព្រាង​កិច្ច​ព្រមព្រៀង​ត្រីភាគី​ស្តី​ពី​ ​ការ​ដឹកជញ្ជូន​តាម​តំបន់ឆ្នេរ​សមុទ្រ​ ​ដើម្បី​ឱ្យ​នាវាដឹកទំនិញ​កាន់តែ​មាន​ភាព​ងាយស្រួល​បន្ថែម​ទៀត​។​

​យោង​តាម​កិច្ចប្រជុំ​អន្តរក្រសួង​ ​ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃទី១៦ខែមករា​ ​ឆ្នាំ២០២០នេះ​ ​គឺ​ដើម្បី​ពិនិត្យ​ ​ពិភាក្សា​ ​លើ​សេចក្តី​ព្រាង​កិច្ច​ព្រមព្រៀង​ត្រីភាគី​ស្តី​ពី​ ​ការ​ដឹកជញ្ជូន​តាម​តំបន់ឆ្នេរ​សមុទ្រ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៏​ ​និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ​ដែល​មាន​បញ្ហា​ត្រូវ​រួមគ្នា​ដោះស្រាយ​ ​លើ​ខ្លឹមសារ​សេចក្តី​ព្រាង​កិច្ច​ព្រមព្រៀង​ទាក់ទង​នឹង​កាតព្វកិច្ច​ពន្ធគយ​ ​នីតិវិធី​ដោះស្រាយ​ជម្លោះ​កើត​ចេញពី​ការអនុវត្ត​កិច្ច​ព្រមព្រៀង​ ​នីតិវិធី​ក្នុង​ការសង្គ្រោះ​នាវា​របស់​រដ្ឋ​ភាគី​ ​ពេល​ជួប​គ្រោះអាសន្ន​នៅក្នុង​ដែនទឹក​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​ការបង្កើត​ក្រុមការងារ​ត្រីភាគី​ ​ចូលរួម​កិច្ចប្រជុំ​ជា​ទៀងទាត់​ ​ក្នុង​ក្របខណ្ឌ​ជារ​ដ្ឋ​ភាគី​កិច្ច​ព្រមព្រៀង​ ​សំដៅ​ឱ្យ​ការ​ធ្វើ​ចរាចរណ៍​ទំនិញ​តាម​នាវា​ឆ្លងកាត់​ព្រំដែន​ទឹក​ប្រព្រឹត្តទៅ​ដោយ​រលូន​។​ ​

​លោក​រស់​ ​វណ្ណា​ ​រដ្ឋលេខាធិការ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​ឱ្យ​ដឹង​ថា​ ​ធាតុ​ចូល​ ​ដែល​ទទួល​បាន​ពី​កិច្ចប្រជុំ​អន្តរក្រសួង​នេះ​ ​គឺជា​ជំនួយស្មារតី​ក្នុង​ការ​ផ្តល់​ទឡ្ហីករណ៍​សមស្រប​ដល់​ក្រសួងសាធារណការ​និង​ដឹកជញ្ជូន​ ​ដើម្បី​ជួប​ប្រជុំ​ចរចា​ជា​បន្ត​ជាមួយ​ភាគី​ថៃឡង់​ដ៏​ ​និង​ភាគី​វៀតណាម​ ​ដែល​គ្រោង​នឹង​រៀបចំ​កិច្ចប្រជុំ​លើក​ទី៥​ ​នៅ​ប្រទេស​វៀតណាម​នា​ត្រីមាស​ទី១​ ​ឆ្នាំ២០២០​៕​

តំបន់ភាគខាងត្បូង និងខាងលិចក្រុងភ្នំពេញកំពុងមានចលនាទិញ-លក់ អចលនទ្រព្យខ្លាំង

ដោយ​វុត្ថា

​ភ្នំ​ពេញៈ​ ​ទីក្រុង​ភ្នំពេញ​ ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​មានការ​រីក​ចំរើន​យ៉ាង​ខ្លាំង​ ​ដែល​បាន​ធ្វើឲ្យ​ទីក្រុង​ដែល​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​មួយ​នេះ​ ​កាន់តែ​រីក​ធំជាង​មុន​ ​ហើយ​គ្រប់​ផ្នែក​នៃ​រាជធានី​ ​មានការ​អភិវឌ្ឍ​ក្នុង​ល្បឿន​យ៉ាង​លឿន​ ​ជាក់ស្តែង​ភាគ​ខាងត្បូង​ ​និង​ខាងលិច​នៃ​ទីក្រុង​ភ្នំពេញ​ ​នៅតែ​ជា​តំបន់​ដែល​ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន​ពី​អ្នក​វិនិយោគ​នានា​។​

