ផ្លូវជាតិលេខ ៥ នឹងត្រូវស្ថាបនាផ្លូវវាងក្រុងសំខាន់ៗចំនួន៤

ដោយ​វុត្ថា

​ភ្នំពេញ​៖​ ​អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​ ​បានឱ្យ​ដឹង​ថា​ ​ផ្លូវជាតិ​លេខ៥ពី​ភ្នំពេញ​ទៅ​ប៉ោយប៉ែត​ ​មាន​ចម្ងាយ​ប្រមាណ​ជិត​ ​៤០០គីឡូម៉ែត្រ​ ​ត្រូវ​បាន​ស្ថាបនា​វាង​ក្រុង​ចំនួន​ ​៤​ ​ដែល​មាន​ចំងាយ​ក​ ​៦០​ ​គីឡូ​ដែល​ជា​ផ្លូវ​ថ្មី​ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ​ ​និង​បង្វៀង​ចរាចរណ៍​នៅក្នុង​ក្រុង​ដែល​មាន​ស្ថានភាព​មមាញឹក​។​



​លោក​ ​វ៉ា​ស៊ី​ម​ ​សូ​រិយា​ ​អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​ ​បាន​ប្រាប់​គេហ​ទំ​ព័ត៌​ ​propertyarea.asia​ ​នៅ​ថ្ងៃទី១៥​ ​ខែមករា​ ​ឆ្នាំ​ ​២០២០​ ​នេះ​ ​ឱ្យ​ដឹង​ថា​ ​តាម​ផែនការ​គឺ​ ​ត្រូវ​សាងសង់​ផ្លូវ​ ​វាង​ក្រុង​ចំនួន​ ​៤​ ​រួមមាន​ក្រុង​កំពង់ឆ្នាំង​ ​ក្រុង​ពោធិ៍សាត់ ​ក្រុង​បាត់ដំបង​ ​និង​ ​ក្រុង​សិរីសោភ័ណ​ដែល​មាន​ចំងាយ​ប្រមាណ​សរុប​ចំនួន​ ​៦០​ ​គីឡូម៉ែត្រ​។​ ​

​អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​ ​បាន​គូសបញ្ជាក់​ទៀត​ថា​ ​សម្រាប់​ដោះស្រាយ​ផល​ប៉ះពាល់​ជា​សំណង​ជូន​ប្រជាពលរដ្ឋ​ក្នុង​ការស្ថាបនា​ផ្លូវ​ថ្មី​វាង​ក្រុង​នេះ​ ​គណៈកម្មការ​អន្តរក្រសួង​បាន​ដោះស្រាយ​រួចរាល់​អស់ហើយ​ទៅតាម​សមស្រប​ ​។​

​លោក​បណ្ឌិត​ ​គី​ ​សេរី​វឌ្ឍន៍​ ​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ធ្លាប់​បានឱ្យ​ដឹង​ថា​ ​ការពង្រីក​ផ្លូវជាតិ​លេខ៥​ ​ឱ្យ​មាន៤គន្លង​ ​ពី​ក្រុងភ្នំពេញ​ទៅ​ក្រុង​ប៉ោយប៉ែត​នេះ​ ​គឺជា​ការ​បើក​ច្រក​សេដ្ឋកិច្ច​ធំ​មួយ​សម្រាប់​កម្ពុជា​ ​ហើយ​បើសិនជា​អាច​ ​គួរ​ធ្វើជា​ផ្លូវ​ល្បឿន​លឿន​ដើម្បី​ចំណេញពេលវេលា​ក្នុង​ការ​ដឹកជញ្ជូន​ ​និង​កាត់បន្ថយ​ថ្លៃដើម​ ​។​

​លោក​បណ្ឌិត​បន្ត​ថា​ ​ការ​ភ្ជាប់​ផ្លូវជាតិ​លេខ៥​ ​ពី​ក្រុង​ប៉ោយប៉ែត​ ​មកកាន់​រាជធានី​ភ្នំពេញ​នេះ​ ​ក៏​ជា​ច្រក​មួយ​សម្រាប់​ទេសចរណ៍​ផង​ដែរ​ ​ព្រោះ​ប៉ោយប៉ែត​ជា​ច្រក​លំហូរ​ភ្ញៀវ​ទេសចរ​ពី​ថៃ​ ​មក​កម្ពុជា​ ​ដោយសារ​ផ្លូវ​នេះ​មាន​ទំហំ​ធំ​ ​និង​មាន​សុវត្ថិភាព​ល្អ​ ​។​
​លោក​ទេស​រដ្ឋមន្ត្រី​ ​ស៊ុន​ ​ចាន់​ថុល​ ​រដ្ឋមន្ត្រី​ ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ធ្លាប់​បានឱ្យ​ដឹង​កាលពី​កន្លងមក​នេះ​ដែរ​ថា​ ​ផ្លូវជាតិ​លេខ៥នេះ​ ​គឺ​សំខាន់ណាស់​ ​វា​ជា​ចំណែក​ផ្លូវ​របស់​អាស៊ាន​ហាយ​វ៉េ​លេខ១​ ​ដែល​បាន​តភ្ជាប់​តាំងពី​ភូមា​ ​មក​ថៃ​ ​កម្ពុជា​ ​និង​វៀតណាម​ ​សម្រាប់​ដឹកទំនិញ​ ​។​



​លោក​ថា​ ​“​យើង​មាន​កសិផល​ក៏​ច្រើន​នៅ​ប៉ៃលិន​ ​បាត់ដំបង​ ​រួម​នឹង​ខេត្ត​ផ្សេងទៀត​អាច​ដឹក​មក​តាមផ្លូវ​នេះ​ចុះទៅ​កំពង់ផែ​ ​ហើយ​បន្តិចទៀត​ ​អាច​តភ្ជាប់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​ព្រះសីហនុ​ ​។​ ​ផ្លូវជាតិ​លេខ៥​ ​ជា​ផ្លូវ​សំខាន់​ ​និង​ជា​សរសៃឈាម​ដ៏​ធំ​មួយ​ដើម្បី​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ជាតិ​យើង​រីកចម្រើន​ថែមទៀត​”​។​

​យោង​តាម​សេចក្តី​ប្រកាស​របស់ក្រ​សួង​សាធារណការ​ ​និង​ដឹកជញ្ជូន​ ​បានឱ្យ​ដឹង​ថា​ ​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើងវិញ​នូវ​កំណាត់ផ្លូវ​ជាតិ​លេខ៥​ ​គឺជា​គម្រោង​ក្រោម​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​ជប៉ុន​ ​តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ជប៉ុន​ប្រចាំ​កម្ពុជា​ ​(​JICA​)​។​ ​គម្រោង​នេះ​នឹង​ពង្រីក​ពី២គន្លង​ ​ទៅ៤គន្លង​ ​គឺ​ផ្តើម​សាងសង់​ចេញពី​ព្រែក​ក្តាម​ ​រហូតដល់​ក្រុង​ប៉ោយប៉ែត​ ​មាន​ប្រវែង​សរុប៣៦៦គីឡូម៉ែត្រ​ ​ដែល​គ្រោង​ចំណាយ​ថវិកា​ប្រមាណ៥០០លាន​ដុល្លារ​ ​៕​

កម្ពុជាកាន់តែមានសក្ដានុពលក្នុងការទាក់ទាញទំហំទុនវិនិយោគផ្ទាល់ពីបរទេស

ដោយៈ រ៉ាណេត

ភ្នំពេញៈ ជាមួយនឹងក្ដីរំពឹង និងការព្យាករណ៍ទុករបស់រដ្ឋាភិបាលកម្ពុជា នៅក្នុងឆ្នាំ២០២០នេះ កម្ពុជានឹងសម្រេចឱ្យបាននូវកំនើនទំហំទុនវិនិយោគ ផ្ទាល់ពីបរទេសប្រមា​ណ៤០០០លានដុល្លារសហរដ្ឋអាមេរិក បណ្តាអ្នកជំនាញក្នុងវិស័យពាណិជ្ជកម្ម និងជំនួ​ញធំៗ បានបង្ហាញពីជំនឿជឿជាក់យ៉ាងមុតមាំថា ពិតជាអាចធ្វើទៅបានដោយរលូន។

