ដោយ ប៊ី
ភ្នំពេញៈ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុនមានតម្លៃ៣៦៦ លានដុល្លារក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ កើនឡើង៣,៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍ពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានបង្ហាញថា ចាប់ពីខែមករាដល់ ខែកុម្ភៈឆ្នាំ២០២០ ប្រទេសកម្ពុជាបាននាំចេញទំនិញ មានតម្លៃ២៩៦ លានដុល្លារទៅជប៉ុន កើនឡើង២,៤ភាគរយ។
ជាមួយគ្នានេះដែរ ការនាំចូលរបស់កម្ពុជាពីប្រទេសជប៉ុន មានចំនួន៧០លានដុល្លារកើនឡើង១០,៨ ភាគរយ។
លោកស្រីជា គឹមថា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា សកម្មភាពពាណិជ្ជកម្ម រវាងប្រទេសទាំងពីរនៅឆ្នាំនេះ នឹងមានច្រើន។
លោកស្រីបាននិយាយថា “កាលពីឆ្នាំមុនពាណិជ្ជកម្មទ្វេភាគី បានកើនលើស២ពាន់លានដុល្លារ ហើយសម្រាបឆ្នាំ២០២០ ប្រទេសទាំងពីរបានសន្យាថា នឹងសម្រេចឱ្យបានយ៉ាងហោចណាស់២ពាន់លានដុល្លារ។
លោកស្រីបានមានប្រសាសន៍ថា “មន្ត្រីប្តេជ្ញាពង្រីកពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ និងបានព្រមព្រៀងជំរុញស្ថាប័នពាក់ព័ន្ធ ឱ្យធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីកែលំអបរិយាកាសវិនិយោគនៅកម្ពុជា ក្នុងការទាក់ទាញវិនិយោគិនជប៉ុនឱ្យកាន់តែច្រើន។
លោកស្រីគឹមថាបានថ្លែងថា មន្ត្រីកម្ពុជាបានទទួលស្គាល់តួនាទី ដ៏សកម្មរបស់ប្រទេសជប៉ុន ដែលកំពុងដើរតួនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ប្រទេសកម្ពុជា និងបានថ្លែងអំណរគុណ ចំពោះការគាំទ្ររបស់ខ្លួន នៅក្នុងវិស័យមួយចំនួន។
លោកស្រីបានមានប្រសាសន៍ថា “ភាគីជប៉ុនបានបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តជួយដល់ប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យអាទិភាព ដូចជាផ្នែកភស្តុភារហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម និងការកសាងសមត្ថភាពមនុស្ស។
តួលេខពីក្រសួងពាណិជ្ជកម្មបានបង្ហាញថា ផលិតផលសក្តានុពលសម្រាប់ការនាំចេញពីកម្ពុជាទៅជប៉ុន ដូចជាសម្លៀកបំពាក់ ស្បែកជើង និងគ្រឿងអេឡិចត្រូនិច។
នៅឆ្នាំ២០១៩ ពាណិជ្ជកម្មទ្វេរភាគី រវាងប្រទេសទាំងពីរបានកើនឡើង ១៣ភាគរយពីមួយឆ្នាំមុនដល់២,២៩២លានដុល្លារអាមេរិក៕