​លោក​ឧក​ញ៉ា​តេង​ ​រិទ្ធី​ ​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ ​R​ ​Investments​ ​ ​បាន​ប្រាប់​គេ​ហតំ​ព័រ​ ​propertyarea.asia​ ​កាលពី​កន្លងមក​នេះ​នា​រសៀល​ថ្ងៃទី១៦​ ​មករា​កន្លងមក​បានឱ្យ​ដឹង​ថា​ ​មួយ​រយៈ​ចុងក្រោយ​ ​និង​ការ​ឈាន​ដល់​ឆ្នាំ២០២០នេះ​ ​តំបន់​ភាគ​ខាងលិច​ ​និង​តំបន់​ប៉ែក​ខាង​លិច​ឈាង​ខាងជើង​ ​និង​ឈាង​ខាងត្បូង​ ​មានសន្ទុះ​រីក​ចំរើន​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ​ជាង​បណ្តា​ជាយក្រុង​នានា​នៃ​ទីក្រុង​ភ្នំពេញ​។​

​លោក​ឧកញ៉ា​បន្ត​ ​“​ការ​រីកចម្រើន​យ៉ាង​លឿន​នេះ​ ​ដោយសារ​តំបន់​ទាំងនេះ​ ​មាន​គ​ម្រោ​ង​ធំៗ​ជាច្រើន​ ​បាន​និង​កំពុង​មាន​វត្តមាន​នៅ​ទីនេះ​ ​។​ ​ម្យ៉ាងវិញទៀត​ ​ចំពោះ​ដីធ្លី​វិញ​ក៏​មាន​មាន​លក្ខណៈ​ល្អ​ប្រសើរ​ ​ព្រមទាំង​អំណោយផល​ខ្ពស់​ផង​ដែរ​ ​។​ ​ប្រការ​នេះ​ ​ហើយ​បាន​ធ្វើ​ឱ្យ​មាន​ចរន្ត​នៃ​ការទិញ​-​លក់​ដី​កាន់តែ​កើនឡើង​”​។​

​លោក​ឧកញ៉ា​បន្ថែម​ថា​ ​តំបន់​ទាំងនេះ​ ​បើ​ធៀប​ជាមួយនឹង​តំបន់​ផ្សេងទៀត​នៃ​រាជធានី​ភ្នំពេញ​ ​គឺ​មាន​រោងចក្រ​ច្រើន​ ​និង​ការ​ពុះ​ដី​ឡូត៍​លក់​ក៏​ច្រើន​ផង​ដែរ​ ​ដែល​ធ្វើ​ឱ្យ​ចរន្ត​នៃ​មនុស្ស​ប្រមូល​ផ្តុំ​ ​ទៅ​រស់នៅ​ទីនោះ​កាន់តែ​ច្រើន​ ​ជាពិសេស​តម្លៃ​ដីធ្លី​ក៏​នៅ​មានតម្លៃ​សមរម្យ​។​

​លោក​ឧក​ញ៉ា​តេង​ ​រិទ្ឋី​បាន​បន្ថែម​ទៀត​ថា​ ​ចំណែក​តំបន់​ភាគ​ខាងត្បូង​នៃ​រាជធានី​ភ្នំពេញ​ក៏​មានសន្ទុះ​រីក​ចំរើន​ខ្លាំង​ណាស់​ ​ក្នុងរយៈ​កន្លងមក​នេះ​ ​បើ​ធៀប​ជាមួយនឹង​តំបន់​ផ្សេងទៀត​ ​គ្រាន់តែ​រីកចម្រើន​នេះ​ ​មាន​លក្ខណៈ​ខុសគ្នា​។​ ​តំបន់​ភាគ​ខាងត្បូង​ភាគច្រើន​គឺ​មានសន្ទុះ​រីក​ចំរើន​ ​ខាង​ផ្នែក​លំនៅឋាន​ច្រើនជាង​ ​ដែល​មិនមែន​ជា​តំបន់ឧស្សាហកម្ម​ ​សិប្បកម្ម​ ​និង​រោងចក្រ​នោះ​ទេ​។​

​លោក​ឧកញ៉ា​បន្ថែម​ថា​ ​ការ​រីកចម្រើន​នៃ​តំបន់​ទាំងនេះ​ ​នឹង​បន្ត​មានសន្ទុះ​រីក​ចំរើន​កាន់តែ​ខ្លាំង​ថែមទៀត​ ​ដោយសារ​កំ​ណើ​នៃ​សេដ្ឋកិច្ច​កម្ពុជា​ ​បាន​នឹង​កំពុង​បោះ​ជំ​ហ៊ាន​ទៅមុខ​ ​ជាមួយនឹង​ទំនោរ​នៃ​ការ​វិនិយោគ​ ​និង​ទេសចរណ៍​ក៏​កាន់តែ​រីក​ចំរើន​ផង​ដែរ​។​