រដ្ឋាភិបាលកម្ពុជាបានធ្វើការព្យាករណ៍ថា នៅក្នុងឆ្នាំ២០២០នេះទំហំទុនវិនិយោគផ្ទាល់ពីបរទេសនឹងមានកំណើនខ្ពស់ រហូតដល់ក្នុងរង្វង់៤០០០លានដុល្លារដុល្លារសហរដ្ឋអាមេរិក ខណៈដែលកាលពីឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ បានសម្រេចជាង៣៦០០លានដុល្លារសហរដ្ឋអាមេរិករួចទៅហើយនោះ។ ការព្យាករណ៍ទាំងនេះត្រូវបានបណ្តាអ្នកជំនួញ និងវិនិយោគិនក្នុងស្រុកធំ បង្ហាញពីជំនឿថាពិតជាអាចសម្រេច ទៅបានយ៉ាងល្អប្រសើរ។

លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal ដែលកំពុងតែមានភាពមមាញឹក ទៅលើមុខជំនួញច្រើនវិស័យនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ បានបង្ហាញការជឿជាក់ទៅលើក្ដីរំពឹងទុករបស់រដ្ឋាភិបាលថា ផ្អែកតាមភាពជាក់ស្ដែងនៃស្ថិរភាពនយោបាយ សន្តិសុខសង្គម និងការអភិវឌ្ឍយ៉ាងឆាប់រហ័​សរបស់កម្ពុជានៅពេលបច្ចុប្បន្ននេះ សម្រាប់ទំហំទុនវិនិយោគផ្ទាល់ពីបរទេសខាងលើនេះហាក់មិនពិបាកក្នុងការទទួលបាននោះទេ។

លោកឧកញ៉ាបានបន្តថា “ធម្មតាសម្រាប់ប្រទេសដែលកំពុងមានការអភិវឌ្ឍ និងមានស្ថិរភាពនយោបាយ សន្ដិសុខសង្គម គឺមានបណ្តាវិនិយោគិនអន្តរជាតិជាច្រើនចង់មកបណ្តាក់ទុករកស៊ី ដោយសារតែប្រទេស ដែលកំពុងតែមានការអភិវឌ្ឍបានផ្តល់ឱកា​សចំណេញជាច្រើនដល់ពួកគេ ជាងការវិនិយោគនៅតាមបណ្តាប្រទេសមានការអភិវឌ្ឍ និងជឿនលឿនរួចទៅហើយ”។ លោកបានបន្តថា “ជាក់ស្ដែងដូចជាវិស័យអចលនទ្រព្យ និងដីធ្លីនៅកម្ពុជា គឺបានឱកាសដល់ការវិនិយោគយ៉ាងប្រសើរ ដូចជាតម្លៃដីនៅទាបជាងបណ្តាប្រទេសនានានៅក្នុងតំបន់ ដែលសូម្បីតែតម្លៃដីនៅក្នុងប្រទេសវៀតណាម និងថៃ ក៏មានកម្រិតខ្ពស់ជាងកម្ពុជា ដូច្នេះការវិនិយោគវិស័យនេះនៅកម្ពុជា គឺផ្តល់ឱកាសច្រើនដល់ពួកគេ”។

លោកឧកញ៉ានួន រិទ្ធី បានមានប្រសាសន៍ទៀតថា “ក្រៅពីវិស័យអចលនទ្រព្យ និងសំណង់ កម្ពុជា នៅមានវិស័យទាក់ទាញជាច្រើនទៀត ក្នុងការទាក់ទាញការវិនិយោគ ដូចជាវិស័យរ៉ែ និងថាមពល ដែលរដ្ឋាភិបាលកំពុង តែផ្តោតការយកចិត្តទុកដាក់នៅពេលបច្ចុប្បន្ន ជាពិសេសធនធានរ៉ែប្រេងកាត ដែលគ្រោងនឹងធ្វើការបូមយកតំណក់ប្រេងលើកដំបូងនៅក្នុងឆ្នាំនេះ ហើយនៅមានធនធានជាច្រើនទៀត ដែលសុទ្ធតែប្រភពទាក់ទាញលើការវិនិយោគ រាប់ទាំងការស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស ដើម្បីជួយសម្រួលដល់វិសយដឹកជញ្ជូន”។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកជំនួញក្នុងស្រុកដ៏ល្បីឈ្មោះផងដែរនោះបានមានប្រសាសន៍ថា “ពីឆ្នាំមួយទៅឆ្នាំមួយ កម្ពុជាតែងមានកំណើនទុនវិនិយោគផ្ទាល់ពីបរទេសជាប់ជានិច្ច ហើយឆ្នាំ២០២០នេះ ក៏នៅតែបន្តកំណើន”។ លោកឧកញ៉ាបានបន្តទៀតថា “ក្រៅពីការរៀបចំនូវគោលនយោបាយឱ្យកាន់តែល្អប្រសើរ រដ្ឋាភិបាលបានធ្វើការផ្សព្វផ្សាយ ដើម្បីកៀងគរបណ្តាវិនិយោគិនអន្តរជាតិមកកាន់កម្ពុជាឱ្យកាន់តែច្រើនបន្ថែម”។

លោកឧកញ៉ាលឹម ហេង បានមានប្រសាសន៍បន្តទៀតថា បច្ចុប្បន្ននេះរដ្ឋាភិបាលបាន និងកំពុងអនុវត្តយុទ្ធសាស្ត្រថែរក្សាអ្នកចាស់ កៀងគរអ្នកថ្មីបន្ថែម រួមជាមួយនឹងការព្យាយមជួយ សម្រួលដល់នីតិវិធីច្បាប់ពាក់ព័ន្ធនានា ឱ្យមានភាពល្អប្រសើរ និងងាយស្រួលអនុវត្តន៍ ដើម្បីជាការលើកទឹកចិត្តដល់វិនិយោគិន អន្តរជាតិទាំងអស់នោះ។ អ្វីដែលសំខាន់ គឺការធ្វើកំណែរផ្ទៃក្នុងស៊ីជម្រៅ រួមជាមួយនឹងការបង្កើតឱ្យមានក្រុមដោះស្រាយទាំង១៣ ដោយមានសភាពាណិជ្ជកម្មកម្ពុជាជាអ្នកសម្របសម្រួល។

លោកឧកញ៉ាបានបង្ហាញពីការគាំទ្រ នូវរាល់គោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ ក្នុងគោលដៅជំរុញ និងបង្កើននូវកំណើនវិនិយោគិន ក៏ដូចជាទុនវិនិយោគផ្ទាល់ពីបរទេស មកកាន់កម្ពុជាក្នុងឆ្នាំ២០២០នេះ និងនៅឆ្នាំបន្ទាប់ទៀត៕

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបង្ហាញពីសុទិដ្ឋិនិយមចំពោះផ្សារទំនើប FURI Times Square នៅក្រុងព្រះសីហនុ

ដោយៈ​ ​រ៉ា​ណេត​ ​

​ព្រះ​សី​ហនុៈ​ ​ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ ​បាន​បង្ហាញ​ពី​សុទិដ្ឋិនិយម​ ​និង​គាំទ្រ​នូវ​ជាមួយនឹង​កិច្ច​ដំណើរការ​នៃ​ផ្សារ​ទំនើប​ ​FURI​ ​Times​ ​Square​ ​ជាមួយនឹង​វត្តមាន​របស់​ក្រុមហ៊ុន​កាហ្វេ​ដ៏​ល្បីឈ្មោះ​ ​របស់​អាមេរិក​ ​Starbuck​ ​នៅជា​មួយ​ផង​ដែរ​។​ ​

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​ ​ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​សេដ្ឋកិច្ច​ទូទៅ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​សំណង់​ ​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ខេត្ត​ព្រះសីហនុ​ ​កាលពី​ថ្ងៃទី១៤​ ​ខែមករា​ ​ឆ្នាំ២០១៩​ ​ម្សិលមិញ​នេះ​ ​ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ ​លោក​ ​W​.​ ​Patrick​ ​Murphy​ ​បាន​បង្ហាញ​ពី​ការ​សាទរ​ពី​ភាព​រីកចម្រើន​នៅ​ទូទាំង​ខេត្ត​ ​ជាមួយនឹង​សមិទ្ធផល​លេចធ្លោ​ប្រចាំ​ក្រុង​ព្រះសីហនុ​ ​ជាក់ស្ដែង​ដូចជា​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ធំៗ​ ​និង​វត្តមាន​ផ្សារ​ទំនើប​ ​FURI​ ​Times​ ​Square​ ​ផង​ដែរ​។​ ​