​លោកស្រី​តាំង​ ​ហ៊ួរ​ ​នាយិកា​រក្រុ​មហ៊ុន​អចលនទ្រព្យ​ ​Amatak​ ​Property​ ​Service​ ​បានឱ្យ​ដឹង​ដែរ​ថា​ ​តំបន់​ភាគ​ខាងត្បូង​នៃ​រាជធានី​ភ្នំពេញ​បាន​ ​និង​កំពុង​រីក​ចំរើន​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ​ច្រើន​ ​ជាង​បណ្តា​ជាយក្រុង​នានា​ ​ជាពិសេស​តំបន់​ផ្លូវ៦០ម៉ែត្រ​ ​ឬមហា​វិថី​សម្តេច​តេជោ​ហ៊ុន​សែន​ ​ដោយសារ​មាន​គ​ម្រោ​ង​ធំៗ​ជាច្រើន​ទៅកាន់​ទីនោះ​។​

​លោកស្រី​បន្ត​ថា​ ​“​តំបន់​ផ្លូវ៦០ម៉ែត្រ​ ​ហាក់​មាន​សកម្មភាព​រស់រវើក​ខ្លាំង​ជាង​ ​ដោយសារតែ​តំបន់​នេះ​ ​មាន​គ​ម្រោ​ង​ធំៗ​ជាច្រើន​ ​កំពុង​រីក​ដុះ​ដាល់​នៅ​តំបន់​នេះ​ ​ជាពិសេស​មាន​គម្រោង​ផ្សារ​ទំនើបAEON​ ​Mall៣​ ​ដោយពេល​ខ្លះ​ ​អ្នក​វិយោគ​ស្វែងរក​ទិញ​នៅ​តំបន់​នេះ​មិនបាន​ ​ព្រោះ​វា​មានតម្លៃ​ខ្ពស់​”​។​

​រី​ឯ​លោក​ម៉ម​ ​សិរី​បញ្ញា​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុនEasy​ ​Property​ ​Investment​ ​Co​,​ ​Ltd​ ​ក៏បាន​មើលឃើញ​នូវ​ ​តំបន់​ភាគ​ខាងលិច​ ​និង​ខាងត្បូង​នៃ​ទីក្រុង​ភ្នំពេញ​នេះ​ ​មានការ​រីក​ចំរើន​ខ្លាំង​ផង​ដែរ​លើ​វិស័យ​វិស័យ​អចលនទ្រព្យ​នេះ​ ​ក្នុងរយៈពេល​កន្លងមក​នេះ​ ​ដោយសារតែ​ដីធ្លី​នៅ​មានតម្លៃ​សមរម្យ​ ​។​

​លោក​ថា​ ​សកម្មភាព​នៃ​ការទិញ​លក់​ដី​ ​ដែល​ពុះកញ្ជ្រោល​ខ្លាំង​ជាងគេ​នៃ​ជាយក្រុង​ភ្នំពេញ​ ​គឺ​ស្ថិត​នៅ​បណ្តោ​ផ្លូវជាតិ​លេខ៤​ ​ផ្លូវជាតិ​លេខ៣​ ​ផ្លូវជាតិ​លេខ២​ ​និង​ជាពិសេស​នៅ​តំបន់​ផ្លូវ៦០ម៉ែត្រ​ ​ព្រោះ​តម្លៃ​ដីធ្លី​នៅ​តំបន់​នេះ​មានតម្លៃ​ធូរ​ថ្លៃ​ច្រើន​៕​

មហាសេដ្ឋីជុំវិញពិភពលោកនឹងជួបគ្នាដោះស្រាយការប្រែប្រួលអាកាសធាតុបន្ទាប់ភ្លើងឆេះព្រៃនៅអូស្ត្រាលី

ដោយ​ ​Donald​ ​Lee​

​ភ្នំ​ពេញៈ​ ​ក្រុម​មហាសេដ្ឋី​មានទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​ ​និង​អ្នកមាន​អំណាច​បំផុត​ជាច្រើន​នៅ​លើ​ពិភពលោក​ ​នឹង​ជួបគ្នា​នៅ​ទីក្រុង​ដា​វ៉ូស​ ​ប្រទេស​ស្វីស​ ​ដើម្បី​រក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​បរិស្ថាន​ពិភពលោក​ ​ដែល​នឹង​កើតមាន​នៅពេល​ដែល​គ្រោះមហន្តរាយ​ភ្លើង​ឆេះ​នៅ​អូស្ត្រាលី​បន្ត​បំផ្លាញ​ប្រទេស​នេះ​។​