​នៅក្នុង​ឱកាស​នៃ​ការ​ចូល​ស្វែងយល់​ ​ពី​ស្ថានភាព​ជាក់ស្ដែង​ពី​កិច្ច​ដំណើរការ​អាជីវកម្ម​របស់​ក្រុមហ៊ុន​អាមេរិកStarbuck​ ​នៅក្នុង​ផ្សារ​ទំនើប​ទំនើប​ដ៏​ធំ​ ​និង​លើកដំបូង​ប្រចាំ​នៅក្នុង​ក្រុង​ព្រះសីហនុ​ ​FURI​ ​Times​ ​Square​ ​លោក​ ​W​.​ ​Patrick​ ​Murphy​ ​បាន​មានប្រសាសន៍​ថា​ ​“​ខ្ញុំ​រីករាយ​ដោយ​ឃើញ​ក្រុមហ៊ុន​អាមេរិក​មួយ​ ​លក់​ផលិតផល​ប្រកបដោយ​គុណភាព​ខ្ពស់​ ​ផ្តល់​បរិយាកាស​ការងារ​ល្អ​ ​ជាមួយ​គម្រោង​បម្រើ​សហគមន៍​ល្អ​ ​នៅក្នុង​ផ្សារ​ទំនើប​ដែល​មាន​លក្ខណៈ​ល្អ​ប្រសើរ​”​។​ ​

​ជាមួយគ្នា​នេះ​លោក​ ​ក៏បាន​បង្ហាញ​ពី​ការ​គាំទ្រ​នូវ​កិច្ច​ដំណើរការ​ ​របស់​ផ្សារ​ទំនើប​ ​FURI​ ​Times​ ​Square​ ​ប្រចាំ​នៅក្នុង​ក្រុង​ព្រះសីហនុ​ផង​ដែរ​។​ ​

​នាយក​គ្រប់គ្រង​ទូទៅ​នៃ​ហាង​កាហ្វេ​ ​Starbucks​ ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ ​និង​ឡាវ​ ​លោក​ប៉ោ​ ​លីម​ ​បាន​បង្ហាញ​ពី​ភាព​រីករាយ​ ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​ ​នៅក្នុង​ហាង​កាហ្វេ​ ​Starbuck​ ​ដែល​មាន​ទីតាំងនៅ​ក្នុង​ផ្សារ​ទំនើប​ ​FURI​ ​Times​ ​Squareថា​ ​“​ខ្ញុំ​ ​ក៏ដូចជា​បុគ្គលិក​ទាំងអស់គ្នា​ ​ពិតជា​មាន​មោទនភាព​មែនទែន​ ​ចំពោះ​វត្តមាន​របស់​លោក​ ​W​.​ ​Patrick​ ​Murphy​ ​ដែល​ជា​ការ​បង្ហាញ​ពី​កិច្ច​គាំទ្រ​ ​និង​សាទរ​ចំពោះ​ដំណើរការ​អាជីវកម្ម​ ​នៅក្នុង​ផ្សារ​ទំនើប​ប្រចាំ​នៅក្នុង​ក្រុង​ព្រះសីហនុ​ ​ដែល​កំពុងតែ​មានការ​អភិវឌ្ឍ​ប្រែក្លាយ​ ​ទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទំនើប​”​។​ ​លោក​បាន​បន្ត​ទៀត​ថា​ ​“​ចាប់តាំងពី​ដំណើរ​លក់​នៅ​លើ​ទីតាំង​ថ្មី​ ​នៃ​ក្រុង​ព្រះសីហនុ​ ​Starbuck​ ​ទទួល​បាន​កិច្ច​គាំទ្រ​ពីសំណាក់​អតិថិជន​ជាតិ​ ​និង​អន្តរជាតិ​យ៉ាងច្រើន​កុះករ​ ​ជាមួយនឹង​ការ​រក្សា​បាន​នូវ​គុណ​តម្លៃ​ ​និង​គុណភាព​របស់​ ​Starbuck​ ​”​។​ ​

​នាយិកា​ផ្នែក​ទីផ្សារ​ ​និង​ការ​លក់​ ​ផ្សារ​ទំនើប​ ​FURI​ ​Times​ ​Square​ ​កញ្ញា​ ​លឹម​ ​សុខ​ដា​វីន​ ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ​បច្ចុប្បន្ន​នេះ​ ​នៅក្នុង​ផ្សារ​ទំនើប​ ​FURI​ ​Times​ ​Square​ ​មាន​បណ្តា​ក្រុម​ហ៊ុន​ល្បី​ៗ​លំដាប់​អន្តរជាតិ​ជាច្រើន​ ​ដែល​កំពុងតែ​ដំណើរការ​លក់​ ​ដែល​ក្នុង​នោះ​ក្រៅពី​ក្រុមហ៊ុន​អាមេរិក​ ​Starbuck​ ​នៅ​មាន​ក្រុមហ៊ុនDakasi​ ​Tea​ ​ហាង​អាហារ​មក​ពី​ប្រទេស​សាំងហ្គាពួរ​ ​ក្រុមហ៊ុន​ ​Amazone​ ​Café​ ​ក្រុមហ៊ុន​ ​KOI​ ​ក្រុមហ៊ុន​លក់​សម្លៀកបំពាក់​ ​LEVI’s​ ​ក្រុមហ៊ុន​ ​NIKE​ ​ក្រុមហ៊ុន​ ​Samsonite​ ​ក្រុមហ៊ុន​នាឡិកា​ដ៏​ល្បីឈ្មោះ​ ​G​-​Shock​ ​ក្រុមហ៊ុន​លក់​រថយន្ត​ ​HGB​ ​Group​ ​រួម​ជាមួយ​ក្រុម​ហ៊ុន​ល្បី​ៗ​ជាច្រើន​ទៀត​ ​ដោយ​រាប់បញ្ចូល​ទាំង​គ្រឿងសំអាង​ផង​ដែរ​។​ ​

​កញ្ញា​បាន​បញ្ជាក់​ថា​ ​“​នៅក្នុង​ពេល​ដ៏​ខ្លី​ឆាប់​ៗ​ខាងមុខនេះ​ ​តាមរយៈ​ផ្សារ​ទំនើប​ ​FURI​ ​Times​ ​Square​ ​នឹង​នាំមក​ជូន​អតិថិជន​នូវ​ហាង​លក់​ផលិតផល​ ​ចំណីអាហារ​ ​សម្ភារៈ​ប្រើប្រាស់​ ​ដែល​មានគុណ​ភាព​កម្រិត​អន្តរជាតិ​ ​រួម​ជាមួយ​កម្ម​វិ​ធី​កម្សាន្ត​ៗ​ជាច្រើន​ទៀត​ ​ជាពិសេស​បន្ទាប់ពី​ពិធី​បើក​សម្ពោធ​លក់​ជា​ផ្លូវការ​ ​នៅ​ពេល​ឆាប់​ៗ​ខាងមុខនេះ​តែម្ដង​”​៕​

កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក និងចិននឹងមិនបញ្ចប់សង្គ្រាមពន្ធគយ

ដោយ​ ​Donald​ ​Lee​

​ភ្នំ​ពេញៈ​ ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​អាមេរិក​ ​និង​ចិន​ដំណាក់កាល​ទី១ដែល​ត្រូវ​ចុះហត្ថលេខា​នៅ​ថ្ងៃនេះ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ ​នឹង​មិន​បញ្ចប់​ការ​យកពន្ធ​លើ​ទំនិញ​ចិន​ ​ដែល​នាំចេញ​ទៅ​អាមេរិក​ទេ​ ​បន្ទាប់ពី​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ ​ដែល​អាមេរិក​អាច​ផ្ទៀងផ្ទាត់​ការ​ប្រកាន់​ខ្ជាប់​របស់​ចិន​ ​ចំពោះ​លក្ខខណ្ឌ​នៃ​កិច្ច​ព្រមព្រៀង​។​ នេះ​បើ​យោង​តាម​អ្នកវិភាគ​។​

​ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង​ ​ដែល​បាន​ផ្សព្វផ្សាយ​ក្នុង​សប្តាហ៍​នេះ​ ​បាន​បង្ហាញ​ពី​វិសាលភាព​នៃ​លក្ខខណ្ឌ​ ​ដែល​បាន​ដាក់​ដោយ​ប្រធានាធិបតី​អាមេរិក​ ​Donald​ ​Trump​។​ ​ផ្នែក​វិភាគទាន​នៃ​ឧប​សម្ព័ន្ធ​ ​ដែល​មាន​បរិមាណ​នៃ​ការទិញ​ជាក់លាក់​ត្រូវ​បាន​ជឿ​ថា​ ​អាច​មានការ​សន្យា​របស់​ចិន​ ​ក្នុង​ការទិញ​ទំនិញ​ជិត២០០ពាន់​លាន​ដុល្លារ​អាមេរិក​ ​ក្នុងរយៈពេល​ពីរ​ឆ្នាំខាងមុខ​។​ ​នេះ​បើ​យោង​តាម​អ្នកវិភាគ​។​

​សេចក្តី​លម្អិត​នៃ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការទិញ​ត្រូវ​បាន​ជឿ​ថា​ ​រួមបញ្ចូល​ទាំង​ទំនិញ​ចំនួន៨០ពាន់​លាន​ដុល្លារ​ ​ផលិត​ថាមពល៥៣ពាន់​លាន​ដុល្លារ​ ​និង​ប្រហែល៣០ពាន់​លាន​ដុល្លារ​ក្នុង​វិស័យ​កសិកម្ម​ ​និង​សេវាកម្ម​ហិរញ្ញវត្ថុ​។​

​កិច្ច​ព្រមព្រៀង​នេះ​ក៏បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ​ចិន​នឹង​បញ្ឈប់​ការអនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន​ដល់​ក្រុមហ៊ុន​បរទេស​ ​ដើម្បី​ផ្តល់​ដល់​ក្រុមហ៊ុន​ចិន​នូវ​កម្មសិទ្ធិ​បញ្ញា​ ​សម្រាប់​ប្រតិបត្តិ​ការ​នៅក្នុង​ប្រទេស​ចិន​។​

​ខ្លឹមសារ​នៃ​កិច្ច​ព្រម​ព្រោង​ពាណិជ្ជកម្ម​ ​បាន​បញ្ជាក់​ថា​ ​“​ជាលើកដំបូង​នៅក្នុង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​មិនធ្លាប់​មាន​ ​ចិន​បាន​យល់ព្រម​បញ្ចប់​ការអនុវត្ត​យូរអង្វែង​របស់​ខ្លួន​ក្នុង​ការ​បង្ខំ​ ​ឬ​ដាក់​សម្ពាធ​ឱ្យ​ក្រុមហ៊ុន​បរទេស​ ​ផ្ទេរ​បច្ចេកវិទ្យា​របស់​ពួកគេ​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន​ជា​លក្ខខណ្ឌ​ ​សម្រាប់​ការ​ទទួល​បាន​ទីផ្សារ​ ​ការ​អនុម័ត​រដ្ឋបាល​ ​ឬ​ការ​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​រដ្ឋាភិបាល​”​។​

​ផ្សារហ៊ុន​នៅ​អាស៊ី​បាន​កើនឡើង​ដល់កម្រិត​ ​ដែល​មើល​មិនឃើញ​ចាប់តាំងពី​ឆ្នាំ​ ​២០១៨​ ​និង​មុន​ពេល​ការ​កើតឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ ​និង​ចិន​នៅ​សប្តាហ៍​នេះ​ ​ដោយសារ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី១​ ​ជិត​ឈាន​ដល់ទី​បញ្ចប់​ហើយ​។​
​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​អាមេរិក​ ​និង​ចិន​ដំណាក់កាល​ទី១​ ​បាន​បញ្ឈប់​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​មានតម្លៃ​ថ្លៃ​បំផុត​មួយ​ ​នៅក្នុង​ប្រវត្តិ​សាស្រ្ត​មនុស្សជាតិ​ ​និង​បាន​នាំមក​នូវ​សញ្ញា​ដំបូង​នៃ​ការ​ថយ​ចុះ​ ​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​រយៈពេល១៧ខែ​ ​រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ទាំងពីរ​នៅ​លើ​ពិភពលោក​៕​

អូស្រ្តាលីខាតបង់៣,៥ពាន់លានដុល្លារដោយសារភ្លើងឆេះព្រៃដ៏មហន្តរាយ

ដោយ​ ​Donald​ ​Lee​

​ភ្នំ​ពេញៈ​ ​យោង​តាម​ការព្យាករណ៍​បានឱ្យ​ដឹង​ថា​ ​ភ្លើង​ឆេះ​ព្រៃ​នៅ​អូទ្រីស​លី​អាច​នឹង​ធ្វើ​ឱ្យ​ប្រទេស​នេះ​ខាតបង់​ទឹកប្រាក់​ចំនួន៣,៥​ ​ពាន់​លាន​ដុល្លារ​ ​និង​ស្មើនឹង១ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ខ្លួន​។​

​ធនាគារ​ ​Westpac​ ​Bank​ ​ដែល​មាន​មូលដ្ឋាន​នៅ​អូ​ស្រា្តលី ​បាន​ព្យាករណ៍​ពី​ការខូចខាត​ ​ដែល​បណ្តាល​មក​ពី​ភ្លើង​ឆេះ​ព្រៃ​ ​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​អូស្ត្រាលី​ ​ចាប់ពី​ចុងឆ្នាំ​មុន​ ​ដែល​ធ្វើ​ឱ្យ​មានការ​ខាតបង់​នៅ​ជុំវិញ​ផលិតផល​ ​ក្នុង​ស្រុក​សរុប​របស់​ប្រទេស១ភាគរយ​ ​ដោយសារ​ការខូចខាត​ដល់​វិស័យ​កសិកម្ម​ ​និង​ទេសចរណ៍​។​

​ការព្យាករណ៍​របស់​ធនាគារ​បាន​បញ្ជាក់​ថា​ ​“​សកម្មភាព​នៅក្នុង​តំបន់​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​មាន​ប្រហែល១ភាគរយ​ ​នៃ​សេដ្ឋកិច្ច​អូស្ត្រាលី​ ​និង​ប៉ះពាល់​លើ​កសិកម្ម​ ​និង​ទេសចរណ៍​”​។​

​ការព្យាករណ៍​បានឱ្យ​ដឹង​ថា​ ​“​សេចក្តី​ថ្លែងការណ៍​ដំបូង​បាន​បង្ហាញថា​ ​ផល​ប៉ះពាល់​អវិជ្ជមាន​ដោយ​ផ្ទាល់​ ​នឹង​ប៉ះពាល់​ដល់​សកម្មភាព​ទេសចរណ៍​ក្នុង​ស្រុក​ ​ជាមួយនឹង​ការ​រំ​ខាន​សក្តា​នុ​ពល​ពី​ការ​បំពុល​ផ្សែង​ដែល​ប៉ះពាល់​ដល់ទី​ក្រុង​ធំៗ​”​។​

​ភ្លើង​ឆេះ​ព្រៃ​បាន​ចាប់ផ្តើម​នៅ​ឆ្នាំ២០១៩​ ​ហើយ​ជា​គ្រោះមហន្តរាយ​ធម្មជាតិ​ដ៏​ធំ​បំផុត​មួយ​ ​ដែល​ធ្លាប់​មានបទពិសោធន៍​នៅក្នុង​ប្រទេស​អូស្ត្រាលី​។​ ​មនុស្ស​ជាង៤០ម៉ឺន​នាក់​ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​មនុស្ស១៧០នាក់​ ​និង​បំផ្លាញ​ផ្ទះ​ចំនួន២,០២៩​ ​។​