​មេដឹកនាំ​លើ​ពិភពលោក​ ​នឹង​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ ​(​WEF​)​ ​នៅ​ទីក្រុង​ដា​វ៉ូស​ ​ប្រទេស​ស្វីស​នៅ​សប្តាហ៍​ក្រោយនេះ​ ​ដើម្បី​ពិភាក្សា​ពី​បញ្ហា​ដែល​បាន​ជ្រើសរើស​នៃ​និរន្តរភាព​ ​និង​ហានិភ័យ​បរិស្ថាន​ដែល​ពិភពលោក​កំពុង​ប្រឈម​។​

​លោក​សាស្ត្រា​ចារ្យKlaus​ ​Schwab​ ​ស្ថាបនិក​ ​និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​បាន​មានប្រសាសន៍​ថា​ ​“​ប្រជាជន​កំពុងធ្វើការ​ប្រឆាំង​នឹង​ឥស្សរជន​សេដ្ឋកិច្ច​ ​ដែល​ពួកគេ​ជឿ​ថា​បាន​ក្បត់​ពួកគេ​ ​ហើយ​កិច្ចប្រឹងប្រែង​របស់​យើង​ ​ដើម្បី​រក្សា​កំ​ដៅ​ផែនដី​មានកម្រិត​ត្រឹមតែ១,៥​ ​អង្សា​សេ​ ​កំពុងតែ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​”​។​ ​

​លោក​បាន​បន្ត​ថា​ ​“​ជាមួយ​ពិភពលោក​នៅ​លើ​ផ្លូវបំបែក​ ​នៅ​ឆ្នាំនេះ​យើង​ត្រូវ​អភិវឌ្ឍ​ ​ការ​ជួបជុំ​នៅ​ទីក្រុង​ដា​វ៉ូស២០២០​ ​ដើម្បី​ពិចារណា​ឡើងវិញ​នូវ​គោលបំណង​ ​និង​តារាងពិន្ទុ​សម្រាប់​ក្រុមហ៊ុន​ ​និង​រដ្ឋាភិបាល​”​។​ ​លោក​បន្ថែម​ថា​ ​“​វា​ជា​អ្វី​ដែល​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ ​ត្រូវ​បាន​បង្កើត​ឡើង​អស់​រយៈពេល៥០ឆ្នាំ​មក​ហើយ​ ​ហើយ​យើង​ចង់​ចូលរួម​ចំណែក​សម្រាប់​រយៈពេល៥០ឆ្នាំខាងមុខ​ទៀត​”​។​

​ការស្ទង់មតិ​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​បាន​រក​ឃើញថា​ ​មាន​ហា​និ​ភ័យ​ធំៗ​ ​ចំនួន៥​ ​ដែល​ប្រជាជន​ជឿ​ថា​ឆ្នាំនេះ​ ​អ្នក​ទាំងអស់​ត្រូវ​ធ្វើការ​ ​ជាមួយ​ការប្រែប្រួល​អាកាសធាតុ​ ​និង​បរិស្ថាន​។​

​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្វីស​ ​គឺជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ ​ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ១៩៧១​ ​ដែល​មាន​បេសកកម្ម​ ​ដើម្បី​កែលំអ​ស្ថានភាព​ពិភពលោក​ ​តាមរយៈ​ការចូលរួម​ធុរកិច្ច​នយោបាយ​សិក្សា​ ​និង​អ្នកដឹកនាំ​សង្គម​ដទៃទៀត​ ​ដើម្បី​កំណត់​របៀបវារៈ​ពិភពលោក​ ​តំបន់​ ​និង​ឧស្សាហកម្ម​។​

​ការប្រែប្រួល​អាកាសធាតុ​ ​និង​បរិស្ថាន​គឺជា​បញ្ហា​ដ៏​ក្តៅ​គគុក​ក្នុង​ឆ្នាំ២០១៩​ ​ដោយសារ​សកម្មជន​បរិស្ថាន​ ​ដូចជា​លោក​ ​Greta​ ​Thunberg​ ​អាយុ១៧ឆ្នាំ​ ​បាន​លេចមុខ​ឡើង​ ​ណៈ​ពួកគេ​បាន​រិះគន់​មេដឹកនាំ​ពិភពលោក​ ​ដែល​មិនបាន​ប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ​។​

​លើស​ពីនេះ​ទៀត​ ​ប្រទេស​អូស្រ្តាលី​ ​ប្រឈម​នឹង​ការខូចខាត​រាប់ពាន់​លាន​ដុល្លារ​ ​ដោយសារតែ​ភ្លើង​ឆេះ​ព្រៃ​ ​ដែល​ព័ទ្ធជុំវិញ​តំបន់​នានា​នៃ​ប្រទេស​ ​ដែល​ប្រជាជន​អូស្រ្តាលី​ជាច្រើន​ជឿ​ថា​ ​បណ្តាល​មក​ពី​ការ​ឡើង​កម្តៅ​នៃ​អាកាសធាតុ​ពិភពលោក​។​

​ការព្យាករណ៍​បានឱ្យ​ដឹង​ថា​ ​ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​នៅក្នុង​ប្រទេស​អូស្រ្តាលី​ ​អាច​នឹង​ធ្វើ​ ​ឱ្យ​ប្រទេស​នេះ​ ​ខាតបង់​ទឹកប្រាក់​ចំនួន៣,៥ពាន់​លាន​ដុល្លារ​ ​និង​ស្មើនឹង១ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ខ្លួន​។​

​ភ្លើង​ឆេះ​ព្រៃ​បាន​ចាប់ផ្តើម​នៅ​ឆ្នាំ២០១៩​ ​ហើយ​ជា​គ្រោះមហន្តរាយ​ធម្មជាតិ​ដ៏​ធំ​បំផុត​មួយ​ ​ដែល​ធ្លាប់​មានបទពិសោធន៍​ ​នៅក្នុង​ប្រទេស​អូស្ត្រាលី​។​ ​មនុស្ស​ជាង៤០ម៉ឺន​នាក់​ត្រូវ​បាន​រងគ្រោះ​អគ្គិភ័យ​នេះ​ ​ហើយ​លេប​ត្របាក់​មនុស្ស១៧០នាក់​ ​និង​បំផ្លាញ​ផ្ទះ​ចំនួន២០២៩ខ្នង​៕​

តំបន់ក្រាំងធ្នង់ប្រមូលផ្តុំទៅដោយបុរីលំនៅដ្ឋានទំនើប និងទាន់សម័យកម្រិតខ្ពស់

ដោយៈ​ ​រ៉ា​ណេត​ ​

​ភ្នំ​ពេញៈ​ ​សង្កាត់​ក្រាំងធ្នង់​ ​ខណ្ឌ​សែនសុខ​ ​រាជធានី​ភ្នំពេញ​ ​ដែល​ធ្លាប់តែ​ជា​តំបន់​ជាយក្រុង​ ​មាន​សភាព​ស្ងប់​ស្ងាត់​ហ៊ុ​ព័ទ្ធ​ទៅ​ដោយ​ព្រៃ​កក់​ ​ស្មៅ​ក្រាស់​ ​និង​ទឹក​លិច​ល្ហល្ហេវ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​នោះ​ ​ពេលនេះ​បាន​ប្រែក្លាយ​រូបរាង​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​ ​ទៅជា​ទីប្រជុំ​ ​ប្រមូល​ផ្តុំ​ទៅ​ដោយ​បុ​រី​ធំៗ​ ​សំណង់​លំនៅ​ដ្ឋាន​បែប​ទំនើប​ ​និង​ទាន់សម័យ​ ​ដែល​មានតម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ​ ​ហើយ​ថែមទាំង​មាន​សក្ដានុពល​អូសទាញ​ការ​វិនិយោគ​យ៉ាង​ខ្ពស់​។​ ​

​មាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​បូរី​លំ​ដ្ឋាន​បែប​ទំនើប​ធំៗ​ជាច្រើន​ ​បាន​បង្ហាញ​វត្តមាន​នៅក្នុង​តំបន់​នេះ​ ​ក្នុង​នោះ​គម្រោង​អភិវឌ្ឍ​លំនៅ​ដ្ឋាន​បែប​អូស្ត្រាលី​ ​អូ​រ៉ូ​រ៉ា​ ​ស៊ី​ធី​ ​កំពុងតែ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ​ពីសំណាក់​អតិថិជន​របស់​ខ្លួន​ ​ក៏ដូចជា​ប្រជាជន​ក្នុង​តំបន់​ទៅលើ​ការរៀបចំ​ហេ​ដ្ឋា​សម្ព័ន្ធ​ដ៏​ល្អ​ប្រណិត​ ​សោ​ភណ្ឌ​ភាព​នៃ​ម៉ូត​ផ្ទះ​ ​ដែល​ពិសេស​នោះ​គឺ​ការ​ទទួលស្គាល់​របស់​អតិថិជន​ ​ទៅលើ​គុណភាព​សំណង់​ ​ដែល​មានកម្រិត​ស្តង់ដារ​ខ្ពស់​។​ ​ក្រៅពី​នេះ​ ​មានការ​អភិវឌ្ឍ​ជា​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចំ​រុះ​ខ្ពស់​ៗ​ ​គ្លីនិក​ ​និង​សាលារៀន​ឯកជន​ជាដើម​។​ ​