​ភ្លើង​ឆេះ​ព្រៃ​នេះ​បាន​កើតឡើង​នៅពេល​មិនល្អ​ ​សម្រាប់​ប្រទេស​អូស្រ្តាលី​ដោយសារ​អត្រាកំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​ ​បាន​ធ្លាក់ចុះ​ជាមួយ​ល្បឿន​យឺត​ ​បំផុត​ចាប់តាំងពី​មាន​វិបត្តិសេដ្ឋកិច្ច​សកល​ក្នុង​ឆ្នាំ២០០៩​។​ ​រដ្ឋាភិបាល​បាន​កែប្រែ​ការ​ព្យា​ក​រណ៍​កំនើន​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ខ្លួន​ ​មក​នៅ​ត្រឹម​កំនើន២,១ភាគរយ​នៅ​ឆ្នាំ​ ​២០២០​។​

​កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​ ​បាន​ធ្លាក់ចុះ​មក​នៅ​ត្រឹម១,៤ភាគរយ​ ​កាលពី​ឆ្នាំមុន​។​ ​នេះ​បើ​យោង​តាម​ការិយាល័យ​ស្ថិតិ​អូស្ត្រាលី​។​ ​អត្រា​នេះ​បាន​ធ្វើ​ឱ្យ​សេដ្ឋវិទូ​នៅ​ជុំវិញ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល​ ​ជាពិសេស​លទ្ធផល​ខែ​ ​មិថុនា​ ​ដែល​បង្ហាញ​ពី​កំណើន​ត្រឹមតែ០,៥ភាគរយ​ ​ហើយ​និយាយ​អំពី​វិបត្តិសេដ្ឋកិច្ច​ ​ដែល​គ្រប​ដណ្តប់​លើ​ចំណងជើង​ព័ត៌មាន​សេដ្ឋកិច្ច​អូស្ត្រាលី​នៅ​ថ្ងៃទី​ ​៩​ ​ខែមីនា​ឆ្នាំ​ ​២០១៩​។​

​លើស​ពីនេះ​ទៀត​ ​ទិន្នន័យ​របស់​រដ្ឋាភិបាល​ក៏បាន​បង្ហាញ​ផង​ដែរ​ថា​ ​អ្នកប្រើ​ប្រាស់​នៅ​អូស្រ្តាលី​ ​បាន​ចំណាយ​តិច​ជាមួយនឹង​ការ​លក់រាយ​ ​ដោយមាន​ការ​ធ្លាក់ចុះ០,១ភាគរយ​ ​ការ​លក់​រថយន្ត​បាន​ធ្លាក់ចុះ៧ភាគរយ​ ​និង​សំណង់ផ្ទះ​ធ្លាក់ចុះ០,៥​ ​ភាគរយ​៕​

សម្តេចតេជោស្នើស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មានធ្វើជាស្ពានចម្លងព័ត៌មានពីរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ

ដោយ​វុត្ថា

​ភ្នំ​ពេញៈ​ ​សម្ដេច​តេជោ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​បាន​ស្នើ​សារ​ជាថ្មី​ដល់​បណ្ដា​ស្ថាប័ន​ព័ត៌មាន​ ​និង​អ្នកសារព័ត៌មាន​ទាំងឡាយ​ ​ចូលរួម​ធ្វើជា​ស្ពាន​ចម្លង​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​មករា​ជ​រដ្ឋាភិបាល​ ​និង​ពី​រាជរដ្ឋាភិបាល​ទៅកាន់​ប្រជាពលរដ្ឋ​ ​ទៅតាម​ការពិត​ជាក់ស្ដែង​។​

​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​បាន​ស្នើ​បែបនេះ​នៅក្នុង​ពិធី​សំណេះសំណាល​ ​និង​ពិសា​អាហារ​សាមគ្គី​ ​ជាមួយ​អ្នកសារព័ត៌មាន​លើក​ទី៤​ ​សរុប​ជិត៦ពាន់​នាក់​ ​នៅ​មជ្ឈមណ្ឌល​សន្និបាត​ ​និង​ពិព័រណ៍​កោះ​ពេជ្រ​នា​រាត្រី​ថ្ងៃទី១៤​ ​ខែមករា​ ​ឆ្នាំ២០២០​។​

​សម្ដេច​តេជោ​ថា​ ​“​ស្ថាប័ន​ព័ត៌មាន​ ​ក៏ដូចជា​អ្នកយកព័ត៌មាន​ ​ត្រូវ​បំពេញ​តួនាទី​ជា​ស្ពាន​ចម្លង​ពីរ​ដ្ឋ​ទៅ​ប្រជាជន​ ​ពី​ប្រជាជន​មករ​ដ្ឋ​វិញ​ ​ទាំង​ផ្នែក​គោលនយោបាយ​ ​ទាំង​ការអនុវត្ត​”​។​ ​

​សម្ដេច​បាន​ស្នើ​បន្ត​ថា​ ​អ្នកសារព័ត៌មាន​ក៏​គួរ​ចូលរួម​ចំណែក​ត្រួតពិនិត្យ​ការអនុវត្ត​គោលនយោបាយ​របស់​រដ្ឋ​តាម​របៀប​ផ្សេង​ៗ​ ​ដើម្បី​ឱ្យ​ដឹង​ថា​ការអនុវត្ត​នោះ​មានប្រសិទ្ធភាព​កម្រិត​ណា​ ​មាន​គណនេយ្យ​ភាព​ឬ​អត់​។​

​ក្នុងករណី​ដែល​មើលឃើញ​ថា​មិនទាន់​សមស្រប​ទេ​ ​ស្ថាប័ន​ថ្នាក់​ជាតិ​ជា​អ្នកកែតម្រូវ​ ​រាប់ទាំង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ​ឬ​អនុក្រឹត្យ​ ​ព្រះរាជ​ក្រឹត្យ​ ​ឬ​ច្បាប់​នានា​ ​ដែល​រាជរដ្ឋាភិបាល​ក៏អាច​ស្នើសុំ​សភា​ក្នុង​ការ​កែប្រែ​ ​ឬ​ធ្វើ​វិសោធនកម្ម​បន្ថែម​ទៀត​ ​ដើម្បី​ឆ្លើយតបទៅនឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ទៅតាម​តម្រូវការ​ជាក់ស្ដែង​។​

​ប្រមុខ​រាជរដ្ឋាភិបាល​បាន​បន្ថែម​ថា​ ​ប្រសិនបើ​ការអនុវត្ត​នេះ​ ​ធ្វើ​បាន​ត្រឹមត្រូវ​តាម​គោលនយោបាយ​ហើយ​ ​រាជរដ្ឋាភិបាល​ប្រាស់​ជា​ជំរុញ​ការអនុវត្ត​ ​ឱ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែម​ទៀត​។​

​សម្ដេច​តេជោ​ក៏​សុំ​ការយោគយល់​ពី​អ្នកសារព័ត៌មាន​ផង​ដែរ​ ​ដែល​ចំណុច​ខ្លះ​មានការ​ខ្វះចន្លោះ​ ​ដោយសារ​ថា​គោលនយោបាយ​ទាំងអស់​ ​មិនមែន​សុទ្ធតែ​ដាក់ចេញ​ទៅ​ត្រឹមត្រូវ​នោះ​ទេ​។​ ​ពេលខ្លះ​ក៏​សមស្រប​ ​ប៉ុន្តែ​ពេលខ្លះ​ទៀត​ក៏​មិន​សមស្រប​ដែរ​ ​តែ​រាជ​រដ្ឋា​រដ្ឋាភិបាល​ ​និង​ស្ថាប័ន​ជា​សេនាធិការ​នៅតែ​បន្ត​ការ​កែតម្រូវ​ជា​រឿយ​ៗ​។​

​ម្យ៉ាងទៀត​ ​កិច្ចការ​ខ្លះ​ទាក់ទង​នឹង​វិស័យ​ការពារ​ជាតិ​ ​សន្តិសុខ​ផ្ទៃក្នុង​ ​ការ​ចល័ត​កងទ័ព​-​អាវុធ​ជាដើម​នោះ​ ​មិនមែន​សុទ្ធតែ​តម្រូវ​ឱ្យ​ផ្សព្វផ្សាយ​បាន​នោះ​ទេ​ ​ពីព្រោះ​ជា​កិច្ចការ​ការពារ​ជាតិ​ ​និង​សន្តិសុខ​ ​ជា​វិស័យ​ដែល​ត្រូវ​រក្សា​ការសម្ងាត់​។​