​ប្រធាន​គ្រប់គ្រង​គម្រោង​អភិវឌ្ឍ​លំនៅ​ដ្ឋាន​ ​បែប​អូស្ត្រាលី​ ​អូ​រ៉ូ​រ៉ា​ ​ស៊ី​ធី​ ​ដែល​កំពុងតែ​មាន​ភាព​មមាញឹក​ ​ក្នុង​ការសាងសង់​បញ្ចប់​គម្រោង​នៅ​ពេល​ឆាប់​ៗ​ខាងមុខនេះ​ ​លោក​ ​ឃិន​ ​សា​រ៉ាត់​ ​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ ​បច្ចុប្បន្ន​នេះ​តំបន់​ក្រាំងធ្នង់​ ​មិនមែន​ជា​តំបន់​ជាយក្រុង​ដូចមុន​ទៀត​នោះ​ទេ​ ​ប៉ុន្តែ​វា​បាន​អភិវឌ្ឍន៍​ខ្លួន​ក្លាយទៅជា​ទីប្រជុំ​ ​ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​សំណង់​អគារ​លំនៅ​ដ្ឋាន​ទំនើប​ៗ​ ​អគារ​ពាណិជ្ជកម្ម​ ​ជាពិសេស​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ ​ដែល​សាងសង់​ឡើង​ដោយ​រាជរដ្ឋាភិបាល​ ​និង​វិស័យ​ឯកជន​។​ ​

​លោក​បន្ត​ទៀត​ថា​ ​“​បច្ចុប្បន្ន​ ​សំណង់​លំនៅ​ដ្ឋាន​នៅក្នុង​តំបន់​ក្រាំងធ្នង់​ ​មិនមែន​ប្រភេទ​លំនៅ​ដ្ឋាន​កម្រិត​ក្រោម​មធ្យម​ទៀត​នោះ​ទេ​ ​ប៉ុន្តែ​វា​បាន​ជំនួស​ដោយ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ ​និង​កម្រិតខ្ពស់​ ​ដែល​ជា​តម្រូវការ​ថ្មី​របស់​អតិថិជន​ក្នុង​តំបន់​នេះ​”​។​ ​លោក​បាន​បញ្ជាក់​ថា​ ​“​ហេតុផល​នេះ​ ​បាន​ជំរុញ​ឱ្យ​ប្រជាជន​ចូល​មក​រស់នៅ​ ​តំបន់​នេះ​កាន់តែ​ច្រើន​ ​ក្នុងរយៈពេល​ដ៏​ខ្លី​ ​ព្រោះតែ​តំបន់​នេះ​មាន​បណ្តាញ​ផ្លូវ​ជាច្រើន​ ​ងាយស្រួល​ចេញចូល​ក្រុង​ ​មាន​ផ្សារ​ទំនើប​ជាច្រើន​នៅ​ព័ទ្ធជុំវិញ​ ​ដូចជា​ ​ផ្សារ​ទំនើប​ ​AEON2​ ​ផ្សារ​ទំនើប​ ​GLOBAL​ ​ផ្សារ​ជីព​ម៉ុង​ ​ផ្សារ​ ​MAKRO​ ​ផ្សារ​ ​Century​ ​Plaza​ ​ដែល​កំពុងតែ​ដំណើរការ​សាងសង់​ ​គ្រោង​នឹង​បញ្ចប់​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​ ​ហើយក៏​នៅ​ជិ​ត​ព្រលា​នយន្ត​ហោះ​អន្តរជាតិ​ជាតិ​”​។​ ​

​លោ​ក​ឃិន​ ​សា​រ៉ាត់​ ​បាន​បន្ត​ទៀត​ថា​ ​ជាមួយនឹង​កំណើនប្រជាជន​ខាងលើ​នេះ​ ​បាន​ជ​ម្រុ​ញ​ឱ្យ​ក្រុមហ៊ុន​ ​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​ជាច្រើន​ ​សម្រុក​មក​បណ្តាក់​ទុន​សាងសង់​ដើម្បី​បំពេញ​ទៅ​តម្រូវការ​ទីផ្សារ​ដែល​កំពុង​កើនឡើង​។​ ​ជាក់ស្ដែង​ដូចជា​ ​គម្រោង​លំនៅ​ ​ដ្ឋាន​ទំនើប​បែប​អូស្ត្រាលី​ ​អូ​រ៉ូ​រ៉ា​ ​ដែល​កំពុងតែ​សម្រុក​ការសាងសង់​ ​បញ្ចប់​គម្រោង​នៅពេល​នេះ​ ​ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន​ពីសំណាក់​អតិថិជន​ ​ដែល​ត្រឹម​រយៈពេល៣ខែ​ ​ក្រុមហ៊ុន​លក់​បាន​ជាង៦០ភាគរយ​នៃ​គម្រោង​សរុប​រួចជាស្រេច​។​

​ ​លោក​បញ្ជាក់​ថា​“​តម្រូវការ​លំនៅ​ដ្ឋាន​នៅក្នុង​តំបន់​នេះ​ ​នៅ​មិនទាន់​ឆ្អែត​នៅឡើយ​នោះ​ទេ​ ​ខណៈ​ដែល​ភាព​រីកចម្រើន​នៃ​ចំនួន​ប្រជាសាស្ត្រ​ ​នៅតែ​បន្ត​កើនឡើង​ជាបន្តបន្ទាប់​ ​ដែល​អាច​នឹង​ក្លាយជា​ក្រុង​ថ្មី​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​”​។​ ​

​ដោយឡែក​ពាក់ព័ន្ធ​នឹង​គម្រោង​លំនៅ​ដ្ឋាន​បែប​ទំនើប​ ​អូ​រ៉ូ​រ៉ា​ ​ស៊ី​ធី​ ​ដែល​មាន​ទីតាំងនៅ​ក្នុង​សង្កាត់​ក្រាំងធ្នង់​ ​ខណ្ឌ​សែនសុខ​ ​រាជធានី​ភ្នំពេញ​ ​គឺ​មាន​លក្ខណៈ​ពិសេស​ជាង​លំនៅ​ដ្ឋាន​ដទៃទៀត​ទាំង​ម៉ូត​ ​ការ​ចរ​នា​ ​គុណភាព​សំណង់​ ​សុទ្ធតែ​មាន​ភាព​ទាក់ទាញ​បំផុត​។​ ​

ទំនុកចិត្ត​របស់​អតិថិជន​គឺ​រឿង​សំខាន់​ដែល​ ​អូ​រ៉ូ​រ៉ា​ ​ស៊ី​ធី​ ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ ​ដោយក្រុម​ហ៊ុន​ ​បាន​រៀបចំ​ប័ណ្ណ​កម្មសិទ្ធិ​គ្រប់​ផ្ទះល្វែង​ទាំងអស់​ ​ដែល​មាននៅ​ក្នុង​គម្រោង​រួចជាស្រេច​។​ ​

​គ្រប់​លំនៅ​ដាន​នៅក្នុង​គម្រោង​ ​អូ​រ៉ូ​រ៉ា​ ​ស៊ី​ធី​ ​ក្រាំងធ្នង់​ ​គឺ​មាន​កម្ពស់​ ​៣ជាន់​កន្លះ​ ​ទំហំ​ចាប់ពី៤,៥​ ​ម៉ែត្រ​ ​x​ ​១៤​ ​ម៉ែត្រ​ ​,​ ​៤,៥​ ​ម៉ែត្រ​ ​x១៦​ ​ម៉ែត្រ​,​ ​៤,៥​ ​ម៉ែត្រ​ ​x​ ​១៨​ ​ម៉ែត្រ​,​ ​៥,៥​ ​ម៉ែត្រ​ ​x​ ​១៦ម៉ែត្រ​ ​ដោយ​ផ្ទះ​នី​មួយ​ៗ​មាន​បន្ទប់គេង​ចំនួន៤​ ​បន្ទប់​ទទួលភ្ញៀវ​ចំនួន១​ ​បន្ទប់ទឹក​ចំនួន៥​ ​និង​ទីកន្លែង​អង្គុយ​ទទួលទាន​អាហារ​លក្ខណៈ​គ្រួសារ​ ​នៅ​ជាន់​លំ​ហរ​ដ៏​ទូលាយ​មួយទៀត​៕​

តើ “លុយផលិតផល” មានន័យដូចម្តេច?

ដោយ​ ​Propertyarea.asia​

​ភ្នំ​ពេញៈ​ ​លុយ​ផលិតផល​ ​មានន័យថា​ ​នៅពេល​ដែល​លុយ​មាន​ទម្រង់​ជា​ផ​លិ​ផល​មួយ​ដែល​មាន​តម្លៃ​មជ្ឈន្តិកៈ​នោះ​ ​វា​ត្រូវ​បាន​ហៅថា​ ​“​លុយ​ផ​លិ​ផល​”​ ​(​Commodity​ ​money​)​។​ ​ពាក្យ​ថា​ ​តម្លៃ​មជ្ឈន្តិកៈ​ ​(​intrinsic​ ​value​)​ ​មានន័យថា​ ​វត្ថុ​មួយ​នឹង​មានតម្លៃ​ ​សូម្បីតែ​វា​មិន​ត្រូវ​បាន​ប្រើប្រាស់​ជា​លុយ​។​ ​ឧទាហរណ៍​មួយ​នៃ​លុយ​ផលិតផល​ ​គឺ​មាស​។​ ​