​សម្តេច​តេជោ​ហ៊ុន​ ​សែន​ ​បាន​ថ្លែង​ថា​ ​គ្រាប់បែក​អាច​បំផ្លាញ​ផ្ទះ​ ​និង​ភូមិ​មួយ​ ​តែបើ​ការផ្សាយ​ព័ត៌មាន​បំភ្លៃ​ការពិត​ ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​របស់​ជាតិ​ទាំងមូល​ ​បាន​។​ ​ជាមួយគ្នា​នេះ​ ​សម្តេច​តេជោ​ក៏បាន​ដាក់ចេញ​ ​នូវ​ពាក្យស្លោក​ជូន​អ្នក​ព័ត៌មាន​ថា​ ​«​កុំ​បំពាន​សិទ្ធិ​អ្នកដទៃ​ ​កុំ​បំភ្លៃ​ការពិត​»​៕​

គម្រោងNaga 3ដែលមានតម្លៃ៣,៥ពាន់លានដុល្លារគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៥

ដោយ​ ​ប៊ី​

​ភ្នំ​ពេញៈ​ ​ក្រុមហ៊ុន​ ​NagaCorp​ ​មានបំណង​ធ្វើការ​ពង្រីក​ការ​វិ​និ​យោ​គម្រោងNaga​ ​3​ ​របស់​ខ្លួន​ឲ្យ​មាន​ទំហំ​ធំជាង​មុន​ ​ខណៈ​គម្រោងNaga​ ​3​ ​ដែល​បាន​ប្រកាស​ពី​ផែនការ​នៅ​ខែ​ ​មេសា​ ​ឆ្នាំ២០១៩​ ​ជាមួយនឹង​ទុន​វិនិយោគ៣,៥ពាន់​ដុល្លារ​ ​គ្រោង​នឹង​បញ្ចប់​ក្នុង​ឆ្នាំ​ ​២០២៥​។​ ​នេះ​បើ​យោង​តាម​គេហទំព័រCalvinAyre​។​

​ការពង្រីក​គម្រោង​គម្រោងNaga​ ​3​ ​នេះ​នាំមក​នូវ​រូបភាព​ថ្មី​ ​និង​ជម្រើស​ល្បែង​ជាច្រើន​ទៀត​ ​ដើម្បី​ទាក់ទាញ​មនុស្ស​កាន់តែ​ច្រើន​ ​ស្រប​ពេល​គម្រោង​នេះ​ទទួល​បានការ​គាំទ្រ​ពី​ម្ចាស់ភាគហ៊ុន​របស់​ក្រុមហ៊ុន​ដែល​ឥឡូវនេះ​ ​បាន​ផ្តល់​ការយល់ព្រម​សម្រាប់​ការពង្រីក​ចាប់ផ្តើម​។​

​ប្រតិបត្តិ​ករ​សណ្ឋាគារ​ ​និង​កាស៊ីណូ​ដែល​ចុះបញ្ជី​នៅ​ហុងកុង​នេះ​ ​បាន​បើក​កិច្ចប្រជុំ​ទូទៅ​មួយ​នា​ពេល​ថ្មី​ៗ​នេះ​ ​ដោយ​អញ្ជើញ​ម្ចាស់ភាគហ៊ុន​ភាគតិច​ឱ្យ​ថ្លឹងថ្លែង​ ​លើ​គម្រោង​នេះ​។​ ​៩៨ភាគរយ​ ​នៃ​អ្នក​ដែល​បាន​ចូលរួម​បាន​និយាយ​ថា​ ​ណា​ហ្គា​ខប​គួរតែ​ឈានទៅមុខ​។​ ​

​ម្ចាស់ភាគហ៊ុន​ធំ​បំផុត​របស់​ក្រុមហ៊ុន​ ​និង​ជានា​យក​ប្រតិបត្តិ​របស់​ខ្លួន​ផង​ដែរ​មិន​អនុញ្ញាត​ឲ្យ​ចូលរួម​បោះឆ្នោត​ដោយ​អះអាង​ថា​ ​ការ​មិន​ចូលរួម​របស់​លោក​ ​គឺ​សម្រាប់​គោលបំណង​អភិបាលកិច្ច​ល្អ​។​ ​លោក​ ​Chen​ ​Lip​ ​Keong​ ​ម្ចាស់​ហ៊ុន​ធំ​ត្រូវ​បាន​គេ​រាយការណ៍​ថា​នឹង​ចំណាយ​ពាក់កណ្តាល​លើ​គម្រោង​នេះ​។​

​ការពង្រីក​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​អាគារ៤២ជាន់​ចំនួន៤​ ​ដែល​នឹង​មាន​សណ្ឋាគារ​ ​កន្លែង​ស្នាក់នៅ​ ​កន្លែង​សន្និបាត​ ​កន្លែង​បរិភោគ​អាហារ​ ​ហាង​លក់រាយ​ក​ ​ន្លែង​កម្សាន្ត​ ​និង​កន្លែង​ជាច្រើន​ទៀត​ ​ក៏ដូចជា​ជាន់​កាស៊ីណូ​ធំ​មួយ​ផង​ដែរ​។​ ​បន្ទប់​សណ្ឋាគារ​ដែល​មាន​ចំនួន​សរុប​ ​៤.៧២០​ ​នឹង​ត្រូវ​បន្ថែម​ដែល​ជា​ការ​ឆ្លើយតបទៅនឹង​ការ​រំពឹង​ទុក​ថា​ ​រាជធានី​ភ្នំពេញ​នឹង​មាន​កន្លែង​សណ្ឋាគារ១០០,០០០​ ​បន្ទប់​នៅ​ឆ្នាំ២០២៥​។​

​គម្រោងNaga​ ​3នឹង​ធំជាង​បីដង​ ​បើ​ធៀ​ននឹងNaga1​ ​និង​ ​Naga2​។​ ​ការងារ​អ​ចិន្ត្រៃយ៍​ចំនួន១៨,០០០​ ​នឹង​ត្រូវ​បាន​បន្ថែម​ ​ហើយ​នៅពេល​បញ្ចប់​ការសាងសង់​គម្រោង​ ​គម្រោង​នេះ​ផ្តល់​ការងារ​ប្រហែល៥០,០០០​ ​កន្លែង​ក្នុង​ដំណាក់កាល​សាងសង់​។​ ​ជាមួយនឹង​ការ​ដាក់បញ្ចូលNaga3បរិវេណNagaWorld​ ​នឹង​ក្លាយជា​ការ​វិនិយោគ​វិស័យ​ឯកជន​ធំ​បំផុត​នៅ​កម្ពុជា​។​

​ថ្មី​ៗ​នេះ​កម្ពុជា​បាន​ប្រកាសហាម​ឃាត់​ការ​លេងល្បែង​ ​តាម​អន​ឡាញ​ដែល​នឹង​ធ្វើ​ ​ឱ្យ​គម្រោង​នេះ​កាន់តែ​ទាក់ទាញ​។​ ​ក្រុមហ៊ុន​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ ​នឹងអាច​បន្ត​ប្រតិបត្តិ​ការ​របស់​ពួកគេ​ ​ប៉ុន្តែ​នឹង​ត្រូវ​ស្វែងរក​អ្វី​ផ្សេងទៀត​ ​ដើម្បី​ធ្វើ​នៅពេល​អាជ្ញាប័ណ្ណ​ផុតកំណត់​៕​

ក្រុមហ៊ុនកាណាដាមួយនឹងបន្ថែមទុន៤,៦លានដុល្លារពង្រីកការរុករករ៉ែមាស នៅខេត្តរតនគិរី

ដោយ​ ​ប៊ី​

​ភ្នំ​ពេញៈ​ ​ក្រុមហ៊ុនAngkor​ ​Resources​ ​Corp​ ​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​រក​ប្រាក់ចំណេញ​លើ​អាជ្ញាប័ណ្ណ​អូ​យ៉ា​ដាវ​របស់​ខ្លួន​ ​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​កា​ណា​ដា​ហូ​មមី​អូ​យ៉ា​ដាវ​ ​(​Hommy​)​ ​ដើម្បី​ទទួល​បាន​ប្រយោជន៍​រហូតដល់៧០ភាគរយ​ចំពោះ​អាជ្ញាប័ណ្ណ​អូ​យ៉ា​ដាវ​ ​ខេត្តរតនគិរី​ ​នៅ​ខាងជើង​របស់​ក្រុមហ៊ុនAngkor​ ​ជាមួយនឹង​ការ​វិនិយោគ​សរុប​ចំនួន៤,៦លាន​ដុល្លារ​អាមេរិក​។