​មាស​មាន​តម្លៃ​មជ្ឈន្តិកៈ​ ​ដោយសារ​វា​ត្រូវ​បាន​ប្រើប្រាស់​នៅក្នុង​ឧស្សាហកម្ម​ ​និង​នៅក្នុង​ការ​ធ្វើ​គ្រឿងអលង្ការ​។​ ​ថ្វីត្បិតតែ​សព្វថ្ងៃ​នេះ​ ​យើង​លែង​ប្រើប្រាស់​មាស​ជា​លុយ​យ៉ាងណាក្ដី​ ​ជា​ប្រវត្តិសាស្ត្រ​មាស​មាន​ទម្រង់​រួម​ជា​លុយ​ ​ដោយសារតែ​វា​ងាយស្រួល​ក្នុង​ការ​យក​តាម​ខ្លួន​ ​ងាយស្រួល​ក្នុង​ការវាស់វែង​ ​និង​ងាយស្រួល​បញ្ជាក់​ ​ឬ​ផ្ទៀងផ្ទាត់​អំពី​ភាព​សុទ្ធ​របស់​វា​។​ ​

​នៅពេល​ដែល​សេដ្ឋកិច្ច​ប្រើប្រាស់​មាស​ជា​លុយ​ ​(​ឬ​ប្រើប្រាស់​ក្រដាសប្រាក់​ ​ដែល​មានតម្លៃ​ស្មើនឹង​មាស​ ​តាម​ការ​ទាមទារ​)​ ​វា​មានន័យថា​ ​សេដ្ឋកិច្ច​កំពុងតែ​ប្រតិបត្តិ​ការ​ស្ថិតនៅ​ក្រោម​ស្តង់ដារ​មាស​ ​(​Gold​ ​standard​)​។​

​ឧទាហរណ៍​ផ្សេងទៀត​ ​នៃ​លុយ​ផលិតផល​ ​គឺ​បារី​។​ ​នៅក្នុង​ជំរំ​ដាក់​ឈ្លើយសឹក​ក្នុង​សម័យ​សង្គ្រាមលោក​លើក​ទី២​ ​អ្នកទោស​បាន​ដោះដូរ​ទំនិញ​ ​ដោយ​ប្រើប្រាស់​បារី​ជា​ឃ្លាំង​តម្លៃ​ ​ជាឯក​តា​គណនី​ ​និង​ជា​មធ្យោបាយ​ដោះដូរ​។​ ​ដូចគ្នា​នេះ​ដែរ​ ​នៅពេល​ដែល​សហភាពសូវៀត​ ​កំពុងតែ​ឈាន​ទៅ​រក​ការ​ដួល​រលំ​ ​នា​ចុង​ទសវត្សរ៍​ឆ្នាំ១៩៨០​ ​បារី​បាន​ចាប់ផ្តើម​ជំនួស​លុយ​រូបឹ​ស​ ​(​Ruble​)​ ​ជា​រូបិយវត្ថុ​ដ៏​ពេញនិយម​នៅក្នុង​ទីក្រុង​មូស្គូ​។​ ​

​នៅក្នុង​ករណី​ទាំងពីរ​ ​សូម្បីតែ​អ្នក​មិន​ចេះ​ជក់បារី​ ​ក៏​សប្បាយរីករាយ​នឹង​ទទួលយក​បារី​ ​ជា​ថ្នូរ​ទៅ​នឹង​ការដោះដូរ​របស់​ខ្លួន​ផង​ដែរ​ ​ដោយ​បាន​ទទួលស្គាល់​ថា​ ​ពួកគេ​នឹងអាច​ប្រើប្រាស់​បារី​ទាំងនេះ​ ​ដើម្បី​ទិញទំនិញ​ ​ឬ​សេវាកម្ម​ផ្សេងទៀត​ ​ដែល​ពួកគេ​ត្រូវការ​នៅពេល​ក្រោយ​។​

​ក្រៅពី​បារី​ ​និង​មាស​ ​គេ​សង្កេតឃើញ​មាន​វត្ថុ​ផ្សេង​ៗ​ជាច្រើន​ទៀត​ ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ជា​មធ្យោបាយ​ដោះដូរ​ដូចគ្នា​ទៅ​នឹង​បារី​ ​ឬ​មាស​ដែរ​ ​សម្រាប់​បណ្តា​ប្រទេស​មួយចំនួន​ ​ដូចជា​ ​សូត្រ​នៅក្នុង​ប្រទេស​ចិន​ ​ប៊ឺ​នៅ​ក្នុង​ប្រទេស​ន័​រវេ​ស​ ​ធ្មេញត្រី​បាឡែន​នៅក្នុង​ប្រទេស​ហ្វីជី​ ​និង​អំបិល​នៅក្នុង​ប្រទេស​វិ​ននីស​ជាដើម​៕​

​(​ដកស្រង់​ចេញ​សៀវភៅ​ ​រូបិយវត្ថុ​ ​និង​ ​ធនាគារ​)​