​លោក​ ​Mike​ ​Weeks​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​Angkor​ ​បាន​មានប្រសាសន៍​ថា​ ​“​យើង​រីករាយ​ដែល​បាន​ធ្វើការ​ម្តង​ទៀត​ ​ជាមួយ​ក្រុមហ៊ុនHommy​។​ ​ពួកគេ​ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​ល្អ​លើ​ក្រុង​បានលុង​”​។​ ​លោក​បន្ត​ថា​“​ទំនាក់ទំនង​របស់​តំបន់​អូ​យ៉ា​ដាវ​ចំពោះ​ការ​អភិវឌ្ឍ​នៅ​តំបន់​អណ្តូង​រ៉ែ​ក្រុមហ៊ុន​ ​Mesco​ ​គឺ​មានផល​ប្រយោជន៍​យ៉ាង​ខ្លាំង​ ​សម្រាប់​យើង​ទាំងពីរ​ ​ហើយ​យើង​រីករាយ​ក្នុង​ការ​បន្ត​គំនិត​ផ្តួចផ្តើម​នេះ​ជាមួយគ្នា​”​។​

​លោកAdrian​ ​G​.​ ​Mann​ ​នាយក​ ​និង​ជាទី​ប្រឹក្សា​បច្ចេកទេស​ដល់​ក្រុមហ៊ុន​ ​Hommy​ ​Oyadao​ ​Inc​ ​មាន​សុទិដ្ឋិនិយម​អំពី​ផែនការ​រុករ​ក​ភ្លាម​ៗ​សម្រាប់​អូយ​ដាវ​។​លោក​បាន​ថ្លែង​ថា​ ​“​កន្លែង​រុករក​រ៉ែ​របស់​ក្រុមហ៊ុន​ ​Mesco​ ​គឺ​ប្រហែល៤០០ម៉ែត្រ​ ​ពី​គោលដៅ​ខួង​ដំបូង​របស់​យើង​ដែល​ផ្អែកលើ​ម៉ាស៊ីនEMខ្លាំង​។​

​អាជ្ញាប័ណ្ណ​អូ​យ៉ា​ដាវ​ ​ស្ថិតនៅ​លើ​ផ្ទៃដី២២២​ ​គីឡូម៉ែត្រ​ក្រឡា​នៅ​ជិត​ព្រំដែន​ប្រទេស​វៀតណាម​ដែល​ដំណើរការ​នៅ​ខាងជើង​ ​និង​ខាងកើត​នៃ​តំបន់​អណ្តូង​រ៉ែ​របស់​ក្រុមហ៊ុនMesco​៕​

ឯកអគ្គរដ្ឋទូតអាមេរិកកោតសសើរពីការរីកចំរើនលើវិស័យសំណង់នៅក្នុងខេត្តព្រះសីហនុ

ដោយ​វុត្ថា

​ខេត្ត​ព្រះសីហនុ​៖​ ​លោក​ ​W.Patrick​ ​Murphyឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​អះអាង​ថា​ ​ខេត្ត​ព្រះសីហនុ​ ​មានការ​អភិវឌ្ឍ​លើ​វិស័យ​សំណង់​យ៉ាងច្រើន​ ​ដោយ​ផ្តល់​នូវ​គ​ម្រោ​ង​ថ្មី​ៗ​ ​ដូចជា​ប្រភព​ថាមពល​អគ្គិសនី​ ​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​រីកចម្រើន​នា​ពេល​ខាងមុខ​។​



​លោក​ ​W.Patrick​ ​Murphy​ ​ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ ​បានឱ្យ​ដឹង​បែបនេះ​ ​នៅក្នុង​ជំនួប​ជាមួយ​លោក​ ​គួច​ ​ចំរើន​ ​អភិបាល​ ​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ ​កាលពី​ថ្ងៃទី​ ​១៤​ ​ខែមករា​ម្សិលមិញ​នេះ​ ​ខណៈ​ ​លោក​ ​ទៅ​បំពេញ​ទស្សនកិច្ច​ ​ហាង​កាហ្វេ​ ​Starbuck​ ​និង​ចូលរួម​កម្មវិធី​កីឡា​នៅ​សាលា​ឡាយ​ហ្វ​ ​ក្រុង​ព្រះសីហនុ​។​

​លោក​បន្ត​ថា​ ​ការ​ទស្សនកិច្ច​ជា​ផ្លូវការ​នា​ពេលនេះ​ទទួល​បាន​ផ្លែផ្កា​ ​និង​មានឱកាស​ជួប​ជាមួយ​ធុរកិច្ច​ក្នុង​ស្រុក​ ​ក៏ដូចជា​ធុរកិច្ច​ក្រុមហ៊ុន​អាមេរិក​ ​ព្រមទាំង​បាន​តំណាង​អង្គការ​សង្គម​ស៊ីវិល​ ​នៅ​ខេត្ត​ព្រះសីហនុ​ផង​ដែរ​ ​។​ ​

​លោក​ថា​ ​សម្រាប់​ឆ្នាំនេះ​ ​ក៏​ជា​ខួប​លើក​ទី៧០​ ​នៃ​ចំណង​ការទូត​រវាង​សហរដ្ឋអាមេរិក​ ​និង​កម្ពុជា​ ​ផ្តោត​លើ​វិស័យ​ ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​វិនិយោគ​កាន់តែ​ស៊ីជម្រៅ​ ​ព្រមទាំង​បាន​ផ្តល់​អនុសាសន៍​មួយចំនួន​ដូចជា​:​ ​អង្គការ​សង្គម​ស៊ីវិល​ ​ជា​ធនធាន​មួយ​មានតម្លៃ​ ​ព្រោះ​ពួកគាត់​មាន​ជំនាញ​ធ្វើការងារ​ជាមួយ​កម្មករ​ ​និយោជិក​ ​ដែល​មិនបាន​គោរព​តាម​បទដ្ឋាន​ ​ប៉ុន្តែ​យើង​ត្រូវ​ស្តាប់​ពី​គ្រប់​ភាគី​ ​ដើម្បី​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​ផង​ដែរ​ ​។​ ​

​លោក​ ​គួច​ ​ចំរើន​ ​អភិបាលខេត្ត​ព្រះសីហនុ​ ​ឱ្យ​ដឹង​ដែរ​ថា​ ​ខេត្ត​ព្រះសីហនុ​ ​គឺ​មានការ​ចូលរួម​ចំណែក​របស់​សហរដ្ឋអាមេរិក​ដូចជា​ ​ផ្លូវជាតិ​លេខ៤​ ​ដោយ​ផ្តើម​ចេញពី​ផ្លូវ​នេះ​ ​ធ្វើ​ឱ្យ​ខេត្ត​ព្រះសីហនុ​ ​មានឈ្មោះ​បោះ​សំឡេង​មកដល់​បច្ចុប្បន្ន​ ​ផ្លូវជាតិ​លេខ៤​ ​បាន​ជួយ​សម្រួល​ក្នុង​ការ​ធ្វើដំណើរ​ ​និង​ដឹកជញ្ជូន​ ​និង​លើកកម្ពស់​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​ ​។​ ​



​លោក​បន្ត​ថា​ ​កន្លងមក​កងទ័ព​សហរដ្ឋអាមេរិក​ ​ក៏បាន​ធ្វើលំ​ហាត់​សមយុទ្ធ​ជាមួយនឹង​កងទ័ពជើងទឹក​កម្ពុជា​ ​”​ ​រាម​ ​”​ ​និង​បាន​ជួយ​កម្ពុជា​ ​ពិសេស​ខេត្ត​ព្រះសីហនុ​ ​លើ​វិស័យ​សុខាភិបាល​ ​វិស័យ​អប់រំ​ ​និង​ការងារ​ក្នុង​សហគមន៍​មួយចំនួន​ ​ដែល​ប្រជាពលរដ្ឋ​កោតសរសើរ​ ​និង​វាយតម្លៃ​ខ្ពស់​ ​។​ ​ខេត្ត​ព្រះសីហនុ​មាន​ជនជាតិ​អាមេរិក​ស្នាក់នៅ​ជាង​ ​៣០នាក់​ ​ប្រកបមុខរបរ​ក​ស៊ី​ ​ហើយ​កាលពី​ឆ្នាំ២០១៩​ ​មាន​អ្នកទេសចរ​សហរដ្ឋអាមេរិក​ជាង​ ​២៣.០០០នាក់​ ​មក​ធ្វើ​ទេសចរ​នៅ​ខេត្ត​ព្រះសីហនុ​ ​។​

​លោក​អភិបាលខេត្ត​រូប​នេះ​បន្ត​ថា​ ​ខេត្ត​ព្រះសីហនុ​ក៏បាន​ចុះ​ ​MOU​ ​ជាមួយ​ក្រុង​ ​ស៊ី​អា​ថល​ ​នៃ​សហរដ្ឋអាមេរិក​ ​ជា​ក្រុង​-​ខេត្ត​បងប្អូន​ ​និង​សូម​ឱ្យ​ស្ថានទូត​ជួយ​ជំរុញ​ខេត្ត​ ​ក្រុង​បងប្អូន​ ​មក​ធ្វើការ​វិនិយោគ​ ​និង​ទេសចរ​នៅ​ខេត្ត​ព្រះសីហនុ​ឱ្យ​បាន​កាន់តែ​ច្រើន​ ​ព្រោះ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​គោលនយោបាយ​ប្រកាន់​ភ្ជាប់​នូវ​ទីផ្សារសេរី​ ​ស្វាគមន៍​អ្នក​វិនិយោគ​ ​និង​ទេសចរ​មក​ពីគ្រប់ទិស​ទី​។​ ​កន្លងមក​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ​បាន​ធ្វើការ​ជួបជុំ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​មួយឆ្នាំ​ ​២លើក​ ​ដោយ​សកម្មភាព​នេះ​ ​គឺ​ធ្វើជា​រៀងរាល់​ឆ្នាំ​ ​៕​

កម្ពុជា -ឡាវពង្រឹងកិច្ចសហប្រតិបត្តិការស្ដារកំណើនទេសចរណ៍ប្រទេសទាំង២

ដោយៈ​ ​រ៉ា​ណេត​ ​

​ព្រុយ​ណេៈ​ ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា​ ​បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​ ​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ ​វប្បធម៌​ ​និង​ទេសចរណ៍​ឡាវ​ ​ដោយ​បាន​ពិភាក្សា​ជំរុញ​ការងារ​ ​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​ ​ដោយធ្វើ​យ៉ាងណា​ពង្រឹង​វិស័យ​នេះ​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ ​ព្រមទាំង​អស់​អូសទាញ​ទេសចរ​មក​ពី​បណ្តា​ប្រទេស​នានា​ផង​ដែរ​។​ ​

​នៅក្នុង​កិច្ចពិភាក្សា​ជា​ផ្លូវការ​រវាង​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង២​ ​លោក​ ​ថោង​ ​ខុន​ ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា​ ​ដែល​បាន​ធ្វើឡើង​នៅ​ប្រទេស​ប្រុយ​ណេ​ ​ភាគី​ទាំងពីរ​បាន​លើកឡើង​ពី​ចំណុច​សំ​ខាន់​ៗ​ ​ដែល​ត្រូវ​យកចិត្ត​ទុក​ពង្រឹង​ទៅកាន់​ ​លោក​ ​គិ​កែវ​ ​ខាយ​ ​ខាំ​ភិ​ធូន​ ​(​Kikeo​ ​Khaykhamphithoune​)​ ​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ ​វប្បធម៌​ ​និង​ទេសចរណ៍​ឡាវ​ថា​ ​ដើម្បី​ជំរុញ​ឱ្យ​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​ទាំង២​ ​មាន​ភាពល្អ​ប្រសើរ​ព្រមគ្នា​ត្រូវ​អនុវត្ត​នូវ​កម្មវិធី​មួយចំនួន​ដែល​សុទ្ធតែ​មានប្រសិទ្ធភាព​ខ្ពស់​។​ ​

​លោក​ថោង​ ​ខុន​ ​បាន​បញ្ជាក់​ថា​ ​ចំណុច​សំ​ខាន់​ៗ​ទាំងអស់​រួមមាន​ទី១​-​ ​ជំរុញ​ទេសចរណ៍​បើកបរ​ខ្លួនឯង​ ​(​Self​-​driving​ ​Tour​)​ ​រវាង​ប្រទេស​ទាំង២​ ​ដោយធ្វើ​ការសម្រួល​បែប​បទ​ផ្សេង​ៗ​ ​ឲ្យ​មាន​ភាព​ងាយស្រួល​ ​ដល់​អ្នកដំណើរ​នៅពេល​បើកបរ​ឆ្លងកាត់​ព្រំដែន​នៃ​ប្រទេស​ទាំង២​។​ ​ទី​-​ ​២​ ​ពិភាក្សា​លើ​លទ្ធភាព​ឲ្យ​មានការ​ហោះហើរ​ត្រង់​ ​ពី​ប្រទេស​ឡាវ​មក​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​។​ ​ទី​-​ ​៣​ ​ចែករំលែក​បទពិសោធន៍​ ​និង​អភិវឌ្ឍន៍​រួមគ្នា​លើ​សហគមន៍​ទេសចរណ៍​ ​និង​អេកូ​ទេសចរណ៍​ ​ក្នុង​ក្របខណ្ឌ​នៃ​តំបន់​តី្រ​កោណ​អភិវឌ្ឍន៍​ ​និង​ទី​-​ ​៤​ ​ជំរុញ​ឲ្យ​កាន់តែ​ខ្លាំង​ឡើង​ថែមទៀត​ ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​ក្របខណ្ឌ​អនុ​តំបន់​នានា​ ​ដូចជា​ ​កិច្ច​សហប្រតិបត្តិ​ការ​មហា​អនុ​តំបន់​ទន្លេមេគង្គ​ ​កិច្ច​សហប្រតិបត្តិ​ការ​មេគង្គ​-​ឡាន​ឆាង​ ​កិច្ច​សហប្រតិបត្តិ​ការ​ ​ACMECS​ ​កិច្ច​សហប្រតិបត្តិ​ការ​ ​CLMV​ ​កិច្ច​សហប្រតិបត្តិ​ការ​ ​CLV​។​

​បន្ទាប់ពី​បាន​ជួប​ជជែក​ ​និង​រក​ដំណោះស្រាយ​បញ្ហា​រួចរាល់​ ​ភាគី​ទាំង២បាន​សម្តែង​នូវ​ការ​ពេញចិត្ត​ ​ចំពោះ​កិច្ច​សហប្រតិបត្តិ​ការ​កន្លងមក​ ​ក្នុងស្មារតី​មិត្តភាព​ ​និង​សាមគ្គីភាព​ជា​បងប្អូន​ ​ដែល​ធ្លាប់​ឆ្លងកាត់​ពេលវេលា​ដ៏​លំបាក​ពីអ​តី​ត​កាល​។​ ​ភាគី​ទាំងពីរ​ក៏បាន​ឯកភាព​គ្នា​ជំរុញ​ឲ្យ​មានការ​ ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ស្តី​ពី​ ​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ទេសចរណ៍​ ​ហើយ​ភាគី​ឡាវ​បាន​ទទួលយក​ការ​អញ្ជើញ​របស់​ ​លោក​ ​ថោង​ ​ខុន​ ​រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា​ ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​នា​ពិធីបុណ្យ​សមុទ្រ​លើក​ទី៩​ ​ចុងឆ្នាំ២០២០​ ​នៅ​កម្ពុជា​។​

​តាម​ស្ថិតិ​ជាបឋម​ឆ្នាំ២០១៩​ ​កម្ពុជា​បាន​ទទួលស្វាគមន៍​ទេសចរ​បរទេស​សរុប​ប្រមាណ៦.៧លាន​នាក់​ ​កើនឡើង​ប្រមាណ៨​%​ ​ក្នុង​នោះ​រយៈពេល១០ខែ​ ​ទេសចរ​ឡាវ​មាន​ចំនួន២៦៤,២៤៣នាក់​ ​ឈរ​នៅ​លំដាប់​ទី៤នៃ​ទី​ផ្សារ​ធំៗ​ទាំង១០​៕​